អានអត្ថបទ
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៩២,២៨៥ ដង)
ឧលូកជាតក

|
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធជម្លោះរបស់ក្អែក និងមៀម បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សព្ពេហិ កិរ ញាតីហិ ដូច្នេះជាដើម ។ ក្នុងកាលនោះ ក្អែកទាំងឡាយតែងតែបរិភោគមៀមក្នុងវេលាថ្ងៃ ចំណែកឯមៀមទាំងឡាយវិញ ចាប់ពីព្រះអាទិត្យអស្ដង្គតទៅ តែងកាត់ក្បាលក្អែកដែលដេកនៅក្នុងទីនោះៗ ធ្វើឲ្យពួកក្អែកទាំងនោះដល់នូវការអស់ជីវិត ។
ដោយ៥០០០ឆ្នាំលំដាប់នោះ ក្បាលក្អែកជាច្រើនមានប្រមាណ ៧-៨ នាឡិ ដែលធ្លាក់អំពីដើមឈើ ភិក្ខុមួយរូបដែលនៅក្នុងបរិវេណមួយខាងចុងវត្តជេតពន ក្នុងវេលាបោសសម្អាត ក៏បានយកទៅចោល ។ ភិក្ខុនោះ បានប្រាប់សេចក្ដីនោះ ដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងសាលាធម្មសភាថា ម្នាលអាវុសោ បានឮមកថា ក្បាលក្អែកទាំងឡាយមានប្រមាណប៉ុណ្ណេះ ដែលធ្លាក់ក្នុងលំនៅរបស់ភិក្ខុរូបនោះ កាលលោកបោសសម្អាត បានយកទៅចោលរាល់ៗថ្ងៃ ។ ព្រះសាស្ដាស្ដេចយាងមក ហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ។ ភិក្ខុទាំងឡាយទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងឈ្មោះនេះ ដូច្នេះហើយ ទើបសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គ ពៀរវេរារបស់ក្អែកនិងមៀមទាំងឡាយដល់គ្នានឹងគ្នា តើកើតឡើងក្នុងកាលណាមក ? ព្រះសាស្ដា ត្រាស់ថា ចាប់តាំងអំពីបឋមកប្បមក រួចហើយទ្រង់ក៏បាននាំអតីតនិទានមកសម្ដែងថា៖ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ មនុស្សទាំងឡាយដែលកើតក្នុងបឋមកប្ប (ក្នុងកាលដែលកប្បតាំងឡើងជាដំបូង) បានប្រជុំគ្នាជ្រើសរើសបុរសមួយ ដែលមានរូបស្អាត ដល់នូវភាពល្អឯក ដល់ព្រមដោយអាចារសម្បត្តិ បរិបូណ៌ដោយអាការៈទាំងពួង ធ្វើជាព្រះរាជា ។ ចំណែកសត្វចតុប្បាទទាំងឡាយក៏ប្រជុំគ្នា ហើយជ្រើសរើសសត្វសីហៈមួយ ធ្វើជាព្រះរាជា ។ សូម្បីត្រីទាំងឡាយក្នុងមហាសមុទ្រ ក៏បានធ្វើត្រីឈ្មោះអានន្ទ ឲ្យជាព្រះរាជា ។ លំដាប់នោះ ពួកបក្សីទាំងឡាយបានប្រជុំគ្នាលើខ្នងថ្មមួយក្នុងហិមវន្តប្រទេស ប្រឹក្សាគ្នាថា ក្នុងពួកមនុស្ស គេមានព្រះរាជា សូម្បីក្នុងពួកសត្វជើងបួន និងពួកត្រី គេក៏មានព្រះរាជាដែរ។ ចំណែកក្នុងរវាងពួកយើង មិនទាន់មានព្រះរាជា ធម្មតាការនៅដោយមិនមានទីពឹង រមែងមិនគួរ សូម្បីពួកយើងក៏គួរនឹងបានព្រះរាជា ពួកយើងចូរកំណត់បក្សីមួយរូបដែលសមគួរតាំងក្នុងតំណែងព្រះរាជា ។ បក្សីទាំងឡាយនោះ កាលសម្លឹងរកមើលបក្សីមួយ ដែលមានសភាពដូចនោះ ក៏ពេញនឹងមៀមមួយ ហើយពោលថា មៀមនេះគាប់ចិត្តដល់ខ្ញុំ ។ លំដាប់នោះ មានបក្សីមួយប្រកាស ៣ ដង ដើម្បីនឹងកាន់យកអធ្យាស្រ័យរបស់បក្សីទាំងពួង ។ កាលបក្សីនោះប្រកាស ២ ដង បានសង្កត់ពាក្យរបស់បក្សីទាំងឡាយ ក្នុងវេលាប្រកាសគ្រាទី ៣ ក្អែកមួយ ក្រោកឡើង ហើយពោលថា អ្នកទាំងឡាយចូរឈប់សិន មុននឹងកាលអភិសេកមៀមនេះជាព្រះរាជា មុខរបស់មៀមនេះដែលនៅមិនទាន់ក្រោធ មានសភាពយ៉ាងនេះហើយ ចុះបើមៀននេះក្រោធ មុខនឹងមានសភាពយ៉ាងណាទៅ ក៏ពួកយើងដែលត្រូវមៀមនេះក្រោធហើយសម្លឹងមើលនឹងបែកក្នុងទីនោះៗ ដូចជាអំបិលដែលដាក់ចុះក្នុងអំបែងក្ដៅ កាលឲ្យមៀមនេះជាព្រះរាជា មិនពេញចិត្តដល់ខ្ញុំ ដូច្នេះហើយ ទើបពោលគាថាទី ១ ថា សព្ពេហិ កិរ ញាតីហិ, កោសិយោ ឥស្សរោ កតោ; សចេ ញាតីហនុញ្ញាតោ, ភណេយ្យាហំ ឯកវាចិកំ។ ឮថា ពួកញាតិទាំងអស់ បានលើកកោសិយៈ (មៀម) ឲ្យធ្វើជាធំ ប្រសិនបើពួកញាតិអនុញ្ញាតខ្ញុំសូមនិយាយនូវពាក្យមួយម៉ាត់ ។ គាថានេះមានសេចក្ដីថា សាវនានោះណាកំពុងប្រព្រឹត្តទៅ ខ្ញុំបានស្ដាប់សាវនានោះហើយ សូមពោល ។ បានឮមកថា សមាគមពួកញាតិទាំងឡាយទាំងពួងនេះ ធ្វើកោសិយៈនេះ ឲ្យជាព្រះរាជា ។ ប្រសិនបើ ពួកញាតិអនុញ្ញាតហើយ ខ្ញុំនឹងសូមពោលពាក្យមួយក្នុងសមាគមនេះ ។ លំដាប់នោះ បក្សីទាំងឡាយកាលនឹងអនុញ្ញាតដល់ក្អែកនោះ ទើបពោលគាថាទី ២ ថា ភណ សម្ម អនុញ្ញាតោ, អត្ថំ ធម្មញ្ច កេវលំ; សន្តិ ហិ ទហរា បក្ខី, បញ្ញវន្តោ ជុតិន្ធរា។ ម្នាលសម្លាញ់ យើងអនុញ្ញាតហើយ អ្នកចូរនិយាយនូវហេតុ និង ពាក្យដែលជាប់ទាក់ទងដោយបវេណីប៉ុណ្ណោះ ដ្បិតពួកបក្សីក្មេងៗ ដែលមានប្រាជ្ញា ទ្រទ្រង់នូវសេចក្ដីរុងរឿងនៅមាន ។ បណ្ដាបទទាំងនោះ បទថា ភណ សម្ម អនុញ្ញាតោ សេចក្ដីថា ម្នាលសម្លាញ់ ពួកយើងអនុញ្ញាត លោកចូរនិយាយពាក្យដែលគួរនិយាយចុះ ។ បទថា អត្ថំ ធម្មញ្ច កេវលំសេចក្ដីថា កាលលោកនិយាយ ចូរនិយាយឲ្យតាមហេតុ និងពាក្យដែលមានមកតាមបវេណី។ បទថា បញ្ញវន្តោ ជុតិន្ធរា សេចក្ដីថា ពួកបក្សីសូម្បីនៅកំលោះដែលដល់ព្រមដោយបញ្ញា និងទ្រទ្រង់នូវពន្លឺបញ្ញា រមែងមានប្រាកដ ។ ក្អែកនោះ ដែលពួកបក្សីអនុញ្ញាតហើយ ទើបពោលគាថាទី ៣ ថា ន មេ រុច្ចតិ ភទ្ទំ វោ, ឧលូកស្សាភិសេចនំ; អក្កុទ្ធស្ស មុខំ បស្ស, កថំ កុទ្ធោ ករិស្សតិ។ សូមឲ្យអ្នកទាំងឡាយ មានសេចក្ដីចម្រើន ការដែលអភិសេកមៀម មិនពេញចិត្តខ្ញុំទេ អ្នកទាំងឡាយចូរមើលមុខមៀម ដែលមិនទាន់ខឹង (បែបនេះទៅហើយ) ចំណង់បើខឹងហើយ តើវាធ្វើមុខ ដូចម្ដេចទៅ ។ គាថានេះមានសេចក្ដីថា សេចក្ដីចម្រើនសូមមានដល់អ្នកទាំងឡាយ ដែលដែលអ្នកទាំងឡាយធ្វើការអភិសេកមៀមនេះដោយការប្រកាសសាវនា ៣ ដងនោះ មិនពេញចិត្តខ្ញុំ អ្នកទាំងឡាយចូរមើលមុខ របស់មៀមនេះដែលនៅមិនទាន់ក្រោធ (បែបនេះទៅហើយ) ចំណង់បើក្រោធហើយ តើវាធ្វើមុខ ដូចម្ដេចទៅ ការធ្វើមៀមនេះជាធំ ទើបមិនពេញចិត្តខ្ញុំ ដោយប្រការយ៉ាងនេះ ។ កាលក្អែកពោលយ៉ាងនេះហើយ ក៏ហើរឡើងទៅក្នុងអាកាសពោលថា ខ្ញុំមិនពេញចិត្តទេ ខ្ញុំមិនពេញចិត្តទេ ។ ចំណែកមៀមក៏ក្រោកឡើង ហើរដេញតាមក្អែកនោះទៅ ។ ចាប់តាំងពីពេលនោះមក ក្អែកនិងមៀមនោះក៏ចងនូវពៀរដល់គ្នានឹងគ្នា ។ ពួកបក្សីទាំងឡាយ បានធ្វើសុវណ្ណហង្សឲ្យជាព្រះរាជា រួចទើបគេចទៅ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ភិក្ខុទាំងឡាយបានតាំងនៅក្នុងសោតាបត្តិផលជាដើម ។ តទា រជ្ជេ អភិសិត្តហំសបោតោ អហមេវ អហោសិំ សុវណ្ណហង្សដែលបានទទួលការអភិសេកឲ្យព្រះរាជាក្នុងកាលនោះ គឺ តថាគត នេះឯង ។ ឧលូកជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៥) ដោយខេមរ អភិធម្មាវតារ ។ ព.ស. ២៥៦១ ។ |