35
ថ្ងៃ ច័ន្ទ ទី ០១ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៦,០៤៣
Today
ថ្ងៃម្សិលមិញ ១៤៣,២៦៧
ខែនេះ ១០៦,០៤៣
សរុប ៤០៦,៦១១,៣៥៨
ប្រជុំអត្ថបទ
images/articles/434/Untitled-1.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៧,៩៤១ ដង)
អី្វ​ជា​គ្រឿង​ចង​គ្រឿង​រុំព័ទ្ធ សេចកី្ត​ចូល​ចិត្ត​ខុស​ៗ​គ្នា​ ពី​បញ្ហា​ជីវិត ព្រោះ​អាស្រ័យ​កំឡៅ​គឺ​អវិជ្ជា ដែល​មាន​នៅ​ក្នុង​គ្រប់​វិស័យ​គ្រប់​ជ្រុង ជា​គ្រឿង​ចង គ្រឿង​រុំព័ទ្ធ។ សេចកី្ត​លោភ​កី្ត ស្រឡាញ់​កី្ត សំអប់​កី្ត កំហឹង​កី្ត គំនុំ​កី្ត កំណាច​កី្ត កំណាញ់​កី្ត។ល។ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​គ្រឿង​ចង​ព័ទ្ធ​រិត​រួត​ចិត្ត ជា​គ្រឿង​ខ្ចប់​វេច​វិញ្ញាណ​របស់​មនុស្ស មិន​ឲ្យ​មើល​ឃើញ​ផ្លូវ​ដើរ​ដ៏​ល្អ និង​មធ្យោបាយ​ដោះ​ស្រាយ​បាន​ជោគជ័យ​។ ជីវិត​រស់​នៅ​ក្នុង​គុក​កិលេស​បែប​នេះ កាល​ណា​សត្វ​លោក​ទទួល​ស្គាល់​នូវ​សេចកី្ត​សុខ ព្រោះ​បាន​ទ្រព្យ កិតិ្តយស​ក៏​ត្រូវ​យល់​ថា របស់​ដែល​ខ្លួន​ចូល​ចិត្ត ខ្លួន​ស្រឡាញ់​ថា​ជារបស់​ខ្លួន ខ្លួន​ក៏​ត្រូវ​ទទួល​ស្គាល់​ថា​ជា​ទុក្ខ ឬ​របស់​ដែល​ខ្លួន​មិន​ប្រាថ្នា មិន​ចូល​ចិត្ត វា​ក៏​ជា​របស់​ខ្លួន​ដែរ ទើប​ចិត្ត​ថ្នាំង​ថ្នាក់ បើ​មិន​សំគាល់​ថា​របស់​ខ្លួន​ទេ​ធ្វើ​ម្តេច​និង​ទាស់​ចិត្ត​កើត។ ដូចនេះ​ព្រោះ​អី្វ ព្រោះ​ចៀស​មិន​ផុត​គេច​មិន​រួច ពី​ផល​របស់​កម្ម ការ​សាង​កម្ម​ស​និង​កម្ម​ខ្មៅ​លាយ​គ្នា ទើប​ទទួល​ផល​វិបាក​នៃ​កម្ម​នោះ។ ព្រះពុទ្ធ​បាន​បែង​ចែក​មនុស្ស​ជាតិ​ទាំង​អស់​ជា ៤ក្រុមៈ -អ្នក​ដែល​ធ្វើ ដើម្បី​សេចកី្ត​ល្អ​ជា​ប្រយោជន៍​ខ្លួន​ឯង ប៉ុន្តែ​មិន​ដើម្បី​សេចកី្ត​ល្អ​ជា​ប្រយោជន៍​របស់​អ្នក​ដទៃ -អ្នក​ដែល​ធ្វើ ដើម្បី​សេចកី្ត​ល្អ​ជា​ប្រយោជន៍​អ្នក​ដទៃ ប៉ុន្តែ​មិន​ដើម្បី​សេចកី្ត​ល្អ​ជា​ប្រយោជន៍​របស់​ខ្លួន -អ្នក​ដែល​ធ្វើ​មិន​ដើម្បី​សេចកី្ត​ល្អ ដើម្បី​ជា​ប្រយោជន៍​ខ្លួន​ឯង និង​ជា ប្រយោជន៍ អ្នក​ដទៃ -អ្នក​ដែល​ធ្វើ​សេចកី្ត​ល្អ​ដើម្បី​ជា​ប្រយោជន៍​ខ្លួន​ឯង​និង​ជា​ប្រយោជន៍​អ្នក​ដទៃ តើ​នរណា​ជា​មនុស្ស​ដែល​ធ្វើ​ដើម្បី​ខ្លួន​ឯង និង​ធ្វើ​ជា​ប្រយោជន៍ ដើម្បី សេចកី្ត​ល្អ​ដល់​អ្នក​ដទៃ? គឺ​មនុស្ស​ដែល​ខំ​ប្រឹង ដើម្បី​រម្ងាប់​សេចកី្ត​លោភ​សេចកី្ត​ស្អប់ និង​សេចកី្ត​វង្វេង​ប្រកាន់​ហួង​ហែង ជាប់​ជំពាក់​ពិត​ជា​អ្នក​ប្រាជ្ញ។ បណ្ឌិត​គួរ​ទូន្មាន គួរ​ហាម​ឃាត់​នូវ​ជន​ទាំង​ឡាយ ឲ្យ​ចាក​អំពើ​អសប្បុរស បណ្ឌិត​នោះ​រមែង​ជាទី​ស្រឡាញ់​របស់​សប្បុរស តែ​មិន​ជាទីស្រឡាញ់​របស់​ពួក​អសប្បុរស​ឡើយ។ អ្នក​មិន​រម្ងាប់​សេចក្តី​លោភ សេច​ក្តី ស្អប់​និង​សេចកី្ត​ភាន់​ខាង​វិញ្ញាណ ឬ​គំនិត​នោះ​មិន​បាន ធ្វើ​អី្វ​ដើម្បី​សុខុមាល​ភាព​អ្នក​ដទៃ​ឡើយ ព្រោះ​យល់​ខុស​ធ្ងន់ ដោយ​អាត្មា​និយម។ ចំណុច​សំខាន់​អំពី​ជីវិត គឺ​ថា​យើង​មាន​បញ្ចក្ខន្ធ ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​ប្រើប្រាស់​វា​ឲ្យ​បាន​ល្អ។ នេះ​ជា​តម្លៃ​ប្រសើរ​បំផុត​នៃ​ជីវិត​ជា​ឱកាស​ប្រើប្រាស់​វា​ឲ្យ បាន​ល្អ​បំផុត​។ មនុស្ស​ជា​ច្រើន​ដឹក​នាំ​ជីវិត​មាន​លក្ខណៈ​ចង្អៀត​ពេក ខ្លះ​ប្រព្រឹត្ត​ទុច្ចរិត នាំ​ឲ្យ​ភ័យ​ខ្លាច និង​កៀប​សង្កត់​ជីវិត ព្រោះ​ពួក​គេ​មិន​បាន​ព្យាយាម ប្រើ​ប្រាស់​វា​ឲ្យ​បាន​ល្អ​បំផុត​ឡើយ។ បុគ្គល​ខ្លះ​ជួយ​ឲ្យ​គេ​សិក្សា​ចេះ​ដឹង ផ្តល់​បទ​ពិសោធន៍ និង​ទស្សនៈ​ល្អ​ៗ​ដល់​អ្នក​ដទៃ តែ​ពុំ​បាន​អនុវត្ត​នូវ​សីលធម៌​សង្គម ឬ​ធ្វើគំរូ​ល្អ​ខាង​គុណ​ធម៌។ ដូច្នេះ​តើ​ឧត្តមគតិ​យើង​គួរ​មាន​លក្ខណៈ​យ៉ាង​ណា? វា​ត្រូវ​បណ្តុះ​នូវ​គុណភាព​ដែល​ចេះ​ជួយ​សង្គ្រោះ​គ្នា ហើយ​ដឹក​នាំ​ជីវិត​ប្រកប​ដោយ​កី្ត​រីករាយ និង​សនិ្តភាព។ ផ្លូវ​ជីវិត​បែប​នេះ​អាច​ចាត់​ទុក​ថា ជា​ជីវិត​ត្រឹម​ត្រូវ​ថ្លៃថ្នូរ ប្រកប​ដោយ​វប្បធម៌ និង​មាន​លក្ខណៈ​សាសនា ដែល​គ្រប់​គ្នា​គោរព​តាម។ មនុស្ស​មិន​អាច​ដឹក​នាំ​ជីវិត​បាន​​រីករាយ ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ដទៃ​រីករាយ​និង​បាន​សុខ​នោះ​ទេ មនុស្ស​មិន​អាច​រក​សេចកី្ត​សុខ​ឃើញ​ដោយ​មិន​ឲ្យ​សេចកី្ត​សុខ​អ្នក​ដទៃ​នោះ​ឡើយ។ សូម​ចាំ​ថា​គ្មាន​នរណា​ធ្វើ​ឲ្យ​យើង​បរិសុទ្ធ គ្មាន​នរណា​បង្ខំ​យើង ឲ្យ​ធ្វើ​សកម្មភាព​តាម​ផ្លូវ​ពិសេស​ណា​មួយ​បាន​ឡើយ។ បើ​យើង​មាន​បញ្ញា​មាន​សតិសម្បជញ្ញៈ និង​មាន​ការ​ទទួល​ខុស​ត្រូវ។ តែ​ត្រូវ​ស្គាល់​កាលៈទេសៈ និង​ឥទិ្ធពល​ខាង​​ក្រៅ​ដែល​ពិចារណា​ថា​គួរ​ឬ​មិន​គួរ។ នៅ​ក្នុង​វិស័យ​សិក្សា​ត្រូវ​កំណត់​ដឹង​ថា អាត្មា​អញ​ត្រូវ​ទទួល​ចំណេះ​ដឹង​ល្អ​ៗ​ពី​គ្រូ ពី​បណ្ឌិត​ត្រូវ​គោរព​គ្រូ គោរព​វិន័យ​សាលា មិន​បង្កភាព​វឹកវរ​ដល់​មិត្ត​ភ័ក្ត្រ។ ទោះ​បី​បរិយាកាស​សង្គម​មិន​សូវ​ល្អ​ខ្លះ​ក៏​ពិត​មែន តែ​កុំ​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់​ក្នុង​រណ្ដៅ​អវិជ្ជា ត្រូវ​ជ្រើស​ផ្លូវ​តាម​គន្លង​អ្នក​ប្រាជ្ញ អ្នក​សប្បុរស កុំ​អួត​អាង​ថា​ជា​កូន​អ្នកមាន អ្នក​ធំ ឬ​មានះ​លើក​ដំកើង​ខ្លួន។ ត្រូវ​យល់​ថា​ចំណេះ​វិជ្ជាទាំង​ផ្លូវ​លោក​និង​ផ្លូវ​ធម៌ សំខាន់​ដែល​ត្រូវ​ទទួល​យក​ទុក​ក្នុង​ចិត្ត ដើម្បី​ទូន្មាន​ខ្លួន​ឲ្យ​មាន​គុណ​ធម៌​ល្អ ធ្វើ​សកម្មភាព​ឲ្យ​ជា​ប្រយោជន៍​ដល់​ជន​ច្រើន​គ្នា។ បើ​អ្នក​គិត​ថា​អ្នកអាច​ទ្រាំ​បាន​រាល់​ការ​ឈឺ​ចាប់​ខាង​រូបកាយ​និង​ស្មារតី​នោះ អ្នក​នៅ​តែ​ឋិត​ក្នុង​វដ្ត​សង្សារ​នៃ​ការ​កើត​ស្លាប់ ហើយ​បន្ត​ការយំ​ស្រែក​ការ​សោក​ស្តាយ ការ​ឈឺ​ចាប់ ការ​ជេរប្រទេច ការ​រអ៊ូរទាំ ការ​វាយ​ប្រហារ​គ្នា ការ​ខ្វល់ខ្វាយ និង​ការ​តស៊ូរ​សម្រាប់​ការ​រស់​នៅ គឺ​ការ​ធ្វើ​ការងារ​ដូច​ជា​ទាសករ​រាល់​យប់​ថ្ងៃ ការ​ប្រឈម​មុខ​នឹង​បញ្ហា និង​ឧបសគ្គ​ជា​ច្រើន​អនេក នោះ​អ្នក​សាងកម្ម​ដើម្បី​នៅ​ក្នុង​ភព​ទៀត​ចុះ។ តាម​ពិត ក្នុង​អំឡុង​ពេល​នៃ​ជីវិត​រស់​នៅ​ទាំង​មូល​របស់​យើង យើង​ចំណាយ​ពេល​វេលា ថាមពល និង​គំនិត​នៅ​ក្នុង​ទី​លាន​ប្រយុទ្ធ ពោល​គឺ​ការ​ប្រយុទ្ធ​ដើម្បី​ការ​រស់​នៅ ដើម្បី​អំណាច ផល​ចំណេញ កេរ្តិ៍ឈ្មោះ​សេចកី្ត​សប្បាយ​រីករាយ និង​ការ​ប្រយុទ្ធ​ដើម្បី​ឲ្យ​គេច​ផុត​ពី​វដ្ត​ដែល​មាន​គ្រោះ​ផ្សេង​ៗ​ទៀត។ ពេល​ឈ្នះ​យើង​បាន​រីករាយ​មួយ​ភ្លេត​រលត់​ទៅ​វិញ ទុក្ខ​ព្រួយ​កង្វល់​ផ្សេង​ៗ​ក៏​កើត​ឡើង​បន្ត​បន្ទាប់ ជួន​កាល​គេ​ញញឹម​ដើម្បី​យំ​ម្តង​ឬ​ច្រើន​ដង​ទៀត។ ការ​ខ្វាយខ្វល់​របស់​យើង​បាន​បង្កើត​វា​ឡើង នៅ​ពេល​សោយ​អារម្មណ៍ មិន​ពេញ​ចិត្ត ពេល​នោះ​ចិត្ត​យើង​គ្មាន​សមត្ថភាព​ដោះ​ស្រាយ​និង​យល់​ដឹង​ពី​ភាព​គ្រោះថ្នាក់​នៃ​អារម្មណ៍ ដែល​ត្រូវ​ជាប់​អន្ទាក់​កិលេស។ សូម​កុំភ្លេច​ថា​យើង​កំពុង​រស់​នៅ​ក្នុង​សម្ពាធ​នៃ​សង្គម យើង​ត្រូវ​ឡោមព័ទ្ធ​ដោយ​ដែននៃ​គំនិត​ទាក់​ទង​នានា ហេតុ​នេះ​ត្រូវ​ស្គាល់​ស្ថាន​ការណ៌​និង​ពេល​វេលា​ឲ្យ​បាន​ច្បាស់​លាស់ ពេល​វេលា​ជា​មាស​ប្រាក់ ពេល​វេលា​ជា​បុណ្យ​កុសល ពេល​វេលា​ជា​មច្ចុរាជ។ ចូរ​ក្រឡេក​មើល​ពិភព​លោក​នេះ ហើយ​អ្នក​អាច​មើល​ឃើញ​ថា តើ​មនុស្ស​ប្រយុទ្ធ​ប្រឆាំង​គ្នា​យ៉ាង​ដូច​ម្តេច​ខ្លះ ការ​សម្លាប់ ការ​ដុត​បំផ្លាញ ការ​បំផ្ទុះ គ្រាប់​បែក ការ​ចាប់​ជំរិត ការ​ប្លន់​យន្តហោះ និងការ​វាយ​ប្រហារ​គ្នាទៅវិញ​ទៅ​មក។ ការ​កំចាត់​សមាជិក​មនុស្សលោក​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ការ​កម្សាន្ត ឬ​ការ​រីករាយ។ ពិភព​លោក​ទាំង​មូល គឺ​ដូច​ជាពេទ្យ​វិកល​ចរិត។ មនុស្ស​បាន​ភ្លេច​នូវ​ចរិត​លក្ខណៈ​ជា​មនុស្ស​ល្អ​របស់​ខ្លួន ហើយ​បណ្តោយ​ឲ្យ​គំនិត​អាក្រក់ សមី្ត​អាក្រក់ និង​អំពើ​អាក្រក់​គ្រប​ដណ្តប់​លើ​ខ្លួន​របស់​គេ។ មើល​ទៅ​ប្រហែល​ជា គ្មាន​បន្ទប់​នៅ​ក្នុង​គំនិត​មនុស្ស​ដើម្បី​បណ្តុះ​នូវ​គំនិតនិង​អំពើ​ល្អ​ឡើយ។ បុគ្គល​ណា​រស់​នៅ​១០០​ឆ្នាំ​ ជា​មនុស្សទ្រុស្តសីល ជា​មនុស្ស​មិន​មាន​ប្រាជ្ញា មាន​ចិត្ត​មិន​បាន​តម្កល់​ខ្ជាប់​ខ្លួន ការ​រស់​នៅ​តែ​មួយ​ថ្ងៃ​របស់​លោក​អ្នក​រក្សាសីល និង​មាន​ប្រាជ្ញា​ប្រសើរ​ជាង​មនុស្ស​គ្មាន​សីល​និង​គ្មាន​ប្រាជ្ញា។ ដូច្នេះ​តើ គេ​អាច​រក​ឃើញ​សន្តិភាព និង​សុភមង្គល​យ៉ាង​ដូច​ម្តេច នៅ​ក្នុង​ទី​លាន​ប្រយុទ្ធ ដែល​គេ​កំពុង​បន្ត​ប្រយុទ្ធ​គ្នា ដើម្បី​ទទួល​បាន​ផល​ចំណេញ និង​គេច​ចេញ​ពីគ្រោះ​ថ្នាក់​នោះ? ឥរិយាបថ​អមនុស្សធម៌​របស់​មនុស្ស​ចំពោះ​មនុស្ស​បង្កើត​ឲ្យ​មាន​ទុក្ខ​ច្រើន​អនេក។ ចូរ​រក្សា​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជាមនុស្ស​ល្អ ព្រោះ​ពេល​ស្លាប់​ទៅ ពុំ​បាន​យក​អី្វ​ៗ​ទាំង​អស់ ដែល​ខ្លួន​មាន​លើ​លោក​នេះ​ទេ។ អ្នក​ខ្លះ​និយាយ​ថា គេ​មិន​មាន​គោល​បំណង​ជាក់​លាក់ នៅ​ក្នុង​ជីវិត​ទេ ប៉ុន្តែ​គេ​អាច​ប្រើ​វាសម្រាប់​បំពេញ​បំណង​ណា​មួយ ប្រកប​ដោយ គតិ​បណ្ឌិត នៅ​ក្នុង​លក្ខណៈ​នេះ គេ​អាច​និយាយ​ថា គោល​បំណង​នៃ​ជីវិត គឺ​ផ្អែក​លើ​វិធី​ដែល​យើង​ដោះស្រាយ​និង​ប្រើប្រាស់។ ជីវិត​ត្រៀម​បំផ្លាញ​ខ្លួន​ឯង​នៅពេល​ដែល​យើង​ត្រៀម​រស់ យើង​ត្រូវ​តែ​ចំណាយ​តម្លៃ​នៃ​ការ​ភ័យ​ខ្លាច និង​សេចកី្ត​ព្រួយ​បារម្ភ ទៅ​តាម​ពេល​វេលា ដើម្បី​រស់​នៅ​ជា​មនុស្ស​។ ចំណុច​នេះ​ត្រូវ​ហាត់​អត់​ធ្មត់ អនុគ្រោះ ការ​បន្ទាប​ខ្លួន និង​ភាព​សប្បុរស ដែល​យើង​អាច​សម្រេច​នូវ​ប្រយោជន៍ ប្រកប​ដោយ​សេចកី្ត​ថ្លៃថ្នូរ ចំពោះ​គ្នា​និង​គ្នា៕ សុភាសិត​ចិន​មួយ​ឃ្លា​ពោល​ថា (ប្រសិន​បើ​អ្នក​មាន​បញ្ហា​ធំ​មួយ សុំ​អ្នក​គិត​កាត់​បន្ថយ​ថា​ជា​បញ្ហា​តូច​តាច​មួយ​វិញ បើ​អ្នក​មាន​បញ្ហា​តូច តាច សូម​បន្ថយ​វា​ឲ្យ​គ្មាន​វិញ) កី្ត​កង្វល់​របស់​អ្នក​នឹង​រលាយ​បាត់​ទៅ​ពេល ដែល​បញ្ហា ត្រូវ​បាន​គេមើល​ឃើញ ក្នុង​ទស្សនវិស័យ​សមរម្យ​របស់​វា​នោះ។ អ្នក​ស្គាល់​ពី​តួនាទី​តាម​ពុទ្ធឱវាទ ទាំង​នេះ​ចូរ​អ្នក​រំពឹង​មើល​ពី​ បទ​ពិសោធន៍​មុន​ៗ តើ​អ្នក​បាន​ធ្វើ​ទៅ​តាម​ភារកិច្ច​បាន​កំរិត​ណា មិន​បាន​កំរិត​ណា មាន​លទ្ធភាព​យក​ឈ្នះ​លើ​ការ​លំបាក​របស់​អ្នក​ជា​លើក​ដំបូង​បាន​ដែរ​ឬ​ទេ។ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​បែប​នេះ អ្នក​មិន​ភ័យ​ខ្លាច​ចំពោះ បញ្ហា​នានា​ឡើយ ព្រោះ​អ្នក​មាន​លទ្ធភាព​ដោះ​ស្រាយ​បញ្ហា​នោះ​បាន ឯ​បញ្ហា​ដែល​យើង​កំពុង​ប្រឈម​មុខ​នោះ​មិន​មាន​លក្ខណៈ​អាក្រក់​ពេក​ទេ។ អ្នក​នៅក្នុង​យុវវ័យ កាល​បើ​ធ្លាប់​ឆ្លង​កាត់​បញ្ហា​ធំ​ៗ​កាល​មុន​ហើយ អ្នក មិន​វឹក​វរឈឺ​ក្បាល ពេល​មាន​បញ្ហា​ទ្វេ​គុណ តែ​អ្នក​ត្រូវ​ចេះ​បើក​ខួរក្បាល​និង​ភាព​វៃឆ្លាត​ដើម្បី​យក​ឈ្នះ​ឧបសគ្គ ពុំ​មែន​ជា​មនុស្ស​រត់​ចេញ​ពី​បញ្ហា​ឬ​រត់​ចេញ​ពី​តួនាទី​និង​ភារកិច្ច ក្នុង​នាម​មនុស្ស​មាន​ឧត្តម​គតិ​ម្នាក់។ បើ​យើង​ចង់​បញ្ឈប់​ទុក្ខ​ព្រួយ យើង​ចាំ​បាច់​ត្រូវ​បោះ​បង់​ការ​ជំពាក់​ចិត្ត ដែល​ការ​ជំពាក់​មិន​មែន​ត្រឹម​តែ​បុគ្គល​ទេ ទាំង​កម្ម​សិទិ្ធ​ផង​ដែរ។ នេះ​ជា​ការ​ពិត ហើយ​ជា​មេរៀន​ដែល​ថា​សេច​កី្ត​ស្លាប់​មាន​ន័យ។ ការ​ជំពាក់​ចិត្ត​ផ្តល់​ឲ្យ​យើង នូវ​របស់​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ស្កប់ វេទនារម្មណ៍​របស់​យើង និង​ដើម្បី​នាំ​ជីវិត​ដោយ​លោកិយ។ លុះ​ត្រា​យើង​បាន​សិក្សា​មេរៀន​នេះ ទើប​យើង​ដឹង​ថា​សេចកី្ត​ស្លាប់​អាច​ប្រហារ​យើង និង​ធ្វើ​ឲ្យ​យើង​ពោរ​ពេញ​ដោយ​សេច​កី្ត​តក់​ស្លុត។ តថ​ភាព ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដោយ​ព្រះពុទ្ធ​ដែល​ព្រះអង្គ​ត្រាស់​ថា​សេចកី្ត​ស្លាប់​នឹង​នាំ​គាត់​ចេញ​ទៅ បើ​ទោះ​បី​ជា​គាត់​ជាប់​ជំពាក់​នឹង​កូន និង​កម្មសិទិ្ធ​របស់​គាត់​ក៏​ដោយ គឺ​ប្រៀប​ដូច​ទឹក​ជំនន់​ដ៏​ធំមួយ​នាំ​យក​អ្នក​ភូមិ ដែល​កំពុង​លង់​លក់​មួយ​ស្របក​ទៅ​បាត់​ដូច្នោះ​ដែរ។ សុខុមាលភាព​របស់​គ្រូ របស់​សិស្ស របស់​មិត្ត​ភ័ក្ត្រ របស់​ក្រុម​ញាតិ របស់​ឪពុកម្តាយ​និង​កូន គឺ​ពឹង​លើ​អំពើ​ដែល​ប្រកប​ដោយ​សីលធម៌​សង្គហធម៌​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ដោយ​សារ​ពិភពលោក​កំពុង​ធ្វើ​ដំណើរ​ចូល​កាន់​តែ​ជ្រៅ​ទៅ​ៗ ក្នុង​យុគសម័យ​អាវុធ​យុទ្ធភ័ណ្ឌ ប្រកប​ដោយ​គ្រោះថ្នាក់​និង​ភាព​ស្មុកស្មាញ អម​ដោយ​វិបតិ្ត​ភ័យ​ខ្លាច​ជា​ច្រើន​បញ្ហា ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្រង​ចិត្ត មិន​បាន​បណ្តោយ​ឲ្យ​សីល​ធម៌ធ្លាក់​ចុះ ចំណុច​នេះ​ទាមទារ​ឲ្យ​មាន​ការ​អប់រំ តាម​សាសនា​មាន​កំរិត​ខ្ពស់​និង​ចាំ​បាច់​ទៀត​ផង​។ សាសនា​ជា​គន្លឹះ​ក្នុង​ការ​រក្សា​ស្វែង​រក​សន្តិភាព និង​ផ្តល់​នូវ ភាព​កក់​ក្តៅ​ទាំង​ផ្លូវ​ចិត្ត​និង​សម្ភារៈ ក្នុង​កាលៈទេសៈ​ត្រូវ​សង្គ្រោះ​បន្ទាន់​ឬ មាន​គ្រោះ​ថ្នាក់ មាន​ភ័យ​វិបតិ្ត​ផ្សេង​ៗ ឬ​មាន​ការ​បំពាន​ពី​អ្នក​ឈ្លាន​ពាន និង​ការ​រំខាន​ដទៃ​ទៀត​ក៏​ដូច​ជា​ការ ការពារ​សង្គម​ប្រទេស​ជាតិ។ សេចកី្ត​ភ័យ​ខ្លាច និង​សេចកី្ត​កង្វល់​ចិត្ត កើត​ចេញ​មក​ពី​សភាវៈ​ស្រមើ​ស្រមៃ ចិត្ត​ដែល​ត្រូវ​បរិស្ថាន​ជីវិត​លោកិយជះ​ឥទិ្ធពល​មក​លើ។ ភ័យ​ខ្លាច និង​កង្វល់​ចិត្ត​មាន​ប្ញសគល់​នៅ​​ក្នុង​តណ្ហា​និង​ឧបាទាន។ តាម​ពិត​ជីវិត​ប្រៀប​ដូច​ជា រូបភាព​យន្ត(ឬកុន) ដែល​នៅ​ក្នុង​រូបយន្ត​(ឬកុន) នេះ​អី្វ​ទាំង​អស់​តែង​ចល័ត​និង ប្រែ​ប្រួល​ជា​ប្រចាំ។ គ្មាន​អី្វ​នៅ​ក្នុង​លោក​នេះ​ឋិត​ថេរ​ឬ​ឋិត​នៅ​នឹង​ថ្កល់​ទេ សុំ​កុំ​ធ្វេស​ប្រហែស ត្រូវ​ខ្លាច​ស្លាប់​ទាំង​នៅ​ក្មេង។ អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​វ័យ​ចាស់ ហើយ​មាន​ជម្ងឺ​ផង តែង​ព្រួយ​កង្វល់​ចិត្ត​អំពី​ជីវិត​រស់​នៅ​យូរ​ពេក។ ឋិត​នៅ​ក្នុង​ចន្លោះទស្សនៈ​មនុស្ស​ទាំង​ពីរ​ក្រុម​នេះ គឺ​ពពួក​អ្នក​វក់​តែ​និង​សេចកី្ត​សប្បាយ​ពី​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ ពុំ​​បាន​រួម​ចំណែក​កសាង​មាតុ​ភូមិ​មិន​បាន​ធ្វើ​ជីវិត​ឲ្យ​មាន ប្រយោជន៍ នោះ​ឈ្មោះ​ថា​មិន​មាន​ន័យ។ អ្នក​អាច​ជៀស​វាង​ការ​ភ័យ​ខ្លាច និង​បញ្ហា​មិន​ចាំ​បាច់​បាន ប្រសិន​បើ​អ្នក​ចង់​ទប់​ខ្លួន​ពី​ការ​ធៀបខ្លួន​អ្នក​ជា​មួយ​និង​អ្នក​ដទៃ។ បើ​តាម​ខ្លួន​មាន​អំពើ​នៃ​ការ​ធៀប​មិន​មាន​ការ​ខុស​ឆ្គង​អី្វ​ទេ ប្រសិន​បើ​គេ​ជួយ​រំលឹក​អ្នក​ឲ្យ​កាន់​តែ​ឆ្លាត​ឡើង​នៅក្នុង​គំនិត ហើយ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​នៅ​ក្នុង​អំពើ។ ប៉ុន្តែ​ជា​រឿយ​ៗ​បំផុត​ការ​ធៀប​ខ្លួន​អ្នក ជា​មួយ​នឹង​អ្នក​ដទៃ​ដើម្បី​មើល​ឲ្យ​ឃើញ បើ​អ្នក​ណា​ដែល​ខ្ពង់​ខ្ពស់ ដឹក​នាំទៅ​រក​មោទនភាព​ហួស​ហេតុ មាន​ការ​ភ័យខ្លាច​នោះ​មិន​ចាំ​បាច់។ ប្រសិន​បើ​អ្នក​គិត​ថា អ្នក​មាន​សមត្ថភាព​និង​សមភាព​ចំពោះ​អ្នក​ដទៃ នោះ​អ្នក​អាច​ពេញ​ចិត្ត​និង​ស្ងប់​ចិត្ត។ ប្រសិន​បើ​អ្នក​គិត​ថា អ្នក​ទាប​ជាង​គេ​វិញ អ្នក​អាច​ទៅ​ជា​ខ្មូរ​មុខ​ខ្លាច​គេ ដូច្នេះ​ត្រូវ​មាន​ជំនឿ​ជឿជាក់​លើ​ខ្លួន​ឯង មាន​ការ​ប្រឹង​ប្រែង​ស្វែង​រក​ចំណេះ​ដឹង កសាង​សមត្ថភាព បណ្តុះ​ចិត្ត​ឲ្យ​មាន​ឆន្ទៈ ប្រកប​ដោយ​វិចារណញាណ នោះពិត​ជា​មិន​ខុស​ឡើយ។ ប្រសិន​បើ​អ្នក​ចង់​រស់​នៅ ក្នុង​លោក​នេះ​ដោយ​សុខសាន្ត និង​ដោយ​សុភមង្គល សូម​ឲ្យ​អ្នក​ដទៃ​ក៏​រស់​នៅ​ដោយ​សុខសាន្ត និង​ដោយ​សុភមង្គល​ដូច្នេះ​ដែរ ដើម្បី​ឲ្យ​អ្នក​មាន​លទ្ធភាព​ឲ្យ​ជីវិតជាតិ​នេះ គឺ​អី្វ​មួយ​ដែល​មាន​តម្លៃ​នៅ​លើ​ផែនដី ដែល​អ្នក​ចង់​រស់​នៅ។ លុះ​ត្រា​តែ​អ្នក​ធ្វើ​ឲ្យ​ខ្លួន​អ្នក​បាន​ល្អ​ប្រសើរ​ឡើង ដើម្បី​រស់​នៅ​ដោយ​អនុ​លោម​ទៅ​តាម​គោល​ការណ៍​ប្រពៃ​ៗ​ទាំង​នេះ អ្នក​មិន​អាច​សង្ឃឹម រង់​ចាំ​សុភមង្គល​និង​សនិ្តភាព​នៅ​ក្នុង​លោក​នេះ​ដោយ​ស្រមើ​ស្រមៃ​ឡើយ។ អ្នក​មិន​អាច​រង​ចាំ​សង្ឃឹម​រង់​ចាំ​សុភមង្គល និ​ង​ភាព​សុខសាន្ត​មក​ពី​ឋានសួគ៌ សោយ​ស្រួល​ៗ​តាម​ការ​បួងសួង​នោះ​ឡើយ។ ចំណង​អាពាហ៍ពិពាហ៍​គឺ​ជា​មង្គល​មួយ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បាន​ត្រឡប់​ជីវិត​អាពាហ៍ពិពាហ៍​របស់​គេ ចូល​ទៅ​ក្នុង​ការ​ប្រមាថ​មើល​ងាយ​ព្រោះ​តែ​កង្វះ​ខាត​ការ​យោគយល់​គ្នា ពោល​គឺ​ការ​អត់​ឱន​នឹង​អធ្យាស្រ័យ​គ្នា​នេះ​ឯង។ ភាព​ក្រីក្រ​មិន​មែន​ជា​ហេតុ​ចម្បង នៃ​ជីវិត​អាពាហ៍ពិពាហ៍​អពមង្គល​នោះ​ឡើយ។ បី្ត​និង​ប្រពន្ធ​ត្រូវ​តែ​រៀន​ចែក​រំលែក​សុខ​ទុក្ខ របស់​គេ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃរបស់​ពួក​គេ។ ការ​យោគយល់​គ្នា​ទៅវិញ​ទៅ​មក​គឺជា​កូន​សោ​សំខាន់ នៃ​ជីវិត​គ្រួសារ​មាន​សុភមង្គល ជា​កូន​សោ​ពិសេស សម្រាប់​កសាង​សង្គម​ជាតិ និង​កសាង​វប្បធម៌​អរិយធម៌​ប្រពៃណី។ ភាព​ផ្អែម​ល្ហែម​គឺ​ជា​ជំងឺ ភាព​ល្វីង​ជូរ​ចត់​គឺ​ជា​ឱសថ។ ការ​លើក​សរសើរ ប្រៀប​ដូច​ជា​បង្អែម​ដែល​នាំ​ឲ្យ​មាន​ជំងឺ។ ហើយ​ការ​រិះ​គន់​ប្រៀប​ដូច​ជា​ថ្នាំ​ល្វីង ឬ​ការ​ចាក់​ថ្នាំ​ឈឺ​មួយ​ដែល​ព្យាបាល​ជំងឺ។ យើង​ត្រូវ​តែ​ក្លាហាន ហ៊ាន​ស្វាគមន៍ ចំពោះ​ការ​រិះគន់ មិន​ត្រូវ​ខ្លាច​រអា​នឹង​វា​ឡើយ។ ភាព​អាក្រក់ យើង​មើល​មិន​ឃើញ​នៅ​ក្នុង​ចិត្ត​អ្នក​ដទៃ​តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ធម្មជាតិ​ផ្ទាល់​របស់​គេ​នៅ​លើ​សកម្មភាព​ជា​ប្រចាំ​រាល់ថ្ងៃ។ កា​រស់​នៅ​បែប​ទំនើប មាន​ការ​ពិបាក​កំណត់​និយមន័យ​ណាស់។ គេ​អាច​និយាយ​ថា មនុស្ស​ត្រូវ​គ្រប​សង្កត់​ដោយ​កិលេស ការ​រស់​នៅ​បែប​ទំនើប​ត្រូវ​បាន​គេ​បញ្ជាក់ ដោយ​ព្រឹត្តិការណ៍ ដែល​ពិភព​លោក​កាន់​តែ​តូច​ទៅ​ៗ មនុស្ស​កំពុង​តែ​មាន​សិទិ្ធ​ចំពោះ​គ្នា​កាន់​តែ​ខ្លាំង​ឡើង។ របាំង​ទំនាក់​ទំនង​ល្អ​កំពុង​តែ​រលាយ​បាត់​យ៉ាង​ឆាប់​រហ័ស ព្រោះ​ចិត្ត​លោភៈ ទោសៈ មោហៈ វា​អាច​ងាយ​ស្រួល សម្រាប់​គេ​បាត់​បង់​នូវ​ភាព​ថ្លៃថ្នូរ​និង សីលធម៌ គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក តែ​ក្នុង​រយៈ​ពេល​ខ្លី។ សេច​កី្ត​ត្រូវ ការ​របស់​មនុស្ស​គ្មាន​ព្រំដែន​ទេ ធ្វើ​ឲ្យ​គេ​ជួប​វិបតិ្ត និង​ការ​ឈឺ​ចាប់ ខក​ចិត្ត ពេល​ដែល​មិន​បាន​ដូច​ចិត្ត ដូច​បំណង​ចុង​ក្រោយ​របស់​គេ​ដែល​គេ​ធ្លាប់ បាន​ស្រមើ​ស្រមៃ។ ការ​ស្គាល់​អី្វ​ត្រូវ​អី្វ​ខុស​នោះ មិន​ទាន់​គ្រប់​គ្រាន់​ទេ គេ​ត្រូវ​មើល​លើ​កិច្ចការ​ខំ​ប្រឹង​ប្រែង​ឲ្យ​សម្រេច​ឬ​អត់។ ទាក់ទង​នឹង​ការ​រស់​នៅ​បែប​ទី​នើប​នេះ យើង​គួរ​យល់​ពី​ពាក្យ​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​ជា​មុន​សិន។ មនុស្ស​ដែល​ប៉ុនប៉ង​យក​ឈ្នះ​ធម្មជាតិ តែង​ទទួល​ការ​ភ័យខ្លាច​ជា​និច្ច ព្រោះ​យើង​ជា​កម្មវត្ថុ​របស់​ឆន្ទៈ បាន​សំដែង​នូវ សកម្មភាព​ស្មុគស្មាញ មួយ​ចំនួន​ដែល​កំពុង​តែ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត។ នោះ​គឺ​ជា​ទិដ្ឋភាព​មួយ​នៃ​ការ​រស់​នៅ​បែប​ទំនើប ដែល​មាន​សំពាធសង្គម​កាន់​តែ​ខ្លាំង​ឡើង។ មនុស្ស​ខ្លះ​មាន​មោទនភាព​ខ្លាំង រហូត​ដល់​ភ្លេច​ខ្លួន នៅ​ពេល​ដែល គេ​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​សូម​កុំ​ភ្លេច​ថា ពុំ​មាន​អី្វ​ទៀង​ទាត់​ឡើយ អាច​មាន​ពេល​ណា​មួយ​បរាជ័យ ហេតុ​នេះ​ត្រូវ​កុំ​ប្រមាទ។ ព្រះពុទ្ធ​បាន យល់​ដឹង​ចាក់​ធ្លុះ​នូវ​អរិយសច្ចធម៌ ដឹង​ហួស​ពី​វិទ្យាសាស្ត្រ​ទំនើប ក្នុង​ការ ទទួល​យកវិស័យ​នៃ​ចំណេះ​ដឹង​ធំ​ធេង​ជាង​ការ​អនុញ្ញាត​ដោយ​គំនិតវិទ្យា សាស្ត្រ។ ព្រះ​ពុទ្ធសាសនា​យក​ចំណេះ​ដឹង​ដោយ​ការ​បណ្តុះ​បណ្តាល​ចិត្ត សមាធិ​ឲ្យ​ខ្ពង់​ខ្ពស់ ជា​ចិត្ត​ស្អាត​មានបញ្ញា​ដឹង​សព្វ​ក្នុង​រាងកាយ ដូច​គ្នា​និង ពិសោធន៍​របស់​បុគ្គល​ដែល​ទទួល​បាន តាម​រយៈ​វប្បធម៌​បញ្ញា។ ការ ពិសោធន៍​របស់​សាសនា​រហូត​បាន​យល់​ដឹង ទាំង​ក្នុង​លោក​ខាង​ក្នុង​និង ខាង​ក្រៅ មិន​មែន​ធ្វើ​ពិសោធន៍​ក្នុង​បំពង់​សាក ឬ​ពិនិត្យ​ដោយ​ប្រើ មីក្រូទស្សន៍​នោះ​ទេ គឺ​ដោយ​អានិសង្ស​នៃ​ការ​ចម្រើន​សីល សមាធិ បញ្ញា មាន​កំរិត​ខ្ពស់ ហើយ​ការ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ​ពុំ​មាន​ខុស ឬ​ខ្វះ​ចន្លោះ ឡើយ ជា​សច្ចភាព​មាន​លក្ខណៈ​បញ្ជាប់​ដាច់​ខាត​គឺ​សច្ចធម៌ មិន​ប្រៃប្រួល តាម​ពេល​វេលា ឬ​លំហ​អាកាស​ឡើយ។ ឥឡូវ​នេះ​ចូរ​យើង​ក្រឡេក​មើល​ថា តើ​ព្រះពុទ្ធសាសនា​ជា​អី្វ? តើ​យើង​យល់​អី្វ​ខ្លះ​តាមរយៈ​ព្រះពុទ្ធសាសនា? ​វា​អាច​មាន​ន័យ​ថា បញ្ហា​ជា​ច្រើន​មាន​ចំពោះ​មនុស្ស។ វា​អាច​ជាជីវិត​តែ​មួយ​គត់​របស់​ព្រះពុទ្ធ​ចំពោះ​គេ។ ឧទាហរណ៍​ព្រះពុទ្ធ​និង​សាវ័ក​របស់​ព្រះអង្គ បាន​ប្រកាស​ប្រាប់​ពី​ផ្លូវ​រំលត់​ទុក្ខ។ នេះ​ជា​ប្រភេទ​មួយ​នៃ​ព្រះពុទ្ធ​សាសនា។ ប្រភេទ​មួយផ្សេង​ទៀត ព្រះពុទ្ធសាសនា​មាន​ន័យ​ថា​ជា​គម្ពីរ ច្រើន​ដូច​បាន​កត់​ក្នុង​អក្សរសាស្ត្រ​ពុទ្ធសាសនា ដែល​មាន​ច្រើន​ភាគ ហើយ​មួយ​ភាគៗ មាន​បីបួន​រយ​ទំព័រ​ដែលកត់​ត្រា​សមី្ត​របស់​ព្រះពុទ្ធ។ នៅ​ក្នុង​គម្ពីរ​ទាំង​នោះ គេ​បាន​រៀប​រាប់​អំពី​ទស្សន​វិជ្ជា​ជីវិត​ជ្រៅជ្រះ​និង​ស្មុគស្មាញ​បំផុត។ ដោយ​យោង​ទៅលើ​អី្វ​ដែល​ព្រះពុទ្ធ​បាន​បង្រៀន អី្វ​ដែល​ប្រតិបតិ្ត​នៅ​សម័យ​ព្រះពុទ្ធ​បាន​បង្កើត​នូវ​វប្បធម៌​ដ៏​សម្បូរ​បែប​បំផុត ដែល​បានផ្សព្វ​ផ្សាយ​ទៅ​គ្រប់ផ្នែក​ទាំង​អស់​នៃ​ទី្វប​អាស៊ី​អស់​រយៈ​ពេល​ជាង ២៥៥៤ ឆ្នាំ​មក​ហើយ។ ដោយ​សារ​តែ​ភាព​តាន​តឹង គេ​ជាប់​ជំពាក់​ខ្លួន​គេ​ទៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ ហើយ​ព្រោះ​តែ​សកម្មភាព​ទាំង​នេះ​ចំណាយ​ពេល​ច្រើន​ពេក​ទើប​គេ​រត់​តាម​ដំណើរ​ការ​​នៃ​ការ​រស់​នៅ ហើយ​ខ្លួន​គេ​ស្ថិត​នៅ​ក្នុង​រយៈ​ពេល​អន់​ថយ​នៃ​ភាព​តានតឹង។ វឌ្ឍនភាព​ផ្នែក​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង ការ​បំភ្លឺ​ផ្នែក​នយោបាយ​កាន់​តែ​ខ្លាំង ប្រជាជន​ត្រូវ​ការ​រម្ងាប់​ការ​ឈឺ​ចាប់ និង​រម្ងាប់​ចិត្ត​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​កិច្ចការ​របស់​ពួក​គេ។ អ្នក​ខ្លះត្រូវ​តែ​លេប​ថ្នាំ​មួយ​គ្រាប់​ដើម្បី​បំបាត់​ងងុយ​គេង មួយ​គ្រាប់​ដើម្បី​ងងុយ​គេង មួយ​គ្រាប់​ដើម្បី​សម្រាក​ជា​ដើម។ ភាព​តាន​តឹង​របស់​មនុស្ស ដែល​បាន​កើត​ឡើង​ដល់​ចំណុច​គ្មានប្រយោជន៍ គឺ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព ធ្ងន់​ធ្ងរ​បំផុត។ លើស​ពី​ភាព​តាន​តឹង​នេះ ភាព​ទំនេរ​ធ្វើ​ឲ្យ​មនុស្ស​ធុញ​ទ្រាន់។ ភាព​តាន​តឹង និង​ភាព​ធុញទ្រាន់ ពិត​ជា​ធ្វើឲ្យ​មនុស្ស​ភាគ​ច្រើន​មិន​សប្បាយ​ចិត្ត។ ចំណុច​ទាំង​អស់​នេះ ផ្តើម​ចេញ​ពី​មិន​បាន​អនុវត្តន៍​ផ្លូវ​កណ្តាល និង​ផ្តើម​ចេញ​ពី​ការ​រត់​តាម​សម្ភារៈទំនើប ធ្វើ​ឲ្យ​បាត់​បង់ភាព​លំនឹង​នៃ​ផ្លូវ​ចិត្ត បាត់​បង់​ជំនឿ​លើ​ខ្លួន​ឯង។ បើ​ដើរដួល​ត្រូវ​ប្រឹង​ក្រោក​ដើរ​ត​ទៅ​ទៀត នឹក​ភ្នង​ចិត្ត​ថា ត្រូវ​ធ្វើ​ម្ចាស់​នៃ​វាសនា​ខ្លួន ពេល​មានជំនឿ​លើខ្លួន​ឯង​ថា អាត្មា​អញ​ត្រូវ​តែ​រស់ ត្រូវ​តែ​ធ្វើការ​តទៅ​ទៀត ដោយ​សុចរិត ត្រូវ​តែ​រស់​ក្នុង​អំពើ​ល្អត​ទៅ។ ក្នុង​ខណៈ​ជួប​ការ​បរាជ័យ ក្នុង​ការ​ដឹង​នាំ​មាគ៌ា​ជីវិត ត្រូវ​ដាស់​តឿន​ខ្លួន​ឯង​ថា បរាជ័យ​ពេល​នេះ តែ​ជោគជ័យនឹង​បាន​ទទួល​ពេល​ខាង​មុខ យើង​ពុំមែ​ន​ជា​មនុស្ស​កំសាក​ឡើយ យើង​ពុំ​មែន​ជា​មនុស្ស​ឯកោ​ឡើយ ពិភព​លោក​រងចាំ​យើង​ៗ ត្រូវ​តែ​យក​ឈ្នះ​ខ្លួន​ឯង។ ត្រូវ​ចង​ចាំ​ថា ការ​បដិបតិ្ត​ចម្រើន​ភាវនា​ត្រូវ​តែ​មាន​ការ​អត់​ធ្មត់ ការ​ព្យាយាម​ដដែល​ៗ និង​កិច្ច​ខំប្រឹង​ប្រែង។ ជាខាង​ក្រោយ​មក​ទៀត សេចកី្ត​ចម្រើន អាច​ប្រព្រឹត្ត​ទៅ​យ៉ាង​ច្រើន និង​មាន​ពេល​យូរ​អង្វែង​ទើប​សម្រេច​ទៅ​បាន។ ពុំ​មាន​ផ្លូវ​ណា​វាង និង​ពុំ​មាន​រូបមន្ត​ពិសេស​នោះ​ឡើយ។ ដំណាក់​កាល​នៃ​ការ​ធ្វើ​ភាវនា ទាមទារ​ឲ្យ​មាន​ការ​ព្យាយាម​វា​ដូចជា​កំពុង​ហែល​បញ្ច្រាស់​ចរន្ត​ខ្សែ​ទឹក​ដូច្នេះ​ដែរ។ ព្រោះ​កុសលធម៌​ថ្នាក់​ទាប សីល​ភាវ​នានេះ​ត្រូវ​ចំរើន​ហើយ​ចំរើន​ទៀត ធ្វើ​ឲ្យ​រឿយ​ៗ​រហូត​អស់​កិលេស។ អ្នក​អាច​អស់​សង្ឃឹម ប្រសិន​បើ​អ្នក​រំពឹង​លទ្ធផល​ភ្លាម​ៗ ឬ​ឆាប់​រហ័ស​ពី​ការ​ចម្រើន​ភាវនា​របស់​អ្នក។ ប្រសិន​ជា​អ្នក​ជា​មនុស្ស​ម្នាក់ ដែល​រវល់​ជា​មួយ​នឹង​មហិច្ឆតា​ផ្លូវ​លោកិយ អ្នក​មិន​អាច​ធ្វើឲ្យ​ចិត្ត​របស់​អ្នក​ស្ងប់​ស្ងាត់​ភ្លាម​ៗ ឬ​ដោយ​ចេតនា​នោះ​ទេ ដើម្បី​ទៅ​ដល់​ចំណុច​ជម្រុះ​ចោល​នូវ​ការ​គិត​ទាំង​អស់ ហើយ​អ្នក​ក៏​មិន​អាច​ទទួល​បាន​បទ​ពិសោធន៍​ភ្លាម​ៗ នូវ​ការ​ដឹង​មួយ​ឲ្យ​ប្រាកដ ឲ្យ​ច្បាស់ ឲ្យ​ខ្លាំង និង​ផ្ចិត​ផ្ចង់​បន្ត​បន្ទាប់។ ជីវិត​មនុស្ស​មិន​ត្រឹម​តែ​រួម​បញ្ចូល ក្នុង​គោល​បំណង​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​រាប់​បញ្ចូល​ទាំង​មធ្យោបាយ និង​អំពើ​ដែល​យើង​ធ្វើ ដើម្បី​សម្រេច​គោលបំណង​នោះ ដោយ​តាមហេតុ​ផល តាម​សមត្ថភាព​ប្រកប​ដោយ​សីល​ធម៌ ដោយ​កុសលធម៌​ដ៏​ថ្លៃថ្នូរ ទទួល​លទ្ធផល​ដោយ​ជោគ​ជ័យ។ មនុស្ស​ទាក់​ទង់​ទៅ​នឹង​ទិដ្ឋភាព​ផ្សេង​ៗ នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​សង្គម​របស់​មនុស្ស ដូច​ជា​សេដ្ឋកិច្ច​នយោបាយ ការ​អប់រំ​សុខាភិបាល​ច្បាប់​និង​សីល​ធម៌​សង្គម។ ការ​រីកចម្រើន​សង្គម​អាស្រ័យ​ដោយ​មាន​ការ​ស្រុះស្រួល​ឯក​ភាព​គ្នា នៃ​កត្តា​ទាំង​អស់​ខាង​លើ​រួម​ទាំង​វិបុល​ភាព និង​សហអតិ្ថភាព​ប្រកប​ដោយ​សនិ្តភាព របស់​មនុស្ស​ផង។ គឺ​សំដៅ​ទៅ​លើ​វឌ្ឍនភាព​សង្គម​ដោយ​សារ​ឯកភាវូបនីយកម្ម ដែល​គ្មាន​ការ​ខ្វែង​គំនិត​គ្នា នៃ​កត្តា​ទាំង​អស់​ខាង​លើ ដោយ​បែង​ចែក​ចំពោះ​វិបុលភាព និង​សនិ្តសហអតិ្ថភាព​របស់​មនុស្ស​។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេ​សរសេរ​សៀវភៅ​ជា​ច្រើន​សី្ត​អំពី​ប្រធានបទ​សេដ្ឋកិច្ច និង​ទ្រឹសី្តសេដ្ឋកិច្ច ទ្រឹសី្ត​ទាំង​អស់​នេះបាន​មក​ពីទស្សនៈ​មូល​ធននិយម​និង​សង្គម​និយម។ គ្មាន​ប្រព័ន្ធ​ណា​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​ទាំង​នេះ យក​ចិត្ត​ទុក​ដាក់ ឬ​គិត​ពិចារណា​ពី​ការអភិវឌ្ឍន៍​ខាង​ក្នុង​របស់​មនុស្ស គឺ​ការ​អប់​រំ​ចិត្ត ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ សង្គម។ បើ​ចិត្ត​មនុស្ស​ច្របូក​ច្របល់ សកម្មភាព​ដែល​សម្តែង​ចេញ​ឡើង​ក៏​ច្របូកច្របល់ ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សង្គម និង​មនុស្សជាតិ​ជា​ច្រើន​ប្រការ ព្រោះ​តែ​ស្ថិត​នៅ​ក្រោម​ការ​គាបសង្កត់ នៃ​សម្ពាធ​មហិច្ឆិតា តណ្ហា​ទិដ្ឋិមានៈ។ ដូច្នេះ​មានការ​យ៉ាប់យឺន​ក្នុង​តម្លៃ​មនុស្ស និង​កម្រិត​បុគ្គលិក​លក្ខណៈ គ្រប់​ថ្នាក់​ទាំង​អស់​របស់​សង្គម។ វិទ្យាសាស្ត្រ​និង​បច្ចេក​វិទ្យា បាន​ឈាន​ទៅ​មុខ មួយ​ជំហាន​ធំ ដើម្បី​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះច័ន្ទ ហើយ​និង​មិនយូរ​ប៉ុន្មាន​ទេ គេ​នឹង​អាច​ទៅ​លេង​ភព​ផ្សេង​ៗ​ទៀត​បាន។ ប៉ុន្តែ​គេ​បាន​បញ្ជាក់ នូវ​សេចកី្ត​ភ័យ​ខ្លាច​ថា ប្រសិន​បើ​និន្នា​ការ​បច្ចុប្បន្ន ឆ្ពោះ​ទៅ​រកការ​ធ្លាក់​ចុះ​ខាង​សីលធម៌ សកម្មភាព​មនុស្ស​មិន​ខុស​ពី​សកម្មភាព​សត្វ​ទេ វា​អាច​បំផ្លាញ​ខ្លួន​ឯង​និង​ពិភពលោក។ ដោយ​សារ​តែពិភព​លោក​រំកិល​ខ្លួន​កាន់​តែ​ជ្រៅ​ទៅ​ៗ ទៅ​ក្នុង​យុគសម័យ នៃ​ការ​ជ្រួល​ច្របល់ ដោយ​អាវុធ​យុទ្ធភ័ណ្ឌ​ប្រកប​ដោយ​គ្រោះថ្នាក់​និង​ដ៏​ស្មុគស្មាញ​អម​ទៅ​ដោយ​វិបតិ្តភ័យ និង​ការ​ស្រុត​ចុះ​នៃ​សីលធម៌ បច្ចុប្បន្ន ធ្វើ​ឲ្យ​តម្រូវ​ការ​នែ​ការ​អប់​រំសាសនា មាន​កម្រិត​ខ្ពស់​ជាង​អតីតកាល។ ការ​ព្រួយ​បារម្ភ និង​ភាព​ខ្វល់​ខ្វាយ ដែល​កើត​ពីភាព​មិន​ប្រាកដ​ប្រជា​ចំពោះ​អនាគត បង្កើត​ឡើង​នូវ​ភាព​តាន​តឹង និង​ភាព​ហួស​កម្លាំង​នៃ​ចិត្ត​របស់​មនុស្ស។ វិបតិ្ត​ទាំង​នេះ​អាច​ជម្នះ​បាន ដោយ​ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ​ចំពោះ ធម្មជាតិ​នៃ​ចិត្ត​ ដែល​ជា​ប្រធាន​ជា​ធំ។ បើ ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​អប់រំ​ល្អ ដាច់​ឆ្ងាយ​ពី​ប្រព័ន្ធ​អប់រំ មិន​តម្រង់​ទិស​ទៅ​រក​ការ​សិក្សា​​ស្រាវជ្រាវ ពី​សម្ភារៈ​និយម នៅ​សាលា​រៀន និង​ស្ថាប័ន​បន្ត​បន្ទាប់​នា​បច្ចុប្បន្ន​នេះ​ពិតជា​គ្រោះ​ថ្នាក់។ សាសនា​ជានិច្ច​កាល ជា​គន្លឹះ​ក្នុង​ការ​រក្សា​សនិ្តភាព និង​ការ​ផ្តល់​នូវ​ភាព​កក់​ក្តៅ​ផ្លូវ​ចិត្ត ក្នុង​កាលៈទេសៈ​ត្រូវ​សង្គ្រោះ​បន្ទាន់ តួ​យ៉ាង​ដូច​ជា​ក្នុង​ពេល​មាន​វិបតិ្តភ័យ​គ្រោះ​ថ្នាក់​ផ្សេង​ៗ ក៏​ដូច​ក្នុង​ពេល​មាន​ការ​បំពាន​ដោយ​អ្នក​ឈ្លានពាន និង​ការ​រំខាន​ដទៃ​ទៀត​។ ទស្សន​វិជ្ជា​សីលធម៌​នៃស្វ័យ​ញ្ញាណ បាន​បង្ហាញ​ឲ្យ​យើង​បាន​ដឹង​ច្បាស់​ថា មាន​តែ​មាគ៌ា​កណ្តាល​មួយ​ប៉ុណ្ណោះ ដែល​ដឹក​នាំ​មនុស្ស​លោក​ឲ្យ​ស្វែង​រកសុភមង្គល បញ្ចៀស​វិនាសកម្ម​ទាំង​ឡាយ ជា​ផ្លូវ​កសាង​ឲ្យ​វិវត្ត​ទៅ​រក​ភាព​ខ្ពង់ខ្ពស់ រីក​ចម្រើន ទាំង​ស្មារតី​និង​សម្ភារៈ និង​ឈាន​ទៅ​រក​ទី​បរមសុខ​ផុត​ទុក្ខ​ទាំង​ពួង ពោល​គឺ​ពី​ហីន​ភេទ​ទៅ​ឧត្តម​ភេទ ពី​ឧត្តម​ភេទ​ទៅ​អរិយ​បុគ្គល។ ដកស្រង់​ចេញ​ពី​អត្ថបទ​ត្រង់​ទំព័រ​លេខ ៩៨ ដោយ ៥០០០ឆ្នាំ
images/articles/433/Untitled-1.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៨៣៤ ដង)
ព្រះដ៏មាន​ព្រះភាគ​​ទទួល​ការ​យាង​ពី​ឧត្តគ្គហមេណ្ឌកនត្តា​​​ជា​ចៅ​មេណ្ឌកសេដី្ឋ​ ថ្វាយ​ភត្ត​ផង និង​សុំ​ព្រះដ៏មាន​​ព្រះភាគ​​សំដែង​ធម៌​​អប់រំកូន​​ស្រី​ផង​ដែល​​ត្រូវ​រៀប​​ចំ​​ឲ្យ​មាន​ស្វាមី ​ពេល​ថ្វាយ​ភត្ត​ដល់​ព្រះពុទ្ធ​​សព្វ​គ្រប់​ហើយ​ក៏​អង្គុយ​ក្នុង​ទី​សមគួរ​។ លុះ​ឧគ្គហមេណ្ឌកនត្តា អង្គុយ​ក្នុង ទី​សម​គួរ​ហើយ ទើប​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​យ៉ាង​នេះ​ថា បពិត្រ ព្រះអង្គ​ដ៏​ចំរើន ពួក​កុមារី​របស់​ខ្ញុំ​ព្រះអង្គ​ទាំង​អម្បាល​នេះ មុខ​ជា​នឹង​ទៅ កាន់​ត្រកូល​បី្ត បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សូម​ព្រះមាន​ព្រះភាគ ទូន្មាន​ពួក កុមារី​ទាំង​នោះ​ឲ្យ​ទាន បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សូម​ព្រះដ៏មាន​ព្រះភាគ ប្រៀន​ប្រដៅ ពួក​កុមារី​ទាំងនោះ ដោយ​ឳវាទទានុសាសនៈ​ណា ដែល​នាំ ឲ្យ​បាន​ប្រយោជន៍​នឹង​សេចកី្ត​សុខ អស់​កាល​ដ៏​វែង​ដល់​កុមារី​ទាំង​នោះ។ លំដាប់​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​នឹង​កុមារី​ទាំង​នោះ យ៉ាង​នេះ​ថា ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នេះ​ពួក​កុមារី ក្នុង​លោក​នេះ​ត្រូវ​សិក្សា​យ៉ាង​នេះ​ថា មាតា​នឹង​បិតា ជា​អ្នក​ប្រាថ្នា​សេចកី្ត​ចំរើន ជា​អ្នក​ស្វែង​រក​ប្រយោជន៍ ជា​អ្នក​អនុគ្រោះ អាស្រ័យ​សេចកី្ត​អនុគ្រោះ​ហើយ​ឲ្យ​ដល់​បុរស​ជាស្វាមី​ណា យើង​ទាំង​ឡាយ ជា​ស្រី​ភ្ញាក់​ឡើង​មុន​គេ ដេក​ក្រោយ​គេ ប្រុង​ខ្លួន​នឹង​ទទួល​កិច្ចការ​អី្វ​ៗ ប្រព្រឹត្ត​ផ្គាប់ផ្គុន និយាយ​ពាក្យ​ផ្អែមល្ហែម​ដល់​ស្វាមី​នោះ ម្នាល​កុមារី​ទាំងឡាយ ឲ្យ​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ​ចុះ។ ម្នាល​កុមារី​ទាំងឡាយ ហេតុ​ដូច្នោះ ពួក​កុមារី​ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា បុគ្គល​ណា​ជាទី​គោរព​នៃ​ស្វាមី ទោះ​ជា​មាតាកី្ត បិតា​កី្ត សមណព្រាហ្មណ៌កី្ត យើង​ទាំង​ឡាយ​នឹង​ធ្វើ​សក្ការៈ គោរព​រាប់​អាន បូជា​ដល់​បុគ្គល​ទាំង​នោះ ទាំង​ទទួល​គួរ​សម រៀប​ចំ​ដោយ​អាសនៈ​នឹង​ទឹក លាង​ជើង ចំពោះ​ជន​ទាំង​ឡាយ ដែល​មក​ដល់​ហើយ ម្នាល​កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ។ ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ ពួក​កុមារី​ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា​ ការងារ​ទាំង​ឡាយ​ណា ខាង​ក្នុងផ្ទះ​របស់​បី្ត ទោះ​រោម​ចៀម​កី្ត កប្បាស​កី្ត​ពួក​យើង​នឹង​ជាស្រី​ឈ្លា​វៃ ក្នុង​ការងារ​ទាំងនោះ មិន​ខ្ជិល​ច្រអូស បរិបូណ៌​ដោយ​ឧបាយ​នឹងការ​ត្រិះរិះ ក្នុង​កិច្ចការ​ទាំង​នោះ​ថា គួរ​ធ្វើ គួរ​ចាត់​ចែង ម្នាល​កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ។ ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ ពួក​កុមារី ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា ជន​ណា​ជា​ជន​ខាង​ក្នុង​ផ្ទះ​របស់​​ស្វាមី​ទោះ​ខ្ញុំ​កី្ត អ្នក​បម្រើ​កី្ត អ្នក​ធ្វើ​ការងារ​កី្ត ពួក​យើង​ដឹង​ការងារ​ដែល​ជន​ទាំង​នោះ​ធ្វើ​ហើយ ព្រោះ​ការងារ​ដែល​ជន​ទាំង​នោះ ធ្វើ​ហើយ​ផង ដឹង​ការងារ​ដែល​ជនទាំង​នោះ មិន​បាន​ធ្វើ ព្រោះ​ការងារ​ដែល​ជន​ទាំង​នោះ មិន​បាន​ធ្វើ​ផង ដឹង​ថា​ឈឺ​ធ្ងន់ ឈឺ​ស្រាល​ផង ហើយ​ចែក​រំលែក​ខាទនីយភោជនីយាហារ ជា​ចំណែក​ៗ ដល់​ជន​ទាំង​នោះ​ផង ម្នាល​កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ​។ ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ ពួក​កុមារី​ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា ស្វាមី​នាំ​របស់​ណា​មក ទោះ​ទ្រព្យ​កី្ត ស្រូវ​កី្ត ប្រាក់​កី្ត មាស​កី្ត យើង​ទាំង​ឡាយ​នឹង​ធ្វើ​របស់នោះ ឲ្យ​សម្រេច​ដោយ​ការ​រក្សា​នឹង​ការ​គ្រប់គ្រង មិន​ជា​ស្រី​អ្នក​លេង មិន​ជា​ស្រី​អ្នក​លួច មិន​ជា​ស្រី​អ្នក​ផឹក​សុរា មិន​មែន​ជាស្រី​អ្នក​បំផ្លាញ​របស់​ទ្រព្យ​ដែល​ខ្លួន​គ្រប់គ្រង​នោះ ម្នាល​កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ។ ម្នាល​កុមារី​ទាំង​ឡាយ មាតុ​គ្រាម ប្រកប​ដោយ​ធម៌ ៥ យ៉ាង​នេះ​ឯង លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែង​ទៅ​កើត​ក្នុង​ពួក​ទេវតា​មាន​កាយ​​ជាទី​គាប់​ចិត្ត។​​ ស្វាមី​ណា ចិញ្ចឹម​ភរិយា​នោះ​សព្វ​កាល មាន​ព្យាយាម​ខ្វល់ខ្វាយ ជានិច្ច ភរិយា​មិន​ត្រូវ​មើល​ងាយ​ស្វាមី​អ្នក​ចិញ្ចឹម អ្នក​បំពេញ​សេចកី្ត​ប្រាថ្នា​ទាំង​ពួង (នោះ) ឡើយ ស្ត្រី​ល្អ​មិន​ត្រូវ​ក្រោធ​ខឹង​នឹង​ស្វាមី ដោយ​កិរិយា​ប្រព្រឹត្ត​ឫស្យា​ផង ស្ត្រី​អ្នក​ចេះ​ដឹង រមែង​គួរ​សម​នឹង​ពួក​ជន​ទាំង​ពួង អ្នក​ជាទីគោរព​របស់​ស្វាមី​ផង ភរិយា​ជា​ស្ត្រី​មាន​ព្យាយាម មិន​ខ្ជិល​ច្រអូស សង្គ្រោះ​ជន​ខាង​ក្នុង​ផ្ទះ​ស្វាមី ប្រព្រឹត្ត​កិច្ចការ​ជាទី​គាប់​ចិត្ត​របស់​ស្វាមី។ នារី​ណា​បាន​ប្រព្រឹត្ត​យ៉ាង​នេះ លុះ​តាម​អំណាច​សេចកី្ត​ប្រាថ្នា​របស់​ស្វាមី​នារី​នោះ រមែង​ទៅ​កើត​ក្នុង​ពួក​ទេវតា​ទាំង​នោះ ដែល​មាន​កាយ​ជា​ទី​ពេញ​ចិត្ត និង​មាន​សេចកី្ត​សុខ​ព្រោះភាព​ស្មោះ​ត្រង់។ ដោយ៥០០០ឆ្នាំ
images/articles/427/Buddhism-suffering-garden.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,៦៥២ ដង)
អក្កោច្ឆិ មំ, អវធិ មំ, អជិនិ មំ, អហាសិ មេ, យេ ច តំ ឧបនយ្ហន្តិ, វេរំ តេសំ ន សម្មតិ ។ អក្កោច្ឆិ មំ, អវធិ មំ, អជិនិ មំ, អហាសិ មេ, យេ ច តំ នូមនយ្ហន្តិ, វេរំ តេសូបសម្មតិ ។ ជន​ទាំង​ឡាយ​ណា ចង់​សេចក្តី​ក្រោធ​ខឹង​នោះ​ទុក​យ៉ាង​នេះ​ថា អ្នក​នោះ​បាន​ជេរ​អញ អ្នក​នោះ​បាន​វាយអញ អ្នក​នោះ​បាន​ឈ្នះ​អញ អ្នក​នោះ​បាន​លួច​របស់​អញ ពៀរ​វេរា របស់​ជន​ទាំង​ឡាយ​នោះ នឹង​មិន​ស្ងប់​រម្ងាប់​ឡើយ ។ ឯ​ជន​ទាំង​ឡាយ​ណា មិន​ចូល ទៅ​ចង​សេចក្តី​ក្រោធ​ខឹង​នោះ​ទុក​យ៉ាង​នេះ​ថា​ អ្នក​នោះ​បាន​ជេរ​អញ អ្នក​នោះ​បាន វាយ​អញ អ្នក​នោះ​បាន​ឈ្នះ​អញ អ្នក​នោះ​បាន​លួច​របស់​អញ ពៀរ​វេរា​របស់​ជន​ទាំង​ឡាយ​នោះ​នឹង​ស្ងប់​រម្ងាប់​បាន​ ។ ~គម្ពីរធម្មបទ~ ដោយ៥០០០ឆ្នាំ
images/articles/418/Untitled-1.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥០,២២០ ដង)
សុករានិ អសាធូនិ អត្តនោ អហិតានិ ច យំវេ ហិតញ្ច សាធុញ្ចា តំ វេ បរម​ទុក្ករំ។ អសាធុកម្ម គឺ​អំពើ​របស់​អសប្បុរស​ទាំង​ឡាយជា​អំពើ​ឥត​ផល​ប្រយោជន៍​ដល់​ខ្លួន គេ​ងាយ​ធ្វើ​ទេ, ឯ​អំពើ​ណា​ជា​សាធុកម្ម​របស់​សប្បុរស​ដែល​ជា​អំពើ​ផ្ដល់​ផល​ប្រយោជន៍ (ដល់​ខ្លួន) អំពើ​នោះ​ឯង​គេ​ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ធ្វើ​កើត​ទេ។ ពាក្យ​កាព្យ​ងាយ​ចាំ (ពាក្យ​៩) កម្ម​អាក្រក់ តែង​ទាញ​ឆក់ ចិត្ត​ជន​ផង, ឲ្យ​កន្លង ផុត​ប្រយោជន៍ របស់​ខ្លួន, គេ​ពុំ​ខ្លាច គេ​អាច​ហ៊ាន ធ្វើ​ផ្ទួន​ៗ, ទោះ​បី​ខ្លួន បាន​វិនាស ក៏​ពុំ​រាង។ រី​កម្ម​ណា ជា​សាធុ ល្អ​ប្រពៃ, មាន​កម្រៃ អាច​នាំ​ខ្លួន ឲ្យ​ចៀសវាង, ផុត​ចាក​ទោស ឥត​រឱស ក៏​អ្នក​នាង, ខ្លះ​ច្រើន​ឃ្វាង កម្រ​បាន ធ្វើ​កម្ម​នោះ​៕៚ ព្រះ​បរម​ពុទ្ធោវាទ​មួយ​យ៉ាង​ថា សុករំ សាធុនា សាធុ សាធុ បាបេន ទុក្ករំ បាបំ បាបេន សុករំ បាប​មរិយេហិ ទុក្ករំ។ សាធុកម្ម គឺ​ជា​អំពើ​កុសល ជន​ជា​សប្បុរស​ងាយ​ធ្វើ​កើត​សាធុកម្ម ជន​ចិត្ត​បាប​ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ធ្វើ​កើត​ទេ អំពើ​បាប ជន​ចិត្ត​បាប​ងាយ​ធ្វើ​កើត អំពើ​បាប អរិយជន គឺ​ជន​អ្នក​ប្រសើរ​ដោយ​សីលធម៌ ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ហ៊ាន​ប្រថុយ​ធ្វើ​ឡើយ។ ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ (ពាក្យ​៩) សាធុ​ជន ស្រឡាញ់​បុណ្យ ងាយ​ធ្វើ​បុណ្យ, ឯ​​ទុជ៌ន ចិត្ត​ទំរន់ ធ្វើ​ពុំ​កើត, បើ​បាប​វិញ គេ​ងាយ​ធ្វើ ពុំ​ញញើត, អ្នក​ប្រាជ្ញ​ឆើត ធ្វើ​ពុំ​កើត ព្រោះ​ខ្ពើម​បាប​៕៚ វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ពុធ ទី​២៤ កក្កដា ២៥១២ (១៩៦៨) សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ ប.អ.ស. – អ.ម.រ. ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច ព្រះមហាសុមេធាធិបតី ជួន ណាត ដោយ៥០០០ឆ្នាំ
images/articles/387/te3424xtpic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៣៣៦ ដង)
ក្នុង​ខណៈ​ដែល​ព្រះសារីបុត្ត​បក់​ផ្លិត​ថ្វាយ​ព្រះដ៏មាន​ព្រះភាគ ដែល​ព្រះដ៏មាន​ព្រះភាគ​កំពុង​តែ​សម្តែង ព្រះធម៌​ដល់​ទីឃនខបរិព្វាជក នៅ​សុករខាតា នា​ភ្នំ​គិជ្ឈកូដ ព្រះថេរៈ​សម្រេច​ព្រះអរហត្ត​ក្នុងខណៈ​នោះ គឺ​កំពុង​បក់​ផ្លិត មិន​មាន​អាការ​ខុស​ប្រក្រតី​អ្វី​ទាំង​អស់ ។យើង​គ្រប់​គ្នា​ក៏​ធ្លាប់​បក់​ផ្លិត​នៅ​ពេល​នោះ គិត រឿង​អ្វី​ៗ បាន​ទាំង​អស់ គិត​ធ្វើ​បុណ្យ​យ៉ាង​នេះ យ៉ាង​នោះ ឬ​គិត​ដោយ​អកុសលវិតក្ក​ផ្សេង​ៗ ក៏​បាន តាម​តែ​បច្ច័យ​នៃ​ការ​គិត​នោះ​មាន ។ ជំនួស​ការ​គិត​ផ្សេង​ៗ សតិ​ថ្នាក់​សតិប្បដ្ឋាន​កើត​ឡើង​ក៏​បាន​ដែរ រលឹក​ដឹង​លក្ខណៈ នៃ​ធម៌​ពិត​កំពុង​កើត កំពុង​មាន ដោយ​អ្នក​ដទៃ​មិន​បាន​ដឹង​ឡើយ ព្រោះ​តាំង​នៅ ដោយ​អាកប្បកិរិយា​ជា​ប្រក្រតី រហូត​ដល់​សម្រេច​មគ្គផល ។ នៅ​ពេល​បរិភោគ​អាហារ សតិ​កើត​ក៏​ជា​ប្រក្រតី នៅ​ពេល​និយាយ ពេល​ស្តាប់ សតិ​កើត​ជា​ប្រក្រតី​បាន ទាំង​អស់ ។ នៅ​ក្នុង​សំយុត្តនិកាយ ខន្ធវារវគ្គ ខេមក​សូត្រ ព្រះ​ខេមកៈ​កំពុង​មាន​អាពាធ សម្តែង​ធម៌ ដល់ភិក្ខុ ៦០ អង្គ សម្រេច​ព្រះអរហត្ត​គ្រប់​អង្គ ។ ព្រះអដ្ឋកថា​បាន​បញ្ចាក់​ថា ព្រះថេរៈ ៦០ អង្គនោះ ចម្រើន​វិបស្សនា​ក្នុង​ទីនោះ ទាំង​ដែល​ព្រះថេរៈ កំពុង​សម្តែង​ធម៌ ពិចារណា​ខ្ពស់​ឡើងៗ ពេល​ចប់​ព្រះ ធម៌​ទេសនា ក៏​បាន​សម្រេច​ជា​ព្រះអរហន្ត ។ ចំណែក​ព្រះខេមកៈ មិន​មែន ពោល​ដោយ​ទំនង​ដទៃ តែ ពោល​ដោយ​ចិត្ត​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​វិបស្សនា​នោះ​ឯង ព្រោះ​ហេតុ​ដូច្នោះ ទើប​លោក​បាន​សម្រេច ព្រះ​អរហត្ត​ក្នុង​ពេល​នោះ​ដែរ ។ ការ​ចម្រើន​សតិប្ប​ដ្ឋាន មិន​មែន​សាង​អារម្មណ៍​ឲ្យ​សតិ ឬ​សាង​បព្វៈ​នេះ បព្វៈ​នោះ​ក្នុង​សតិប្បដ្ឋាន​សូត្រ ដើម្បី​ចម្រើន​សតិប្បដ្ឋាន នោះ​ឡើយ ហើយ​ក៏​មិន​មែន​ជា​បែប​បង្គាប់​សតិ​ឲ្យ​ចម្រើន​ពេល​នេះ ពេល​នោះ ទីនេះ ទីនោះ ដូច្នោះ​ដែរ ព្រោះ​សតិ​ជាអនត្តា អ្នក​ឲ្យ​សតិ​កើត​មិន​មាន​ទេ គឺ​មាន​បច្ច័យ​គ្រប់​គ្រាន់ សតិ ទើប​កើត​ឡើង ។ ការ​ស្តាប់​យល់​អំពី​ធម៌​ពិត​ជា​ប្រក្រតី ទើប​ជា​បច្ច័យនៃ​សតិប្ប​ដ្ឋាន ឯ​ការ​បាន​ដឹង​លក្ខណៈ​របស់​សតិ ទើប​អាច​សតិ​ចម្រើន​ទៅ​បាន ។ ការ​ចម្រើន​សតិប្បដ្ឋាន មិន​​មែន​ធ្វើ​បែប​នេះ បែប​នោះ តាម​អ្នក​ណា​នោះ​ឡើយ ព្រោះ​អារម្មណ៍​របស់ សតិ ជា​បរមត្ថ​ធម៌​រៀង​ៗ ខ្លួន គ្រប់​ឥរិយាបថ ៤ ពេល​ណា​ក៏​មាន​ធម៌​ពិត​ដែរ ។ តួធម៌បដិបត្តិ មិន ប្រព្រឹត្ត​ទៅ​ដើម្បី​ឲ្យ​ខ្លួន​ឯង​បាន​អ្វី​នោះ​ទេ តួធម៌បដិបត្តិ គឺ​ដឹង​បរមត្ថធម៌​ជា​ធម៌​ពិត ដែល​ធម៌​ពិត​នោះ មិន​​មែន​ជា​សត្វ​បុគ្គល​តួ​ខ្លួន​ហើយ​ស្រេច ។ នៅ​ក្នុង​អដ្ឋកថា​ធម្មបទ ភិក្ខុ​វគ្គ សម្តែង​អំពី​ព្រះ​វក្កលិ​បាន​នូវ​បី​តិ​ដ៏​ខ្លាំង​ក្លា ហោះ​ទៅ​តាម​អាកាស ពិចារណា​ព្រះពុទ្ធ​គាថា ដែល​ព្រះពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ថា បាមោជ្ជពហលោ ភិក្ខុ បសន្នោ ពុទ្ធសាសនេ អធិគច្ឆេ បទំ សន្តំ សង្ខារូបសមំ សុខំ ។ ភិក្ខុ​ដែល​ច្រើន​ទៅ​ដោយ​សេចក្តី​រីករាយ​ជ្រះថ្លា ក្នុង​ព្រះពុទ្ធ​សាសនា គប្បី​បាន​សម្រេច​នូវ​សន្តិ​បទ គឺ​ព្រះនិព្វាន ដែល​ស្ងប់​នូវ​សង្ខារ​ទាំង ពួង ជាសុខ ។ ព្រះវក្កលិ សម្រេច​ព្រះអរហត្ត​នៅ​ក្នុង​អាកាស​នោះ​ឯង ហើយ​ហោះ​ចុះ​មក​ថ្វាយ​បង្គំ​ព្រះបរមសាស្តា នៅ​នា​ព្រះវេឡុវ័ន មហាវិហារ ។ តើ​យើង​បដិបត្តិ​ធម៌ ដោយ​ធ្វើ​តាម​ព្រះវក្កលិ ហោះ​ទៅ​តាម​អាកាស ដូច្នោះ​ឬ ? ព្រះសប្បទាសត្ថេរ លោក​មិន​ចង់​មាន​ជីវិត​នៅ​ក្នុង​ផ្នួស តែ​លោក​ក៏​មិន​ចង់​សឹក ម៉្លោះ​ហើយ លោក សម្រេច​ចិត្ត​ធ្វើ​អត្តឃាត ដោយ​យក​កាំបិត​កោរ​ទៅ​អារ​បំពង់ក ប៉ុន្តែ​សំណាង​ល្អ កាំបិត​បញ្ញា​លឿន​ជាង កាត់​អាសវក្កិលេស​ដាច់​អស់ មុន​នឹង​ដាច់​បំពង់ក សម្រេច​ព្រះអរហត្ត ក្នុង​ទី​នោះ​ឯង ។ មាន​ភិក្ខុ​អង្គ​ខ្លះ កាត់​ដាច់​បំពង់ក​ស្រេចហើយ ទើប​សម្រេច​ព្រះអរហត្តប​រិនិព្វាន​ក្នុង​ពេល​នោះ​ទៅ ។ ដើម្បី​សម្រេច​ព្រះអរហត្ត តើ​យើង​ត្រូវ​បដិបត្តិ​ដោយអារកាត់​ផ្តាច់​បំពង់ក​ខ្លួន​ឯង តាម​លោក​ដូច្នោះ​ឬ? ដោយ៥០០០ឆ្នាំ
images/articles/386/2020-07-21_16_00_06-buddha_and_monk_painting_-_Google_Search.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,៨៣៧ ដង)
ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍, ជំទាស់​នឹង​ផ្លូវ​សួគ៌និព្វាន លោក​ហៅ​ថា តិរច្ឆានកថា ដូចមាន​វចនត្ថ​សម្តែង​​ថា៖ សគ្គមោក្ខានំ តិរច្ឆានភូតា កថាតិ តិរច្ឆានកថា “ពាក្យ​និយាយ​ដែល​ជំទាស់​នឹង​សួគ៌មគ្គផល និង​និព្វាន ហៅ​ថា តិរច្ឆាន​កថា” តិរច្ឆានក​ថាទាំង​នោះ មាន​មក​ក្នុង​ព្រះ​បាលី(ព្រះត្រៃបិដក) ដូច​ត​ទៅ​នេះ ៖ រាជកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ព្រះរាជា ចោរកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​ចោរ មហាមត្តកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​មហាមាត្យ សេនាកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​កង​ទ័ព ភយកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ភយន្តរាយ យុទ្ធកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​ចម្បាំង [ មាន​ចម្បាំង​របស់​មហាភារតៈ​ជា​ដើម ] អន្នកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​អាហារ បានកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​ទឹក​បាន វត្ថកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​សំពត់ សយនកថា ពាក្យ​និយាយ​ដែល​គ្មានប្រយោជន៍​ទាក់ទង​នឹង​ទីដេក មាលាកថា ពាក្យនិយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ផ្កា​កម្រង គន្ធកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​គ្រឿង​ក្រអូប ញាតិកថា ពាក្យ​និយាយ​ដែលគ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​សាច់​ញាតិ​បង​ប្អូន យានកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​យាន​ពាហនៈ គាមកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ស្រុក និគមកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​និគម នគរកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​នគរ ជនបទកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​រដ្ឋ ឬប្រទេស ឥត្ថិកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​ស្ត្រី ( បុរិសកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​បុរស ) សូរកថា ពាក្យ​និយាយ​ដែលគ្មាន​ប្រយោជន៍​ទាក់​ទងនឹង​វីរបុរស ( អ្នកក្លាហាន ) វិសិខាកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​ថ្នល់, ច្រក, ផ្លូវបំបែក កុម្ភដ្ឋានកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​អណ្តូង​ទឹក កំពង់​ទឹក ឬ​នាងកុម្ភទាសី បុព្វបេតកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ញាតិ​ដែល​បាត់​បង់​ជីវិត​ទៅ​ហើយ នានត្តកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​មាន​ប្រការ​ផ្សេងៗ លោកក្ខាយិកំ ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​លោក សមុទ្ទក្ខាយិកំ ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​សមុទ្រ ឥតិភវាភវកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​លោក​ចម្រើន ព្រោះ​ហេតុ​នេះ និង​លោក​​វិនាស​ព្រោះ​ហេតុ​នេះ ពន្យល់ រាជកថា ពាក្យ​និយាយ​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ព្រះរាជា ដូចជា​និយាយ​ថា “ព្រះ​រាជា​អង្គ​នោះ​ទ្រង់​មាន​រូប​​ស្អាត” បើ​ជា​​ការ​និយាយ​ដើម្បី​ឲ្យ​កើត​សេចក្តី​សង្វេគតក់ស្លុត