35
ថ្ងៃ ពុធ ទី ០៣ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣២,៦៣១
Today
ថ្ងៃម្សិលមិញ ១៩៦,៣៧៩
ខែនេះ ៤១១,២២១
សរុប ៤០៦,៩១៦,៥៣៦
ប្រជុំអត្ថបទ
images/articles/1357/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៦,៣២១ ដង)
ទ្រព្យ​សម្បត្តិ​ជា​លទ្ធ​ផល​របស់​ការងារ​ក៏​ពិត​មែន​ហើយ ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​មិន​មែន​អាច​ជួយ​ឲ្យ​មនុស្ស​អស់​ការ​សៅហ្មង​បាន​ឡើយ បើ​បាត់​បង់​ស្មារតី​ បុរសស្ត្រី​នឹង​ដល់​នូវ​សេចក្ដី​សៅហ្មង​ដោយ​សារ​ទ្រព្យ​សម្បត្តិ​នោះ​ឯង សូម​មនុស្ស​ទាំង​អស់​គ្រប់​គ្នា កុំ​ធ្វើ​ការងារ​ ដើម្បី​បាន​ទ្រព្យ​សម្បត្តិ​តែ​ម្យ៉ាង​ឲ្យ​សោះ តែត្រូវ​ធ្វើ​ការងារ​ដើម្បី​រំដោះ​ខ្លួន​ឯង​ ឲ្យ​រួច​អំពី​ការ​សៅហ្មង ប្រៀប​បី​ដូច​ពពួក​ប្រែត​ដែល​សុំឲ្យ​ញាតិ​ធ្វើ​បុណ្យ​ឧទ្ទិស​ឲ្យ ដើម្បី​ខ្លួន​បាន​រួច​អំពី​ទី​ដ៏​ថោក​ទាប​ដូច្នោះ​ឯង នេះ​ជា​តម្លៃ​នៃ​ការងារ​ ដែល​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា យើង​អាច​ធ្វើ​បុណ្យ​ឧទ្ទិសឲ្យ​ដល់​ញាតិ សុំ​ឲ្យ​ពួក​ប្រេត​ជា​ញាតិ រួច​ចាក​អំពី​ទីឋាន​ដែល​បាន​កើត​ជា​ប្រេត​នោះ ប៉ុន្តែ​សូម​មនុស្ស​លោក​កុំ​ភ្លេច​ធ្វើ​បុណ្យ​ឧទ្ទិស​ឲ្យ​ខ្លួន​ឯង ដើម្បី​ខ្លួន​ឯង​បាន​រួច​អំពី​មនុស្ស​ប្រេត​ក្នុង​ជាតិ​នេះ​ផង។ អ្នក​ដទៃ​ធ្វើ​ល្អ​មក​លើ​យើង​គឺ វា​ល្អ​ពិត​ហើយ ប៉ុន្តែ​មិន​មែនជា​អំពើ​ល្អ​របស់​យើង​ឡើយមនុស្ស​មិន​មាន​នូវ​អំពើ​ល្អ​ខ្លួន​ឯង មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ទេ​ទាំង​អ្នក​ដទៃ​ក៏​មិន​អាច​ជួយ​បាន​ដែរ។ គុណ​តម្លៃ​នៃ​ការងារ​មនុស្ស​គ្រប់​គ្នា​ត្រូវ​សិក្សា​ស្វែង​យល់​ថា​ការងារ​បំរើ​តណ្ហា ជា​ការងារ​មាន​តម្លៃ​ទៅ​វិញ។ ដើម្បី​ឲ្យ​បាន​ត្រាស់​ដឹងជា​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​បរមពោធិសត្វបាន​ធ្វើ​ការងារ​ច្រើន​ណាស់ ទាំង​ឋិន​នៅ​ក្នុង​ពេល​វេលា​ដ៏យូរ​អង្វែង​ក្រៃ​លែង គ្រប់​ការ​អស្ចារ្យនៃ​ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់​ គឺ​ជា​លទ្ធ​ផល​នៃ​ការងារ​ដែល​ព្រះ​អង្គ​បាន​ធ្វើ​ កាល​ដែល​ព្រះអង្គ​នៅ​ជា​ព្រះ​ពោធិសត្វ​នៅ​ឡើយ។ ក្នុង​ពេល​នេះ​យើង​មិន​អាច​ធ្វើ​ជា​ព្រះ​ពុទ្ធ​ទៅ​បាន​ទេ ប៉ុន្តែ​យើង​អាច​ធ្វើ​នូវ​ការងារ ដែល​ការងារ​នោះ​អាច​ជួយ​ឲ្យ​យើង​បាន​នូវ​ឋានៈ​ដែល​យើង​ត្រូវ​ការ។ នៅ​ក្នុង​លោក​នេះ មិ​ន​មាន​អ្វី​ដែល​បាន​មក​ដោយ​ឯងៗ ដែល​មិន​មែន​ជា​លទ្ធ​ផល​នៃ​ការងារ​របស់​ខ្លួន​ឯង​នោះ​ទេ​គ្រាន់​តែ​ថា ការងារ​នោះ មាន​ការងារ​ខ្លះ​យើង​បាន​ធ្វើ​ហើយ​ក្នុង​ជាតិ​នោះ និង​មាន​ការងារ​ខ្លះ​ទៀត យើង​បាន​ធ្វើ​អំពី​ជាតិ​មុន​មក​ ការ​យល់​ដឹង​អំពី​លទ្ធផល​នៃ​ការងារ​យ៉ាង​នេះ រមែង​កាត់​បន្ថយ​នូវតណ្ហា ដែល​តែង​ប្រាថ្នា​ក្នុង​វត្ថុ​ទាំង​ពួង​មិន​មាន​ទី​បំផុត​នោះ ឲ្យ​ថយ​កម្លាំង ហើយ​បាន​ញ៉ាំង​សេចក្ដី​សន្ដោស​ឲ្យ​ចម្រើន ព្រោះ​ហេតុ​តែ​ការ​បាន​យល់​ដឹង​នោះ​ឯង។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ
images/articles/1358/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១០,១៧៧ ដង)
អំពី​ការងារ​សេពគប់​មិត្ត មិន​សេព​គប់​នឹង​បាប​មិត្ត បើ​សេពគប់ ត្រូវ​សេព​ជា​មួយ​បណ្ឌិត ប៉ុន្តែ​សូម​ប្រយ័ត្ន​កុំ​ឲ្យ​បាប​មិត្ត​ក្លាយ​ជា​សត្រូវ បើ​នៅ​តែ​មាន​សូម​ចៀស​ឲ្យ​ឆ្ងាយ បើ​ចៀស​មិន​ផុត​ត្រូវ​មាន​ស្មារតី​គ្រប់​ពេល ។ ត្រូវ​រៀន​ឲ្យ​ស្គាល់​មនុស្ស​ដែល​មិនមែន​ជា​មិត្ត គ្រាន់​តែ​ជា​មិត្ត​ប្លម ការងារ​នេះ​សំខាន់​ណាស់ កុំ​ប្រហែស​ឲ្យ​សោះ មនុស្ស​ដូចម្ដេច​ទើប​ជា​មិត្ត​ពិត​ប្រាកដ ព្រោះ​មនុស្ស​ខ្លះ​ជា​មិត្ត​ក្នុង​រោង​ស្រាខ្លះ​ ទាល់​តែ​មាន​ការ​ពឹង​ពាក់​ទើប​មក​រាក់​ទាក់​ហៅ​យើង​ថា​មិត្តៗ មនុស្ស​ខ្លះ​ហៅ​យើង​ថា​សម្លាញ់​ចំពោះ​មុខ ប៉ុន្តែ​ក្រោយ​ខ្នងចង​អាឃាត​ព្យាបាទ ច្រណែន ចង់​ឲ្យ​យើង​វិនាសទ្រព្យ​ គាប់​ចិត្តនិង​យើង​ធ្លាក់​បុណ្យ​ធ្លាក់​ស័ក្តិ ។ បុគ្គល​ដែល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍ខ្លួន​១ បុគ្គលដែល​ជា​មិត្ត​ល្អ​តែ​សំដី​១ បុគ្គល​ដែល​និយាយ​ចាក់​បណ្ដោយ​ឲ្យ​គាប់​ចិត្ត​១ បុគ្គលដែល​មិត្ត​សម្លាញ់​ក្នុង​ផ្លូវ​វិនាស១ បុគ្គល​ទាំង​បួន​ពួក​នេះ យើង​ត្រូវ​ដឹង​ថា មិន​មែន​ជា​មិត្ត​ពិតប្រាកដ​ទេ គ្រាន់​តែ​ជា​មិត្ត​ប្លម ហើយ​គប្បីចៀស​វាង​ឲ្យ​ឆ្ងាយ​ ដូច​អ្នក​ដំណើរចៀសវាង​ផ្លូវ​ដែល​ប្រកប​ដោយ​ភ័យ​ដូច្នេះ ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ
images/articles/1360/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៦,១៥២ ដង)
តួនាទី​បុត្តធីតា ៥​សិក្ខាបទ សិក្ខាបទទី១ : បុត្ត​ធីតា​គប្បី​សិក្សា​ថា​អាត្មា​អញ មាតា​បិតា​បាន​ចិញ្ចឹម​រក្សា​ម​ក​ហើយ នឹង​ចិញ្ចឹម​មាតា​បិតា​វិញ។ កើត​មក​ជា​មនុស្ស​បើ​គ្រាន់​តែ​នឹក​រលឹក​ដល់​អំពើ​ល្អ​អ្នក​ដទៃ​បាន​ធ្វើ​មក​លើ​ខ្លួន មិន​ឃើញ​ហើយ​នោះ ចាំ​បាច់​និយាយ​ធ្វើ​អ្វី​ចំពោះ​សេចក្ដី​ល្អ​ផ្សេង​ទៀត​ថា​អាច​នឹង​ឃើញ​ដើម្បី​សន្សំ​ពូន​ក្នុង​សន្ដាន​ទៅ​បាន​។ បក្សី​ស៊ី​ផ្លែ​ពោធិ៍​ជ្រៃ​អស់​ហើយ​ហើរ​ចេញ​មិន​បែរ​ក្រោយ​រឿង​នេះ​មិន​គួរ​ឲ្យ​តិះ​ដៀល​ទេ
images/articles/1361/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៧,៤៦៣ ដង)
តួនាទី​មាតា​បិតា ៥ សិក្ខាបទ សិក្ខាបទ​ទី​១ : មាតាបិតា​គប្បី​សិក្សា​ថា​អាត្មា​អញ​ត្រូវ​ហាម​ឃាត់​កូន ក្នុង​កាល​ដែល​កូន​ធ្វើ​នូវ​អំពើ​បាប​ផ្សេងៗ។ សម្បត្តិ​មរតក​មាស​ប្រាក់​លុយ​កាក់ ដីធ្លី​ស្រែ​ចំការ ទោះ​បី​ច្រើន​ប៉ុនណា​ក៏​មិន​មាន​តម្លៃ​ដូច​ជា​ឱវាទ​ទូន្មាន​ប្រៀន​ប្រដៅ​ឡើយ ម៉ែឪ​ហាម​កូន​ធ្វើ​បាប​គឺ​ជា​ការ​ចែក​សុគតិភព​ឲ្យ​កូន​ផង ជួយ​សង្គ្រោះ​មនុស្ស​សត្វ​យ៉ាង​ច្រើន​ឲ្យ​រួច​ផុត​អំពី​ការ​បៀត​បៀន​របស់​កូន​ផង
images/articles/3110/756y45gdf.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២២ (អាន: ៣,៩១៨ ដង)
ព្រះសាស្ដាប្រារព្ធបុត្រឧទ្យានបាលមួយរូប ដែលនៅក្នុងទក្ខិណាគិរិជនបទ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យោ វេ សព្ពសមេតានំ ដូច្នេះជាដើម ។ បានឮមកថា ព្រះសាស្ដាកាលចេញព្រះវស្សាហើយ យាងចេញពីវត្តជេតពន ទ្រង់ត្រាច់ចារិកទៅកាន់ទក្ខិណាគិរិជនបទ ។ មានឧបាសកមួយរូបនិមន្តភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ឲ្យគង់ក្នុងឧទ្យាន ហើយរៀបចំចាត់ចែងយាគូនិងបង្អែមថ្វាយ រួចពោលថា បពិត្រលោកម្ចាស់ បើលោកម្ចាស់ប្រាថ្នានិមន្តមើលឧទ្យាន ចូរនិមន្តទៅជាមួយឧទ្យានបាលនេះចុះ រួចហើយគាត់បង្គាប់ឧទ្យានបាលថា អ្នកចូរថ្វាយផលាផលដល់លោកម្ចាស់ ។ ភិក្ខុទាំងឡាយត្រាច់ចារិកទៅ បានឃើញដើមឈើដែលត្រូវគេដកមួយកន្លែង ហើយសួរថា ដើមឈើកន្លែងនេះ ម្ដេចក៏ត្រូវគេដក មិនមានដើមឈើ តើព្រោះហេតុអ្វី ? នាយឧទ្យានបាលប្រាប់ពួកភិក្ខុថា បុត្ររបស់ឧទ្យានបាលមួយរូបកាលស្រោចទឹកដើមឈើ បានដកឡើងដោយគិតថា យើងស្រោចតាមប្រវែងឫស ដូច្នេះទើបស្រោចទឹកតាមប្រមាណឫសឈើ ព្រោះហេតុនោះ កន្លែងនេះ ទើបត្រូវដកដើមឈើ ។ ភិក្ខុទាំងឡាយទៅកាន់សំណាក់ព្រះសាស្ដា ហើយក្រាបទូលរឿងនោះដល់ព្រះអង្គ ។ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាលឥឡូវនេះទេ សូម្បីកាលមុន កុមារនេះក៏ប្រទូសឧទ្យានដែរ រួចហើយទ្រង់នាំយកអតីតនិទានមកសម្ដែងថា ក្នុងអតីតកាល កាលព្រះបាទវិស្សសេនសោយរាជសម្បត្តិក្នុងនគរពារាណសី ។ កាលគេប្រកាសការលេងមហោស្រព អ្នករស់នៅក្នុងឧទ្យានគិតថា យើងនឹងលេងមហោស្រព ទើបពោលនឹងពួកស្វាថា ឧទ្យាននេះមានឧបការៈច្រើនដល់ពួកអ្នក, យើងនឹងលេងមហោស្រព ៧ ថ្ងៃ, ពួកអ្នកចូរស្រោចដើមឈើក្នុងកាល ៧ ថ្ងៃនេះផង ។ ពួកស្វាទទួលថា ល្អ ។ ឧទ្យានបាលក៏ឲ្យឆ្នាំងស្បែកដល់ពួកស្វា ហើយចេញទៅ ។ ពួកស្វាកាលស្រោចទឹក បានស្រោចដើមឈើដែលនៅខ្ចីៗ (ស្មើគ្នា) ។ ពេលនោះ មេហ្វូងស្វាពោលថា នែអ្នកទាំងឡាយ ចូរបង្អង់សិន ធម្មតាទឹកជារបស់រកបានដោយក្រក្នុងកាលទាំងពួង អ្នកទាំងឡាយគប្បីរក្សាទឹក អ្នកទាំងឡាយចូរដកដើមឈើខ្ចីៗ ឲ្យដឹងប្រវែងឫសសិន ហើយស្រោយចទឹកឲ្យច្រើនលើដើមឈើដែលមានឫសវែង និងស្រោចទឹកតិចដល់ដើមឈើដែលមានឫសខ្លី ។ ពួកស្វាពោលថា ល្អ ហើយពួកខ្លះដកដើមឈើមើលឫស ពួកខ្លះស្រោចទឹក ។ ពេលនោះ ព្រះពោធិសត្វជាបុត្ររបស់ត្រកូលមួយក្នុងក្រុងពារាណសី លោកទៅកាន់ឧទ្យានដោយករណីកិច្ចឯណានីមួយ បានឃើញពួកស្វាកំពុងធ្វើយ៉ាងនោះ ទើបសួរថា នែពួកស្វា ហេតុអ្វី បានជាពួកអ្នកធ្វើយ៉ាងនេះ ? កាលពួកស្វាពោលថា មេហ្វូង (ឲ្យធ្វើ) លោកក៏ពោលថា បញ្ញារបស់មេហ្វូងរបស់ពួកលោកគង់ជាយ៉ាងនេះទៅហើយ ចុះបញ្ញារបស់ពួកលោកគង់ជាយ៉ាងណាដែរ ដូច្នេះកាលនឹងប្រកាសសេចក្ដីនោះ ទើបពោលគាថាទី ១ ថា យោ វេ សព្ពសមេតានំ, អហុវា សេដ្ឋសម្មតោ; តស្សាយំ ឯទិសី បញ្ញា, កិមេវ ឥតរា បជា។ ស្វាណា ដែលគេសន្មតថាជាសត្វប្រសើរបំផុតជាងពួកស្វា ដែលមានជាតិស្មើរគ្នានេះ ប្រាជ្ញារបស់ស្វានោះ មានតែត្រឹមប៉ុណ្ណេះ ពួកសត្វ (ស្វា) ក្រៅនេះ នឹងមានប្រាជ្ញា ដូចម្ដេចទៅ ។ ពួកស្វាស្ដាប់របស់ព្រះពោធិសត្វហើយ ពោលគាថាទី ២ ថា ឯវមេវ តុវំ ព្រហ្មេ, អនញ្ញាយ វិនិន្ទសិ; កថំ មូលំ អទិស្វាន, រុក្ខំ ជញ្ញា បតិដ្ឋិតំ។ បពិត្រអ្នកដ៏ប្រសើរ ការតិះដៀលយ៉ាងនេះ ព្រោះតែមិនដឹង បុគ្គលមិនឃើញនូវឫស ហើយគប្បីដឹងនូវដើមឈើដែលតាំងនៅស៊ប់ ដូចម្ដេចកើត ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា នាហំ តុម្ហេ វិនិន្ទាមិ, យេ ចញ្ញេ វានរា វនេ; វិស្សសេនោវ គារយ្ហោ, យស្សត្ថា រុក្ខរោបកា។ យើងមិនតិះដៀលពួកអ្នក ដែលជាពានរ អាស្រ័យនៅក្នុងព្រៃនេះទេ តែថាពួកជនអ្នកដាំដើមឈើ ដើម្បីប្រយោជន៍ ដល់ស្ដេចវិស្សសេនណា ស្ដេចវិស្សសេននោះ គួរគេដៀលបាន ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា វានរជេដ្ឋកោ អារាមទូសកកុមារោ អហោសិ មេហ្វូងស្វាក្នុងកាលនោះ បានមកជាកុមារប្រទូសឧទ្យានបណ្ឌិតបុរិសោ បន អហមេវ អហោសិំ ចំណែកបុរសជាបណ្ឌិត គឺតថាគតនេះឯង ។ អារាមទូសកជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៤) ដោយ​៥០០០​ឆ្នាំ​
images/articles/3092/__________________.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២២ (អាន: ៥,៥៣៩ ដង)
រស្មីពណ៌ក្រហមៈ ជាតំណាងកាលដែលព្រះអង្គសោយព្រះជាតិជាមហាបទុម មាណព ។ គ្រានោះ មានពស់មួយ ប្រកបដោយអសិរពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គ ក៏ទ្រង់យកកាំបិតមកពុះទ្រូង លូកយកបេះដូងមកផ្សំធ្វើថ្នាំ ព្យាបាលមាតាព្រះអង្គឲ្យមាន ជីវិតឡើងវិញ ។ សេចក្តីលំអិតមានដូចតទៅនេះ៖ មានរឿងតំណាលថា ក្នុងអតីតកាល មានព្រះមហាក្សត្រមួយអង្គព្រះនាម សេនរាជ គ្រងរាជសម្បត្តិក្នុង នគរអង្គវតី មានមហេសីព្រះនាម សុមេខលារាជទេវី ជានារីទ្រង់មានរូប ឆោមក្រៃលែង ។ គ្រានោះ ព្រះពោធិសត្វច្យុតចាកឋានតុសិតមកចាប់បដិសន្ធិក្នុងព្រះឧទរ នៃព្រះរាជទេវី ។ កាលណោះ មានព្រះមហាក្សត្រមួយអង្គព្រះនាម កូជរាជ ទ្រង់បានពត៌មានពីមនុស្សទាំងឡាយថា ព្រះនាង សុមេខលារាជទេវី ទ្រង់មានព្រះរូបឆោមក្រៃលែងលើផែនដី ក៏មានព្រះទ័យស្នេហាប្រតិព័ទ្ធយ៉ាងខ្លាំងទើបទ្រង់កេណ្ឌទ័ពលើកចេញទៅព័ទ្ធ នគរអង្គវតី ហើយទ្រង់បញ្ជូនរាជទូតឲ្យទៅថ្លែងរាជសារដល់ព្រះបាទសេនរាជៗមានតម្រិះថា “ឱ! អស់រាស្ត្រប្រជាទាំងឡាយ នឹងដល់នូវសេចក្តីវិនាសអន្តរាយទាំងអាយុជីវិត ទាំងទ្រព្យសម្បត្តិក្នុង គ្រានេះជាមិនខាន” ។ ឯពួកអ្នកនគរ បានប្រមូលផ្តុំគ្នាជាពួក ជាក្រុម ចូលក្រាប បង្គំទូលសុំទទួលអាសាការពាររាជបល័្លង្ក ។ តែព្រះអង្គពុំយល់ព្រមដោយទ្រង់ខ្លាចក្រែង អន្តរាយអាយុរបស់ប្រជាជន ។ ឯពួកសេនាយោធា ក៏លើកទ័ពចេញទៅច្បាំងតាមទំនើងខ្លួន ដោយគ្មានអគ្គបញ្ជាការ ទេ ដោយក្តីស្ម័គ្រចិត្តរៀងៗខ្លួន ម្លោះហើយ ការប្រយុទ្ធឥតមានយុទ្ធសាស្ត្រ និងរបៀបរៀប រយត្រឹមត្រូវ ក៏បណ្តាលឲ្យទទួលការបរាជ័យ ។ ចំណែកឯព្រះបាទសេនរាជ បានទ្រង់ជ្រាប ព៌តមានហើយ ព្រះអង្គក៏ម្នីម្នាដោះព្រះកាយចេញពីនគរ ដោយមានព្រះអគ្គមហេសីស្វាមី ភក្តីស្ម័គ្រចិត្តទៅតាមហែព្រះអង្គផង ។ ក្សត្រាក្សត្រីទាំងពីរព្រះអង្គ ទ្រង់ឈមព្រះភ័ក្រ្តសំដៅ ទៅព្រៃហេមពាន្ត ទ្រង់ចូលព្រៃ ចេញពីព្រៃឆ្លងកាត់វាលអស់ផ្លូវសែនឆ្ងាយដរាបឆ្នេរទន្លេ គង្គាដ៏ធំមួយ ទើបទ្រង់កាប់ឈើធ្វើជាក្បូន រួចស្រេចហើយក៏ឲ្យព្រះរាជអគ្គមហេសីគង់លើ ក្បូនឈើនោះឆ្លងទៅត្រើយនាយ ។ ពេលដែលក្បូនដល់ពាក់កណ្តាលទន្លេ ស្រាប់តែមាន ខ្យល់ព្យុះអាកាសវាទមួយបក់បោកយ៉ាងខ្លាំងបណ្តាលឲ្យក្បូននោះដាច់ចំណង ក្សត្រទាំងពីរអង្គក៏ព្រាត់ទៅទីទៃពីគ្នានាគ្រានោះឯង ។ ព្រះរាជទេវីត្រូវខ្យល់រលកបក់បោកទៅដល់ត្រើយមុន ក្រឡេកមើលព្រះស្វាមីពុំឃើញ ទ្រង់ព្រះកន្សែងសោកាជាពន្លឹក ហើយត្រាច់រកតាមឆ្នេរគង្គា ជូនជាក្រឡេកមើលទៅ កណ្តាលទន្លេ ក៏បានឃើញព្រះស្វាមី លិចអណ្តែតៗ ទ្រង់ភិតភ័យតក្កមាក្រែងព្រះស្វាមីក្ស័យព្រះជន្មា ទើបព្រះនាងតាំងសច្ចកិរិយាធិដ្ឋានសុំឲ្យផ្ទៃគង្គា មានសណ្ឋានរឹងដូចប្រថពី ។ គ្រានោះគួរឲ្យអស្ចារ្យណាស់ ផ្ទៃទឹកគង្គាក៏រឹងគួរឲ្យចម្លែក ទើបព្រះនាងយាត្រាលើខ្នងទឹក ទៅរកស្វាមីនាកណ្តាលទន្លេគង្គា ស្រង់ព្រះស្វាមីពីទឹកហើយឲ្យយាត្រាតាមព្រះនាងដរាប ដល់ត្រើយ ។ ព្រះរាជាទ្រង់ស្ងើចសរសើរបុណ្យបារមីព្រះនាងដោយប្រការផ្សេងៗ ហើយ ក្សត្រាក្សត្រីយាត្រាសំដៅទៅព្រៃព្រះហេមពាន្តដើម្បីទ្រង់ផ្នួសជាតាបសឥសី ។ កាលណោះ ក្រឡាអាសនៈ នៃព្រះអមរិន្ទ សម្តែងឧណ្ហាការជាចម្លែកទើបទ្រង់បើក ទិព្វចក្ខុទតមកមើលមនុស្សលោក ក៏ទ្រង់បានជ្រាបព្រឹត្តិការហេតុសព្វគ្រប់ ទើបទ្រង់មាន ទេវបញ្ជាឲ្យវិស្សកម្មទេវបុត្រ ចុះមកនិម្មិតជាបណ្ណសាលាពីរខ្នងសម្រាប់ក្សត្រាក្សត្រីទាំងពីរៗ ក៏ទ្រង់ជ្រាបថា បណ្ណសាលានេះកើតឡើងដោយទេវានុភាព អនុគ្រោះចំពោះព្រះអង្គ ទើបស្តេចចូលទៅក្នុងបណ្ណសាលា ហើយទ្រង់ព្រះផ្នួសជាឥសីតាមប្រពៃណី ។ ព្រះមហាក្សត្រគង់នៅក្នុងបណ្ណសាលានាព្រៃហេមពាន្ត ដោយក្តីសុខជាមួយនឹងព្រះ មហេសី ដែលតែងតែយាងទៅស្វែងរកមើមឈើព្រៃសម្រាប់ធ្វើអាហារឥតមានកង្វះខាត ឡើយ ។ ព្រះរាជាតែងទ្រង់បន្លឺនូវព្រះឧទានថា សុខស្រួលណាស់នៅទីនេះ ។ ប៉ុន្តែ ក្តីសុខ ក្សេមក្សាន្តនេះ មិនបានឋិតថេរទេ មិនយូរប៉ុន្មាន ទ្រង់ក៏ប្រឈួនជាទម្ងន់ ហើយទ្រង់សោយ ទិវង្គត់ទៅ ។ ឯព្រះរាជទេវី ទ្រង់ព្រះកន្សែងសោយសោកលើសលន់ពន់ប្រមាណស្ទើរក្ស័យ ព្រះជន្មទៅជាមួយនឹងព្រះស្វាមី ។ លុះបន្ទោបង់នូវសេចក្តីសោកបានខ្លះហើយទើបព្រះនាង ថ្វាយបង្គំព្រះសព សុំខមាទោសតាមប្រពៃណីរួចហើយ ទើបព្រះនាងរៀបពិធីបូជាព្រះសព ព្រះស្វាមី ។ រាល់ទិវារាត្រី ព្រះនាងតែងតែនឹកឃើញព្រះស្វាមី ធើ្វឲ្យព្រះនាងអាឡោះ អាល័យស្ទើរតែទៅជាវិកលចរិត ។ ឯព្រះគ៌ភព្រះនាងកាន់តែចាស់ខែហើយ នៅទីបំផុត ព្រះនាងក៏ប្រសូត្រព្រះរាជបុត្រ ។ ដោយបុណ្យបារមីរបស់ព្រះរាជបុត្រ ពេលនោះក៏មានហេតុអស្ចារ្យកើតប្រាកដឡើង គឺមានផ្កាឈូកមាសយ៉ាងធំផុសឡើងទ្រព្រះរាជកុមារ ។ ព្រះនាងទតឃើញដូច្នោះ ក៏មានព្រះ ទ័យត្រេកអរយ៉ាងខ្លាំង ក៏ទ្រង់ជ្រាបថា ព្រះរាជកុមារនេះ មានបុណ្យបារមី ទើបទ្រង់តាំង នាមថា មហាបទុមកុមារ ។ លុះព្រះកុមារមានវ័យចម្រើនឡើង បានទូលសួររកព្រះបិតា ព្រះនាងក៏រៀបរាប់ប្រាប់ ព្រះរាជកុមារតាមដំណើររឿងចប់សព្វគ្រប់ ។ រៀងរាល់ថ្ងៃព្រះរាជកុមារតែងតែសុំព្រះមាតា ទៅព្រៃដើម្បីរកផលាផល និងមើមឈើជំនួសមាតា តែមាតាមិនយល់ព្រម ដោយទ្រង់យល់ ថា ព្រះរាជបុត្រនៅក្មេងពេក ។ ព្រះរាជកុមារជាមនុស្សមានប្រាជ្ញា និងប្រកបដោយកតញ្ញូតាមធម៌ ចង់តបគុណព្រះ មាតា និងខ្លាចព្រះមាតាជួបប្រទះនូវហេតុភេទណាមួយ ពេលដែលព្រះមាតាចេញទៅរក ផលាផល ព្រះរាជកុមារតែងតែលបទៅតាមពីក្រោយមិនឲ្យព្រះមាតាដឹងឡើយ រហូតកំណត់ទិសតំបន់បានគ្រប់ទីកន្លែងទើបត្រឡប់មកអាស្រមវិញ ។ នៅរសៀលថ្ងៃមួយ ព្រះ នាងកំពុងតែយាងត្រឡប់មកអាស្រមវិញ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ទើបព្រះនាង គេចចូលជ្រកក្រោមម្លប់ឈើធំមួយ នៅដើមឈើនោះ មានអាសិរពិសមួយលូនចេញពីរន្ធឈើនោះ ក៏ចឹកចំព្រះបាទារបស់ព្រះនាងៗស្រែក ដង្ហោយហៅព្រះរាជបុត្រ ទ្រង់ព្រះកន្សែង សោយសោកអាណិតដល់ព្រះរាជបុត្រ មិនយូរប៉ុន្មាន ព្រះនាងក៏ក្ស័យព្រះជន្មដោយពិស ពស់ដ៏សាហាវនោះទៅ ។ ឯព្រះបទុមកុមារ ពេលមិនឃើញមាតាត្រឡប់មកអាស្រមតាមប្រក្រតីវិញ ក៏សង្ស័យ ថា ប្រហែលជាព្រះមាតាមានឧបសគ្គអ្វី ទើបយាត្រារត់រកព្រះមាតា ត្រាតែបានជួបប្រទះ ហើយក៏ទ្រង់ព្រះកន្សែងសោយសោកមហិមារហូតដល់បាត់ស្មារតី ។ ពេលដឹងខ្លួនឡើង ក៏ តាំងចិត្តអធិដ្ឋានបួងសួងដល់ទេវតាទាំងឡាយថា “ខ្ញុំសុខចិត្ត លះបង់ជីវិតរបស់ខ្ញុំ សូមឲ្យ តែព្រះមាតារបស់ខ្ញុំរស់រានមានជីវិតឡើងវិញចុះ ។ គ្រានោះបណ្តាលឲ្យក្តៅដល់ព្រះឥន្ទ្រាធិរាជៗក៏និម្មិតខ្លួនជាព្រាហ្មណ៍ចាស់ ចូលទៅ រកព្រះកុមារៗ ក៏សួររកថ្នាំ ។ ព្រាហ្មណ៍ចាស់ប្រាប់ថា ចូរអ្នករកសាច់បេះដូងមនុស្សរស់យក មកផ្សំ រួចបញ្ច្រកចូលទៅក្នុងមាត់មាតារបស់អ្នកមាតារបស់អ្នកនឹងរស់ឡើងវិញ ។ ពេលនោះព្រះបទុមកុមារ ក៏ងើបទៅលើអាកាស ហើយបួងសួងសុំឲ្យទេវតាទម្លាក់អាវុធចុះមក ។ អាវុធក៏ធ្លាក់ចុះមកមែនទើបព្រះកុមារ ចាប់យកកាំបិតវះកាត់យកសាច់បេះដូងចេញមកជូន ទៅតាព្រាហ្មណ៍ៗ ក៏ចាប់ដាក់ទៅក្នុងមាត់ព្រះនាង រួចសេកមន្តផ្សំផងស្រាប់តែព្រះមាតា របស់ព្រះកុមាររស់ឡើងវិញភ្លាម ហាក់ដូចជាទើបតែក្រោកពីនិន្ទ្រា ។ ចំណែកឯព្រះកុមារ វិញ ដេកដូលក្ស័យព្រះជន្មក្នុងខណៈនោះដែរ ។ ដោយអំណាចរបស់ព្រះឥន្ទ្រាធិរាជ និងកម្លាំងកត្តញ្ញូតាធម៌ ព្រះឥន្ទ្រាធិរាជក៏បានជួយស្រោចស្រង់ ព្រះរាជកុមារឲ្យមានព្រះជន្មឡើងវិញ ដូចធម្មតា ។ ព្រះវរមាតា និងព្រះ រាជបុត្រ ក៏មានព្រះទ័យសោមនស្សរីករាយក្រៃលែង ហើយនាំគ្នាត្រឡប់ទៅកាន់អាស្រម គង់នៅជាសុខក្សេមក្សាន្តដរាបដល់អស់ព្រះជន្មាយុ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/2941/nhyic.jpg
ផ្សាយ : ០៣ កញ្ញា ឆ្នាំ២០២២ (អាន: ៦,៤០៩ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ទុព្វចភិក្ខុមួយរូប បានត្រាស់ព្រះធម្ម-ទេសនានេះមានពាក្យថា បរិសង្កុបថោ នាម ដូច្នេះជាដើម ។ បានឮមកថា ភិក្ខុនោះជាកុលបុត្រមួយរូប សូម្បីបួសក្នុងសាសនាដែលដឹកនាំឲ្យរួចផុតចាកទុក្ខហើយ កាលអាចារ្យ ឧបជ្ឈាយ៍ និងសព្រហ្មចារីទាំងឡាយដែលជាអ្នកប្រាថ្នាប្រយោជន៍ពោលប្រៀនប្រដៅថា លោកគប្បីឈានទៅយ៉ាងនេះ គប្បីថយត្រឡប់យ៉ាងនេះ គប្បីសម្លឹងមើលយ៉ាងនេះ គប្បីមៀងមើលយ៉ាងនេះ គប្បីដាក់ដៃជើងយ៉ាងនេះ គប្បីលាតលាយ៉ាងនេះ គប្បីស្លៀកយ៉ាងនេះ គប្បីដណ្ដប់យ៉ាងនេះ គប្បីកាន់បាត្រយ៉ាងនេះ គប្បីទទួលភត្តតែល្មមមួយចម្អែត ត្រូវពិចារណាហើយសឹមបរិភោគ គប្បីជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ គប្បីដឹងប្រមាណក្នុងភោជន គប្បីប្រកបដោយសេចក្ដីភ្ញាក់រលឹក គប្បីដឹងថា នេះជាអាគន្តុកវត្ត នេះជាគមិកវត្ត ទាំងនេះជាខន្ធកវត្ត ១៤ ទាំងនេះជាមហាវត្ត ៨០ លោកគប្បីប្រព្រឹត្តឲ្យល្អក្នុងវត្តទាំងនោះ គប្បីសមាទានធុតង្គគុណ ១៣ ដូច្នេះ ភិក្ខុនោះជាអ្នកដែលគេប្រដៅក្រ មិនអត់ធន់នឹងឱវាទ មិនកាន់យកពាក្យប្រៀនប្រដៅជាចំណែកខាងស្ដាំ មិនធ្វើតាមពាក្យទូន្មាន ។ លោកពោលត្រឡប់ថា ខ្ញុំមិនពោលនឹងលោក ព្រោះហេតុអ្វី លោកទាំងឡាយទើបពោលនឹងខ្ញុំ ខ្ញុំប៉ុណ្ណោះដឹងអំពើជាប្រយោន៍ និងមិនជាប្រយោជន៍ដែលជារបស់ខ្លួនហើយ ដូច្នេះទើបធ្វើខ្លួនឲ្យជាអ្នកដែលគេពោលស្ដីថាមិនបាន ។ លំដាប់នោះ ភិក្ខុទាំងឡាយដឹងភាពជាអ្នកប្រដៅក្ររបស់ភិក្ខុនោះហើយ ទើបអង្គុយពោលពាក្យមិនជាគុណរបស់ភិក្ខុនោះក្នុងធម្មសភា ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ។ កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ដូច្នេះហើយ ព្រះអង្គក៏ឲ្យហៅភិក្ខុនោះមក ហើយសួរបញ្ជាក់ថា ម្នាលភិក្ខុ បានឮថា អ្នកជាបុគ្គលប្រដៅក្រ ពិតមែនឬ ? ភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះទសពលត្រាស់ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី ដែលអ្នកបានបួសក្នុងនិយ្យានិកសាសនានេះហើយ មិនធ្វើតាមពាក្យរបស់អ្នកប្រាថ្នាប្រយោជន៍ចឹង សូម្បីក្នុងកាលមុន អ្នកក៏មិនធ្វើតាមពាក្យបណ្ឌិតទាំងឡាយ បានក្លាយជាលម្អិតតូចធំ ក្នុងមាត់ខ្យល់វេរម្ភៈ យ៉ាងនេះហើយ ទ្រង់នាំអតីតនិទានមកថា ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះពោធិសត្វកើតក្នុងកំណើតសត្វត្មាត លើភ្នំគិជ្ឈកូដ ។ កូនរបស់ព្រះពោធិសត្វនោះជាស្ដេចត្មាតមានឈ្មោះថា សុបត្តៈ មានត្មាតច្រើនពាន់ជាបរិវារ ជាអ្នកដល់ព្រមដោយកម្លាំង ។ សុបត្តត្មាតនោះចិញ្ចឹមមាតាបិតា ព្រោះជាអ្នកមានកម្លាំងខ្លាំង ទើបហើរទីកាន់ទីដ៏សែនឆ្ងាយ ។ លំដាប់នោះ ត្មាតជាបិតាពោលប្រៀនប្រដៅគេថា នែកូន អ្នកកន្លងឋានប្រមាណប៉ុណ្ណេះហើយ មិនគប្បីទៅទៀតឡើយ ។ ស្ដេចត្មាតសុបត្តៈនោះសូម្បីពោលថា ល្អហើយ ក៏ដោយ តែថ្ងៃមួយ កាលភ្លៀងបង្អុរចុះ ស្ដេចត្មាតនោះហើរទៅជាមួយនឹងត្មាតទាំងឡាយ ហើយបានលះបង់ត្មាតដ៏សេស ហើរទៅកាន់ទីដ៏ខ្ពស់ ក៏ដល់មាត់ខ្យល់វេរម្ភៈ (ត្រូវខ្យល់វេរម្ភៈបោកបក់កម្ទេច) បានដល់នូវភាពជាលម្អិតតូចធំ ។ ព្រះសាស្ដាកាលសម្ដែងសេចក្ដីនោះ ទើបត្រាស់អភិសម្ពុទ្ធគាថាទាំងឡាយនេះថា បរិសង្កុបថោ នាម, គិជ្ឈបន្ថោ សនន្តនោ; តត្រាសិ មាតាបិតរោ, គិជ្ឈោ បោសេសិ ជិណ្ណកេ; តេសំ អជគរមេទំ, អច្ចហាសិ ពហុត្តសោ។ មានផ្លូវលើគិជ្ឈបព៌ត ឈ្មោះបរិសង្កុបថៈ ជាផ្លូវមានមក តាំងអំពីបុរាណ ត្មាតមួយចិញ្ចឹមមាតាបិតា ដែលចាស់ជរា នៅក្នុងផ្លូវនោះ ត្មាតនោះ បានទៅនាំយកកន្សោមខ្លាញ់ពស់ថ្លាន់ មកចិញ្ចឹមមាតាបិតាទាំងនោះ ដោយច្រើន ។ បិតា ច បុត្តំ អវច, ជានំ ឧច្ចំ បបាតិនំ; សុបត្តំ ថាមសម្បន្នំ, តេជស្សិំ ទូរគាមិនំ។ ចំណែកត្មាតជាបិតា កាលបើដឹងថា ត្មាតឈ្មោះសុបត្តៈ ជាកូន មានស្លាបបរិបូណ៌ មានតេជះ ហើរទៅកាន់ទីខ្ពស់ ទាំងហើរទៅកាន់ទីឆ្ងាយបាន ក៏និយាយដាស់តឿន ។ បរិប្លវន្តំ បថវិំ, យទា តាត វិជានហិ; សាគរេន បរិក្ខិត្តំ, ចក្កំវ បរិមណ្ឌលំ; តតោ តាត និវត្តស្សុ, មាស្សុ ឯត្តោ បរំ គមិ។ នែបា (បើ) អ្នកដឹងនូវផែនដីថា អណែ្តត (ដូចជាស្លឹកឈូក) មានសាគរព័ទ្ធជុំវិញមូលដូចកង់ វេលាណាហើយ នែបា ចូរអ្នកត្រឡប់មក អំពីទីនោះវិញ អ្នកកុំទៅឲ្យហួសទៅនាយ អំពីទីនេះឡើយ ។ ឧទបត្តោសិ វេគេន, ពលី បក្ខី ទិជុត្តមោ; ឱលោកយន្តោ វក្កង្គោ, បព្ពតានិ វនានិ ច។ (ត្មាតឈ្មោះសុបត្តៈ) ជាបក្សីមានកក្ងក់ មានកម្លាំងដ៏ប្រសើរជាងទិជជាតិ (សត្វដែលកើត២ដង សំដៅដល់សត្វដែលកើតក្នុងស៊ុត) ហើរស្ទុះឡើង ដោយសន្ទុះដ៏ខ្លាំង រមិលមើលនូវភ្នំ និងព្រៃទាំងឡាយ ។ អទ្ទស្ស បថវិំ គិជ្ឈោ, យថាសាសិ បិតុស្សុតំ; សាគរេន បរិក្ខិត្តំ, ចក្កំវ បរិមណ្ឌលំ។ ត្មាត (ឈ្មោះសុបត្តៈនោះ) បានឃើញផែនដីមានសាគរព័ទ្ធជុំវិញ មូលដូចជាកង់ សមដូចពាក្យប្រដៅរបស់បិតា ដែលខ្លួនបានឮមកហើយ ។ តញ្ច សោ សមតិក្កម្ម, បរមេវច្ចវត្តថ; តញ្ច វាតសិខា តិក្ខា, អច្ចហាសិ ពលិំ ទិជំ។ ត្មាតនោះ ហើររំលងទីនោះ ប្លោងហួសទៅកាន់ទីខាងនាយ ស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំង បក់កួចត្មាតដ៏មានកម្លាំងនោះ ខ្ទេចខ្ទីអស់ទៅ ។ នាសក្ខាតិគតោ បោសោ, បុនទេវ និវត្តិតុំ; ទិជោ ព្យសនមាបាទិ, វេរម្ភានំ វសំ គតោ។ បក្សីត្មាតនោះ ហើរជ្រុលហួសទៅនាយហើយ ក៏មិនអាចហើរត្រឡប់មកវិញបាន លុះក្នុងអំណាចខ្យល់ព្យុះ ក៏ដល់នូវសេចក្តីវិនាសទៅ ។ តស្ស បុត្តា ច ទារា ច, យេ ចញ្ញេ អនុជីវិនោ; សព្ពេ ព្យសនមាបាទុំ, អនោវាទករេ ទិជេ។ ពួកកូន និងប្រពន្ធរបស់ត្មាតនោះក្តី ពួកត្មាតដទៃដែលរស់នៅដោយសារត្មាតនោះ (បរិវារ) ក្តី ក៏ដល់នូវសេចក្តីវិនាសទាំងអស់គ្នា ព្រោះតែត្មាតសុបត្តៈនោះ មិនធ្វើតាមឱវាទ ។ ឯវម្បិ ឥធ វុឌ្ឍានំ, យោ វាក្យំ នាវពុជ្ឈតិ; អតិសីមចរោ ទិត្តោ, គិជ្ឈោវាតីតសាសនោ; ស វេ ព្យសនំ បប្បោតិ, អកត្វា វុឌ្ឍសាសនំ។ ពួកជនណា ក្នុងលោកនេះ មិនធ្វើតាមពាក្យប្រដៅ របស់បុគ្គលចាស់ព្រឹទ្ធាចារ្យទាំងឡាយ យ៉ាងនេះហើយ ពួកជនទាំងអស់នោះ រមែងដល់នូវសេចក្តីវិនាស ព្រោះតែមិនធ្វើតាមពាក្យប្រដៅ របស់បុគ្គលចាស់ព្រឹទ្ធាចារ្យ ដូចជាត្មាតដ៏មានកម្លាំង ប្រព្រឹត្តល្មើសពាក្យប្រដៅ ហើរហួសទីព្រំប្រទល់ ។ បណ្ដាបទទាំងនោះ បទថា បរិសង្កុបថោ គឺសង្កុបថោ ។ មនុស្សទាំងឡាយកាលទៅដើម្បីរកមាសនិងប្រាក់ បានបោះបង្គោលក្នុងទីនោះ ចងខ្សែនឹងបង្អោលនោះហើយទៅ ព្រោះហេតុនោះ ទីនោះជាផ្លូវដែលទៅដោយស្មង លើភ្នំគិជ្ឈកូដនោះ លោកទើបហៅថា សង្កុបថៈ ។ បទថា គិជ្ឈបន្ថោ បានដល់ ផ្លូវធំលើកំពូលភ្នំគិជ្ឈកូដ ។ បទថា សនន្តនោ ប្រែថា តាំងអំពីបុរាណ ។ បទថា តត្រាសិ សេចក្ដីថា មានត្មាតមួយនៅនឹងសង្កុបថៈ លើកំពូលភ្នំគិជ្ឈកូដ ត្មាតនោះចិញ្ចឹមមាតាបិតាដែលចាស់ជរា ។ បទថា អជគរមេទំ បានដល់ ខ្លាញ់ខាប់ពស់ថ្លាន់ ។ បទថា អច្ចហាសិ សេចក្ដីថា នាំមកដ៏ច្រើន ។បទថា ពហុត្តសោ បានដល់ ដោយច្រើន។ បទថា ជានំ ឧច្ចំ បបាតិនំ សេចក្ដីថា ត្មាតជាបិតាបានស្ដាប់ថា កូនរបស់លោកហក់លោតកាន់ទីដ៏ខ្ពស់ ទើបដឹងថា សុបត្តត្មាតនេះឡើងកាន់ទីខ្ពស់ ។ បទថា តេជស្សិំ សេចក្ដីថា ដល់ព្រមដោយតេជះរបស់បុរស ។ បទថា ទូរគាមិនំ សេចក្ដីថា ទៅឆ្ងាយដោយតេជះនោះឯង ។ បទថា បរិប្លវន្តំ សេចក្ដីថា អណែ្តតលើទឹក ដូចជាស្លឹកឈូក ។ បទថាវិជានហិ សេចក្ដីថា អ្នកដឹង ។ បទថា ចក្កំវ បរិមណ្ឌលំ សេចក្ដីថា ត្មាតបិតាពោលប្រៀនប្រដៅយ៉ាងនេះថា កាលណាជម្ពូទ្វីបនេះ ដែលកំណត់ដោយសមុទ្រ ឋិតនៅក្នុងទីណា ប្រាកដដូចមណ្ឌលចក្រដល់អ្នកណា នែកូន អ្នកចូរត្រឡប់អំពីទីនោះ ។ បទថា ឧទបត្តោសិ សេចក្ដីថា ត្មាតសុបត្តៈមិនធ្វើតាមឱវាទរបស់បិតា ថ្ងៃមួយ ហើរទៅជាមួយនឹងត្មាតទាំងឡាយ លះបង់ត្មាតទាំងនោះ ទៅដល់ទីដែលបិតាប្រាប់ ។ បទថាឱលោកយន្តោ សេចក្ដីថា សុបត្តត្មាត ដល់ទីនោះហើយ ក្រឡេកមើលខាងក្រោម ។ បទថា វក្កង្គោ ប្រែថា ងាកក ។ បទថា យថាសាសិ បិតុស្សុតំ សេចក្ដីថា បានស្ដាប់មកអំពីសម្នាក់បិតាយ៉ាងណា ក៏បានមើលឃើញយ៉ាងនោះ បាឋៈថា យថាស្សាសិ ក៏មាន ។ បទថា បរមេវច្ចវត្តថ សេចក្ដីថា ហើរកន្លងហួសដែនដែលបិតាប្រាប់ហើយ ទៅខាងមុខទៀត ។ បទថា តញ្ច វាតសិខា តិក្ខា សេចក្ដីថា ខ្យល់ព្យុះយ៉ាងខ្លាំង បក់កួចត្មាតជាទិជជាតិ ដែលជាអ្នកមិនធ្វើតាមឱវាទសូម្បីមានកម្លាំង ធ្វើឲ្យខ្ទេចខ្ទី ។ បទថា នាសក្ខាតិគតោ សេចក្ដីថា មិនអាចនឹងត្រឡប់មកវិញបាន ។ បទថា បោសោ ប្រែថា សត្វ ។ បទថា អនោវាទករេ សេចក្ដីថា កាលស្ដេចត្មាតសុបត្តៈជាទិជជាតិនោះ មិនធ្វើតាមឱវាទរបស់បណ្ឌិតទាំងឡាយ ត្មាតទាំងនោះសូម្បីទាំងអស់ក៏ដល់នូវសេចក្ដីទុក្ខដ៏ធំ ។ បទថា អកត្វា វុឌ្ឍសាសនំ សេចក្ដីថា មិនធ្វើតាមពាក្យរបស់បិតាដែលជាអ្នកប្រាថ្នាសេចក្ដីចម្រើន និងប្រយោជន៍ រមែងដល់សេចក្ដីទុក្ខធំយ៉ាងនេះ ។ ម្នាលភិក្ខុ ព្រោះហេតុនោះ អ្នកចូរកុំដូចសត្វត្មាតនោះឡើយ អ្នកចូរធ្វើតាមពាក្យរបស់អ្នកប្រាថ្នាប្រយោជន៍ចុះ ។ ភិក្ខុនោះកាលព្រះសាស្ដាឲ្យឱវាទយ៉ាងនេះហើយ ចាប់ពីពេលនោះមក លោកក៏ជាអ្នកដែលគេទូន្មានបានដោយល្អ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ទុព្ពចគិជ្ឈោ ឯតរហិ ទុព្ពចភិក្ខុ អហោសិ ទុព្វចត្មាតក្នុងកាលនោះ បានមកជាទុព្វចភិក្ខុនេះ គិជ្ឈបិតា បន អហមេវ អហោសិំ ចំណែកត្មាតជាបិតា គឺ តថាគត នេះឯង ។ ចប់ គិជ្ឈជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៥) ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3045/5342rweeeeg.jpg
ផ្សាយ : ០៣ កញ្ញា ឆ្នាំ២០២២ (អាន: ៥,៦៦១ ដង)
ទោសបិសុណាវាចា (ទោសការពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ) មាន​រឿង​ក្នុង​គម្ពីរ​ធម្មបទ បច្ឆិម​ភាគ សេចក្ដី​ថា កាល​ក្នុង​សាសនា​ព្រះ​សម្ពុទ្ធ ព្រះ​នាម​កស្សបៈ មាន​ព្រះ​ថេរៈ​ពីរ​អង្គ​ជា​សម្លាញ់​នឹង​គ្នា មាន​ព្រះ​ទ័យ​ស្មើ​ដូច​ជា​បង​ប្អូន​កើត​ក្នុង​ផ្ទៃ​មាតា​ជា​មួយ​គ្នា ។ ថ្ងៃ​មួយ​មាន​ភិក្ខុ​ជា​ធម្មកថិក​មួយ​រូប ទៅ​ពោល​ពាក្យ​ញុះញង់​បំបែក​ព្រះ​ថេរៈ​ទាំង​ពីរ១អង្គ​ឱ្យ​បែក​ចាក​សេចក្ដី​រាប់អាន លុះ​ភិក្ខុ​ធម្មកថិក​នោះ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ ក៏​ទៅ​រង​ទុក្ខ​ក្នុង​អវីចី​នរក​អស់​កាល​ដ៏​យូរ​រវាង​មួយ​ពុទ្ធន្តរ លុះ​រួច​ពី​នរក​មក​ទៅ​កើត​ជា​សូករ​ប្រេត គឺ​ប្រេត​មាន​សណ្ឋាន​ដូច​ជា​ជ្រូក មាន​ខ្លួន​ជា​មនុស្ស ក្បាល​ជា​ជ្រូក​រង​ទុក្ខ​លើ​ភ្នំ​គិជ្ឈកូដ​ក្នុង​ពុទ្ធកាល​នេះ ទោស​ទាំង​នេះ​ជា​ទោស​ព្រោះ​ពោល​បិសុណា​វាចា​នោះ​ឯង ។ ព្រះ​វង្គិ​សត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយ ទើប​លោក​សម្ដែង​ជា​បទ​គាថា​ដែល​រាប់​បញ្ចូល​មក​ក្នុង​សុភាសិត​សូត្រ​ដូច្នេះ​ថា តមេវ វាធំ ភាសេយ្យ យាយត្តានំ ន តាបយេ បរេ ច ន វិហឹសេយ្យ សា វេ វាចា សុភាសិតា ។ ប្រែ​ថា បុគ្គល​មិន​គប្បី​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ​ក្រហាយ​ផង មិន​គប្បី​បៀត​បៀន​អ្នក​ដទៃ​ផង ដោយ​វាចា​ណា គប្បី​ពោល​តែ​វាចា​នោះ​ចុះ វាចា​នោះ​ឯង​ហើយ​ជា​សុភាសិត ។ ចប់​រឿង​សូករ​ប្រេត ។ ដោយ៥០០០ឆ្នាំ
images/articles/3116/__________________.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២២ (អាន: ៣,៥៥១ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការប្រលោមលួងលោមរបស់បុរាណទុតិយិកា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឧច្ចេ សកុណ ឌេមានដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្នបានពោលរួចហើយក្នុងបុប្ផរត្តជាតក (ឯកកនិបាត), រឿងរ៉ាវក្នុងអតីតនឹងមានជាក់ច្បាស់ក្នុងឥន្ទ្រិយជាតក (អដ្ឋកនិបាត) ។ ចំណែកក្នុងជាតកនេះ កាលបុរសនោះនៅមានជីវិត គាត់ក្ដៅក្រហាយភ័យតក់ស្លុតលើឈើអណ្ដោត បានឃើញក្អែកមួយដែលកំពុងហើរតាមអាកាស គាត់មិនគិតពីទុក្ខវេទនាសូម្បីដែលមានការឈឺចាប់ខ្លាំង ហៅក្អែកដើម្បីបញ្ជូនដំណឹងទៅប្រាប់ភរិយា ក៏ពោលគាថាទាំងនេះថា ឧច្ចេ សកុណ ឌេមាន, បត្តយាន វិហង្គម; វជ្ជាសិ ខោ ត្វំ វាមូរុំ, ចិរំ ខោ សា ករិស្សតិ។ ម្នាលសត្វស្លាប អ្នកនៅក្នុងទីខ្ពស់ ទៅដោយស្លាបបាន ទៅតាមអាកាសបាន សូមអ្នកប្រាប់ (ប្រពន្ធខ្ញុំ) ដែលមានភៅស្រលួតដូចដើមចេក ប្រពន្ធរបស់ខ្ញុំនោះ នឹងរលឹកខ្ញុំអស់កាលយូរ ។ ឥទំ ខោ សា ន ជានាតិ, អសិំ សត្តិញ្ច ឱឌ្ឌិតំ; សា ចណ្ឌី កាហតិ កោធំ, តំ មេ តបតិ នោ ឥទំ។ ប្រពន្ធខ្ញុំនោះ មិនដឹងនូវដាវនិងលំពែងនេះទេ ដែលគេដោតចុះហើយ នាងជាស្រីឆ្នាស តែងធ្វើនូវសេចក្ដីក្រោធ ការក្រោធរបស់នាងនោះ រមែងក្ដៅក្រហាយដល់ខ្ញុំ (ឯដាវនិងកំពែងដែលគេដោត) ក្នុងទីនេះ មិនមែនក្ដៅក្រហាយដល់ខ្ញុំទេ ។ ឯស ឧប្បលសន្នាហោ, និក្ខញ្ចុស្សីសកោហិតំ; កាសិកញ្ច មុទុំ វត្ថំ, តប្បេតុ ធនិកា បិយា។ ច្បូកដូចជាផ្កាឧប្បល និងក្រោះនោះ ចិញ្ចៀនមាស សំពត់មានសាច់ដ៏ទន់ ដែលជននាំមកអំពីដែនកាសី ខ្ញុំដាក់លើក្បាលដំណេក (ប្រពន្ធខ្ញុំ) ជាស្រីត្រូវការនឹងទ្រព្យ ចូរយកចិញ្ចឹមជីវិតឲ្យស្កប់ស្កល់ចុះ ។ បុរសនោះកាលបរិទេវនាការយំរៀបរាប់នោះឯង ក៏ធ្វើកាលកិរិយា ហើយកើតក្នុងនរក ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក កាលចប់សច្ចធម៌ ភិក្ខុដែលអផ្សុកចង់សឹកបានតាំងនៅក្នុងសោតាបត្តិផល ។ភរិយាក្នុងកាលនោះ បានមកជាភរិយាក្នុងពេលនេះ ហេតុការណ៍នោះគឺទេវបុត្រណាបានឃើញ ទេវបុត្រនោះគឺតថាគតនេះឯង ។ កាមវិលាបជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត កុម្ភវគ្គ កាមវិលាបជាតក បិដកលេខ ៥៨ ទំព័រ ១៨០) ដោយ​៥០០០​ឆ្នាំ​
images/articles/3167/2022-01-14_13_01_46-Life_of_the_Buddha_in_Pictures.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២២ (អាន: ២,៩៧៩ ដង)
[២៧១] ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកបិទបាំងបាបកម្ម នឹងបាននូវគតិ [ដំណើរទៅកាន់ភព។] ពីរយ៉ាង គតិ ណាមួយ គឺនរក ឬកំណើតតិរច្ឆាន ពុំលែងឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនបិទបាំងបាបកម្ម នឹងបាននូវគតិពីរយ៉ាង គតិណាមួយ គឺទេវតា ឬមនុស្ស ពុំលែងឡើយ។ [២៧២] ម្នាលភិក្ខុទាំងឡាយ បុគ្គលជាមិច្ឆាទិដិ្ឋ នឹងបាននូវគតិពីរយ៉ាង គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាទិដិ្ឋ នឹងបាននូវគតិពីរយ៉ាង គតិណាមួយ គឺ ទេវតា ឬមនុស្ស ពុំខានឡើយ។ [២៧៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល រមែងទទួលឋានៈ ២ ប្រការ គឺនរក ១ កំណើតតិរច្ឆាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសីល រមែងទទួលឋានៈ ២ ប្រការ គឺ ទេវតា ១ មនុស្ស ១។ បុគ្គលជាមិច្ឆាទិដ្ឋិនឹងបាននូវគតិ ២ យ៉ាង - បិដកភាគ ៤០_ ទំព័រ ១៣៤ ឃ្នាប ២៧១ ដោយ៥០០០ឆ្នាំ
images/articles/3065/2021ook.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២២ (អាន: ៨,១៣៤ ដង)
បឋមសំវាសសូត្រ ទី៣ [៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះស្រុកមធុរា និងចន្លោះស្រុកវេរញ្ជា។ មានពួក [ជនទាំងនោះ មានដំណើរទៅរៀបចំអាវាហវិវាហមង្គល ឲ្យកូនចៅក្នុងស្រុកនោះ ព្រោះហេតុនោះ បានជានាំគ្នាដើរ ទៅតាមផ្លូវនោះដែរ។ អដ្ឋកថា។] គហបតី និងពួកគហបតានីជាច្រើននាក់ ដើរទៅកាន់ផ្លូវឆា្ងយ ក្នុងចន្លោះស្រុកមធុរា និងចន្លោះស្រុកវេរញ្ជាដែរ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់គេចចេញ ចាកផ្លូវហើយ ទ្រង់គង់ក្រោមម្លប់ឈើមួយ។ ពួកគហបតី និងគហបតានី ទាំងនោះ បានឃើញព្រះដ៏មានព្រះភាគ សេ្តចគង់ក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកគហបតី និងគហបតានីទាំងនោះ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី និងគហបតានីទាំងឡាយ សង្វាស (ការនៅរួមគ្នាជាមួយនឹងស្វាមីភរិយា) នេះ មាន ៤ យ៉ាង។ សង្វាស ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី ១ ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី ១ ទេវតាប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី ១ ទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី ១។ ម្នាលគហបតីទាំងឡាយ ចុះខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកធ្វើនូវបាណាតិបាត ធ្វើនូវអទិន្នាទាន ប្រព្រឹត្តនូវកាមេសុមិច្ឆាចារ ពោលពាក្យមុសា ក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណញ្រហ្មណ៍ ទាំងភរិយារបស់ស្វាមីនោះ ក៏ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត ប្រព្រឹត្តធ្វើ នូវអទិន្នាទាន ប្រព្រឹត្តធ្វើនូវកាមេសុមិច្ឆាចារ ពោលនូវពាក្យមុសា ក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណញ្រហ្មណ៍ដែរ។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី។ ម្នាលគហបតីទាំងឡាយ ចុះខ្មោចប្រុស នៅរួមជាមួយនឹងទេវតាស្រី តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកធ្វើនូវបាណាតិបាត ។បេ។ ក្រេបផឹកនូវសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណញ្រហ្មណ៍ ប៉ុន្តែភរិយារបស់ស្វាមីនោះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ ជាអ្នកវៀរចាកការក្រេបផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ ជាអ្នកមានសីល មានធម៌ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេចពួកសមណញ្រហ្មណ៍។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្នាលគហបតីទាំងឡាយ ចុះទេវតាប្រុស នៅរួមជាមួយគ្នានឹងខ្មោចស្រី តើដូចម្តេច។ ម្នាល គហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកការក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ មានសីល មានធម៌ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេចពួកសមណញ្រហ្មណ៍ ទើបឯភរិយារបស់ស្វាមីនោះ ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត។បេ។ ក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណញ្រហ្មណ៍។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ទេវតាប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី។ ម្នាលគហបតីទាំងឡាយ ចុះទេវតាប្រុស នៅរួមជាមួយគ្នានឹងទេវតាស្រី តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកការក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកមានសីល មានធម៌ដ៏ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេចពួកសមណញ្រហ្មណ៍ ទាំងភរិយារបស់ស្វាមីនោះ ក៏ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកការក្រេបផឹក នូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកមានសីល មានធម៌ដ៏ល្អ មានចិត្ត ប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេច ពួកសមណញ្រហ្មណ៍ដែរ។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្នាលគហបតីទាំងឡាយ សង្វាស (ការនៅរួមគ្នា មាន ៤) យ៉ាងនេះឯង។ ជនទាំងពីរនាក់ ជាអ្នកទ្រុស្តសីល ជាអ្នកកំណាញ់ស្វិតស្វាញ ជេរប្រទេច (នូវសមណញ្រហ្មណ៍) ប្រពន្ធ និងប្តី ទាំងពីរនាក់នោះ ឈ្មោះថា ខ្មោចមកនៅរួមគ្នា។ ស្វាមី ជាអ្នកទ្រុស្តសីល មានសេចក្តីកំណាញ់ស្វិតស្វាញ ជេរប្រទេច (នូវសមណញ្រហ្មណ៍) ភរិយា ជាអ្នកមានសីល ដឹងនូវពាក្យពេចន៍ នៃពួកស្មូម មានសេចក្តីកំណាញ់ ប្រាសចេញហើយ ភរិយានោះឯង ឈ្មោះថា ទេវតាស្រី នៅរួមគ្នាជាមួយនឹងប្តីខ្មោច។ ស្វាមី ជាអ្នកមានសីល ដឹងនូវពាក្យពេចន៍ នៃពួកស្មូម ជាអ្នកមានសេចក្តីកំណាញ់ប្រាសចេញហើយ ភរិយា ជាអ្នកទ្រុស្តសីល មានសេចក្តីកំណាញ់ស្វិតស្វាញ ជេរប្រទេច (នូវសមណញ្រហ្មណ៍) ភរិយានោះឯង ឈ្មោះថា ស្រីខ្មោចនៅរួម គ្នាជាមួយនឹងប្តីទេវតា។ ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ដឹងនូវពាក្យពេចន៍ នៃពួកស្មូម ជាអ្នកសង្រួម (ក្នុងសីល) ជាអ្នកចិញ្ចឹមជីវិតតាមគន្លងធម៌ ប្រពន្ធ និងប្តីទាំងពីរនាក់នោះ ពោលពាក្យផ្អែមល្ហែម ទៅរកគ្នានឹងគ្នា រមែងមានសេចក្តីចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្តចំពោះជនទាំងពីរនាក់ ដែលមានសីលស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ បើនៅមានចំណង់ក្នុងកាម ក៏រមែងជាអ្នកត្រេកអរ រីករាយ ក្នុងទេវលោកបាន។ បឋមសំវាសសូត្រ ទី ៣ ឬសង្វាស ៤ យ៉ាង បិដកភាគ ៤២ ទំព័រ ១៤០ ឃ្នាប ៥៤ ដោយ៥០០០ឆ្នាំ
images/articles/3090/53TERGS.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២២ (អាន: ៨,៩៣៣ ដង)
[៤៤៦] ម្នាលភិក្ខុទាំងឡាយ ។ សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ទ្រង់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត ហើយត្រឡប់ពីបិណ្ឌបាតក្នុងបច្ឆាភត្ត ត្រាស់ហៅព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរកាន់យកនូវសំពត់គឺសីទនៈ តថាគតនិងចូលទៅឯបាវាលចេតិយ ដើម្បីសម្រាកក្នុងវេលាថ្ងៃ ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់នូវសំពត់សីទនៈដើរតាមក្រោយ ៗ ព្រះដ៏មានព្រះភាគទៅ ។ [៤៤៧] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ចូលទៅបាវាលចេតិយ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលបុគ្គលតាក់តែងថ្វាយ ។ ព្រះអានន្ទដ៏មានអាយុ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីរីករាយ ឧទេនៈចេតិយ គួរជាទីរីករាយ គោតមកចេតិយ គួរជាទីរីករាយ សត្តម្ពចេតិយ គួរជាទីរីករាយ ពហុបុត្តកចេតិយ គួរជាទីរីករាយ សារន្ទទចេតិយ គួរជាទីរីករាយ បាវាលចេតិយ គួរជាទីរីករាយ ។ ម្នាលអានន្ទ បុគ្គលណាមួយបានចម្រើនឥទ្ធិបាទ ៤ បានធ្វើឲ្យរឿយ ៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមល្អហើយ កាលបើបុគ្គលនោះប្រាថ្នា អាចស្ថិតនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ ម្នាលអានន្ទ ឥទ្ធិបាទ ៤ តថាគតបានចម្រើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមល្អហើយ ។ ម្នាលអានន្ទ បើតថាគតប្រាថ្នា អាចស្ថិតនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ [៤៤៨] កាលបើព្រះដ៏មានព្រះភាគទ្រង់ធ្វើនិមិត្ត ជាឱឡារិក ទ្រង់ធ្វើឱកាសជាឱឡារិកយ៉ាងនេះក៏ដោយ ព្រះអានន្ទដ៏មានអាយុ នៅតែមិនអាចនិងយល់សេចក្តីច្បាស់លាស់បានឡើយ មិនបានអារាធនាព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់គង់នៅអស់ ១ អាយុកប្ប សូមព្រះសុគតទ្រង់គង់នៅអស់ ១ អាយុកប្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយដូច្នេះឡើយ ព្រោះមារចូលមកជ្រែកចិត្ត ។ [៤៤៩] ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា (និងព្រះអានន្ទ) ជាគំរប់ពីរដង ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់និងព្រះអានន្ទដ៏មានអាយុជាគំរប់ ៣ ដងថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីរីករាយ ឧទេនចេតិយ គួរជាទីរីករាយ គោតមកចេតិយ គួរជាទីរីករាយ សត្តម្ពចេតិយ គួរជាទីរីករាយ ពហុមុត្តកចេតិយ គួរជាទីរីករាយ សារន្ទទចេតិយ គួរជាទីរីករាយ បាវាលចេតិយ គួរជាទីរីករាយ ។ ម្នាលអានន្ទ បុគ្គលណាមួយបានចម្រើន ឥទ្ធិបាទ ៤ ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីតាំងនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមទុកល្អហើយ បើបុគ្គលនោះប្រាថ្នា អាចនៅអស់ ១ អាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ ម្នាលអានន្ទ តថាគតបានចម្រើនឥទ្ធិបាទ ៤ បានធ្វើឲ្យរឿយ ៗ បានធ្វើឲ្យដូចជាយាន បានធ្វើឲ្យជាទីតាំងនៅ បានតាំងទុករឿយ ៗ បានសន្សំទុក បានផ្តើមទុកល្អហើយ ។ ម្នាលអានន្ទ បើតថាគតប្រាថ្នា អាចនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ [៤៥០] កាលព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱកាលជាឱឡារិកយ៉ាងនេះក៏ដោយ ព្រះអានន្ទដ៏មានអាយុ នៅតែមិនយល់សេចក្តីច្បាស់លាស់ឡើយ មិនបានអាពាធ ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់គង់នៅអស់មួយអាយុកប្ប សូមព្រះសុគត ទ្រង់គង់នៅអស់មួយអាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយដូច្នេះឡើយ ព្រោះមារចូលមកជ្រែកចិត្ត ។ [៤៥១] លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់និងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ ចូរសំគាល់នូវកាលគួរក្នុងកាលឥឡូវនេះចុះ ។ ព្រះអានន្ទដ៏មានអាយុទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ រួចក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ដើរប្រទក្សិណ ហើយអង្គុយជិតគល់ឈើមួយដើម ដ៏មិនឆ្ងាយប៉ុន្មាន ។ [៤៥២] (កាលដែលព្រះអានន្ទដ៏មានអាយុចេញទៅមិនយូរប៉ុន្មាន) មារមានចិត្តបាបចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរក្នុងទីសមគួរ ។ (លុះមារមានចិត្តបាបឈរក្នុងទីសមគួរហយ) ក៏ក្រាបទូលអារាធនាព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះទៅ សូមព្រះសុគតនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ព្រះដ៏មានព្រះភាគល្មមបរិនិព្វានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគបានត្រាស់វាចានេះថា នែមារមានចិត្តបាប (បើ) ពួកភិក្ខុជាសាវករបស់តថាគតដែលឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្របិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌នៅមិនទានមាន ទាំងមិនទាន់រៀនវាទៈនៃអាចារ្យរបស់ខ្លួន ហើយនិងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់បានសង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យដរាបណាទេ តថាគតនឹងមិនទាន់បរិនិព្វានដរាបនោះឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកជាសាវករបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហូស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៣] បពិត្រព្រះអង្គដ៏ចម្រើន ព្រោះព្រះដ៏មានព្រះភាគត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនឹងមិនទាន់បរិនិព្វានទេ ព្រោះពួកភិក្ខុនីជាសាវិការបស់តថាគត ឈ្លាស វាងវៃ ក្លៀវក្លា ជាពហុសូ្សត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយនឹងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុនីជាសាវិការបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វាន ទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះ ជាកាលគួរល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៤] បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគបានត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនិងមិនទាន់បរិនិព្វានទេ ព្រោះពួកឧបាសក (ជាសាវក) របស់តថាគត ។បេ។ ព្រោះពួកឧបាសិកាជាសាវិការបស់តថាគត ដែលឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌នៅមិនទាន់មាន ទាំងមិនទាន់រៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយនិងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិន នូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ក៏ឥឡូវនេះ មានពួកឧបាសិកាជាសាវិការបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងសង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះ ជាកាលគួរល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៥] បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគបានត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនឹងមិនទាន់បរិនិព្វានទេ ព្រោះព្រហ្មចារ្យរបស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចម្រើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងច្រើនគ្នា មិនទាន់ពេញបរិបូណ៌ ពួកទេវតានិងមនុស្ស មិនទានចេះសម្តែងបានដោយប្រពៃទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រហ្មចារ្យរបស់ព្រះដ៏មានព្រះភាគនោះបានខ្ជាប់ខ្ជួនហើយ បានចម្រើនហើយ បានផ្សាយទៅសព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតានិងមនុស្សចេះសម្តែងបានដោយល្អហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះជាកាលគួរល្មម ព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៦] កាលបើក្រុងមារក្រាបទូលបង្គំនេះហើយ ព្រះដ៏មានព្រះភាគ ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគតមិនយូរប៉ុន្មានទេ កន្លង ៣ ខែអំពីកាលនេះទៅ តថាគតនឹងបរិនិព្វាន ។ [៤៥៧] លំដាប់នោះឯង ព្រះដ៏មានព្រះភាគទ្រង់មានព្រះសតិសម្បជញ្ញៈ ទ្រង់ដាក់អាយុសង្ខារព្ធដ៏បាវាលចេតិយ ។ លុះព្រះដ៏មានព្រះភាគដាក់អាយុសង្ខារហើយ ក៏កើតកក្រើកផែនដីយ៉ាងធំ គួរឲ្យភ្លូកភ្លឹកព្រឺព្រួចរោម ទាំងផ្គរក៏លាន់ឮឡើង ។ [៤៥៨] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ជ្រាបច្បាស់នូវដំណើរនោះហើយ ក៏បន្លឺនូវឧទាននេះក្នុងវេលានោះថា ៖ ព្រះពុទ្ធជាអ្នកប្រាជ្ញ ពិចារណាឃើញនូវព្រះនិព្វានដែលមានគុណ ថ្លឹងមិនបានផង នូវភពផង លះបង់នូវសង្ខារដែលនាំសត្វទៅកាន់ ភពហើយ ត្រេកអរចំពោះអារម្មណ៍ខាងក្នុង (ដោយអំណាច- វិបស្សនា) មានចិត្តតាំងមាំ (ដោយអំណាចសមថៈ) បានទំលាយ ហើយនូវបណ្តាញ គឺកិលេសដែលកើតមាននៅក្នុងខ្លួនដូចជា ក្រោម ។ ចប់ បាវាលវគ្គទី ១ ។ (បិ៣៨ ទំ២៧១) ដោយ​៥០០០​ឆ្នាំ​
