អានអត្ថបទ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣៣,៩៥៩ ដង)
ហេតុ ៦ ប្រការតែងបំផ្លាញបុរសឲ្យវិនាស

|
មិត្តសម្លាញ់មានច្រើនប្រភេទ ដូចដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះសិង្គាលកមាណព មានក្នុងសុត្តន្តបិដក លេខ១៩ ទំព័រ ៧៥ ថា "បុគ្គលខ្លះ ជាមិត្តសម្លាញ់បានតែក្នុងរោងសុរាក៏មាន បុគ្គលខ្លះថាសម្លាញ់ៗ តែនៅចំពោះមុខក៏មាន បុគ្គលណាកាលបើប្រយោជន៍ (ខ្លួន) កើតឡើង ទើបធ្វើជាសម្លាញ់ បុគ្គលនោះមកជាសម្លាញ់នឹងខ្លួនក៏មាន។
កិរិយាដេកដល់ថ្ងៃ ១ ការធ្វើសេវនកិច្ចជាមួយប្រពន្ធអ្នកដទៃ ១ ភាវៈជាអ្នកមានពៀរច្រើន ១ ភាវៈជាអ្នកធ្វើអំពើឥតប្រយោជន៍ ១ បាបមិត្ត ១ ភាវៈជាអ្នកកំណាញ់ស្វិតស្វាញ ១ ហេតុទាំង ៦ យ៉ាងនុ៎ះ រមែងបំផ្លាញបុរស (ឲ្យវិនាស)។ នរជនដែលមានមិត្តអាក្រក់ មានមារយាទ និងគោចរអាក្រក់ តែងវិនាសចាកលោកទាំងពីរ គឺលោកនេះ និង លោកខាងមុខ។ ល្បែងភ្នាល់ ល្បែងស្រី និងល្បែងសុរា ១ របាំនិងចំរៀង ១ ការដេកថ្ងៃ ១ ការឲ្យគេបម្រើខ្លួនក្នុងកាលមិនគួរ ១ ពួកមិត្តអាក្រក់ ១ ភាវៈជាអ្នកមានសេចក្ដីកំណាញ់ស្វិតស្វាញ ១ ហេតុទាំង ៦ នេះតែងបំផ្លាញបុរសឲ្យវិនាស។ ពួកជនដែលលេងល្បែងភ្នាល់ ផឹកសុរា ធ្វើសេវនកិច្ចនឹងស្រីដែលស្មើដោយជីវិតរបស់បុរសដទៃ សេពគប់នឹងបុគ្គលថោកទាប (ខាតលក្ខណ៍) មិនសេពគប់នឹងបុគ្គលដែលមានសេចក្ដីចម្រើន (គ្រប់លក្ខណ៍) យសរបស់ពួកជននោះតែងសាបសូន្យដូចព្រះចន្ទ្រាខាងរនោច។ ជនដែលជាអ្នកផឹកសុរា ជាអ្នកខ្សត់ទ្រព្យ ជាអ្នកឥតមានកង្វល់ដោយការងារចិញ្ចឹមជីវិតមានតែស្រវឹងជានិច្ច ប្រាសចាកសេចក្ដីចម្រើន លិចចុះក្នុងបំណុល ដូចដុំថ្មលិចទៅក្នុងទឹក បុគ្គលនោះ តែងធ្វើការងារឲ្យវឹកវរដល់ខ្លួនដោយឆាប់។ បុគ្គលដេកក្នុងវេលាថ្ងៃ ជាប្រក្រតី មិនក្រោកឡើងពីយប់ជាប្រក្រតី ជាអ្នកស្រវឹងជានិច្ចជាអ្នកលេងល្បែង មិនអាចនឹងគ្រប់គ្រងផ្ទះសម្បែងបាន។ ប្រយោជន៍ទាំងឡាយ តែងកន្លងហួសមនុស្សដែលលះបង់ចោលនូវការងារ ដោយពោលអាងថា វេលានេះត្រជាក់ណាស់ ក្ដៅណាស់ ល្ងាចណាស់។ ជនណាមួយធ្វើនូវកិច្ចការរបស់បុរស មិនអើពើនូវត្រជាក់ និងក្ដៅ ក្រៃលែងជាងស្មៅ (ទៅទៀត) ជននោះរមែងមិនសាបសូន្យចាកសេចក្ដីសុខឡើយ។ ដកស្រង់ចេញពីសៀវភៅ មិត្តល្អ រៀបរៀងដោយ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |