images/articles/374/2020-07-21_15_51_17-__________________________________-_Google_Search.jpg
រឿង មដ្ឋកុណ្ឌលី
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវមដ្ឋកុណ្ឌលី ដែលជាកូនរបស់ព្រាហ្មណ៍កំណាញ់ម្នាក់ នៅក្នុងក្រុងសាវត្ថី ។ ព្រោះព្រាហ្មណ៍ជាបិតាជាមនុស្សកំណាញ់ស្វិត ទើបគាត់ធ្វើទំហ៊ូដោយខ្លួនឯង ឲ្យកូនពាក់ ។ នៅពេលដែលមដ្ឋកុណ្ឌលីឈឺធ្ងន់, ព្រាហ្មណ៍ ជាបិតា មិនបានទៅរកគ្រូពេទ្យ មកព្យាបាលជម្ងឺឲ្យកូនគាត់ទេ ព្រោះគាត់ខ្លាចឣស់ព្រទ្យសម្បត្តិរបស់ខ្លួន ។ នៅថ្ងៃដែលមដ្ឋកុណ្ឌលីជិតនឹងមរណានោះ ព្រាហ្មណ៍ជាបិតា បានលើកកូនមកឲ្យដេក ឣស់សេចក្តីសង្ឃឹមតែម្នាក់ឯង នៅរបៀងផ្ទះខាងក្រៅ ។
សម័យនោះ ព្រះសាស្តា ទ្រង់បានបញ្ចេញព្រះរស្មីទៅ ដើម្បីឲ្យមដ្ឋកុណ្ឌលីបានឃើញ ។ មដ្ឋកុណ្ឌលី ឃើញព្រះរស្មីនៃព្រះឣង្គ ហើយ ក៏កើតសេចក្តីជ្រះថ្លា យ៉ាងខ្លាំង ក្នុងមួយរំពេចនោះ ស្រេចហើយ ក៏បានធ្វើមរណកាល នៅពេលនោះឯង ហើយបានទៅកើត នៅក្នុងឋានតាវតិ្តង្សទេវលោក ក្រឡេកមើលមកឃើញឪពុក របស់ខ្លួន ដែលកំពុងតែសៅសោក យំស្រែកបោកខ្លួន យ៉ាងខ្លាំង ទើបបានចុះពីទេវលោកមក ដើម្បីជួយសង្គ្រោះ ដល់ឪពុករបស់ខ្លួន ឲ្យបាន រួចផុតឣំពីសេចក្តីទុក្ខសោកសៅនោះ ហើយបានធ្វើឲ្យគាត់លះបង់ សេចក្តីកំណាញ់ចេញផុតពីខន្ធសន្តាន ឲ្យកើតមានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយក៏ត្រឡប់ទៅកាន់ឋានទេវលោកវិញ ។
លុះព្រឹកឡើង ព្រាហ្មណ៍ជាឪពុក បានទៅឣារាធនានិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យទទួលនូវភត្តាហារ ក្នុងផ្ទះរបស់ខ្លួន ហើយ បានក្រាបទូលសួរឣំពីការដែលកូនរបស់ខ្លួន គឺ មដ្ឋកុណ្ឌលី គ្រាន់តែធ្វើចិត្ត ឲ្យជ្រះថ្លា ចំពោះព្រះពុទ្ធជាម្ចាស់ តែម៉្យាងប៉ុណ្ណោះ មិនបានធ្វើកុសលអ្វីដទៃ ក្រៅឣំពីនេះទេ ក៏ស្រាប់តែបានទៅកើត នៅឯឋានទេវលោក ។ ព្រះបរមសាស្តា ទ្រង់បានឣធិដ្ឋានឲ្យមដ្ឋកុណ្ឌលីទេវបុត្រ ចុះមកសម្តែងរឿងពិត ដល់ព្រាហ្មណ៍ជាឪពុក និង ពួកមហាជន បានឃើញជាក់ស្តែង ហើយព្រះឣង្គត្រាស់ព្រះគាថានេះ ថា ៖
មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា
មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា
តតោ នំ សុខមន្វេតិ ឆាយាវ ឣនុបាយិនី ។
ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្តជ្រះថ្លាហើយ ទោះបីនិយាយក្តី ធ្វើក្តី ក៏ល្អទាំងឣស់ ព្រោះសេចក្តីល្អនោះឯង សេចក្តីសុខ រមែងតាមជាប់បុគ្គលនោះ ដូចជាស្រមោលដែលឣន្ទោលទៅតាមប្រាណ យ៉ាងនោះឯង ។
ដកស្រង់ពីវិគីផីឌា
ដោយ៥០០០ឆ្នាំ
images/articles/371/2020-07-21_15_39_13-buddha_and_monk_painting_-_Google_Search.jpg
រឿង ព្រះចូឡបន្ថកត្ថេរ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះចូឡបន្ថកត្ថេរ ។ ក្នុងសាសនាព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈ ព្រះថេរៈអង្គនេះ ជាឣ្នកមានប្រាជ្ញាច្រើន ពេលថ្ងៃមួយ លោកបានឃើញ នូវភិក្ខុមួយរូបដែលមានប្រាជ្ញាតិច ហើយក៏បានសើចចំឣកឲ្យ រហូតដល់ភិក្ខុរូបនោះ មាន សេចក្តីឣៀនខ្មាស ឈប់រវល់នឹងការរៀនធម៌ បន្តទៅទៀត... ព្រោះទោសនៃការសើចចំឣកនេះឯង ទើបមកដល់ជាតិនេះ បានមកកើតជាព្រះចូឡបន្ថកៈ ទន្ទេញធម៌មិនចេះចាំ ទាល់តែសោះ សូម្បីតែព្រះគាថាមួយបទ ដែលព្រះមហាបន្ថកៈជាបងប្រុសដាក់ឲ្យទន្ទេញ ឣស់រយៈពេល ៤ ខែ ក៏ទន្ទេញមិនចាំដែរ ។
ព្រះមហាបន្ថកត្ថេរ ជាបង បានជេរស្តីបន្ទោស នូវព្រះចូឡបន្ថកត្ថេរ ដោយប្រការផ្សេងៗ ធ្វើឲ្យព្រះចូឡបន្ថកត្ថេរ មានសេចក្តីឣាក់ឣន់ស្រពន់ចិត្ត យ៉ាងខ្លាំង ចំពោះវាសនារបស់ខ្លួនឯង ហើយគិតនឹងលាចាកសិក្ខាបទ ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ប្រទានព្រះកម្មដ្ឋាន និង ប្រទានឱវាទដល់លោក រហូតដល់បានសម្រេចព្រះឣរហត្តផល ។
សម័យថ្ងៃមួយ ពួកភិក្ខុទាំងឡាយ បានប្រជុំព្រមគ្នា សន្ទនាពោលសរសើឣំពីសេចក្តីព្យាយាម របស់ព្រះចូឡបន្ថកត្ថេរ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖
ឧដ្ឋានេនប្បមាទេន សញ្ញោមន ទមេន ច
ទីបំ កយិរាថ មេធាវី យំ ឱឃោ នាភិកីរតិ ។
ទឹកជំនន់គឺកិលេស ជន់ពន្លិចកោះ គឺឣរហត្តផល ណាពុំបាន, ឣ្នកប្រាជ្ញ គប្បីសាងកោះ គឺឣរហត្តផលនោះ ដោយសេចក្តីប្រឹងប្រែងផង ដោយសេចក្តីមិនប្រមាទផង ដោយការសង្រួមក្នុងចតុប្បារិសុទ្ធិសីលផង ដោយការទូន្មានឥន្ទ្រីយ៍ផង ។
ដកស្រង់ពីវិគិផីឌា
ដោយ ៥០០០ឆ្នាំ
images/articles/370/2020-07-21_15_23_33-Buddha-for-and-Sujata_jpg_-_Picasa_Photo_Viewer.jpg
រឿង នាងសុមនាទេវី
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងសុមនាទេវី ជាធីតារបស់សេដ្ឋីឈ្មោះឣនាថបិណ្ឌិក ។ នាងសុមនាទេវី បានសម្រេចសកទាគាមិផល តាំងតែអំពីនាងនៅជាកុមារីមកម៉្លេះ, នាង មានជម្ងឺជាទម្ងន់ហើយបានហៅឣនាថបិណ្ឌិកសេដ្ឋី ថា ប្អូនប្រុស ។
ឣនាថបិណ្ឌិកសេដ្ឋី គិតថា “នាងសុមនាទេវីកូនស្រីពៅ ភ្លេចភ្លាំងសតិស្មារតី” ។ កាលបើនាងសុមនាទេវី បានធ្វើមរណកាលទៅហើយនោះ, លោកសេដ្ឋី មានទុក្ខទោមនស្ស សោកស្តាយ ឣាឡោះឣាល័យកូនស្រីពៅខ្លាំងណាស់ ហើយបានចូលទៅ ក្រាបទូលរឿងនេះ ថ្វាយព្រះសាស្តា ទ្រង់ជ្រាប តាំងតែឣំពីដើម រហូតដល់ចប់ ។
ព្រះសាស្តា ទ្រង់ត្រាស់រឿងពិត ថា “នែសេដ្ឋី នាងសុមនាទេវី មិនបានភ្លេចភ្លាំងសតិស្មារតីអ្វីទេ គឺ នាងហៅទៅ តាមមគ្គផលទេតើ ព្រោះនាងជាសកទាគាមី, ឯលោកសេដ្ឋី ជាសោតាបន្ន” ។
ឣនាថបិណ្ឌិកសេដ្ឋីបានក្រាបទូលសួរព្រះសាស្តាថា “បពិត្រ ព្រះឣង្គដ៏ចម្រើន តើនាងសុមនាទេវី កូនស្រីពៅ របស់ទូលព្រះបង្គំ បានទៅកើត នៅក្នុងទីណាដែរ?” ។
ព្រះសាស្តា ទ្រង់ត្រាស់ថា “នាងសុមនាទេវី បានទៅកើតនៅឋានតុសិតទេវលោកឯណោះហើយ” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖
ឥធ នន្ទតិ បេច្ច នន្ទតិ
កតបុញ្ញោ ឧភយត្ថ នន្ទតិ
បុញ្ញំ មេ កតន្តិ នន្ទតិ
ភិយ្យោ នន្ទតិ សុគតឹ គតោ ។
បុគ្គលឣ្នកបានធ្វើបុណ្យទុកហើយ រមែងត្រេកឣរ ក្នុងលោកទាំងពីរ គឺត្រេកឣរក្នុងលោកនេះផង ត្រេកឣរក្នុងលោកខាងមុខផង, បុគ្គលនោះ រមែងត្រេកឣរ ដោយគិតឃើញថា បុណ្យឣាត្មាឣញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកឣរយ៉ាងក្រៃលែង ។
ដោយ ៥០០០ឆ្នាំ
images/articles/369/text45634pic.jpg
ចង់ឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី?
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០
ព្រះសម្មាសម្ពុទ្ធទ្រង់គង់ប្រថាប់នៅវត្តជេតវនារាម ទ្រង់ប្រារព្ធបរាជ័យរបស់ព្រះបាទកោលសថា” ជយំ វេរំ បសវតិ, ទុក្ខំ សេតិ បរាជិតោ, ឧបសន្តោ សុខំ សេតិ, ហិត្វា ជយបរាជយំ។” ប្រែថា អ្នកឈ្នះរមែងជួបប្រទះនូវពៀរ អ្នកចាញ់តែងដេកជាទុក្ខ អ្នកដែលស្ងប់រម្ងាប់លះបង់នូវការឈ្នះចាញ់បានហើយ រមែងនៅជាសុខគ្រប់ឥរិយាបទទាំង៤។
ប្រភព
ដោយ៥០០០ឆ្នាំ
images/articles/368/tex543tpic.jpg
ពិចារណាពីសភាពរបស់ចិត្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០
សភាពរបស់ចិត្តដែលយើងមិនបានអប់រំឲ្យបានល្អរមែងប្រែប្រួល ឃ្លេងឃ្លោងមិនតាំងនៅនឹងន ជាពិសេសចិត្តដែលមិនបានអប់រំនេះ រមែងនាំទៅកាន់អារម្មណ៍ជាអកុសលនានា លុះត្រាតែយើងបានហាត់ពត់អប់រំដោយសមាធិកម្មដ្ឋាន មានសតិរលឹកជាប់ជានិច្ចហើយ ទើបអាចរក្សាចិត្តនោះឲ្យបានក្នុងផ្លូវប្រពៃ។
សមដូចពុទ្ធភាសិតក្នុងធម្មបទដ្ឋកថា សំដែងថា «ផន្ទនំ ចបលំ ចិត្តំ ទុរក្ខំ ទុន្និវារយំ, ឧជុំ ករោតិ មេធាវី ឧសុការោវ តេជនំ។» ប្រែថា “ចិត្តនេះឃ្លេងឃ្លោង ញាប់ញ័រ ពិបាករក្សានិងហាមឃាត់បាន មានតែអ្នកមានប្រាជ្ញាទេ ដែលពត់លត់ដំចិត្តឲ្យត្រង់ ឲ្យស្អាត ដូចជាជាងកូនសរ ពត់តម្រង់កូនសរឲ្យត្រង់ គួរដល់ការបាញ់ចំចំណុចក្នុងទិសទាំង៤ដូច្នោះដែរ។
តើក្នុងមួយថ្ងៃ លោកអ្នកធ្វើជាចៅហ្វាយរបស់ចិត្តបានប៉ុន្មានម៉ោង និងធ្វើជាទាសកររបស់ចិត្តប៉ុន្មានម៉ោង?
ដោយ៥០០០ឆ្នាំ
images/articles/367/29bcf62512c43a39a105f066325f6d01.jpg
ពលរដ្ឋមានធម៌ជាកម្លាំងដល់ប្រទេស
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០
ព្រះមហា ឆែ – វង្ស វត្តឧណ្ណាលោម ក្រុងភ្នំពេញ
ទេសនាដាក់វិទ្យុឃោសនសព្ទ នៃប្រទេសកម្ពុជា កាលពីថ្ងៃ ៨ រោច ខែភទ្របទ ឆ្នាំជូតសំរឹទ្ធិស័ក ព.ស. ២៤៩១ (២៦ – ៩ – ៤៨)
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
សូមគោរពចំពោះព្រះរត្នត្រ័យដោយសង្ខេប ។ លំដាប់តពីនេះ សូមសំដែងធម្មទេសនាចែកជូនដល់អស់លោកអ្នកតាមសមគួរដល់កាល ។ ក្នុងឱកាសនេះ នឹងសំដែងអំពីពលរដ្ឋធម៌ ឬហៅថា វុឌ្ឍទេសពលធម៌ ប្រែថា ធម៌ជាកំឡាំងដល់រដ្ឋ ឬធម៌ញ៉ាំងសេចក្ដីចំរើនដល់ប្រទេសមាន ៣ ប្រការ។ ធម៌នេះបើកើតមានក្នុងប្រទេស និគមជនបទរដ្ឋដែនណា ប្រទេសនិគម ជនបទ ដែននោះ នឹងទៅជាប្រទេសថ្លៃថ្នូរ វិសេសវិសាលជាអារ្យប្រទេស យ៉ាងឆាប់ៗ ពុំខានឡើយ ។ តែលុះត្រាតែប្រកបគ្រប់អង្គទាំង ៣ ទើបបានសម្រេចយ៉ាងនោះមែន ។
ធម៌ ៣ ប្រការនោះគឺ មុនិសម្បទា ប្រទេសនិគមឯណាបរិបូណ៌ពេញលេញដោយអ្នកប្រាជ្ញ អ្នកចេះដឹងមិនខុសមុខវិជ្ជា ទោះបីវិជ្ជាណាក៏មានអ្នកចេះដឹងសព្វគ្រប់ ។ ចុះបុគ្គលអ្នកចេះដឹងនេះកើតពីណាមក ? ឆ្លើយថា ពលរដ្ឋគឺរាស្ត្រ ឲ្យបុត្រប្រុសស្រីរៀនសូត្រគ្រប់គ្នា មិនមានរួញរា មិនមានគិតចង់បាន កំឡាំងបួនប្រើប្រាស់ ឲ្យមើលថែរក្សាគោក្របី សេះដំរី ឬឲ្យភ្ជួររាស់ឡើយ ម្យ៉ាងទៀតដែលជាហេតុនាំបានសុខនឹងចំរើនដល់ត្រកូលនឹងប្រទេសជាតិមាតុភូមិ ក៏ត្រូវស្វះស្វែងឲ្យបុត្ររៀន ។
ខ្មែរយើងឲ្យកូនរៀនច្រើនសំឡឹងប្រយោជន៍ពីវិជ្ជាណាស់ គឺវិជ្ជាណារៀនទៅហើយកាន់ក្រសួងមិនមានប្រាក់បំណាច់ចូលក្រៅ មិនព្រមឲ្យរៀនទេ ដូចវិជ្ជាទូរលេខ ទូរស័ព្ទ តិកនិក អាំងស៊ីញ័រ ជាងឈើ ជាងកំបោរ ជាងខ្សែភ្លើង វិជ្ជាអស់នេះខ្មែរស្ទើរគ្មានសោះ សព្វថ្ងៃបើរាជការសហរដ្ឋឲ្យក្រសួងទាំងអស់នេះមក ខ្មែរយើងស្ទើរតែឱបដៃឬមើលហើយ ព្រោះខ្មែរមិនមានចេះ ហេតុមិនចេះ ព្រោះមិនរៀន ហេតុអ្វីមិនរៀន ? ព្រោះរៀនទៅកាន់ក្រសួងមិនមានកម្រៃចូលក្រៅ ។
មានខ្មែរខ្លះទៀត បើកូនរបស់ខ្លួនឃើញកូនគេទៅរៀន វាចង់ទៅរៀនដែរ បែរជានិយាយប្រាប់កូនថា អាអើយ ! ឯងមើលអញមិនចេះកខមួយផង មានគោក្របីពេញក្រោល អញចិញ្ចឹមទាំងអាឯងមួយសំបុករស់បាន ឯងចាំទៅរៀនអី មើលតែគោក្របីប្រសើរជាង ។ នែ ! មនុស្សបែបនេះចំជាដេកផ្កាប់មុខ ដេកមិនងើប ងើបមិនបើកភ្នែក បើកភ្នែកមិនមើលប្រទេសគេជិតខាង ។ ប្រទេសណាបើមានមនុស្សបែបនេះ ស្ទើរតែឯករាជ្យពុំកើត បើនៅក្នុងប្រទេសណា នាំឲ្យធ្ងន់ផែនដីប្រទេសនោះ ព្រោះមនុស្សនោះយកខ្ជិលជាទីអាង សមដូចសុភាសិតថាៈ
អលសស្ស កុតោ សិប្បំ អសិប្បស្ស កុតោ ធនំ
អធនស្ស កុតោ មិត្តំ អមិត្តស្ស កុតោ សុខំ
អសុខស្ស កុតោ បុញ្ញំ អបុញ្ញស្ស កុតោ សិវំ
ប្រែថា មនុស្សខ្ជិលមិនមានវិជ្ជា បើមិនមានវិជ្ជាមិនមានទ្រព្យ បើមិនមានទ្រព្យមិនមានមិត្រ បើមិនមានមិត្រមិនមានសេចក្ដីសុខ បើគ្មានសុខមិនមានព្រះនិព្វាន ប្រែសេចក្ដីថា ម៉េចមិនទៅព្រះនិព្វានទាំងអស់គ្នាទៅ ថាព្រោះមិនមានបុណ្យ ហេតុអ្វីមិនមានបុណ្យ ព្រោះគ្មានសុខ ហេតុអ្វីមិនមានសុខ ព្រោះគ្មានទ្រព្យសម្បត្តិ ហេតុអ្វីមិនមានទ្រព្យសម្បត្តិ ព្រោះគ្មានវិជ្ជា ហេតុអ្វីគ្មានវិជ្ជា ព្រោះខ្ជិល នែ ! នៅលើខ្ជិលជាប្រធានសោះ សមនឹងសុភាសិតបារាំងថា La presse est la mere detous les vie កំជិលជាមេបាបធម៌គ្រប់យ៉ាង ខ្ជិលបង្ហិនលោក ខ្ជិលបានទុក្ខសោក ខ្ជិលអប្បប្រាជ្ញា ខ្ជិលធ្លាក់នរក ខ្ជិលឥតវិជ្ជា ខ្ជិលថោកសាសនា ខ្ជិលជាតិលិចលង់ ហេតុនេះ សូមសប្បុរសឲ្យកុមារាកុមារីរៀនសូត្រឡើង ដើម្បីបំពេញមុនិសម្បទានេះ ។
កាលបើប្រទេសសម្បូរណ៍ដោយមនុស្សអ្នកចេះដឹង ហើយនឹងមិនមានបរទេសរឹបជាន់ ឈ្លេចឈ្លីមើលងាយយើងទេ ដូចជាផ្ទះមានរបងយ៉ាងជិតស្និទ្ធជាស្ថាពរ តែបើប្រទេសពេញលេញ ដោយមនុស្សអ្នកចេះដឹង ផ្លូវលោកធម៌ស្ដុកស្ដម្ភច្រើនហើយ បែរជាខ្វះភោគសម្បទាវិញ ក៏ពុំអាចកសាងក្រឡៃច្នៃប្រជាជាតិយើងឲ្យថ្លៃថ្នូរទៅកើត ។
ហេតុនេះ ត្រូវបំពេញភោគសម្បទា ១ ទៀត ឲ្យមានបរិបូណ៌ឡើង ។ ភោគសម្បទា ប្រែថា សម្បុកទ្រយុកស្ដុកស្ដម្ភកុះករដោយទ្រព្យសម្បត្តិ ។ បើមានទ្រព្យសម្បត្តិ ទើបអាចច្នៃក្រឡៃប្រឌិតប្រទេសបាន ។ ចុះទ្រព្យសម្បត្តិកើតឡើងពីណាមក ? ឆ្លើយថាកើតមកអំពីកម្ម ២ យ៉ាង គឺ កសិកម្ម ១ ពាណិជ្ជកម្ម ១ ហើយនឹងមានសម្បទា ៤ យ៉ាង ជាគ្រឿងអបស្ទបទៀតផង ។ កសិកម្ម គឺប្រកបស្រែចំការច្បារដំណាំសាបព្រោះ បើទ្រព្យកើតឡើងដោយខ្សត់ខ្សោយហើយ នឹងកសាងប្រទេសជាតិពុំកើត ស្រុកខ្មែរច្រើនតែប្រកបកិច្ចការនេះ នៅខ្វះត្រង់ពាណិជ្ជការច្រើន ស្ទើរតែគ្មាន ។
ពាណិជ្ជការនោះក្នុងផ្ទៃពុទ្ធសាសនា សំដែងច្រើនណាស់ដែរ ខ្មែរកាន់ពុទ្ធសាសនាច្រើនមែន ធ្លាប់ដឹងតាមគោលដែលចារិកមកថាធម៌ ៨៤០០០ ព្រះធម្មក្ខន្ធ តែខ្មែរកាន់ច្បោលៗ កាន់ត្រង់ណាស្រាលៗ ចោលត្រង់ណាមានប្រយោជន៍ថ្លៃថ្នូរ ហើយពោលថាខ្មែរក្រ ខ្មែរស្លូត ខ្មែរបរជាតិជិះជាន់ ព្រោះខ្មែរកាន់ពុទ្ធសាសនា ។
ពោលនេះមិនសមសោះ ចុះជាតិដទៃគេកាន់ពុទ្ធសាសនាដែរ ម៉េចក៏គេថ្លៃថ្លា នេះឃើញជាទាស់ពីកាន់មែន ។ ដូចយ៉ាងពាណិជ្ជការ ក្នុងព្រះពុទ្ធសាសនា មានសំដែងពិស្ដារណាស់ ក្នុងទីនេះសូមអធិប្បាយតែ ៤ យ៉ាង គឺ ជង្ឃពាណិជ ១ សកដពាណិជ ១ នាវាពាណិជ ១ ឃរពាណិជ ១ ។
ជង្ឃពាណិជ គឺជួញដោយកំឡាំងស្មង ដូចរែករុញពុនលី ឧទាហរណ៍ដូចយ៉ាងរុញធុងគុយទាវ ធុងទឹកកកអស់នេះ សុទ្ធតែចូលលុយរាប់រយក្នុងមួយថ្ងៃៗ ប៉ុន្តែខ្មែរពុំត្រូវការធ្វើសោះ ច្រើនតែខ្ពើមឆ្អើមខ្លាចថោកទាប តែរបស់នេះខ្មែរត្រូវការទាំងរាស្ត្រទាំងនាហ្មឺន មើលចុះអស់លោកអ្នកធ្វើការសព្វថ្ងៃ បើមិនបានគុយទាវឬកាហ្វេ ក៏មិនទាន់ចូលកាន់ប៊ុយរ៉ូទេ ។ បើថ្ងៃណាមួយចិនយួនវ៉ាកង ឈប់ធ្វើគុយទាវឬកាហ្វេបីបួនថ្ងៃហើយ មុខជាខ្មែរញៀនស្ងាបមាត់ នេះឃើញថាប៉ិនខាងទទួលទានមែន ។
បើធ្វើ ជង្ឃពាណិជ នឹងគេវិញ មានតែក្អម អំបោស ស្លឹកត្នោត កំប្រោង ទ្រទូងពីចម្ងាយស្ទើរតែមើលរូបអ្នករែកមិនឃើញ ដើរតាមផ្សារទើសគេឯង បើជិះឡាន ជិះកប៉ាល់វិញ ម្ចាស់ឡាន – កប៉ាល់នោះ សូមអង្វរព្រោះគ្មានកន្លែងដាក់របស់ទាំងនោះឲ្យ ដល់លក់អស់របស់ទាំងនោះទៅ បែរចូលផ្ទះចិនរកទិញសំពត់ បានចំនួន ៣ – ៤ ម៉ែត្រប៉ុណ្ណោះយ៉ាងច្រើន នេះជង្ឃពាណិជខ្មែរ ។
សកដពាណិជ ជួញដោយរទេះឡាន ឬរត់ឈ្នួលតាមមគ្គវិថីផ្សេងៗ ។ នាវាពាណិជ ជួញដោយទូកឬកប៉ាល់ ។ សព្វថ្ងៃបើត្រូវការទៅណាហើយចាំឡាន – កប៉ាល់ ខ្មែរគ្មានសោះទេ សុទ្ធតែរបស់បរជាតិ ជាតិបញ្ញើក្អែកទាំងអស់ ។
ឃរពាណិជ ជំនួញក្នុងផ្ទះ គឺដាក់ទំនិញក្នុងផ្ទះហើយអង្គុយលក់ដូចផ្ទះលក់ក្នុងក្រុងភ្នំពេញសព្វថ្ងៃ បរជាតិឥតបែកញើសសោះ ប្រាក់ខ្មែរឡើងត្នោត មករកផ្ទះឃើញចូលហួសទូដែកទៀត បរជាតិដែលមកសំណាក់អាស្រ័យនឹងយើង ដូចជាជាតិបញ្ញើក្អែកទំដើមរាំង ឬដើមជ្រៃពិតមែនរុក្ខជាតិនេះគល់ដល់ដី បើភ្លេចខ្លួនមុខជាបញ្ញើក្អែកបឺតយកឱជារសអស់ មិនយូរប៉ុន្មានឃើញសុទ្ធតែបញ្ញើក្អែកព្រងើយ ចំណែកស្លឹករាំងជ្រៃរេចរឹលអស់នៅមានតែគល់ ខេមរៈយើងសព្វថ្ងៃមិនខុសពិរុក្ខជាតិនេះប៉ុន្មាន រកកល់លើសផង ! ទីក្រុងសព្វថ្ងៃផ្ទះឥដ្ឋផ្ទះថ្ម ភ្លើងអគ្គិសនីភ្លឺច្រាល ម៉ាស៊ីនទឹក ខ្មែរទុកឲ្យបរជាតិនៅប្រើប្រាស់ ស៊ូយកខ្លួនទៅនៅបឹងជិតៗ វិញ នេះពេញជាប្រសប់ទទួលភ្ញៀវមែន ស៊ូឲ្យភ្ញៀវដេកពូក ខ្លួនចុះដេករនាប ចំជាចិត្តល្អ ។
ខេមរៈទាំងឡាយ កាលបើបានប្រកបពាណិជទាំង ៤ ប្រការនេះដូចបានអធិប្បាយខាងលើដោយសព្វគ្រប់ហើយ មុខជាខេមររដ្ឋប្រទេសយើងឡើងកាន់វឌ្ឍនធម៌ខាងភោគសម្ប័ទយ៉ាងឆាប់ៗ មិនខាន ព្រោះខ្មែរសម័យនេះប្រស្រ័យសេដ្ឋកិច្ច ប្រទេសថ្កើង ជាតិថ្លៃ ប្រស្រ័យយើង ។
ពាណិជ្ជកម្មនឹងកសិកម្ម ទាំងពីរយ៉ាង បើយើងមានប្រាថ្នាឲ្យភោគទ្រព្យកុះករស្ដុកស្ដម្ភ លុះតែយើងចេះប្រកបពាណិជ្ជកម្មនោះឆាប់ៗ ចុះបើប្រទេសយើងពេញចិត្តតែត្រង់កសិកម្មប៉ុណ្ណោះ ដូចជាគោស៊ីចំបើងហើយមិនស្មើស៊ីស្មៅខ្ចីផង ធ្វើម៉េចនឹងបានធំធាត់ឡើង ។ ខេមរជាតិទាំងឡាយ ! សកលលោកទាំងមូលកំពុងស្វែងរកទ្រព្យខ្លាំងណាស់ ទ្រព្យនេះមានពីរយ៉ាងគឺ ទ្រព្យមានវិញ្ញាណ ១ ឥតវិញ្ញាណ ១ ។
ទ្រព្យមានវិញ្ញាណបានដល់មនុស្ស – សត្វគ្រប់យ៉ាង ទ្រព្យឥតវិញ្ញាណបានដល់ដែនទឹកដីមាសប្រាក់ លោកសន្និវាសទាំងមូលច្របូកច្របល់ នឹងរកទ្រព្យទាំងពីរយ៉ាងនេះណាស់ ។ សព្វថ្ងៃបើយើងមិនប្រុងប្រយ័ត្ននឹងរក្សាការពារទេ យើងនឹងទៅជាទាសៈ របស់របរក្នុងលោកអសារឥតការ ។ ទ្រព្យនោះមានមកហើយអាចនឹងឋិតថេរចិរកាលទៅបាន លុះត្រាតែប្រកបដោយសម្បទា ៤ យ៉ាងទៀតគឺ៖
១-ឧដ្ឋានសម្បទា ប្រឹងប្រែងរក បើរដ្ឋាភិបាលវិញប្រឹងប្រែងរកមន្តវិជ្ជាណាដែលមានខ្លឹមសារ ដែលរៀនទៅហើយអាចមានប្រយោជន៍ការពារ ជាតិមាតុភូមិបាន យកមកសាបព្រោះបណ្ដុះផ្សាំឲ្យពលរដ្ឋគឺរាស្រ្តរៀនសូត្រទាំងប្រុសទាំងស្រីឡើង។
២- អារក្ខសម្បទា បើរៀនចេះដឹងហើយប្រឹងប្រែងរក្សាការពារជាតិមាតុភូមិ នឹងកេរ្តិ៍មត៌ករបស់ជាតិទុកឲ្យមកមិនឲ្យចោររុះរើរុករានទន្ទ្រានភូតភរឆរបោកបញ្ឆោតប្រវ័ញ្ចន៍បាន ។
៣-កល្យាណមិត្តតា សេពគប់នឹងមិត្តល្អ គឺមិត្តណាយើងសេពគប់ទៅហើយ មិនសំឡឹងរំពៃគយគន់ចង់បានទ្រព្យសម្បត្តិរបស់យើង គឺស៊ូជួយការពារសត្រូវនឹងណែនាំឲ្យបានសេចក្ដីចំរើនដល់យើង ហើយថែមទាំងមិនលាក់ចំណេះនឹងមិត្តភក្តិស៊ូជួយបង្ហាត់បង្រៀនវិជ្ជាណាដែលក្រ ៗ ហើយជាអ្នកមិននិយាយភូតភរបោកប្រាសមិត្រផងគ្នា នេះហៅថា មិត្រល្អ ឬមិត្រដែលយើងគួរសេពគប់ ឬកល្យាណមិត្រ។
៤-សមជីវិតា ចិញ្ចឹមជីវិតស្មើៗ គឺឲ្យដឹងប្រមាណក្នុងទ្រព្យរបស់យើងមានក្នុងថវិកាជាតិនៃរដ្ឋ គឺចាយវាយស្គាល់ប្រមាណមិនដល់ទៅខ្ចីបុលគេប្រើប្រាស់ គឺដំរីមិនចង់ធំតាមដំរី បើមានធម៌ទាំង ៤ យ៉ាងនោះ ទើបអាចការពារផលប្រយោជន៍របស់មាតុភូមិបាន បើប្រាស់ចាកសម្បទា ៤ នេះហើយ មិនអាចកុះករចំរើនទ្រព្យសម្បត្តិបានឡើយ សូម្បីសម្បត្តិទ្រព្យដែលបុព្វបុរស ទុកឲ្យមិនអាចនឹងការពារបានដែរ ។ ចុះសម្បទាត្រង់ទី ៤ គឺកល្យាណមិត្តតា ថាសេពគប់នឹងមិត្រល្អ តើមិត្របែបណា ? មានលក្ខណៈយ៉ាងណាគួរយើងសំគាល់បាន ?
បពិត្រសប្បុរសទាំងឡាយ ! មិត្រដែលយើងគួរសេពគប់ មានលក្ខណៈ ៣ យ៉ាង សម្រាប់សំគាល់ដើម្បីឲ្យយល់ថាល្អទៅបាននោះ គឺ
១ – អហិតេ បដិសេធោ មិត្រណែនាំហាមប្រាមមិត្រផងគ្នា មិនឲ្យធ្វើនូវអំពើណា មិនមានប្រយោជន៍ប្រាប់យ៉ាងណានេះយ៉ាងណោះថា មិនមែនលទ្ធិប្រព្រឹត្តដើម្បីសេចក្ដីចំរើនដល់ប្រទេសជាតិមាតុភូមិទេ ។
២ – ហិតេ អនុវត្តនំ មិត្រដឹកនាំបង្ហាត់បង្រៀនមិនលាក់លៀមចំពោះវិជ្ជា បញ្ញាដែលខ្លួនមានវិជ្ជាណារៀនទៅហើយអាចការពារផលប្រយោជន៍ប្រទេសជាតិមាតុភូមិ នឹងសត្រូវបច្ចាមិត្រគ្រប់យ៉ាងបាន ទើបបង្ហាត់បង្រៀនវិជ្ជានោះ ។
៣ – ព្យសនេ អបរិច្ចាគោ មិត្រមិនលះបង់មិត្រក្នុងពេលមានសេចក្ដីវិនាសអន្តរាយ អសន្តិសុខមកប៉ះពាល់ ស៊ូស្លាប់ជាមួយគ្នា បើមានគ្រឿងការពារវិសេសវិសាលឆ្នើម ស៊ូចែករំលែកមិនរិះគន់លាក់លៀម មិនកំណាញ់នឹងមិត្រផងគ្នា ។
លក្ខណៈ ៣ យ៉ាងនេះហើយជាលក្ខណៈរបស់មិត្រ ឬ កល្យាណមិត្រ ដែលយើងគួរសេពគប់ ។ កាលបើខេមរៈ ចេះស្វែងរកមិត្រគួរសេពគប់ហើយ ចេះស្វែងរកទ្រព្យសម្បត្តិដោយពាណិជ្ជកម្មដែលជាផ្លូវនាំឲ្យចំរើនភោគទ្រព្យយ៉ាងឆាប់នោះ ហើយមានធម៌ជាគ្រឿងរក្សានូវទ្រព្យដែលបានរកបានមក មិនឲ្យចោរលួចប្លន់ឆបំបាត់ប្រវ័ញ្ចន៍បញ្ឆោតបានហៅថា សម្បទា មានឧដ្ឋានសម្បទាជាដើម កល្យាណមិត្តតា សេពគប់នឹងមិត្រល្អ ដូចបានសំដែងលក្ខណៈសព្វគ្រប់ស្រាប់ជាទីបំផុត ឈ្មោះថាខ្មែរយើងមិនព្រងើយកន្តើយនឹងជោគវាសនាប្រទេសប៉ុន្មានទេ ហើយមានឈ្មោះថាវឌ្ឍនធម៌ជឿនឡើងជាលំដាប់ដែរ ។
តែបើមានមុនីសម្បទានឹងភោគសម្បទា ពេញលេញដោយអ្នកប្រាជ្ញ អ្នកចេះដឹងហើយ ស្ដុកស្ដម្ភមាំមួនដោយភោគទ្រព្យហើយ បើខ្វះធម៌ ១ ខាងចុង គឺសាមគ្គីសម្បទាមិនបានបរិបូណ៌ដោយការព្រមព្រៀងគ្នា ក៏មិនអាចនឹងច្នៃក្រឡៃប្រទេសយ៉ាងណាទៅបាន ។ ហេតុនេះ ត្រូវខេមរជាតិមានធម៌នេះផងទៀត គឺព្រមព្រៀងស្រុះស្រួលមូលមួយគ្នា នឹងលើកដាក់ឲ្យព្រមគ្នា ឧទាហរណ៍ដូចទូកទូកមួយជិះគ្នា ១២ នាក់ បើម្នាក់បើកក្ដោង ម្នាក់ទាញខ្សែក្ដោង ម្នាក់លើកចែវ ម្នាក់កាន់ចង្កូតមិនមើលបំណាំគ្នា មិនត្រូវយកជើងរាទឹក ហៅថាសាមគ្គីធម៌ កុំថាឡើយមនុស្សប្រតិបត្តិ សូម្បីសត្វតិរច្ឆានប្រតិបត្តិក៏បានសេចក្ដីសុខដែរ ។
ដូចជំនាន់ដើមមានសត្វចាប ៥០០ បានទៅជាប់លប់របស់ព្រាហ្មណ៍ម្នាក់ សត្វចាបមានសេចក្ដីតក់ស្លុតភិតភ័យហួសពេក នាំគ្នាស្ទុះស្ទារច្រាសប្រដាល់ស្ទើររបោចរោមក្បាលអស់ គ្រានោះមានចាបមួយស្រែកថា ថាយើងធ្វើយ៉ាងហ្នឹងមុខជាវិនាសមិនខានទេ ហេតុនេះអ្នកទាំងអស់គ្នាត្រូវធ្វើតាមខ្ញុំ ព្រោះខ្ញុំធ្លាប់ប្រតិបត្តិមកបានសេចក្ដីសុខជាញយណាស់ ទើបពពួកចាបឆ្លើយតបថា មានកលឧបាយដូចម្ដេច ? ចូរប្រាប់ភ្លាមៗ មកយើង កល់នឹងទំពែកក្បាលអស់ហើយ មើលសាមគ្គីធម៌នោះតើរូបរាងយ៉ាងណា ? ។
ទើបចាបនោះឆ្លើយឡើងថា សាមគ្គីធម៌គ្មានរូបរាងអ្វីទេ គ្រាន់តែព្រមព្រៀងស្រុះគ្នាប៉ុណ្ណោះ គឺយើងទាំងអស់គ្នាត្រូវស្រុះគ្នាហើរឡើងតែម្ដងព្រមគ្នា ចាបទាំងអស់ទើបប្រតិបត្តិតាម ស្ទុះហើរព្រមគ្នារបើកមាត់លបទៅ សមនឹងសុភាសិតបារាំងថា L’ union fait la force សាមគ្គីជាកំឡាំង កំឡាំងបំផុត សាមគ្គីមោះមុត ព្រមព្រៀងមូលមួយ កាយវាចាចិត្តស្រុះស្រួល ខំជួយចូកចែវរងួយ ស្ទួយជាតិដល់ត្រើយ ។ ចាបទាំងឡាយបានរួចខ្លួនទៅ នេះកំឡាំងសាមគ្គីធម៌យ៉ាងហ្នឹង ។ យើងខេមរជាតិក៏ត្រូវមានសាមគ្គីធម៌យ៉ាងនេះដែរ ។
ធម៌ទាំង ៣ យ៉ាងនេះគឺ ១ មុនិសម្បទា ២ ភោគសម្បទា ៣ សាមគ្គីសម្បទា បើប្រទេសនិគមជនបទរដ្ឋដែនណាមានធម៌ទាំង ៣ យ៉ាងនេះ គ្រប់គ្រាន់មិនខ្វះ នឹងក្រឡៃប្រទេសនិគមនោះថ្លៃថ្នូរបានឆាប់ គឺមានអ្នកចេះដឹងច្រើន ១ មានភោគសម្ប័ទ ១ មានការព្រមព្រៀងស្រុះស្រួលមូលមាត់គ្នា ១ ។
ធម៌ទាំង ៣ នេះឲ្យឈ្មោះថា ពលរដ្ឋធម៌ ប្រែថាធម៌ជាកំឡាំងដល់ប្រទេស សំដែងមកប៉ុណ្ណេះសន្មតថាចប់ ។ ទីបំផុតធម៌ទេសនានេះ សូមផ្សាយបុញ្ញរាសី គំនរបុណ្យនេះ ចែកជូនដល់អស់លោក អ្នកសប្បុរសទាំងឡាយ ទោះបីធ្វើមរណភាពទៅហើយក្ដី នៅរស់ក្ដី នៅទីជិតឆ្ងាយក្ដី ។
ពុទ្ធាទិអានុភាវេន ឧប្បន្នា ចេ ឧបទ្ទវា
គា ចេវន្តរាយា ច វិនស្សន្តុ អសេសតោ ។
ដោយអានុភាពនៃព្រះរតនត្រៃជាដើមនេះ ឧបទ្រពនឹងរោគន្តរាយទាំងឡាយដែលកើតហើយ សូមឲ្យវិនាសចេញទៅកុំបីមានសេសសល់ឡើយ ។
-ចប់-
ប្រភពៈ ទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩៥២
ដោយ៥០០០ឆ្នាំ
images/articles/366/te34t3xtpic.jpg
ការអប់រំមនុស្សដោយព្រះធម៌
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០
ការអប់រំមនុស្សដោយព្រះធម៌ រមែងធ្វើមនុស្សឲ្យមាន «ជីវិត» ល្អបរិសុទ្ធ មានឥស្សរភាពលើតណ្ហា មានសេចក្តីសុខក្នុងតួជីវិតខ្លួនឯង។ មនុស្សកើតមកហើយត្រូវមានការសិក្សា ព្រោះមនុស្សជាសត្វដែលត្រូវសិក្សា ឬជាសត្វដែលត្រូវហ្វឹកហាត់អប់រំបើមិនហ្វឹកហាត់សិក្សាអប់រំទេ មនុស្សមិនអាចល្អទៅបានឡើយ ហើយជីវិតដ៏ប្រសើរដែលបុណ្យបានតាក់តែងមក ក៏ត្រូវអស់ទៅវិញដោយឥតប្រយោជន៍ នេះជារឿងធម្មជាតិរបស់មនុស្ស។
មនុស្សផ្សេងអំពីសត្វតិរច្ឆាន គឺនៅត្រង់មនុស្សជាសត្វវិសេស អាចហ្វឹកហាត់អប់រំឲ្យមានការចម្រើនរហូតដល់ថ្នាក់ទេវតាឥន្ទព្រហ្មគោរពបូជា។ គុណធម៌ដែលមានក្នុងមនុស្ស មិនមានគុណធម៌ណាមួយដែលកើតមានឯងៗនោះឡើយ គឺសុទ្ធតែជាលទ្ធផលនៃការអប់រំចម្រើនទាំងអស់។
