អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៧,៦៤១ ដង)
ធម៌សម្រាប់ធ្វើឲ្យមានទីពឹង

|
នាថករណធម៌ ១០
នាថករណធម៌ គឺ ធម៌សម្រាប់ធ្វើឲ្យមានទីពឹង មាន ១០ យ៉ាង គឺ ៖ ១. សីលវា ហោតិ បាតិមោក្ខសំវរសំវុតោ វិហរតិ អាចារគោចរសម្បន្នោ អណុមត្តេសុ វជ្ជេសុ ភយទស្សាវី សមាទាយ សិក្ខតិ សិក្ខាបទេសុ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខ- សំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុង សិក្ខាបទទាំងឡាយ ។ ២. ពហុស្សុតោ ហោតិ សុតធរោ សុតសន្និចយោ យេ តេ ធម្មា អាទិកល្យាណា មជ្ឈេ-កល្យាណា បរិយោសានកល្យាណា សាត្ថំ សព្យញ្ជនំ កេវលបរិបុណ្ណំ បរិសុទ្ធំ ព្រហ្ម-ចរិយំ អភិវទន្តិ តថារូបាស្ស ធម្មា ពហុស្សុតា ហោន្តិ ធតា វចសា បរិចិតា មនសានុ-បេក្ខិតា ទិដ្ឋិយា សុប្បដិវិទ្ធា ភិក្ខុជាពហុស្សូត ទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុងប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថទាំងព្យញ្ជនៈដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌មានសភាព ដូច្នោះ ភិក្ខុនោះក៏ចេះចាំច្រើន បានចាំទុក ចាំជាប់ក្នុងចិត្ត បានចាក់ធ្លុះល្អ ដោយទិដ្ឋិ ។ ![]() ៣. កល្យាណមិត្តោ ហោតិ កល្យាណសហាយោ កល្យាណសម្បវង្កោ ភិក្ខុមានមិត្តល្អ មាន សម្លាញ់ល្អ ជាអ្នកពត់ខ្លួនតាមមិត្តសម្លាញ់ល្អ ។ ៤. សុវចោ ហោតិ សោវចស្សករណេហិ ធម្មេហិ សមន្នាគតោ ខមោ បទក្ខិណគ្គាហី អនុសាសនី ភិក្ខុជាអ្នកប្រដៅងាយ ប្រកបដោយធម៌ទាំងឡាយ ជាគ្រឿងធ្វើឲ្យប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយផ្ចិតផ្ចង់ ។ ៥. យានិ តានិ សព្រហ្មចារីនំ ឧច្ចាវចានិ កឹករណីយានិ តត្ថ ទក្ខោ ហោតិ អនលសោ តត្រុបាយាយ វីមំសាយ សមន្នាគតោ អលំ កាតុំ អលំ សំវិធាតុំ អំពើណា ដ៏ខ្ពស់និងទាប ដែលពួកសព្រហ្មចារីបុគ្គល ត្រូវសួរគ្នីគ្នាហើយទើបធ្វើ ភិក្ខុជាអ្នកឈ្លាសវៃមិនខ្ជិលច្រអូស ក្នុងអំពើនោះ ប្រកបដោយការពិចារណា ដោយឧបាយក្នុងអំពើនោះថា គួរធ្វើគួរចាត់ចែងបាន ។ ៦. ធម្មកាមោ ហោតិ បិយសមុទាហារោ អភិធម្មេ អភិវិនយេ ឧឡារប្បាមោជ្ជោ ភិក្ខុជាអ្នកប្រាថ្នាធម៌ ពេញចិត្តនឹងការនិយាយធម៌ មានសេចក្តីរីករាយដ៏លើសលុប ក្នុងអភិធម៌ និងអភិវិន័យ ។ ៧. អារទ្ធវីរិយោ ហោតិ អកុសលានំ ធម្មានំ បហានាយ កុសលានំ ធម្មានំ ឧបសម្បទាយ ថាមវា ទឡ្ហបរក្កមា អនិក្ខិត្តធុរោ កុសលេសុ ធម្មេសុ ភិក្ខុជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់នូវ ពួកអកុសលធម៌ និងញ៉ាំងពួកកុសលធម៌ ឲ្យសម្រេច ជាអ្នកមានកម្លាំង សង្វាតមាំមួន មិនដាក់ចុះនូវធុរៈ ក្នុង កុសលធម៌ទាំងឡាយ ។ ៨. សន្តុដ្ឋោ ហោតិ ឥតរីតរចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារេន ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បយភេសជ្ជបរិក្ខារ តាមមាន តាមបាន ។ ៩. សតិមា ហោតិ បរមេន សតិនេបក្កេន សមន្នាគតោ ចិរកតម្បិ ចិរភាសិតម្បិ សរិតា អនុស្សរិតា ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងបញ្ញាដ៏ឧត្តម ជាអ្នករលឹកឃើញ រលឹកតាមនូវអំពើ ដែលធ្វើយូរហើយផង នូវពាក្យដែលនិយាយយូរហើយផង ។ ![]() ១០. បញ្ញវា ហោតិ ឧទយត្ថគាមិនិយា បញ្ញាយ សមន្នាគតោ អរិយាយ និព្វេធិកាយ សម្មាទុក្ខក្ខយគាមិនិយា ភិក្ខុជាអ្នកមានប្រាជ្ញា ប្រកបដោយបា្រជ្ញាជាគ្រឿងដឹងនូវការកើត និងការរលត់នៃ ( ខន្ធ ) ដ៏ប្រសើរ ជាប្រាជ្ញា សម្រាប់ទម្លុះទម្លាយនូវកិលេស ប្រព្រឹត្តទៅក្នុងធម៌ជាគ្រឿងអស់ទៅនៃទុក្ខដោយ ប្រពៃ ។ ស្រង់ចាកសុត្តន្តបិដក អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ៥១ ដល់ ៥៦, ក្នុងបិដកលេខនេះ ដដែល ត្រង់ទំព័រ ១៩១ ព្រះមានព្រះភាគ ត្រាស់ហៅធម៌ទាំង ១០ នេះ ថា ជាធម៌ប្រព្រឹត្តទៅដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ( សាមគ្គិយា ឯកីភាវាយ សំវត្តន្តិ ) ។ និងក្នុងទំព័រ ៣៣០ ដល់ ៣៣៤ អានន្ទសូត្រ ព្រះអង្គត្រាស់ថា ភិក្ខុដែលប្រកបដោយធម៌ទាំង ១០ នេះ នឹងជាអ្នកចម្រើនលូតលាស់ ក្នុងធម្មវិន័យនេះ ( ធម្មវិនយេ វុឌ្ឍឹ វិរូឡ្ហឹ វេបុល្លំ អាបជ្ជិស្សតិ ) ។ ![]() នាថករណធម៌ទាំង ១០ សរសេរបែបសង្ខេប ៖ សីលវា, ពហុស្សុតោ, កល្យាណមិត្តោ, សុវចោ, ទក្ខោ, ធម្មកាមោ, អារទ្ធវិរិយោ, សន្តុដ្ឋោ, សតិមា, បញ្ញវា ពន្យល់ ឧច្ចាវចានិ កឹករណីយានិ ពាក្យថា ឧច្ចាវចានិ កឹករណីយានិ ( អំពើដ៏ខ្ពស់ និងទាប ) បានដល់ ការងារដែលសួរគ្នីគ្នាយ៉ាងនេះថា ខ្ញុំនឹងធ្វើ ហើយទើបធ្វើ ។ បណ្តាការងារខ្ពស់ និងទាប ឈ្មោះថាការងារខ្ពស់ បានដល់ ការងារដូចជា ធ្វើចីវរ ជ្រលក់ចីវរ ជួសជុលព្រះចេតិយ ការងារដែលគប្បីធ្វើក្នុងរោងឧបោសថ ចេតិយ និងដើមពោធិព្រឹក្សជាដើម ។ ឈ្មោះថាការងារទាប បានដល់ ការងារតូចៗ ដូចជា លាងបាត្រ លាបប្រេងជាដើម ។ ធម្មកាមោ ពាក្យថា ធម្មកាម បានដល់ រមែងស្រឡាញ់ព្រះត្រៃបិដកពុទ្ធវចនៈ ។ អភិធម្មេ អភិវិនយេ ពាក្យថា អភិធម្មេ អភិវិនយេ នេះ គប្បីជ្រាបពួក ៤ គឺ ធម៌ អភិធម៌ វិន័យ អភិវិន័យ ។ ក្នុងពួកទាំង ៤ នោះ ឈ្មោះថា ធម៌ បានដល់ ព្រះសុត្តន្តបិដក ឈ្មោះថា អភិធម៌ បានដល់ បករណ៍ទាំង ៧ ។ ឈ្មោះថា វិន័យ បានដល់ វិភង្គទាំង ២ [ ភិក្ខុវិភង្គ និងភិក្ខុនីវិភង្គ ] ឈ្មោះថា អភិវិន័យ បានដល់ ខន្ធកៈ និងបរិវារ ។ ន័យម្យ៉ាងទៀត ទាំងសុត្តន្តបិដក ទាំងអភិធម្មបិដក ឈ្មោះថាធម៌ទាំងអស់ ។ មគ្គផល ឈ្មោះថា អភិធម៌ វិនយបិដកទាំងអស់ ឈ្មោះថា វិន័យ ការធ្វើការរម្ងាប់កិលេស ឈ្មោះថា អភិវិន័យ ៕ ប្រភព ដោយ៥០០០ឆ្នាំ |