ក៏​អាច​និយាយ​បាន ដូចជា​និយាយ​ថា “សូម្បី​ព្រះរាជា​អង្គ​នោះ ជា​អ្នក​មាន​អំណាច​លើ​ប្រឹថ​ពី តែ​ក្នុង​ទីបំផុត​ក៏មិន​អាច​គេច​ផុត​ពី​សេចក្តី​ស្លាប់” សូម្បី​ក្នុង​តិរច្ឆាន​កថា​ក្រៅ​ពីនេះ ក៏​មាន​ន័យ​ដូច​គ្នា ។ អន្នកថា… ចាប់ពី អន្នកថា ដល់ គន្ធកថា គប្បី​ជ្រាប​ថា បើ​ជា​ការ​និយាយ​ដល់​ការ​ធ្វើ​បុណ្យ​ទាន ដោយ​វត្ថុ​ទាំង​នោះ រមែង​សម​​គួរ ។ ញាតិកថា បើ​ជា​ការ​និយាយលើក​សរសើរ​សាច់​ញាតិ​បងប្អូន​របស់​ខ្លួន រមែង​មិន​សម​គួរ តែ​បើ​ជា​ការ​និយាយ​ដែល​នាំ​មក​នូវ​​សេចក្តី​សង្វេគតក់​ស្លុត រមែង​សមគួរ ។ គាមកថា បើ​ជាពាក្យ​និយាយ​លើក​សរសើរ ឬ​តិះដៀល​អ្នក​ស្រុក​ក្នុង​ស្រុក​ឯណោះ ឬ​អ្នក​ស្រុក​ឯណេះ រមែង​មិន​គួរ តែ​បើ​ជា​ការ​និយាយ​អំពី​គុណ​ធម៌ ដូច អ្នក​ស្រុក​ក្នុង​ស្រុក​​នេះ​មាន​សទ្ធា ជា​ដើម រមែង​គួរ ។ និគម សំដៅ​ដល់ ទី​ប្រជុំ​ជន​ដែល​មាន​ផ្សារ តែ​មិន​មាន​កំពែង នគរ សំដៅ​ដល់ ទី​ប្រជុំជន​ដែល​មាន​ផ្សារ មាន​កំពែង​ព័ទ្ធ​ជុំ​វិញ ។ ឥត្ថិកថា បើ​ជា​ការ​ពោលសរសើរ​គុណ​ធម៌ សេចក្តី​ល្អ ដូច ស្រី​ជា​អ្នក​មាន​សីល មាន​សទ្ធា ជា​ដើម រមែង​គួរ ។ បុរិសកថា បទថា បុរិសកថា គប្បី​ជ្រាប​ថា មិន​មាន​ក្នុង​ព្រះ​ត្រៃ​បិដក​ច្បាប់​ឆដ្ឋសង្គាយនា ព្រោះ​លោក​សង្គ្រោះ​ចូល​ក្នុង​បទ​​ថា សូរ​កថា ហើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រោះ​ច្បាប់​ខ្លះ​មាន​បទ​នេះ ទើប​ដាក់​នៅ​ក្នុង​រង្វង់​ក្រចក​ទុក វិសិខាកថា វិសិខាកថា សំដៅ​រួម​ដល់ ការ​សរសើរ​មនុស្ស​ដែល​នៅ​តាម​ថ្នល់, ច្រក, ផ្លូវ ថា​ជា​មនុស្ស​ពូកែ មាន​សមត្ថភាព​ជា​​ដើម​ផង តិរច្ឆានកថា ៣២ ក្នុង​គម្ពីរអដ្ឋក​ថា ដូច អដ្ឋកថា​នៃ​មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ប្រាប់ថា តិរច្ឆានកថា មាន ៣២ កថា ដោយ​​ចែក​ឥតិភវាភវកថា ចេញ​ជា ៦ កថា គឺ ១. ឥតិសស្សតភវកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​ទៀង ព្រោះ​ហេតុ​នេះ ២. ឥតិឧច្ឆេទអភវកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​ដាច់​សូន្យ ព្រោះ​ហេតុ​នេះ ៣. ឥតិវុឌ្ឍិកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​ចម្រើន ព្រោះ​ហេតុ​នេះ ៤. ឥតិហានិកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​វិនាស ព្រោះ​ហេតុ​នេះ ៥. ឥតិកាមសុខកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​ជា​សុខ ព្រោះ​ហេតុ​នេះ ៦. ឥតិអត្តកិលមថកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​ជា​ទុក្ខ ព្រោះ​ហេតុ​នេះ រួម​នឹង​តិរច្ឆាន​កថា​ដែល​មក​ក្នុង​ព្រះបាលី ២៦ កថា​ទៀត ជា ៣២ កថា ក្នុង​សីលក្ខន្ធវគ្គ អភិនវដីកា ចែក​តិរច្ឆានកថា ៣២ ទុកជា ២ ន័យ គឺ ន័យ​ដំបូង ត្រូវ​នឹង​មតិអដ្ឋកថា​ខាង​ដើម ចំណែក​ន័យ​ទី ២ ចែក​ទុក​ដោយ​ចែក​ឥតិភវាភវកថា​ ចេញ​ជា ២ កថា​ប៉ុណ្ណោះ គឺ ឥតិភវកថា និង​ឥតិអភវកថា ហើយ​បន្ថែម​កថា​ដែល​មិន​មាន​ក្នុង​ព្រះបាលី​ដោយ​ត្រង់ ៤ កថា​ទៀត គឺ ១. អរញ្ញកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍ ទាក់​ទង​នឹង​ព្រៃ ២. បព្វតកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍ ទាក់​ទង​នឹង​ភ្នំ ៣. នទីកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍ ទាក់​ទង​នឹង​ស្ទឹង ៤. ទីបកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍ ទាក់​ទង​នឹង​កោះ រួម​នឹង​តិរច្ឆាន​កថា​ដែល​មក​ក្នុង​ព្រះបាលី ២៦ កថាទៀត ជា ៣២ កថា ទាំង​គម្ពីរ​អដ្ឋកថា និង​ដីកា មិន​បាន​​សម្តែង​បុរិសកថា ទុក​ក្នុង​កថា​ទាំង ៣២ នេះ ៕ ដោយ៥០០០ឆ្នាំ
images/articles/383/te_________xtpic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៨៤៤ ដង)
ក្នុងបឋមអាហុនេយ្យសូត្រ បិដកលេខ ៤៦ ទំព័រ​ ១-២​ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​ថា ៖ ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ដែល​គេ​នាំ​មក​បូជា គួរ​ទទួល​វត្ថុ​ដែល​គេ​រៀប​ចំ​ដើម្បី​ភ្ញៀវ​ គួរ​ទទួល​ទក្ខិណាទាន​ គួរដល់​អញ្ជលិកម្ម​ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​ របស់​សត្វ​លោក​ ។ ឥធ​ ភិក្ខវេ​ ភិក្ខុ​ ចក្ខុនា​ រូបំ​ ទិស្វា​ នេវ​ សុមនោ​ ហោតិ​ ន​ ទុម្មនោ​ ឧបេក្ខកោ​ វិហរតិ​ សតោ​ សម្បជានោ​ ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ឃើញ​រូប​ដោយ​ភ្នែក​ ជាអ្នក​មិន​ត្រេក​អរ​ មិន​អាក់អន់​ ជាអ្នក​ព្រងើយកន្តើយ​ ប្រកប​ដោយ​សតិសម្បជញ្ញៈ​ សោតេន​ សទ្ធំ​ សុត្វា​ … ឮសំឡេងដោយ​ត្រចៀក​ … ឃានេន​ គន្ធំ​ ឃាយិត្វា​ … ធុំក្លិនដោយច្រមុះ​ … ជិវ្ហាយ​ រសំ​ សាយិត្វា​ … ទទួលរសដោយអណ្តាត … កាយេន​ ផោដ្ឋព្វំ​ ផុសិត្វា​ … ពាល់ត្រូវ​ផោដ្ឋព្វៈដោយ​កាយ … មនសា​ ធម្មំ​ វិញ្ញាយ​ នេវ​ សុមនោ​ ហោតិ​ ន​ ទុម្មនោ​ ឧបេក្ខកោ​ វិហរតិ​ សតោ​ សម្បជានោ​ ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ ដោយ​ចិត្ត​ ជាអ្នក​មិន​ត្រេក​អរ​ មិន​អាក់អន់​ ជាអ្នក​ព្រងើយកន្តើយ​ ប្រកប​ដោយ​សតិសម្បជញ្ញៈ អដ្ឋកថា បទថា​ នេវ​ សុមនោ​ ហោតិ​ ន​ ទុម្មនោ​ សេចក្តីថា រមែង​ជាអ្នក​មិន​ត្រេកអរ​ព្រោះ​ឥដ្ឋារម្មណ៍​ ដោយសោមនស្ស​ដែលសហគតៈ​ដោយ​រាគៈ ឬរមែង​ជាអ្នក​មិនអាក់អន់​ ព្រោះអនិដ្ឋារម្មណ៍​ ដោយ​ទោមនស្ស​ ដែល​សហគតៈ​ដោយ​ទោសៈ ។​ បទថា​ ឧបេក្ខកោ​ វិហរតិ​ សតោ​ សម្បជានោ​ សេចក្តីថា​ មិន​ដល់​នូវ​ភាព​ជាអ្នក​ព្រងើយកន្តើយ​ដោយ​ឧបេក្ខា​ដែល​មិន​ប្រកប​ដោយ​ញាណ​ ដោយ​មិន​ពិចារណា​ ក្នុង​មជ្ឈត្តារម្មណ៍​ ឈ្មោះ​ថា​ ជាអ្នក​មាន​សតិ​សម្បជញ្ញៈ​ មាន​ចិត្ត​ជាកណ្តាល​ក្នុង​អារម្មណ៍ ។ ក្នុង​ព្រះ​សូត្រ​នេះ​ ព្រះ​ដ៏មាន​ព្រះ​ភាគ​ត្រាស់​ធម៌​ជា​គ្រឿង​នៅ​ជា​ប្រចាំ​របស់ព្រះខីណាស្រព ។ ក្នុងទុតិយអាហុនេយ្យសូត្រ បិដក ៤៦/២-៦ ព្រះអង្គទ្រង់​ត្រាស់សម្តែងអំពីភិក្ខុដែលមានអភិញ្ញា​ ៦​ ជា​អ្នក​គួរ​ដល់ទក្ខិណាទាន​ ៖ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​ ធម៌​ ៦​ នោះគឺ៖ ១. អនេកវិហិតំ​ ឥទ្ធិវិធំ​ បច្ចនុភោតិ រមែងបាននូវការតាក់តែង​ ឬសម្តែង​ឫទ្ធិ​ច្រើន​ប្រការ​បាន ២. ទិព្វាយ សោតធាតុយា វិសុទ្ធាយ​ អតិក្កន្តមានុសិកាយ​ ឧភោ សទ្ទេ​ សុណាតិ​ ទិព្វេ​ ច​ មានុសេ​ ច​ យេ ទូរេ សន្តិកេ​ ច ភិក្ខុមានសោតធាតុ​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ កន្លង​សោតធាតុ​របស់​មនុស្ស​ធម្មតា​ រមែង​ស្តាប់​សំឡេង​ពីរ​ប្រការ​ គឺសំឡេង​ទិព្វ​ និង​សំឡេង​មនុស្ស​ ក្នុង​ទី​ឆ្ងាយ​ក៏​បាន​ ជិត​ក៏​បាន ៣. បរសត្តានំ បរបុគ្គលានំ​ ចេតសា​ ចេតោ​ បរិច្ច​ បជានាតិ ភិក្ខុរមែងកំណត់ដឹង​ច្បាស់​នូវ​ចិត្ត​របស់សត្វ​ដទៃ​ បុគ្គល​ដទៃ​ដោយ​ចិត្ត​របស់​ខ្លួន ៤. អនេកវិហិតំ បុព្វេនិវាសំ អនុស្សរតិ ភិក្ខុ​រលឹកឃើញ​នូវ​ជាតិ​ដែល​ខ្លួន​ធ្លាប់​នៅ​អាស្រ័យ​ ក្នុង​កាល​មុន​ជា​ច្រើនជាតិ ៥. ទិព្វេន ចក្ខុនា វិសុទ្ធេន អតិក្កន្តមានុសកេន សត្តេ បស្សតិ ចវមានេ ឧបបជ្ជមានេ ភិក្ខុ​មាន​ចក្ខុ​ដូច​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ កន្លង​បង់​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ឃើញ​នូវ​សត្វ​ទាំង​ឡាយ​ដែល​កំពុង​ច្យុត​និង​កំពុង​កើត ៦. អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា​ ឧបសម្បជ្ជ​ វិហរតិ ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន អដ្ឋកថា បទថា​ អសវានំ​ ខយា​ អនាសវំ​ សេចក្តីថា​ ឈ្មោះ​ថា​ មិនមាន​អាសវៈ​ ព្រោះ​អាសវៈ​ទាំងឡាយ​អស់​ទៅ​ មិនមែន​ព្រោះ​មិន​មាន​​ ដូច​ការ​មិនមាន​នៃ​ចក្ខុវិញ្ញាណ​ជាដើម ។ ក្នុង​ព្រះ​សូត្រ​នេះ​ ព្រះមានព្រះភាគ​ត្រាស់​អភិញ្ញា​ទុក​សម្រាប់​ព្រះខីណាស្រព​ តាម​លំដាប់ ។ ក្នុងឥន្ទ្រិយសូត្រ បិដក ៤៦/៦ ព្រះមានព្រះភាគទ្រង់ត្រាស់ថា​ ៖ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​ ធម៌​ ៦ នោះ គឺ​ ៖ ១-៥. សទ្ធិន្ទ្រិយេន វីរិយិន្ទ្រិយេន សតិន្ទ្រិយេន សមាធិន្ទ្រិយេន បញ្ញិន្ទ្រិយេន ភិក្ខុ​ប្រកប​ដោយ​សទ្ធិន្ទ្រិយ​ វីរិយិន្ទ្រិយ សតិន្ទ្រិយ​ សមាធិន្ទ្រិយ​ បញ្ញិន្ទ្រិយ​ ៦. អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា​ ឧបសម្បជ្ជ​ វិហរតិ ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន ក្នុងពលសូត្រ បិដក ៤៦/៧ ព្រះមានព្រះភាគទ្រង់ត្រាស់ថា​ ៖ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​ ធម៌​ ៦ នោះ គឺ​ ៖ ១-៥. សទ្ធាពលេន វីរិយពលេន សតិពលេន សមាធិពលេន បញ្ញាពលេន ភិក្ខុ​ប្រកប​ដោយ​សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ៦. អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា​ ឧបសម្បជ្ជ​ វិហរតិ ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន អដ្ឋកថា ក្នុងឥន្ទ្រិយសូត្រ និង​ពលសូត្រ​ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ព្រះខីណាស្រព​ទុក​តែម្យ៉ាង ។ ក្នុងបឋមអាជានិយសូត្រ​ ទុតិយអាជានិយសូត្រ​ និងតតិយអាជានិយសូត្រ​ បិដកលេខ ៤៦/៧-១០​ ព្រះអង្គ​ទ្រង់សម្តែងថា ៖ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​ ធម៌​ទាំង​ ៦​ នោះគឺ​ ៖ ១. ខមោ ហោតិ រូបានំ ជាអ្នកចេះអត់ធន់​នឹង​រូប [ រូបារម្មណ៍ ] ២. ខមោ សទ្ទានំ អត់ធន់នឹងសំឡេង [ សទ្ទារម្មណ៍ ] ៣. ខមោ គន្ធានំ អត់ធន់នឹងក្លិន [ គន្ធារម្មណ៍ ] ៤. ខមោ រសានំ អត់ធន់នឹងរស [ រសារម្មណ៍ ] ៥. ខមោ ផោដ្ឋព្វានំ អត់ធន់នឹងការពាល់ត្រូវ [ ផោដ្ឋព្វារម្មណ៍ ] ៦. ខមោ ធម្មានំ អត់ធន់នឹងធម្មារម្មណ៍ ដោយ ៥០០០ឆ្នាំ
images/articles/382/text_________pic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៧១,០២០ ដង)
សុភាសិតា ច យា វាចា ការពោលវាចាជាសុភាសិត វាចា គឺសំឡេង ឬពាក្យនិយាយគ្រប់យ៉ាងដែលចេញមកអំពីមាត់ នឹងមានចេតនា ឬមិនមានក៏ដោយ អាចនឹងប៉ះ​ខ្ទប់ជាមួយនឹងត្រចៀករបស់ជនដទៃឲ្យដឹងសេចក្តីបាន ជាពាក្យដែលនិយាយហើយល្អ ប្រកបដោយអត្ថដោយ​ធម៌ សុភាសិតវាចា គឺពាក្យដែលវៀរចាកវចីទុច្ចរិត ៤ គឺ និយាយកុហក និយាយទ្រគោះ និយាយចាក់ដោត និង​និយាយរោយរាយ ឬពាក្យនិយាយដែលប្រកបដោយអង្គ ៥ ដែលវិញ្ញូជនទាំងឡាយមិនតិះដៀល ៖ ១. កាលេន ច ភាសិតា ហោតិ ពោលតាមកាល និយាយក្នុងវេលាដ៏សមគួរ ២. សច្ចា ច ភាសិតា ហោតិ ពោលតែពាក្យពិត ៣. សណ្ហា ច ភាសិតា ហោតិ ពោលតែពាក្យពីរោះ គួរជាទីស្រឡាញ់ ៤. អត្ថសញ្ហិតា ច ភាសិតា ហោតិ ពោលតែពាក្យដែលមានប្រយោជន៍ ប្រកបដោយខ្លឹមសារ ៥. មេត្តចិត្តេន ច ភាសិតា ហោតិ ពោលដោយមេត្តចិត្ត សុភាសិតវាចាក្នុងអង្គទាំង ៥ នេះ ជាមង្គលទៅបាន ត្រូវប្រកបគ្រប់ទាំង ៥ នេះ ខ្វះអង្គណានីមួយមិនបាន បុថុជ្ជនថ្នាក់ទាប ត្រូវបដិបត្តិឲ្យល្អក្រៅ​ពី​នេះ វាចាជាសុភាសិតនៅមានអង្គ ៤ ដទៃទៀត ដែល​កាន់​យក​ថា​ជា​មង្គលដូចគ្នា ដែលព្រះសម្មាសម្ពុទ្ធ​ត្រាស់ទុកក្នុងសុភាសិតសូត្រ តតិយវគ្គ សុត្តនិបាត សមគួរសម្រាប់អ្នក​មាន​គុណធម៌ជាន់ខ្ពស់ ជាព្រះអសេក្ខបុគ្គល វាចាជាសុភាសិត ៤ យ៉ាង ១. សុភាសិតំយេវ ភាសតិ នោ ទុព្ភាសិតំ ពោលតែពាក្យជាសុភាសិត មិនពោលពាក្យជាទុព្ភាសិត ២. ធម្មំយេវ ភាសតិ នោ អធម្មំ ពោលតែពាក្យដែលជាធម៌ មិនពោលពាក្យដែលមិនមែនជាធម៌ ៣. បិយំយេវ ភាសតិ នោ អប្បិយំ ពាក្យតែពាក្យដែលជាទីស្រឡាញ់ មិនពោលពាក្យដែលមិនជាទីស្រឡាញ់ ៤. សច្ចំយេវ ភាសតិ នោ អលិកំ ពោលតែពាក្យពិត មិនពោលពាក្យដែលមិនពិត សុភាសិតំ ឧត្តមមាហុ សន្តោ ធម្មំ ភណេ នាធម្មន្តិ ទុតិយំ បិយំ ភណេ នាប្បិយន្តិ តតិយំ សច្ចំ ភណេ នាលិកន្តំ ចតុត្ថំ ។ ពួកសប្បុរស ពោលសុភាសិត ជាពាក្យខ្ពង់ខ្ពស់ ( ទី ១ ) ពោលពាក្យជាធម៌ មិនពោលពាក្យមិនជាធម៌ នោះជាទី ២ ពោលពាក្យជាទីស្រឡាញ់ មិនពោលពាក្យមិនជាទីស្រឡាញ់ នោះជាទី ៣ ពោលពាក្យពិត មិនពោលពាក្យ​កុហក នោះជាទី ៤ ។ រឿងភិក្ខុ ៦០ រូប ភិក្ខុ ៦០ បានឮចម្រៀងរបស់ក្មេងស្រីម្នាក់ ដែល​មាន​អត្ថន័យ​ទាក់​ទង​នឹង​ជាតិ ជរា ព្យាធិ និងមរណៈ ធ្វើឲ្យភិក្ខុ​ទាំងឡាយកាលបានឮសំឡេងនោះ កើតបញ្ញា ពិចារណាភាពមិនទៀង មានការកើតឡើងហើយ និង​រលត់​ទៅ​វិញ ជាធម្មតា រហូតដល់សម្រេចព្រះអរហត្ត រឿងគោនន្ទិវិសាល កាលម្ចាស់របស់គោនិយាយពាក្យអាក្រក់គ្រោតគ្រាតប្រាប់ឲ្យគោនន្ទិវិសាល អូសរទេះ ១០០ គ្រឿង ដើម្បីឈ្នះ​ការភ្នាល់ គោកាល​ស្តាប់​ឮ​ពាក្យ​នោះ​ហើយ​ក៏មិនព្រមដើរ ធ្វើឲ្យម្ចាស់ចាញ់ការភ្នាល់ តមក កាលម្ចាស់លេងភ្នាល់​ម្តង​ទៀត ទើបនិយាយពាក្យពីរោះប្រាប់ឲ្យគោនន្ទិវិសាលអូសរទេះ គោ​ទើប​ព្រម​អូសរទេះ ធ្វើឲ្យឈ្នះការភ្នាល់ភាព​ជា​មង្គល​នៃវាចាជាសុភាសិត ព្រោះ​នាំ​មកនូវលោកិយសុខ និងលោកុត្តរសុខ ដូចធ្វើឲ្យបានលាភច្រើន ធ្វើឲ្យ​រួចផុតចាកភយន្តរាយផ្សេងៗ ជាហេតុបានសម្រេចមគ្គផល ជាដើម ទោសនៃការពោលវាចាជាទុព្ភាសិត ធ្វើឲ្យកាត់ប្រយោជន៍របស់ខ្លួន និងប្រយោជន៍អ្នកដទៃ ដូចជា ត្រូវគេតិះ​ដៀល បានទទួលភេទភ័យ មានអបាយភូមិជាទីប្រព្រឹត្តទៅខាងមុខ ជាដើម បើ​កើត​មក​ជា​មនុស្ស​ត្រូវ​ទទួល​ទុក្ខ ព្រោះ​​កម្ម​អាក្រក់​ដែលខ្លួនបានធ្វើទុកហើយ សូមមើលបន្ថែម ៖ ព្រះ​តថាគត​ទ្រង់​ត្រាស់​តែ​វាចា​ពិត​ និងប្រកប​ដោយ​ប្រយោជន៍ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/381/text____________pic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៩៣៨ ដង)
វាចា ៦ ប្រការ មានសម្តែងក្នុងអភយរាជកុមារសូត្រ បិដកលេខ ២៣ ទំព័រ ១៤៩ ដល់ ១៦០ ព្រះអង្គត្រាស់​ព្យាករបញ្ហារបស់ព្រះអភយរាជកុមារ តែក្នុងទីនេះ សូមលើកយកមកដោយសង្ខេប ៖ ១. អភូតំ អតច្ឆំ អនត្ថសញ្ហិតំ វាចាដែលមិនពិត មិនទៀងមិនប្រកបដោយប្រយោជន៍; ថែមទាំងមិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃផង ព្រះតថាគតមិនត្រាស់វាចានោះទេ ២. ភូតំ តច្ឆំ អនត្ថសញ្ហិតំ វាចាពិត ទៀង តែមិនប្រកបដោយប្រយោជន៍; ថែមទាំងមិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃផង ព្រះតថាគតក៏មិនត្រាស់វាចានោះដែរ ៣. ភូតំ តច្ឆំ អត្ថសញ្ហិតំ វាចាដែលពិត ទៀង ប្រកបដោយប្រយោជន៍; តែថា វាចានោះមិនជាទីស្រឡាញ់ មិន​ជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះតថាគតស្គាល់កាលគួរ នឹងត្រាស់វាចានោះ ៤. អភូតំ អតច្ឆំ អនត្ថសញ្ហិតំ វាចាដែលពិត មិនទៀង មិនប្រកបដោយប្រយោជន៍; ទោះបីវាចានោះ ជាទី​ស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនទាំងឡាយដទៃ ព្រះតថាគត ក៏មិនត្រាស់វាចានោះឡើយ ៥. ភូតំ តច្ឆំ អនត្ថសញ្ហិតំ វាចាពិត ទៀង តែមិនប្រកបដោយប្រយោជន៍; វាចានោះទោះបីជាស្រឡាញ់ ជាទី​គាប់ចិត្តរបស់ជនទាំងឡាយដទៃ ព្រះតថាគត ក៏មិនត្រាស់វាចានោះដែរ ៦. ភូតំ តច្ឆំ អត្ថសញ្ហិតំ វាចាដែលពិត ទៀង ហើយប្រកបដោយប្រយោជន៍; វាចានោះជាទីស្រឡាញ់ ជាទីគាប់​ចិត្តរបស់ជនទាំងឡាយដទៃផង ព្រះតថាគតស្គាល់កាលគួរ នឹងពោលនូវវាចានោះ អធិប្បាយ ពាក្យថា អនត្ថ ( វាចាដែលមិនប្រកបដោយប្រយោជន៍ ) បានដល់ បិសុណាវាចា និង សម្ផប្បលាបៈ ។ ក្នុងពាក្យ​នេះ លោក​សង្គ្រោះ​យក​វចីទុច្ចរិតទាំង ៤ នោះឯង ។ក្នុងវាចាទាំង ៦ យ៉ាងនេះ កាល​ពោល​ដល់​បុគ្គលអ្នកមានសីល ដោយពាក្យថា “អ្នក​ជា​មនុស្ស​ទ្រុស្តសីល, ជាចោរ” ឬ ពោល​នឹង​មនុស្ស​មិន​មែន​ជា​ចណ្ឌាល ដោយ​ពាក្យថា “អ្នកជាចណ្ឌាល” ជាដើម នេះជាវាចាទី ១ ( មិនពិត មិន​ទៀង មិនប្រកបដោយប្រយោជន៍ មិនជាទីស្រឡាញ់ ) ។ ពោលនឹងបុគ្គលទ្រុស្តសីល ដោយពាក្យថា “អ្នកជាមនុស្សទ្រុស្តសីល” ឬពោលនឹងមនុស្សជាចណ្ឌាល ដោយពាក្យ​ថា “អ្នកជាចណ្ឌាល” ជាដើម នេះជាវាចាទី ២ ( ពិត ទៀង មិនប្រកបដោយប្រយោជន៍ មិន​ជាទី​ស្រឡាញ់ ) ។ ពាក្យនិយាយដោយចំហរ ដល់នូវកំណើតជាសត្វនរក របស់សត្វនរក ដូចនិយាយពាក្យថា “ភិក្ខុទេវទត្ត​ កើត​ក្នុងអបាយភូមិ កើតជាសត្វនរក” នេះជាវាចាទី ៣ ( ពិត ទៀង ប្រកបដោយប្រយោជន៍ មិនជាទីពេញចិត្ត ) ។ ពាក្យពោលដោយឲ្យសត្វលោកវង្វេងការពិត យ៉ាងនេះថា “ការសម្លាប់សត្វ ដែលបុគ្គលធ្វើដោយយញ្ញវិធី រមែង​នាំមកនូវសុគតិ” នេះជាវាចាទី ៤ ( មិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ជាទីពេញចិត្ត ) ។ ពាក្យពោលដែលបង្អោនទៅ ដើម្បីការបែកបាក់គ្នាជាដើម ដោយរឿងពិត នេះជាវាចាទី ៥ ( ពិត ទៀង មិន​ប្រកប​ដោយប្រយោជន៍ ជាទីស្រឡាញ់ ) ។ ពាក្យពោលដល់ទាន សីល ភាវនា ជាដើម ដែលធ្វើឲ្យប្រព្រឹត្តទៅក្នុងឋានៈ នៃជាវាចាដ៏សមគួរ នេះជាវាចាទី ៦ ( ពិត ទៀង ប្រកបដោយប្រយោជន៍ ជាទីពេញចិត្ត ) ។ ដោយ៥០០០ឆ្នាំ
images/articles/379/tex______tpic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,៣១១ ដង)
ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ​ និង​មាន​មិត្ត​អាក្រក់ ទោវចស្សតា ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ បាបមិត្តតា ភាវៈ​ជា​អ្នក​មាន​មិត្ត​អាក្រក់ ( សង្គីតិសូត្រ ធម៌​ពួក​ ២ ) អធិប្បាយ ពាក្យថា ទោវចស្សតា​ នោះ មាន​បទ​វិគ្រោះ​ដូច្នេះ ៖ ការ​ពោល​ប្រដៅ​ក្នុង​បុគ្គល​នេះ​ ដែល​ច្រើន​តែ​កាន់​យក​ខាង​ខុស​​ ត្រេក​អរ​តែ​ក្នុង​ធម៌​ដែល​ជា​សឹក​សត្រូវ​ ការ​មិន​អើ​ពើ​ មិនគោរព​ មិន​ទទួល​ស្តាប់​បង្គាប់​ ហេតុ​នោះ​ បុគ្គលនេះ​ទើប​ឈ្មោះ​ថា​ ទុព្វចោ ( អ្នក​ប្រដៅ​ក្រ ) អំពើ​របស់​បុគ្គល​ដែល​ប្រដៅ​ក្រ​នោះ​ ឈ្មោះ​ថា​ ទោវចស្សំ,​ ភាវៈ​របស់​ទោវចស្សៈនោះ​ ឈ្មោះ​ថា​ ទោវចស្សតា ( ភាវៈ​នៃ​អំពើ​របស់​អ្នក​ប្រដៅ​ក្រ,​ ភាព​ជាអ្នក​ប្រដៅ​ក្រ ) ។ ភាព​ជាអ្នក​ដែល​គេ​ប្រដៅ​ក្រ​នេះ មាន​សម្តែង​ទុក​ក្នុង​ព្រះ​អភិធម្ម​ថា​ “តត្ថ កតមា ទោវចស្សតា? សហធម្មិកេ វុច្ចមានេ ទោវចស្សាយំ បណ្តា​ធម៌ទាំង​នោះ​ ទោវចស្សតា​ តើ​ដូច​ម្តេច?​ គឺ​ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​​បាន​ដោយ​កម្រ​ ក្នុង​កាល​សហធម្មិក​ស្តី​ប្រដៅ” ។​ ទោវចស្សតានោះ ដោយ​អង្គ​ធម៌​ បានដល់​ សង្ខារក្ខន្ធ​ តែ​អាចារ្យខ្លះ​ពោលថា​ ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​ខន្ធ​ទាំង​ ៤​ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​អាការ​ដូច្នេះ​ ។ ពាក្យ​ថា​ បាបមិត្តតា មាន​បទ​វិគ្រោះ​ដូច្នេះ ៖ មនុស្ស​អាក្រក់​ទាំង​ឡាយ​ មាន​មនុស្ស​មិន​មាន​សទ្ធា​​ជា​ដើម​ ជា​មិត្ត​របស់​បុគ្គល​នោះ​ ហេតុ​នោះ​ គេ​ទើប​ឈ្មោះ​ថា​ បាបមិត្តោ ( អ្នក​មាន​មិត្ត​អាក្រក់​ជា​មិត្ត ),​ ភាវៈ​នៃ​បាបមិត្ត​នោះ​ ឈ្មោះ​ថា បាបមិត្តតា​ ( ភាព​ជាអ្នក​មាន​មិត្ត​អាក្រក់ ) ។​ ភាព​ជា​អ្នក​មាន​មិត្ត​អាក្រក់​នេះ​ មាន​សម្តែង​ទុក​ក្នុង​ព្រះ​អភិធម្ម​យ៉ាង​នេះ​ថា​ “តត្ថ កតមា បាបមិត្តតា? យេ តេ បុគ្គលា អស្សទ្ធា ទុស្សីលា អប្បស្សុតា មច្ឆរិនោ ទុប្បញ្ញា។ យា តេសំ សេវនា និសេវនា សំសេវនា ភជនា សំភជនា ភត្តិ សំភត្តិ តំសម្បវង្កតា បណ្តា​ធម៌​ទាំង​នោះ​ បាបមិត្តតា​ តើ​ដូច​ម្តេច?​ គឺ ការ​សេព​ ការ​ជិត​ដិត​នឹង​គ្នា​ ការ​ត្រូវ​គំនិត​គ្នា​ ការ​គប់​រក​គ្នា​​ ការ​ស្រប​គំនិត​គ្នា​​សេចក្តី​ស្រឡាញ់​គ្នា​ ការ​ជិត​ស្និទ្ធ​នឹង​គ្នា​ ភាព​នៃ​បុគ្គល​មូល​មិត្រ​នឹង​គ្នា​ នឹងមនុស្ស​ដែលមិន​មាន​សទ្ធា​​ ទ្រុស្ត​សីល​ ចេះ​ដឹង​តិច​ ជា​មនុស្ស​កំណាញ់​ គ្មាន​ប្រាជ្ញា” ។ សូម្បីបាបមិត្តតា​នោះ​ ដោយ​អង្គ​ធម៌​ ក៏​គប្បី​ជ្រាប​ដូច​គ្នា​នឹង​ទោវចស្សតា ។ ***[ ពាក្យ​ថា​ មិន​មាន​សទ្ធា​ គឺ​ រមែង​មិន​ជឿ​ការ​ត្រាស់​ដឹង​របស់​ព្រះ​តថាគត​ជា​ដើម​ ] ភាវៈ​ជា​អ្នក​ដែល​​គេ​ប្រដៅ​ងាយ​ និង​មាន​មិត្ត​ល្អ សោវចស្សតា ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ងាយ កល្យាណមិត្តតា ភាវៈ​ជា​អ្នក​មាន​មិត្ត​ល្អ អធិប្បាយ ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ងាយ​ និង​ភាវៈ​ជា​អ្នក​មាន​មិត្ត​ល្អ​ គប្បី​ជ្រាប​ដោយ​ន័យ​ផ្ទុយ​គ្នា​នឹង​ពាក្យ​ដែល​ពោល​មក​ហើយ។ គុណធម៌​ទាំង​ ២​ ប្រការ​នេះ​ ក្នុង​ទី​នេះ​ លោក​ពោល​លាយ​គ្នា​ទាំង​លោកិយ​ ទាំង​លោកុត្តរ ៕ ដោយ៥០០០ឆ្នាំ
images/articles/378/tex32tpic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥២,៨៩៧ ដង)
ប្រារព្ធចំពោះព្រះសម្មជ្ជនត្ថេរ យោ ច បុព្វេ បមជ្ជិត្វា បច្ឆា សោ នប្បមជ្ជតិ សោមំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា ។ បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ គេមិនប្រមាទវិញ បុគ្គល​នោះ​ ​ឈ្មោះថា ញ៉ាំង​​ខន្ធាទិលោកនេះ​ ឲ្យភ្លឺច្បាស់​ ដូចព្រះចន្ទ្ររះផុតចាកពពក ។ អធិប្បាយ : បុគ្គល​ណា​ ប្រមាទ​ហើយ​ក្នុង​កាល​មុន​ ដោយ​ការ​ធ្វើ​វត្ត​ និង​តបវត្ត​ ឬ​ដោយ​ការ​ស្វាធ្យាយ​ជា​ដើម​ ខាង​ក្រោយ​នៅ​ដោយ​សុខ​ដែល​កើត​អំពី​មគ្គផល​ ឈ្មោះ​ថា​ រមែង​មិន​ប្រមាទ,​ បុគ្គល​នោះ​ រមែង​ញ៉ាំង​លោក​មាន​ខន្ធ​ជា​ដើម​នេះ​ឲ្យ​ភ្លឺ​ស្វាង​ គឺ​រមែង​ធ្វើ​ឲ្យ​ភ្លឺ​ស្វាង​ជា​មួយ​គ្នា​បាន​ ដោយ​មគ្គញ្ញាណ​ ដូច​ដួង​ចន្ទ​រះ​ផុត​អំពី​ពពក​ជា​ដើម​ ញ៉ាំង​នូវ​អាកាសលោក​ឲ្យ​ភ្លឺ​ស្វាង​ ដូច្នោះ ៕ ដោយ ៥០០០ឆ្នាំ
images/articles/377/te_______________xtpic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥១,៦២៥ ដង)
ឋានកុសលតា សេចក្តី​ឈ្លាស​ក្នុង​ហេតុ អដ្ឋានកុសលតា សេចក្តី​ឈ្លាស​ក្នុង​មិន​មែន​ហេតុ ។ អធិប្បាយ៖ ពាក្យ​ថា​ ឋានកុសលតាគឺ​ បញ្ញា​ដែល​អាច​ក្នុង​ការ​កំណត់​ឋានៈ​យ៉ាង​នេះ​ថា​ “ចក្ខុ​ រូប​ ជា​ឋានៈ​ និង​ជា​ហេតុ​នៃ​ចក្ខុវិញ្ញាណ​ ដែល​កើត​ឡើង​ដោយ​ធ្វើ​ចក្ខុឲ្យ​ជា​ទី​តាំង​ និង​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍​ លោក​ពោល​ទុក​ក្នុង​ព្រះ​អភិធម្ម​យ៉ាង​នេះ​ថា​ “យេ យេ ធម្មា យេសំ យេសំ ធម្មានំ ហេតុបច្ចយា ឧប្បាទាយ តំ តំ ឋានន្តិ យា តត្ថ បញ្ញា បជាននា ការ​ដឹង​ ការ​យល់​ ក្នុង​ធម៌​ទាំង​ឡាយ​ ថា​ជា​ហេតុ​ ជា​បច្ច័យ​ អាស្រ័យ​ទាំង​ឡាយ​ណាៗ​ ធម៌​នោះៗ​ ចាត់​ថា​ជា​ឋានៈ” ។​ ពាក្យ​ថា​ អដ្ឋានកុសលតា​ គឺ​ បញ្ញា​ដែល​អាច​ក្នុង​ការ​កំណត់​អដ្ឋានៈ​ យ៉ាង​នេះ​ថា​ “សោតវិញ្ញាណ​ជា​ដើម​ រមែង​មិន​កើត​ឡើង​ដោយ​ធ្វើ​ចក្ខុ​ឲ្យ​ជា​ទី​តាំង​ និង​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍,​ ព្រោះ​ហេតុ​នោះ​ ចក្ខុ​រូប​ទើប​មិន​ជា​ឋានៈ​​មិន​ជា​ហេតុ​នៃ​សោតវិញ្ញាណ​ជា​ដើម​ទាំង​នោះ​ លោក​ពោល​ទុក​ក្នុង​ព្រះ​អភិធម្ម​ថា​ “‘យេ យេ ធម្មា យេសំ យេសំ ធម្មានំ ន ហេតូ ន បច្ចយា ឧប្បាទាយ តំ តំ អដ្ឋានន្តិ យា តត្ថ បញ្ញា បជាននា ការ​ដឹង​ ការ​យល់​ក្នុង​ធម៌​ទាំង​ឡាយ​​ថា​ មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ អាស្រ័យ​ធម៌​ទាំង​ឡាយ​ណាៗ​ ធម៌​នោះៗ​ ចាត់​ថា​ជាឋានៈ​” ។​ ន័យ​ម្យ៉ាង​ទៀត​ គប្បី​ជ្រាប​សេចក្តី​ក្នុង​ធម៌​ពួក​ ២​ នេះ​ ដោយ​សូត្រ​នេះ​ថា​ “កិត្តាវតា បន, ភន្តេ, ឋានាឋានកុសលោ ភិក្ខូតិ អលំ វចនាយាតិ ។ ឥធានន្ទ, ភិក្ខុ អដ្ឋានមេតំ អនវ-កាសោ,​ យំ ទិដ្ឋិសម្បន្នោ បុគ្គលោ កញ្ចិ សង្ខារំ និច្ចតោ ឧបគច្ឆេយ្យ, នេតំ ឋានំ វិជ្ជតីតិ បជានាតិ ។​ ឋានញ្ច ខោ ឯតំ វិជ្ជតិ, យំ បុថុជ្ជនោ កញ្ចិ សង្ខារំ និច្ចតោ ឧបគច្ឆេយ្យបពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ដោយ​ហេតុ​ប៉ុន្មាន​ ទើប​គួរ​នឹង​ពោល​បាន​ថា​ ភិក្ខុ​ជា​អ្នក​ឈ្លាស​ក្នុង​ឋានៈ​ និង​អដ្ឋានៈ​?​​ ម្នាល​អានន្ទ​ ភិក្ខុ​ក្នុង​​ធម្មវិន័យ​នេះ​ រមែង​ដឹង​ច្បាស់​ថា​ ការ​ដែល​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ គប្បី​ចាប់​ប្រកាន់​សង្ខារ​យ៉ាង​ណា​នី​មួយ​ ថា​ទៀង​ នុ៎ះ​មិន​មែន​ជា​ឋានៈ​ មិន​មែន​ជា​ឱកាស​ឡើយ,​ ចំណែក​ការ​ដែល​បុថុជ្ជន​នឹង​គប្បី​ចាប់​ប្រកាន់​សង្ខារ​ណា​នី​មួយ​ ថា​ទៀង​​ នុ៎ះ​ទើប​ជា​ឋានៈ” ។ ( សង្គីតិសុត្តវណ្ណនា ) ពាក្យ​ទាំង​ពីរ​នេះ​ ថា​ ហេតូ​ បច្ចយា​ ( ជា​ហេតុ​ ជា​បច្ច័យ )​ ជា​ពាក្យ​វេវចនៈ​នៃ​គ្នា​និង​គ្នា ។​ ពិត​មែន​ ចក្ខុបសាទ​ជា​ហេតុ​ និង​ជា​បច្ច័យ​ដល់​ចក្ខុវិញ្ញាណ​ ដែល​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍​កើត​ឡើង ។​ មួយ​ទៀត​ សោតបសាទ​ជា​ដើម​ ក៏​ជា​ហេតុ​ និង​ជា​បច្ច័យ​ដល់​សោតវិញ្ញាណ​ជា​ដើម​ ពូជ​ទាំង​ឡាយ​មាន​ពូជ​ស្វាយ​ជា​ដើម​ ក៏​ជា​ហេតុ​ និង​ជា​បច្ច័យ​ដល់​ផ្លែ​ស្វាយ​ជា​ដើម ។ ក្នុង​ន័យ​ទី​ ២​ គប្បី​ជ្រាប​សេចក្តី​យ៉ាង​នេះ​ថា​ បទ​ថា​ យេ​ ធម្មា​ ( ពួក​ធម៌​ណា )​ ជា​ពាក្យ​សម្តែង​បច្ចយធម៌​ដែល​ជា​វិសភាគៈ​នឹង​គ្នា ។​ បទ​ថា​ យេសំ​ យេសំ​ ( នៃ​ពួក​ធម៌​ណាៗ ) ជា​ពាក្យ​សម្តែង​ដល់​បច្ចយសមុប្បន្នធម៌​ ដែល​ជា​វិសភាគៈ​នឹង​គ្នា ។​ បទ​ថា​ ន​ ហេតូ​ ន​ បច្ចយា​ ( មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ )​ បាន​ដល់​ ចក្ខុបសាទ​ មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ ដល់​សោតវិញ្ញាណ​ដែល​កើត​ឡើង​ ធ្វើ​សំឡេង​ឲ្យ​ជា​អារម្មណ៍ ។​ មួយ​ទៀត​ សោតបសាទ​ជា​ដើម​ មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ដល់​វិញ្ញាណ​ដ៏​សេស​ក្រៅ​ពី​នេះ​ និង​ពូជ​ស្វាយ​ជា​ដើម​ ក៏​មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ដល់​ការ​កើត​ឡើង​នៃ​ដើម​ត្នោត​ជា​ដើម​ ដូច្នោះ ។ ( អដ្ឋសាលិនី អដ្ឋកថា ) សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ​ និង​បដិច្ចសមុប្បាទធម៌ ។ អាយតនកុសលតា សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ បដិច្ចសមុប្បាទកុសលតា សេចក្តី​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទធម៌ ។ អធិប្បាយ៖ ពាក្យ​ថា​ អាយតនកុសលតា​ គឺ​ បញ្ញា​ក្នុង​ការ​រៀន​យក ការធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​យល់​ អាយតនៈ​ ១២​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “ទ្វាទសាយតនានិ ចក្ខាយតនំ … ធម្មាយតនំ ។ យា តេសំ អាយតនានំ អាយតន-កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ គឺ​ ការ​ដឹង​ ការ​យល់​ក្នុង​អាយតនៈ​ ១២​ គឺ​ ចក្ខាយតនៈ​ ។ល។​ ធម្មាយតនៈ” ។​ ន័យ​ម្យ៉ាង​ទៀត​ ទាំង​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ឈ្លាស​ក្នុង​មនសិការ​ ទាំង​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ រមែង​គួរ​ ក្នុង​ការ​រៀន​យក​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ពិចារណា​ ការ​ដឹង​ច្បាស់​ និង​ការ​សម្លឹង​ពិនិត្យ ។​ ចំណែក​សេចក្តី​ផ្សេង​គ្នា​ ក្នុង​ធម៌​ទាំង​នេះ​ មាន​ដូច្នេះ​ ការ​ស្តាប់​ ការ​រៀន​យក​ និង​ការ​សម្លឹង​ពិនិត្យ​ ជា​លោកិយ ។​ ការ​ដឹង​ច្បាស់​ ជា​លោកុត្តរ,​ ការ​ពិចារណា​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ជា​លោកិយ​ និង​លោកុត្តរ​លាយ​គ្នា ។​ ពាក្យ​ថា​ បដិច្ចសមុប្បាទកុសលតា​ គឺ​ បញ្ញា​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​ជា​ដើម​ថា​ ការ​រៀន​យក​បច្ចយាការ​ ១២​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ ការ​ដឹង​ ការ​យល់​ ក្នុង​បច្ចយាការ​ដែល​ថា​ ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ទើប​មាន​សង្ខារ​ ។ល។​ ការ​កើត​ឡើង​នៃ​កង​ទុក្ខ​ទាំង​ពួង​នេះ​ រមែង​មាន​ ដោយ​ប្រការ​ដូច្នេះ” ។ ( សង្គីតិសុត្តវណ្ណនា ) បញ្ញា​ដែល​ដឹង​ កំណត់​ការ​រៀន​យក​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ទ្រទ្រង់​ នូវ​អាយតនៈ​ ១២​ ឈ្មោះ​ថា​ អាយតនកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ ) ។ ម្យ៉ាង​វិញ​ទៀត​ បណ្តា​កុសលតា​ទាំង​នេះ​ សូម្បី​ទាំង​ ៣​ ( ធាតុកុសលតា​ មនសិការកុសលតា​ អាយតនកុសលតា )​ ការ​ដឹង​ទាំង​ពួង​ គឺ​ ការ​រៀន​យក​ មនសិការ​ ការ​ស្តាប់​ ការ​យល់​ ការ​ចាក់​ធ្លុះ ការ​ពិចារណា​ឃើញ​ រមែង​សម​គួរ ។​ ក្នុង​បណ្តា​ការ​ដឹង​ទាំង​ ៦​ នោះ​​ ការ​ស្តាប់​ ការ​រៀន​យក​ ការ​ពិចារណា​ឃើញ​ ជា​លោកិយ​ ការ​ចាក់​ធ្លុះ​ជា​លោកុត្តរ​ ការ​យល់​ និង​មនសិការ​ជា​មិស្សកៈ​ គឺ​ជា​លោកិយ​ក៏​មាន​ ជា​លោកុត្តរ​ក៏​មាន ។ បញ្ញា​ដែល​ដឹង​ថា​ ធម៌​នេះ​ជា​បច្ច័យ​ដល់​ធម៌​នេះ​ ដូច្នេះ​ ឈ្មោះ​ថា​ បដិច្ចសមុប្បាទកុសលតា ( សេចក្តី​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទ ) ។ [ បដិច្ចសមុប្បាទនេះ​ មាន​សម្តែង​ដោយ​ពិស្តារ​ក្នុង​បដិច្ចសមុប្បាទវិភង្គ ] ។ ( អដ្ឋសាលិនី អដ្ឋកថា ) សេចក្តី​ឈ្លាស​ក្នុង​ធាតុ​ និង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត។ ធាតុកុសលតា សេចក្តី​ឈ្លាស​ក្នុង​ធាតុ មនសិការកុសលតា សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត ។ ( សង្គីតិសូត្រ​ ធម៌​ពួក​ ២ ) អធិប្បាយ៖ ពាក្យ​ថា​ ធាតុកុសលតា​ គឺ​ បញ្ញា​ក្នុង​ការ​ស្តាប់​ ការ​ទ្រទ្រង់​ ការ​ពិចារណា​ និង​ការ​ដឹង​ច្បាស់​ ដែល​ជា​គ្រឿង​កំណត់​សភាវៈ​នៃ​ធាតុ​ ១៨​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “អដ្ឋារស ធាតុយោ ចក្ខុធាតុ​ … មនោវិញ្ញាណធាតុ ។​ យា តាសំ ធាតូនំ កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​ធាតុ​ គឺ​ការ​ដឹង​ យល់​ ក្នុង​ធាតុ​ទាំង​ ១៨​ គឺ​ ចក្ខុធាតុ​ ។ល។​ មនោវិញ្ញាណធាតុ” ។ ពាក្យ​ថា​ មនសិការកុសលតា​ បាន​ដល់​ បញ្ញា​ក្នុង​ការ​ពិចារណា​ ដឹង​ច្បាស់​ ការ​សម្លឹង​ពិនិត្យ​ធាតុ​ទាំង​ឡាយ​នោះ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យា តាសំ ធាតូនំ មនសិការកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ក្នុង​ធាតុ​ទាំង​ឡាយ​នោះ” ។( សង្គីតិសុត្តវណ្ណនា ) បញ្ញា​ដែល​ដឹង​ការ​កំណត់​ការ​រៀន​យក​​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ទ្រទ្រង់​ទុក​ នូវ​ធាតុ​ ១៨​ ឈ្មោះ​ថា​ ធាតុ-កុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ធាតុ )​ បញ្ញា​ដែល​ដឹង​ការ​រៀន​យក​ ការ​មនសិការ​នូវ​ធាតុ​ទាំង​នោះ​ ឈ្មោះ​ថា​ មនសិការកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត ) ។ ( អដ្ឋសាលិនី អដ្ឋកថា ) សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ​ និង​ក្នុង​ការ​ចេញ​ចាក​សមាបត្តិ ។ សមាបត្តិកុសលតា សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ សមាបត្តិវុដ្ឋានកុសលតា សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ។ ( សង្គីតិសូត្រ​ ធម៌​ពួក​ ២ ) អធិប្បាយ៖ ពាក្យ​ថា​ សមាបត្តិកុសលតា​ គឺ​ការ​ដឹង​ ការ​យល់​ក្នុង​រឿង​កំណត់​អប្បនា​ ព្រម​ទាំង​បរិកម្ម​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “អត្ថិ សវិតក្កសវិចារា សមាបត្តិ, អត្ថិ អវិតក្កវិចារមត្តា សមាបត្តិ, អត្ថិ អវិតក្កអវិចារា សមាបត្តិ ។ យា តាសំ សមាបត្តីនំ កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ក្នុង​រឿង​សមាបត្តិ​ ទាំង​នោះ​ មាន​ ទាំង​សមាបត្តិ​ដែល​មាន​វិតក្ក​វិចារ,​ សមាបត្តិ​ដែល​មិន​មាន​វិតក្ក​ មាន​ត្រឹម​តែ​វិចារ,​ សមាបត្តិ​ដែល​មិន​មាន​ទាំង​វិតក្ក​ ទាំង​វិចារ” ។ ពាក្យ​ថា​ សមាបត្តិវុដ្ឋានកុសលតា​ គឺ​បញ្ញា​ជា​គ្រឿង​កំណត់​វេលា​ដែល​នឹង​ចេញ​ចាក​សមាបត្តិ​ថា​ “ពេល​វេលា​ថ្មើ​នេះ​ យើង​នឹង​ចេញ”​ ដែល​ជា​បញ្ញា​ដែល​អាច​ចេញ​ចាក​សមាបត្តិ​បាន​ត្រូវ​តាម​ពេល​វេលា​ដែល​កំណត់​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យា តាហិ សមាបត្តីហិ វុដ្ឋានកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ ក្នុង​រឿង​ចេញ​ចាក​សមាបត្តិ​ទាំង​នោះ” ។( សង្គីតិសុត្តវណ្ណនា ) ដែល​ឈ្មោះ​ថា​ សមាបត្តិ​ ព្រោះ​ព្រះ​យោគាវចរ​គប្បី​ចូល​ ចំណែក​បញ្ញា​ដែល​ដឹង​ការ​កំណត់​អប្បនា​ ព្រម​ទាំង​បរិកម្ម​ ឈ្មោះ​ថា​ សមាបត្តិកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ )​ ឈ្មោះ​ថា​ សមាបត្តិវុដ្ឋានកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​សមាបត្តិ )​ ព្រោះ​កាល​តាំង​ចិត្ត​ថា​ កាល​ព្រះ​ចន្ទ្រ​ ព្រះ​អាទិត្យ​ ផ្កាយ​នក្ខត្តឫក្ស​គោចរមក​កាន់​ទី​នេះ​ហើយ​ យើង​នឹង​ចេញ​ចាក​សមាបត្តិ​ ដូច្នេះ​ មាន​ដោយ​បញ្ញា​ជា​គ្រឿង​កំណត់​ការ​ចេញ​ ក្នុង​សម័យ​នោះ​ មិន​ខុស​ភ្លាំង​ភ្លាត់ ។( អដ្ឋសាលិនី អដ្ឋកថា ) សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ​ និង​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ។ អាបត្តិកុសលតា សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ អាបត្តិវុដ្ឋានកុសលតា សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ។ (​ សង្គីតិសូត្រ ធម៌​ពួក​ ២ ) អធិប្បាយ៖ ពាក្យ​ថា​ អាបត្តិកុសលតា​ គឺ​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “បញ្ចបិ អាបត្តិក្ខន្ធា អាបត្តិយោ, សត្តបិ អាបត្តិក្ខន្ធា អាបត្តិយោ ។ យា តាសំ អាបត្តីនំ អាបត្តិកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ គឺ​ការ​ដឹង​ ការ​យល់​ក្នុង​អាបត្តិ​ ៥​ កង​ អាបត្តិ​ ៧​ កង​នោះ” ។​ ពាក្យ​ថា​ អាបត្តិវុដ្ឋានកុសលតា​ គឺភាព​ជា​អ្នក​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ​ ព្រម​ទាំង​កម្មវាចា​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យា តាហិ អាបត្តីហិ វុដ្ឋានកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ជា​អ្នក​យល់​ក្នុង​វិធី​នៃ​ការ​ចេញ​ចាក​អាបត្តិ​ទាំង​នោះ” ។( សង្គីតិសុត្តវណ្ណនា ) បទ​ថា​ បញ្ចបិ​ អាបត្តិក្ខន្ធា​ ( ពួក​អាបត្តិ​មាន​កង​នៃ​អាបត្តិ​ ៥ )​ បាន​ដល់​ អាបត្តិ​ទាំង​ ៥​ ពួក​នេះ​ តាម​និទ្ទេស​នៃ​មាតិកា​ គឺ​ បារាជិក​ សង្ឃាទិសេស​ បាចិត្តិយៈ​ បាដិទេសនីយៈ​ ទុក្កដ ។​ បទ​ថា​ សត្តបិ​ អាបត្តិក្ខន្ធា​ ( ពួក​អាបត្តិ​មាន​កង​នៃ​អាបត្តិ​ ៧ )​ បាន​ដល់​ អាបត្តិ​ ៧​ ពួក​នេះ​ តាម​និទ្ទេស​នៃ​វិន័យ​ គឺ​ បារាជិក​ សង្ឃាទិសេស​ ថុល្លច្ច័យ​ បាចិត្តិយៈ​ បាដិទេសនីយៈ​ ទុក្កដ​ ទុព្ភាសិត ។ បណ្តា​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ទាំង​នោះ​ បញ្ញា​ដែល​ដឹង​ការ​កំណត់​នូវ​អាបត្តិ​ទាំង​នោះ​ ព្រម​ទាំង​វត្ថុ​ ឈ្មោះ​ថា​ អាបត្តិកុសលតា​ ( ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ )​ ចំណែក​បញ្ញា​ដែល​ដឹង​ការ​កំណត់​ក្នុង​ការ​ចេញ​ចាក​អាបត្តិ​ព្រម​ទាំង​កម្មវាចា​ ឈ្មោះ​ថា​ អាបត្តិវុដ្ឋានកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ) ។( អដ្ឋសាលិនី អដ្ឋកថា ) ដោយ៥០០០ឆ្នាំ
images/articles/376/te345tpic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៤៩,៥៩៩ ដង)
ប្រារព្ធចំពោះ​អភយរាជកុមារ ឯថ បស្សថិមំ លោកំ ចិត្តំ រាជរថូបមំ យត្ថ ពាលា វិសីទន្តិ នត្ថិ សង្គោ វិជានតំ ។ អ្នកទាំងឡាយ​ ចូរមកមើលលោកនេះ​ ដ៏ត្រកាលដូចរាជរថ​ ជនពាលទាំងឡាយ​ រមែងលិចលង់​ ក្នុងលោកណា​ សេចក្ដី​ជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមាន​ ដល់ជនជាបណ្ឌិតទាំងឡាយ​ ដែលដឹងច្បាស់ទេ ។ អធិប្បាយ បណ្តា​បទ​ទាំង​នោះ​ បទ​ថា​ ឯថ​ បស្សថិ​ ព្រះ​សាស្តា​ត្រាស់​សំដៅ​យក​ព្រះ​រាជកុមារ​នុ៎ះ​ឯង​ ។​ បទ​ថា​ ឥមំ​ លោកំ​ បាន​ដល់​ អត្តភាព​ ពោល​គឺ​ខន្ធលោក​ជា​ដើម​នេះ ។​ បទ​ថា​ ចិត្តំ​ សេចក្តី​ថា​ ដ៏​វិចិត្រ​ដោយ​គ្រឿង​ប្រដាប់​ មាន​គ្រឿង​ប្រដាប់​ គឺ​សំពត់​ជា​ដើម​ ដូច​រាជរថ​ដ៏​វិចិត្រ​ដោយ​គ្រឿង​ប្រដាប់​មាន​កែវ​ ៧​ ប្រការ​ជា​ដើម ។​ ពីរ​បទ​ថា​ យត្ថ​ ពាលា​ សេចក្តី​ថា​ ពួក​អ្នក​ល្ងង់​ខ្លៅ​ប៉ុណ្ណោះ​រមែង​លិច​ចុះ​ក្នុង​អត្តភាព​ណា ។​ បទ​ថា​ វិជានតំ​ សេចក្តី​ថា​ តែ​សម្រាប់​ពួក​អ្នក​ដឹង​ គឺ​បណ្ឌិត​ទាំង​ឡាយ​ មិន​មាន​សេចក្តី​ជាប់​ជំពាក់​ ក្នុង​កិលេស​ជា​គ្រឿង​ជាប់​ជំពាក់​ គឺ​រាគៈ​ជា​ដើម​សូម្បី​យ៉ាង​ណា​មួយ​ ក្នុង​អត្តភាព​នោះ​ទេ ។ ដោយ៥០០០ឆ្នាំ
images/articles/375/text____________pic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៦០,៩៧៤ ដង)
ខន្តិ​ និង​សោរច្ចៈ ខន្តិ សេចក្តី​អត់​ធ្មត់​ សោរច្ចំ ការ​ប្រព្រឹត្ត​ល្អ​ ឬ​ស្លូត​មិន​កោង​កាច​ អធិប្បាយ ពាក្យ​ថា​ ខន្តិ​ បាន​ដល់​ អធិវាសនខន្តិ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា“តត្ថ កតមា ខន្តិ? យា ខន្តិ ខមនតា អធិវាសនតា អចណ្ឌិក្កំ អនស្សុរោបោ អត្តមនតា ចិត្តស្ស បណ្តា​ធម៌​ទាំង​នោះ​ ខន្តិ តើ​ដូច​ម្តេច​?​ គឺ​ ភាព​អត់​ធ្មត់​ ការ​អត់​សង្កត់​ ភាព​មិន​កាច​ មិន​ព្រហើន​ ភាព​នៃ​ចិត្ត​រីក​រាយ” ។ ពាក្យ​ថា​ សោរច្ចំ​ បាន​ដល់​ ភាព​ស្ងៀម​ស្ងាត់​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមំ សោរច្ចំ? យោ កាយិកោ អវីតិក្កមោ, វាចសិកោ អវីតិក្កមោ, កាយិកវាចសិកោ អវីតិក្កមោ ។ ឥទំ វុច្ចតិ សោរច្ចំ ។ សព្ពោបិ សីលសំវរោ សោរច្ចំ បណ្តា​ធម៌​ទាំង​នោះ​ សោរច្ចៈ​ តើ​ដូច​ម្តេច?​ គឺ​ ការ​មិ​ន​ប្រព្រឹត្ត​ល្មើស​តាម​ផ្លូវ​កាយ​ ការ​មិន​ប្រព្រឹត្ត​ល្មើស​តាម​ផ្លូវ​វាចា​ ការ​មិន​ប្រព្រឹត្ត​ល្មើស​តាម​ផ្លូវ​កាយ​និង​វាចា,​ នេះ​ហៅ​ថា​ សោរច្ចៈ,​ សូម្បី​ការ​សង្រួម​ក្នុង​សីល​ ( សីលសំវរៈ )​ ទាំង​អស់​ ក៏​ចាត់​ចូល​ក្នុង​សោរច្ចៈ” ។​ ( សង្គីតិសុត្តវណ្ណនា ) បទ​ថា​ កាយិកោ​ វីតិក្កមោ​ ( ការ​មិន​ប្រព្រឹត្ត​ល្មើស​ ដោយ​កាយ ) បាន​ដល់​ កាយសុចរិត ៣ ។ បទ​ថា​ វាចសិកោ​ អវីតិក្កមោ​ ( ការ​មិន​ប្រព្រឹត្ត​ល្មើស​ ដោយ​វាចា ) បាន​ដល់​ វចីសុចរិត ៤ ។​ បទ​ថា​ កាយិកវាចសិកោ​ ( ដោយ​កាយ​ និង​វាចា ) នេះ​ ទ្រង់​កំណត់​យក​អាជីវមដ្ឋកសីល ( សីល​មាន​អាជីវៈ​ជា​គម្រប់​ ៨ ) ដែល​តាំង​ឡើង​ដោយ​កាយ​ និង​វាចា ។​ បទថា​ សព្វោបិ​ សីលសំវរោ​ ( សូម្បីការ​សង្រួម​ក្នុង​សីល​ទាំង​អស់ )​ នេះ​ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទុក​ ដើម្បី​សម្តែង​ការ​កាន់​យក​នូវ​សីល​ ដោយ​ចិត្ត​ ព្រោះ​បុគ្គល​មិន​មែន​ប្រព្រឹត្ត​អនាចារ​ដោយ​កាយ​ និង​វាចា​ប៉ុណ្ណោះ​ សូម្បី​ដោយ​ចិត្ត​ ក៏​ត្រូវ​ប្រព្រឹត្ត​ដូច​គ្នា ៕ ( អដ្ឋសាលិនី អដ្ឋកថា ) អាជ្ជវៈ​ និង​មទ្ទវៈ អាជ្ជវំ សេចក្តី​ស្លូត​ត្រង់ មទ្ទវំ ( លជ្ជវំ ) ចិត្ត​ទន់ ( ភាព​ជា​អ្នក​មាន​សេចក្តី​អៀន​ខ្មាស ) អធិប្បាយ ពាក្យ​ថា​ អាជ្ជវំ​ បាន​ដល់​ ភាព​មិន​ស្លូត​ត្រង់​ ៣​ ប្រភេទ​ គឺ​ គោមុត្តវង្កតា​ ចន្ទវង្កតា​ និង​ នង្គលកោដិវង្កតា ។​ អធិប្បាយ​ថា​ ភិក្ខុ​រូប​ខ្លះ​ ក្នុង​បឋមវ័យ​ ប្រព្រឹត្ត​អនេសនៈ​ ២១​ និង​អគោចរ​ ៦​ តែ​ក្នុង​មជ្ឈិមវ័យ​ និង​បច្ឆិមវ័យ​ ជា​អ្នក​មាន​សេចក្តី​ខ្មាស​អៀន​ ប្រាថ្នា​ការ​សិក្សា,​ នេះ​ឈ្មោះ​ថា​ គោមុត្តវង្កតា​ ( វៀចវេរ​ដូច​ទឹក​នោម​គោ ) ។ ភិក្ខុ​រូប​ខ្លះ​ក្នុង​បឋមវ័យ​ និង​បច្ឆិមវ័យ​ បំពេញ​ចាតុប្បារិសុទ្ធិសីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​តែ​ក្នុង​មជ្ឈិមវ័យ​ ដូច​គ្នា​នឹង​ភិក្ខុ​ក្នុង​ឧទាហរណ៍​ទី​មួយ,​ នេះ​ឈ្មោះ​ថា​ ចន្ទវង្កតា​ ( វៀច​វេរ​ដូច​វង់​ព្រះ​ចន្ទ្រ ) ។ ភិក្ខុ​រូប​ខ្លះ​ ទាំង​ក្នុង​បឋមវ័យ​ និង​មជ្ឈិមវ័យ​ បំពេញ​ចាតុប្បារិសុទ្ធិសីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​ តែ​ក្នុង​បច្ឆិមវ័យ​ ដួច​គ្នា​នឹង​ភិក្ខុ​រូប​មុន,​ នេះ​ឈ្មោះ​ថា​ នង្គលកោដិវង្កតា​ ( វៀច​វេរ​ដូច​ចុង​នង្គ័ល )​ ។​ ភិក្ខុមួយរូប​ លះ​បង់​ភាព​មិន​ត្រង់​ទាំង​ ៣​ ប្រភេទ​នោះ​ចោលហើយ​ មាន​សីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​ ក្នុង​វ័យ​ទាំង​ ៣​ ភាព​ស្លូតត្រង់​របស់​ភិក្ខុ​រូប​នោះ​ នេះឯង​ ឈ្មោះ​ថា​ អាជ្ជវំ ។​ សូម្បី​ក្នុង​ព្រះ​អភិធម្មក៏​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមោ អជ្ជវោ។ យា អជ្ជវតា អជិម្ហតា អវង្កតា អកុដិលតា, អយំ វុច្ចតិ អជ្ជវោ បណ្តា​ធម៌​ទាំង​នោះ​ អជ្ជវៈ​ ( អាជ្ជវៈ )​ តើ​ដូច​ម្តេច​?​ អជ្ជវៈ​នោះ​គឺ​ សេចក្តី​ត្រង់​ មិន​វៀច​ មិន​វេរ​ មិន​កោង​ នេះ​លោក​ហៅ​ថា​ អជ្ជវៈ” ។ ពាក្យ​ថា​ លជ្ជវំ ( មទ្ទវំ ) បាន​ដល់​ ភាព​ជា​អ្នក​មាន​សេចក្តី​អៀន​ខ្មាស​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមោ លជ្ជវោ? យោ ហិរីយតិ ហិរីយិតព្វេន ហិរីយតិ បាបកានំ អកុសលានំ ធម្មានំ សមាបត្តិយា។ អយំ វុច្ចតិ លជ្ជវោ បណ្តា​ធម៌​ទាំង​នោះ​ លជ្ជវៈ​ តើដូច​ម្តេច​?​ គឺ​ អៀន​ខ្មាស​ចំពោះ​វត្ថុ​ដែល​គួរ​អៀន​ខ្មាស​ ខ្មាស​ចំពោះ​ការ​ប្រព្រឹត្តអកុសលធម៌​ ដ៏លាមក,​ នេះ​លោក​ហៅ​ថា​ លជ្ជវៈ” ៕ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/374/2020-07-21_15_51_17-__________________________________-_Google_Search.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៣៣,៩៥៧ ដង)
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវមដ្ឋកុណ្ឌលី ដែលជាកូនរបស់ព្រាហ្មណ៍កំណាញ់ម្នាក់ នៅក្នុងក្រុងសាវត្ថី ។ ព្រោះព្រាហ្មណ៍ជាបិតាជាមនុស្សកំណាញ់ស្វិត ទើបគាត់ធ្វើទំហ៊ូដោយខ្លួនឯង ឲ្យកូនពាក់ ។ នៅពេលដែលមដ្ឋកុណ្ឌលីឈឺធ្ងន់, ព្រាហ្មណ៍ ជាបិតា មិនបានទៅរកគ្រូពេទ្យ មកព្យាបាលជម្ងឺឲ្យកូនគាត់ទេ ព្រោះគាត់ខ្លាចឣស់ព្រទ្យសម្បត្តិរបស់ខ្លួន ។ នៅថ្ងៃដែលមដ្ឋកុណ្ឌលីជិតនឹងមរណានោះ ព្រាហ្មណ៍ជាបិតា បានលើកកូនមកឲ្យដេក ឣស់សេចក្តីសង្ឃឹមតែម្នាក់ឯង នៅរបៀងផ្ទះខាងក្រៅ ។ សម័យនោះ ព្រះសាស្តា ទ្រង់បានបញ្ចេញព្រះរស្មីទៅ ដើម្បីឲ្យមដ្ឋកុណ្ឌលីបានឃើញ ។ មដ្ឋកុណ្ឌលី ឃើញព្រះរស្មីនៃព្រះឣង្គ ហើយ ក៏កើតសេចក្តីជ្រះថ្លា យ៉ាងខ្លាំង ក្នុងមួយរំពេចនោះ ស្រេចហើយ ក៏បានធ្វើមរណកាល នៅពេលនោះឯង ហើយបានទៅកើត នៅក្នុងឋានតាវតិ្តង្សទេវលោក ក្រឡេកមើលមកឃើញឪពុក របស់ខ្លួន ដែលកំពុងតែសៅសោក យំស្រែកបោកខ្លួន យ៉ាងខ្លាំង ទើបបានចុះពីទេវលោកមក ដើម្បីជួយសង្គ្រោះ ដល់ឪពុករបស់ខ្លួន ឲ្យបាន រួចផុតឣំពីសេចក្តីទុក្ខសោកសៅនោះ ហើយបានធ្វើឲ្យគាត់លះបង់ សេចក្តីកំណាញ់ចេញផុតពីខន្ធសន្តាន ឲ្យកើតមានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយក៏ត្រឡប់ទៅកាន់ឋានទេវលោកវិញ ។ លុះព្រឹកឡើង ព្រាហ្មណ៍ជាឪពុក បានទៅឣារាធនានិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យទទួលនូវភត្តាហារ ក្នុងផ្ទះរបស់ខ្លួន ហើយ បានក្រាបទូលសួរឣំពីការដែលកូនរបស់ខ្លួន គឺ មដ្ឋកុណ្ឌលី គ្រាន់តែធ្វើចិត្ត ឲ្យជ្រះថ្លា ចំពោះព្រះពុទ្ធជាម្ចាស់ តែម៉្យាងប៉ុណ្ណោះ មិនបានធ្វើកុសលអ្វីដទៃ ក្រៅឣំពីនេះទេ ក៏ស្រាប់តែបានទៅកើត នៅឯឋានទេវលោក ។ ព្រះបរមសាស្តា ទ្រង់បានឣធិដ្ឋានឲ្យមដ្ឋកុណ្ឌលីទេវបុត្រ ចុះមកសម្តែងរឿងពិត ដល់ព្រាហ្មណ៍ជាឪពុក និង ពួកមហាជន បានឃើញជាក់ស្តែង ហើយព្រះឣង្គត្រាស់ព្រះគាថានេះ ថា ៖ មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា តតោ នំ សុខមន្វេតិ ឆាយាវ ឣនុបាយិនី ។ ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្តជ្រះថ្លាហើយ ទោះបីនិយាយក្តី ធ្វើក្តី‘ ក៏ល្អទាំងឣស់’ ព្រោះសេចក្តីល្អនោះឯង សេចក្តីសុខ រមែងតាមជាប់បុគ្គលនោះ ដូចជាស្រមោលដែលឣន្ទោលទៅតាមប្រាណ យ៉ាងនោះឯង ។ ដកស្រង់ពីវិគីផីឌា ដោយ៥០០០ឆ្នាំ
images/articles/371/2020-07-21_15_39_13-buddha_and_monk_painting_-_Google_Search.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ២២,០៧៥ ដង)
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះចូឡបន្ថកត្ថេរ ។ ក្នុងសាសនាព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈ ព្រះថេរៈអង្គនេះ ជាឣ្នកមានប្រាជ្ញាច្រើន ពេលថ្ងៃមួយ លោកបានឃើញ នូវភិក្ខុមួយរូបដែលមានប្រាជ្ញាតិច ហើយក៏បានសើចចំឣកឲ្យ រហូតដល់ភិក្ខុរូបនោះ មាន សេចក្តីឣៀនខ្មាស ឈប់រវល់នឹងការរៀនធម៌ បន្តទៅទៀត... ព្រោះទោសនៃការសើចចំឣកនេះឯង ទើបមកដល់ជាតិនេះ បានមកកើតជាព្រះចូឡបន្ថកៈ ទន្ទេញធម៌មិនចេះចាំ ទាល់តែសោះ សូម្បីតែព្រះគាថាមួយបទ ដែលព្រះមហាបន្ថកៈជាបងប្រុសដាក់ឲ្យទន្ទេញ ឣស់រយៈពេល ៤ ខែ ក៏ទន្ទេញមិនចាំដែរ ។ ព្រះមហាបន្ថកត្ថេរ ជាបង បានជេរស្តីបន្ទោស នូវព្រះចូឡបន្ថកត្ថេរ ដោយប្រការផ្សេងៗ ធ្វើឲ្យព្រះចូឡបន្ថកត្ថេរ មានសេចក្តីឣាក់ឣន់ស្រពន់ចិត្ត យ៉ាងខ្លាំង ចំពោះវាសនារបស់ខ្លួនឯង ហើយគិតនឹងលាចាកសិក្ខាបទ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ប្រទានព្រះកម្មដ្ឋាន និង ប្រទានឱវាទដល់លោក រហូតដល់បានសម្រេចព្រះឣរហត្តផល ។ សម័យថ្ងៃមួយ ពួកភិក្ខុទាំងឡាយ បានប្រជុំព្រមគ្នា សន្ទនាពោលសរសើឣំពីសេចក្តីព្យាយាម របស់ព្រះចូឡបន្ថកត្ថេរ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖ ឧដ្ឋានេនប្បមាទេន សញ្ញោមន ទមេន ច ទីបំ កយិរាថ មេធាវី យំ ឱឃោ នាភិកីរតិ ។ ទឹកជំនន់គឺកិលេស ជន់ពន្លិចកោះ គឺឣរហត្តផល ណាពុំបាន, ឣ្នកប្រាជ្ញ គប្បីសាងកោះ គឺឣរហត្តផលនោះ ដោយសេចក្តីប្រឹងប្រែងផង ដោយសេចក្តីមិនប្រមាទផង ដោយការសង្រួមក្នុងចតុប្បារិសុទ្ធិសីលផង ដោយការទូន្មានឥន្ទ្រីយ៍ផង ។ ដកស្រង់ពីវិគិផីឌា ដោយ ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.96
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