អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៨៦០ ដង)
កុំជឿពាក្យមិត្តសំឡាញ់ ដូចជឿពាក្យឪពុកម្តាយ

|
រឿងបុរសចាញ់បោកចោរ
កាលពីព្រេងនាយ មានបុរសពីរនាក់ជាសំឡាញ់នឹងគ្នា ដល់ពេលខាងក្រោយមក បុរសម្នាក់ទាល់ក្ររកអ្វីចិញ្ចឹមជីវិតមិនបាន ក៏រត់ចូលទៅក្នុងព្រៃប្រព្រឹត្តធ្វើចោរកម្ម ពួករាជបុរសចាប់បានយកទៅដាក់គុកអស់ ១២ ឆ្នាំ ។( ចាក ម. វា. ) (កុំជឿពាក្យមិត្តសំឡាញ់ ដូចជឿពាក្យឪពុកម្តាយ) ថ្ងៃមួយបុរសជាសំឡាញ់ដើរទៅក្បែរគុក ឃើញបុរសនោះមានរូបស្គមជាប់ច្រវាក់នៅក្នុងគុក ក៏សុំអ្នករក្សាគុកចូលទៅសួរ ។ បុរសជាប់គុកថាខ្ញុំមកនៅទីនេះចំនួន ១២ ឆ្នាំហើយ មិនដែលបានអាហារឆ្អែតម្តងទេ ខ្ញុំស្រេកឃ្លានណាស់ សូមសំឡាញ់ឯងជួយសុំអ្នករក្សាគុកឲ្យខ្ញុំចេញទៅរកទទួលទានអាហារឲ្យបានឆ្អែតហើយ ខ្ញុំត្រឡប់មកវិញភ្លាម ។ បុរសជាសំឡាញ់ឮដូច្នេះហើយ មានចិត្តមេត្តាករុណាអាណិតដរាបរហូតដល់ស្រក់ហូរទឹកភ្នែករហាម ក៏ដើរទៅថ្វាយបង្គំអ្នករក្សាគុកសុំប្តូរឲ្យបុរសនោះចេញទៅរកអាហារបរិភោគ ។ អ្នករក្សាគុកនិយាយថា បើដូច្នោះ យើងត្រូវដាក់ច្រវាក់អ្នកឯងនៅក្នុងគុកនេះ ទម្រាំសំឡាញ់អ្នកឯងត្រឡប់មកវិញទើបយើងលែង ។ បុរសនោះក៏ព្រមចូលទៅក្នុងគុកឲ្យអ្នករក្សាគុកដោះលែង សម្លាញ់ចេញពីច្រវាក់ ហើយឲ្យគេយកច្រវាក់មកដាក់ខ្លួន ។ បុរសចោរកាលបើបានរួចពីគុកច្រវាក់ហើយ ក៏ដើរទៅស៊ីផឹកតាមអំពើចិត្តខ្លួន ឥតនឹកនាដល់សំឡាញ់ដែលទៅធានាខ្លួននៅក្នុងគុកឡើយ ។ បុរសអ្នកធានា កាលបើមិនឃើញសំឡាញ់មកវិញហើយ ក៏នៅជាប់គុកច្រវាក់អស់ ១២ ឆ្នាំមិនដែលបរិភោគអាហារឆ្អែតម្តងឡើយ មានរូបកាយស្គាំងស្គម ដេកខ្លោចផ្សានៅក្នុងគុកនោះឯង ។ សម័យមួយព្រះរាជាក្នុងនគរនោះ មានព្រះរាជបុត្រមួយព្រះអង្គទើបប្រសូត្រថ្មីៗ មានព្រះទ័យសោមនស្សចំពោះព្រះរាជបុត្រ ក៏ត្រាស់បង្គាប់ឲ្យរាជបុរសឲ្យអភ័យដល់សត្វជើងពីរជើងបួនទាំងឡាយឲ្យរួចពីចំណងទ្រុងគុកច្រវាក់ទាំងអស់ ។ អ្នករក្សាគុកក៏លែងចោរទាំងអស់ក្នុងគុកឲ្យរួចខ្លួនត្រឡប់ទៅផ្ទះរៀងៗខ្លួន ចោរទាំងឡាយសប្បាយចិត្តចេញទៅផ្ទះអស់ទៅ នៅសល់តែបុរសចាញ់បោកចោរជាសំឡាញ់មិនព្រមចេញឡើយ ។ អ្នករក្សាគុកឃើញហើយសួរថា ហេតុអ្វីបានជាអ្នកមិនព្រមចេញទៅនឹងគេ ។ បុរសនោះថាខ្ញុំមិនហ៊ានចេញទៅក្នុងវេលាថ្ងៃទេខ្មាសគេណាស់ ចាំយប់ស្ងាត់បានខ្ញុំចេញ ។ ដល់វេលាយប់ស្ងាត់បុរសនោះចេញពីគុកហើយមិនដឹងជាដើរទៅណា ព្រោះឃ្លានអាហារខ្លាំងពេក ទើបនឹកឃ់ញថានៅទីនេះមានព្រៃស្មសាននៅជិត ក៏ដើរចូលទៅក្នុងព្រៃស្មសាននោះ ឃើញសពខ្មោចនៅស្រស់ៗ ក៏រើសកាំបិតនៅក្បែរ ជើងថ្ករអោយយកសាច់ខ្មោច ហើយរើសដាក់ក្នុងអំបែងលលាដ៏ក្បាលយកលលាដ៏ក្បាលខ្មោចបីមកដម្កល់ធ្វើចង្រ្កានស្ងោសាច់ខ្មោចនោះធ្វើជាអាហារ ពេលដែលកំពុងស្ងោនោះបានយកស្លឹកឈើមកស្លៀកស្រាតយកខោទៅបាំងខ្យល់ ។ កាលនោះមានទេវតាមួយរូបនៅលើដើមឈើក្បែរទីនោះ ឃើញប្លែកដូចនេះក៏សួរថា អ្នកជាអ្វីមានមុខក្រៀមក្រំមកចំអិនសាច់ខ្មោចស៊ីដូច្នេះ អ្នកយកខោបាំងធ្វើអ្វី? បុរសនោះប្រាប់តាមដំណើររឿងរបស់ខ្លួនសព្វគ្រប់ ហើយប្រាប់ទៀតថាដែលខ្ញុំយកខោបាំងនេះជាកិច្ចរបស់ខ្ញុំ ព្រោះថាខ្យល់ជាសភាវៈឥតវិញ្ញាណ ឥតខ្លួនប្រាណចេះតែបក់តាមធម្មតា ប៉ុន្តែខ្យល់នេះមិនចេះឲ្យទោសដល់បុគ្គលណាឡើយ ដែលខ្ញុំបាំងនេះគឺបាំងខ្យល់ពាក្យសំដីរបស់បុគ្គលពាល កុំឲ្យបក់ផាត់ដល់ខ្លួនខ្ញុំទៀត ដែលខ្ញុំលំបាកមកស៊ីសាច់ខ្មោចដូច្នេះ ក៏ព្រោះតែជឿខ្យល់ដែលផ្សាយចេញពីមាត់ពាលនោះឯង ។ ទេវតាស្តាប់សព្វគ្រប់ហើយ មានសេចក្តីអាណិតអាសូរដោយយល់ឃើញថា បុរសនេះជាបណ្ឌិតប្រាកដក្នុងលោក ទើបហៅបុរសនោះឲ្យស្លៀកសំពត់ទិព្វ បរិភោគអាហារទិព្វ ហើយនាំបុរសនោះទៅស្រែកឃោសនាសរសើរគុណធម៌ ឲ្យលាន់ឮពេញទេវទហនគរ ដោយឫទ្ធិរបស់ខ្លួន ។ ព្រះរាជាក្នុងនគរនោះឮហើយទ្រង់មានព្រះទ័យរំភើបញាប់ញ័រជាខ្លាំង ទើបឲ្យរាជអាមាត្យនាំបុរសនោះចូលគាល់ ទ្រង់ត្រាស់សូរបានជ្រាបដំណើររឿងសព្វគ្រប់ ក៏បន្លឺព្រះសូរសីហនាថថា បុរសមានគុណធម៌បែបនេះមិនងាយរកបានក្នុងលោក យើងមិនដែលបានជួបប្រទះសោះឡើយ បុរសនេះគួរជាទីគោរពបូជារបស់ទេវតា និងមនុស្សទាំងឡាយ ឥឡូវនះយើងសូមបូជារាជសម្បត្តិចំពោះបុរសនេះ អ្នកទាំងឡាយចូលរៀបចាត់ចែងរាជាភិសេកដល់បុរសនេះចុះ ។ ពួកមហាមាត្រទាំងឡាយ ក៏ចាត់ចែងរៀបពិធីរាជាភិសេកបុរសនោះឲ្យស្តេចសោយរាជ្យក្នុងនគរនោះទៅ ។ ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក ដោយ៥០០០ឆ្នាំ |