អានអត្ថបទ
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣ (អាន: ១៦,០៤៧ ដង)
រឿងនាងឧព្វិរី

|
រឿងនាងឧព្វិរី
( ចាក បេ. ខុ. ) ( មិនគួរយំសោកស្តាយ ចំពោះជនដែលបានស្លាប់បាត់ទៅហើយ ) កាលព្រះសម្ពុទ្ធបរមគ្រូ គង់នៅវត្តជេតពន មានឧបាសិកាមួយរូប យំសោកស្តាយស្វាមីដែលធ្វើមរណកាលទៅហើយ ។ រាល់តែព្រឹក នាងទៅយំសោកបោកខ្លួនលើផ្នូរខ្មោចស្វាមីក្នុងព្រៃស្មសាន អត់បាយអត់ទឹក ស្គមរីងរៃអស់ទាំងខ្លួន ទោះបីញាតិមិត្រហាមឃាត់អង្វរយ៉ាងណា ក៏លះបង់សេចក្តីសោកនោះមិនបាន ។ ថ្ងៃមួយ ព្រះសម្ពុទ្ធបរមគ្រូទ្រង់ជ្រាប បានប្រមើលមើលឧបនិស្ស័យឃើញថា នាងត្រូវបានសម្រេចដល់សោតាបត្តិផល ទើបស្តេចយាងទៅកាន់ផ្ទះនាង ដើម្បីរំលឹកទូន្មាន ។ នាងបានឃើញព្រះសាស្តា ហើយនិមន្តគង់លើពុទ្ធាសនៈថ្វាយចង្ហាន់ ក្នុងទីបំផុតនៃភត្តកិច្ច ព្រះសម្ពុទ្ធត្រាស់សួរថា នាងកើតទុក្ខយំសោកពីរឿងអ្វី ? នាងក្រាបទូលតាមដំណើរព្រះសម្ពុទ្ធទ្រង់ព្រះមេត្តា ត្រាស់រំលឹកថា ការយំសោកឥតអំពើទេ ស្វាមីនាងទៅកើតទៀតហើយ ឥតដឹងថានាងយំសោកឡើយ ព្រោះហេតុនោះចូរនាងបន្ទោរបង់សេចក្តីសោកចេញ ចាំតថាគត នាំអតីតនិទានមកសម្តែងឲ្យនាងស្តាប់ ។ នាងក៏ខំប្រឹងអត់សង្កត់ចិត្តប្រុងស្តាប់ ព្រះសម្ពុទ្ធសម្តែងថាៈ កាលកន្លងទៅហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមព្រហ្មទត្ត សោយរាជសម្បត្តិនាក្រុងពារាណសីទ្រង់កាន់ទសពិធរាជធម៌ ១០ ប្រការ មហាជនប្រុសស្រីក្នុងព្រះនគរ មានសេចក្តីគោរពរាប់អាន ពោលសរសើរព្រះអង្គចេះគ្រប់គ្រងប្រជារាស្ត្រ ឲ្យបានសេចក្តីសុខចំរើនគ្រប់ៗគ្នា មិនលំអៀងខាងរាជការឲ្យទុក្ខរាស្រ្ត មិនលំអៀងខាងរាស្រ្តឲ្យទុក្ខរាជការ ។ កាលព្រះអង្គស្តេចយាងទៅកាន់និគមជនបទណាៗ ពួកប្រជារាស្ត្រគ្រប់ប្រភេទ ស្រែកឲ្យពរសព្វសាធុការ សរសើរព្រះរាជចេស្តាបារមីក្នុងទីនោះ ។ ថ្ងៃមួយព្រះអង្គ ទ្រង់ក្លែងភេទជាអ្នកកំសត់ ស៊ីឈ្នួលជួលដេរប៉ះសំពត់អាវ បានហៅមហាមាត្រមកប្រាប់ថា បើអ្នកណាមករកព្រះអង្គ ថាគង់នៅក្នុងព្រះបរមរាជវាំង កុំឲ្យប្រាប់ថា ព្រះអង្គស្តេចទៅកាន់ទីណាៗឡើយ ។ ប្រាប់មហាមាត្រដូច្នេះហើយ ពេលរាត្រីស្ងាត់ ព្រះអង្គទ្រង់ព្រះពស្រ្តចាស់រហែករយ៉ៃ តាមភាពអ្នកទ័លក្រកំសត់ស្ពាយសំពាយមួយមានកំណាត់ចាស់ៗ និងម្ជុលចេសដាក់នៅក្នុង ព្រមទាំងប្រាក់ ១ ពាន់កហាបណៈផង យាងចូលទៅក្នុងនិគមជនបទតូចធំ ដើម្បីស្តាប់មហាជនឲ្យដឹងថា សកម្មភាពរបស់ព្រះអង្គ នៅមានទាស់ចិត្តមហាជនត្រង់កន្លែងណាខ្លះ ពួកអ្នករាជការ ទទួលប្រតិបត្តិសុច្ចរិតតាមព្រះរាជបញ្ជា ឬទុច្ចរិតសង្កត់សង្កិនរាស្រ្តរបស់ព្រះអង្គ ។ ព្រះរាជាទ្រង់ស្តេចទៅទីណា គ្មានឮសម្តីអាក្រក់ចំពោះព្រះអង្គ និង រាជការរបស់ព្រះអង្គសោះ មានតែសរសើរគ្រប់ៗគ្នា ។ ចំណែកព្រះអង្គ ក៏គ្មានជនណាស្កាល់ថាជាមហាក្សត្ររបស់ខ្លួនឡើយ ខ្លះហៅពូ ខ្លះហៅអ៊ំ ខ្លះហៅតា ប្រើឲ្យដេរប៉ះសំពត់ឲ្យ ខ្លះឲ្យឈ្នួលជាលុយកាក់ ខ្លះឲ្យចំណីអាហារ ។ ព្រះរាជាក្លែងភេទ នៅក្នុងនគរបែបនេះអស់រយៈវេលាជាយូរខែ ពុំដែលឮពាក្យតិះដៀល មិនពេញចិត្តចំពោះព្រះអង្គ និងអ្នករាជការព្រះអង្គសោះ ។ ជួនជាថ្ងៃមួយនោះ ស្តេចយាងទៅដល់ផ្ទះស្រីមេម៉ាយស្លាប់ប្តីម្នាក់ មានកូនក្រមុំមួយអាយុ ១៦ ឆ្នាំ ជាស្រីគ្រប់លក្ខណ៍ ប្រកបដោយលំអរ ៥ យ៉ាង ប៉ុន្តែជាស្រ្តីទាល់ក្រ បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ។ ស្ត្រីមេម៉ាយឃើញព្រះអង្គចូលទៅដល់ផ្ទះ ក៏សួរថា លោកពូអញ្ជើញមកមានការអ្វី ? ព្រះរាជាត្រាស់ថា ខ្ញុំជាអ្នកទ័លក្រ គ្មានស្រូវអង្ករ ស្រែចម្ការទេ មករកស៊ីឈ្នួលប៉ះសំពត់អាវ គ្រាន់នឹងចិញ្ចឹមជីវិត ។ ស្រ្តីមេម៉ាយឃើញបែបភាពជាអ្នកក្រ ស្លៀកពាក់ខោអាវរហែកផុតមុខផុតក្រោយក៏មានចិត្តអាណិត ហៅឲ្យនៅចាំបរិភោគអាហារជាមួយ ទើបហៅកូនស្រីឲ្យមកជំរាបសួរ ហើយប្រាប់ឲ្យរៀបចំដាំស្លយកមកជូនពិសា ។ ព្រះរាជាកាលបើកូនស្រីអ្នកមេម៉ាយនោះចេញមកសំពះសួរ ដោយជាតិព្រះអង្គជាក្សត្រ មានព្រះនេត្រមុតដូចព្រះខន័ពេជ្រ អាចស្គាល់បានភ្លាមជាស្រ្តីគ្រប់លក្ខណ៍ ប្រកបដោយបញ្ចពិធកល្យាណី ( លំអរ ៥ យ៉ាង ) ទើបត្រាស់សួរថា នាងនេះឈ្មោះអ្វី ? មានគេដណ្តឹងហើយ ឬនៅ ? អ្នកមេម៉ាយប្រាប់ថា ឈ្មោះឧព្វិរី គ្មានអ្នកណាគេត្រូវការមកសួរនាំទេ ព្រោះឯងអ្នកកំសត់ទ័លក្រ ។ ព្រះរាជាត្រាស់ថា បើធ្វើដូច្នោះខ្ញុំសុំដណ្តឹងធ្វើជាភរិយា តើអ្នកមីងព្រមទេ ? អ្នកមេម៉ាយព្រមថ្វាយតាមប៉ុន្តែមិនដឹងថាជាព្រះមហាក្សត្ររបស់ខ្លួនឡើយ ។ ដល់នៅជាមួយគ្នាពីរបីថ្ងៃ ទើបព្រះរាជាប្រាប់តាមដំណើរហើយដកលុយពីក្នុងសំពាយ ១ ពាន់កហាបណៈឲ្យដល់នាងឧព្វិរី លាត្រឡប់ទៅព្រះរាជវាំងវិញ ស្តេចយាងទៅដល់ត្រាស់បង្គាប់រាជអាមាត្រ ឲ្យចាត់ចែងរៀបផ្លូវដរាបដល់ផ្ទះមេម៉ាយ ហើយរៀបក្បូនយកដំរីជ័យ មកយកនាង និងអ្នកមេម៉ាយទៅក្នុងព្រះរាជវាំង រៀបអភិសេកជាឯកអគ្គមហេសីក្នុងពេលនោះឯង ។ កាលជាខាងក្រោយមក ព្រះរាជាអស់ព្រះជន្មាយុសង្ខារទីវង្គតទៅ នាងឧព្វិរីឯកអគ្គមហេសី ទ្រង់ព្រះកន្សែងសោកា បោកខ្លួនប្រាណអត់ព្រះស្ងោយពុំសោយឡើយ មានព្រះអង្គាវយវៈស្កាំងស្គម គ្មានបុគ្គលណាអង្វរឃាត់ជួយដោះទុក្ខបានឡើយ ។ ក្នុងកាលនោះ ជួនជាព្រះពោធិសត្វនៃយើង សោយព្រះជាតិជាព្រាហ្មណ៍ ចេញទៅបួសជាតាបសបានឈានសមាបត្តិ ហោះហើរនាអាកាសបាន លោកគង់នៅព្រៃហេមពាន្ត មានទិព្វចក្ខុពិចារណាយល់ថា នាងឧព្វិរីឯកអគ្គមហេសីព្រះបាទព្រហ្មទត្ត កំពុងទ្រង់ព្រះកន្សែងជាទុក្ខក្រៀមក្រំក្នុងព្រះឳរា ក៏ហោះទៅស្ថិតនាអាកាសបង្ហាញកាយ ឲ្យអ្នកនគរឃើញគ្រប់គ្នា ទើបសួរទៅព្រះនាងឧព្វិរីថា បពិត្រព្រះនាងទ្រង់ព្រះកន្សែងដើម្បីអ្វី ? ព្រោះហេតុអ្វី ? ព្រះនាងឧព្វិរីទូលតាមដំណើរថា ទ្រង់ព្រះកន្សែងអាឡោះអាល័យចំពោះព្រះរាជស្វាមី ដែលមានគុណធ្ងន់ បានជួយទំនុកបំរុងចិញ្ចឹមរក្សាព្រះនាង តាបសសួរបញ្ជាក់ថា ព្រះរាជស្វាមីព្រះនាមអ្វី ? ព្រះនាមព្រហ្មទត្ត ចុះព្រះបាទព្រហ្មទត្តអង្គណា ? បើព្រះនាងជាអគ្គមហេសីព្រះបាទព្រហ្មទត្តជាច្រើនព្រះអង្គ ច្រើនជាតិណាស់មកហើយ ព្រះនាងទូលតាបសថាព្រហ្មទត្ត ជាព្រះរាជបុត្រព្រះបាទចុល្លណី ជាព្រះរាជស្វាមីខ្ញុំម្ចាស់ តាបសថា ព្រហ្មទត្តជាបុត្រព្រះបាទចុល្លណី ជាព្រះរាជស្វាមី របស់ព្រះនាងពីមុនៗ មកសោយរាជ្យសម្បត្តិក្នុងនគរពារាណសីនេះ ទីវង្គតត្រង់កន្លែងនេះជាច្រើនព្រះអង្គណាស់ដែរ ក៏ព្រះនាងមិនទ្រង់ព្រះកន្សែងសោយសោកផង តើព្រះនាងទ្រង់ព្រះកន្សែងនេះសម្យរម្យហើយឬ ? ព្រះនាងឧព្វិរីទ្រង់សណ្តាប់ពាក្យតាបសដូច្នោះក៏ភ្ញាក់ស្មារតីដឹង ច្បាស់ក្នុងព្រះអង្គថា ឆោតមិនគួរទ្រង់ព្រះកន្សែងសោយសោកសោះ ។ តាបសប្រដៅទូន្មានព្រះនាងឲ្យយល់ច្បាស់នូវត្រៃលក្ខណ៍ តាមដំណើរទេសនារបស់ពុទ្ធពីបុរាណ ហើយត្រឡប់ទៅព្រៃហេមពាន្តវិញ ។ ឯព្រះនាងឧព្វិរី ក៏នឿយណាយក្នុងរាជសម្បត្តិ លះកាត់កង្វល់ ចូលទៅបួសជាតបសិនី ខំចំរើនឈានដល់ទីបំផុតព្រះជន្ម បានទៅកើតជាព្រហ្មលោកហោង ។ ព្រះសម្ពុទ្ធទ្រង់នាំអតីតនិទាននេះ មកសម្តែងប្រាប់នាងឧបាសិកាដូច្នេះ ហើយ សេចក្តីសោករបស់នាង ក៏រលត់បាត់អស់ដូចជាដុំភ្លើងធំធ្លាក់ចុះទៅក្នុងទឹកសមុទ្រ ។ ព្រះសម្ពុទ្ធយល់ច្បាស់ថា សេចក្តីសោករបស់ឧបាសិការលត់អស់ហើយ ក៏សម្តែងប្រកាសអំពីអរិយសច្ច ៤ ប្រការដល់ចប់ នាងឧបាសិកា បានសម្រេចដល់សោតាបត្តិផល ក្នុងពេលនោះហោង ។ ចំណែកពុទ្ធបរិស័ទទាំងឡាយ ដែលបានប្រជុំស្តាប់ព្រះធម៌ទេសនា ក្នុងពេលនោះទាំងប៉ុន្មាន ក៏បានសម្រេចមគ្គផល តាមកម្លាំងនិស្ស័យដែលខ្លួនបានអប់រំសន្សំរៀងៗខ្លួន ។ ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក ដោយ៥០០០ឆ្នាំ |