អានអត្ថបទ
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ៣២,៣៦១ ដង)
រឿងរុថកាប្រេត

|
រឿងរុថកាប្រេត
(ចាក ធ. ខុ.) (ផលល្អនិងអាក្រក់តែងជ្រៀតជ្រែកឲ្យផលតាមកម្លាំងរបស់ខ្លួន) មានសេចក្តីដំណាលថា ក្នុងសាសនាព្រះពុទ្ធព្រះនាមកស្សបៈមានស្រ្តីម្នាក់មានសទ្ធាជ្រះថ្លាក្នុងព្រះរតនត្រ័យ បានកសាងអារាម១ ប្រគេនព្រះភិក្ខុសង្ខឲ្យគង់នៅជាសប្បាយ ព្រមទាំងចង្ហាន់ដ៏ត្រកាលជាប្រក្រតី ។ លុះចំណេរចីរកាលតទៅ នាងក៏ធ្វើកាលកិរិយាដោយផលកម្មអកុសល ដែលនាងបានធ្វើបីជាតិមុនចូលមកជ្រៀតជ្រែកនាំវិញ្ញាណនាងឲ្យទៅកើតជាវិមានប្រេត មានឳទ្យានដូចស្ថានសួគ៌ប្រកបដោយស្រះបោក្បណី ៤ជ្រុង ដ៏មានកំពស់រាបស្មើសប្បាពណ្ណរាយ ដោយអានុភាពនៃបុណ្យដែលនាងបានកសាងអារាម១ ប្រគេនដល់ភិក្ខុសង្ឃ ។ ឯរូបនាង មានសម្បុរល្អដូចរស្មីមាស ប្រាសចាកមន្ទិល ប្រៀបបាននឹងលំអរស្រីទេពអប្សរសោយសម្បត្តិនៅទីនោះ ព្រោះកុសលតាក់តែងពុំឲ្យមានទុក្ខ ។ ប៉ុន្តែប្រាសចាកកាមសុខ ត្បិតពុំមានបុរសម្នាក់ ក៏បណ្តាលឲ្យក្តៅក្រហាយក្នុងចិត្ត ទើបនាងវិមានប្រេតគិតរកឧបាយបេះផ្លែស្វាយទិព្វ បោះបណ្តែតឲ្យរសាត់តាមទឹកហូរក្នុងស្ទឹងនោះ ។ លំដាប់នោះ មានមាណពម្នាក់នៅក្នុងនគរពារាណសី ចេញពីផ្ទះចុះទៅកំពង់ទឹក ឃើញផ្លែស្វាយទិព្វ១អណ្តែតទៅដល់ ក៏រើសយកមកពិចារណាដឹងស្គាល់ជាផ្លែស្វាយទិព្វ ទើបបុរសនោះបរិភោគ ក៏មានឱជារសឆ្ងាញ់ពិសាប្លែកពីធម្មតា ហើយរៀបស្បៀងអាហារអម្រស់អម្រដើរតាមមាគ៌ាឆ្ពោះទៅព្រៃហេមពាន្ត លុះទៅដល់ហើយ នាងវិមានប្រេតចេញមកសួរទទួលនាំទៅវិមាន ឲ្យអង្គុយលើគ្រែបន្ទំសមរម្យ រួមរក្សស្នេហាតាមប្រពៃណីស្រ្តីនិងបុរសក្នុងលោក ។ កាលបុរសនោះឃើញទិព្វសម្បត្តិស្ថានលំនៅនៃវិមានប្រេតស្រណុកសុខសប្បាយ ទើបសួរដណ្តឹងថាម្នាលប្អូនស្រីសម្លាញ់ នាងមានឬទ្ធានុភាពដូចស្រីទេពអប្សរប្រាង្គប្រាសាទវិមានភ្លឺស្វាងរុងរឿង ដោយកែវពៃទូរ្យសូរកាន្ត ភ្លឺដូចព្រះច័ន្ទពេញបូណ៌មីហើយនាងស្រីក៏ល្អដូចមាសជម្ពូនុទបរិសុទ្ធ ផុតចាកមន្ទិលសៅហ្មង តែងនាំចិត្តបុរសឲ្យត្រេកត្រអាល ហើយគង់នៅលើប្រាសាទនោះតែម្នាក់ឯងកណ្តោចកណ្តែង កំព្រាឥតមានបុរសណាជាស្វាមីមានស្រះបោក្ខណីប្រកបដោយជលជាត ដុះពេញត្រៀបត្រាមានហ្វូងបក្សាបក្សីស្រែកយំទ្រហឹងអឹងកងរំពងព្រៃ ដូចជាដូរព្រៃ ដូចជាដូរ្យតន្ត្រី ទាំងប្អូនស្រីមានមុខញញឹមស្រស់ប្រិមប្រិយ សំដីនោះពិរោះយើងបានឃើញហើយតាមចិត្តគិតចង់មកកើតនៅទីនេះ តើធ្វើដូម្តេចនឹងបានសម្រេចដូចប្រាថ្នា? ។ នាងវិមានប្រេតស្តាប់ហើយឆ្លើយថា ហៃមាណព បើអ្នកចង់មកកើតនៅទីនេះចូរសង្វាតបំពេញកុសល លុះអស់ជីវិតទៅ អ្នកនឹងបានមកកើតនៅទីនេះបានត្រេកត្រអាលសប្បាយជាមួយនឹងយើងពុំខានឡើយ ។ ឯមាណពបានស្តាប់ពាក្យនាងប្រេតប្រាប់ដូច្នើ ក៏មានចិត្តត្រេកអរមហិមា លាវិលវិញទៅកាន់ស្ថានលំនៅរបស់ខ្លួនវិញ ហើយធ្វើបុណ្យកុសលតំកល់ចិត្តគិតចង់បាននាងប្រេតនោះ លុះអស់អាយុសង្ខារពីមនុស្សលោក ក៏បានកើតក្នុងរមានរួមមគ្គសំវាស ជាមួយនឹងនាងប្រេតនោះដរាបដល់អស់កំណត់កុសលផលបុណ្យដែលខ្លួនបានធ្វើនោះហោង ។ នាងប្រេតបាននៅទីនោះអស់កម្លុងកាលដ៏យូរ ១ ពុទ្ធន្តរ ដរាបដល់សាសនាព្រះសមណគោតមបរមគ្រូព្រះអង្គបានត្រាស់ប្រាជ្ញាពេជ្ញតាញាណក្នុងលោកនេះ ។ សម័យថ្ងៃមួយ ព្រះមហាមោគ្គោលាន ដ៏មានអាយុលោកនិមន្តទៅដល់ភ្នំនោះបានឃើញនាងវិមានប្រេត ស្ថិតនៅលើវិមានឋានទិព្វប្រដាប់សឹងកែវពៃទូរ្យ ទើបលោកដណ្តឹងសួរថា វិមាននេះរស្មីរុងរឿង ថ្កើងថ្កាន តើនាងបានធ្វើកម្មដូម្តេចពីជាតិមុនទើបបានកើតនៅក្នុងវិមាននេះ ? នាងវិមានប្រេតប្រាប់បុព្វកម្មដែលនាងបានធ្វើពីជាតិមុនទូលព្រះមហាថេរសព្វគ្រប់ប្រការ ។ ទើបព្រះមហាមោគ្គោលានដ៏មានអាយុត្រឡប់នាំយករឿងនោះទៅក្រាបទូលព្រះបរមសាស្តា ព្រះអង្គទ្រង់ប្រជុំបរិស័ទសំដែងធម៌ទេសនាប្រារព្ធយករឿងប្រេតនោះជាហេតុលុះចប់ព្រះធម៌ទេសនា បរិស័ទទាំងឡាយបានសម្រេចមគ្គផលតាមឧបនិស្ស័យវាសនារៀងៗខ្លួន ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |