ថ្ងៃ អង្គារ ទី ២៤ ខែ ឧសភា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍ (តាកែវ)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៩,០៩១
Today
ថ្ងៃម្សិលមិញ ១១៥,៣៧៧
ខែនេះ ២,៦០៨,៦៤៣
សរុប ២៥៨,១០៦,៤៥៨
free counters
កំពុងទស្សនា ចំនួន
ប្រជុំអត្ថបទ
images/articles/2785/wetgrtdgfcvd.jpg
លោកនេះសូន្យសោះ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
អ្វីៗ ក៏មិន​មែន​ជា​របស់​យើង​ដែរ ដូច​ជា​រូបកាយ​យើង​នេះ ដែល​យើង​ស្រឡាញ់​ណាស់ ថែរក្សា​ណាស់ សឹង​តែ​ទៅ​ឈ្លោះ​នឹង​អ្នក​ដទៃ ព្រោះ​ហេតុ​តែ​ប្រកាន់​នូវ​រូប​កាយ​នេះ​ទៀត​ផង ប៉ុន្តែ​ជាទី​បំផុត រូប​កាយ​នេះ​ជា​របស់​ភ្លើង​ឆាប​ឆេះ​ក្នុង​ឈាបនដ្ឋាន សូម្បី​កំពុង​នៅ​រស់ ក៏​ត្រូវ​ដុត​ឆេះ​ដោយ​ភ្លើង​ជរា ភ្លើង​ព្យាធិ ភ្លើង​មរណៈ​ដែរ តើ​ជា​របស់​យើង​យ៉ាង​ដូច​ម្ដេច​ទៅ ព្រោះ​ដែល​សន្មត​ថា​ជា​យើង​នោះ គឺ​បញ្ចក្ខន្ធ​ហ្នឹង​ហើយ ដែល​ប្រព្រឹត្ត​ទៅ​តាម​និយាមធម៌ ប្រែប្រួល​នោះ​ឯង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2789/textpic.jpg
កុំសន្សំរឿងខ្វល់មកដាក់ខ្លួន
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
កុំ​បណ្ដោយ​ឱ្យ​រឿង​រ៉ាវ នោះ​បន្តិច នេះ​បន្តិច មក​ទម្លាយ​សេចក្ដី​សុខ​របស់​យើង​ឡើយ តាម​ពិត វា​គ្រាន់​តែ​ជា​រឿង​រ៉ាវ​ក្នុង​លោក នៃ​គំនិត​របស់​យើង​ប៉ុណ្ណោះ ព្រោះ​បើ​មិន​មាន​ចិត្ត​ដឹង​អារម្មណ៍​ទេ ឬ​មិន​មាន​ចិត្ត​គិត​ទេ មាន​រឿង​អ្វី​នៅ​ឯណា ។ ពុទ្ធ​បរិស័ទ​យើង គួរ​តែ​មាន​អារម្មណ៍​សម្រាប់​ចិត្ត​ខ្លួន​ឯង គឺ​ជា​អារម្មណ៍​ព្រះកម្មដ្ឋាន នេះ ទើប​ឈ្មោះ​ថា បាន​អប់រំ​ចិត្ត មាន​ចិត្ត​ពួន​សំងំ ចិត្ត​វិវេក ប្រតិបត្តិ​យ៉ាង​នេះ ទើប​ចិត្ត​មិន​សន្សំ​រឿង មិន​សន្សំ​ទុក្ខ​កង្វល់​យក​មក​ដាក់​ខ្លួន​ឡើយ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2790/rvdsgcvxcwsdz.jpg
មើលអ្វីៗឱ្យមានប្រយោជន៍
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
ចិត្ត​ដែល​ល្អ​ស្អាត រមែង​មើល​ឃើញ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ។ មាន​រឿង​គួរ​គិត​ម្យ៉ាង​ដែរ ត្រង់​ដែល​មនុស្ស​យើង​ចូល​ចិត្ត​មើល​ផ្កា មើល​រូប​ស្អាត​ផ្សេងៗ ប៉ុន្តែ​បែរ​ជា​មិន​ចូល​ចិត្ត​មើល​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ទៅ​វិញ ឯ​ចំណែក​លាមក​ជា​ដើម ជា​របស់​ស្មោក​គ្រោក មិន​ត្រូវ​ការ​មើល​ឡើយ ប៉ុន្តែ​បែរ​ចូល​ចិត្ត​សម្លឹង​មើល​សេចក្ដី​អាក្រក់​លាមក ឬ​ទោស​កំហុស​របស់​អ្នក​ដទៃ​ទៅ​វិញ​ដែរ ។ ការ​រៀន​សម្លឹង​មើល​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ នាំ​ឱ្យ​កាត់​បន្ថយ​នូវ​ការ​ខឹង​ស្អប់ ដូច្នេះ ទើប​មេត្តា​ចិត្ត​មាន​ឱកាស​កើត​ឡើង​បាន មេត្តា​ជា​គ្រឿង​ទ្រទ្រង់​លោក ចំណែក​ព្យាបាទ​ជា​គ្រឿង​ដុត​លោក ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2796/svgredcvrfdc.jpg
អានេញ្ជសប្បាយសូត្រ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​កម្មាសធម្មនិគម របស់​អ្នក​កុរុ​ទាំង​ឡាយ ក្នុង​កុរុជនបទ ។ ក្នុងកាល​នោះ ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​សម្ដែង​ចំពោះ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ កាម​ទាំង​ឡាយ​ជា​សភាវៈ​មិន​ទៀង ជា​របស់​ទទេ ជា​របស់​កុហក មាន​ការ​វិនាស​ជា​ធម្មតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា​កាម​នេះ ដូច​ជា​វត្ថុ​ដែល​គេ​ធ្វើ​ដោយ​ឧបាយកល ជា​សម្ដី​របស់​ជនពាល ។ កាម​ណា ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បច្ចុប្បន្ន​ក្ដី កាម​ណា ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បរលោក​ក្ដី កាម​សញ្ញាណា ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បច្ចុប្បន្ន​ក្ដី កាម​សញ្ញា​ណា ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បរលោក​ក្ដី ទាំង​មួយ​គូនុ៎ះ ជាទី​នៅ​នៃ​មារ នុ៎ះ​ជា​វិស័យ​របស់​មារ នុ៎ះ​ជា​ចំណី​របស់​មារ នុ៎ះ​ជាទី​គោចរ​របស់​មារ អកុសល​ដ៏​លាមក​ទាំង​នុ៎ះ ដែល​កើត​អំពី​ចិត្ត ទោះ​ជា​អភិជ្ឈាក្ដី ព្យាបាទ​ក្ដី សារម្ភៈ​ក្ដី រមែង​ប្រព្រឹត្ត​ទៅ​ក្នុង​កាម​ទាំង​នុ៎ះ ឯ​កិលេស​ទាំង ៣ នោះ រមែង​កើត​ដើម្បី​អន្តរាយ​ដល់​អរិយសាវ័ក អ្នក​កំពុង​សិក្សា​រឿយ​ៗ ក្នុង​សាសនា​នេះ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2799/gvrdfgcvfxdbf_c.jpg
អប់រំចិត្តដោយការពិចារណា
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
នៅពេល​កើត​ទុក្ខ​ផ្លូវ​ចិត្ត យើង​ត្រូវ​គិត​ដល់​ហេតុ​នៃ​សេចក្ដី​ទុក្ខ​នោះ គឺ​មក​អំពី​តណ្ហា ពោល​គឺ​ចំណង់​ដែល​ចង់​បាន​អ្វី​ពី​អ្នក​ដទៃ ឬ​ចង់​បាន​អ្វី​អំពី​លោក​នេះ គ្រាន់​តែ​មិន​បាន​តាម​ចំណង់​ប៉ុណ្ណោះ ទើប​កើត​ទុក្ខ​ហ្នឹង​ឯង ។ កាល​ណា បើ​យើង​រក​ហេតុ​ឃើញ​ដូច្នេះ​ហើយ យើង​ត្រូវ​គិត​ឱ្យ​ច្បាស់​លាស់​ត​ទៅ​ថា សូម្បី​បាន​អ្វី​ៗ​នោះ​តាម​ប្រាថ្នា ដូច​បំណង តើ​យើង​ពិត​ជា​គ្រប់​គ្រាន់​ទេ អស់​ទុក្ខ​អស់​ភ័យ​ទេ ឈប់​ធ្វើ​អ្វី​ខុស​ហើយ​ឬ មាន​ចិត្ត​ត្រជាក់​ក្សេមក្សាន្ត​ពិត​មែន​ឬ... យើង​នឹង​បាន​ចម្លើយ​យ៉ាង​ច្បាស់​លាស់​មក​ថា អត់​ទេ ព្រោះ​អ្វី​នោះ​មិន​មែន​ជា​សោតាបត្តិមគ្គ​ផង​ហ្នឹង ។ កាល​ណា​បាន​យល់​ដឹង​ដូច្នេះ​ពិត​ប្រាកដ​ក្នុង​ចិត្ត​ហើយ អ្វី​នោះ​ៗ គឺ​មិន​សូវ​ជា​សំខាន់​ប៉ុន្មាន​ឡើយ មិន​បាន​ទេ​ក៏​ហី​ទៅ អ្វីដែល​សំខាន់​ពិត គឺ​ការ​ឃើញ​សច្ច​ធម៌ ចូល​កាន់​ភូមិ​ព្រះអរិយៈ​ឯ​ណេះ​ទេ​តើ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/1534/__________________________________________.jpg
ឈ្នះ​និង​សុខ (សុភមង្គល)
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២
នៅ​ក្នុង​សង្គម​គ្រួសារ​នីមួយៗ តែង​មាន​សុខ​​មាន​ទុក្ខ​លាយ​ឡំ​គ្នា ​ទាំង​ដែល​គ្រប់​គ្នា​ក្នុង​ក្រុម​គ្រួសារ​មិន​ប្រាថ្នា​ទុក្ខ ប្រាថ្នា​តែ​សេចក្ដី​សុខ​ហ្នឹង​ឯង។ចាប់​តាំង​អំពី​មាន​គំនិត​គ្រប់​គ្រង​ផ្ទះ​មក រហូត​ដល់​រៀប​ការ​មាន​គ្រួសារ​ប្ដី​ប្រពន្ធ​កូន​ចៅ ម្នាក់​ៗ​ខំ​ធ្វើ​ការ​សន្សំ​ទ្រព្យ ដោយ​បោះ​បង់​ចិត្ត​ខ្លួន​ឯង​ចោល ខ្វះ​ការ​អប់រំ​ទូន្មាន​ធ្វើ​ឲ្យ​ចិត្ត​មាន​តែ​ការ​ស្រេក​ឃ្លាន រហេម​រហាម សៅហ្មង​ ស្មោក​គ្រោកមាន​រោគ​រួបរឹត រីង​រៃ​រ៉ាំ​រ៉ៃ កំព្រី​កំព្រា រងាតែល​តោល។ ដូច​ពោល​មក​នវ ឈ្មោះ​ថា បោះ​បង់​ខ្លួន​ឯង​ចោល​ដោយ​ពិត ហើយ​មិន​បាន​ចេះ​គិត​អាណិត​ខ្លួន​ឡើយ ព្រោះ​មាន​​សេចក្ដី​ដឹង​ខ្លួន​ថា ខ្លួន​បាន​ប្រឹង​ប្រែង​ជួយ​ខ្លួន​ឯង​ទៅ​ហើយ ដោយ​ការ​ខំ​ស្វែង​រក​ទ្រព្យសម្បត្តិ​តែ​ម្យ៉ាង។ ការ​រស់​នៅ​ជា​មួយ​អ្នក​ដទៃ សូម្បី​ក្នុង​ក្រុម​គ្រួសារ តើ​យើង​ត្រូវ​ការ​យក​ឈ្នះ​គ្នា ឬ​ក៏​ត្រូវ​ការ​សេចក្ដី​សុខ។តាម​ពិត សេចក្ដី​សុខ​ជា​ទិស​ដៅ​ប្រាថ្នា​នៃ​មនុស្ស​យើង​គ្រប់​គ្នា ពាក្យ​ថា សុភមង្គល ក៏​ជា​ឈ្មោះ​នៃ​សេចក្ដី​សុខ​នេះ​ដែរ ឯ​សេចក្ដី​សុខ​ដ៏​សំខាន់​នៃ​ជីវិត គឺ​សុខ​ចិត្ត។សេចក្ដី​សុខ​មាន​ហេតុ​ច្រើន​ប្រការ ត្រូវ​ចាំ​ថា​មិន​មែន​មាន​ទ្រព្យ​ជា​មហាសេដ្ឋី​ហើយ បាន​សុខ​គ្រប់​យ៉ាង​នោះ​ទេ ហើយ​ក៏​មិន​មែន​ទាល់​តែ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ទើប​អាច​រក​សេចក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​និង​អ្នក​ដទៃ​បាននោះ​ដែរ។ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា សម្លាប់​សេចក្ដី​ក្រោធ​បាន​រមែង​ដេក​នៅ​ជា​សុខ នេះ​ជា​ការ​ពិត​ដែល​យើង​គ្រប់​គ្នាត្រូវ​ចាំ​កុំ​ភ្លេច ហើយ​ត្រូវ​បដិបត្តិ​កម្ចាត់​ការខឹង​ក្រោធ​បន្តិច​ម្ដងៗ យើង​ត្រូវ​តែ​យល់​ដឹង​ដូច​តទៅ​នេះ​គឺៈ ខឹង​នឹង​គេ គឺ​ដុត​ចិត្ត​ខ្លួន​ឯង បើ​យើង​ដុត​ចិត្ត​ខ្លួនឯង​ យើង​ហ្នឹង​ឯង​ល្ងង់​ហើយ​ឆ្កួត​ទៀត។ ខឹង​នឹង​គេ គឺ​អន់​ជាង​គេ គឺ​អន់​ថយ​ជាង​អ្នក​ដែល​យើង​ខឹង​នោះ​ទៅ​ទៀត ដូច​ជា​លុត​ជង្គង់​សូម​សេចក្ដី​សុខ​ពី​គេ​អ៊ីចឹង។ ខឹង​នឹង​គេ គឺ​ចាប់​ផ្ដើម​ពី​ការ​ទាស់​ចិត្ត ការ​ទាស់​ចិត្ត​មក​ពី​គិត​ថា គេ​ហ្នឹង​ឯង​ជា​អ្នក​ធ្វើ​នូវ​អ្វីៗ​ឲ្យ​យើង​ទាស់​ចិត្ត តែ​ការ​ពិត មក​ពី​យើង​មិន​យល់​អំពី​ធម្មជាតិ​ក្នុង​មនុស្ស​ហើយ​យើង​ប្រកាន់​ខុស​ទៅ​ក្នុង​ធម្មជាតិ​នោះ​ឯង។ យើង​ស្អប់​គេ គឺ​ស្អប់​ខ្លួន​ឯង ព្រោះ​សាង​ភាពសៅហ្មងឲ្យ​ប្រឡាក់​ចិត្ត​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​ឲ្យ​ភាព​សៅហ្មង គឺ​ការ​ស្អប់​នោះ​ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​ដទៃ​ឡើយ។ ដូច្នេះ បើ​យើង​ពិត​ជា​ស្រឡាញ់​ខ្លួន​ឯង​មែន ត្រូវ​ព្យាយាម​រក្សា​ចិត្ត​របស់​ខ្លួន​កុំ​ឲ្យ​សៅហ្មង​ឡើយ។ អ្នកដទៃ​ធ្វើ​ល្អ​មិន​បាន ព្រោះ​មក​អំពី​មហា​កុសល​មិន​បាន​កើត​ឡើង​ក្នុង​ចិត្ត​របស់​គេ មិន​មែន​មក​ពី​គេ​មិន​ធ្វើ​ល្អ​ឲ្យ​យើង​ទេ។ អ្វី​ៗ​មាន​ហេតុ​ជា​បច្ច័យ​ទើប​កើត​ឡើង។ដូច្នេះ យើង​ត្រូវ​យល់​ថា អ្នក​ដទៃ​ធ្វើ​ល្អ​ឲ្យ​ខ្លួន​គេ​មិន​បាន​ផង មាន​រឿង​អ្វី​ដែល​គេ​មក​ធ្វើ​ល្អ​ឲ្យ​យើង​បាន? អ្នក​ណាៗ​ ដែល​ធ្វើ​អំពើ​មិន​ល្អ និយាយ​អាក្រក់​គិត​អាក្រក់​ក្នុង​លោក​នេះ​នោះ តាម​ពិត ដោយ​ធម្មជាតិ​គឺ​មិន​មែន​អ្នក​នោះ​ធ្វើ និយាយ និង​ជា​អ្នក​គិត​នោះ​ទេ នេះ​ព្រោះ​អាស្រ័យ​ហេតុ ៣ ដែល​ស្ថិត​នៅ​ក្នុង​សន្ដាន​តែ​ប៉ុណ្ណោះ។ ហេតុ​ ៣ គឺ លោភ​ហេតុ ទោស​ហេតុ និង មោហ​ហេតុ។ បើ​ហេតុ​ ៣ នេះ​ត្រូវបាន​លះ​អស់​ពី​ចិត្ត​សន្ដាន​ហើយ គឺ​មិន​មាន​អ្នក​ណា​ធ្វើ​អាក្រក់​សោះ​ឡើយ។ ហេតុ​ទាំង​ ៣ នេះ​ឯង ដូច​ជា​ខ្មោច​បិសាច​ដែល​ស្ថិត​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង​អ៊ីចឹង។ ដូច្នេះ យើង​មិន​ត្រូវ​ក្រោធ​ខឹង​ជា​មួយ​មនុស្ស​ណា​ម្នាក់​ឡើយ។ បើ​យើង​មិន​ក្រោធ​ខឹង​ហើយ គឺ​យើង​ហ្នឹង​ឯង​មាន​នូវ​សេចក្ដី​សុខ។ សេចក្ដី​សុខ​ក្នុង​ការ​មិន​ក្រោធ​ខឹង​នេះ ព្រោះ​បាន​យល់​ដឹង​ពី​ធម្មជាតិ ព្រោះ​មាន​អំណត់​អត់ធន់ និង​ព្រោះ​មាន​មេត្តា​ជា​ដើម គឺ​ជា​បុណ្យ​បារមី​ដ៏ប្រសើរ​ខ្ពង់​ខ្ពស់។ បើ​សម្លាប់​សេចក្ដី​ក្រោធ​ហើយ ក្នុង​លោក​នេះ​មិន​មាន​អ្នក​ណា​សម្រាប់​ឲ្យ​យើង​សម្លាប់ ឬ​សូម្បី​តែ​គ្រាន់​តែ​ស្អប់​នោះ​ឡើយ។ អ្វីៗ​ជុំ​វិញ​ជីវិត​រស់​នៅ​មាន​តែ​ភាព​មនោរម្យ ហាក់​ដូច​ជា​វិមាន​ក្នុង​ព្រហ្ម​លោក។ រឿង​ក្នុង​គ្រួសារ​សារ​សុបិន មាន​ឆៅ​មាន​ឆ្អិន​គួរ​ជិន​ណាយ មាន​ទុក្ខ​កង្វល់​ពុំ​រសាយ លុះ​ដល់​ឃ្លាត​ឆ្ងាយ​បែរ​អាល័យ។ ចិត្ត​ជាប់​ជំពាក់​ក្នុង​កាម​គុណ មាន​ទុក្ខ​ទារុណ​ធ្ងន់​ពេក​ក្រៃ ប្រយោជន៍​បាត់​បង់​តាម​យប់​ថ្ងៃ កាម​គុណ​ឧបមេយ្យ​បី​ដូច​ចោរ។ ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ ដោយ​៥០០០​ឆ្នាំ​
images/articles/3287/867ies______5t.jpg
ការចូលព្រះវស្សា នៅក្នុងព្រះពុទ្ធសាសនា
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២
តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធដល់ ១៥កើតខែអស្សុជ) ។ ក្នុងរយៈវេលា៣ខែនេះ នៅគ្រប់ព្រះវិហារនៃទីវត្តទាំងឡាយ គេតែងរក្សាភ្លើងទានព្រះវស្សាឲ្យនៅឆេះជានិច្ច ។ តួទានធ្វើអំពីឈើមានទំហំប្រមាណ ២ចាប់ កំពស់២ហត្ថ មានរចនាក្បាច់យ៉ាងល្អ និងរំលេចពណ៌ដ៏ប្រណិតផង ។ ខាងក្នុងតួពុម្ពទានមានដោតអំបោះឆៅជាប្រឆេះហើយគេបង្ហូរក្រមួនឃ្មុំចូលទៅក្នុងពុម្ពនោះ ប៉ុន្តែដោយក្រមួនពុំសូវសំបូរ គេនិយមប្រើប្រេងជំនួសវិញហើយចាក់ក្រមួនឲ្យមានកំរាស់តែ៥ធ្នាប់ខាងលើទេ។ លុះឆេះអស់សាច់ក្រមួនហើយទើបឆេះដល់ប្រេងគេធ្វើ ដូច្នេះដើម្បីឲ្យទាននោះឆេះជាប់ដរាបគ្រប់ ៣ខែ។ កាលដល់ថ្ងៃកំណត់ចូលព្រះវស្សាហើយ ព្រះករុណា ឬព្រះរាជវង្សានុវង្សមួយអង្គ ទ្រង់យាងចេញអុជទានវស្សាទាំង ៤ យ៉ាងឧឡារិកជារៀងរាល់ឆ្នាំ ។ បណ្តាទានវស្សាទាំង ៤នោះទាន១ត្រូវតំកល់នៅហោព្រះរូប ក្នុងព្រះបរមរាជវាំង ដែលជាកន្លែងតំកល់ ព្រះពុទ្ធរូប ។ ទាន១ទៀតតំកល់នៅក្នុងហោព្រះអដ្ឋ នៅក្នុងព្រះទីនាំងទេវិនិច្ឆ័យ ដែលជាទីតំកល់នូវកោដ្ឋអដ្ឋធាតុរបស់ក្រុមព្រះរាជវង្សានុវង្ស ។ ទានទី៣តំកល់នៅក្នុងហោព្រះខាន់ ទានទី៤ តំកល់នៅក្នុងវិហារព្រះកែវមរកត ។ ម្យ៉ាងទៀត ព្រះករុណាទ្រង់តម្រូវឲ្យធ្វើទានទៅតំកល់នៅទីវត្ត ក្នុងព្រះរាជធានី និងទីវត្តជិតៗ នាទីក្រុងផងដែរ។ ហេតុនេះហើយទើបទានវស្សាព្រះរាជទ្រព្យមានដល់ទៅ១៩ដើម។ នៅថ្ងៃដែលធ្វើពិធីអុជទានព្រះវស្សានៅព្រះបរមរាជវាំងក្រុមបារគូបុរោហិតក៏រៀបធ្វើពិធីអញ្ជើញព្រះមហាក្សត្រឲ្យចូលទៅកាន់ព្រះវស្សាដែរ។ ចាប់តាំងពីថ្ងៃពេញបរមីខែអាសាធ គឺមុនថ្ងៃចូលព្រះវស្សា ១ថ្ងៃ គេសង្គេតឃើញភាពអ៊ូអរស្ទើរតែគ្រប់វត្តអារាម។ ពីព្រលឹមព្រះសង្ឃទាំងឡាយដែលនៅក្នុងវត្ត និមន្តចូលទៅក្នុងព្រះវិហារ ដើម្បីថ្វាយបង្គំព្រះរតនត្រ័យ និងស្វាធ្យាយធម៌ដារបញ្ជផលានិសង្ឃ ដល់វិញ្ញាណក្ខន្ធដែលធ្វើមរណៈកាលទៅហើយ។ ដល់ថ្ងៃត្រង់ពួកទាយកទាយិការៀបចំចង្ហាន់ប្រគេនព្រះសង្ឃឆាន់ពេលល្ងាចព្រះសង្ឃសម្តែងធម៌ទេសនាជាការស្រេច។ ថ្ងៃជាបន្ទាប់មកជាថ្ងៃចូលព្រះវស្សា នៅវេលារសៀលគេធ្វើពិធីហែទាន ព្រះវស្សា និងគ្រឿងបរិក្ខាផ្សេងៗ មានសំពត់វស្សិកសាដកជាដើម ប្រទក្សិណព្រះវិហារ ៣ជុំជាមុន ទើបនាំទានចូលទៅ គេវេរទានរួចទើបអុជទាននោះជាក្រោយ ។ នៅឱកាសនេះគេនិមន្តព្រះសង្ឃឲ្យគង់តាមលំដាប់វស្សា ចាស់-ខ្ចី។ ព្រះសង្ឃដែលចាស់វស្សាជាងគេប្រកាសប្រាប់ទីប្រជុំថា ថ្ងៃនេះជាថ្ងៃចូលព្រះវស្សា ដែលមានថេរវេលា៣ខែនោះព្រះសង្ឃពុំអាចនិមន្តទៅផ្ទះឯកជនបាន បើប្រសិនជាគេនិមន្ត ឬ បើមានធុរៈ ញោម ឈឺ ឬ ក៏ឧបជ្ឃាយ៍អាចារ្យឈឺ លោកអាចចេញទៅគង់ក្រៅអារាមបាន ប៉ុន្តែត្រូវកុំឲ្យហួសពីប្រាំពីរថ្ងៃ ។ មុននឹងចេញទៅលោកត្រូវទៅទូលលោកគ្រូជាមេវត្តសិនដោយសន្យានឹងលោកថា នឹងវិលមកវិញឲ្យទាន់អរុណរះនៃថ្ងៃទី៧ ជាមិនខាន ។ ដល់ពេលត្រលប់ចូលទីអារាមវិញភ្លាមត្រូវចូលទៅបង្ហាញខ្លួនដល់លោកគ្រូមេវត្តជាដំណឹង។ ជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា ដោយមានធុរៈអ្វីមួយ ឬ ដោយរោគាពាធនោះលោកអាចចូលបច្ឆិមិកវស្សាបាន គឺលោកចូលនៅថ្ងៃ ១រោជ ខែ ស្រាពណ៌ ហើយត្រូវគិតវស្សា ឲ្យគ្រប់៣ខែ ដូចលោកដែលចូលមុន គឺត្រូវចេញវិញនៅថ្ងៃ១រោជខែ កត្តិក។ ដកស្រង់ពីសៀវភៅ ពិធីប្រចាំដប់ពីរខ្មែរ (ក្រុមជំនុំ ទំនៀមទម្លាប់ខ្មែរ) ដោយ៥០០០ឆ្នាំ
images/articles/3288/_________________________________.jpg
រឿងខន្តីតាបស
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធកោធនភិក្ខុ (ភិក្ខុក្រោធ) មួយរូប បានត្រាស់ព្រះជាតកនេះ មានពាក្យថា យោ តេ ហត្ថេ ច បាទេ ច ជាដើម ។រឿងរ៉ាវបច្ចុប្បន្នបានពោលមកក្នុងជាតកខាងក្រោយ ។ ព្រះសាស្ដាត្រាស់នឹងភិក្ខុ ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី អ្នកបួសក្នុងសាសនារបស់ព្រះពុទ្ធអ្នកមិនក្រោធ ហើយធ្វើនូវ សេចក្ដីក្រោធទៅវិញ បោរាណកបណ្ឌិតទាំងឡាយ សូម្បីមានខ្លួនត្រូវគេវាយ ១០០០ រំពាត់ និងមានដៃជើងត្រចៀកច្រមុះត្រូវគេកាត់ ក៏មិនធ្វើសេចក្ដីក្រោធ ចំពោះអ្នក ដទៃដែរ ហើយព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល ព្រះរាជាព្រះនាមកលាពុ សោយរាជសម្បត្តិក្នុងនគរពារាណសី ។ គ្រានោះ ព្រះពោធិសត្វកើតក្នុងព្រាហ្មណត្រកូល ដែលមានទ្រព្យ ៨០ កោដិ លោកជា មាណពឈ្មោះថា កុណ្ឌលកុមារ កាលចម្រើនវ័យឡើង ក៏ទៅនគរតក្កសិលា រៀនសិល្បសាស្ត្រទាំងពួង ហើយទុកដាក់ទ្រព្យ អំណើះឥតពីមាតាបិតាទៅ លោកសម្លឹងមើលគំនរ ទ្រព្យ ហើយគិតថា ពពួកញាតិរបស់យើង ញ៉ាំងទ្រព្យនេះឲ្យកើតឡើងហើយ ស្លាប់ទៅ ឥតយកតាមសោះ ចំណែកអញវិញ គួរណាស់តែយកទ្រព្យនោះទៅតាមឲ្យខាងតែបាន លុះគិតដូច្នេះហើយ លោកចាត់ចែងទ្រព្យទាំងអស់ឲ្យជាទាន បុគ្គលណាយកវត្ថុណា លោកឲ្យវត្ថុនោះ ហើយលោកចូលទៅព្រៃហិមពាន្តសាងផ្នួស ញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅ ដោយផលាផល នៅអស់កាលដ៏យូរ ទើបមកកាន់ផ្លូវមនុស្សដើម្បីសេពរសប្រៃនិងជូរ លោកទៅដល់នគរពារាណសីដោយលំដាប់ និងស្នាក់នៅក្នុងរាជឧទ្យាន ដល់ថ្ងៃស្អែក លោកត្រាច់បិណ្ឌបាតក្នុងទីក្រុង ក៏ទៅដល់ទ្វារនិវេសន៍របស់សេនាបតី ។ សេនាបតី ជ្រះថ្លានឹងឥរិយាបថរបស់ព្រះពោធិសត្វ ក៏និមន្តចូលក្នុងផ្ទះ ប្រគេនឲ្យឆាន់នូវភោជន ដែលគេបម្រុងដើម្បីខ្លួន ហើយឲ្យតាបសទទួលសេចក្ដីប្ដេជ្ញាហើយ និមន្តលោកឲ្យគង់ នៅក្នុងរាជឧទ្យាននោះឯង ។ តមកក្នុងថ្ងៃមួយ ស្ដេចកលាពុទ្រង់ស្រវឹងស្រា ហើយយាងទៅឧទ្យានដោយយស ដ៏ធំ ទាំងមានស្រ្ដីរបាំដែលឈ្លាសហែហមទៅផង ព្រះអង្គឲ្យគេក្រាលសយនាលើផ្ទាំង មង្គលសិលា ហើយទ្រង់ផ្ទំកើយភ្លៅស្រ្តីម្នាក់ ដែលជាទីស្រឡាញ់សព្វព្រះហឫទ័យ ។ ស្ត្រីរបាំទាំងឡាយដែលឈ្លាសក្នុងការច្រៀង ការប្រគំ និងការរាំជាដើម នាំគ្នាប្រគំ ចម្រៀងជាដើម មហាសម្បត្តិរបស់ស្ដេចកលាពុ ហាក់ដូចជាសក្កទេវរាជ (បានបន្តិច) ព្រះរាជាផ្ទំលក់ទៅ ។ លំដាប់នោះ ស្ត្រីរបាំទាំងឡាយគិតថា ពួកយើងប្រគំនិងចម្រៀងជាដើម ដើម្បី ព្រះរាជាណា ឥឡូវព្រះរាជានោះផ្ទំលក់ហើយ យើងនៅប្រគំចម្រៀងជាដើមធ្វើអ្វី គិតដូច្នេះហើយ ក៏ចោលគ្រឿងតន្ត្រីមានពិណជាដើមក្នុងទីនោះ ហើយនាំគ្នាដើរលេងក្នុងឧទ្យាន ពួកនាងត្រូវផ្កាឈើ ផ្លែឈើ និងត្រួយឈើជាដើមទាក់ទាញចិត្ត សប្បាយរីករាយក្នុងឧទ្យានយ៉ាងក្រៃលែង ។ គ្រានោះ ព្រះពោធិសត្វគង់នៅជាសុខក្នុងផ្នួស ទៀប គល់សាលព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយក្នុងឧទ្យាន មើលទៅដូចជាដំរីមត្តវរៈ ។ ពេលនោះ ស្ត្រីរបាំដែលត្រាច់ក្នុងឧទ្យាន ឃើញតាបសពោធិសត្វ ហើយបបួលគ្នាថា នាងទាំងឡាយចូរមកណេះ នៅជិតគល់ឈើនោះ មានបព្វជិតមួយអង្គគង់នៅ ទាន់ពេល ព្រះរាជាមិនទាន់តើន ពួកយើងនឹងទៅអង្គុយស្ដាប់ធម្មកថាខ្លះ ក្នុងសម្នាក់បព្វជិតនោះ បបួលគ្នាដូច្នេះហើយ ក៏នាំគ្នាទៅថ្វាយបង្គំ អង្គុយចោមរោមតាបស រួចពោលថា សូម លោកម្ចាស់សម្ដែងអ្វីដែលគួរ ដល់ខ្ញុំម្ចាស់ទាំងឡាយ ។ ព្រះពោធិសត្វក៏សម្ដែងធម៌ដល់ពួកនាងទាំងនោះ ។ លំដាប់នោះ ស្ត្រីដែលព្រះរាជាផ្ទំកើយនោះ កម្រើកភ្លៅ បណ្ដាលឲ្យព្រះរាជាភ្ញាក់ ឡើង ។ បន្ទាប់ពីភ្ញាក់ហើយ ព្រះរាជាមិនឃើញស្ត្រីទាំងឡាយ ទ្រង់សួរថា តើពួកមេចង្រៃទៅណា អស់ហើយ ។ស្រ្តីនោះក្រាបទូលថា បពិត្រមហារាជ ស្ត្រីទាំងនោះទៅអង្គុយ ចោមរោមតាបស មួយអង្គ ។ព្រះរាជាក្រោធ ហើយចាប់ព្រះខាន់ យាងទៅយ៉ាងលឿន ដោយត្រាស់ថា អញ នឹងប្រដៅជដិលកោងនោះឲ្យដឹងដៃម្ដង ។ពេលនោះ ស្ត្រីទាំងឡាយឃើញព្រះរាជាយាងមកទាំងកំហឹង បណ្ដាស្រ្តីទាំងនោះ ស្ត្រីដែលស្និទ្ធស្នាលជាងគេ ទៅចាប់ដាវពីព្រះហស្តរបស់ព្រះរាជា លួងលោមព្រះរាជាឲ្យ ស្ងប់កំហឹង ។ព្រះរាជាយាងមកហើយ ឈរក្នុងសម្នាក់ព្រះពោធិសត្វ ត្រាស់សួរថា នែសមណៈ លោកជាវាទីអ្វី (មានវាទៈដូចម្ដេច) ? ព្រះពោធិសត្វទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី (អ្នកពោលពីខន្តី) ។ព្រះរាជាសួរថា ឈ្មោះថា ខន្តីនោះ ជាអ្វី ?ព្រះមហាសត្វទូលថា សេចក្ដីមិនក្រោធ ក្នុងបុគ្គលដែលជេរ ក្នុងបុគ្គលផ្ដាសា និងក្នុងបុគ្គលដែលវាយប្រហារ (មកលើខ្លួន) ។ស្ដេចកលាពុត្រាស់ថា ឥឡូវនេះ យើងនឹងមើលនូវភាពនៃការមានខន្តីរបស់អ្នក ។ ព្រះរាជាត្រាស់ដូច្នេះហើយបង្គាប់ឲ្យគេហៅចោរឃាតក ។ ពេជ្ឈឃាដនោះ ដោយ ចារិត្តរបស់ខ្លួន គេកាន់ពូថៅ និងរំពាត់ខ្សែតីដែលមានបន្លា ស្លៀកសំពត់កាសាយៈ ទ្រទ្រង់ កម្រងផ្កាក្រហម មកថ្វាយបង្គំព្រះរាជា សួរថា បពិត្រព្រះសម្មតិទេព តើឲ្យទូលបង្គំធ្វើអ្វី? ព្រះរាជាត្រាស់ថា ឯងចូរចាប់តាបសចោរដ៏គម្រក់នេះ ទាញទៅផ្ដួលលើដី យក រំពាត់ខ្សែតី វាយ ២០០០ ខ្វាប់ ក្នុងចំណែកទាំង ៤ គឺពីខាងមុខ ពីក្រោយ និងសងខាង ។អ្នកសម្លាប់ចោរក៏ធ្វើយ៉ាងនោះ ។ ព្រះពោធិសត្វរលាត់ស្បែកសម្បុរថ្ងៃ និងស្បែក ដាច់សាច់ ហូរឈាម ។ព្រះរាជាត្រាស់សួរព្រះពោធិសត្វម្ដងទៀតថា នែភិក្ខុ លោកជាវាទីអ្វី ? ខន្តិវាទីតាបសទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី ។ ព្រះមហាសត្វពោលទៀតថា ព្រះអង្គសម្គាល់ថា ខន្តីនៅក្នុងចន្លោះស្បែករបស់អាត្មាឬ ខន្តីមិនមានក្នុងចន្លោះ ស្បែករបស់អាត្មាទេ ព្រះអង្គមិនអាចទតឃើញឡើយ ខន្តីនោះឋិតនៅក្នុងចន្លោះបេះដូង អាត្មា ។ ពេជ្ឈឃាដទូលសួរព្រះរាជាទៀតថា តើទូលបង្គំធ្វើដូចម្ដេច ?ព្រះរាជាត្រាស់ថា ឯងចូរ​កាត់​ដៃទាំងពីររបស់ជដិលកោងនេះ ។ ចោរឃាតករនោះកាន់ពូថៅ ចាប់ដៃតាបសដាក់លើកំណាត់ឈើ ហើយកាត់ដៃព្រះពោធិសត្វ ។ បន្ទាប់មក ព្រះរាជាត្រាស់បង្គាប់ទៀតថា ចូរឲ្យកាត់ជើងទាំងពីរ, ចោរឃាតកក៏កាត់ជើង ។ ឈាមហូរចេញពីចុងដៃនិងចុងជើង បីដូចទឹកល័ក្ត (ពណ៌ក្រហម) ហូរ ចេញអំពីប្រហោងឆ្នាំង ។ ស្ដេចកលាពុត្រាស់សួរតាបសម្ដងទៀតថា តើអ្នកជាវាទីអ្វី ? ខន្តិវាទីតាបសពោធិសត្វទូលថា បពិត្រមហារាជ អាត្មាភាពជាខន្តិវាទី ព្រះអង្គ សម្គាល់ថា ខន្តីមាននៅនឹងចុងដៃនិងចុងជើងរបស់អាត្មាឬ ខន្តីមិនមាននៅទីនោះទេខន្តីរបស់អាត្មា ឋិតនៅក្នុងទីជ្រៅណាស់ ។ ព្រះរាជាត្រាស់បញ្ជាពេជ្ឈឃាដថា ឯងចូរកាត់ត្រចៀកនិងច្រមុះតាបសនេះ ។ ចោរឃាតកនោះបានកាត់ត្រចៀកនិងច្រមុះរបស់ព្រះតាបស ។ ខ្លួនប្រាណទាំងអស់ របស់ព្រះពោធិសត្វ ប្រឡាក់ទៅដោយឈាម ។ ព្រះរាជាត្រាស់សួរព្រះមហាសត្វម្ដងទៀតថា តើលោកជាវាទីអ្វី ?ព្រះមហាសត្វទូលថា បពិត្រមហារាជ អាត្មាភាពជាខន្តិវាទី ។ ព្រះអង្គកុំសម្គាល់ ថា ខន្តីនៅចុងត្រចៀកនិងច្រមុះឲ្យសោះ ខន្តីរបស់អាត្មាតាំងនៅក្នុងចន្លោះ បេះដូង ដ៏ជ្រោះ ។ ព្រះរាជាត្រាស់ថា នែជដិលកោង ចូរអង្គុយលើកខន្តីរបស់អ្នកចុះ ត្រាស់ហើយ ព្រះរាជាធាក់ដើមទ្រូងតាបសមួយជើង រួចទ្រង់យាងចេញទៅ ។ ពេលព្រះរាជាយាងទៅហើយ សេនាបតីបានទៅជូតឈាមពីសរីរៈ របស់ ព្រះពោធិសត្វ ដោះសំពត់មករុំរបួសចុងដៃ ចុងជើង ត្រចៀក និងច្រមុះ រួចលើក ព្រះពោធិសត្វឲ្យអង្គុយសន្សឹមៗ ថ្វាយបង្គំតាបសរួច អង្គុយទីដ៏សមគួរមួយ ហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន បើលោកម្ចាស់ប្រាថ្នាក្រោធ សូមលោកម្ចាស់ក្រោធចំពោះតែព្រះរាជាមួយអង្គ ដែលទ្រង់បានធ្វើកំហុសចំពោះលោកម្ចាស់ លោកម្ចាស់កុំ ក្រោធអ្នកដទៃឡើយ ដូច្នេះហើយ កាលនឹងអង្វរតាបស ទើបពោលគាថាទី ១ ថា ៖ យោ តេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ; តស្ស កុជ្ឈ មហាវីរ, មា រដ្ឋំ វិនសា ឥទំ។ បពិត្រលោកមានព្យាយាមធំ ព្រះរាជាណាកាត់ព្រះហស្តទាំងពីរក្ដី កាត់ព្រះបាទទាំងពីរក្ដី កាត់ត្រចៀកនិងច្រមុះក្ដី របស់លោក ខ្ញាល់ចំពោះបុគ្គលនោះចុះ សូមលោកកុំញ៉ាំងដែននេះឲ្យវិនាសឡើយ ។ បទថា មហាវីរ បានដល់ មហាវីរិយៈ ។ បទថា មា រដ្ឋំ វិនសា ឥទំ សេចក្ដីថា សូមលោកកុំញ៉ាំងកាសិរដ្ឋដែលមិនមានកំហុសនេះ ឲ្យវិនាសឡើយ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា យោ មេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ; ចិរំ ជីវតុ សោ រាជា, ន ហិ កុជ្ឈន្តិ មាទិស។ ព្រះរាជាណា កាត់ដៃទំាងពីរក្ដី កាត់ជើងទាំងពីរក្ដី កាត់ត្រចៀកនិងច្រមុះក្ដី របស់អាត្មា សូមឲ្យព្រះរាជានោះ ទ្រង់មានព្រះជន្មយឺនយូរ ពួកអ្នកប្រាជ្ញដូចយ៉ាងអាត្មា មិនខឹងឡើយ ។ បទថា មាទិស (ដូចយ៉ាងអាត្មា) សេចក្ដីថា បណ្ឌិតដែលដល់ព្រមដោយខន្តិពលៈ ដូចយ៉ាងអាត្មា រមែងមិនក្រោធ (ដោយអាង) ថា អ្នកនេះបានជេរអញ ផ្ដាសាអញ វាយអញ កាប់អញ ទម្លាយអញ ដូច្នេះឡើយ ។ កាលព្រះរាជាយាងចេញពីឧទ្យាន គ្រាន់តែផុតពីក្រសែភ្នែក របស់ព្រះពោធិសត្វប៉ុណ្ណោះ មហាប្រឹថពីនេះដែលមានកម្រាស់ ២ សែន ៤ ម៉ឺន យោជន៍ បានបែករហែក បីដូចសំពត់ដែលគេដេរភ្លាត់, អណ្ដាតភ្លើងចេញពីអវិចីនរក ឆាបត្របាក់ចាប់យក ព្រះរាជា ហាក់ដូចត្រូវគេរុំដណ្ដប់ដោយសំពត់កម្ពលពណ៌ក្រហម ដែលជាអំណោយរបស់ ត្រកូល ។ ព្រះរាជានោះ ត្រូវផែនដីស្រូបនៅទៀបទ្វារឧទ្យាននោះឯង ហើយឋិតនៅក្នុង អវីចិមហានរក ។ សូម្បីព្រះពោធិសត្វក៏ធ្វើកាលកិរិយាក្នុងថ្ងៃនោះដែរ ។ រាជបរិស័ទ ទាំងឡាយ និងអ្នកនគរទាំងឡាយមានដៃកាន់គ្រឿងក្រអូប ផ្កាកម្រង និងធូប នាំគ្នាមក ហើយធ្វើសរីរកិច្ចរបស់ព្រះពោធិសត្វ ។ ចំណែកអាចារ្យពួកខ្លះពោលថា ព្រះពោធិសត្វ ទៅព្រៃហិមពាន្តវិញ ។ តែពាក្យនោះ មិនពិតទេ ។ ព្រះសាស្ដាត្រាស់អភិសម្ពុទ្ធគាថាពីរនេះថា អហូ អតីតមទ្ធានំ, សមណោ ខន្តិទីបនោ; តំ ខន្តិយាយេវ ឋិតំ, កាសិរាជា អឆេទយិ។ សមណៈ ជាអ្នកសំដែងនូវខន្តី មានហើយក្នុងអតីតកាល ព្រះបាទកាសី ទ្រង់ត្រាស់ឲ្យចោរឃាតកបុរសសម្លាប់សមណៈនោះ អ្នកតាំងនៅក្នុងខន្តី ។ តស្ស កម្មផរុសស្ស, វិបាកោ កដុកោ អហុ; យំ កាសិរាជា វេទេសិ, និរយម្ហិ សមប្បិតោ។ ព្រះបាទកាសី តាំងនៅក្នុងនរក សោយនូវផលនៃកម្មណា ផលនៃកម្មអាក្រក់នោះ ជាផលក្ដៅក្រហាយ ។ បទថា អតីតមទ្ធានំ សេចក្ដីថា ក្នុងអតីតកាលដ៏យូរលង់ណាស់ហើយ ។ បទថា ខន្តិទីបនោ សេចក្ដីថា អ្នកពណ៌នាអំពីអធិវាសនខន្តី (ការប៉ិនអត់ទ្រាំយ៉ាងក្រៃលែង, ខន្តីមានកម្លាំង, ខន្តីយ៉ាងឧក្រិដ្ឋ ) ។ បទថា អឆេទយិ សេចក្ដីថា ឲ្យចោរឃាតកសម្លាប់ ។ ចំណែកអាចារ្យពួកខ្លះពោលថា ដៃ ជើង ត្រចៀក និងច្រមុះរបស់ព្រះពោធិសត្វ ត្រូវបានតភ្ជាប់វិញ ។ សូម្បីពាក្យនោះក៏មិនពិតដែរ ។ បទថា សមប្បិតោ បានដល់ តាំងនៅ ។ ព្រះសាស្ដានាំធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ទីបញ្ចប់នៃសច្ចធម៌ ភិក្ខុអ្នកក្រោធនោះ បានតាំងនៅក្នុងអនាគាមិផល ចំណែកជនដទៃ ច្រើនទៀតបានសម្រេចសោតាបត្តិផលជាដើម ។ តទា កលាពុរាជា ទេវទត្តោ អហោសិ ស្ដេចកលាពុក្នុងកាលនោះបានមក ជាទេវទត្ត សេនាបតិ សារិបុត្តោ សេនាបតីបានមកជាសារីបុត្រ ខន្តិវាទី តាបសោ បន អហមេវ អហោសិំ ចំណែកខន្តិវាទីតាបស គឺតថាគតនេះឯង ។ ខន្តិវាទីជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៩) ថ្ងៃ ពុធ ១០ កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៩ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/1536/___________________________________________________.jpg
ឈ្នះ​និង​សុខ (រឿងក្នុងគ្រួសារ)
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២
ការ​ប្រកួត​កី​ឡា គេ​បាន​ឈ្នះ​ហើយ គេ​សប្បាយ ​ឯ​ការ​បោះ​ឆ្នោត បើ​មាន​អ្នក​គាំទ្រ​ភាគ​ច្រើន គឺ​ត្រូវ​ឈ្នះហើយ​បាន​ធ្វើ​ជា​អ្នក​ធំ។នៅ​ក្នុង​គ្រួសារ ជា​រឿង​មនោសញ្ចេតនា​នៃ​មាតា​បិតា ភរិយា​ស្វាមី កូន​ប្រុស​ស្រី ។ល។ ដូច្នេះ មិន​មែន​ជា​រឿង​ប្រកួត​ប្រជែង និង​មិន​មែន​ចេះ​តែ​ប្រកាន់​យក​មតិ​ភាគ​ច្រើន​នោះ​ទេ។ ម្នាក់ៗ​មាន​តួនាទី​រៀង​ៗ​ខ្លួន ត្រូវ​ចេះ​គោរព​តួនាទី​របស់​ខ្លួន មាន​ការ​អ្វីៗត្រូវ​ពិគ្រោះ​ពិភាក្សា​មេគ្រួសារ​ជា​អ្នក​សម្រេច​ក្នុង​ចិត្ត​ការងារ ប៉ុន្តែការ​សំខាន់​គឺ​ម្នាក់ៗ​ត្រូវ​មាន​ធម៌​ក្នុង​ខ្លួន។ មាន​ធម៌​ក្នុង​ខ្លួន​ ទើប​អាច​បណ្ដេញ​អធម៌​ឲ្យ​ចេញ​ពី​ខ្លួន​បាន នេះ​ជា​ការ​យក​ឈ្នះ​ខ្លួន​ឯង ហើយ​គ្រប់​គ្រង​ខ្លួន​ដោយ​សតិ​សម្បជញ្ញៈ។មាន​ធម៌​ក្នុង​ខ្លួន​ឈ្មោះ​ថា មាន​ខ្លួន​ជា​ទី​ពឹង និង​មាន​សុខ​ក្នុង​ខ្លួន​ឯង ដោយ​មិន​វង្វេង​ស្វែង​រក​សុខ​ក្នុង​វត្ថុ​ដទៃ មនុស្ស​ដទៃ​ជា​ខាង​ក្រៅ​ឡើយ។មាន​ធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មិន​កើត​ទុក្ខ​ជា​មួយ​នឹង​រឿង​គ្រប់​យ៉ាង គឺ​ទាន់​ពេល​ភ្លាមៗ ដែល​បាន​ទទួល​ដឹង​នូវ​រឿង​នោះ​ឯង។ ការ​មិន​កើត​ទុក្ខ គឺ​ជា​សុខ​ដ៏​វិសេស​ស្រេច​តែ​ម្ដង ដោយ​ការ​ស្ងប់​តណ្ហា។ មាន​ធម៌​ក្នុង​ខ្លួន ទើប​ដឹង​ថា​បញ្ហា​មិន​មែន​អ្នក​ដទៃ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ទេ គឺ​បញ្ហា​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន ព្រោះ​តែ​សេចក្ដី​ប្រកាន់។ ការ​មិន​ប្រកាន់​ជា​សុខ​ដ៏​ក្រៃ​លែង។មាន​ធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មិន​ប្រកាន់​ទៅ​ក្នុង​រឿង​ទាំង​ពួង ព្រោះ​បាន​ដឹង​អំពី​ធម្មជាតិ​តាម​សេចក្ដី​ពិត។ ក្នុង​ជីវិត​មនុស្ស សត្វ​ទាំង​អស់​គឺ​ជា​ធម្មជាតិ មាន​រូបធាតុ មាន​នាម​ធាតុ ប្រព្រឹត្ត​ទៅ​តាម​ហេតុ។ មាន​ធម៌ក្នុង​ខ្លួន នាំ​ឲ្យ​យល់​ដឹង​អំពី​ធម្មជាតិ​គ្រប់​យ៉ាង​ថា មិន​គួរ​ប្រកាន់​មាំ​ឡើយ។ ធម្មជាតិ​រមែងតែង​តែ​កើត​ឡើង​ហើយ​វិនាស​ទៅ​វិញ គឺ​ការ​វិនាស​ប្រែ​ប្រួល​ជា​ម្ចាស់​លើ​ធម្មជាតិ។មាន​ធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មាន​ចិត្ត​ទំនេរ​មិន​មាន​កង្វល់​ក្នុង​ការ​ហួង​ហែង​ជីវិត ហួង​ហែង​បញ្ចក្ខន្ធ​ឡើយ។ ការ​មិន​កង្វល់ និង​ការ​មិន​ប្រកាន់​ទើប​ជាទី​ពឹង​ពិតក្នុង​ជីវិត​នឹង​ក្នុង​ព្រះ​ពុទ្ធសាសនា។មាន​ធម៌​ក្នុង​ខ្លួន ទើប​ដឹង​ថា សេចក្ដី​សុខ​មិន​មែន​នៅ​លើ​ការ​យក​ឈ្នះ​អ្នក​ដទៃ​នោះ​ទេ គឺ​សេចក្ដី​សុខ​រមែង​មាន​ហេតុ​នៃ​សេចក្ដី​សុខ​ដោយ​ឡែក​ផ្សេង មាន​ដូចនេះ​ជា​ដើម​គឺ: សុខ​ព្រោះ​មិន​បៀត​បៀន​អ្នក​ដទៃ សុខ​ព្រោះ​សន្សំ​សេចក្ដី​ល្អ សុខ​ព្រោះ​ការ​ព្រម​ព្រៀង​គ្នា សុខ​ព្រោះ​មាន​បញ្ញា​យល់​ដឹង​ការ​ពិត សុខ​ព្រោះ​ការ​មិន​ក្រោធ​ខឹង សុខ​ព្រោះ​ការ​មិន​ប្រកាន់ សុខ​ព្រោះ​ការ​ឲ្យ​អភ័យ សុខ​ព្រោះ​ការ​មិន​យក​ទុក្ខ​មក​ដាក់​ខ្លួន សុខ​ព្រោះ​ការ​បាន​ឈ្នះ​ខ្លួន​ឯង។ រឿង​រ៉ាវ​នៅ​ក្នុង​ក្រុម​គ្រួសារ ពេល​ខ្លះ​គឺ​មិន​អាច​នាំ​យក​ហេតុ​ផល​មក​ជជែក​គ្នា​បាន​ឡើយ ព្រោះ​រឿង​រ៉ាវ​វា​នៅ​ពី​លើ​ហេតុ​ផល​ដែល​យើង​ចង់​និយាយ​ទៅ​ទៀត ដូច្នេះ​មាន​តែ​ការ​សម្រួល មាន​តែ​សម្បទាន និង​ការ​យល់​ដឹងអំពី​សេចក្ដី​ពិត​ហើយ​ព្រម​ទទួល​ប៉ុណ្ណោះ ទើប​វា​ជា​ការ​ល្អ។ មាន​ការ​បែក​បាក់​គ្នា​ច្រើន​ណាស់ គឺ​មក​អំពី​ការ​ប្រកាន់​ហេតុ​ផល​រៀងៗ​ខ្លួន ចង់​យក​ឈ្នះ​គ្នា ដោយ​អាងហេតុ​ផល​ដែល​ខ្លួន​មាន ដោយ​ប្រកាន់​ថា​ហេតុ​ផល​របស់​ខ្លួន​ត្រឹម​ត្រូវ ឯ​ម្ខាង​ទៀត​មិន​មាន​ហេតុ​ផល​អ្វី​ឲ្យ​ត្រឹម​ត្រូវ​ឡើយ ម្ល៉ោះ​ហើយ​ទី​បំផុត​ចុង​ក្រោយ​ក៏​ត្រូវ​បែក​គ្នា។ ហេតុ​ផល​គឺ​ពិត​ជា​របស់​ល្អ​ហើយ​ តែ​ត្រូវប្រើ​ឲ្យ​សម​ជា​មួយ​គ្នា​នឹង​ករណី​ព្រម​ទាំង​ពេល​វេលា​ផង។ សរុប​សេចក្ដី​មក បើ​មាន​ការ​ភ្លាង​ភ្លាត់​អ្វី កុំ​ចេះ​តែមក​បន្ទោស​គ្នា ប្រកែក​គ្នា ត្រូវ​មាន​គុណ​ធម៌​ប្រចាំ​ចិត្ត​សម្រាប់ដោះ​ស្រាយ​នូវ​បញ្ហនោះៗ។ រឿង​ក្នុង​គ្រួសាការ​សម្ដែង ដូច​ល្ខោន​គេតែង​លេង​ប្រឌិត គួរ​កុំ​ប្រកាន់​ល្ខោន​ជីវិត សិក្សា​ការ​ពិត​បរមត្ថធម៌។ អ្វី​ៗ​បី​ដូច​ជា​ខ្ចី​គេ ដូច​ឆ្អឹង​ទទេ​តែ​បិទ​ជ័រ កាម​គុណ​បី​ដូច​ការ​តាំង​គភ៌ ញាប់​ញ័រ​ប្រសូត​សោយ​សោកា។ ទ្រទ្រង់​គុណធម៌សាង​ក្ដីស្ងប់ បាន​អ្វី​គ្រប់ចប់​តណ្ហា អស់​ទុក្ខ​កង្វល់​អស់​ប្រាថ្នា លែង​សោយ​សោកា​សុខ​ពិត​ហោង។ ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ ដោយ​៥០០០​ឆ្នាំ​
images/articles/3294/_________________________________.jpg
វិសាខាសូត្រ ទី ៣ 
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​នាប្រាសាទ​មិគារមាតា ក្នុង​បុព្វារាម ជិតក្រុង​សាវត្ថី។ គ្រានោះ នាង​វិសាខា​ជាមិគារមាតា ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​​ក្នុងទី​សមគួរ។ លុះ​វិសាខា ជាមិគារមាតា អង្គុយក្នុង​ទីសមគួរ​ហើយ ទើប​ព្រះដ៏មាន​ព្រះភាគ ​ទ្រង់ត្រាស់​ដូចនេះ​ថា ម្នាល​វិសាខា ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​ហើយ រមែង​មានផល​ច្រើន មានអានិសង្ស​ច្រើន មានសេចក្តី​​រុងរឿងច្រើន មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន។ ម្នាល​វិសាខា ចុះ​ឧបោសថ ​ប្រកប​​ដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​ហើយ រមែងមាន​ផលច្រើន មាន​អានិសង្ស​ច្រើន មានសេចក្តី​រុងរឿងច្រើន មានសេចក្តី​ផ្សាយ​ទៅច្រើន តើដោយ​ប្រការ​​​​​​ដូចម្តេច។ ម្នាលវិសាខា អរិយសាវក ក្នុងសាសនានេះ ពិចារណា​ថា ព្រះអរហន្តទាំងឡាយ លះបង់​បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញា​ដាក់ចុះហើយ មាន​គ្រឿង​សស្រ្តា​ដាក់ចុះហើយ មានសេចក្តី​ខ្មាសបាប មានសេចក្តី​អាណិត មាន​សេចក្តី​អនុគ្រោះ ដោយ​ប្រយោជន៍ ដល់​សព្វសត្វ ដរាប​អស់ជីវិត​ ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​បាណាតិបាត វៀរចាក​បាណាតិបាត មាន​អាជ្ញាដាក់​ចុះហើយ មានគ្រឿង​សស្រ្តា​ដាក់​ចុះហើយ មានសេចក្តី​ខ្មាស​បាប មានសេចក្តី​អាណិត មានសេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និង​ថ្ងៃនេះដែរ យក​តម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង ខ្លួនអញ​នឹងចាំ​រក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកប​ដោយ​អង្គ ទី១ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់​នូវសេនាសនៈ​​ដ៏ខ្ពស់ និង​សេនាសនៈ​ដ៏ប្រសើរ វៀរចាក​សេនាសនៈ​ដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ សម្រេច​នូវទីដេក​ដ៏ទាប លើគ្រែក្តី លើកម្រាល​ដែលគេធ្វើ​ដោយ​ស្មៅក្តី ដរាប​អស់ជីវិត ក្នុង​ថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​សេនាសនៈ​ដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ វៀរចាក​សេនាសនៈ​ដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ សម្រេចនូវ​ទីដេកដ៏ទាប លើគ្រែ​ក្តី លើ​កម្រាល ដែលគេធ្វើ​ដោយស្មៅក្តី អស់យប់នេះ និង​ថ្ងៃនេះដែរ យកតម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង ខ្លួនអញ​នឹងចាំរក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកប​ដោយអង្គ ទី៨ នេះឯង។ ម្នាល​វិសាខា ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​យ៉ាង​នេះហើយ រមែង​មានផលច្រើន មាន​អានិសង្ស​ច្រើន មានសេចក្តី​រុង​រឿង​ច្រើន មានសេចក្តី​ផ្សាយទៅច្រើន។ ឧបោសថ មានផលច្រើន​ដូចម្តេច មាន​អានិសង្សច្រើន ដូចម្តេច មាន​សេចក្តី​រុងរឿង​ច្រើន ដូចម្តេច មាន​សេចក្តី​ផ្សាយទៅច្រើន ដូចម្តេច។ ម្នាលវិសាខា ប្រៀប​ដូច​បុគ្គល​សោយរាជ្យ ជាឥស្សរាធិបតី​នៃ​មហាជនបទ ទាំង ១៦ នេះ ដែលជា​ជនបទ​សម្បូរ​ដោយកែវ ៧ ប្រការ គឺ​មហាជនបទ ឈ្មោះ​អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វំសៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃ​មហាជនបទ​ទាំងនុ៎ះ មិន​ដល់​នូវចំណិត ១ ក្នុង​ចំណិត​ ទី១៦ ៗ លើក​នៃឧបោសថ​ ដែលប្រកប​ដោយអង្គ ៨ ប្រការ​ឡើយ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាល​វិសាខា រាជសម្បត្តិ​របស់មនុស្ស ជារបស់​ស្តួចស្តើង ហើយយកទៅ​ប្រៀបធៀបនឹង​សេចក្តីសុខ​ជា​របស់ទិព្យ។ ម្នាលវិសាខា ៥០​ឆ្នាំរបស់មនុស្ស ត្រូវ​ជា ១យប់ ១ថ្ងៃ របស់​ចាតុម្មហារាជិក​ទេវតា រាប់រាត្រីនោះ​បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ​នោះ​បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ​នោះបាន ៥០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​ពួក​ចាតុម្មហារាជិក​ទេវតា។ ម្នាលវិសាខា ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ​ឧបោសថ ​ប្រកប​ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅកើត​​ជាមួយនឹង​​​​ពួកចាតុម្មហារាជិក​ទេវតា។ ម្នាល​វិសាខា រាជសម្បត្តិ​របស់​​​មនុស្ស​​នេះឯង ជារបស់​ស្តួចស្តើង ហើយយក​ទៅប្រៀបធៀប​នឹង​សេចក្តីសុខ​ជា​របស់​ទិព្យ ដែលតថាគត​សំដែងហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ម្នាល​វិសាខា ១០០ឆ្នាំ របស់​មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់​ពួកតាវត្តិង្ស​ទេវតា រាប់រាត្រី​នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះ​បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​តាវត្តិង្ស​ទេវតា។ ម្នាល​វិសាខា ហេតុនេះ រមែងមាន ត្រង់ដែល​ស្រ្តី ឬបុរស​ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​​ឧបោសថ ​ប្រកប​ដោយអង្គ ៨ ប្រការ លុះបែក​ធ្លាយរាង​កាយ​ស្លាប់ទៅ រមែងចូលទៅកើត​ជាមួយនឹង​ពួក​តាវត្តិង្សទេវតា។ ម្នាល​វិសាខា រាជសម្បត្តិ​របស់មនុស្ស​នេះឯង ស្តួចស្តើង ហើយយក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ ជា​របស់ទិព្យ ដែល​តថាគត​សំដែងហើយ ព្រោះអាស្រ័យ​​ហេតុនេះ។ ម្នាល​វិសាខា ២០០ឆ្នាំ​របស់​មនុស្ស។បេ។ ៤០០ឆ្នាំ។បេ។ ៨០០​ឆ្នាំ។បេ។ ១៦០០ ឆ្នាំ ត្រូវជា ១យប់ ១ថ្ងៃ របស់​ពួក​បរនិម្មិតវសវត្តី​ទេវតា រាប់​រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ​នោះបាន ១២ខែ ត្រូវ​ជា ១ឆ្នាំ រាប់ឆ្នាំ​នោះបាន ១៦០០០ (មួយហ្មឺន​ប្រាំមួយពាន់) ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ របស់ពួក​បរនិម្មិតវសវត្តី​ទេវតា។ ម្នាល​វិសាខា ហេតុនេះ រមែងមាន ត្រង់ដែល​ស្រ្តី ឬបុរស​ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​ជាមួយនឹង​ពួក​បរនិម្មិតវសវត្តី​ទេវតា។ ម្នាល​វិសាខា រាជសម្បត្តិ​​របស់​មនុស្ស​​​នេះឯង ជារបស់​ស្តួចស្តើង ហើយយក​ទៅប្រៀបធៀប​នឹង​សេចក្តី​សុខ ជា​របស់ទិព្យ ដែល​តថាគត​សំដែង​ហើយ ព្រោះអាស្រ័យ​ហេតុនេះ។ បុគ្គលមិនគប្បី​សម្លាប់សត្វ ១ មិនគប្បីកាន់​យកវត្ថុ​ដែលគេ​មិនបានឲ្យ ១ មិនគប្បី​ពោលពាក្យ​កុហក ១ មិនគប្បី​ផឹកទឹកស្រវឹង ១ គប្បី​វៀរចាក​ការ​ប្រព្រឹត្តិ​មិន​ប្រសើរ គឺ​មេថុន ១ មិន​គប្បី​បរិភោគ​ភោជន ក្នុង​វេលារាត្រី​ និង​ក្នុងវេលា​វិកាល ១ មិន​គប្បី​ទ្រទ្រង់​នូវផ្កាកម្រង មិន​គប្បី​ប្រស់ព្រំ​ដោយ​គ្រឿង​ក្រអូប ១ គប្បី​ដេកលើ​គ្រែ លើ​ផែនដី ឬ​លើ​កម្រាល ១ ព្រះពុទ្ធ ព្រះអង្គ​ដល់នូវ​ទីបំផុត​នៃទុក្ខ ទ្រង់ប្រកាស​ហើយ នូវ​ឧបោសថ​​ប្រកប​ដោយ​អង្គ ៨ ប្រការនេះឯង សភាវៈ​ទាំងឡាយ​ពីរ គឺ​ព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈ​ល្អមើល កាល​បំភ្លឺលោក រមែង​ចរ​ទៅ​ អស់ទី​ត្រឹមណា ព្រះចន្ទ និង​ព្រះអាទិត្យ​ទាំងនោះ ដែល​កំចាត់​បង់​នូវ​ងងឹត ចរ​ទៅ​ក្នុង​អាកាស ញុំាងទិស​ឲ្យរុងរឿង​ភ្លឺច្បាស់ ក្នុង​អាកាស អស់ទី​ត្រឹមនោះ ទ្រព្យណា មាន​ក្នុង​ចន្លោះ​នេះ គឺ​កែវមុក្តា​ក្តី កែវមណី​ក្តី កែវពិទូរ្យ​ដ៏ល្អក្តី មាសឈ្មោះ​សិង្គី​ក្តី ឈ្មោះ​សុវណ្ណក្តី ឬមាសឈ្មោះ​កាព្ចានៈ​ក្តី ឈ្មោះ​ជាតរូប​ក្តី ឈ្មោះ​ហដកៈ​ក្តី ទ្រព្យ​ទាំង​អម្បាល​នោះ មិនដល់​នូវ​ចំណិត​ ១ ក្នុង​ចំណែក ១៦ ៗ លើក នៃ​ឧបោសថ ដែល​​ប្រកប​ដោយអង្គ ៨ ប្រការ​ឡើយ ដូចជា​ពួកផ្កាយ​ទាំងអស់ មិនដល់​នូវពន្លឺ នៃ​ព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នក​មានសីល គួរចាំ​រក្សា​នូវ​ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ ពួកជន​ដែលមិន​មាន​គេនិន្ទា បំពេញ​នូវ​បុណ្យ ដែល​មាន​សេចក្តីសុខ​ជាកម្រៃ រមែង​ចូលទៅកាន់​ឋានសួគ៌​បាន។ អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ (ព្រះត្រៃបិដក ភាគ ៤៨) ដោយ៥០០០ឆ្នាំ
images/articles/3293/4654y6eddrtrrer444.jpg
ការចម្រេីន អានាបាណស្សតិ » (វគ្គ២ បន្ត)
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២
ការចម្រេីន អានាបាណស្សតិ » (វគ្គ២ បន្ត) អាន វគ្គ១ គ្មានពេលវេលាណាដែលប្រសេីរីករាយវិសេសក្រៃលែងជាងមានឱកាសនៅទីកន្លែងព្រៃស្ងប់ស្ងាត់ ហេីយមានឆន្ទៈ សេចក្តីពេញចិត្តត្រេកអរអង្គុយចម្រេីនសមាធិទូន្មានរក្សាចិត្តឲ្យត្រជាក់ស្ងប់នៅក្នុងអារម្មណ៍តែមួយ ប្រកបដោយសតិ បញ្ញាដែលបង្អោនទៅរកសភាពស្ងប់កាយ ស្ងប់ចិត្ត សុខកាយសុខចិត្តនោះឡេីយ (នេះជាសេចក្តីសុខពិតមិនក្លែងក្លាយ) ។ ដេាយព្រះអង្គគ្រូ៖ ព្រះភិក្ខុ ធម្មត្ថេរោ ដោយ៥០០០ឆ្នាំ
images/articles/3292/4565tyri877565634.jpg
អត្ថន័យបុណ្យវិសាខបូជា
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២
បុណ្យវិសាខបូជា ជាទិវាមួយពោរពេញដោយខ្លឹមសារអត្ថន័យដ៏មានតម្លៃដែលបានបង្ហាញដំណេីរធម្មជាតិនៃជីវិតពិតរបស់ព្រះពុទ្ធប្រាប់ដល់សាវករបស់ព្រះអង្គថា ដំណេីរជីវិតគ្រប់រូបគឺកេីតពីខាងដេីមត្រូវស្លាប់នៅខាងចុង កណ្តាលខ្វាយខ្វល់ជាទុក្ខដូច្នេះជីវិតបាន​កេីត​មក​ហេីយ​នេះត្រូវសិក្សាប្រតិបត្តិឲ្យបានល្អក្នុងការបណ្តុះនូវបញ្ញាញាណទុកជាបទពិសោធសម្រាប់​ដោះបញ្ហាជីវិតជាទុក្ខ ដែលកេីតពីអវិជ្ជា និងតណ្ហា បេីបញ្ញាញាណកេីតឡេីងហេីយ អវិជ្ជានិងតណ្ហាក៏ត្រូវរលត់ សង្ខារធម៌ជាដំណេីរជីវិតប្រព្រឹត្តជាទុក្ខក៏ត្រូវអស់ ហេតុនេះកិច្ចដែលព្រះពុទ្ធប្រាប់យេីងឲ្យខំប្រឹងសិក្សាប្រតិបត្តិនេះជាកិច្ចញ៊ាំងប្រយោជន៍ឲ្យសម្រេចដោយសេចក្តីមិនប្រមាទ ទាន់យេីងមានជីវិតរស់នៅ អាចដោះស្រាយបញ្ហាទុក្ខនេះបាន និងស្វែងរកទីពឹង គឺសេចក្តីសុខស្ងប់សម្រាប់ខ្លួនយេីងម្នាក់ៗដែលប្រាថ្នាចង់រួចចាកទុក្ខទាំងពួង។ សម្តែងដេាយ ព្រះអង្គគ្រូ៖ (មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ) ដោយ៥០០០ឆ្នាំ
images/articles/3291/4654y6rtrrer444.jpg
ការចម្រេីន អានាបាណស្សតិ (វគ្គ១)
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២
ការចម្រេីន អានាបាណស្សតិ » (វគ្គ១) បុគ្គលបានចម្រេីនអានាបានស្សតិប្រកបដោយសតិផង ញ្ញាណផង គឺកំពុងព្យាយាម ព្យាបាលចិត្តឲ្យជាសះស្បេីយពីមេរោគ កាមវិតក្ក ព្យាបាទវិតក្ក និងវិហិង្សាវិតក្ក មេរោគនេះវាជាអកុសលលាមកដ៏មានកំលាំងធ្វេីឲ្យជីវិតមានជម្ងឺផ្លូវចិត្តប្រចាំនៅក្នុងវដ្ត ។ ពោរពេញដោយសេចក្តីទុក្ខ ឈឺចាប់ ខ្លោចផ្សា ភ័យខ្លាច សោកសៅបំផុត។ ដូច្នេះការចម្រេីនអានាបាត្រូវព្យាយាមប្រឹងប្រែងឲ្យមុតមាំដូចមុខកាំបិតត្រូវមានស្មារតីប្រុងប្រយ័ត្នរលឹកទាន់កំណត់ដឹងទាន់នូវអារម្មណ៍របស់ចិត្តឲ្យបានតម្កល់មាំប្រាកដពេលកំពុងចម្រេីនត្រូវរក្សាចិត្ត យ៉ាងនេះ៖ ១.មិនឲ្យចិត្តស្ទុះទៅកាន់អារម្មណ៍ជាអតីត ២.មិនឲ្យចិត្តស្ទុះទៅកាន់អារម្មណ៍ជាអនាគត ៣.មិនឲ្យចិត្តរួញរា ធ្លាក់ក្នុងក្តីខ្ជិលច្រអូសកាយ ចិត្ត ៤.មិនឲ្យចិត្តរាយមាយ ផ្គងហួសពេក ប្រឹងហួសពេកនាំឲ្យច្រាលចិត្ត អស់សង្ឃឹម ៥.មិនឲ្យចិត្តជាប់ស្អិតត្រេកត្រអាលក្នុងអារម្មណ៍គាប់ចិត្តពេកនាំឲ្យកេីតរាគៈ ៦.មិនឲ្យចិត្តចង្អៀតចង្អល់ បដិឃៈ ថ្នាំងថ្នាក់ពេកនាំកេីតព្យាបាទ។ ត្រូវមានប្រាជ្ញាគ្រប់គ្រងរក្សាចិត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ព្រះពុទ្ធទេីបឈ្មោះថាយេីងបានបំពេញកិច្ចការដែលមានសារសំខាន់ក្នុងដំណេីរជីវិតមានទីពឹងដ៏ប្រសេីរឆ្ពោះទៅកាន់ភាពជោគជ័យនៃការអស្តង្គតនៃកិលេសទាំងស្រុងបានទៅដល់គោលដៅមួយដែលយេីងមិនធ្លាប់ទៅដល់ គឺព្រះនិព្វានជាបរមសុខដែលយេីងប្រាថ្នាចង់បាន។ ដេាយព្រះអង្គគ្រូ៖ ព្រះភិក្ខុ ធម្មត្ថេរោ អាន វគ្គ២ ដោយ៥០០០ឆ្នាំ
images/articles/3290/______________________________.jpg
មេថុនសូត្រ ទី៧
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២
គ្រានោះ ព្រាហ្មណ៍ឈ្មោះ​ជាណុស្សោណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ត្រេកអររីករាយ​នឹង​ព្រះដ៏មានព្រះភាគ លុះបញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ និង​ពាក្យដែល​គួរ​រលឹក​ហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះ​ជាណុស្សោណិព្រាហ្មណ៍ អង្គុយ​ក្នុងទីសម​គួរហើយ បាន​ក្រាបបង្គំ​​ទូល​​ព្រះដ៏មានព្រះភាគ ដូច្នេះថា ព្រះគោតម​ដ៏ចំរើន ប្តេជ្ញាថា​ជាអ្នកប្រព្រឹត្តធម៌​ដ៏ប្រសើរឬ។ ព្រះអង្គ​ត្រាស់ថា ម្នាលព្រាហ្មណ៍ គេកាល​បើពោល​ត្រឹមត្រូវ គប្បីពោល​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិន​ពព្រុស។ ម្នាលព្រាហ្មណ៍ កាលគេ​ពោល​ដោយ​ត្រឹមត្រូវ គប្បី​ពោល​​ចំពោះ​​តថាគត​​នោះឯង​ថា ម្នាល​ព្រាហ្មណ៍ ព្រោះតថាគត ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះការ​ដាច់ក្តី ធ្លុះក្តី ពពាល​ក្តី ពព្រុស​ក្តី នៃ​ព្រហ្មចរិយធម៌ តើដូច​ម្តេច។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុង​លោក​នេះ ជា​សមណៈ ឬព្រាហ្មណ៍ ប្តេជ្ញាថា​ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរ​ដោយប្រពៃ មិនបាន​​ប៉ះពាល់ នូវការប៉ះពាល់​ដោយបុគ្គលពីរ ៗ មួយអន្លើ​ដោយ​មាតុគ្រាម (សេពមេថុន) តែថា រមែង​ត្រេកអរ​នឹងការ​ដុសខាត់ នួត ងូត ច្របាច់​របស់​មាតុគ្រាម។ បុគ្គលនោះ រមែង​ត្រេកអរ​នឹងការ​ដុសខាត់​នោះ រីករាយ​នឹងការ​ដុសខាត់នោះ ដល់នូវ​សេចក្តី​ត្រេកអរ ដោយការ​ដុសខាត់​នោះ។ ម្នាលព្រាហ្មណ៍​ នេះឯងហៅថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុសផង នៃព្រហ្មចរិយធម៌ ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ មិន​បរិសុទ្ធ ជាអ្នក​ប្រកប​ដោយ​មេថុនសំយោគ រមែងមិន​ផុតចាក​ជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស ឧបាយាសៈ តថាគតហៅថា រមែងមិនរួច​ចាក​​វដ្តទុក្ខ​​ឡើយ។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ប្តេជ្ញាថា ជាអ្នក​ប្រព្រឹត្ត​ធម៌ដ៏​ប្រសើរ ដោយប្រពៃ រមែងមិន​ប៉ះពាល់ ចំពោះ​ការប៉ះពាល់ ដោយ​បុគ្គលពីរ ៗ មួយអន្លើ​ដោយមាតុគ្រាម ទាំងមិន​ត្រេកអរ​នឹងការដុស​ខាត់ នួត ងូត ច្របាច់ របស់​មាតុគ្រាម​ទេ តែថា រមែង​ចំអក​ឡកឡឺយ សើចក្អាក​ក្អាយ ជាមួយ​នឹង​មាតុគ្រាម។បេ។ បើមិន​ចំអកឡកឡឺយ សើច ក្អាកក្អាយ ជាមួយ​នឹងមាតុគ្រាម​ទេ រមែង​នៅមៀង​ភ្នែក​ដោយ​ភ្នែក ដៀង​ចំពោះ​មាតុគ្រាម បើមិនបាន​មៀងភ្នែក​ដោយភ្នែក ដៀង​ចំពោះ​មាតុគ្រាម​ទេ រមែង​ស្តាប់​សំឡេង​នៃមាតុគ្រាម កាល​សើចក្តី កាល​និយាយក្តី ច្រៀង​ក្តី យំក្តី ខាងក្រៅ​ជញ្ជាំង ឬខាង​ក្រៅកំពែង បើមិនស្តាប់​សំឡេង​នៃមាតុគ្រាម កាល​​សើចក្តី និយាយក្តី ច្រៀងក្តី យំក្តី ខាងក្រៅ​ជញ្ជាំង ឬខាង​ក្រៅ​កំពែង​ទេ តែថា រលឹក​រឿយ ៗ នូវហេតុ​ដែលធ្លាប់​សើច ធ្លាប់និយាយ ធ្លាប់​លេង ជាមួយ​នឹងមាតុគ្រាម ក្នុងកាល​ពីដើម បើមិនរលឹក​រឿយ ៗ នូវហេតុ ដែលធ្លាប់​សើច ធ្លាប់និយាយ ធ្លាប់លេង​ជាមួយ​នឹង​មាតុគ្រាម ក្នុងកាលពីដើមទេ តែថា រមែងឃើញ​នូវគហបតី ឬគហបតិ​បុត្រ ដែលស្កប់​ស្កល់ មូលមិត្រ បម្រើដោយ​កាមគុណ​ទាំង ៥ បើមិនបាន​ឃើញនូវ​គហបតី ឬគហបតិ​បុត្រ ដែលស្កប់​ស្កល់ មូលមិត្រ បម្រើ​ដោយកាម​គុណ​ទាំង ៥ ទេ តែថាប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បីប្រាថ្នា​នូវទេពនិកាយ​ណាមួយ​ថា អញសុំឲ្យ​បានជាទេវតា ទោះជាទេវតា​ណាមួយ ដោយសីល​នេះផង ដោយវត្ត​នេះផង ដោយ​តបធម៌​នេះផង ដោយព្រហ្ម​ចរិយធម៌ផង។ បុគ្គលនោះ រមែងត្រេកអរ​នឹងធម៌នោះ រីករាយ​នឹងធម៌នោះ ដល់នូវ​សេចក្តី​ត្រេកអរ​ចំពោះធម៌នោះ។ ម្នាលព្រាហ្មណ៍ នេះឈ្មោះថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុស​ផង នៃ​ព្រហ្មចរិយធម៌ ម្នាល​ព្រាហ្មណ៍ បុគ្គល​នេះ​ហៅថា ប្រព្រឹត្ត​ព្រហ្មចរិយធម៌​មិនបរិសុទ្ធ ជាអ្នក​ប្រកបដោយ​មេថុនសំយោគ រមែង​មិនរួច​ចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស ឧបាយាសៈ តថាគត​ហៅថា មិនរួចចាក​វដ្តទុក្ខ​ឡើយ។ ម្នាលព្រាហ្មណ៍ បណ្តា​មេថុនសំយោគ​ទាំង ៧ យ៉ាងនេះ តថាគត​ឃើញច្បាស់ នូវ​មេថុនសំយោគ​​ណា​មួយ ក្នុងខ្លួន​ដែលមិន​ទាន់លះបង់​ដរាបណា ម្នាលព្រាហ្មណ៍ តថាគត​​មិនទាន់​ប្តេជ្ញា​​ថា ជា​អ្នកត្រាស់​ដឹង នូវ​សម្មាសម្ពោធិញ្ញាណ​ដ៏ប្រសើរ ក្នុងលោក​ ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំង​សមណព្រាហ្មណ៍ និង​មនុស្ស​ជា​សម្មតិទេព និង​​មនុស្ស​​ដ៏សេស ដរាបនោះ​ដែរ ម្នាលព្រាហ្មណ៍ បណ្តា​មេថុនសំយោគ​ទាំង ៧ យ៉ាងនេះ តថាគត​មិនឃើញច្បាស់ នូវ​មេថុនសំ​យោគ​​ណាមួយ​ក្នុងខ្លួន ដែលមិន​លះបង់​​ក្នុង​កាល​​ណា​ទេ ម្នាលព្រាហ្មណ៍ តថាគត​​ក៏ប្តេជ្ញាថា ជាអ្នក​ត្រាស់ដឹង នូវ​សម្មាសម្ពោធិញ្ញាណ​​ដ៏ប្រសើរ ក្នុងលោក ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ និងមនុស្ស​​ជាសម្មតិទេព និងមនុស្ស​ដ៏សេស ក្នុងកាល​​នោះ​ដែរ។ លុះតែបញ្ញា​ដែលដឹងច្បាស់ ឃើញច្បាស់ កើតឡើងហើយ ដល់​តថាគត​ដូច្នេះថា ការរួចស្រឡះ​របស់តថាគត មិនកម្រើក ជាតិនេះ​ជាទីបំផុត ភពថ្មី​ទៀត​មិនមាន​ឡើយ។ កាលព្រះសម្ពុទ្ធ ទ្រង់តា្រស់​យ៉ាងនេះហើយ ជាណុស្សោណិ​ព្រាហ្មណ៍ បានក្រាប​បង្គំទូល​​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ភ្លឺច្បាស់​ណាស់។បេ។ សូម​ព្រះគោតម​ដ៏ចំរើន ចាំនូវខ្ញុំ​ព្រះអង្គ​ថាជា​ឧបាសក​អ្នកដល់​នូវ​សរណគមន៍ ស្មើដោយ​ជីវិត ចាប់ដើម​អំពីថ្ងៃនេះតទៅ។ បិដកភាគ ៤៧ ទំព័រ ១០១ ឃ្នាប ៤៧ ដោយ៥០០០ឆ្នាំ
images/articles/3289/_________________________________.jpg
ជីវិតគឺជាកន្លែងសិក្សា
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២
មិនមែនអានតែសៀវភៅទេ ត្រូវអានជីវិតខ្លួនឯងផងពោលគឺត្រូវសិក្សាអំពីជីវិត តើជីវិតគឺជាអ្វី? កើតបានយ៉ាងណា? ហើយប្រព្រឹត្តទៅយ៉ាងណា? ត្រូវសិក្សាឱ្យឃើញច្បាស់ដោយបញ្ញាចក្ខុ ។ មិនមែនមានតែអ្នកដទៃទេជាគ្រូនោះ ខ្លួនឯងហ្នឹងហើយដែលត្រូវបង្រៀនខ្លួនឯង អប់រំទូន្មានខ្លួន ។ ប្រារព្ធសុខសាមណេរ ព្រះសាស្រ្ដទ្រង់ត្រាស់ថា (ធម្មតាអ្នកស្រែតែងបាចទឹកបញ្ចូលទៅក្នុងស្រែ ជាងព្រួញតែងពត់ព្រួញ ជាងឈើតែងចាំឈើ ឯអ្នកមានវត្តបដិបត្តិល្អ តែងអប់រំទូន្មានខ្លួន) ។ ក្នុងបណ្ដាពួកមនុស្សទាំងឡាយ មនុស្សល្អគឺជាមនុស្សដែលចេះអប់រំទូន្មានខ្លួនឯង ។ សៀវភៅ មេរៀនជីវិត ដោយ៥០០០ឆ្នាំ
images/articles/3279/32323rwef422.jpg
ទសពិធរាជធម៌ ធម៌ ១០ប្រការ 
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២
ទសពិធរាជធម៌ ទសពិធរាជធម៌ រាជធម៌ ១០យ៉ាង គឺធម៌ ១០ ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូច នឹងពួកប្រជារាស្ត្រឲ្យប្រព្រឹត្តផង។ ទសពិធរាជធម៌ ជាក្រឹត្យក្រមច្បាប់វិន័យដែលព្រះមហាក្សត្រ​ ឬអ្នកដឹកនាំប្រទេសជាតិខ្មែរត្រូវតែប្រកាន់គោរព និងអនុវត្តតាមដោយហ្មត់ចត់ខ្ជាប់ខ្ជួននិងត្រឹមត្រូវជាទីបំផុត។ បើពុំនោះសោតទេ​ ប្រទេសជាតិ ប្រជានុរាស្រ្តនឹងជួបប្រទះវិបត្តិអន្តរាយ​ ក្តៅក្រហាយ រំជើបរំជួល ចលាចល អសន្តិសុខ សង្រ្គាម ទុក្ខសោកសង្រេង ភ័យព្រួយ ព្រាត់ប្រាស់ក្រុមគ្រួសារញាតិសន្តានជាមិនខាន។ ឯព្រះមហាក្សត្រនិងអ្ន​កដឹកនាំគេចផុតយករួចខ្លួនបានដែរ។ ដូចក្នុងន័យពាក្យពេចន៍បានបញ្ជាក់ស្រាប់ទសពិធរាជធម៌ គឺច្បាប់ទាំង១០ប្រការដែលចែងបញ្ញត្តិអំពីករណីកិច្ច របស់ព្រះមហាក្សត្រ និងអ្នកដឹកនាំប្រទេសខ្មែរ។ ទសពិធរាជធម៌ទាំងដប់មាន៖​ ១. ទាន ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិត្រូវតែធ្វើទានចែកអំណោយដល់ប្រជាជនគ្រប់មជ្ឍដ្ឋានដោយគ្មានគំនិតគិតកេងប្រវ័ញ្ចធ្វើប្រជាភិថុតឡើយ គឺមានន័យថាទាននោះត្រូវមានភាពបរិសុទ្ឋល្អប្រសើរ គ្មានជាប់ជំពាក់ប្រឡាក់ប្រឡូសនឹងបាបកម្ម។ បើយើងពោលអោយចំទៅព្រះមហាក្សត្រ ឬអ្នកដឹកនាំត្រូវរៀបចំគ្រប់គ្រងនគរធើ្វដូចម្តេចចេះចែកចាយផ្តល់ប្រជាពលរដ្ឋនិងជាតិនូវលទ្ឋភាពគ្រប់គ្រាន់ ដើម្បីជំរុញអោយមានធនធានមានចំណេះវិជ្ជាអាចរស់នៅក្នុងសភាពថ្លៃថ្នូរ ពេញលេញជាមនុស្សម្នាមានកិតិ្តយសរុងរឿងថ្កុំថ្កើង។ ២. សីល ព្រះមហាក្សត្រ ឬ​អ្នកដឹកនាំត្រូវតែប្រកាន់និងរក្សាអោយមានសីលធម៌ដក់ជាប់ក្នុងខ្លួនជានិច្ច។ សីលធម៌នេះគឺបញ្ចសីលា ឬសីល៥ និងព្រហ្មវិហារធម៌ចំពោះប្រជានុរាស្រ្ត។ ក្នុងបញ្ចសីលា គេកត់សំគាល់ឃើញមានការមិនប្រមាថឬសំលាប់ជីវិតមិនលួចប្លន់មិនលួចលាក់មានសាហាយស្មន់ មិនភូតភរកុហសបោកប្រាស់ និងមិនភ្លើតភ្លើនបណ្តោយខ្លួនអោយលង់លក់ទៅដោយគ្រឿងស្រវឹង។ ចំណែកក្នុងព្រហ្មវិហារធម៌វិញ មានធម៌ទាំងអស់៤គឺ៖ មេត្តា ជាការស្រលាញ់រាប់អានដែលមានចំពោះមនុស្សគ្រប់រូបគ្រប់ប្រភេទ ករុណា ដែលជាការផ្សព្វផ្សាយនូវការអាណិតអាសូរសន្តោស មុទិតា ដែលជាការត្រេកអរសាទរនៅពេលដែលប្រជាពលរដ្ឋបានសុខសប្បាយចំរុងចំរើនក្សេមក្សាន្ត និង ឧបេក្ខា ដែលជាការរាប់រកអស់គ្រប់សព្វសត្វដោយក្តីស្មោះស្ម័គ្រស្មើគ្នា គ្មានរើសអើងប្រកាន់វណ្ណះ ឬ ពណ៌សម្បុរ។ ៣. បរិច្ចាគ ព្រះមហាក្សត្រឬអ្នកដឹកនាំត្រូវយកព្រះរាជទ្រព្យឬសម្បត្តិរដ្ឋទៅចែកជួយប្រទេសជាតិ។​​ គឺក្នុងន័យត្រូវចេះប្រើប្រាក់កាសធនធានរដ្ឋដោយយុត្តិធម៌ត្រឹមត្រូវឥតលំអៀងកេងបន្លំយកទៅកសាងអភិវឌ្ឍប្រទេសជាតិអោយបានជឿនលឿនឆ្ពោះទៅរកវឌ្ឍនភាពនិងសុភមង្គលវិធីនេះ គឺការបែងចែកភោគផលធនធាននគរអោយទៅដល់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ដោយគ្មានរើសអើងវណ្ណ។ពីព្រោះជាសិទ្ឋិរបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនជាអំណោយឬជាការនាំ និងអ្នកនយោបាយម្នាក់ៗត្រូវតែគោរពនឹងប្រតិបត្តិធ្វើតាមដែរ។ ៤. អាជ្ជវៈ (មានសេចក្ដីត្រង់)​ ការទៀងត្រង់មិនវៀចវេរដែលព្រះមហាក្សត្រនិងអ្នកដឹកនាំត្រូវតែគោរពនិងប្រកាន់ខ្ជាប់ខ្ជួនជាដាច់ខាត។ក្នុងពាក្យទៀងត្រង់អត្ថន័យមានទំហំធំធេងណាស់គឺជាជំពាក់​ទៅនឹងកាយវាចាចិត្តរបស់អ្នកដឹកនាំ។ បើនិយាយឱ្យចំទៅគឺគេមិនត្រូវក្បត់ប្រជាជននិងប្រទេសជាតិឯងមិនប្រើអំណាចផ្តាច់ការ មិនអយុត្តិធម៌មិនបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ​ បក្សពួក និង បរទេស។ ៥. មទ្ទវៈ (មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែរៀបចំ​ឬក​ពារ ​អាកប្បកិរិយា​​ ពាក្យសម្តី ចិត្តគំនិតអោយបានទន់ភ្លន់សុភាពរាបសារល្អត្រឹមត្រូវថ្លៃថ្នូរយុត្តិ​ធម៌ ដោយមិនបញ្ចេញអាការះឬកពារច្រងេងច្រងាងច្រឡោង ខាមច្រឡើសបើស ហារស្រែកឡើងរកតែកាប់ចាក់ប្រើកំលាំងបាយជាមួយនិងប្រជារាស្ត្រទន់ខ្សោយ។ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិជាតំណាងប្រជាជាតិមួយទាំងមូល។ បើអ្នកតំណាងប្រជាជាតិទាំងនេះមានកាយវាចារចិត្តមិនល្អសមរម្យនោះគឺប្រទេសជាតិ និង ប្រជាជនទាំងអស់គ្នាដែលត្រូវបាត់បង់កិត្តិយសត្រូវគេមើលងាយនិងទទួលនូវផលវិបាករងគ្រោះថ្នាក់គ្រប់បែបយ៉ាង។ ៦. តបៈ (ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ) ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិតាមកាលកំនត់ត្រូវតែចូលកាន់ឧបោថសីលដើម្បីដុសខាត់អប់រំចិត្តអារម្មណ៍​មនោសញ្ចេតនាអោយភ្លឺស្វាងចៀសវៀងអវិជ្ជាដែលជាប្រភពនៃ ក្តីវិនាសការចូលកាន់ឧបោថសីលអាចចាត់ទុកជាការដកឃ្លាមួយរយះពីភាពជាប់ជំពាក់ជំពីនក្នុងបញ្ហាបច្ចុប្បន្នដើម្បីយកពេល​យក​ឪកាស​សំរាប់សញ្ជប់សញ្ជឹងរិះគិតពិចារណា ឆ្លុះពិនិត្យមើលអស់សព្វគ្រប់សកម្មភាពនិងអំពើទាំងប៉ុន្មានដែលខ្លួនផ្ទាល់បានប្រព្រឹត្ត។ អាកប្បកិរិយានិងកាយវិការរបៀបនេះអាចនាំអោយអ្នកដឹកនាំឬអ្នកនយោបាយមាន ពេលវេលានិងរកផ្លូវល្អឃើញហើយអាចផ្លាស់ប្តូរលុបលាងកែប្រែកំហុសអាក្រក់ល្អទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តដែរ។ ៧. អក្កោធនៈ (មិនក្តៅក្រហាយអ្នកដទៃ) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិមិនត្រូវដើរឆ្កិះឆ្កៀលដុតរោលបំបែកបំបាក់អ្នកដទៃអោយកើតមានកំហឹងដើម្បីគ្រប់គ្រងតាំងខ្លួនមានតែមួយគត់ប៉ុណ្ណោះទេ។ ការបង្កបង្កើតអោយមានរឿងសៅហ្មងអោយមានការក្តៅក្រហលក្រហាយដូច្នេះបណ្តាល​ធ្វើអោយបែកបាក់ប្រេះឆាសាមគ្គីផ្ទៃក្នុងហើយអាចក្លាយជាចលាចលច្របូកច្របល់ និង​ជាសង្រ្គាមបង្ហូរឈាម។ អ្នកដឹកនាំជាតិត្រូវតែចេះរំងាប់ចិត្តមិនអោយមានកំហឹងគំនុំនិងមានការសងសឹកឆេះឆាបដក់គុំក្នុងខ្លួនឡើយ។ ការកសាងប្រទេសជាតិមិន មែនស្ថិតនៅលើការបំបែកបំបាក់សាមគ្គីបង្កើតអោយមានជំលោះឈ្លោះមើលមុខគ្នាមិនត្រង់នោះទេ។ ៨. អវិហឹសា (មិនបៀតបៀនអ្នកដទៃ) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិមិនត្រូវយកហឹង្សាឬកម្លាំងបាយនឹងអាវុធមកធើ្វជាត្រីមុខទេក្នុងការត្រិះរិះពិចារណានិងដោះស្រាយបញ្ហាអាយុជីវិតប្រទេសជាតិ។ បើយើងគ្មានគំនិតអាក្រក់មិនប្រើកំលាំងអាវុធមិនប្រៀនគេគេក៏មិនបៀតបៀនមកលើយើងដែរ។ គោលការណ៍ធំត្រូវស្ថិតនៅលើទស្សន:សន្តិវិធីក្នុងការដោះស្រាយគ្រប់បញ្ហាកសាងប្រទេសជាតិ។ទស្សនះសន្តិភាពត្រូវស្ថិតនៅជាមូលដ្ឋានជាគោលដៅធំចំបងដែលព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិត្រូវតែនាំគ្នាខំស្វែងទៅរកឈោងហក់ចាប់អោបក្រសោបយកមកអោយបានជាចាំបាច់ពីព្រោះប្រទេសជាតិនីមួយៗត្រូវការសន្តិភាពដើម្បីកសាងដើរឆ្ពោះទៅរកអី្វដែលជាការអភិវឌ្ឍន៍ជាការរីកចំរើនលូតលាស់និងជីវភាពរុងរឿងរស់នៅដោយសុខសន្តិភាពក្សេមក្សាន្ត។ ៩. ខន្តី (មានសេចក្ដីអត់ធន់) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែមានចិត្តអំនត់អត់ធន់ហើយមិនលោតទៅតាមកំលាំងខ្យល់ព្រឹត្តិការណ៍ដែលបោកបក់នោះទេ។ ការស្ទុះហក់លោតទាំងកម្រោលទៅតាមភ្លើងកំហឹងទៅតាមចំណង់់ចិត្តមានះទៅតាមការលោភលន់រំជើបរំជូលត្រេកត្រអាលអាចនាំមកនូវការវិនាសអន្តរាយនូវផលអាក្រក់ដែលពុំអាចប៉ាន់ស្មានបានដល់ការត្រិះរិះពិចារណារកយល់ហេតុផលការរៀបចំនិងអនុវត្តគោលដៅគម្រោងផែនការណ៍ផ្សេងៗជាអត្ថប្រយោជន៍សំរាប់ប្រទេសជាតិ។ ការប្រកាន់ចិត្តនឹងនមិនឆេវឆាវព្យាយាមសំភីអំណត់អាចណែនាំអោយយើងចេះរង់ចាំពេលវេលាឱកាសល្អដើម្បីអនុវត្តគោលការណ៍អោយបានសំរេច។ ការប្រកាន់ខន្តីអំណត់ធ្មត់សង្កត់ចិត្តនិងព្យាយាមជាគុណសម្បត្តិមួយដ៏កម្ររកបានក្នុងសម្បត្តិមនុស្ស។ ១០. អវិរោធនៈ (មិនបំពានលើធម៌លើច្បាប់)​​ ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវគោរពច្បាប់ជាធរមាន។ គេត្រូវតែដាក់ច្បាប់ជាធំអោយខ្ពស់បំផុតលើបុគ្គល។ គេត្រូវទុកដាក់ច្បាប់វិន័យធម៌ជាមូលដ្ឋាននិងជាគ្រឹះរបស់ជាតិសំរាប់រៀបចំស្ថាប័នអោយកើតមានជានិតិរដ្ឋ។ គេត្រូវធ្វើដូចម្តេចអោយច្បាប់ធម្មវិន័យក្រឹត្យក្រមកា្លយទៅជារបងសំរាប់ការពារធានារ៉ាប់រងសុខសន្តិភាពរបស់ប្រជាពលរដ្ឋទន់ខ្សោយ។ជាដាច់ខាតគេមិនត្រូវរំលោភបំពានដើរជាន់ឈ្លីលើច្បាប់លើធម៌លើវិន័យក្រឹត្យក្រមដែលធ្លាប់មានក្នុងសង្គមជាតិ​នោះឡើយ។ ទោះស្តេចទោះមន្ត្រីទោះសេចក្តីគហបតីនិងក្រុមគ្រួសារក៏ត្រូវតែទទួលទោសដែរនៅចំពោះមុខច្បាប់។ បើក្សត្រនោះអ្នកដឹកនាំជាតិនោះមិនគោរពច្បាប់សង្គម ហើយបែរជានាំគ្នាបង្កើតច្បាប់ថ្មីតម្រូវតម្រង់សំរាប់បំរើអំណាចនិងផលប្រយោជន៍របស់ខ្លួនពេលនោះប្រទេសជាតិនិងជួបប្រទះនូវភាពអនាធិបតេយ្យរំជើបរំជួល ចលាចលអសន្តិសុខអន្តរាយហើយប្រជារាស្រ្តនឹងរងទុក្ខវេទនាព្រាត់ប្រាសបែកបាក់ក្រុមញាតិសន្តានជាមិនខានគឺបានសេចក្តីថានរណាដែលគ្មានច្បាប់ គ្មានសីលធម៌ គ្មានគុណធម៌ គ្មានវិន័យក្រឹត្យក្រមនគរនោះមិនអាចនឹងចំរើនរុងរឿងរស់ក្នុងសន្តិភាពបានឡើយ។ នគរនោះនឹងត្រូវរលេះរលួយទ្រុឌទ្រោមចុះអោនថយខ្សោយដើរថយក្រោយចាញ់គេជាលំដាប់។ ចំណែកព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិទាំងនោះវិញក៏រត់មិនរួចពីប្រជានុរាស្រ្តផ្តន្ទាទោសដែរ។ ដកស្រង់ពី Kh Wiki សំឡេង YouTube: yun tong ដោយ៥០០០ឆ្នាំ
images/articles/3280/_____________________.jpg
ប្រវត្តិ​ដូនជី ឬសីលវតី 
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២
