images/articles/917/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨៦១ ដង)
រឿងសច្ចវាទិនី
( ចាក ម. អ. )
( និយាយពាក្យពិត គង់បានទៅកើតក្នុងស្ថានទេវលោក )
ពីដើមមានស្រ្តីម្នាក់ មិនបានឲ្យទាន មិនបានធ្វើការបូជា មិនបានស្តាប់ធម៌ទេក្នុងមួយជាតិនេះ គ្រាន់តែរក្សាពាក្យសច្ចប៉ុណ្ណោះ លុះស្លាប់ទៅ
images/articles/918/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៦៨៧ ដង)
រឿងសមុទ្ទទេវតា
( ចាក ស. តិ. )
( សេចក្តីលោភនាំសត្វឲ្យហួងហែងហួសហេតុ )
កាលពុទ្ធសម័យព្រះសម្ពុទ្ធបរមគ្រូ ទ្រង់រំលឹកដាស់តឿនឧបនន្ទភិក្ខុ ដែលមានសេចក្តីលោភគ្របសង្កត់ គឺធម្មតារបស់ភិក្ខុឧបនន្ទ តែដល់រដូវចូលវស្សាហើយ លោកដើរចូលទៅចូលវស្សាផ្ញើគ្រប់វត្ត ដែលលោកអាចទៅបាន។
images/articles/919/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,០៣៧ ដង)
រឿងប្រេតស៊ីខ្ទុះឈាម
( ចាក បេ. ខុ. )
( ទោសប្រមាថមើលងាយទានរបស់អ្នកដទៃ )
សម័យពុទ្ធកាលមានភិក្ខុ ១២ អង្គ រៀនយកព្រះកម្មដ្ឋានអំពីសំណាក់ព្រះសាស្តាហើយ នាំគ្នាចូលទៅក្នុងព្រៃរកទីស្ងាត់ ក៏បានទៅដល់ព្រៃរបោះមួយ ក្បែរក្រុងសាវត្ថី ។
កាលនោះមានជាងតម្បាញ ១៨ នាក់នៅក្រុងសាវត្ថីនោះ បានដឹងថាមានភិក្ខុ ១២ អង្គទៅគង់នៅក្នុងព្រៃរបស់ជិតលំនៅខ្លួន ក៏នាំចូលទៅថ្វាយ
images/articles/920/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៤៧៨ ដង)
រឿងប្រើស និង ព្រានព្រៃ
( ចាក ក. ទុ. )
( អ្នកមានសេចក្តីរួបរួមគ្នា តែងរួចចាកភយន្តរាយ )
កាលកន្លងទៅហើយមានសត្វប្រើស ១ អណ្តើក ១ រងាវកក ១ ជាសំឡាញ់នឹងគ្នា នៅអាស្រ័យក្នុងព្រៃហេមពាន អណ្តើកនៅក្នុងស្រះ រងាវកកនៅលើចុងឈើក្បែរស្រះនោះដែរ ។ សម័យមួយមានព្រានម្នាក់ ដើរស្វែងរកបាញ់សត្វក្នុងព្រៃ បានប្រទះឃើញស្នាមជើង
images/articles/922/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣៥៧ ដង)
ទោះបីជាមានទុក្ខនៅក្នុងជីវិត ប៉ុន្តែពុទ្ធសាសនិកបុគ្គលក៏មិនសោកសៅចំពោះរឿងនោះៗ ទាំងមិនខឹងឬថ្នាំងថ្នាក់ចំពោះសេចក្តីទុក្ខសោះឡើយ ។ តាមទស្សនៈរបស់ព្រះពុទ្ធសាសនា ចំណុចដ៏អាក្រក់មួយក្នុងចំណោមអំពើអាក្រក់ជាមូលដ្ឋាននៅក្នុងជីវិត គឺការថ្នាំងថ្នាក់ឬការខឹងក្រោធ ។
images/articles/924/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២២,០២០ ដង)
ការបកស្រាយអំពីពាក្យថា " កម្ម " ។ ពាក្យថា " កម្ម " នៅក្នុងភាសាបាលីប្រែដោយព្យញ្ជនៈ (ប្រែតាមរូបស័ព្ទ) ថា " ការធ្វើ " ឬ " ទង្វើ " ។ ដោយឡែកក្នុងទ្រឹស្តីកម្មរបស់ព្រះពុទ្ធសាសនា គឺមានន័យសំដៅតែទៅលើការធ្វើដែលប្រកបដោយចេតនាប៉ុណ្ណោះ មិនបានសំដៅទៅដល់ការធ្វើគ្រប់យ៉ាង ទាំងមិនបានសំដៅទៅដល់ផលរបស់កម្ម ដូចដែល
images/articles/930/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៣៤៨ ដង)
ព្រះធម៌ ឬធម្មៈ (Dharma or Dhamma) ដែលព្រះពុទ្ធបានសម្តែងអស់រយៈពេល ៤៥ ឆ្នាំ ត្រូវបានព្រះអរិយសាវ័ក ប្រមូលចងក្រងមានចំនួនប្រាំបីម៉ឺនបួនពាន់ (៨៤០០០) ព្រះធម្មក្ខន្ធ ។ ពួកសាសនវិទូបស្ចឹមប្រទេស ហៅព្រះធម៌ថា ទស្សនវិជ្ជា (Philosophy) ។ ព្រះធម៌នេះ កាលព្រះសម្មាសម្ពុទ្ធគង់ព្រះជន្ម ជាធរមាននៅឡើយ មិនមានចារឹកជាអក្សរទេ ។ ក្រោយព្រះពុទ្ធបរិនិព្វាន ព្រះអរិយសាវ័កច្រើនអង្គ បានធ្វើសង្គាយនា (ផ្ទៀងផ្ទាត់) ពុទ្ធវចនៈ ហើយទន្ទេញចាំរត់មាត់ រក្សាព្រះធម៌តៗគ្នា ពីជំនាន់មួយ ទៅជំនាន់មួយទៀត ទុករហូតមកដល់បច្ចុប្បន្ននេះ ។
