images/articles/2671/t448ic.jpg
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ៧៣,៨៨៤ ដង)
បុណ្យ៥យ៉ាងដែលបុរសស្ត្រីគប្បីធ្វើដោយខានមិនបាន ៖
១- មិនសំលាប់សត្វ--> សាងបារមីរំងាប់ក្តីក្រោធ ខន្តិបារមី និងព្រហ្មវិហារធម៌៤ ។
២- មិនលូចទ្រព្យគេ--> គោរពកម្មសិទ្ធិអ្នកដទៃ នាំមកនូវភាពរីកចំរើន។
៣- មិនផិតក្បត់ស្វាមីភរិយា--> រក្សាចរិយាធម៌ ។
៤- ពោលតែពាក្យពិត និងវាចាមានប្រយោជន៍ --> នាំមកនូវសុខសន្តិភាព ។
៥- មិនសេពគ្រឿងញៀនស្រវឹង --> ថែរក្សាសុខភាពកាយចិត្ត ។
បើទោះជាត្រូវធ្លាក់ខ្លួនជាស្រីរងកម្ម ប្រុសទាបថោកបែបណាក៏ដោយ ក៏មិនត្រូវភ្លេចរក្សាបុណ្យនេះ ព្រោះមានតែបុណ្យនេះមួយប៉ុណ្ណោះដែលអាចលើកស្ទួយអ្នកឲ្យរួចផុតពីអបាយភូមិបាន មិនត្រូវលិចចុះដោយសារតែលោកនេះ ដែលគ្មានអ្នកណាអាចយកអីទៅតាមបាននោះទេ សូមត្រឹមតែម៉ារួចខ្លួនឲ្យបានទៅចុះ ។
កាលបើធ្លាក់ខ្លួនលំបាកហើយ ឥតសីលទ្រទ្រង់ទៀតគឺដូចជាត្រូវគេជាន់ពន្លិចងើបមុខមិនរួចរហូតទៅអបាយភូមិនៅបរលោកហើយ ! ។ កុំព្រោះហេតុតែជីវិតអ្នកដទៃ សុខចិត្តធ្វើខ្លួនឲ្យធ្លាក់នរកឲ្យសោះ ត្រូវចេះរក្សាខ្លួនផង ! ។ បើយើងចែកចាយក្តីស្រឡាញ់ ឲ្យលឿនដូចជាចែកចាយក្តីស្អប់ លោកនេះមិនដឹងជាស្រស់ស្អាតយ៉ាងណានោះទេ ! ។ សេចក្តីជឿជាក់និងភាពស្មោះត្រង់ដែលល្អបំផុត គឺការធ្វើឲ្យជីវិតខ្លួនឯងបានរួចផុតពីអំពើអបាយមុខផ្សេងៗ ធ្វើបុណ្យក្នុងសីល សមាធិ គឺជាកំពូលបុណ្យក្នុងពុទ្ធសាសនានេះឯង មិនអស់ប្រាក់ហើយបានរួចចាកទុក្ខទៀតផង ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2479/image.jpeg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៩៨,៦៧៦ ដង)
មនុស្សដែលមានសេចក្ដីសុខ មិនមែនថាគេចេះតែបាននូវអារម្មណ៍ ល្អ ៗ ឯង ៗ ទៅនោះទេ នេះមកអំពីអ្នកនោះឯង ចេះសិក្សាត្រូវតាមសេចក្ដីពិតនៃអារម្មណ៍ ចេះឲ្យអភ័យ និងចេះគិតរកចំណុចល្អ ដើម្បីសេចក្ដីសុខស្ងប់នៃចិត្ត ។ អ្វី ៗ ដែលយើងជួបប្រទះរាល់ថ្ងៃ ទាំងអារម្មណ៍ក្នុងគំនិត បើយើងមិនចេះគិតឲ្យបានសុខខ្លួនឯងទេ យើងក៏រមែងកើតទុក្ខរាល់ថ្ងៃហ្នឹងឯង ។ យើងតែងស្វែងរករបស់ដែលមានតម្លៃ ថ្លៃ ៗ ក្រៅខ្លួន បណ្ដោយឲ្យខ្លួនឯងកើតទុក្ខ ព្រោះការស្វែងរកចង់បាននោះ ដោយប្រការផ្សេង ៗ ទៅវិញ ប៉ុន្តែ បើយើងស្វែងរកឃើញតម្លៃនៃជីវិតខ្លួនឯង នៅត្រង់ការឈ្នះសេចក្ដីទុក្ខ យើងមានតែការរស់នៅដោយសេចក្ដីស្ងប់ចិត្ត ជាមួយនឹងគ្រប់អារម្មណ៍នោះឯង ៕៚ ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2480/image.jpeg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៨០,៩៩៩ ដង)
បើយើងរៀនចេះអំពីលោកនេះ គឺលោកនេះមិនបានបង្រៀនឲ្យយើងមកគ្រប់គ្រងហួងហែងឡើយ សត្វលោកសោកសៅព្រោះហេតុតែការហួងហែងថារបស់យើងហ្នឹងឯង ដូច្នេះការដែលយើងរស់នៅយ៉ាងមានសេចក្ដីសុខ មិនមែនព្រោះការគ្រប់គ្រងហួងហែងទេ គឺព្រោះការចេះលះបង់ទេតើ ។ បើអ្នកដែលយើងស្រឡាញ់ទៅចោលយើង គឺយើងកុំឃុំឃាំងគាត់អី ឲ្យអភ័យទៅ ហើយក៏មិនលំបាកនឹងឃុំឃាំងខ្លួនឯងទុកក្នុងសេចក្ដីសោកសៅដែរ មិនចាំបាច់បរិភោគស្រាបំភ្លេចទុក្ខនោះឡើយ ត្រូវចេះរស់នៅជាមួយនឹងខ្លួនឯងឲ្យបានល្អ រស់នៅជាមួយនឹងការមានស្មារតី ប្រសើរណាស់ ៕៚
ប.ស.វ
ដោយ៥០០០ឆ្នាំ
images/articles/2516/Un76543titled-1.jpg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៣៤,៣១៨ ដង)
សន្ដោស ធ្វើឲ្យមានទ្រព្យ ចេះគ្រប់
៙. យើងកើតមកមិនមែនជាអ្នកមានទ្រព្យសម្បត្តិច្រើនពិត ប៉ុន្តែយើង ចេះពេញចិត្តនឹងសម្បត្តិដែលយើងមាន នេះជាគុណធម៌ គឺសេចក្ដីសន្ដោស ដែលមានអានុភាពធ្វើសម្បត្តិទ្រព្យដែលខ្លួនមាននោះ ឲ្យជាសម្បត្តិគ្រប់គ្រាន់ទៅបាន នេះអស្ចារ្យ ណាស់ ព្រោះថា សូម្បីភ្នំមាសពីរ ក៏មិនអាចធ្វើបុរសម្នាក់ ដែលមិនមានធម៌សន្ដោសនោះឯង ឲ្យឆ្អែតគ្រប់គ្រាន់ទៅបានឡើយ ( សន្ដោសចំពោះរបស់ដែលបាន ក្សេមក្សាន្តចំពោះរបស់ដែលមាន )៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2816/rthvhgfvxcdvfg.jpg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ២១,៣១៩ ដង)
មនុស្សដ៏ច្រើនក្នុងពិភពលោក រាប់អានសាសនា ដើម្បីពឹងអ្វីៗក្នុងសាសនានោះៗ ឱ្យជួយរំដោះគ្រោះ បានជោគ បានលាភ ប៉ុន្តែពុទ្ធបរិស័ទពិតប្រាកដ រាប់អានព្រះពុទ្ធសាសនា ដើម្បីបដិបត្តិសាងសមត្ថភាពរំដោះគ្រោះ ជួយខ្លួនឯងបាន នេះជាអរិយសច្ចធម៌ ។ អរិយសច្ចធម៌ដូចម្ដេច? គឺទុក្ខអាស្រ័យតណ្ហាជាគ្រោះកាចរបស់សត្វលោក ចំណែកការបដិបត្តិសាងសមត្ថភាពរហូតដល់រលត់តណ្ហាអស់មិនមានសេសសល់ មានព្រះនិព្វានជាទីពឹង នេះឯងនិរោធសច្ច និងមគ្គសច្ច ព្រោះថា ព្រះនិព្វានជាផលសម្រេចនៃព្រហ្មចរិយធម៌អរិយមគ្គអង្គ ៨ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2815/dfgvxcrdfxcsed.jpg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៣៩,៧៧២ ដង)
ដែលបានពោលថា ព្រះនិព្វានជាបរមសុខ គឺត្រូវតែជាសុខរបស់អ្នកដែលបានសម្រេចនូវព្រះនិព្វាននោះឯង ពីព្រោះសត្វលោកមានទុក្ខ បានដល់សង្សារទុក្ខ លុះដល់មានអរិយមគ្គ កាត់នូវតណ្ហា ក៏ជាការកាត់នូវសង្សារទុក្ខ ទើបបានពោលថា ព្រះអរិយបុគ្គលនោះៗ បាននូវបរមសុខ រួចផុតចាកទុក្ខ តាមដូចព្រះពុទ្ធដីកាក្នុងនាគវគ្គ ព្រះគាថាធម្មបទថា សព្វស្ស ទុក្ខស្ស សុខំ បហានំ ការលះបង់នូវទុក្ខទាំងពួង គឺជាសុខ ។ នៅក្នុងសេចក្ដីនេះ បើពោលដោយបរមត្ថកថា គឺ ទុក្ខនិងការរលត់ទុក្ខ តែបើសម្មតិកថាវិញ គឺសត្វលោកមានទុក្ខ និងសត្វលោកបានរួចផុតចាកទុក្ខដល់នូវព្រះនិព្វាន ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/3076/te4EEExtpic.jpg
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០២១ (អាន: ៤,១៩៦ ដង)
បច្ចុប្បន្នដោយសារ Covid-19 ពួកយើងមិនអាចទំនាក់ទនងគ្នាដោយជិតស្និតដូចមុន អាស្រ័យហេតុនេះ ទើបការអញ្ជើញមកចម្លងធម៌ និង បញ្ចូលកម្មវិធីផ្សេងៗ ត្រូវបានផ្អាក ។ ប៉ុន្តែទោះជាយ៉ាងណា យើងក៏បានប្រើវិធីនេះ ដោយការប្រើTelegram ដើម្បីចែក និងបញ្ជូន ឯកសារ mp3 សៀវភៅ pdf និងបើកឲ្យមានស្នើរសុំមកយើងរកឯកសារណាមួយដែលខ្លួនលំបាករកនៅក្នុងគេហទំព័រ៥០០០ឆ្នាំ ។
ដូច្នេះ សម្រាប់លោកអ្នកត្រូវការឯកសារអ្វីមួយ អាចចូលរួមក្រុមTelegram របស់៥០០០ឆ្នាំ បាន >>>https://t.me/channasrongឬផ្ញើតេឡេក្រាមមកលេខ 012 887 987 ។
ដោយ៥០០០ឆ្នាំ
images/articles/1858/Untitled-1-Recovered.jpg
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ៤៦,៥៤៤ ដង)
ទោសរបស់បព្វជិតប្រព្រឹត្តមិនល្អ
បុគ្គលដែលស្លៀកពាក់សំពត់លឿង តែមិនសង្រួមតាមធម៌របស់សមណៈ ក៏មិនរួចពីនរកឡើយ ; ដូចមានពុទ្ធភាសិតជាគ្រឿងទូន្មានចិត្តរបស់បព្វជិត ម្យ៉ាងទៀតថា ៖
កាសាវកណ្ឋា ពហវោ បាបធម្មា អសញ្ញតា
បាបា បាបេហិ កម្មេហិ និរយំ តេ ឧបបជ្ជរេ។
សេចក្ដីថា៖ មនុស្សទាំងឡាយជាច្រើននាក់ ដែលមានសំពត់កាសាវៈជាប់នឹងក គឺស្លៀកដណ្ដប់សំពត់លឿង
images/articles/1861/Untitled-1-Recovered.jpg
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ១៧,៧០៩ ដង)
យោបល់នាំឲ្យបព្វជិតប្រព្រឹត្តល្អ
បព្វជិតទាំងឡាយគួរជ្រាបថា ការដែលកើតមកជាមនុស្សក៏ក្រ, កើតមកជាមនុស្សហើយមិនវិកលវិការ ជាអ្នករួចចាកបព្វជ្ជាទោសក៏ក្រ, ការដែលរក្សាជីវិតឲ្យរស់នៅ រហូតទល់នឹងបានបព្វជាឧបសម្បទា ក៏ហៅសែនក្រ, បួសហើយនឹងចេះដឹងយល់ធម៌វិន័យថា នេះគួរ នេះមិនគួរ ក៏មិនងារទេ; កាលបើបានផុតស្រឡះអំពីសេចក្ដីក្រីក្រ ដូចពោលមកនេះហើយគួរតែពេញចិត្ត
images/articles/1865/Untitled-1-Recovered.jpg
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ១៨,៣៦២ ដង)
រឿងព្រាហ្មណ៍ចាស់
(កូនមិនដឹងគុណមាតាបិតា អន់ជាងឈើច្រត់)
ក្នុងពុទ្ធសម័យ មានព្រហ្មណ៍មហាសាលម្នាក់នៅក្នុងក្រុងសាវត្ថីមានទ្រព្យ ៨ សែនកហាបណៈ មានកូនប្រុស៤នាក់។ កាលកូននោះមានវ័យធំឡើង បានរៀបអាវាហមង្គលហើយចែកទ្រព្យសម្បត្តិឲ្យកូនម្នាក់ៗ ១សែនកហាបណៈ។ ខាងក្រោយមកនាងព្រាហ្មណី ជាភរិយារបស់ ព្រាហ្មណ៍នោះស្លាប់ទៅ គាត់នៅពោះម៉ាយតែម្នាក់ឯង។ កូនទាំង៤នាក់ប្រឹក្សាគ្នាថាបើឪពុក យើងមានប្រពន្ធទៀតមុខជាមានកូនមិនខាន ទ្រព្យ៤សែននឹងកេរ្តិ៍អាករផ្សេងៗ ដែលនៅសល់ក្នុងកណ្ដាប់ដៃគាត់ គាត់មុខជាចែកឲ្យ កូនចុងទាំងអស់ បើដូច្នេះគួរតែយើងទៅនាំយកគាត់មកចិញ្ចឹមជប់លៀងគាត់។
ថ្ងៃមួយ ព្រាហ្មណ៍ក្រោកពីដេកក្នុងវេលាថ្ងៃកូនទៅជួបជុំគ្នាហើយនិយាយអំពីទោស នៅគ្រប់គ្រងផ្ទះដោយឡែកៗពីគ្នា រួចនិយាយអង្វរថាៈ លោកឪពុកយើងខ្ញុំជាកូនទាំងអស់គ្នា នឹងបំរើទំនុកបម្រុងលោកឪពុកដោយគោរពដរាបដល់អស់ជីវិត សូមលោកឪពុកប្រគល់ទ្រព្យសម្បត្តិដែលនៅសល់ទាំងប៉ុន្មាន មកយើងខ្ញុំទាំងអស់គ្នាឱអស់មក កុំរវល់នឹងទុកដាក់ថែរក្សាព្រោះចាស់ហើយ ។ ព្រាហ្មណ៍ក៏ប្រគល់ទ្រព្យឲ្យដល់កូន ទាំង៤នាក់ម្នាក់ត្រូវបាន១សែនកហាបណៈទៀត ខ្លួននៅសល់តែសំពត់១ចង្កេះ ប៉ុណ្ណោះ ទៅនៅជាមួយនឹងកូន ច្បងបង្អស់មិនយូរប៉ុន្មានកូនប្រសារកើតសេចក្ដីធុញទ្រាន់ក៏និយាយ ដៀបដាមថា លោកឪពុក ប្រហែលជាមិនស្គាល់ផ្លូវទៅផ្ទះដទៃទៀតទេដឹង បានជាក្រាញនៅតែផ្ទះខ្ញុំ។
ព្រាហ្មណ៍ឮដូច្នោះតូចចិត្តណាស់ក៏បានដើរទៅនៅគ្រប់ផ្ទះកូនទាំង ៤នាក់គេចេះតែបណ្ដេញដូចៗគ្នា គាត់ទ្រាំនៅមិនបាន ក៏ចេញទៅដើរសូមទានគេតាម ច្រកល្ហកផ្ទះបុគ្គលដទៃទៅជាស្គមស្គាំង ព្រោះបរិភោគអាហារនិងដេកមិនស្រួលនឹក អាណិតអាសូរខ្លួនថាៈ ឱ! អាត្មាអញហើយចាស់ ឡើងកាន់តែលំបាកខ្លាំងឡើងមិនសម បើកូនអញវាមិននឹកអាណិតអញបន្តិចបន្តួចសោះ វាលះបង់ចោលអញដូចជាគោចាស់ បើដូច្នេះអញចូលទៅរក ព្រះសមណគោរតមចុះ ក្រែងលោ បានសុខស្រួសបន្តិច លុះគិតដូច្នេះហើយក៏ទៅកាន់សំណាក់ព្រះសម្ពុទ្ធៗ ត្រាស់សួរថាៈ នែព្រាហ្មណ៍ហេតុអ្វីបានជាអ្នកស្គមស្លេកស្លាំងម្លេះ? ។
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានកូន៤នាក់ ឥឡូវ នេះវាត្រូវគំនិតគ្នានឹងប្រពន្ធវាបណ្ដេញខ្ញុំព្រះអង្គចោល។ ម្នាលព្រាហ្មណ៍បើដូច្នោះអ្នកចូររៀនមន្តពី តថាគតហើយសូត្រក្នុងទីប្រជុំជនដែលមានកូនរបស់អ្នកទាំងនោះអង្គុយ នៅជាមួយផងមន្តនោះថាៈ ខ្ញុំត្រេកអរដោយកូនឯណាដែលកើតហើយផង ប្រាថ្នានូវ សេចក្ដីចំរើនដល់កូនឯណាផង កូននោះ សមគំនិតជាមួយប្រពន្ធវា ហើយបណ្ដេញខ្ញុំ ចោលដូច ជាឆ្កែបណ្ដេញជ្រូក កូនជាអសប្បុរស លាមក គ្រាន់តែហៅឪៗ ប៉ុណ្ណោះវាលះបង់ខ្ញុំដែលមាន វ័យចាស់ជ្រុលហើយ កូនខ្ញុំនោះប្រៀបដូចអារក្សទឹកមកក្លែងធ្វើជាកូន ឪពុកចាស់របស់កូនពាល តែងដើរសូមទានប្របផ្ទះអ្នកដទៃ ដូចជាសេះចាស់ប្រើមិន កើតគេនាំចេញចាកចំណី ឈើច្រត់របស់ខ្ញុំនេះប្រសើរ ឯកូនដែលមិនស្ដាប់បង្គាប់មិនប្រសើរឡើយ ត្បិតឈើច្រត់នេះ អាចការពារគោកាច ឆ្កែកាចក៏បាន ច្រត់ទៅខាងមុខ ក្នុងទីងងឹតក៏បាន ស្ទង់ចុះទៅក្នុងទឹកជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ខ្លួនបានដោយអានុភាពនៃឈើច្រត់ ។
លុះព្រាហ្មណ៍ចាស់ រៀនមន្តនេះអំពីសំណាក់ព្រះមានព្រះភាគ ចប់ហើយក៏ចូលទៅកាន់ទីប្រជុំដែលមានកូន៤នាក់ អង្គុយនៅទីនោះផង ហើយសូត្រមន្តនោះ។ សម័យនោះទំនៀមទំលាប់របស់អ្នក ស្រុកប្រកាន់ថា បើកូនណាបាន ទទួលមត៌កពីមាតាបិតា ហើយមិនចិញ្ចឹមវិញត្រូវអ្នក ស្រុកប្រហារជីវិត ។គ្រាន់តែព្រាហ្មណ៍ចាស់សូត្រមន្តចប់ មហាជនផ្អើលឆោឡោរកដំបងព្រនង់ប្រុង វាយកូនទាំង៤ នោះសម្លាប់ចោល។ កូនព្រាហ្មណ៍ទាំង៤ នាក់ភ័យខ្លាំងស្ទុះទៅក្រាបទៀបបាទាបិតា សូមខមាទោសរ៉ាប់រងទំនុកបម្រុងដោយគោរព តទៅកូនម្នាក់ៗ បានជូល សំពត់១ គូនឹងនិច្ចភត្តទៀត។ ព្រាហ្មចាស់កាលបើបានសុខហើយ នឹកឃើញគុណ របស់ព្រះសាស្ដា។ ទើបនាំយកសំពត់៣គូនិងនិច្ចភត្តជាច្រើនទៅថ្វាយព្រះសាស្ដាៗ ទ្រង់ទទួលដោយអនុគ្រោះ។
ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល
ដោយ៥០០០ឆ្នាំ
images/articles/2412/567gy5fy5rthbe5vrtdxgdrf.jpg
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១ (អាន: ១៥,៥៣៧ ដង)
ទិដ្ឋធម្មិកត្ថ
ប្រយោជន៍ក្នុងបច្ចុប្បន្ន ៤ យ៉ាង
១. ឧដ្ឋានសម្បទា
ដល់ព្រមដោយសេចក្ដីព្យាយាម ក្នុងការប្រកបកិច្ចការចិញ្ចឹមជីវិតក្ដី ក្នុងការសិក្សារៀនសូត្រក្ដី ក្នុងកិច្ចធុរៈជាមុខនាទីរបស់ខ្លួនក្ដី
២. អារក្ខសម្បទា
ដល់ព្រមដោយការរក្សា គឺរក្សាដែលរកបានមកដោយសេចក្ដីព្យាយាម មិនឲ្យអន្តរាយទៅក្ដី រក្សាការងារមិនឲ្យសាបសូន្យទៅក្ដី
៣. កល្យាណមិត្តតា
ភាពជាអ្នកមានមិត្តល្អ មិនសេពគប់មិត្តអាក្រក់
៤. សមជីវិតា
ការចិញ្ចឹមជីវិត តាមសមគួរដល់កម្លាំងទ្រព្យដែលរកបានមក គឺមិនត្បិតត្បៀតពេក តែក៏មិនខ្ជះខ្ជាយពេក។
ប្រយោជន៍ទាំងបួនប្រការ ដូចបានពោលរៀបរាប់មកនេះជាផលកើតបានមកអំពីការព្យាយាម ដោយខ្លួនឯងគ្មានអ្នកណាមកចាត់ចែង រកបំពេញឲ្យទេ។ សេចក្ដីសុខសម្រាប់ជីវិតក្នុងបច្ចុប្បន្ន រមែងត្រូវការទ្រព្យសម្បត្តិ វត្ថុគ្រឿងសម្ភារៈចំណេះដឹង ដើម្បីឧបត្ថម្ភគាំទ្រលើកស្ទួយជីវិត ឲ្យមានដំណើរការបានងាយស្រួល ដូច្នេះហើយទើបតម្រូវឲ្យមានការព្យាយាមរក ព្យាយាមរៀនសូត្រអានទន្ទេញ និងត្រូវចេះរក្សាការពារថែទាំរក្សាសន្សំសំចៃទៅតាមសមគួរ នៃទ្រព្យសម្បត្តិ ចំណេះដឹងដែលខ្លួនមាន ដោយមានស្មារតីយប់ថ្ងៃមិនធ្វេសប្រហែស ទៅសេពគប់មិត្រអាក្រក់ នាំឲ្យទៅប្រព្រឹត្តអបាយមុខផ្សេងៗជាហេតុនាំឲ្យវិនាសទ្រព្យ។
ព្រះពុទ្ធោវាទ ពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះបរមសាស្ដាសម្មាសម្ពុទ្ធជាម្ចាស់ គឺគម្ពីរភាពមានជម្រៅនិងវិសាលភាពទូលំទូលាយអស្ចារ្យណាស់ ព្រះអង្គពុំមែនទូន្មានឲ្យមនុស្សលោកគិតត្រឹមតែការស់នៅថ្ងៃនេះ ថ្ងៃស្អែកឬលោកនេះតែម្យ៉ាងនោះទេ គឺឲ្យចេះគិតដល់ជីវិតដែលត្រូវលះលោកនេះទៅកាន់លោកខាងមុខទៀតផង។ ជីវិតត្រូវឆ្លងកាត់លោក ត្រូវដើរផ្លូវឆ្ងាយ ទើបតម្រូវឲ្យត្រៀម ឲ្យព្យាយាមបំពេញប្រយោជន៍បរលោកទៀត។
ដកស្រង់ចេញពីសៀវភៅ គុណមាតាបិតា
រៀបរៀងដោយ ឧបាសក ម៉ិញ សាវ៉ាន
ដោយ៥០០០ឆ្នាំ
images/articles/460/Untitle43452d-1.gif
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ៣៣,៤៩៤ ដង)
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ (ប្រសូត ១១ មីនា ព.ស.២៤២៧/គ.ស.១៨៨៣ សុគត ២៥ កញ្ញា ព.ស.២៥១៣/គ.ស.១៩៦៩) ជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ។
ជាតិបរិច្ឆេទ (កំណត់អំពីជាតិ)
សម្ដេចព្រះសង្ឃរាជ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស.២៤២៧ គឺថ្ងៃទី១១ ខែ មីនា គ.ស.១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ដេចមានព្រះជាតិក្នុងត្រកូលកសិករ ព្រះមាតានៃសម្ដេចនាម យក់ ព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។
កុមារបរិច្ឆេទ (កំណត់អំពីភាពនៃកុមារ)
សម្ដេចកាលឋិតនៅក្នុងកុមារភាព មានព្រះជន្មាយុរវាង១២ឆ្នាំ ព្រះមាតាបិតាបាននាំយកទៅផ្ទុកផ្ដាក់ឲ្យរៀនសូត្រអក្សរសាស្ត្ររបស់ជាតិក្នុងសំណាក់លោកគ្រូសូត្រស្ដាំនាម កែវ ម៉ន វត្តពោធិព្រឹក្ស ហៅវត្តពោល្យំ សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បព្វជ្ជាបរិច្ឆេទ (កំណត់អំពីបព្វជ្ជា)
លុះសម្ដេចមានព្រះជន្មាយុ១៤ឆ្នាំ បានបួសជាសាមណេរ ក្នុងថ្ងៃ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៤៤១ គ.ស.១៨៩៧ នៅបំពេញកិច្ចសិក្សានាវត្តពោធិព្រឹក្ស អស់រយៈកាលពីរឆ្នាំ ទើបចេញអំពីវត្តពោធិព្រឹក្សទៅរៀនសូត្រព្រះបរិយត្តិធម៌ ឯវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់ព្រះពុទ្ធគ្រូ ទេព សោ នាកុដិថែវប្របកំពែងខាងជើងក្នុងកាលព.ស.២៤៤៣ គ.ស.១៨៩៩។
ឧប្បសម្បទាបរិច្ឆេទ (កំណត់អំពីឧបសម្បទា)
សម្ដេច លុះបានព្រះជន្មាយុគម្រប់២១ព្រះវស្សាបានទ្រង់និមន្តត្រឡប់ទៅសូមឧបសម្បទាជាភិក្ខុ ក្នុងវត្តពោធិព្រឹក្សដែលជាវត្តដើមវិញ ដោយមានព្រះតេជព្រះគុណ ព្រះពុទ្ធឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោជាព្រះឧបជ្ឈាយ៍ កាលលោកនៅជាចៅអធិការវត្តពោធិព្រឹក្សមានព្រះតេជព្រះគុណ កែ ម៉ន មិស្សនាគោ ជាគ្រូសូត្រស្ដាំ និងព្រះតេជព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជាគ្រូសូត្រឆ្វេង សូត្របំពេញកិច្ចឧបសម្បទានៅថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៤៤៨ គ.ស.១៩០៤។ សម្ដេចទ្រង់ទទួលព្រះនាមប្បញ្ញត្តិថា ជោតញ្ញាណោ លុះទ្រង់បំពេញឧបសម្បទាជាភិក្ខុភាពរួចហើយ ទ្រង់ក៏និមន្តត្រឡប់មកគង់នៅវត្តឧណ្ណាលោម ទទួលការសិក្សាគន្ថធុរៈវិញទៀត។ អត្ថបទជាអក្សរដិត
បរិយត្តិបរិច្ឆេទ (កំណត់អំពីការសិក្សា)
សម្ដេចព្រះសង្ឃរាជ មានសេចក្ដីព្យាយាមប្រកបដោយថាមពលដ៏ក្លៀវក្លាក្នុងការសិក្សា ទាំងផ្នែកភាសាបាលី ទាំងផ្នែកភាសាឯទៀតៗ មានភាសាបារាំងជាដើម។ ការសិក្សារបស់សម្ដេចព្រះសង្ឃរាជ មានជោគជ័យប្រសើរណាស់ ឃើញមានតែសម្ដេចសង្ឃរាជដែលរៀនចម្រើនលូតលាស់ មានល្បឿនឈ្នះលោកឯទៀតៗ។ សម្ដេចចាប់រៀនដំបូងមេសូត្រ ប្រែមូលកច្ចាយនៈ និងគម្ពីរធម្មបទអំពីព្រះពុទ្ធឃោសាចារ្យព្រះនាម ម៉ា កេត ដែលជាព្រះឧបជ្ឈាយ៍ នៃសម្ដេចព្រះសង្ឃរាជ។
សម្ដេចព្រះសង្ឃរាជ ដែលទ្រង់ចាប់រៀនវិជ្ជាណាមួយ មានវិជ្ជាបាលីជាដើម គឺរៀនដោយយកព្រះទ័យទុកដាក់ ខិតខំប្រឹងប្រែង ឥតមានបន្ធូរបន្ថយក្នុងការសិក្សានោះឡើយ។
សម្ដេចទ្រង់ទទួលការសិក្សានោះគឺ សិក្សាដោយឆន្ទៈដ៏មានកម្លាំងមែនទែន ពុំមែនសិក្សាវិជ្ជាណាមួយដោយលេងៗ ទេ។ វិជ្ជាខាងភាសាបាលី ភាសាសំស្ក្រឹត និងភាសាបារាំង សុទ្ធតែវិជ្ជាដែលប្រដាប់ដោយវេយ្យាករណ៍ហ្មត់ចត់ ជ្រាលជ្រៅលំបាករៀន លំបាកយល់ជាទីបំផុត ប៉ុន្តែសម្ដេចអាចរៀន អាចយល់ច្បាស់លាស់ ដោយឆាប់រហ័សគួរឲ្យកោតសរសើរពន់ពេកណាស់។
សម្ដេចទ្រង់ចេះដឹងយល់ធ្លុះធ្លាយចំពោះវេយ្យាករណ៍គ្រប់ភាសា ដែលសម្ដេចបានរៀន មានវេយ្យាករណ៍បាលីសំស្ក្រឹតជាដើម ទាំងអក្សរសាស្ត្ររបស់ជាតិ និងពាក្យពេចន៍ក្នុងផ្នែកវប្បធម៌បុរាណក៏សម្ដេចចេះចាំយល់ហេតុផលជាច្រើនណាស់។ ភាសាសៀម ភាសាលាវ និងភាសាបារាំង ដែលសម្ដេចបានរៀន អាចនិយាយប្រាស្រ័យទាក់ទងនឹងជនជាតិសៀម ជាតិលាវ និងជាតិបារាំងបាន។ សម្ដេចឈ្លាសវៃប្រសព្វយកតម្រាប់តាមសំឡេងភាសាជាតិដទៃៗឲ្យស្រដៀង ឬដូចភាសាជាតិដទៃបាន។ ភាសាអង់គ្លេស និងភាសាវៀតណាម ក៏សម្ដេចបានរៀន អាចមើល សរសេរនិយាយ ប្រាស្រ័យបានច្រើនដែរ។
ក្នុងសម័យដែលសម្ដេចកំពុងសិក្សាវិជ្ជាខាងបាលីក្នុងរវាងគ.ស.១៩១០ ឃើញថាសម្ដេចមានព្រះកិត្តិស័ព្ទល្បីថា ជាព្រះថេរៈ ស្ទាត់ជំនាញពូកែខាងភាសាបាលី អាចនិយាយភាសាបាលីបានជាងភិក្ខុ សាមណេរឯទៀត ដែលរៀនជាមួយគ្នាក្នុងសម័យនោះ។
នៅព.ស.២៤៥៧ គ.ស.១៩១៣ សម្ដេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាម វិហារព្រះកែវមរកត ចំពោះព្រះភ័ក្ត្រព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិបាន៤ប្រយោគ ដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ។
ព.ស.២៤៥៩ គ.ស.១៩១៥ សម្ដេចទ្រង់បានប្រឡងជាប់លេខ២ បានទទួលការតែងតាំងជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃមានឈ្មោះជាពុទ្ធិកវិទ្យាល័យសុរាម្រឹត។
ក្រៅពីភាសាខ្មែរ ដែលសម្ដេចទ្រង់បានស្រាវជ្រាវយល់ឫសគល់ពិតប្រាកដ សម្ដេចបានសិក្សាភាសាបាលី អាចអាន ឬសន្ទនាតាមសំនៀងជាតិបរទេសបានទាំងអស់ គឺសំនៀងលង្កា ភូមា មន សៀម និងលាវ ឥតមានទើសទាក់់ភ្លាំងភ្លាត់ឡើយ។
ព.ស.២៤៦៦ និង២៤៦៧ គ.ស.១៩២២ និង១៩២៣ សម្ដេចកាលនៅជាព្រះគ្រូសង្ឃសត្ថា (ជាមួយនឹងសម្ដេចព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាលនៅជាព្រះគ្រូសង្ឃវិជ្ជា) បានធ្វើជាសមណៈសិស្ស និមន្តទៅបំពេញវិជ្ជាខាងភាសាសំស្ក្រឹត និងអក្សរសិលាចារឹកជាដើម នៅសាលាបារាំងសែសចុងបូព៌ាប្រទេស នាក្រុងហាណូយ (វៀតណាមខាងជើង) ក្នុងសំណាក់លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិបារាំងសេស ជាចាងហ្វាងសាលានេះ។
បេសកកម្មបរិច្ឆេទ (កំណត់អំពីការទទួលបម្រើកិច្ចការ)
ព.ស.២៤៦៣ គ.ស.១៩១៩ សម្ដេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំតែងវចនានុក្រមខ្មែរ ដែលទ្រង់ជាលេខាធិការ កាន់កិច្ចការផ្ទាល់ លុះត្រាបានចប់ចុងចប់ដើម។
ព.ស.២៤៦៩ គ.ស.១៩២៥ សម្ដេចបានធ្វើជាសមាជិក នៃក្រុមជំនុំពិនិត្យអក្ខរាវិរុទ្ធនៃសៀវភៅនានា ដែលសាលាបាលីជាន់ខ្ពស់ បោះពុម្ពផ្សាយ។
ព.ស.២៤៧០ គ.ស.១៩២៦ តមកជាច្រើនឆ្នាំ សម្ដេចបានទទួលការតែងតាំងជាមេប្រយោគ ក្នុងការប្រឡងយកវិញ្ញាបនប័ត្របឋមសិក្សាខ្មែរ និងការប្រឡងយកសញ្ញាប័ត្របឋមសិក្សាជាន់ខ្ពស់ បារាំង-ខ្មែរ នៅក្រុងភ្នំពេញ។
ព.ស.២៤៧១ គ.ស.១៩២៧ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិក នៃក្រុមជំនុំផ្ទៀងសម្រេចខាងវចនានុក្រមខ្មែរ ហើយសម្ដេចទ្រង់បានទទួលភារៈធ្វើវចនានុក្រម តែមួយព្រះអង្គឯង ដរាបដល់បានចប់សព្វគ្រប់ បានបោះពុម្ពផ្សាយទាំងភាគ១ភាគ២ បាន៥គ្រាហើយ។
ក្នុងឆ្នាំដដែលនេះ សម្ដេចទ្រង់បានទទួលការតែងតាំងជា សមាជិកនៃក្រុមអភិបាលជំនុំផ្ដាច់ឆ្នាំ សម្រាប់បណ្ណាល័យកម្ពុជា ដែលសព្វថ្ងៃហៅថា វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
ព.ស.២៤៧៤ គ.ស.១៩៣០ សម្ដេចទ្រង់បានទទួលការតែងតាំង ក្នុងមុខងារជាចាងហ្វាងរង នៃសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ។
ក្នុងឆ្នាំដដែលនោះ សម្ដេចទ្រង់បានទទួលការតែងតាំងជា សមាជិកជំនួយនៃ ក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ។
ព.ស.២៤៧៦ គ.ស.១៩៣២ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំខាងការស្រាវជ្រាវជ្រើសរើសរកពាក្យពេចន៍ក្នុងផ្ទៃ នៃកវីនិពន្ធខ្មែរបុរាណ ដើម្បីប្រមូលបញ្ចូលពាក្យទាំងនេះ ទៅក្នុងវចនានុក្រមខ្មែរ។
ព.ស.២៤៧៧ គ.ស.១៩៣៣ សម្ដេចទ្រង់បានទទួល ការតែងតាំងជាសមាជិក នៃក្រុមជំនុំពិនិត្យសៀវភៅដែលក្រសួងសិក្សាធិការជាតិបោះពុម្ពផ្សាយ។
ព.ស.២៤៧៨ គ.ស.១៩៣៤ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំជ្រើសរើសពាក្យខ្មែរប្រៀបធៀបនឹងពាក្យបារាំងសម្រាប់ប្រើក្នុងកិច្ចការរាជការ។
ព.ស.២៤៧៩ គ.ស.១៩៣៥ សម្ដេចទ្រង់បានទទួលការតែងតាំងជាសាស្ត្រាចារ្យបង្រៀនភាសាបាលី សំស្ក្រឹត ខ្មែរ និងលាវ ប្រចាំថ្នាក់ទីបំផុតនៃមធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ។
ឋានន្តរបរិច្ឆេទ (កំណត់អំពីឋានន្តរ)
ព.ស.២៤៨៦ គ.ស.១៩៤២ សម្ដេចទ្រង់បានទទួលឋានន្តរ ជាចាងហ្វាងនៃ សាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ ដែលសព្វថ្ងៃកែប្រែឈ្មោះជាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
ព.ស.២៤៨៨ គ.ស.១៩៤៤ សម្ដេចទ្រង់បានទទួលតំណែងជាចៅអធិការវត្តឧណ្ណាលោម។
ព.ស.២៤៨៩ គ.ស.១៩៤៥ សម្ដេចទ្រង់បានទទួលនាទីជាអធិបតីនៃថេរសភា គឺក្រុមជំនុំជាន់ខ្ពស់របស់សង្ឃ។
ព.ស.២៤៩១ គ.ស.១៩៤៧ សម្ដេចទ្រង់បានទទួលនាទីជាអនុប្រធានគណៈកម្មការវប្បធម៌ផ្នែកអក្សរ ក នៃ គណៈកម្មការជាតិខាងការសិក្សា។
ព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចទ្រង់បានទទួលនាទីជាប្រធានគណៈកម្មការធម្មវិន័យពិនិត្យការផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យក្នុងព្រះរាជាណាចក្រ។
គ.ស.១៩៦១ រហូតមក សម្ដេចទ្រង់ប្រោសមេត្តាទទួលនិមន្តរបស់សមាគមអ្នកនិពន្ធខ្មែរធ្វើជាព្រះប្រធាននៃ ការសម្ភាសអក្សរសាស្ត្រ ផ្សាយតាមវិទ្យុជាតិរៀងរាល់ថ្ងៃសុក្រ។
គ.ស.១៩៦៨ ទ្រង់ទទួលឋានៈជាប្រធានគណៈកម្មការពិនិត្យអត្ថបទផ្សាយជារឿងខាងប្រវត្តិសាស្ត្រខ្មែរ។
គ.ស.១៩៦៩ ព្រះអង្គទ្រង់ទទួលការតែងតាំងជាប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ។
ព្រះកិច្ចការដែលសម្ដេចទ្រង់បានបំពេញក្នុងព្រះពុទ្ធសាសនានៅបរទេស
នៅព.ស.២៤៧៥ គ.ស.១៩៣១ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូនៃមន្ត្រីសង្ឃ ទៅកាន់ក្រុងវៀងច័ន្ទន៍ និងក្រុងហ្លួងព្រះបាង ប្រទេសលាវ ដើម្បីរួបរួមក្នុងពិធីសម្ពោធពុទ្ធសាសនបណ្ឌិត្យ ប្រទេសលាវ ផង ដើម្បីជំនុំពិភាក្សាអំពីការសិក្សាសម្រាប់សាលាបាលីរងនៅប្រទេសលាវផង។
ព.ស.២៤៧៧ គ.ស.១៩៣៣ សម្ដេចទ្រង់បានដឹកនាំ គណៈប្រតិភូព្រះសង្ឃខ្មែរទៅធ្វើទស្សនាចរណ៍ចំពោះវត្តខ្មែរទាំងឡាយក្នុងដែនកូសាំងស៊ីន កម្ពុជាក្រោម។
នៅព.ស.២៤៨៣ គ.ស.១៩៣៩ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូមួយទៅកាន់ប្រទេសលាវម្ដងទៀត ដើម្បីប្រជុំប្រឹក្សាកិច្ចការ នៃពុទ្ធសាសនបណ្ឌិត្យប្រទេសលាវ និងការសិក្សាសម្រាប់សាលាបាលីនៅប្រទេសលាវផង ដើម្បីជួយរំលឹកដាស់តឿនប្រជាជាតិលាវឲ្យមានការសិក្សាព្រះបរិយត្តធម៌ និងការប្រតិបត្តិព្រះពុទ្ធសាសនា ឲ្យស្របគ្នាតាមរបៀបការសិក្សា និងការប្រតិបត្តិព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា ទាំងប្រជាជាតិនៅក្នុងទីប្រជុំជន និងក្នុងខេត្តនានា នៃព្រះរាជាណាចក្រលាវ ខំប្រឹងយកចិត្តទុកដាក់ក្នុងការសិក្សា និងការប្រតិបត្តិឲ្យបានត្រឹមត្រង់គន្លងព្រះពុទ្ធសាសនាផង។
ព.ស.២៤៨៧ គ.ស.១៩៤៣ សម្ដេចទ្រង់បានទទួលនាទីជាសមាជិកឆ្លើយឆ្លងនៃសាលាបារាំងសែសនៅចុងបូព៌ាប្រទេស ហើយនៅព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចបានទ្រង់ទទួលនាទីជាសមាជិកកិត្តិយសនៃសាលានេះដរាបមក។
ព.ស.២៤៩៤ គ.ស.១៩៥០ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរនៅប្រជុំសន្និសីទដើម្បីបង្កើតពុទ្ធិកសមាគមពិភពលោកនៅក្រុងកោលម្បូ ប្រទេសស្រីលង្កាទ្វីប។
នៅព.ស.២៤៩៧ គ.ស.១៩៥៣ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរទៅបំពេញបេសកកម្មសុឆន្ទៈប្រឹក្សាសម្រេចរឿងឆដ្ឋសង្គាយនា នៅក្រុងរង្គូន សហភាពភូមា។
ក្នុងឆ្នាំជាបន្ទាប់នៅព.ស.២៤៩៨ គ.ស.១៩៥៤ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរនិមន្តនៅកាន់ក្រុងរង្គូន ប្រទេសភូមាម្ដងទៀត ដើម្បីរួបរួមក្នុងការប្រជុំធ្វើឆដ្ឋសង្គាយនាសម័យប្រជុំដំបូង។
កន្លងមួយឆ្នាំក្រោយមក ព.ស.២៤៩៩ គ.ស.១៩៥៥ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ទីឆដ្ឋសង្គាយ នៅក្រុងរង្គូន ប្រទេសភូមា ជាលើកទីបីដើម្បីប្រជុំ ហើយបិទសម័យប្រជុំប្រចាំឆ្នាំ។
នៅព.ស.២៥០៣ គ.ស.១៩៥៩ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ក្រុងជកត៌ា និងក្រុងសឹម៉ារ៉ាំង កោះជ្វា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងពិធីបុណ្យវិសាខបូជា។
ព.ស.២៥០៣ ចូលរួមពិធីបញ្ចុះខណ្ឌសីមា និងពិធីសន្មតរោងឧបោសថ ព្រមទាំងជាព្រះឧបជ្ឈាយ៍បំបួសកុលបុត្រ អ្នកប្រទេសនោះចំនួនបីរូបផង។
សមណសក្ដិបរិច្ឆេទ (កំណត់អំពីសមណស័ក្តិ)
ដោយព្រះមហាវិរិយភាពរបស់សម្ដេច ដែលទ្រង់បានបំពេញទាំងផ្លូវព្រះពុទ្ធសាសនា ទាំងផ្លូវលោកដែលយើងបានឃើញជាភស្តុតាង សម្ដេចក៏បានឡើងសមណស័ក្តិជាលំដាប់លំដោយ ដូចតទៅនេះគឺ៖
ព.ស.២៤៥៤ គ.ស.១៩១០ សម្ដេចបានទទួលការតែងតាំងក្នុងសមណស័ក្តិ ជាព្រះបាឡាត់សាក្យបុត្តិយ៍ (បាឡាត់របស់ព្រះសក្យវង្ស នុត វត្តឧណ្ណាលោម)។
ព.ស.២៤៥៦ គ.ស.១៩១២ សម្ដេចបានទទួលសមណស័ក្តិជាព្រះគ្រូសង្ឃសត្ថា (ទីឋានានុក្រម សម្រាប់ថ្នាក់ឯករបស់សម្ដេចព្រះសង្ឃរាជព្រះនាម ទៀង)។
ព.ស.២៤៧៥ គ.ស.១៩៣១ សម្ដេចបានឡើងសមណស័ក្តិជាព្រះសាសនសោភ័ណ (រាជាគណៈកិត្តិយស)។
ព.ស.២៤៨៤ គ.ស.១៩៤០ សម្ដេចបានឡើងសមណស័ក្តិជាព្រះពុទ្ធឃោសាចារ្យ (រាជាគណៈថ្នាក់ទី២)។
ព.ស.២៤៨៨ គ.ស.១៩៤៤ សម្ដេចបានឡើងជាសមណស័ក្តិជាព្រះពោធិវ័ង្ស (រាជាគណៈថ្នាក់ទី១)។
ព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចបានឡើងសមណស័ក្តិខ្ពស់បំផុតជាព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ។
ព.ស.២៤៩៤ គ.ស.១៩៥០ ព្រះករុណាជាអម្ចាស់ជីវិតទ្រង់បានប្រោសប្រទានប្រគេនព្រះឋានៈជាសម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ។
លុះដល់មកព.ស.២៤៩៨ គ.ស.១៩៥៤ រដ្ឋាភិបាលសហភាពភូមាបានប្រគេនព្រះឋានៈសម្ដេចជា ព្រះអគ្គមហាបណ្ឌិតសហភាពភូមា។
ស្រាប់តែដល់មកព.ស.២៥០១ គ.ស.១៩៥៧ រដ្ឋាភិបាលសហភាពភូមា បានសូមតម្លើងព្រះឋានៈសម្ដេចជា ព្រះអភិធជៈមហារដ្ឋគរុ នៃសហភាពភូមាទៀត ដែលជាសមណស័ក្តិដ៏ខ្ពស់បំផុតមានតែមួយអង្គក្នុងសហភាពភូមា។
ខែកុម្ភៈ គ.ស.១៩៦៤ អ្នកនិពន្ធខ្មែរទាំងអស់បានថ្វាយព្រះឋានៈព្រះអង្គជា ព្រះអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរផង។
ព.ស.២៥០៧ គ.ស.១៩៦៣ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជា ទ្រង់បានប្រោសប្រទានព្រះឋានៈសម្ដេចជា សម្ដេចព្រះសង្ឃរាជថ្នាក់ទី១។
ថ្ងៃទី២៨ ឧសភា ១៩៦៧ ទ្រង់បានទទួលសញ្ញាប័ត្របណ្ឌិតអក្សរសាស្ត្រ ពេញលក្ខណៈអំពីសម្ដេចព្រះប្រមុខរដ្ឋក្នុងនាមមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ នៃភូមិន្ទសកលវិទ្យាល័យ។
ឥស្សរិយបរិច្ឆេទ (កំណត់អំពីឥស្សរិយយស)
គ្រឿងឥស្សរិយយសដែលសម្ដេចបានទទួលមានដូចតទៅនេះ គឺ៖
មេដាយអស្សឫទ្ធិមុនីសារភរណ៍ នៅព.ស.២៤៦១ គ.ស.១៩១៧។
មេដាយអស្សឫទ្ធិព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៤៦៧ គ.ស.១៩៣២។
មេដាយអស្សឫទ្ធិដំរីមួយលាន និងស្វេតច្ឆត្រ ប្រទេសលាវ នៅព.ស.២៤៧៦ គ.ស.១៩៣២។
មេដាយសេនានៃបណ្ឌិតសភា សាធារណរដ្ឋបារាំង នៅព.ស.២៤៨១ គ.ស.១៩៣៧។
មេដាយអស្សឫទ្ធិដឹឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង នៅព.ស.២៤៨៦ គ.ស.១៩៤២។
