អានអត្ថបទ
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២១ (អាន: ១០,៩៤៥ ដង)
អម្ពជាតក

|
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធទេវទត្ត បានត្រាស់ព្រះធម្ម-ទេសនានេះ មានពាក្យថា អហាសិ មេ អម្ពផលានិ បុព្ពេ ដូច្នេះជាដើម ។
ពិតមែនហើយ ទេវទត្តលះបង់អាចារ្យថា យើងនឹងជាព្រះពុទ្ធ ព្រះសមណគោតមមិនមែនជាអាចារ្យ មិនមែនជាឧបជ្ឈាយ៍របស់យើងទេ ដូច្នេះហើយ ជាអ្នកសាបសូន្យចាកឈាន ទម្លាយនូវសង្ឃ កាលមកកាន់ក្រុងសាវត្ថីដោយលំដាប់ ពេលនៅក្រៅវត្តជេតពន ត្រូវផែនដីឲ្យចន្លោះ (ផែនដីស្រូប) បានចូលទៅកាន់អវីចិមហានរក ។ គ្រានោះ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តលះបង់អាចារ្យ ហើយដល់នូវសេចក្ដីវិនាសធំ និងបានកើតក្នុងអវីចិមហានរក ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរ ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយកថាអ្វី ? កាលភិក្ខុទាំងឡាយទូលថា ដោយកថាឈ្មោះនេះ ដូច្នេះហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏លះបង់អាចារ្យហើយដល់នូវសេចក្ដីវិនាសធំដែរ ហើយព្រះអង្គនាំយកអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ។ (ក្នុងកាលនោះ) ត្រកូលបុរោហិតរបស់ព្រះបាទព្រហ្មទត្តនោះវិនាសដោយអហិវាតរោគ (រោគកើតអំពីខ្យល់មានពិសដូចជាពិសនៃពស់) ។ បុត្រប្រុសមួយប៉ុណ្ណោះ បានទម្លាយជញ្ជាំងហើយរត់ទៅ ។ បុត្រនោះបានទៅនគរតក្កសិលា ហើយរៀននូវត្រៃវេទ និង សិល្បសាស្ត្រដ៏សេស ក្នុងសម្នាក់អាចារ្យទិសាបាមោក្ខ (អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ សម្រាប់ប្រើតាមជាន់ តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស គ្រប់ប្រទេស បានមិនទើសទាក់) (កាលរៀនចប់ហើយ) ក៏ថ្វាយបង្គំអាចារ្យ កាលចេញទៅ បានគិតថា យើងនឹងដឹងនូវទំនៀមទម្លាប់របស់ប្រទេស (ផ្សេងៗ) ដូច្នេះហើយ ទើបត្រាច់ទៅ ហើយដល់បច្ចន្តនគរមួយ ។ មានមហាចណ្ឌាលគ្រាម (ស្រុករបស់មនុស្សវណ្ណៈចណ្ឌាលដ៏ធំ) មួយអាស្រ័យនឹងនគរនោះ ។ ក្នុងកាលនោះ ព្រះពោធិសត្វអាស្រ័យនៅក្នុងស្រុកនោះ លោកជាបណ្ឌិត ឈ្លាសវៃ ចេះនូវផលគណ្ហាបនមន្ត (មន្តដែលធ្វើឲ្យស្វាយចេញផ្លែក្នុងកាលមិនមែនរដូវ) ។ ព្រះពោធិសត្វក្រោកឡើងអំពីព្រលឹម កាន់យកអម្រែក ចេញអំពីស្រុកនោះ ចូលទៅកាន់ដើមស្វាយមួយក្នុងព្រៃ ឈរឋិតនៅក្នុងទីបំផុតប្រមាណ ៧ ជំហាន ហើយរាយមន្តនោះ ប្រោសដោយទឹកមួយទូកដៃដាក់ដើមស្វាយ ។ ក្នុងខណៈនោះឯង ស្លឹកចាស់ទាំងឡាយធ្លាក់ចុះអំពីដើម ស្លឹកថ្មីទាំងឡាយក៏តាំងឡើង ផ្កាទាំងឡាយចេញហើយជ្រុះចុះ ផ្លែស្វាយទាំងឡាយបានតាំងឡើង ហើយទុំដោយពេលមួយរំពេច (ផ្លែស្វាយនោះ) មានឱជារសផ្អែមដូចឱជារសជាទិព្វ ហើយជ្រុះអំពីដើម ។ ព្រះមហាសត្វរើសផ្លែស្វាយទាំងនោះ មកបរិភោគដរាបដល់សេចក្ដីត្រូវការ រួចដាក់ឲ្យពេញអម្រែក ទៅកាន់ផ្ទះ លក់ផ្លែស្វាយទាំងនោះ ចិញ្ចឹមកូនប្រពន្ធ ។ ព្រាហ្មណកុមារនោះ បានឃើញព្រះមហាសត្វដែលនាំផ្លែស្វាយទុំមិនមែនរដូវកាលមកលក់យ៉ាងនេះ គិតថា ផ្លែស្វាយទាំងនោះ ពិតជាកើតឡើងដោយកម្លាំងនៃមន្ត ដោយឥតសង្ស័យ យើងអាស្រ័យបុរសនេះ នឹងបានមន្តដែលមានតម្លៃកាត់ថ្លៃពុំបាន គិតដូច្នេះហើយ បានកំណត់ផ្លូវដែលព្រះមហាសត្វនាំផ្លែស្វាយមក បានដឹងច្បាស់ហើយក៏ទៅកាន់ផ្ទះរបស់ព្រះមហាសត្វ ក្នុងពេលដែលព្រះមហាសត្វមិនទាន់មកអំពីព្រៃ គេធ្វើដូចជាមិនដឹង សួរភរិយារបស់ព្រះពោធិសត្វថា លោកអាចារ្យទៅណា ? កាលភរិយារបស់ព្រះពោធិសត្វប្រាប់ថា ទៅព្រៃ ទើបឈរចាំ កាលឃើញព្រះពោធិសត្វកំពុងដើរមក ក៏ទៅទទួលអម្រែកអំពីដៃ នាំទៅដាក់ក្នុងផ្ទះ ។ ព្រះមហាសត្វសម្លឹងមើលព្រាហ្មណកុមារនោះ ហើយពោលនឹងភរិយាថា ហៃអូនដ៏ចម្រើន មាណពនេះមកដើម្បីប្រយោជន៍ដល់មន្ត តែមន្តនេះនឹងវិនាសក្នុងដៃរបស់មាណពនោះ ព្រោះគេជាអសប្បុរស ។ ចំណែកមាណពគិតថា យើងធ្វើជាអ្នកមានឧបការៈដល់ អាចារ្យហើយនឹងបាននូវមន្តនេះ គិតដូច្នេះហើយ ចាប់តាំងអំពីពេលនោះមក បានធ្វើកិច្ចគ្រប់ទាំងពួងក្នុងផ្ទះរបស់អាចារ្យនោះ ។ គេបាននាំមកនូវឧស បុកស្រូវ ចម្អិនភត្ត ឲ្យឈើស្ទន់និងទឹកលុបមុខជាដើម ហើយនិងជ្រះជើង ។ ថ្ងៃមួយ ព្រះមហាសត្វពោលនឹងគេថា នែមាណព អ្នកចូរឲ្យគ្រឿងទ្រជើងគ្រែដល់យើង ។ មាណពនោះកាលមិនឃើញវត្ថុដទៃ ទើបយកភ្លៅកល់ ហើយអង្គុយរហូតភ្លឺ ។ ក្នុងកាលខាងក្រោយមកទៀត ភរិយារបស់ព្រះមហាសត្វប្រសូតបុត្រ ។ ព្រាហ្មណ៍នោះបានធ្វើការបរិកម្មទាំងពួងក្នុងវេលាប្រសូតបុត្ររបស់នាង ។ ថ្ងៃមួយ ភរិយាពោលនឹងព្រះមហាសត្វថា បពិត្រស្វាមី មាណពនេះ ជាអ្នកដល់ព្រមដោយជាតិ គេធ្វើការបម្រើដល់ពួកយើង ដើម្បីប្រយោជន៍ដល់មន្ត មន្តនឹងតាំងនៅក្នុងដៃរបស់គេ ឬមិនតាំងនៅក៏ដោយចុះ សូមបងឲ្យមន្តដល់គេផង ។ ព្រះពោធិសត្វទទួលថា ល្អ ដូច្នេះហើយ ក៏បានឲ្យមន្តដល់ព្រាហ្មណ៍នោះ រួចពោលយ៉ាងនេះថា នែអ្នក មន្តនេះមានតម្លៃកាត់ថ្លៃពុំបាន មហាលាភសក្ការៈនឹងកើតមានដល់អ្នក ព្រោះអាស្រ័យមន្តនេះ, តែក្នុងវេលាដែលត្រូវព្រះរាជា ឬ រាជមហាមាត្យសួរថា អ្នកណាជាអាចារ្យរបស់អ្នក ? អ្នកចូរកុំបិទបាំងយើង បើអ្នក (ខ្លាច) ខ្មាស់ដោយគិតថា មន្តនេះយើងរៀនអំពីសម្នាក់មនុស្សចណ្ឌាល ដូច្នេះហើយពោលថា ព្រាហ្មណមហាសាលជាអាចារ្យរបស់ខ្ញុំ ដូច្នេះ ផលរបស់មន្តនេះនឹងមិនមានឡើយ ។ ព្រាហ្មណ៍នោះពោលថា ព្រោះហេតុអ្វី ខ្ញុំត្រូវបិទបាំងលោក បើមានគេសួរ ខ្ញុំនឹងប្រាប់ថា លោកប៉ុណ្ណោះ (ជាអាចារ្យ) លុះពោលយ៉ាងនេះហើយ ក៏ថ្វាយបង្គំព្រះពោធិសត្វ ហើយចេញចាកចណ្ឌាលគ្រាមនោះ ពិចារណាមន្ត បានទៅដល់នគរពារាណសីដោយលំដាប់ ហើយលក់ផ្លែស្វាយ បានទ្រព្យយ៉ាងច្រើន ។ ថ្ងៃមួយ នាយឧទ្យានបាល បានទិញផ្លែស្វាយអំពីដៃរបស់ព្រាហ្មណ៍នោះ យកទៅថ្វាយព្រះរាជា ។ ព្រះរាជាសោយផ្លែស្វាយនោះហើយសួរថា ម្នាលសម្លាញ់ អ្នកមានផ្លែស្វាយដែលមានសភាពបែបនេះអំពីណា ? នាយឧទ្យានទូលថា បពិត្រទេវៈ មានមាណពម្នាក់នាំផ្លែស្វាយដែលមិនមែនរដូវកាល មកលក់ ផ្លែស្វាយនោះ ទូលព្រះបង្គំកាន់យកអំពីគេនោះ ។ ព្រះរាជាត្រាស់នឹងនាយឧទ្យានបាលឲ្យទៅប្រាប់គេថា ចាប់តាំងពីពេលនេះទៅ អ្នកចូរនាំផ្លែស្វាយមកទីនេះ ។ នាយឧទ្យានបាលបានធ្វើយ៉ាងនោះ ។ ចាប់តាំងពីពេលនោះមក មាណពក៏បាននាំផ្លែស្វាយមកកាន់រាជត្រកូល ។ លំដាប់នោះ កាលព្រះរាជាត្រាស់ថា អ្នកចូរទំនុកបម្រុងយើង ដូច្នេះហើយ កាលបានទំនុកបម្រុងព្រះរាជា មាណពក៏បានទ្រព្យដ៏ច្រើន ហើយក្លាយជាអ្នកស្និទ្ធស្នាល (នឹងព្រះរាជា) ដោយលំដាប់ ។ លំដាប់នោះ ក្នុងថ្ងៃមួយ ព្រះរាជាសួរថា នែមាណព អ្នកបានផ្លែស្វាយដែលបរិបូណ៌ដោយពណ៌ ក្លិន និងរសយ៉ាងនេះ ក្នុងកាលមិនមែនរដូវ មកពីណា នាគ គ្រុឌ ទេវតា ឬ អ្នកណាមួយឲ្យដល់អ្នក ឬក៏ទាំងនេះជាកម្លាំងនៃមន្ត ? មាណពទូលថា បពិត្រមហារាជ គ្មានអ្នកណាឲ្យដល់ខ្ញុំទេ តែមន្តដែលមានតម្លៃកាត់ថ្លៃពុំបាន មានដល់ខ្ញុំ ទាំងនេះជាកម្លាំងនៃមន្តនោះ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះ សូម្បីយើងក៏ប្រាថ្នាមើលនូវកម្លាំងនៃមន្តរបស់អ្នក មួយថ្ងៃ ។ មាណពនោះទូលថា ប្រពៃណាស់ ព្រះអង្គ ទូលព្រះបង្គំនឹងសម្ដែង (ថ្វាយ) ។ ក្នុងថ្ងៃស្អែក ព្រះរាជាស្ដេចយាងទៅកាន់ឧទ្យានមួយអន្លើដោយមាណពនោះ ហើយត្រាស់ថា អ្នកចូរសម្ដែងចុះ ។ មាណពទូលថា ល្អ ហើយចូលទៅកាន់ដើមស្វាយ ឈរឋិតនៅក្នុងទីបំផុតប្រមាណ ៧ ជំហាន រាយមន្ត ហើយប្រោសដោយទឹក ។ ក្នុងខណៈនោះ ដើមស្វាយចេញផ្លែ ដូចដែលពោលហើយខាងដើមនោះឯង ភ្លៀងគឺផ្លែស្វាយបានបង្អុរដូច មហាមេឃញ៉ាំងភ្លៀងធ្លាក់ចុះ ។ មហាជនឲ្យសាធុការ ការក្រាលសំពត់បានប្រព្រឹត្តទៅ ។ ព្រះរាជាសោយផ្លែស្វាយហើយ ប្រទានទ្រព្យជាច្រើនដល់មាណពនោះ រួចសួរថា នែមាណព អច្ឆរិយមន្តដែលមានសភាពបែបនេះ អ្នកកាន់យកក្នុងសម្នាក់អ្នកណា ? មាណពគិតថា បើយើងទូលថា ក្នុងសម្នាក់មនុស្សចណ្ឌាល នឹងត្រូវអៀនខ្មាស ហើយមនុស្សទាំងឡាយនឹងតិះដៀលយើង ចំណែកមន្តនេះ ស្ទាត់ជំនាញដល់យើងហើយ ឥឡូវនេះ មន្តនឹងមិនវិនាស យើងនឹងអាងនូវអាចារ្យទិសាបាមោក្ខ លុះគិតដូច្នេះហើយ ទើបធ្វើនូវមុសាវាទ ដោយពោលថា មន្តនេះខ្ញុំព្រះអង្គកាន់យក ក្នុងសម្នាក់អាចារ្យទិសាបាមោក្ខ ក្នុងនគរតក្កសិលា ហើយធ្វើនូវការលះបង់អាចារ្យ (របស់ខ្លួន) ។ មន្តក៏អន្តរធានទៅក្នុងខណៈនោះឯង ។ ព្រះរាជាមានសេចក្ដីសោមនស្ស នាំមាណពចូលកាន់នគរ ។ ថ្ងៃស្អែកឡើង ទ្រង់គិតថា យើងសោយផ្លែស្វាយ ដូច្នេះហើយបានទៅកាន់ឧទ្យាន គង់លើខ្នងមង្គលសិលា ត្រាស់ថា នែមាណព ចូរនាំផ្លែស្វាយមក ។ មាណពទទួលថា ល្អ ដូច្នេះហើយ ក៏ចូលទៅកាន់ដើមឈើ ឈរឋិតនៅក្នុងទីបំផុតប្រមាណ ៧ ជំហាន រួចគិតថា យើងនឹងរាយមន្ត ។ តែមន្តមិនបានប្រាកដសោះ ក៏ដឹងនូវភាពដែលខ្លួនសាបសូន្យចាកមន្តនោះហើយ ទើបឈរនៅ ដោយសេចក្ដីអៀនខ្មាស់ ។ ព្រះរាជាត្រិះរិះថា ថ្ងៃមុន មាណពនេះនាំផ្លែស្វាយមកឲ្យយើងក្នុងកណ្ដាលបរិស័ទនេះឯង បានញ៉ាំងភ្លៀងគឺផ្លែស្វាយឲ្យធ្លាក់ចុះ ដូចជាភ្លៀងព្រិល ឥឡូវនេះ ឈរនៅ ដូចជាដុំថ្ម ហេតុអ្វីហ៎្ន ដូច្នេះហើយ កាលនឹងសួរ ទើបត្រាស់ព្រះគាថាទី ១ ថា អហាសិ មេ អម្ពផលានិ បុព្ពេ, អណូនិ ថូលានិ ច ព្រហ្មចារិ; តេហេវ មន្តេហិ ន ទានិ តុយ្ហំ, ទុមប្ផលា បាតុភវន្តិ ព្រហ្មេ។ នែអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ កាលពីដើម អ្នកបានយកផ្លែស្វាយទាំងឡាយ តូចក៏មាន ធំក៏មាន មកឲ្យយើង នែព្រាហ្មណ៍ ឥឡូវនេះ ផ្លែឈើទាំងឡាយ មិនកើតប្រាកដ ដោយមន្តទាំងឡាយរបស់អ្នកនោះ ។ បណ្ដាបទទាំងនោះ បទថា អហាសិ ប្រែថា នាំមកហើយ ។ បទថា ទុមប្ផលា ប្រែថា ផ្លែឈើទាំងឡាយ ។ មាណពស្ដាប់ពាក្យនោះហើយ គិតថា បើយើងនឹងទូលថា ថ្ងៃនេះ ខ្ញុំនឹងកាន់យកផ្លែស្វាយ ថ្វាយមិនបាន ដូច្នេះ ព្រះរាជាពិតជាក្រោធនឹងយើង យើងនឹងបោកបញ្ឆោតព្រះអង្គដោយមុសាវាទ គិតដូច្នេះហើយ ទើបពោលគាថាទី ២ ថា នក្ខត្តយោគំ បដិមានយាមិ, ខណំ មុហុត្តញ្ច មន្តេ ន បស្សំ; នក្ខត្តយោគញ្ច ខណញ្ច លទ្ធា, អទ្ធា ហរិស្សម្ពផលំ បហូតំ។ ខ្ញុំព្រះអង្គរាប់អាននូវការប្រកបដោយនក្ខត្តឫក្ស ខ្ញុំព្រះអង្គមើលឃើញដោយមន្ត តែមួយពេល មួយស្របក់ ខ្ញុំព្រះអង្គបាននូវការប្រកបដោយនក្ខត្តឫក្ស និងពេលហើយ សឹមខ្ញុំព្រះអង្គ នាំយកផ្លែស្វាយឲ្យបានច្រើន