កាលបើធម្មជាតិរបស់មនុស្សមានសភាពយ៉ាងនេះ មនុស្សយើងមិនគួរគប្បីមានសេចក្តីប្រមាទសោះឡើយ គួរយកការសិក្សាអប់រំជាគោលសំខាន់ សម្រាប់ទូន្មានឲ្យជាប្រចាំក្នុងជីវិតប្រចាំថ្ងៃ មិនថាតែវ័យក្មេង វ័យកណ្តាល ឬវ័យចាស់នោះទេ គឺគ្រប់វ័យទាំងអស់ឲ្យតែនៅមានអវិជ្ជា និងតណ្ហា។ ធ្វើជាមនុស្សមិនត្រូវបញ្ចប់ការសិក្សាដោយត្រឹមតែបាននូវការចេះដឹងក្នុងមុខវិជ្ជាជីវៈបុណ្ណឹងទេ គឺត្រូវហ្វឹកហាត់អប់រំនូវចំណេះដឹង ឲ្យក្រៃលែងឡើងថែមទៀត ព្រោះសេចក្តីប្រសើររបស់មនុស្សដែលមានរហូតដល់អស់អវិជ្ជានិងតណ្ហាជាប្រភពនៃសេចក្តីទុក្ខសោកនោះ គឺស្ថិតនៅលើការសិក្សាអប់រំហ្វឹកហាត់រឿយៗហ្នឹងឯង នេះជាសេចក្តីសំខាន់ពិសេសនៃជីវិតមនុស្ស។
ការដែលមិនបោះបង់នូវជីវិតឲ្យផុតអំពីការសិក្សាអប់រំ ព្រោះមាននូវស្មារតីចងចាំថា «ជីវិតកាន់តែប្រសើរឡើង កាន់តែភ្លឺស្វាងឡើង ដោយសារការអប់រំនេះឯង»។ ដរាបណាដែលនៅមិនទាន់បានជាព្រះអរហន្តទេ គ្រប់គ្នាត្រូវនៅក្នុងការសិក្សារហូតអស់ជីវិត ព្រោះហេតុនេះហើយបានជាបុគ្គលដែលបដិបត្តិតាមព្រះពុទ្ធសាសនា មានការចម្រើននូវគុណធម៌ បានសម្រេចជាសោតាបន្ន ជាសកទាគាមី និងជាអនាគាមី ដែលហៅថា ព្រះអរិយៈ បុគ្គល៣ពួកនេះហៅម៉្យាងទៀតថា ព្រះសេក្ខបុគ្គល គឺជាបុគ្គលដែលនៅមានការសិក្សា។
សូម្បីដល់ថ្នាក់ជាព្រះអរិយបុគ្គលយ៉ាងនេះហើយក៏ដោយ ក៏នៅតែមានការសិក្សា លុះត្រាតែ បានសម្រេចជាព្រះអរហន្ត ទើបហៅថា ព្រះអសេក្ខបុគ្គល គឺបុគ្គលគ្មានការសិក្សាហ្វឹកហាត់ ដើម្បីកំចាត់នូវភាពសៅហ្មងពីសន្តានទៀតឡើយ ព្រោះសេចក្តីសៅហ្មងទាំងអស់ត្រូវបានលះផ្តាច់ដោយអរហត្តមគ្គទៅហើយ ។ នេះឯងជាការសិក្សាអប់រំឲ្យបានសម្រេចដល់ទីបញ្ចប់ ដែលជីវិតមនុស្សត្រូវបានបញ្ចប់ទុក្ខកង្វល់ក្នុងវដ្តសង្សារ ជាសារៈដ៏សំខាន់នៃជីវិត និងដែលជីវិតមនុស្សអាចទទួលបាន ។ ដំណើរជីវិតតាមគោលព្រះពុទ្ធសាសនា គឺជាជីវិតស្ថិតនៅក្នុងការសិក្សាអប់រំដោយសេចក្តីមិនប្រមាទអស់កាលជានិច្ច ។
សូមមនុស្សទាំងឡាយ សម្លឹងមើលជីវិតខ្លួនឯង និងជីវិតអ្នកដទៃក្នុងនិមិត្តមួយដែលត្រូវមានសម្ព័ន្ធជាមួយនឹងការសិក្សាអប់រំ ព្រោះមនុស្សជាសត្វវិសេសដែលត្រូវទទួលកាហ្វឹកហាត់ ហើយអាចហ្វឹកហាត់បានរហូតដល់ពេលហៀបនឹងស្លាប់ និងរហូតដល់បានជាមនុស្សបរិសុទ្ធ គឺព្រះអរហន្ត៕
«ស្រង់ចេញពីសៀវភៅ ពរ៤ប្រការ របស់អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស»
ដោយ៥០០០ឆ្នាំ
images/articles/355/5435tersd.jpg
ធម៌ដែលនាំឲ្យកើតប្រយោជន៍ក្នុងបច្ចុប្បន្ន ៤យ៉ាង
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០
ទិដ្ឋធម្មិកធម៌ គឺហេតុឲ្យកើតផលប្រយោជន៍ក្នុងពិភពលោកនេះ មាន ៤ គឺ៖
១. ការប្រឹងប្រែងធ្វើការងារ មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា។
២. ការថែរក្សាដោយយកចិត្តទុកដាក់ជានិច្ច ឈ្មោះថា អារក្ខសម្បទា។
៣. ភាពជាអ្នកសេពគប់មិត្តល្អ ឈ្មោះថា កល្យាណមិត្តតា។
៤. ភាពនៃការចិញ្ចឹមជីវិតតាមលទ្ធភាព ឈ្មោះថា សមជីវីតា។
ធម៌ទាំងនេះឯង ជាប្រភព និងជាគ្រឹះយ៉ាងមាំ សម្រាប់បណ្ដុះបណ្ដាល និង ទ្រទ្រង់នូវអង្គការពិភពលោក អង្គការរដ្ឋ និងអង្គការគ្រួសារមួយៗ ឲ្យបានប្រកបដោយវឌ្ឍនធម៌ ចម្រើនរុងរឿង ។ បើខ្វះធម៌ណាមួយ អង្គការនោះៗ ត្រូវមានវិបត្តិមិនខាន ។ ក្នុងរដ្ឋមួយៗ មានអង្គការជាច្រើន ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ជាដើម។
ផ្នែកសេដ្ឋកិច្ច ដូចខាងឧស្សាហកម្ម និងពាណិជ្ជកម្ម បើអ្នកកាន់ការទាំងឡាយ ក្នុងពិភពលោក ខ្វះធម៌ទី ១ គឺ ឧដ្ឋានសម្បទា កម្ជិលមិនប្រឹងប្រែងចំពោះករណីយកិច្ច រវល់តែប្រចាំគ្នា ច្រណែនគ្នា អំពីប្រយោជន៍ផ្ទាល់ខ្លួន មិនខំរវៃឧស្សាហកម្ម និងពាណិជ្ជកម្មឲ្យដើរទាន់សម័យទេ សេដ្ឋកិច្ចមិនត្រូវអមតៈបានឡើយ ព្រោះនៅមានការកុហកបោកប្រាស នៅមានអំពើពុករលួយ លួចប្លន់កេងកិប សូកស៊ីសំណូក ច្របូកច្របល់ក្នុងដំណើរជីវិត ត្រូវសិក្សាបង្កើតថ្នាក់ឲ្យដល់កម្រិតសីលសិក្ខា បានដល់ការសិក្សាតាមមគ្គសច្ចវិទ្យា ត្រង់ទី ៣ ទី ៤ និងទី ៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជាច្រើនឆ្នាំទៀតដរាប ដល់អប់រំចរិយាមារយាទឲ្យបានថ្លៃថ្នូរ ស្អាតបរិសុទ្ធ ដែលហៅថា អរិយចរិយា។
បើមានឧដ្ឋានសម្បទា ហើយខ្វះអារក្ខសម្បទា មានការខ្ជះខ្ជាយ មិនត្រួតពិនិត្យឲ្យដល់ទីកន្លែង ចេះតែប្រចាំ បណ្ដាក់គ្នា ម្នាក់អាងលើម្នាក់ នៅតែក្នុងការិយាល័យ រំពឹងតែលើក្រដាស លើបញ្ជីនោះ ផលនៃឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវខូចខាត សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
បើមានធម៌ទាំងពីរនេះហើយ ប៉ុន្តែខ្វះធម៌ទី ៣ គឺកល្យាណមិត្តតា មានការទាក់ទងជាមួយអ្នកលក់ អ្នកទិញ ជាមនុស្សទុច្ចរិត មានការគៃបន្លំ និងនាំគៃបន្លំដោយហេតុណាមួយ ឬក៏មានសហការីរបស់ខ្លួន ជាមនុស្សពុករលួយ ត្រូវជើងនឹងអ្នកទិញ ឬអ្នកលក់ ធ្វើឲ្យខូចខាតផលឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
បើមានធម៌ទី ១ ទី ២ ទី ៣ នេះគ្រប់គ្រាន់ហើយ នៅខ្វះធម៌ទី ៤ គឺ សមជីវិតា មានការចំណាយច្រើនជាងចំណូល ដោយការខ្ជះខ្ជាយ ឬដោយប្រើបុគ្គលិកច្រើនហួសដែលបណ្ដាលមកពីមិនចេះប្រើ គឺអំពើដែលគេធ្វើតែម្នាក់កើត យើងធ្វើ ៤ ឬ ៥ នាក់ទើបកើត ហើយមិនល្អទៀត ឬទិញរបស់មួយមុខៗ ចូលច្រើនហួស ដើម្បីបានភាគរយអំពីអ្នកលក់ ឯរបស់ដទៃទៀតគ្មានលុយទិញគ្រប់គ្រាន់ ដែលនាំឲ្យរអាក់រអួលដំណើរឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
កាលបើសេដ្ឋកិច្ចធ្លាក់ចុះ ព្រោះខ្លួនខ្វះសមត្ថភាព ឬព្រោះខ្លួនទុច្ចរិតហើយ ខំតម្លើងតម្លៃទំនិញដើម្បីទប់ទល់នោះ រឹតតែនាំឲ្យចង្រៃធំដល់សង្គមជាតិ អ្នកប្រើប្រាស់ថែមទៀត ។ទិដ្ឋធម្មិកធម៌នេះ មានន័យធំទូលាយគ្រប់ករណីកិច្ចទាំងអស់របស់អ្នកពិភពលោក ដូចបាននាំកូនចំណុចតូចមួយខាងលើនេះជានិទស្សនៈស្រាប់។
ប្រភព
ដោយ ៥០០០ឆ្នាំ
images/articles/354/t543eqxtpic.jpg
គុណនិងទោសនៃការប្រើប្រាស់ទ្រព្យសម្បត្តិ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០
ភោគៈ (ទ្រព្យសម្បត្តិ)ជាវត្ថុធាតុឬធនធានមួយដែលមនុស្សអោយតំលៃបំផុត ជាពិសេសគឺមាសប្រាក់ឬឧបករណ៍ប្រើប្រាស់ ។ ភោគឬទ្រព្យត្រូវបានគេស្គាល់ជាទូទៅ ហើយដើម្បីបាននូវទ្រព្យ គេត្រូវព្យាយាម ស្វះស្វែងរកដោយកម្លាំងកាយនិងចិត្ត ទាំងយប់និងទាំងថ្ងៃ។ព្រោះហេតុដូចម្ដេច? ។ព្រោះ តែគុណតម្លៃនិងគុណសម្បត្តិរបស់វា។ ព្រោះតែគុណតម្លៃនិងគុណសម្បត្តិរបស់វានេះឯង អាចជាអាវុធមុខពីរដែល មនុស្សយើងគួរតែពិចារណា ព្រោះវាអាចនឹងផ្ដល់ ទាំង គុណសម្បត្តិ និង គុណវិបត្តិ។
គុណវិបត្តិ
ដើម្បីបាននូវទ្រព្យសម្បត្ដិ ឬមាសប្រាក់ ឧបករណ៍ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ គេត្រូវធ្វើ ការ នឿយហត់ទាំងយប់ថ្ងៃដោយច្រើនអន្លើ ប៉ុន្តែពេលបានមកហើយបែរជាមិនស្គាល់ តម្លៃ របស់វា។គេចាយប្រើប្រាស់ខុសវិធី គោលបំណង ឬមិនស្គាល់ប្រមាណក្នុងការ ចាយប្រើ ប្រាស់រហូតក្លាយជាបរិភោគនិយមដ៏ជំនាញ ក្នុងយុគលោកាភិវឌ្ឍន៍នេះ ជួនកាល ក្លាយជាអ្នកស្រវឹងផង ជាអ្នកប្រមាទផង ដល់នូវសេចក្ដីប្រាថ្នាក្នុងកាមផងហើយក៏ប្រព្រឹត្តិ មិនគប្បីចំពោះមនុស្សសត្វផងដែរ។ មួយចំនួនបានទ្រព្យមកហើយ យកទៅប្រើប្រាស់ក្នុងអំពើអបាយមុខទាំងឡាយ មិនប៉ុណ្ណោះសោត ភ្លេចតួនាទីរបស់ខ្លួន ជាអ្នកទទួលការខុសត្រូវ គ្រួសារទាំងមូល។ សាងអំពើមិនជាទីស្រឡាញ់ដល់ខ្លួនផង និងសង្គមផង។ទង្វើបែបនេះ ហៅថាគុណវិបត្តិនៃការប្រើប្រាស់ទ្រព្យសម្បត្តិ ដែលមនុស្សភាគច្រើននិយមធ្វើ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សម្តែងថា «អ្នកដែលជាប់ជំពាក់ក្នុងការបរិភោគមានចំនួនច្រើនក្នុងលោកនេះ»។
«មានទ្រព្យ មិនស្គាល់តំលៃ គង់មានថ្ងៃទុក្ខមកនៅ បរិភោគច្រើនពេកទៅ ទុក្ខមកនៅមិនរសាយ» ។
គុណសម្បត្តិ
ទ្រព្យសម្បត្តិដែលរកបានមក ត្រូវចេះ និងស្គាល់វិធីប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់ខ្លួននិង សង្គមផង ទើបនៅជាសុខ។
វិធីប្រើប្រាស់ទ្រព្យសម្បត្ដិ
១.ចិញ្ចឹមខ្លួននិងមាតាបិតា បុត្តភរិយា ញាតិមិត្តអោយជាសុខ
២.ចិញ្ចឹមមិត្តសំឡាញ់អោយជាសុខ
៣.បំបាត់អន្ដរាយដែលកើតអំពីហេតុផ្សេងៗ
៤.និងធ្វើការពលី៥យ៉ាង គឺចេះសង្គ្រោះញាតិ ,ទទួលរាក់ទាក់ភ្លៀង,ធ្វើបុណ្យឧទ្ទិសដល់អ្នកដែលចែកឋានទៅហើយ,បង់ពន្ឋដារអោយរដ្ឋ,ផ្សព្វផ្សាយមេត្តាចិត្តដល់ ពួកទេវតានិងជួយសង្គ្រោះដល់អ្នកក្រខ្សត់ព្រមដោយធ្វើបុណ្យអោយទានតាមជំនឿសាសនាដែលខ្លួនគោរពរាប់អាន និងប្រតិបត្តិតាម។ ក្រៅពីនេះទៀត វៀរចាកការនាំយកទ្រព្យសម្បត្តិយកទៅប្រព្រឹត្ដិអំពើអបាយមុខទាំងឡាយណា ដែលជាហេតុនាំមកនូវសេចក្ដីវិនាស។
ទន្ទឹមនឹងនេះក៏មានវិធីប្រើប្រាសផ្សេងទៀត ដូចជា
១.មួយចំណែកដើម្បីចិញ្ចឹមបីបាច់ថែរក្សាគ្រួសារ បម្រុងមាតាបិតា ញាតិអោយនៅជាសុខ
២.ពីរចំណែកដើម្បីយកមកធ្វើវិនិយោគទុនឬដើម្បីជាដើមទុនក្នុងការប្រកប ការងាររកស៊ី
៣.មួយចំណែកបម្រុង ឬសន្សំសំចៃដើម្បីការពារហេតុនឹងកើតមានឡើងដល់ សុខភាព ឬសន្សំសំចៃ ដើម្បីប្រើប្រាស់ក្នុងថ្ងៃតទៅខាងមុខ
៤.ចំណែកចុងក្រោយ គឺដើម្បីជាដើមទុន ឬជាស្បៀងតទៅជាតិខាងមុខ គឺសាងកុសលល្អដោយបរិច្ចាគ ទ្រព្យសម្បត្ដិដែលខ្លួនរកបានផ្លូវសុចរិត។
«បុគ្គលណាមួយដែលមានទ្រព្យសម្បត្តិហើយមិនស្រវឹងផង មិនប្រមាទផង មិនគ្រប់ដណ្ដប់ដោយសេចក្ដីប្រាថ្នាក្នុងកាមផង មិនប្រព្រឹត្តអំពើអបាយមុខផង បុគ្គលប្រភេទនេះ ព្រះសម្មាសម្ពុទ្ធត្រាស់សម្តែងថា «មានចំនួនតិចណាស់ក្នុងលោកនេះ»។
ពួកសត្វ មានសេចក្ដីត្រេតអរខ្លាំង ក្នុងកាមនិងភោគៈទាំងឡាយប្រាថ្នាជ្រុលជ្រប់ក្នុងកាមទាំងឡាយ មិនដឹងនូវទោសដែលប្រព្រឹត្តល្មើសដូចជាពួកម្រឹគមិនដឹងនូវអន្ទាក់ ដែលគេដាក់ ពួកសត្វនោះរមែងមានសេចក្ដីក្ដៅក្រហាយក្នុងកាលជាខាងក្រោយ ព្រោះថា ផលនៃកម្មនោះជាផលលាមក»។
«សារត្ដា កាមភោគេសុ គិន្ធា កាមេសុ មិច្ឆិតា អតិសារំ ន ពុជ្ឈន្ដិ មិគា កូជំវ ឱឌ្ឌិតំ បច្ឆាសំ កដុកំ ហោតិ វិបាកោ ហិស្ស បាបកោតិ»។ (ស.សំ. ស.អប្បសូត្រទី៦.ទ.២១២)
មានទ្រព្យ ស្គាល់ទ្រព្យគាប់ប្រពៃ បែងចែក ចាយវាយស្គាល់ហេតុផល
ការពារមុខក្រោយ កោយយកផល ទោសមិនកើតដល់ព្រោះសម្គាល់ (តម្លៃ) ទ្រព្យ។
ប្រភព
ដោយ៥០០០ឆ្នាំ
images/articles/353/tex3445tpic.jpg
ជីវិតជាមួយនឹងទ្រព្យសម្បត្តិ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០
ជីវិតមនុស្ស មានការទាក់ទងនឹងសម្បត្តិទ្រព្យជាប់ជានិច្ច ជាពិសេសអ្នកគ្រប់គ្រងផ្ទះ ដូច្នេះ ទើបត្រូវសិក្សាគោលធម៌ក្នុងព្រះពុទ្ធសាសនា ដើម្បីឲ្យចេះស្វែករក ចេះចាយ ចេះប្រើប្រាស់ និងចេះចាត់ចែងគឺជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចគ្រួសារ និងជំនាញខាងការប្រើប្រាស់ ចាត់ចែងឲ្យទ្រព្យសម្បត្តិប្រព្រឹត្តទៅជាប្រយោជន៍ មានគោលធម៌បដិបត្តិដូចតទៅ ៖
ក. ការស្វែងរកនិងការរក្សាទ្រព្យ ត្រូវបដិបត្តិតាមគោលធម៌ ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន មាន ៤ យ៉ាងគឺ៖
១. ឧដ្ឋានសម្បទា ដល់ព្រមដោយការប្រឹងប្រែងព្យាយាម គឺការក្រោកឈរដោយស្មារតីតស៊ូ មិនខ្លាចការហត់នឿយក្នុងមុខរបរស្វែងរកទ្រព្យ ដែលជាមុខរបរសុចរិត ( មុខរបរសុចរិត ជាមុខរបរថ្លៃថ្នូរ ) ហ្វឹកហាត់ឲ្យមានការជំនាញក្នុងវិជ្ជាជីវៈ និងចេះចាត់ចែងការងារឲ្យស្របតាមកាលៈទេសៈបច្ចុប្បន្ន ។
២. អារក្ខសម្បទា ដល់ព្រមដោយការរក្សា គឺចេះគ្រប់គ្រងថែទាំសន្សំសំចៃ មិនខ្ជះខ្ជាយនូវទ្រព្យសម្បត្តិដែលខ្លួនខំប្រឹងប្រែងប្រមូលមកដោយការងារសុចរិត មិនឲ្យរាត់រាយបាត់បង់ ព្រោះហេតុមិនរក្សានោះឡើយ ។
៣. កល្យាណមិត្តតា គប់រកមនុស្សល្អជាមិត្ត គឺចេះសេពគប់មនុស្ស មិនគប់មិនប្រព្រឹត្តតាមចំពោះបុគ្គលណាដែលដើរក្នុងផ្លូវនៃអបាយមុខ ជ្រើសរកមនុស្សណាដែលចេះដឹង ទ្រទ្រង់នូវគុណធម៌ ជាបុគ្គលគួរគោរពរាប់អាន ជាអ្នកណែនាំក្នុងផ្លូវល្អ ផ្លូវចម្រើនមកជាមិត្ត ដើម្បីចម្រើនក្នុងការងារទាំងពួង ។
