ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៦៤៧ ដង
ស្កែនយកតំណ
រឿងបុរសអ្នកសម្លាប់នឹងបានជាព្រះបច្ចេកពុទ្ធ

រឿងបុរសអ្នកសម្លាប់នឹងបានជាព្រះបច្ចេកពុទ្ធ

ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ៤១២ ដង)

ចោរឃាតកវត្ថុកថា (ពោលអំពីរឿងបុរសអ្នកសម្លាប់នឹងបានជា ព្រះបច្ចេកពុទ្ធ) សម្ដែង​រឿង​និទានបុរសអ្នកសម្លាប់ចោរតទៅទៀត ដោយវារៈបាលីថា ឯកស្មឹ កិរ សមយេ ដូច្នេះជាដើម អធិប្បាយថា បានឮរៀង ៗ មកថា ក្នុងសម័យមួយ ព្រះមានព្រះ​ភាគ​ជាម្ចាស់នៃយើងទ្រង់ប្រទានធម៌ទេសនាពន្យល់នូវស្ថានសួគ៌ និងព្រះនិព្វាន ដល់​មហាជន​ហើយ​ព្រះអង្គអាស្រ័យនៅក្នុងវិហារជេតពន ទៀបក្រុងសាវត្ថី។
    
សម័យនោះឯង មានចោរប្រាំរយនាក់ចេញអំពីដងព្រៃ បានធ្វើចោរកម្ម ក្នុងចំណែក រាត្រី ពុំដែលដាច់ គឺលួចប្លន់យកទ្រព្យគេ មកចិញ្ចឹមជីវិតខ្លួន ព្រមទាំងកូនប្រពន្ធ ដោយ​អំពើនោះឯង។ លុះថ្ងៃមួយជាខាងក្រោយទៀត ចោរទាំងនោះ វានាំគ្នាចូលទៅកាន់​ទីក្រុងដើម្បីធ្វើចោរកម្ម ក៏បានឃើញមនុស្សអ្នកជនបទម្នាក់ ជាអ្នកកម្សត់ អត់ឃ្លាន​ឈរនៅទៀបទ្វារក្រុង ហើយសួរថា ម្នាលបុរសដ៏ចម្រើន អ្នកឯងអាស្រ័យនៅស្រុក​ណា។ ឯបុរសកម្សត់នោះ បាននិយាយប្រាប់ថា ខ្ញុំនេះជាអ្នកកម្សត់នៅអាស្រ័យក្នុងជនបទឯណោះអ្នក ?។
    
ចោរទាំងឡាយនោះ និយាយតបទៅនឹងបុរសអ្នកជនបទវិញ ដើម្បីល្បងបញ្ចូលឲ្យចូលក្នុង​ពួកខ្លួនថា អ្នកឯងរស់នៅដោយការចិញ្ចឹមជីវិតទាំងទុក្ខលំបាកយ៉ាងនេះធ្វើអ្វី ត្រូវតែអ្នក​ចូលមកប្រព្រឹត្ត​ធ្វើចោរកម្មជាមួយនឹងពួកយើងហើយចិញ្ចឹមកូនប្រពន្ធ ដោយ​​អំពើ​នោះជាការងាយជាង អ្នកមិនត្រូវនៅដោយការចិញ្ចឹមជីវិតដ៏លំបាក មានទុក្ខព្រួយ​ដូចនេះទៀតឡើយ។ ឯបុរសនោះ ក៏បានទទួលព្រមតាមពាក្យចោរទាំងនោះដោយគំនិតឈ្វេង​យល់ថា ចោរទាំងឡាយនិយាយនេះគួរស្ដាប់បានមែន ដូចនេះត្រូវតែអាត្មា​អញរួមគំនិតជាមួយនឹងចោរទាំងនោះចុះ។
    
លុះពួកចោរ និងអ្នកជនបទយល់ស្របគ្នាហើយ ទើបពួកចោរទាំងនោះនិយាយផ្ទួនទៀត​ថា អ្នកត្រូវចូលមកជាមួយនឹងយើងក្នុងកាលឥឡូវនេះឯង ហើយក៏នាំបុរសនោះ​ដើរចូលទៅខាងក្នុងទីក្រុងលួចប្លន់អ្នកក្រុងជាលំដាប់ពីផ្ទះមួយទៅផ្ទះមួយ ៗ តែយ៉ាង​នោះឯង។ មិនយូរប៉ុន្មាន បុរសអ្នកជនបទតែងសន្សំបានទ្រព្យធនជាច្រើនទើបគិតថា អំពើដែលអាត្មាអញប្រព្រឹត្តធ្វើនេះ ជាអំពើដ៏ប្រសើរដោយពិត លុះគិតយ៉ាងនេះហើយក៏ប្រព្រឹត្តធ្វើអំពើចោរកម្មចិញ្ចឹមជីវិត ជាមួយនឹងពួកចោរទាំងនោះជាដរាប។ ស្រាប់តែដល់ថ្ងៃជាខាងក្រោយទៀត រាជបុរសទាំងឡាយគេដើរល្បាតចាប់ពួក​ចោរ​​ទាំងនោះបាន គេចងសេកយ៉ាងមាំ នាំយកទៅថ្វាយដល់ព្រះបាទ បសេន​​ទិកោសល សូមស្ដេចទ្រង់វិនិច្ឆ័យ ទោសានុទោស តាមច្បាប់សម្រាប់ព្រះ​នគរ។
    
ឯសម្ដេចព្រះចមបុរី ស្ដេចទ្រង់ទតទៅយល់ពួកចោរទាំងឡាយហើយ ទ្រង់មានព្រះរាជ​ឱង្ការត្រាស់យ៉ាងនេះថា នែនាយទាំងអស់គ្នាអើយ ! ក្នុងចំណោមអ្នកទាំងឡាយនេះ​ តើអ្នកណាអាចសម្លាប់ចោរទាំងនេះឲ្យក្សិណក្ស័យជីវិតបាន យើងនឹងឲ្យជីវិត​ទាន​ដល់អ្នកនោះឯង។ ឯចោរទាំងអស់នោះ លុះបានស្ដាប់ព្រះរាជ ឱង្ការត្រាស់សួរដូចនោះ​ហើយ ក៏ពុំបានប្រាថ្នាដើម្បីសម្លាប់គ្នានឹងគ្នាឡើយ ព្រោះពួកចោរទាំងនោះ សុទ្ធ​តែ​ជា​ញាតិមិត្ត នឹងគ្នាទៅវិញទៅមកយូរយារណាស់ហើយ ទើបពុំអាចសម្លាប់គ្នាឯងបាន​។
    
ចំណែកឯបុរសអ្នកជនបទនោះ ក៏ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះ​ករុណា​ថ្លៃ​ថ្លៃវិសេស អាចនឹងសម្លាប់ពួកចោរទាំងអស់នេះបានសូមទ្រង់ជ្រាប។ ស្ដេចក៏ទ្រង់អនុញ្ញាតដល់បុរសនោះ ៗ ក៏សម្លាប់ពួកចោរទាំងអស់នោះ ឥតមានរួញរា​ឡើយ​។ ព្រះបរមក្សត្រិយ៍ ទ្រង់បានឃើញបុរសនោះអាចហ៊ានសម្លាប់ចោរទាំងឡាយបានដូច​នោះ​ហើយ ក៏មានព្រះហឫទ័យត្រេកអរពន់ពេក ទ្រង់ព្រះរាជទាននូវចោរ​ឃាតកម្ម​ តំណែង​ងារសម្រាប់សម្លាប់ចោរដល់បុរសនោះតាំងពីថ្ងៃនោះតទៅ។
    
លុះបុរសបានទទួលភារៈជាអ្នកសម្លាប់ចោរហើយ ក៏តែងតែសម្លាប់ចោររាល់ ៗ ថ្ងៃ អស់​កាល​ជាអំឡុងយូររវាង ២៥ ឆ្នាំ ក៏ដល់នូវភាពចាស់ជរាមានកម្លាំងថយ ពុំអាចនឹងប្រហារ​ចោរ តែមួយដងបានឡើយ មានតែប្រហារពីរបីដងទើបបានស្លាប់ ព្រោះខ្លួនមាន​កម្លាំង​ថយពេកណាស់។ ទើបព្រះបាទបសេនទិកោសលរាជ ស្ដេចទ្រង់ជ្រាប​សេច​ក្ដីនោះហើយ ទ្រង់បានបញ្ឈប់បុរសនោះចេញពីមុខតំណែង ហើយទ្រង់ប្រទានតំណែង​ចោរឃាតកម្មនោះ ដល់បុរសដទៃវិញ។
    
ឯចោរឃាតកបុរសនោះ កាលបើស្ដេចបានបន្ថយចេញអំពីទីតំណែងជាអ្នកសម្លាប់​ចោរ​ហើយ ក៏​ដល់នូវសេចក្ដីលំបាកទាល់ក្រ តែងនៅអាស្រ័យក្នុងផ្ទះរបស់ខ្លួនតាមភាព​ជាអ្នកខ្សត់ខ្សោយនោះ។ កាលនោះ មានបុរសកំលោះដទៃម្នាក់ពុំស្គាល់ឈ្មោះ ជាអ្នក​ចេះមន្តអាចសម្លាប់មនុស្សដោយគ្រាន់តែរាយមន្តហើយ បញ្ចេញខ្យល់តាមច្រមុះ​ក៏អាចសម្លាប់បាន។ ឯមន្តនោះសោត បើយើងមានប្រាថ្នាចង់កាត់បំបាក់ ទម្លាយបណ្ដា​អវយវៈទាំងឡាយ មានដៃ ជើង ត្រចៀក ច្រមុះ និងក្បាលជាដើម អវយវៈណា​មួយ​​ហើយ យើង​សូធ្យរាយមន្តបញ្ចេញផ្សាយមន្តទៅតាមច្រមុះ សំដៅទីត្រង់ណា ទីត្រង់​នោះ​ក៏ដាច់​ចេញមួយរំពេច ដោយឫទ្ធានុភាពនៃមន្តនេះឯង។
    
មិនយូរប៉ុន្មាន ស្រាប់តែបុរាណចោរឃាតកាមាត្យចាស់នោះបានចូល​ទៅ​ផ្គាប់ផ្គុនបម្រើ​អ្នក​កំលោះដែលចេះមន្តហើយសុំរៀនមន្តនោះ បានចេះចប់សម្រេចដូចបំណងក៏ត្រឡប់​មក​ផ្ទះខ្លួនវិញ ទើបបញ្ជូនចុតហ្មាយទៅថ្វាយចំពោះព្រះបរមក្សត្រិយ៍ដើម្បីទ្រង់ជ្រាបសេចក្ដីសព្វគ្រប់ថាៈ ខ្ញុំព្រះករុណាថ្លៃវិសេសនេះ កាលពីមុនតែងធ្វើអំពើកាត់ផ្ដាច់​នូវអវយវៈ មានដៃ និងជើងជាដើម របស់ពួកចោរបានទាំងលំបាក ឬការសម្លាប់​ចោរ​ដែលគួរសម្លាប់ក៏បានទាំងលំបាកណាស់ ព្រោះទូលព្រះបង្គំមានវ័យចាស់ តែឥឡូវ​នេះ ខ្ញុំព្រះអង្គសូមធ្វើទីតំណែងនោះទៀត ព្រោះខ្ញុំព្រះអង្គបានចេះមន្តមួយពូកែវិសេស​ឆុតឆាប់ណាស់ ខ្ញុំព្រះអង្គអាចនឹងកាត់បំបែកទម្លាយ ឬសម្លាប់​ចោរ​ទាំង​ឡាយ ដោយ​អានុភាពមន្តរបស់ខ្ញុំព្រះអង្គ បានដោយងាយ។
    
