ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវភិក្ខុដែលប្រដៅក្រមួយរូប បានត្រាស់ព្រះធម្មទេសនាមានពាក្យថា ន មេ រុចិ្ច ដូច្នេះជាដើម ។
គ្រានោះ ព្រះសាស្ដាត្រាស់ហៅភិក្ខុនោះមកហើយ ត្រាស់ថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សប្រដៅក្រ ពិតមែនឬ ? កាលភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះអង្គទើបត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងពេលនេះទេ សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សប្រដៅក្រដែរ ព្រោះអាស្រ័យភាពជាមនុស្សប្រដៅក្រ មិនស្ដាប់ពាក្យរបស់បណ្ឌិតទាំងឡាយ អ្នកបានដល់សេចក្ដីវិនាស ក្នុងមាត់ខ្យល់វេរម្ភៈ ហើយទ្រង់នាំយកអតីតនិទាន មកសម្ដែងថា
ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វត្មាត មានឈ្មោះថា អបនន្ទៈ ។ ត្មាតពោធិសត្វនោះ មានហ្វូងត្មាតជាបរិវារ នៅលើភ្នំគិជ្ឈកូដ ។ ចំណែកកូនរបស់ព្រះពោធិសត្វមានឈ្មោះថា មិគាលោបៈ ជាអ្នកដល់ព្រមដោយថាមពល ត្មាតនោះហើរខ្ពស់ឡើង កន្លងនូវដែនរបស់ត្មាតដទៃទៀត ។ ត្មាតទាំងឡាយប្រាប់ស្ដេចត្មាតថា បុត្ររបស់ព្រះអង្គហើរឆ្ងាយណាស់ ។ ព្រះពោធិសត្វនោះប្រកាស់ហៅនូវបុត្រនោះថា ម្នាលកូន បានឮថា អ្នកហើរខ្ពស់ណាស់ កាលបើអ្នកហើរខ្ពស់ អ្នកនឹងដល់នូវការអស់ជីវិត ដូច្នេះហើយ ទើបពោលគាថាទាំងឡាយ ៣ ថា
ន មេ រុច្ចិ មិគាលោប, យស្ស តេ តាទិសី គតី;
អតុច្ចំ តាត បតសិ, អភូមិំ តាត សេវសិ។
ម្នាលមិគាលោបៈ ដំណើររបស់អ្នកប្រាកដដូច្នោះ មិនពេញចិត្តអញទេ ម្នាលកូន ដ្បិតអ្នកហើរទៅខ្ពស់ពេក ម្នាលកូន អ្នកសេពគប់នូវទីមិនមែនផែនដី ។
ចតុក្កណ្ណំវ កេទារំ, យទា តេ បថវី សិយា;
តតោ តាត និវត្តស្សុ, មាស្សុ ឯត្តោ បរំ គមិ។
ផែនដីប្រាកដដល់អ្នក ដូចជាស្រែមានជ្រុង ៤ ម្នាលកូន ចូរអ្នកត្រឡប់អំពីទីនោះមកវិញ កុំទៅហួសអំពីទីនេះឡើយ ។
សន្តិ អញ្ញេបិ សកុណា, បត្តយានា វិហង្គមា;
អក្ខិត្តា វាតវេគេន, នដ្ឋា តេ សស្សតីសម។
ពួកសកុណជាតិឯទៀត មានស្លាបជាយាន ទៅកាន់អាកាស ពួកសត្វទាំងនោះ សម្គាល់ខ្លួនថា ស្មើដោយវត្ថុដ៏ទៀងទាត់ ត្រូវកម្លាំងខ្យល់បក់បោកវិនាស ។
គប្បីជ្រាបវិនិច្ឆ័យក្នុងបទទាំងនោះ ត្មាតបិតាហៅកូនដោយឈ្មោះថា មិគាលោបៈ ។ បទថា អតុច្ចំ តាត បតសិ សេចក្ដីថា ម្នាលកូន អ្នកកុំហើរខ្ពស់ពេក កន្លងដែនរបស់ត្មាតដទៃឡើយ ។ ត្មាតបិតាប្រាប់ដែនដល់កូន ដោយពាក្យនេះថា ចតុក្កណ្ណំវ កេទារំ គឺដូចស្រែ មាន ៤ ជ្រុង អធិប្បាយថា កូនអើយ កាលផែនដីដ៏ធំនេះហាក់ដូចជាស្រែ ៤ ជ្រុង ដល់អ្នកហើយ គឺប្រាកដដូចជាតូចយ៉ាងនោះ កាលនោះអ្នកគួរត្រឡប់ អំពីឋានៈដែលមានសភាពដូចនោះ អ្នកកុំទៅទៀតឡើយ ។ បទថា សន្តិ អញ្ញេបិ សេចក្ដីថា មិនមែនតែអ្នកប៉ុណ្ណោះសូម្បីត្មាតទាំងឡាយដទៃ ក៏ធ្វើយ៉ាងនោះ ។ បទថា អក្ខិត្តា សេចក្ដីថា សូម្បីត្មាតទាំងនោះ កន្លងនូវដែនរបស់យើង ទៅហើយ ត្រូវកម្លាំងខ្យល់កន្ត្រាក់ហើយ ក៏វិនាស ។ បទថា
សស្សតីសមា សេចក្ដីថា ពួកវាសម្គាល់ខ្លួនថា ជាអ្នកស្មើដោយផែនដី និងភ្នំទាំងឡាយដែលជាវត្ថុទៀងទាត់ សូម្បីតែមិនអាចបំពេញនូវអាយុដែលមានបរិមាណ ១០០០ ឆ្នាំរបស់ខ្លួន, បានវិនាសហើយ នៅរវាងនោះ ។
មិគាលោបៈមិនធ្វើនូវពាក្យរបស់បិតាព្រោះភាពជាអ្នកមិនស្ដាប់ឱវាទ កាលហើរទៅ បានឃើញនូវដែនតាមដែលបិតាប្រាប់ហើយ នៅតែហើរកន្លងដែននោះទៅ ក៏ដល់ខ្យល់ កាលវាត (ខ្យល់រដូវកាល) ហើយទន្លុះខ្យល់សូម្បីនោះ ហើរស្ទុះទៅកាន់មុខខ្យល់វេរម្ភៈ លំដាប់នោះ ខ្យល់វេរម្ភៈក៏ប្រហារនូវមិគាលោបៈនោះ ។ មិគាលោបៈគ្រាន់តែត្រូវខ្យល់ វេរម្ភៈនោះប្រហារហើយ ក៏ដាច់ជាបំណែកតូចធំ វិនាសទៅក្នុងអាកាសនោះឯង ។ ដោយហេតុនោះ ព្រះសម្មាសម្ពុទ្ធទើបសម្ដែងថា
អកត្វា អបនន្ទស្ស, បិតុ វុទ្ធស្ស សាសនំ;
កាលវាតេ អតិក្កម្ម, វេរម្ភានំ វសំ អគា។
មិគលោបៈ មិនធ្វើតាមពាក្យប្រដៅរបស់បិតាចាស់ ឈ្មោះអបនន្ទៈ ហើរកន្លងនូវខ្យល់
រដូវកាល បានទៅដល់អំណាចនៃខ្យល់ព្យុះ ។
តស្ស បុត្តា ច ទារា ច, យេ ចញ្ញេ អនុជីវិនោ;
សព្ពេ ព្យសនមាបាទុំ, អនោវាទករេ ទិជេ។
កូនក្តី ប្រពន្ធក្តី ឬសត្វឯទៀត ជាអ្នកចិញ្ចឹមជីវិត តាមមិគាលោបៈនោះ ពួកសត្វស្លាបទំាងអស់ ក៏ដល់នូវសេចក្តីវិនាស ព្រោះទិជជាតិ (សត្វដែលកើតក្នុវារៈពីរដងបានដល់សត្វជាអណ្ឌជកំណើតមានសត្វស្លាបជាដើម) មិនធ្វើតាមឱវាទ ។
ឯវម្បិ ឥធ វុទ្ធានំ, យោ វាក្យំ នាវពុជ្ឈតិ;
អតិសីមចរោ ទិត្តោ, គិជ្ឈោវាតីតសាសនោ;
សព្ពេ ព្យសនំ បប្បោន្តិ, អកត្វា វុទ្ធសាសនំ។
បុគ្គលណា មិនយល់នូវពាក្យ របស់បុគ្គលចាស់ទុំ ក្នុងលោកនេះ បុគ្គលនោះ
(ដល់នូវសេចក្តីវិនាស) ដូចជាត្មាតកន្លងពាក្យប្រៀនប្រដៅ ជាសត្វភ្លើតភ្លើនត្រាច់ទៅ កាន់ទីហួសដែន ជនទាំងអស់ដល់នូវសេចក្តីវិនាស ព្រោះមិនធ្វើតាមពាក្យប្រដៅរបស់ព្រះពុទ្ធ ។
គាថាទាំងឡាយ ៣ នេះ ជាអភិសម្ពុទ្ធគាថា ។ បណ្ដាបទទាំងនោះ បទថា អនុជីវិនោ បានដល់ ត្មាតដែលអាស្រ័យត្មាតមិគាលោបៈនោះ ។ បទថា អនោវាទករេ ទិជេ សេចក្ដីថា កាលត្មាតមិគាលោបៈនោះ មិនធ្វើតាមឱវាទ ត្មាតទាំងនោះហើរទៅជាមួយត្មាតមិគាលោបៈនោះកន្លងនូវដែន ដល់នូវសេចក្ដីវិនាស ។ បទថា ឯវម្បិ សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ ត្មាតនោះដល់សេចក្ដីវិនាសហើយយ៉ាងណា សូម្បីអ្នកដទៃណា ជាគ្រហស្ថក្ដី ជាបព្វជិតក្ដី ក៏យ៉ាងនោះដូចគ្នា មិនកាន់នូវពាក្យរបស់បណ្ឌិតទាំងឡាយ ដែលជាអ្នកអនុគ្រោះដល់សេចក្ដីចម្រើន សូម្បីអ្នកនោះនឹងវិនាសដូចត្មាតនេះ ដែលត្រាច់ទៅកន្លងនូវដែន ជាអ្នករឹងរូសនោះឯង ។
ព្រះសាស្ដា កាលនាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ ហើយប្រជុំជាតកថា
តទា មិគាលោបោ ទុព្ពចភិក្ខុ អហោសិ ត្មាតមិគាលោបៈក្នុងកាលនោះ បានមកជា ភិក្ខុប្រដៅក្រនេះ ។
អបនន្ទោ បន អហមេវ អហោសិំ ចំណែកស្ដេចត្មាតឈ្មោះអបនន្ទៈ គឺ តថាគត នេះឯង ។
ចប់ មិគាលោបជាតក ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឆក្កនិបាត អវារិយវគ្គ បិដកលេខ ៥៩ ទំព័រ ៤៣ )
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