អានអត្ថបទ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២២,១៥៣ ដង)
គ្រឿងការពារជីវិតប្រចាំថ្ងៃ

|
គ្រឿងការពារជីវិតប្រចាំថ្ងៃ
ក្នុងសេចក្ដីនេះផងដែរ យើងធ្លាប់តែមានការរស់នៅដោយសេចក្ដី សំអាងជឿជាក់ទៅលើខ្លួនឯងថា អាត្មាអញមានជីវិតរស់នៅបានយូរ មានទ្រព្យសម្បត្តិច្រើន មានបរិវារ មានអំណាចមិនសូវជាមានរោគ ដូច្នេះហើយបានជាមានសេចក្ដីប្រមាទ មិនសូវគិតទៅដល់សេចក្ដីស្លាប់ប៉ុនណាទេ។ ទុកជាយ៉ាងនេះក្ដី មានមនុស្សមិនតិចនាក់ទេ ដែលមានជីវិតដូចជាបាននិយាយខាងលើ ហើយរមែងមានរឿងអាស្រូវត្រូវបាន សេចក្ដីទុក្ខចូលមកជំនួសការសប្បាយ បែរជាបាត់អស់គ្មានសល់ សូម្បីតែស្នាមញញឹមមួយដែលធ្លាប់តែអ្នកដទៃនិយាយលេងជាមួយ កាលពីមុនធ្លាប់តែសើច ប៉ុន្តែពេលនេះបាត់អស់គ្មានសល់។ ប្រភពនៃសេចក្ដីទុក្ខនេះមានច្រើនណាស់ វាកើតស្ទើរតែគ្រប់ពេលវេលាទាំងអស់ ប៉ុន្តែយើងមិនបានគិតទៅយកថ្នាក់ហ្នឹងទេ ប្រសិនបើយើងគិតវិញ គិតថាខ្ញុំពិបាកចិត្តខ្លាំង តើនេះមកពីមូលហេតុអ្វី? មានមនុស្សខ្លះ កើតទុក្ខហើយតែងតែនិយាយថា ខ្ញុំពិបាកចិត្តជាងគេ គេធ្វើបាបចិត្ត គេមិនឲ្យតម្លៃ គេមិននិយាយរក គេមិនពេញចិត្តក្នុងការងារ ដែលខ្លួនបានធ្វើ... ។ បើចំពោះអ្នកត្រូវមានគ្រួសារវិញ និយាយតែពីរឿងរបស់គាត់ថាប្ដីរមែងមិនយល់ចិត្ត កូនមិនស្ដាប់តាមពាក្យទូន្មានរបស់គាត់ រមែងកើតទុក្ខយ៉ាងក្រៃលែង យើងថាមនុស្សក្មេងនោះ វាយ៉ាងហ្នឹងទៅហើយចុះមនុស្សចាស់ ដែលរូបគាត់មានសេចក្ដីទុក្ខមកដល់វិញ តើយើងត្រូវបន្ទោសនរណាឲ្យសម ចំពោះលោកយាយលោកតាវិញ គាត់មានការពិបាកចិត្ត ដូចតែក្មេងដែរព្រោះអ្វីបានជានិយាយយ៉ាងហ្នឹង? ដោយសារតែសេចក្ដីទុក្ខវាកើតបានគ្រប់មនុស្សទាំងអស់សេចក្ដីទុក្ខទាំងអស់នេះ វាកើតតែអំពីចិត្តរបស់ អ្នកគិតទាំងអស់ សមដូចពុទ្ធឱវាទបានសម្ដែង (បិដកលេខ ៥២ ទំព័រ ២១) ថា មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បទុដ្ឋេន ភាសតិ វា ករោតិ វា តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ។ ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត មានចិត្តជាធំ សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោសប្រទូស្ដហើយ ពោលក្ដី ធ្វើក្ដី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះទៅដូច កង់រទេះវិលទៅតាមដានជើងគោ ដែលកំពុងអូសទៅ។ មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា តតោ នំ សុខមន្វេតិ ឆាយាវ អនុបាយិនី។ ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត មានចិត្តជាធំ សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តជ្រះថ្លាហើយ ពោលក្ដី ធ្វើក្ដី (នូវសុចរិត) ព្រោះសុចរិតទាំងនោះ សុខរមែងជាប់តាមបុគ្គលនោះទៅដូច ជាស្រមោល អន្ទោលតាមប្រាណ។ ដូច្នេះហើយ បានជាមានសត្វលោកប្រព្រឹត្តអំពើទាំងល្អ ទាំងអាក្រក់ហើយអ្នកដែលធ្វើល្អ រមែងសប្បាយចិត្តនៅជាសុខ តែចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើទុច្ចរិតមានការនៅមិនសុខកាយ រស់បានដោយភាពភ័យខ្លាចទៀតផង។ យើងយកធម៌របស់ព្រះពុទ្ធមកពិចារណា ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីការពារនូវមេរោគ ដែលចូលមកតាមខ្លួនទាំងល្អិត និងគ្រោតគ្រាតមានស្ទឹងទាំង ៦ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត ដែលមានការប្រជុំចុះចូលទន្លេមានរាគៈជាទឹក ការមិនចេះពេញទៅដោយកិលេស។ ដើម្បីការពារនូវសត្រូវ គឺកិលេសមានស្ទឹងដែលហូរមិនចេះពេញ ទៅដោយទឹក គឺរាគៈ ទោស មោហៈជាដើម។ ម្យ៉ាងទៀតសម្រាប់ការពារ នូវប្រភពមេរោគខាងក្រៅ ទុកតែមិនបានល្អយ៉ាងណាក៏ដោយ ក៏គង់បាននសម្រេចដល់ជនភាគច្រើន ដែលមាននូវមេរោគដូចបានរៀបរាប់មកខាងលើ សូមសាកល្បងប្រតិបត្តិគោលធម៌ទាំង ១០ នេះសិនមើល៍ក្រែងមានប្រសិទ្ធភាព។ កាយសុចរិត ប្រព្រឹត្តដោយកាយ វចីសុចរិត ប្រព្រឹត្តល្អដោយវាចា មនោសុចរិត ប្រព្រឹត្តល្អដោយចិត្តវៀរចាកការសម្លាប់សត្វ វៀរចាកការលួចទ្រព្យអ្នកដទៃ វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ វៀរចាកការនិយាយកុហក វៀរចាកការនិយាយញុះញង់ វៀរចាក ការនិយាយចាក់ដោត វៀរចាកការនិយាយពាក្យឥតប្រយោជន៍ មិនសម្លឹងរំពៃចង់បានទ្រព្យរបស់អ្នកដទៃ មិនចង់ចិត្តប្រទូស្ដរាយ គេឃើញតាមគន្លងធម៌។ ទាំងនេះមិនមែនងាយ សម្រាប់ធ្វើចំពោះអ្នកដែលមានជំងឺនោះទេ តែវាហួសវិស័យរបស់យើង ឲ្យតែយកមកប្រតិបត្តិតាមកាល។ ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌ រៀបរៀងដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា ដោយ៥០០០ឆ្នាំ |