ឯព្រះបរមក្សត្រិយ៍ លុះទ្រង់ព្រះសណ្ដាប់សេចក្ដីចុតហ្មាយនោះហើយ ទ្រង់ក៏ទទួលព្រមថា សាធុ​ហើយ ទ្រង់ត្រាស់បង្គាប់ឲ្យហៅបុរសនោះចូលមកគាល់ ទ្រង់ក៏បានប្រទាន​​ទីតំណែងងារដដែលនោះដល់បុរាណចោរឃាតកាមាត្យនោះដូចប្រក្រតីវិញ។ អាមាត្យ​នោះ តែងប្រព្រឹត្តអំពើសម្លាប់ចោរកន្លងទៅបាន ២៥ ឆ្នាំទៀត។ ក្នុងកាលជាខាងក្រោយនេះ អាមាត្យនោះក៏កាន់តែចាស់ជរាពន់ពេកមានអាយុច្រើន មានកម្លាំង​ថយ​ចុះ មាន​តែ​សេចក្ដីស្លាប់នៅខាងមុខ មានជំងឺឈឺជាទម្ងន់ ដរាបដល់ស្រែកថ្ងូរដោយ​សម្រែកលាន់ឮខ្លាំង មានភ័យយ៉ាងធំបំផុត ព្រោះមរណទុក្ខ​បៀតបៀន​ក្រៃ​ពេក​ តែអាមាត្យនោះធ្មេចភ្នែកទៅ ក៏បានឃើញ​និរយបាល​ទាំងឡាយ​កាន់ញញួរដែក ដំបងដែកមាន​ជ្រុងបួន សឹងឆេះភ្លឺរុងរឿងដោយអណ្ដាតភ្លើងនរក មុខ​គួរខ្លាចស្ញប់ស្ញែង​ពន់​ពេក គាត់ក៏ដេកបម្រះននៀលក្នុងកាលនោះ​ឯង។ លំដាប់នោះ មនុស្សអ្នកស្និទស្នាលនាផ្ទះជិតខាងនោះ លុះបានឮសំឡេង​ដែលគួរខ្លាចស្ញប់​ស្ញែង​ដូចនោះ ក៏​ភ័យ​​ញ័ររន្ធត់រត់ចោលផ្ទះទីលំនៅទីទៃ ៗ ក្នុងកាលនោះឯង។
    
មានសេចក្ដីតំណាលថា សម័យមួយនោះ ព្រះសារិបុត្តត្ថេរដ៏មានអាយុ លោកបានរមិល​មើលដោយទិព្វចក្ខុបានឃើញនូវអ្នកសម្លាប់ចោរដែលជិតនឹងស្លាប់ លុះស្លាប់ហើយ​មុខជានឹងទៅកើតក្នុងអវិចីនរកដោយពិត កាលបើព្រះថេរៈបានជ្រាបសព្វគ្រប់ហើយ​ ក៏មានព្រះហឫទ័យមេត្តាអាណិតបុរសនោះ បានរំពឹងពិចារណាថា ប្រសិនបើអាត្មាអញបានទៅកាន់ក្នុងទីនោះហើយ ចោរ​ឃាតកាមាត្យនេះ នឹងបានឡើងទៅកើត​ឯស្ថានសួគ៌ទេវលោកនាយ ដោយពិត។ ព្រះថេរៈបានគិតតទៅទៀតថា ថ្ងៃ​នេះត្រូវ​តែ​អាត្មាអញធ្វើសេចក្ដីអនុគ្រោះចំពោះបុរសនោះទើបគួរ លុះគិតយ៉ាងនេះហើយ ក៏ទ្រង់ស្បង់ប្រដាប់បាត្រ ក្នុងបុព្វណ្ហ​សម័យនិមន្តចេញទៅឈរទៀបទ្វារផ្ទះនៃចោរឃាតកបុរសនោះឯង។
    
ចំណែកឯបុរសនោះ បានឃើញព្រះថេរៈហើយ ក៏ក្រោធខឹងជាញឹកញយដូចរលកខ្ទប់ច្រាំង មានចិត្ត​ញាប់ញ័រ លាន់មាត់ថាៈ តដៈ​តដៈ ដោយសេចក្ដី​ក្រោធខ្លាំង គាត់ដេកគិត​ថា អញនឹងរាយមន្តសម្លាប់សមណៈកំណាចនេះ ឥឡូវនេះឯង ហើយសូធ្យរាយមន្តផ្សាយ​ខ្យល់ចេញទៅតាមច្រមុះ ដើម្បីសម្លាប់ព្រះថេរៈនោះតាមបំណង។ ក្នុងខណៈ​នោះ ព្រះថេរៈក៏បានចូលកាន់សមាបត្តិ ហើយចេញអំពីសមាបត្តិមួយរំពេច លោកមាន​រស្មីរុង​រឿងបីដូចព្រះអាទិត្យទើបនឹងរះឡើងបានឈរនឹងនៅក្នុងទីដដែលនោះ​ឯង​។
    
ចំណែកឯចោរឃាតកាមាត្យ ក៏រឹងរឹតតែខឹងខ្លាំងហើយសូធ្យរាយមន្តផ្សាយខ្យល់ចេញ​ទៅ​តាម​ច្រមុះ យ៉ាងនោះពីរដងបីដង ក៏គង់ពុំអាចនឹងធ្វើអវយវៈ នីមួយរបស់ព្រះថេរៈ​​ឲ្យកម្រើកបានឡើយ ហើយ​ត្រឡប់ជាមានចិត្តភិសវង់ស្ញប់ស្ញែងក្រៃពេក ក្នុងគុណ​ព្រះថេរៈក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាជាថ្មីទៀត ទើបចាត់ចែងបុត្តភរិយាឲ្យថ្វាយ បាយាស​​ដែល​គេតាក់តែងបម្រុងខ្លួនចំពោះព្រះមហាសារីបុត្តត្ថេរក្នុងកាលនោះឯង។
    
ព្រះសារីបុត្តត្ថេរ លោកបានទទួលបាយាស ហើយក៏ញ៉ាំងមង្គលសួស្ដីឲ្យចម្រើនដល់បុរសនោះ ហើយនិមន្តត្រឡប់ទៅកាន់ព្រះវិហារវិញ។ ក្រោយពីនោះមក ចោរ​ឃាតកម្ម​ មានសេចក្ដីរលឹករឿយ ៗ នូវទានដែលបូជាដល់ព្រះថេរៈ ហើយធ្វើមរណកាល​ក្សិណក្ស័យជីវិតទៅក្នុងខណនោះ ក៏បានឡើងទៅកើតក្នុងស្ថានសួគ៌ទេវលោក សោយ​ទិព្វសម្បត្តិប្រកបដោយស្រីទេពអប្សរមានប្រមាណច្រើន ចោមរោមជាបរិវារបម្រើ​ជាប្រក្រតី ដោយផលានិសង្សនោះឯង។ ឱហ្ន៎ មុខគួរអស្ចារ្យពេកណាស់ កម្លាំងអានុភាពនៃបុគ្គលដែលមានរាគាទិកិលេសប្រាសចេញហើយ អាចញ៉ាំងសត្វលាមកអ្នកមាន​បាបស្លាប់ហើយគួរនឹងទៅកើតក្នុងនរក នេះត្រឡប់ឲ្យទៅកើតក្នុងស្ថានសួគ៌វិញ​បាន ដោយអំណាចសេចក្ដីព្យាយាមរបស់ព្រះមហាថេរៈនោះឯង។ ហេតុដូច្នេះ បានជាមានសុភាសិតជាបទគាថាថាៈ

ទានំ តាណំ មនុស្សានំ, ទានំ ទុគ្គតិវារណំ;
ទានំ សគ្គស្ស សោបានំ, ទានំ សន្តិករំ បរំ។

ប្រែថា ទានជាទីពឹងផ្អែកនៃមនុស្សទាំងឡាយ ទានអាចឃាត់ឃាំងរាំងរាមិនព្រមឲ្យទៅ​កាន់ទុគ្គតិបាន ទានប្រាកដស្មើដូចជណ្ដើរកែវឡើងទៅកាន់ស្ថានសួគ៌ ទានដ៏ឧត្ដម អាច​ធ្វើម្ចាស់ទានឲ្យរលត់ទុក្ខទាំងពួងបានដោយពិត។

ឥច្ឆិតិច្ឆិតទានេន, ទានំ ចិន្តាមណី វិយ;
កប្បរុក្ខោវ សត្តានំ, ទានំ ភទ្ទឃដោវិយ។

ទានបីដូចជាកែវចិន្ដាមណី អាចឲ្យសម្រេចសេចក្ដីប្រាថ្នាទាំងពួងតាមចិត្តនឹក ពុំនោះ​សោត​បីដូចជាដើមកប្បព្រឹក្ស អាចឲ្យសម្រេចសម្បត្តិទាំងពួងដល់សត្វនិករទួទៅ ទាន​បីដូចជាឆ្នាំងដ៏ពេញដោយបាយជាទិព្វ អាចផ្ដល់ឲ្យដល់សត្វទាំងឡាយបានដោយ​ពិត។

សីលវន្តស្ស ទានេន, ចក្កវត្តិសិរិម្បិ ច;
លភន្តិ សក្កសម្បត្តិំ, តថា លោកុត្តរំ សុខំ។

មួយវិញទៀត ជនទាំងឡាយតែងបានសោយសម្បត្តិជាស្ដេចចក្រពត្តិដ៏មានសិរីសួស្ដីក្ដី បាន​​សោយទិព្វ​សម្បត្តិជាព្រះឥន្រ្ទាធិរាជក្ដី ក៏បានដោយទាន​ដែលខ្លួន​បានឲ្យដល់​បុគ្គល​អ្នកមាន​សីលដោយពិត ឬថា ជនទាំងឡាយតែងបាន​នូវលោកុត្តរសុខ គឺសេចក្ដីសុខ​ជាលោកុត្តរសម្បត្តិក្ដី ក៏បានដោយផលទានជាដើមនោះដែរ។

បាបកម្មេសុ និរតោ, ឋិតោយំ នរកាយនេ;
សារិបុត្តស្ស ថេរស្ស, បិណ្ឌបាតស្ស វាហសា។
អបាយំ បរិវជ្ជេត្វា, នេកទុក្ខសមាកុលំ;
ទេវសង្ឃបរិព្ពូឡ្ហោ, គតោ ទេវបុរំ វរំ។

ចោរឃាតកាមាត្យនេះ ស្ថិតនៅជានិច្ចតែក្នុងបាបកម្មទាំងឡាយ នឹងត្រូវទៅស្ថិតនៅក្នុង​ផ្ទះ គឺឋាននរកដោយពិត តែបែរអាចវៀរចាកអបាយទុក្ខបាន ព្រោះហេតុបានថ្វាយ​បិណ្ឌបាត ដល់ព្រះថេរៈព្រះនាមសារិបុត្ត។ ទានដែលចោរឃាតកាមាត្យបានធ្វើ ជាអំពើមិនច្រឡំលាយដោយសេចក្ដីទុក្ខឡើយ ដោយផល្លានិសង្សបិណ្ឌបាតទាននេះ ចោរឃាតកាមាត្យបានឡើងទៅកាន់ទេវបុរីដ៏ប្រសើ​រ សឹងមានពួកទេវតាចោមរោមជាបរិវារជាសុខសប្បាយពិត។

តស្មា សុខេត្តេ សទ្ធាយ,    ទេថ ទានានិ កាមទំ;
ទានំ ទេន្តេហិ សីលម្បិ,    បាលនីយំតិសុន្ទរំ។

ព្រោះហេតុនោះ សប្បុរសទាំងឡាយត្រូវតែឲ្យទាន ដែលជាគុណអាចសម្រេចប្រយោជន៍​ដល់បុគ្គលជាស្រែបុណ្យល្អ តាមចិត្តសទ្ធាដោយពិត ត្រូវតែរក្សាសីល (តាម​កាល​គួរ) រីទាន និងសីលនេះ ជាធម្មជាតមានផលល្អក្រៃលែង។
    
កាល​នោះ ភិក្ខុទាំងឡាយបានចូលមកប្រជុំគ្នាក្នុងរោងធម្មសភា បានលើកអញ្ជលីឡើង​ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរទើបក្រាបបង្គំទូលថា ៖ បពិត្រព្រះមានព្រះភាគដ៏ចម្រើន ! បុរសដ៏លាមកដូចចោរឃាតកាមាត្យនោះ តើនឹងទៅ​កើតក្នុងអបាយណាព្រះអង្គ ព្រះបរមសាស្ដាជាម្ចាស់ ទ្រង់ត្រាស់ព្យាករណ៍ថា ៖ ម្នាលភិក្ខុទាំងឡាយ បុរសនោះបានទៅកើតក្នុងស្ថានទេវលោកហើយ ដោយអានុភាព​នៃទានដែលបុរសនោះបានថ្វាយដល់ព្រះសារីបុត្តក្នុងថ្ងៃនេះឯង មួយទៀត​សោត លុះអំឡុងយូរទៅនាអនាគតកាល បុរសនោះនឹងបានត្រាស់ដឹងជាព្រះបច្ចេក​ពុទ្ធ​មួយ​ព្រះអង្គ ដោយអំណាចផលានិសង្សដែលហូរជូនមកពុំដាច់នោះដោយពិត។ 
លុះ​ព្រះ​មានព្រះភាគទ្រង់ត្រាស់សម្ដែងយ៉ាងនេះហើយក៏ទ្រង់ប្រកាសជាបទគាថាដូចនេះថា៖

ភោ សារិបុត្តេ និហិតប្បទានំ,
ខណេន បាបេតិ ហិ សគ្គមគ្គំ;
តស្មា សុខេត្តេសុ ទទាថ ទានំ,
កាមត្ថ ចេ សគ្គមោក្ខំ បរត្ថ។

ប្រែថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ការថ្វាយអាហារបិណ្ឌបាត មានប្រមាណតិច ដែល​បុរសអ្នកសម្លាប់ចោរ បានថ្វាយហើយដល់ព្រះមហាសារីបុត្ត ក៏គង់អាចញ៉ាំង ឲ្យបាន​ដល់នូវស្ថានសួគ៌ទេវលោកមួយរំពេច ព្រោះហេតុដូចនោះ អ្នកទាំងឡាយត្រូវតែឲ្យទានដែលជាគុណញ៉ាំងសេចក្ដីប្រាថ្នាឲ្យសម្រេច ជាឧបាយទៅកាន់ស្ថានសួគ៌ឯបរ​លោក​ ចំពោះបុគ្គលអ្នកមានសីល ទុកដូចស្រែដ៏មានជីជាតិល្អដោយពិត។
    
សម្ដែងរឿងនិទានបុរសអ្នកសម្លាប់ចោរ ជាគម្រប់ប្រាំមួយក្នុងវគ្គទីបី ក៏ចប់សេចក្ដីជាសង្ខេប តែប៉ុណ្ណេះឯង។ (ចាកគម្ពីរមធុរសវាហិណី យក្ខវញ្ចិតវគ្គ ប្រែដោយសម្ដេច
ព្រះធម្មលិខិត ល្វី ឯម) ចម្លងនិងត្រួតពិនិត្យឡើងវិញដោយ ខេមរ អភិធម្មាវតារ ។

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
រឿងបុរសអ្នកសម្លាប់នឹងបានជាព្រះបច្ចេកពុទ្ធ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៧២,៨០៨ ដង)
រឿង​ព្រាហ្ម​ណ៏​សម្លាប់​ពពែ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៤ (អាន: ៥,៨៨២ ដង)
ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.54