35
ថ្ងៃ សៅរ៍ ទី ១៨ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩០,៤០៩
Today
ថ្ងៃម្សិលមិញ ២២៨,៤៦៣
ខែនេះ ៥,៨១៣,៨០០
សរុប ៣៩៨,០៧២,២៤៤
ប្រជុំអត្ថបទ
images/articles/3237/____________________________________.jpg
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ២,៨៨៨ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការរួចផុតពីអហិវាតករោគ (រោគកើតអំពីខ្យល់មានពិសដូចជាពិសនៃពស់) មួយ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ជនិត្តំ មេ ភវិត្តំ មេ ដូច្នេះជាដើម ។ បានឮមកថា ក្នុងក្រុងសាវត្ថី មានអហិវាតករោគកើតឡើងក្នុងត្រកូលមួយ ។ មាតាបិតាពោលនឹងបុត្រថា នែកូន អ្នកកុំនៅក្នុងផ្ទះនេះអី ចូរទម្លាយជញ្ជាំង ហើយរត់ទៅកាន់ទីណាមួយ រក្សាជីវិត ក្នុងកាលជាខាងក្រោយ សឹមមកចុះ កំណប់ដ៏ធំមានក្នុងទីនេះឯង ចូរគាស់កំណប់នោះ រក្សាទុកដាក់ទ្រព្យ រស់នៅដោយសេចក្ដីសុខចុះ ។ បុត្រទទួលពាក្យរបស់មាតាបិតាហើយ ក៏ទម្លាយជញ្ជាំង រត់ទៅ កាលរោគស្ងប់ហើយ ទើបមកវិញ គាស់កំណប់ធំ ទុកដាក់រក្សាទ្រព្យ រស់នៅគ្រប់គ្រងផ្ទះ ។ ថ្ងៃមួយ បុរសនោះឲ្យគេកាន់សប្បិ ប្រេងជាដើម និងសំពត់ជាដើម ទៅកាន់វត្តជេតពន ថ្វាយបង្គំព្រះសាស្ដា ហើយអង្គុយ ។ ព្រះសាស្ដាធ្វើបដិសណ្ឋារៈ ហើយត្រាស់សួរថា បានឮថា អហិវាតករោគកើតឡើងក្នុងផ្ទះរបស់អ្នកឬ អ្នកធ្វើដូចម្ដេច ទើបរួចផុត ? បុរសនោះក៏ប្រាប់រឿងនោះ ។ ព្រះសាស្ដាត្រាស់ថា ម្នាលឧបាសក សូម្បីកាលមុន ពេលភ័យកើតឡើង សត្វដែលធ្វើសេចក្ដីអាល័យក្នុងទីនៅរបស់ខ្លួន មិនទៅកាន់ទីដទៃ ក៏បានដល់ការអស់ជីវិត សត្វដែលមិនធ្វើសេចក្ដីអាល័យ បានទៅកាន់ទីដទៃ ក៏បានជីវិត ដូច្នេះហើយ កាលបុរសនោះទូលអារាធនា ទើបព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលស្មូនឆ្នាំង ក្នុងស្រុកកាសី ធ្វើឆ្នាំងចិញ្ចឹមកូននិងប្រពន្ធ ។ គ្រានោះមានស្រះដ៏ធំមួយជាស្រះកើតឯង ជាប់នឹងមហាទន្លេ ក្នុងក្រុងពារាណសី ។ ក្នុងកាលដែលមានទឹកច្រើន ស្រះនោះជាផ្លូវទឹកតែមួយជាមួយនឹងទន្លេ ដល់ពេលមានទឹកតិច ក៏ដាច់ផ្សេងពីគ្នា ។ ពួកត្រីនិងអណ្ដើកដឹងថា ក្នុងឆ្នាំនេះ នឹងមានភ្លៀងបរិបូណ៌ ក្នុងឆ្នាំនេះនឹងមានភ្លៀងដាច់ ។ ពេលនោះ ពួកត្រីនិងអណ្ដើកដែលកើតក្នុងស្រះនោះដឹងថា ក្នុងឆ្នាំនេះនឹងមានភ្លៀងមិនបរិបូណ៌ ហើយក៏ចេញអំពីស្រះនោះទៅកាន់ទន្លេ ក្នុងពេលដែលទឹកនៅជាប់គ្នា ។ មានអណ្ដើកមួយមិនបានទៅទន្លេនឹងគេទេ ព្រោះគិតថា ទីនេះជាភូមិកំណើតរបស់យើង ជាទីចម្រុងចម្រើនរបស់យើង ជាទីដែលមេបាយើងធ្លាប់នៅ យើងមិនអាចលះបង់ទីនេះទេ ។ លំដាប់នោះ ក្នុងនិទាឃសម័យ (រដូវក្ដៅ) ទឹកស្រះនោះក៏រីងស្ងួត ។ អណ្ដើកនោះវារចូលទៅក្រាំងក្នុងដី ត្រង់ទីដែលពោធិសត្វជីកយកដីស្អិត ។ ពោធិសត្វគិតថា យើងនឹងយកដីស្អិត ហើយក៏ទៅកាន់ទីនោះ រួចជីកដីដោយចបធំ ទម្លាយស្នូកអណ្ដើក គាស់អណ្ដើកនោះដោយចប ហាក់ដូចជាគាស់ដុំដីស្អិត ហើយដាក់លើគោក ។ អណ្ដើកនោះរងទុក្ខវេទនា ពោលថា កាលយើងមិនលះសេចក្ដីអាល័យក្នុងទីនៅ បានជាដល់សេចក្ដីវិនាសយ៉ាងនេះ ថាហើយ កាលខ្សឹកខ្សួលបរិទេវនាការ ទើបពោលគាថាទាំងនេះថា ជនិត្តំ មេ ភវិត្តំ មេ, ឥតិ បង្កេ អវស្សយិំ; តំ មំ បង្កោ អជ្ឈភវិ, យថា ទុព្ពលកំ តថា; តំ តំ វទាមិ ភគ្គវ, សុណោហិ វចនំ មម។ ខ្ញុំនៅក្នុងភក់ដោយគិតថា ខ្ញុំកើតហើយ ខ្ញុំចម្រើនហើយ (ក្នុងទីនេះ) ភក់បានកប់សង្កត់ខ្ញុំនោះធ្វើឲ្យទុព្វលភាព បពិត្រភគ្គវៈ ខ្ញុំសូមពោលនូវហេតុនោះនឹងអ្នក អ្នកចូរស្ដាប់នូវពាក្យខ្ញុំចុះ ។ គាមេ វា យទិ វារញ្ញេ, សុខំ យត្រាធិគច្ឆតិ; តំ ជនិត្តំ ភវិត្តញ្ច, បុរិសស្ស បជានតោ; យម្ហិ ជីវេ តម្ហិ គច្ឆេ, ន និកេតហតោ សិយា។ បុគ្គលបានសេក្ដីសុខក្នុងទីណា ទោះក្នុងស្រុក ឬក្នុងព្រៃ ទីនោះហើយ ជាទីកើត ជាទីចម្រើន របស់បុរសជាអ្នកដឹង (នូវប្រយោជន៍និងមិនមែនប្រយោជន៍) បុគ្គលគប្បីរស់នៅក្នុងទីណា គប្បីទៅក្នុងទីនោះចុះ កុំគប្បីឲ្យទីដែលធ្លាប់នៅ សម្លាប់ខ្លួនបានឡើយ ។ អណ្ដើកកាលនិយាយជាមួយព្រះពោធិសត្វយ៉ាងនេះហើយ ក៏ស្លាប់ទៅ ។ ព្រះពោធិសត្វកាន់យកអណ្ដើកនោះ ហើយឲ្យអ្នកស្រុកទាំងអស់ប្រជុំគ្នា ពោលទូន្មានមនុស្សទាំងនោះយ៉ាងនេះថា អ្នកទាំងឡាយចូរមើលអណ្ដើកនេះ អណ្ដើកនេះ កាលពួកត្រីនិងអណ្ដើកដទៃទៅកាន់មហាទន្លេ មិនអាចកាត់សេចក្ដីអាល័យក្នុងទីនៅរបស់ខ្លួន មិនទៅជាមួយនឹងគេ បានវារចូលទៅដេកក្នុងទីដែលខ្ញុំយកដីស្អិត លំដាប់នោះ ខ្ញុំកាលយកដីស្អិត បានទម្លាយស្នូកវាដោយចបធំ ដាក់វានៅលើគោក ហាក់ដូចជាទម្លាក់ដុំដីស្អិត អណ្ដើកនេះរលឹកអំពើដែលខ្លួនធ្វើ រួចខ្សឹកខ្សួលដោយគាថា ២ ហើយស្លាប់ទៅ អណ្ដើកនេះធ្វើសេចក្ដីអាល័យក្នុងទីនៅ របស់ខ្លួន ក៏បានដល់សេចក្ដីស្លាប់ សូម្បីអ្នកទាំងឡាយសោត ក៏កុំដូចអណ្ដើកនេះ ចាប់តាំងអំពីពេលនេះទៅ អ្នកទាំងឡាយកុំប្រកាន់ដោយអំណាចតណ្ហា និងដោយអំណាចគ្រឿងឧបភោគថា រូបរបស់អញ សំឡេងរបស់អញ ក្លិនរបស់អញ រសរបស់អញ ផោដ្ឋព្វៈរបស់អញ បុត្ររបស់អញ ធីតារបស់អញ ពួកទាសាទាសីរបស់អញ មាសប្រាក់របស់អញ សត្វតែមួយៗ ប៉ុណ្ណោះ វិលវល់ក្នុងភពបី ។ ព្រះពោធិសត្វឲ្យឱវាទដល់មហាជនដោយទំនងដូចជាពុទ្ធលីលាយ៉ាងនេះហើយ ឱវាទនោះសាយភាយទៅក្នុងសកលជម្ពូទ្វីប តាំងនៅអស់កាល ៦០០០០ ឆ្នាំ ។ មហាជនតាំងនៅក្នុងឱវាទរបស់ព្រះពោធិសត្វ ធ្វើបុណ្យមានទានជាដើម កាលអស់អាយុ ក៏បានបំពេញក្នុងសគ្គបុរី ។ ចំណែកព្រះពោធិសត្វធ្វើបុណ្យដូចគ្នាហើយ ក៏បានបំពេញក្នុងសគ្គបុរីដែរ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលចប់សច្ចធម៌ កុលបុត្រនោះបានតាំងនៅក្នុងសោតាបត្តិផល ។ តទា កច្ឆបោ អានន្ទោ អហោសិ អណ្ដើកក្នុងកាលនោះ បានមកជាអានន្ទកុម្ភការោ បន អហមេវ អហោសិំ អ្នកធ្វើឆ្នាំង គឺតថាគតនេះឯង ។ ចប់ កច្ឆបជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត កល្យាណវគ្គ បិដកលេខ ៥៨ ទំព័រ ៨៥) ថ្ងៃសៅរ៍ ១១ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២០ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/339/tyfjfty3333rhh.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ៧៩,១៧៧ ដង)
ការ​រក្សា​ឧបោសថសីល ឬ​សីល​៨ មាន​ភាព​ខុស​ប្លែក​គ្នា​ ពី​ការ​រក្សា​និច្ចសីល ឬ សីល​៥ ព្រោះ​ការ​រក្សា​ឧបោសថ​សីល​ ធ្វើ​ឡើង​តែ​៤ថ្ងៃ​(ឬ៤សីល)​​​ក្នុង​មួយ​ខែ គឺ​ថ្ងៃ ​៨រោច ថ្ងៃ ១៥រោច ថ្ងៃ ៨កើត ថ្ងៃ ១៥កើត ហើយ​ឧបោសថសីល​​​ក្នុង​ថ្ងៃ​នីមួយ​ៗ រក្សា​តែ​មួយ​យប់​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ មាន​ថ្ងៃ​ដទៃ​ទៀត​ដែល​រាប់​បញ្ចូល​ក្នុង​ថ្ងៃ​ឧបោសថ​ដែរ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ ជា​ទូទៅ​គឺ​កំណត់​យក​តែ​បួន​ថ្ងៃ ឬ​បួនសីល​ដូច​បាន​រៀប​រាប់​ខាង​លើ​ ​។ ចំណែក​ឯ​សីល​៥​វិញ មិន​បាន​កំណត់​កាល​ឬ​កំណត់​ថ្ងៃ​ដូច្នេះ​ទេ ព្រោះ​​​សីល៥​ គឺ​ជា​សីល​ដែល​ត្រូវ​រក្សា​ជា​រៀង​រាល់​ថ្ងៃ​ ជានិច្ច​និរន្តរ៍ ដូច្នេះ​ហើយ​ទើប​មាន​វេវចនស័ព្ទ​មួយ​ទៀត​ហៅ​ថា​ និច្ច​សីល ​។ កិច្ច​នៃ​ឧបោសថ​សីល​ មាន​ការ​ពន្យល់​ក្បោះ​ក្បាយ​នៅ​ក្នុង​សៀវភៅ​ “គិហិ​បដិបត្តិ​” នៅ​ក្នុង​ទីនេះ​សូម​លើក​យក​តែ​គោល​ និង​អង្គ​នៃ​សិក្ខាបទ​មក​ចែក​ជូន​តែប៉ុណ្ណោះ​។ គោល​និង​អង្គ​នៃ​សិក្ខាប​ទ​មួយ​ចំនួន​ដូច​គ្នា​នឹង​សីល​៥​ដែរ សូម​ពិនិត្យ​នឹង​សង្កេត​តាម​សិក្ខា​បទនានា​​ដូច​ខាង​ក្រោម​នេះ​ ៖​ ១-បាណាតិបាត​ វេរមណី វៀរ​​ចាក​​ការ​​សម្លាប់​​សត្វ​ ។ ◊ បាណាតិ​បាត មាន​​អង្គ​​​៥ ​គឺ៖ ១-បាណោ សត្វ​​មាន​​ជីវិត ២-បាណ​សញ្ញិតា សេចក្ដី​​ដឹង​​ថា សត្វ​​មាន​​ជីវិត ៣-វធក​ចិត្ដំ ចិត្ដ​​គិត​នឹង​​សម្លាប់ ៤-ឧប​ក្ក​មោ ព្យាយាម​នឹង​​សម្លាប់ ៥-តេន​​មរណំ សត្វ​​ស្លាប់​​ដោយ​​ការ​​ព្យាយាម​​នោះ ២-អទិន្នាទានា វេរមណី វៀរ​​ចាក​​ការ​​កាន់​​យក​​របស់​​ដែល​​គេ​​មិន​​បាន​​ឲ្យ​​ដោយ​​កាយ ឬ ដោយ​​វាចា (វៀរចាក​លួច​​​ទ្រព្យ​​​គេ)។ ◊ អទិន្នាទាន ​មាន​​អង្គ​៥ គឺ៖​ ១-បរ​បរិគ្គ​ហិតំ ទ្រព្យ​​ដែល​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។ ២-បរ​បរិគ្គហិត​​សញ្ញិតា សេចក្ដី​​ដឹង​​ថា ទ្រព្យ​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។ ៣-ថេយ្យ​ចិត្ដំ ចិត្ដ​​គិត​​នឹង​​លួច។ ៤-ឧបក្ក​មោ ព្យាយាម​​នឹង​​លួច។ ៥-តេន​ហរណំ​ លួច​​បាន​​មក​​ដោយ​​ការ​​ព្យាយាម​​នោះ។ ៣-​ អព្រហ្មចរិយា វេរមណី វៀរចាកការសេពនូវមេថុនធម្ម (សេពកាម)។ ◊ អព្រហ្ម​​ចរិយា​ មានអង្គ ៤ ១ – ភេទនវត្ថុ វត្ថុ​ជា​ទី​ទម្លាយ​នូវ​សីល គឺ​ទ្វារ​ទាំង ៣០ ចំពោះ​ត្រង់​ទ្វារ​ណា​មួយ​។ ២ – សេវន​ចិត្តំ គិត​នឹង​សេព។ ៣ – តជ្ជោ វាយាមោ ព្យាយាម​នឹង​សេព​នូវ​មេថុន​ធម្ម​នោះ។ ៤ – មគ្គេន មគ្គប្បដិបាទនំ ញ៉ាំង​មគ្គ និង​មគ្គ​ឲ្យ​ដល់​គ្នា។ ៤-មុសាវាទា វេរមណី វៀរ​ចាក​ការ​ពោល​ពាក្យ​មិន​ពិត គឺ​ពាក្យ​កុហក។ ◊ មុសាវាទ​ មាន​អង្គ​៤​ គឺ៖ ១-អតថំ​វត្ថុ វត្ថុ​​​មិន​​​ពិត។ ២-វិសំ​វាទ​ន​​ចិត្ដំ ចិត្ដ​​គិត​​នឹង​​ពោល​​ឲ្យ​​ខុស។ ៣-តជ្ជោ​វា​យា​មោ ព្យាយាម​​នឹង​​ពោល​​ឲ្យ​ខុស។ ៤-បរស្ស​ត​ទត្ថ​វិជា​​ននំ ញុំាង​​អ្នក​​ដទៃ​​ឲ្យ​​ដឹង​​ច្បាស់​​នូវ​​សេចក្ដី​​នោះ។ ៥-សុរា​មេរយ​មជ្ជប្បមា​ទដ្ឋានា វេរមណី វៀរ​ចាក​ការ​សេព​នូវ​ទឹក​ស្រវឹង​គឺ​សុរា និង​មេរ័យ។ ◊ សុរាមេរយៈ មាន​អង្គ​៤​ គឺ៖ ១-មជ្ជនីយវត្ថុ វត្ថុ​ជា​​ទី​​តាំង​​នៃ​​សេចក្ដី​​ស្រវឹង​ គឺ​​សុរា​ និង​មេរ័យ​។ ២-បាតុ​កម្យ​តា​ចិត្ដំ ចិត្ដ​​គិត​​បម្រុង​​នឹង​​ផឹក។​ ៣-តជ្ជោ​​វា​យា​​មោ ព្យាយាម​​នឹង​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ។ ៤-តស្ស​​បានំ បាន​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ​​ឲ្យ​​កន្លង​​បំពង់​​ក​​ចូល​​ទៅ។ ៦-វិកាល​ភោជនា​ វេរមណី វៀរ​ចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស​។​ ◊ វិកាលភោជន មានអង្គ ៣ ១ – វិកាលោ កាល​ខុស គឺ​ព្រះ​អាទិត្យ​ជ្រេ​ទៅ​ហើយ​ដរាប​ទល់​អរុណរះ។ ២ -យាវកាលិ​កំ របស់​ដែល​គួរ​បរិភោគ​បាន​ក្នុង​កាល គឺ​តាំង​ពី​អរុណរះ​ឡើង​ដរាប​ដល់​ថៃ្ង​ត្រង់​។ ៣ -អជ្ឈោ​ហរណំ បាន​លេប​ចូល​ទៅ​ក្នុង​បំពង់​ក។ ៧-និច្ចគីតវា​ទិ​ត​វិសូ​ក​ទស្សន​មាលា​គន្ធ​ វិលេបន​ធារណ​មណ្ឌន​វិភូស​នដ្ឋានា​ វេរមណី​ វៀរ​ចាក​កិរិយា​រាំ និង​ច្រៀង​ និង​ប្រគំ​ និង​មើល​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌​ និង​ករិយា​ទ្រទ្រង់​និង​ប្រដាប់​តាក់​តែង​ ស្អិតស្អាង​រាង​កាយ​ ដោយ​ផ្កា​កម្រង​ និង​គ្រឿង​ក្រអូប​ និង​គ្រឿង​លាប​ផ្សេងៗ​ ។ ◊ នច្ចគីត​ព្រម​ទាំង មាលា​រួម​ជា​សិក្ខា​បទ​មួយ មាន​អង្គ ៦ ១-នច្ចគី​តាទិ ការ​លែ្បង​មាន​រាំ និង​ច្រៀង​ជា​ដើម។ ២ -កត្តុ​កម្យ​តាចិត្តំ គិត​បម្រុង​នឹង​ធ្វើ ។ ៣ -សុត​ទស្ស​នត្ថាយ​គមនំ ទៅ​ដើម្បី​ស្តាប់ ឬ​មើល ហើយ​បាន​ស្តាប់​ឬ​មើល។ ៤ – មាលា​ទិ វត្ថុ​សម្រាប់​ប្រដាប់​កាយ​មាន​កម្រង​ផ្កា​ជា​ដើម​ ។ ៥ -ធារណ​ច្ឆន្ទ​តា សេចក្តី​ប្រា​ថ្នា នឹង​ប្រដាប់​តាក់​តែង។ ៦-តស្ស ធារណំ បាន​ប្រដាប់​តាក់​តែង​នូវ​វត្ថុ​សម្រាប់​ប្រដាប់​កាយ​មាន​ផ្កា​កម្រង​ជាដើម​នោះ។ ៨-​ឧច្ចាសយនមហាសយនា វេរមណី វៀរ​ចាក​ទី​សេនា​សនៈ​ដ៏​ខ្ពស់​ហួស​ប្រមាណ​ និង​ទី​សេនាសនៈ​ដ៏​ប្រសើរ​។ ◊ ឧច្ចា​សយ​ន មាន​អង្គ ៣​ ១-ឧច្ចាសយនមហាសយនំ ទីដេក ទីអង្គុយ ដ៏ខ្ពស់ ដ៏ប្រសើរហួសប្រមាណ។ ២-បរិភោគចិត្តំ គិតនឹងដេក ឬ អង្គុយ។ ៣-បរិភោគករណំ បានដេក ឬ អង្គុយ។ កាល​​បើ​​ឧបាសក​​ឧបាសិកា ប្រព្រឹត្ត​​ឲ្យ​​កន្លង​​នូវ​​សិក្ខា​​បទ​​ណា​​ៗ លុះ​​តែ​​ព្រម​​ដោយ​​អង្គ​​ក្នុង​​សិក្ខា​​បទ នោះ​​ៗ ទើប​​បាន​​ឈ្មោះ​​ថា​​កន្លង បើ​​មិន​​ទាន់​​ព្រម​​ដោយ​​អង្គ​​នោះ ក៏​​មិន​​បាន​​ឈ្មោះ​​ថា​​កន្លង​​នូវ​​សិក្ខា​បទ​​​នោះ​​​ទេ។​​ ប្រភព ដោយ ៥០០០ឆ្នាំ
images/articles/306/text_________pic.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ៤៨,៩៤០ ដង)
បុគ្គល​នឹង​ឈ្មោះ​ថា​ប្រព្រឹត្ត​កន្ល​ង​(ដាច់)​​សីល​៥​ណា​មួយ លុះ​ត្រា​តែ​ប្រព្រឹត្ត​កន្លង​គ្រប់​អង្គ​នៃ​សិក្ខាបទ​​នោះ​ៗ​​ទើប​ឈ្មោះ​ថា​ដាច់​សីល។ អង្គ​នៃ​សិក្ខា​បទ​ប្រាំ​នោះ​មាន​ដូច​ខាង​ក្រោម​នេះ៖ ១-បាណាតិបាត​ វេរមណី វៀរ​​ចាក​​ការ​​សម្លាប់​​សត្វ​ ។ បាណាតិ​បាត មាន​​អង្គ​​​៥ ​គឺ៖ ១-បាណោ សត្វ​​មាន​​ជីវិត ២-បាណ​សញ្ញិតា សេចក្ដី​​ដឹង​​ថា សត្វ​​មាន​​ជីវិត ៣-វធក​ចិត្ដំ ចិត្ដ​​គិត​នឹង​​សម្លាប់ ៤-ឧប​ក្ក​មោ ព្យាយាម​នឹង​​សម្លាប់ ៥-តេន​​មរណំ សត្វ​​ស្លាប់​​ដោយ​​ការ​​ព្យាយាម​​នោះ ២-អទិន្នាទានា វេរមណី វៀរ​​ចាក​​ការ​​កាន់​​យក​​របស់​​ដែល​​គេ​​មិន​​បាន​​ឲ្យ​​ដោយ​​កាយ ឬ ដោយ​​វាចា (វៀរចាក​លួច​​​ទ្រព្យ​​​គេ) ។ អទិន្នាទាន ​មាន​​អង្គ​៥ គឺ៖​ ១-បរ​បរិគ្គ​ហិតំ ទ្រព្យ​​ដែល​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។ ២-បរ​បរិគ្គហិត​​សញ្ញិតា សេចក្ដី​​ដឹង​​ថា ទ្រព្យ​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។ ៣-ថេយ្យ​ចិត្ដំ ចិត្ដ​​គិត​​នឹង​​លួច។ ៤-ឧបក្ក​មោ ព្យាយាម​​នឹង​​លួច។ ៥-តេន​ហរណំ​ លួច​​បាន​​មក​​ដោយ​​ការ​​ព្យាយាម​​នោះ។ ៣-កាមេសុមិច្ឆាចារា វេរមណី វៀរ​ចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំង​ឡាយ។ កាមេ​សុមិច្ឆារៈ​​ មាន​​អង្គ​​៤ គឺ៖ ១-អគមនី​យ​ដ្ឋានំ ​ស្រ្ដី​​ដែល​​មិន​គួរ​​នឹង​​គប់​​រក គឺ​​ស្រ្ដី​​ដែល​​មាន​​គេ​​ហួង​​ហែង​​រក្សា។ ២-តស្មឹ​​សេវន​​ចិត្ដំ គិត​​នឹង​​សេព​​មេថុន​ធម្ម​​នឹង​​ស្រ្ដី​នោះ។ ៣-ឧបក្កមោ ព្យាយាម​​នឹង​​សេព​​មេថុន​​ធម្ម។ ៤-មគ្គេន​​មគ្គ​ប​ដិ​បាទនំ ញុំាង​​មគ្គ និង​​មគ្គ​​​ឲ្យ​​​​ដល់​​គ្នា។ ៤-មុសាវាទា វេរមណី វៀរ​ចាក​ការ​ពោល​ពាក្យ​មិន​ពិត គឺ​ពាក្យ​កុហក។ មុសាវាទ​ មាន​អង្គ​៤​ គឺ៖ ១-អតថំ​វត្ថុ វត្ថុ​​​មិន​​​ពិត។ ២-វិសំ​វាទ​ន​​ចិត្ដំ ចិត្ដ​​គិត​​នឹង​​ពោល​​ឲ្យ​​ខុស។ ៣-តជ្ជោ​វា​យា​មោ ព្យាយាម​​នឹង​​ពោល​​ឲ្យ​ខុស។ ៤-បរស្ស​ត​ទត្ថ​វិជា​​ននំ ញុំាង​​អ្នក​​ដទៃ​​ឲ្យ​​ដឹង​​ច្បាស់​​នូវ​​សេចក្ដី​​នោះ។ ៥-សុរា​មេរយ​មជ្ជប្បមា​ទដ្ឋានា វេរមណី វៀរ​ចាក​ការ​សេព​នូវ​ទឹក​ស្រវឹង​គឺ​សុរា និង​មេរ័យ។ សុរាមេរយៈ មាន​អង្គ​៤​ គឺ៖ ១-មជ្ជនីយវត្ថុ វត្ថុ​ជា​​ទី​​តាំង​​នៃ​​សេចក្ដី​​ស្រវឹង​ គឺ​​សុរា​ និង​មេរ័យ​។ ២-បាតុ​កម្យ​តា​ចិត្ដំ ចិត្ដ​​គិត​​បម្រុង​​នឹង​​ផឹក។​ ៣-តជ្ជោ​​វា​យា​​មោ ព្យាយាម​​នឹង​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ។ ៤-តស្ស​​បានំ បាន​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ​​ឲ្យ​​កន្លង​​បំពង់​​ក​​ចូល​​ទៅ។ បើមនុស្ស​ក្នុង​ទីណា​ សង្គម​ណា ប្រទេសណា​ សម្បូរណ៍​ទៅដោយ​អ្នក​មាន​សីល​៥ ទីនោះ​ សង្គម​នោះ​ ប្រទេស​នោះ នឹង​ពោរ​ពេញ​ទៅដោយ​សន្តិសុខ និង សន្តិភាព។ ដោយ៥០០០ឆ្នាំ
images/articles/523/Untitled-1.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ៤១,៥៩៤ ដង)
បញ្ចសីលសមាទានិយត្ថេរាបទាន ក្នុងបិដកលេខ ៧២ ទំព័រ១៧៣។ គ្រានោះ ខ្ញុំកើតជាបុរសអ្នកស៊ីឈ្នួល ក្នុងក្រុងចន្ទវតី ខ្ញុំរវល់តែ​នឹងការងារ​របស់​ជន​ដទៃ ​មិនបាននូវបព្វជា្ជ។ ខ្ញុំគិតថា បុគ្គលទាំងឡាយ ដែលត្រូវងងឹតធំបិទបាំងហើយ​រមែង​ឆេះដោយភ្លើង ៣ យ៉ាង អញ​គប្បី​គេច​ចេញ​ដោយឧបាយណាហ្ន៍។ អញជា​មនុស្សកំព្រា​ ធ្វើនូវការ​ឈ្នួល​ ទាំងទេយ្យធម៌ក៏មិនមាន បើដូច្នោះ​គួរតែ​អញ​​រក្សា​សីល ៥ ឲ្យពេញ​លេញ​។ មានព្រះថេរៈមួយ អង្គឈ្មោះ និសភៈ ជាសាវ័ករបស់​ព្រះ​មុនី​ ព្រះនាម អនោមទស្សី ខ្ញុំក៏ចូលទៅរក ព្រះថេរៈ​អង្គ​នោះ ហើយទទួលនូវ​សិក្ខា​បទ​​​ទាំង ៥ ក្នុងសម័យនោះ អាយុ (របស់សត្វ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំ​រក្សា​សីល​ ៥ ឲ្យបរិបូណ៍ អស់​កាល​ប៉ុណ្ណោះ​ដែរ។ លុះមរណកាលមកដល់ព្រមហើយ ទេវតា​ទាំងឡាយ​លួងលោមខ្ញុំថា នែ អ្នកនិទុ៍ក្ខ រថដែលទឹមដោយសេះ ១ ពាន់នេះ មក​ប្រាកដដល់អ្នកហើយ។ កាលបើចិត្តជា​ខាង​ក្រោយ កំពុងប្រព្រឹត្តទៅ ខ្ញុំ​បាន​រំលឹក​នូវសីល​របស់​ខ្ញុំ ខ្ញុំបានទៅកាន់​ឋានតាវត្តឹង្ស ដោយ​​សារអំពើដែល​ខ្ញុំធ្វើល្អ​ហើយ​នោះ។ ខ្ញុំបានជាធំជាងទេវតាសោយរាជ្យ មាន​ពួកស្រីអប្សរចោមរោម សោយ​សេចក្តី​សុខដ៏ជាទិព្វអស់ ៣០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង បាន​សោយ​​រាជ្យ​ប្រទេស​ដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។ ខ្ញុំចុត្យ​ចាក​ទេវ​លោក​ ត្រូវ​កុសល​មួយដាស់តឿន ក៏មកកើត​ក្នុងត្រកូល​មហាសាល​ដ៏​ស្តុកស្តម្ភ ​ក្នុង​ក្រុង​​សាវត្ថី ​។​ កាលសាសនារបស់ព្រះជិនស្រី កំពុងរុងរឿង មាតានិង​បិតា​របស់​ខ្ញុំ​បាន​ ទទួល​នូវ​សិក្ខាបទ​ទាំង ៥ ក្នុងកាលជិតចូលវស្សា។ ខ្ញុំបានទទួល​សីល​ជាមួយ (និង​មាតា) ហើយ​បាន​ដល់នូវអរហត្ត។ ខ្ញុំមានអាយុ ៥ ឆ្នាំអំពីកំណើត បានដល់​នូវ​អរហត្ត ​ព្រះពុទ្ធ​មានចក្ខុ ទ្រង់ជ្រាបនូវគុណ (របស់ខ្ញុំ) ហើយទ្រង់ឲ្យ​ឧប​សម្បទា​​ជា​​ភិក្ខុដល់ខ្ញុំ។ ខ្ញុំរក្សានូវសិក្ខាបទទាំង ៥ ពេញលេញ ខ្ញុំមិនដែលទៅកាន់កំណើត អសុរកាយ​អស់​​កប្ប ​នឹង​ប្រមាណ​មិនបាន​អំពីភទ្ទកប្បនេះ។ ខ្ញុំនោះបានទទួលនូវ​យស ​ព្រោះហេតុ​នៃសីលទាំងនោះ ខ្ញុំកាល​សម្តែងនូវ​កោដិនៃ​កប្ប គប្បីសម្តែង​ជា​ឯកទេស (មួយ​ចំណែកៗ)។ ខ្ញុំរក្សាសីលទាំង ៥ ហើយបាននូវត្រៃហេតុ គឺខ្ញុំ​ជាអ្នក​​មាន អាយុវែង ១ មាន​ទ្រព្យច្រើន ១ មានប្រាជ្ញាមោះមុត ១ ។ មួយទៀត ខ្ញុំសម្តែង​នូវ​ភាព​ជាខ្លួនជាបុរសដ៏ក្រៃលែងជាងជនទាំងពួង អន្ទោល​ទៅ​ក្នុង​ភពតូច និងភពធំ ហើយ​តែងបាននូវឋានៈទាំងនុះ។ សាវ័កទាំងឡាយ របស់​ព្រះជិន​ស្រីកាលប្រព្រឹត្ត ក្នុងសីល​នឹងប្រមាណ​មិន​បាន បើលោកនៅត្រេកអរ ក្នុង​ភព តើនឹងបានផល​ដូច​ម្តេច​ទៅ។ សីល ៥ ដែលខ្ញុំជាអ្នកស៊ីឈ្នួលគេ មាន​ព្យាយាម​ប្រព្រឹត្តល្អហើយ ខ្ញុំបាន​រួច​ចាក​ចំណង​​ទាំងពួង ក្នុងថ្ងៃ​នេះដោយសារសីលនោះ។ ក្នុងកប្បប្រមាណមិនបាន អំពី​កប្ប​នេះ ព្រោះហេតុដែលខ្ញុំរក្សាសីល ៥ ខ្ញុំមិន​ដែល​ស្គាល់ទុគ្គតិ នេះជាផល​នៃ​សីល​​ ៥ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបាន​ធ្វើឲ្យ​ជាក់​ច្បាស់​​ហើយ​ទាំង​សាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បាន​ឮថា ព្រះបញ្ចសីលសមាទានិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។ ដកស្រង់ចេញពីសៀវភៅ “ឃរាវាសធម៌”រៀបរៀងដោយ មុនីកោសល្យ នៅ-ហៃ​ឡុន​ ៕ ដោយ៥០០០ឆ្នាំ
images/articles/877/Untitled-1.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១៦,៧៩១ ដង)
ការ​ពិ​ចារណា​ឃើញ​ទោស​​និង​អា​និ​សង្ឃ​ តាម​លំដាប់​នៃ​ការ​មិន​បរិ​ច្ចាគ​ និង​ការ​ប​រិ​ច្ចាគ​ជា​ដើ​ម​ ជា​បច្ច័យ​នៃ​បារ​មី​ទាំង​ឡាយ​ មាន​ទាន​បារ​មី​ជា​ដើម​ ។ ​គប្បី​ជ្រាប​វិ​ធី​ពិ​ចារ​ណា​ដូច​តទៅ​នេះ​៖ ពិ​ចារណា​សីល​បា​រមីៈ - សីល​ ជា​ទឹក​លាង​នូវ​មន្ទិល​គឺ​ទោសៈ​ ដែល​មិន​អាច​ជម្រះ​បាន​ ដោយ​ទឹក​គង្គា​ជា​ដើម​ ។ - សីល​​​ កម្ចាត់​នូវ​អន្ត​រាយ​មាន​រាគៈ​ជា​ដើម​ ដែល​អាច​កម្ចាត់​បាន​ដោយ​ចន្ទន៍​លឿង​ជា​ដើម​ ។ - សីល ជា​គ្រឿង​ប្រ​ដាប់​យ៉ាង​វិសេស​របស់​មនុស្ស​ល្អ​ទាំង​ឡាយ ។ - សីល​ មាន​ក្លិន​ក្រអូប​ផ្សាយ​ទៅ​គ្រប់​ទិស​ និង​សមគួរ​គ្រប់​កាល​ ។ - សីល​ មាន​អំណាច​ដ៏​ក្រៃ​លែង​ ព្រោះ​នាំ​មក​នូវ​គុណ​ ដែល​ក្សត្រ​មហា​សាល​ជា​ដើម​ និង​ទេវតា​ទាំង​ឡាយ​គួរ​ក្រាប​សំពះ​ ។ - សីល ជា​ជណ្តើរ​ឡើង​ទៅ​កាន់​ទេវ​លោក​ មាន​​ស្ថាន​សួគ៌​ជាន់​ចាតុ​ម្ម​មហា​រាជិកា​ជា​ដើម ។ - សីល​ ជា​ឧ​បាយ​នាំ​ឲ្យ​បាន​សម្រេច​នូវ​ឈាន​ និង​អភិ​ញ្ញា​ ។ - សីល​ ជា​ផ្លូវ​ឲ្យ​ទៅ​ដល់​មហា​នគរ​គឺ​ព្រះ​និ​ព្វាន ។ - សីល ជា​ភូមិ​ប្រ​តិ​ស្ថាន​នូវ​សាវក​ពោ​ធិ​ បច្ចេក​ពោ​ធិ​ និង​សម្មា​សម្ពោ​ធិ​ញ្ញាណ​ ។ - សីល​ ដូច​ជា​កែវ​ទិព្វ​ ឬ​ដើម​កប្ប​ព្រឹក្ស​ ព្រោះ​ជា​ឧ​បាយ​ឲ្យ​សម្រេច​នូវ​អ្វី​ៗ​ តាម​ដែល​ប្រា​ថ្នា​ ។ - សីល​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថាៈ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រ​សិន​បើ​ភិក្ខុ​មាន​សេច​ក្តី​ប្រាថ្នា​ថា​ អាត្មា​អញ​គប្បី​ជា​ទី​ស្រឡាញ់​ ជា​ទី​ពេញ​ចិត្ត​ ជា​ទី​គោ​រព​ ជា​ទី​លើក​តម្កើង​ របស់​សព្រហ្ម​ចារី​ទាំង​ឡាយ​ ភិក្ខុ​គប្បី​ជា​អ្នក​ធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​សីល​ទាំង​ឡាយ​ចុះ​ ។ ម្នាល​អានន្ទ​ កុសល​សីល​ មាន​ការ​មិន​ក្តៅ​ក្រហាយ​ជា​ប្រយោ​ជន៍​ ។ ម្នាល​គហ​បតី​ទាំង​ឡាយ​ នេះ​ជា​អនិសង្ឃ​ ៥​ យ៉ាង​ជា​អ្នក​មាន​សីល​ ។ ៥ យ៉ាង​គឺ​ ១. ដល់​ព្រម​ដោយ​ភោ​គ​សម្បត្តិ​ ២. មាន​កិត្តិគុណ​ កិត្តិ​សព្ទ​ល្បី​ខ្ចរខ្ចាយ​ទៅ​ ៣. មាន​សេច​ក្តី​ក្លៀវ​ក្លា​ក្នុង​កណ្តាល​បរិស័ទ​ ៤. នឹង​មិន​វង្វេង​នៅ​ពេល​ជិត​ស្លាប់​ ៥. ស្លាប់​ហើយ​នឹង​ទៅ​កើត​នៅ​សុគតិសួគ៌​ទេ​វលោក ។ - សីល​ ជា​និ​មិត្ត​នៃ​បីតិ​ និង​សោមនស្ស​ ដោយ​ការ​មិន​តិះ​ដៀល​ខ្លួន​ឯង​ផង​ អ្នក​ដទៃ​មិន​តិះ​ដៀល​ផង​ វិញ្ញូជន​សរសើរ​ផង​ មិន​មាន​អាជ្ញា​ភ័យ​ផង​ និង​មិន​មាន​ទុគ្គ​តិ​ភ័យ​ផង​ ។ - សី​ល​ ជា​ទី​តាំង​នៃ​សេរី​សួ​ស្តី​ ព្រោះ​តាំង​ចិត្ត​ទុក​ក្នុង​សេច​ក្តី​មិន​ប្រ​មាទ​ និង​ព្រោះ​ញ៉ាំង​ប្រ​យោ​ជន៍​ធំ​ឲ្យ​សម្រេច​ដោយ​មាន​ការ​គ្រប់​គ្រង​រក្សា​អំពី​សីល​ ដែល​សីល​នេះ​ជា​មង្គល​ដ៏​ឧ​ត្តម​ ។ - សីល​ ជា​កុល​សម្បត្តិ​ ព្រោះ​ថា​សូម្បី​បុគ្គល​មាន​ជាតិ​ត្រ​កូល​ទាប​ក៏​ដោយ​ លុះ​ដល់​បាន​បួស​ជា​ភិក្ខុ​អ្នក​មាន​សីល​ ក៏​ជា​បូជនីយ​បុគ្គល​របស់​ក្សត្រ​មហា​សាល​ជា​ដើម​ដោយ​ពិត​ ។ - សីល ជា​សម្បត្តិ​ដ៏​ប្រសើរ​ ក្រៃ​លែង​ជាង​សម្បត្តិ​ខាង​ក្រៅ​ ព្រោះ​មិន​ទូ​ទៅ​ដល់​ចោរ​ ដល់​ទឹក​ភ្លើង​ជា​ដើម​ ព្រោះ​អនុ​គ្រោះ​ដល់​លោក​ខាង​មុខ​ ព្រោះ​មាន​ផល​ច្រើន​និង​ព្រោះ​ជា​អធិ​ដ្ឋាន​គុណ​ គឺ​ជា​ទី​តាំង​នៃ​សមថៈ​ និង​វិបស្សនា​ជា​ដើម​ ។ - សីល​ ជា​ធំ​មាន​ភាព​ជា​ឥស្សរៈ​ដ៏​ក្រៃលែង​ ជាង​មហា​ក្សត្រ​ទៅ​ទៀត​ ព្រោះ​ជា​ឥស្សរៈ​មាំ​មួន​ផ្លូវ​ចិត្ត​ មិន​ជា​ទាសៈ​ក្នុង​ការ​ប្រ​ព្រឹត្ត​បញ្ចវេ​រា​ជា​ដើម​ ។ - សីល​ ប្រសើ​រ​ជាង​ជីវិត​ និង​ធ្វើឲ្យ​ជីវិត​រស់នៅ​សូម្បី​តែ​មួយ​ថ្ងៃ​ ប្រសើរ​ជាង​ជីវិត​អត់​សីល​ហើយ​រស់​នៅ​អស់​រយ​នៃ​ឆ្នាំ ។ - សីល​ ប្រ​សើរ​ជាង​រូប​សម្បត្តិ​ ព្រោះ​សីល​នាំ​មក​នូវ​ការ​ពេញ​ចិត្ត​ សូម្បី​តែ​គេ​នោះ​ជា​សត្រូវ​ ឬ​ចោរ​ និង​ព្រោះ​ជរា​ រោគ​ ព្រម​ទាំង​វិបត្តិ​ផ្សេងៗ​ គ្រប​សង្កត់​មិន​បាន​ ។ រូប​ កាយ​ ចាស់​ជរា​ ឈឺ​ និង​លំបាក​ថែ​រក្សា​រាល់​ថ្ងៃ​ ហើយ​ត្រូវ​បញ្ចប់​ត្រឹម​ស្លាប់​ទៅ​ត្រូវ​ដុត​ ឬ​កប់​ប៉ុណ្ណោះ​ឯង​ ។ - សីល​ វិសេស​លើស​លំនៅ​ឋាន មាន​វិមាន​ប្រាសាទ​ជាដើម​ទៅ​ទៀត​ ព្រោះ​ជា​ការ​តាំង​ចិត្ត​ដ៏​វិសេស​ ជា​សុខ​របស់​ចិត្ត​ សុខ​ត្រជាក់​ ដោយ​ចិត្ត​មាន​សីល​ហ្នឹង​ឯង​ ។ - សីល​ ជា​ញាតិ​ដ៏​ក្រៃ​លែង​ ព្រោះ​ថា​សូម្បី​មាតាបិតា​ ក៏​មិន​អាច​ធ្វើឲ្យ​សម្រេច​បាន​ដែរ​ នូវ​អ្វី​ដែ​ល​ជា​ប្រ​យោជន៍​របស់​សីល​ តែ​សីល​អាច​​ធ្វើ​ឲ្យ​សម្រេចបាន​នូវ​សម្បត្តិ​ទាំង​ពួង​នោះ​ៗ​ ទាំង​អនុ​គ្រោះ​ដល់​បរ​លោក​ ទាំង​សម្បត្តិ​និ​ព្វាន​ ។ - សីល​ ប្រសើ​រ​ជាង​ចតុ​រង្គ​សេ​នា​ របស់​ព្រះ​រាជ​ព្រោះ​សីល​ច្បាំង​ឈ្នះ​កិលេស​ខ្លួន​ឯង​ ។ - សីល ប្រសើរ​ជាង​មន្ត​ និង​ថ្នាំ​ទិព្វ​ ព្រោះ​សីល​ជា​គ្រឿង​រក្សា​ខ្លួន​ ដែល​គេ​រក្សា​បាន​ដោយ​កម្រ​ ។ - សីល​ នាំ​ឲ្យ​មាន​ខ្លួន​ឯង​ជា​ទី​ពឹង​ និង​នាំ​ឲ្យ​អ្នក​មាន​សីល​ មាន​អធ្យាស្រ័យ​ប្រណីត​ឡើង​ៗ ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា " ធម្មា​ ហរេ​ រក្ខតិ​ ធម្ម​ចារី ធម៌​រមែង​រក្សា​នូវ​អ្នក​ប្រព្រឹត្ត​ធម៌ " ។ កាល​ព្រះ​មហា​បុរស​ ពិ​ចារ​ណា​ឃើញ​ថា​ សីល​ប្រ​កប​ដោយ​គុណ​ដ៏​ច្រើន​ក្រៃ​លែង​យ៉ាង​នេះ​ហើយ សីល​សម្បទា​ដែល​នៅ​មិន​ទាន់​បរិ​បូណ៌​ ក៏​ដល់​នូវ​ភាព​បរិ​បូណ៌​ ដែល​មិន​ទាន់​បរិសុទ្ធ​ ក៏​ដល់​នូវ​ភាព​បរិសុទ្ធ​ ដោយ​ប្រ​ការ​ដូច្នេះ​ឯង​ ។ ប្រ​សិន​បើ​ធម៌​ទាំង​ឡាយ​មាន​ទោសៈ​ជាដើម​ ជា​បដិ​បក្ខ​ដល់​សីល​ គប្បី​កើត​ឡើង​ដល់​មហា​បុរស​នោះ​ក្នុង​ពេល​ខ្លះ​ដោយ​សន្សំ​សន្តាន​យក​យូរ​ហើយ​ បុគ្គល​ដែល​ជា​ព្រះ​ពោ​ធិសត្វ​នោះ​ រមែង​ពិ​ចារណា​យ៉ាង​នេះ​ថា​ '' អ្នក​តាំង​ចិត្ត​ពិត​​ប្រា​កដ​ ដើ​ម្បី​ត្រាស់ដឹង​ ប៉ុន្តែ​សូម្បី​សម្បត្តិ​ជា​លោកិយ​ អ្នក​ក៏​នៅ​មិន​អាច​ឲ្យ​ដល់​ទៅ​បាន​ផង​ ដោយ​ភាព​មិន​ប្រ​ក្រតី​នៃ​សីល​ ព្រោះ​ទោសៈ​នេះឯ​ង ដូច្នេះ​មិន​ចាំបាច់​និយាយ​ដល់​សម្បត្តិ​ជាលោកុត្តរ​ឡើយ​ ។ សីល​ជា​អធិ​ដ្ឋាន​ដើម្បី​សម្មា​សម្ពោ​ធិ​ញ្ញាណ ដ៏​លើស​លប់​ជាង​សម្បត្តិ​ទាំង​ពួង​ គួរ​ឲ្យ​បាន​ដល់​ដោយ​ឧ​ក្រិដ្ឋ​ក្រៃ​លែង​ ។ ម៉្យាង​ទៀត​ ភាព​ជា​អ្នក​ធ្វើ​នូវ​ឧ​បការៈ​ដល់​សត្វ​ទាំង​ឡាយ​ និង​ការ​បំពេញ​បារមី​ មាន​បញ្ញា​បារមី​ជា​ដើម​របស់​យើង​ ព្រម​ទាំង​ការ​ប្រ​កប​នូវ​គុណ​វិសេស​មាន​ឈាន​ជា​ដើម​នោះ​ វៀរ​ចាក​សេចក្តី​បរិសុទ្ធ​នៃ​សីល​ហើយ រមែង​សម្រេច​មិន​បាន​ឡើយ​ ព្រោះ​ហេតុ​នោះ​ អ្នក​ទើប​គួរ​ញ៉ាំង​សីល​ឲ្យ​បរិសុទ្ធ​ដោយ​ប្រពៃ​ " ។ នេះ​ជា​សេច​ក្តី​ដែល​ព្រះ​បរម​ពោ​ធិសត្វ​ពិ​ចារណា​នូវ​គុណ​របស់​សីល​ ដើម្បី​គ្រប​សង្កត់​នូវ​ធម៌​បដិ​បក្ខ​របស់​សីល ។ ស្រង់​ចាកពី សៀវ​ភៅ " បារមី​ ភាគ​១ " រៀប​រៀង​ដោយ លោកគ្រូ អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/898/Untitled-1.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ២៤,៧៥៤ ដង)
រឿង​សីល​វរាជ​កុមារ ( ចាក​ ម. ឯ.​ ) (​ ការ​មិន​ប្រ​ទុស្តតប​ តែង​មាន​ជ័យ​ជំ​នះ​ជា​ផល ) កាល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្ម​ទត្ត​សោយ​រាជ្យ​សម្បត្តិ​ក្នុង​នគរ​ពា​រាណសី​ កាល​នោះ​ព្រះ​ពោធិ​សត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​រាជ្យ​បុត្រ​ ព្រះ​នាម​សីល​វ​កុ​មារ​ កាល​ទ្រង់​មាន​ព្រះ​ជន្ម​វស្សា​ ១៦​ ឆ្នាំ​ ទ្រង់​បាន​ទៅ​ដល់​ទី​បំ​ផុត​នៃ​ការ​សិក្សា​វិជ្ជា​ទាំង​ពួង​ លុះ​អំ​ណេះ​អំ​ពី​ព្រះ​រាជ​បិតា​ទីវង្គត​ទៅ​
images/articles/1122/w456bs4et4eysnryse.gif
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១០,៧៨០ ដង)
ប្រវត្តិរូបសង្ខេប នៃ សម្ដេចព្រះសុគន្ធាធិបតី បញ្ញាសីលោ ប៉ាន គណៈធម្មយុត្តិកនិកាយ ព.ស ២៤០១ ~ ២៤៣៦ គ.ស ១៨៥៧ ~ ១៨៩៣ សម្ដេច​ព្រះសុគន្ធាធិបតី ប៉ាន សម្ដេចសម្ភព នៅ​ថ្ងៃព្រហស្បតិ៍ ១រោច ខែ​កត្ដិក ឆ្នាំ ចរ អដ្ឋស័ក ព.ស ២៣៧០ គ.ស ១៨២៦ ច.ស ១១៨៨ នៅ​ភូមិ​ព្រែក ព្រះស្ដេច ខេត្ត​បាត់ដំបង។
images/articles/1292/Untitled-1-Recovered.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ២៦,៦២១ ដង)
ឪពុក​ម្ដាយ​គួរ​តែ​បណ្ដុះ​គុណ​ធម៌​ ៥ ទៀត​ជា​គូ​នឹង​សីល ៥ ដល់​កូន ពេល​យើង​នាំ​កូន​ឲ្យ​ទៅ​ជួប​បណ្ឌិត​សប្បុស​ញយៗ អាច​ជា​បច្ច័យ​ឲ្យ​កូន​ដើរ​តាម​គន្លង​ល្អ​បាន។ យើង​ត្រូវ​ដឹង​ថា កូន​ខ្លះ​ឪពុក​ម្ដាយ​មិន​ស្ដាប់​ទេ អ្នក​ដទៃ​ទើប​ស្ដាប់​តាម​ព្រោះ​ឪពុក​ម្ដាយ​ជា​មនុស្ស​មាន​ពៀរ​ជា​មួយ​កូន​នោះ ធ្វើ​ឲ្យ​កូន​នោះ​មិន​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ស្ដាប់។ មនុស្ស​នៅ​ក្នុង​លោក​យើង​នេះ មិន​មែន​ចេះ​តែ​មាន​ពៀរ​ជា​មួយ​មនុស្ស​គ្រប់​គ្នា​នោះ​ទេ។
images/articles/1454/Untitled-1-Recovered.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ២៧,២២៥ ដង)
សីល​ធម៌​ឬ​សីល​៥ ពាក្យ​ថា សីលធម៌ មកពី សីល+​ធម៌ បាន​ទៅ​ជា​សីលធម៌។ សីល គឺ​ជា​ចេតនា​ដែល វៀរចាក​អំពើ​អាក្រក់ ការ​កាន់​ឬ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ​ វាចា ការ​កាន់​ចរិយាល្អ ការ​សង្រួម​អង្គ​នៃ ចរិយា មាយាទល្អ សេចក្ដី​ល្អ អំពើ​ល្អ ។ល។ ឯ​ពាក្យ​ថា ធម៌ ក្នុង​ទី​នេះ គឺ​សំដៅ​យក​តែ​ធម៌​ល្អ​ដែល​ជា​លទ្ធ​ផល​នៃ​ការ​ប្រព្រឹត្ត​ល្អ​គឺ សីល នោះ​ឯង រួមពាក្យ​ទាំង​ពីរ​បញ្ចូល​គ្នា​បាន​ជា សីល​ធម៌ បាន​សេចក្ដី​ថា
images/articles/1642/Untitled-1-Recovered.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១៨,៨៣៦ ដង)
ពាក្យ​ថា សីល មាន​ន័យ​ថា ការ​កាន់​ចរិយា​,ល្អ,សង្រួម,ចរិយា,នេះ​គឺ​ជា​ពាក្យ​ថា សីល។ពាក្យ​ថា សុខ បើជា​គុណ​នាម​គឺ​មាន​ន័យ​ថា ដែល​សប្បាយ​ ងាយ ស្រួល ស្រណុក សម្រាន្ត តែ​បើ​ជា​នាម​វិញ​មាន​ន័យ​ថា សេចក្ដី​សប្បាយ ដំណើរ​ងាយ ដំណើរ​ស្រួល ដំណើរ​ស្រណុក ជាដដើម។ មនុស្ស​ដែល​រស់​នៅ​លើ​ភព​ផែន​ដី​នេះគឺ​សុទ្ធ​តែ​ជា​អ្នក​មាន​សេចក្ដី​ប្រាថ្នា​ចង់​បាន​សុខ​គ្រប់ៗ​គ្នា ទាំង​គ្រហស្ថ​ទាំង​បព្វជិត ទាំង​អ្នក​មាន ទាំង​អ្នក​ក្រ​ជា​ដើមគឺ​ប្រាថ្នា​នូវ​សេចក្ដី​សុខ​ដូច​ៗ​គ្នា។សូម្បី​តែ​ចោរ ដែល​ខំ​លួច​កេង​ប្រវ័ញ្ច(​បញ្ឆោត​) គេ​ទាំង​យប់​ទាំង​ថ្ងៃ​គឺ​ដើម្បី​តែ​សេចក្ដី​សុខ​នោះ​ឯង។ មនុស្ស​ល្ងង់​ ចិត្ត​ដែល​ចង់​បាន​នូវ​សេចក្ដី​សុខ​គឺ​ច្រើន​តែ​ធ្វើ​អ្វី​ដែល​ខុស​ពី​ច្បាប់​នៃ​ការ​ពិត ឬ​ ខុស​ពីច្បាប់​នៃ​ធ្មជាតិ។មនុស្ស​ឆ្លាត​ ស្វែង​រក​នូវ​សេចក្ដី​សុខ គឺ​ ស្វែង​រក​ដោយ​ឧត្ដមបញ្ញា មិន​ដើរ​ផ្លូវ​កាត់​ព្រោះ​ហេតុ​តែ​ចង់​បាន​នូវ​សេចក្ដី​សុខ​នោះ​ឡើយ។អ្នក​ប្រាជ្ញ មិន​ដែល​ចម្រើន​នូវ​សេចក្ដី​សុខ​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ​ណា​ម្នាក់​ឡើយ។ សេចក្ដី​សុខ​ដែល​កើត​ឡើង ព្រោះ​តែ​ការ​បៀតបៀន​មនុស្ស​សត្វ​ទាំង​ឡាយ សេចក្ដី​សុខ​នោះ​គឺ​ជា​សេចក្ដី​សុខ​ក្លែង​ក្លាយ សេចក្ដី​សុខ​មិន​ពិត​ប្រាកដ​សូម្បី​តែ​សេចក្ដី​សុខ​មួយ​ចំណិត​បញ្ជាក់​ថា ត្រឹម​ត្រូវ​នោះ​គឺ​គ្មាន​សោះ​ឡើយ។ វិថី​ដួង​ចិត្ត​នៃ​អ្នក​ប្រាជ្ញ បាន​មើល​ឃើញ​យ៉ាង​ច្បាស់ពិត​ប្រាកដ​ថា សេចក្ដី​សុខ​ដែល​កើត​ឡើង​ព្រោះ​តែ​ការ​វៀរ​ចាក​នូវ​បាប​ធម៌​ទាំង​ឡាយ អសីលធម៌​ជា​ដើម។អ្វី​ទៅ​ជា​អសីលធម៌​នោះ គឺ ចិត្ត​ដែល​មិន​មាន​នូវ​សីល​នោះ​ឯង។សេចក្ដី​សុខ​៣​ប្រការ ដែល​ត្រូវ​បាន​សម្រាប់​ជន​ដែល​ឆ្លាត​ឈ្លាស​គឺ​មក​ពី​ការ​រក្សា​សីល​នោះ​ឯង។ សេចក្ដី​សុខ ៣ យ៉ាង​នោះ​គឺ ១- សុខ​ព្រោះ​ការ​សរសើរ ២- សុខ​ព្រោះ​មាន​ភោគៈ ៣- សុខ​ព្រោះ​បាន​នូវ​សម្បត្តិ​សុគតិ នេះ​គឺ​ជា​សេចក្ដី​សុខ ៣ យ៉ាង ដែល​កើត​ឡើង​ព្រោះ​តែ​ការ​រក្សា​សីល ហើយ​មិន​មែន​មាន​តែ​៣នឹង​នោះ​ទេ នៅ​មាន​ច្រើន​ទៀត​ដែល​មិន​អាច​នឹងយក​មក​ពណ៌នា​ឲ្យ​អស់​បាន។ ដូច្នេះ​ពុទ្ធបរិស័ទ​ទាំង​ឡាយ បើ​សិន​ជា​ចង់​បាន​នូវ​សេចក្ដី​សុខ​ពិត​មែន​នោះ គឺ ត្រូវ​តែ​នាំ​គ្នា​រក្សា​សីល​ឲ្យ​បាន​ល្អ កុំ​ឲ្យ​សីល​មាន​សេចក្ដី​សៅហ្មង មាន​មន្ទិល​ និង កុំ​ឲ្យ​សីល​ប្រឡាក់​ប្រឡូក​ដោយ​ភាព​មិន​បរិសុទ្ធ​ឲ្យ​សោះ ធ្វើ​បែប​នេះបាន​មែន នោះ​យើង​នឹង​បាន​នូវ​សេចក្ដី​សុខ​ពិត​ប្រាកដ​មិន​ខាន​ឡើយ។ ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា ដោយ​៥០០០​ឆ្នាំ​
images/articles/2270/Untitled-1-Recovered.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ២៧,៣៧៨ ដង)
សិក្ខាបទទី១​ថា បាណាតិបាតា វេរមណី គឺ​ចេតនាវៀរចាក ការសម្លាប់​ជីវិតសត្វ។សត្វ​មាន​ជីវិត​សំដៅ​យក​ពួក​សត្វ​ទាំងអស់ ទោះ​តូច​ល្អិតក្ដី ធំក្ដី មានវិញ្ញាណ ឬមិនមានវិញ្ញាណ កាល​បើ​មាន​ចេតនា​ក្លែងសម្លាប់​ឲ្យ​ស្លាប់ហើយ ក៏ឈ្មោះ​ថា បែកធ្លាយ​ឬដាច់សីល​បាណាតិបាត។ ពួករុក្ខជាតិ តិណជាតិ ដូចជាដើមឈើ ស្មៅជាដើម ដែលវានៅ​ស្រស់​មិន​ទាន់ងាប់ ដែល​យើង​តែងហៅ​ថា"ដើមឈើ​រស់​នៅមានជីវិត" វត្ថុ​ទាំង​នេះ​មិន​រាប់​ចូល​ថាជាសត្វ​មាន​ជីវិត​ដែល​ជាវត្ថុ​នៃបាណាតិបាត​ទេ ព្រោះ​ជីវិត​ក្នុងទី​នេះសំដៅ​យកជីវិត​របស់​សព្វសត្វ​ដែល​កើតអំពី​កម្មជាបច្ច័យ​តែម្យ៉ាង ដូច្នេះ​អ្នករក្សាសីល​ក៏អាច​កាប់ដក ស្មៅឬដើមឈើ​បាន លើកលែង​តែភិក្ខុ​ជាបព្វជិត​ចេញ ដែល​លោកមានសិក្ខាបទ គឺព្រះពុទ្ធជាម្ចាស់​ទ្រង់​ហាម។ - ការទម្លាយ​មេកំណើត​បដិសន្ធិរបស់បុរស ការដែលគ្រូពេទ្យ​ទម្លាយ​មេកំណើត បដិសន្ធិ​របស់​បុរស​ដើម្បី​មិន​ឲ្យ​កើត​បដិសន្ធិ​ឡើង មិនឈ្មោះ​ថា បាណាតិបាត​ទេ ព្រោះមេពូជ​កំណើត​បដិសន្ធិ​របស់​បុរស​ដែល​ហៅ​ថា ស្ពែម៉ាតូសូអេ នេះ សូម្បី​ផ្លូវ​ពេទ្យ​ពោល​ថា​កម្រើក​បាន​ក៏​ពិត​មែន តែពូជ​នោះ​មិនមាន​វិញ្ញាណ​បដិសន្ធិ។ នៅក្នុងកាមភូមិត​នេះ សត្វ​ដែល​កើត​ឡើង​ប្រាសចាក​វិញ្ញាណ​រមែង​មិន​មាន ដូច្នេះក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា​ទើប​មិន​រាប់​ថា​ជាសត្វ។ ពូជ​បដិសន្ធិបុរស​ឬស្ត្រី ត្រឹម​តែ​ជាឧតុជ្ជរូបកលាបៈ (សំណុំនៃ រូបកើត​អំពី​ឧតុ) ដែល​កើត​អំពី​លោភរបស់ បុរស ឬស្ត្រី ប៉ុណ្ណោះ ក្នុងការ​ដែល​ញ័រ​បាន​នោះ ក៏​ព្រោះរូបកលាបៈ​នោះ​មាន​វាយោធាតុ​ដែល​មាន​លក្ខណៈ​កម្រើក​ញ័រ​ទើប​ធ្វើ​ឲ្យ​ញ័រ​បាន ដូច​ជាកន្ទុយ​ជីងចក់​ដែល​ដាច់​ចេញអំពី​ខ្លួន ហើយ​អាច​នៅ​កម្រើក​បាន​ដូច្នោះ។បើ​ការ​ទម្លាយ​នោះ ជាការ​ទម្លាយ​ក្នុងកាល​ដែល​ពូជ​បដិសន្ធិ​របស់​បុរស​និង​ស្ត្រី​ដែល​បាន​ផ្សំ​គ្នា ហើយ​មាន​សត្វ​មក​ចាប់​កំណើត ហើយ​ការ​ធ្វើ​នោះ ចាត់​ជាបាណាតិបាត។ (ដកស្រង់ពីមតិរបស់អាចារ្យ​សទ្ធម្មជោតិកៈ) - អំពីការចាក់ថ្នាំបំបាត់រោគ លោកគ្រូ​ពេទ្យ​ចាក់ថ្នាំ​សម្លាប់​មេរោគផ្សេងៗ​នោះ មិនចាត់​ជាបាណាតិបាត​ទេ ព្រោះមេរោគ​ទាំង​នោះ​មិនមាន​វិញ្ញាណ​និង​ជីវិត​ដែល​កើត​ពីកម្ម គ្រាន់​តែ​ជា​ឧតុជ្ជរូបកលាបៈ​ជាប់ទាក់​ទង​ជាមួយ​អកុសលកម្ម​ខ្លះ កើត​អំពី​ឧតុខាង​ក្នុង​ខ្លះ ខាងក្រៅ​ខ្លះ និង​កើត​អំពី​អាហារ​ខ្លះ ក្នុងការ​ដែល​មេរោគ​នោះ​អាច​កម្រើក​បាន​ដូច​សត្វ​ខាង​ក្រៅ​ដែរ ក៏​ព្រោះ​អំណាច​នៃ​វាយោធាតុ​ដែល​មាន​នៅ​រូប​កលាបៈ​នោះៗ​ធ្វើ​ឲ្យ​រូបកលាបៈ​នោះ​កើត​ជាប់​គ្នា​មាន​ចំនួនច្រើន​ឡើង ប្រៀប​ដូច​ដើមឈើ​ដែល​បានទទួល​ធាតុត្រជាក់ និង​ក្ដៅអំពី​ដីជាដើម រមែង​ចម្រើន​លូតលាស់​បែកមែកសាខា​ចេញ​ទៅបានដូច្នោះ ម្យ៉ាង​ទៀត ត្រង់​ដែល​មេរោគ​ទាំង​នោះ​មិន​ចេះ​ស្លាប់​ដោយ​ខ្លួន​ឯង ក៏សម្ដែង​ឲ្យ​ឃើញ​ថា មេរោគនោះ​មិនមែន​សត្វ ព្រោះបើ​ជាសត្វ​ហើយ​ត្រូវ​តែស្លាប់​តាម​កំណត់​វេលា​ដូច្នេះ​មេរោគ​ទាំង​នោះ មានសភាព​ដូច​ច្រែះដែក​ស្នឹម​ដែក ឬស្លែទឹកតោងខឿន​ជញ្ជាំង​ដូច្នោះ។ - ​ការបរិភោគពងមាន់ឬពងទា​ដែល​មិនមាន​ពូជ​ឈ្មោល​ផ្សំ អ្នក​ដែល​បរិភោគ​នូវ​ពងមាន់​ឬពងទា ដែល​មិន​មានពូជឈ្មោល​ផ្សំ​នោះ រមែង​ឈ្មោះ​ថា ជាអ្នកបរិភោគ​នូវ​សត្វ​មានជីវិតគឺជា បាណាតិបាតកម្ម ព្រោះថា សូម្បីពង​នោះ​មិនមាន​ពូជ​ឈ្មោះ​ផ្សំ​ក៏ដោយ តែមាន​សត្វ​បដិសន្ធិ​ឡើង​ហើយ ទើប​កើត​ជាពង​ឡើង​បាន ព្រោះ​ហេតុ​ដែល​នាំឲ្យ​តាំងគគ៌​មាន ៨ យ៉ាង គឺ ១- ដោយការសេពមេថុនធម្ម ២- ដោយការ​យក​ទឹកអសុចិរបស់បុរស​មកដាក់​ត្រង់ទ្វារមគ្គ។ ៣- ដោយ​បុរសចាប់​ពាល់រាងកាយ ៤- ដោយបុរសស្ទាប​ផ្ចិត ៥- ដោយ​ស៊ីទឹកអសុចិរបស់បុរស ៦- ដោយឃើញ​រូបរាងរបស់បុរស ៧- ដោយឮសម្លេងរបស់​បុរស ៨- ដោយធំក្លិន​បុរស (ដកស្រង់អំពី​សមន្តប្បាសាទិកា អដ្ឋកថាព្រះវិន័យ) សេចក្ដី​នេះ​សម្ដែង​ឲ្យ​ឃើញ​ថា ការ​កើត​ឡើង​នៃ​សត្វក្នុងគគ៌ សូម្បី​មិនបាន​ផ្សំ​ដោយ​ពូជបុរស ក៏​អាច​មានហេតុដទៃៗ​ធ្វើឲ្យសត្វ​កើតឡើង​បាន​ដែរ ឧទាហរណ៍​ដូច​ជា​សត្វ​កុក ជាធម្មតា​មិនដែលមាន​សត្វ​កុកឈ្មោល តែ​កាល​មេកុក​ដល់​រដូវកាល​ហើយ គ្រាន់​តែឮសម្លេង​ផ្គរលាន់ មេសត្វ​កុក​ក៏តាំង​គគ៌ឡើង ឧទាហរណ៍​មួយ​ទៀត អំពី​មនុស្ស ដូចមាតារបស់​សុវណ្ណសាមពោធិសត្វ គ្រាន់​តែ​តាបស​ជាស្វាមី​យក​ដៃ​ស្ទាប​អង្អែល​ផ្ចិត​ប៉ុណ្ណោះ ក៏តាំងគគ៌ គឺសុវណ្ណសាម​ឡើង។តែបញ្ហា​នេះ តាមមតិវិទ្យាសាស្ត្របច្ចុប្បន្ន​ដោយ​ច្រើន​គេ​យល់​ថា មិនមាន​សត្វ តែសូមលោកអ្នករក្សាសីល​ទាំង​ឡាយ គួរពិចារណាឲ្យ​បាន​ល្អិតល្អន់​តទៅទៀតចុះ។ ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស រៀប​រៀង​ដោយ មេត្តាបាលោ ទឹម សឿត ដោយ​៥០០០​ឆ្នាំ
images/articles/2388/45g4ft4e6th4wgtf4ef5ythegszsfrztf.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១៣,៨៦៦ ដង)
មនុស្ស​យើង​គ្រប់​គ្នា តែង​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ជីវិត​រស់​នៅ​យូរ​អង្វែង ចង់​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ មិន​ចង់​ឲ្យ​មាន​រោគ​ផ្សេង ៗ ចង់​រស់​នៅ​ជួប​ជុំ​ភរិ​យា​ស្វា​មី កូន​ចៅ​ប្រុស​ស្រី ចង់​ឲ្យ​គេ​មាន​ភក្តី​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង មិន​ចង់​ឲ្យ​គេ​និយាយ​ភូត​ភរ​កុ​ហក​ បោក​ប្រាស់ ចង់​ឲ្យ​និយាយ​តែ​ពាក្យ​សច្ចៈ ពិត​ទៀង​ត្រង់ ចង់​​ឲ្យ​ខ្លួន​ឯង​បរិបូរ​ទៅ​ដោយ​បញ្ញា មិន​ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ឆ្គួត​ វិ​កល់​ចរិក​ មាន​សតិ​វិប្ប​លាស បាត់​បង់​បញ្ញា​ស្មា​រតី ចង់​ឲ្យ​ខ្លួន​ឯង​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​សុខ​គ្រប់​យ៉ាង . . . ។ បេ ។ យើង​ដែល​និយាយ​ថា​ចង់​បាន​ ៗ ៗ គ្រប់​គ្នា​នេះ ចុះ​ហេតុ​អ្វី​បាន​ជា​យើង​មិ​នព្រម​នាំ​គ្នា​ធ្វើ​នូវ​ប្រ​យោជន៍ ដែល​នាំ​ឲ្យ​បាន​នូវ​របស់​ទាំង​អស់​នោះ ចេះ​តែ​ស្រែង​ក្តែង ៗ ថា ចង់​បាន​នេះ ចង់​បាន​នោះ ចង់​ឲ្យ​ខ្លួន​ឯង​មាន​សេចក្តី​សុខ​ណាស់ តែ​មិន​ព្រម​នាំ​គ្នា​ធ្វើ​នូវ​ហេតុ​ដែល​នាំ​ឲ្យ​មាន​នូវ​សេចក្តី​សុខ តើ​នឹង​មាន​សេចក្តី​សុខ​ពី​ណា​មក ? ដោយ​ហេតុ​តែ​ចង់​ឲ្យ​ជី​វិត​របស់​ខ្លួន​រស់​នៅ​យើន​យូរ តែ​បែរ​ជា​ទៅ​បៀត​បៀន​ជី​វិត​អ្នក​ដទៃ តើ​នេះ​ឈ្មោះ​ថា យើង​កំពុង​តែ​សាង​នូវ​ភាព​ជា​អ្នក​មាន​អាយុ​វែង​ឬ ? ចង់​មាន​ទ្រព្យ​សម្បត្តិ​តែ​បែរ​ជា​ទៅ​លួច​ទ្រព្យ​អ្នក​ដទៃ ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន ចង់​មាន​សេចក្តី​សុខ តែ​បែរ​ទៅ​ប្រព្រឹត្តិ​បំ​ពាន​លើ​សេចក្តី​សុខ​របស់​អ្នក​ដទៃ សួរ​ថា​តើ​អំពើ​ទាំង​អស់​នេះ​វា​សម​គួរ​ដែរ​ឬ ? ព្រះ​បរម​សា​ស្តា​ចារ្យ​ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​ថា បើ​យើង​ចង់បាន​អាយុ​វែង ចង់​បាន​ទ្រព្យ​ស្តុក​ស្តម្ភ ចង់​ឲ្យ​ឯង​មាន​សេចក្តី​សុខ​នៅ​ក្នុង​ក្រុម​គ្រួសារ ចង់​ឲ្យ​គេ​មាន​ភាព​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង និង​ចង់​មាន​បញ្ញា គឺ​ត្រូវ​វៀក​ចាក​បញ្ច​វេ​រា​ទាំង ៥ គឺ​សីល​ ៥ នឹង​ឯង ពីព្រោះ​អ្នកមាន​សីល​ ៥ រមែង​បាន​ទទួល​នូវ​គុណ​ធម៌​ដូច្នេះ​គឺ -សីល​ទី ១ មិន​បៀត​បៀន​ជី​វិត​អ្នក​ដទៃ​គឺ​មិន​សម្លាប់​សត្វ​នាំ​ឲ្យ​មាន​ធម៌ មេត្តា ។ -សីល​ទី ២ មិន​លួច​ទ្រព្យ​គេ នាំ​ឲ្យ​មាន​ធម៌ សម្មា​អាជីវៈ ។ -សីល​ទី ៣ មិន​ប្រ​ព្រឹត្ត​ខុស​ក្នុង​កាម នាំ​ឲ្យ​យើង​មាន​នូវ​ធម៌ សទារន្តោសៈ ។ -សីល​ទី ៤ មិន​និយាយ​កុហក នាំ​ឲ្យ​មាន​ធម៌ សច្ចៈ ។ -សីល​ទី ៥ មិន​ផឹក​នូវ​ទឹក​ស្រ​វឹង នាំ​ឲ្យ​មាន​ធម៌ សតិ​សម្បជញ្ជៈ ។ សីល​ទាំង ៥ នេះ​ដែល​មនុស្ស​គួរ​តែ​ខំ​ប្រឹង​ប្រែង​រក្សា​ឲ្យ​ដូច​ជា​យើង​រក្សា​នូវ​ជី​វិត​របស់​​ដូច្នោះ​ដែរ ដើម្បី​បាន​ជា​មាគ៌ា​សម្រាប់​ជីវិត​របស់​យើង ដែល​ធ្វើ​ដំ​ណើរ​ទៅ​លោក​ខាង​មុខ​នឹង​បាន​ជា​គ្រឿង​ប្រដាប់​ សម្រាប់​តម្រែ​ តម្រង់ និង​កែ​តម្រូវ​ផ្លូវ​នៃ​ជី​វិត​របស់​ខ្លួន​ឲ្យ​ប្រ​កាន់​តែ​​ប្រ​សើរ​ ។ ដកស្រង់ចេញពីសៀវភៅៈ សមាធិ​សម្រាប់​កុមារា កុ​មារី យុវជន យុវតី រៀបរៀងដោយៈ ព្រះ​បាឡាក់ សម្បត្តិ​ចន្ទ​សុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ ) វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/3058/ima_______________ge.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១០,៨៦៣ ដង)
ឧបោសថសីល មាន​៣យ៉ាង​គឺៈ ១. បកតិឧបោសថ ឧបោសថ​តាមធម្មតា។ កាលនៃ​បកតិឧបោសថ​នេះ ​មាន​៨ថ្ងៃ​​ក្នុង​មួយ​ខែគឺ ជុណ្ហបក្ខ (បក្សខ្នើត) ៤ថ្ងៃ កាលបក្ខ (បក្សរនោច) មាន​៤ថ្ងៃ បក្សខ្នើត ៤ថ្ងៃគឺ ៥កើត ៨កើត ១៤កើត ១៥កើត។ បក្សរនោច ៤ថ្ងៃគឺ ៥រោច ៨រោច ១៤រោច ១៥រោច។ ថ្ងៃ​នៃ​បកតិឧបោសថ​នេះ ក្នុងសម័យ​ពុទ្ធកាល មានតែ​៦ថ្ងៃ។ ​ថ្ងៃ​៥កើត និង​៥រោច ជាកាល​នៃ​ការស្តាប់​ធម៌ទេសនា​ក្នុង​ពេលនោះ ក្រោយមក​ព្រះសង្គាហកត្ថេរ​ទាំងឡាយ លោក​លើក​ឡើង​រាប់​បញ្ចូល​ជា​ថ្ងៃ​ឧបោសថ ទើប​បកតិឧបោសថ​មាន ៨ថ្ងៃក្នុង​មួយខែ។ ២. បដិជាគរុបោសថ ឧបោសថរបស់បុគ្គល​អ្នក​ភ្ញាក់រលឹក ជន​ទាំងឡាយ​កាល​រក្សា​នូវ​ឧបោសថនេះ រមែង​រក្សា​ដោយ​អំណាច​នៃ​កិរិយា​ក្រោក​ឡើង​ទទួល និង​ជូន​តាម​នៃ​ថ្ងៃ​ឧបោសថ​នីមួយៗ (ឧបោសថ ៤ថ្ងៃ) ក្នុង​កន្លះខែ។ កាលនៃបដិជាគរុបោសថ មាន​ចំនួន ១១ថ្ងៃក្នុង​មួយខែ។ ជុណ្ហបក្ខ (បក្សខ្នើត) មាន ៥ថ្ងៃ​គឺ ៤កើត ៦កើត ៧កើត ៩កើត ១៣កើត។ កាលបក្ខ (បក្សរនោច) បើខែ​ពេញ មាន​ ៦ថ្ងៃ គឺ​បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១៣រោច បើខែ​មិន​ពេញ មាន​៦ថ្ងៃ​គឺ បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១២រោច។ រួមឧបោសថទាំងជុណ្ហបក្ខ និងកាលបក្ខ គឺមួយខែមានថ្ងៃឧបោសថ ១៩ថ្ងៃ។ ៣.បាដិហារិយុបោសថ ឧបោសថដែលបុគ្គលគប្បីរក្សា។ ខែ​ប្រកប​ដោយ​រដូវ​ភ្លៀង ៤ខែ គឺ អាសាធ ១ ស្រាពណ៌ ១ ភទ្របទ ១ អស្សុជ ១ កត្តិក ១ ជា​កាល​នៃ​បាដិហារិយបក្ខ។ ក្នុងរាជសុត្តវណ្ណនា មាន​សេចក្តីថា និពទ្ធុបោសថ គឺឧបោសថ​ដែលគេ​រក្សា​ជាប់​ជានិច្ច មិន​ដាច់​អស់​កាល ៣ខែ ក្នុង​ខាង​ក្នុង​វស្សា​ក្តី ឧបោសថ​​ដែល​បុគ្គល​រក្សា​ជាប់​ជានិច្ច មិន​ដាច់​អស់​កាល ១ខែ ត្រង់​ចន្លោះ​បវារណា​ទាំង​ពីរ​ក្តី ឧបោសថ​​ដែល​គេ​រក្សា​ជាប់​ជានិច្ច មិន​ដាច់​ត្រឹម​កន្លះខែ ចាប់​ពី​ថ្ងៃ​បវារណា​ទី១ ទៅក្តី ហៅថា បាដិហារិយបក្ខ។ ក្នុងតដ្តិកា បាន​បញ្ជាក់ថា និពទ្ធុបោសថ ឈ្មោះថា បាដិហារិយបក្ខ​នោះ ព្រោះ​ជា​ឧបោសថ​ គឺ​បុគ្គល​គប្បីរក្សា គឺថា​ប្រព្រឹត្ត​ជាប់​រៀង​រាល់​ឆ្នាំ។ បាដិហារិយបក្ខ មានន័យថា បក្សនៃ​បាដិហារិយុបោសថ បាន​ដល់​បក្ស​ទាំងពីរ​យ៉ាង​គឺ ឧបនីហរណកបក្ខ ១ បាដិជគ្គនកបក្ខ ១។ ឧបនីហរណកបក្ខ បានដល់បក្សនៃការរក្សាបកតិឧបោសថ​ ជុណ្ហកបក្ស មាន​៤ថ្ងៃ កាលបក្ស មាន ៤ថ្ងៃ។ បដិជគ្គនកបក្ខ បានដល់បក្សនៃការរក្សានូវបាដិជាគរុបោសថ ជុណ្ហកបក្ស មាន ៥ថ្ងៃ កាលបក្ស មាន ៦ថ្ងៃ។ អាចារ្យដទៃពោលថា ខែ៣ គឺ អាសាធ ១ កត្តិក ១ ផល្គុណ ១ ជាបាដិហារិយបក្ខ។ អាចារ្យដទៃទៀតពោលថា ថ្ងៃ ៤ៗ ពោលគឺ ១៣កើត ១រោច ៧រោច ៩រោច រៀង​រាល់​បក្ស ដោយ​អំណាច​នៃ​ថ្ងៃ​ខាង​ដើម និង​ខាងចុង​នៃ​ថ្ងៃ​បក្ខុបោសថ ជា​បាដិហារិយបក្ខ។ ពាក្យ​ណា​គាប់ចិត្ត បុគ្គល​អ្នក​មាន​សេចក្តីប្រាថ្នា​នូវ​បុណ្យ គប្បី​កាន់​យក​ពាក្យ​នោះ​តាម​សេចក្តី​គាប់​ចិត្ត​ចុះ។ សេចក្តីសម្រេចក្នុងគម្ពីរ មង្គលត្ថទីបនី បានបញ្ជាក់អំពី​ឧបោសថ ដែល​មាន​ក្នុង​សម័យ​ពុទ្ធកាល​ថា កាលនៃ​បកតិឧបោសថ​ ក្នុងមួយខែ​មាន ៨ថ្ងៃ។ កាលនៃ​បដិជាគរុបោសថ ក្នុង​មួយខែ​មាន ១១ថ្ងៃ។ ខែប្រកប​ដោយ​រដូវ​ភ្លៀង​ទាំងអស់ ជាកាល​នៃ​បាដិហារិយុបោសថ។ ថ្ងៃដែលត្រូវរក្សាឧបោសថ​សីល ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​កំណត់ហើយ​នោះ ពិត​ជា​មាន​ប្រយោជន៍ ហេតុដូច្នេះ ពុទ្ធបរិស័ទ​ដែល​ជា​អ្នក​ស្រឡាញ់​ព្រះពុទ្ធ​សាសនា ដើម្បី​កុំ​ឲ្យ​ធម៌​វិន័យ​នៃ​ព្រះពុទ្ធ​បរមគ្រូ​ជាម្ចាស់​សាបសូន្យ គួរតែ​គោរព​ប្រតិបត្តិ​តាម​កាល​កំណត់​នៃ​ថ្ងៃ​ឧបោសថ ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​សំដែង​ហើយ។ បុគ្គលកាលរក្សានូវបដិជាគរុបោសថ ១ខែមាន ១១ថ្ងៃ។ ឯបុគ្គលរក្សានូវ​បាដិហារិយុបោសថ ត្រូវ​រក្សា​ឧបោសថសីល​គ្រប់​ថ្ងៃនៃ​ឧបោសថ​ទាំងអស់ តាម​បាដិហារបក្ស មិនបាន​លះបង់​នូវ​ថ្ងៃ​ឧបោសថ សូម្បី​តែ​មួយថ្ងៃ​ឡើយ ហើយ​ត្រូវ​ប្រកប​ដោយ​ខែ​ជារដូវ​ភ្លៀង​ ៤ខែផង។ ដោយ៥០០០ឆ្នាំ (ប្រភពដកស្រង់)
images/articles/3059/2book.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១៥,២៧៣ ដង)
សីល​មាន​ន័យថា ទំលាប់ ឬប្រក្រតី ដោយ​សេចក្តីពីរយ៉ាងគឺ សមាធាន កិរិយាដម្កល់ដោយប្រពៃ គឺ​ភាព​មិន​រាត់រាយ​នៃកាយកម្ម វចីកម្ម មនោកម្ម ដោយ​អំណាច​នៃ​ខ្លួន​ជាអ្នក​មាន​សីល​ល្អ​បរិសុទ្ធ។ ឧបធារណៈ កិរិយាចូលទៅទ្រទ្រង់ គឺភាព​ទ្រទ្រង់​ដោយ​អំណាច​នៃ​ការ​ដម្កល់​នៃ​ធម៌​ជា​កុសល​ទាំងឡាយ កុសល​ទាំងនោះ ទុកជា​រូបាវចរកុសល​ក្តី អរូបាវចរ​កុសល​ក្តី ដែលតាំង​នៅ​​ស្ថិត​ស្ថេរ​បាន អាស្រ័យ​មាន​សីល​ជា​ឫសគល់ បើគ្មាន​សីល​ជា​ឫសគល់​ទេ កុសល​ទាំងនោះ ក៏​រលត់​រលាយ​បាត់ទៅ ព្រោះហេតុ​នោះ សាធុជន អ្នក​ចង់បាន​សេចក្តី​សុខ ដែល​ត្រូវ​ញុំាង​កុសល​ជា​រូបាវចរ ឬ​លោកុត្តរ ឲ្យ​កើតឡើង​ក្នុង​សន្តាន​នៃ​ខ្លួន ក៏គប្បី​ជម្រះ​សីល​ដែល​ខ្លួន​បាន​សមាទាន​ហើយ​ ឲ្យស្អាត​បរិសុទ្ធ​ផូរផង់ កុំគប្បី​ឲ្យ​មាន​សេចក្តី​សៅហ្មង​ឡើយ។​ ន័យម្យ៉ាងទៀត សីល​មាន​ន័យ​ ៤​ផ្សេង​ទៀតគឺសិរដ្ឋោ មាន​អត្ថ​ថា​ កំពូល។ សីល​ជាគុណជាតិមួយ ជាគ្រឿង​ប្រក់​រក្សា​ទុកនូវ​កុសល​ដទៃ​ មានកុសល​ថ្នាក់​សមាធិ ឬកុសល​ថ្នាក់​វិបស្សនា​ជាដើម ព្រោះ​ហេតុថា កុសល​ទាំង​អស់នោះ កាលបើ​គ្មាន​សេចក្តី​សង្រួម គឺសីល​ជា​ខាង​ដើម​ទេ នោះក៏​មិន​កើត​ឡើង​បាន។ ប្រសិន​ណាបើ​កុសល​ទាំង​អស់នោះ​បាន​កើតឡើង​ហើយ ដោយ​មាន​សីល​ជាហេតុ​ខាង​ដើម តែ​ដល់​ពេលក្រោយ សីល​នោះ​រលត់​បាត់​ទៅ កុសល​ទាំងអស់​នោះ ក៏ត្រូវ​សាប​សូន្យ​ទៅវិញ​ដែរ។ សីសដ្ឋោ មាន​អត្ថថា ក្បាល។ សត្វទាំងឡាយ បើគ្មានក្បាល​ទេ ក៏ត្រូវ​ស្លាប់​អស់​ជីវិត​ទៅ មាន​ឧបមា​យ៉ាងណា កុសល​ទាំងឡាយ មាន​កុសល​ថ្នាក់​សមាធិ បញ្ញា និង​លោកុត្តរ ដែល​កើតឡើង និង​មាន​ការ​ប្រព្រឹត្ត​រីកចំរើន​ទៅបាន ក៏ព្រោះ​តែសីល កាលបើ​គ្មាន​សីល​ហើយ កុសល​ទាំងនោះ​ក៏​ត្រូវ​រលត់​សាប​សូន្យទៅ ក៏មាន​សេចក្តី​ឧបមេយ្យ​យ៉ាង​នោះ​ដែរ។ សីតលដ្ឋោ សីលមានអត្ថថា ត្រជាក់។ សីល​ជាគុណជាតិ​មួយ បដិបក្ខ​នឹង​ទោសៈ កាល​បើ​សីល​កើតឡើង​ក្នុង​សន្តាន​ចិត្ត​ហើយ ទោសៈ (ធម្មជាតិ​ប្រទូស្ត​ក្នុង​អារម្មណ៍) ក៏​រលត់​ទៅ កិលេស គឺទោសៈ​នេះហើយ ដែលជា​តួ​ភ្លើងមួយ តែង​ដុត​កំដៅ​នូវ​ចិត្ត​សត្វ​ឲ្យ​ក្តៅ​ក្រហល់​ក្រហាយ​ឆេះឡើង​បណ្តាល​ឲ្យសត្វ​​ទាំងឡាយ សាង​នូវ​អំពើ​បាប​ប្រកប​ដោយ​កាយ វាចា ចិត្ត មាន​ការ​សម្លាប់​សត្វ​ ជេរប្រទេច​ជាដើម ដែល​ឲ្យ​ផល​ជាទុក្ខ​ក្នុង​សំសារវដ្ត។ សត្វ​ទាំងអស់ កាលបើ​បាន​ធ្វើ​នូវ​សេចក្តី​សង្រួម​កាយ វាចា ចិត្ត​ឲ្យ​ផុត​ចាក​បាបកម្ម​ ជាង្នក​មិនមាន​ទោសៈ មាន​ចិត្ត​ស្ងប់​ស្រួល កាយកម្ម​ក៏​ស្ងប់ វចីកម្ម ក៏ស្ងប់ មនោកម្ម​ក៏ស្ងប់ ម្ល៉ោះ​ហើយ​សត្វ​ទាំងនោះ ក៏ដល់​នូវ​ការ​ត្រជាក់​សុខស្រួល ផុត​ចាក​ពៀរ​វេរា​គ្រប់​យ៉ាង​ដែល​កើត​អំពី​បាបកម្ម រស់នៅ​ជាសុខ​ក្នុង​បច្ចុប្បន្ន​ជាតិនេះ នឹង​បាន​សុខ​តទៅ​ក្នុង​លោក​ខាងមុខ​ថែមទៀត។ សិវដ្ឋោ មានអត្ថថា ក្សេមក្សាន្ត។ មាន​ព្រះពុទ្ធដីកា​ថា សីលេន និព្វុតឹ យន្តិ សត្វ​ទាំង​ឡាយ​ទៅដល់​ព្រះនិព្វាន​ជាទី​រលត់​បង់នូវ​សេចក្តី​ទុក្ខ​គ្រប់​យ៉ាង ក៏ព្រោះ​សីល។ ព្រះ​និព្វាន ជាទី​សុខ​ក្សេមក្សាន្ត ចាក​សេចក្តី​ទុក្ខ​​គ្រប់យ៉ាង ព្រះយោគាវចរ ដែល​បាន​ដល់​ទី​នោះ មិនមែន​បាន​ដោយ​ហេតុ​ដទៃឡើយ គឺដល់​ព្រះនិព្វាន​ដោយ​អាស្រ័យ​សេចក្តី​ប្រតិបត្តិ​ក្នុង​សមថវិបស្សនា​កម្មដ្ឋាន ដែល​មាន​ការ​រក្សាសីល​ជាហេតុ។ ម្យ៉ាងទៀត សូម្បី​សត្វ​ទាំងឡាយ ដែល​នៅ​អន្ទោល​ទៅ​មកក្នុង​ភពបី ដែល​បាន​ទទួល​សោយ​នូវ​សេចក្តី សុខ​ដ៏ច្រើន ក៏ព្រោះ​​ការ​រក្សាសីល​ជាហេតុ ដូច​ពុទ្ធដីកា​ថា សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សត្វទាំងឡាយទៅកាន់​សុគតិ ក៏ព្រោះ​សីល ការ​បរិបូណ៌​ដោយ​ភោគ​សម្បត្តិ ក៏ព្រោះ​សីល។ សត្វ​ទាំងឡាយ ដែល​មិនបាន​សេចក្តី​សុខ តែង​ជួប​នូវ​សេចក្តី​ទុក្ខ​លំបាក និង​មហន្តរាយ មាន​ការ​កើត​ក្នុង​មហានរក ប្រេត​ អសុរកាយ តិរច្ឆាន ព្រោះ​តែ​គ្មាន​សីល។ សត្វ​ទាំងឡាយ​ដែល​កើត​ក្នុង​ភពបី បាន​សោយ​នូវ​ទោស ៥យ៉ាង គឺ អាយុ​ខ្លី ១ វិនាសទ្រព្យ ១ ខ្ទើយ ឬច្រើន​ដោយ​ការ​ជាប់ចោទ​អំពី​សំណាក់​នៃ​ជន​ដទៃ ១ ការ​ពោល​បង្កាច់​បង្ខូច​ចំពោះ​ពាក្យដែល​ខ្លួន​ពោល​ពិតហើយ ១ ការ​ឆ្កួត​លីលា​វង្វេង ១ ព្រោះ​ទោស​ គឺការមិន​រក្សា​សីល​ហ្នឹងឯង។ សីល មានធម៌ពីរយ៉ាង ជាហេតុពិត។ ហិរិ សេចក្តីខ្មាសបាប។ មាន​ឧបមា ដូចជាបុរសខ្ពើមលាមក មិនចង់​ចាប់ពាល់​ដោយ​ដៃ​យ៉ាងណា បាបធម៌ បុគ្គលគួរ​ខ្ពើម មិនប្រព្រឹត្ត​អំពើបាប​នោះ ក៏យ៉ាងនោះដែរ។ ឱត្តប្ប សេចក្តីតក់ស្លុតនឹងអំពើបាប។ មានឧបមា ដូចជា​បុគ្គល​មិន​ចាប់​ពាល់​នូវ​ភ្លើង​ដែល​កំពុង​​ឆេះ ព្រោះ​ខ្លាច​រលាក​យ៉ាងណា បុគ្គល​មិន​គួរ​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​ខ្លាច​ទោស​នៃ​អំពើ​បាប​នោះ​ឲ្យផល​ ក៏យ៉ាង​នោះ​ដែរ។ សេចក្តីពិតថា កាលដែលហិរិ និង​ឱត្តប្បមាន សីល​រមែង​កើតឡើងផង ស្ថិតនៅផង តែបើ​ហិរិ និង​ឱត្តប្ប​មិនមាន​ទេនោះ សីល​កើតឡើង តែ​មិនស្ថិតនៅ។ អានិសង្សរបស់សីលក្នុងគម្ពីរវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យ​កើត​ឡើង​អវិប្បដិសារៈ (សេចក្តី​មិន​ក្តៅក្រហាយ​ស្តាយ​ក្រោយ)។ អវិប្បដិសារៈ​កើតឡើង ជាបច្ច័យ​ឲ្យកើត​បាមោជ្ជៈ (សេចក្តី​រីករាយ​​ទន់)។ បាមោជ្ជៈ​កើតឡើង ជាបច្ច័យ​ឲ្យ​កើត​បីតិ (សេចក្តី​ឆ្អែត​ចិត្ត)។ បីតិកើត​ឡើង​ហើយ ជាបច្ច័យ​ឲ្យ​កើត​បស្សទ្ធិ (សេចក្តី​ស្ងប់​កាយ​ស្ងប់​ចិត្ត)។ បស្សទ្ធិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យ​កើត​សុខ (សេចក្តី​ស្រួល​កាយ ស្រួលចិត្ត)។ សុខ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​សមាធិ (ការ​តម្កល់​ចិត្ត​នឹង)។ សមាធិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​យថាភូតញ្ញាណទស្សន (ប្រាជ្ញាដែល​ដឹង​ច្បាស់ ឃើញ​ច្បាស់​នូវ​ធម៌​តាមពិត)។ យថាភូតញ្ញាណទស្សន​កើតឡើងហើយ ជាបច្ច័យ​ឲ្យកើត​និព្វិទា (សេចក្តី​នឿយណា)។ និព្វិទា​កើត​ឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិរាគ (ការ​ប្រាសចាក​តម្រេក)។ វិរាគ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិមុត្តិ (ការរួច​ផុត​ស្រឡះ​ចាក​កិលេស)។ វិមុត្តិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិមុត្តិញ្ញាណទស្សន (ប្រាជ្ញា​ដឹងច្បាស់ ឃើញ​ច្បាស់​ថា រួច​ផុត​ស្រឡះ​ចាក​កិលេស)។ អានិសង្ស​សីល ៥ទៀតគឺ ១. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែង​បាន​នូវ​គំនរ​ភោគសម្បត្តិ​ដ៏​ច្រើន ដែល​មាន​សេចក្តី​មិន​ប្រមាទ​ជាហេតុ។ ២. កល្យាណកិត្តិស័ព្ទរបស់អ្នកមានសីល មានសីល​ពេញ​លេញ រមែង​ផុសផុល​ឡើយ។ ៣. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែង​ចូលទៅ​កាន់​បរិស័ទ​ណាមួយ ទុក​ជា​ខត្តិយ​បរិស័ទក្តី ព្រាហ្មណ​បរិស័ទ​ក្តី គហបតិ​បរិស័ទ​ក្តី សមណ​បរិស័ទ​ក្តី ជាអ្នក​ក្លៀវ​ក្លា មិន​អៀន​អន់​ចូល​ទៅរក។ ៤. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ ជាអ្នក​មិនវង្វេង ធ្វើ​កាលកិរិយា (ស្លាប់)។ ៥. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ បន្ទាប់​អំពី​បែកធ្លាយ​កាយ​ទៅ រមែង​ចូល​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក។ (បិ. ៥៧, ឃ.២៤២) សិក្ខាបទ ៥ បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។ អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។ កាមេសុមិច្ឆាចារា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្តខុស​ក្នុង​កាម​ទាំង​ឡាយ។ មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។ សិក្ខាបទ ១០ បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។ អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។ អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​មិន​ប្រសើរ គឺ​សេព​នូវ​មេថុនធម្ម។ មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។ វិកាលភោជនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស។ នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​រាំ និង​ច្រៀង និង​ប្រគំ និង​មើល​នូវ​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌។ មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ទ្រទ្រង់ និង​ប្រដាប់​តាក់តែង និង​ស្អិតស្អាង (រាងកាយ) ដោយ​ផ្កា​កម្រង និង​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ។ ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុ​វៀរចាក​ទីសេនាសនៈ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​សេនាសនៈ​ដ៏​ប្រសើរ។ ជាតរូបរជតប្បដិគ្គហនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ទទួល​កាន់​យក​​នូវ​មាស និង​ប្រាក់ ដោយ​ខ្លួន​ឯង ឬប្រើ​អ្នកដទៃ​ឲ្យ​ទទួល​កាន់យក​ហើយ​ត្រេកអរ​ចំពោះ​មាស និង​ប្រាក់​នោះ។ សិក្ខាបទ ៨ បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។ អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។ អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​មិន​ប្រសើរ គឺ​សេព​នូវ​មេថុនធម្ម។ មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។ វិកាលភោជនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស។ នច្ចគីតវាទិតវិសូកទស្សនា មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​រាំ និង​ច្រៀង និង​ប្រគំ និង​មើល​នូវ​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌ និង​ទ្រទ្រង់ និង​ប្រដាប់​តាក់តែង និង​ស្អិតស្អាង (រាងកាយ) ដោយ​ផ្កា​កម្រង និង​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ។ ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុ​វៀរចាក​ទីសេនាសនៈ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​សេនាសនៈ​ដ៏​ប្រសើរ។ ដោយ៥០០០ឆ្នាំ
images/articles/3145/bvhj6645e.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ៧,២៣២ ដង)
សីលសូត្រ ទី៣ [១១៣] ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីលនេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ក្នុងលោកនេះ តែងដល់នូវសេចក្តីវិនាសសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី១ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ តែងមានកិត្តិសព្ទដ៏អាក្រក់ខ្ចរខ្ចាយទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី២ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ក៏គ្មានក្លៀវក្លា តែងមានមុខឱនចុះ ដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៣ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងស្លាប់វង្វេងស្មារតី ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៤ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៥ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីលនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសីល បរិបូណ៌ដោយសីល ក្នុងលោកនេះ តែងបាននូវគំនរសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ១ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ តែងមានកិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ២ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី តែងក្លៀវក្លា មិនឱនមុខចុះដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៣ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល តែងស្លាប់ មិនវង្វេងស្មារតីឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៤ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៥ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីល មាន ៥ យ៉ាងនេះឯង។ សីលសូត្រ ទី ៣ ឬ ទោស ៥ យ៉ាង របស់បុគ្គលទ្រុស្តសីល បិដក ៤៥ ទំព័រ ២៤៧ ឃ្នាប ១១៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3280/_____________________.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ៧,៣៦៤ ដង)
សិក្សា​ប្រវត្តិ​ដូនជី តាមការយល់ឃើញរបស់មនុស្សទូទៅ ពាក្យថាដូនជី គឺជាស្ត្រី ដែលកោរសក់ កោរចិញ្ចើម ស្លៀកសពាក់ស និងរក្សា​សីល​៨ ។ ដូនជីមានប្រវត្តិតាំងអំពីសម័យព្រះពុទ្ធអង្គគង់ព្រះជន្មនៅឡើយម្លេះ ដោយសារព្រះអង្គទ្រង់ត្រាស់ហៅដូនជីថាជា ឧបាសិកា ។ ដូនជីចាត់ទុកជាសាវិកា {សាវ័កស្រី} មួយប្រភេទនៅក្នុងចំណោមពុទ្ធបរិស័ទទាំងបួន​ពួក ក្នុង​ព្រះពុទ្ធ​សាសនា ដោយ​លោក​បាន​សម្តែង​ទុកយ៉ាងច្បាស់នៅក្នុងព្រះត្រៃបិដក ។ តើកំណើតនៃដូនជីនៅក្នុងស្រុកខ្មែរមានតាំង​ពីពេល​ណា​មក ហើយ​ការ​បួស​ធ្វើជា​ដូន​ជីមានបំណង និងទិសដៅអ្វីខ្លះ? លោក បុណ្យ ប៊ុនសារ៉ាត់ សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជ បានលើកឡើងថា ដូនជីនេះមាន​តាំងពីសម័យព្រះពុទ្ធទ្រង់គង់នៅម្លេះ តែចំណែកប្រវត្តិដូនជី ដែលកើតមាននៅក្នុងស្រុកខ្មែរយើង មិន​មាន​ប្រភព​ណា​មួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ថា មាន​តាំង​ពីពេលណាមកទេ ប៉ុន្តែបើតាមការ​សន្និដ្ឋាន គឺ​ប្រហែល​ជា ហូរ​ចូល​មក​ព្រម​គ្នា​នឹង​សាសនា​ថេរវាទម្លេះ។ លោកបានបន្តទៀតថាដូនជីមានច្រើនប្រភេទដូចជា ដូនជី ស្លៀក​ពាក់​ពណ៌​ខ្លឹម​ខ្នុរ កោរ​សក់ កោរ​ចិញ្ចើម សមាទាន​សីល ១០ ជា​សីល​របស់​សាមណេរ ដូនជីប្រភេទនេះ​មាន​នៅ​ប្រទេស​ភូមា គេ​ហៅ​ថា សីលចារិនី, ដូនជី ស្លៀក​ដណ្តប់​សំពត់​ពណ៌លឿង កោរសក់ កោរចិញ្ចើម សមាទាន​សីល​៨​ក៏​មាន សីល​១០​ក៏មាន ដូនជី​ប្រភេទ​នេះ​ហៅ​ថា សង្ឃនី, ដូនជី ស្លៀក​ដណ្តប់​សំពត់​ពណ៌​ស មិន​កោរ​សក់ មិនកោរចិញ្ចើម ហើយ​សមាទាន​សីល​៨ ហៅថា ជី​ព្រាហ្មណ៍ ឬ​ឧបាសិកា ព្រោះ​យក​លំ​នាំ​តាមបែប​ព្រាហ្មណ៍ ដែល​និយម​ស្លៀក​ដណ្តប់​សំពត់​ពណ៌​ស ការ​បួស​បែប​នេះ គឺបួស​រយៈ​ពេល​ខ្លីតែ​ប៉ុណ្ណោះ, និង​ដូន​ជី ស្លៀក​ដណ្តប់​សំពត់​ពណ៌​ស កោរ​សក់ កោរចិញ្ចើម សមាទាន​សីល​៨ ឬ​សីល​១០ ជា​និច្ច​កាល។ លោកបានបញ្ជាក់ផងដែរថា ការបួសធ្វើជាដូនជី គឺមានទិសដៅដូចគ្នាទៅនឹងភិក្ខុ សាមណេរ​ដែរ គឺដើម្បីរួមចំណែកក្នុងការជួយអប់រំ និងដឹកនាំមនុស្ស ដើម្បីស្វែងរកសេចក្តីសុខសន្តិភាពជូនសង្គមមនុស្ស, ជួយផ្តល់នូវចំណេះដឹងផ្លូវធម៌ដល់សង្គម, រួមចំណែកជួយពង្រឹងព្រះពុទ្ធសាសនា តាមរយៈការប្រតិបត្តិដើម្បីឲ្យបាននូវសីល សមាធិ បញ្ញាដល់សាសនិកជន, រួមចំណែកក្នុងការការពារវប្បធម៌ និងអរិយធម៌ខ្មែរ និងដើម្បីបន្តអាយុកាលព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរយូរអង្វែង។ លោកបានបញ្ជាក់បន្ថែមទៀតថា ដូនជីចាំបាច់ត្រូវរស់នៅក្នុងវត្តជាមួយនឹងព្រះភិក្ខុសង្ឃ ប៉ុន្តែដូនជីមិនត្រូវបានចាត់ទុកថាជាសមណៈទេ គេគ្រាន់តែចាត់ទុកថាជាឧបាសិកាដែលនៅវត្តហើយ ស្លៀកដណ្តប់សំពត់សតែប៉ុណ្ណោះ ការបំបួសដូនជី គឺចៅអធិការវត្តធម្មតាក៏អាចបំបួសបានដូចសាមណេរដែរ៕ បញ្ញាភិលង្គារៈ ប្រភពដកស្រង់ ហ្វេសប៊ុកសីលវតី តូច Sīlavatī kusalā ប្រភពសំឡេង YouTube: yun tong ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.68
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