អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៧,៣០៦ ដង)
វិសាលក្ខិវិមាន

|
សក្កទេវរាជសួរថា ម្នាលនាងមានភ្នែកទូលាយ នាងឈ្មោះអ្វី បានជា មានពួកនារីចោមរោម ហើយដើរក្រឡឹងជុំវិញ ព្រៃចិត្តលតា ជាទីរីករាយ ពួកទេវតាជាន់តាវត្តឹង្ស ចូលទៅកាន់ព្រៃនេះ ក្នុងកាលណា កាលនោះ ពួកទេវតាទាំងអស់ ព្រមទាំងយាន្ត ព្រមទាំងរថ ដ៏វិចិត្រ ក៏មកក្នុងទីនុ៎ះ នាងកាលមកដល់ក្នុងទីនេះ ហើយត្រាច់ទៅក្នុងឱទ្យាន ចិត្តរមែងប្រាកដដោយកាយ រូបរបស់នាង ក៏ប្រាកដដូច្នេះ តើដោយហេតុដូចម្តេច ម្នាលទេវតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអ្វី ។
ទេវតាឆ្លើយថា បពិត្រព្រះអង្គជាធំជាងទេវតា រូបរបស់ខ្ញុំគតិ រឹទ្ធិនិងអនុភាពរបស់ខ្ញុំ កើតឡើង ដោយកម្មណា បពិត្រព្រះអង្គទ្រង់ព្រះនាមបុរិន្ទនៈ សូមព្រះអង្គស្តាប់ នូវកម្មនោះចុះ ខ្ញុំជាឧបាសិកា ឈ្មោះសុនន្ទា នៅក្នុងរាជគ្រឹះជាទីត្រេកអរជាស្ត្រីបរិបូណ៌ ដោយសទ្ធានិងសីល ត្រេកអរក្នុងការចែករំលែកនូវទាន មានចិត្តជ្រះថ្លា បានឲ្យសំពត់សម្រាប់ដណ្តប់ផង ភតផង សេនាសនៈផង គ្រឿងប្រទីបផង ចំពោះពួកព្រះអរិយបុគ្គល អ្នកមានចិត្តត្រង់ សព្វៗកាល ខ្ញុំបានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី១៥ និងថ្ងៃទី៨ នៃបក្ខផង អស់បាដិហារិយបក្ខផង បានសង្រួមក្នុងសីលទាំងឡាយផង វៀរចាកបាណាតិបាតផង សង្រួមចាកមុសាវាទផង ឆ្ងាយចាកការលួចផង ចាកការប្រព្រឹត្តកន្លង (ចិត្តស្វាមី ) ផង ចាកការផឹកទឹកស្រវឹងផង សព្វៗកាល ហើយត្រេកអរ ក្នុងសិក្ខាបទទាំង ៥ ឈ្លាសក្នុងអរិយសច្ចទាំងឡាយ ជាឧបាសិកានៃព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ឯត្រកូលនៃញាតិរបស់ខ្ញុំនោះ តែងយកកម្រងផ្កា មកឲ្យខ្ញុំ សព្វៗកាល ខ្ញុំបានបូជាកម្រងផ្កានោះទាំងអស់ ចំពោះព្រះស្តូប នៃព្រះមានព្រះភាគ ខ្ញុំមានចិត្តជ្រះថ្លា បានទៅក្នុងថ្ងៃឧបោសថ ហើយបូជាកម្រងផ្កាគ្រឿងក្រអូបគ្រឿងលាប ចំពោះព្រះស្តូប ដោយដៃរបស់ខ្លួន បពិត្រព្រះអង្គជាធំជាងទេវតា រូបរបស់ខ្ញុំ គតិ រឹទ្ធិ និងអនុភាព របស់ខ្ញុំកើតឡើង ដោយកម្មនោះ ដែលខ្ញុំបានបូជាកម្រងផ្កាក្តី ដែលខ្ញុំជាស្ត្រីមានសីលក្តី ការបូជានូវកម្រងផ្កា និងការរក្សាសីល របស់ខ្ញុំនោះ មិនទានឲ្យផលនៅឡើយ បពិត្រព្រះអង្គជាធំជាងទេវតាតែសេចក្តីប្រាថ្នារបស់ខ្ញុំថា សូមឲ្យខ្ញុំបានជាសកទាគាមិនី ។ ចប់វិសាលក្ខីវិមាន ដកស្រង់ពីព្រះត្រៃបិដក ភាគ ៥៥ ទំព័រ ៨០-៨២ ដោយ៥០០០ឆ្នាំ |