images/articles/286/U______ntitled-1.jpg
វិសុទ្ធិទាំង៧
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣
ហេតុដូចម្ដេចបានជាអង្គប្រជុំ ចាស់ទុំ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករបានសម្រេចយកប្រភេទសិល្បៈទេវៈទី៣ គឺសំដៅយកគុណធម៌៧ យ៉ាងគឺ វិសុទ្ធិទាំង ៧ ?
វិសុទ្ធិទាំង ៧ នេះអាចនាំមនុស្សលោកឲ្យទៅដល់ត្រើយនាយព្រះមហាបរិនិព្វានបាន ឬក៏យ៉ាងហោចណាស់ គឺធ្វើឲ្យមនុស្សបន្ថយនូវកិលេស គ្រឿងសៅហ្មង បន្ថយភាពភាន់ច្រឡំ ភាពសង្ស័យ មើលឃើញវត្ថុ និងបាតុភូតតាមសភាវៈពិត សភាវៈមែន។
ឧទាហរណ៍ : លោកិយបញ្ញារបស់មនុស្ស ធ្វើឲ្យពិភពលោករីកចម្រើនសំបូរបែប ដោយសម្ភារៈផ្សេងៗ ធ្វើឲ្យជីវិតរស់នៅប្រកបដោយប្រណីតភាព ធ្វើឲ្យសន្មតិសច្ចៈ ឬ (បញ្ញត្តិសច្ចៈ) មានកម្លាំងខ្ឡាំងក្លា ។ លោកុត្តរសច្ចៈ (ធម្មបញ្ញា) គឺបញ្ញាផ្លូវធម៌ ជាបញ្ញាខ្ពស់បំផុតសម្រាប់ឆ្លុះបញ្ចាំង សភាវធម៌ពិត សភាវធម៌មែនរបស់វា អាចបន្ថយបាននូវ អំណាចកិលេស លោភៈ ទោសៈ មោហៈ កម្ចាត់នូវចំណង់លោកិយជាបណ្ដើរៗ ។
១- សីលវិសុទ្ធិ : ការរក្សាសីលមានភាពបរិសុទ្ធប្រពៃនេះ ជាគ្រឹះ ជាមូលដ្ឋានដ៏រឹងមាំបំផុតសម្រាប់ធ្វើឲ្យសមាធិបានសម្រេច។ សីល គឺជាការគ្រប់គ្រងកាយ និងវាចាឲ្យមានវិន័យ មានសណ្ដាបធ្នាប់ មានរបៀបរៀបរយ សម្រាប់អប់រំចិត្ត ប្រដៅចិត្ត ត្រួតចិត្ត បញ្ជាលើចិត្តបានគ្រប់ពេលវេលា ។
២- ចិត្តវិសុទ្ធិ: ការធ្វើចិត្តឲ្យស្ងប់ ក្នុងអប្បនាសមាធិ (បានឈាន) ឬក្នុងឧប្បចារៈ (ជិតបានឈាន) ទាបបំផុតជាខណិកសមាធិ (ស្ងប់ជាខណៈៗ ) សុទ្ធតែជាគ្រឹះសម្រាប់ឈានទៅធ្វើវិបស្សនាបញ្ញា វិបស្សនាញាណ។
៣- ទិដ្ឋិវិសុទ្ធិ: សេចក្ដីបរិសុទ្ធដោយការឃើញ ។ គឺឃើញនូវឃើញដោយបរិសុទ្ធ ឃើញហួសពីអ្វីៗ ដោយសន្មត ពីអ្វីៗដោយឡែក ពីអ្វីជាខាងក្រៅ ។ តាមធម្មតាមនុស្សយើង តែងមើលឃើញអ្វីៗ ទៅតាមបញ្ញត្តិ ឬតាមសន្មត ដូចជាគេសន្មតថា នេះជាមនុស្ស ជាសត្វ ឈ្មោល ញី ស ខ្មៅ ធាត់ ស្គម ស្រី ប្រុស ក្មេង ចាស់ មាន ក្រ ធំ តូច ខ្មែរ យួន ចិន ចាម ជាដើម សុទ្ធតែជាសន្មតិសច្ចៈ ។ ដូច្នេះ គេស្គាល់ពិត ដឹងពិត ត្រឹមតែការសន្មតិប៉ុណ្ណោះ ព្រោះគេថាបុថុជ្ជន គេប្រើត្រឹមតែបញ្ញាលោកិយ។ ការពិតសុទ្ធតែជារបស់រួមផ្សំគ្នា ប្រមូលបញ្ចូលគ្នា ផ្ដុំគ្នា ជាសង្ខារធម៌ទាំងឡាយតែប៉ុណ្ណោះ គឺគ្រាន់តែជារូបៗ រូបបូកនឹងរូប រូបបូកនឹងនាម នាមបូកនឹងនាម ហើយទាំងអស់ស្ថិតនៅក្រោមអំណាចក្រិត្យក្រមធម្មជាតិតែប៉ុណ្ណោះ ។ ចំណែកអ្នកចម្រើនវិបស្សនា គេស្គាល់តាមការសន្មតិនោះដែរ តែគេយកបញ្ញាពិចារណាទៅឆ្លុះវែកញែក មើលសភាវធម៌ពិត ដែលស្ថិតនៅកប់ជ្រៅក្នុងសន្មតិនោះថែមទៀត ។
ការវែកញែក ពិចារណាល្អិតល្អន់នេះ នាំឲ្យអ្នកវិបស្សនាឃើញច្បាស់ថា មិនមែនជាមនុស្ស ជាសត្វ ឈ្មោល ញី ស ខ្មៅ ជាដើមទេ គឺបែរជាឃើញថា ជាធាតុ ៤ ជាខន្ធ ៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឬជារូប និងនាមប៉ុណ្ណោះ ។ មុនពុទ្ធកាល អ្នកចម្រើនវិបស្សនាយល់ច្បាស់ថារូប និងនាម ជារបស់ផ្សេងគ្នាផង រួមគ្នាផង ។ ការយល់យ៉ាងនេះ លោកហៅថា ទិដ្ឋិវិសុទ្ធិ គឺបរិសុទ្ធដោយការពិចារណាឃើញថា មិនមែនសត្វ បុគ្គលឬមនុស្ស ប្រុសស្រីជាដើមឡើយ គឺគ្រាន់តែជាធាតុ ជាខន្ធឬជារូបនិងនាមដែលផ្សេងគ្នាផង និងរួមគ្នាផងតែប៉ុណ្ណោះ។
៤- កង្ខាវិតរណវិសុទ្ធិៈ សេចក្ដីបរិសុទ្ធដោយញណ ជាគ្រឿងឆ្លងផុតសេចក្ដីសង្ស័យ ។ សង្ស័យអំពីអ្វី ? សង្ស័យអំពីខន្ធ៥ ឬនាមរូប ដោយឆ្ងល់ថា : តើខន្ធ៥ ឬ នាមរូបកើតមកពីណា? មានអ្វីជាហេតុបច្ច័យ ?
មុនពុទ្ធកាល គេយល់ថា នាមរូបកើតពីអាទិទេព ដូចជាព្រះព្រហ្ម ព្រះឥសូរ ជាដើម ជាអ្នកបង្កើត ។ ក្នុងពុទ្ធកាលដោយការខិតខំពិចារណារបស់អ្នកចម្រើនវិបស្សនា បានយល់ច្បាស់ថា នាមរូបគឺកើតមកពី :
+អវិជ្ជា : ការមិនដឹងសច្ចធម៌ ។
+តណ្ហា : ការចង់ជួបស្និទ្ធស្នាល នឹងកាមគុណ ៥ គឺ រូប សម្លេង ក្លិន រស សម្ផស្ស ។
+ឧបាទាន : ការប្រកាន់ខ្ជាប់នូវកាមគុណ ៥ ថាជារបស់ខ្លួន ។
+កម្ម : ការបញ្ចេញសកម្មភាព កាយ វាចា ចិត្ត ប្រព្រឹត្តធ្វើ អំពើកុសល និង អកុសល
+អាហារ : ឱជារស ដែលសម្រាប់ទ្រទ្រង់ជីវិត ។
ការយល់ដឹងអំពីដើមកំណើត ឬហេតុបច្ច័យ នៃនាមរូប ទាំងអតីត អនាគត បច្ចុប្បន្នយ៉ាងនេះ លោកហោថា : កង្ខាវិតរណវិសុទ្ធិ គឺសេចក្ដីបរិសុទ្ធ ដោយរកឆ្លងផុតនូវសេចក្ដីសង្ស័យ ។
៥- មគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិ : សេចក្ដីបរិសុទ្ធដោយញាណ ជាគ្រឿងពិចារណា នេះជាផ្លូវ នេះមិនមែនជាផ្លូវ ។ ការពិចារណានាមរូប ឬបញ្ចក្ខន្ធគឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឯណានីមួយជាអតីតក្ដី អនាគតក្ដី បច្ចុប្បន្នក្ដី ឲ្យឃើញសុទ្ធតែ អនិច្ចំ ទុក្ខំ អនត្តា ចិត្ត ក៏ចុះស៊ប់តាំងនៅក្នុងការពិចារណា អារម្មណ៍របស់វិបស្សនា ហើយពេលនោះស្រាប់តែឧបកិលេសទាំង ១០ ណាមួយកើតឡើង ហើយរីករាយសប្បាយ ដោយសម្គាល់ថា ខ្លួនបានសម្រេចធម៌វិសេសហើយ បណ្ដោយឲ្យទិដ្ឋិ មានៈ តណ្ហា កើតឡើង មិនប្រឹងបដិបត្តិ ពិចារណាតទៅទៀតក៏ឈប់ផ្អាកត្រឹមប៉ុណ្ណោះ ។ ការបណ្ដោយចិត្តឲ្យរីករាយសប្បាយ ស្និទ្ធស្នាលនិងឧបកិលេសទាំង ១០ ណាមួយនេះ មិនមែនជាមគ្គទេ ។ ឯមគ្គនោះ លុះត្រាតែអ្នកចម្រើនវិបស្សនា លើកយកឧបកិលេសទាំងនោះមកពិចារណាឲ្យឃើញថា សុទ្ធតែ អនិច្ចំ ទុក្ខំ អនត្តា មួយជាន់ទៀត ទើបអាចឃើញមគ្គទៅកាន់និព្វាន ។ ការយល់ច្បាស់ ដឹងច្បាស់ ឃើញច្បាស់បែបណេះ លោកហៅថា មគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិ ឬសេចក្ដីបរិសុទ្ធដោយញាណ ពិចារណាឃើញថា ឧបកិលេស ជាឧបសគ្គរាំងរាវិបស្សនា មិនឲ្យឆ្លងទៅដល់មគ្គ ។
៦- បដិបទាញាណទស្សនវិសុទ្ធិ : សេចក្ដីបរិសុទ្ធដោយញាណ ជាគ្រឿងឃើញបដិបទា ។ វិសុទ្ធិនេះ កើតឡើងបន្ទាប់ពីឧបកិលេស រលត់បាត់អស់ទៅហើយញាណពិចារណាស្គាល់មគ្គ និងមិនមែនមគ្គកើតឡើងប្រាកដ ។ បដិបទា ក្នុងទីនេះ សំដៅយកការឃើញអរិយសច្ចៈ ៤ ហើយដំណើរចិត្តពិចារណា បានប្រព្រឹត្តទៅតាមលំដាប់វិបស្សនាញាណ៩ ចាប់តាំងពីឧទយព្វយញ្ញាណ តរៀងទៅដរាបដល់បានសម្រេច មគ្គផលជាព្រះអរិយបុគ្គល ៤ ពួកថ្នាក់ណាមួយតាមឧបនិស្ស័យ ។ អ្នកវិបស្សនាខ្លះ សម្រេចត្រឹមថ្នាក់ សោតា ខ្លះថ្នាក់ សកទាគាមី ខ្លះបានសម្រេចដល់ថ្នាក់អរហន្ត ។ ការខិតខំពិចារណារហូតដល់បានសម្រេចមគ្គផលនិព្វានបែបនេះ លោកហៅថា បដិបទាញាណទស្សនវិសុទ្ធិ ។
៧- ញាណទស្សនវិសុទ្ធិ : សេចក្ដីបរិសុទ្ធដោយញាណទស្សនៈ ។ វិសុទ្ធិនេះកើតបន្ទាប់អ្នកចម្រើនវិបស្សនា បានសម្រេចមគ្គផលជាព្រះអរិយបុគ្គលថ្នាក់ណាមួយហើយ ។ លោកដឹងច្បាស់ដោយខ្លួនឯង ដោយបច្ចវេក្ខណញាណថា អាត្មា អញបានសម្រេចត្រឹមថ្នាក់សោតា ថ្នាក់សកទាគាមី អនាគាមី ឬថ្នាក់អហរន្ត ។ ថ្នាក់សោតា សកទាគាមី អនាគាមី មានបច្ចវេក្ខណញាណ ៥ សម្រាប់ពិចារណាគឺ :
១- បហីនកិលេស បច្ចវេក្ខតិ ពិចារណាកិលេសដែលលះបង់អស់ហើយ ។
២- អវសិដ្ឋកិលេសំ បច្ចវេក្ខតិ ពិចារណាកិលេសដែលសេសសល់ ។
៣- មគ្គំ បច្ចវេក្ខតិ ពិចារណាមគ្គ ។
៤- ផលំ បច្ចវេក្ខតិ ពិចារណាផល ។
៥- និព្វានំ បច្ចវេក្ខតិ ពិចារណាព្រះនិព្វាន ។
ឯព្រះអរហន្ត មានបច្ចវេក្ខតិញាណ ៤ គឺ
១- បហីនកិលេស បច្ចវេក្ខតិ ពិចារណាកិលេស ដែលលះបង់អស់ហើយ ។
២- មគ្គំ បច្ចវេក្ខតិ ពិចារណាមគ្គ ។
៣- ផលំ បច្ចវេក្ខតិ ពិចារណាផល ។
៤- និព្វានំ បច្ចវេក្ខតិ ពិចារណាព្រះនិព្វាន ។ ព្រោះលោកមិនមានកិលេសនៅសេសសល់ទេ។
បញ្ញាដែលពិចារណាដឹងច្បាស់ ឃើញច្បាស់ នូវមគ្គផល និព្វាន ដោយបច្ចវេក្ខណញាណផ្ទាល់ខ្លួនឯងបែបនេះ ជាលោកុត្តរប្បញ្ញា ជាបញ្ញាកម្ទេចនាមរូបលែងឲ្យមានជាតិ ជរា ព្យាធិ មរណៈទៀតហើយ ។ នេះហើយដែលលោកឲ្យឈ្មោះថា និព្វាន ។
«ពាលោ ពាលាខ្លាំង បានធម្មំ ហើយចោលទៅ
អ្នកប្រាជ្ញប្រែជាខ្លៅ ព្រោះកម្លៅ ពុំជឿបុណ្យ ។»
ព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ ចន្ទត្ថេរោ ប្រាក់ ហ៊ិន
———————
រៀបរៀងដោយ : ព្រឹទ្ធាចារ្យ ឆេង ផុន
ដោយ៥០០០ឆ្នាំ
images/articles/288/Un322rqtitled-1.jpg
បដិបទាដែលនាំសេចក្តីសុខមកឲ្យ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣
ព្រះបរមសាស្តាកាលដែលទ្រង់គង់ប្រថាប់ក្នុងព្រះគន្ធកុដិ នាដែនដីនៃព្រៃហេមពាន្ត ព្រះអង្គទ្រង់ប្រារព្ធមារាធិរាជ។ក្នុងកាលនោះមារបានមកអារាធនាសូមឲ្យព្រះអង្គត្រឡប់ទៅគ្រប់គ្រងរាជសម្បត្តិវិញ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ទៅកាន់មារថា ភ្នំមាស២ ក៏មិនអាចធ្វើឲ្យបុគ្គលម្នាក់គ្រប់គ្រាន់បានដែរ បុគ្គលជ្រាបដូច្នេះហើយ គប្បីប្រព្រឹត្តធម៌សន្តោស ដូច្នេះជាដើម។ ជាបន្តព្រះអង្គទ្រង់ត្រាស់នូវគាថាដូច្នេះថា៖
អត្ថម្ហិ ជាតម្ហិ សុខា សហាយា
តុដ្ឋី សុខា យា ឥតរីតរេន
បុញ្ញំ សុខំ ជីវិតសង្ខយម្ហិ
សព្វស្ស ទុក្ខស្ស សុខំ បហានំ។
កាលបើសេចក្តីត្រូវការកើតឡើងហើយ សម្លាញ់ទាំងឡាយនាំសេចក្តីសុខមកឲ្យ សេចក្តីត្រេកអរដោយបច្ច័យតាមមានតាមបាន ជាហេតុនាំសេចក្តីសុខមកឲ្យ បុណ្យនាំសេចក្តីសុខមកឲ្យក្នុងកាលអស់ជិវិត ការលះបង់ទុក្ខទាំងអស់បាន ជាហេតុនាំសេចក្តីសុខមកឲ្យ។
សុខា មត្តេយ្យតា លោកេ អថោ បេត្តេយ្យតា សុខា
សុខា សាមញ្ញតា លោកេ អថោ ព្រហ្មញ្ញតា សុខា
សុខំ យាវ ជរា សីលំ សុខា សទ្ធា បតិដ្ឋិតា
សុខោ បញ្ញាបដិលោភោ បាបានំ អករណំ សុខំ។
ការប្រតិបត្តិល្អដល់មាតា នាំសេចក្តីសុខមកឲ្យក្នុងលោក ម៉្យាងទៀត ការប្រតិបត្តិល្អដល់បិតា នាំសេចក្តីសុខមកឲ្យ។ ការប្រតិបត្តិល្អដល់សមណៈនាំសេចក្តីសុខមកឲ្យក្នុងលោក ម៉្យាងទៀត ការប្រតិបត្តិល្អដល់ព្រាហ្មណ៍(អ្នកដែលមានបាបបណ្តែតចោលហើយ) នាំសេចក្តីសុខមកឲ្យ។ សីលនាំសេចក្តីសុខមកឲ្យដរាបដល់ចាស់ សទ្ធាដែលបុគ្គលតំកល់ស៊ប់ហើយ នាំសេចក្តីសុខមកឲ្យ ការបានចំពោះនូវបញ្ញា នាំសេចក្តីសុខមកឲ្យ ការមិនធ្វើបាបទាំងឡាយនាំសេចក្តីសុខមកឲ្យ៕
[ស្រង់ចេញពីសៀវភៅ "ព្រះពុទ្ធភាសិត"រៀបរៀងដោយអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស]
ដោយ ៥០០០ឆ្នាំ
images/articles/291/image.jpeg
កុសលកម្មបថ និង អកុសលកម្មបថ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣
កម្មបទចែកចេញជាកម្មមាន៣យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និងមនោកម្ម១។ ចែកប្រភេទមានពីរយ៉ាងគឺ អកុសលកម្មបទ១ កុសលកម្មបទ១ ។
អកុសលកម្មបទ១០
* តើអ្វីទៅជាអកុសលកម្មបថ?គន្លង ឬផ្លូវនៃអំពើជាអកុសល ហៅថា អកុសលកម្មបថមាន១០យ៉ាងគឺ កាយទុច្ចរិត អំពើអាក្រក់ដែលសំរេចដោយកាយ មាន ៣យ៉ាង, វចីទុច្ចរិត អំពើអាក្រក់សម្រេចដោយវាចាមាន៤យ៉ាង, មនោទុច្ចរិត អំពើអាក្រក់ដែលសម្រេចដោយចិត្តមាន៣យ៉ាង។ យ៉ាងនីមួយៗមានដូចតទៅ៖
កាយទុច្ចរិត៣
១-បាណាតិបាតា កិរិយាសម្លាប់សត្វមានជីវិតដោយកាយ ឬប្រើគេឲ្យធ្វើដោយវាចា។
២-អទិន្នាទានា កិរិយាលួចយកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
៣- កាមេសុមិច្ឆាចារា កិរិយាប្រព្រឹត្ដខុសក្នុងកាមទាំងឡាយដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន។
វចីទុច្ចរិត៤
១- មុសាវាទា កិរិយាពោលដោយពាក្យកុហក។
២- បិសុណាវាចា កិរិយាពោលពាក្យញុះញង់ ស៊កសៀតបំបែកបំបាក់គេ។
៣-ផរុសវាចា ករិយាពោលពាក្យអាក្រក់ ទ្រគោះបោះបោកជេរប្រទេចជាដើម។
៤- សម្ផប្បលាបា កិរិយាពោលពាក្យរោយរាយឥតប្រយោជន៍។
មនោទុច្ចរិត៣
១- អភិជ្ឈា ចិត្ដសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃដោយគិតបម្រុងនឹងឲ្យបានមកជារបស់ខ្លួន។
២- ព្យាបាទ ចិត្ដចងគំនុំគំគួន គឺប៉ងចង់ឲ្យអ្នកដទៃដល់នូវសេចក្ដីវិនាស។
៣-មិច្ឆាទិដ្ឋិ គំនិតយល់ខុស ហើយប្រកាន់ថាជាត្រូវ។
កុសលកម្មបទ១០
* តើអ្វីទៅជាកុសលកម្មបថ? គន្លង ឬផ្លូវនៃអំពើជាកុសល ហៅថា កុសលកម្មបថមាន១០យ៉ាងគឺ កាយសុចរិត អំពើល្អដែលសម្រេចដោយកាយ មាន ៣យ៉ាង, វចីសុចរិត អំពើល្អសម្រេចដោយវាចាមាន៤យ៉ាង, មនោសុចរិត អំពើល្អដែលសម្រេចដោយចិត្តមាន៣យ៉ាង។ យ៉ាងនីមួយៗមានដូចតទៅ៖
កាយសុចរិត៣
១- បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺការសម្លាប់សត្វ។
២- អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវរបស់ដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
៣- កាមេសុមិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្ដខុសក្នុងកាមទាំងឡាយ។
វចីសុចរិត៤
១- មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យកុហក។
២- បិសុណាវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យញុះញង់ ស៊កសៀតបំបែកបំបាក់អ្នកដទៃ។
៣- ផរុសវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យអាក្រក់ ទ្រគោះបោះបោកជេរប្រទេចជាដើម។
៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យរោយរាយឥតប្រយោជន៍។
មនោសុចរិត៣
១- អនភិជ្ឈា មិនមានចិត្ដសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃដោយគិតបម្រុងនឹងឲ្យមកជារបស់ខ្លួន។
២- អព្យាបាទ មិនមានចិត្ដចងគំនុំគុំគួន គឺប៉ងចង់ឲ្យអ្នកដទៃដល់នូវសេចក្ដីវិនាស។
៣- សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវ ហើយប្រកាន់ថាពិតជាត្រឹមត្រូវមែន។
កម្មបទ បើចែកតទៅទៀតមាន៨០ គឺកុសលកម្មបទ៤០ និងអកុសលកម្មបទ៤០។
ប្រភព
ដោយ៥០០០ឆ្នាំ
images/articles/2270/Untitled-1-Recovered.jpg
វិនិច្ឆ័យក្នុងសីលបាណាតិបាត
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២៣
សិក្ខាបទទី១ថា បាណាតិបាតា វេរមណី គឺចេតនាវៀរចាក ការសម្លាប់ជីវិតសត្វ។សត្វមានជីវិតសំដៅយកពួកសត្វទាំងអស់ ទោះតូចល្អិតក្ដី ធំក្ដី មានវិញ្ញាណ ឬមិនមានវិញ្ញាណ កាលបើមានចេតនាក្លែងសម្លាប់ឲ្យស្លាប់ហើយ ក៏ឈ្មោះថា បែកធ្លាយឬដាច់សីលបាណាតិបាត។
ពួករុក្ខជាតិ តិណជាតិ ដូចជាដើមឈើ ស្មៅជាដើម ដែលវានៅស្រស់មិនទាន់ងាប់ ដែលយើងតែងហៅថា"ដើមឈើរស់នៅមានជីវិត" វត្ថុទាំងនេះមិនរាប់ចូលថាជាសត្វមានជីវិតដែលជាវត្ថុនៃបាណាតិបាតទេ ព្រោះជីវិតក្នុងទីនេះសំដៅយកជីវិតរបស់សព្វសត្វដែលកើតអំពីកម្មជាបច្ច័យតែម្យ៉ាង ដូច្នេះអ្នករក្សាសីលក៏អាចកាប់ដក ស្មៅឬដើមឈើបាន លើកលែងតែភិក្ខុជាបព្វជិតចេញ ដែលលោកមានសិក្ខាបទ គឺព្រះពុទ្ធជាម្ចាស់ទ្រង់ហាម។
- ការទម្លាយមេកំណើតបដិសន្ធិរបស់បុរស
ការដែលគ្រូពេទ្យទម្លាយមេកំណើត បដិសន្ធិរបស់បុរសដើម្បីមិនឲ្យកើតបដិសន្ធិឡើង មិនឈ្មោះថា បាណាតិបាតទេ ព្រោះមេពូជកំណើតបដិសន្ធិរបស់បុរសដែលហៅថា ស្ពែម៉ាតូសូអេ នេះ សូម្បីផ្លូវពេទ្យពោលថាកម្រើកបានក៏ពិតមែន តែពូជនោះមិនមានវិញ្ញាណបដិសន្ធិ។ នៅក្នុងកាមភូមិតនេះ សត្វដែលកើតឡើងប្រាសចាកវិញ្ញាណរមែងមិនមាន ដូច្នេះក្នុងផ្លូវព្រះពុទ្ធសាសនាទើបមិនរាប់ថាជាសត្វ។ ពូជបដិសន្ធិបុរសឬស្ត្រី ត្រឹមតែជាឧតុជ្ជរូបកលាបៈ (សំណុំនៃ រូបកើតអំពីឧតុ) ដែលកើតអំពីលោភរបស់ បុរស ឬស្ត្រី ប៉ុណ្ណោះ ក្នុងការដែលញ័របាននោះ ក៏ព្រោះរូបកលាបៈនោះមានវាយោធាតុដែលមានលក្ខណៈកម្រើកញ័រទើបធ្វើឲ្យញ័របាន ដូចជាកន្ទុយជីងចក់ដែលដាច់ចេញអំពីខ្លួន ហើយអាចនៅកម្រើកបានដូច្នោះ។បើការទម្លាយនោះ ជាការទម្លាយក្នុងកាលដែលពូជបដិសន្ធិរបស់បុរសនិងស្ត្រីដែលបានផ្សំគ្នា ហើយមានសត្វមកចាប់កំណើត ហើយការធ្វើនោះ ចាត់ជាបាណាតិបាត។ (ដកស្រង់ពីមតិរបស់អាចារ្យសទ្ធម្មជោតិកៈ)
- អំពីការចាក់ថ្នាំបំបាត់រោគ
លោកគ្រូពេទ្យចាក់ថ្នាំសម្លាប់មេរោគផ្សេងៗនោះ មិនចាត់ជាបាណាតិបាតទេ ព្រោះមេរោគទាំងនោះមិនមានវិញ្ញាណនិងជីវិតដែលកើតពីកម្ម គ្រាន់តែជាឧតុជ្ជរូបកលាបៈជាប់ទាក់ទងជាមួយអកុសលកម្មខ្លះ កើតអំពីឧតុខាងក្នុងខ្លះ ខាងក្រៅខ្លះ និងកើតអំពីអាហារខ្លះ ក្នុងការដែលមេរោគនោះអាចកម្រើកបានដូចសត្វខាងក្រៅដែរ ក៏ព្រោះអំណាចនៃវាយោធាតុដែលមាននៅរូបកលាបៈនោះៗធ្វើឲ្យរូបកលាបៈនោះកើតជាប់គ្នាមានចំនួនច្រើនឡើង ប្រៀបដូចដើមឈើដែលបានទទួលធាតុត្រជាក់ និងក្ដៅអំពីដីជាដើម រមែងចម្រើនលូតលាស់បែកមែកសាខាចេញទៅបានដូច្នោះ ម្យ៉ាងទៀត ត្រង់ដែលមេរោគទាំងនោះមិនចេះស្លាប់ដោយខ្លួនឯង ក៏សម្ដែងឲ្យឃើញថា មេរោគនោះមិនមែនសត្វ ព្រោះបើជាសត្វហើយត្រូវតែស្លាប់តាមកំណត់វេលាដូច្នេះមេរោគទាំងនោះ មានសភាពដូចច្រែះដែកស្នឹមដែក ឬស្លែទឹកតោងខឿនជញ្ជាំងដូច្នោះ។
- ការបរិភោគពងមាន់ឬពងទាដែលមិនមានពូជឈ្មោលផ្សំ
អ្នកដែលបរិភោគនូវពងមាន់ឬពងទា ដែលមិនមានពូជឈ្មោលផ្សំនោះ រមែងឈ្មោះថា ជាអ្នកបរិភោគនូវសត្វមានជីវិតគឺជា បាណាតិបាតកម្ម ព្រោះថា សូម្បីពងនោះមិនមានពូជឈ្មោះផ្សំក៏ដោយ តែមានសត្វបដិសន្ធិឡើងហើយ ទើបកើតជាពងឡើងបាន ព្រោះហេតុដែលនាំឲ្យតាំងគគ៌មាន ៨ យ៉ាង គឺ
១- ដោយការសេពមេថុនធម្ម
២- ដោយការយកទឹកអសុចិរបស់បុរសមកដាក់ត្រង់ទ្វារមគ្គ។
៣- ដោយបុរសចាប់ពាល់រាងកាយ
៤- ដោយបុរសស្ទាបផ្ចិត
៥- ដោយស៊ីទឹកអសុចិរបស់បុរស
៦- ដោយឃើញរូបរាងរបស់បុរស
៧- ដោយឮសម្លេងរបស់បុរស
៨- ដោយធំក្លិនបុរស
(ដកស្រង់អំពីសមន្តប្បាសាទិកា អដ្ឋកថាព្រះវិន័យ)
សេចក្ដីនេះសម្ដែងឲ្យឃើញថា ការកើតឡើងនៃសត្វក្នុងគគ៌ សូម្បីមិនបានផ្សំដោយពូជបុរស ក៏អាចមានហេតុដទៃៗធ្វើឲ្យសត្វកើតឡើងបានដែរ ឧទាហរណ៍ដូចជាសត្វកុក ជាធម្មតាមិនដែលមានសត្វកុកឈ្មោល តែកាលមេកុកដល់រដូវកាលហើយ គ្រាន់តែឮសម្លេងផ្គរលាន់ មេសត្វកុកក៏តាំងគគ៌ឡើង ឧទាហរណ៍មួយទៀត អំពីមនុស្ស ដូចមាតារបស់សុវណ្ណសាមពោធិសត្វ គ្រាន់តែតាបសជាស្វាមីយកដៃស្ទាបអង្អែលផ្ចិតប៉ុណ្ណោះ ក៏តាំងគគ៌ គឺសុវណ្ណសាមឡើង។តែបញ្ហានេះ តាមមតិវិទ្យាសាស្ត្របច្ចុប្បន្នដោយច្រើនគេយល់ថា មិនមានសត្វ តែសូមលោកអ្នករក្សាសីលទាំងឡាយ គួរពិចារណាឲ្យបានល្អិតល្អន់តទៅទៀតចុះ។
ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស
រៀបរៀងដោយ មេត្តាបាលោ ទឹម សឿត
ដោយ៥០០០ឆ្នាំ
images/articles/2388/45g4ft4e6th4wgtf4ef5ythegszsfrztf.jpg
តម្កល់ជីវិតឲ្យស្ថិតនៅក្នុងសីល ៥
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២៣
មនុស្សយើងគ្រប់គ្នា តែងចង់ឲ្យខ្លួនឯងមានជីវិតរស់នៅយូរអង្វែង ចង់មានទ្រព្យសម្បត្តិស្តុកស្តម្ភ មិនចង់ឲ្យមានរោគផ្សេង ៗ ចង់រស់នៅជួបជុំភរិយាស្វាមី កូនចៅប្រុសស្រី ចង់ឲ្យគេមានភក្តីស្មោះត្រង់នឹងខ្លួនឯង មិនចង់ឲ្យគេនិយាយភូតភរកុហក បោកប្រាស់ ចង់ឲ្យនិយាយតែពាក្យសច្ចៈ ពិតទៀងត្រង់ ចង់ឲ្យខ្លួនឯងបរិបូរទៅដោយបញ្ញា មិនចង់ឲ្យខ្លួនឯងក្លាយខ្លួនទៅជាមនុស្សឆ្គួត វិកល់ចរិក មានសតិវិប្បលាស បាត់បង់បញ្ញាស្មារតី ចង់ឲ្យខ្លួនឯងពោរពេញទៅដោយសេចក្តីសុខគ្រប់យ៉ាង . . . ។ បេ ។
យើងដែលនិយាយថាចង់បាន ៗ ៗ គ្រប់គ្នានេះ ចុះហេតុអ្វីបានជាយើងមិនព្រមនាំគ្នាធ្វើនូវប្រយោជន៍ ដែលនាំឲ្យបាននូវរបស់ទាំងអស់នោះ ចេះតែស្រែងក្តែង ៗ ថា ចង់បាននេះ ចង់បាននោះ ចង់ឲ្យខ្លួនឯងមានសេចក្តីសុខណាស់ តែមិនព្រមនាំគ្នាធ្វើនូវហេតុដែលនាំឲ្យមាននូវសេចក្តីសុខ តើនឹងមានសេចក្តីសុខពីណាមក ?
ដោយហេតុតែចង់ឲ្យជីវិតរបស់ខ្លួនរស់នៅយើនយូរ តែបែរជាទៅបៀតបៀនជីវិតអ្នកដទៃ តើនេះឈ្មោះថា យើងកំពុងតែសាងនូវភាពជាអ្នកមានអាយុវែងឬ ? ចង់មានទ្រព្យសម្បត្តិតែបែរជាទៅលួចទ្រព្យអ្នកដទៃ ដើម្បីឲ្យខ្លួនឯងមាន ចង់មានសេចក្តីសុខ តែបែរទៅប្រព្រឹត្តិបំពានលើសេចក្តីសុខរបស់អ្នកដទៃ សួរថាតើអំពើទាំងអស់នេះវាសមគួរដែរឬ ?
ព្រះបរមសាស្តាចារ្យព្រះអង្គទ្រង់ត្រាស់សម្តែងថា បើយើងចង់បានអាយុវែង ចង់បានទ្រព្យស្តុកស្តម្ភ ចង់ឲ្យឯងមានសេចក្តីសុខនៅក្នុងក្រុមគ្រួសារ ចង់ឲ្យគេមានភាពស្មោះត្រង់នឹងខ្លួនឯង និងចង់មានបញ្ញា គឺត្រូវវៀកចាកបញ្ចវេរាទាំង ៥ គឺសីល ៥ នឹងឯង ពីព្រោះអ្នកមានសីល ៥ រមែងបានទទួលនូវគុណធម៌ដូច្នេះគឺ
-សីលទី ១ មិនបៀតបៀនជីវិតអ្នកដទៃគឺមិនសម្លាប់សត្វនាំឲ្យមានធម៌ មេត្តា ។
-សីលទី ២ មិនលួចទ្រព្យគេ នាំឲ្យមានធម៌ សម្មាអាជីវៈ ។
-សីលទី ៣ មិនប្រព្រឹត្តខុសក្នុងកាម នាំឲ្យយើងមាននូវធម៌ សទារន្តោសៈ ។
-សីលទី ៤ មិននិយាយកុហក នាំឲ្យមានធម៌ សច្ចៈ ។
-សីលទី ៥ មិនផឹកនូវទឹកស្រវឹង នាំឲ្យមានធម៌ សតិសម្បជញ្ជៈ ។
សីលទាំង ៥ នេះដែលមនុស្សគួរតែខំប្រឹងប្រែងរក្សាឲ្យដូចជាយើងរក្សានូវជីវិតរបស់ដូច្នោះដែរ ដើម្បីបានជាមាគ៌ាសម្រាប់ជីវិតរបស់យើង ដែលធ្វើដំណើរទៅលោកខាងមុខនឹងបានជាគ្រឿងប្រដាប់ សម្រាប់តម្រែ តម្រង់ និងកែតម្រូវផ្លូវនៃជីវិតរបស់ខ្លួនឲ្យប្រកាន់តែប្រសើរ ។
ដកស្រង់ចេញពីសៀវភៅៈ សមាធិសម្រាប់កុមារា កុមារី យុវជន យុវតី
រៀបរៀងដោយៈ ព្រះបាឡាក់ សម្បត្តិចន្ទសុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ )
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/3058/ima_______________ge.jpg
ឧបោសថសីល ៣យ៉ាង
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២៣
ឧបោសថសីល មាន៣យ៉ាងគឺៈ
១. បកតិឧបោសថ ឧបោសថតាមធម្មតា។ កាលនៃបកតិឧបោសថនេះ មាន៨ថ្ងៃក្នុងមួយខែគឺ ជុណ្ហបក្ខ (បក្សខ្នើត) ៤ថ្ងៃ កាលបក្ខ (បក្សរនោច) មាន៤ថ្ងៃ បក្សខ្នើត ៤ថ្ងៃគឺ ៥កើត ៨កើត ១៤កើត ១៥កើត។ បក្សរនោច ៤ថ្ងៃគឺ ៥រោច ៨រោច ១៤រោច ១៥រោច។ ថ្ងៃនៃបកតិឧបោសថនេះ ក្នុងសម័យពុទ្ធកាល មានតែ៦ថ្ងៃ។ ថ្ងៃ៥កើត និង៥រោច ជាកាលនៃការស្តាប់ធម៌ទេសនាក្នុងពេលនោះ ក្រោយមកព្រះសង្គាហកត្ថេរទាំងឡាយ លោកលើកឡើងរាប់បញ្ចូលជាថ្ងៃឧបោសថ ទើបបកតិឧបោសថមាន ៨ថ្ងៃក្នុងមួយខែ។
២. បដិជាគរុបោសថ ឧបោសថរបស់បុគ្គលអ្នកភ្ញាក់រលឹក ជនទាំងឡាយកាលរក្សានូវឧបោសថនេះ រមែងរក្សាដោយអំណាចនៃកិរិយាក្រោកឡើងទទួល និងជូនតាមនៃថ្ងៃឧបោសថនីមួយៗ (ឧបោសថ ៤ថ្ងៃ) ក្នុងកន្លះខែ។
កាលនៃបដិជាគរុបោសថ មានចំនួន ១១ថ្ងៃក្នុងមួយខែ។ ជុណ្ហបក្ខ (បក្សខ្នើត) មាន ៥ថ្ងៃគឺ ៤កើត ៦កើត ៧កើត ៩កើត ១៣កើត។ កាលបក្ខ (បក្សរនោច) បើខែពេញ មាន ៦ថ្ងៃ គឺបាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១៣រោច បើខែមិនពេញ មាន៦ថ្ងៃគឺ បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១២រោច។
រួមឧបោសថទាំងជុណ្ហបក្ខ និងកាលបក្ខ គឺមួយខែមានថ្ងៃឧបោសថ ១៩ថ្ងៃ។
៣.បាដិហារិយុបោសថ ឧបោសថដែលបុគ្គលគប្បីរក្សា។ ខែប្រកបដោយរដូវភ្លៀង ៤ខែ គឺ អាសាធ ១ ស្រាពណ៌ ១ ភទ្របទ ១ អស្សុជ ១ កត្តិក ១ ជាកាលនៃបាដិហារិយបក្ខ។
ក្នុងរាជសុត្តវណ្ណនា មានសេចក្តីថា និពទ្ធុបោសថ គឺឧបោសថដែលគេរក្សាជាប់ជានិច្ច មិនដាច់អស់កាល ៣ខែ ក្នុងខាងក្នុងវស្សាក្តី ឧបោសថដែលបុគ្គលរក្សាជាប់ជានិច្ច មិនដាច់អស់កាល ១ខែ ត្រង់ចន្លោះបវារណាទាំងពីរក្តី ឧបោសថដែលគេរក្សាជាប់ជានិច្ច មិនដាច់ត្រឹមកន្លះខែ ចាប់ពីថ្ងៃបវារណាទី១ ទៅក្តី ហៅថា បាដិហារិយបក្ខ។
ក្នុងតដ្តិកា បានបញ្ជាក់ថា និពទ្ធុបោសថ ឈ្មោះថា បាដិហារិយបក្ខនោះ ព្រោះជាឧបោសថ គឺបុគ្គលគប្បីរក្សា គឺថាប្រព្រឹត្តជាប់រៀងរាល់ឆ្នាំ។
បាដិហារិយបក្ខ មានន័យថា បក្សនៃបាដិហារិយុបោសថ បានដល់បក្សទាំងពីរយ៉ាងគឺ ឧបនីហរណកបក្ខ ១ បាដិជគ្គនកបក្ខ ១។
ឧបនីហរណកបក្ខ បានដល់បក្សនៃការរក្សាបកតិឧបោសថ ជុណ្ហកបក្ស មាន៤ថ្ងៃ កាលបក្ស មាន ៤ថ្ងៃ។
បដិជគ្គនកបក្ខ បានដល់បក្សនៃការរក្សានូវបាដិជាគរុបោសថ ជុណ្ហកបក្ស មាន ៥ថ្ងៃ កាលបក្ស មាន ៦ថ្ងៃ។
អាចារ្យដទៃពោលថា ខែ៣ គឺ អាសាធ ១ កត្តិក ១ ផល្គុណ ១ ជាបាដិហារិយបក្ខ។
អាចារ្យដទៃទៀតពោលថា ថ្ងៃ ៤ៗ ពោលគឺ ១៣កើត ១រោច ៧រោច ៩រោច រៀងរាល់បក្ស ដោយអំណាចនៃថ្ងៃខាងដើម និងខាងចុងនៃថ្ងៃបក្ខុបោសថ ជាបាដិហារិយបក្ខ។ ពាក្យណាគាប់ចិត្ត បុគ្គលអ្នកមានសេចក្តីប្រាថ្នានូវបុណ្យ គប្បីកាន់យកពាក្យនោះតាមសេចក្តីគាប់ចិត្តចុះ។
សេចក្តីសម្រេចក្នុងគម្ពីរ មង្គលត្ថទីបនី បានបញ្ជាក់អំពីឧបោសថ ដែលមានក្នុងសម័យពុទ្ធកាលថា កាលនៃបកតិឧបោសថ ក្នុងមួយខែមាន ៨ថ្ងៃ។ កាលនៃបដិជាគរុបោសថ ក្នុងមួយខែមាន ១១ថ្ងៃ។ ខែប្រកបដោយរដូវភ្លៀងទាំងអស់ ជាកាលនៃបាដិហារិយុបោសថ។
ថ្ងៃដែលត្រូវរក្សាឧបោសថសីល ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានកំណត់ហើយនោះ ពិតជាមានប្រយោជន៍ ហេតុដូច្នេះ ពុទ្ធបរិស័ទដែលជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនា ដើម្បីកុំឲ្យធម៌វិន័យនៃព្រះពុទ្ធបរមគ្រូជាម្ចាស់សាបសូន្យ គួរតែគោរពប្រតិបត្តិតាមកាលកំណត់នៃថ្ងៃឧបោសថ ដែលព្រះអង្គទ្រង់ត្រាស់សំដែងហើយ។
បុគ្គលកាលរក្សានូវបដិជាគរុបោសថ ១ខែមាន ១១ថ្ងៃ។ ឯបុគ្គលរក្សានូវបាដិហារិយុបោសថ ត្រូវរក្សាឧបោសថសីលគ្រប់ថ្ងៃនៃឧបោសថទាំងអស់ តាមបាដិហារបក្ស មិនបានលះបង់នូវថ្ងៃឧបោសថ សូម្បីតែមួយថ្ងៃឡើយ ហើយត្រូវប្រកបដោយខែជារដូវភ្លៀង ៤ខែផង។
ដោយ៥០០០ឆ្នាំ
(ប្រភពដកស្រង់)
images/articles/3145/bvhj6645e.jpg
ទោស ៥ យ៉ាង របស់បុគ្គលទ្រុស្តសីល
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២៣
សីលសូត្រ ទី៣
[១១៣] ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីលនេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ក្នុងលោកនេះ តែងដល់នូវសេចក្តីវិនាសសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី១ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។
ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ តែងមានកិត្តិសព្ទដ៏អាក្រក់ខ្ចរខ្ចាយទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី២ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ក៏គ្មានក្លៀវក្លា តែងមានមុខឱនចុះ ដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៣ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។
ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងស្លាប់វង្វេងស្មារតី ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៤ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៥ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីលនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសីល បរិបូណ៌ដោយសីល ក្នុងលោកនេះ តែងបាននូវគំនរសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ១ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ តែងមានកិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ២ នៃសីលសម្បទា របស់បុគ្គលមានសីល។
ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី តែងក្លៀវក្លា មិនឱនមុខចុះដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៣ នៃសីលសម្បទា របស់បុគ្គលមានសីល។
ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល តែងស្លាប់ មិនវង្វេងស្មារតីឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៤ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៥ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីល មាន ៥ យ៉ាងនេះឯង។
សីលសូត្រ ទី ៣ ឬ ទោស ៥ យ៉ាង របស់បុគ្គលទ្រុស្តសីល
បិដក ៤៥ ទំព័រ ២៤៧ ឃ្នាប ១១៣
ដោយ៥០០០ឆ្នាំ
images/articles/3249/____________________________________.jpg
កច្ឆបជាតក
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០២៣
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការរម្ងាប់វិវាទ របស់មហាមាត្យទាំង ២ របស់ព្រះបាទកោសល បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កោ នុ
ឧទ្ធិតភត្តោវ ដូច្នេះជាដើម ។រឿងរ៉ាវបច្ចុប្បន្នបានពោលរួចហើយក្នុង (ឧរគជាតក) ទុកនិបាត ។
ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងដែនកាសី កាលចម្រើនវ័យធំហើយ បានសិក្សារៀនសូត្រសិល្បសាស្ត្រទាំងពួង ហើយលះបង់កាម បួសជាឥសី កសាងអាស្រមបទ ក្បែរច្រាំងទន្លេគង្គា ក្នុងហិមវន្តប្រទេស ញ៉ាំងអភិញ្ញា និងសមាបត្តិឲ្យកើតឡើង លេងឈានកីឡា សម្រេចការនៅក្នុងទីនោះ ។ បានឮមកថា ក្នុងជាតកនេះ ព្រះពោធិសត្វជាអ្នកមានចិត្តកណ្ដាលដ៏ក្រៃលែង បំពេញឧបេក្ខាបារមី ។ មានស្វាច្រឡើសបើសទ្រុស្តសីលមួយ មកធ្វើសលាកបវេសនកម្ម (ការសម្ដែងអាការៈធ្វើដូចជាសេពមេថុនធម្ម) ដោយអង្គជាត តាមប្រហោងត្រចៀក ដល់ព្រះពោធិសត្វ ដែលកំពុងអង្គុយទៀបទ្វារបណ្ណសាលា ។ ព្រះពោធិសត្វហាមឃាត់ហើយ លោកមានចិត្តជាកណ្ដាល អង្គុយនៅស្ងៀម ។
ថ្ងៃមួយ មានអណ្ដើកមួយងើបឡើងមកពីទឹក ដេកហាមាត់ កម្ដៅថ្ងៃនៅនឹងច្រាំងទន្លេគង្គា ។ ស្វាឡេះឡោះឃើញអណ្ដើក ក៏ធ្វើសលាកបវេសនកម្ម ដាក់មាត់អណ្ដើកនោះ ។ ពេលនោះ អណ្ដើកភ្ញាក់ឡើង ខាំអង្គជាតរបស់ស្វា ហាក់ដូចជាដាក់ចូលទៅក្នុងស្មុគ ធ្វើឲ្យស្វាមានទុក្ខវេទនាយ៉ាងខ្លាំង ។ ស្វាកំហូចកាលមិនអាចនឹងអត់ទ្រាំបាន ក៏គិតថា បុគ្គលណាគប្បីដោះយើងពីសេចក្ដីទុក្ខនេះ យើងនឹងទៅកាន់សម្នាក់បុគ្គលណា រួចគិតឃើញថា វៀរចាកព្រះតាបសចេញហើយ បុគ្គលដទៃដែលអាចដោះយើងចេញពីសេចក្ដីទុក្ខនេះ រមែងមិនមាន យើងគួរទៅកាន់សម្នាក់តាបស ដូច្នេះទើបយកដៃលើកអណ្ដើក ទៅកាន់សម្នាក់ព្រះពោធិសត្វ ។
ព្រះពោធិសត្វកាលលលេងនឹងស្វាទ្រុស្តសីលនោះ ទើបពោលគាថាទី ១ ថា
កោ នុ ឧទ្ធិតភត្តោវ, បូរហត្ថោវ ព្រាហ្មណោ;
កហំ នុ ភិក្ខំ អចរិ, កំ សទ្ធំ ឧបសង្កមិ។
បុគ្គលណាហ្ន៎ ដើរមក ហាក់ដូចជាបុគ្គលមានភត្តដួសស្រេចហើយ ឬដូចជាព្រាហ្មណ៍ មានលាភពេញដៃ អ្នកដើរទៅសូមក្នុងទីណា ឬអ្នកចូរទៅរកបុគ្គលណាដែលមានសទ្ធា ។
ស្វាទ្រុស្តសីលស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា
អហំ កបិស្មិ ទុម្មេធោ, អនាមាសានិ អាមសិំ;
ត្វំ មំ មោចយ ភទ្ទំ តេ, មុត្តោ គច្ឆេយ្យ បព្ពតំ។
ខ្ញុំជាស្វាឥតប្រាជ្ញា បានប៉ះពាល់នូវវត្ថុទាំងឡាយ ដែលគេមិនគួរប៉ះពាល់ សូមលោកម្ចាស់ដោះខ្ញុំឲ្យរួច សូមសេចក្ដីចម្រើនចូរមានដល់លោក ខ្ញុំនោះបានរួចហើយ នឹងទៅកាន់ភ្នំវិញ ។
ដោយសេចក្ដីអាណិតស្វានោះ ព្រះពោធិសត្វកាលនឹងចរចាជាមួយអណ្ដើក ទើបពោលគាថាទី ៣ ថា
កច្ឆបា កស្សបា ហោន្តិ, កោណ្ឌញ្ញា ហោន្តិ មក្កដា;
មុញ្ច កស្សប កោណ្ឌញ្ញំ, កតំ មេថុនកំ តយា។
ពួកអណ្ដើកជាកស្សបគោត្ត ពួកស្វាជាកោណ្ឌញ្ញគោត្ត ម្នាលកស្សប អ្នកចូរលែង
កោណ្ឌញ្ញ (ស្វាទ្រុស្តសីលនេះ) ដែលធ្វើមេថុនកម្មនឹងអ្នក ។
គាថានោះ មានសេចក្ដីថា ឈ្មោះថា អណ្ដើកទាំងឡាយ រមែងជាកស្សបគោត្រ ស្វាទាំងឡាយរមែងជាកោណ្ឌញ្ញគោត្រ ការចងអាវាហវិវាហៈនូវគ្នានឹងគ្នា របស់កស្សបគោត្រ និងកោណ្ឌញ្ញគោត្រ រមែងមាន ។ មេថុនពោលគឺកម្មទ្រុស្តសីល ដ៏សមគួរដល់មេថុនធម្ម ដែលស្វាឡេះឡោះទ្រុស្តសីលនោះធ្វើជាមួយអ្នក និងដែលអ្នកធ្វើជាមួយស្វានោះ រមែងមាន ព្រោះហេតុនោះ នែកស្សបៈ អ្នកចូរដោះលែងកោណ្ឌញ្ញៈ ។
អណ្ដើកស្ដាប់ពាក្យព្រះពោធិសត្វហើយ ជ្រះថ្លានឹងហេតុផល ក៏លែងអង្គជាតរបស់ស្វា ។ ស្វាគ្រាន់តែរួចភ្លាម ក៏ថ្វាយបង្គំព្រះពោធិសត្វ រួចរត់ចេញទៅ មិនក្រឡេកមើលទីនោះទៀតឡើយ ។ ចំណែកអណ្ដើកថ្វាយបង្គំព្រះពោធិសត្វហើយទៅកាន់លំនៅរបស់ខ្លួនវិញ ។ សូម្បីព្រះពោធិសត្វជាអ្នកមានឈានមិនសាបសូន្យ បានទៅកាន់ព្រហ្មលោក ។
ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតកថាតទា កច្ឆបវានរា ទ្វេ មហាមត្តា អហេសុំ អណ្ដើកនិងស្វាក្នុងកាលនោះ បានមកជាមហាមាត្យទាំង ២ តាបសោ បន អហមេវ អហោសិំ ចំណែកតាបស គឺតថាគតនេះឯង ។ កច្ឆបជាតក ចប់ ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក
តិកនិបាត ឧទបានវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៨)
ថ្ងៃច័ន្ទ ១៣ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០
ថ្ងៃទី ២២ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨
ដោយស.ដ.វ.ថ.
ដោយ៥០០០ឆ្នាំ
images/articles/3214/_________________________________.jpg
ឧបោសថប្រកបដោយអង្គ ៨ ប្រការ
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣
វិត្ថតូបោសថសូត្រ ទី២
ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច។
ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាថាព្រះអរហន្តទាំងឡាយ លះបង់ បាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់បាណាតិបាត វៀរចាក បាណាតិបាត មានអាជ្ញា ដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មាន សេចក្តីអាណិត មានសេចក្តី អនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង ខ្លួនអញនឹងចាំរក្សា ឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។ (សេចក្តីពិស្តារ ដូចអង្គ ទី១) ព្រះអរហន្ត ទាំងឡាយ លះបង់សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ វៀរចាក សេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និង សេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលគេធ្វើដោយស្មៅក្តី ដរាប អស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់ សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលធ្វើ ដោយស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង អញនឹងចាំរក្សា ឧបោសថផង ដោយអង្គ នេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។
ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សា យ៉ាងនេះឯង រមែងមានផលច្រើន មានអានិសង្ស ច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មានសេចក្តី រុងរឿង ច្រើនដូចម្តេច មានសេចក្តី ផ្សាយទៅច្រើន ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុគ្គល សោយរាជ្យ ជាឥស្សរាធិបតី នៃមហាជនបទ ទាំង ១៦ នេះ ដែលជាជនបទ សម្បូរដោយកែវ ៧ ប្រការ គឺមហាជនបទ ឈ្មោះ អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃ មហាជនបទ ទាំងនុ៎ះ មិនដល់នូវចំណិត ១ ក្នុងចំណិត ទី១៦ៗ លើក នៃឧបោសថ ប្រកបដោយអង្គ ៨ ប្រការឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។
ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស ជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀបនឹង សេចក្តីសុខ ជារបស់ ទិព្យ។ ម្នាលភិក្ខុ ទាំងឡាយ ៥០ ឆ្នាំ របស់មនុស្ស ត្រូវ ជា ១យប់ ១ថ្ងៃ របស់ចាតុម្មហារាជិក ទេវតា រាប់រាត្រីនោះ បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ដែល ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សជារបស់ស្តួចស្តើង ហើយ យកទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ១០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ តាវត្តិង្សទេវតា រាប់រាត្រីនោះ បាន ៣០ ត្រូវជា ១ខែ រាប់ខែនោះ បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ តាវត្តិង្ស ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះរមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយនឹងពួក តាវត្តិង្សទេវតា។
ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ២០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក យាមទេវតា រាប់ រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ២០០០ ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុ របស់យាមទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមានត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើតជាមួយ នឹងពួកយាម ទេវតា។
ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៤០០ ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក តុសិតទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ៤០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ពួក តុសិតទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែល ស្រ្តី ឬបុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែក ធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយនឹង ពួក តុសិតទេវតា។
ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅ ប្រៀបធៀប នឹង សេចក្តី សុខ ជារបស់ទិព្យ ដែល តថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៨០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក និម្មានរតីទេវតា រាប់ រាត្រី នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ នោះបាន ៨០០០ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុរបស់ ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹង ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយក ទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុ នេះឯង។
ម្នាលភិក្ខុ ទាំងឡាយ ១៦០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក បរនិម្មិតវសវត្តី ទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ពួក បរនិម្មិតវសវត្តី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក បរនិម្មិត វសវត្តីទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។
បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់ យកវត្ថុ ដែលគេ មិនបានឲ្យ ១ មិនគប្បី ពោលពាក្យ កុហក ១ មិនគប្បី ផឹកទឹកស្រវឹង ១ គប្បីវៀរចាក ការប្រព្រឹត្តិ មិនប្រសើរ គឺមេថុន ១ មិនគប្បី បរិភោគ ភោជន ក្នុងវេលារាត្រី និងក្នុងវេលា វិកាល ១ មិនគប្បីទ្រទ្រង់ ផ្កាកម្រង មិនគប្បី ប្រស់ព្រំ ដោយគ្រឿងក្រអូប ១ គប្បី ដេក លើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រះពុទ្ធ ព្រះអង្គ ដល់នូវទីបំផុត នៃទុក្ខ ទ្រង់ប្រកាសហើយ នូវឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការ នេះឯង សភាវៈ ទាំងឡាយ ពីរគឺព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈ ល្អមើល កាលបំភ្លឺលោករមែងចរ ទៅអស់ទីត្រឹមណា ព្រះចន្ទ និង ព្រះអាទិត្យ ទាំងនោះដែលកំចាត់បង់នូវងងឹត ចរទៅ ក្នុង អាកាស ញុំាងទិសឲ្យរុងរឿង ភ្លឺច្បាស់ ក្នុងអាកាសអស់ទី ត្រឹមនោះ ទ្រព្យណា មានក្នុង ចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យ ដ៏ល្អក្តី មាសឈ្មោះ សិង្គីក្តី ឈ្មោះសុវណ្ណ ក្តី ឬ មាសឈ្មោះ កាញ្ចនៈក្តី ឈ្មោះជាតរូប ក្តី ឈ្មោះ ហដកៈក្តី ទ្រព្យទាំង អម្បាលនោះ មិនដល់នូវ ចំណិតមួយក្នុង ចំណែក១៦ៗ លើក នៃឧបោសថ ដែលប្រកបដោយ អង្គ៨ ប្រការឡើយ ដូចជាពួកផ្កាយ ទាំងអស់មិនដល់នូវពន្លឺ នៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល គួរចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ពួកជនដែលមិនមានគេនិន្ទា បំពេញនូវបុណ្យទាំងឡាយ ដែលមានសេចក្តី សុខជាកម្រៃ រមែងចូលទៅកាន់ ឋានសួគ៌បាន។
អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ
(ព្រះត្រៃបិដក ភាគ ៤៨)
ព្រះពុទ្ធដីកាៈ
បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៏មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ។
ធម្មសុភាសិត
ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។
ដោយ៥០០០ឆ្នាំ
images/articles/3215/_________________________________.jpg
សុភាសិតជយសូត្រ ទី៥
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមទេវតា និងអសុរ បានប្រទល់គ្នាហើយ។
ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទបាននិយាយនឹងសក្កទេវានមិន្ទយ៉ាងនេះថា នែទេវានមិន្ទ ជ័យជំនះចូរមានដោយសុភាសិតចុះ។ សក្កទេវរាជតបថា ម្នាលវេបចិត្តិ ជ័យជំនះ ចូរ មានដោយសុភាសិតចុះ។
ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកទេវតា និងពួកអសុរ បានតាំងពួកបរិស័ទ (ជាសាក្សី) ថាពួកបរិស័ទទាំងនេះ នឹងដឹងច្បាស់ នូវសុភាសិត ឬទុព្ភាសិតរបស់យើង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ វេបចិត្តិ អសុរិន្ទ បាននិយាយ នឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ ចូរអ្នកពោលគាថាចុះ។
ម្នាលភិក្ខុទាំងឡាយ កាលវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បាននិយាយ នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា នែវេបចិត្តិ ពួកអ្នកជាទេវតា កើតមុនក្នុងឋាននេះ នែវេបចិត្តិ ចូរអ្នកពោលគាថាមុនចុះ។
[៣៥៨] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយយ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា បើបុគ្គលមិនឃាត់ហាមជនពាលទេ ពួកជនពាល នឹងរឹងរឹតតែឈ្លានពាន ឡើង ហេតុនោះអ្នកប្រាជ្ញត្រូវឃាត់ហាមជនពាល ដោយអាជ្ញាដ៏ខ្លាំង។ ម្នាលភិក្ខុទាំងឡាយ ពួកអសុរ សប្បាយរីករាយនឹងគាថា ដែលវេបចិត្តិអសុរិន្ទ បាន ពោលហើយ តែពួក ទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកឯង ចូរ ពោលគាថាចុះ។
[៣៥៩] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះ ហើយ សក្កទេវានមិន្ទ បានពោលគាថានេះថា អ្នកណាមានស្មារតី ដឹងថា អ្នកដទៃក្រោធ ហើយទ្រាំអត់បាន ខ្ញុំសំគាល់ អ្នក នុ៎ះឯង ថាជាអ្នកឃាត់ហាមបុគ្គលពាល។
ម្នាលភិក្ខុទាំងឡាយ ពួកទេវតា សប្បាយរីករាយនឹងគាថា ដែលសក្កទេវានមិន្ទពោលហើយ តែពួកអសុរនៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទបានពោល នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា ម្នាលវេបចិត្តិ អ្នកចូរពោលគាថាចុះ។
[៣៦០] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយ យ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា នែវាសវៈ ខ្ញុំយល់ឃើញថា សេចក្តីអត់ធន់នុ៎ះឯង ជាទោសវិញទេ ដ្បិត បុគ្គលពាល តែងសំគាល់អ្នកអត់ធន់នោះថា អ្នកនេះអត់ធន់ ព្រោះតែខ្លាចអញ ហេតុនោះបានជាបុគ្គលឥតប្រាជ្ញា រឹងរឹតតែសង្កត់សង្កិនគេ ដូចជាគោព្រួតសង្កត់សង្កិនគោដែលចាញ់បោលទៅ។
ម្នាលភិក្ខុទាំងឡាយ ពួកអសុរសប្បាយរីករាយ នឹងគាថាដែលវេបចិត្តិអសុរិន្ទពោលហើយ តែពួកទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹង សក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកចូរពោលគាថាចុះ។
[៣៦១] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បានពោលគាថាទាំងឡាយនេះថា បុគ្គលពាលចង់សំគាល់ក្តី មិនសំគាល់ក្តីថា អ្នកនេះអត់ធន់ព្រោះតែខ្លាចអញ ក៏តាមការណ៍ចុះ តែថាប្រយោជន៍ទាំងឡាយ មានប្រយោជន៍ខ្លួនជាសំខាន់ ប្រយោជន៍ អ្វីឲ្យក្រៃលែងជាងខន្តិ មិនមានទេ ជនណាមានកំឡាំង ជាអ្នកស្ងប់ ហើយអត់ឱន ចំពោះ បុគ្គលមានកំឡាំងខ្សោយ បណ្ឌិតទាំងឡាយ សរសើរជននោះ ថាជាអ្នកមានសេចក្តីអត់ទ្រាំដ៏ក្រៃលែង ព្រោះថាបុគ្គលមានកំឡាំងថយ តែងអត់សង្កត់ ជានិច្ច កំឡាំងរបស់ជនណា ជាកំឡាំងពាល បណ្ឌិតទាំងឡាយ ពោលសំដៅ កំឡាំងជននោះថា មិនមែនជាកំឡាំងទេ ជនអ្នកតិះដៀល ចំពោះបុគ្គល អ្នកមានកំឡាំងជាអ្នកមានធម៌គ្រប់គ្រង មិនមានទេ អ្នកណាខឹងតបនឹងបុគ្គល អ្នកខឹង សេចក្តីអាក្រក់ រមែង មានដល់អ្នកនោះឯង ព្រោះសេចក្តី ខឹងតបនោះ ឯបុគ្គល អ្នកមិនខឹងតបនឹងបុគ្គលអ្នកខឹង ឈ្មោះថា ឈ្នះសង្គ្រាម ដែលឈ្នះបានដោយកម្រ បុគ្គល ណាមានស្មារតី ដឹងថាបុគ្គលដទៃ ខឹងហើយទ្រាំអត់បាន (បុគ្គលនោះ) ឈ្មោះថាប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរខាង គឺខ្លួនឯង១ អ្នកដទៃ១ កាលជនទាំងពីរខាង គឺខ្លួនឯង និងអ្នកដទៃ កំពុងសះជានឹងគ្នា ពួកជនណាសំគាល់ ថាគេល្ងង់ (ពួកជននោះ) ឈ្មោះថា មិនយល់ធម៌ច្បាស់ទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ ពោលគាថាទាំងឡាយហើយ ពួក ទេវតាក៏អនុមោទនា តែពួកអសុរនៅស្ងៀម។
[៣៦២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកបរិស័ទរបស់ទេវតា និង អសុរ បាននិយាយគ្នា យ៉ាងនេះថា គាថាទាំងឡាយ ដែលវេបចិត្តិអសុរិន្ទ ពោលហើយ គាថាទាំងនោះ សុទ្ធតែប្រកបដោយការធ្លាក់ចុះក្នុងអាជ្ញា ប្រកបដោយ ការធ្លាក់ចុះក្នុងសស្ត្រា ឯសេចក្តី ប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ សេចក្តីទាស់ទែង ក៏ព្រោះហេតុនេះ ការឈ្លោះ ក៏ព្រោះហេតុនេះ ចំណែក គាថាទាំងឡាយ ដែលសក្កទេវានមិន្ទ ពោល ហើយនោះឯង ជាគាថាមិនធ្លាក់ក្នុងអាជ្ញា មិនធ្លាក់ ចុះក្នុងសស្ត្រា ឯការមិនប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ ការមិនទាស់ទែង ក៏ព្រោះហេតុ នេះ ការមិនឈ្លោះ ក៏ព្រោះហេតុនេះ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសុភាសិត។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសារសុភាសិត ដូច្នេះឯង។
សំយុត្តនិកាយ សគាថវគ្គ ទុតិយភាគ
(ព្រះត្រៃបិដក លេខ ៣០)
ដោយ៥០០០ឆ្នាំ
images/articles/3216/_________________________________.jpg
មគ្គញាណនិទ្ទេស (បដិសម្ភិទាមគ្គ)
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣
បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ តើដូចម្តេច។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ រមែងចេញចាកមិច្ឆាទិដ្ឋិ រមែងចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង (កាន់អារម្មណ៍) រមែងចេញចាកមិច្ឆាសង្កប្បៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសង្កប្បៈនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាវាចា ដោយអត្ថថារក្សាទុក រមែងចេញចាកមិច្ឆាវាចា ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាវាចានោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាកម្មន្តៈ ដោយអត្ថថាតាំងឡើង រមែងចេញចាកមិច្ឆាកម្មន្តៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាកម្មន្តៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាអាជីវៈ ដោយអត្ថថាផូរផង់ រមែងចេញចាកមិច្ឆាអាជីវៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាអាជីវៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាវាយាមៈ ដោយអត្ថថាផ្គងឡើង រមែងចេញចាកមិច្ឆាវាយាមៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាវាយាមៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន រមែងចេញចាកមិច្ឆាសតិ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសតិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកមិច្ឆាសមាធិ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសមាធិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ។
[១៤៤] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ និងបដិឃានុស័យដ៏គ្រោតគ្រាត ចេញចាកកិលេសដែលប្រព្រឹត្តិតាមសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។
[១៤៥] ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដ៏ល្អិត ចាកកាមរាគានុស័យ និងបដិឃានុស័យដ៏ល្អិត ចេញចាកកិលេសដែលប្រព្រឹត្តិតាមសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។
[១៤៦] ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ និងអវិជ្ជានុស័យ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវអនុសយក្កិលេសនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។
[១៤៧] យោគីរមែងដុតបំផ្លាញនូវកិលេសដែលមិនទាន់កើត ដោយអង្គឈានដែលកើតហើយ ហេតុនោះ លោកហៅថា ឈាន យោគីរមែងមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ ព្រោះភាពជាបុគ្គលឈ្លាសវៃក្នុងឈាន និងវិមោក្ខ។ បើយោគីតម្កល់ចិត្តហើយពិចារណា រមែងឃើញច្បាស់យ៉ាងណា គប្បីតម្កល់ចិត្តទុកយ៉ាងនោះ វិបស្សនា និងសមថៈជាធម៌មានចំណែកស្មើគ្នា ជាគូជាប់គ្នា រមែងប្រព្រឹត្តិទៅក្នុងកាលណោះ ការឃើញថា សង្ខារទាំងឡាយជាទុក្ខ និរោធជាសុខ បញ្ញាដែលចេញចាកសភាវៈទាំង ២ រមែងពាល់ត្រូវនូវព្រះនិព្វាន ឈ្មោះអមតៈ យោគីអ្នកឈ្លាសវៃក្នុងភាពនៃធម៌ផ្សេងគ្នា និងធម៌ដូចគ្នា រមែងដឹងនូវកិរិយាប្រព្រឹត្តិក្នុងវិមោក្ខ រមែងមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ ព្រោះភាពជាបុគ្គលឈ្លាសវៃក្នុងញាណទាំងពីរ។
ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ
(ព្រះត្រៃបិដកលេខ ៦៩)
ដោយ៥០០០ឆ្នាំ
images/articles/3220/______________________________.jpg
បញ្ញាវគ្គ វិវេកកថា
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣
សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយដែលត្រូវធ្វើដោយកំឡាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារទាំងឡាយ ដែលត្រូវធ្វើដោយកំឡាំងទាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។
[១៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។
ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមទាំងឡាយណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យផែនដី តាំងស៊ប់លើផែនដីហើយ ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមទាំងនុ៎ះ តែងដល់នូវការចម្រើនលូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុ កាលអាស្រ័យសីល តាំងនៅក្នុងសីលហើយ ចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។
[១៧៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សម្មាទិដ្ឋិ មានវិវេក ៥ មាន វិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២ សម្មាសង្កប្បៈ។បេ។ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។
[១៧៥] សម្មាទិដ្ឋិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺ ជានិរោធ និញ្វន។ នេះសម្មាទិដ្ឋិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ហើយ ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា អធិដ្ឋានល្អហើយ។
[១៧៦] សម្មាទិដ្ឋិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គ ជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាទិដ្ឋិ មានវិរាគៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
[១៧៧] សម្មាទិដ្ឋិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើនបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើននូវសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជាអមតធាតុ នេះសម្មាទិដ្ឋិមាននិរោធ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
[១៧៨] សម្មាទិដ្ឋិមានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោសង្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាទិដ្ឋិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវោស្សគ្គៈ ទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
នេះសម្មាទិដ្ឋិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។
[១៧៩] សម្មាសង្កប្បៈ។បេ។ សម្មាវាចា។បេ។ សម្មាកម្មន្តៈ។បេ។ សម្មាអាជីវៈ។បេ។ សម្មាវាយាមៈ។បេ។ សម្មាសតិ។បេ។
សម្មាសមាធិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយហើយ ចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និរោធវិវេក គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
[១៨០] សម្មាសមាធិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិរាគៈ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
[១៨១] សម្មាសមាធិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មាននិរោធ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
[១៨២] សម្មាសមាធិ មានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោស្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈហើយ ចម្រើននូវបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាសមាធិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងវោស្សគ្គៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
នេះ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។
[១៨៣] ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយ ដែលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារទាំងឡាយ ដែលត្រូវធ្វើដោយកំឡាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ បាន។បេ។ ភិក្ខុកាលចម្រើននូវពោជ្ឈង្គទាំង ៧ កាលធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥។បេ។ ភិក្ខុកាលចម្រើននូវពលៈ ៥ កាលធ្វើឲ្យច្រើននូវពលៈ ៥ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥។បេ។ ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមឯណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យនូវផែនដី តាំងនៅលើផែនដី ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមនុ៎ះ តែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។
[១៨៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសទ្ធិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនវីរិយន្ទ្រិយ។បេ។ ចម្រើនសតិន្ទ្រិយ ចម្រើនសមាធិន្ទ្រិយ ចម្រើនបញ្ញិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។បេ។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។
[១៨៥] សទ្ធិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់)នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺជានិរោធ និញ្វន នេះ សទ្ធិន្ទ្រិយ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះសទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។
បញ្ញិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។បេ។ នេះ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មាននិស្ស័យ ១២។
ចប់ វិវេកថា។
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ តតិយភាគ
(ព្រះត្រៃបិដក ភាគទី៧១)
ដោយ៥០០០ឆ្នាំ
images/articles/3219/___________________________.jpg
ឥសិទាសីថេរីគាថា
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣
ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី ។ បណ្ដាភិក្ខុនីទាំងពីរូបនោះ ភិក្ខុនី ១ រូប ឈ្មោះ ឥសិទាសី ភិក្ខុនីទី ២ ឈ្មោះ ពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកម្ចាត់បង់ហើយ ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយជាសុខក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសម្ដីទាំងឡាយនេះថា៖
ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា? ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថា ម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ ។ លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនា សេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះ ឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ ។
លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមាននៅក្នុងលំនៅនោះ តាមសមគួរតាមវត្ថុដែលគេត្រូវការ ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសម្អាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី ។
ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯងហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបម្រើ ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បម្រើភស្ដា ដូចជាមាតាថ្នមកូនខ្ចី ។ តែភស្ដាតែងខឹងសម្បានឹងខ្ញុំ ដែលជាស្រី្តបម្រើបាយ គ្មានស្រ្តីណាលើស ជាស្រ្តីធ្វើការ (គ្រប់យ៉ាង) ជាស្រី្តមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ ។ ស្វាមីនោះនិយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ ។
(មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិត ឈ្លាសវៃ ជាស្រ្តីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត ។ (កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វី ៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថានាងឥសិទាសីជាស្រីសម្អប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ ។ ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ។
(ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ទេ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត ។ ម្ដាយក្មេកនិងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី ។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្រ្តីខ្នះខ្នែងបម្រើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយនិងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង។
ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យ កំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត ។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់ ។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯង គិតថា អាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស។
គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាលត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ) ។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន ។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស។
គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។ លំដាប់នោះ ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះឲ្យវិនាស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ។
ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី ។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់កម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ៖ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះ ឯកកច្ឆៈ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសម្ភពនឹងប្រពន្ធបុគ្គលដទៃ ។ ខ្ញុំនោះលុះឃ្លាតចាកអត្តភាពនោះហើយ ក៏ឆេះរោលរាលក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា។
ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំនោះធ្វើមរណកាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចកផង ក្នុងដែននៃស្ដេចសិន្ធវៈ ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ។
ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែសេពនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូលកំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន។
កាលការប្រាក់ចម្រើនច្រើនឡើងហើយ នាយឈ្មួញរទេះក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល ។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះ គិរិទាសៈ បានឃើញខ្ញុំជាស្រ្តីនៅក្រមុំ មានវ័យចម្រើន ក្នុងឆ្នាំជាគម្រប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន) ។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់ ។ ប្ដីទាំងឡាយ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ។
ឥសិទាសីថេរី ចប់
(សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨)
ដោយ៥០០០ឆ្នាំ
images/articles/3236/2022-03-25_10_08_46-______________________-_Word.jpg
កបិជាតក
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការចូលទៅកាន់ផែនដី របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យត្ថ វេរី និវសតិ ដូច្នេះជាដើម ។ កាលទេវទត្តត្រូវផែនដីស្រូប ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើង ក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តត្រូវវិនាសមួយអន្លើដោយបរិស័ទ ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ? កាលភិក្ខុទាំងនោះទូលថា ដោយរឿងនេះ ទ្រង់ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទេវទត្តវិនាសមួយអន្លើដោយបរិស័ទ មិនមែនក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ក៏វិនាសដូចគ្នាដែរ ហើយព្រះអង្គនាំអតីតនិទានមកថា ៖
ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វស្វា មានស្វា ៥០០ ជាបរិវារ រស់នៅក្នុងព្រះរាជឧទ្យាន ។ សូម្បីទេវទត្តក៏កើតក្នុងកំណើតស្វា មានស្វា ៥០០ ជាបរិវារ រស់នៅក្នុងទីនោះដែរ ។ថ្ងៃមួយ បុរោហិតទៅកាន់ឧទ្យាន មុជទឹក រួចប្រដាប់តាក់តែង ហើយចេញទៅ (ក្នុងពេលនោះ) មានស្វាឡេះឡោះមួយទៅមុន ហើយអង្គុយលើកំពូលខ្លោងទ្វាររាជឧទ្យាន (ពេលបុរោហិតមកដល់) ក៏បន្ទោរបង់វច្ចៈដាក់ក្បាលបុរោហិតនោះ កាលបុរោហិតងើយមើលខាងលើ ស្វាកំហូចក៏បន្ទោរបង់ដាក់មុខបុរោហិតថែមមួយទៀត ។ បុរោហិតត្រឡប់ហើយ គំរាមស្វាថា យើងនឹងដឹងនូវកម្មដែលគប្បីធ្វើដល់ឯង ដូច្នេះហើយគាត់ទៅមុជទឹកម្ដងទៀត រួចចៀសចេញទៅ ។
ពួកស្វាប្រាប់ភាពដែលបុរោហិតនោះចងពៀរដល់ព្រះពោធិសត្វ ។ ព្រះមហាសត្វគិតថា ឈ្មោះថា ការនៅក្នុងលំនៅរបស់សត្រូវ រមែងមិនគួរ ហ្វូងស្វាទាំងអស់ត្រូវរត់ទៅក្នុងទីដទៃ ដូច្នេះទើបញ៉ាំងពួកស្វាឲ្យប្រាប់ដល់ស្វាទាំងមួយពាន់ ។ ស្វាដែលប្រដៅក្រ កាន់យកស្វាជាបរិវាររស់ខ្លួន (មិនចេញទៅដោយគិតថា) យើងនឹងដឹងក្នុងកាលខាងក្រោយ ដូច្នេះទើបអង្គុយក្នុងទីនោះឯង ។ ព្រះពោធិសត្វនាំបរិវាររបស់ខ្លួនចូលទៅកាន់ព្រៃ ។
ថ្ងៃមួយ ទាសីអ្នកបុកស្រូវម្នាក់យកស្រូវមកហាលកម្ដៅថ្ងៃ មានពពែមួយមកស៊ីស្រូវដែលទាសីនោះហាល ហើយត្រូវប្រហារដោយអង្កត់ភ្លើង ពពែមានខ្លួនឆេះរត់ទៅ ហើយត្រដុសខ្លួននឹងខ្ទមស្មៅ ដែលអាស្រ័យនឹងរោងដំរីមួយកន្លែង ។ ភ្លើងក៏ឆេះខ្ទមស្មៅ បន្ទាប់មកឆាប់ឆេះរាលដាលដល់រោងដំរី ធ្វើឲ្យខ្នងដំរីរលាក ហ្មដំរីក៏នាំគ្នាព្យាបាលដំរី ។ ចំណែកបុរោហិតកំពុងតែពិចារណាឧបាយចាប់ស្វា ។
កាលព្រះរាជាត្រាស់សួរគាត់ដែលមកបម្រើ និងដែលបានអង្គុយហើយថា នែអាចារ្យ ដំរីទាំងឡាយរបស់យើងកើតដំបៅ ហ្មដំរីមិនដឹងការព្យាបាលសោះ តើលោកមានដឹងថ្នាំយ៉ាងណានីមួយទេ ?
បុរោហិតទូលថា បពិត្រមហារាជ ទូលព្រះបង្គំ ដឹង ។
ព្រះរាជាសួរថា ថ្នាំនោះឈ្មោះអ្វី ?
បុរោហិតទូលថា បពិត្រមហារាជ គឺ ខ្លាញ់ស្វា ។
ព្រះរាជាសួរថា ចុះយើងនឹងបានខ្លាញ់ស្វា ក្នុងទីណា ?
បុរោហិតទូលថា ស្វាជាច្រើនមានក្នុងឧទ្យាន ។
ព្រះរាជាត្រាស់ថា អ្នកទាំងឡាយចូរសម្លាប់ស្វាក្នុងឧទ្យាន ហើយនាំយកខ្លាញ់មក ។
ពួកនាយខ្នាន់ធ្នូទៅហើយ បាញ់សម្លាប់ស្វាទាំង ៥០០ ។
ស្វាដែលជាប្រធានមួយ កាលរត់ទៅ បានត្រូវគ្រាប់ព្រួញ តែមិនដួលស្លាប់ ក្នុងទីនោះទេ ហើយទៅដល់លំនៅព្រះពោធិសត្វ ទើបដួលស្លាប់ ។ ពួកស្វាប្រាប់នូវការដែលស្វានោះត្រូវប្រហារនិងស្លាប់ហើយ ដល់ព្រះពោធិសត្វថា សត្វនោះមកដល់លំនៅរបស់ពួកយើង រួចក៏ស្លាប់ទៅ ។ ព្រះពោធិសត្វទៅអង្គុយកណ្ដាលហ្វូងស្វា ហើយពោលថា ធម្មតាបុគ្គលដែលមិនធ្វើតាមឱវាទរបស់បណ្ឌិត ហើយនៅក្នុងលំនៅរបស់សត្រូវ រមែងវិនាសយ៉ាងនេះឯង ដូច្នេះហើយ លោកក៏ពោលគាថាទាំងនេះ ដោយអំណាចពាក្យជាឱវាទដល់ហ្វូងស្វាថា
យត្ថ វេរី និវសតិ, ន វសេ តត្ថ បណ្ឌិតោ;
ឯករត្តំ ទ្វិរត្តំ វា, ទុក្ខំ វសតិ វេរិសុ។
បុគ្គលមានពៀរ អាស្រ័យនៅក្នុងទីណា បណ្ឌិតមិនគប្បីនៅក្នុងទីនោះទេ (ព្រោះ) នៅក្នុងពួកបុគ្គលមានពៀរ មួយយប់ក្តី ពីរយប់ក្តី ជាទុក្ខ ។
ទិសោ វេ លហុចិត្តស្ស, បោសស្សានុវិធីយតោ;
ឯកស្ស កបិនោ ហេតុ, យូថស្ស អនយោ កតោ។
បុគ្គលអ្នកមានចិត្តស្រាល គប្បីជាសត្រូវដល់សត្វអ្នកប្រព្រឹត្តតាម សេចក្តីមិនចម្រើន ដែលព្រាហ្មណ៍ធ្វើហើយ ដល់ហ្វូងស្វា ព្រោះហេតុតែស្វាមួយ ។
ពាលោវ បណ្ឌិតមានី, យូថស្ស បរិហារកោ;
សចិត្តស្ស វសំ គន្ត្វា, សយេថាយំ យថា កបិ។
បុគ្គលល្ងង់ តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត ហើយរក្សាពួកក្រុម ជាអ្នកលុះអំណាចចិត្តរបស់ខ្លួន រមែងដេក (ស្លាប់) ដូចស្វានេះឯង ។
ន សាធុ ពលវា ពាលោ, យូថស្ស បរិហារកោ;
អហិតោ ភវតិ ញាតីនំ, សកុណានំវ ចេតកោ។
បុគ្គលល្ងង់មានកម្លាំង ជាអ្នករក្សាពួកក្រុម មិនប្រពៃទេ មិនមានសេចក្តីចម្រើន ដល់ពួកញាតិ ដូចទទាធា្នក់ មិនជាប្រយោជន៍ដល់ពួកសត្វស្លាប (ដែលជាញាតិ) ។
ធីរោវ ពលវា សាធុ, យូថស្ស បរិហារកោ;
ហិតោ ភវតិ ញាតីនំ, តិទសានំវ វាសវោ។
ឯបុគ្គលមានប្រាជា្ញ មានកម្លាំង រក្សាពួកក្រុមវិញ ទើបប្រពៃ រមែងចម្រើនដល់ពួកញាតិ ដូចជាវាសវៈ ទេវរាជ (ជាប្រយោជន៍) ដល់ពួកទេវតា ក្នុងឋានត្រៃត្រិង្ស ។
យោ ច សីលញ្ច បញ្ញញ្ច, សុតញ្ចត្តនិ បស្សតិ;
ឧភិន្នមត្ថំ ចរតិ, អត្តនោ ច បរស្ស ច។
បុគ្គលណាមួយឃើញថា ខ្លួនឯងមានសីលផង មានបញ្ញាផង មានសុតៈផង
(បុគ្គលនោះ) តែងប្រព្រឹត្តប្រយោជន៍ដើម្បីខ្លួន និងអ្នកដទៃ ទាំងពីរ ។
តស្មា តុលេយ្យ មត្តានំ, សីលបញ្ញាសុតាមិវ;
គណំ វា បរិហរេ ធីរោ, ឯកោ វាបិ បរិព្ពជេ។
ព្រោះហេតុនោះ អ្នកប្រាជ្ញ កាលបើគ្នេរគ្នាន់មើលខ្លួន មានសីល មានបញ្ញា និងសុតៈហើយ គប្បីថែរក្សាពួកក្រុម ក៏បាន គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ក៏បាន ។
ពាក្យថា បុគ្គលល្ងង់តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត សេចក្ដីថា បុគ្គលណាជាមនុស្សល្ងង់ តែសម្គាល់ខ្លួនថា អាត្មាអញជាបណ្ឌិត ហើយមិនធ្វើតាមឱវាទបណ្ឌិត លុះក្នុងអំណាចចិត្តរបស់ខ្លួន បុគ្គលនោះកាលលុះក្នុងអំណាចចិត្តរបស់ខ្លួនហើយ រមែងដេកស្លាប់ ដូចស្វាដែលប្រដៅក្រ ដេកស្លាប់នេះឯង ។
ព្រះមហាសត្វជាស្ដេចស្វាពោលកិច្ចដែលជាវិន័យនិងបរិយត្តិយ៉ាងនេះឯង ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ទុព្ពចកបិ ទេវទត្តោ អហោសិ ស្វាប្រដៅក្រ ក្នុងកាលនោះ បានមកជាទេវទត្តបរិសាបិស្ស ទេវទត្តបរិសា សូម្បីបរិស័ទរបស់ស្វានោះ បានមកជាបរិស័ទរបស់ទេវទត្ត បណ្ឌិតកបិរាជា បន អហមេវ អហោសិំ ចំណែកស្ដេចស្វាដែលជាបណ្ឌិត គឺ តថាគត នេះឯង ។ កបិជាតក ចប់ ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក សត្តកនិបាត កុក្កុវគ្គ បិដកលេខ ៥៩ ទំព័រ ៨៦)
ថ្ងៃ អង្គារ ២ កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០
ថ្ងៃទី ១១ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨
ដោយស.ដ.វ.ថ.
ដោយ៥០០០ឆ្នាំ
images/articles/3240/ertretyuyti67654tr.jpg
វិរិយបណ្ឌិតជាតក
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣
រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិវិរិយបណ្ឌិត កាលណោះ ព្រះឥន្ទ្រាធិរាជនិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិរិយបណ្ឌិតបានអារសាច់របស់ ខ្លួនឲ្យទៅជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។ សេចក្តីលម្អិតមានដូចតទៅនេះ ៖
មានសេចក្តីតំណាលថា ព្រះរាជាដែនបញ្ចាល បានចាត់រាជបម្រើនាំសំពត់រ័ត្នកម្ពល់ មានតម្លៃច្រើន ទៅថ្វាយព្រះបាទមហារដ្ឋរាជ ។ ព្រះបាទមហារដ្ឋរាជទ្រង់ទតឃើញសំពត់ នោះហើយ ទ្រង់ព្រះចិន្តាថា មហាមិត្តអញបានផ្ញើរបស់មានតម្លៃមកឲ្យអញ គួរអញរក រតនវត្ថុដែលមានតម្លៃជាង ផ្ញើតបទៅវិញទើបគួរ ទ្រង់យល់ថា រតនវត្ថុមានតម្លៃ គ្មានអ្វីស្មើ នឹងពុទ្ធរតនៈឡើយ ដូច្នេះគួរអញសាងព្រះពុទ្ធបដិមា ទើបព្រះរាជាចាត់រាជទូតឲ្យនាំ ព្រះពុទ្ធបដិមាទៅថ្វាយព្រះបាទបញ្ជាលរាជ ដោយក្បួនដង្ហែតាមនាវា ។
ព្រះបាទមហារដ្ឋ ទ្រង់ថ្វាយបង្គំព្រះពុទ្ធបដិមា ទ្រង់ត្រាស់ថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបាទបញ្ចាលរាជជា សម្លាញ់ខ្ញុំព្រះអង្គជាមនុស្សមច្ឆាទិដ្ឋិ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសសង្គ្រោះ ស្តេចនោះ ឲ្យបានស្ថិតនៅក្នុងផ្លូវសម្មាទិដ្ឋិ បើព្រះអង្គយាងទៅដល់នគរបញ្ចាលហើយ សូមទ្រង់ធ្វើ បាដិហារ្យបង្កើតក្តីជ្រះថ្លាដល់ស្តេចនោះ ដោយក្តីមេត្តាសង្គ្រោះប្រោសប្រណីនៃព្រះអង្គ ។ ព្រះបាទមហារដ្ឋរាជ ទ្រង់បានបួងសួងយ៉ាងនេះ ទ្រង់យាងចុះជូនដំណើរព្រះពុទ្ធបដិមា ត្រាតែដល់ជម្រៅទឹកត្រឹមព្រះសូរង (ក) ។
ខណៈនោះ ផ្ទៃសមុទ្រមានធ្នារទឹករាបសាល្អ មានផ្កាបទុមបញ្ចពណ៌ធំផុស លេច ឡើងលើផ្ទៃទឹក ធ្វើសក្ការបូជាព្រះពុទ្ធបដិមា ។ ពួកនាគរាជក៏នាំគ្នាបូជាដោយគន្ធមាលា ផ្សេងៗ ហើយហក់ហែលចោមរោមជាបរិវារ ។ ពួកអាកាសទេវតា ក៏រោយរាយបាចសាច ទិព្វបុប្ផាផ្សេងៗ អំពីអាកាស ប្រគំតូរ្យតន្រ្តីឮសូររងំពីរោះល្វេងល្វើយគួរជាទីអស្ចារ្យ ។
រាជទូតទាំងឡាយ បានបើកភេត្រាដ៏មានសិរីដរាបដល់ទៅនគរបញ្ចាល នាំគ្នាចូល គាល់ក្រាបទូលតំណាលពីហេតុអស្ចារ្យផ្សេងៗ ។ ព្រះរាជាទ្រង់មានព្រះទ័យសោមនស្សក្រៃ លែង ទ្រង់បានចាត់ចែងគ្រឿងសក្ការបូជាជាអនេកប្រការ ស្តេចព្រមដោយអាមាត្យមន្ត្រី ចោមរោមជាបរិវារ និងមហាជនទៅទទួលព្រះពុទ្ធបដិមាអំពីភេត្រា ទ្រង់បានថ្វាយបង្គំ ទ្រង់ បានបូជាដោយទៀនធូបគន្ធមាលា ដោយសេចក្តីគោរព ទ្រង់ត្រាស់ថា “បពិត្រព្រះដ៏មាន បុណ្យអើយ ទូលព្រះបង្គំជាឧបាសកគោរពព្រះរតនត្រ័យតាំងអំពីថ្ងៃនេះជាដើមទៅ” ។
ព្រះពុទ្ធបដិមាទ្រង់បានសម្តែងបាដិហារ្យយ៉ាងអស្ចារ្យ អណ្តែតឡើងព្ធដ៏អាកាស បាន បញ្ចេញឆព្វណ្ណរង្សីរស្មីទាំងប្រាំមួយពណ៌ គឺ ខៀវ លឿង ក្រហម ស ហង្សបាទ និងពណ៌ ចម្រុះផ្សាយចេញឆ្វៀលឆ្វាត់ ភ្លឺព្រោងព្រាយ ពណ្ណរាយ ផ្សព្វផ្សាយចេញទៅសព្វទិស ទាំងពួង ។ ពួកទេពតានាំគ្នាធ្វើសក្ការបូជាឋិតព្ធដ៏អាកាស ។ ពួកមនុស្សម្នាមហាជនចេញ ពីទីតំបន់ផ្សេងៗ បានមើលគ្នាទៅវិញទៅមកដោយជាក់ច្បាស់ ។
ព្រះរាជាបានក្រាបទូលនិមន្តសូមឲ្យព្រះពុទ្ធបដិមាយាងចុះ មកលើសុពណ៌សិវិកា ដែលទ្រង់បានចាត់ចែងបម្រុងទុក លុះព្រះពុទ្ធបដិមាយាងចុះមកហើយ ទ្រង់ព្រមដោយ ចតុរង្គសេនា អាមាត្យមុខមន្ត្រី និងមហាជនបានដង្ហែចូលព្រះនគរ ។ ទ្រង់បានឲ្យជាងឆ្លាក់ ព្រះពុទ្ធរូបមួយទៀតធ្វើពីខ្លឹមច័ន្ទន៍ ហើយទ្រង់ឲ្យតម្កល់ទុកក្នុងសាលា ទ្រង់ឲ្យប្រកាស ផ្សាយដំណឹងថា “ជនណាមួយមានមាសតិចក្តី ច្រើនក្តី ចូរយកមកទិបព្រះពុទ្ធបដិមា ជាមួយនឹងយើង តាមសទ្ធាជ្រះថ្លារៀងខ្លួនចុះ” ។
កាលនោះ មានបុរសកម្សត់ម្នាក់ ឈ្មោះ វិរិយបណ្ឌិត ជាអ្នកមានសទ្ធាជ្រះថ្លាខ្លាំង មានបំណងនឹងលក់ខ្លួនទិញមាសទិបព្រះពុទ្ធរូបនោះ តែប្រពន្ធកូនពុំយល់ព្រមឲ្យស្វាមី និង បិតាធ្វើដូច្នោះទេ គឺអ្នកទាំងពីរក៏សុខចិត្តលក់ខ្លួនប្រាណជំនួស បានប្រាក់ប្រគល់ជូនស្វាមី ខ្លួន ឲ្យយកទៅទិញមាសទិបព្រះពុទ្ធបដិមា ។ គាត់បានមាសហើយចូលទៅក្នុងសាលា ប្រាថ្នានឹងទិបព្រះពុទ្ធរូប តែអ្នកយាមពុំយល់ព្រម ដោយអះអាងថា ព្រះរាជាពុំទាន់យាង មកទេ អ្នកដទៃទិបពុំបានឡើយ ដ្បិតខុសនឹងទំនៀមទម្លាប់ ។ វិរិយបណ្ឌិតនិយាយអង្វរ ខ្លាំងពេក អ្នកយាមរក្សាក៏ប្រាប់ថា ឲ្យអ្នកឯងចូលទៅក្រាបទូលសូមព្រះរាជានុញ្ញាតសិន ។ គាត់បានសុំចូលគាល់ក្រាបទូលយាងដំណើរ ។ ព្រះរាជាត្រាស់ថា “បើព្រះពុទ្ធបដិមាមាន ព្រះពុទ្ធដីកាអនុញាតឲ្យអ្នកឯង អ្នកចូរទិបចុះ” ។
វិរិយបណ្ឌិតក៏ក្រាបថ្វាយបង្គំលាព្រះរាជា រលះលាំងមកកាន់សាលាវិញ ហើយគាត់ តាំងចិត្តអធិដ្ឋាន ដោយពោលអាងពាក្យសច្ចៈផ្សេងៗ ដើម្បីសូមឲ្យព្រះពុទ្ធបដិមាបើកព្រះ ឱស្ឋមានព្រះពុទ្ធដីកា ឲ្យបានឃើញជាក់ស្តែងប្រាកដ ។
គ្រានោះ ទេវតារក្សាព្រះនគរបានចូលជ្រែកក្នុងអង្គព្រះពុទ្ធបដិមា ធ្វើឲ្យព្រះបដិមា ខ្លឹមច័ន្ទន៍ មានជីវិតរស់រវើកឡើងយ៉ាងអស្ចារ្យ បញ្ចេញព្រះពុទ្ធដីកាថា “នែវិរិយបណ្ឌិត ចូរអ្នក ទិបតថាគតតាមប្រាថ្នាចុះ” ហើយបានបញ្ចេញរស្មីទាំង ៦ ពណ៌ ដូចព្រះពុទ្ធបដិមា អង្គមុននោះដែរ ។ វិរិយបណ្ឌិតក៏បានទិបព្រះពុទ្ធបដិមាដោយមាស ដែលខ្លួនមានទាំង ប៉ុន្មាននោះ ។ ព្រះរាជាទ្រង់បានជ្រាបព័ត៌មាននោះ ក៏ឲ្យហៅវិរិយបណ្ឌិតមក ហើយទ្រង់ បានព្រះរាជទានសម្បត្តិផ្សេងៗច្រើនអនេក ។ អ្នកនគរក៏នាំមាស ប្រាក់ សំពត់ជាដើមមក ជូនយ៉ាងកកកុញ ។ គាត់បានរស់នៅរួបរួមជាមួយនឹងគ្រួសារជាសុខ ក្សេមក្សាន្ត ដរាបដល់ ក្ស័យជីវិត ។
ចប់ វិរិយបណ្ឌិតជាតក ៕
(ចាកបញ្ញាសជាតក របស់ជនជាតលាណា)
ញ៉ុក-ថែម
កំណាព្យឆព្វណ្ណរង្សីពណ៌លឿង
រស្មីពណ៌លឿងភ្លឺថ្លា កាលដែលទ្រង់អារសាច់ផែរធ្វើមាស
បិទពុទ្ធរូបភ្លឺល្អឱភាស ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត ។
កំណាព្យមួយបែបទៀត
ពណ៌លឿងកាលអារសាច់ធ្វើមាស បិទលន់អង្គព្រះពុទ្ធបដិមា
ព្រះឥន្ទជាជាងឆ្នៃរចនា ថ្វាយសាធុការពេញផែនដី ។
ដោយ៥០០០ឆ្នាំ
images/articles/3228/________________________________________________.jpg
ទាញយកព្រះត្រៃបិដកជាភាសារខ្មែរ និងជាភាសាអង់គ្លេស
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០២៣
ខាងក្រោមនេះ ជាតំណទាញយកព្រះត្រៃបិដកខ្មែរ និងព្រះត្រៃបិដកអង់គ្លេស ។ ដែលក្នុងនោះ ព្រះត្រៃបិដកភាសាខ្មែរ ជាpdf scan មានចំនួន ២ច្បាប់ដូចនេះ គឺសន្លឹកពណ៌ស និងសន្លឹកពណ៌លឿង
និងមានមួយច្បាប់ទៀតជាច្បាប់ pdf វាយអក្សរថ្មីឡើងវិញរបស់វត្តបញ្ញាធំ ។ និងច្បាប់ប្រែរួមជាមួយព្រះអដ្ឋកថា ។
និងមានច្បាប់ព្រះត្រៃបិដកជាភាសាអង់គ្លេសមួយច្បាប់ទៀត សម្រាប់លោកអ្នកដែលមិនអាចអានភាសាខ្មែរបាន អាចចូលអានច្បាប់pdf នេះ ។
ចុចទាញយក
ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/3230/202____________rce_Overlay.jpg
ទាញយក គម្ពីរមហាបដ្ឋាន ទុកសម្រាប់អាន
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០២៣
គម្ពីរមហាបដ្ឋាន ជាគម្ពីរសម្តែងឡើងនូវធម៌ពិត សច្ចធម៌ និងការបង្ហាញផ្លូវបដិបត្តិទៅកាន់ការផុតទុក្ខគឺព្រះនិព្វាន ។ សត្វលោក កើតមកសុទ្ធតែមានអវិជ្ជា និងតណ្ហា ឧបាទានគ្រប់គ្នា មានតែព្រះពុទ្ធ និងព្រះបច្ចេកពុទ្ធប៉ុណ្ណោះដែល អាចត្រាស់ដឹងនូវសច្ចធម៌ដោយខ្លួនឯង ក្រៅអំពីនេះសត្វលោកសុទ្ធតែរង់ចាំការស្តាប់បដិបត្តិតាមព្រះពុទ្ធទើបអាច ស្វែងរកផ្លូវចេញចាកទុក្ខបាន ។
គម្ពីរមហាបដ្ឋាននេះ ជាគម្ពីរមានសេចក្តីទូលំទូលាយក្រៃលែង មានន័យល្អិតសុខុមជាទីបំផុត ពោលពេញទៅដោយហេតុនិងផល ដូច្នេះកាលពុទ្ធបរិស័ទបានសិក្សាគម្ពីរនេះហើយ រមែងដឹងច្បាស់នូវហេតុផល ជាឈ្មោះនៃបញ្ញាឃើញច្បាស់នូវសភាវពិត លះបង់សេចក្តីប្រកាន់ រមែងបាននូវសេចក្តីសុខ ។
ទាញយក
ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/3229/_______________________________________.jpg
ទាញយក ព្រះអដ្ឋកថាខ្មែរ
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០២៣
បច្ចុប្បន្ននេះ គម្ពីរព្រះអដ្ឋកថាខ្មែរ មិនទាន់ប្រែបានគ្រប់ភាគនៅឡើយ ប៉ុន្តែបានធ្វើហើយជាច្រើនភាគ ដូចដែល៥០០០ឆ្នាំបានបង្ហោះ និងដាក់បន្ថែមជារឿយ ខាងក្រោមនេះ ។
ក្រៅអំពីនេះ នៅមានអដ្ឋកថាផ្សេងៗទៀត សម្រាប់លោកអ្នកឈ្វេងយល់ និងសិក្សាបានដោយខ្លួនឯង ។ សូមចុចតំណខាងក្រោមដើម្បីមើលនិងទាញយក ។
ទាញយក
ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ
ដោយ៥០០០ឆ្នាំ