មេដាយសេនា នៃព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៤៨៨ គ.ស.១៩៤៤។
មេដាយសេនាដឹឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង នៅព.ស.២៤៩២ គ.ស.១៩៤៨។
មេដាយមហាសិរីវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៥០៥ គ.ស.១៩៦២។
មេដាយមហាសិរីវឌ្ឍសុវត្ថារា នៅព.ស.២៥០៦ គ.ស.១៩៦៣។
មេដាយជាតូបការ ដែលជាគ្រឿងឥស្សរិយយសធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៥១៣ គ.ស.១៩៦៩។
ពុទ្ធវុឌ្ឍិបរិច្ឆេទ (កំណត់អំពីការធ្វើសេចក្ដីចម្រើនក្នុងផ្លូវលោក និងផ្លូវព្រះពុទ្ធសាសនា)
កិច្ចការឯទៀតរបស់សម្ដេច ក្រៅពីមុខការខាងសិក្សាដែលសុទ្ធតែជាការមានប្រយោជន៍ជាសាធារណៈក្នុងព្រះពុទ្ធសាសនា និងប្រទេសជាតិនោះ នៅមានច្រើនទៅទៀត និយាយដោយសង្ខេបគឺចាប់តាំងពីឆ្នាំឆ្លូវសប្តស័ក ព.ស.២៤៧០ គ.ស.១៩២៤ រៀងមក សម្ដេចបានធ្វើការឧបត្ថម្ភវត្តពោធិព្រឹក្ស (ហៅវត្តពោល្យំ) ក្នុងសង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានព្រំប្រទល់ជាប់គ្នានឹងសង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាទីជាតិភូមិរបស់សម្ដេច ដូចមានសេនាសនភ័ណ្ឌតទៅនេះ៖
សម្ដេចបានជាវដីជុំវិញវត្តចំនួនជាង៣ហិកតា ពង្រីកទីវត្តឲ្យធំទូលាយច្រើនជាងពីដើម។
បានជួយឧបត្ថម្ភលើកថ្នល់ ភ្ជាប់ពីថ្នល់ជាតិចូលមកវត្តសុរភី និងពោធិព្រឹក្ស រួមចម្ងាយ៣គឺឡូម៉ែត្រ។
បានស្ថាបនាវិហារបេតុងអារម៉េ សាលាបាលីរង (ពុទ្ធិកបឋមសិក្សា) រៀបចំទីវត្តពោធិព្រឹក្សទាំងមូល ឲ្យមានទេសភាពសមរម្យតាមសម័យនិយម។
បានស្ថាបនាស្ពានធំមួយ និងស្ពានតូចមួយសុទ្ធតែបេតុងអារម៉េ ឆ្លងស្ទឹងតូចរាំងព្រំប្រទល់ សង្កាត់រលាំងកែន និងសង្កាត់រកាកោះ។
បានឧបត្ថម្ភក្នុងការស្ថាបនាសាលាបឋមសិក្សាបំពេញវិជ្ជា សុរភីពោធិព្រឹក្ស៣ខ្នង តាំងពីគ.ស.១៩៤៨ រៀងរហូតដល់សាលានេះឡើងដល់ថ្នាក់ឧត្ដមដ្ឋាន សម្រាប់កូនចៅអ្នកស្រុកជើងវត្តសុរភី និងវត្តពោធិព្រឹក្ស។
បានឧបត្ថម្ភឲ្យគេធ្វើថ្នល់លំមួយ ចាក់ក្រួសបាយក្រៀម ប្រើការបានដោយស្រួល។
បានជាវទីដី៣ហិកតាកន្លះទុកដាក់ជាសាសនសម្បត្តិរៀងទៅ។
បានស្ថាបនាខ្លោងទ្វាររបងអារម៉េមួយ។
បានស្ថាបនា អាវសថសាលា (សាលាសំណាក់) ១ខ្នង។
បានចាត់ការឲ្យជីកស្រះមួយទំហំ១០០ម៉ែត្របួនជ្រុង នៅត្រង់ទីថ្នល់បែកចេញពីថ្នល់ជាតិក្នុងសង្កាត់រកាកោះ។
បានជួយឧបត្ដម្ភជីកអណ្ដូងបុកប្រើស្នប់៣កន្លែង។
បានស្ថាបនាគិលានដ្ឋានមួយខ្នង ប្រសូតិគ្រឹះ (មន្ទីរសម្ភព) មួយខ្នង ដោយបេតុងអារម៉េ។
បានធ្វើកំពែងបេតុងអារម៉េ បណ្ដោយ១០០ម៉ែត្រ ទទឹង៥២ម៉ែត្រ ព័ទ្ធជុំវិញមន្ទីរពេទ្យទាំងពីរខ្នងនេះ។
បានស្ថាបនាអគារគព្ភិនីសំណាក់ក្នុងកំពែងនោះដែរ។
បានស្ថាបនាអគារបេតុងអារម៉េ២ខ្នង ក្រៅកំពែងនោះសម្រាប់គិលានសមណៈ។
បានចាត់ការឲ្យលើកទំនប់ទឹក១កន្លែងបណ្ដោយ៩០០ម៉ែត្រ ទទឹង៨០០ម៉ែត្រ (ដោយសម្ដេចព្រះនរោត្ដម សីហនុ ឧបយុវរាជព្រះប្រមុខរដ្ឋ ទ្រង់សព្វព្រះទ័យបានប្រោសប្រទានព្រះរាជានុញ្ញាតឲ្យលើកទំនប់ទឹកនោះ)។
បានឧបត្ថម្ភឲ្យវេយ្យាវច្ចករដាំដំណាំលើទីដីខាងលើនេះ ជាប្រយោជន៍ដល់គិលានដ្ឋាន និងប្រសូតិគ្រឹះរបស់សម្ដេចទៅក្នុងអនាគតកាល (ស្ថាបនកម្មទាំងនេះនៅក្នុងភូមិស្រែបន្ទាយ សង្កាត់រកាកោះ)។
បានលះបង់ទីដីមួយកន្លែង ដែលសម្ដេចបានជាវហើយនោះជូនព្រះរាជរដ្ឋាភិបាលឲ្យស្ថាបនាអគារមណ្ឌលនីតិកម្ម (ប៉ុស្តិប៉ូលីស) និងមន្ទីររាជសហករណ៍។ល។
បានផ្ដើមគំនិតធ្វើសមាគមកសាងមន្ទីរពេទ្យព្រះសង្ឃ ក្រុងភ្នំពេញ។
បានកសាងវិហារវត្តឧណ្ណាលោម ដែលជាវិហារធំបំផុតជាងវិហារទាំងអស់ក្នុងប្រទេសកម្ពុជា ហើយមានបីជាន់ ក្នុងព.ស.២៤៩៩ គ.ស.១៩៥៦។
បានផ្ដើមកសាងព្រះសក្យមុនីចេតិយនៅខាងកើតស្ថានីយ៍រាជាយស្ម័យយាន។
បានទំនុកបម្រុង ព្រមទាំងចាត់ចែងសមណនិស្សិតបញ្ជូនឲ្យទៅរៀនឯបរទេស មានប្រទេសឥណ្ឌា ភូមាជាដើម។
បានបង្កើតការសិក្សាធម្មវិន័យ ដើម្បីសិក្ខាកាមកុលបុត្រទូទៅពេញប្រទេសកម្ពុជា។
បានបង្កើតការអប់រំយុវជនដោយសីលធម៌ដែលនៅក្នុងវត្តឧណ្ណាលោម ឬវត្តឯទៀតៗ ដែលមានយុវជននៅវត្តជាច្រើននាក់។
បានផ្ដើមកសាងឈាបនដ្ឋាន (ទីបូជាសព) ក្នុងវត្តឧណ្ណាលោម ដែលមានលោកអ្នកឧកញ៉ាតេជះ តាន់ ម៉ៅ ជាអ្នកចេញប្រាក់កសាងឲ្យកើតមានក្នុងប្រទេសកម្ពុជាមុនដំបូងបង្អស់ គ.ស.១៩៥៣។
បានផ្ដើមសង់ឧបដ្ឋានសាលាសម្រាប់មន្ត្រីសង្ឃ ដែលនិមន្តមកក្នុងឱកាសអនុសំវច្ឆរមហាសន្និបាត ដើម្បីប្រជុំទទួលភត្តាហារ និងសម្រាប់ភ្ជុំបិណ្ឌដែលគហបតី លី ស៊ុនងន, ឧបាសិកា តាន់ ស៊ីប៊ី ចេញប្រាក់កសាង។
បានបង្កើតឲ្យមានការហាត់រៀនប្រឡងសូត្របាតិមោក្ខបាលី។
បានរៀបចំតាំងគណៈកម្មការសង្ឃ និងគណៈកម្មការគ្រហស្ថតាមផ្លូវការគ្រប់វត្តទាំងអស់ ដើម្បីរៀបចំទីវត្តឲ្យស្អាត ទាំងមានរបៀបរៀបរយ តាំងពីឆ្នាំ១៩៥៥ដរាបមក។
ស្នាព្រះហស្តខាងអក្សរសាស្ត្រនៃសម្ដេចព្រះសង្ឃរាជ
ព្រះសង្ឃរាជ បានកសាងគម្ពីរដីកាជាច្រើនណាស់ ទាំងគម្ពីរស្លឹករឹត ទាំងសៀវភៅ ជាពិសេស គឺសៀវភៅដែលសម្ដេចប្រមូលរៀបរៀង និងសៀវភៅដែលទ្រង់ប្រែពីបាលីមកជាភាសាខ្មែរ សម្រាប់ពុទ្ធបរិស័ទរៀនសូត្រ។ សៀវភៅខ្លះជាសៀវភៅដែលកម្រនឹងធ្វើកើត ទាំងមានប្រយោជន៍ជាច្រើនណាស់គឺ៖
១. វចនានុក្រមខ្មែរ មាន២ភាគ ក្នុងព.ស.២៤៦១ គ.ស.១៩១៧ សៀវភៅនេះបានបោះពុម្ពច្រើនគ្រាមកហើយ។
២. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍បាលី) មាន២ភាគ តាំងពីព.ស.២៤៦២ គ.ស.១៩១៨ បានបោះពុម្ពច្រើនគ្រាហើយ។
៣. គហិបដិបត្តិ ក្នុងព.ស.២៤៦៨ គ.ស.១៩២៦ ជាមួយនឹងព្រះឧត្ដមមុនី អ៊ុម ស៊ូ និងព្រះពោធិវ័ង្ស ហួត តាត តាមបញ្ជានៃព្រះតេជព្រះគុណព្រះមហាវិមលធម្ម ថោង (ពុទ្ធសាសនបណ្ឌិត្យ)។
៤. សាមណេរវិន័យ ក្នុងព.ស.២៤៦០ គ.ស.១៩១៧ ជាមួយនឹងព្រះថេរៈទាំងពីរព្រះអង្គខាងលើនេះដែរ។
៥. បាតិមោក្ខសំវរសង្ខេប (សម្រាយ) ព.ស.២៤៧០ គ.ស.១៩២៨ បានបោះពុម្ពច្រើនគ្រាហើយ។ មានសៀវភៅឯទៀតៗជាច្រើនដែលជាបន្ទាប់បន្សំ។
៦. កាព្យលោកធម៌ បោះពុម្ពដំបូងក្នុងព.ស.២៥០០ គ.ស.១៩៥៧។ កាព្យនេះទ្រង់តែងកាលនៅជាព្រះគ្រូសង្ឃសត្ថា។
៧. នាគោបមាទិកថា ព.ស.២៤៧៥ គ.ស.១៩៣៣។
៨. ព.ស.២៤៨៤ គ.ស.១៩៤១ សម្ដេចបានតែងសុភមង្គលគាថាបាលីបឋ្យាវត្ត៧គាថា ព្រមទាំងប្រែជាសម្រាយផង សម្រាប់សូត្រថ្វាយសុភមង្គលសួស្ដីចំពោះព្រះករុណាជាអម្ចាស់ជីវិត ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុវរ្ម័ន។
៩. បព្វជ្ជាខន្ធកៈពិស្ដារ។
១០. ចីវរក្ខន្ធៈពិស្ដារ។
១១. អត្ថបទ ផ្សេងៗជាច្រើនក្នុងទស្សនាវដ្ដីកម្ពុជសុរិយារបស់ពុទ្ធសាសន បណ្ឌិត្យ តាំងពីឆ្នាំ១៩២៦ និងឆ្នាំតៗមក ដែលពុំអាចស្រាវជ្រាវមកដាក់ក្នុងទីនេះបានដោយពេលមមាញឹក ព្រមទាំងអត្ថបទធម៌ឯទៀតៗជាច្រើន ដែលបោះពុម្ពចុះក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រ។
១២. បាន ពិនិត្យកែសម្រួលពាក្យពេចន៍របស់គណៈកម្មការខេមរយានកម្ម ដោយព្រះមេត្តាជួយឲ្យគណៈកម្មការនេះជារបស់ក្រសួងអប់រំជាតិ បានរួបរួមបោះពុម្ពជាសៀវភៅទស្សនាវដ្ដីសម្រាប់បង្រៀនសិស្សផ្នែក មធ្យមសិក្សាចេញរៀងរាល់ខែ។ ព្រះកេរ្តិ៍មួយសំខាន់ណាស់ដែលរលឹកឃើញបានរាល់ថ្ងៃ គឺព្រះរាជនិពន្ធទំនុកច្រៀង បទនគររាជ សម្រាប់ភ្លេងជាតិខ្មែរ ទ្រង់បាននិពន្ធពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤១ និងទំនុក ព្រមទាំងបទ សរភញ្ញ ដែលទ្រង់បាននិពន្ធកាលពីឱកាសបុណ្យពុទ្ធសករាជ២៥០០។
ព្រះគុណសម្បត្តិនៃសម្ដេចព្រះសង្ឃរាជ
ព្រះគុណសម្បត្តិនៃសម្ដេចជាអម្ចាស់មានច្រើនយ៉ាងណាស់ ប៉ុន្តែយើងខ្ញុំបានពិចារណាដោយហ្មត់ចត់ ហើយសរសេររួបរួមប្រមូលយកចំពោះតែគោលធំៗ ដោយសង្ខេបមានប្រាំយ៉ាង ដូចសេចក្ដីរៀបរៀងវែកញែកតទៅនេះ៖
១. វីរិយភាព “ការព្យាយាមក្នុងការសិក្សា”
២. បដិភាណប្បញ្ញា “ប្រាជ្ញាវាងវៃ”
៣. វេសារជ្ជប្បញ្ញា “បញ្ញាក្លៀវក្លាអង់អាច”
៤. ធម្មទេសនាកោសល្យ “ភាពឈ្លាសវៃក្នុងធម្មទេសនា”
៥. បណីតសកម្មភាព “សកម្មភាពដ៏ប្រសើរ”
អធិប្បាយពង្រីកសេចក្ដីចំពោះគុណសម្បត្តិនីមួយៗ
១. វីរិយភាព នៃសម្ដេចជាអម្ចាស់ ដែលមនុស្សចាស់ទុំធ្លាប់បានសង្កេតតាំងពីសម្ដេចមានព្រះជន្មនៅ ក្មេង គឺតាំងពីនៅជាសាមណេរដរាបមករហូតដល់សម្ដេចមានព្រះជន្មជ្រុលចូល មកបច្ឆិមវ័យហើយ ក៏នៅតែព្យាយាមឥតមានបន្ធូរបន្ថយបញ្ឈប់សេចក្ដីព្យាយាមនោះឡើយ សូម្បីព្រះអង្គមានសមណៈស័ក្តិដ៏ខ្ពស់បំផុតទីជាសម្ដេចព្រះសង្ឃរាជ ហើយក៏ដោយ។ វីរិយភាព នេះប្រែថា សេចក្ដីព្យាយាម ឬថាប្រឹងប្រែង រាប់ថាជាបារមីមួយរបស់ព្រះពោធិសត្វដែលយើងធ្លាប់ចេះដឹងមកហើយ ហៅថា វីរយៈបារមី។
បណ្ដាកិច្ចការគ្រប់យ៉ាង រមែងប្រកបដោយឧបសគ្គ គឺធម៌ជាគរឿងរារាំងបើមិនច្រើនក៏តិច តែថាបើសេចក្ដីព្យាយាម មានកម្លាំងក្លៀវក្លា ក៏អាចពុះពារចំពោះឧបសគ្គនោះបានដោយពិតសម្ដេចព្រះសង្ឃរាជទ្រង់មាន វីរយៈធម៌ដ៏រឹងប៉ឹងជាទីបំផុត បានជាព្រះអង្គចេះតែមានជ័យជម្នះសង្កត់ទៅលើឧបសគ្គគ្រប់យ៉ាងបាន ជាដរាប ទោះបីព្រះអង្គហត់នឿយណាស់ ប៉ុន្តែព្រះអង្គមិនសូវចេះត្អូញត្អែរឡើយ។ ករណីកិច្ចណាមួយដែលគេត្រូវធ្វើដោយកាយក្ដី ដោយវាចាក្ដី ដោយចិត្តក្ដី អាចសម្រេចទៅបានដោយកម្លាំង នៃសេចក្ដីព្យាយាមទាំងអស់។ ឥរិយាបទទាំង៤ គឺការដើរ ឈរ អង្គុយ ដេក ដែលនាំឲ្យសម្រេចប្រយោជន៍ទៅបាន ដ៏ដោយគុណានុភាពនៃសេចក្ដីព្យាយាមដែរ។
សម្ដេចព្រះសង្ឃរាជ ព្រះអង្គមានវីរិយបារមីដ៏បរិបូណ៌ណាស់ សូម្បីសម្ដេចដែលមានព្រះជន្ម៨៦ឆ្នាំហើយ ក៏នៅបំពេញកិច្ចការរបស់ព្រះអង្គឥតមានបន្ធូរបន្ថយព្រះកាយពលឡើយ។ ដូចយ៉ាងព្រះអង្គចាប់ធ្វើវចនានុក្រមខ្មែរ ទ្រង់ឥតមានសំចៃកម្លាំង និងពេលវេលាទេ។ សម្ដេចយកពេលយប់ធ្វើជាថ្ងៃ យកពេលថ្ងៃធ្វើជាយប់ ខំប្រឹងសរសេររៀបរៀង តាំងពីព្រលប់រហូតដល់ភ្លឺក៏មាន លុះទ្រង់សោយយាគូរួច ចាប់សរសេរតទៅទៀត ទាល់តែដល់ពេលម៉ោង១១ក៏មាន។ ក្នុងរយៈវេលាយប់មួយ សម្ដេចទ្រង់បានផ្ទុំក្នុងរវាង៤ ឬ៥ម៉ោងប៉ុណ្ណោះ។ ការប្រព្រឹត្តដោយសេចក្ដីព្យាយាម នៃសម្ដេចព្រះសង្ឃរាជនេះជាការកម្រមនុស្សធ្វើបានណាស់។
អានបន្តទៅប្រភពដើម
ដោយ៥០០០ឆ្នាំ
images/articles/246/20_______________ube.jpg
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ១៣៤,៥៧១ ដង)
ព្រះរាជជីវប្រវត្តិនៃសម្ដេច
ព្រះមហាសុមេធាធិបតី ជួន ណាត
ព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ
រៀបរៀងដោយព្រះមុនីកោសល សូរ ហាយ តាមឯកសារខ្លះរបស់ព្រះឃោសធម្ម ប៉ុណ្យ សុម្ភោជ និងលោកទ្រិញ វ៉ាញ ១៩៧០ (ចម្លងចេញពីទស្សនាវដ្ដី អក្សរសាស្ត្រ មនុស្សសាស្ត្រ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) លេខពិសេស ខែធ្នូ ឆ្នាំ១៩៩៨ និងលេខពិសេស ខែមករា កុម្ភៈ មីនា ឆ្នាំ១៩៩៩។
ខ្ញុំព្រះករុណាអាត្មាភាព ជាសមាជិកនៃ គណៈកម្មការឃោសនា ដោយមានលោកទ្រិញ វ៉ាញ ជាប្រធាននៃគណៈកម្មការ អស់លោកជាសមាជិកគណៈកម្មការទាំងអស់មានលោក លាង ហាប់អាន ជាដើម បានផ្ទុកផ្ដាក់នូវការស្រាវជ្រាវរៀបរៀងព្រះរាជជីវប្រវត្តិ នៃសម្ដេចព្រះសង្ឃរាជមកលើខ្ញុំព្រះករុណាអាត្មាភាព ដូចមានលិខិតលេខ ៨៤៤ ព.ប ចុះថ្ងៃ ទី៧ ខែតុលា ឆ្នាំ១៩៦៩ ជាលិខិតលោក លាង ហាប់អាន នាយកវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលតម្រូវមកលើខ្លួនខ្ញុំព្រះករុណាអត្មាភាពឲ្យស្រាវជ្រាវ រៀបរៀងព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះសង្ឃរាជជាអម្ចាស់។
ខ្ញុំព្រះករុណាអត្មាភាព សូមទទួលការនេះដោយគោរព តាមសមានឆន្ទៈនៃគណៈកម្មការ។ ព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះសង្ឃរាជនេះ ខ្ញុំព្រះករុណាអត្មាភាពសូមចែកជាបរិច្ឆេទ១២ ដើម្បីឲ្យងាយមើលចំណាំក្នុងបរិច្ឆេទមួយៗ តាមរយៈកាលនៃព្រះជីវភាព ព្រះវីរយភាព និងព្រះករណីយកិច្ចនៃ សម្ដេចព្រះសង្ឃរាជ ព្រមទាំងឲ្យងាយស្រួលក្នុងការរៀបរៀងវែកញែកសេចក្ដី ដូចតទៅនេះអានបន្តសូមចុច
ដោយ៥០០០ឆ្នាំ
images/articles/245/202___wer.jpg
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ៨៧,៦២៤ ដង)
ខាងក្រោមគឺជាវីដេអូ ដែលលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស បានសម្តែងប្រាប់អំពី ជីវប្រវត្តិរបស់ខ្លួនដោយសង្ខេប និងសាច់ធម៌ផ្សេងៗ ដែលខ្ញុំព្រះករុណា ខ្ញុំបាទ (ស្រុង ចាន់ណា) បានស្រង់ចាក ខ្សែអាត់ អាល់ប៊ុមសម្តែងធម៌ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក (សម្តែងកាលពី ២៥ឆ្នាំ មុន) ។
សូមធ្វើការសន្តាប់ដូចតទៅ៖
មើលវីដេអូមិនឃើញ ចុចទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/249/20sssaqer.jpg
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ៧២,៥៥៦ ដង)
ជាបឋម ខ្ញុំសូមជម្រាបពុទ្ធបរិស័ទថា ជីវប្រវត្តិនេះ សុជាខ្ញុំរៀបចំសរសេរឡើងដោយផ្ទាល់ដៃខ្លួនឯង ។ ជាធម្មតា ជីវប្រវត្តិនៃបុគ្គលម្នាក់ៗ តែងត្រូវបានសរសេររៀបរាប់ដោយបុគ្គលដទៃ ជំនួសសាមីជីវិត ។អ្នកសរសេរតែងតែនិយាយសរសើរ ឬអួតជំនួសម្ចាស់ជីវិត ។ ការនេះ ព្រោះហេតុអ្វី? ព្រោះអ្នកសរសេរ ពុំបានដឹងចិត្ត ឬបំណងរបស់សាមីជីវិតច្បាស់លាស់ផង ចង់លើកតម្កើងនូវតម្លៃនៃជីវិតរបស់បុគ្គលដែលខ្លួនសរសេរផង ។ មូលហេតុនេះហើយ ដែលនាំឲ្យជីវប្រវត្តិ ខុសឃ្លាតចាកសេចក្តីពិតយ៉ាងច្រើន ។
សុជាខ្ញុំ មិនមែនជាអ្នកប្រាជ្ញ និងមិនមែនជាមនុស្សអស្ចារ្យ ដែលគេមិនអាចបំភ្លេចបាន ក្រោយពេលដែលលាចាកលោកនោះទេ ប៉ុន្តែដោយមិនចង់ឲ្យជីវប្រវត្តិរបស់ខ្លួន ពោរពេញដោយភាពអំនួត ឬមិនត្រឹមត្រូវតាមសេចក្តីពិត ទើបឆ្លៀតឪកាសដែលខ្លួនកំពុងមានជីវិតនៅឡើយ សរសេរជីវប្រវត្តិនេះឡើង ។ ការសរសេរនេះ ពុំមែនមានន័យថា សុជាខ្ញុំចង់អួតពីជីវិតខ្លួនឯងទេ គឺមានន័យថា ខ្ញុំគោរពសច្ចធម៌ និងគោរពគណៈសិស្សគ្រប់គ្នា ។ និយាយបែបនេះហាក់ដូចជាខ្ញុំបានដឹងច្បាស់ថា ខ្លួនឯងត្រូវស្លាប់ពេលណាអ៊ីចឹង ។
តាមពិតខ្ញុំមិនដឹងទេ គ្រាន់តែដឹងតាមព្រះពុទ្ធដីកាថា ជីវិតមិនទៀង តែសេចក្តីស្លាប់ទៀង ។ សុជាខ្ញុំ ធ្លាប់មានអាពាធធ្ងន់ស្ទើរតែដាច់ជីវិតច្រើនលើកច្រើនគ្រាមកហើយ បើមិនសរសេរទុកឲ្យហើយពិតជាហួសពេល, ដើម្បីកុំឲ្យគេយករឿងមិនពិតទៅសូធ្យភូតភរនៅមុខឈាបនដ្ឋានច្រើនពេក ។
ក្រោយពេលដែលសរសេររួច បើបុណ្យអនុគ្រោះឲ្យជីវិតខ្ញុំរស់បានច្រើនឆ្នាំតទៅទៀត ខ្ញុំក៏មិនចាំបាច់ចំណាយពេលវេលាឆ្លើយតបសំនួរ របស់ពុទ្ធបរិស័ទដោយច្រើន ដែលតែងតែចង់ដឹងពីប្រវត្តិរបស់ខ្ញុំដែរ ហើយប្រវត្តិដែលបានចារទុកក្នុងសំនេរនេះ មានសេចក្តីពិស្តារជាងការដែលខ្ញុំឆ្លើយផ្ទាល់មាត់ ។ សេចក្តីដូចបានបំភ្លឺមកនេះ សូមមិត្តអ្នកអានជ្រាប ។
ទាញយកសៀវភៅនេះសូមចុចត្រង់នេះ
ប្រភព
ដោយ៥០០០ឆ្នាំ
images/articles/2901/______pic.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២១ (អាន: ៥៥,២៥០ ដង)
សហជាតវត្ថុ វត្ថុដែលកើតដំណាលគ្នានឹងព្រះពោធិសត្វប្រសូតមាន ៧ យ៉ាង ។ តាមការស្រាវជ្រាវរបស់ខ្ញុំព្រះករុណា ខ្ញុំបាទ បានឃើញថា សហជាតវត្ថុនេះ ដែលព្រះអដ្ឋកថាទាំងឡាយបាលសម្ដែងមកនោះ មានន័យ ដូច្នេះគឺ
១. សហជាតវត្ថុ (ន័យទី ១)
១. រាហុលមាតា រាហុលមាតា
២. អានន្ទត្ថេរោ ព្រះអានន្ទត្ថេរ
៣. ឆន្នោ ឆន្នាមាត្យ
៤. កណ្ដកោ សេះកណ្ដកៈ
៥. និធិកុម្ភោ កំណប់ទ្រព្យ ៤
៦. មហាពោធិ មហាពោធិព្រឹក្ស
៧. កាឡុទាយី អាមាត្យកាឡុទាយី
សេចក្ដីខាងលើនេះ ខ្ញុំព្រះករុណាដកស្រង់ពីគម្ពីរអដ្ឋកថាទាំងឡាយ គឺ
- សុមង្គលវិលាសិនី មហាបទានសុត្ត សម្ពហុលបរិច្ឆេទវណ្ណនា
- ជាតក-អដ្ឋកថា និទានកថា អវិទូរេនិទាន
- វិសុទ្ធជនវិលាសិនិយា អបទាន-អដ្ឋកថា និទានកថា អវិទូរេនិទាន
- មធុរត្ថវិលាសិនី ពុទ្ធវំស-អដ្ឋកថា ទីបង្ករពុទ្ធវំសវណ្ណនា
- មធុរត្ថវិលាសិនី ពុទ្ធវំស-អដ្ឋកថា គោតមពុទ្ធវំស អវិទូរេនិទាន
២. សហជាតវត្ថុ (ន័យទី ២)
ពិតមែនហើយ សហជាតវត្ថុទាំងឡាយបានកើតក្នុងថ្ងែ ដែលព្រះពោធិសត្វប្រសូតមាន ៧ នេះ គឺ
១. ពោធិរុក្ខោ ដើមពោធិព្រឹក្ស
២. រាហុលមាតា រាហុលមាតា
៣. ចតស្សោ និធិកុម្ភិយោ កំណប់ទ្រព្យទាំងបួន
៤. អារោហនិយហត្ថី ដំរីអារោហនិយៈ
៥. កណ្ឌកោ សេះកណ្ឌកៈ
៦. ឆន្នោ ឆន្នាមាត្យ
៧. កាឡុទាយី កាឡុទាយី
សេចក្ដីខាងលើនេះ ខ្ញុំព្រះករុណាដកស្រង់ពីគម្ពីរអដ្ឋកថាទាំងឡាយ និង ដីកា គឺ
- មនោរថបូរណី-អដ្ឋកថា ឯកកនិបាត ចតុត្ថឯតទគ្គវគ្គ កាឡុទាយិត្ថេរវត្ថុ
- ថេរគាថា-អដ្ឋកថា ទសកនិបាត កាឡុទាយិត្ថេរគាថាវណ្ណនា
- វិសុទ្ធជនវិលាសិនិយា អបទាន-អដ្ឋកថាយ កុណ្ឌធានវគ្គ កាឡុទាយិត្ថេរអបទានវណ្ណនា
- វិសុទ្ធជនវិលាសិនិយា អបទាន-អដ្ឋកថាយ ភទ្ទិយវគ្គ កាឡុទាយិត្ថេរអបទានវណ្ណនា
- សារត្ថទីបនីដីកា មហាខន្ធក រាហុលវត្ថុកថាវណ្ណនា
និធិ កំណប់ទ្រព្យទាំង ៤ ក្នុងថ្ងៃដែលព្រះតថាគតប្រសូតនុ៎ះឯង មានកំណប់ទ្រព្យ ៤ រណ្តៅ បានផុសឡើង គឺ
១. កំណប់ទ្រព្យ ឈ្មោះ សង្ខៈ
២ . កំណប់ទ្រព្យ ឈ្មោះ ឯលៈ
៣. កំណប់ទ្រព្យ ឈ្មោះ ឧប្បលៈ
៤. កំណប់ទ្រព្យ ឈ្មោះ បុណ្ឌរីក
បណ្តារណ្តៅទ្រព្យទាំង ៤ នោះ កំណប់ទ្រព្យ ឈ្មោះ សង្ខៈ មានប្រមាណមួយគាវុត
កំណប់ទ្រព្យ ឈ្មោះ ឯលៈ មានប្រមាណកន្លះយោជន៍
កំណប់ទ្រព្យ ឈ្មោះ ឧប្បលៈ មានប្រមាណបីគាវុត
កំណប់ទ្រព្យ ឈ្មោះ បុណ្ឌរីក មានប្រមាណមួយយោជន៍
ទ្រព្យដែលកាន់យកសូម្បីអំពីក្នុងកំណប់ទ្រព្យទាំងនោះ ក៏ត្រឡប់ពេញវិញ ។ គប្បីជ្រាបថា ព្រះដ៏មានព្រះភាគទ្រង់លះមាសប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយចេញសាងផ្នួស ដោយប្រការដូច្នេះ ។
(សុមង្គលវិលាសិនី អដ្ឋកថា សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ សោណទណ្ឌសូត្រ)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