អានអត្ថបទ
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៩,០៥០ ដង)
ឧបឃាតកម្ម

|
ឧបឃាតកម្ម
ការដែលបុគ្គលមានចិត្តក្រេវក្រោធ ហើយប្រទូស្ដអ្នកដទៃដោយកាយមានទះតប់វាយដំច្រំធាក់ជាដើម មានសម្លាប់ជាទីបំផុត ឬមានគំនិតគិតបំផ្លាញអ្នកដទៃឲ្យវិនាស ហៅថា ឧបឃាតកម្ម។ កម្មនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ហាមប្រាមពុទ្ធបរិស័ទមិនឲ្យធ្វើឡើយ ព្រោះជាកម្មមានទោសដ៏ធ្ងន់អាចឃាត់សួគ៌ឃាត់មគ្គផល ដូចព្រះបាទ អជាតសត្តុ ។ សូមនាំរឿងនោះមកសម្ដែងជាឧទាហរណ៍ ដូចតទៅនេះ ៖ រឿង ព្រះបាទអជាតសត្តុ ព្រះបាទអជាតសត្តុ ជាព្រះរាជឱរសព្រះបាទពិម្ពិសារ និងព្រះនាងវេទេហី ជាមហាក្សត្រិយ៍គ្រប់គ្រងនគររាជគ្រឹះដែនមគធៈ ។ ព្រះមហាក្សត្រិយ៍អង្គនេះ បានជាទ្រង់ព្រះនាមថា " អជាតសត្តុ " ព្រោះជាសត្រូវនឹងព្រះបិតា តាំងអំពីនៅក្នុងគភ៌ព្រះមាតា នៅឡើយ។ ដូចបានឮមកថា កាលដែលទើបនឹងទ្រង់ព្រះសណ្ឋិតនៅក្នុងគភ៌ បណ្ដាលឲ្យព្រះនាងវេទេហី ជាព្រះមាតាចង់សោយលោហិតក្នុងព្រះពាហា នៃព្រះបាទពិម្ពិសារ ជាព្រះស្វាមី, ព្រះនាងទ្រង់ខ្លាចទ្រង់ខ្មាសអៀន មិនហ៊ានក្រាបបង្គំទូលព្រះភស្ដាឲ្យទ្រង់ជ្រាបឡើយ ទ្រង់អត់ទ្រាំសម្រេកគម្លាននោះដរាបដល់ស្គាំងស្គមព្រះអង្គ។ លុះព្រះបាទពិម្ពិសារទ្រង់សួររឿយ ៗ ព្រះនាងក៏ក្រាបបង្គំទូលតាមពិត។ ព្រះរាជាទ្រង់ចាក់ព្រះពាហាដោយព្រះខ័ន យកព្រះលោហិតឲ្យព្រះនាងសោយ ទើបសេចក្ដីប្រាថ្នានោះរម្ងាប់ទៅ។ ព្រះរាជាទ្រង់សួរហេតុនោះដល់ពួកហោរា ៗ ក្រាបបង្គំទូលថា ព្រះរាជបុត្រដែលនៅក្នុងព្រះគភ៌នោះ នឹងជាសត្រូវដល់ព្រះអង្គ ក្នុងវេលាដែលប្រសូតហើយ។ ព្រោះមានទំនាយដូច្នោះ បានជាមានព្រះនាមថា " អជាតសត្តុ " ប្រាកដតាំងពីថ្ងៃនោះមក ។ លុះព្រះរាជឱរសនោះប្រសូតហើយ ទ្រង់មានវ័យវឌ្ឍនាការឡើង, ដោយសេពគប់នឹងទេវទត្តជាបាបមិត្ត ក៏ពិឃាតព្រះបាទពិម្ពិសារជាព្រះបិតា ជាព្រះអរិយសាវ័ក និងជាអគ្គឧបដ្ឋាកនៃព្រះបរមសាស្ដា ដែលជាបិតុឃាតអានន្តរិយកម្មនោះមក ក៏ត្រង់ក្រៅក្រហាយក្នុងព្រះហឫទ័យក្រៃលែង ផ្ទំមិនលក់ធ្មេចព្រះនេត្រាមិនបាន ដូចជាមានបន្លាឬអាវុធចាក់ក្នុងព្រះនេត្រទាំងរយទាំងពាន់។ ក្នុងវេលាមួយ ជីវកកោមារភត្យនាំព្រះអង្គទៅនមស្ការព្រះសម្មាសម្ពុទ្ធជាម្ចាស់ បានទ្រង់ព្រះសវនាការសាមញ្ញផលសូត្រ ហើយក៏សូមខមាទោសនឹងព្រះរតនត្រ័យ។ តាមឧបនិស្ស័យនៃព្រះរាជាគួរនឹងបានសម្រេចសោតាបត្តិផលក្នុងជាតិនោះ, តែដោយទោសដែលទ្រង់ធ្វើបិតុឃាតជាអនន្តរិយកម្ម ក៏ត្រឡប់បានត្រឹមអត្តសន្និយាតនសរណគមន៍វិញ។ ក្នុងកាលដែលព្រះសម្មាសម្ពុទ្ធទ្រង់បរិនិព្វានទៅថ្មី ៗ ព្រះរាជាអង្គនេះទ្រង់បានជួយឧបត្ថម្ភក្នុងការធ្វើបឋមសង្គាយនា។ ដោយអំណាចគុណានិសង្សទាំងនោះ លុះព្រះអង្គទ្រង់ព្រះទិវង្គតទៅ មិនទៅកើតក្នុងអវីចិមហានរកអស់ ១ កប្បតាមតោសអានន្តរិយកម្មនោះឡើយ ទៅកើតក្នុងលោហកុម្ភីនរក សោយទុក្ខវេទនា តែ ៦ ហ្មឺនឆ្នាំ។ ឧបឃាតកម្ម ការបៀតបៀនអ្នកដទៃ ដោយកាយ ឬ ដោយចិត្ត រមែងមានទោសធ្ងន់ ដូចពណ៌នាមកនេះ ។ ព្រោះហេតុដូច្នោះបានជា ព្រះដ៏មានបុណ្យជាបរមគ្រូទ្រង់ហាមប្រាមពុទ្ធបរិស័ទ មិនឲ្យធ្វើឡើយ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |