អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៥,៧៣០ ដង)
ព្រះសុក្កាភិក្ខុនី

|
នៅក្នុងបិដកលេខ៧៦ ទំព័រ២២៣ សុក្កាថេរិយាបទាន មានដូចតទៅ៖ ក្នុងកប្បទី៩១ អំពីកប្បនេះ ព្រះនាយកព្រះនាមវិបស្សី មានព្រះនេត្រដូចមាស ពិចារណាឃើញធម៌ទាំងអស់កើតឡើងហើយ ។ គ្រានោះ ខ្ញុំកើតក្នុងត្រកូលមួយក្នុងនគរពន្ធុមតី បានស្តាប់ធម៌របស់ព្រះមុនី ហើយចូលទៅកាន់ផ្នួស ។ ខ្ញុំជាអ្នកស្តាប់ច្រើន ចងចាំនូវធម៌ ជាអ្នកមានប្រាជ្ញា មួយទៀត ជាអ្នកពោលពាក្យវិចិត្រទាំងជាអ្នកធ្វើតាមសាសនានៃព្រះជិនស្រី ។ កាលនោះ ខ្ញុំបានធ្វើនូវធម្មកថា ដើម្បីប្រយោជន៍ដល់ប្រជុំជនគ្រប់កាល លុះខ្ញុំចុត្យចាកអត្ថភាពនោះក៏ចូលទៅកើតក្នុងឋានតុសិត ជាស្រីមានយស ។
ក្នុងកប្បទី៣១ អំពីកប្បនេះព្រះជិនស្រី ព្រះនាមសិខី រុងរឿងដោយយស ដូចជាភ្លើងប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ កើតឡើងក្នុងលោក ។ គ្រានោះ ខ្ញុំបានបួស ជាស្រីវាងវៃក្នុងព្រះពុទ្ធសាសនា ញ៉ាំងព្រះពុទ្ធដីកាព្រះជិនស្រីឲ្យរុងរឿង លុះច្យុតចាកអត្តភាពនោះ ក៏បានទីកាន់ឋានតាវត្តឹង្ស ។ ក្នុងកប្បទី៣១ អំពីកប្បនេះព្រះជិនស្រី ព្រះនាមវេស្សភូទ្រង់កើតឡើង (ក្នុងលោក) ឯខ្ញុំក៏កើតឡើងដំណាលនឹងព្រះនាយកនោះ ក្នុងកាលនោះដែរ ជាអ្នកមានយានដ៏ធំ ។ ខ្ញុំបានបួសហើយ ជាអ្នកចងចាំនូវធម៌ ញ៉ាំងសាសនាព្រះជិនស្រីឲ្យរុងរឿង ហើយទៅកើតក្នុងបុរីរបស់ទេវតាដែលជាទីរីករាយ ទទួលសេចក្តីសុខដ៏ច្រើន ។ ក្នុងភទ្រកប្បនេះ ព្រះជិនស្រីដ៏ឧត្តម ព្រះនាមកក្កុសន្ធៈ ជានរៈដ៏ខ្ពង់ខ្ពស់ កើតឡើងក្នុងលោក កាលនោះខ្ញុំក៏បានកើតឡើងដែរ ។ ខ្ញុំបានបួសហើយ ញ៉ាំងសាសនានៃព្រះជិនស្រី ឲ្យរុងរឿងតាមសប្បាយ ខ្ញុំច្យុតចាកអត្តភាពនោះ ក៏បានទៅកើតក្នុងឋានត្រៃត្រឹង្ស ដូចជាភពរបស់ខ្លួនដដែល ។ ក្នុងកប្បនេះដដែល ព្រះនាយក ព្រះនាមកោនាគមនៈ ប្រសើរជាងអ្នកប្រាជ្ញ ឧត្តមជាងពួកសត្វ ទាំងពួង ទ្រង់កើតឡើង ។ គ្រានោះ ខ្ញុំបានបួសក្នុងសាសនានៃព្រះកោនាគមនៈនោះ ព្រះអង្គប្រកបដោយតាទិគុណ ជាអ្នកបានស្តាប់ច្រើន ចងចាំនូវធម៌ ញ៉ាំងសាសនានៃព្រះជិនស្រីឲ្យរុងរឿង ។ ក្នុងកប្បនេះឯង ព្រះមុនីដ៏ឧត្តម ព្រះនាមកស្សបៈ ជាទីពឹងនៃសត្វលោក មិនមានកិលេស ដល់នូវព្រះនិព្វាន ជាទីបំផុតនៃមរណៈ កើតឡើង ។ ចំណែកខ្ញុំបានបួស ក្នុងសាសនារបស់ព្រះពុទ្ធ ជាអ្នកប្រាជ្ញ ជាងពពួកជននោះ មានព្រះសទ្ធម្មបែកសព្វគ្រប់ ដ៏ក្លៀវក្លាខាងការសាកសួរ ។ បពិត្រ ព្រះមហាមុនី ខ្ញុំជាអ្នកមានសីលល្អ មានសេចក្តីអៀនខ្មាស វាងវៃក្នុងត្រៃសិក្ខា ហើយធ្វើនូវធម្មកថាមានប្រមាណច្រើនដរាបដល់អស់ជីវិត ។ ដោយកម្មវិបាកនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់នូវរាងកាយ ជារបស់មនុស្ស ក៏បានទៅកើតក្នុងឋានតាវតឹង្ស ។ ដល់មកក្នុងបច្ចឹមភព ឥឡូវនេះ ខ្ញុំបានកើតក្នុងត្រកូលនៃសេដ្ឋី ដ៏ធំទូលាយ ដេរដាសដោយរតនៈច្រើន ក្នុងគិរិព្វជបុរីដ៏ឧត្តម ។ កាលព្រះលោកនាយក មានភិក្ខុចំនួនមួយពាន់រូបចោមរោម ទ្រង់ស្តេចទៅកាន់ក្រុងព្រះរាជគ្រឹះ ព្រះឥន្ទក៏បានពោលសរសើរថា " ព្រះមានព្រះភាគមានឥន្ទ្រិយទូន្មានហើយ មានព្រះហឬទ័យផុតចាកកិលេសហើយ ព្រមដោយបុរាណជដិលទាំងឡាយ ដែលមានឥន្ទ្រិយទូន្មាន មានចិត្តផុតស្រឡះហើយ ទ្រង់មានពណ៌បីដូចជាពណ៌នៃមាសឆ្តោរ ឈ្មោះសិង្គី សេ្តចយាងចូលទៅកាន់ក្រុងរាជគ្រឹះ " ។ ខ្ញុំបានឃើញអានុភាព នៃព្រះពុទ្ធនោះផង បានស្តាប់ការប្រជុំនូវគុណនោះផង ហើយញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងគុណរបស់ព្រះពុទ្ធ បានបូជាព្រះពុទ្ធនោះ សមគួរតាមកម្លាំង ។ ក្នុងកាលជាខាងក្រោយមក ខ្ញុំចាកចេញផ្ទះចូលកាន់ផ្នួស ក្នុងសម្នាក់នៃនាងធម្មទិន្នាថេរី ។ កាលសក់កំពុងដាក់ចុះ ខ្ញុំបានដុតបំផ្លាញពួកកិលេសហើយ ខ្ញុំបួសមិនយូរប៉ុន្មាន ក៏បានរៀននូវព្រះពុទ្ធសាសនាចប់សព្វគ្រប់ ។ លំដាប់ពីនោះមក ខ្ញុំបានសម្តែងធម៌ក្នុងទីប្រជុំជនដ៏ច្រើន កាលដែលខ្ញុំកំពុងសម្តែងធម៌ ធម្មាភិសម័យ ក៏កើតមាន (ដល់ជនទាំងឡាយ) ។ បណ្តាពួកសត្វជាច្រើនពាន់ មានយក្យមួយដឹងច្បាស់នូវធម៌នោះ ហើយសង្វេគ ជ្រះថ្លានឹងខ្ញុំហើយបានទៅកាន់ក្រុងគិរិព្វជៈ ដោយគិតថា មនុស្សណាមិនចូលទៅអង្គុយជិត នាងសុក្កាថេរី ដែលកំពុងអង្គុយសម្តែងនូវអមតបទគឺនិព្វាន អាត្មាអញធ្វើដូចម្តេចហ្ន ឲ្យមនុស្សទាំងនោះ ដែលនៅក្នុងក្រុងរាជគហៈ មូលគ្នា ដូចពួករោមផឹកនូវទឺកផ្អែម ។ ចំណែកខាងពួកបុគ្គល អ្នកប្រកបដោយបញ្ញា ទំនងជាផឹកនូវទឹកអម្រឹតនោះ ដែលកិលេសមិនគប្បីតស៊ូបាន មានឱជាមិនបាច់ស្រោចថែម ដូចជាបុគ្គលដើរផ្លូវឆ្ងាយ ផឹកទឹកភ្លៀង ។ បពិត្រព្រះពុទ្ធ ជាមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្វិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញក្នុងទិព្វសោតធាតុផង ជាអ្នកស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណផង ។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំជម្រះស្អាតល្អហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្តីដឹង ក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តប្បិសម្ភិទា នឹង បដិភាណប្បដិសម្ភិទា នៃខ្ញុំព្រះករុណាកើតឡើយក្នុងសម្នាក់នៃព្រះអង្គ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ! ខ្ញុំមកល្អហើយ ក្នុងសម្នាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ៨ និងអភិញ្ញា៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានស្តាប់មកថា ព្រះសុក្កាភិក្ខុនី មានអាយុ បានសម្តែងនូវគាថា ទាំងនេះដោយប្រការដូច្នេះឯង ។ ស្រង់ចាក សៀវភៅ ព្រះថេរីគាថាភាគទី២ ដោយ៥០០០ឆ្នាំ |