មកថា្វយព្រះអង្គ ពុំខានឡើយ ។ បណ្ដាបទទាំងនោះ បទថា អទ្ធា ហរិស្សម្ពផលំ ប្រែថា ខ្ញុំព្រះអង្គនឹងនាំផ្លែស្វាយមកយ៉ាងពិតប្រាកដ ។ ព្ររាជាគិតថា មាណពនេះ ក្នុងកាលដទៃមុន មិនពោលនូវការប្រកបដោយនក្ខត្តឫក្ស ចុះកាលនេះជាអ្វី ដូច្នេះហើយ កាលនឹងសួរ ទើបត្រាស់ព្រះគាថាទាំងឡាយ ២ ថា នក្ខត្តយោគំ ន បុរេ អភាណិ, ខណំ មុហុត្តំ ន បុរេ អសំសិ; សយំ ហរី អម្ពផលំ បហូតំ, វណ្ណេន គន្ធេន រសេនុបេតំ។ កាលពីដើម អ្នកមិនបាននិយាយអាងនូវការប្រកបដោយនក្ខត្តឫក្ស ពីដើមមិនឃើញរកពេល រកស្របក់ តែអ្នកបានយកផ្លែស្វាយដ៏ច្រើន ដែលបរិបូណ៌ ដោយពណ៌ ដោយក្លិន ដោយរស (មកឲ្យយើង) ។ មន្តាភិជប្បេន បុរេ ហិ តុយ្ហំ, ទុមប្ផលា បាតុភវន្តិ ព្រហ្មេ; ស្វាជ្ជ ន បារេសិ ជប្បម្បិ មន្តំ, អយំ សោ កោ នាម តវជ្ជ ធម្មោ។ នែព្រាហ្មណ៍ កាលពីដើម ផ្លែឈើទាំងឡាយ រមែងកើតប្រាកដ ដោយការសូធ្យសែកមន្តរបស់អ្នក ថ្ងែនេះ អ្នកមិនសូធ្យសែកមន្ត តើធម្មតា របស់អ្នក ក្នុងថ្ងែនេះ ដូចម្តេច ។ បណ្ដាបទទាំងនោះ បទថា ន បារេសិ ប្រែថា រមែងមិនអាច ។ បទថា ជប្បម្បិ សេចក្ដីថា សូម្បីកាលពោល សូម្បីរាយមន្ត ។ បទថា អយំ សោ សេចក្ដីថា សភាពរបស់អ្នកជាយ៉ាងណាក្នុងថ្ងៃនេះ ។ មាណពស្ដាប់ពាក្យនោះហើយ គិតថា យើងមិនអាចនឹងបោកបញ្ឆោតព្រះរាជាដោយមុសាវាទ បើយើងពោលសភាពរបស់យើង ព្រះរាជាគប្បីធ្វើអាជ្ញា សូមទ្រង់ធ្វើចុះ យើងពោលសភាពរបស់យើង គិតយ៉ាងនេះហើយ ទើបពោលគាថាទាំងឡាយ ២ ថា ចណ្ឌាលបុត្តោ មម សម្បទាសិ, ធម្មេន មន្តេ បកតិញ្ច សំសិ; មា ចស្សុ មេ បុច្ឆិតោ នាមគោត្តំ, គុយ្ហិត្ថោ អត្ថំ វិជហេយ្យ មន្តោ។ កូនចណ្ឌាលបានឲ្យមន្តទាំងឡាយ ដល់ខ្ញុំព្រះអង្គ ដោយធម៌ ទាំងបាននិយាយប្រាប់ នូវប្រក្រតី គឺសេចក្តីវិនាសនៃមន្តទាំងឡាយថា បើមានគេសួរ អ្នកកុំលាក់នាម និងគោត្ររបស់ខ្ញុំ កុំឲ្យមន្តលះបង់អ្នកបាន ។ សោហំ ជនិន្ទេន ជនម្ហិ បុដ្ឋោ, មក្ខាភិភូតោ អលិកំ អភាណិំ; ‘មន្តា ឥមេ ព្រាហ្មណស្សា’តិ មិច្ឆា, បហីនមន្តោ កបណោ រុទាមិ។ ខ្ញុំព្រះអង្គដែលព្រះជនិន្ទ្រាធិរាជសួរក្នុងប្រជុំជននោះ មានសេចក្តីលុបគុណគេគ្របសង្កត់ បានក្រាបទូលពាក្យកុហក ជាពាក្យខុសថា មន្តទាំងឡាយនេះ ជារបស់ព្រាហ្មណ៍ ខ្ញុំព្រះអង្គមានមន្តសាបសូន្យ ជាបុគ្គលកំព្រាយំទួញ ។ បណ្ដាបទទាំងនោះ បទថា ធម្មេន ប្រែថា ឲ្យដោយស្មើ ដោយហេតុ គឺមិនបិទបាំងឡើយ ។ បទថា បកតិញ្ច សំសិ សេចក្ដីថា បុត្ររបស់មនុស្សចណ្ឌាលបានបញ្ជាក់ដល់សេចក្ដីវិនាស និងភាពជាប្រក្រតីរបស់មន្តនោះ ដល់ខ្ញុំព្រះអង្គថា បើមានអ្នកណាសួរ ចូរកុំបិទបាំងនូវនាមនិងគោត្ររបស់យើងឡើយ បើអ្នកបិទបាំង អ្នកនឹងវិនាសចាកមន្ត ។ បទថា ព្រាហ្មណស្សាតិ មិច្ឆា សេចក្ដីថា ខ្ញុំព្រះអង្គបានបិទបាំងដោយពោលខុសថា មន្តទាំងឡាយនេះ គឺខ្ញុំកាន់យកក្នុងសម្នាក់នៃព្រាហ្មណ៍ ព្រោះហេតុនោះ មន្តទាំងឡាយរបស់ខ្ញុំទើបសាបសូន្យ ខ្ញុំកាលមន្តវិនាសហើយ ឥឡូវទើបទួញយំដូចមនុស្សកំព្រា ។ ព្រះរាជាស្ដាប់ពាក្យនោះហើយ ទ្រង់ក្រោធថា អ្នកឯងនេះមានបាបធម៌ មិនឃើញរតនៈដែលមានសភាពបែបនេះ អ្នកកាលបានមន្តដែលជារតនៈមានសភាពបែបនេះហើយ អារឿងជាតិវានឹងធ្វើអ្វីបាន ដូច្នេះហើយ កាលនឹងតិះដៀលដល់មាណពនោះ ទើបត្រាស់ព្រះគាថាទាំងនេះថា ឯរណ្ឌា បុចិមន្ទា វា, អថ វា បាលិភទ្ទកា; មធុំ មធុត្ថិកោ វិន្ទេ, សោ ហិ តស្ស ទុមុត្តមោ។ បុរសអ្នកត្រូវការដោយទឹកឃ្មុំ ទោះបានទឹកឃ្មុំអំពីដើមល្ហុងខ្ញែរក្តី អំពីដើមស្តៅក្តី ឬក៏អំពីដើមរលួសបាយក្តី ឯដើមឈើនោះ ឈ្មោះថា ជាឈើដ៏ប្រសើរ របស់បុរសនោះ ។ ខត្តិយា ព្រាហ្មណា វេស្សា, សុទ្ទា ចណ្ឌាលបុក្កុសា; យម្ហា ធម្មំ វិជានេយ្យ, សោ ហិ តស្ស នរុត្តមោ។ បុគ្គលចេះដឹងធម៌ អំពីជនណា ទោះក្សត្រិយ៍ក្តី ព្រាហ្មណ៍ក្តី អ្នកជំនួញក្តី អ្នកគ្រួក្តី ចណ្ឌាលក្តី អ្នកចោលសំរាមក្តី ជននោះ ឈ្មោះថា ជាជនដ៏ប្រសើរ របស់បុគ្គលនោះ ។ ឥមស្ស ទណ្ឌញ្ច វធញ្ច ទត្វា, គលេ គហេត្វា ខលយាថ ជម្មំ; យោ ឧត្តមត្ថំ កសិរេន លទ្ធំ, មានាតិមានេន វិនាសយិត្ថា’’តិ។ បុរសណា ញ៉ាំងប្រយោជន៍ដ៏ឧត្តម ដែលខ្លួនបានមកហើយ ដោយលំបាក ឲ្យវិនាសទៅ ដោយមានះ និងអតិមានះ អ្នកទាំងឡាយចូរឲ្យនូវអាជ្ញាផង នូវការសម្លាប់ផង ដល់ជនអាក្រក់នេះ ហើយចាប់បុរសដ៏លាមកនេះ ត្រង់ក ហើយញាំញី ។ បណ្ដាបទទាំងនោះ បទថា មធុត្ថិកោ ប្រែថា បុរសដែលត្រូវការដោយទឹកឃ្មុំ កាលសម្លឹងរកមើលទឹកឃ្មុំក្នុងព្រៃ រមែងបានទឹកឃ្មុំ អំពីដើមឈើទាំងនោះពួកណា ដើមឈើនោះឯង ឈ្មោះថាជាដើមឈើដ៏ប្រសើររបស់បុរសនោះ ។ បទថា ឥមស្ស ទណ្ឌញ្ច សេចក្ដីថា អ្នកទាំងឡាយចូរដកស្បែកខ្នង របស់មាណពដែលមានបាបធម៌នេះ ដោយបន្ទះឫស្សីទាំងឡាយជាដើមផង និងធ្វើនូវទណ្ឌកម្មគ្រប់យ៉ាង ហើយឲ្យការបៀតបៀន ចាប់បុរសអាក្រក់នេះត្រង់ក អូសទៅ ដាក់ទោសតាមការភ្លាំងភ្លាត់ខុស កម្ចាត់វា ហើយបណ្ដេញចេញទៅ ប្រយោជន៍អ្វីដោយបុរសនេះ ដែលនឹងឲ្យនៅក្នុងទីនេះ ។ រាជបុរសទាំងឡាយ បានធ្វើយ៉ាងនោះ ហើយពោលថា អ្នកឯងចូរទៅចុះ ចូរទៅកាន់សម្នាក់អាចារ្យរបស់អ្នក ចូរធ្វើអាចារ្យរបស់អ្នកឲ្យត្រេកអរ ហើយបើបានមន្តម្ដងទៀត ទើបអ្នកអាចមកទីនេះ បើមិនបានទេ ចូរកុំសម្លឹងទិសនេះឡើយ ដូច្នេះហើយ បានធ្វើបុរសនោះឲ្យអស់អំណាច ។ បុរសនោះ ជាមនុស្សអនាថា គិតថា វៀរអាចារ្យចេញហើយ ទីពឹងដទៃរមែងមិនមានដល់យើង យើងត្រូវទៅកាន់សម្នាក់របស់អាចារ្យនោះ ធ្វើឲ្យគាត់ត្រេកអរហើយ នឹងសូមមន្តម្ដងទៀត ដូច្នេះហើយ ក៏ដើរយំទៅកាន់ស្រុកនោះ ។ លំដាប់នោះ ព្រះមហាសត្វបានឃើញបុរសនោះកំពុងដើរមក ក៏ហៅភរិយាមក ពោលថា ហៃអូនសម្លាញ់ដ៏ចម្រើន អូនចូរមើលចុះ បុរសអាក្រក់ដែលមានមន្តសាបសូន្យកំពុងដើរមក ។ បុរសនោះចូលទៅរកព្រះមហាសត្វ ហើយថ្វាយបង្គំ រួចអង្គុយក្នុងទីមួយ កាលព្រះពោធិសត្វសួរថា ហេតុអ្វីទើបមក បុរសនោះពោលថា បពិត្រលោកអាចារ្យ ខ្ញុំធ្វើមុសាវាទ បិទបាំងអាចារ្យ ហើយដល់សេចក្ដីវិនាសយ៉ាងធំ ដូច្នេះហើយ គេក៏សម្ដែងទោសដែលកន្លងល្មើស កាលនឹងសូមមន្តម្ដងទៀត ទើបពោលគាថាថា យថា សមំ មញ្ញមានោ បតេយ្យ, សោព្ភំ គុហំ នរកំ បូតិបាទំ; រជ្ជូតិ វា អក្កមេ កណ្ហសប្បំ, អន្ធោ យថា ជោតិមធិដ្ឋហេយ្យ; ឯវម្បិ មំ តំ ខលិតំ សបញ្ញ, បហីនមន្តស្ស បុនប្បទាហិ។ បុរសស្មានថា (ទីនេះ) រាបស្មើ ក៏លោតទៅកាន់ត្រពាំង គុហា ជ្រោះ និងឈើមានឫសស្អុយក្តី ដើរជាន់លើពស់វែក ដោយស្មានថា ខ្សែក្តី បុគ្គលខ្វាក់ដើរជាន់ភ្លើងក្តី យ៉ាងណា ៗ បពិត្រលោក ប្រកបដោយប្រាជ្ញា សូមលោក (អត់ទោស) ចំពោះខ្ញុំ ដែលជាអ្នកភ្លាំងភ្លាត់ យ៉ាងនោះ ៗ ដែរ ហើយចែកមន្តឲ្យខ្ញុំ ដែលជាអ្នកមានមន្តសាបរលាបអស់ហើយ ម្តងទៀត ។ បណ្ដាបទទាំងនោះ បទថា យថា សមំ សេចក្ដីថា បុរសសម្គាល់ថា ទីនេះជាទីរាបស្មើ គប្បីលោតចុះ រន្ធក្ដី គុហាក្ដី ជ្រោះក្ដី ឫសឈើស្អុយក្ដី ពោលគឺកន្លែងបង្កើតដី ។ បទថា បូតិបាទោ សេចក្ដីថា ដើមឈើធំក្នុងហិមវន្តប្រទេសក្រៀមស្ងួតហើយស្លាប់ រណ្ដៅធំបានកើតក្នុងទីនោះ ព្រោះការស្អុយរលួយរបស់ឫសឈើនោះ ស្ថានទីនេះ ជាឈ្មោះរបស់ បូតិបាទោនោះឯង ។ បទថា ជោតិមធិដ្ឋហេយ្យ សេចក្ដីថា គប្បីដើរជាន់ភ្លើង ។ បទថា ឯវម្បិ សេចក្ដីថា សូម្បីខ្ញុំក៏យ៉ាងនោះ ជាមនុស្សខ្វាក់ ព្រោះមិនមានបញ្ញាចក្ខុ មិនដឹងគុណវិសេសរបស់លោក បានភ្លាំងភ្លាត់ហើយលើលោក លោកបានដឹងនូវខ្ញុំថាជាអ្នកភ្លាំងភ្លាត់ហើយ បពិត្រលោកអ្នកមានបញ្ញា ដល់ព្រមដោយញាណ ចូរឲ្យមន្តដល់ខ្ញុំដែលជាអ្នកសាបសូន្យចាកមន្តនោះ ម្ដងទៀត ។ លំដាប់នោះ អាចារ្យពោលនឹងគេថា នែអ្នក អ្នកនិយាយអ្វី ធម្មតាមនុស្សខ្វាក់ កាលមានអ្នកឲ្យសញ្ញាហើយ រមែងទៅកាន់រណ្ដៅជាដើម យើងប្រាប់អ្នកតាំងតែពីដំបូងម្លេះ ឥឡូវនេះ អ្នកនឹងមកកាន់សម្នាក់យើងដើម្បីប្រយោជន៍អ្វី ដូច្នេះហើយ ទើបពោលគាថាទាំងឡាយថា ធម្មេន មន្តំ តវ សម្បទាសិំ, តុវម្បិ ធម្មេន បដិគ្គហេសិ; បកតិម្បិ តេ អត្តមនោ អសំសិំ, ធម្មេ ឋិតំ តំ ន ជហេយ្យ មន្តោ។ យើងបានឲ្យមន្តទាំងឡាយ ដល់អ្នកដោយធម៌ហើយ គឺមិនយករង្វាន់អ្វីឡើយ ទាំងអ្នកក៏បានទទួលរៀនយកមន្ត ដោយធម៌ហើយដែរ យើងមានចិត្តត្រេកអរ បានទាំងប្រាប់នូវប្រក្រតី (នៃមន្ត) ដល់អ្នកហើយ បើអ្នកតាំងនៅក្នុងធម៌ មន្តមិនលះបង់អ្នកបានទេ ។ យោ ពាល មន្តំ កសិរេន លទ្ធំ, យំ ទុល្លភំ អជ្ជ មនុស្សលោកេ; កិញ្ចាបិ លទ្ធា ជីវិតុំ អប្បបញ្ញោ, វិនាសយី អលិកំ ភាសមានោ។ នែបុគ្គលពាល អ្នកណាធ្វើមន្តដែលខ្លួនបានហើយ ដោយលំបាក បានមកដោយកម្រ ក្នុងមនុស្សលោក ឲ្យវិនាសទៅ ក្នុងថ្ងែនេះ អ្នកនោះ ជាអ្នកឥតប្រាជ្ញា ពោលពាក្យកុហក ឈ្មោះថា ញ៉ាំងជីវិត ដែលខ្លួនបានដោយកម្រ ឲ្យវិនាស ។ ពាលស្ស មូឡ្ហស្ស អកតញ្ញុនោ ច, មុសា ភណន្តស្ស អសញ្ញតស្ស; មន្តេ មយំ តាទិសកេ ន ទេម, កុតោ មន្តា គច្ឆ ន មយ្ហំ រុច្ចសិ។ យើងមិនឲ្យមន្តទាំងឡាយបែបនោះ ដល់មនុស្សល្ងង់ខ្លៅវងេ្វង ជាអកតញ្ញូ ពោលពាក្យកុហក មិនសង្រួម ឯមន្តទាំងឡាយ មានមកពីណាទៀត អ្នកឯងចូរចេញទៅ អ្នកឯងមិនគាប់ចិត្តយើងទេ ។ បណ្ដាបទទាំងនោះ បទថា ធម្មេន សេចក្ដីថា សូម្បីយើងមិនបានទទួលប្រាក់ ឬមាសដែលជាចំណែកនៃអាចារ្យ ញ៉ាំងមន្តដោយធម៌ប៉ុណ្ណោះឲ្យដល់ព្រម សូម្បីអ្នកក៏មិនបានឲ្យរបស់អ្វីមួយ រមែងទទួលដោយធម៌ ដូចគ្នា ។ បទថា ធម្មេ ឋិតំ បានដល់ តាំងនៅក្នុងធម៌របស់បុគ្គលដែលបូជាអាចារ្យ ។ បទថា តាទិសកេ សេចក្ដីថា យើងនឹងមិនឲ្យមន្តដែលអាចឲ្យផ្លែឈើកើតឡើងក្នុងរដូវដែលមិនមែនកាល ដែលមានសភាពបែបនោះទេ អ្នកចូរទៅចុះ គឺយើងមិនពេញឡើយ ។ មាណពនោះ ត្រូវអាចារ្យបញ្ជូនទៅហើយយ៉ាងនេះ គិតថា ជីវិតយើងនឹងរស់យ៉ាងណា ដូច្នេះហើយ ក៏ចូលទៅកាន់ព្រៃ ហើយស្លាប់យ៉ាងអនាថា ។ ព្រះសាស្ដា បាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏បានលះបង់អាចារ្យហើយដល់នូវសេចក្ដីវិនាសធំ ដូច្នេះហើយ ទ្រង់ប្រជុំជាតកថា តទា អកតញ្ញូ មាណវោ ទេវទត្តោ អហោសិ មាណពអកតញ្ញូក្នុងកាលនោះ បានមកជា ទេវទត្ត ។ រាជា អានន្ទោ ព្រះរាជាបានមកជាអានន្ទ ។ ចណ្ឌាលបុត្តោ បន អហមេវ អហោសិំ ចំណែកបុត្ររបស់មនុស្សចណ្ឌាល គឺ តថាគត នេះឯង ។ ចប់ អម្ពជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តេរសកនិបាត បិដកលេខ ៥៩ ទំព័រ ២៦៧) ដោយខេមរ អភិធម្មាវតារ ព.ស. ២៥៦១ ដោយ៥០០០ឆ្នាំ |