ថ្ងៃ ពុធ ទី ២៧ ខែ កញ្ញា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៣៣,១៧១
Today
ថ្ងៃម្សិលមិញ ១៤៩,៥៩៣
ខែនេះ ៤,៩៦២,០៣៨
សរុប ៣៤១,៥១១,៣៧០
Flag Counter
ប្រជុំអត្ថបទ
images/articles/2294/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៥,១៣០ ដង)
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង ស្រុក ឬ ជនបទ​មួយ​ដែលគ្មាន​ទឹកភ្លៀង​ស្រុក​នោះក៏ ហួតហែង​ក្រៀមស្រពោនមិនមានសម្រស់ស្រស់បំព្រង​គួរជាទីពិចពិល​រមិលមើល​ឡើយ មនុស្ស​សត្វ​ទាំងឡាយ នៅក្នុងស្រុក​នោះ ក៏​ភៀសខ្លួន​ចេញ​ទៅ​ស្រុកដទៃ​ដែលមានភ្លៀងធ្លាក់ ដើម្បីចិញ្ចឹមជីវិត​របស់​ខ្លួន​បន្តទៀត នេះ​ជាសេចក្ដីប្រៀបធៀបឲ្យឃើញ​ថា បើក្នុងខ្លួនយើង​គ្មានចិត្ត​មេត្តា​ដល់សត្វ​ទាំងឡាយ​ទេ
images/articles/2295/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៧៩,៤៥៥ ដង)
អ្នកមានសទ្ធាមិនកំព្រាបុណ្យឡើយ សទ្ធា​សេចក្ដីជឿបុណ្យ ជឿបាប ជឿកម្ម ជឿផលរបស់កម្ម ថាអ្នកណាធ្វើ អ្នកនោះទទួល​បានសទ្ធា​មុតមាំ​ប្រកប​ដោយ​បញ្ញា មិនភ្ញាក់ផ្អើល​ជាមួយនឹងមង្គល​ផ្សេងៗ ដែលគេ​និយាយ​តៗគ្នាថា យ៉ាង​នេះយ៉ាង​នោះ ប៉ុន្តែ​យើង​ជាអ្នក​ស្ដាំក្នុង​ការ​ជឿ សូមឲ្យ​ជឿ​មានហេតុផល​ផង ដើម្បី​ងាយ​ស្រួល​មិន​មានទោស​ជាដើម។ មនុស្ស​យើង​ភាគច្រើន តែងតែ​ជឿដោយគ្មានហេតុ​ផល
images/articles/2303/gdfvc_sdx.jpg
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ២១,៨៧៦ ដង)
អត្តិ​សុខ សុខ​កើត​អំ​ពី​ការ​មាន​ទ្រព្យ អត្តិ​សុខ បាន​សេចក្តី​ថា យើង​អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ ការ​មាន​ទ្រព្យ​ចាត់​ថា​ជា​សេចក្តី​សុខ​មួយ​យ៉ាង​សំ​ខាន់ ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន គ្រប់​ពេល​វេ​លា បើ​មិន​មាន​ទ្រព្យ​ហើយ សេចក្តីសុខ​ក៏​គ្មាន​ដែរ តែ​ក៏​គប្បី​យល់​ដែរ​ថា ការ​បាន​ទ្រព្យ​នោះ​មិនមែន​បាន​មក​ដោយ​ងាយ ៗ ឬ ដោយ​លួច​ប្លន់ ឆក់​ ដណ្តើម កេង​ប្រ​វ័ញ្ជ​គេ​នោះ​ទេ ត្រូវ​តែ​ព្យាយាម​ពោល​គឺ​​សេចក្តី​ខ្នះ​ខ្នែង​
images/articles/3278/_____________________________________________.jpg
ផ្សាយ : ១៧ មិថុនា ឆ្នាំ២០២៣ (អាន: ២,៥៧៩ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកលះបង់សេចក្ដីព្យាយាមមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ទិស្វា ខុរប្បេ ដូច្នេះជាដើម ។ ព្រះបរមសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកលះបង់សេចក្ដីព្យាយាមមែនឬ ? កាលភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកបួសក្នុងសាសនាដែលជានិយ្យានិកយ៉ាងនេះហើយ ហេតុអ្វី បានជាអ្នកលះបង់សេចក្ដីព្យាយាមទៅវិញបោរាណកបណ្ឌិតទាំងឡាយ ធ្វើការព្យាយាមក្នុងឋានដែលមិនសមគួរ គេក៏នៅតែមិនលះបង់សេចក្ដីព្យាយាមចោលដែរ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលអ្នករក្សាព្រៃ លុះចម្រើនវ័យធំឡើងហើយ មានបុរស ៥០០ ជាបរិវារ ជាធំជាងអ្នករក្សាព្រៃទាំងឡាយ សម្រេចការនៅក្នុងស្រុកមួយក្បែរមាត់ព្រៃ ។ លោកទទួលប្រាក់ស៊ីឈ្នួល ជូនមនុស្សឆ្លងកាត់ព្រៃ ។ វេលាខាងក្រោយមក ក្នុងថ្ងៃមួយ សត្ថវាហបុត្រ ( កូនឈ្មួញរទេះ ) នៅនគរពារាណសីម្នាក់ ដឹកនាំរទេះ ៥០០ ទៅដល់ស្រុកនោះ ហើយហៅព្រះពោធិសត្វមកនិយាយថា ម្នាលសម្លាញ់ អ្នកចូរទទួលយកប្រាក់មួយពាន់ ហើយសូមចម្លងខ្ញុំឲ្យឆ្លងផុតអំពីដងព្រៃនេះ ។ ព្រះពោធិសត្វក៏ព្រមទទួលថា ល្អ ហើយកាន់យកប្រាក់មួយពាន់ពីដៃសត្ថវាហបុត្រ កាលដែលលោកទទួលថ្លៃឈ្នួលនោះហើយ (លោកក៏តាំងចិត្ត) លះបង់ជីវិតដល់កូនឈ្មួញរទេះនោះ រួចលោកនាំកូនឈ្មួញរទេះ ចូលទៅកាន់ព្រៃ ។ មានចោរ ៥០០ តាំងឡើងក្នុងកណ្ដាលដងព្រៃ បុរសដ៏សេសឃើញពួកចោរហើយ នាំគ្នាដេកក្រាបលើប្រឹថពីដោយទ្រូង នៅសល់តែប្រធានអ្នករក្សាម្នាក់ប៉ុណ្ណោះ លោកស្រែកសន្ធាប់បន្លឺសំឡេង វាយប្រហារ ធ្វើឲ្យពួកចោររត់បាត់អស់ ហើយជូនសត្ថវាហបុត្រឲ្យឆ្លងផុតពីផ្លូវកន្តារៈ ដោយសួស្ដី ។ សត្ថវាហបុត្រលុះបានរួចផុតពីចោរភ័យហើយ ក៏ដាក់រទេះឈប់នៅតំបន់មួយ អញ្ជើញព្រះពោធិសត្វបរិភោគភោជនាហារមានឱជារសឆ្ងាញ់ផ្សេង ៗ សូម្បីខ្លួនឯងបរិភោគអាហារព្រឹកហើយ អង្គុយជាសុខ ចរចាមួយអន្លើដោយព្រះពោធិសត្វថា ម្នាលសម្លាញ់ ក្នុងកាលដែលពួកចោរ សុទ្ធតែជាអ្នកកាចឃោឃៅ កាន់អាវុធ ស្ទុះចូលមកប្លន់រទេះនោះ ហេតុដូចម្ដេចបានជាអ្នកគ្មានសេចក្ដីភិតភ័យតក់ស្លុតសោះ ដូច្នេះហើយកាលនឹងសួរ ទើបពោលគាថាទី ១ ថា៖ ទិស្វា ខុរប្បេ ធនុវេគនុន្នេ, ខគ្គេ គហីតេ តិខិណេ តេលធោតេ; តស្មិំ ភយស្មិំ មរណេ វិយូឡ្ហេ, កស្មា នុ តេ នាហុ ឆម្ភិតត្តំ។ អ្នកឃើញនូវព្រួញដែលពួកចោរបាញ់ហើយដោយកម្លាំងនៃធ្នូផង នូវព្រះខាន់សំលៀងដោយប្រេងដ៏មុត ដែលពួកចោរកាន់ហើយផង កាលសេចក្ដីស្លាប់ដែលគួរខ្លាចនោះ ចូលមកតាំងនៅចំពោះមុខហើយ ហេតុអ្វី អ្នកមិនមានសេចក្ដីតក់ស្លុតសោះ ។ ប្រធានអ្នករក្សាស្ដាប់ពាក្យនោះហើយ ទើបពោល ២ គាថា ថា៖ ទិស្វា ខុរប្បេ ធនុវេគនុន្នេ, ខគ្គេ គហីតេ តិខិណេ តេលធោតេ; តស្មិំ ភយស្មិំ មរណេ វិយូឡ្ហេ, វេទំ អលត្ថំ វិបុលំ ឧឡារំ។ ខ្ញុំឃើញនូវព្រួញដែលបាញ់ហើយ ដោយកម្លាំងនៃធ្នូ នូវព្រះខាន់សំលៀងដោយប្រេងដ៏មុត ដែលពួកចោរកាន់ហើយ កាលសេចក្ដីស្លាប់ដែលគួរខ្លាចនោះ ចូលមកតាំងនូវចំពោះមុខ ខ្ញុំក៏ត្រឡប់បានសេចក្ដីត្រេកអរច្រើន ដ៏លើសលុប ។ សោ វេទជាតោ អជ្ឈភវិំ អមិត្តេ, បុព្ពេវ មេ ជីវិតមាសិ ចត្តំ; ន ហិ ជីវិតេ អាលយំ កុព្ពមានោ, សូរោ កយិរា សូរកិច្ចំ កទាចិ។ ខ្ញុំនោះមានសេចក្ដីត្រេកអរ បានគ្របសង្កត់នូវពួកសត្រូវ (ព្រោះថា) ខ្ញុំបានលះបង់ជីវិតមុនហើយ ព្រោះថា បុគ្គលអ្នកក្លៀវក្លា កាលធ្វើសេចក្ដីអាល័យក្នុងជីវិត គប្បីធ្វើនូវកិច្ចរបស់អ្នកក្លៀវក្លា ក្នុងកាលណា ៗ មិនបានទេ ។ ព្រះពោធិសត្វនោះសំដែងភាពដែលខ្លួន ជាអ្នកមានសេចក្ដីក្លាហាន មិនអាឡោះអាល័យជីវិត ប្រាប់សត្ថវាហបុត្រដូច្នោះហើយ ក៏បញ្ជូនសត្ថវាហបុត្រឲ្យទៅ ហើយលោកវិលមកកាន់ស្រុកខ្លួនវិញ បានធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម ហើយក៏ទៅតាមយថាកម្ម ។ ព្រះសាស្ដានាំព្រះធម្មទេសនាមកហើយ ទ្រង់ប្រកាសអរិយសច្ច និងប្រជុំជាតក លុះចប់អរិយសច្ច ភិក្ខុអ្នកលះបង់សេចក្ដីព្យាយាមនោះ ក៏បានតាំងនៅក្នុងព្រះអរហត្ត ។ តទា អារក្ខកជេដ្ឋកោ អហមេវ អហោសិំ អ្នករក្សាជាប្រធានក្នុងកាលនោះ គឺតថាគតនេះឯង ។ ខុរប្បជាតកជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥១) ថ្ងៃសុក្រ ១០ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៩ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/292/U34tntitled-1.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤៧,៧៨២ ដង)
«សម្បត្ដិនៃឧបាសក ៥យ៉ាង» ធម្មជាតិ​ដែល​ញ៉ាំង​សីល​និង​អាជីវធម៌​នៃ​ឧបាសក​ឲ្យ​បរិបូណ៌​ឲ្យ​បរិសុទ្ធ​ប្រពៃ​ឈ្មោះ​ថា​ “ សម្បត្តិ” សម្បត្តិ​នោះ​មាន ៥​យ៉ាងគឺ៖​ ១-សទ្ធោ ហោតិ ឧបាសក​មាន​សេចក្តី​ជឿ​ជាក់​ច្បាស់​ក្នុង​គុណ​ព្រះរតន​ត្រ័យ។ ២-សីលវា ហោតិ ឧបាសកមានសីល។ ៣-ន កោតុហលមង្គលិកោ ហោតិ ឧបាសក​មិន​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល។ ៤-កម្មំ បច្ចេតិ នោ មង្គលំ ឧបាសក​ប្រកាន់​ជឿ​ថា កម្មជា​កុសល​និង​អកុសល​ឲ្យ​ផល មិន​ប្រកាន់​ជឿ​មង្គល​មាន​ឫក្ស​ពារ​វេលា​ជា​ដើម​ឲ្យ​ផល​ឡើយ។​ ៥-ន ឥតោ ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ ឥធ ច បុព្វការំ ករោតិ ឧបាសក​មិន​សែ្វង​រក​ទក្ខិណេយ្យ​បុគ្គល គឺ​បដិគ្គាហកៈ អ្នក​ទទួល​ទាន​ខាង​ក្រៅ​ព្រះ​ពុទ្ធសាសនា​ឡើយ ហើយ​ធ្វើ​ទាន​តែ​ក្នុង​ទក្ខិណេយ្យ​បុគ្គល​ក្នុង​ព្រះ​ពុទ្ធសាសនា​នេះ។​ ឧបាសក​ឯណា​ប្រកប​ដោយ​សម្បត្តិ ៥​យ៉ាង​នេះ​ហើយ ឧបាសក​នោះឈ្មោះ​ថា “ ឧបាសករតនៈ “ គឺ​ឧបាសក​ដូច​ជា​រតនវត្ថុ​មាន​កែវ​ជា​ដើម​ផង ឈ្មោះថា “ ឧបាសកបទុមៈ” គឺ​ជា​ឧបាសក​ដូច​ជា​ផ្កា​ឈូក​មាន​ពណ៌​ក្រហម​ផង​ ឈ្មោះ​ថា “ ឧបាសកបុណ្ឌរីក” គឺ​ឧបាសក​ដូច​ជា​ផ្កា​ឈូក​មាន​ពណ៌​ស​ផង​។​ «វិបត្តិនៃឧបាសក ៥យ៉ាង» ធម្មជាតិ​ដែល​ញ៉ាំង​សីល​និង​អាជីវ​ធម៌​នៃ​ឧបាសក​ឲ្យ​វិនាស​ឈ្មោះ​ថា “ វិបត្តិ” វិបត្តិ​នោះ​ មាន​ ៥យ៉ាង​គឺ​៖ ១-អស្សទ្ធោ ហោតិ ឧបាសក​មិនជឿ​គុណ​ព្រះ​រតន​ត្រ័យ។ ២-ទុស្សីលោ ហោតិ ឧបាសក​ទ្រុស្ត​សីល​។ ៣-កោតុហលមង្គលិកោ ហោតិ ឧបាសក​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល​។ ៤-មង្គលំ បច្ចេតិ នោ កម្មំ ឧបាសក​ប្រកាន់​ជឿ​ថា មង្គល​មាន​ឫក្ស​ពារ​វេលា​ជា​ដើម​ឲ្យ​ផល មិន​ប្រកាន់​ជឿ​ថា​កម្ម​កុសល និង​អកុសល ឲ្យ​ផល​ឡើយ។​ ៥-ឥតោ ច ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ តត្ថ ច បុព្វការំ ករោតិ ឧបាសក​សែ្វង​រក​តែ​ទក្ខិណេយ្យ​បុគ្គល គឺបដិគ្គាហកៈ​អ្នក​ទទួល​ទាន​ខាង​ក្រៅ​ព្រះ​ពុទ្ធសាសនា ហើយ​ធ្វើ​នូវ​ទាន​ដល់​ទក្ខិណេយ្យ​បុគ្គល​​ខាង​​ក្រៅ​​ព្រះ​​ពុទ្ធសាសនា​​នោះ។ ឧបាសក​ឯណា ប្រកប​ដោយ​វិបត្តិ ៥យ៉ាង​នេះ ត្រង់​វិបត្តិ​ឯណា​មួយ​ហើយ ឧបាសក​នោះ​ឈ្មោះថា “ ឧបាសក​ចណ្ឌាល” គឺ​ឧបាសក​ដូច​ជា​មនុស្ស​ចណ្ឌាល​ផង ឈ្មោះ​ថា “ ឧបាសក​មលៈ” គឺ​ឧបាសក​មាន​ធម៌​មន្ទិល​សៅ​ហ្មង​ផង ឈ្មោះ​ថា “ ឧបាសកបដិកិដ្ឋៈ” គឺ ឧបាសក​ដែល​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​លោក​តិះ​ដៀល​ផង។​ (ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​គិហិ​បដិបត្តិ​ពិស្តារ របស់ ម.ឧ កៅ-ឈឺន) ដោយ៥០០០ឆ្នាំ
images/articles/299/Un_______________itled-1.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៣៦,៤៥២ ដង)
យូរ​អង្វែង​ណាស់, ទើប​មាន​ទុល្លភបុគ្គល​ម្នាក់​មាន​បញ្ញា​ចក្ខុ​កើត​ឡើង​ក្នុង​លោក ដោះ​បញ្ហា​ប្រចាំ​លោក​ដោយ​ខ្លួន​ឯង រួច​ហើយ​យក​ពន្លឺ​ដ៏​រុងរឿង​បំភ្លឺ​ឲ្យ​លោក​ស្គាល់​ឧបាយ​ដោះ​ស្រាយ​បញ្ហា​នោះ​រួច ហើយ​ឲ្យ​រួច​ផុត​អំពី​អាណា​លោក​រាជ​ទៅ​កាន់​សន្តិភាព ។
images/articles/300/2020-07-20_14_09_53-buddha_meditation_-_Google_Search.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥៨,៤៩៨ ដង)
មហា​សតិប្បដ្ឋាន​សូត្រ «ព្រះ​សូត្រ​សម្តែង​អំពី​ការ​ចម្រើន​សតិ​ប​ដ្ឋាន​ ៤​» សូត្រ​នេះ​ព្រះ​អង្គ​ទ្រង់​សំ​ដែង​យ៉ាង​ពិស្តារ​នៅ​ក្នុង​ សុត្តន្ត​បិដក ទីឃ​និកាយ​ ចតុត្ថភាគ​ មហាវគ្គ​ បិដក លេខ​១៧​ ចាប់​ពី​ទំព័រ​ទី​ ២៤៤ ដល់ ៣០៤ ។នៅ​ក្នុង​ប្រកាស​នេះ​ នឹងសូម​លើក​យក​តែ​សេចក្តី​សង្ខេប​មក​ចែក​ជូន​ដល់​សាធុ​ជន ដើម្បី​បាន​ជា​ប្រទីប​ក្នុង​ការ​សិក្សា​សតិបដ្ឋាន សម្រាប់​ជា​កិច្ច​បដិបត្តិ​។ បើ​សាធុជន​មាន​បំណង​ចង់​អាន​សេចក្តីពិស្តារ​ សូម​ទាញ​យក​តាម​តំណ​ភ្ជាប់​ខាង​លើ​ចុះ។ សេចក្តី​សង្ខេប​នៃសតិប្បដ្ឋាន​សូត្រ​មាន​ដូច​តទៅ៖ សម័យ​មួយ ខណៈ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​គង់​នៅ​ក្នុង​ កម្មាសទម្មនិគម របស់​អ្នក​ដែន​កុរុ ទ្រង់​សម្តែង​នូវ​ការ​ចម្រើន​សតិប​ដ្ឋាន ឲ្យ​ភិក្ខុ​ទាំងឡាយ​ស្តាប់ ដោយ​ទ្រង់​លើក​យក​មាតិកា​ធម៌ ឡើង​ជា​ឧទ្ទេស​ដូច្នេះ​ ៖ ភាគឧទេ្ទស សតិប្បដ្ឋាន ៤ ម្នាល​ភិក្ខុ​ទាំង​ឡាយ ផ្លូវ​នេះ​ជា​ផ្លូវ​មូល​តែ​មួយ ប្រព្រឹត្ត​ទៅ​ដើម្បី សេចក្តី​បរិសុទ្ធ​នៃ​សត្វ​ទាំង​ឡាយ ដើម្បី​កំចាត់​បង់​នូវ​សេចក្តី​សោក និង សេចក្តី​ខ្សឹក​ខ្សួល ដើម្បី​រំលត់​ទុក្ខ និង ទោមនស្ស ដើម្បី​បាន​សម្រេច​នូវញេយ្យធម៌ (អរិយមគ្គ) ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន ផ្លូវនេះ​គឺ​សតិប​ដ្ឋាន ៤ ប្រការ​ ​។ សតិប្បដ្ឋាន​គឺ ការ​តាំង​សតិ សម្បជញ្ញៈ ព្យាយាម​ពិចារណា កាយ វេទនា ចិត្ត និង ធម៌ ដើម្បី​កំចាត់​បង់​អភិជ្ឈា និង ទោមនស្ស ក្នុងលោក ដោយ​បែង​ចែក​ការ​ពិចារណា​ជា​៤ ប្រការ​គឺៈ ១) កាយានុបស្សនា ពិចារណា​ឃើញ​កាយ​ក្នុង​កាយ​ជា​ប្រ​ក្រតី មាន​សេចក្តី​ព្យាយាម មាន​សម្បជញ្ញៈ​ មាន​សតិ​កំចាត់​បង់​អភិជ្ឈា និង ទោមនស្ស​ក្នុង​លោក​បាន​។ ២) វេទនានុបស្សនា ពិចារណា​ឃើញ​វេទនា ក្នុង​វេទនា​ទាំង​ឡាយ​ជា​ប្រ​ក្រតី មាន​សេចក្តី​ព្យាយាម មាន​សម្បជញ្ញៈ មាន​សតិ​កំចាត់​បង់​អភិជ្ឈា និង ទោមនស្ស​ក្នុង​លោក​បាន ។ ៣) ចិត្តានុបស្សនា ពិចារណា​ឃើញ​ចិត្ត​ក្នុង​ចិត្ត​ជា​ប្រ​ក្រតី មាន​សេចក្តី​ព្យាយាម មាន​សម្បជញ្ញៈ មាន​សតិ​កំចាត់​បង់​អភិជ្ឈា និង ទោមនស្ស​ក្នុង​លោក​បាន ។ ៤) ធម្មានុបស្សនា ពិចារណា​ឃើញ​ធម៌ ក្នុង​ធម៌​ទាំង​ឡាយ​ជា​ប្រក្រតី​មាន​សេចក្តី​ព្យា​យាម មាន​សម្បជញ្ញៈ មាន​សតិ​កំចាត់​បង់​អភិជ្ឈា និង ទោមនស្ស​ក្នុង​លោក​បាន ។ ភាគនិទ្ទេស ១-កាយានុបស្សនា ការពិចារណាឃើញកាយ ក្នុងកាយចែកជា ៦ បព្វៈគឺៈ ១) អានាបាណបព្វៈ ការ​ពិចារណា​ខ្យល់​ដង្ហើម​ចេញ​ចូល (អានា​បាណ​ស្សតិ) គឺ​ភិក្ខុ​នៅ​ក្នុង​ព្រៃ​ក្តី នៅ​ទៀប​គល់​ឈើ​ក្តី នៅ​ក្នុង​ព្រៃ​ដ៏​ស្ងាត់​ក្តី អង្គុយ​ពែន​ភ្នែន​តាំង​កាយ​ឲ្យ​ត្រង់ តម្រង់​សតិ​ឆ្ពោះ​ទៅរក​កម្មដ្ឋាន មាន​សតិ​ពេលដក​ដង្ហើម​ចូល មាន​សតិ​ពេល​ដក​ដង្ហើម​ចូលវែង និង ដក​ដង្ហើម​ចេញ​វែង ក៏​ដឹង​ថា អាត្មា​អញ​ដក​ដង្ហើម​ចូល​វែង ដក​ដង្ហើម​ចេញ​វែង​។ កាល​ដក​ដង្ហើម​ចូល​ខ្លី និង ដក​ដង្ហើម ចេញ​ខ្លី ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​ដក​ដង្ហើម​ចូល​ខ្លី ដក​ដង្ហើម​ចេញ​ខ្លី ។ បុគ្គល​គប្បី​សិក្សា​ថា អា​ត្មា​អញ​កំណត់​ដឹង​នូវ​ខ្យល់​ទាំង​ពួង ហើយដក​ដង្ហើម​ចេញ និង ចូល ។ បុគ្គល​គប្បី​សិក្សា​ថា អាត្មា​អញ រម្ងាប់​កាយ​សង្ខារ ទើប​ដក​ដង្ហើម​ចេញ និង ចូល ។ ការ​កំណត់​ដឹង​ខ្យល់​ក្នុង​លក្ខណៈ​នេះ ប្រៀប​ដូច​ជាង​ក្រឡឹង ឬ កូន​សិស្ស​នៃ​ជាង​ក្រឡឹង​ដែល​មាន​ភាព​ជំនាញ​ក្នុង​ការ​ទាញ​ខ្សែ​ក្រឡឹង​វែង ឬ ខ្លី ក៏​ដឹង​ច្បាស់​ថា អញ​ទាញ​ខ្សែ​ក្រឡឹង​វែង ឬ ខ្លី។ ២) ឥរិយាបថបព្វៈ ការ​ពិចារណា​ឥរិយាបថ​ទាំង ៤ គឺ ពេល​ដើរ​ក៏​ដឹងច្បាស់​ថា​ដើរ ពេល​ឈរក៏​ដឹង​ច្បាស់​ថា​ឈរ ពេល​អង្គុយ​ក៏​ដឹង​ច្បាស់​ថា អង្គុយ ពេល​ដេក​ក៏​ដឹង​ច្បាស់​ថា ដេក។ ពេល​កាយ ស្ថិត​នៅ​ក្នុង​ឥរិយាបថ​ណា​ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​ស្ថិត​នៅ​ក្នុង​ឥរិយាបថ​នោះ ឬ​ថា ខ្លួន​ស្ថិត​នៅ​ក្នុង​ឥរិយាបថ​ណាៗ ក៏​កំណត់​ដឹង​កាយ​ថា ស្ថិត​នៅ​ក្នុង​ឥរិយាបថ​នោះ​ៗ​។ ៣) សម្បជញ្ញបព្វៈ ការ​ពិចារណា​ដោយ​សតិ​សម្បជញ្ញៈ គឺ​សេចក្តី​ដឹង​ខ្លួន​ក្នុង​ការ​ឈាន​ទៅ​មុខ ការ​ថយ​ក្រោយ ការ​ក្រឡេក​មើល ការ​សម្លឹង​មើល ការ​បត់​ដៃ​ចូល និង លា​ចេញ ការ​គ្រង​សង្ឃា​ដី បាត្រ និង ចីវរ ការឆាន់ ការផឹក ការទំពារស៊ី ការលិទ្ធ ការ​បន្ទោរ​បង់ នូវ​ឧច្ចារៈ​ និង បស្សាវៈ ការ​ដើរ ការ​ឈរ ការ​អង្គុយ ការ​ដេក ការ​ភ្ញាក់ ការ​និយាយ ការ​នៅ​ស្ងៀម​។ ៤) មនសិការបព្វៈ គឺ​ការ​ពិចារណា​ឃើញ​នូវ​អាការៈ​ ៣២ ប្រការ ដែល​មាន​ក្នុង​កាយ​នេះ ចាប់​តាំង​ពី​បាត​ជើង រហូត​ដល់​ចុង​សក់ ពី​ចុង​សក់​ចុះ​មក​ដល់​បាត​ជើង មាន​ស្បែក ហ៊ុម​ព័ទ្ធ​ជុំ​វិញ​ពេញ​ទៅ​ដោយ​វត្ថុ​មិន​ស្អាត ដោយ​ប្រការ​ផ្សេង​ៗ គឺ​សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងនោម (ទាច) បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល និង ទឹកមូត្រ ។ ទ្រង់​ប្រៀប​ធៀប​ថា ធញ្ញ​ជាតិ​ផ្សេងៗ​គឺ​ស្រូវ​ខ្សាយ​ ស ស្រូវ​ខ្សាយ​ក្រហម សណ្តែក​ខៀវ សណ្តែក​រាជមាស គ្រាប់​ល្ង អង្ករ បុគ្គល​ដែល​មាន​ភ្នែក​ភ្លឺ ពេល​ស្រាយ​មាត់​ការុង ចេញ​ហើយ​ក៏​មើល​ឃើញ​ថា នេះ​ជា​ស្រូវ​ខ្សាយ ស នេះ​ជា​ស្រូវ​ខ្សាយ​ក្រហម នេះ​ជា​សណ្តែក​ខៀវ​ជា​ដើម​យ៉ាង​ណា បុគ្គល​ពិចារណា​អាការៈ​៣២ ក៏​យ៉ាង​នោះ​ដែរ​។ ៥) ធាតុមនសិការបព្វៈ គឺ​ពិចារណា​ឃើញ​កាយ​នេះ​តាម​ដែល​តាំង​នៅ តាម​ដែល​ស្ថិត​នៅ​ដោយ​ភាព​ជា​ធាតុ​ថា ក្នុង​កាយ​នេះ​មាន ធាតុដី ទឹក ភ្លើង ខ្យល់ ។ ទ្រង់​ប្រៀប​ធៀប​ថា ដូច​បុគ្គល​អ្នក​សម្លាប់​គោ ឬ​កូន​នៃ​អ្នក​សម្លាប់​គោ​មាន​ភាព​ជំនាញ ពេល​សម្លាប់​គោ​រួច​ហើយ បាន​បែង​អវយវៈ​គោ​នោះ​ចេញ​ជា​ផ្នែក​ៗ ហើយ​អង្គុយ​លក់​នៅ​ក្បែរ​ផ្លូវ​បែក​ជា​៤ យ៉ាង​ណា ព្រះ​យោគាវចរ​ ពិចារណា​នូវ​ធាតុ ក៏​យ៉ាង​នោះ​ដែរ។ ៦) នវសីវតិកាបព្វៈ គឺ​​ពិចារណា​​សាក​​សព​​ដែល​មាន​​លក្ខណៈ​​ផ្សេង​​ៗ​​គ្នា​៩​​យ៉ាង​​បាន​​ដល់ៈ​ ១- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្ម​សាន ដែល​ស្លាប់​ហើយ មួយ ពីរ បី ថ្ងៃ មាន​លក្ខណៈ​ហើម​ប៉ោង ហៀរ​ទឹក​រងៃ។ ២- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្មសាន មាន​សត្វ​ក្អែក សត្វ​ត្រដក់ សត្វ​ត្មាត សត្វ​ឆ្កែ​ជា​ដើម​ ខាំ​ស៊ី​។ ៣- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្ម​សាន​នៅ​សល់​តែ​គ្រោង​ឆ្អឹង​ប្រកប​ដោយ​សាច់ ​និង ឈាម មាន​សរសៃ​រួប​រិត។ ៤- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្មសាន នៅ​សល់​តែ​គ្រោង​ឆ្អឹង​ដែល​មិន​មាន​ស្បែក តែ​មាន​ឈាម​ប្រឡាក់​ប្រឡូស និង​មាន​សរ​សៃ​រួប​រិត​។ ៥- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្មសាន នៅ​សល់​តែ​គ្រោង​ឆ្អឹង​ដែល​មិន​មាន​សាច់ ​និង ឈាម​ តែ​នៅ​មាន​សរសៃ​រួបរិត​។ ៦- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្ម​សាន នៅ​សល់​តែ​គ្រោង​ឆ្អឹង ដែល​មិន​មាន​សរសៃ​រួប​រិត ហើយ​ខ្ចាត់​ខ្ចាយ​ទៅ​គ្រប់​ទិស​ផ្សេង​ៗ។ ៧- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្ម​សាន នៅ​សល់​តែ​កំណាត់​ឆ្អឹង​ពណ៌​សដូច​ជា​ពណ៌​នៃ​ស័ង្ខ។ ៨- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្ម​សាន​នៅ​សល់​តែ​កំណាត់​ឆ្អឹង​ដែល​នៅ​ជា​គំនរ ដែល​កន្លង​ទៅ​ជាង ១​ឆ្នាំ​ហើយ​។ ៩- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្មសាន​នៅសល់ តែ​ឆ្អឹង​ពុក​ផុយ ជា​កំទេច​តូច​តាច ។ ក្នុង​ខនីមួយ​ៗ ទ្រង់​ប្រៀប​ធៀប​ឲ្យ​ពិចារណាឃើញ​អាការៈ​របស់​សាក​សព​នីមួយ​ៗ​ថា មាន​អាការៈ​យ៉ាង​ណា ហើយ​ឲ្យ​បង្អោន​កាយ​របស់​ខ្លួន​ចូល​ទៅ​ប្រៀប​ធៀប​ថា សូម្បី​តែ​កាយ​យើង​នេះ​ក៏​មាន សភាព​យ៉ាង​នោះ មាន​លក្ខណៈ​យ៉ាង​នោះ មិន​រួច​ផុត​ពី​សភាព​នោះ​បាន​ឡើយ​។ ម៉្យាង​វិញ​ទៀត ក្នុង​កាយា​នុបស្សនា​នី​មួយ​ៗ​នៃ​បព្វៈ​ទាំង​នេះ ទ្រង់​ប្រៀប​ធៀប​ឲ្យ​ពិចារណា​តទៅ​ទៀត​ជា ៣ លំដាប់​គឺៈ ១/ ឲ្យ​ពិចារណា​កាយ​ខាង​ក្នុង កាយ​ខាង​ក្រៅ កាយ​ទាំង​ខាង​ក្នុង កាយ​ទាំង​ខាង​ក្រៅ ។ ២/ ឲ្យ​ពិចារណា ទាំង​ធម៌​ដែល​ជា​ហេតុ​កើត និង ធម៌​ដែល​ជា​ហេតុ​រលត់ ក្នុង​កាយ​របស់​ខ្លួន ។ ៣/ ឲ្យ​ពិចារណា​ចូល​ទៅ​តាំង​សតិ​ឆ្ពោះ​ទៅ​មុខ​ថា កាយ​មាន​នៅ ក៏​ត្រឹម​តែ​ដើម្បី​អាស្រ័យ​នូវ​ការ​ចម្រើន​ញាណ (សេចក្តី​ដឹង) ចម្រើន​សតិ (សេចក្តី​រព្ញក)ប៉ុណ្ណោះ មិន​អាស្រ័យ​តណ្ហា និង ទិដ្ឋិ មិន ប្រកាន់​មាំ​អ្វី​ៗ​ក្នុង​លោក​ឡើយ ។ ព្រះអង្គ​ទ្រង់​ត្រាស់​សរុប​ថា “ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​ពិចារណា​ឃើញ​កាយ​ក្នុង​កាយ​យ៉ាង​នេះ​ឯង”​។ ២-វេទនានុបស្សនា ការ​ពិចារណា​វេទនា​ក្នុង​វេទនា​ទាំង​ឡាយ គឺ​ការ​ពិចារណា​ការ​សោយ​នូវ​សេចក្តីសុខ ទុក្ខ មិន​សុខ មិន​ទុក្ខ​ក្នុង​ខ្លួន​ឯង ចែក​ចេញជា​៩ ប្រភេទ​គឺៈ ១- ពេល​សោយ​សុខ​វេទនា ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​សោយ​សុខ​វេទនា​។ ២- ពេល​សោយ​ទុក្ខ​វេទនា ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​សោយ​ទុក្ខ​វេទនា​។ ៣- ពេល​សោយ​អទុក្ខម​សុខ​វេទនា ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​សោយ​អទុក្ខម​សុខ​វេទនា។ ៤- ពេល​សោយ​សុខ​វេទនា​ប្រកប​ដោយ​អាមិស ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ សោយ​សុខ​វេទនា ​ប្រក​ប​​ដោយ​អាមិស ។ ៥- ពេល​សោយ​សុខ​វេទនា​មិន​ប្រកប​ដោយ​អាមិស ក៏ដឹង​ច្បាស់​ថា អាត្មា​អញ​សោយ​សុខ​វេទនា មិន​ប្រកប​ដោយ​អាមិស​។ ៦- ពេល​សោយ​ទុក្ខ​វេទនា​ប្រកប​ដោយ​អាមិស ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​សោយ​ទុក្ខ​វេទនា ប្រកប​ដោយ​អាមិស។ ៧- ពេល​សោយ​ទុក្ខ​វេទនា មិន​ប្រកប​ដោយ​អាមិស ក៏ដឹង​ច្បាស់​ថា អាត្មាអញ​សោយ​ទុក្ខវេទនា មិន​ប្រកប​ដោយ​អាមិស​។ ៨- ពេល​សោយ​អទុក្ខម​សុខ​វេទនា​ប្រកប​ដោយ​អាមិស ក៏ដឹង​ច្បាស់ថា​អាត្មា​អញ សោយ​អទុក្ខម​សុខ​វេទនា​ប្រកប​ដោយ​អាមិស​។ ៩- ពេល​សោយ​អទុក្ខម​សុខ​វេទនា​មិន​ប្រកប​ដោយ​អា​មិស​ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ សោយ​អទុក្ខម​សុខ​វេទនា​មិន​ប្រកប​ដោយ​អាមិស​។ ក្នុង​វេទនា​ទាំង​ ៩​ប្រការ​នេះ ទ្រង់​បង្រៀន​ឲ្យ​ភិក្ខុ​ពិចារណា វេទនា ជា ៣ លំដាប់​គឺៈ ១/ ឲ្យ​ពិចារណា​វេទនា​ខាង​ក្នុង ឲ្យ​ពិចារណា​វេទនា​ខាង​ក្រៅ ឲ្យ​ពិចារណា​វេទនា​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ​។ ២/ ឲ្យ​ពិចារណា​ទាំង​ធម៌​ជា​ហេតុ​កើត ទាំង​ធម៌​ជា​ហេតុ​រលត់ ក្នុង​វេទនា​ទាំង​ឡាយ​។ ៣/ ឲ្យ​តាំង​សតិ​ឆ្ពោះ​ទៅ​រក​កម្មដ្ឋាន​ថា វេទនា មាន​ជា​ប្រក្រតី​ក៏​ត្រឹម​តែ​សម្រាប់​ចម្រើន​ញាណ និង​ការ​ចម្រើន​សតិ​ប៉ុណ្ណោះ មិន​អាស្រ័យ​តណ្ហា និង ទិដ្ឋិ ឬ​ប្រកាន់​មាំ​អ្វី​ៗ​ក្នុង​លោក​ឡើយ​ ។ ព្រះអង្គ​ត្រាស់​សរុប​ថា “ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ពិចារណា​ឃើញ វេទនា​ក្នុង​វេទនា​ទាំង​ឡាយ ជា​ប្រក្រតី យ៉ាង​នេះ​ឯង” ។ ៣-ចិត្តានុបស្សនា ការ​​ពិចារណា​​ឃើញ​​ចិត្ត​​ក្នុង​​ចិត្ត គឺ​​ពិចារណា​​ចិត្ត​​របស់​​ខ្លួន ឲ្យ​​ឃើញ​​សភាវៈ ដែល​​ប្រាកដ​​ក្នុង​​ខណៈ​នោះ និង​​ដឹង​​ច្បាស់​​តាម​​សេចក្តី​​ពិត ដោយ​​ការ​​តាម​​ដាន​​ចិត្ត ៨​​គូ​គឺៈ ១- ចិត្ត​ប្រកប​ដោយ​រាគៈ ចិត្ត​ប្រាស​ចាក​រាគៈ ក៏​ដឹង​ច្បាស់​ថា​ ចិត្ត​ប្រកប​ដោយ​រាគៈ ចិត្ត​ប្រាស​ចាក​រាគៈ​។ ២- ចិត្ត​ប្រកប​ដោយ​ទោសៈ ចិត្ត​ប្រាស​ចាក​ទោសៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រកប​ដោយ​ទោសៈ ចិត្ត​ប្រាស​ចាក​ទោសៈ ។ ៣- ចិត្ត​ប្រកប​ដោយ​មោហៈ ចិត្ត​ប្រាស​ចាក​មោហៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រកប​ដោយ​មោហៈ ចិត្ត​ប្រាស​ចាក​មោហៈ ។ ៤- ចិត្ត​ប្រកប​ដោយ​ថីន​មិទ្ធៈ ចិត្ត​ប្រាស​ចាក​ថីន​មិទ្ធៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រកប​ដោយ​ថីន​មិទ្ធៈ ចិត្ត​ប្រាស​ចាក​ថីន​មិទ្ធៈ ។ ៥- ចិត្ត​ជា​មហគ្គតៈ ចិត្ត​មិន​មែន​ជា​មហគ្គតៈ ក៏​ដឹង​ច្បាស់​ថា​ ចិត្ត​​ជា​មហគ្គតៈ ចិត្ត​មិន​មែន​ជា​មហគ្គតៈ។ ៦- ចិត្ត​មាន​ចិត្ត​ដទៃ​ក្រៃ​លែង​ជាង ចិត្ត​មិន​មាន​ចិត្ត​ដទៃ​ក្រៃ​លែង​ជាង ក៏​ដឹង​ច្បាស់​ថា ចិត្ត​មាន​ចិត្ត​ដទៃ​ក្រៃ​លែង​ជាង ចិត្ត​មិន មាន​ចិត្ត​ដទៃ​ក្រៃ​លែង​ជាង​។ ៧- ចិត្ត​ជាស​មាធិ ចិត្ត​មិន​មែន​ជា​សមាធិ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ជា​សមាធិ ចិត្ត​មិន​មែន​ជា​សមាធិ ។ ៨- ចិត្ត​ដែល​រួច​ផុត​ហើយ និង​ចិត្ត​ដែល​មិន​ទាន់​រួច​ផុត ក៏​ដឹង​ច្បាស់​ថា ចិត្ត​ដែល​រួច​ផុត​ហើយ និង​ចិត្ត​ដែល​មិន​ទាន់​រួច​ផុត ​។ នៅក្នុងចិត្តទាំង ៨ គូ នេះ ទ្រង់ឲ្យភិក្ខុពិចារណាចិត្តជា ៣ លំដាប់គឺៈ ១/ ឲ្យ​ពិចារណា​ចិត្ត​ខាង​ក្នុង ចិត្ត​ខាង​ក្រៅ ចិត្ត​ទាំង​ខាង​ក្នុង ចិត្ត​ទាំង​ខាង​ក្រៅ ។ ២/ ឲ្យ​ពិចារណា​ធម៌​ជា​ហេតុ​កើត និង ធម៌​ជា​ហេតុ​រលត់​ក្នុង​ចិត្ត​របស់​ខ្លួន ។ ៣/ ឲ្យ​តាំង​សតិ​ឆ្ពោះ​ទៅ​រក​កម្មដ្ឋាន​ថា ចិត្ត​មាន​ជា​ប្រក្រ​តី ក៏​ត្រឹម​តែ ដើម្បី​អាស្រ័យ​នូវ​ការ​ចម្រើន​ញាណ ចម្រើន​សតិ​ប៉ុណ្ណោះ មិន​អាស្រ័យ តណ្ហា និង ទិដ្ឋិ​ មិន​ប្រកាន់​ខ្ជាប់​អ្វី​ៗ​ក្នុង​លោក​ឡើយ។ ហើយ​ទ្រង់​ត្រាស់​សរុប​ថា “ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ពិចារណា​ឃើញ ចិត្ត​ក្នុង​ចិត្ត យ៉ាង​នេះ​ឯង​” ​។​ ៤-ធម្មានុបស្សនា ការ​ពិចារណា​ឃើញ​ធម៌​ក្នុង​ធម៌​ទាំង​ឡាយ​ជា​ប្រក្រតី គឺ ពិចារណា​ថា ក្នុង​ខណៈ​នេះ មាន​ធម៌​អ្វី​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន ក៏​ដឹង​ច្បាស់​ធម៌​នោះ​ៗ ដោយ​ពិចារណា​ធម៌​ទាំង​ជា​កុសល អកុសល និង អព្យា-​​ក្រិត ដោយ​បែង​ចែក​ការ​ពិចារ​ណា​ជា​ ៥ ពួក​គឺៈ ពួកទី ១ នីវរណបព្វៈ នីវរណៈ គឺ​ពួក​ធម៌​ដែល​រារាំង​ចិត្ត មិន​ឲ្យ​សម្រេច​នូវ​កុស​លធម៌​ មាន ៥​ប្រការ​គឺៈ ១) កាមច្ឆន្ទៈ ការ​ត្រេកអរ​ក្នុង​កាម ។ ២) ព្យាបាទៈ ការ​ព្យាបាទ ។ ៣) ថីនមិទ្ធៈ ការ​រុញរា ងោក​ងុយ ងុយ​ដេក ។ ៤) ឧទ្ធច្ចកុក្កុច្ចៈ សេចក្តី​រាយ​មាយ​អណ្តែត​អណ្តូង ។ ៥) វិចិកិច្ឆា ការ​សង្ស័យ​មិន​ចេះ​ចប់ ។ ទ្រង់​បង្រៀន​ឲ្យ​ភិក្ខុ​កំណត់​ពិចារណា​នីវរណ​ធម៌ តាម​លំដាប់​ដូច្នេះ​គឺៈ ១/ ពេល​មាន​នីវរណ​ធម៌ ខ ណា​មួយ​នៅ​ក្នុង​ចិត្ត ក៏​ឲ្យ​ដឹងច្បាស់​នីវរណធម៌​នោះ ។ ២/ នីវរ​ណធម៌ ខ នីមួយ​ៗ​ដែល​មិន​កើត​ឡើង​ដោយ​ហេតុ​ណា ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ ។ ៣/ នីវរណធម៌ ខ នីមួយ​ៗ​ដែល​កើត​ឡើង និង​លះ​បាន​ដោយ ហេតុ​ណា ក៏​ឲ្យ​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​។ ៤/ នីវរណធម៌ ខ នីមួយៗ​ដែល​លះ​បង់​បាន​ហើយ មិន​កើត​ឡើង​តទៅ​ទៀត​ដោយ​ហេតុ​ណា ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ ។ ពួកទី ២ ខន្ធបព្វៈ បញ្ចក្ខន្ធ (ខន្ធ ៥) គឺ​ពួក​ធម៌​ដែល​ពោល​អំពី​ឧបាទាន​ក្ខន្ធ ឲ្យ​ពិចារណា កំណត់​ដឹង​ខន្ធ​៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ តាមស្ថាន ៣​ប្រការ​គឺ ១.ការ​មាន គឺមាន​យ៉ាង​ដូចម្តេច ២.ការ​កើត គឺ​កើត​ឡើង​បាន​យ៉ាង​ដូច​ម្តេច ៣.ការ​រលត់ គឺ​រលត់​ទៅ​បាន​យ៉ាងដូចម្តេច ? ពួកទី ៣ អាយតនបព្វៈ អាយតនៈ ១២ គឺ​ពួក​ធម៌ ដែល​ពោល​អំពី​អាយ​តនៈខាង​ក្នុង​ ៦ បាន​ដល់ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត និង អាយតនៈ ខាងក្រៅ៦ បាន​ដល់ រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ។ ទ្រង់​​សម្តែង​​កំណត់​​ជា​​វគ្គ ឲ្យ​​ពិចារណា​​អាយតនៈ​​ដូច្នេះ​​គឺៈ ១/ ឲ្យ​កំណត់​អាយតនៈ​ខាង​ក្នុង​ អាយតនៈ​ខាង​ក្រៅ គ្រប់​ចំណុច​នី​មួយ​ៗ ។ ២/ ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា សំយោជនៈ​កើត​ឡើង ព្រោះ​អាស្រ័យ អាយតនៈ​នោះ​ៗ ។ ៣/​ ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា សំយោជន​កិលេស​ដែល​មិន​ទាន់​កើត​ឡើង កើត​ឡើង​បាន​យ៉ាង​ដូច​ម្តេច ដែល​កើត​ឡើង​ហើយ លះ​បង់ បាន​យ៉ាង​ដូច​ម្តេច ដែល​លះបង់​បាន​ហើយ មិន​កើត​ឡើង​ទៀត បាន យ៉ាងដូចម្តេច ។ ពួកទី ៤ ពោជ្ឈង្គបព្វៈ ពោជ្ឈង្គៈ គឺ​អង្គ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង​មាន ៧ ប្រការ​គឺៈ ១-សតិសម្ពោជ្ឈង្គៈ ធម៌​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​គឺ​សតិ សេច​ក្តី​រព្ញក​បាន ។ ២- ធម្មវិចយ​សម្ពោជ្ឈង្គៈ ធម៌​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​គឺ ការ​ពិចារណា​ធម៌​ឲ្យ​ល្អិត​ល្អន់ ។ ៣- វិរិយ​សម្ពោជ្ឈង្គៈ ធម៌​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​គឺ សេចក្តី​ព្យាយាម ។ ៤- បីតិសម្ពោជ្ឈង្គៈ ធម៌​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​គឺ សេចក្តី​ឆ្អែត​ស្កប់​ស្កល់​ក្នុង​ចិត្ត​។ ៥- បស្សទ្ធិ​សម្ពោជ្ឈង្គៈ ធម៌​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​គឺ សេចក្តី​ស្ងប់កាយ ស្ងប់ចិត្ត ។ ៦- សមាធិ​សម្ពោជ្ឈង្គៈ ធម៌​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​គឺ ការ​តាំង​ចិត្ត​មាំ ចិត្ត​ស្ងប់ ។ ៧- ឧបេក្ខា​សម្ពោជ្ឈង្គៈ ធម៌​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​គឺ ការ​តាំង​ចិត្ត​ជា​កណ្តាល ។ វិធី​ពិចារណា គឺ​ពិចារណា​ឲ្យ​ដឹង​ច្បាស់​ក្នុង​ខណៈ​នោះ​ៗ ថា ពោជ្ឈង្គៈ ៧ ខ នីមួយៗ​ មាន​នៅ​ក្នុង​ខ្លួន​ឬ​ទេ ដែល​មិន​ទាន់​កើត កើត​ឡើង​បាន​យ៉ាង​ដូចម្តេច ដែល​កើត​ឡើង​ហើយ ចម្រើន​ឲ្យ​ពេញ​បរិបូរណ៍ បាន​យ៉ាង​ដូច​ម្តេច ។ ពួកទី ៥ សច្ចបព្វៈ សច្ចៈ ៤ ទ្រង់​បង្រៀន​ឲ្យ​ភិក្ខុ​ឃើញ​ធម៌​ក្នុង​ធម៌​ទាំង​ឡាយ ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា នេះ​ជា​ទុក្ខ (ទុក្ខសច្ចៈ) នេះ​​ជា​​ហេតុ​​នៃ​​សេចក្តី​ទុក្ខ​(សមុទយសច្ចៈ) នេះ​​ជា​​ទី​​រំលត់​​ទុក្ខ(និរោធសច្ចៈ) នេះ​​ជា​​ផ្លូវ​បដិបត្តិ​​ដើម្បី​​ចេញ​​ចាក​​ទុក្ខ(មគ្គសច្ចៈ)​ ។ បន្ទាប់​​ពី​​នោះ​​មក​ទ្រង់​សម្តែង​អំពី​ទុក្ខអរិយ​សច្ច​និទ្ទេស​ថា ទុក្ខ​អរិយសច្ច បាន​ដល់ ជាតិ ជរា ព្យាធិ មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្សៈ ឧបាយាសៈ ការជួបប្រទះនូវរបស់ មិនជាទីស្រឡាញ់ ក៏​ជា​ទុក្ខ ការ​ប្រាស​ចាក​នូវ​របស់​ជាទី​ស្រឡាញ់​ក៏​ជា​ទុក្ខ ការ​មិន​បាន​វត្ថុ​ដែល​ជាទី​ស្រឡាញ់ ក៏​ជា​ទុក្ខ និង​ទ្រង់​សរុប​ថា ឧបាទានក្ខន្ធ ក៏​ជា​ទុក្ខ យ៉ាង​នេះ ។ ទ្រង់​សម្តែង​សមុទយ​អរិយសច្ចនិទ្ទេស​ថា ទុក្ខ​សមុទយ​អរិយ​សច្ចៈ ដូច​ម្តេច​?​ អ្វីជា ​បិយរូប​ សាតរូប (សភាវៈ​ដែល​គួរ​ឲ្យ​ស្រឡាញ់ ពេញ​ចិត្ត​នាំ​ឲ្យ​កើត​តណ្ហា) ក្នុង​លោក? ទ្រង់​អធិប្បាយ អាយ​តនៈ ខាង​ក្នុង មាន​ចក្ខុ​ជា​ដើម អាយ​តនៈខាង​ក្រៅ មាន​រូប​ជា​ដើម វិញ្ញាណ ៦ មាន​ចក្ខុវិញ្ញាណ​ជា​ដើម សម្ផស្ស ៦ មាន​ចក្ខុសម្ផស្ស ជាដើម វេទនា ៦ មានរូបវេទនា ជា​ដើម សញ្ញា ៦ មាន​រូប​សញ្ញា​ជា​ដើម សញ្ចេតនា ៦ មាន​រូប​សញ្ចេតនា​ជា​ដើម តណ្ហា ៦ មាន​រូប​តណ្ហា ជា​ដើម​ វិតក្កៈ ​៦ មាន​រូប​វិតក្កៈ ជា​ដើម វិចារៈ ៦ មាន​រូបវិចារៈជា​ដើម គ្រប់​ចំណុច​នីមួយ​ៗ ជា​បិយរូប សាត​រូប ក្នុង​លោក ។​តណ្ហា​​ពេល​កើត​ឡើង ក៏​កើត​ឡើង ក្នុង​ធម៌​ទាំង​នេះ ពេល​តាំង​នៅ ក៏​តាំង​នៅ​ក្នុង​ធម៌​ទាំង​នេះ ។ ទ្រង់​សម្តែង​និរោធ​អរិយ​សច្ច​និទ្ទេស​​ថា ទុក្ខ​និរោធអរិយសច្ចៈ ដូចម្តេច? អ្វី​ជា​បិយរូប សាត​រូប ក្នុង​លោក? សេចក្តី​អធិប្បាយ​នៃ ការ​រំលត់​តណ្ហា (និរោធសច្ចៈ) នេះ​មាន​ន័យ​ផ្ទុយ​គ្នា​ពី​សមុទយ​សច្ច និទ្ទេស ខាង​ដើម ។ ទ្រង់​សម្តែង​មគ្គ​សច្ច​និទ្ទេស​ថា តើ​ទុក្ខ​និរោធគា​មិ​នី​បដិបទា ដូចម្តេច? ទ្រង់​អធិប្បាយ​ថា បាន​ដល់ អរិយមគ្គ ប្រកប​ដោយ​អង្គ ៨ មាន​សម្មាទិដ្ឋិ ជា​ដើម ។ បន្ទាប់​ពី​នោះ ទ្រង់​អធិប្បាយ អរិយមគ្គ ប្រកប​ដោយ​អង្គ ៨ ប្រការ​គ្រប់​ចំណុច ដូច​ជា​សម្មាទិដ្ឋិ គឺ​ការ​យល់ ដឹង​ក្នុង​ទុក្ខ​ក្នុង​សមុទ័យ ក្នុង​ទុក្ខនិរោធ និង ក្នុង​ទុក្ខនិរោធគា​មិនី​បដិបទា ជាដើម ។ បន្ទាប់​​មក​​ទៀត ទ្រង់​​បង្រៀន​​ឲ្យ​​ភិក្ខុ​​ឃើញ​​ធម៌ ក្នុងធម៌​​ទាំង​​ឡាយ ក្នុង​លក្ខណៈ​ផ្សេង​ៗ ​៣លំដាប់​គឺៈ ១/ ឲ្យ​ពិចារណា​ធម៌​ខាង​ក្នុង ធម៌​ខាង​ក្រៅ ធម៌​ទាំង​ខាង​ក្នុង​ធម៌​ទាំង​ខាង​ក្រៅ ។ ២/ ឲ្យ​ពិចារ​ណា​ធម៌​ជា​ហេតុ​កើត​និង​ធម៌​ជា​ហេតុ​រលត់ ក្នុង​ធម៌​ទាំង​ឡាយ ។ ៣/ ឲ្យ​តាំង​សតិ ឆ្ពោះ​ទៅ​រក​កម្មដ្ឋាន​ថា ធម៌​មាន​នៅ​ជា​ប្រក្រតី ក៏​ត្រឹម​តែ​ដើម្បី​អាស្រ័យ​នូវ​ការ​ចម្រើន​ញាណ និង​ ការ​ចម្រើន​សតិ​ប៉ុណ្ណោះ មិន​អា​ស្រ័យ​តណ្ហា និង​ ទិដ្ឋិ មិន​ប្រកាន់​ខ្ជាប់​នូវ​អ្វីៗ​ក្នុង​លោក​ឡើយ ។ ហើយ​ទ្រង់​ត្រាស់​ថា “ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ពិចារណា ឃើញ​ធម៌ ក្នុង​ធម៌​ទាំង​ឡាយ ​ជា​ប្រ​ក្រតី យ៉ាង​នេះ​ឯង” ​។ ភាគនិគមន៍ អា​និសង្ស​នៃ ការ​ចម្រើន​សតិបដ្ឋាន​ ៤ ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​សម្តែង​អានិសង្ស​នៃ​ការ​ចម្រើន​សតិប​ដ្ឋាន​ជា​និគមវចនៈ ថា បុគ្គល​ចម្រើន​សតិបដ្ឋាន​អស់​រយៈ​ពេល ៧ ឆ្នាំ ៦ ឆ្នាំ ៥ ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំ ។ អស់​រយៈ​ពេល ៧​ខែ ៦​ខែ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ អស់​រយៈ​ពេល កន្លះ​ខែ ឬអស់​រយៈ​ពេល ៧ ថ្ងៃ គង់​នឹង​បាន​សម្រេច​ផល​ណា​មួយ បណ្តា​ផល​ទាំង ២​យ៉ាង​គឺ អរហត្តផល​ក្នុង​បច្ចុប្បន្ន ឬ បើ​មាន​ឧបាទាន​សល់​នៅ ក៏​នឹង​បាន​ជា​ព្រះ​អនាគា​មី ។ ហើយ​ទ្រង់​ត្រាស់​សរុប​ថា “ផ្លូវ​នេះ​ជា​ផ្លូវ​មូល​តែ​មួយ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​បរិសុទ្ធ​នៃ​សត្វ​ទាំង​ឡាយ ដើម្បី​កំចាត់​បង់​នូវ​សេចក្តីសោក និង​សេចក្តី​ខ្សឹ​ក​ខ្សួល ដើម្បី​រំលត់​ទុក្ខ និង​ទោមនស្ស ដើម្បី​សម្រេច​នូវ​ញេយ្យ​ធម៌ (អរិយមគ្គ) ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ ព្រះ​និព្វាន ។ ផ្លូវ​នោះ គឺសតិប​ដ្ឋាន ៤ ប្រ​ការ តថា​គត​អាស្រ័យ​ផ្លូវ​នេះ​ឯង ទើប​ពណ៌នា​ដូច​ពោល​មក​នេះ។កាល​ព្រះ​សម្មា​សម្ពុទ្ធ​ត្រាស់​សម្តែង​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​ចិត្ត​ត្រេកអររីក​រាយ ចំពោះ​ពុទ្ធភាសិត​នេះ​ក្រៃ​ពេក ។ ចំណុចគួរសង្កេត សូម​សង្កេត​មើល​ថា ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សម្តែង​សតិប​ដ្ឋាន ទុក​ក្នុង​ទី​ផ្សេង​ៗ​ច្រើន​កន្លែង ដូច​មាន​ប្រាកដ​ក្នុង​ព្រះសុត្តន្តបិដក និង ព្រះអភិធម្មបិដក ប៉ុន្តែ​ដែល​ត្រាស់​សម្តែង​ទុក​ដោយ​ពិស្តារ ដែល​ហៅ ថា​ព្រះ​សូត្រធំ​នោះ មាន​ប្រាកដ​ពីរ​កន្លែង​ប៉ុណ្ណោះ គឺ​ក្នុង​ព្រះ​សូត្រ​នេះ និង​ក្នុង​មជ្ឈិម​កាយ មូល​បណ្ណាសកៈ ។ ចំណុច​ដែល​គួរ​សង្កេត​តទៅ​ទៀត​នោះ​គឺ អដ្ឋកថា របស់​ទីឃនិកាយ មហាវគ្គ និង អដ្ឋកថា របស់​មជ្ឈិម​និកាយ​មូលបណ្ណាសកៈ កត់​ត្រា​ទុក​ច្បាស់​ថា សតិបដ្ឋាន ក្នុង​មជ្ឈិម​និកាយ មូល​បណ្ណាសកៈ មាន​ឈ្មោះ​ថា សតិប​ដ្ឋានសូត្រ រី​ឯក្នុង​ទីឃ​និកាយ មហាវគ្គ​នេះ មាន​ឈ្មោះ​ថា មហា​សតិប្បដ្ឋាន​សូត្រ ។ អដ្ឋក​ថា​ទាំង​ពីរ​ក្បាល​នេះ កត់​ត្រា​ទុក​ច្បាស់​ថា ព្រះ​សូត្រ​ទាំង ២ ​នេះ ចាត់​ចូល​នៅ​ក្នុង​ព្រះ​សូត្រ ដែល​មាន​អត្ថ​ជ្រាល​ជ្រៅ ទាំង​៨ សូត្រ​គឺ នៅ​ក្នុង​ទីឃនិកាយ​ពីរ​សូត្រ​គឺ មហានិទានសូត្រ និង មហាសតិប​ដ្ឋានសូត្រ ក្នុង​មជ្ឈិម​និកាយ ៦ សូត្រ​គឺ សតិប​ដ្ឋាន សូ​ត្រ សារោបមសូត្រ រុក្ខោបមសូត្រ រដ្ឋបាលសូត្រ មាគ​ណ្ឌិយសូត្រ និង អានេញ្ជ​សប្បាយ​សូត្រ ។ ព្រះ​សូត្រ​ទាំង​នេះ ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​សម្តែង​ដល់​ពុទ្ធបរិស័ទ​ដែនកុរុ ព្រោះ​ពួក​គេ មាន​ការ​ចាប់ អារម្មណ៍ ក្នុង​ការ​រៀន​ធម៌ និង បដិបត្តិធម៌​យ៉ាង​ខ្លាំង​ក្លា​ណាស់ លោក​ឧបមា​ទុក​ថា បុរស​ដែល​បាន​ប្រអប់​មាស​ហើយ យក​ផ្កា​មាន ប្រភេទ​ផ្សេងៗ​មក​ទុក​ក្នុង​ប្រអប់​នោះ យ៉ាង​ណា ឬ​បុរស​បាន​ហិប មាស​ហើយ យក​រតនៈ ៧​ប្រការ មក​ទុកក្នុង​ហិប​នោះ យ៉ាង​ណា ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​បាន​ពុទ្ធ​បរិស័ទ​អ្នក​ដែន​កុរុ ហើយ​ក៏​ទ្រង់​សម្តែង ព្រះ​ធម៌​ទេសនា ដែល​មាន​អត្ថ​ដ៏​ជ្រាល​ជ្រៅ ដល់​ពុទ្ធ​បរិស័ទ​នោះ យ៉ាង​នោះ ​ដូច​គ្នា ​។ ខ្លឹមសារដែលគួរសិក្សា សារសំខាន់ដែលគួរសិក្សាដោយលំអិតគឺៈ -១-វិភាគ​អត្ថន័យ និង​គោល​ការណ៍ របស់​សតិបដ្ឋាន ​៤ ។ -២-វិភាគ​សារៈ​សំខាន់​នៃ​ការ​ចម្រើន​សតិប​ដ្ឋាន ៤ ។ -៣-ហ្វឹកហាត់ចម្រើនសតិប​ដ្ឋាន តាមដែលទ្រង់អធិប្បាយ ។ -៤-វិភាគ​ផល​នៃ​ការ​ចម្រើន​សតិប​ដ្ឋាន ៤ ៕ “ចប់មហាសតិបដ្ឋានសូត្រដោយសង្ខេប” ប្រភព ដោយ៥០០០ឆ្នាំ
images/articles/301/te322xtpic.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៦១,៥០០ ដង)
ព្រះ​សទ្ធម្ម​ចែក​ជា ៣ ប្រភេទ​គឺ ១- បរិយត្តិធម៌ ពុទ្ធវចនៈ ព្រះ​ត្រៃ​បិដក​សំដែង​អំពី​គោល​ធម៌ របៀប​បែប​ផែន ដំបូន្មាន ច្បាប់​សម្រាប់​ប្រតិបត្តិ​ដែល​ពុទ្ធ​បរិស័ទ​ត្រូវ​រៀន​ស្វាធ្យាយ ទ្រទ្រង់បង្ហាត់​បង្រៀន សំដែង​ប្រាប់​ដល់​អ្នក​ដទៃ, ២- បដិបត្តិធម៌ ធម៌​សម្រាប់​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​ បាន​ដល់​សីល សមាធិ បញ្ញា ឬ​សេចក្ដី​ប្រតិបត្តិ​តាម​ធ្វើ​តាមកា​ន់តាម នូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌​ដែល​ខ្លួន​បាន​រៀន បាន​ស្ដាប់ បាន​ចេះ​ដឹង ដើម្បី​ឲ្យ​ដល់​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​ដល់ ឲ្យ​សំរេច​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​សំរេច ដើម្បី​ឲ្យ​ជាក់​ច្បាស់ ។ ៣- បដិវេធ​ធម៌ ការ​ត្រាស់​ដឹង បាន​ដល់​កិរិយា​បាន​សំរេច បាន​ជាក់​ច្បាស់​ចាក់​ធ្លុះ​នូវ​បរមត្ថៈ ​គឺ​មគ្គ ផល និព្វាន ដែល​ជា​ផល​សំរេច​អំពី​ការ​រៀន​ស្ដាប់​ចេះ​ដឹង នឹង​ប្រតិបត្តិ​នោះ ។ វេនេយ្យ​សត្វ​ដូច​អ្នក​ដំណើរ, ព្រះ​សម្មាសម្ពុទ្ធ​ដូច​អ្នក​ស្គាល់​ផ្លូវ បង្ហាញ​ផ្លូវ​ត្រង់, បរិយត្តិធម៌​ដូច​ជា​ផ្លូវ​ត្រង់, បដិបត្តិធម៌​ដូច​ជា​ដំណើរ​ទៅ​តាម​ផ្លូវ​ត្រង់​នៃ​អ្នក​ដំណើរ, បដិវេធ​ធម៌​ដូច​ជា​ដំណើរ​ទៅ​ដល់​កន្លែង​ដែល​ត្រូវ​ទៅ​ឲ្យ​ដល់​នៃ​អ្នក​ដំណើរ ។ ព្រះ​សទ្ធម្ម​ទាំង​ ៣ ប្រភេទ​នេះ បណ្ឌិត​គប្បី​លើក​យក​អរិយមគ្គ​មាន​អង្គ ៨ មក​ពិនិត្យ​ឲ្យ​យល់​ច្បាស់​ថាៈ ការ​រៀន​ចេះ​ចាំ​បង្រៀន​សំដែង​នូវ​មគ្គ នោះ​ជា​បរិយត្តិ,​ ការ​​ប្រឹង​ប្រែង​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​អង្គ​មគ្គ នោះ​​ជា​បដិបត្តិ, ការ​បាន​សំរេច​នូវ​អង្គ​មគ្គ នោះ​ជា​បដិវេធៈ​ ។ អរិយមគ្គមានអង្គ ៨ ១- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ, ២- សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ, ៣- សម្មាវាចា សំដីត្រូវ, ៤- សម្មាកម្មន្តៈ ការងារត្រូវ, ៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ, ៦- សម្មាវាយាមៈ ព្យាយាមត្រូវ, ៧- សម្មាសតិ ការរលឹកត្រូវ, ៨- សម្មាសមាធិ ការដំកល់ចិត្តឲ្យនឹងត្រូវ ។ ១-សម្មាទិដ្ឋិៈ ប្រាជ្ញាយល់ឃើញត្រូវ បានដល់ប្រាជ្ញាដឹងក្នុង អរិយសច្ចៈ ៤ ១- ទុក្ខៈ ធម្មជាត​ដែល​នាំ​ឲ្យ​លំបាក​ព្រួយ​មាន​ជាតិ​ ជរា​ មរណៈ​ជាដើម, ២- ទុក្ខសមុទយៈ ហេតុ​បណ្ដាល​ឲ្យ​កើត​ទុក្ខ​បាន​ដល់​តណ្ហា, ៣- ទុក្ខនិរោធៈ ព្រះ​និព្វាន​រំលត់​តណ្ហា​បណ្ដាល​ទុក្ខ, ៤- ទុក្ខនិ​រោធគាមិ​នី​បដិបទា មធ្យម​មាគ៌ា​នាំ​ឲ្យ​ទៅ​កាន់​ទី​រំលត់​ទុក្ខ​ ។ ២-សម្មាសំង្កប្បៈ សេចក្ដីត្រិះរិះត្រូវ បានដល់សេចក្ដីត្រិះរិះត្រូវ ៣ យ៉ាងគឺ ១- នេក្ខម្មសង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ក្នុង​ការ​ចេញ​ចាក​កាម, ២- អព្យាទ​សង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ក្នុង​ការ​មិន​ព្យាបាទ, ៣- អវិហឹសាសង្កប្បៈ សេចក្ដី​ត្រិះរិះ​ក្នុង​ការ​មិន​បៀត​បៀន​។ ៣-សម្មាវាចាៈ សំដីត្រូវ បានដល់ការវៀរចាក វចីទុច្ចរិត ៤ យ៉ាង គឺ ១- មុសាវាទា វេរមណី ការ​វៀរចាក​កិរិយា​ពោល​កុហក, ២- បិសុណាយ វាចាយ វេរមណី ការ​វៀរ​ចាក​សំដី​ញុះ​ញង់, ៣- ផរុសាយ វាចាយ វេរមណី ការ​​វៀរ​​ចាក​​សំដី​​ទ្រ​គោះ ៤- សម្ផប្បលាបា វេរមណី ការ​​វៀរ​​ចាក​​កិរិយា​​ពោល​​រឿង​​ឥត​​ប្រយោជន៍ ។ ៤-សម្មាកម្មន្តៈ ការ​ងារ​​ត្រូវ​​បាន​​ដល់​​ការ​​វៀរ​ចាក​ កាយ​ទុច្ចរិត ៣ យ៉ាង​គឺ ១- បាណាតិបាតា វេរមណី ការ​​វៀរ​​ចាក​​កិរិយា​​បំបាត់​​ប្រាណ​​សត្វ, ២- អទិន្នាទានា វេរមណី ការ​​វៀរ​​ចាក​​ការ​​កាន់​​យក​​វត្ថុ​​ដែល​​គេ​​មិន​​ឲ្យ, ៣- កាមេសុមិច្ឆា​ចារា វេរមណី ការ​​វៀរ​​ចាក​​ការ​​ប្រព្រឹត្ត​​ខុស​​ក្នុង​​កាម​​ទាំងឡាយ ​។ ៥-សម្មាអាជីវៈ ការ​​ចិញ្ចឹម​​ជីវិត​​ត្រូវ, សម្រាប់​​គ្រហស្ថ បាន​​ដល់​​ការ​​វៀរ​​ចាក​​ជំនួញ​​ខុស កិរិយា​លះ​បង់​​ការ​​បំបាត់​​ដោយ​​ជញ្ជីង​​ជា​ដើម ការ​​ធ្វើ​​ជា​​សាក្សី​​កោង, ការ​​ល្មោភ​​សំណូក ហើយ​​ប្រកប​​អាជីវកម្ម ដោយ​​វណិជ្ជកម្ម​​ដែល​​នាំ​​ឲ្យ​​សេដ្ឋកិច្ច​​ជាតិ​​ចំរើន, ដោយ​​វិជ្ជា​​ជីវៈ ដ៏​​យុត្តិធម៌, ដោយ​​កសិកម្ម ជា​ឧត្តម​កម្ម នឹង​​គោរក្ខ​កម្ម, សម្រាប់​​បព្វជិត បាន​​ដល់​​ការ​​លះបង់​​មិច្ឆា​អាជីវៈ​​ដោយ​​អនេ​សនៈ​បាប​ធម៌ មាន​ទូត​កម្ម វេជ្ជកម្ម​​ជា​ដើម ការ​​ត្រាច់​​ទៅ​​កាន់​​អគោចរដ្ឋាន ហើយ​​ចិញ្ចឹម​​ជីវិត​​ដោយ​​ភិក្ខា​​ចរិយ​ធម៌​​ដ៏​​ស្មើ ឬ​​បច្ច័យ​​ដែល​​កើត​​ឡើង​​តាម​​ធម៌ ។ ៦-សម្មាវាយាមៈ ព្យា​យាម​​ត្រូវ បាន​​ដល់​​សម្មប្ប​ធាន គឺ​​ការ​​បង្កើត​​ឆន្ទៈ ព្យា​យាម​​ប្រារព្ធ វីរិយៈ តាំង​បធាន ផ្គង​​ចិត្តៈ -ដើម្បី​​មិន​​ឲ្យ​អកុសល​ធម៌​​លា​មក មិន​​ទាន់​​កើត​​ឡើង កើត​​ឡើង​​បាន, -ដើម្បី​​លះ​បង់​​នូវ​​អកុសល​​ធម៌​​លាមក​​កើត​​ឡើង​​ហើយ, -ដើម្បី​​ឲ្យ​​កុសល​ធម៌​​មិន​​ទាន់​​កើត​​ឡើង កើត​​ឡើង, -ដើម្បី​​ឲ្យ​​កុសលធម៌​​កើត​​ឡើង​ហើយ ឋិត​​នៅ មិន​​សាប​​សូន្យ ឲ្យ​​ចំរើន​​ច្រើន​​ឡើង ឲ្យ​​ចំរើន​​ទូលំ​ទូលាយ ឲ្យ​​បរិបូណ៌ ។ ៧-សម្មាសតិៈ ការ​រលឹក​ត្រូវ បាន​ដល់​ សតិប្បដ្ឋាន ៤ គឺ ១- កាយានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ​​ខ្ជាប់ខ្ជួន​​ពិចារណា​​រឿយ​ៗ ក្នុង​​កាយ, ២- វេទនានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយៗ ក្នុង​​វេទនា. ៣- ចិត្តានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយ​ៗ ក្នុង​​ចិត្ត, ៤- ធម្មានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយ​ៗ ក្នុង​​ធម៌ ។ ៨-សម្មាសមាធិៈ សមាធិ​​ត្រូវ បាន​​ដល់​​ឈាន ៤ ដែល​​ភិក្ខុ​​ស្ងប់ស្ងាត់​​ចាក​​កាម​​ទាំង​ឡាយ ចាក​អកុសលធម៌​​ទាំង​ឡាយ ហើយ​​បាន​​សម្រេច គឺ ១- មឋមជ្ឈាន ប្រកប​ដោយ ​វិតក្កៈ វិចារៈ មាន​បីតិ សុខៈ កើត​អំពី​វិវេគ, ២- ទុតិយជ្ឈាន រម្ងាប់​វិតក្កៈ វិចារៈ ថ្លា​ល្អ​​ខាង​​ក្នុង មាន​​ឯ​កោ​ទិភាព​​ចិត្ត មាន​បីតិ​សុខ​​កើត​​អំពី​​វិវេគ, ៣- តតិយជ្ឈាន ប្រាស​​ចាក​​បីតិ មាន​​សុខៈ នឹង​​ឧបេក្ខា, ៤- ចតុត្ថជ្ឈាន លះ​បង់​​សុខ​​នឹង​​ទុក្ខ មិន​​មាន​​សោមនស្ស​​ទោមនស្ស ជា​​អទុក្ខម​សុខៈ មាន​​សតិ​​ប្រកប​ដោយ​​ឧបេក្ខា​​ដ៏​​បរិសុទ្ធ ។ បណ្ដា​​មគ្គ​​ទាំង ៨ -សម្មាទិដ្ឋិ ញ៉ាំង​​លោក​​ឲ្យ​​ដឹង​​ច្បាស់​​នូវ អនិច្ចតា ទុក្ខតា អនត្តតា, នូវ​​សមុទ័យ​​នៃ​​លោក​ប្បញ្ហា គឺ​តណ្ហា, នូវ​​ឧបាយ​​ដោះ​​នឹង​​កិរិយា​​ដោះ, -សម្មាសង្កប្បៈ ឲ្យ​​ស្គាល់​​សមុដ្ឋាន​​អសន្តិភាព គឺ​​កាមៈ ព្យាបាទៈ វិហឹសា ហើយ​​ឲ្យ​​សាង​​សន្តិភាព​ដោយ​​កាម​​វិរតិ ព្រហ្មវិហារ​ធម៌ ៤ ជា​​ធម៌​​ស្ងួន​​លោក, -សម្មាវាចា ឲ្យ​​មាន​​សច្ចៈ មាន​​សន្តិភាព​​សាមគ្គី​​អរិយ​ធម៌​​ដោយ​​វាចា​​នឹង​​វាចា​​ប្រកប​​ដោយ​ប្រយោជន៍, -សម្មាកម្មន្តៈ ឲ្យ​​គោរព​​សិទ្ធិ សេរីភាព អធិប​តេយ្យ​​ដែល​​មាន​​សំរាប់​​កាយិក​​ចេតសិក​​សុខ​​ជីវិត សវិញ្ញាណ​​កាវិញ្ញាណ​ក​ទ្រព្យ គ្រាម​ធម៌, -សម្មាអាជីវៈ ឲ្យ​ប្រកប​អាជីវកម្ម​ដោយ​ធម៌, -សម្មាវាយាមៈ ឲ្យ​​លះបង់​​អាលស្យ​ភាព (កំជិល) ដែល​​ជា​​ប្រធាន​​អកុសល​ធម៌, -សម្មាសតិ ឲ្យ​​មាន​​សតិ​សម្បជញ្ញៈ​ជា​និច្ច​​ថា “ លោក​​មាន​​សមភាព​​ទៅ​​វិញ​​ទៅ​​មក​” ព្រោះ​​លោក​​ជា​ទឹក ដី ភ្លើង ខ្យល់ ឋិត​​នៅ​​ក្នុង​​អាណា អនិច្ចតា ទុក្ខតា អនត្តតា ដូច​គ្នា ជាប់​​ចោទ​​លោក​ប្បញ្ញា​​ដូច​គ្នា, -សម្មាសមាធិ ឲ្យ​​មាន​​ចិត្ត​​ស្អាត​​ផូរ​ផង់ តាំង​​នៅ​​មាំ​មួន​​ចំពោះ​​សត្វ​​នឹង​​សង្ខារ​ ។ មគ្គ​ទាំង ៨ នេះ​​ចាត់​​ចូល​​ក្នុង​​សិក្ខា​​ទាំង ៣ គឺ សម្មាទិដ្ឋិ សម្មា​សង្កប្បៈ ចូល​​ក្នុង ​​អធិប្ប​ញ្ញា សិក្ខា, សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ ចូល​​ក្នុង​​ អធិសីល សិក្ខា, សម្មាវិ​យាមៈ សម្មា​សតិ សម្មាសមាធិ​ ចូល​​ក្នុង អធិ​​ចិត្ត សិក្ខា ​។ ព្រះ​​ពុទ្ធសាសនា មាន​​គោល​ធម៌​​ប៉ុណ្ណេះ​​ជា​ដើម ដែល​​ជា​​ពន្លឺ​​បំភ្លឺ​​លោក ឲ្យ​​ភ្លឺ​​ស្វាង​​ចាក​​មហន្ធការ​​គឺ​អវិជ្ជា ហើយ​​ឲ្យ​​ស្គាល់​​មធ្យោបាយ​​សាង​​សន្តិភាព​​សម្រាប់​​សាកល​លោក នឹង​​ឯកន្ត​​សន្តិភាព គឺ​សន្តិភាព​​សម្រាប់​​ខ្លួន​​នា​​បច្ចុប្បន្ន អនាគត នឹង​​សន្តិភាព រួច​​ចាក​​អណា​​លោក​រាជ​​នឹង​​លោក​ប្បញ្ញា​នា​អវសាន​​ជាតិ ។ រវាង​​សតវត្ស​​ទី ២៥ នៃ​​ពុទ្ធសករាជ, ពិ​ភពលោក​​ក្នុង​​កំឡុង​​កាំ​រស្មី​​អាទិត្យ ត្រូវ​​លោក​​សង្គ្រាម​​គំរាម​យ៉ាង​​ខ្លាំង ព្រោះ​​លោក​​ខ្វះ​​មនុស្ស​​ធម៌ ដល់​​គំរប់ ២៥០០ វស្សា​​នៃ​​ពុទ្ធសករាជ ក៏​​មាន​​ចិត្ត​​ស្នេហា​សន្តិភាព​​បាន​​នាំ​​គ្នា​​ធ្វើ​​បុណ្យ​​រំលឹក​​រយៈ​​កាល ២៥០០ វស្សា ដើម្បី​​សន្តិភាព ប៉ុន្តែ​​សន្តិភា​ព​​មិន​មែន​មាន​​ត្រង់​​អំនួត​​ថា “ ខ្ញុំ​​ធ្វើ​​ពិធី​​នេះ​​ដែរ” ទេ ព្រោះ​​ដំណើរ​​នោះ​​ជា​​អាកប្បកិរិយា​​ក្លែង​​បន្លំ​​ក៏​​សឹង​​មាន សន្តិភាព​​ឥត​​អាមិស​ ​មាន​​នៅ​​ត្រង់​​ការ​​ប្រតិបត្តិ​តាម​​គោល​​នៃ​​ព្រះ​​សទ្ធម្ម ៨ ដែល​​ពោល​​មក​​ហើយ​នោះ​​ពិត​ ៗ ។ បើ​​លោក​​ត្រូវ​​ការ​​សន្តិភាព ស្រឡាញ់​​សន្តិភាព សូម​​អញ្ជើញ​​ធ្វើ​​តាម​​គោល​​ព្រះ​​សទ្ធម្ម ៨ នោះ​​ចុះ ។​ (ដក​ស្រង់​ចេញ​ពី ធម្មប្បជោត រៀប​រៀង​ដោយ​ព្រះ​មហា អ៊ុក អ៊ឺន ក្នុង​ទស្សនា​វដ្តី​កម្ពុជ​សុរិយា ឆ្នាំ​១៩៥៨ ចុះ​ផ្សាយ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​) ប្រភព ដោយ៥០០០ឆ្នាំ
images/articles/306/text_________pic.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤៧,៨៧៨ ដង)
បុគ្គល​នឹង​ឈ្មោះ​ថា​ប្រព្រឹត្ត​កន្ល​ង​(ដាច់)​​សីល​៥​ណា​មួយ លុះ​ត្រា​តែ​ប្រព្រឹត្ត​កន្លង​គ្រប់​អង្គ​នៃ​សិក្ខាបទ​​នោះ​ៗ​​ទើប​ឈ្មោះ​ថា​ដាច់​សីល។ អង្គ​នៃ​សិក្ខា​បទ​ប្រាំ​នោះ​មាន​ដូច​ខាង​ក្រោម​នេះ៖ ១-បាណាតិបាត​ វេរមណី វៀរ​​ចាក​​ការ​​សម្លាប់​​សត្វ​ ។ បាណាតិ​បាត មាន​​អង្គ​​​៥ ​គឺ៖ ១-បាណោ សត្វ​​មាន​​ជីវិត ២-បាណ​សញ្ញិតា សេចក្ដី​​ដឹង​​ថា សត្វ​​មាន​​ជីវិត ៣-វធក​ចិត្ដំ ចិត្ដ​​គិត​នឹង​​សម្លាប់ ៤-ឧប​ក្ក​មោ ព្យាយាម​នឹង​​សម្លាប់ ៥-តេន​​មរណំ សត្វ​​ស្លាប់​​ដោយ​​ការ​​ព្យាយាម​​នោះ ២-អទិន្នាទានា វេរមណី វៀរ​​ចាក​​ការ​​កាន់​​យក​​របស់​​ដែល​​គេ​​មិន​​បាន​​ឲ្យ​​ដោយ​​កាយ ឬ ដោយ​​វាចា (វៀរចាក​លួច​​​ទ្រព្យ​​​គេ) ។ អទិន្នាទាន ​មាន​​អង្គ​៥ គឺ៖​ ១-បរ​បរិគ្គ​ហិតំ ទ្រព្យ​​ដែល​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។ ២-បរ​បរិគ្គហិត​​សញ្ញិតា សេចក្ដី​​ដឹង​​ថា ទ្រព្យ​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។ ៣-ថេយ្យ​ចិត្ដំ ចិត្ដ​​គិត​​នឹង​​លួច។ ៤-ឧបក្ក​មោ ព្យាយាម​​នឹង​​លួច។ ៥-តេន​ហរណំ​ លួច​​បាន​​មក​​ដោយ​​ការ​​ព្យាយាម​​នោះ។ ៣-កាមេសុមិច្ឆាចារា វេរមណី វៀរ​ចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំង​ឡាយ។ កាមេ​សុមិច្ឆារៈ​​ មាន​​អង្គ​​៤ គឺ៖ ១-អគមនី​យ​ដ្ឋានំ ​ស្រ្ដី​​ដែល​​មិន​គួរ​​នឹង​​គប់​​រក គឺ​​ស្រ្ដី​​ដែល​​មាន​​គេ​​ហួង​​ហែង​​រក្សា។ ២-តស្មឹ​​សេវន​​ចិត្ដំ គិត​​នឹង​​សេព​​មេថុន​ធម្ម​​នឹង​​ស្រ្ដី​នោះ។ ៣-ឧបក្កមោ ព្យាយាម​​នឹង​​សេព​​មេថុន​​ធម្ម។ ៤-មគ្គេន​​មគ្គ​ប​ដិ​បាទនំ ញុំាង​​មគ្គ និង​​មគ្គ​​​ឲ្យ​​​​ដល់​​គ្នា។ ៤-មុសាវាទា វេរមណី វៀរ​ចាក​ការ​ពោល​ពាក្យ​មិន​ពិត គឺ​ពាក្យ​កុហក។ មុសាវាទ​ មាន​អង្គ​៤​ គឺ៖ ១-អតថំ​វត្ថុ វត្ថុ​​​មិន​​​ពិត។ ២-វិសំ​វាទ​ន​​ចិត្ដំ ចិត្ដ​​គិត​​នឹង​​ពោល​​ឲ្យ​​ខុស។ ៣-តជ្ជោ​វា​យា​មោ ព្យាយាម​​នឹង​​ពោល​​ឲ្យ​ខុស។ ៤-បរស្ស​ត​ទត្ថ​វិជា​​ននំ ញុំាង​​អ្នក​​ដទៃ​​ឲ្យ​​ដឹង​​ច្បាស់​​នូវ​​សេចក្ដី​​នោះ។ ៥-សុរា​មេរយ​មជ្ជប្បមា​ទដ្ឋានា វេរមណី វៀរ​ចាក​ការ​សេព​នូវ​ទឹក​ស្រវឹង​គឺ​សុរា និង​មេរ័យ។ សុរាមេរយៈ មាន​អង្គ​៤​ គឺ៖ ១-មជ្ជនីយវត្ថុ វត្ថុ​ជា​​ទី​​តាំង​​នៃ​​សេចក្ដី​​ស្រវឹង​ គឺ​​សុរា​ និង​មេរ័យ​។ ២-បាតុ​កម្យ​តា​ចិត្ដំ ចិត្ដ​​គិត​​បម្រុង​​នឹង​​ផឹក។​ ៣-តជ្ជោ​​វា​យា​​មោ ព្យាយាម​​នឹង​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ។ ៤-តស្ស​​បានំ បាន​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ​​ឲ្យ​​កន្លង​​បំពង់​​ក​​ចូល​​ទៅ។ បើមនុស្ស​ក្នុង​ទីណា​ សង្គម​ណា ប្រទេសណា​ សម្បូរណ៍​ទៅដោយ​អ្នក​មាន​សីល​៥ ទីនោះ​ សង្គម​នោះ​ ប្រទេស​នោះ នឹង​ពោរ​ពេញ​ទៅដោយ​សន្តិសុខ និង សន្តិភាព។ ដោយ៥០០០ឆ្នាំ
images/articles/3212/_________________________________.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥,២៨៣ ដង)
តេីព្រះពុទ្ធសាសនាស្ថិតនៅត្រង់ណា? ព្រះពុទ្ធសាសនា គឺស្ថិតនៅត្រង់ ព្រះឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ។ ពុទ្ធបរិស័ទទាំងឡាយ! ការយល់ច្បាស់នូវ ការប្រៀនប្រដៅរបស់ព្រះពុទ្ធ បរមគ្រូនៃយើង គឺការយល់ដឹងអំពី ចតុរារិយសច្ច ។ ការយល់ដឹងអំពី អារិយសច្ចៈ គឺការ យល់ដឹងអំពីបដិច្ចសមុប្បាទធម៌ ។ ធម៌ទាំងនេះជាធម៌ ដែលមាន គម្ភីរ ភាពជ្រាលជ្រៅណាស់ គេត្រូវតែ ធ្វើវិរិយភាពតឹងរឹង ទើបអាច បាននូវពន្លឺ នៃការត្រាស់ដឹង នឹងអាចធ្វើទីបំផុតនៃទុក្ខបាន។ សេចក្តីទុក្ខ ជាបញ្ហារបស់ មនុស្ស ជាទូទៅ បដិច្ចសមុប្បាទ១២ បង្ហាញអំពី អានុភាព នៃហេតុ និងផល ដែលបច្ច័យ ឲ្យកើតឡើង ។ អតីតអវិជ្ជា ជាហេតុ បច្ចុប្បន្ននាមរូប ជាផល បច្ចុប្បន្នតណ្ហា ជាហេតុ អនាគត ជាតិ ជរា មរណៈ ជាផល ។ កុំឲ្យមានផល ត្រូវឈប់ធ្វើហេតុ ឈប់ធ្វើហេតុ ត្រូវធ្វើ សីល សមាធិ បញ្ញា ធ្វើសីល សមាធិ បញ្ញា ត្រូវមានសទ្ធា មានសទ្ធា ត្រូវយល់ ដឹង ឃើញ នូវសេចក្តីទុក្ខ របស់បញ្ចខន្ធ ។ ព្រះត្រៃសរណគមន៍ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលសម្រេចមានក្នុងសន្តានចិត្ត នៃ ពុទ្ធបរិស័ទ ទៅបានលុះត្រាតែ ពុទ្ធបរិស័ទ មានចិត្តឈាន ចុះស៊ប់ក្នុង សទ្ធា ៤យ៉ាងគឺ ១- កម្មសទ្ធា ការជឿកម្ម, ២- វិបាកសទ្ធា ការជឿផលនៃកម្ម, ៣- កម្មស្សកតាសទ្ធា ការជឿថា សត្វមានកម្ម ជារបស់ខ្លួន, ៤- តថាគតពោធិសទ្ធា ការជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគត ។ លោកិយបដិច្ចសមុប្បាទ១២ អត្ថន័យទូទៅ ពាក្យ​ក្នុង​ភាសា​បាលី​ថា បដិច្ចសមុប្បាទឬ ​នៅ​ក្នុង​ភាសា​សំស្ក្រឹត​ថា ប្រដីដ្យសមុដ្បាទ មាន​អត្ថន័យ​ថា ​ដើម​កំណើត​​នៃ​អ្វីមួយ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត ឬ ការ​កើត​ឡើង​នៃ​អ្វី​មួយ​ត្រូវ​ពឹង​លើ​ការ​កើត​ឡើង​នៃ​អ្វី​មួយ​ទៀត​ជាមុន ។ ន័យ​ម្យ៉ាង​ទៀត បដិច្ចសមុប្បាទ សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​ថា គ្មាន​វត្ថុ​អ្វី​មួយ (ទោះ​ជា​មាន​រូប​ក្តី ឥត​រូប​ក្តី មាន​ជីវិត​ក្តី ឥត​ជីវិត​ក្តី) មាន​វត្តមាន​ដោយ​ឯកឯង ឬ ស្ថិតស្ថេរ​ជា​និច្ច​និរន្តរ៍ បាន​ទេ ពោល​គឺ​ វត្ថុ​នោះ​​ត្រូវ​​ពឹង​ផ្អែក​លើ​វត្ថុ​កើត​មុន​វា​​ដើម្បី​ឲ្យ​វា​អាច​កើត​ឡើង​បាន ។ ចំណែក​វត្ថុ​ដែល​កើត​មុន​នោះ​ ក៏​ត្រូវ​ពឹង​លើ​វត្ថុ​ដែល​កើត​មុន​វា​មួយ​ទៀត​ដើម្បី​ឲ្យ​វត្ថុ​នោះ​កើត​ឡើង​បាន ។ ​យោង​តាម​ទ្រឹស្តី​ពុទ្ធសាសនា បដិច្ចសមុប្បាទ​ មាន​អត្ថន័យ​ពីរ​យ៉ាង​៖ ក្នុង​ន័យ​ទូទៅ បដិច្ចសមុប្បាទ សំដៅ​ទៅ​ដល់​សញ្ញាណ​​ដែល​ជា​ខ្លឹម​សំខាន់​នៅ​ក្នុង​ប្រពៃណី​ពុទ្ធសាសនា ពោល​គឺ វត្ថុ​គ្រប់​យ៉ាង​កើត​ឡើង​​ដោយ​ពឹង​ទៅ​លើ​មូលហេតុ និង លក្ខខណ្ឌ​ ដ៏​ច្រើន​សន្ធឹក។ ក្នុង​ន័យ​ជាក់​លាក់ បដិច្ចសមុប្បាទ សំដៅ​ទៅ​ដល់​ការ​អនុវត្តន៍​ជាក់ស្តែង​នៃ​គោលការណ៍​ទូទៅ​ខាង​លើ​នេះ ពោល​គឺ ភាព​ជាប់​ទាក់ទង​គ្នា (សម្ព័ន្ធ) ចំនួន ១២ តំណ នៃ​ដើម​កំណើត​នៃ​អ្វី​មួយ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត ។ សញ្ញាណ​នៃ​បដិច្ចសមុប្បាទ (ទាំង​ន័យ​ទូទៅ និង ន័យ​ជាក់លាក) គឺ​ជា​មូលដ្ឋាន​សម្រាប់​យល់​សញ្ញាណ​គន្លឹះ​​ដទៃ​ទៀត​នៅ​ក្នុង​ពុទ្ធសាសនា ឧទាហរណ៍ ទ្រឹស្តី​អំពី​កម្ម និង ការ​បដិសន្ធិ​ជា​ថ្មី ការ​កើត​ឡើង​នៃ​ទុក្ខ និង លទ្ធភាព​នៃ​ការ​រំដោះ​ខ្លួន​​តាម​រយៈ​ការ​យល់​ដឹង​ថា​គ្មាន​ខ្លួន ឬ អនត្តា ។ គោលគំនិត​ទូទៅ​នៃ​បដិច្ចសមុប្បាទ (អ្វីៗ​គ្រប់យ៉ាង​សុទ្ធ​តែ​​ពឹង​ផ្អែក​លើ​អ្វីៗ​ដទៃ​ទៀត) គឺ​ជា​ផ្នែក​មួយ​សម្រាប់​បំពេញ​ឲ្យ​សញ្ញាណ (គំនិត) នៃ​ទ្រឹស្តី សុញ្ញតា (ភាព​ទទេ ឬ សូន្យ)។ ធម៌​សូត្រ អវិជ្ជា បច្ចយា សង្ខារា, សង្ខារា បច្ចយា វិញ្ញា សម្ភវន្តិ ។ សេចក្តី​ប្រែ៖ អវិជ្ជាជាបច្ច័យ ឲ្យកើតសង្ខារ, សង្ខារជាបច្ច័យ ឲ្យកើតវិញ្ញាណ, វិញ្ញាណជាបច្ច័យ ឲ្យកើតនាមរូប, នាមរូបជាបច្ច័យ ឲ្យកើតអាយតនៈ, អាយតនៈ​ជាបច្ច័យឲ្យកើតផស្សៈ, ផស្សៈជាបច្ច័យ ឲ្យកើតវេទនា, វេទនាជាបច្ច័យ ឲ្យកើតតណ្ហា, តណ្ហាជាបច្ច័យ ឲ្យកើតឧបាទាន, ឧបាទានជាបច្ច័យ ឲ្យកើតភព, ភពជាបច្ច័យ ឲ្យកើតជាតិ, ជាតិជាបច្ច័យ ឲ្យកើតជរា មរណៈ សោក ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ជាច្រើនអនេក ។ ការជាប់ប្រទាក់គ្នា ១២ កងនេះ ឈ្មោះថា បដិច្ចសមុប្បាទ ។ ចតុរារិយសច្ច ឬ​ សេចក្តីពិត​ ៤ យ៉ាង ព្រះពុទ្ធ​ទ្រង់បាន​ត្រាស់សម្តែង​ទុក​ថា៖ “ ម្នាលភិក្ខុទាំងឡាយ, ក្នុងកាលកន្លង មកហើយក្តី ក្នុងកាលជា អនាគតក្តី ឬក្នុងពេល បច្ចុប្បន្ននេះក្តី តថាគត បង្រៀនអ្នកតែអំពី សេចក្តីទុក្ខ, អំពីហេតុនៃសេចក្តីទុក្ខ, អំពីការរំលត់ទុក្ខ និង ​ផ្លូវទៅកាន់ការរំលត់ទុក្ខ ។ ធម៌ដែលតថាគត ត្រាស់ដឹង មានច្រើនជាអនេក ប៉ុន្តែតថាគត មិនបង្រៀនអ្នក នូវធម៌ដ៏ច្រើន ទាំងនោះទេ ព្រោះមិននាំមក នូវប្រយោជន៍ មិននាំមក នូវសេចក្តីស្ងប់ មិននាំមកនូវ ការត្រាស់ដឹង មិននាំមក នូវព្រះនិព្វាន “។ ព្រះពុទ្ធ​បាន​បង្រៀន អំពីសេចក្តីពិត ៤​ យ៉ាងនេះ គឺធម្មជាតិនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ១ ហៅថា ទុក្ខអរិយសច្ចៈ ។ ហេតុនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ២ ហៅថា ទុក្ខសមុទយ អរិយសច្ចៈ ។ ការរលត់ទៅនៃទុក្ខ ហៅថា ទុក្ខនិរោធ អរិយសច្ចៈ ជាសេចក្តី ពិតទី៣ ។ ផ្លូវប្រតិបត្តិ ដែលនាំឲ្យបានដល់ ការរំលត់ទុក្ខ ហៅថា ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ ជាសេចក្តីពិតទី ៤ ដែលមាននាមថា អរិយអដ្ឋង្គិកមគ្គ ប្រកបដោយអង្គ ៨ ប្រការ ។ អរិយសច្ចៈ ៤ នេះ ជាខ្លឹមសារ នៃការប្រៀនប្រដៅរបស់ព្រះពុទ្ធ ។ អ្នកកាន់ ព្រះពុទ្ធសាសនា ត្រូវតែសិក្សា ហើយយល់ច្បាស់ នូវអរិយសច្ចៈ ដើម្បីប្រតិបត្តិធម៌ រំដោះខ្លួន ឲ្យរួចចាកផុត អំពីទុក្ខ ក្នុងសង្សារវដ្តនេះ។ ដើម្បីពន្យល់ អំពីសេចក្តីទុក្ខ និងហេតុនៃសេចក្តីទុក្ខ ព្រះពុទ្ធទ្រង់លើកយក បដិច្ចសមុប្បាទ​ ១២ មកពន្យល់ប្រាប់ ដូចតទៅនេះ៖ ជាតិ គឺការកើតឡើងនៃ នាម និង រូប គឺ បញ្ចក្ខន្ធ (រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ) ។​ បើ​នៅ​​មាន​ជាតិ (កំណើត) នោះ​បញ្ចក្ខន្ធ (ឬ​ខន្ធ ៥) ក៏កើតឡើង។ បើមាន បញ្ចក្ខន្ធ នោះ​ទុក្ខ ១២ កងក៏កើតឡើង (ទុក្ខព្រោះរូប​ ៤ និងទុក្ខព្រោះនាម ៨)។ទុក្ខ ​ទាំង ១២ កងនេះ មានជាតិជា បច្ច័យ ទើបកើតឡើង ។ ជាតិមានភព ជាបច្ច័យ ឲ្យកើតឡើង។ ភព គឺ បដិសន្ធិចិត្ត ដែលកម្មសង្ខារ តាក់តែងឲ្យ ទៅកើតជា នរក ប្រេត អសុរកាយ តិរច្ឆាន មនុស្ស ទេវតា ឬព្រហ្ម តាមផលកម្មរបស់ខ្លួន ។ ភពមានឧបាទាន ការជាប់ជំពាក់ដោយកម្មជា កុសលនិងអកុសល ជាបច្ច័យឲ្យកើតឡើង។ ឧបាទាន ការជាប់ជំពាក់ ដោយការធ្វើ កម្ម មានតណ្ហាជាបច្ច័យ ឲ្យកើតឡើង។ តណ្ហា គឺសេចក្តី ប្រាថ្នា៣យ៉ាង ចង់ឲ្យបាន នូវអារម្មណ៍តាមទ្វារ ៦ ដែលជាទីត្រេកអរ គឺកាមតណ្ហា ចង់ឲ្យអ្វីៗ ដែលជាទីត្រេកអរ នៅ ស្ថិតស្ថេរជានិច្ច មិនបាត់បង់ គឺភវតណ្ហា ចង់ឲ្យអ្វីៗ ដែលរលត់ទៅ មិនកើតទៀត គឺ វិភវតណ្ហា តណ្ហានេះមានផស្សៈ ការដែលអារម្មណ៍ តាមទ្វារ ៦ មកពាល់ត្រូវ ជាបច្ច័យឲ្យកើតឡើង។ ផស្សៈ មានអាយតនៈ គឺ វិញ្ញាណ ៦ និង អារម្មណ៍ ៦ ជាបច្ច័យ ឲ្យកើតឡើង។ អាយតនៈ មាននាមរូប ជាបច្ច័យឲ្យកើតឡើង ។ នាមរូបមានវិញ្ញាណ គឺបដិសន្ធិចិត្តជាបច្ច័យឲ្យកើតឡើង ។ វិញ្ញាណមានសង្ខារ គឺការប្រជុំ តាក់តែងនៃកម្ម ជាបច្ច័យ ឲ្យកើតឡើង ។ សង្ខារមានអវិជ្ជា សេចក្តីមិនដឹងមិនយល់ ជាបច្ច័យ ឲ្យកើតឡើង ។ សេចក្តីពន្យល់ខាងលើនេះ ឃើញថាអវិជ្ជាជាដើមហេតុ មានសេចក្តីទុក្ខ មួយគំនរធំ នៅខាងចុង ដូចជាខ្សែច្រវាក់មួយ ដែលមានកង ១២ ប្រទាក់ជាប់គ្នា។ ទុក្ខទាំង ១២ កង គឺទុក្ខរបស់រូប ៤ និងទុក្ខរបស់នាម ៨ កើតឡើងក៏ព្រោះ តែមានរូបនិងនាម ។ បើគ្មានរូប និងនាម ទុក្ខក៏គ្មានដែរ ។ ឧបមាដូចជា ជនដែលឈរ នៅក្បែរភ្លើង ទទួលទុក្ខព្រោះក្តៅ ហើយចង់ពន្លត់ ភ្លើងដើម្បីឲ្យបាត់ក្តៅ ដរាបណាគេ នៅតែបន្ថែមប្រេង ទៅឲ្យភ្លើងទៀត នោះភ្លើងនៅតែឆេះ គេនៅតែក្តៅដដែល ឥតស្រាកស្រាន្តឡើយ ។ យ៉ាងណាម៉ិញ គេ ចង់កំចាត់បង់ទុក្ខ ហើយបើគេ នៅតែបង្កើតអវិជ្ជា នោះគេនៅតែ មានទុក្ខដដែល ឥត ឈប់ឈរឡើយ ។ ការបំបាត់អវិជ្ជា ខាងដើម ជាកិច្ចឲ្យទុក្ខទាំងឡាយខាងចុង រលត់ទៅអស់ព្រោះមិនមាន រូបនិងនាម តទៅទៀត ។ ដូច្នេះកិច្ចដែលត្រូវធ្វើ គឺកំចាត់បង់ នូវអវិជ្ជា ជាការស្រេច ។ ប៉ុន្តែគេត្រូវសិក្សា ឲ្យយល់ច្បាស់ នូវបដិច្ចសមុប្បាទនេះ ជាមុនសិន ។ បដិច្ចសមុប្បាទនេះ ដែលមានអវិជ្ជាខាងដើម និងសេចក្តីទុក្ខខាងចុង ជារបស់ ត្រៃភព ព្រោះវាចងសត្វលោក ឲ្យជាប់ក្នុងភពទាំង៣ មានឈ្មោះថា លោកិយបដិច្ចសមុប្បាទ ។ រីឯលោកុត្តរបដិច្ចសមុប្បាទ ដែលមានសទ្ធាខាងដើម និងអាសវក្ខេយេញាណ ជាខាងចុង ជារបស់ព្រះនិព្វាន ព្រោះជាផ្លូវកំចាត់បង់ នូវអវិជ្ជា។ សត្វលោកកើតស្លាប់ ៗ ក្នុងត្រៃភព ព្រោះនៅមានអវិជ្ជា ហើយបច្ច័យក៏កើតតៗគ្នា តាមខ្សែរង្វង់ អវិជ្ជា សង្ខារ វិញ្ញាណ នាមរូប សឡាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ (ទុក្ខរបស់រូប ៤ និង ទុក្ខរបស់នាម ៨) រួចត្រឡប់ទៅកាន់ អវិជ្ជាវិញ ហើយរត់តាម ខ្សែរង្វង់ដដែលនេះ ឥតឈប់ឈរ លុះត្រាតែអវិជ្ជារលត់ ។ ខ្សែរង្វង់ បដិច្ចសមុប្បាទនេះ ជារបស់កាលទាំង៣ គឺរបស់អតីតកាល២ (អវិជ្ជា និងសង្ខារ) របស់បច្ចុប្បន្នកាល៨ (វិញ្ញាណ នាមរូប អាយតន១២ ផស្សៈ វេទនា តណ្ហាឧបាទាន និងភព) របស់អនាគត២ (ជាតិ និងជរាមរណៈ)។ បច្ចុប្បន្នកាល ៨ - ដោយមានអវិជ្ជា-សង្ខារ អំពីអតីតកាល ជាបច្ច័យដល់វិញ្ញាណ គឺបដិ សន្ធិចិត្ត ឲ្យសត្វកើតជាថ្មីទៀត ក្នុងបច្ចុប្បន្នកាលនេះ ។ នាមរូបក៏កើតឡើង អាស្រ័យ ដោយវិញ្ញាណជាបច្ច័យ ។ អាយតនៈ ១២ ក៏កើតឡើង អាស្រ័យដោយនាមរូប ជាបច្ច័យ ។ ផស្សៈក៏កើតឡើង អាស្រ័យដោយ អាយតនៈ១២ ជាបច្ច័យ។ វេទនាក៏កើតឡើង អាស្រ័យដោយផស្សៈ ជាបច្ច័យ ។ តណ្ហាក៏កើតឡើង អាស្រ័យដោយ វេទនាជាបច្ច័យ ។ ឧបាទានក៏ កើតឡើង អាស្រ័យដោយ តណ្ហាជាបច្ច័យ។ ភពក៏កើតឡើង អាស្រ័យ ដោយឧបាទាន ជាបច្ច័យ ។ វិញ្ញាណ នាមរូប អាយតនៈ ១២ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព បដិច្ច​សមុ​ប្បាទ​៨នេះ ជារបស់បច្ចុប្បន្នគឺបញ្ចក្ខន្ធជាផលដែល យើងបានមក ព្រោះ អវិជ្ជាពីអតីតកាល ។ ព្រោះមានបញ្ចក្ខន្ធ ទុក្ខទាំង១២កង គឺរូបទុក្ខ៤ មានជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និងមរណៈទុក្ខ ហើយនិងនាមទុក្ខ៨ គឺសោកទុក្ខ បរិទេវៈទុក្ខ ទុក្ខទុក្ខ (ទុក្ខព្រោះទុក្ខផ្ទួនគ្នា) ទោមនស្សទុក្ខ ឧបាយាសៈទុក្ខ បិយេហិវិប្បយោគទុក្ខ អប្បិយេហិសម្បយោគទុក្ខ យម្បិច្ឆំនលភតិតម្បិទុក្ខ ក៏កើតឡើង ឲ្យយើងរង សេចក្តីឈឺចាប់ឥតស្រាកស្រាន្ត ។ បើមិនមានអវិជ្ជា ជាដើមហេតុទេនោះ យើងក៏គ្មានទុក្ខ ១២កងនេះ ដែរ ។ វេទនាគឺការសោយអារម្មណ៍ គឺការដឹង៥យ៉ាង គឺដឹងសេចក្តីឈឺចាប់ ដឹងសេចក្តី សុខស្រួល ដឹងសេចក្តីទោមនស្ស ដឹងសេចក្តីសោមនស្ស ឬដឹងថាឥតសុខឥតទុក្ខ ។ បើគេដឹងសេចក្តីឈឺចាប់ ឬទោមនស្សតាមផ្លូវចិត្ត គេមិនចង់បាន អារម្មណ៍ទាំងនេះទេ ។ តណ្ហា​គឺ​សេច​ក្តី​ប្រាថ្នា កុំឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ បើគេដឹងសេចក្តីសុខស្រួល ឬសោមនស្សតាមផ្លូវចិត្ត គេចង់បានអារម្មណ៍ ទាំងនេះទៀត ហើយតណ្ហាគឺសេចក្តីប្រាថ្នា ឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ តណ្ហាដែលកើតឡើងក៏បានជាបច្ច័យ ដល់ឧបាទាន គឺការជាប់ជំពាក់ ក្នុងតណ្ហានោះៗ ហើយធ្វើប្រតិកម្ម ដោយអំពើតាម កាយវាចាចិត្ត ។ សេចក្តីស្រឡាញ់និងស្អប់ ក៏ចេះតែកើតឡើងបន្តបន្ទាប់គ្នា។ គេក៏ប្រតិកម្មដោយ លោភៈនិងទោសៈ គឺធ្វើអំពើជាកុសល និងអកុសល ដែលជាហេតុឲ្យ កម្មសង្ខារកើតឡើង ហើយតាក់តែងនូវភព សម្រាប់ អនាគតជាតិ ។ បើកម្មជាកុសល គេនឹងបានសុគតិភព មានទេវលោក និងព្រហ្មលោកបើកម្មជាអកុសលវិញ គេនឹងបានអបាយភូមិ មាននរកប្រេត តិរច្ឆានជាដើម ។ ដរាបណាគេនៅតែមានតណ្ហានិងឧបាទាន គេនឹងបាននូវភព ដែលជាបច្ច័យ ឲ្យមានជាតិនិងសេចក្តីទុក្ខយ៉ាងច្រើន ក្នុងអនាគតកាល។ កាលវេលាចេះតែរត់ ទៅមុខជានិច្ច ។ អនាគតកាល ក្លាយជាបច្ចុប្បន្ន ។ បច្ចុប្បន្នក្លាយជាអតីត ។ ជាតិជរាមរណៈ នៃអនាគត គឺជានាមរូបនិងទុក្ខ ១២ កងនៃបច្ចុប្បន្ន ។ បច្ច័យរបស់ជាតិ គឺតណ្ហាឧបាទានភព ដែលកើតក្នុងបច្ចុប្បន្ន ។ បច្ច័យរបស់ នាមរូបបច្ចុប្បន្ន គឺអវិជ្ជាសង្ខារវិញ្ញាណ ដែលកើតក្នុងអតីត ។ ជាតិមានន័យថា បញ្ចខន្ធ ជាពាក្យហៅសម្រាប់ អនាគតកាល ឯនាមរូប(គឺបញ្ចខន្ធដូចគ្នា) ជាពាក្យហៅ សម្រាប់បច្ចុប្បន្នកាល ។ កាលណាកាលវេលា រត់ពីបច្ចុប្បន្ន ទៅអតីត តណ្ហាឧបាទានភព ក៏ទៅជា អវិជ្ជាសង្ខារវិញ្ញាណ ដែលឲ្យ បញ្ចខន្ធ កើតឡើង ។ ដូច្នេះអវិជ្ជា គឺតណ្ហានេះឯង ។ ដើម្បីរំលត់នូវ បញ្ចខន្ធ ត្រូវកំចាត់បង់តណ្ហា ក្នុងបច្ចុប្បន្នជាតិនេះ កុំឲ្យមានអវិជ្ជា តទៅទៀត ។ ព្រោះតែមានតណ្ហា ទើបមានការធ្វើនូវកម្ម (ឧបាទាន) ហើយសត្វក៏ជាប់ក្នុង សង្សារវដ្ត គឺការវិលកើតវិលស្លាប់ ក្នុងភព ៣ អស់កាលរាប់កប្ប អសង្ខេយ្យមិនអស់ ។ លោកិយបដិច្ចសមុប្បាទ១២ ឃុំសត្វទុកក្នុងវដ្តសង្សារ យ៉ាងនេះឯង!។ ធម៌ ១១ យ៉ាងទៀត ដែលកើតឡើង ហើយបច្ច័យតៗគ្នា ដូចលោកិយបដិច្ចសមុប្បាទដែរ មានឈ្មោះថា លោកុត្តរបដិច្ចសមុប្បាទ១១។ លោកុត្តរបដិច្ចសមុប្បាទនេះ ជាច្រកចេញ អំពីរង្វង់សង្សារវដ្ត គឺការកើតស្លាប់ៗ ទៅកាន់ទីរំលត់ទុក្ខ គឺ និព្វាន ។ (វិគីភីឌា) ដោយ៥០០០ឆ្នាំ
images/articles/3218/_________________________________.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤,៨៨២ ដង)
ទេាសៈនេះខ្លាំងកម្លាំងក្រៃលែង តែឲ្យដុះវែងគ្មានអ្វីខ្លាំងដូច ត្រូវកាត់ពីតិចត្រូវក្តិចពីតូច ត្រូវរត់ឲ្យរួចពីទេាសដែលខឹង ។ អ្នកប្រាជ្ញបុរាណតែងឲ្យដំណឹង ថាបេីមិនខឹងទេីបហៅខន្តី ឲ្យគេឈ្នះចុះយេីងកុំខ្មាសអ្វី មិនខឹងមិនស្តីខន្តីបានយេីង ។ ខន្តីជាទ្រព្យគួរគាប់ថ្កុំថ្កេីន លេីសទ្រព្យកេីតឡេីងក្នុងលេាកទាំងមូល ខន្តីជាប្ញសដុះជាបណ្តូល ខន្តីជាមូលមេធម៌ទាំងអស់ ។ អ្នកមានខន្តីជាអ្នកមានមេត្តា ជាអ្នកមានលាភ ជាអ្នកមានយស ជាអ្នកមានសេចក្តីសុខជាប្រក្រតី អ្នកមានខន្តី រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្តនៃទេវតា និងមនុស្សទាំងឡាយ។ ខន្តី ជាេហតុជាទីតាំងនៃគុណ គឺសីលនិងសមាធិទាំងឡាយ ធម៌ទាំងឡាយជាកុសលទាំងអស់នេាះ តែងចម្រេីនដេាយសេចក្តីអត់ធន់មែនពិត។ ខន្តី តែងកាត់បង់បាននៅប្ញសនៃបាបទាំងឡាយទាំងអស់ បុគ្គលអ្នកអត់ធន់ឈ្មេាះថា​ជីក​រំលេីងនូវប្ញសនៃទេាសទាំងឡាយ មានពាក្យតិះដៀលនិងការឈ្លេាះប្រកែកជាដេីម។ ខន្តី ជាគ្រឿងអលង្ការបស់អ្នកប្រាជ្ញ ខន្តី ជាគ្រឿងដុតនូវបាបរបស់អ្នកប្រព្រឹត្តធម៌ ខន្តី ជាគុណជាតិនាំមកនូវប្រយេាជន៍ និងសេចក្តីសុខ ។ អ្នកមានខន្តី ជាអ្នកនាំមកនូវប្រយេាជន៍ដល់ខ្លួនផង ដល់ជនទាំងឡាយឯទៀតផង អ្នកមានខន្តីជាអ្នកបានឡេីង កាន់ផ្លូវជាទីស្ថានសួគ៌និងព្រះនិព្វាន ។ អ្នកមានខន្តី ឈ្មេាះថាធ្វេីតាមនូវព្រះពុទ្ធដីកាឱវាទរបស់ព្រះសាស្តាមែន អ្នកមានខន្តី ឈ្មេាះថាបានបូជានូវព្រះជិនស្រីដេាយការបូជាដ៏ឧត្តម។ ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក ខន្តីធម៌ ជាប្រធានក្នុងលេាក ក៏បុណ្យទាំងអស់រមែងមានក្នុងខន្តី។ បេីប្រាសចាកខន្តីហេីយរមែងជួបប្រទះតែនឹងសេចក្តីទុក្ខ លំបាកក្រីក្រ ថេាកទាបជានិច្ច ។ ព្រេាះហេតុនេាះ លេាកអ្នកសប្បុរសទាំងឡាយគួរខំចម្រេីនខន្តីធម៌ឲ្យមានឡេីងគ្រប់ៗគ្នា។ ដោយ៥០០០ឆ្នាំ
images/articles/3313/4565yuuiyo9886654444444444.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ២,៤២៧ ដង)
កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨ ១. ភិក្ខុ​មានសេចក្ដីត្រិះរិះយ៉ាងនេះថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែ​កាលបើ​អញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិន​ទាន់​ធ្វើ​ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។ ២. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើការងាររួចហើយ តែ​កាលដែល​អញ​កំពុង​ធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់​ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ ធម៌ដែលខ្លួនមិនទាន់​ធ្វើ​ឲ្យ​ជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។ ៣. ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តើបើ​អាត្មាអញ​ដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ ដេក មិនប្រារព្ធ​ព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែល​ខ្លួន​មិន​ទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់​ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។ ៤. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែកាលដែល​អាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។ ៥. ភិក្ខុត្រាច់ទៅកាន់​ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែល ដើរទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជន ដ៏សៅ​ហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើ ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។ ៦. ភិក្ខុដើរទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាប​ដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាល​ដែល​ដើរទៅ​កាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារ​មិនកើត ទំនងដូចជាសណ្តែកដែល ត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង​ នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិន​ទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៦។ ៧. ភិក្ខុកើតអាពាធបន្តិច​បន្តួច ភិក្ខុនោះ មាន សេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ​កើត​អាពាធបន្តិចបន្តួច​នេះហើយ អាត្មាអញ គួរតែដេក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌​ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌​ដែលខ្លួនមិនទាន់​បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៧។ ៨. ភិក្ខុជាសះស្បើយអំពីជម្ងឺ​ហើយ តែទើប នឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមាន​សេចក្ដីត្រិះរិះយ៉ាងនេះ​ថា អាត្មាអញសះ ស្បើយអំពីជម្ងឺហើយ តែសះស្បើយមិន​ទាន់យូរ​ប៉ុន្មាន កាយ​របស់អាត្មាអញ នោះនៅមិនទាន់មានកម្លាំង ធ្វើការងារមិន​ទាន់កើត បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែល​ខ្លួនមិនទាន់ដល់ ដើម្បី ត្រាស់ដឹងនូវធម៌ដែល​ខ្លួនមិនទាន់​បាន​ត្រាស់ដឹង ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។ (បិ.៨២, ឃ.២៤៧) ដោយ៥០០០ឆ្នាំ
images/articles/3130/202erdffook.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤,០៩៣ ដង)
កុមារភាព កុមារ ឯម ប្រសូត ពី​ថ្ងៃ ២ ᧥ ៦ ឆ្នាំ​រោង ទោស័ក ព. ស. ២៤២២ ក្នុង​ក្រុង​ភ្នំពេញ ។ បិតា​នាម មាន់ (ឧកញ៉ា​រតន​នាយក​ចាងហ្វាង​ព្រះ​ឃ្លាំង) មាតា​នាម ប្រាក់ ។ កាល​លោក​ឧកញ៉ា មាន់ ត្រឡប់​ពី​ធ្វើ​ចៅហ្វាយ​ស្រុក ខេត្ត​ត្បូងឃ្មុំ ផ្លាស់​ទៅ​ខេត្ត​លង្វែក បាន​បំបួស​កុមារ ឯម ដែល​មាន​ជន្មាយុ ១៥ ឆ្នាំ ជា​សាមណេរ មាន​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទៀង ជា​ព្រះ​ឧបជ្ឈាយ៍ ក្នុង​វត្ត​ឧណ្ណាលោម ពី ព. ស. ២៤៣៧ ។ សាមណេរ ឯម បាន​ហាត់​សូត្រ​ធម៌ ១ ចប់ ភាណវារ​បាលី ព្រម​ទាំង​រៀន​ប្រែ​គម្ពីរ​បាលី ក្នុង​សំណាក់​ព្រះ​តេជ​ព្រះ​គុណ​ព្រះ​នាម​វិមលធម្ម ថោង បាន ៣ គម្ពីរ, ត​មក បាន​រៀប​ប្រែ​គម្ពីរ​បាលី ក្នុង​សំណាក់​លោក​គ្រូ​អាចារ្យ យ៉ាំង, លោក​គ្រូ​អាចារ្យ រ៉ត, លោក​ឧកញ៉ា សុធម្មមេធា អ៊ុង និង​លោក​ឧកញ៉ា​សទ្ធម្មប្រីជា កង ទៀត រួម​ទាំងអស់ ៩ គម្ពីរ ។ បព្វជ្ជា សាមណេរ ឯម បាន​បព្វជ្ជា​អស់ ៦ វស្សា ដល់​ជន្មាយុ​គ្រប់ ២១ ឆ្នាំ បាន​សូម​ឧបសម្បទា​ជា​ភិក្ខុ ពី ព. ស. ២៤៤៣ មាន​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទៀង ជា​ព្រះ​ឧបជ្ឈាយ៍, ព្រះ​ពុទ្ធវង្ស នន្ទ និង​ព្រះ​មង្គល​ទេពាចារ្យ កុយ ជា​ឧបសម្បទាចារ្យ នៅ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, មាន​លោក​ឧកញ៉ា​មហា​មន្ត្រី ប៉ុក ឌុច ជា​អ្នក​ឧបត្ថម្ភក៍ ។ ការតែងតាំង សម្ដេច​ព្រះ​មហា​សង្ឃរាជ បាន​តាំង​ភិក្ខុ ឯម ដែល​ទើប​នឹង​បាន​ឧបសម្បទា​ថ្មី ៗ ឲ្យ​ធ្វើ​ជា​អាចារ្យ​បង្ហាត់​សូត្រ​ធម៌​ភាណវារ​បាលី ឲ្យ​ប្រើ​ខ្យល់​វែង ខ្លី ទីឃៈ រស្សៈ ត្រឹមត្រូវ​តាម​វិធី​ភាសា​បាលី ដូច​គំរូ​ភាសា​បាលី ដែល​ប្រើ​ក្នុង​ភាសា​បាលី​ជាន់​ខ្ពស់​សព្វ​ថ្ងៃ​នេះ ។ ភិក្ខុ ឯម ព្យាយាម​បង្ហាត់​សូត្រ​ធម៌ ក្នុង​វត្ត​ឧណ្ណាលោម​ផង ក្នុង​វត្ត​កំពង់ឆ្នាំង​ជាដើម​ផង អស់​វេលា​ពីរ​ឆ្នាំ ។ ដល់ ព. ស. ២៤៤៥ សម្ដេច​ព្រះ​មហា​សង្ឃរាជ បាន​ចាត់​លោក​គ្រូ​អាចារ្យ ឯម ឲ្យ​ទៅ​ធ្វើ​ចៅអធិការ​វត្ត​ស៊ីធរ ឃុំ​ស៊ីធរ ស្រុក​ស្រីស៊ីធរ ខេត្ត​ព្រៃវែង (សព្វ​ថ្ងៃ​នេះ រួច​ចូល​ក្នុង​ស្រុក​ខ្សាច់​កណ្ដាល) ។ លោក​គ្រូ​ចៅអធិការ ឯម បាន​រៀបចំ​វត្ត​ស៊ីធរ ដែល​ជា​វត្ត​ចាស់​មាន​ទី​សេនាសនៈ​បាក់បែក ឲ្យ​ទៅ​ជា​វត្ត​មួយ​មាន​ព្រះ​វិហារ​ដ៏​រុងរឿង មាន​កុដិ​សាលា​ធំ ៗ ចំនួន ៣ ខ្នង មាន​ដំណាំ​ឈើ​ធំ ៗ និង​ផល​ព្រឹក្ស ខ្នុរ ស្វាយ ដូង ស្លា ដ៏​ច្រើន​រយ​ដើម ព្រម​ទាំង​បង្រៀន​គម្ពីរ​បាលី​ដល់​ពួក​ភិក្ខុ​សាមណេរ​ច្រើន​អង្គ អស់​វេលា ៩ ឆ្នាំ មាន​កិត្តិសព្ទ​ល្បីល្បាញ​ខាង​ការ​សម្ដែង​ធម៌​ទេសនា​និង​ការ​បង្ហាត់​បង្រៀន ព្រម​ទាំង​ការ​កសាង​វត្ត​អារាម ។ ស្នាព្រះហស្ត ដល់ ព. ស. ២៤៥៤ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស កាល​នៅ​ជា​ព្រះ​អង្គ​ម្ចាស់​អធិបតី ដែល​សាង​ព្រះ​រាជ​ដំណាក់​ជិត​វត្ត​លង្កា ទ្រង់​បាន​ឃើញ​វត្ត​លង្កា ដែល​ឋិត​នៅ​ក្នុង​ទី​ទំនាប​ទឹក​លិច សល់​ត្រឹម​តែ​ខឿន​ព្រះ​វិហារ ដែល​មាន​តែ​រោង​ស្បូវ​មួយ គ្រប​ព្រះ​ពុទ្ធ​រូប ១ ព្រះ​អង្គ, ទ្រង់​ក៏​មាន​ព្រះ​រាជ​វិតក្ក​អាណិត​ព្រះ​ពុទ្ធ​រូប ដែល​គេ​មើល​ទៅ​ឃើញ​ដូចជា​គេ​បណ្ដែត​ពោងពាយ​ចោល​កណ្ដាល​បឹង ស្ងាត់​ឈឹង មិន​សូវ​មាន​បរិស័ទ​សោះ ទើប​ទ្រង់​ចូល​ទៅ​គាល់​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទូល​ស្នើ​សុំ​ឲ្យ​សម្ដេច​និមន្ត​លោក​គ្រូ​ចៅអធិការ ឯម ពី​វត្ត​ស៊ីធរ មក​គង់​នៅ​វត្ត​លង្កា​វិញ ដើម្បី​ជួយ​កសាង​វត្ត​នេះ ព្រោះ​លោក​គ្រូ​ចៅអធិការ ខាត់ សុគត​ទៅ​ហើយ ។ សម្ដេច​ព្រះ​មហា​សង្ឃរាជ ទ្រង់​បង្គាប់​លោក​គ្រូ​ព្រះ​មហា​វិមលធម្ម ថោង ឲ្យ​ចាត់ការ​ផ្ទេរ​រៀបចំ​ចៅអធិការ​វត្ត​ទាំង​ពីរ​នេះ ។ លោក​គ្រូ​ព្រះ​មហា​វិមលធម្ម បាន​ចាត់​លោក​គ្រូ​អាចារ្យ ឯម ឲ្យ​មក​ធ្វើ​ចៅអធិការ​វត្ត​លង្កា ពី​ព. ស. ២៤៥៤​។ លោក​គ្រូ​ព្រះ​អាចារ្យ ឯម ជា​ចៅអធិការ​វត្ត​លង្កា គង់​នៅ​ក្នុង​សេនាសនៈ​ចាស់​មួយ ដែល​ជា​សាលា​រៀន​ផង ជា​កុដិ​សម្រាប់​ចៅអធិការ​ផង ដែល​លោក​អ្នក​ឧកញ៉ា​យោមរាជ ម៉ែម សេនាបតី​ក្រសួង​យុត្តិធម៌ រុះ​រោង​ល្ខោន​របស់​លោក​មក​កសាង​ប្រគេន ។ លោក​គ្រូ​ចៅអធិការ ឯម ខំ​ខ្វល់ខ្វាយ​កសាង​ព្រះ​វិហារ តាំង​ពី​ផ្ដើម​រៀប​ឥដ្ឋ​សសរ និង​ជញ្ជាំង​ឡើង​ជា​ដំបូង ដរាប​ដល់​ខឿន​កំពែង និង​បល្ល័ង្ក​ព្រះ​ពុទ្ធ​រូប​ធំ ដែល​រំកិល​យក​ពី​វត្ត​លង្កា​ចាស់ ខាង​អាគ្នេយ៍​វត្ត​ភ្នំ មក​តម្កល់​ក្នុង​ព្រះ​វិហារ​វត្ត​លង្កា​សព្វ​ថ្ងៃ​នេះ ព្រម​ទាំង​បាន​កសាង​កុដិ ១ ខ្នង ពីរ​ជាន់ ដែល​រុះ​ចេញ​បាត់​ទៅ ហើយ​កសាង​កុដិ​ថ្ម​ធំ​សព្វ​ថ្ងៃ​នេះ​ឡើង​វិញ, លោក​បាន​កសាង​ហោត្រៃ​មួយ​ខ្នង ដោយ​ឥដ្ឋ​ស៊ីម៉ងត៍​ពីរ​ជាន់, សាលា​ធម្មសភា​មួយ​ខ្នង គ្រឿង​ស៊ីម៉ងត៍ ២ ជាន់ មាន​រោង​ជួង ១ ជាន់​នៅ​នោះ​ផង, កំពែង​ស៊ីម៉ងត៍ ៤៧ ល្វែង ព័ទ្ធ​វត្ត​លង្កា ពី​ចំហៀង​ខាង​ជើង​និង​ខាង​កើត ប្រវែង ២៤៧ ម. ៨២ បាន​កសាង​សាលា​បាលី​រង ១ ខ្នង, សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា ១ ខ្នង គ្រឿង​ឥដ្ឋ​ស៊ីម៉ងត៍​ភ្លោះ​ទន្ទឹម​គ្នា ចំ​ខាង​ក្រោយ​ព្រះ​វិហារ, បាន​កសាង​កុដិ​ឈើ ១ ខ្នង ខាង​លិច​កុដិ​ថ្ម​ធំ, បាន​សាង​ប្រាង្គ ១ ខាង​មុខ​ព្រះ​វិហារ បញ្ចុះ​ព្រះ​អដ្ឋិធាតុ​ព្រះ​សព​ព្រះ​មហា​វិមលធម្ម ថោង , បាន​ចាក់​ដី​ជម្រៅ ២ ម៉ែត្រ ពេញ​វត្ត​លង្កា​ទាំង​មូល ព្រម​ទាំង​បាន​ជួយ​ឧបត្ថម្ភ​ការ​កសាង​កុដិ ពេញ​បរិវេណ​វត្ត​លង្កា​ចំនួន ៣៦ ខ្នង ។ មិន​តែ​ប៉ុណ្ណោះ, លោក​បាន​កសាង​សាលា​បាលី​រង ១ និង​កុដិ​ធំ ១ (គ្រឿង​ឈើ) ចេតិយ ១ នៅ​វត្ត​ក្រាំងពន្លៃ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បញ្ចុះ​ធាតុ​លោក​ឧកញ៉ា ល្វីជោ មាន់ (១) ជា​បិតា និង​លោក​ស្រី ប្រាក់ ជា​មាតា ។ (១)​ ឧកញ៉ា ល្វី ជោ ជា​ងារ​នៃ​ចៅហ្វាយ​ខេត្ត​លង្វែក ព្រោះ​សាលា​ខេត្ត​នេះ តាំង​នៅ​ក្នុង​ឃុំ​ល្វី ។ ឃុំ​ល្វី កែ​ជា​ឃុំ​បន្ទាយ​លង្វែក ពី​ឆ្នាំ ១៩៣៥ តាម​ពាក្យ​សុំ​របស់​លោក ម៉ី អ៊ុំ មេ​ឃុំ​ល្វី និង​លោក ទេស លឹម ចៅហ្វាយ​ស្រុក​កំពង់​ត្រឡាច និង​លោក សូរ មៀច គ្រូ​បង្រៀន នៅ​សាលា​ពាម​លង្វែក បាន​សុំ​ទៅ​លោក​ចៅហ្វាយ​ខេត្ត នឹង​លោក​រេស៊ីដងត៍​កំពង់ឆ្នាំង ។ ពាក្យ​ថា ល្វី ថា ល្វី នេះ បាន​ជា​ឲ្យ​ដាក់​នាម​ថា ល្វី ឯម ជាប់​ត​មក ។ សមណស័ក្តិ កាល​ពី ព. ស. ២៤៤៦ លោក​គ្រូ​អាចារ្យ ឯម បាន​សមណ​ស័ក្តិ​ជា​ព្រះ​គ្រូ​វិមល​ប្បញ្ញា ។ ដល់​មក ព. ស. ២៤៥៧ បាន​ឡើង​សមណ​ស័ក្តិ​ជា​ព្រះ​ញាណ​បវរ​វិជ្ជា (រាជា​គណៈ​ចត្វា) ។ ដល់ ព. ស. ២៤៥៨ មាន​ព្រះ​រាជ​ប្រកាស និង​អារ៉ែតេ​រ៉េស៊ីដងត៍​ស៊ុបប៉េរីយើរ តាំង​ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ដោយ​ការ​ប្រឡង​រើស​រូប​ជាប់​លេខ គឺ​ជា​ការ​ប្រឡង​រើស​រូប​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់​លើក​ដំបូង​បំផុត ។ ជំនាន់​មុន កាល​សាលា​បាលី​ជាន់​ខ្ពស់ ពុំ​ទាន់​កើត​ឡើង ការ​សិក្សា​ធម៌​វិន័យ និង​ការ​សិក្សា​គម្ពីរ​បាលី​នៃ​កុលបុត្រ​អ្នក​កម្ពុជរដ្ឋ មាន​ស្ដួចស្ដើង​ណាស់ ជា​ហេតុ​នាំ​ឲ្យ​ការ​ប្រតិបត្តិ​ផ្លូវ​ធម៌​វិន័យ ធ្លាក់​ចុះ​ក្នុង​ការ​វិបត្តិ​ច្រើន​អន្លើ ។ តាំង​ពី​សាលា​បាលី​ជាន់​ខ្ពស់​កើត​ឡើង មាន​ព្រះ​សព​ព្រះ​មហា​វិមល ថោង ជា​នាយក មាន​ព្រះ​ញាណ​បវរ​វិជ្ជា ឯម , ព្រះ​គ្រូ​សង្ឃសត្ថា ជួន ណាត, ព្រះ​គ្រូ​សង្ឃវិជ្ជា ហួត តាត ជាដើម ដែល​ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ជា​ជំនួយ​កម្លាំង​ផង លោក​បាន​រៀបចំ​ការ​សិក្សា និង​ការ​កែប្រែ​វត្ត​ប្រតិបត្តិ​ច្រើន​អន្លើ ។ សម័យ​នោះ មាន​អធិករណ៍​យ៉ាង​ធំ ៗ ខាង​ផ្លូវ​ពុទ្ធសាសនា ដូចជា​មហា​សង្គ្រាម ១ កើត​ឡើង​ក្នុង​ប្រទេស ព្រោះ​តែ​ការ​សម្រិត​សម្រាំង​វត្ត​ប្រតិបត្តិ​នោះ​ឯង ។ លោក​គ្រូ​ព្រះ​ញាណ​បវរ​វិជ្ជា ឯម ហាក់​ដូចជា​ធម្មទេសនា ១ រូប​យ៉ាង​ឆ្នើម, វត្ត​លង្កា ហាក់​ដូចជា​សមរភូមិ ១ យ៉ាង​ធំ ក្នុង​ប្រទេស​កម្ពុជា ។ ដោយ​ហេតុ​អធិករណ៍​នេះ បាន​ជា​ព្រះ​តេជ​ព្រះ​គុណ ព្រះ​ញាណ​បវរ​វិជ្ជា ល្វី ឯម ខំ​កសាង​ធម្ម​អាវុធ គឺ​សៀវភៅ​ធម៌​វិន័យ​ផ្សេង ៗ (ដូច​នឹង​មាន​រាយ​ឈ្មោះ​សៀវភៅ តទៅ​ខាង​មុខ) សរសេរ​បោះពុម្ព​ចែក​ជា​ធម្មទាន ដើម្បី​ជា​គ្រឿង​បំភ្លឺ​សតិ​បញ្ញា នៃ​ពុទ្ធសាសនិកជន ជា​គ្រឿង​រម្ងាប់​អធិករណ៍​នោះ ។ ប៉ុណ្ណោះ​ហើយ ក៏​នៅ​តែ​ពុំ​ទាន់​ស្ងប់, បាន​ជា​វេលា​មួយ លោក​សន្ទនា​ជា​មួយ​នឹង​អ្នក​អម្ចាស់ នរោត្តម សិង្ហរ៉ា ជា​ព្រះ​រាជ​សុណិសា នៃ​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស ពិគ្រោះ​គ្នា​អំពី​ការ​រម្ងាត់​អធិករណ៍​នោះ, បាន​សម្រេច​ដោយ​យោបល់​ថា​ : គួរ​តែ​ប្រែ​គម្ពីរ​ព្រះ​ត្រៃបិដក ដែល​ជា​ភាសា​បាលី ឲ្យ​ជា​សេចក្ដី​សម្រាយ ដើម្បី​ឲ្យ​ជន​ទាំងលាយ មើល​ស្ដាប់​សេចក្ដី​បាន​គ្រប់​គ្នា កុំ​ឲ្យ​ជជែក​យក​តែ​ត្រូវ​រៀង​ខ្លួន​ទៀត ។ អ្នក​អង្គ​ម្ចាស់ នរោត្តម សិង្ហរ៉ា មាន​ព្រះ​រាជ​ហឫទ័យ​ជ្រះ​ថ្លា បាន​ជាវ​គ្រឿង​ប្រដាប់​សរសេរ មាន​ក្រដាស​ជាដើម មក​ប្រគេន​មិន​ឲ្យ​ខ្វះ​ខាត ។ ព្រះ​តេជ​ព្រះ​គុណ ព្រះ​ញាញ​បវរ​វិជ្ជា ល្វី ឯម ក្រោយ​ដែល​បាន​ពិគ្រោះ​នឹង​ព្រះ​ថេរានិត្ថេរៈ ជា​សហការី​របស់​លោក​ហើយ ក៏​ចាត់​ឲ្យ​សរសេរ​ចម្លង​បាលី​វិន័យ​បិដក​ជា​ដំបូង រហូត​ដល់​ចប់​គម្ពីរ​មហា​វិភង្គ ព្រម​ទាំង​ប្រែ​ផង (២) (ចម្លង​នៅ​វត្ត​លង្កា ក្នុង ព. ស. ២៤៦០) ហើយ​ថ្វាយ​ចំពោះ​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស កាល​នៅ​ជា​សម្ដេច​ព្រះ​កែវហ្វា​នៅ​ឡើយ ដើម្បី​ទ្រង់​ជួយ​ទូល​ស្នើ​ការ​ប្រែ​និង​ការ​បោះពុម្ព​ព្រះ​ត្រៃបិដក ចំពោះ​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ ព្រះ​ចៅ​ប្រទេស​កម្ពុជា និង​រាជការ​អាណាព្យាបាល ហើយ​លោក​បាន​ថ្វាយ​យោបល់​ថា​ : កិច្ចការ​នេះ​ធំ​ណាស់ សូម​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត តម្រូវ​ឲ្យ​ប្រគេន​ទៅ​លោក​គ្រូ​ព្រះ ពោធិវ័ង្ស ម៉ា និង​ព្រះ​រាជា​គណៈ​ខ្លះ ខាង​វត្ត​បទុមវតី​ឲ្យ​ចាត់ការ ទើប​នឹង​បាន​សម្រេច ហើយ​នឹង​បាន​សន្តិភាព​ខាង​ពុទ្ធសាសនា​ផង ។ ដំណើរ​ការ​នេះ ក៏​អនុវត្ត​ទៅ​តាម​យោបល់​នោះ​មែន ប៉ុន្តែ​ឥត​ឃើញ​ចេញ​ផល​មក​ជា​យ៉ាង​ដូចម្ដេច​សោះ អស់​វេលា​ដ៏​យូរ​ឆ្នាំ ។ (២)​ សំណៅ​នេះ សព្វ​ថ្ងៃ​នៅ​ឯ​វត្ត​ស្វាយពពែ ។ លុះ​មក​ដល់ ព. ស. ២៤៧២ ព្រះ​តេជ​ព្រះ​គុណ​ព្រះ​ញាណ​បវរ​វិជ្ជា ល្វី ឯម បាន​ឡើង​ឋានៈ​ជា​ចាងហ្វាង​សាលា​បាលី​ជាន់​ខ្ពស់, ដល់ ព. ស. ២៤៧៥ បាន​ឡើង​សមណ​ស័ក្តិ​ជា​ព្រះ សីរីសម្មតិវង្ស, កាល​ដែល​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស ទ្រង់​បាន​រាជាភោសេក​ហើយ, ព្រះ​តេជ​ព្រះ​គុណ​ព្រះ សិរីសម្មតិវង្ស ល្វី ឯម បាន​ថ្វាយ​ព្រះ​ពរ​ទូល​ស្នើ អំពី​ការ​ប្រែ និង​ការ​បោះពុម្ព​ព្រះ​ត្រៃបិដក​នោះ​ទៀត ។ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស និង​រាជការ​អាណាព្យាបាល​បារាំងសែស ក្រោយ​ដែល​កុង្សីយ៍​សេនាបតី​ជំនុំ​ព្រម​ហើយ ព្រះ​អង្គ​ក៏​ទ្រ់​ប្រោស​ព្រះ​រាជទាន​ព្រះ​រាជានុញ្ញាត​ឲ្យ​បង្កើត​ក្រសួង​ពុទ្ធសាសនបណ្ឌិត្យ, ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក ព្រម​ទាំង​តែងតាំង​ព្រះ​តេជ​ព្រះ​គុណ​ព្រះ សិរីសម្មតិវង្ស ល្វី ឯម ជា​អធិបតី​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​ផង ។ ការ​កសាង​ព្រះ​ត្រៃបិដក ក៏​បាន​លូត​លាស់​​មក​ជា​លំដាប់ ។ ការ​សិក្សា​ធម្មវិន័យ ក្នុង​សាលា​បាលី​ជាន់​ខ្ពស់ និង​សាលា​បាលី​ក្នុង​វត្ត​លង្កា ក៏​ចម្រើន​ដោយ​ក្រៃលែង ដរាប​តែ​ព្រះ​ថេរានុត្ថេរៈ ខេត្ត​ក្រៅ មាន​ខេត្ត​បាត់ដំបង និង​កំពង់ឆ្នាំង​ជាដើម បាន​បើក​សាលា​រៀន​បាលី និង​ធម្មវិន័យ យក​តម្រាប់​តាម​វត្ត​លង្កា​ជា​ច្រើន​វត្ត ។ ប្រភពអត្ថបទដកស្រង់ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​
images/articles/3131/202ffgok.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥,៣៣១ ដង)
ព្រះឧត្តមមុនី អ៊ុម ស៊ូរ ជាអ្នកប្រាជ្ញសង្ឃមួយអង្គទៀតរបស់កម្ពុជាផ្នែកខាងព្រះអភិធម្មបរមត្ថ ដែលបានបំពេញកិច្ចការងារទាំងឡាយតាមតួនាទីដើម្បីពុទ្ធសាសនា និងអក្សរសាស្ត្ររជាតិ ហើយមានព្រះកិត្តិនាមល្បីទូទៅទាំងក្នុងប្រទេស និងក្រៅប្រទេស។មិនតែប៉ុណ្ណោះថែមទាំងបានទទួលគ្រឿងឥស្សរិយយសជាច្រើនដោយសារបានបម្រើព្រះពុទ្ធសាសនា និងសង្គមជាតិ។ យោងតាមសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបង្ហាញថា កុមារ អ៊ុម ស៊ូរ កើតនៅថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ ត្រីស័ក ព.ស.២៤៣៣ គ.ស.១៨៨០ វេលាម៉ោង៦ព្រឹក នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានបិតានាម ទេស និងមាតានាម អ៊ុម។ កុមារនេះបានរៀនលេខអក្សរក្នុងសំណាក់បិតា រហូតដល់ចេះមើលអានសរសរបាន។ អាយុ១៦ឆ្នាំ ចូលទៅស្នាក់នៅជាមួយនឹងព្រះគ្រូធម្មរតនវង្ស ទៀង ចៅអធិការវត្តសិរីសាគរស្រុកកំពង់ត្របែក ជាមេគណខេត្តបាភ្នំ ដែលសព្វថ្ងៃខេត្តនេះត្រូវបានទៅជាស្រុកវិញ។ រៀនធម៌វិន័យបាន១វស្សា ក៏បានបព្វជ្ជាជាសាមណេរក្នុងអាយុ១៧ឆ្នាំ។ សៀវភៅដដែលបានបញ្ជាក់ថា ក្នុងភាពជាសមណេររយៈពេល៣ព្រះវស្សា បានសិក្សាគម្ពីរនានា មានព្រះអភិធម្ម៧គម្ពីរជាដើម ចារសាស្ត្រាគ្រែ៣ ទន្ទេញចាំមាត់បាតិមោក្ខ។បន្ទាប់ពីព្រះធម្មរតនវង្ស ទៀង អនិច្ចធម្មទៅ សាមណេរ ស៊ូរ ខំចម្លងសាមណេរវិន័យមកចែកគ្នាសិក្សា និងរៀនសមណធម៌ពីគ្រូអាចារ្យប៉ែន ជាឧបាសក។លុះដល់ព្រះជន្នាយុ១៩ព្រះ វស្សា ក៏បានសឹកមកជាឧបាសករក្សាឧបោសថវិញ។ បន្ទាប់ពីបានសឹកមកជាឧបាសកបានត្រឹមតែ២ឆ្នាំ គឺមកដល់អាយុ ២១ឆ្នាំពេញបរិបូរណ៍ ឧបាសក ស៊ូរ ក៏បានចូលមកឧបសម្បទាជាភិក្ខុក្នុងវត្តសិរីសាគរវិញ ដែលមានលោកគ្រូព្រហ្មសរោ ឃួន ចៅអធិការវត្តពោធិ៍លាស់ ជាព្រះឧបជ្ឈាយ៍ លោកគ្រូបញ្ញាសទ្ធម្មោ មាស ចៅអធិការវត្តសិរីសាគរ និងលោកគ្រូចន្ទកេសរោ ឃឹម វត្តពោធិ៍លាស់ ជាឧបសម្បទាចារ្យ បាននាមបញ្ញាត្តិថា ធម្មវិនយរក្ខិត ដែលប្រែថា អ្នករក្សាព្រះធម៌វិន័យ។ ព្រះអង្គបានបំពេញជាភិក្ខុរួចមក ក្នុងវស្សាទី១ រៀនបាតិមោក្ខប្រែ ចតុប្បារិសុទ្ធិសីល នៅក្នុងវត្តកំណើត។ វស្សាទី២ និមន្តចេញទៅរៀនព្រះត្រៃបិដក មូលកច្ចាយនៈនៅខេត្តកំពង់ស្ពឺ ហើយវស្សាទី៣ និមន្តមកគង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ រៀនមូលកច្ចាយនៈ។ មកដល់វស្សាទី៤និមន្តទៅរៀននៅវត្តសិរីសាគរដែលជាវត្តកំណើតវិញ និងជួយបង្ហាត់មូលច្ចាយនៈ និងធម្មបទអស់៣វស្សា។ក្នុងវស្សាទី៧ ទី៨ និងទី៩ ព្រះអង្គនិមន្តមកនៅភ្នំពេញវិញ រៀនមង្គលត្ថទីបនី វិសុទ្ធិមគ្គ គម្ពីរផ្សេងៗទៀត និងបឋមសាមន្តប្បាសាទិកា ជាដើម ពីសំណាក់អាចារ្យ អួន និងព្រះមហាវិមលធម្មថោង។ វស្សាទី១០ ដល់ទី១៦ ជាអាចារ្យបង្រៀននៅវត្តសិរីសាគរ ព្រមទាំងទទួលចំណាត់តាំងពីសម្តេចមហាសង្ឃរាជ និល ទៀង ឱ្យបង្ហាត់ធម៌ភាណវារៈដល់ភិក្ខុសាមណេរចំនួន២៨វត្តក្នុងខេត្តបាភ្នំ។ ក្នុងវស្សាទី១៧ ព្រះមហាវិមលធម្ម ថោង និមន្តឱ្យមកនៅភ្នំពេញវិញ បានតែងតាំងជាព្រះគ្រូវិមលប្បញ្ញាក្នុងឆ្នាំដែលរាជការតាំងសាលាបាលីជាន់ខ្ពស់ នៅវិហាព្រះកែវ។ ពេលនោះហើយព្រះអង្គបានជួបនឹងព្រះញាណបវរវិជ្ជា ឯម ព្រះគ្រូសង្ឃសត្ថា ជួន ណាត ព្រះគ្រូសង្ឃវិជ្ជា ហួត តាត និងអាចារ្យជាច្រើនទៀត ពិនិត្យគម្ពីរ បាលី អដ្ឋកថា ដីកា យោជនា សង្កេតរកផ្លូវបដិបត្តិឱ្យត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិនិង ពុទ្ធានុញ្ញាត ហើយព្រាងរៀបរៀងសៀវភៅជាច្រើនចែកសិស្សរៀនសូត្រ។ សមណៈសក្តិដែលបានទទួល ព,ស,២៤៦០ គ,ស,១៩១៧ បានឋានៈជាព្រះវិមលបញ្ញា។ ព,ស,២៤៣១ គ,ស,១៩១៨ ព្រះករុណាម្ចាស់ជីវិត និងរាជការប្រូតិកតូរ៉ាត៍ បង្កើតព្រះរាជបណ្ណាល័យ តម្កល់ក្បូនច្បាប់ បានតែងតាំង អាចារ្យស៊ូជាអាចារ្យផ្ទៀងផ្ទាត់ធម៌វិន័យ ហើយលោកបានយកសេចក្តីព្រាងធម៌មកបោះពុម្ពផ្សាយតាមលំដាប់។ ព,ស,២៤៧២ រាជការបង្កើតពុទ្ធសាសនបណ្ឌិត្យ ឱ្យមានក្រុមជុំនុំច្រើនរូបប្រែព្រះត្រៃបិដក ពីបាលីមកសម្រាយ បានតាំងលោកជាអធិបតីរងអ្នកចាត់ការឱ្យក្រុមជុំនុំប្រែព្រះបិដក។ ព,ស,ព្រះករុណាជាម្ចាស់ជីវិតលើត្បូងប្រទានកិត្តិយសជាព្រះឧត្តមមុនីទីរាជាគណៈពិសេស។ គ្រឿងឥស្សរិយយស ដែលទទួលបាន •មេដាយ មុនីសារភ័ណ្ឌ ពីព្រះចៅក្រុងកម្ពុជា •មេដាយ អស្សរឹទ្ធិ ពីព្រះចៅក្រុងកម្ពុជា •មេដាយ អស្សរឹទ្ធិ ពីព្រះចៅក្រុងហ្លួងព្រះបាង(ប្រទេសលាវ) •អូហ្វីស្យេដាកាដេមី ពីរាជាការបារាំងសេស •បដិញ្ញាណ អំពីទ័ពក្រុងកម្ពុជា ដោយគុណដែលលោកបានជួយឧប្ថម្ភព្រះពុទ្ធសាសនានិងការសិក្សាវិជ្ជាខ្មែរឱ្យចម្រើន។ ស្នាដៃកសាង និងការតែងនិពន្ធ សាងព្រះពុទ្ធរូបធំ១អង្គ មធ្យម២អង្គ សាងកុដិ ឧបដ្ធានសាលាចេតិយជីកស្រះក្នុងវត្តសំរោង(ស្រុកកំពង់ត្របែក)បង្ហើយព្រះវិហារសាងបល្ល័ង្កសាងព្រះត្រៃបិដក២ ចប់និងទូ២ សាងចេតិយមាសតម្កល់ព្រះសារីរិកធាតុសាងមន្ទីធម្មសភា សម្ពោធសាលាបាលី សាងចេតិយប្រាក់កំពូលលមាសដាំត្បូងតម្កល់សារីរិធាតុ និងព្រះអរហន្ត។ សាងគម្ពីរបាលីស្លឹករឹត មានមូលកច្ចាយនៈ ធម្មបទជាដើម សៀវភៅធម៌អក្សរសៀម អក្សរខ្មែរជាច្រើន មាន ១គិហិបដិបត្តិ ២វិសុទ្ធិមគ្គ ៣អភិធានប្បទីបិកា ៤សារត្ថសង្គហៈ ៥អភិធម្មត្ថសង្គហៈ ៦មិលិន្ទប្បញ្ហាភាគ១/២(បកប្រែ)៧រតនប្បភា ៨មហាវស្ស ៩អវសានកិច្ច ១០មរណានុស្សតិកម្មដ្ធាន។ ព្រះឧត្តមមុនី អ៊ុម ស៊ូ អនិច្ចធម្ម នៅវេលាយប់រំលងអធ្រាត្រម៉ោង២កន្លះ ក្នុងថ្ងៃសុក្រ ៥កើត ខែទុតិយាសាឍ ឆ្នាំថោះ ឯកស័កព,ស,២៤៨២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា គ,ស,១៩៣៩ ក្នុងជន្មាយុ៥៩ឆ្នាំនៅមហាកុដិ វត្តឧណ្ណាលោម ក្រុងភ្នំពេញ។ បញ្ជាក់ព្រះសពព្រះឧត្តមមុនី អ៊ុម ស៊ូ ជាអ្នកប្រាជ្ញធំមួយនៅក្នុងស្រុកខ្មែរ ប៉ែកខាងព្រះអភិធម្មបរមត្ថ មានកេរ្តិ៍ឈ្មោះល្បីទូទាំងក្នុងស្រុកខ្មែររហូតដល់ក្រៅប្រទេស។ លោកគឺជា ព្រះមហាថេរ១អង្គ ដែលមានភាពស្ងប់ស្ងាត់និងសន្សំសំចៃពេលវេលាណាស់ បើអ្នកណាម្នាក់មករកលោក ដើម្បីប្រាស្រ័យទាក់ទងនឹងរឿងអ្វីមួយនោះ លោកកម្រនឹងចេញជួបណស់ពីព្រោះក្នុងមួយជីវិតរបស់លោក លោកបានបូជាជីវិតដើម្បីពុទ្ធសាសនានិងអក្សរសាស្រ្ត របស់ជាតិតែប៉ុណ្ណោះ។ (ឯកសារយោង សៀវភៅមហាបុរសក្នុងព្រះពុទ្ធសាសនាខ្មែរ) ដោយ​៥០០០​ឆ្នាំ​
images/articles/3132/20266_________.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥,០៩៧ ដង)
សព្វ​ថ្ងៃ​នេះ ភាសា​ខ្មែរ​នៅ​តែ​ជា​ប្រធាន​បទ​មួយ​ដ៏​ក្ដៅ​គគុក​សម្រាប់​ការ​ពិភាក្សា​នៅ​ស្ថាប័ន​មួយ​ចំនួន ក៏​ដូច​ជា​នៅ​លើ​ទំព័រ​កាសែត ។ មាន​មតិ​ច្រើន​​ត្រូវ​បាន​លើក​ឡើង ប៉ុន្តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​រួម​គ្នា​មួយ​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​រក​ឃើញ​ជាក់​ច្បាស់​នៅ​ឡើយ ។ ដោយ​ផ្អែក​តាម​ស្ថាន​ភាព​បច្ចុប្បន្ន​ ដែល​ផ្ដល់​នូវ​ភាព​មិន​ច្បាស់លាស់​សម្រាប់​អ្នក​ប្រើប្រាស់​ភាសា​ខ្មែរ​ គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ សម្រេចឱ្យ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​តាម​វចនានុក្រម​ខ្មែរ (សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត) ។ ​​ម៉្យាង​ដោយ​មើល​ឃើញ​ពី​ការ​រីកចម្រើន​ឥត​ឈប់​ឈរ​របស់​សម្ភារៈ​បច្ចេកវិទ្យា និង​ដើម្បី​ចូល​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​តាម​ធនធាន​ដ៏​ស្ដួច​ស្ដើង​ដែល​ខ្លួន​មាន​​ផង​នោះ ​បាន​ធ្វើឱ្យ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​​ មាន លោក ងួន វ៉ាន់​ចន្ធី ជា​នាយក បាន​រៀបចំ​​ក្រុម​ការ​ងារ​មួយ នៅ​ថ្ងៃ​ទី ០៩ ខែ​តុលា​ ឆ្នាំ ២០០៥ ​ក្នុង​គោល​បំណង៖ ១. អនុវត្ត​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​​ ដែល​មាន​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​ លើ​វិស័យ​ អក្សរសាស្ត្រ និង​ស្មារតី​នៃ​ការ​ណែនាំ​របស់​ ឯ.ឧ. សុខ អាន ប្រធាន​​ គណៈកម្មាធិការ​​ជាតិ​ភាសាខ្មែរ ដែល​មាន​គោលដៅ​ធ្វើឱ្យ​មាន​ស្ថិរភាព និង​អភិវឌ្ឍន៍​លើ​វិស័យ​អក្សរសាស្ត្រ​ រួម​ចំណែក​ជាមួយ​គោល​នយោបាយ​ចតុកោណ​​​ជំហាន​ទី ២ របស់​​​រាជរដ្ឋាភិបាល​សំដៅ​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ។ ២. ថែរក្សា និង​លើក​កម្ពស់​ស្នាដៃ​របស់​សម្ដេច​សង្ឃរាជ ជួន ណាត និង​បន្ត​និរន្តរភាព​ របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​លើ​វិស័យ​អក្សរសាស្ត្រ ដោយ​ធ្វើឱ្យ​កាន់​តែ​ ប្រសើរ​ឡើង​ថែម​ទៀត​នូវ​វចនានុក្រម​នេះ​តាម​ជំហាន​ដូច​ខាង​ក្រោម៖​​ ក. រៀប​ចំ​ការ​កែ​សម្រួល​កំហុស​​អក្ខរា​វិរុទ្ធ ដែល​បណ្ដាល​មក​ពី​ការ​បោះ​ពុម្ព​លើក​ទី​ ៥ ខ. រៀប​ចំ​បញ្ជី​ពាក្យ​ (ក្នុង​វចនានុក្រម​ពាក្យ​មួយ​អាច​សរសេរ​បាន​ពីរ​ ឬ​បី​ បែប ដើម្បី​ ដាក់​ស្នើ​​ទៅ​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ​អនុម័ត និង​សម្រេច​ក្នុង​ការ​​សរសេរ​ ឱ្យបាន​ ឯកភាព​គ្នា) គ. ​ជ្រើស​យក​ពាក្យ​ពី​និយមន័យ​ក្នុង​វចនានុក្រម​ខ្មែរ​ដែល​បាន​បោះពុម្ព​លើក​ទី ៥​ ឱ្យក្លាយ​ជា​មេ​ពាក្យ​ឡើង ឃ. រៀប​ចំ​​បង្កើត​វចនានុក្រម​ខ្មែរ​អេឡិចត្រូនិក និង​កែ​លំអ​រាល់​ឆ្នាំ ង. ក្រោយ​ពី​បាន​បន្ថែម​មេពាក្យ​ថ្មី រួម​ទាំង​និយមន័យ​មក វិទ្យាស្ថាន​មាន​គ្រោង​បោះពុម្ព​ វចនានុក្រម​ខ្មែរ​លើក​ទី ៦ បន្ត​ទៀត ៣. សហការ​ជាមួយ​ដៃ​គូ​សហប្រតិបត្តិការ​មួយ​ចំនួន​ដែល​មាន​ទស្សនវិស័យ​ដូច​គ្នា​ ដូចជា​ វិទ្យាស្ថាន​បើក​ទូលាយ (Open Institute), SEALang និង​បុគ្គល​ស្រាវជ្រាវ​ឯករាជ​ ជាដើម​ ដើម្បីឱ្យ​សម្រេច​គោលដៅ​ដែល​បាន​ពោល​ខាង​លើ ។ ៤.​ បន្ត​ការ​ធ្វើ​វចនានុក្រម​​ខ្មែរ​ទូទៅ​ជា​អេឡិចត្រូនិក ក្រោយ​ពី​បាន​ដក​ពិសោធន៍​ពី​ វចនានុក្រម​ខ្មែរ​ របស់​សម្ដេច​ព្រះ​សង្ឃរាជ​ ជួន ណាត ​រួច​មក (ករណី​មាន​លទ្ធ​ភាព​គ្រប់​ គ្រាន់) ខាង​ក្រោម​នេះ​ជា​សេចក្ដី​ដក​ស្រង់​ចេញ​ពី​និទាន​កថា​ដែល​បាន​ព្រះ​លិខិត​ចុះ​ថ្ងៃ​ទី​ ១០ ខែ ធ្នូ ឆ្នាំ ១៩៦៧ (ព.ស. ២៥១១) ដោយ​អតីត​សម្ដេច​ព្រះ​សង្ឃរាជ​គណៈមហានិកាយ ជួន ណាត ជោតញ្ញាណោ ក្នុង​គ្រា​ដែល​ពុទ្ធសាសនបណ្ឌិត្យ​បាន​បោះ​ពុម្ព​វចនានុក្រម​ខ្មែរ​លើក​ទី ៥ ។​ ‹ខ្ញុំ​ថ្លែង​សេចក្ដី​អំពី​ប្រវត្តិ​នៃ​វចនានុក្រម​នេះ​ជា​សង្ខេប មិន​សព្វ​គ្រប់​តាម​ដំណើរ​ការណ៍​ដែល​កន្លង​ទៅ​ហើយ​នោះ​ទេ, ខ្ញុំ​ថ្លែង​ដោយ​អន្លើ​ៗ​ខ្លះ​គ្រាន់​តែឱ្យ​អស់​លោក​បាន​ជ្រាប​ សោះ​តែ​ខាន​ប៉ុណ្ណោះ​ហើយ​អស់​លោក​នឹង​បាន​ជួយ​​ឧបត្ថម្ភ​វចនានុក្រម​នេះឱ្យ​មាន​ការ​លូត​លាស់​ចម្រើន​តទៅ​តាម​សម័យ​និយម នា​អនាគត​កាល ។ វចនានុក្រម​ខ្មែរ​ទាំង ២ ភាគ​នេះ​ជា​សម្បត្តិ​របស់​ពុទ្ធសាសនបណ្ឌិត្យ​ក្រុង​ភ្នំពេញ គឺ​ជា​របស់​រាជ​រដ្ឋាភិបាល​តាំង​ពី​ចាប់​ផ្ដើម​បោះ​ពុម្ព​គ្រា​ទី ១ មក ពុំ​មែន​ជា​សម្បត្តិ​របស់​ឯក​ជន​ទេ ។ ព្រះ​រាជ​ប្រកាស​លេខ ៦៧ ចុះ​ថ្ងៃ​ទី ៤ ធ្នូ ១៩១៥ ឱ្យឈ្មោះ​ថា វចនានុក្រម​ខ្មែរ​របស់​រាជការ ប៉ុន្តែ​កាល​​ដែល​បោះពុម្ព​គ្រា​ទី ១ ជា​ដំបូង​បង្អស់​នោះ អស់​លោក​កុង្សីយ៍​សេនាបតី​ក្នុង​សម័យ​នោះ សុំ​ថាឱ្យ​ដាក់​ឈ្មោះ​ត្រឹម​តែ​ថា វចនានុក្រម​ខ្មែរ​ភាគ​ទី ១ ភាគ​ទី ២ (DICTIONNAIRE CAMBODGIEN Tome I Tome II ) កុំ​ដាក់​ពាក្យ​ថា របស់​រាជ​ការ ព្រោះ​បើ​ដាក់​ឈ្មោះ​ថា របស់​រាជ​ការ ក៏​ទៅ​ជា​បង្ខំឱ្យគេ​ប្រើ​តាម​ទាំង​អស់​គ្នា​ដោយ​ដាច់​​ខាត, ដោយ​ហេតុ​នេះ ត្រូវ​ទុក​ឱកាសឱ្យ​គេ​ទៅ​សិន​ចុះ បើ​អ្នក​ណា​គេ​មិន​ត្រូវ​ការ​ប្រើ​តាម​ក៏​ឥត​បើ​មាន​កំហុស​អ្វី​ឡើយ, យូរ​ៗ​ទៅ​គង់​តែ​នឹង​ប្រើ​តាម​ទាំង​អស់​គ្នា​ឯង​ៗ​ទៅ​ទេ ។ » ដល់​មក​កាល​ជា​ខាង​ចុង គ. ស. ១៩៦៧ លោក​នាយក​នៃ​ពុទ្ធសាសនបណ្ឌិត្យ​ក្រុង​ភ្នំ​ពេញ បាន​ចាត់​ការ​បោះ​ពុម្ព​វចនានុក្រម​ខ្មែរ​នេះ​ជា​គ្រា​ទី ៥ ថែម​ឡើង​ទៀត ក៏​បាន​តាំង​គណៈ​កម្ម​ការ ៤ រូប​គឺ​៖ ១- ព្រះ​សាសនមុនី កិម -តូរ ចន្ទមង្គលោ ២- ព្រះ​បិដក​ធម្ម អ៊ុម ស៊ុម សង្ឃត្ថេរោ ទាំង​ ២ រូប​នេះ​ជា​សមាជិក​នៃ​គណៈ​កម្មការ​ប្រែ​ព្រះ​ត្រៃ​បិដក​ក្នុង​ពុទ្ធសាសនបណ្ឌិត្យ ក្រុង​ភ្នំពេញ ៣-លោក ញូង សឿង នាយ​លេខាធិការដ្ឋាន​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ក្រុង​ភ្នំពេញ (អតីត​អគ្គលេខាធិការ​រង​នៃ​ពុទ្ធសាសនបណ្ឌិត្យ) ៤- លោក ថោង សំអ៊ី អ្នក​និពន្ធ​តែង​សេចក្ដី​នៅ​ពុទ្ធសាសនបណ្ឌិត្យ ​ គណៈ​កម្មការ​ទាំង ៤ រូប​នេះ​ជា​អ្នក​ស្ទាត់​ជំនាញ​ខាង​អក្សរសាស្ត្រ​ខ្មែរ, ឱ្យជា​អ្នក​ពិនិត្យ​ផ្ទៀង​ផ្ទាត់​វចនានុក្រម​ខ្មែរ​ដែល​បាន​បោះ​ពុម្ព​គ្រា​ទី ៤ នោះ​ជា​ថ្មី​ម្ដង​ទៀត​ ឱ្យបាន​ហ្មត់​ចត់​គ្រាន់​បើ​បន្តិច​ឡើង​ជាង​មុន ដ្បិត​វចនានុក្រម​ក្នុង​ពុទ្ធសាសនបណ្ឌិត្យ​អស់​ទៅ​ហើយ ឥត​មាន​សល់​សម្រាប់​អស់​លោក​អ្នក​ត្រូវ​ការ​ទេ, សុំឱ្យ​គណៈ​កម្មការ​ទាំង ៤ រូប​នេះ​ឆ្លៀត​ពេល​ធ្វើ​ការឱ្យ​បាន​សម្រេច​ឆាប់​បន្តិច ឱ្យបាន​ទាន់​ពេល​នៃ​អស់​លោក​អ្នក​ត្រូវ​ការ ។ លោក លាង​ ហ័ប​អាន ជា​នាយក​នៃ​ពុទ្ធសាសនបណ្ឌិត្យ បាន​មក​សូម​ឱ្យ​ខ្ញុំ​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​បោះ​ពុម្ព​គ្រា​ទី ៥ នេះ​បាន​តម្រូវ​តាម​ការ​ងាយ​ស្រួល ឱ្យគណៈ​កម្មការ​ទាំង ៤ រូប​រៀបចំ​ការិយាល័យ​មួយ​ក្នុង​វត្ត​ឧណ្ណាលោម ដើម្បីឱ្យ​បាន​នៅ​ជិត​ខ្ញុំ​ជា​អ្នក​ជួយ​ឧបត្ថម្ភ ។ ខ្ញុំ​ក៏​បាន​ទទួល​ភារៈ​ជួយ ដោយ​តាំង​ចិត្ត​ថា ស៊ូ​ទ្រាំ​នឿយ​ចំពោះ​វចនានុក្រម​នេះ​ជា​ថ្មី​ម្ដង​ទៀត​ចុះ ទោះ​បី​ខ្ញុំ​មាន​វ័យ​ចាស់​ចូល​ក្នុង​ជន្មាយុ​គម្រប់ ៨៤ ឆ្នាំ​ហើយ ព្រម​ទាំង​មាន​កិច្ច​ការ​ផ្ទាល់​ខ្លួន​ច្រើន​ស្អេក​ស្កះ​ស្ទើរតែ​រើ​ខ្លួន​ពុំ​រួច​ផង​ក៏​ដោយ, ព្រោះ​វចនានុក្រម​ខ្មែរ​នេះ​ជា​ការ​ស្នា​ដៃ​ថ្វី​គំនិត​ចាស់​របស់​ខ្ញុំ ខ្ញុំ​មិន​សូវ​ភ្លេច​យូរ​ៗ​ប៉ុន្មាន​​ចំពោះ​វចនានុក្រម​នេះ​ទេ កាល​បើ​សរសេរ​ការ​អ្វីៗ ខ្ញុំ​តែង​តែ​នឹកដល់​វចនានុក្រម​ខ្មែរ​ទាំង​២ ភាគ​នេះ​ជា​ដរាប, ដោយ​ហេតុ​នេះ​ឯង បាន​ជា​ខ្ញុំ​មិន​ប្រកែក ។ ក្នុង​គ្រា​នេះ ខ្ញុំ​លៃ​ពេល​ម៉ោង​ឆ្លៀត​ជួយ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​កែសម្រួលឱ្យ​បាន​គ្រាន់​បើ​ជាង​ពី​មុន​ខ្លះ​ដោយ​អន្លើ​ៗ ខ្ញុំ​ខំ​ប្រឹង​ឆ្លៀត​ជ្រើស​រើស​យក​មេ​ពាក្យ​ដែល​ខ្វះ ព្រម​ទាំង​អត្ថ​ន័យ​ផង សរសេរ​ខ្លួន​ឯង​ចុះ​បន្ថែមឱ្យ​មាន​មេ​ពាក្យ​ក្រែល​ជាង​ពី​មុខ បាន​ដក​ស្រង់​យក​កាព្យ​ជា​ព្រះ​រាជ​និពន្ធ​នៃ​ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមា ឥស្សរាធិបតី (ព្រះ​បរមកោដ្ឋ)ខ្លះ កាព្យ​សាស្ត្រា​ច្បាប់​រាជ​នេតិ​ជា​ព្រះ​និពន្ធ​នៃ ព្រះ​រាជ​សម្ភារ​ខ្លះ ល្បិច​ចៅ​ក្រម ដែល​កើត​មាន​ក្នុង​រជ្ជ​កាល​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ជ័យ​ចេស្ដា​ខ្លះ ចំពោះ​ត្រង់​អត្ថន័យ​នៃ​ពាក្យ មន្ទលេន សេន​បទ មណ្ឌុកដ​ សីហ​លោ, សុភា​សិត​និង​ភាសិត​បុរាណ​ខ្លះ, និង​កាព្យ​របស់​ខ្ញុំ​ខ្លះ តម្រូវឱ្យ​សម​តាម​អត្ថន័យ​របស់​មេ​ពាក្យ​នោះ​ៗ​ដោយ​អន្លើ​ៗ, ក៏​ឃើញ​ថា វចនានុក្រម​ខ្មែរ​ទាំង ២ ភាគ​ដែល​បោះ​ពុម្ព​គ្រា​ទី ៥ នេះ​ទូលំទូលាយ​គ្រាន់​បើ​បន្តិច​ជាង​មុខ, ប៉ុន្តែ​បើ​ធៀប​ប្រៀប​ទៅ​នឹង​ផ្លូវ ក៏​មាន​ឋានៈ​ត្រឹម​តែ​ប្រហែល​នឹង​ថ្នល់​លំ​ដែល​បាន​ចាក់​រាយ​ក្រួស​បាយ​ក្រៀម​ស្ដើង​ៗ​ប៉ុណ្ណោះ ពុំ​ទាន់​មាន​ឋានៈ​ស្មើ​នឹង​ថ្នល់​ដែល​ចាក់​ជ័រ​យ៉ាង​ក្រាស់​រលើប​រលង់​នៅ​ឡើយ​ទេ; ​ក្នុង​អនាគត​កាល​មិន​យូរ​ឆ្នាំ​ប៉ុន្មាន ទើប​អាច​នឹង​ឡើង​ឋានៈ​ស្មើ​នឹង​ថ្នល់​ចាក់​ជ័រ​រលង់​រលើប​ពុំ​ខាន​ឡើយ, គួរឱ្យ​ខ្ញុំ​នឹក​ស្ដាយ​ណាស់​ ដោយ​មិន​បាន​ឃើញ​ឋានៈ​ខ្ពង់​ខ្ពស់​របស់​វចនានុក្រម​ខ្មែរ​នេះ! ការ​ពិនិត្យ​ក្រោយ​នេះ​, ខ្ញុំ​បាន​ថ្លែង​ការណ៍​យ៉ាង​ពិស្ដារ ឱ្យគណៈ​កម្មការ​ទាំង ៤ រូប​បាន​ដឹង​អំពី​​យោបល់​នៃ​គណៈ​កម្មការ​មុន​ដំបូង​ដែល​ខ្ញុំ​បាន​ពោល​ហើយ​ខាង​លើ, គណៈ​កម្មការ​ទាំង ៤ រូប​ក៏​មាន​​​​យោបល់​ព្រម​គ្នា​ជា​ឯកច្ឆន្ទ​ថា ត្រូវ​យើង​យក​យោបល់​របស់​គណៈ​កម្មការ​ដំបូង​នោះ​មក​អនុវត្ត កុំ​ទុក​វចនានុក្រម​នេះឱ្យ​នៅ​រសេមរសាម​ច្រើន​ពេក នាំឱ្យ​ពិបាក​ប្រើ ពិបាក​ដោះ​ស្រាយ​ណាស់ ប៉ុន្តែ​ត្រង់​សញ្ញា​ដែល​ហៅ​ថា អឌ្ឍចន្ទ នោះ​ត្រូវ​លើក​ទុក​ទៅ​ចុះ ព្រោះ​វិនាស​បាត់​រូប​បាត់​ឈ្មោះ​ទៅ​ហើយ បើ​ទុក​ជា​យើង​បង្កើត​ក្នុង​សម័យ​នេះឱ្យ​មាន​រូប​សណ្ឋាន​ផ្សេង​ជា​ជំនួស សម្រាប់​ប្រើ​ដាក់​លើ​ពាក្យ​កំញ្រ ទាំង​ប៉ុន្មាន​នោះ​ក៏​ពុំ​កើត​ដែរ ។ ឯ​យោបល់​ក្រៅ​ពី​នោះ យើង​ត្រូវ​អនុវត្ត​តាម​ខ្លះ ដើម្បី​បើក​ផ្លូវឱ្យ​មាន​ឱកាស​ច្រហ​ទូលំ​ទូលាយ ឱ្យអស់​លោក​អ្នក​អក្សរសាស្ត្រ​ខ្មែរ​នា​អនាគត​ងាយ​ដើរ​ ដ្បិត​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ដែល​មាន សម្តេច​ព្រះ​នរោត្តម សីហនុ ឧប​យុវរាជ ព្រះ​ប្រមុខរដ្ឋ ជា​ព្រះ​បិតា​អក្សរសាស្ត្រ​ជាតិ ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហ្ឫទ័យឱ្យ​អក្សរសាស្ត្រ​ខ្មែរ​យើង​លូត​លាស់​ចម្រើន​នេះ ផ្ទុយ​គ្នា​ស្រឡះ​ពី​សម័យ​មុន ឆ្ងាយ​ពី​គ្នា​ដាច់​ស្រយាល​ទៅ​ហើយ, យើង​គួរ​សម្រេច​តាម​យោបល់​របស់​គណៈ​កម្មការ​ដំបូង​បង្អស់​នោះ​បាន​ខ្លះ​ហើយ ព្រោះ​មិន​ដូច​សម័យ គ. ស. ១៩​១៥ នោះ​ទេ ។ ខ្ញុំ​និង​គណៈ​កម្មការ​ទាំង​ ៤ រូប​ក៏​បាន​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ តាម​យោបល់​របស់​គណៈ​កម្មការ​ដំបូង​បង្អស់​នោះ, មិន​ទាំង​អស់​ទេ គ្រាន់​តែ​អនុវត្ត​តាម​ខ្លះ​ទុកឱ្យ​គង់​តាម​ទម្លាប់​ខ្លះ​ដើម្បី​គោរព​អធ្យាស្រ័យ​នៃ​អស់​លោក​អ្នក​ធ្លាប់​សរសេរ​រត់​គំនិត​រត់​ដៃ​ទៅ​ហើយ ។ › អធិបតី ​និង​ក្រុម​ជំនុំ ដែល​តាំង​ដោយ​ព្រះ​រាជ​ប្រកាស​លេខ ៦៧ ចុះ​ថ្ងៃ​ទី ៤ ខែ​សេបតមប្រិ៍ ឆ្នាំ ១៩១៥ និង​ព្រះ​រាជ​ប្រកាស​តាម​លំដាប់​មុន​ក្រោយឱ្យ​បង្កើត​វចនានុក្រម​ខ្មែរ ។ អធិបតី សម្ដេច​ចក្រី​កុញ្ជរាធិបតី ពេជ្រ ប៉ុណ្ណ សេនាធិបតី​ក្រសួង​សិក្សាធិការ​និង​យុទ្ធនាធិការ (កាល​នៅ​ក្នុង​ឋានៈ​ជា អ្នក​ឧកញ៉ា​ចក្រី​កុញ្ជរាធិបតី… ) ។ ក្រុម​ជំនុំ ១- សម្ដេច​ព្រះ​រាជ​អយ្យកោ វរចក្ររណឫទ្ធិ សុធារស (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​អង្គ​ម្ចាស់) ២- សម្ដេច​ក្រុម​ព្រះ​ ភាណុវង្ស (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​អង្គ​ម្ចាស់) ៣- ព្រះ​វន​រ័ត ចន្ទ (វត្ត​ឧណ្ណា​លោម​ ក្រុង​ភ្នំ​ពេញ) ៤- ព្រះ​មហាវិមល​ធម្ម ថោង ចាង​ហ្វាង​ទី ១ នៃ​សាលា​បាលី​ជាន់​ខ្ពស់ ក្រុង​ភ្នំ​ពេញ ៥- ព្រះ​មហារាជ​ធម្ម សួស ចៅ​អធិការ​វត្ត​ប្រយូរ​វង្ស ក្រុង​ភ្នំ​ពេញ ៦- អ្នក​ឧកញ៉ា​ធម្មានិករ គង់ (សេនាបតី​ទី​វាំង​វរ​វៀង​ជ័យ​ចាស់ រ៉ឺត្រែត ) ៧- អ្នក​ឧកញ៉ា​ពិភិតឦសូរ ម៉ី (សេនាបតី​ទី​ចក្រី​ចាស់ រ៉ឺត្រែត); ៨- អ្នក​ឧកញ៉ា​វិបុល​រាជ មាស (ឧបសេនាធបតីក្រសួង​ក្សេត្រា​ធិការ… ) ៩- អ្នក​ឧកញ៉ា​ស្រី​ធម្មា​ធិរាជ អ៊ុក (ឧបសេនាបតី​ក្រសួង​ព្រះ​បរម​រាជ​វាំង… ) ១០- ព្រះ​ពុទ្ធ​ឃោសាចារ្យ ជួន ណាត (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថា ជា​អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ជា​អ្នក​កាន់​ការ​ជាប់​រៀង​រាប​ដរាប​​មក​ដល់​សម័យ​បោះ​ពុម្ព​សម្រេច​កើត​បាន​ជា​វចនានុក្រម​ខ្មែរ​នេះ) ១១- ឧកញ៉ា​សុត្តន្តប្រីជា អ៊ិន (អ្នក​បាត់​ដំបង , តាំង​ពី​កាល​នៅ​ក្នុង​ឋានៈ​ជា​អាចារ្យ អ៊ិន រហូត​ដល់​បាន​ឋានន្តរ​ជា​ទី​ឧកញ៉ា​នេះ) ១២- អ្នក​អាចារ្យ អ៊ិត ហាក់ អាចារ្យ​សាលា​បាលី​​ជាន់​ខ្ពស់ (តាំង​ពី​កាល​នៅ​ជា​បព្វជិត មាន​ឋាន​ន្តរ​ជា​ព្រះ​សីល​សំវរ​រាជា​គណៈ វត្ត​ឧណ្ណាលោម)​ ១៣- ឧញ៉ា​សុភាធិរាជ ស៊ូ (ចៅ​ក្រម​សាលា​ឧទ្ធរណ៍ ក្រុង​ភ្នំ​ពេញ) ១៤- ព្រះ​ញាណវីរិយៈ​ ឡុង (ចៅ​អធិការ​វត្ត​នួន​មណីរាម ក្រុង​ភ្នំពេញ) អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ១៥- ព្រះ​ឧត្តមមុនី អ៊ុម ស៊ូ (វត្ត​ឧណ្ណាលោម) អធិបតី​រង​នៃ​ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​គ្រូ​វិមល​ប្បញ្ញា) ១៦- ព្រះ​សាក្យវង្ស ហួត តាត អាចារ្យ​បង្រៀន​សំស្ក្រឹត​នៅ​សាលា​បាលី​ជាន់​ខ្ពស់, អធិបតី​រង​នៃ​ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​គ្រូ​សង្ឃវិជ្ជា) ១៧- ក្រម​ការ ជុំ ម៉ៅ (កាល​កំពុង​ទទួល​ភារៈ​ធ្វើ​ការ​នៅ​ពុទ្ធសាសនបណ្ឌិត្យ) ១៨- ឧញ៉ា​ទេពពិទូ ឈឹម ក្រសេម​គន្ថបណ្ឌិតនៅ​ពុទ្ធសាសនបណ្ឌិត្យ ។ បណ្ដា​ក្រុម​ជំនំ​ទាំងនេះ អស់​លោក​ខ្លះ​បាន​ជួយ​ធ្វើ​ការ​ដោយ​ពេញ​កម្លាំង, ខ្លះ​ជួយ​ធ្វើ​មួយ​ដង​មួយ​កាល, ខ្លះ​គ្រាន់​តែ​មាន​នាម​តាំង​ក្នុង​ព្រះ​រាជ​ប្រកាស​ប៉ុណ្ណោះ ។ លោក ហ៊្សក សេដែស ចាងហ្វាង​សាលា​បារាំងសែស​នៅ​ចុង​បូព៌ា​ប្រទេស (កាល​នៅ​ជា​ សមាជិក កម្មការ នៃ​សាលា​បារាំងសែស​នោះ​នៅ​ឡើយ, ក្នុង​ឱកាស​ដែល​លោក​នៅ​ធ្វើ​ការ​ក្នុង​កម្ពុជរដ្ឋ) ជា​អ្នក​ផ្ដួចផ្ដើមឱ្យ​កើត​ការ​នេះ​ឡើង ព្រម​ទាំង​ឆ្លៀត​ជួយ​ធ្វើ​ការ​នេះ​ជា​មួយ​នឹង​អស់​លោក​ក្រុម​ជំនុំ​ផង​ដែរ ។ លុះ​ដល់​មក​អវសាន​កាល ព្រះពុទ្ធឃោសាចារ្យ ជួន ណាត បាន​រើ​កែ​ធ្វើ​ជា​ថ្មី​ឡើង​ម្ដង​ទៀត ដោយ​សេចក្ដី​ខំប្រឹង​ពេញ​កម្លាំង​តែ​មួយ​រូប​គត់​ឥត​មាន​លោក​ណា​ជាគម្រប់​ពីរ​ឡើយ ដរាប​ទាល់​តែ​ហើយ​ការ​ស្រេច​កើត​បាន​ជា​វចនានុក្រម​ខ្មែរ​នោះ​ឡើង, ជា​ការ​កើត​ដំបូង​បំផុត​ក្នុង​កម្ពុជរដ្ឋ។ រៀបរៀងដោយៈ ព្រះតេជព្រះគុណ កោសលមុនី យិន-រតនសុធាវី (វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន អក្សរសាស្រ្តខ្មែរជាគោលរបស់ជាតិ វិន័យនៃលោកនាថ ជាគោលព្រះពុទ្ធសាសនា កាលបើអក្សរសាស្រ្តខ្មែរបាត់បង់ ជាតិក៏អាប់ឱនសាបសូន្យទៅជាលំដាប់លំដោយ) ដោយ​៥០០០​ឆ្នាំ​
images/articles/3312/454yyut655u00099999888.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៣,២០៨ ដង)
វចនានុក្រមខ្មែរ គឺជាឈ្មោះសៀវភៅគោលអក្សរសាស្ត្រខ្មែរដ៏ធំមួយ ដែលកើតមុនគេបង្អស់ ក្នុងប្រទេសកម្ពុជា។ សៀវភៅនេះ មាន១៨៨៨ទំព័រ ដែលប្រជុំដោយមេពាក្យ វេយ្យាករណ៍ និងគោលក្បួនខ្នាតទាំងឡាយ សម្រាប់ពង្រីកភាសា និងអក្សរសាស្ត្រខ្មែរ។ មេពាក្យទាំងនោះ សរសេរតាមលំដាប់ព្យញ្ជនៈ ស្រៈ និងមានការពន្យល់ន័យសេចក្ដីផង។ មេពាក្យខ្លះ ប្រាប់ពីប្រភព សូរ និងរបៀបប្រើប្រាស់ពាក្យថែមទៀត។ សង្ខេប​អំពី​​ការ​រៀបចំ​វចនានុក្រមខ្មែរ វចនានុក្រមនេះ បានរៀបចំជាបណ្ដើរៗ តាំងពីឆ្នាំ១៩១៥ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ដោយអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរជំនាន់នោះ មាន សម្ដេចជួន ណាត លោកឧកញ៉ាសុត្តន្តប្រីជាឥន្ត ព្រះតេជគុណ សួស នៅ វត្តប្រយូវង្ស ជាដើម។ ក្រៅពីនេះ ក៏មានការយកចិត្តទុកដាក់ពីព្រះករុណាព្រះបាទស៊ីសុវត្ថិ និងជនជាតិបារាំងម្នាក់ឈ្មោះ លោកស្សកសឺដេស។ ក្នុងចំណោមបុព្វការីជន ដែលបានបង្កើតស្នាដៃ ជាកេរមត៌កដ៏ធំឥតមានពីរនេះ មានតែ សម្ដេចព្រះសង្ឃរាជ ជួន ណាតមួយអង្គឯងគត់ ដែលបានស្រាវជ្រាវនិពន្ធ និងធ្វើការងារនេះជាប់លាប់ ហូរហែតាំងពីដើមដំបូង រហូតបានសម្រេចបោះពុម្ពជាចុងក្រោយ នៅឆ្នាំ១៩៦៧ - ១៩៦៨ មុនពេលព្រះអង្គចូលទិវង្គតមួយឆ្នាំ។ ដោយហេតុតែសម្ដេចជួន ណាត ខំតស៊ូអស់រយៈពេលយ៉ាងវែង(៥៣ឆ្នាំ) ដើម្បីបង្កើតវចនានុក្រមខ្មែរ បានចង់សព្វគ្រប់នេះហើយ ទើបប្រជាពលរដ្ឋខ្មែរទូទៅ នាំគ្នាហៅវចនានុក្រមនេះថា វចនានុក្រមសម្ដេច ជួន ណាត។ វចនានុក្រមសម្ដេច ជួន ណាត ជាគន្លឹះសំខាន់ សម្រាប់កូនខ្មែរជំនាន់ក្រោយ ធ្វើការសិក្សាស្រាវជ្រាវ និងពង្រីកពាក្យខ្មែរឲ្យសម្បូរបែប។ ប្រវត្តិនៃការរៀបចំចងក្រងវចនានុក្រមខ្មែរ សព្វថ្ងៃនេះ ភាសាខ្មែរនៅតែជាប្រធានបទមួយដ៏ក្ដៅគគុកសម្រាប់ការពិភាក្សានៅស្ថាប័នមួយចំនួន ក៏ដូចជានៅលើទំព័រកាសែត។ មានមតិច្រើនត្រូវបានលើកឡើង ប៉ុន្តែ ផ្លូវ ដែលត្រូវដើររួមគ្នាមួយនោះ មិនទាន់ត្រូវបានគេរកឃើញជាក់ច្បាស់នៅឡើយ។ ដោយផ្អែកតាមស្ថានភាពបច្ចុប្បន្ន ដែលផ្ដល់នូវភាពមិនច្បាស់លាស់សម្រាប់អ្នកប្រើប្រាស់ភាសាខ្មែរ គណៈកម្មាធិការជាតិភាសាខ្មែរ សម្រេចឲ្យប្រើប្រាស់អក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរ (សម្ដេចព្រះសង្ឃរាជ ជួន ណាត) ។ ម៉្យាងដោយមើលឃើញពីការរីកចម្រើនឥតឈប់ឈររបស់សម្ភារៈបច្ចេកវិទ្យា និងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាតាមធនធានដ៏ស្ដួចស្ដើងដែលខ្លួនមានផងនោះ បានធ្វើឲ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យមានលោក ងួន វ៉ាន់ចន្ធី ជានាយក បានរៀបចំក្រុមការងារមួយ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០០៥ ក្នុងគោលបំណង ៖ ១. អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើវិស័យ អក្សរសាស្ត្រ និង ស្មារតី នៃការណែនាំរបស់ ឯ.ឧ. សុខ អាន ប្រធាន គណៈកម្មាធិការជាតិភាសាខ្មែរ ដែលមានគោលដៅធ្វើឲ្យមានស្ថិរភាព និង អភិវឌ្ឍន៍លើវិស័យអក្សរសាស្ត្រ រួមចំណែកជាមួយគោលនយោបាយចតុកោណជំហានទី ២ របស់រាជរដ្ឋាភិបាលសំដៅអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ។ ២. ថែរក្សា និង លើកកម្ពស់ស្នាដៃរបស់សម្ដេចសង្ឃរាជ ជួន ណាត និង បន្តនិរន្តរភាព របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ លើវិស័យអក្សរសាស្ត្រ ដោយធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតនូវវចនានុក្រមនេះ តាមជំហានដូចខាងក្រោម៖ ក. រៀបចំការកែសម្រួលកំហុសអក្ខរាវិរុទ្ធ ដែលបណ្ដាលមកពីការបោះពុម្ពលើកទី ៥ ខ. រៀបចំបញ្ជីពាក្យ (ក្នុងវចនានុក្រមពាក្យមួយអាចសរសេរបានពីរ ឬបី បែប ដើម្បី ដាក់ស្នើទៅគណៈកម្មាធិការជាតិភាសាខ្មែរអនុម័ត និងសម្រេចក្នុងការសរសេរ ឲ្យបាន ឯកភាពគ្នា) គ. ជ្រើសយកពាក្យពីនិយមន័យក្នុងវចនានុក្រមខ្មែរដែលបានបោះពុម្ពលើកទី ៥ ឲ្យក្លាយជាមេពាក្យឡើង ឃ. រៀបចំបង្កើតវចនានុក្រមខ្មែរអេឡិចត្រូនិក និងកែលំអរាល់ឆ្នាំ ង. ក្រោយពីបានបន្ថែមមេពាក្យថ្មី រួមទាំងនិយមន័យមក វិទ្យាស្ថានមានគ្រោងបោះពុម្ព វចនានុក្រមខ្មែរលើកទី ៦ បន្តទៀត ៣. សហការជាមួយដៃគូសហប្រតិបត្តិការមួយចំនួន ដែលមានទស្សនវិស័យដូចគ្នា ដូចជា វិទ្យាស្ថានបើកទូលាយ (Open Institute), SEALang និង បុគ្គលស្រាវជ្រាវឯករាជ ជាដើម ដើម្បីឲ្យសម្រេចគោលដៅ ដែលបានពោលខាងលើ ។ ៤. បន្តការធ្វើវចនានុក្រមខ្មែរទូទៅជាអេឡិចត្រូនិក ក្រោយពីបានដកពិសោធន៍ពី វចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត រួចមក (ករណីមានលទ្ធភាពគ្រប់ គ្រាន់) ។ ខាងក្រោមនេះជាសេចក្ដីដកស្រង់ចេញពីនិទានកថាដែលបានព្រះលិខិតចុះថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៦៧ (ព.ស. ២៥១១) ដោយអតីតសម្ដេចព្រះសង្ឃរាជគណៈមហានិកាយ ជួន ណាត ជោតញ្ញាណោ ក្នុងគ្រាដែលពុទ្ធសាសនបណ្ឌិត្យបានបោះពុម្ពវចនានុក្រមខ្មែរលើកទី ៥ ។ "ខ្ញុំថ្លែងសេចក្ដីអំពីប្រវត្តិនៃវចនានុក្រមនេះជាសង្ខេប មិនសព្វគ្រប់តាមដំណើរការណ៍ដែលកន្លងទៅហើយនោះទេ, ខ្ញុំថ្លែងដោយអន្លើៗខ្លះគ្រាន់តែឲ្យអស់លោកបានជ្រាប សោះតែខានប៉ុណ្ណោះហើយអស់លោកនឹងបានជួយឧបត្ថម្ភវចនានុក្រមនេះឲ្យមានការលូតលាស់ចម្រើនតទៅតាមសម័យនិយម នាអនាគតកាល ។ វចនានុក្រមខ្មែរទាំង ២ ភាគនេះជាសម្បត្តិរបស់ពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញ គឺជារបស់រាជរដ្ឋាភិបាលតាំងពីចាប់ផ្ដើមបោះពុម្ពគ្រាទី ១ មក ពុំមែនជាសម្បត្តិរបស់ឯកជនទេ ។ ព្រះរាជប្រកាសលេខ ៦៧ ចុះថ្ងៃទី ៤ ធ្នូ ១៩១៥ ឲ្យឈ្មោះថា វចនានុក្រមខ្មែររបស់រាជការ ប៉ុន្តែកាលដែលបោះពុម្ពគ្រាទី ១ ជាដំបូងបង្អស់នោះ អស់លោកកុង្សីយ៍សេនាបតីក្នុងសម័យនោះ សុំថាឲ្យដាក់ឈ្មោះត្រឹមតែថា វចនានុក្រមខ្មែរភាគទី ១ ភាគទី ២ (DICTIONNAIRE CAMBODGIEN Tome I Tome II ) កុំដាក់ពាក្យថា របស់រាជការ ព្រោះបើដាក់ឈ្មោះថា របស់រាជការ ក៏ទៅជាបង្ខំឲ្យគេប្រើតាមទាំងអស់គ្នាដោយដាច់ខាត, ដោយហេតុនេះ ត្រូវទុកឱកាសឲ្យគេទៅសិនចុះ បើអ្នកណាគេមិនត្រូវការប្រើតាមក៏ឥតបើមានកំហុសអ្វីឡើយ, យូរៗទៅគង់តែនឹងប្រើតាមទាំងអស់គ្នាឯងៗទៅទេ ។ ដល់មកកាលជាខាងចុង គ. ស. ១៩៦៧ លោកនាយកនៃពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញ បានចាត់ការបោះពុម្ពវចនានុក្រមខ្មែរនេះជាគ្រាទី ៥ ថែមឡើងទៀត ក៏បានតាំងគណៈកម្មការ ៤ រូបគឺ ៖ ១- ព្រះសាសនមុនី កិម តូរ ចន្ទមង្គលោ ២- ព្រះបិដកធម្ម អ៊ុម ស៊ុម សង្ឃត្ថេរោ ទាំង ២ រូបនេះជាសមាជិកនៃគណៈកម្មការប្រែព្រះត្រៃបិដកក្នុងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ៣-លោក ញូង សឿង នាយលេខាធិការដ្ឋាននៃសមាគមអ្នកនិពន្ធខ្មែរក្រុងភ្នំពេញ (អតីតអគ្គលេខាធិការរងនៃពុទ្ធសាសនបណ្ឌិត្យ) ៤- លោក ថោង សំអ៊ី អ្នកនិពន្ធតែងសេចក្ដីនៅពុទ្ធសាសនបណ្ឌិត្យ គណៈកម្មការទាំង ៤ រូបនេះជាអ្នកស្ទាត់ជំនាញខាងអក្សរសាស្ត្រខ្មែរ, ឲ្យជាអ្នកពិនិត្យផ្ទៀងផ្ទាត់វចនានុក្រមខ្មែរដែលបានបោះពុម្ពគ្រាទី ៤ នោះជាថ្មីម្ដងទៀត ឲ្យបានហ្មត់ចត់គ្រាន់បើបន្តិចឡើងជាងមុន ដ្បិតវចនានុក្រមក្នុងពុទ្ធសាសនបណ្ឌិត្យអស់ទៅហើយ ឥតមានសល់សម្រាប់អស់លោកអ្នកត្រូវការទេ, សុំឲ្យគណៈកម្មការទាំង ៤ រូបនេះឆ្លៀតពេលធ្វើការឲ្យបានសម្រេចឆាប់បន្តិច ឲ្យបានទាន់ពេលនៃអស់លោកអ្នកត្រូវការ ។ លោក លាង ហ័បអាន ជានាយកនៃពុទ្ធសាសនបណ្ឌិត្យ បានមកសូមឲ្យខ្ញុំជួយឧបត្ថម្ភក្នុងការបោះពុម្ពគ្រាទី ៥ នេះបានតម្រូវតាមការងាយស្រួល ឲ្យគណៈកម្មការទាំង ៤ រូបរៀបចំការិយាល័យមួយក្នុងវត្តឧណ្ណាលោម ដើម្បីឲ្យបាននៅជិតខ្ញុំជាអ្នកជួយឧបត្ថម្ភ ។ ខ្ញុំក៏បានទទួលភារៈជួយ ដោយតាំងចិត្តថា ស៊ូទ្រាំនឿយចំពោះវចនានុក្រមនេះជាថ្មីម្ដងទៀតចុះ ទោះបីខ្ញុំមានវ័យចាស់ចូលក្នុងជន្មាយុគម្រប់ ៨៤ ឆ្នាំហើយ ព្រមទាំងមានកិច្ចការផ្ទាល់ខ្លួនច្រើនស្អេកស្កះស្ទើរតែរើខ្លួនពុំរួចផងក៏ដោយ, ព្រោះវចនានុក្រមខ្មែរនេះជាការស្នាដៃថ្វីគំនិតចាស់របស់ខ្ញុំ ខ្ញុំមិនសូវភ្លេចយូរៗប៉ុន្មានចំពោះវចនានុក្រមនេះទេ កាលបើសរសេរការអ្វីៗ ខ្ញុំតែងតែនឹកដល់វចនានុក្រមខ្មែរទាំង២ ភាគនេះជាដរាប, ដោយហេតុនេះឯង បានជាខ្ញុំមិនប្រកែក ។ ក្នុងគ្រានេះ ខ្ញុំលៃពេលម៉ោងឆ្លៀតជួយពិនិត្យផ្ទៀងផ្ទាត់កែសម្រួលឲ្យបានគ្រាន់បើជាងពីមុនខ្លះដោយអន្លើៗ ខ្ញុំខំប្រឹងឆ្លៀតជ្រើសរើសយកមេពាក្យដែលខ្វះ ព្រមទាំងអត្ថន័យផង សរសេរខ្លួនឯងចុះបន្ថែមឲ្យមានមេពាក្យក្រែលជាងពីមុខ បានដកស្រង់យកកាព្យជាព្រះរាជនិពន្ធនៃព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី (ព្រះបរមកោដ្ឋ)ខ្លះ កាព្យសាស្ត្រាច្បាប់រាជនេតិជាព្រះនិពន្ធនៃ ព្រះរាជសម្ភារខ្លះ ល្បិចចៅក្រម ដែលកើតមានក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះជ័យចេស្ដាខ្លះ ចំពោះត្រង់អត្ថន័យនៃពាក្យ មន្ទលេន សេនបទ មណ្ឌុកដ សីហលោ, សុភាសិត និង ភាសិតបុរាណខ្លះ, និងកាព្យរបស់ខ្ញុំខ្លះ តម្រូវឲ្យសមតាមអត្ថន័យរបស់មេពាក្យនោះៗដោយអន្លើៗ, ក៏ឃើញថា វចនានុក្រមខ្មែរទាំង ២ ភាគដែលបោះពុម្ពគ្រាទី ៥ នេះទូលំទូលាយគ្រាន់បើបន្តិចជាងមុខ, ប៉ុន្តែបើធៀបប្រៀបទៅនឹងផ្លូវ ក៏មានឋានៈត្រឹមតែប្រហែលនឹងថ្នល់លំដែលបានចាក់រាយក្រួសបាយក្រៀមស្ដើងៗប៉ុណ្ណោះ ពុំទាន់មានឋានៈស្មើនឹងថ្នល់ដែលចាក់ជ័រយ៉ាងក្រាស់រលើបរលង់នៅឡើយទេ; ក្នុងអនាគតកាលមិនយូរឆ្នាំប៉ុន្មាន ទើបអាចនឹងឡើងឋានៈស្មើនឹងថ្នល់ចាក់ជ័ររលង់រលើបពុំខានឡើយ, គួរឲ្យខ្ញុំនឹកស្ដាយណាស់ ដោយមិនបានឃើញឋានៈខ្ពង់ខ្ពស់របស់វចនានុក្រមខ្មែរនេះ! ការពិនិត្យក្រោយនេះ, ខ្ញុំបានថ្លែងការណ៍យ៉ាងពិស្ដារ ឲ្យគណៈកម្មការទាំង ៤ រូបបានដឹងអំពីយោបល់នៃគណៈកម្មការមុនដំបូងដែលខ្ញុំបានពោលហើយខាងលើ, គណៈកម្មការទាំង ៤ រូបក៏មានយោបល់ព្រមគ្នាជាឯកច្ឆន្ទថា ត្រូវយើងយកយោបល់របស់គណៈកម្មការដំបូងនោះមកអនុវត្ត កុំទុកវចនានុក្រមនេះឲ្យនៅរសេមរសាមច្រើនពេក នាំឲ្យពិបាកប្រើ ពិបាកដោះស្រាយណាស់ ប៉ុន្តែត្រង់សញ្ញាដែលហៅថា អឌ្ឍចន្ទ នោះត្រូវលើកទុកទៅចុះ ព្រោះវិនាសបាត់រូបបាត់ឈ្មោះទៅហើយ បើទុកជាយើងបង្កើតក្នុងសម័យនេះឲ្យមានរូបសណ្ឋានផ្សេងជាជំនួស សម្រាប់ប្រើដាក់លើពាក្យកំញ្រ ទាំងប៉ុន្មាននោះក៏ពុំកើតដែរ ។ ឯយោបល់ក្រៅពីនោះ យើងត្រូវអនុវត្តតាមខ្លះ ដើម្បីបើកផ្លូវឲ្យមានឱកាសច្រហទូលំទូលាយ ឲ្យអស់លោកអ្នកអក្សរសាស្ត្រខ្មែរនាអនាគតងាយដើរ ដ្បិតក្នុងសម័យសង្គមរាស្ត្រនិយម ដែលមាន សម្តេចព្រះនរោត្តម សីហនុ ឧបយុវរាជ ព្រះប្រមុខរដ្ឋ ជាព្រះបិតាអក្សរសាស្ត្រជាតិ ព្រះអង្គសព្វព្រះរាជហ្ឫទ័យឲ្យអក្សរសាស្ត្រខ្មែរយើងលូតលាស់ចម្រើននេះ ផ្ទុយគ្នាស្រឡះពីសម័យមុន ឆ្ងាយពីគ្នាដាច់ស្រយាលទៅហើយ, យើងគួរសម្រេចតាមយោបល់របស់គណៈកម្មការដំបូងបង្អស់នោះបានខ្លះហើយ ព្រោះមិនដូចសម័យ គ. ស. ១៩១៥ នោះទេ ។ ខ្ញុំនិងគណៈកម្មការទាំង ៤ រូបក៏បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ តាមយោបល់របស់គណៈកម្មការដំបូងបង្អស់នោះ, មិនទាំងអស់ទេ គ្រាន់តែអនុវត្តតាមខ្លះទុកឲ្យគង់តាមទម្លាប់ខ្លះដើម្បីគោរពអធ្យាស្រ័យនៃអស់លោកអ្នកធ្លាប់សរសេររត់គំនិតរត់ដៃទៅហើយ" ។ ប្រភព Wikipedia ដោយ៥០០០ឆ្នាំ
images/articles/3330/___________________________led-2.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៩៧៩ ដង)
ថ្ងៃ​នេះ​ គេ​ហទំព័រ​៥០០០​ឆ្នាំ​ មាន​អា​យុ​គម្រប់​ ១២ឆ្នាំ​ គេហទំព័រ​៥០០០​ឆ្នាំ​ត្រូវបាន​បង្កើត​ឡើង​នៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែ​មិថុនា​ឆ្នាំ​២០១១ ) ក្នុង​​គោល​​បំណង ផ្សព្វ​​ផ្សាយ​​ព្រះធម៌​នៃ​​ព្រះ​សម្មា​សម្ពុទ្ធ ​តាម​ប្រព័ន្ធ​​​អ៊ីនធឺ​ណែត ដើម្បី​បញ្ជៀប​នូវ​សីលធម៌ ចរិយា​ធម៌ និងសេច​ក្តីថ្លៃថ្នូរ ទៅ​ដល់​ស្រទាប់​យុវវ័យនិង​ពុទ្ធ​បរិស័ទ​ទូទៅ​ទាំងក្នុង​ស្រុកនិង​ក្រៅ​ស្រុកនិង​ម៉្យាង​ដើម្បី​សម្រួល​ដល់​ការ​សិក្សា​ព្រះ​ពុទ្ធវចនៈ​តាម​បែប​បច្ចេក​វិទ្យា​សម័យ​ទំនើប ។ គេហទំព័រ​៥០០០​ឆ្នាំ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ពុទ្ធសាសនា​និក​ជន​ទូទៅ​​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ក្នុង​ការ​ចូល​មក​គេហ​ទំព័រ​៥០០០​ឆ្នាំ​ដើម្បី​ស្តាប់​ព្រះ​ធម៌និង​ស្រាវ​ជ្រាវ​ព្រះ​ពុទ្ធ​វចនៈ​ផ្សេង​ៗ ។ ​ជា​ពិសេស សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ធម្មទាន​ដ៏ថ្លៃថ្លា របស់ ​ពុទ្ធបរិស័ទ​នៅ​ក្នុងប្រទេ​ស​និង​ ក្រៅ​ប្រទេស​ដូច​ជា ប្រទេស​អាមេរិក បារាំង កូរ៉េ អូស្រ្តាលី...ដែល​បាន​បរិច្ចាគ​ធន​ធាន​យ៉ាង​ច្រើន​ក្នុង​ការផ្គត់​ផ្គង់​ទ្រទ្រង់​គេហ​ទំព័រ​៥០០០ឆ្នាំ ជា​ប្រចាំខែ​ផង ជា​បន្ទាន់​ផង.. ដែល​ជា​​កម្លាំង​យ៉ាង​ក្រៃលែង​ដល់​ដំណើរ​ការ​៥០០០​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ ។ ដោយអំណាច​ផលនៃ​ធម្មទាន​ទាំងឡាយ​ ដែល៥០០០ឆ្នាំ​បាន​ធ្វើ​ហើយ សម្រេច​ហើយ សូម​ផល​នៃ​ធម្ម​ទាននោះ ចូរជាចំណែកនៃបុណ្យមហា​កុសល​ សូម​ប្រគេន និង​ចែកប្រគេន​ថ្វាយ​​ជូន​ចំពោះ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​សូមបាន​នូវចំណែក​បុណ្យស្មើ​ៗ​គ្មា និង​បាន​ជា​បច្ច័យ​រួច​ផុត​ចាក​ទុក្ខទាំង​ពួង​ ។ សូមគោរព​​ឧទ្ទិស​ថ្វាយ​នូវព្រះ​រាជ​កុសលនេះ ថ្វាយ​ចំពោះព្រះ​មហាវីរក្សត្រ ព្រះ​ករុណា ព្រះបាទ​សម្តេច ​ព្រះ​នរោត្តម ​សីហនុ សូម​ទ្រង់​បានអនុមោទនា​នូវ​មហា​កុសល​នេះ និង​សោយ​នូវ​ព្រះ​បរម​សុខ។ សូមគោរ​ព​​ថ្វាយ​ព្រះរាជ​កុសល ថ្វាយ​ចំពោះ ព្រះករុណា​ជាអម្ចាស់​ជីវិត​តម្កល់​​លើត្បូង ព្រះ​បាទ​សម្តេច ​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ សូមទ្រង់​បាន​អនុមោទនា​នូវ​មហា​កុស​ល​​នេះ ដោយ​ព្រះរាជ​ហឫទ័យ​ដ៏ខ្ពង់​ខ្ពស់​បំផុត ។ សូម​ព្រះអង្គទ្រង់​ប្រកប​ដោយ​ព្រះ​រាជ​សុខភាព​ល្អ​បរិបូណ៌ ព្រះកាយ​ពល​មាំមួន ព្រះជន្ម​យឺន​យូរ ព្រះ​បញ្ញា​ញាណ​វាង​វៃ និង​គង់​ប្រថាប់​ជាម្លប់ដ៏​ត្រជាក់​ដល់​ប្រជា​រាស្រ្ត ដើម្បី​ទទួល​បាន​នូវ​សេចក្តីសុខ​ក្សេម​ក្សាន្ត ចម្រើន​រុងរឿង​ជានិច្ច​និរន្ត​រ៍ត​រៀង​ទៅ ។ សូមគោរព​​ប្រគេនឧទ្ទិស​ថ្វាយ និង​ថ្វាយ​ចំពោះ​សម្តេចព្រះសង្ឃរាជ​ទាំង​ឡាយ​ចាប់​តាំង​ពី​អតី​ត​កាល​មក​​ហើយ​ និង​ព្រះសង្ឃ​គ្រប់ៗ​ព្រះអង្គ សូម​ព្រះសង្ឃ​មេត្តា​អនុមោទនា​ត្រេក​អរ​​ទទួល​យក​នូវចំណែក​មហាកុ​សល​នេះ។ សូម​គោរព​ជូន​ចំពោះ ប្រមុខរាជរដ្ឋាភិបាល មន្រ្តីរាជការ​គ្រប់​ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ​គ្រប់​រូប សូមបាន​អនុមោទនាត្រេកអរ​ទទួលយក​នូវចំណែក​មហាកុសល​នេះ។ សូម​គោរពជូន មាតាបិតា រួមទាំង​ក្រុម​ញាតិ, លោកគ្រូ អគ្គ​បណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស​ ជា​ម្ចាស់ ,លោកគ្រូ​ធម្មាចារ្យ​ទាំងអស់ និង​លោក​អ្នក​មានឧបការៈចំពោះ​កិច្ចការធម្មទាន​នេះ សូម​មេត្តា​អនុមោទនាត្រេកអរ​ទទួលយក​នូវចំណែក​ម​ហាកុសល​នេះ។ សូមឧទ្ទិស​ជូន​ចំពោះសព្វ​សត្វ​ទូទៅ មានសត្វដែល​ធ្លាប់ជា​ញាតិ សត្វមិនមែន​ជាញាតិ សត្វនរក​ទាំងឡាយ​មាន ប្រេត អសុរកាយ អមនុស្ស, ទេវតា​ទាំងឡាយ​មាន រុក្ខទេវតា ភូមិ​ទេវតា អាកាសទេវតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះយមរាជ យមបាល សក្កទេវរាជ មារទាំង​ឡាយ កន្ធប់ទាំងឡាយ និងពពួកនាគទាំងឡាយ ដែល​អស់​លោក​អ្នក​ទាំង​នោះ​ជា​អ្នក​ប្រាថ្នា​នៅក្នុងបុណ្យកុសល ក៏សូមអនុមោទនា​​ទទួល​យកនូ​វចំណែក​មហាកុសល​នេះ​រៀង​ៗខ្លួន​។ បើទទួល​បានចំណែក​នៃបុណ្យ​ហើយ ក៏​សូម​នៅ​ជាសុខចុះ..។ សូមឲ្យប្រទេស​កម្ពុជាជា​ប្រទេសសម្បូរ​ទៅដោយ​សេចក្តី​ស្ងប់​សុខ៕ សូម​អនុមោទនា​បុណ្យ..! ដោយ​៥០០០​ឆ្នាំ​
images/articles/2837/t323efwtpic.jpg
ផ្សាយ : ១១ មិថុនា ឆ្នាំ២០២៣ (អាន: ៦,៣៧៣ ដង)
វិរោចជាតក (រឿងភិក្ខុទេវទត្តធ្វើតាមពុទ្ធលីលា) ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កកណ្ដកវគ្គ បិដកលេខ ៥៨ ទំព័រ ៦៣ ព.ស. ២៥៦១ ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភាពដែលភិក្ខុទេវទត្តសម្ដែងអាកប្បកិរិយាដូចព្រះសុគតនៅគយាសីសប្រទេស បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា លសី ច តេ និប្ផលិតា ដូច្នេះជាដើម ។ សេចក្ដីពិស្ដារថា ភិក្ខុទេវទត្តមានឈានសាបសូន្យហើយ ក៏សាបសូន្យចាកលាភ​​សក្ការៈ​ផងដែរ បានគិតថា នៅមានឧបាយម្យ៉ាងទៀត លុះគិតដូច្នេះហើយ ទើបក្រាបទូលសូមវត្ថុ ៥ ប្រការ (សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយកាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្តន៍ ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយប្រើប្រាស់តែសំពត់បង្សុកូលអស់មួយជីវិត ភិក្ខុណាត្រេកអរចំពោះគហ​បតិចីវរ ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយនៅទៀបគល់ឈើជាវត្តអស់មួយជីវិត ភិក្ខុណាចូល​ទៅនៅក្នុងទីប្រក់ទីបាំង ភិក្ខុនោះនឹងត្រូវទោស ១ សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រី និងសាច់អស់មួយ​ជីវិត ភិក្ខុណាឆាន់ត្រី និងសាច់ ភិក្ខុនោះនឹងត្រូវទោស១) អំពីព្រះសាស្ដា កាលមិនបាន ក៏បបួលភិក្ខុ ​៥០០ រូបដែលជាសទ្ធិវិហារិក (អ្នកនៅជាមួយ គឺភិក្ខុឬសាមណេរដែលជាសិស្សរបស់ឧបជ្ឈាយ៍ ត្រូវ​នៅក្នុងអំណាច ឧបជ្ឈាយ៍ឲ្យលោកមើលការខុសត្រូវស្ដីប្រដៅជានិច្ច)របស់ព្រះអគ្គសាវកទាំងពីរ ដែល​ទើបនឹងបួសថ្មី មិនទាន់ចេះដឹងក្នុងព្រះធម្មវិន័យ ទៅកាន់គយាសីសប្រទេស បំបែកសង្ឃ ធ្វើសង្ឃ​កម្មផ្សេងគ្នាក្នុងសីមាជាមួយគ្នា ។ ព្រះសាស្ដាទ្រង់ជ្រាបវេលានៃបញ្ញារបស់ភិក្ខុទាំងនោះចាស់ក្លាហើយ ទើបបញ្ជូនព្រះអគ្គសាវកទាំងពីរទៅកាន់ទីនោះ ។ ទេវទត្តឃើញព្រះអគ្គសាវកទាំងពីរភ្លាមក៏សប្បាយចិត្ត គិតថា កាលអញសម្ដែងធម៌មួយយប់ទល់ភ្លឺនឹងធ្វើ អាកប្បកិរិយាដូចព្រះពុទ្ធ លុះគិតដូច្នោះហើយ កាលនឹងសម្ដែងអាកប្បកិរិយាដូចព្រះសុគត ទើបពោលថា ម្នាលសារីបុត្រ ភិក្ខុសង្ឃមិនទាន់ងោកងុយនៅឡើយទេ អ្នកចូរសម្ដែងធម្មី​ក​ថាដល់ភិក្ខុទាំងឡាយចុះ តថាគតរោយខ្នងខ្លាំងណាស់ តថាគតនឹងតម្រង់ខ្នងបន្តិច ហើយក៏ចូល​ទៅសិង ។ ព្រះអគ្គសាវកទាំងពីរសម្ដែងធម៌ដល់ភិក្ខុទាំងនោះឲ្យភ្ញាក់ដោយមគ្គផលទាំងឡាយហើយ ​បាននាំត្រឡប់មកកាន់វត្តវេឡុវ័នទាំងអស់ ។ ភិក្ខុកោកាលិកឃើញវិហារសូន្យចាកភិក្ខុ ក៏ទៅកាន់​សម្នាក់ទេវទត្ត ហើយពោលថា នៃអាវុសោទេវទត្ត អគ្គសាវកទាំងពីររបស់លោក ទម្លាយបរិស័ទរបស់​​លោកហើយ នាំភិក្ខុទាំងនោះទៅអស់ នៅសល់តែវិហារទទេ ចំណែកលោករវល់តែសិងដល់ពេល​ណា​​ទៀត ហើយកន្ត្រាក់សំពត់ដណ្ដប់របស់ទេវទត្តចេញ យកកែងជើងធាក់កណ្ដាលទ្រូង ដូចដំដែក​គោល​​នឹងជញ្ជាំងផ្ទះ ភ្លាមនោះឯង ឈាមក៏ហូរចេញអំពីមាត់របស់ទេវទត្ត តាំងអំពីពេលនោះ​មក ទេវ​ទត្តក៏ធ្លាក់ខ្លួនឈឺ ។ ព្រះសាស្ដាត្រាស់សួរព្រះសារីបុត្រថា ម្នាលសារីបុត្រ វេលាដែលអ្នកនាំគ្នាទៅ ទេវទត្តកំពុងធ្វើអ្វី ? ព្រះថេរៈទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទេវទត្តឃើញខ្ញុំព្រះអង្គទាំងពីរហើយ គិតនឹងធ្វើតាមព្រះអង្គ កាលសម្ដែងអាកប្បកិរិយាដូចព្រះសុគត ក៏ដល់នូវការវិនាសធំ ។ ព្រះសាស្ដាត្រាស់ថា ម្នាលសារីបុត្រ មិន​មែន​​តែពេលនេះប៉ុណ្ណោះទេ ដែលទេវទត្តធ្វើតាមតថាគតហើយដល់ការវិនាសនោះ សូម្បីក្នុងកាលមុនក៏ធ្លាប់ធ្វើតាមតថាគត ហើយដល់ការវិនាសដូចគ្នាដែរ កាលព្រះថេរៈទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកសម្ដែងដូចតទៅៈ អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ​សោយ​ព្រះជាតិជាកេសររាជសីហ៍ នៅក្នុងគុហាមាស ក្នុងព្រៃហិមពាន្ត ។ ថ្ងៃមួយ ស្ដេចរាជសីហ័ពោធិ​សត្វ​ចេញអំពីគុហារលាស់កាយ សម្លឹងមើលទិសទាំង ៤ បន្លឺសីហនាទ ហើយចេញទៅរកចំណី បានសម្លាប់​ក្របីធំមួយស៊ីសាច់ ហើយចុះកាន់ស្រះ ផឹកទឹកដែលមានពណ៌ដូចកែវមណី ឆ្អែតពេញពោះហើយ ​ដើរសំដៅទៅគុហាវិញ ។ គ្រានោះ មានចចកមួយខ្វល់ខ្វាយស្វែងរកចំណី ពើបផ្លូវនឹងរាជសីហ៍ពោធិសត្វ កាលមិនអាចនឹងគេច​ចេញ​ទៅណាបាន ក៏ដេកក្រាបចុះជិតជើងខាងមុខរបស់រាជសីហ៍ កាលរាជសីហ៍សួរថា នែចចក អ្នកមាន​ការអ្វីហ្នឹង ? ចចកក៏ពោលថា បពិត្រលោកម្ចាស់ ខ្ញុំមកទីនេះ ដោយបំណងថា នឹងបម្រើលោក ។ រាជសីហ៍ពោលថា ល្អហើយចឹង អ្នកចូរបម្រើយើងចុះ យើងនឹងឲ្យអ្នកបានស៊ីសាច់ឆ្ងាញ់ៗ ហើយនាំចចកទៅកាន់គុហាមាស ។ ចាប់ពីពេលនោះមក ចចកក៏បានស៊ីសាច់ដែលសល់អំពីរាជសីហ៍ កន្លងទៅបានពីរបីថ្ងៃ ចចករៀងមានសាច់មានឈាមធំធាត់ ។ ក្រោយមករាជសីហ៍ដេកនៅក្នុងគុហាប្រាប់ចចកថា អ្នកចូរទៅចុះ ចូរឡើង​លើកំពូលភ្នំ ហើយបើចង់ស៊ីសាច់សត្វណា មានដំរី សេះ ក្របីជាដើម ដែលត្រាច់ទៅមកនៅជើងភ្នំនេះ ចូរ​ចំណាំសត្វនោះទុក ហើយមកប្រាប់យើងថា ខ្ញុំចង់ស៊ីសាច់សត្វឯណោះ ហើយចូរប្រាប់ថា សូមលោក​ម្ចាស់ចូរចម្រើន ដូច្នេះហើយ យើងនឹងសម្លាប់សត្វនោះ ស៊ីសាច់ឆ្ងាញ់ៗហើយនឹងចែកដល់អ្នក ។ ចចកក៏ឡើងទៅកាន់កំពូលភ្នំរកមើលហ្វូងម្រឹគផ្សេងៗ លុះនឹកចង់ស៊ីសាច់សត្វប្រភេទណា ក៏ចូលទៅកាន់គុហាមាសប្រាប់សត្វនោះដល់រាជសីហ៍ ហើយក្រាបចុះជិតជើងរាជសីហ៍ពោលថា បពិត្រលោក​ម្ចាស់ សូមលោកម្ចាស់ចូរចម្រើន ។ រាជសីហ៍រត់ទៅយ៉ាងលឿន ប្រសិនបើឃើញដំរីចុះប្រេង ក៏សម្លាប់ឲ្យស្លាប់នៅទីនោះតែម្ដង ហើយខ្លួនឯងស៊ីសាច់ល្អៗខ្លះ ឲ្យចចកខ្លះ ចចកស៊ីសាច់ឆ្អែតហើយចូលគុហាដេកលក់យ៉ាងស្រួល ។ លុះវេលាកន្លងយូរទៅ ចចកក៏កើតមានះថា សូម្បីយើងក៏ជាសត្វជើង ៤ ដែរ ហេតុអ្វីចាំបាច់ឲ្យអ្នកដទៃចិញ្ចឹមរាល់ៗថ្ងៃ ចាប់ពីថ្ងៃនេះទៅ យើងនឹងសម្លាប់ដំរីជាដើមស៊ីសាច់សូម្បីតែរាជសីហ៍ដែលជាស្ដេចម្រឹគ ក៏ត្រូវអាស្រ័យអញជួយពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ចូរចម្រើន ដូច្នេះប៉ុណ្ណោះ ក៏សម្លាប់ដំរីបាន អញត្រូវឲ្យរាជសីហ៍និយាយនឹងអញខ្លះថា បពិត្រចចក សូមលោកចូរចម្រើន ដូច្នេះក៏នឹងសម្លាប់ដំរី ហើយស៊ីសាច់ដែរ ។ ចចកនោះ លុះគិតដូច្នោះហើយ ក៏ចូលទៅរករាជសីហ៍ហើយពោលថា បពិត្រលោកម្ចាស់ ខ្ញុំស៊ីសាច់ដំរីដែលលោកម្ចាស់សម្លាប់មកយូរហើយ ខ្ញុំចង់សម្លាប់ដំរីមួយស៊ីសាច់ដែរ ហេតុនោះ ខ្ញុំសូមដេកក្នុងគុហាមាសលើទីដេករបស់លោក សូមលោកជួយមើលដំរីដែលត្រាច់ទៅមកតាមជើងភ្នំ ហើយមកកាន់សម្នាក់ខ្ញុំប្រាប់ថា នែចចក សូមអ្នកចូរចម្រើន សូម្បីត្រឹមតែប៉ុណ្ណេះឯង លោកកុំកំណាញ់ឡើយ ។ ពេលនោះ រាជសីហ៍ប្រាប់ចចកនោះថា នែចចក អ្នកមិនអាចសម្លាប់ដំរីបានទេ ធម្មតា ចចកដែលកើតក្នុងត្រកូលសីហៈ អាចសម្លាប់ដំរីបានមិនមានក្នុងលោកឡើយ អ្នកកុំពេញចិត្តយ៉ាងនេះឡើយ រង់ចាំស៊ីសាច់ដំរីដែលយើងសម្លាប់បានហើយចុះ ។ សូម្បីរាជសីហ៍ប្រាប់យ៉ាងនេះហើយ ចចកនោះមិនលះបង់ការតាំងចិត្ត នៅតែរំអុកដដែល ។ រាជសីហ៍កាលមិនអាចហាមចចកបានក៏ទទួលពាក្យ ហើយពោល​ថា ​បើដូច្នោះ អ្នកចូរទៅកាន់លំនៅរបស់យើង ដេករង់ចាំចុះ ហើយឲ្យចចកដេកក្នុងគុហាមាស ខ្លួន​ឯង​រង់ចាំមើលដំរីចុះប្រេងដែលដើរនៅតាមជើងភ្នំ ហើយទៅកាន់មាត់ទ្វារគុហាប្រាប់ថា នែចចក សូមអ្នក​ចូរចម្រើន ។ ចចកចេញអំពីគុហារលាស់ខ្លួន សម្លឹងមើលទិសទាំង ៤ លូបីដង រួចគិតថា យើងត្រូវ​លោតចុះឲ្យចំត្រង់ក្បាលដំរីចុះប្រេង ក៏ភ្លាត់ធ្លាក់នៅក្បែរជើងដំរី ដំរីលើកជើងស្ដាំជាន់ក្បាលល​​លាដ៍​​ក្បាល​បែកជាលម្អិតតូចធំ ពេលនោះ ដំរីយកជើងជាន់ឈ្លីរាងកាយរបស់ចចកនោះធ្វើជាដុំៗហើយចុះអាចម៍ដាច់ចចក បន្លឺកោញ្ចនាទរួចចូលព្រៃទៅ ។ ព្រះពោធិសត្វឃើញការការប្រព្រឹត្តទៅដូច្នោះ ក៏ពោលថា នែចចក ពេលនេះ អ្នកចូរបន្លឺសំឡេងចុះ ដូច្នេះហើយ ទើបពោលគាថានេះថា លសី ច តេ និប្ផលិតា, មត្ថកោ ច បទាលិតោ; សព្ពា តេ ផាសុកា ភគ្គា, អជ្ជ ខោ ត្វំ វិរោចសិ។ ខួរក្បាលរបស់អ្នកធ្លាយចេញផង លលាដ៍ក្បាលរបស់អ្នកបែកធ្លាយផង ឆ្អឹងជំនីរទាំងអស់របស់អ្នកដំរីបំបាក់ហើយផង ក្នុងថ្ងៃនេះ អ្នកនៅរុងរឿងអ្វីទៀត ។ បណ្ដាបទទាំងនោះ បទថា លសី ប្រែថា ខួរក្បាល ។ បទថា និប្ផលិតា ប្រែថា ហូរចេញហើយ ។ ព្រះសាស្ដាទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា សិង្គាលោ ទេវទត្តោ អហោសិ ចចកក្នុងកាលនោះ គឺ ទេវទត្ត ។ សីហោ បន អហមេវ អហោសិំ ចំណែករាជសីហ៍ គឺតថាគតនេះឯង ។ ចប់ វិរោចជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កកណ្ដកវគ្គ បិដកលេខ ៥៨ ទំព័រ ៦៣ ) ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