អានអត្ថបទ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ៩០,៧៦២ ដង)
រឿងសក្កទេវរាជ

|
រឿងសក្កទេវរាជ
(ចាក . ធ. ខុ.) (ហេតុដែលនាំឲ្យផ្សាយផលបុណ្យដល់ទេព្តា និងពួកសត្វទាំងអស់) មានសេចក្តីដំណាលថា ក្នុងថ្ងៃមួយទេវតាក្នុងតាវតឹង្សទេវលោក បានប្រជុំលើកយកប្រស្នា ៤ ខ មកពិភាក្សាសួរដេញដោលគ្នាថា បណ្តាការឲ្យទាំងអស់ ការឲ្យអ្វីចាត់ជាច្បងគេ បណ្តារសទាំងអស់ រសអ្វីចាត់ជាច្បងគេ បណ្តាសេចក្តីត្រេចកអរទាំងអរទាំងអស់ សេចក្តីត្រេកអរណាចាត់ជាច្បងគេព្រោះហេតុអ្វី បានជាព្រះមានព្រះភាគចាត់ការអស់តណ្ហាថាជាច្បងគេ ។ សូម្បីទេវតា ១ អង្គនា ក៏មិនអាចដោះស្រាយប្រស្នានោះបានឡើយ កាលណោះមានទេវតា ១ អង្គសួរទៅទេវតា ១ អង្គទៀត ទេវតាអង្គនោះ សួរទៅអង្គដទៃទៀត ការដែលទេវតាទាំងនោះសួរគ្នាទៅវិញទៅមកដូច្នេះអស់១២ ឆ្នាំក្នុងចក្រវាឡ មិនឃើញមានទេវតាអង្គណាមួយដោះស្រាយបាន ទើបប្រជុំគ្នាឡើងទៅសួរមហារាជ ៤ អង្គទៀត មហារាជទាំង៤ អង្គសួរថា ម្នាលអ្នករាល់គ្នា មហាទេវសន្និបាតនេះ តើមានហេតុដូម្តេច? ពួកទេវតាក្រាបទូលថា ខ្ញុំព្រះអង្គដាក់ប្រស្នា ៤ ខ ឲ្យពួកទេវតាដទៃទៀតជួយដោះស្រាយ តែគ្មានទេវតាណាមួយ ដោះស្រាយបានសោះ ចុះប្រស្នានោះដូម្តេចខ្លះ ? ក្រាបទូលបណ្តាការឲ្យ រស និងសេចក្តីត្រេកអរ តើការឲ្យនឹងរស និងសេចក្តីត្រេកអរណាឈ្មោះថាប្រសើរ? ការអស់តណ្ហាឈ្មោះថាប្រសើរ ព្រោះហេតុអ្វី? មហារាជទាំង៤ ពោលថា ម្នាលអ្នករាល់គ្នា បើទុកជាយើងក៏មិនដឹងដោះស្រាយថាដូម្តេចដែរ ក្រែងតែព្រះរាជារបស់យើងទើបលោកដឹងបានភ្លាម ព្រោះលោកប្រសើរវិសេសជាងយើងដោយបញ្ញាផង ដោយបុណ្យផង ហើយនាំពួកទេវតាទៅក្រាបទូលសក្កទេវរាជៗ ទ្រង់សួរថា ទេវសន្និបាត ធំដល់ម្ល៉េះតើមានហេតុដូម្តេច? ទើបពពួកទេវតាទាំងនោះក្រាបទូលប្រស្នាទាំង៤ ខ នោះ ។ ព្រះឥន្ទ្រថ្លែងថា ម្នាលអ្នករាល់គ្នា បុគ្គលដទៃណាក៏មិនអាចដឹងនូវសេចក្តីនៃប្រស្នាទាំងនេះដែរ ព្រោះប្រស្នាទាំងនេះជាវិស័យនៃព្រះពុទ្ធចុះព្រះសាស្តាគង់នៅក្នុងទីណាឥឡូវនេះ ? លុះបានជ្រាបថាព្រះអង្គនៅវត្តជេតពន ទើបបំភ្លឺវត្តជេតពនទាំងមូលក្នុងពេលពាក់កណ្តាលអាធ្រាត ចូលទៅគាល់ព្រះសាស្តាព្រមទាំងពួកទេវតាផង ថ្វាយបង្គំហើយ ឋិននៅក្នុងកន្លែងដ៏សមគួរ ព្រះសម្ពុទ្ធត្រាស់ថា មហារាជ ព្រះអង្គយាងមកព្រមទាំងពពួកទេព្តាដល់ម្ល៉េះ តើមានកិច្ចការដូម្តេច ? ទើបសក្កទេវរាជ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពពួកទេព្តាចោទប្រស្នាទាំងនេះ នរណាក៏មិនអាចដឹងសេចក្តីដោះស្រាយបាន ហេតុនេះសូមព្រះអង្គមេត្តាប្រោសសម្តែងបំភ្លឺនូវសេចក្តីនៃប្រស្នាទាំងនោះឲ្យទានផង ។ ព្រះសាស្តាទ្រង់ត្រាស់ថា មហារាជ ពាក្យដែលព្រះអង្គពោលនោះប្រពៃហើយ តថាគតខំបំពេញបារមី ៣០ លះបង់នូវមហាបរិច្ចាគព្រោះតែចង់ត្រាស់ដឹងនូវសព្វញ្ញុតញាណ ដើម្បីនឹងកាត់នូវសេចក្តីសង្ស័យ នៃទេវតាទាំងឡាយប្រាកដស្មើដោយព្រះអង្គបើដូច្នោះសូមព្រះអង្គចាំស្តាប់ " ការឲ្យធម៌ប្រសើរជាងការឲ្យទាំងអស់ រសនៃព្រះធម៌ ប្រសើរជាងត្រេកអរទាំងអស់ រសនៃព្រះធម៌ ប្រសើរសេចក្តីត្រេកអរទាំងអស់ ឯការអស់តណ្ហា រឹតតែប្រសើរដាច់គេឯង ព្រោះការអស់តណ្ហា ធ្វើឲ្យសត្វបានសំរេចព្រះអរហត្ត " ហើយទ្រង់ត្រាស់គាថាខាងក្រោមនេះថាៈ ធម្មទានឈ្នះទានទាំងអស់ ធម្មរសឈ្នះរសទាំងអស់សេចក្តីត្រេកអរក្នុងធម៌ ឈ្នះសេចក្តីត្រេកអរទាំងអស់ការការអស់តណ្ហា ឈ្នះទុក្ខទាំងពួង ។ កាលព្រះអង្គទ្រង់សម្តែងនូវអត្តនៃប្រស្នានេះ សត្វ៨៤ ពាន់បានត្រាស់ដឹងនូវធម៌ ព្រះឥន្ទស្តាប់ព្រះធម៌ហើយថ្វាយបង្គំព្រម្ពុទ្ធពោលសរសើរថាបពិត្រព្រះអង្គដ៏ចម្រើនធម្មទានដែលថាច្បងយ៉ាងនេះ ព្រះអង្គមិនប្រាប់ពួកបរិស័ទឲ្យបុណ្យផលដល់ខ្ញុំព្រះអង្គផងព្រោះហេតុអ្វី? បពិត្រព្រះអង្គដ៏ចម្រើន ចាប់តាំងពីថ្ងៃនេះទៅ បើភិក្ខុសង្ឃសម្តែងធម៌សូមព្រះអង្គ បញ្ជឲ្យនូវចំណែកបុណ្យដល់ខ្ញុំព្រះអង្គផងកុំខាន ។ ព្រះសាស្តាទ្រង់ព្រះសណ្តាប់ពាក្យព្រះឥន្ទនោះហើយទ្រង់ប្រជុំពួកភិក្ខុសង្ឃ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តាំងពីថ្ងៃនេះជាដើមទៅ អ្នករាល់គ្នាសម្តែងនូវធម៌ក្តី ស្តាប់ធម៌ក្តីពោលនូវកថាដែលមនុស្សចូលទៅអង្គុយជិតស្តាប់ក្តី ដោយហោចសូម្បីត្រឹមតែការអនុមោទនា ក៏ត្រូវផ្សាយចំណែកបុណ្យឲ្យដល់ពពួកសត្វទាំងអស់ដែរ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |