ចតុមហាបទេសកថា (មហាប្រទេស៤ជាគ្រឿងអាងដ៏ធំសម្រាប់វិនិច្ឆ័យធម៌វិន័យឲ្យដឹងថា ជាពុទ្ធវចនៈ និងមិនមែនជាពុទ្ធវចនៈ) ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងមហាបទេសទាំង ៤ នេះ អ្នកទាំងឡាយចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែងបា្រប់ ។ ភិក្ខុទាំងនោះទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា៖
១. ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះគប្បីយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ខ្ញុំបានស្តាប់បានទទួលចំពោះព្រះភក្រ្តនៃព្រះមានព្រះភាគថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំអាលត្រេកអរ កុំអាលឃាត់ភាសិតរបស់ភិក្ខុនោះឡើយ ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ឃាត់ហើយ ត្រូវរៀននូវបទនិងព្យព្ជានៈទាំងនោះឲ្យចាំល្អ ហើយស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យ ។
បទនិងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះគឺមិនមានក្នុងព្រះសូត្រផង មិនបា្រកដក្នុងព្រះវិន័យផងទេ ។ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្តក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះទេ ជាពាក្យដែលភិក្ខុនេះរៀនខុសដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយត្រូវចោលពាក្យនុ៎ះចេញ ។ បទនិងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ ក៏ប្រជុំចុះក្នុងព្រះសូត្រផង បា្រកដក្នុងព្រះវិន័យផង ។ អ្នកទាំងឡាយគប្បីដល់នូវសេចក្តីចូលចិត្តក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីការបស់ព្រះមានព្រះភាគនោះ ដែលភិក្ខុនេះរៀនត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេសជាបឋមនេះចុះ ។
២. ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ព្រះសង្ឃនៅក្នុងអាវាសឯណោះ មានទាំងភិក្ខុជាថេរៈ មានទាំងភិក្ខុជាប្រធាន ខ្ញុំបានស្តាប់បានទទួលចំពោះមុខព្រះសង្ឃនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យបៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់នូវភាសិតរបស់ភក្ខុនោះឡើយ ។ លុះអ្នកទាំងឡាយមិនទាន់ត្រេកអរ មិនទានឃាត់ហើយ ត្រូវរៀននូវបទនិង ព្យព្ជានៈទាំងនោះឲ្យចាំល្អ ហើយស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យ ។
បទនិងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះក្នុងព្រះសូត្រផង មិនបា្រកដក្នុងព្រះវិន័យផងទេ ។ អ្នកទាំងឡាយគប្បីដល់នូវសេចក្តីចូលក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគទេ ជាពាក្យដែលភិក្ខុសង្ឃនោះរៀនខុសដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីចោលពាក្យនុ៎ះចេញ ។ បទនិងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ ក៏ប្រជុំចុះក្នុងព្រះសូត្រផង បា្រកដក្នុងព្រះវិន័យផង ។ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្តក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះ ដែលព្រះសង្ឃនោះរៀនត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីចាំទុកមហាបទេសជាគម្រប់ពីរនេះចុះ ។
៣. ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុជាថេរៈច្រើនអង្គ នៅក្នុងអាវសឯណោះ សុទ្ធតែជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះថេរៈទាំងនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់នូវភាសិតរបស់ភិក្ខុនោះឡើយ ។ លុះអ្នកទាំងឡាយមិនទាន់ត្រេកអរ មិនទានឃាត់ហើយ ត្រូវរៀននូវបទនិងព្យព្ជានៈទាំងនោះឲ្យចាំល្អ ហើយស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យ ។
បទនិងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះក្នុងព្រះសូត្រផង មិនបា្រកដក្នុងព្រះវិន័យផងទេ ។ អ្នកទាំងឡាយគប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះទេ ជាពាក្យដែលព្រះថេរៈទាំងនោះរៀនខុសដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយគប្បីចោលពាក្យនុ៎ះចេញ ។ បទនិងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ ក៏ប្រជុំចុះក្នុងព្រះសូត្រផង បា្រកដក្នុងព្រះវិន័យផង ។ បទនិងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ ក៏ប្រជុំចុះក្នុងព្រះសូត្រផង បា្រកដក្នុងព្រះវិន័យផង ។ អ្នកទាំងឡាយគប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះ ដែលព្រះថេរៈទាំងនោះរៀនត្រូវល្អហើយ ដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេសជាគម្រប់ ៣ នេះចុះ ។
៤. ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុជាថេរៈនៅក្នុងអាវាសឯណោះជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់បានទទួលចំពោះមុខ ព្រះថេរៈអង្គនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំអាលត្រេកអរ កុំអាលឃាត់នូវភាសិតរបស់ភិក្ខុនោះឡើយ ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ ឃាត់ហើយ គប្បីរៀននូវបទនិងព្យព្ជានៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យ ។
បទនិងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល ក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះក្នុងព្រះសូត្រផង មិនបា្រកដក្នុងព្រះវិន័យផងទេ ។ អ្នកទាំងឡាយគប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះទេ ជាពាក្យដែលព្រះថេរៈនោះរៀនខុសដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយគប្បីចោលពាក្យនុ៎ះចេញ ។
បទនិងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ ក៏ប្រជុំចុះក្នុងព្រះសូត្រផង បា្រកដក្នុងព្រះវិន័យផង ។ អ្នកទាំងឡាយគប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះ ដែលព្រះថេរៈនោះរៀនត្រូវល្អហើយ ដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេសជាគម្រប់ ៤ នេះចុះ ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេសទាំង ៤ នេះឯង ។ (សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ មហាបរិព្វានសូត្រ បិដកលេខ ១៦ ទំព័រ ២៦២)
ពាក្យថា គប្បីស្ទង់មើលក្នុងព្រះសូត្រ បានសេចក្ដីថា គប្បីស្ទង់មើលក្នុងពុទ្ធវចនៈ ដែលនៅក្នុងបដិកទាំង ៣ ។
ពាក្យថា គប្បីប្រៀបធៀបមើលក្នុងព្រះវិន័យ បានសេចក្ដីថា គប្បីប្រៀបធៀបមើល ក្នុងហេតុនៃការលះបង់នូវកិលេសមានរាគៈជាដើម ។
(អដ្ឋកថា)
អត្ថន័យសង្ខេបមហាបទេស ៤
១. ពុទ្ធាបទេស គ្រឿងអាងដល់ព្រះពុទ្ធថា បានស្ដាប់ពីព្រះពុទ្ធផ្ទាល់ថា “នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា” ។
២. សង្ឃាបទេស គ្រឿងអាងដល់ព្រះសង្ឃថា បានស្ដាប់ពីព្រះសង្ឃថា “នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា” ។
៣. សម្ពហុលត្ថេរាបទេស គ្រឿងអាងដល់ព្រះថេរៈច្រើនរូបថា បានស្ដាប់ពីព្រះព្រះថេរៈច្រើនរូបថា “នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា” ។
៤. ឯកត្ថេរាបទេស គ្រឿងអាងដល់ព្រះថេរៈមួយរូបថា បានស្ដាប់ពីព្រះព្រះថេរៈមួយរូបថា “នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា” ។
(នេត្តិប្បករណ បដិនិទ្ទេសវារ យុត្តិហារវិភង្គ)
រាជធានីភ្នំពេញ
ថ្ងៃចន្ទ ១៤ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា គ.ស. ២០១៩
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