៤. សមជីវិតា ចិញ្ចឹមជីវិតមានតុល្យភាព គឺចេះកំណត់ដឹងនូវចំណូល និងចំណាយ រស់នៅឲ្យល្មមនឹងទ្រព្យដែលជាចំណូល មិនចេះតែចង់ហ៊ឺហា ហើយទូលាយដោយការចាយវាយនោះឡើយ ប៉ុន្តែក៏មិនត្រូវកំណាញ់ដែរ។
( គោលធម៌ស្រង់ចាក ទីឃជាណុសូត្រ អង្គុត្តរនិកាយ អដ្ឋកនិបាត )
ខ. ការបែងចែកទ្រព្យ កាលស្វែងរកទ្រព្យបានមកហើយ គប្បីចេះបែងចែកទ្រព្យនោះជា ៤ ចំណែក ហៅថា ភោគវិភាគ គឺ៖
-ឯកេន ភោគេ ភុញ្ជេយ្យ បរិភោគចិញ្ចឹមជីវិតខ្លួនឯង ចិញ្ចឹមជីវិតអ្នកដទៃដែលគួរចិញ្ចឹម និងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ ទៀតតាមសមគួរ មួយចំណែក ។
-ទ្វីហិ កម្មំ បយោជយេ ប្រើជាដើមទុនប្រកបមុខរបរ ពីរចំណែក ។
-ចតុត្ថស្ស និធាបេយ្យ អាបទាសុ ភវិស្សតីតិ តម្កល់ទុកនូវចំណែកទី ៤ ដោយក្រែងមានអន្តរាយទាំងឡាយឯណានីមួយ នឹងមានទ្រព្យនៅសល់មួយចំណែកដែរ ។( ស្រង់ចាក សិង្គាលកសូត្រ )
គ. ការបរិភោគប្រើប្រាស់ចាយវាយនូវទ្រព្យ គប្បីរំពឹងគិតឲ្យបានយល់ច្បាស់ថា ការដែលបានស្វែងរក និងគ្រប់គ្រងរក្សានូវទ្រព្យ ក៏ដើម្បីនឹងប្រើប្រាស់ឲ្យបានជាប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ បើមិនបានប្រើប្រាស់ឲ្យកើតជាគុណប្រយោជន៍ហើយ ការស្វែងរក និងការមានបាននូវសម្បត្តិទ្រព្យ ក៏រមែងប្រាសចាកនូវគុណតម្លៃ គ្មានន័យខ្លឹមសារអ្វីឡើយ ដូច្នេះ ការស្វែងរកនូវទ្រព្យសម្បត្តិមានបានច្រើនហើយ គប្បីបដិបត្តិចំពោះទ្រព្យមួយចំណែកក្នុងចំណុច “ខ” គឺ ឯកេន ភោគេ ភុញ្ជេយ្យ ឲ្យទៅជា ៥ ចំណែកតាមព្រះពុទ្ធដីកា ដូចតទៅ៖
អរិយសាវ័កក្នុងធម្មវិន័យនេះ មាននូវភោគៈទាំងឡាយ ដែលខ្លួនបានមកដោយសេចក្តីខ្នះខ្នែង ព្យាយាមដែលខ្លួនសន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ហើយ រមែងប្រើប្រាស់ដូចនេះ៖
១. ញ៉ាំងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងមាតាបិតា ឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងបុត្រ ភរិយា ទាសកម្មករ និងមនុស្សទាំងឡាយទៀត ឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ។
២. ញ៉ាំងមិត្តអាមាត្យ ឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខ ដោយប្រពៃ ។
៣. ប្រើប្រាស់ការពារនូវសេចក្តីអន្តរាយ ដែលកើតអំពីភ្លើង អំពីទឹក អំពីចោរជាដើម ហើយធ្វើខ្លួនឲ្យដល់នូវសួស្តី ព្រោះភោគៈទាំងឡាយនោះ ។
៤. ជាអ្នកធ្វើនូវពលី ៥ ប្រការ គឺ៖
១- ញាតិពលី សង្គ្រោះញាតិ ។
២- អតិថិពលី ទទួលភ្ញៀវ ។
៣- បុព្វបេតពលី ធ្វើទាន ឧទ្ទិសកុសលឲ្យដល់អ្នកចែកឋានទៅហើយ ។
៤- រាជពលី ជួយប្រទេសជាតិ ទំនុកបម្រុងរាជការដោយការបង់ពន្ធជាដើម ។
៥- ទេវតាពលី ធ្វើបុណ្យឧទ្ទិសឲ្យដល់ទេវតា ( ទេវតា ក៏ត្រូវការអនុមោទនានូវបុណ្យដែរ ) ។
៥. តម្កល់នូវទក្ខិណាទានដ៏ខ្ពង់ខ្ពស់ ជាធម្មជាតិអំណោយផលដ៏ល្អ មានវិបាកជាសុខ ប្រព្រឹត្តទៅដើម្បីស្ថានសួគ៌ដល់សមណព្រាហ្មណ៍ដែលប្រាសចាកសេចក្តីប្រមាទ មិនជាបុគ្គលស្រវឹង តាំងនៅក្នុងខន្តិសោរច្ចៈ ជាអ្នកអប់រំទូន្មានខ្លួន ។
***កាលណាបើប្រើប្រាស់នូវទ្រព្យសម្បត្តិ សម្រេចបានជាប្រយោជន៍យ៉ាងនេះហើយ ទ្រព្យសម្បត្តិអស់ទៅក៏សប្បាយចិត្ត ឈ្មោះថាអស់ដោយល្អ ព្រោះបានគិតឃើញថា អាត្មាអញបានប្រើប្រាស់ភោគៈនោះឲ្យជាប្រយោជន៍ត្រឹមត្រូវតាមហេតុផល បើទ្រព្យសម្បត្តិមានការចម្រើន ក៏សប្បាយចិត្ត ព្រោះបានមកដោយការងារសុចរិត ពោលគឺ មិនមានសេចក្តីក្តៅក្រហាយចិត្ត ទាំងត្រូវអស់ ទាំងត្រូវបាន ។( ស្រង់ចាក អាទិយសូត្រ មុណ្ឌរាជវគ្គ អង្គុត្តរនិកាយ បញ្ចកនិបាត ) ។
ប្រភព
ដោយ៥០០០ឆ្នាំ
images/articles/347/111ered.jpg
យុវជន និងការថែទាំសុខភាពផ្លូវចិត្ត
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០
យុវជន និងការថែទាំសុខភាពផ្លូវចិត្ត គឺជាចំណងជើងសៀវភៅមួយ ដែលរៀបរៀងដោយ “គណៈកម្មការអភិវឌ្ឍន៍សៀវភៅអប់រំយុវជនក្នុងវិស័យថែទាំសុខភាពផ្លូវចិត្ត” ពិនិត្យនិងផ្តល់យោបល់ដោយអនុគណៈកម្មការសុខភាពផ្លូវចិត្តក្រសួងសុខាភិបាល និងអង្គការចិត្តសង្គមអន្តរវប្បធម៌ TPO សម្របសម្រួលការរៀបរៀង និងចងក្រងឯកសារដោយនាយកដ្ឋានថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ សហការនឹង សមាគមរញ្ជនពុទ្ធិបពោធនមិត្ត CamboKids ឆ្នាំ២០០៤។
ដោយយល់ឃើញថា សៀវភៅនេះមានសារប្រយោជន៍ដល់អ្នកអានគ្រប់រូប ជាពិសេសយុវជន ដែលត្រូវការវិធីសាស្ត្រក្នុងការបន្ធូរបន្ថយភាពតានតឹង និងវិបត្តិផ្សេងដែលកើតមានជាយថាហេតុ នឹងបានជាមាគ៌ាដ៏ប្រសើរមួយសម្រាប់ជីវិតប្រចាំថ្ងៃ ទើបគិតថាគួរតែយកមកដាក់ផ្សាយដើម្បីជាប្រយោជន៍ក្នុងការសិក្សាតទៅ។ សូមតាមដានអាន ដូចមានសេចក្តីតទៅនេះ ៖
អារម្ភកថា
បន្ទាប់ពីបានឆ្លងកាត់សង្គ្រាមអស់រយៈពេលជាងពីរទសវត្សកន្លងមក ប្រទេសកម្ពុជាយើងបានទទួលការបាត់បង់យ៉ាងធំធេងដែលពុំអាចពិពណ៌នាបាន។ ក្រោយពីស្តារ និងរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសង្គមដែលទទួលរងការខូចខាតបណ្តាលមកពីសង្គ្រាម ប្រទេសកម្ពុជាបានប្រែប្រួល និងផ្លាស់ប្តូរយ៉ាងច្រើននាបច្ចុប្បន្ន។ ការរស់នៅឆ្លងកាត់វិបត្តិផ្សេងៗរួមនិងការប្រែប្រួលក្នុងសង្គមកន្លងមក បានជះឥទ្ធិពលយ៉ាងខ្លាំងជាវិជ្ជមាន និងអវិជ្ជមានទាំងឡាយដែលបានកើតឡើងក្នុងសង្គមនាពេលបច្ចុប្បន្ន ជាពិសេស បញ្ហាដែលបន្សល់ទុកពីសង្គ្រាមដូចជា ការព្រាត់ប្រាស់ឪពុកម្តាយ បងប្អូន វិនាសទ្រព្យសម្បត្តិ ការធ្លាក់ខ្លួនពិការ និងផលប៉ះពាល់ជាអវិជ្ជមានផ្សេងៗដែលបណ្តាលមកពីសង្គ្រាមកន្លងមកនោះ បានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់ប្រជាជនយើង ព្រមទាំងបង្កើតឲ្យមានបញ្ហាផ្លូវចិត្ត(វិបត្តិផ្លូវចិត្ត ឬបញ្ហាចិត្តសង្គម) ធ្វើឲ្យអ្នករងគ្រោះដោយសារសង្គ្រាមទាំងអស់មានស្ថានភាពផ្លូវចិត្តអាប់អួរពោរពេញទៅដោយភាពតានតឹងចិត្តជាប្រចាំ រួមនឹងក្តីអស់សង្ឃឹមចំពោះអនាគត ការបាក់ទឹកចិត្ត និងការភ័យខ្លាចជានិច្ចក្នុងជិវិតរស់នៅប្រចាំថ្ងៃ។
បញ្ហាដូចបានរៀបរាប់ខាងដើមនេះ ក៏បានផ្ទេរមកឲ្យយុវជនជាមនុស្សជំនាន់ថ្មីផងដែរ។ បញ្ហាទាំងអស់នេះ គួបផ្សំនឹងបញ្ហាអវិជ្ជមានមួយចំនួនទៀតក្នុងសង្គមដូចជា បញ្ហាគ្រឿងញៀន ភាពក្រីក្រ សកម្មភាពអនាចារផ្សេងៗ បានធ្វើឲ្យយុវជនទទួលរងការផ្ទេរនូវការប៉ះទង្គិចផ្លូវចិត្ត និងមានបញ្ហាផ្លូវចិត្តផ្សេងៗដោយផ្ទាល់ផងដែរ។ ការប៉ះទង្គិចផ្លូវចិត្ត និងបញ្ហាផ្លូវចិត្តដែលកើតឡើងជាទូទៅ អាចបង្កឲ្យយុវជនជាមនុស្សជំនាន់ថ្មី មានស្ថានភាពផ្លូវចិត្តដែលជាកត្តាជំរុញឲ្យមានអំពើហិង្សា និងជម្លោះប្រដាប់អាវុធក្នុងសង្គម។
ក្នុងគោលបំណងជួយឲ្យយុវជនរបស់យើងយល់ដឹងជាមូលដ្ឋានអំពីបញ្ហាផ្លូវចិត្ត និងវិធីដោះស្រាយ ទើបគណៈកម្មការអភិវឌ្ឍន៍សៀវភៅអប់រំយុវជន ក្នុងវិស័យថែទាំសុខភាពផ្លូវចិត្ត បានរៀបរៀងឯកសារនេះឡើងដើម្បីជួយយុវជនគ្រប់រូបឲ្យយល់បានជាមូលដ្ឋាននូវវិធីថែទាំសុខភាពផ្លូវចិត្តរបស់ខ្លួន។ កម្មវិធីអប់រំយុវជន ក្នុងវិស័យថែទាំសុខភាពផ្លូវចិត្ត នឹងត្រូវស្នើទៅស្ថាប័នរាជរដ្ឋាភិបាល រួមមានក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួងពាក់ព័ន្ធដើម្បីធ្វើការផ្សព្វផ្សាយ ក៏ដូចជាធ្វើការបញ្ជ្រាបចូលក្នុងកម្មវិធីសិក្សា។ កម្មវត្ថុសំខាន់គឺ ធ្វើយ៉ាងណាឲ្យមនុស្សជំនាន់ថ្មីមានសុខភាពផ្លូវចិត្តល្អប្រសើរ បង្កើតបាននូវសន្តិភាពផ្លូវចិត្ត ដេលជាកត្តា បញ្ចៀសបាននូវអំពើហិង្សា និងសង្គ្រាម ដែលអាចកើតឡើងជាយថាហេតុចំពោះមនុស្សជំនាន់ថ្មី។
គណៈកម្មការនិពន្ធ
_______________
មាតិកា
ជំពូកទី I -និយមន័យទូទៅនៃសុខភាពផ្លូវចិត្ត
ជំពូកទី II -បញ្ហាផ្លូវចិត្ត ជំងឺផ្លូវចិត្ត និងការថែទាំ
ផ្នែកទី ១ -ការតានតឹងចិត្ត
ផ្នែកទី ២ -ការធ្លាក់ទឹកចិត្ត និងជំងឺធ្លាក់ទឹកចិត្ត
ផ្នែកទី ៣ -ផលប៉ះពាល់នៃគ្រឿងញៀនចំពោះផ្នែកផ្លូវចិត្ត និងផ្លូវកាយ
ជំពូកទី III -ការសម្រាកចិត្ត-កាយ និងការកសាងកម្លាំងចិត្តរឹងមាំ
ផ្នែកទី ១-លំហាត់សម្រាកចិត្ត-កាយ
ផ្នែកទី ២ -ការកសាងកម្លាំងចិត្តរឹងមាំ
អានអត្ថបទទាំងស្រុងសូមចុចទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/343/beginners-guide-to-sitting1200x800-1024x683.jpg
សិល្ប៍សាស្ត្រនៃការរស់នៅ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០
សិល្ប៍សាស្ត្រនៃការរស់នៅ “វិបស្សនាកម្មដ្ឋាន”
មនុស្សម្នាក់ៗសុទ្ធតែខំស្វែងរកសន្តិភាព និង សុខដុមរមនា ពីព្រោះគេចេះតែខ្វះសេចក្តីសុខនេះនៅក្នុងជីវភាពរស់នៅសព្វថ្ងៃ។ មានពេលខ្លះគេជួបប្រទះនឹងភាពឣន្ទះឣន្ទែង, សេចក្តីក្តៅក្រហាយ ភាពមិនស្រុះស្រួលគ្នា។ហើយកាលណាគេរងទុក្ខ គេមិនរក្សាវាទុកសម្រាប់តែខ្លួនឯងប៉ុណ្ណោះទេ គេតែងតែចែកវាទៅឲ្យឣ្នកដទៃផងដែរ។ ទុក្ខនេះបានជ្រាបចូលទៅក្នុងបរិយាកាសនៅជុំវិញមនុស្សរងទុក្ខ។ មនុស្សគ្រប់គ្នាដែលចូលមកប្រាស្រ័យទាក់ទងនឹងមនុស្សនេះ នឹងប្រែទៅជាក្តៅក្រហាយ ទៅជាឣន្ទះឣន្ទែងដែរ។ របៀបរស់នៅបែបនេះពិតជាមិនត្រឹមត្រូវឡើយ។
មនុស្សម្នាក់ៗត្រូវតែរស់នៅដោយសន្តិភាព ជាមួយខ្លួនឯងផង ជាមួយឣ្នកឯទៀតផង។ ទោះជាយ៉ាងណាក៏ដោយ មនុស្សលោកជាជនសង្គម គេត្រូវតែរស់នៅក្នុងសង្គម គេត្រូវរស់ និង ប្រាស្រ័យទាក់ទងជាមួយឣ្នកឯទៀត។ តើយើងត្រូវធ្វើដូចម្តេចដើម្បីរស់នៅដោយសន្តិភាព? តើយើងត្រូវធ្វើដូចម្តេច ដើម្បីស្ថិតនៅដោយសុខដុមរមនាជាមួយខ្លួនយើង ហើយរក្សាឲ្យមានសន្តិភាព និង សុខដុមរមនានៅជុំវិញខ្លួនយើងផង ដើម្បីឲ្យឣ្នកដទៃឣាចរស់នៅដោយសន្តិភាព និង សុខដុមរមនាផងដែរ?
ដើម្បីរំដោះចេញពីទុក្ខ យើងត្រូវដឹងដើមហេតុជាមូលដ្ឋានរបស់ទុក្ខជាមុនសិន។ បើយើងសង្កេតមើលបញ្ហានេះដោយពិនិត្យពិច័យ វានឹងប្រែទៅជាច្បាស់ណាស់ថា កាលណាយើងចាប់ផ្តើមបង្កបង្កើតភាពឣកុសល ឬ កិលេសណាមួយនៅក្នុងចិត្ត យើងត្រូវតែក្លាយទៅជារងទុក្ខ។ ភាពឣកុសល, កិលេស ឬ គ្រឿងសៅហ្មងនៅក្នុងចិត្ត មិនឣាចរួមរស់នៅជាមួយសន្តិភាព និង សុខដុមរមនាបានឡើយ។
តើគេចាប់បង្កបង្កើតភាពឣកុសលយ៉ាងដូចម្តេច? ដោយសារការសង្កេតមើលដោយពិនិត្យពិច័យ វានឹងប្រែទៅជាច្បាស់ណាស់ថា កាលណាយើងឃើញនរណាម្នាក់មានចរិយាមារយាទដែលយើងមិនចូលចិត្ត, កាលណាយើងឃើញវត្ថុឣ្វីមួយដែលយើងមិនចូលចិត្តកើតឡើង យើងនឹងក្លាយទៅជាមិនសប្បាយ។ របស់មិនចង់បានកើតឡើង នោះយើងបង្កើតភាពតានតឹងនៅក្នុងខ្លួន។ របស់ចង់បានមិនកើតឡើង ឬ ឧបសគ្គខ្លះមករារាំង នោះយើងក៏បង្កើតភាពតានតឹងនៅក្នុងខ្លួនដែរ។ យើងចាប់ចងចំណងនៅក្នុងខ្លួន។ នៅក្នុងជីវភាពទាំងមូល របស់មិនចង់បានចេះតែកើតឡើង រីឯរបស់ចង់បានវិញ ជួនកាលវាកើតឡើង ជួនកាលវាមិនកើតឡើងទេ។ ដំណើរប្រតិកម្មបង្កើតបានជាចំណងមួយយ៉ាងមាំ ដែលចេះតែធ្វើឲ្យរចនាសម្ព័ន្ធចិត្ត និង រចនាសម្ព័ន្ធកាយទាំងមូលមានភាពតានតឹងយ៉ាងខ្លាំង ពោរពេញដោយភាពឣកុសល នាំឲ្យយើងក្លាយទៅជារងទុក្ខ។
ឥឡូវនេះមានដំណោះស្រាយមួយសម្រាប់បញ្ហាហ្នឹង គឺថាធ្វើយ៉ាងណាកុំឲ្យរបស់ដែលយើងមិនចង់បានកើតឡើងនៅក្នុងជីវភាពរបស់យើង ហើយធ្វើយ៉ាងណាដើម្បីឲ្យរបស់ដែលយើងចង់បានចេះតែកើតឡើងដូចបំណង។ យើងត្រូវតែមានឥទ្ធិពលបែបនេះ ឬមួយត្រូវតែនរណាម្នាក់មានឥទ្ធិពលបែបនេះមកជួយយើង ធ្វើកុំឲ្យរបស់ដែលយើងមិនចង់បានកើតឡើង ហើយរបស់ដែលយើងចង់បានចេះតែកើតឡើង។ ប៉ុន្តែនេះជាការដែលគេមិនឣាចធ្វើបានឡើយ។ នៅក្នុងលោកនេះ គ្មាននរណាម្នាក់ចេះតែបានឣ្វីៗដូចបំណងឡើយ គ្មានរបស់ឣ្វីនៅក្នុងជីវិតនេះចេះតែកើតឡើងដូចសេចក្តីប្រាថ្នា ដោយឥតមានរបស់មិនចង់បានកើតឡើងទេ។ ផ្ទុយទៅវិញ ឣ្វីៗចេះតែកើតឡើងខុសពីបំណង ខុសពីសេចក្តីប្រាថ្នារបស់យើងជានិច្ច។ ដូច្នេះ បញ្ហាគឺថា តើត្រូវធ្វើយ៉ាងដូចម្តេចកុំឲ្យមានប្រតិកម្មដោយងងឹតងងល់ចំពោះរបស់ដែលយើងមិនចូលចិត្តនេះ? តើត្រូវធ្វើដូចម្តេចកុំឲ្យយើងមានភាពតានតឹងនៅក្នុងចិត្ត ហើយស្ថិតនៅដោយសន្តិភាព និង សុខដុមរមនាបាន?
នៅប្រទេសឥណ្ឌា ក៏ដូចជានៅប្រទេសឯទៀតៗដែរ ឣរិយបុគ្គលទាំងឡាយក្នុងសម័យបុរាណ បានសិក្សាបញ្ហាទុក្ខរបស់មនុស្សនេះ ហើយបានរកឃើញដំណោះស្រាយមួយ៖ បើរបស់ឣ្វីមួយដែលគេមិនចង់បានកើតឡើង ហើយគេចាប់ធ្វើប្រតិកម្មដោយបង្កបង្កើតកំហឹង, ការភ័យខ្លាច ឬ ភាពឣកុសលណាមួយ នុ៎ះគេត្រូវតែប្រញាប់បង្វែរចិត្តទៅលើរបស់ផ្សេង ដូចជាគេក្រោកឈរឡើង យកទឹកមួយកែវមកផឹក។ ដូច្នេះកំហឹងរបស់គេមិនបង្កើនចំនួនឡើយ ផ្ទុយទៅវិញវាថមថយកម្លាំង។ បើមិនដូច្នោះទេ គេចាប់រាប់ ១,២,៣,៤ - ១,២,៣,៤ ឬ គេទន្ទេញពាក្យមួយម៉ាត់ ឬ មួយប្រយោគ ឬ មន្តឣ្វីមួយ ឬ គេទន្ទេញឈ្មោះព្រះឣាទិទេព ឬ បុគ្គលបរិសុទ្ធណាមួយដែលគេគោរពបូជា។ ចិត្តរបស់គេនឹងត្រូវងាកចេញទៅទីផ្សេង ហើយគេនឹងបានចេញផុតមួយកម្រិតពីភាពឣកុសល ពីកំហឹងនេះ។
ដំណោះស្រាយនេះមានប្រសិទ្ធិភាព ហើយនៅតែមានប្រសិទ្ធិភាពតទៅទៀត។ ដោយសាររបៀបនេះ ចិត្តហាក់ដូចជាបានរំដោះពីភាពឣន្ទះឣន្ទែង។ ប៉ុន្តែតាមការពិត ដំណោះស្រាយនេះមានប្រសិទ្ធិភាពតែត្រឹមថ្នាក់សើរៗលើរបស់ចិត្តប៉ុណ្ណោះ។ ដោយសារការបង្វែរសតិនេះ គេត្រូវរុញភាពឣកុសលឲ្យចូលជ្រៅទៅក្នុងថ្នាក់ទីជម្រៅនៃចិត្ត។ ហើយនៅថ្នាក់ហ្នឹង គេត្រូវបន្តបង្កបង្កើត និង បង្កើនចំនួនកិលេសដដែលនេះ។ នៅផ្ទៃខាងលើ មានស្រទាប់សន្តិភាព និង សុខដុមរមនាពិតមែន ប៉ុន្តែនៅទីជម្រៅនៃចិត្ត មានភ្នំភ្លើងដេកសម្ងំនៃភាពឣកុសលដែលគេបានសន្ធប់ចោល។ ទោះយូរឬឆាប់ ភ្នំភ្លើងដេកសម្ងំនេះនឹងផ្ទុះចេញមកយ៉ាងខ្លាំង។
ឣ្នករុករកសេចក្តីពិតខាងក្នុងដទៃទៀត បានចូលជ្រៅថែមទៀត ហើយបានរកឃើញថា ដោយសារការពិសោធន៍ឃើញការពិតឣំពីចិត្ត និង កាយនៅក្នុងខ្លួន គេបានទទួលស្គាល់ថា ការបង្វែរចិត្តគឺគ្រាន់តែជាការរត់គេចពីបញ្ហាតែប៉ុណ្ណោះ។ ប៉ុន្តែការគេចវេះមិនមែនជាការដោះស្រាយទេ។ គេត្រូវតែប្រឈមមុខនឹងបញ្ហា។ កាលណាមានភាពឣកុសលមួយកើតឡើងនៅក្នុងចិត្ត សូមគ្រាន់តែពិនិត្យមើល សូមគ្រាន់តែប្រឈមមុខនឹងភាពឣកុសលនេះប៉ុណ្ណោះ។ នៅពេលណាដែលគេចាប់ផ្តើមពិនិត្យមើលកិលេសណាមួយភ្លាម កិលេសនេះនឹងចាប់ថមថយកម្លាំង រួចហើយវានឹងត្រូវស្វិតស្រពោនឣស់បន្តិចម្តងៗ។
ដំណោះស្រាយមួយយ៉ាងប្រសើរគឺការចៀសវាងចុងបំផុតទាំងពីរខាងគឺ ការសន្ធប់ចោល និង ការបណ្តោយឲ្យប្រព្រឹត្តតាមចិត្ត។ ការរក្សាទុកភាពឣកុសលនៅក្នុងទីជម្រៅនៃចិត្ត មិនឣាចធ្វើឲ្យវាដាច់ឫសគល់បានឡើយ។ ហើយការបណ្តោយឲ្យភាពឣកុសលនេះបញ្ចេញឲ្យឃើញតាមឣំពើដោយកាយ ឬ ដោយវាចា ក៏គ្រាន់តែនឹងបង្កើតឲ្យមានបញ្ហាកាន់តែច្រើនឡើងថែមទៀតប៉ុណ្ណោះ។ ប៉ុន្តែ បើគេគ្រាន់តែពិនិត្យមើលនុ៎ះ កិលេសនឹងត្រូវវិនាសបាត់ ហើយគេបានធ្វើឲ្យភាពឣកុសលនេះដាច់ឫសគល់ គេនឹងបានរួចចេញផុតពីកិលេសនេះ។
រឿងនេះហាក់ដូចជាឣស្ចារ្យណាស់។ ប៉ុន្តែតើគេឣាចនឹងយកវាមកឣនុវត្តបានឬទេ? គេមិនឣាចប្រឈមមុខនឹងកិលេសបានដោយងាយទេ។ កាលណាកំហឹងកើតឡើង វានឹងគ្របសង្កត់មកលើយើងយ៉ាងឆាប់រហ័ស មិនឲ្យយើងបានដឹងខ្លួនជាមុនផង។ ដូច្នេះ កាលណាកំហឹងគ្របសង្កត់មកលើយើងហើយ យើងនឹងប្រព្រឹត្តឣំពើខ្លះដោយកាយ ឬ ដោយវាចា ដែលធ្វើឲ្យមានទុក្ខដល់ខ្លួនឯង និង ដល់ឣ្នកដទៃ។ ក្រោយមក កាលណាកំហឹងបានកន្លងផុតទៅ យើងក៏តាំងយំយែកសោក ហើយមានការសោកស្តាយ ខំសុំទោសគេឯង ឬ សុំទោសព្រះឣាទិទេព៖ ឱ! ព្រះម្ចាស់ថ្លៃឣើយ! ខ្ញុំខុសហើយ សុំឣត់ទោសឲ្យខ្ញុំផង! ប៉ុន្តែនៅពេលក្រោយទៀត ក្នុងស្ថានភាពដដែលដូចគ្នា យើងនៅតែធ្វើប្រតិកម្មដដែលសារថ្មីទៀត។ ការសោកស្តាយទាំងប៉ុន្មានគ្មានប្រយោជន៍ឣ្វីសោះ។
ការណ៍ដែលពិបាកគឺមកពីយើងមិនដឹងខ្លួនថាតើនៅពេលណាកិលេសនឹងចាប់កើតឡើង។ កិលេសចាប់កើតឡើងនៅថ្នាក់ទីជម្រៅនៃចិត្ត ហើយនៅពេលដែលវាឡើងមកដល់ថ្នាក់ខាងលើ វាមានកម្លាំងខ្លាំងណាស់ វាគ្របសង្កត់លើយើង និង ធ្វើឲ្យយើងមិនឣាចពិនិត្យមើលវាបានឡើយ។
ឧបមាថា ខ្ញុំជួលលេខាធិការផ្ទាល់ខ្លួនម្នាក់។ ហើយកាលណាកំហឹងកើតឡើង លេខាធិការនោះប្រាប់ខ្ញុំថា៖ “នែលោក! កំហឹងកើតឡើងហើយ!” ប៉ុន្តែដោយមកពីខ្ញុំមិនឣាចដឹងបានថា តើកំហឹងនឹងកើតនៅពេលណា ម៉ោងណាឲ្យពិតប្រាកដនោះ ដូច្នេះខ្ញុំត្រូវតែមានលេខាធិការផ្ទាល់ខ្លួន ៣ នាក់ សម្រាប់ផ្លាស់ប្តូរវេនគ្នាបីដងក្នុង ២៤ ម៉ោង។ ឧបមាថា ខ្ញុំមានលុយសម្រាប់ធ្វើការចំណាយបែបនេះចុះ ហើយកំហឹងក៏ចាប់ផ្តើមឡើង។ ភ្លាមនោះ លេខាធិការក៏ប្រាប់ខ្ញុំថា៖ “នែលោក មើលហ្ន៎! កំហឹងកើតឡើងហើយ!”។ ការជាដំបូងដែលខ្ញុំធ្វើគឺ ខ្ញុំស្តីបន្ទោសលេខាធិការនេះ៖ “យី ! ឯងឆ្កួតទេឬឣី? ឯងស្មានថាឣញចេញលុយដើម្បីឲ្យឯងមកបង្រៀនឣញដូច្នេះឬ?”។ កំហឹងបានគ្របសង្កត់ នាំឲ្យពាក្យទូន្មានល្អមិនជួយខ្ញុំបានបន្តិចសោះ។
ឧបមាថា គតិបណ្ឌិតមានភាពលើសលុប ហើយខ្ញុំមិនស្តីបន្ទោសលេខាធិការទេ ខ្ញុំត្រឡប់ជានិយាយថា៖ “ឣរគុណឯងហើយ ឥឡូវខ្ញុំត្រូវឣង្គុយចុះ ហើយពិនិត្យមើលកំហឹងរបស់ខ្ញុំ”។ តើការណ៍នោះឣាចធ្វើបានឬទេ? គ្រាន់តែខ្ញុំធ្មេចភ្នែក ហើយសាកល្បងពិនិត្យមើលកំហឹងភ្លាម មូលហេតុនៃកំហឹង មនុស្ស ឬ ឧប្បត្តិហេតុដែលនាំឲ្យមានកំហឹង នឹងចូលមកក្នុងចិត្តភ្លាម។ ដោយហេតុនេះ ខ្ញុំមិនពិនិត្យមើលកំហឹងទេ ខ្ញុំគ្រាន់តែពិនិត្យមើលថ្នាំដាស់កំហឹងនៅខាងក្រៅប៉ុណ្ណោះ។ ការណ៍នេះនឹងគ្រាន់តែបង្កើនកម្លាំងកំហឹងឲ្យខ្លាំងថែមទៀតប៉ុណ្ណោះ។ ដូច្នេះវាមិនមែនជាដំណោះស្រាយទេ។ ការពិនិត្យមើលភាពឣកុសល មើលការរំជួលចិត្តដែលជារបស់ឥតរូប ដោយឥតគិតពីវត្ថុខាងក្រៅដែលនាំឲ្យកើតភាពឣកុសលនេះជាការពិបាកណាស់។
ប៉ុន្តែ ចំពោះលោកដែលបានទៅដល់សេចក្តីពិតចុងបំផុត “បរមត្ថសច្ច:” លោកបានរកឃើញដំណោះស្រាយពិតប្រាកដមួយ។ លោកបានរកឃើញថា កាលណាកិលេសណាមួយកើតឡើងនៅក្នុងចិត្ត មានរបស់ពីរត្រូវកើតឡើងព្រមគ្នានៅក្នុងកាយ។ របស់មួយគឺ ដង្ហើមប្រែខុសពីធម្មតា។ កាលណាមានភាពឣកុសលណាមួយនៅក្នុងចិត្ត យើងចាប់ដកដង្ហើមខ្លាំងជាងមុន។ នេះជាការស្រួលពិនិត្យមើលណាស់។ នៅថ្នាក់ល្អិតល្អន់ជាងនេះ មានជាតិជីវគីមីខ្លះចាប់ផ្តើមកើតឡើងនៅក្នុងកាយនាំឲ្យមានវេទនាផ្សេងៗ។ កិលេសនីមួយៗនឹងបង្កបង្កើតវេទនាបែបណាមួយនៅក្នុងក្របខ័ណ្ឌនៃកាយ។
នេះជាដំណោះស្រាយមួយដែលស្រួលបដិបត្តិ។ មនុស្សធម្មតាមិនឣាចពិនិត្យមើលកិលេសនៃចិត្តដែលជារបស់ឥតរូប ដូចជាការភ័យខ្លាច, កំហឹង ឬ តណ្ហាបានទេ។ ប៉ុន្តែ ដោយសារការហាត់ហ្វឺកហ្វឺន និង ការបដិបត្តិដោយត្រឹមត្រូវ គេឣាចពិនិត្យមើលដង្ហើម និង វេទនានៅក្នុងខ្លួនបានដោយងាយ។ ដង្ហើម និង វេទនា ទាំងពីរនេះមានការទាក់ទងផ្ទាល់ជាមួយនឹងកិលេសនៃចិត្ត។
ដង្ហើម និង វេទនា នឹងជួយយើងតាមរបៀបពីរយ៉ាង។ ជាបឋម របស់ទាំងពីរនេះដើរតួជាលេខាធិការផ្ទាល់។ នៅពេលដែលកិលេសមួយចាប់ផ្តើមឡើងនៅក្នុងចិត្តខ្ញុំភ្លាម ដង្ហើមនឹងបាត់ភាពធម្មតា វានឹងចាប់ផ្តើមស្រែកថា៖ “មើលចុះ! មានឣ្វីមួយមិនស្រួលកើតឡើងហើយ!” យើងមិនឣាចស្តីបន្ទោសដង្ហើមបានទេ។ យើងត្រូវតែទទួលស្តាប់សេចក្តីព្រមាននេះ។ ដូចគ្នានេះដែរ វេទនានឹងប្រាប់យើងថាមានឣ្វីមួយដើរមិនស្រួលហើយ។ ដោយបានទទួលសេចក្តីព្រមាន យើងក៏ចាប់ផ្តើមពិនិត្យមើលដង្ហើម មើលវេទនា ហើយយើងនឹងសង្កេតឃើញយ៉ាងរហ័សថា កិលេសត្រូវវិនាសបាត់ទៅវិញ។
បាតុភូតនៃចិត្ត និង កាយនេះ គឺដូចជាប្រាក់កាក់ទាំងពីរចំហៀង ម្ខាងគឺគំនិត ឬ ការរំជួលចិត្ត ដែលកើតឡើងនៅក្នុងចិត្ត។ ចំហៀងម្ខាងទៀតគឺដង្ហើម និង វេទនានៅក្នុងកាយ។ គំនិត ឬ ការរំជួលចិត្តទាំងឡាយ កិលេសទាំងឡាយដែលកើតឡើងនឹងបញ្ចេញឲ្យឃើញជាក់ស្តែងនៅក្នុងដង្ហើម និង វេទនាក្នុងខណៈនោះ។ ដូច្នេះ ដោយសារបានពិនិត្យមើលដង្ហើម ឬ វេទនា យើងបានពិនិត្យមើលកិលេសដោយត្រង់ចំផ្ទាល់តែម្តង។ ជំនួសការរត់គេចចេញពីបញ្ហា យើងប្រឈមមុខតទល់នឹងសេចក្តីពិត តាមសភាពពិតរបស់វា។ ពេលនោះ យើងនឹងសង្កេតឃើញថា កិលេសថយកម្លាំង ហើយមិនឣាចគ្របសង្កត់មកលើយើងបានដូចកាលមុនទៀតទេ។ បើយើងចេះតែព្យាយាមធ្វើតៗទៅ កិលេសនឹងត្រូវវិនាសបាត់ឣស់ ហើយយើងនឹងចាប់រស់នៅដោយសន្តិភាព និង សុភមង្គល គឺជាជីវិតមួយដែលរួចផុតពីកិលេសផ្សេងៗ។
តាមរបៀបនេះ បច្ចេកទេសពិនិត្យមើលខ្លួនឯងនឹងបង្ហាញយើងឲ្យឃើញការពិតក្នុងទិដ្ឋភាពពីរគឺ នៅខាងក្នុង និង នៅខាងក្រៅ។ កាលពីមុន យើងចេះតែមើលទៅក្រៅ ដោយភ្លេចសេចក្តីពិតនៅខាងក្នុង។ យើងចេះតែមើលទៅក្រៅ ដើម្បីរកហេតុដែលធ្វើឲ្យយើងមិនសប្បាយ។ យើងចេះតែបន្ទោស ហើយខំផ្លាស់ប្តូរការពិតនៅខាងក្រៅ។ ដោយមិនដឹងការពិតនៅខាងក្នុង យើងមិនដែលយល់សោះថា ដើមហេតុនៃទុក្ខស្ថិតនៅខាងក្នុង គឺជាប្រតិកម្មងងឹតងងល់របស់យើងតបនឹងវេទនាជាសុខ និង ជាទុក្ខឯណោះទៅវិញទេ។
ឥឡូវនេះ ដោយសារការហាត់ហ្វឹកហ្វឺន យើងឣាចមើលឃើញមុខម្ខាងទៀតនៃប្រាក់កាក់ យើងឣាចមានសតិដឹងឣំពីដង្ហើម និង ឣំពីឣ្វីៗដែលកើតឡើងនៅខាងក្នុងផងដែរ។ ទោះជាឣ្វីក៏ដោយ ឬមួយដង្ហើម ឬមួយវេទនា យើងគ្រាន់តែហាត់រៀនពិនិត្យមើលវា ដោយមិនបាត់លំនឹងចិត្តប៉ុណ្ណោះ។ យើងឈប់ធ្វើប្រតិកម្ម ឈប់បង្កើនភាពរងទុក្ខ។ ផ្ទុយទៅវិញ យើងបណ្តោយឲ្យកិលេសចេញមក ហើយវិនាសបាត់ទៅវិញ។
បើគេបដិបត្តិបច្ចេកទេសនេះបានច្រើនប៉ុណ្ណា ភាពឣកុសលទាំងឡាយក៏នឹងត្រូវរលាយបានឆាប់រហ័សប៉ុណ្ណោះដែរ។ បន្តិចម្តងៗ ចិត្តនឹងត្រូវបានរំដោះចេញពីកិលេសទាំងឡាយហើយប្រែទៅជាបរិសុទ្ធ។ ចិត្តបរិសុទ្ធតែងពោរពេញដោយមេត្តាចំពោះឣ្នកដទៃទាំងឣស់ ពោរពេញដោយករុណាចំពោះការខ្វះខាត និង ទុក្ខសោករបស់ឣ្នកដទៃ ពោរពេញដោយមុទិតាគឺសេចក្តីត្រេកឣរចំពោះជោគជ័យ និង សុភមង្គលរបស់ឣ្នកដទៃ ពោរពេញដោយឧបេក្ខាគឺភាពមិនលម្អៀងចិត្តនៅចំពោះមុខស្ថានភាពគ្រប់បែបយ៉ាង។
កាលណាគេបានទៅដល់ដំណាក់នេះហើយ លំនាំបែបបទនៃជីវភាពទាំងមូលរបស់គេផ្លាស់ប្តូរ។ គេមិនឣាចធ្វើឣ្វីមួយដោយកាយ ឬ ដោយវាចាដែលនាំឲ្យខូចសន្តិភាព និង សុភមង្គលរបស់ឣ្នកដទៃបានទៀតឡើយ។ ផ្ទុយទៅវិញ ចិត្តដែលមានលំនឹង មិនគ្រាន់តែប្រែទៅជាមានសុខសន្តិភាពប៉ុណ្ណោះទេ ថែមទាំងជួយឲ្យបរិយាកាសនៅជុំវិញប្រែទៅជាមានសុខសន្តិភាពផងដែរ។ រឿងនេះនឹងចាប់ផ្តើមមានឥទ្ធិពលលើឣ្នកដទៃ ហើយឣាចជួយឣ្នកដទៃផងដែរ។
ដោយការហាត់រៀនដើម្បីស្ថិតនៅដោយមានលំនឹងចំពោះឣ្វីៗទាំងឣស់ដែលគេពិសោធឃើញខាងក្នុង គេបណ្តុះបណ្តាលការមិនប្រកាន់ខ្ជាប់លើឣ្វីៗទាំងឣស់ដែលគេជួបប្រទះនៅក្នុងស្ថានភាពខាងក្រៅថែមទៀតផង។ ប៉ុន្តែការមិនប្រកាន់ខ្ជាប់នេះមិនមែនជាការគេចវេះ ឬ ការព្រងើយកន្តើយចំពោះបញ្ហាទាំងឡាយនៃលោកនេះទេ។ ឣ្នកចម្រើនវិបស្សនាកម្មដ្ឋានទៀងទាត់ប្រែទៅជាឆាប់ចាប់ឣារម្មណ៍ចំពោះទុក្ខសោករបស់ឣ្នកដទៃ ហើយខំឲ្យអស់សមត្ថភាពដើម្បីជួយសម្រាលទុក្ខឣ្នកដទៃតាមរបៀបដែលខ្លួនឣាចធ្វើទៅបាន គឺថាមិនមែនដោយភាពឣន្ទះឣន្ទែងណាមួយឡើយ តែដោយចិត្តពោរពេញដោយមេត្តា ករុណា មុទិតា និង ឧបេក្ខា។ គេហាត់រៀនរបៀបប្តេជ្ញាចិត្តពេញទី ក្នុងការជួយឣ្នកដទៃ ហើយក្នុងពេលជាមួយគ្នានោះ គេរក្សាលំនឹងចិត្តផងដែរ។ តាមរបៀបនេះ គេស្ថិតនៅដោយសន្តិភាព និង សុខសប្បាយ នៅពេលដែលគេធ្វើការដើម្បីសន្តិភាព និង សុភមង្គលរបស់ឣ្នកដទៃ។
នេះហើយជាការបង្រៀនរបស់ព្រះពុទ្ធ៖ សិល្ប៍សាស្ត្រនៃការរស់នៅ (របៀបរស់នៅ) មួយ។ ព្រះឣង្គមិនដែលបង្កើត ឬ ប្រៀនប្រដៅសាសនា ឬ និកាយនិយមណាមួយឡើយ។ ព្រះឣង្គមិនដែលបង្ហាត់បង្រៀនសាវ័កឲ្យប្រារឰធ្វើពិធីបុណ្យ ពិធីសាសនា ឬ ទម្រង់ការងងឹតងងល់ទទេៗឥតខ្លឹមសារណាមួយទេ។ ផ្ទុយទៅវិញ ព្រះអង្គគ្រាន់តែបង្រៀនយើងឲ្យពិនិត្យមើលធម្មជាតិតាមភាពពិតរបស់វា ដោយពិនិត្យមើលការពិតនៅខាងក្នុងតែប៉ុណ្ណោះ។ ដោយមកពីឣវិជ្ជា យើងចេះតែធ្វើប្រតិកម្មតាមរបៀបមួយដែលធ្វើទុក្ខដល់ខ្លួនឯងផង ធ្វើទុក្ខដល់ឣ្នកដទៃផង។ ប៉ុន្តែកាលណាបញ្ញាកើតឡើង (បញ្ញាដែលកើតមកពីការពិនិត្យមើលការពិតតាមសភាពពិត) ផ្នត់ទម្លាប់ប្រតិកម្មនេះនឹងត្រូវវិនាសឣស់។ កាលណាយើងឈប់ធ្វើប្រតិកម្មដោយងងឹតងងល់ នោះយើងឣាចធ្វើឣំពើពិតប្រាកដ ឣំពើដែលប្រព្រឹត្តឡើងដោយចិត្តមានលំនឹង គឺជាចិត្តដែលមើលឃើញហើយយល់សេចក្តីពិត។ ឣំពើបែបនេះសុទ្ធតែជាឣំពើកុសល ឣំពើបង្កើតផល ឣំពើមានប្រយោជន៍ដល់ខ្លួនឯង និង ដល់ឣ្នកដទៃ។
លោកឣ្នកប្រាជ្ញគ្រប់គ្នាតែងទូន្មានថា ការចាំបាច់គឺ “ត្រូវស្គាល់ខ្លួនឯង”។ យើងត្រូវតែស្គាល់ខ្លួនឯង មិនមែនគ្រាន់តែនៅថ្នាក់ប្រាជ្ញាឈ្លាសវៃ នៅថ្នាក់គំនិត និង នៅថ្នាក់ទ្រឹស្តីប៉ុណ្ណោះទេ។ នេះក៏មិនមែនមានន័យថា ត្រូវតែទទួលយកដោយងងឹតងងល់តាមការរំជួលចិត្ត ឬ ជំនឿស៊ប់ នូវឣ្វីៗដែលខ្លួនគ្រាន់តែបានឮ ឬ បានឣាននោះទេ។ ការទទួលស្គាល់បែបនេះមិនគ្រប់គ្រាន់ឡើយ។ យើងត្រូវស្គាល់ការពិតតាមការពិសោធន៍។ យើងត្រូវពិសោធការពិតរបស់បាតុភូតនៃចិត្ត និង កាយនេះដោយផ្ទាល់។ មានតែការពិសោធន៍នេះទេដែលនឹងជួយយើងឲ្យរំដោះចេញពីទុក្ខបាន។
គឺការពិសោធន៍ឃើញសេចក្តីពិតខាងក្នុងរបស់យើងផ្ទាល់នេះ បច្ចេកទេសពិនិត្យមើលខ្លួនឯងនេះហើយដែលហៅថា “វិបស្សនាកម្មដ្ឋាន”។ តាមភាសានៃប្រទេសឥណ្ឌានាពុទ្ធសម័យ ពាក្យ បស្សនា (Passana) មានន័យថា មើលឃើញដោយភ្នែកបើកតាមរបៀបធម្មតា។ ប៉ុន្តែពាក្យ វិបស្សនា (Vipassana) មានន័យថា ពិនិត្យមើលរបស់ទាំងឡាយតាមភាពពិតរបស់វា មិនមែនគ្រាន់តែតាមភាពប្រហាក់ប្រហែលឡើយ។ សេចក្តីពិតតាមឣាការ:ក្រៅ ត្រូវតែទម្លុះចូលរហូតទាល់តែយើងបានចូលទៅដល់សេចក្តីពិតទីបំផុតរបស់រចនាសម្ព័ន្ធនៃចិត្ត និង កាយទាំងមូល។ កាលណាយើងពិសោធឃើញសេចក្តីពិតនេះហើយ នោះយើងនឹងឈប់ធ្វើប្រតិកម្មដោយងងឹតងងល់ យើងលែងបង្កើតកិលេសទៀតហើយ។ ហើយដោយឯកឯង កិលេសចាស់នឹងត្រូវដាច់ឫស ដាច់គល់បន្តិចម្តងៗ។ យើងបានចេញផុតពីភាពរងទុក្ខ ហើយពិសោធឃើញសេចក្តីសប្បាយរីករាយពិតប្រាកដ។
នៅក្នុង ធម្មសិក្សាវិបស្សនាកម្មដ្ឋាន គេបង្រៀនការហាត់ហ្វឹកហ្វឺនចិត្តបីជំហាន៖ ជាដំបូង គេវៀរចាកឣំពើដោយកាយ ឬ ដោយវាចាដែលធ្វើឲ្យខូចសន្តិភាព និង សុខដុមរមនារបស់ឣ្នកដទៃ។ គេមិនឣាចធ្វើការរំដោះខ្លួនចេញពីកិលេសបានទេ បើក្នុងពេលជាមួយគ្នានោះ គេនៅតែបន្តការប្រព្រឹត្តិឣំពើដោយកាយ ដោយវាចាដែលគ្រាន់តែជាឣំពើមួយសម្រាប់តែបង្កើនចំនួនកិលេសប៉ុណ្ណោះ។ ដោយហេតុនេះច្បាប់ធម្មចរិយា (សីល) ជាជំហានសំខាន់ទី១ នៃការបដិបត្តិនេះ។ គេត្រូវតែប្តេជ្ញាចិត្តថា មិនសម្លាប់, មិនលួច, មិនប្រព្រឹត្តខុសក្នុងកាម, មិននិយាយកុហក និង មិនប្រើគ្រឿងស្រវឹង គ្រឿងញៀនគ្រប់បែបយ៉ាង។ ដោយវៀរចាកឣំពើទាំងឡាយនេះ គេទុកឲ្យចិត្តបានស្ងប់គ្រប់គ្រាន់ដើម្បីធ្វើដំណើរតទៅទៀត។
ជំហានជាបន្ទាប់គឺការបណ្តុះបណ្តាលការធ្វើម្ចាស់លើចិត្តដែលមិនទាន់ផ្សាំនេះ ដោយបង្ហាត់ហ្វឹកហ្វឺនចិត្តឲ្យនៅជាប់នឹងឣារម្មណ៍តែមួយគឺ ដង្ហើម។ គេត្រូវខំរក្សាសតិនៅលើដង្ហើមឲ្យបានយ៉ាងយូរតាមការដែលឣាចធ្វើទៅបាន។ ការណ៍នេះមិនមែនជាការហាត់ដកដង្ហើមទេ គឺគេមិនត្រូវធ្វើដង្ហើមឲ្យដើរទៀងទាត់ឡើយ។ ផ្ទុយទៅវិញ គេត្រូវតែពិនិត្យមើលដង្ហើមធម្មជាតិតាមភាពពិត តាមភាពដែលដង្ហើមចូល តាមភាពដែលដង្ហើមចេញ។ តាមរបៀបនេះ គេធ្វើចិត្តឲ្យស្ងប់ថែមទៀត ដើម្បីកុំឲ្យភាពឣកុសលកាចសាហាវទាំងឡាយឣាចគ្របសង្កត់លើគេបាន។ ក្នុងពេលដដែលនោះ គេត្រូវធ្វើចិត្តឲ្យមូល សម្រួចវាឲ្យមុតចាក់ធ្លុះ ឣាចធ្វើកិច្ចការរបស់បញ្ញាបាន។
ជំហានទាំងពីរខាងដើមគឺ ការរស់នៅដោយធម្មចរិយា និង ការត្រួតត្រាលើចិត្ត ជាការចាំបាច់ ហើយមានប្រយោជន៍ណាស់។ ប៉ុន្តែជំហានទាំងពីរនេះនឹងនាំទៅរកការសន្ធប់គ្រឿងសៅហ្មងទាំងឡាយ លើកលែងតែគេឈានជំហានទី៣ តទៅទៀត គឺការធ្វើចិត្តឲ្យបរិសុទ្ធចេញផុតពីភាពឣកុសល ដោយបណ្តុះបណ្តាលបញ្ញាទៅក្នុងធម្មជាតិផ្ទាល់របស់ខ្លួនគេ។ នេះហើយជា វិបស្សនា គឺពិសោធឃើញការពិតរបស់ខ្លួនឯងផ្ទាល់តាមការពិនិត្យមើលដោយឥតលម្អៀង និង ដោយឥតជាប់ជំពាក់ទៅលើបាតុភូតនៃចិត្ត និង កាយដែលចេះតែផ្លាស់ប្តូរ ដែលបញ្ចេញខ្លួនវាមកជាវេទនាផ្សេងៗ។ នេះជាធម៌ (Dhamma) កំពូលខ្ពស់បំផុតនៃការបង្រៀនរបស់ព្រះពុទ្ធ៖ ការធ្វើខ្លួនឯងឲ្យបរិសុទ្ធដោយការពិនិត្យមើលខ្លួនឯង។
ការបង្រៀននេះ គេឣាចបដិបត្តិបានគ្រប់គ្នា។ មនុស្សម្នាក់ៗសុទ្ធតែប្រឈមមុខនឹងបញ្ហានៃទុក្ខ។ ទុក្ខនេះជាជំងឺសាកល ដែលត្រូវការថ្នាំសាកល មិនមែនថ្នាំប្រកាន់និកាយទេ។ កាលណាគេមានទុក្ខដោយមកពីកំហឹង កំហឹងនេះមិនមែនជាកំហឹងរបស់ឣ្នកកាន់សាសនាព្រះពុទ្ធ, កំហឹងហិណ្ឌូ ឬ កំហឹងគ្រិស្ទានឡើយ។ កំហឹងគឺកំហឹង។ កាលណាគេក្លាយទៅជាឣន្ទះឣន្ទែងដោយមកពីកំហឹងនេះ ភាពឣន្ទះឣន្ទែងនេះក៏មិនមែនជាភាពឣន្ទះឣន្ទែងរបស់ឣ្នកកាន់សាសនាគ្រិស្ត ឬ ភាពឣន្ទះឣន្ទែងរបស់ជីហ្វ ឬ ឥស្លាមដែរ។ ថ្នាំព្យាបាលត្រូវតែជាថ្នាំសាកលដូចគ្នា។
វិបស្សនាគឺជាថ្នាំព្យាបាលហ្នឹង។ គ្មាននរណាម្នាក់ឣាចជំទាស់នឹងច្បាប់នៃការរស់នៅដែលគោរពសន្តិភាព និង សុខដុមរមនារបស់ឣ្នកដទៃនោះបានឡើយ។ គ្មាននរណាម្នាក់ឣាចជំទាស់នឹងការបណ្តុះបណ្តាល ការត្រួតត្រាលើចិត្តបានទេ។ គ្មាននរណាម្នាក់ឣាចជំទាស់នឹងការបណ្តុះបណ្តាលបញ្ញានៅក្នុងធម្មជាតិរបស់ខ្លួនគេផ្ទាល់ដែលជាហេតុនាំចិត្តឲ្យចេញផុតពីភាពឣកុសលទាំងឡាយនោះបានឡើយ។ វិបស្សនាជាមាគ៌ាសាកលមួយ។
ការពិនិត្យមើលការពិតតាមភាពពិត ដោយពិនិត្យមើលសេចក្តីពិតនៅខាងក្នុង៖ នេះជាការស្គាល់ខ្លួនឯងផ្ទាល់ តាមការពិសោធន៍ពិតប្រាកដ។ នៅពេលដែលគេបដិបត្តិបច្ចេកទេសនេះ គេចេះតែបានរំដោះចេញពីភាពរងទុក្ខនៃកិលេសទាំងឡាយ តាំងពីសេចក្តីពិតគ្រោតគ្រាតខាងក្រៅ គេចូលទៅដល់សេចក្តីពិតទីបំផុតនៃចិត្ត និង កាយ។ រួចហើយ គេទៅហួសពីនេះទៅទៀត ហើយពិសោធឃើញសេចក្តីពិតមួយដែលនៅហួសផុតពីចិត្ត និង កាយ ហួសផុតពីពេល និង វេហាស៍ ហួសផុតពីវិស័យនៃភាពប្រែប្រួលជាលោកីយ៍នេះ គឺសេចក្តីពិតនៃការរួចរដោះទាំងស្រុងចេញពីកិលេស ចេញពីគ្រឿងសៅហ្មង និង ចេញពីទុក្ខគ្រប់បែបគ្រប់យ៉ាង។ ទោះបីគេឲ្យឈ្មោះសេចក្តីពិតចុងបំផុតនេះថាជាឣ្វីក៏ដោយ មិនជាការសំខាន់ទេ សេចក្តីពិតនេះជាគោលដៅចុងបំផុតរបស់មនុស្សគ្រប់គ្នា។
សូមឲ្យឣ្នកទាំងឣស់គ្នាពិសោធឃើញសេចក្តីពិតចុងបំផុតនេះ។ សូមឲ្យមនុស្សទាំងឣស់បានរួចរដោះចេញពីភាពរងទុក្ខ។ សូមឲ្យឣ្នកទាំងឣស់បានសន្តិភាពពិតប្រាកដ សុខដុមរមនាពិតប្រាកដ សុភមង្គលពិតប្រាកដ។សូមឲ្យសព្វសត្វបានប្រកបតែនឹងសេចក្តីសុខ ៕
អត្ថបទខាងលើគឺផ្អែកលើសុន្ទរកថារបស់លោកគ្រូ ស្រីសត្យា នារាយ័ន ហ្គោឥនកា នៅក្នុងទីក្រុងប៊ឺន ប្រទេសស្វីស។
ដោយ ៥០០០ឆ្នាំ
images/articles/341/tex65tpic.jpg
ទ្រព្យកើតឡើងដោយហេតុ ៣ យ៉ាង
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០
ព្រះមុនីកោសល ធន់ វ៉ាន់ រៀបរៀង
១- បដិរូបការី ជាអ្នកធ្វើការសមគួរដល់ការ
២- ធុរវា ជាអ្នកមិនដាក់ធុរៈចោល
៣- ឧដ្ឋកតា ជាអ្នកព្យាយាម ក្រោកធ្វើការ ។
អធិប្បាយ
ហេតុទី ១ : ត្រង់ពាក្យថា “ធ្វើការសមគួរដល់ការ” នោះ គឺ ធ្វើ ការងារឲ្យសមរម្យតាមសមត្ថភាពរបស់ខ្លួន ដែលល្មមលៃលកធ្វើបាន មិនហួសពីសមត្ថភាពរបស់ខ្លួន ។ ឯការងារដែលត្រូវធ្វើនោះ មាន៣ ថ្នាក់ គឺ ការងារថ្នាក់ខ្ពស់ ថ្នាក់កណ្ដាល ថ្នាក់ទាប ។ ទាំងមនុស្សម្នាក់ៗសោតទៀត ក៏ត្រូវតែមានឥទ្ធិបាទធម៌បួនប្រការនៅក្នុងខ្លួនគ្រប់គ្នា ។ ឥទ្ធិបាទធម៌ (ធម៌ជាជើងរឹទ្ធិ) ៤ ប្រការនោះគឺ១- ឆន្ទៈ បំណង ២- វីរិយៈ ព្យាយាម ៣- ចិត្ត គំនិត ៤- វិមំសា ការពិចារណា ។
បើមនុស្សមានឥទ្ធិបាទធម៌ខ្ពស់ ធ្វើការងារក៏បានខ្ពស់បានប្រសើរ បើមានធម៌នោះយ៉ាងកណ្ដាល ធ្វើការងារក៏បានយ៉ាងកណ្ដាល បើមានទាប ក៏ធ្វើការងារបានទាបដែរ ។ ធ្វើការងារឲ្យសមតាមសមត្ថភាព សមតាមឥទ្ធិបាទធម៌និងសមតាមថ្នាក់របស់ការងារ ហៅថា “ធ្វើការសមគួរដល់ការ” ឬ “សមតាមទំនងការ” ដូចភាសិតថា ដាំជើងក្រាន ឲ្យប្រមាណឆ្នាំង ។ផ្ទុយទៅវិញ បើធ្វើការមិនសមគួរដល់ការ ឬមិនត្រូវតាមទំនង ឬក៏ហួសសមត្ថភាពខ្លួន ដែលត្រូវនឹងភាសិតថា ដៃខ្លីស្រវាឱបភ្នំ ការងារនោះ មិនសម្រេចប្រយោជន៍ដល់ខ្លួនទេ ។
ហេតុទី ២ : ត្រង់ពាក្យថា “មិនដាក់ធុរៈចោល” នោះ គឺ ការងារណាដែលប្រារព្ធធ្វើ មិនត្រូវបោះបង់ចោលទេ ត្រូវប្រឹងតស៊ូ ក្រាញ ននៀល ឈ្មុសឈ្មុលរកឧបាយ រកច្រក ដើរទៅមុខជាដរាប ឲ្យទាល់តែការងារនោះសម្រេចតាមគោលបំណង ។ ឯការតស៊ូចំពោះការងារដែលធ្វើនោះ គួរយកតម្រាប់តាមបែបរបស់ឫសឈើ ។
ធម្មតាឫសឈើ តែដុះចាក់តម្រង់ទៅទិសត្រង់ណាហើយ មិនចេះរាថយក្រោយទេ បើទុកណាជាវាដុះចាក់ទៅត្រូវប៉ះ និងដុំថ្មក្ដី ដុំឥដ្ឋក្ដី ក៏វាមិនព្រមថយក្រោយដែរ វាស៊ូទ្រាំក្រាញរួញក្រញាញ់ហើយវាពង្រីកខ្លួនវាឲ្យធំ ឲ្យរឹងប៉ឹងប្រឹងផ្សំកម្លាំងឲ្យបានខ្លាំង យូរៗទៅ ក៏អាចរុញធាក់ច្រានដុំថ្ម- ដុំឥដ្ឋ នោះឲ្យរបើកចេញបាន យ៉ាងណាមិញ ការតស៊ូចំពោះការងារដែលបានធ្វើ មិនបោះបង់ចោលប្រឹងតស៊ូដរាបដល់ការនោះបានសម្រេចប្រយោជន៍ដល់ខ្លួន ក៏យ៉ាងនោះដែរ ដូចភាសិតថា បើមានប្រាថ្នាត្រង់ណា មុខជាមានចន្លោះត្រង់នោះមិនខាន ។
ហេតុទី ៣ : ត្រង់ពាក្យថា “ជាអ្នកមានព្យាយាម” នោះ គឺក្រោកធ្វើការ ខំប្រឹងប្រែង ខ្មីឃ្មាត សង្វាត ឱហាតក្រោកឡើងធ្វើការផ្សេងៗ តទល់ អត់ទ្រាំឧបសគ្គគ្រប់យ៉ាង មានត្រជាក់ ក្ដៅ ជាដើម មិនខ្ជិលច្រអូស មិនអាងហេតុផ្សេងៗ មានហេតុថា “ព្រឹកណាស់ ហើយមិនប្រកបការងារ” ជាដើមនោះឡើយ ដូចភាសិតថា “បើចង់ចេះ ឲ្យសម្លាប់អាចារ្យ” អាចារក្នុងទីនេះ “គឺអាចារៈ” សំដៅយកមារយាទថោកទាប មារយាទខ្ជិល (កោសជ្ជៈ) ។ កោសជ្ជៈ គឺការខ្ជិលច្រអូសនេះ បើមាននៅក្នុងសន្ដានអ្នកណាហើយ រមែងដឹកនាំអ្នកនោះឲ្យដើរខុសផ្លូវ ដឹកនាំឲ្យក្រ ឲ្យល្ងង់ខ្លៅ ឲ្យថោកទាប ឲ្យវិនាសអន្តរាយគ្រប់យ៉ាង បានជាភាសិតបង្គាប់ថា ឲ្យសម្លាប់មារយាទអាក្រក់ គឺឲ្យបោះបង់ចោល បើមិនដូច្នោះទេ រមែងទទួលនូវវិបត្តិគ្រប់យ៉ាង ដូចរឿងកុសិតមាណព ។
សេចក្ដីតំណាល មានមាណពម្នាក់ឈ្មោះ កុសិតៈ ជាកូនសិស្សអាចារ្យទិសាបាមោក្ខ ។ ថ្ងៃមួយ ជាថ្ងៃសម្រាករៀន ពួកកូនសិស្សទាំងឡាយ បានចេញពីកន្លែងរៀងខ្លួន នាំគ្នាចូលទៅក្នុងព្រៃដើម្បីរកកាច់អុស តាមការបង្គាប់របស់លោកគ្រូអាចារ្យ ។ លុះចូលទៅដល់ព្រៃហើយ កុសិតមាណព អាងថា “នៅពេលព្រឹកណាស់” ហើយមិនទាន់រកកាច់អុស ក៏ដេកនៅក្រោមដើមថ្ងាន់មួយ លុះដេកលក់ហួសប្រមាណ ដរាបដល់ថ្ងៃរសៀលទាប ទើបភ្ញាក់ឡើង ក៏ប្រញាប់ប្រញាល់ស្រវាឡើងដើមថ្ងាន់ ដើម្បីកាច់មែកថ្ងាន់រស់ធ្វើជាអុស ។ ឯមែកថ្ងាន់ ក៏បាក់ផ្ទាត់មកត្រូវចំភ្នែកមាណព ៗ ក៏មានភ្នែកអន្ធការ ។
ឯអុស ក៏មិនបានឈើស្ងួត ដូចជាអ្នកឯទៀតផង ភ្នែកក៏ដល់នូវអាការប្លែកពីធម្មតាផង កូនសិស្សឯទៀតជាមិត្ត មានការលំបាកនឹងជួយគ្រាកុសិតមាណពឲ្យវិលត្រឡប់ទៅទីលំនៅវិញផង លុះគ្រូអាចារ្យដឹងរឿងនោះហើយ ក៏ស្ដីបន្ទោសផង ។ នាំរឿងខ្លីមក សឲ្យឃើញថា ការខ្ជិលច្រអូស (កោសជ្ជៈ) នេះ គេមិនត្រូវបណ្ដោយទុកឲ្យនៅក្នុងសន្ដានឡើយ ត្រូវតែលះបង់ចោលឲ្យស្រឡះពីសន្តាន ព្រោះវានាំឲ្យថោកទាប នាំឲ្យក្រីក្រ នាំឲ្យសៅហ្មងគ្រប់យ៉ាង ។ កាលបើលះបង់កោសជ្ជៈចេញហើយ ត្រូវប្រឹងប្រែងបំពេញកិច្ចការគ្រប់យ៉ាង ត្រូវមានគំនិតខ្ពង់ខ្ពស់ ត្រូវពិចារណាឲ្យស្គាល់ហេតុផលគ្រប់យ៉ាង ត្រូវប្រព្រឹត្តប្រយោជន៍ ២ យ៉ាងឲ្យកើត គឺប្រយោជន៍លោកនេះ និងប្រយោជន៍លោកខាងមុខ ។
កាលបើបានកាន់ប្រព្រឹត្ត ដូចរៀបរាប់មកខាងលើនេះហើយ ទ្រព្យសម្បត្តិគ្រប់យ៉ាង រមែងកើតឡើងដល់ខ្លួនមិនខាន ។ន័យមួយទៀត ទ្រព្យសម្បត្តិ មិនមែនកើតឡើងដល់បុគ្គល ត្រឹមតែធ្វើការសមគួរដល់ការ មិនដាក់ធុរៈចោល ព្យាយាមមិនបន្ធូរបន្ថយ ប៉ុណ្ណោះទេ ត្រូវប្រកបដោយបញ្ញា និងការចងមិត្រថែមទៀត សមដូចភាសិតលោកសម្ដែងទុកថា
បញ្ញា ឧស្សាហ៍ ការចងមិត្រ រកទ្រព្យគួរគិតឲ្យមានឡើង
គុណ ៣ ប្រការនេះនាំថ្កើង ទ្រព្យចម្រើនឡើងជានិរន្តរ៍ ។
(ទស្សនាវដ្តី កម្ពុជសុរិយា ឆ្នាំ១៩៧៤)
ប្រភពដកស្រង់ពី
ដោយ ៥០០០ឆ្នាំ
images/articles/340/unna534med.jpg
ធម្មគោរព (ការគោរពធម៌)
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០
ព្រះគ្រូឧត្ដមមុនី ម៉ឹង – សែស (ប្រែនឹងរៀបរៀង)
អារម្ភកថា
សៀវភៅធម្មគោរពនេះ និយាយអំពីការគោរពធម៌ដោយសង្ខេបខ្ញុំបានស្រាវជ្រាវរៀបរៀងឡើង ដើម្បីជាគ្រឿងប្រដាប់សតិបញ្ញារបស់ពុទ្ធសាសនិកជនទាំងឡាយ ដែលត្រូវការសិក្សារៀនសូត្រធម្មវិន័យពុទ្ធសាសនា ការដែលរៀនហើយត្រូវតែប្រតិបត្តិតាម ត្រូវតែគោរពទើបមានផលានិសង្សច្រើន ព្រោះហេតុនោះ សប្បុរសទាំងឡាយគួរសិក្សារៀនសូត្រឲ្យចេះចាំច្បាស់លាស់ ហើយគោរពឲ្យមែនទែន យកដំរាប់ដំរាតាមព្រះពុទ្ធជាម្ចាស់ នឹងព្រះបរមចក្រពត្រាធិរាជរាល់ៗ ព្រះអង្គដែលកន្លងទៅហើយ នឹងបានសេចក្ដីសុខ – ចំរើនក្នុងលោកនេះនឹងលោកខាងមុខ នឹងបានសម្រេចព្រះនិព្វានជាអវសាន ។
គារវសូត្រ
ខ្ញុំបានស្ដាប់មកយ៉ាងនេះ សម័យមួយព្រះដ៏មានព្រះភាគទ្រង់បានត្រាស់ដឹងជាដំបូង ទ្រង់គង់ក្រោមដើមអជបាលនិគ្រោធទៀបឆ្នេរស្ទឹង នេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ពួនសម្ងំនៅក្នុងទីស្ងាត់ ទ្រង់ព្រះដំរិះថា សត្វដែលមិនមានសេចក្ដីគោរព មិនមានសេចក្ដីកោតក្រែង រមែងនៅជាទុក្ខ ចុះតថាគតគួរសក្ការៈគោរពអាស្រ័យនឹងសមណ ឬព្រាហ្មណ៍ណាហ្ន៎ ។
លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ព្រះដំរិះតទៅទៀតថា គួរតែតថាគតសក្ការគោរពអាស្រ័យនូវសមណ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវសីលក្ខន្ធ សមាធិក្ខន្ធ បញ្ញាខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលមិនទាន់ពេញលេញ តែថាក្នុងលោកនេះព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព នឹងមនុស្សដ៏សេស តថាគតមិនឃើញមានសមណ ឬព្រាហ្មណ៍ដទៃដែលមានសីលក្ខន្ធ សមាធិក្ខន្ធ បញ្ញាខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ធ ពេញលេញជាងតថាគតឡើយ បើដូច្នោះធម៌ឯណាដែលតថាគតបានត្រាស់ដឹងហើយ គួរតថាគតសក្ការគោរពអាស្រ័យនូវធម៌នោះតែប៉ុណ្ណោះចុះ ។
គ្រានោះ សហម្បតីព្រហ្មបានជ្រាបព្រះដំរិះ របស់ព្រះដ៏មានព្រះភាគដូច្នោះហើយ ក៏ចុះចាកព្រហ្មលោកមកប្រាកដក្នុងទីចំពោះព្រះភក្រ្ត ព្រះដ៏មានព្រះភាគដោយឆាប់រហ័ស ប្រហែលគ្នានឹងបុរសមានកំលាំង លាចេញនូវដៃដែលខ្លួនបក់ចូល ឬបត់ចូលនូវដៃដែលខ្លួនលាចេញ ។ លំដាប់នោះ សហម្បតីព្រហ្មពានាសំពត់បង់កឆៀងស្មាម្ខាង ហើយប្រណម្យអញ្ជលីឆ្ពោះទៅរកព្រះដ៏មានព្រះភាគ ហើយក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ព្រះដំរិះនោះត្រូវហើយៗព្រោះថា ព្រះអរហន្តសម្មាសម្ពុទ្ធក្នុងអតីតកាលលោកគោរពតែត្រឹមធម៌ប៉ុណ្ណោះ ព្រះអរហន្តសម្មាសម្ពុទ្ធក្នុងអនាគតកាល ក៏គោរពតែត្រឹមធម៌ប៉ុណ្ណេះដែរ ចំណែកព្រះអង្គជាអរហន្តសម្មាសម្ពុទ្ធក្នុងបច្ចុប្បន្ននេះ ក៏សូមគោរពតែត្រឹមធម៌ប៉ុណ្ណឹងចុះ ។ ទើបសហម្បតីព្រហ្មពោលពាក្យនេះតទៅទៀតថា :
យេ ច អតីតា សម្ពុទ្ធា យេ ច ពុទ្ធា អនាគតា
យោ ចេតរហិ សម្ពុទ្ធោ ពហុន្នំ សោកនា សនោ
សព្វេ សទ្ធម្មគរុនោ វិហរីសុ វិហរន្តិ ច
អថាបិ វិហរិស្សន្តិ ឯសា ពុទ្ធាន ធម្មតា
តស្មា ហិ អត្តកាមេន មហត្តមភិកង័្ខតា
សទ្ធម្មោ គរុកាតព្វោ សរំ ពុទ្ធាន សាសនន្តិ ។
(ប្រែថា ) ព្រះសម្ពុទ្ធក្នុងអតីតកាលក្ដី ព្រះសម្ពុទ្ធក្នុងអនាគតកាលក្ដី ព្រះសម្ពុទ្ធក្នុងបច្ចុប្បន្ននេះក្ដី រមែងញ៉ាំងសេចក្ដីសោករបស់ជនច្រើនឲ្យវិនាស លោកមានសេចក្ដីគោរពព្រះសទ្ធម្មទាំងអស់នេះជាធម្មតារបស់ព្រះពុទ្ធទាំងឡាយ ព្រោះហេតុនោះ អ្នកដែលស្រឡាញ់ខ្លួនប្រាថ្នានឹងធ្វើខ្លួនឲ្យថ្លៃថ្លា គួររលឹកសាសនារបស់ព្រះពុទ្ធ គួរគោរពព្រះសទ្ធម្មឲ្យមាំមួន ។
(ចប់គារវសូត្រ)
ក៏ឯព្រះសទ្ធម្មនោះ មាន៣យ៉ាង គឺបរិយត្តិសទ្ធម្ម បានដល់ពុទ្ធវចនៈទាំងអស់ សង្រ្គោះដោយបិដកទាំង៣ គឺវិនយបិដក សុត្តន្តបិដក អភិធម្មបិដក ជាធម៌ចង្អុលប្រាប់ផ្លូវប្រតិបត្តិ គឺ សីលសមាធិ វិបស្សនា មគ្គនឹងផល និព្វាន ១ ។ បដិបត្តិសទ្ធម្ម បានដល់ធុតង្គគុណ ១៣ ខន្ធកវត្ត ១៤ មហាវត្ត ៨២ នឹងសីល សមាធិ វិបស្សនា ១ ។ អធិគមសទ្ធម្ម បានដល់អរិយមគ្គ ៤ សាមញ្ញផល ៤នឹងព្រះនិព្វាន ១ ។
សេចក្ដីនេះ ឃើញថាព្រះបរមគ្រូទ្រង់គោរពធម៌ដូចបានពោលមកហើយ ចំណែកសត្វដទៃក៏គួរគោរពធម៌ដូច្នោះដែរ ព្រោះពួកសត្វដែលគ្មានការគោរព រមែងគ្មានសេចក្ដីសុខ ចំរើនឡើយ ហេតុដូច្នោះ ពួកសប្បុរសទាំងបព្វជិត ទាំងគ្រហស្ថគួរគោរពព្រះសទ្ធម្មទាំង៣ យ៉ាងនោះដោយអើពើ ។ ឯពាក្យថា «គោរពព្រះសទ្ធម្»នោះ គឺសិក្សារៀនសូត្រ ស្ដាប់ព្រះវិនយបិដកឲ្យចេះចាំច្បាស់លាស់ ហើយកាន់តាម ប្រតិបត្តិតាមសិក្ខាបទ ដែលព្រះអង្គបញ្ញត្តអនុញ្ញាតទុកមកយ៉ាងណា ហៅថាគោរពព្រះសទ្ធម្ម គឺ វិនយបិដក ។
កុលបុត្រសិក្សារៀនសូត្រស្ដាប់ព្រះសុត្តន្តបិដក ជាធម៌សំដែងអំពីផ្លូវប្រតិបត្តិ កុសល អកុសល បុណ្យ បាប គុណ ទោស បានចេះចាំ ច្បាស់លាស់ហើយកាន់តាម ប្រតិបត្តិតាមព្រះសូត្រនោះៗ ហៅថាគោរពព្រះសទ្ធម្ម គឺ ព្រះសុត្តន្តបិដក ។
កុលបុត្រសិក្សារៀនសូត្រស្ដាប់ព្រះអភិធម្មបិដក ជាធម៌សំដែងអំពីចិត្ត ចេតសិក រូប និព្វាន ជាដើម បានចេះចាំច្បាស់លាស់ហើយ កាន់តាមប្រតិបត្តិតាម ហៅថាគោរពព្រះសទ្ធម្ម គឺ ព្រះអភិធម្មបិដក ។ ទាំង៣យ៉ាងនេះ ហៅថាគោរពបរិយត្តិសទ្ធម្ម ។
ពួកកុលបុត្រប្រព្រឹត្តត្រឹមត្រូវក្នុង ធុតង្គគុណទាំង១៣ ជាធម៌ញ៉ាំងសីលឲ្យផូរផង់ឲ្យក្រអូបក្រអែបឈ្ងុយឈ្ងប់ឡើង ប្រព្រឹត្តត្រឹមត្រូវក្នុងខន្ធកវត្ត ១៤(*១) នឹងមហាវត្ត៨២(*២)ទាំងប្រព្រឹត្តសីលឲ្យបរិសុទ្ធល្អ លុះសីលបរិសុទ្ធហើយ ក៏សិក្សារៀនសមថកម្មដ្ឋាន ខំចំរើនពិចារណាត្រាតែបានសម្រេចភូមិសមាធិ ឬសមាបត្តិទាំង៨គឺ រូបសមាបត្តិ ៤ អរូបសមាបត្តិ ៤ បានសម្រេចសមាធិហើយ ក៏សិក្សារៀនសូត្រក្នុងវិបស្សនាកម្មដ្ឋាន ខំចំរើនពិចារណាត្រាតែបានសម្រេចរហូតដល់គោត្រភូញាណ ដូច្នេះហៅថាគោរពព្រះសទ្ធម្ម គឺបដិបត្តិសទ្ធម្ម ។
កុលបុត្របំពេញសេចក្ដីប្រតិបត្តិ គឺសីល សមាធិ បញ្ញា បានសម្រេចមគ្គផល និព្វាន ហៅថាគោរពព្រះសទ្ធម្ម គឺអធិគមសទ្ធម្ម ។ មួយទៀត បរិសទ្យទាំង៤ គឺភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា បានគោរពធម៌ប្រតិបត្តិធម៌ របស់ព្រះសម្មាសម្ពុទ្ធហើយ ក៏ឈ្មោះថាគោរពប្រតិបត្តិបូជាដល់ព្រះពុទ្ធជាម្ចាស់ផង នឹងបានផលានិសង្សយ៉ាងវិសេស ដូចព្រះបាលីថា:
យោ ខោ អានន្ទ ភិក្ខុ វា ភិក្ខុនី វា ឧបាសកោ វា
ឧបាសិកា វា ធម្មានុធម្មបដិបន្នោ វិហរតិ សាមីចិបដិបន្នោ
អនុធម្មចារី សោ តថាគតំ សក្ករោតិ គរុករោតិ
មានេតិ បូជេតិ បរមាយ បូជាយ ។
(ប្រែថា ) ម្នាលអានន្ទ បុគ្គលឯណាមួយ ជាភិក្ខុក្ដី ភិក្ខុនីក្ដី ជាឧបាសកក្ដី ឧបាសិកាក្ដី ជាអ្នកប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ ជាអ្នកប្រតិបត្តិដោយផ្ចិតផ្ចង់ ជាអ្នកប្រព្រឹត្តតាមគន្លងធម៌ បុគ្គលនោះបានឈ្មោះថា សក្ការគោរពរាប់អានបូជាព្រះតថាគត ដោយគ្រឿងបូជាដ៏ឧត្ដម ។ ពាក្យថា «ប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌»នោះគឺបុព្វភាគប្រតិបត្តិដ៏សមគួរដល់លោកុត្តរធម៌ទាំង៩ ។ ឯបុព្វភាគប្រតិបត្តិនោះ គឺសេចក្ដីប្រតិបត្តិជាចំណែកខាងដើម បានដល់សីលនឹងអាចារប្បញ្ញត្តិ នឹងធុតង្គសមាទាន ។ ពាក្យថា «ប្រតិបត្តិដោយផ្ចិតផ្ចង់»បានដល់ការប្រតិបត្តិ សមាធិ វិបស្សនា រហូតដល់គោត្រភូញាណ ។ សេចក្ដីគោរពធម៌របស់បរិសទ្យទាំង៤ ដែលព្រះពុទ្ធជាម្ចាស់ទ្រង់សរសើរយ៉ាងនេះឯង ។ មួយទៀត សូម្បីព្រះបរមចក្រពត្រាធិរាជក៏ទ្រង់មានសេចក្ដីគោរពព្រះធម៌ដែរ ដូចមានរឿងក្នុងគម្ពីរអង្គុត្តរនិកាយ បញ្ចកនិបាតថា :
សម័យមួយ មានភិក្ខុមួយអង្គចូលទៅក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សភាវៈដូចម្ដេចជាស្ដេច គឺជាធំលើព្រះរាជាចក្រពត្តិដែលទ្រង់ធម៌? ព្រះអង្គមានព្រះបន្ទូលថា :
ឥ ធ ភិក្ខុ រាជា ចក្កវត្តី ធម្មិកោ ធម្មរាជា ធម្មញ្ញេវ
និស្សាយ ធម្មំ សក្ករោន្តោ ធម្មំ គរុករោន្ដោ ធម្មំ
អបចាយន្ដោ ធម្មទ្ធជោ ធម្មកេតុ ធម្មាធិបតេយ្យោ
ធម្មិកំ រក្ខាវរណគុត្តឹ សំវិទហតិ អន្ដោជនស្មឹ ។
(ប្រែថា) ម្នាលភិក្ខុ ព្រះរាជាចក្រពត្តិក្នុងលោកនេះ ជាធម្មរាជប្រកបដោយធម៌ ទ្រង់អាស្រ័យនូវធម៌ ទ្រង់សក្ការធម៌ គោរពធម៌ កោតក្រែងធម៌ មានធម៌ជាទង់ជ័យ មានធម៌ជាទង់សំគាល់យស មានធម៌ជាធំ ទ្រង់ចាត់ចែងនូវការរក្សា ការពារគ្រប់គ្រងប្រកបដោយធម៌ដល់ពួកជនដែលនៅក្រោមបង្គាប់ ។ ពាក្យថា«ធម៌»ក្នុងទីនេះ សំដៅយកកុសលកម្មបថ ១០ គឺ កាយកម្ម ៣ វចីកម្ម ៤ មនោកម្ម ៣ បានសេចក្ដីថា ព្រះបាទបរមចក្កពត្តិរាជ ទ្រង់គោរពធម៌ គឺកុសលកម្មបថ ១០ ហេតុនោះមនុស្សទាំងឡាយគួរគោរពកុសលកម្មបថនោះ តាមគន្លងព្រះបាទចក្កពត្តិរាជ ជាធម៌ធ្វើខ្លួនឲ្យថ្លៃថ្លារៀងរាល់ជាតិ ។
មួយវិញទៀត កុសលកម្មបថនេះបើបុគ្គលបានគោរព គឺថាបានប្រតិបត្តិដោយប្រពៃហើយ ក៏អាចឲ្យសំរេចសម្បត្តិទាំង៣ប្រការ គឺបានជាអ្នកថ្កើងខ្ពស់ក្នុងមនុស្សលោក ១ បានទៅកើតជាទេវតាដោយសមគួរតាមប្រាថ្នា តាំងអំពីស្ថានចាតុម្មហារាជិកា រហូតដល់អកនិដ្ឋព្រហ្ម ១ បានសំរេចអរហត្តផល ជាទីបំផុតជាតិ ជរា ព្យាធិ មរណៈ ១ ។
សមតាមបាលីពុទ្ធភាសិត សាលេយ្យកសូត្រ គម្ពីរមជ្ឈិមនិកាយមូលបណ្ណាសក សេចក្ដីក្នុងសូត្រនោះថា បុគ្គលពួក១ក្នុងលោកនេះលះបង់បាណាតិបាត វៀរចាកបាណាតិបាត លែងកាន់ដំបងគ្រឿងវាយសំពងសត្វ លែងកាន់សស្រ្តាវុធគ្រឿងប្រហារជីវិតសត្វ(សត្វក្នុងទីនេះសំដៅយកទាំងមនុស្ស ទាំងសត្វតិរច្ឆាន) មានសេចក្ដីខ្មាសបាប ខ្ពើមបាប ប្រកបដោយសេចក្ដីអាណិតអាសូរសព្វសត្វ ដោះសត្វឲ្យរួចអំពីទុក្ខលំបាក ត្រូវការទំនុកបំរុងឲ្យបានសេចក្ដីសុខ ចំរើន ។ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន មិនបានប្លន់កំហែងដណ្ដើមយកទ្រព្យគេ មិនលួចលាក់ឆក់បំបាត់ប្រវ័ញ្ចន៍បោកប្រាស់ គៃបន្លំយកទ្រព្យអ្នកដទៃ ។ លះបង់កាមេ សុមិច្ឆាចារ វៀរចាកកាមេ សុមិច្ឆាចារ មិនបានសេពសម្ភពគប់រក ឬប្រព្រឹត្តអសទ្ធម្មចំពោះស្រ្តីដែលមានមាតាថែរក្សា មានបិតាបងប្អូនប្រុស បងប្អូនស្រី ពួកញាតិថែរក្សា នឹងស្រ្តីដែលមានប្ដីគ្រប់គ្រង នឹងស្រ្តីដែលមានព្រះរាជាត្រូវការឲ្យថែរក្សាដាក់អាជ្ញាព្រះរាជទណ្ឌ មិនឲ្យបុរសណាមួយទៅប្រព្រឹត្តល្មើសតាមអំពើចិត្ត ។ ដូច្នេះហៅថាកាយកម្ម៣ ។
បុគ្គលពួក១ក្នុងលោកនេះ លះបង់មុសាវាទ វៀរចាកមុសាវាទ ទោះបីទៅក្នុងទីប្រជុំក្ដី ទៅក្នុងកណ្ដាលបរិសទ្យក្ដី ទៅក្នុងកណ្ដាលពពួកញាតិក្ដី ទៅក្នុងកណ្ដាលពពួកសេនាក្ដី ទៅក្នុងកណ្ដាលរាជត្រកូល ដោយគេនាំទៅធ្វើជាសាក្សី ដើម្បីសួរបញ្ជាក់រឿងក្ដីណាមួយក្ដី ក៏និយាយតាមពិត តាមមែន តាមដឹង តាមឃើញ មិននិយាយពាក្យកុហកបញ្ឆោតបង្កាច់ផ្ដាច់ប្រយោជន៍អ្នកដទៃ ។ លះបង់បិសុណាវាចា វៀរចាកបិសុណាវាចា ជាពាក្យញុះញង់ ឬ ស៊កសៀត មិនបានឮពាក្យសំដីអំពីអ្នកឯណេះ ហើយនាំយកទៅប្រាប់អ្នកឯណោះ ដើម្បីបំបែកអ្នកឯណេះ ឬថាមិនបានឮពាក្យសំដីអំពីអ្នកឯណោះហើយ នាំយកមកប្រាប់អ្នកឯណេះ ដើម្បីបំបែកអ្នកឯណោះវិញ កាលបើមានគេទាស់ទែងគ្នា បាក់បែកគ្នា ក៏យកចិត្តទុកដាក់និយាយផ្សះផ្សាឲ្យជានឹងគ្នា កាលបើគេជានឹងគ្នាស្រាប់ហើយ ក៏និយាយថែមកម្លាំងឲ្យរឹងរឹតតែជានឹងគ្នាឡើងទៀត ជាអ្នកត្រេកអរស្រឡាញ់ចូលចិត្តនឹងការព្រមព្រៀងគ្នា តែងពោលនូវវាចាធ្វើឲ្យគេព្រមព្រៀងគ្នា ។ លះបង់ផរុសវាចា វៀរចាកផរុសវាចា ជាពាក្យអាក្រក់ទ្រគោះ គម្រោះគម្រាមជេរឌឺដងចាក់ដោតបញ្ឈឺចិត្ត ពោលតែពាក្យល្អឥតទោស នាំមកនូវសេចក្ដីសុខដល់ត្រចៀក ជាពាក្យទន់ផ្អែម ពីរោះគួរស្រឡាញ់ គួរចូលចិត្ត ។ លះបង់សម្ផប្បលាប វៀរចាកសម្ផប្បលាប ជាពាក្យរោយរាយឥតប្រយោជន៍ ជាពាក្យត្លុកកំប្លែងលេងសើចឥតអំពើ ពោលតែពាក្យដែលមានប្រយោជន៍ដល់ខ្លួននឹងអ្នកដទៃ ពោលក្នុងកាលដែលគួរ ពោលពាក្យពិត ពាក្យដែលត្រូវតាមអត្ថ តាមធម៌តាមវិន័យ ។ ដូច្នេះហៅថាវចីកម្ម៤ ។
បុគ្គលពួក១ក្នុងលោកនេះ មិនចង់បានទ្រព្យអ្នកដទៃមកជាទ្រព្យរបស់ខ្លួន មិនរលេមរលមឆ្មៀងឈ្មងគយគន់រំពៃ ប៉ងនឹងបង្អោនទ្រព្យអ្នកដទៃមកដើម្បីខ្លួន ។ មិនមានចិត្តប៉ុនប៉ងនឹងធ្វើប្រយោជន៍ នឹងសេចក្ដីសុខរបស់អ្នកដទៃឲ្យវិនាស ។ មានបញ្ញាយល់ត្រូវតាមសភាវៈធម៌ មិនបានយល់ខុសចាកសភាវៈធម៌ ។ ដូច្នេះហៅថាមនោកម្ម ៣ ។ កាយកម្ម៣ វចីកម្ម ៤ មនោកម្ម ៣ ដូចបានពោលមកនេះហៅថា កុសលកម្មបថ ១០ ។ ឯកុសលកម្មបថនេះ បើបុគ្គលឯណាបានគោរពគឺថា បានប្រព្រឹត្តត្រឹមត្រូវល្អហើយ ទោះបីបុគ្គលនោះមានចិត្តប្រាថ្នាចង់ទៅកើតក្នុងត្រកូលខត្តិយមហាសាលក្ដី ព្រាហ្មណ៍មហាសាលក្ដី គហបតិមហាសាលក្ដី ក៏បានសំរេចដូចប្រាថ្នាមិនខានឡើយ ។ ពាក្យថា «ខត្តិយមហាសាល» គឺត្រកូលក្សត្រដែលមានទ្រព្យឧត្ដុង្គឧត្ដមច្រើន ព្រាហ្មណមហាសាល នឹងគហបតិមហាសាលក៏ដូចគ្នា ។ មួយទៀត បើប្រាថ្នាចង់ទៅកើតជាទេវតាក្នុងស្ថានចាតុម្មហារាជិកា ... តាវត្តិង្ស.... យាមា... តុសិត.....និម្មានរតី…. បរនិម្មិតវសវត្តី ក៏បានសំរេចដូចប្រាថ្នាមិនខាន ។ មួយទៀត បើមានប្រាថ្នានឹងទៅកើតក្នុងព្រហ្មលោក តាំងអំពីព្រហ្មបារិសជ្ជារហូតដល់អកនិដ្ឋព្រហ្ម ក៏បានសំរេចដូចប្រាថ្នា ។ មួយទៀត បើប្រាថ្នាចង់ឲ្យបានអរហត្តផលដ៏ខ្ពង់ខ្ពស់ជាងធម៌ទាំងពួង ក៏បានសំរេចដូចប្រាថ្នា ដោយហេតុដែលបានប្រព្រឹត្តកុសលកម្មបថនោះជាប្រធាន ។ ការប្រព្រឹត្តកុសលកម្មបថអាចឲ្យបានសំរេចសម្បត្តិ ៣ ប្រការដូច្នេះឯង ។
ចប់តែប៉ុណ្ណេះ ។
———————————
(*១) ខន្ធកវត្ត ១៤ មានអាគន្ដុកវត្ត គឺវត្តរបស់អាគន្តុកភិក្ខុជាដើម មកក្នុងវត្តក្ខន្ធកគម្ពីរចុល្លវគ្គ ។
(*២) មហាវគ្គ ៨២ ដែលព្រះអង្គបញ្ញត្តទុកមានពាក្យថា ន ឧបសម្បាទេតព្វំ ភិក្ខុមិនត្រូវឲ្យឧបសម្បទាដល់កុលបុត្រជាដើម មកក្នុងបារិវាសិកក្ខន្ធកខ្លះ កម្មក្ខន្ធកត្រង់ ឧក្ខេបនិយកម្មខ្លះ គម្ពីរចុល្លវគ្គ ។
ប្រភពដកស្រង់
ដោយ ៥០០០ឆ្នាំ
images/articles/338/2020-07-20_16_02_03-83344777_1656257864533158_8801894195880001536_o_jpg_-_Picasa_Photo_Viewer.jpg
មនុស្សល្អក្នុងការគ្រប់គ្រង
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០
មនុស្សដែលមានចំណែកនៅក្នុងការគ្រប់គ្រង ឬ ឲ្យកើតការគ្រប់គ្រងបានល្អ គប្បីដឹងគោលធម៌និងបដិបត្តិតាមដូចតទៅ៖
ក-ដឹងគោលអធិបតេយ្យ គឺដឹងនូវភាពជាអធិបតីក្នុងការគ្រប់គ្រងខ្លួនឯង ដើម្បីរួមចំណែកក្នុងការគ្រប់គ្រង ឬដើម្បីឲ្យកើតការគ្រប់គ្រងបានល្អក្នុងពួកក្រុម អធិបតេយ្យ មាន ៣ យ៉ាងគឺ៖
១- អត្តាធិបតេយ្យ មានភាវៈនៃខ្លួនឯងជាអធិបតី គឺ យកខ្លួនជាធំក្នុងការគ្រប់គ្រងខ្លួនឯង ចេះខ្មាសចេះខ្ពើមនូវអំពើអាក្រក់មកអំពីការគោរពខ្លួនឯង គឺពិចារណាឃើញជាតិកំណើតរបស់ខ្លួន ឃើញវ័យរបស់ខ្លួន ឃើញការចេះដឹង និងសេចក្តីក្លៀវក្លាមុខមាត់កិត្តិយសរបស់ខ្លួន។
២-លោកាធិបតេយ្យ មានភាវៈនៃលោកជាអធិបតី គឺធ្វើអ្វីៗខ្លាចអ្នកដទៃនិន្ទា ខ្លាចទណ្ឌកម្ម ខ្លាចអបាយភូមិ ម៉្លោះហើយក៏ជាអ្នកខ្លាចបាប មិនហ៊ានធ្វើនូវអំពើបាប ម៉្យាងទៀត ជាអ្នកគោរពគ្រូ គោរពព្រះសាស្តា គោរពមាតាបិតា គោរពសព្រហ្មចារី និងគោរពអ្នកដទៃដែលគួរគោរព ហើយក៏គ្រប់គ្រងរក្សាខ្លួនដោយអំពើល្អ នេះឈ្មោះថា យកលោកជាធំ។
៣-ធម្មាធិបតេយ្យ មានភាវៈនៃធម៌ជាអធិបតី គឺយកធម៌ជាធំក្នុងការគ្រប់គ្រងខ្លួន យកឱវាទព្រះសម្មសម្ពុទ្ធជាធំ ឬ យកធម៌វិន័យ យកច្បាប់ យកហេតុផលត្រឹមត្រូវ យកសេចក្តីល្អ យកធម៌របស់សប្បុរស យកសេចក្តីស្ងប់ យកសន្តិភាពជាធំ ធ្វើការដោយប្រារព្ធយកការចេះដឹង ដែលខ្លួនបានសិក្សា និងពិចារណាត្រឹមត្រូវជាអធិបតី មិនបណ្តោយឲ្យតណ្ហា មានះ ទិដ្ឋិគ្រប់គ្រងដឹកនាំឡើយ។
◊ ដើម្បីមានភាវៈនៃធម៌ជាអធិបតី បុរសស្ត្រីត្រូចខំប្រឹងសិក្សារៀនសូត្រ ដោយឆន្ទៈដ៏បរិសុទ្ធ រួចហើយត្រូវគាំទ្រនូវចំណេះដឹងដែលខ្លួនខំប្រឹងសិក្សាអស់កាលដ៏យូរនោះ ដោយការបដិបត្តិតាមកុំឲ្យការចេះដឹងទៅជាមោឃៈឥតប្រយោជន៍។ ធម្មាធិបតេយ្យនេះសំខាន់ណាស់ ថែមទាំងជួយឲ្យអធិបតេយ្យ ២ អំពីខាងដើម មានភាពជាអធិបតីក្នុងផ្លូវល្អទៀតផង ពោលគឺបានតំកល់ខ្លួនក្នុងធម៌ ហិរិ (ខ្មាសបាប) ដោយមានអត្តាធិបតេយ្យ និងតម្កល់ខ្លួនក្នុង ឱតប្បៈ (ខ្លាចបាប) ដោយមានលោកាធិបតេយ្យ ឯចំណែកការតម្កល់ខ្លួនក្នុងភាពជាឥស្សរៈ មិនជាទាសៈនៃតណ្ហា មានះ ទិដ្ឋិ ដោយធម្មាធិបតេយ្យ។ បើខ្វះនូវធម្មាធិបតេយ្យ វាងាយក្នុងការបាត់បង់នូវហិរិ និងឱតប្បៈណាស់ ព្រោះមិនមានអ្វីជាកម្លាំងជួយទប់ស្កាត់នូវតណ្ហា មានះ និងទិដ្ឋិហ្នឹងឯង ដូចជាការមានភាវៈនៃខ្លួនជាធំ ប៉ុន្តែមិនគោរពធម៌វិន័យ មិនគោរពច្បាប់ ព្រោះមិនមាននូវធម្មាធិបតេយ្យ វារមែងភ្លាត់ខ្លួនធ្លាក់ពីហិរិ ហើយរមៀលចូលទៅរកកំហុសមួយគឺ “ធ្វើអ្វីស្រេចតែអញ” ឯការមាននូវភាវៈនៃលោកជាធំប៉ុន្តែមិនមាននូវធម្មាធិបតេយ្យ វារមែងទប់ខ្លួនមិនជាប់ក្នុងឱតប្បៈ ហើយត្រូវរបូតចូលរណ្តៅបាប ធ្វើអំពើទុច្ចរិតផ្សេងៗ ដោយអាងថាស្ងាត់មិនមានអ្នកដទៃដឹង។
(គោលអធិបតេយ្យ ៣យ៉ាងនេះ ស្រង់ចាកអង្គុត្តរនិកាយ តិកនិបាត អធិបតេយ្យសូត្រ)
ខ-មានចំណែកក្នុងការគ្រប់គ្រង ដោយការបដិបត្តិតាមគោលការណ៍រួម ទទួលខុសត្រូវទាំងអស់គ្នាព្រមព្រៀងគ្នាជួយការពារកុំឲ្យសាបសូន្យ និងឲ្យឈានទៅរកការរីកចម្រើនរុងរឿង ដែលហៅថា អបរិហានធម៌ (ធម៌ដែលមិនប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យ ប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនតែម៉្យាង) មាន ៧ ប្រការគឺ៖
១-មានការប្រជុំរឿយៗ ប្រឹក្សាការងារដែលបានធ្វើហើយ និងដែលមិនទាន់បានធ្វើ។
២-ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងការប្រជុំ ព្រមព្រៀងគ្នាធ្វើនូវកិច្ចការទាំងឡាយដែលគប្បីធ្វើព្រមគ្នា។
៣-ព្រមព្រៀងគ្នាបដិបត្តិតាមច្បាប់ប្រទេស ឬច្បាប់សាសនា មិនស្រេចតែចិត្តចង់ស្រួល ហើយដកនូវច្បាប់ដែលបានបញ្ញត្តិរួចហើយ និងមិនស្រេចតែអញជាអ្នកបញ្ញត្តិច្បាប់ផ្សេងៗនោះឡើយ។
៤-បុគ្គលណាជាអ្នកធំ ធ្លាប់បានជួបប្រទះហេតុការណ៍ច្រើនមកហើយ ជាអ្កនមានអាយុច្រើន មានពាក្យសម្តីគួរស្តាប់ គប្បីឲ្យកិត្តិយស និងធ្វើសក្ការៈ គោរពរាប់អាន បូជាដល់បុគ្គលនោះ សម្លឹងឃើញសេចក្តីសំខាន់នៃពាក្យសម្តីរបស់បុគ្គលនោះឯង ថាជាពាក្យសម្តីគួរស្តាប់។
៥-ឲ្យកិត្តិយសដល់ស្ត្រីក្នុងត្រកូល មិនមើលងាយ មិនគំរាមកំហែងនិងមានការគ្រប់គ្រងដោយល្អ។
៦-ធ្វើសក្ការៈគោរពបូជានូវព្រះចេតិយ បូជនីយដ្ឋាននិងចេតិយអនុស្សាវរីយ៍ប្រចាំជាតិ ដែលជាគ្រឿងដាស់តឿនស្មារតីនៃមហាជន ឲ្យធ្វើនូវសេចក្តីល្អ។
៧-ចាត់ចែងត្រឹមត្រូវ រក្សាការពារ និងគ្រប់គ្រងប្រកបដោយធម៌ ដល់បព្វជិតដែលទ្រទ្រង់នូវសីលគុណទ្រទ្រង់នូវធម៌បរិសុទ្ធទាំងឡាយ ដែលជាទីរលឹក និងជាបង្គោលនៃសាសនារបស់មហាជន ពេញចិត្តនឹងការនៅជាសុខ របស់បព្វជិតដែលបរិសុទ្ធទាំងអស់នោះ។
(ស្រង់ចាក អង្គុត្តរនិកាយ សត្តកនិបាត វជ្ជីវគ្គ សារន្ទទសូត្រ)
◊ មនុស្សល្អដែលមានចំណែកក្នុងការគ្រប់គ្រងពួកក្រុម ឬសមាគមជាដើម ត្រូវមាននូវគុណធម៌ទាំងឡាយផ្សេងទៀតដូចជាៈ
-មិនងប់ងុលខាងផ្លូវភេទ ក្នុងរឿងកាមគុណ។
-មិនមានចិត្តចង្អៀតចង្អល់លបលាក់បរិភោគអ្វីៗតែឯង។
-ជាអ្នកឃើញតម្លៃនៃពេលវេលា។
-ជាអ្នកមានវិន័យ មានសីលពិតប្រាកដ។
-ជាអ្នកបដិបត្តិកិច្ចការតាមតួនាទីបានពេញលេញ។
-មានស្មារតីមិនប្រមាទ។
-មានវិចារណញ្ញាណ ចេះពិចារណាមុននឹងធ្វើកិច្ចការអ្វីមួយ។
-សុភាពរៀបសា ចេះទទួលស្តាប់ពាក្យអ្នកដទៃ។
-ជាមនុស្សរៀបរយ ចេះស្រឡាញ់ភាពស្អាតប្រណីតក្នុងការងារ។
-និយាយពីរោះមានន័យគួរស្តាប់ មិននិយាយឡេះឡោះ ទាំងកាយទាំងចិត្តទន់ភ្លន់ មិនកោងកាច មិនច្រងេងច្រងាង។
-មានចិត្តសង្គ្រោះដល់មិត្តសម្លាញ់និងមានចិត្តអើពើជួយដល់មនុស្សទូទៅ។
-ជាអ្នកចេះចាត់ការឲ្យមានរបៀបរៀបរយ និងបានផលល្អ។
-ចេះទំនុកបម្រុងដល់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា។
-ប្រាថ្នាល្អ ស្រឡាញ់សុចរិត។
-អានច្រើនស្តាប់ច្រើន ទ្រទ្រង់នូវវិជ្ជា និងចូលចិត្តសាកសួរស្រាវជ្រាវ ស្វែងរកការចេះដឹងច្រើនឡើងៗប៉ុណ្ណេះជាដើម។
[ដកស្រង់ចេញពីសៀវភៅ "ពរ៤ប្រការ" របស់អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស]
ដោយ៥០០០ឆ្នាំ
images/articles/336/tex456tpic.jpg
ចំណងដៃទិវានៃក្តីស្រឡាញ់
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០
ស្រឡាញ់ក៏ស្រឡាញ់ទៅចុះ
ប្រុសស្រីស្រួលស្រុះលុះសីលធម៌
កុំតែស្រឡាញ់ឲ្យវឹកវរ
បង្កអាស្រូវនៅក្នុងស្រុក។
សីលធម៌សង្គមប្រពៃណី
យើងរួមសាមគ្គីរក្សាទុក្ខ
ខ្មែរស្រឡាញ់ខ្មែរខ្មែរមានមុខ
ខ្មែរយើងមានស្រុកមានវប្បធម៌។
ខ្មែរស្លៀកពាក់ខ្មែរនិយាយខ្មែរ
ខ្មែរមានឪម៉ែអ្នកអង្គរ
ខ្មែរមានអរិយធម៌ខ្ពស់បវរ
ខ្មែរមានអក្សររបស់ខ្លួន។
ខ្មែរនាំគ្នាកាន់សាសនាពុទ្ធ
ខ្មែរចិត្តមោះមុតជាតិមាំមួន
ខ្មែរមានបិដកភាសាខ្លួន
ខ្មែរមានច្បាប់ក្បួនខ្មែរមានធម៌។
ខ្មែរយើងជាពូជអ្នកល្បាញល្បី
ខ្មែរមានទឹកដីព្រៃអង្គរ
ខ្មែរមានប្រាសាទល្បីខ្ទារខ្ទរ
ខ្មែរម្ចាស់អង្គរបន្តថែ។
ខ្មែរមានព្រះសង្ឃខ្មែរមានវត្ត
ខ្មែរមានបែបបទរបស់ខ្មែរ
ខ្មែរទទួលស្គាល់គុណឪម៉ែ
ខ្មែរចេះធ្វើស្រែខ្មែរមានបាយ។
ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្លួន
ខ្មែរជាតិមាំមួនខ្មែរសប្បាយ
ខ្មែររួមប្រជុំជាតិទាំងឡាយ
ខ្មែរមានឧបាយកសាងជាតិ។
ខ្មែរធ្វើខ្មែរគិតដល់ខ្លួនឯង
ខ្មែរគិតកោតក្រែងសន្តានញាតិ
ខ្មែរថែសាសនាប្រទេសជាតិ
ខ្មែរមិនត្រូវឃ្លាតពីសីលធម៌។
ដូច្នេះខ្មែរត្រូវតែលះបង់
ចំពោះចំណង់អន្លង់មរណ៍
ច្រណែនឈ្នានីសនាំវឹកវរ
ចង់ឲ្យខ្លូនល្អកុំដៀលគេ។
អក្សរសាស្ត្រវប្បធម៌ប្រពៃណី
នាទីកូនខ្មែរថែឲ្យថេរ
ជាតិគេស្រឡាញ់របស់គេ
ខ្មែរត្រូវរិះរេស្រឡាញ់ខ្មែរ។
(ដកស្រង់ចេញពីសៀវភៅ “បទពិចារណា”
រៀបរៀងដោយអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស)
ដោយ៥០០០ឆ្នាំ