អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ២២,០១០ ដង)
សុជីវធម៌

|
សុជីវធម៌
កូនៗទាំងឡាយ រស់នៅក្នុងសង្គមត្រូវតែមានសុជីវធម៌ ព្រោះសង្គមត្រូវការមនុស្សបែបនេះច្រើនណាស់ណា៎កូន។ ព្រោះយើងរស់នៅក្នុងសង្គម ត្រូវតែមានចំណេះដឹងសណ្ដាប់ធ្នាប់ការដឹងប្រមាណ ចេះគួរសមក្នុងកិច្ចការប្រាស្រ័យជាមួយអ្នកដទៃផងគ្នា បើយើងមិនមានសុជីវធម៌ទេ មិនថាយើងរៀនដល់កំរិតណានោះទេ វាដូចជាអ្នកអត់បានរៀនអ៊ីចឹងណាកូន។ ដូចជាការនិយាយស្ដីត្រូវតែសុភាពរាបសាជានិច្ច មិនត្រូវពោលពាក្យអាក្រក់នោះឡើយ ពេលដែលកូនចូលក្នុងវត្តអារាមជាកន្លែងសក្ការបូជា ជាទីគោរព កូនមិនត្រូវសម្ដែងកិរិយាមិនគប្បីសោះឡើយ អ្នកជិះកង់ ម៉ូតូ កុំលឿនពេកមានការបន្ថយល្បឿនខ្លះផង បើកូនអាចចុះបណ្ដើរបានរឹតតែប្រសើរ វាមិនជាយូរប៉ុន្មានទេត្រឹមតែចម្ងាយក្នុងវត្តប៉ុណ្ណឹងណាកូនរបស់ម៉ែ។ យើងជានារី ត្រូវចេះសង្រួមពេលចូលមកក្នុងវត្តអារាមណាកូនរបស់ម៉ែ ដូចជាការនិយាយស្ដីកូនត្រូវពិចារណាផងណាកូន ពេលយើងនិយាយខ្លះប៉ះពាល់ដល់អ្នកដែលគេកំពុងស្ដាប់ កូននិយាយត្រូវនិយាយសម្លេងកុំឮពេកក្រែងគេនិយាយដើមណាកូន។ មួយទៀតចូរកូនកុំធ្វើជាមនុស្សរឹងរូស ត្រូវជាមនុស្សរឹងប៉ឹង មិនត្រូវធ្វើជាមនុស្សទន់ជ្រាយ ត្រូវធ្វើជាមនុស្សទន់ភ្លន់ជានិច្ច ព្រោះកូនម៉ែរឹតតែទន់ភ្លន់រឹតតែល្អណាកូន ពេលដែលប្រុសៗគេឃើញកូនភ្លាម គេរមែងមើលកូនគ្រប់ទីកន្លែងទាំងអស់ណាកូន ពេលដែលគេថាស្រលាញ់កូននោះគេមើលយើងអស់ហើយណាកូន ដូចជាការស្លៀកពាក់របស់កូនជាដើម បើកូនធ្វើជាមនុស្សឆើតឆាយគេស្រឡាញ់កូនត្រឹមបោកប្រាស់ប៉ុណ្ណោះណា កូនស្រីម៉ែត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនព្រោះមនុស្សប្រុសថ្វីត្បិតតែថា ស្រលាញ់កូនពិតមែនតែគេរើសណាស់ណាកូនស្រី ធម្មតាគេឃើញរូបកូនស្លៀកពាក់ឆើតឆាយចេះតែថាស្រឡាញ់ឲ្យរួចពីមាត់របស់គេទៅ មើលទៅកូនប្រហែលបានត្រឹមតែត្រូវគេបោកប្រាស់តែប៉ុណ្ណោះណាកូន តែបើកូនសុភាពរាបសាវិញនោះល្អណាស់កូន ព្រោះគេឃើញកូន គេមិនហ៊ាននិយាយមើលងាយកូនឡើយ ព្រោះពួកប្រុសៗទាំងអស់ខ្លាចស្ត្រីណាដែលមានចរិតសុភាពរាបសាណាកូន។ ពេលកូនធ្វើខ្លួនសុភាពរាបសាកុំភ័យខ្លាចអត់ប្ដីឲ្យសោះណាកូន មនុស្សល្អរមែងជួបនឹងមនុស្សល្អ។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |