អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១៨,៣៨៨ ដង)
សបរិវារច្ឆត្តទាយកត្ថេរាបទាន

|
សបរិវារច្ឆត្តទាយកត្ថេរាបទាន
ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់បង្អុរនូវភ្លៀងគឺព្រះធម៌ ដូចជាទឹកភ្លៀង បង្អុរចុះអំពីអាកាស ។ ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធអង្គនោះ កំពុងសម្តែងអមតបទ ខ្ញុំញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយបានទៅកាន់ផ្ទះរបស់ខ្លួនវិញ ។ ខ្ញុំកាន់ឆត្រដែលស្អិតស្អាងហើយ ដើរចូលទៅរកព្រះសម្ពុទ្ធដ៏ប្រសើរជាងពួកនរៈ ខ្ញុំជាអ្នកមានចិត្តរីករាយ បានលើកឡើងនូវឆត្រ ទៅឰដ៏អាកាស ។ ឆត្រនោះមានលម្អដូចជាយាន ដែលជាងផ្គុំស្រួលហើយ ឬដូចសាវ័កជាឆ្នើមដែលមានឥន្ទ្រីយ៍ទូន្មានល្អហើយ អណ្តែតទៅរកព្រះសម្ពុទ្ធហើយប្រតិស្ថាននៅលើព្រះសិរ្សៈ ។ ព្រះពុទ្ធអគ្គនាយកក្នុងលោក ទ្រង់មានសេចក្តីអនុគ្រោះ ប្រកបដោយសេចក្តីករុណាទ្រង់គង់នៅក្នុងពួកភិក្ខុ ហើយសម្តែង នូវគាថាទាំងនេះថា បុគ្គលណាបានថ្វាយឆត្រនេះ ដែលតាក់តែងគួរជាទីរីករាយនៃចិត្ត បុគ្គលនោះ រមែងមិនទៅកាន់ទុគ្គតិ ដោយចិត្តជ្រះថ្លានោះឡើយ ។ បុគ្គលនោះនឹងបានជាទេវរាជ ក្នុងទេវលោកអស់ វារៈ ៧ដង នឹងបានជាស្តេចចក្រពត្តិ ៣២ដង ។ នៅមួយសែនកប្បទៀត នឹងមានព្រះសាស្តា ព្រះនាមគោតមៈ កើតក្នុងត្រកូលក្សត្រឱក្ការកៈ នឹងមកត្រាស់ដឹងក្នុងលោក បុគ្គលនោះនឹងបានជាធម្មទាយាទ ជាឱរសជាធម្មនិមិ្មត្តរបស់ព្រះគោត្តមនោះ នឹងកំណត់ដឹងនូវអាសវៈ ទាំងអស់ ជាអ្នកមិនមានអាសវៈ ហើយនឹងបរិនិព្វាន ។ ខ្ញុំដឹងនូវព្រះវាចាដ៏អង់អាច ដែលព្រះសម្ពុទ្ធសម្តែងហើយ ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ ធ្វើសេចក្តីរីករាយឲ្យកើតឡើងយ៉ាងខ្លាំង ។ ខ្ញុំលះបង់កំណើតមនុស្សហើយ ក៏បានទៅកាន់កំណើតជាទិព្វ វិមានរបស់ខ្ញុំ ឧត្តមខ្ពស់ត្រដែត ជាទីរីករាយនៃចិត្ត ។ កាលខ្ញុំចេញពីវិមាន គេរមែងបាំងសេ្វតច្ឆត្រឲ្យ ខ្ញុំបានសញ្ញាក្នុងកាលនោះ នេះជាផលនៃបុព្វកម្ម ។ ក្នុងកប្បទី ៧០០ អំពីកប្បនេះ ខ្ញុំចុត្យចាកទេវលោកមកកើតជាមនុស្ស បានជាសេ្តចចក្រពត្តិ ៣៦ ជាតិ ។ ខ្ញុំចុត្យចាកកាយនោះ មកកាន់បូរីឈ្មោះតាវត្តឹង្ស ហើយអន្ទោលទៅមកតាមលំដាប់ ក៏បានមកកាន់កំណើតមនុស្សនេះទៀត ។ ពួកទេវតាបាំងស្វេតច្ឆត្រឲ្យខ្ញុំ ខ្ញុំកាលដែលចុះកាន់ផ្ទៃនៃមាតា ខ្ញុំមានអាយុ ៧ ឆ្នាំ ក៏បានចូលទៅកាន់ផ្នួស ។ ព្រាហ្មណ៍ឈ្មោះសុនន្ទ ជាអ្នកចេះចប់មន្ត ព្រាហ្មណ៍នោះកាន់យកឆត្រជាវិការៈនៃកែវផ្លេក ប្រគេនដល់អគ្គសាវ័ក ។ ព្រះសារីបុត្ត ជាអគ្គសាវ័ក ជាអ្នកមានព្យាយាមធំ មានថ្វីព្រះឱស្ឋដ៏ប្រសើរ បានអនុមោទនា ខ្ញុំបានស្តាប់នូវអនុមោទនារបស់ព្រះសារីបុត្ត នោះហើយ ក៏បាននឹកឃើញបុព្វកម្ម ។ ខ្ញុំបានផ្គងអញ្ជលី ញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយរលឹកបុព្វកម្ម ក៏បានដល់ព្រះអរហត្ត ។ ខ្ញុំក្រោកអំពីអាសនៈ នោះហើយ ធ្វើអញ្ជលីលើក្បាលថ្វាយបង្គំព្រះសម្ពុទ្ធ ហើយវាចានេះថា ក្នុងមួយសែនកប្ប អំពីកប្បនេះ ព្រះពុទ្ធដ៏ប្រសើរព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលគ្រឿងបូជា ត្រាស់ឡើងក្នុងលោក ។ ខ្ញុំបានថ្វាយឆត្រដ៏វិចិត្រ តាក់តែងល្អហើយ ដល់ព្រះបទុមុត្តរៈអង្គនោះ ឯព្រះសយម្ភូជាអគ្គបុគ្គល ទ្រង់ទទួលហើយ ដោយព្រះហស្តទាំងពីរ ។ ឱ!ព្រះពុទ្ធ ឱ!ព្រះធម៌ ឱ!សម្បទានៃព្រះសាស្តា របស់យើង ខ្ញុំមិនដែលទៅកាន់ទុគ្គតិ ដោយការថ្វាយឆត្រមួយប៉ុណ្ណោះ ។ ខ្ញុំដុតបំផ្លាញកិលេសទាំងឡាយហើយ ខ្ញុំគាស់រំលើងភពទាំងពួងហើយ ខ្ញុំកំណត់ដឹងនូវអាសវៈ ទាំងពួងហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈឡើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសបរិវារច្ឆត្តទាយកត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ចប់សបរិវារច្ឆត្តទាយកត្ថេរាបទាន ។ ដកស្រង់ចេញពីព្រះត្រៃបិដកភាគ ៧៤ ទំព័រ ៣៩-៤៣ ដោយ៥០០០ឆ្នាំ |