លុះព្រះពុទ្ធសាសនាកន្លងទៅប្រមាណ ៥០០ឆ្នា ទើបព្រះសង្ឃសាវ័ក ចារឹកព្រះធម៌ ជាលាយលក្ខណ៍អក្សរ នៅកោះលង្កា (Sri Lanka) ។ ព្រះពុទ្ធសម្តែងទុកថា ធម៌ព្រះអង្គនេះ ហៅថាធម្មវិន័យគឺ ធម្ម ១ វិន័យ ១ ហើយចែកចេញជាបីផ្នែក គឺ៖
- ព្រះវិនយបិដក មាន ១៣ ភាគ ២,១០០០ ធម្មក្ខន្ធ ។
- សុត្តន្តបិដក ឬ ព្រះសូត្រ មាន ៦៤ ភាគ ២,១០០០ ធម្មក្ខន្ធ ។
- អភិធម្មបិដក មាន ៣៣ ភាគ ៤,២០០០ ធម្មក្ខន្ធ ។
ដោយសារព្រះធម៌ទាំង ៨៤,០០០ ធម្មក្ខន្ធ ចែកចេញជាបីផ្នែក ទើបមានឈ្មោះថា តិបិដក ឬ ត្រៃបិដក មានន័យថា ឃ្លាំងបី ។ ឃ្លាំងបីនោះគឺ ៖
១. ព្រះវិនយបិដក ស្តីពីវិន័យច្បាប់ក្រឹត្យក្រម សម្រាប់ ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ។ វិន័យនេះចែកចេញជាពីរគឺ៖
ក. អាគារវិន័យ (វិន័យអ្នកមានផ្ទះ) ពោលដល់វិន័យសម្រាប់គ្រហស្ថ ឧបាសក ឧបាសិកា ប្រតិបត្តិ ។ ឧទាហរណ៍មាន និច្ចសីល និងឧបោសថសីល ជាដើម ។
ខ. អនាគារវិន័យ (វិន័យអ្នកគ្មានផ្ទះ) ពោលដល់វិន័យសម្រាប់ ភិក្ខុ ភិក្ខុនី ប្រតិបត្តិ ។ ឧទាហរណ៍មាន ទសសីល (សម្រាប់សាមណេរ) និងចតុប្បារិសុទ្ធិសីល ជាដើម ។
២. ព្រះសុត្តន្តបិដក ឬព្រះសូត្រ ស្តីពីព្រះធម៌ដែលមានជម្រៅដោយអ្នក ដូចជាបុញ្ញកម្ម បាបកម្ម សីលធម៌ ។ល។ ជាវោហារទេសនា (Conventional Teaching) ព្រះសាវ័កក៏អាចសម្តែងបានដែរ ។
៣. ព្រះអភិធម្មបិដក ឬ ព្រះអភិធម្ម ស្តីអំពីព្រះធម៌មានអត្ថន័យ ល្អិតសុខុម មានគម្ភីរភាពជ្រាលជ្រៅ ជាបរមត្ថទេសនា (Ultimate Teaching) ។
ព្រះពុទ្ធជាម្ចាស់ ថ្វីបើព្រះអង្គបានរកឃើញព្រះធម្មវិន័យដោយព្រះអង្គឯង ទ្រង់ពុំបានយកពុទ្ធភាព ទៅគ្របសង្កត់ពួកសាវ័ក ឲ្យជឿនូវវចនៈព្រះអង្គទាំងងងឹតងងល់ (Blind faith) ខ្វះការពិចារណារកហេតុផលឡើយ ។ ព្រះអង្គរមែងដាស់តឿនក្រើនរំឮក ដល់ពុទ្ធសាសនិកជន ឲ្យប្រើវិចារណញ្ញាណ ឬសម្មាទិដ្ឋិ ការយល់ត្រឹមត្រូវ មុននឹងជឿនូវអ្វីនីមួយៗ ។
ព្រះពុទ្ធទ្រង់ត្រាស់ទេសនា ទុកក្នុង កាលាមសូត្រ ថា៖
១. មា អនុស្សវេន កុំប្រកាន់ជឿអ្វីដែលឮតៗគ្នា មិនមានហេតុផល ។
២. មា បរម្បរាយ កុំប្រកាន់ជឿនូវអ្វីដែលគេនិយាយតៗគ្នា មិនមានដើមចុង ។
៣. មា ឥតិកិរាយ កុំប្រកាន់ជឿនូវអ្វីដោយការភ្ញាក់ផ្អើល ។
៤. មា បិដកសម្បទានេន កុំប្រកាន់ជឿអ្វី ដោយមើលឃើញសមតាមគម្ពីររបស់ខ្លួន ។
៥. មា តក្កហេតុ កុំប្រកាន់ជឿអ្វី ដោយការនឹងដៅ ឬស្មានយក (អនុមាន) ។
៦. មា នយហេតុ កុំប្រកាន់ជឿអ្វីដោយអាងការគ្នេរគ្នាន់ ឬកាត់តម្រូវ ។
៧. មា អាការបរិវិតក្កេន កុំប្រកាន់ជឿអ្វី ដោយអាងការត្រិះរិះតាមអាការៈ ។
៨. មា ទិដ្ឋិមិជ្ឈានក្ខនិ្តយា កុំប្រកាន់ជឿអ្វីដោយអាងថាត្រូវនឹងទិដ្ឋិរបស់ខ្លួន ។
៩. មា ភព្វរូបតាយ កុំប្រកាន់ជឿថា អ្នកនេះជាអ្នកប្រាជ្ញគួរជឿតាម ។
១០. មា សមណោ នោ គរុ កុំប្រកាន់ជឿថា សមណៈជាគ្រូយើង ។
ព្រះបរមសាស្តាទ្រង់ប្រដៅទៀតថា អ្វីដែលជា កុសល អ្វីដែលប្រសើរ ដែលបានឃើញពិតខ្លួនឯង ចូរប្រព្រឹត្តតាមចុះ ។ អ្វីដែលជា អកុសល អ្វីដែលមិនប្រសើរ ដែលអ្នកបានឃើញខ្លួនឯង ចូរកុំប្រព្រឹត្តឡើយ ។ពាក្យប្រៀនប្រដៅនេះ ព្រះពុទ្ធអង្គទ្រង់ទេសនាទុកយូរយារណាស់មកហើយ ហើយស្ថិតនៅតាមសំណៅដើមដដែលឃើញហាក់នៅថ្មីៗ ។ ពុទ្ធវចនៈនេះបញ្ជាក់ច្បាស់ថា ព្រះពុទ្ធសាសនាជាសាសនា ប្រគល់សេរីភាពឲ្យបុគ្គលម្នាក់ៗ ក្នុងការជឿ ការនិយាយ ការធ្វើការគិត ពុំព្រមឲ្យប្រើជំនឿ ឥតហេតុផលទេ ។
ដកស្រង់ចេញពីសៀវភៅ " ទ្រឹស្តីកម្មផល "
រៀបរៀងដោយ ឈុន-គឹមអៀត
ដោយ៥០០០ឆ្នាំ
images/articles/945/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥១២ ដង)
ព្រះពុទ្ធសាសនាមានលក្ខណៈពិសេសម្យ៉ាង ក្នុងដំណើរប្រវត្តិសាស្រ្តនៃការគិតរបស់មនុស្ស ថាជាសាសនាដែលបដិសេធការមានប្រាកដនៃវិញ្ញាណ អត្តា ឬតួខ្លួន ។ តាមពាក្យទូន្មានរបស់ព្រះពុទ្ធជាម្ចាស់ ជំនឿដែលថាមានតួខ្លួននេះជាជំនឿដែលខុស កើតចេញពីការស្រមើស្រមៃ ដែលមិនត្រូវជាមួយនឹងការពិត និងការបង្កឲ្យកើតការយល់ខុសថា " ខ្លួនយើង " និង " របស់យើង " បង្កឲ្យកើតចំណង់ដែលឃើញដល់ប្រយោជន៍ផ្ទាល់ខ្លួន សេចក្តីសេ្រកឃ្លាន ការប្រកាន់មាំ ការខឹងក្រោធ ការព្យាបាទ ការតម្កើងខ្លួន ការប្រកាន់ខ្លួន ការឈ្លក់វង្វេងនឹងតួខ្លួន រហូតដល់កិលេសសាវៈ ទាំងឡាយទាំងពួងនៅក្នុងលោក រាប់តាំងពីទំនាស់រវាងបុគ្គល រហូតដល់សង្រ្គាមរវាងជាតិនីមួយៗ ។
សរុបមកថា អំពើអាក្រក់ ទាំងឡាយទាំងពួងនៅក្នុងលោក សុទ្ធសឹងមានប្រភពកើតចេញមកពីការយល់ខុសនេះឯង ។
ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី "
បែ្រសម្រួលដោយ លីន កុសល
ដោយ៥០០០ឆ្នាំ
images/articles/946/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៩៣៧ ដង)
កូនជាទីស្រឡាញ់! ពាក្យថា គ្រួសារជាពាក្យដែលមានសេចក្តីឬអត្ថន័យច្រើន គឺសំដៅដល់ការស្រឡាញ់ ភាពកក់ក្តៅ ភាពនៃត្រកូលតែមួយជាមួយគ្នា ។ល។ ហើយតែងហៅគ្នាថា " អ្នកផ្ទះខ្ញុំ " ឬគ្រួសារខ្ញុំជាដើម ។ សម័យដែលនៅក្មេងៗ យើងនៅរួមគ្នាជាគ្រួសារ មានសម្លេងសើចសប្បាយមានសម្លេងរត់ប្រឡែងគ្នា បរិភោគអាហាររួមគ្នា និងធ្វើអ្វីៗជាមួយគ្នា មានភាពរស់រវើក ។ ឪពុកម្តាយ សូម្បីធ្វើការហត់នឿយអស់កម្លាំងយ៉ាងណាក៏ដោយ លុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនៗ រត់មកទទួល ជួយកាន់ជួយទទួលរបស់របរ និងសាកសួរពីការហត់នឿយប៉ុណ្ណឹង ម៉ែឪក៏បាត់អស់នូវការហត់នឿយទៅហើយ ។ មាតាបិតាឃើញកូនញ៉ាំបាន គេងបានលក់ក៏សប្បាយចិត្ត ទាំងអស់នេះឯងណ៎ាកូន ដែលគេថា គ្រួសារមានភាពកក់ក្តៅនោះ ។
ឥឡូវនេះកូនក៏បានធំៗអស់ហើយ កូនអើយធ្វើជាបងជាប្អូនគ្នា កូនត្រូវចេះស្រឡាញ់គ្នា ។ សាច់ឈាមជាមួយគ្នា យ៉ាងណាៗក៏កាត់មិនបាន ពាក្យចាស់ពោលថា " កាត់ទឹកមិនដាច់ កាត់សាច់មិនបាន " ដូច្នេះចូរកូនកុំស្អប់ខ្ពើម កុំកំណាញ់ កុំច្រណែន ឬខឹងក្រោធគំនុំគុំកួនអ្វីដល់គ្នាឡើយ កូនត្រូវជួយគ្នា និងមើលថែគ្នាវិញទើបបានល្អ ។ បានមកធ្វើជាបងប្អូននឹងគ្នាហើយ ស្រាប់តែមកឈ្លោះទាស់ទែងគ្នា វាជារឿងដែលគួរឲ្យខ្មាសអៀនណាស់ កូនអើយ មនុស្សល្អគេមិនឈ្លោះទាស់ទែងគ្នាដូច្នេះឡើយ ម៉្យាងទៀត កូនត្រូវគិតដល់ទ្រូងម្តាយឪពុកផងណ៎ា កូនណ៎ា ។
គិតដល់ពេលដែលកូននៅតូចៗ ឈ្លោះគ្នា ហើយក៏ល្អនឹងគ្នាវិញ លេងចូលគ្នាវិញដូចដើម ភ្លេចរឿងចាស់ដែលកន្លងទៅអស់ ហើយស្រឡាញ់គ្នា ព្រមព្រៀងគ្នា មានអ្វីធ្វើក៏ជួយធ្វើគ្នា ។ ល្អណាស់កូន មានរឿងខ្លះៗ កាលកូននៅពីតូចនោះ កូនគួរសិក្សាតាម បើកូនគិតថា កូនធំហើយ កូនមិនភ្លេចរឿងដែលទាស់ចិត្តដូចកាលកូននៅពីក្មេងទេ តែកូនត្រូវកុំប្រកាន់គ្នា ។ កូនអើយ ស្វាមី អាចរកថ្មីបាន ភរិយាអាចរកថ្មីបាន កូនក៏អាចរកថ្មីបានដែរ តែបងឬប្អូនរកមិនបានទៀតឡើយ មានប៉ុនណាក៏ប៉ុណ្ណឹង កាលកាត់បង កាត់ប្អូន ក៏ដូចគ្នានឹងការកាត់សាច់ កាត់ឈាមរបស់ម៉ែរបស់ឪដែរណ៎ាកូន ។
គ្រួសារកក់ក្តៅ ម៉ែឪកូនចៅ ត្រូវនៅក្នុងធម៌
មិនតាមកិលេស ចេះរស់ក្នុងពរ អាយុបវរ
គុណធម៌ក្នុងចិត្ត ។
ស្រុង-យូហេង, អ្នកម្តាយ, លោកឪពុក, ស្រុង-ចាន់ណា, ស្រុង-ចាន់រតនា, ម្តាយមីង
ដកស្រង់ចេញពី សៀវភៅ " ពាក្យពេចន៍ម៉ែឪ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/947/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,០៨៤ ដង)
មកដល់កូនជាទីស្រឡាញ់! សេចក្តីល្អ និងសេចក្តីចម្រើនរបស់កូន ម៉ែឪមិនធ្លាប់មានការប្រាថ្នាអាក្រក់ និងមិនធ្លាប់មានការច្រណែនម្តងណាឡើយ ព្រោះក្នុងបេះដូងរបស់ម៉ែឪមានតែសេចក្តីប្រាថ្នាល្អ សេចក្តីស្រឡាញ់ និងការគ្រប់គ្រង់ពេលទាំងអស់ មិនមានចន្លោះទុកសម្រាប់ឲ្យការប្រាថ្នាអាក្រក់ និងការច្រណែនឋិតនៅផងឡើយ ។ ទឹកចិត្តស្រឡាញ់របស់ម៉ែឪលើកូន មិនមានកំណត់ទីបំផុត ជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ។ ម៉ែឪមិនជាទុក្ខ ឬខ្មាសគេអ្វីឡើយ ដែលមានកូនជាមនុស្សក្រនូវទ្រព្យសម្បត្តិនោះ ប៉ុន្តែម៉ែឪជាទុក្ខនិងខ្មាសគេជាទីបំផុត បើថាកូនជាមនុស្សអាក្រក់ ។
ម៉ែឪមានសេចក្តីសុខ រីករាយក្នុងចិត្ត ព្រោះបានឃើញកូនៗមានសេចក្តីចម្រើនក្នុងជីវិត មានការងារល្អមានគ្រួសារកក់ក្តៅ ហើយជាពិសេសខ្លាំងណាស់នោះគឺ ម៉ែឪមាននូវសេចក្តីសុខដ៏ក្រៃលែង ព្រោះបានឃើញកូនជាមនុស្សល្អ ។ ម៉ែឪមិនមែនជាទេវតា តែក្រៃលែងជាងទេវតាទៅទៀត មិនមែនជាព្រះព្រហ្ម តែក្រៃលែងជាងព្រះព្រហ្មទៅទៀត ព្រោះម៉ែឪឲ្យសេចក្តីស្រឡាញ់ដល់កូនដ៏ក្រៃលែង និងឲ្យនូវអ្វីដែលទេវតាឥន្ទព្រហ្មឲ្យមិនបាន នោះគឺជីវិត ។
ម៉ែឪប្រាថ្នាឲ្យជីវិតកូនទាំងអស់មានតម្លៃ មានភាពភ្លឺស្វាង និងមានសេចក្តីសុខ ទើបម៉ែឪព្យាយាមពន្យល់កូនទូន្មានកូន ដូច្នេះកូនយកចិត្តទុកដាក់អាននូវសៀវភៅ " ពាក្យពេចន៍ម៉ែឪ " នេះ ដោយល្អ ត្រូវគិតឲ្យយល់នៅក្នុងសេចក្តីនីមួយៗ ហើយបដិបត្តិតាមឲ្យបានល្អជាទីបំផុត សេចក្តីចម្រើននឹងមានដល់កូនជាពិតប្រាកដ ។
ពីបំណងល្អបរិសុទ្ធរបស់ម៉ែឪ
ដកស្រង់ចេញពី សៀវភៅ " ពាក្យពេចន៍ម៉ែឪ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/953/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៣២៣ ដង)
កូនជាទីស្រឡាញ់! ឥឡូវនេះ កូនធំហើយ ល្មមអាចយល់ដឹងនូវរឿងរ៉ាវរបស់ជីវិតបាន បើមិនច្រើនក៏ខ្លះៗដែរ ។ កូនគង់តែបានដឹងហើយថា ឪពុកម្តាយស្រឡាញ់កូនច្រើនប៉ុនណា កូនប្រៀបបីដូចជាកែវភ្នែក ឬថ្លើមប្រម៉ាត់របស់ម៉ែឪដូច្នោះឯង ។ ឪពុកម្តាយនឿយហត់ក្នុងការងាររាល់ថ្ងៃនេះ កូនក៏ដឹងដែរថាគឺដើម្បីកូនគ្រប់គ្នា បើសម្រាប់តែមាត់ពីរ ក្រពះពីររបស់ឪពុកម្តាយទេនោះ ឪពុកម្តាយមិននឿយហត់ដូច្នេះទេ ។ ដែលពោលយ៉ាងនេះ មិនមែនចង់រំលឹកគុណ ហើយប្រាថ្នានូវការតបស្នងអ្វីឡើយ ក្រៅអំពីចង់ឲ្យកូនជាមនុស្សល្អនោះឡើយ ។
តាមពិត ម៉ែឪត្រូវការអ្វីៗច្រើនយ៉ាងពីកូនមែន គ្រាន់តែនិយាយមិនចេញ ហាក់ដូចជាទឹកលិចដល់មាត់អ៊ីចឹងឯង ។ ចូរកូនដឹងចុះ សូម្បីមាតាបិតាទាំងឡាយមានទ្រព្យសម្បត្តិច្រើនលើសពីការប្រើប្រាស់ទៅទៀតក៏ដោយ តែក៏នៅប្រាថ្នាចង់បានជំនូន ចង់បានរបស់ដែលកូនឲ្យដែរ ទោះបីរបស់នោះមិនសូវល្អ មិនសូវថ្លៃ តិចតួច ប្រៀបនឹងរបស់ដែលឪពុកម្តាយមានមិនបានក៏ដោយ ឲ្យតែថា ជារបស់ដែលកូនជូនហើយ ឪពុកម្តាយសប្បាយចិត្ត ។
កាលដែលកូនមាននំ មានផ្លែឈើយកមកជូននោះ ឪពុកម្តាយឆ្អែតស្រេចហើយក៏ដោយ ក៏នៅតែទទួលពិសាដោយពេញចិត្តពិតៗ ។ សម្លៀកបំពាក់ដែលកូននាំមកជូន ទោះជាមិនស្អាតក៏ដោយ ក៏មាតាបិតាស្លៀកពាក់ដែរ ដើម្បីបង្ហាញកូនយកចិត្តកូន ។ ទោះជាកូនមិនមានអ្វីមកជូនសោះ ដោយគ្រាន់តែកូនបង្ហាញមុខ ហើយមានដៃទាំងពីរសំពះថ្វាយបង្គំប៉ុណ្ណឹង ម៉ែឪក៏ពេញចិត្តណាស់ទៅហើយ ។
នេះជាបំណងប្រាថ្នា ដែលមានក្នុងចិត្តរបស់ឪពុកម្តាយគ្រប់គ្នា ពោលគឺចង់ឲ្យកូនជាមនុស្សល្អ គិតល្អ ធ្វើល្អ និយាយល្អ ដឹងគុណ ដឹងទោសទៅតាមសេចក្តីពិត ប៉ុន្តែ ឲ្យម៉ែឪហាមាត់ប្រាប់កូនថា ថ្វាយបង្គំមក ទិញផ្លែឈើល្អៗឲ្យមក.. យ៉ាងមិចទៅរួច ម៉្លោះហើយមាតាបិតាខ្លះបានបិទភ្នែកលាចាកលោកនេះទៅ ទាំងដែលមិនធ្លាប់បានឃើញកូនក្រាបសំពះខ្លួនម្តងផង ។
ពាក្យពេចន៍ម៉ែឪ បណ្តាំទឹកចិត្តពិតពាក្យព្រហ្ម
ពាក្យប្រាជ្ញពីព្រេងម៉ែឪផ្គុំ និយមព្រះពុទ្ធវិសុទ្ធពេចន៍ ។
អរគុណពណ៌មាសជះរស្មី សម្តីម៉ែឪត្រូវរំលេច
រំលឹកចំៗកុំឲ្យភ្លេច ពាក្យពេចន៍ដូចថ្ងៃថ្លៃដូចមាស ។
ទ្វីបលោកល្អស្រស់ព្រោះសុរិយា មាតាបិតាគឺជាព្រះ
ជាដួងសុរិយាយាត្រារះ កូនត្រូវសំពះទិសបូព៌ា ។
ទិសបូព៌មានន័យបុព្វការី បង្កើតប្រុសស្រីពេញពសុធា
ពាក្យពេចន៍ម៉ែឪត្រូវដូចជា សុរិយាក្នុងគ្រាបំភ្លឺលោក ។
ដកស្រង់ចេញពី សៀវភៅ " ពាក្យពេចន៍ម៉ែឪ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/968/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣២៣ ដង)
គ្រាមួយព្រះពុទ្ធជាម្ចាស់ ទ្រង់ប្រថាប់គង់នៅនាព្រៃមួយ ស្ថិតក្នុងនគរកោសម្ពី (បច្ចុប្បន្ននៅជិតស្រុកអាឡាហាក់បាដ Allahabad) ។ ពេលនោះឯង ព្រះអង្គទ្រង់បានចាប់យកនូវស្លឹកឈើមួយចំនួនមកទុកក្នុងព្រះហត្ថ ហើយត្រាស់សួរទៅកាន់ព្រះសាវ័កទាំងឡាយថា " ម្នាលភិក្ខុទាំងឡាយ ! អ្នកទាំងឡាយគិតឃើញយ៉ាងដូចម្តេច រវាងស្លឹកឈើដែលនៅក្នុងដៃរបស់តថាគត ជាមួយនឹងស្លឹកឈើដែលនៅក្នុងព្រៃនេះ ។ តើស្លឹកឈើណា ដែលមានចំនួនច្រើនជាង ? " ។
" បពិត្រព្រះអង្គដ៏ចម្រើន ! ស្លឹកឈើដែលនៅក្នុងព្រះហស្ថរបស់ព្រះអង្គតិចជាងច្រើនណាស់ បើប្រៀបធៀបទៅនឹងស្លឹកឈើដែលមាននៅក្នុងព្រៃនេះ "
" ម្នាលភិក្ខុទាំងឡាយ ! ដូចគ្នានេះដែរ ក្នុងបណ្តាអ្វីដែលតថាគតបានត្រាស់ដឹងហើយនោះ តថាគតបានប្រាប់ដល់អ្នកទាំងឡាយ ត្រឹមបន្តិចបន្តួចប៉ុណ្ណោះ រីឯអ្វីដែលតថាគតមិនបានប្រាប់ដល់អ្នកទាំងឡាយនោះ គឺមានច្រើនលើសលន់ ។ ហើយព្រោះហេតុអ្វីទៅ ទើបតថាគតមិនប្រាប់រឿងទាំងនោះដល់អ្នកទាំងឡាយ ? ព្រោះថារឿងទាំងនោះឯងមិនមានប្រយោជន៍ មិនប្រព្រឹត្តទៅដើម្បីការកម្ចាត់បង់នូវសេចក្តីទុក្ខ ។ នេះឯងហើយគឺហេតុផលដែលថា ហេតុអ្វីទើបតថាគតមិនប្រាប់នូវរឿងទាំងនោះដល់អ្នកទាំងឡាយ "
ជាការគ្មានប្រយោជន៍សោះឡើយ សម្រាប់ពួកយើងទាំងឡាយក្នុងការដែលត្រូវនាំគ្នាមកគិតនូវអ្វី ដែលព្រះពុទ្ធជាម្ចាស់ទ្រង់ជ្រាបហើយតែមិនបានទ្រង់ត្រាស់ប្រាប់ដល់ពួកយើងទាំងឡាយនោះ ។ លំនាំដូចគ្នានេះឯង អ្នកប្រាជ្ញមួយចំនួនធ្លាប់ធ្វើរួចមកហើយ ដោយមិនបានទទួលនូវលទ្ធផលអ្វីទាំងអស់ ។
ព្រះពុទ្ធជាម្ចាស់ទ្រង់មិនចាប់អារម្មណ៍ ក្នុងការវែកញែកបកស្រាយនូវបញ្ហាទស្សនវិជ្ជាដែលមិនចាំបាច់ ដែលសុទ្ធសឹងជារឿងកើតចេញពីការសន្និដ្ឋាន ហើយថែមទាំងបង្កឲ្យកើតបញ្ហានៃការគិតរវើរវាយថែមទៀតផង ។ ព្រះពុទ្ធអង្គទ្រង់ចាត់ទុកថា បញ្ហានៃទស្សនវិជ្ជាទាំងនោះជាព្រៃនៃទិដ្ឋិ ។
ក្នុងខណៈដែលនៅមានមនុស្សជាច្រើន ក៏ដូចជាសាវ័កមួយចំនួនរបស់ព្រះអង្គ មិនយល់ច្បាស់នូវគោលជំហរនេះរបស់ព្រះអង្គឡើយ ព្រោះថាមានឧទាហរណ៍របស់លោកម្នាក់ក្នុងពុទ្ធសាវ័កទាំងឡាយមានឈ្មោះថា មាលុក្យបុត្រ ហើយគឺលោកអង្គនេះឯងដែលបានតាំងនូវសំនួរ១០ខ ទាក់ទងទៅនឹងបញ្ហាទស្សនវិជ្ជាទូលសួរចំពោះព្រះពុទ្ធជាម្ចាស់ឲ្យទ្រង់ឆ្លើយ ។
ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី "
បែ្រសម្រួលដោយ លីន កុសល
ដោយ៥០០០ឆ្នាំ
images/articles/998/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៦៤៨ ដង)
ខ្ញុំបានស្តាប់យ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង មានទេវតា ១អង្គ កាលដែលរាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏រុងរឿង បានញ៉ាំងវត្តជេតពនជុំវិញទាំងអស់អោយភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយស្ថិតក្នុងទីសមគួរ ។
លុះទេវតានោះ ឋិតនៅក្នុងទៅសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដោយគាថាដូច្នោះថា ៖បរាភវន្តំ បុរិសំ មយំ បុឆ្ឆាម គោតមំ ភវន្តំ បុជ្ឋុមាកម្ម កឹ បរាភវតោ មុខំ ។ យើងទាំងឡាយមកដើម្បីសូមទូលសួរព្រះគោតមដ៏ចំរើន (ដោយគិតថា) យើងទាំងឡាយសូមសួរ អំពីបុរសបុគ្គល ដែលមានសេចក្តីវិនាស ចុះអ្វីជាប្រធាននៃសេចក្តីវិនាស។ ព្រះមានព្រះភាគត្រាស់ថា ៖
១-បុរសដែលចំរើន ជាបុគ្គល គឺបណ្ឌិត ដឹងបានដោយងាយ បុរសដែលវិនាស ជាបុគ្គល គឺបណ្ឌិតដឹងបានដោយងាយដែរ បុគ្គលប្រាថ្នាធម៏ រមែងចំរើន អ្នកស្អប់ធម៏រមែងវិនាស ។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ២ អ្វីជាប្រធាននៃសេចក្តីវិនាស។
២-បុគ្គលមានពួកអសប្បុរសជាទីស្រលាញ់ មិនធ្វើសេចក្តីស្រលាញ់ចំពោះពួកសប្បុរស ពេញចិត្តចំពោះធម៏របស់ពួកអសប្បុរស នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី២ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៣ អ្វីជាប្រធាននៃសេចក្តីវិនាស
៣- ជនអ្នកដេកលក់ច្រើនក្តី និយាយច្រើនក្តី មិនខ្មីឃ្មាតក្តី ខ្ជិលច្រអូសក្តី ប្រាកដតែខាងក្រោតក្តី នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៣ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៤ អ្វីជាប្រធាននៃសេចក្តីវិនាស។
៤- បុគ្គលជានអ្នកស្តុកស្តម្ភ តែមិនចិញ្ចឹមមាតាក្តី បិតាក្តី ដែលចាស់មានវ័យកន្លងហើយ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៤ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៥ អ្វីជាប្រធាននៃសេចក្តីវិនាស។
៥- បុគ្គលបញ្ជោតព្រាហ្មក្តី សមណៈក្តី ឬអ្នកសូមដ៏ទៃក្តី ដោយពាក្យកុហក នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៥ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៦ អ្វីជាប្រធាននៃសេចក្តីវិនាស។
៦- បុគ្គលមានទ្រព្យ ជាគ្រឿងត្រេកអរច្រើន មានប្រាក់ សម្បូរភោជន បរិភោគនូវភោជនមានរស់ឆ្ងាញ់តែម្នាក់ឯង នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៦ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៧ អ្វីជាប្រធាននៃសេចក្តីវិនាស។
៧- ជនដែលរឹងត្អឹងដោយអាងជាតិក្តី រឹងត្អឹងដោយអាងទ្រព្យក្តី រឹងត្អឹងដោយគោត្រកូលក្តី ហើយមើលងាយញាតិរបស់ខ្លួន នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៧ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៨ អ្វីជាប្រធាននៃសេចក្តីវិនាស។
៨- ជនអ្នកលេងស្រីក្តី សុរាក្តី លេងល្បែងភ្នាល់ក្តី រមែងញ៉ាំងទ្រព្យ ដែលខ្លួនបានហើយអោយវិនាសទៅ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៨ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៩ អ្វីជាប្រធាននៃសេចក្តីវិនាស។
៩- ជនមិនត្រេកអរនិងប្រពន្ឋរបស់ខ្លួន ហើយបែរទៅខូចចំពោះពួកស្រីពេស្យា ឬ ខូចចំពោះប្រពន្ឋបុគ្គលដ៏ទៃ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៩ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ១០ អ្វីជាប្រធាននៃសេចក្តីវិនាស។
១០- បុរសដែលមានវ័យកន្លងហើយ នាំយកស្រ្តី (ក្មេង) ដែលមានដោះក្បំដូចជាផ្លែទន្លាប់ រមែងដេកមិនលក់ ព្រោះសេចក្តីប្រចណ្ឌ័ចំពោះស្រ្តីនោះ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១០ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ១១ អ្វីជាប្រធាននៃសេចក្តីវិនាស។
១១- បុរសបគ្គលតាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬ បុរសបែបនោះដែរក្នុងឋានៈជាជំ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១១ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ១២ អ្វីជាប្រធាននៃសេចក្តីវិនាស។
១២- បុគ្គលដែលកើតក្នុងខត្តិយត្រកូល មានភោគៈតិច តែមានសេចក្តីប្រាថ្នាធំ ទៅប្រាថ្នារាជសម្បត្តិ នោះជាប្រធាននៃសេចក្តីវិនាស។
បុគ្គលជាបណ្ឌិត បរិបូណ៌ដោយការឃើញដ៏ប្រសើរ ពិចារណាឃើញច្បាស់ នូវសេចក្តីវិនាសទាំងនោះក្នុងលោក បណ្ឌិតនោះ រមែងគប់រកនូលលោក ដែលមានសេចក្តីសុខដ៏ក្សេមក្សាន្ត។
(ដកស្រងចេញពី សុត្តនិបាត ឆដ្ឋំ បរាភវសុត្តំ បិដកលេខ ៥៤ ទំពរ័ ៣៦-៤១)
វាយអត្ថបទដោយ ឧបាសក ទី វ៉េងណៃ
ដោយ៥០០០ឆ្នាំ
images/articles/1000/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៧៣៦ ដង)
សេចក្តីស្រឡាញ់រវាងស្រីនិងប្រុស តាមការពិតគឺ សេចក្តីប្រាថ្នា ព្រោះត្រូវការចង់បានមកឲ្យខ្លួនឯង ។ សេចក្តីប្រាថ្នានេះហៅថា "កាម" ប្រព្រឹត្តទៅដើម្បីយកមនុស្សដែលខ្លួនស្រឡាញ់មកគ្រប់គ្រងហួងហែង ជាការចុះទុនដោយការសង្ឃឹមផលតបស្នងពីអ្នកម្ខាងទៀត ។ ដូចជាពាក្យនិយាយថា " ខ្ញុំស្រឡាញ់អ្នក " មានសេចក្តីបង្កប់នៅក្នុងចិត្តអ្នកនិយាយគឺ " ខ្ញុំ (ត្រូវការសេចក្តី) ស្រឡាញ់ (អំពី) អ្នក " ហ្នឹងឯង ។
បើអ្នកម្ខាងទៀត មិនសម្តែងសេចក្តីស្រឡាញ់ ឬមិនមានទំនាក់ទំនងក្នុងការស្រឡាញ់តបមកវិញទេនោះ គេនឹងខូចចិត្តថ្លើម ហើយពោលរំលឹកៗនូវទឹកចិត្តព្រមទាំងអំពើរបស់គេ ដូចជាថា " ខ្ញុំឧស្សាហ៍ជួយទំនុកបម្រុងដល់អ្នក ខ្ញុំលះបង់នូវអ្វីៗច្រើនយ៉ាងដើម្បីអ្នក ខ្ញុំស្មោះចំពោះ... ហេតុដូចម្តេចបានជាមិនយល់ មិនឃើញ មិនស្រណោះដល់ទឹកចិត្តរបស់ខ្ញុំអ៊ីចឹង " ដូច្នេះជាដើម ។ នេះជាការសម្តែងឲ្យឃើញថា ការចុះទុនគឺដើម្បីសង្ឃឹមផល ដល់ទៅមិនបានការស្រឡាញ់តបក៏ខូចចិត្ត ពិតជាល្ងង់មែន ។
ម៉្យាងទៀត សេចក្តីស្រឡាញ់រវាងស្រីនឹងប្រុសនេះ គឺជាធម្មជាតិរបស់មនុស្សដែលមិនបានលះនូវកាមតណ្ហា ។ ដរាបណា ដែលអ្នកទាំងពីឋិតនៅក្នុងក្របខណ្ឌនៃប្រពៃណីជាតិ និងឋិតនៅក្នុងសីលធម៌ដ៏ល្អស្អាត ដរាបនោះ វាមិនជាអ្វីឡើយនៅក្នុងសង្គមមនុស្សនេះ ស្រឡាញ់គ្នាទៅចុះ បើជាគូគ្រង ឬគូព្រេងជាមួយគ្នាទៅហើយនោះ កុំតែរំលោភបំពានឆក់ដណ្តើមនូវកម្មសិទ្ធរបស់គេ ។
មិនមែនថាស្រឡាញ់គ្នា ជាគូគ្រងត្រឹមត្រូវហើយមិនមានទុក្ខនោះទេ វាតែងតែមានជាធម្មតា ដូចជាមានការទាស់ចិត្តគ្នាខ្លះ របៀបដូចអណ្តាតនិងធ្មេញ រួចទៅត្រូវគ្នាវិញ និងមានទុក្ខផ្សេងៗទៀតព្រោះហេតុតែការស្រឡាញ់ហួងហែងហ្នឹងឯង ។
តែបើមិនគ្រប់គ្រងចំណង់តណ្ហា ឲ្យឋិតនៅក្នុងក្របខណ្ឌប្រពៃណី និងសីលធម៌ទេ មានមួយហើយមិនល្មមត្រូវការមានពីរមានបី ឬក៏ប្រព្រឹត្តខុសក្នុងកាមដោយប្រការផ្សេងៗ មានការរំលោភបំពានដណ្តើមកម្មសិទ្ធអ្នកដទៃជាដើម យ៉ាងនេះទុក្ខទោសភ័យវិបត្តិនឹងតាមមកជាប្រាកដ ផ្ទះដែលធ្លាប់តែសុខស្ងប់ ក៏ក្លាយទៅជាកន្លែងក្តៅក្រហាយឈ្លោះប្រកែកវាយតប់ មានរឿងប្តឹងផ្តល់ ឬរហូតដល់ជ្រុលសម្លាប់ នាំឲ្យជាប់គុកជាប់ច្រវ៉ាក់ទៀតផង ។
បើការស្រឡាញ់ នោះជ្រុលជ្រួសហួសព្រំដែននៃសីលធម៌ មិនមានលោកបាលធម៌គឺហិរិនិងឱត្តប្បៈ (ខ្មាសខ្ពើមបាប ខ្លាចបាប) គ្រប់គ្រងទេ គឺវាចូលដល់តណ្ហាងងឹតមុខ កាមរាគៈបាំងភ្នែក ស្បែកមុខក្រាស់ សម្លឹងឃើញភេទផ្ទុយគ្នា ថាជាវត្ថុសម្រាប់កំសាន្តសប្បាយ ឬសម្រាប់ស្រាយចំណង់ ការស្រេកឃ្លានរបស់ខ្លួនទៅទាំងអស់ មិនវៀរសូម្បីតែកូនតូច កូនបង្កើត ឬកូនប្រសារ ដូចមានដំណឹងដែលកើតមានគួរឲ្យស្លុតសង្វេគក្នុងពិភពលោកសព្វថ្ងៃ ។
ដកស្រង់ចេញពីសៀវភៅ " បទពិចារណា "
រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1001/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦៧៩ ដង)
មនុស្សយើងគ្រប់គ្នាកំពុងចាស់គ្រប់ខណៈ ចាស់ជានិច្ចចាប់តាំងពីកើតមក ។ កំពុងមើល កំពុងស្តាប់ខណៈនេះក៏កំពុងចាស់ កំពុងដេកលក់ក៏ចាស់ ភ្ញាក់ឡើងក៏ចាស់ ។ គ្រប់គ្នាកំពុងទៅសន្សឹមៗរកឈាបនដ្ឋាន ឬរករណ្តៅកប់សពខ្លួនឯង មិនមានអ្នកណាម្នាក់គេចផុតបានឡើយ ។ ជីវិតមនុស្សយើងខ្លីណាស់ មានកំណត់ប្រមាណ ៦០-៧០ឆ្នាំ ប៉ុណ្ណោះ លើសជាងនេះមានតិចនាក់ណាស់
images/articles/1004/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,២៩៨ ដង)
ស្រឡាញ់គេតែម្ខាងប្រៀបបីដូចជាស្រូវក្នុងស្រែដែលខ្វះទឹក ហើយក៏ស្កកទៅដូច្នោះឯង ។
ចិត្តមនុស្សយើង មានការស្រឡាញ់ច្រើនជាងស្អប់អាចនិយាយបានថា ការស្រឡាញ់នោះកើតឡើងក្នុងចិត្តមនុស្សបានងាយណាស់ ពេលខ្លះគ្រាន់តែឃើញមុខនៅមិនទាន់បាននិយាយគ្នាផង ចិត្តក៏ចាប់យកវឹប កើតការស្រឡាញ់គេភ្លាមទៅហើយ ។
ព្រោះតែសេចក្តីស្រឡាញ់វាកើតងាយពេក អ៊ីចឹងទៅ ទើបពេលខ្លះនោះ ភាពលំបាកលំបិនក៏រមែងតាមមកដូចជាការទៅស្រឡាញ់គេទាំងដែលគេមិនចូលចិត្តខ្លួនឯងម្ល៉ោះហើយ សេចក្តីស្រឡាញ់វាទាមទារចង់បានឲ្យនៅជិត ចង់ជួប ចង់និយាយ ចង់បានចិត្ត ចង់បានបេះដូង ។ល។ ចំណែកអ្នកដែលមិនស្រឡាញ់តបនោះ ត្រូវព្យាយាមគេច ឬត្រូវលំបាកក្នុងការដោះស្រាយ ដោយប្រការផ្សេងៗ ។
អ្នកស្រឡាញ់បានទូរស័ព្ទទៅរកគេ ដោយសង្ឃឹមខ្លះៗថានឹងបានជជែកគ្នា ដើម្បីបន្ថយការនឹក.. ម្ខាងទៀតគេថាគេរវល់ណាស់ មិនទំនេរឡើយ មានការធ្វើយ៉ាងនេះយ៉ាងនោះមួយ ពេលខ្លះគេមិនទាំងទទួលនូវទូរស័ព្ទផង ។
ខំសរសេរសំបុត្រទៅរកគេ រៀបរាប់ពីទឹកចិត្តស្រឡាញ់ចិត្តនឹក.. ក៏ឥតប្រយោជន៍ប្រៀបដូចតែទូរស័ព្ទដែរ ។ អ្នកដែលវង្វេងស្រឡាញ់គេតែម្ខាង ត្រូវខូចចិត្តផង ខកចិត្តផង.. មានអាការដូចត្រូវគេចាប់ជើងទាំងពីគួបគ្នាឡើងលើ ហើយបុកក្បាលទៅនឹងដីដូច្នោះឯង មានសភាពគួរឲ្យអាណិតណាស់ ។
បុគ្គលដែលធ្លាក់ចូលទៅក្នុងសភាពបែបនេះ ត្រូវពិចារណាសាជាថ្មីឲ្យបានល្អ មានសតិសម្បជញ្ញៈឡើងទើបបានមិនខូចខ្លួនរហូតរើខ្លួនមិនរួចនោះ ។ ស្រឡាញ់គេ តែគេមិនស្រឡាញ់តបវិញនោះ វាទុក្ខស្រេចទៅហើយ ដូច្នេះត្រូវកុំបន្ថែមទុក្ខដោយវិធីល្ងង់ខ្លៅផ្សេងតទៅទៀត គឺកុំបោះបង់ខ្លួនឯងចោល កុំបៀតបៀនខ្លួនឯង និងកុំបៀតបៀនអ្នកដទៃ ។
ព្យាយាមធ្វើខ្លួនឲ្យបានល្អ ធ្វើឲ្យគេឃើញថាខ្លួនក៏មាននូវគុណតម្លៃដែរ ។ សេចក្តីល្អអាចឈ្នះចិត្តរបស់គេបានក្នុងថ្ងៃណាមួយ ឬថា បើមិនបានទទួលការស្រឡាញ់តបអំពីគេវិញដោយពិតៗនោះ ក៏ត្រូវគិតថា មិនមែនជាគូនឹងគ្នាអ៊ីចឹងទៅ មានចាំបាច់ត្រូវទៅវង្វេងស្រឡាញ់អ្នកដែលគេមិនស្រឡាញ់យើងនោះធ្វើអ្វី គួរតែស្រឡាញ់អ្នកណាដែលគេស្រឡាញ់យើងដែរ វាល្អជាង ។
ការរាប់អាននិងចូលកាន់សាសនា គឺនៅលើជំនឿ ឯចំណែករឿងស្នេហាស្រីប្រុសយកគ្នាជាគូគ្រង គឺនៅលើឧបនិស្ស័យ ទាំងពីរផ្នែកនេះគឺមិនអាចបង្ខំបានឡើយ ។
ដកស្រង់ចេញពីសៀវភៅ " បទពិចារណា "
រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