សិក្សា​ប្រវត្តិ​ដូនជី តាមការយល់ឃើញរបស់មនុស្សទូទៅ ពាក្យថាដូនជី គឺជាស្ត្រី ដែលកោរសក់ កោរចិញ្ចើម ស្លៀកសពាក់ស និងរក្សា​សីល​៨ ។ ដូនជីមានប្រវត្តិតាំងអំពីសម័យព្រះពុទ្ធអង្គគង់ព្រះជន្មនៅឡើយម្លេះ ដោយសារព្រះអង្គទ្រង់ត្រាស់ហៅដូនជីថាជា ឧបាសិកា ។ ដូនជីចាត់ទុកជាសាវិកា {សាវ័កស្រី} មួយប្រភេទនៅក្នុងចំណោមពុទ្ធបរិស័ទទាំងបួន​ពួក ក្នុង​ព្រះពុទ្ធ​សាសនា ដោយ​លោក​បាន​សម្តែង​ទុកយ៉ាងច្បាស់នៅក្នុងព្រះត្រៃបិដក ។ តើកំណើតនៃដូនជីនៅក្នុងស្រុកខ្មែរមានតាំង​ពីពេល​ណា​មក ហើយ​ការ​បួស​ធ្វើជា​ដូន​ជីមានបំណង និងទិសដៅអ្វីខ្លះ? លោក បុណ្យ ប៊ុនសារ៉ាត់ សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជ បានលើកឡើងថា ដូនជីនេះមាន​តាំងពីសម័យព្រះពុទ្ធទ្រង់គង់នៅម្លេះ តែចំណែកប្រវត្តិដូនជី ដែលកើតមាននៅក្នុងស្រុកខ្មែរយើង មិន​មាន​ប្រភព​ណា​មួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ថា មាន​តាំង​ពីពេលណាមកទេ ប៉ុន្តែបើតាមការ​សន្និដ្ឋាន គឺ​ប្រហែល​ជា ហូរ​ចូល​មក​ព្រម​គ្នា​នឹង​សាសនា​ថេរវាទម្លេះ។ លោកបានបន្តទៀតថាដូនជីមានច្រើនប្រភេទដូចជា ដូនជី ស្លៀក​ពាក់​ពណ៌​ខ្លឹម​ខ្នុរ កោរ​សក់ កោរ​ចិញ្ចើម សមាទាន​សីល ១០ ជា​សីល​របស់​សាមណេរ ដូនជីប្រភេទនេះ​មាន​នៅ​ប្រទេស​ភូមា គេ​ហៅ​ថា សីលចារិនី, ដូនជី ស្លៀក​ដណ្តប់​សំពត់​ពណ៌លឿង កោរសក់ កោរចិញ្ចើម សមាទាន​សីល​៨​ក៏​មាន សីល​១០​ក៏មាន ដូនជី​ប្រភេទ​នេះ​ហៅ​ថា សង្ឃនី, ដូនជី ស្លៀក​ដណ្តប់​សំពត់​ពណ៌​ស មិន​កោរ​សក់ មិនកោរចិញ្ចើម ហើយ​សមាទាន​សីល​៨ ហៅថា ជី​ព្រាហ្មណ៍ ឬ​ឧបាសិកា ព្រោះ​យក​លំ​នាំ​តាមបែប​ព្រាហ្មណ៍ ដែល​និយម​ស្លៀក​ដណ្តប់​សំពត់​ពណ៌​ស ការ​បួស​បែប​នេះ គឺបួស​រយៈ​ពេល​ខ្លីតែ​ប៉ុណ្ណោះ, និង​ដូន​ជី ស្លៀក​ដណ្តប់​សំពត់​ពណ៌​ស កោរ​សក់ កោរចិញ្ចើម សមាទាន​សីល​៨ ឬ​សីល​១០ ជា​និច្ច​កាល។ លោកបានបញ្ជាក់ផងដែរថា ការបួសធ្វើជាដូនជី គឺមានទិសដៅដូចគ្នាទៅនឹងភិក្ខុ សាមណេរ​ដែរ គឺដើម្បីរួមចំណែកក្នុងការជួយអប់រំ និងដឹកនាំមនុស្ស ដើម្បីស្វែងរកសេចក្តីសុខសន្តិភាពជូនសង្គមមនុស្ស, ជួយផ្តល់នូវចំណេះដឹងផ្លូវធម៌ដល់សង្គម, រួមចំណែកជួយពង្រឹងព្រះពុទ្ធសាសនា តាមរយៈការប្រតិបត្តិដើម្បីឲ្យបាននូវសីល សមាធិ បញ្ញាដល់សាសនិកជន, រួមចំណែកក្នុងការការពារវប្បធម៌ និងអរិយធម៌ខ្មែរ និងដើម្បីបន្តអាយុកាលព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរយូរអង្វែង។ លោកបានបញ្ជាក់បន្ថែមទៀតថា ដូនជីចាំបាច់ត្រូវរស់នៅក្នុងវត្តជាមួយនឹងព្រះភិក្ខុសង្ឃ ប៉ុន្តែដូនជីមិនត្រូវបានចាត់ទុកថាជាសមណៈទេ គេគ្រាន់តែចាត់ទុកថាជាឧបាសិកាដែលនៅវត្តហើយ ស្លៀកដណ្តប់សំពត់សតែប៉ុណ្ណោះ ការបំបួសដូនជី គឺចៅអធិការវត្តធម្មតាក៏អាចបំបួសបានដូចសាមណេរដែរ៕ បញ្ញាភិលង្គារៈ ប្រភពដកស្រង់ ហ្វេសប៊ុកសីលវតី តូច Sīlavatī kusalā ប្រភពសំឡេង YouTube: yun tong ដោយ៥០០០ឆ្នាំ
images/articles/3281/_________________________________.jpg
កុក្កុដជាតក 
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុ (ភិក្ខុអផ្សុកចង់សឹក) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សុចិត្តបត្តឆទន ដូច្នេះជាដើម ។ព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ព្រោះហេតុអ្វី បានជាអ្នកអផ្សុក ? កាលភិក្ខុនោះទូលថា បពិត្រព្រះអង្គ ព្រោះអំណាចកិលេស ដោយការបានឃើញស្ត្រីដែលប្រដាប់តាក់តែងមួយ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ធម្មតាស្ត្រីទាំងឡាយតែងបោកបញ្ឆោត លួងលោម និងធ្វើអ្នកដែលលុះក្នុងអំណាចរបស់ខ្លួនឲ្យវិនាស ប្រាកដដូចជាសំពោចល្មោភ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតមាន់ មានមាន់ច្រើនរយជាបរិវារ រស់នៅក្នុងព្រៃ ។ ក្នុងទីមិនឆ្ងាយពីកន្លែងព្រះពោធិសត្វនោះ មានសំពោចញីមួយរស់នៅ ។ សំពោចញីនោះតែងបោកបញ្ឆោតមាន់ដ៏សេសលើកលែងតែព្រះពោធិសត្វចេញ យកមកស៊ី ។ ព្រះពោធិសត្វមិនទៅកាន់ព្រៃជាកន្លែងរបស់សំពោចញីនោះទេ ។ សំពោចញីគិតថា មាន់នេះពូកែខ្លាំងណាស់ មិនដឹងភាពជាអ្នកបោកប្រាស និងភាពជាអ្នកឈ្លាសក្នុងឧបាយកលរបស់យើង យើងនឹងលួងលោមមាន់នេះថា យើងនឹងជាភរិយារបស់លោក ដូច្នេះយើងនឹងបានស៊ីក្នុងកាលដែលមាន់នេះមក ពេលដែលវាលុះអំណាចរបស់យើង ។ សំពោចញីទៅកាន់គល់ដើមឈើដែលមាន់ពោធិសត្វទំ កាលនឹងសូមមាន់នោះ ដោយវាចាដែលជាការសរសើរខាងដើម ទើបពោលគាថាទី ១ ថា ៖ សុចិត្តបត្តឆទន, តម្ពចូឡ វិហង្គម; ឱរោហ ទុមសាខាយ, មុធា ភរិយា ភវាមិ តេ។ នែអ្នកមានខ្លួនបិទបាំង ដោយស្លាបដ៏វិចិត្រល្អ ជាសត្វមានសិរ្ស៍ក្រហម ទៅកាន់អាកាសបាន ចូរអ្នកចុះអំពីមែកឈើមក ខ្ញុំនឹងជាប្រពន្ធរបស់អ្នក ដោយទទេ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ គិតថា ញាតិទាំងអស់របស់យើង ត្រូវសំពោចញីនេះស៊ី ឥឡូវនេះ វាមកលួងលោម ដោយចង់ស៊ីយើងទៀត យើងនឹងបណ្ដេញសំពោចញីនេះ ដូច្នេះទើបពោលគាថាទី ២ ថា ចតុប្បទី ត្វំ កល្យាណិ, ទ្វិបទាហំ មនោរមេ; មិគី បក្ខី អសញ្ញុត្តា, អញ្ញំ បរិយេស សាមិកំ។ ម្នាលនាងដ៏ល្អ ជាទីត្រេកអរនៃចិត្ត នាងជាសត្វជើងបួន ខ្ញុំជាសត្វជើងពីរ ពួកម្រឹគ និងសត្វបក្សី មិនសមគ្នាទេ នាងចូរស្វែងរកសត្វឯទៀត ធ្វើជាស្វាមីចុះ ។ សំពោចញីបន្ទាប់ពីស្ដាប់ពាក្យនោះហើយ គិតថា មាន់នេះពូកែខ្លាំងណាស់ យើងនឹងបោកបញ្ឆោតដោយឧបាយយ៉ាងណាមួយ ហើយនឹងស៊ីមាន់នេះឲ្យបាន ដូច្នេះទើបពោលគាថាទី ៣ ថា កោមារិកា តេ ហេស្សាមិ, មញ្ជុកា បិយភាណិនី; វិន្ទ មំ អរិយេន វេទេន, សាវយ មំ យទិច្ឆសិ។ ខ្ញុំនៅជាកុមារី ជាស្រ្តីនិយាយពីរោះ ពោលពាក្យជាទីស្រឡាញ់ នឹងបានជា (ប្រពន្ធ) របស់អ្នក អ្នកចូរបាននូវខ្ញុំ ជាស្រ្តីល្អជាព្រហ្មចារិនី ដោយការបានដ៏ប្រសើរ ។ ពាក្យថា ដោយការបានដ៏ប្រសើរ សេចក្ដីថា សំពោចញីពោលថា ក្នុងកាលមុនអំពីពេលនេះ សូម្បីខ្ញុំក៏មិនស្គាល់សម្ផស្សបុរស ហើយអ្នកក៏មិនស្គាល់សម្ផស្សស្ត្រី ព្រោះហេតុដូច្នេះ លោកជាព្រហ្មចារីនឹងបានខ្ញុំដែលជាព្រហ្មចារី ដោយលាភដែលមិនមានទោសជាប្រក្រតី ។ បើលោកប្រាថ្នាខ្ញុំ តែមិនជឿពាក្យរបស់ខ្ញុំ លោកចូរឲ្យគេត្រាច់វាយស្គរក្នុងនគរពារាណសីដែលទំហំ ១២ យោជន៍ ប្រកាសថា សំពោចញីនេះជាទាសីរបស់ខ្ញុំ និងធ្វើខ្ញុំឲ្យទាសីរបស់ខ្លួន ហើយចូរកាន់យកចុះ ។ បន្ទាប់មក ព្រះពោធិសត្វគិតថា យើងនឹងគំរាមសំពោចញីនេះ ហើយឲ្យវារត់ទៅ ដូច្នេះទើបពោលគាថាទី ៤ ថា កុណបាទិនិ លោហិតបេ, ចោរិ កុក្កុដបោថិនិ; ន ត្វំ អរិយេន វេទេន, មមំ ភត្តារមិច្ឆសិ។ នែនាងជាសត្វស៊ីនូវសាកសព ផឹកនូវឈាម ជាចោរបៀតបៀននូវមាន់ នាងឯងមិនមែនចង់បាននូវអញធ្វើជាប្តី ដោយការបានប្រសើរទេ ។ ពាក្យថា នាងឯងមិនមែនចង់បាននូវអញធ្វើជាប្តី ដោយការបានប្រសើរទេ សេចក្ដីថា ព្រះពោធិសត្វពោលថា នាងមិនប្រាថ្នាយើងធ្វើជាប្ដី ដោយការបានដ៏ប្រសើរទេ នាងបោកបញ្ឆោត ហើយចង់ស៊ីយើង នាងចូរវិនាសទៅ ហើយក៏បានធ្វើសំពោចញីឲ្យរត់ទៅ ។ ចំណែកសំពោចញីក៏រត់បោលទៅ មិនហ៊ានសូម្បីតែក្រឡេកមើល ។ (អភិសម្ពុទ្ធគាថាសំដែងថា) ឯវម្បិ ចតុរា នារី, ទិស្វាន សធនំ នរំ; នេន្តិ សណ្ហាហិ វាចាហិ, ពិឡារី វិយ កុក្កុដំ។ នារីទាំងឡាយ ដែលមានការវាងវៃ ឃើញនូវបុរសដ៏ប្រសើរហើយ រមែងដឹកនំាដោយវាចាដ៏ពីរោះយ៉ាងនេះឯង ដូចជាសំពោចញី ប្រលោមនូវមាន់ឈ្មោល (មកធ្វើជាប្តីរបស់ខ្លួន) ។ យោ ច ឧប្បតិតំ អត្ថំ, ន ខិប្បមនុពុជ្ឈតិ; អមិត្តវសមន្វេតិ, បច្ឆា ច អនុតប្បតិ។ បុគ្គលណា មិនឆាប់យល់នូវប្រយោជន៍ ដែលកើតឡើង បុគ្គលនោះ រមែងលុះអំណាចនៃសត្រូវផង រមែងក្តៅក្រហាយ ក្នុងកាលជាខាងក្រោយផង ។ យោ ច ឧប្បតិតំ អត្ថំ, ខិប្បមេវ និពោធតិ; មុច្ចតេ សត្តុសម្ពាធា, កុក្កុដោវ ពិឡារិយា។ លុះតែបុគ្គលណា ឆាប់យល់ច្បាស់នូវប្រយោជន៍ ដែលកើតឡើង បុគ្គលនោះ រមែងរួចចាកការបៀតបៀន អំពីសត្រូវ ដូចមាន់ឈ្មោល រួចអំពីសំពោចញី ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលទីបំផុតនៃសច្ចធម៌ ឧក្កណ្ឋិតភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល ។ តទា កុក្កុដរាជា អហមេវ អហោសិំ ស្ដេចមាន់ក្នុងកាលនោះ គឺ តថាគត នេះឯង ។ កុក្កុដជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឆក្កនិបាត អាវារិយវគ្គ បិដកលេខ ៥៩ ទំព័រ ៤៨) ថ្ងៃ សុក្រ ១៤ រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១០ ខែ សីហា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