images/articles/3093/2eewer.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២២ (អាន: ៦,២៩៤ ដង)
[១៧២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលព្រះមានព្រះភាគ គង់នៅក្នុងវត្តនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ [១៧៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មានផ្ទះពីរ ប្រកបដោយទ្វារ ក្នុងផ្ទះនោះ មានបុរសភ្នែកភ្លឺម្នាក់ ឈរចំកណ្តាល គប្បីមើលឃើញពួកមនុស្ស ដែលកំពុងចូលទៅកាន់ផ្ទះក្តី ចេញអំពីផ្ទះក្តី កំពុងសញ្ចរទៅមកក្តី កំពុងត្រាច់ទៅមកក្តី សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចតថាគត មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងលើសចក្ខុជារបស់នៃមនុស្សធម្មតា រមែងឃើញពួកសត្វលោក ដែលច្យុត ដែលកើត ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម របស់ខ្លួនថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល ព្រះអរិយបុគ្គលឡើយ ជាសម្មាទិដ្ឋិ ប្រកាន់នូវអំពើជាសម្មាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ចំណែកសត្វទាំងឡាយនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល ព្រះអរិយបុគ្គលទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់នូវអំពើជាសម្មាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងមនុស្សលោក អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល ព្រះអរិយបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋ ប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតប្រេតវិស័យ ចំណែកសត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល ព្រះអរិយបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋ ប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតតិរច្ឆាន ចំណែកពួកសត្វនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋ ប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ [១៧៤] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ ត្រង់ដើមដៃផ្សេងៗ នាំយកទៅថ្វាយព្រះយមរាជ [ស្តេនោះ គឺជាស្តេចវេមានិកប្រេត ព្រោះវេមានិកប្រេតនេះ ចួនកាលសោយទិព្វសម្បត្តិ គឺមានដើមកប្បព្រឹក្សជាទិព្វ ឧទ្យាជាទិព្វ ស្រីរបាំជាទិព្វ ក្នុងទិព្វវិមាន ចួនកាលក្លាយទៅជាព្រះយមរាជ សោយកម្មវិបាក។ អដ្ឋកថា។] រួចក្រាបទូលថា បពិត្រព្រះឧបបត្តិទេព បុរសនេះ ជាអ្នកមិនគោរពមាតាបិតា មិនគោរពសមណៈ មិនគោរពព្រាហ្មណ៍ មិនកោតក្រែងក្នុងត្រកូលរៀមច្បងទេ សូមទ្រង់ដាក់អាជ្ញា ដល់បុរសនេះចុះ។ [១៧៥] ម្នាលភិក្ខុទាំងឡាយ ទើប ព្រះយមរាជ សាកសួរដេញដោល សួរឈ្លេចឈ្លី នូវ ទេវទូត ទី១ នឹងបុរសនោះថា នែបុរស អ្នកឯងមិនបានឃើញទេវទូតទី១ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា ម្នាលបុរស អ្នកឯងមិនបានឃើញកូនខ្ចី កំពុងដេកផ្ងារ ដេកត្រាំក្នុងទឹកមូត្រ និងលាមករបស់ខ្លួន ក្នុងមនុស្សលោក ទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ សួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានជាតិជាធម្មតា មិនកន្លងនូវជាតិទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញដូច្នោះ) បានឡើយ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ មានព្រះឱង្ការពន្យល់បុរសនោះ យ៉ាងនេះថា ម្នាលបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនបានធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ ឯបាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។ [១៧៦] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី១ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី២ ទៀតថា ម្នាលបុរស អ្នកឯងមិនបានឃើញទេវទូតទី២ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស ចុះអ្នកឯង មិនបានឃើញស្ត្រី ឬបុរស ដែលមានអាយុ៨០ឆ្នាំ ៩០ឆ្នាំ ឬ១០០ឆ្នាំ ដែលចាស់គ្រាំគ្រាអំពីកំណើត មានឆ្អឹងជំនីកោងដូចជាបង្កង់ផ្ទះ មានកាយកោង កាន់ឈើច្រត់ដើរទៅញ័ររន្ធត់ ក្តៅអន្ទះសា មានវ័យជ្រុលហួសហើយ មានធ្មេញបាក់ មានសក់ស្កូវ មានក្បាលឆក មានក្បាលទំពែក មានស្បែកជ្រួញជ្រីវ មានខ្លួនសៅហ្មងដោយប្រជ្រុយ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ បានឃើញ។ ម្នាលភិក្ខុទាំងឡាយ ទើបព្រះយមរាជសួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានសេចក្តីគ្រាំគ្រាជាធម្មតា មិនកន្លងនូវសេចក្តីគ្រាំគ្រាទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ ជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ក៏ត្រាស់ពន្យល់បុរស យ៉ាងនេះថា ម្នាលបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ ឯបាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។ [១៧៧] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី២ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៣ទៀតថា ម្នាលបុរស អ្នកឯងមិនបានឃើញទេវទូតទី៣ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស អ្នកឯងមិនបានឃើញនូវស្ត្រី ឬបុរស ដែលមានជម្ងឺ ដល់នូវសេចក្តីលំបាក ឈឺធ្ងន់ កំពុងដេកត្រាំក្នុងទឹកមូត្រ និងលាមករបស់ខ្លួន លុះតែមានពួកជនដទៃគ្រាហ៍ ទើបក្រោករួច មានពួកជនដទៃគ្រាហ៍ ទើបចូលមកបាន ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ សួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានជម្ងឺជាធម្មតា មិនកន្លងនូវជម្ងឺទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រាស់ពន្យល់បុរសនោះ យ៉ាងនេះថា នែបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនបានធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ បាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯង នឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។ [១៧៨] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៣ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៤ទៀតថា នែបុរស អ្នកឯងមិនបានឃើញទេវទូតទី៤ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ទើបព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស ចុះអ្នកឯងបានឃើញ នូវព្រះរាជាទាំងឡាយ កាលចាប់ចោរ ដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើ ដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ [១ ។ល។ ១៣ មើលនយលក្ខណៈ ក្នុងមហាទុក្ខក្ខន្ធសូត្រ គម្ពីរមជ្ឈិមនិកាយ មូលបណ្ណាសកៈ បឋមភាគ ទំព័រ ៣២០-៣២១។] ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគរធ្វើក្បាល ឲ្យរលីងដូចជាសំបកស័ង្ខខ្លះ [២] ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហុខ្លះ [៣] ឲ្យធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្សឲ្យដូចជាផ្កាភ្លើងខ្លះ [៤] ឲ្យធ្វើនូវហត្ថប្បជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ [៥] ឲ្យធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាពន្លាត់ស្បែកពពែខ្លះ [៦] ឲ្យធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀកសំពត់សម្បកឈើខ្លះ [៧] ឲ្យធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ [៨] ឲ្យធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ដោយកាង ឬសន្ទូចខ្លះ [៩] ឲ្យធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើឲ្យខូចសរីរៈ ប្រមាណប៉ុនកហាបណៈមួយៗខ្លះ [១០] ឲ្យធ្វើនូវខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះ [១១] ឲ្យធ្វើនូវបលីឃបវត្តិកកម្ម គឺអំពើដែលធ្វើឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ [១២] ឲ្យធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ [១៣] ឲ្យស្រោចប្រេងដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ ដូច្នេះដែរឬទេ។ បុរសនោះក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជសួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើងរហូតដល់ចាស់ តើមានគំនិតថា បានឮថា អ្នកណាធ្វើនូវបាបកម្មទាំងឡាយ អ្នកនោះ គេនឹងធ្វើកម្មករណ៍ផ្សេងៗយ៉ាងនេះវិញ ក្នុងបច្ចុប្បន្ននេះឯង នឹងបាច់និយាយថ្វី ក្នុងបរលោក បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ ជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ក៏ត្រាស់ពន្យល់បុរសនោះ យ៉ាងនេះថា នែបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ បាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។ [១៧៩] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៤ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៥ទៀតថា នែបុរស អ្នកឯង មិនបានឃើញនូវទេវទូតទី៥ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស អ្នកឯងមិនបានឃើញស្ត្រី ឬបុរស ដែលស្លាប់អស់មួយថ្ងៃ ឬស្លាប់អស់ពីរថ្ងៃ ឬក៏ស្លាប់អស់បីថ្ងៃ កំពុងហើមប៉ោង មានសម្បុរខៀវ ដោយច្រើន មានខ្ទុះហូរចេញតាមទ្វារផ្សេងៗទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ សួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រាស់ពន្យល់បុរសនោះ យ៉ាងនេះថា នែបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ បាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជបានសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៥ នឹងបុរសនោះរួចហើយ ក៏ទ្រង់នៅស្ងៀម [សត្វណា ដែលព្រះយមរាជ គួរសួរដេញដោល អំពីទេវទូត ទាំង៥នោះ សត្វណា ដែលមិនគួរសួរដេញដោល។ សត្វដែលធ្វើបាបកម្មច្រើន ត្រូវទៅកើតក្នុងនរកតែម្តង ព្រះយមរាជមិនបាច់សួរទេ ចំណែកសត្វ ដែលធ្វើបាបកម្មតិច ត្រូវយមរាជសួរដេញដោល អំពីទេវទូត រឿងនេះដូចគ្នានឹងរាជបុរស ដែលចាប់ចោរបាន ព្រមទាំងទ្រព្យជាភស្តុតាង ហើយយកមកដាក់ទោសតែម្តង មិនបាច់ជំនុំជំរះ ចំណែកចោរណា ដែលចាប់បាន ល្មមនឹងសាកសួរ ក៏យកទៅសាលាវិនិច្ឆ័យ ឲ្យសាកសួរមើលសិន។ ពិតមែន សត្វដែលធ្វើបាបកម្មតិច ចួនកាលនឹកឃើញតាមធម្មតាខ្លួនឯង ចួនកាលទាល់តែមានគេរំលឹក ទើបនឹកឃើញ ចំណែកសត្វដែលនឹកមិនឃើញដោយខ្លួនឯង ព្រះយមរាជតែងសួរនូវទេវទូតទាំង៥។ ក្នុងទេវទូតទាំង៥នោះ សត្វខ្លះនឹកឃើញត្រង់ទេវទូតទី១ ខ្លះនឹកឃើញត្រង់ទេវទូតទី២ ឬទី៣ជាដើម ឯសត្វដែលនឹកមិនឃើញ ត្រង់ទេវទូតគ្រប់ទាំង៥នោះ ព្រះយមរាជតែងជួយនឹករកដោយព្រះអង្គឯង បើនឹកទៅឃើញថា មានធ្វើអំពើកុសលខ្លះ ទ្រង់ក៏បំភ្លឺសត្វនោះឲ្យយល់ឡើង បើទ្រង់នឹករកមើលមិនឃើញទេក៏នៅស្ងៀម នឹកក្នុងព្រះហឫទ័យថា ឱសត្វនេះមុខជានឹងបានទុក្ខធំ។ អដ្ឋកថា។]។ [១៨០] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ធ្វើនូវកម្មករណ៍ ឈ្មោះ បញ្ចពិធព័ន្ធន៍ (ចំណង៥ប្រការ) ចំពោះបុរសនោះ គឺផ្តេក (បុរសនោះ) ហើយបោះដែកគោលដ៏ក្តៅត្រង់ដៃ (ខាងស្តាំ)១ បោះដែកគោលដ៏ក្តៅ ត្រង់ដៃខាងឆ្វេង១ បោះដែកគោលដ៏ក្តៅ ត្រង់ជើង (ខាងស្តាំ)១ បោះដែកគោលដ៏ក្តៅត្រង់ជើងខាងឆ្វេង១ បោះដែកគោលដ៏ក្តៅចំកណ្តាលទ្រូង១។ បុរសនោះ ក៏រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងទីនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨១] ម្នាលភិក្ខុទាំងឡាយ លុះពួកនិរយបាល ចាប់ផ្តេកបុរសនោះរួចហើយ ទើបចាំងដោយដឹង។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ហើយច្រាសដោយកាំបិតព្រា។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ទឹមបុរសនោះនឹងរថ ហើយបរទៅ បរមក លើប្រឹថពី ដែលភ្លើងកំពុងឆេះក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ប្រើបុរសនោះឲ្យឡើងភ្នំ ឲ្យចុះអំពីភ្នំរងើកភ្លើងដ៏ធំ ដែលកំពុងក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ហើយទម្លាក់ទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ។ បុរសនោះ ក៏ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ។ កាលបុរសនោះ ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ ចួនកាលអណ្តែតឡើងលើម្តង ចួនកាលលិចចុះក្រោមម្តង ចួនកាលអណ្តែតទៅទទឹងម្តង។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ក្នុងខ្ទះទង់ដែងនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨២] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ក៏បោះបុរសនោះ ទៅក្នុងមហានរក [ប្រែថា នរកធំឈ្មោះ អវចី ៗសព្ទនេះ ប្រែថា ទីគ្មានចន្លោះ គឺនរកនោះ គ្មានចន្លោះអណ្តាតភ្លើង គ្មានចន្លោះសត្វ គ្មានចន្លោះសេចក្តីទុក្ខ គឺពាសពេញដោយភ្លើង ពេញដោយសត្វនរក ៗរងទុក្ខឥតមានល្ហែ។ ទំហំអវចីមហានរកនោះ ខាងបណ្តោយ និងទទឹង ៩០០យោជន៍ ដូចគ្នា កំពស់ជញ្ជាំងមួយៗ ៩យោជន៍ ឯផ្ទៃផែនដី ខាងក្រោម ក្រាលដោយលោហៈ ដំបូលក៏ប្រក់ដោយលោហៈ។ អដ្ឋកថា។]។ ម្នាលភិក្ខុទាំងឡាយ មហានរក នោះសោត មានជ្រុងបួន មានទ្វារបួន បែងចែកដោយចំណែកៗ មានរបងដែកព័ទ្ធព័ន្ធជុំវិញ គ្របដោយគម្របដែក។ ផ្ទៃផែនដីខាងក្រោម នៃមហានរកនោះ សុទ្ធតែដែក មានភ្លើងឆេះច្រាលរន្ទាល ផ្សាយទៅ បានមួយរយយោជន៍ជុំវិញ តាំងនៅសព្វៗកាល។ ម្នាលភិក្ខុទាំងឡាយ មហានរក នោះឯង មានអណ្តាតភ្លើងឆេះឡើង អំពីជញ្ជាំងខាងកើត ឆាបដល់ជញ្ជាំងខាងលិច។ អណ្តាតភ្លើងឆេះឡើង អំពីជញ្ជាំងខាងលិច ឆាបដល់ជញ្ជាំងខាងកើត។ អណ្តាតភ្លើងឆេះឡើង អំពីជញ្ជាំងខាងជើង ឆាបដល់ជញ្ជាំងខាងត្បូង។ អណ្តាតភ្លើងឆេះឡើង អំពីជញ្ជាំងខាងត្បូង ឆាបដល់ជញ្ជាំងខាងជើង។ អណ្តាតភ្លើងឆេះឡើង អំពីខាងក្រោម ឆាបដល់ខាងលើ អណ្តាតភ្លើងឆេះឡើង អំពីខាងលើ ឆាបដល់ខាងក្រោម។ បុរសនោះ ក៏រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សា ក្នុងមហានរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨៣] ម្នាលភិក្ខុទាំងឡាយ លុះកន្លងកាលវែងឆ្ងាយទៅម្តងៗ មានសម័យដែលពួកនិរយបាល បើកទ្វារខាងកើត នៃមហានរកនោះ។ បុរសនោះ ក៏ស្ទុះដ៏រហ័សទៅត្រង់ទ្វារនោះ។ កាលដែលបុរសនោះស្ទុះទៅ ដោយសន្ទុះដ៏រហ័ស ភ្លើងក៏ឆេះស្បែកក្រៅផង ឆេះស្បែកក្នុងផង ឆេះសាច់ផង ឆេះសរសៃផង ឆេះឆ្អឹងផង ហុយផ្សែងទ្រលោមឡើង កាលលើកជើងឡើងរត់ទៅ ភ្លើងក៏នៅតែឆេះ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបុរសនោះតាំងនោះ (ក្នុងទីនោះ) ជាច្រើនឆ្នាំ ទ្វារនោះ ក៏និរយបាលបិទទៅវិញ។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងមហានរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨៤] ម្នាលភិក្ខុទាំងឡាយ លុះកន្លងកាលវែងឆ្ងាយទៅម្តងៗ មានសម័យដែលពួកនិរយបាល បើកទ្វារខាងលិច នៃអវចីមហានរកនោះ។បេ។ បើកទ្វារខាងជើង។បេ។ បើកទ្វារខាងត្បូង។ បុរសនោះ ក៏ស្ទុះដោយសន្ទុះដ៏រហ័ស ទៅត្រង់ទ្វារនោះ។ កាលបុរសនោះ ស្ទុះទៅ ដោយសន្ទុះដ៏រហ័ស ភ្លើងក៏ឆេះស្បែកក្រៅផង ឆេះស្បែកក្នុងផង ឆេះសាច់ផង ឆេះសរសៃផង ឆេះឆ្អឹងផង ហុយផ្សែងទ្រលោមឡើង កាលលើកជើងឡើងរត់ទៅ ភ្លើងក៏នៅតែឆេះប្រាកដដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបុរសនោះតាំងនោះ (ក្នុងទីនោះ) ជាច្រើនឆ្នាំ ទ្វារនោះក៏និរយបាលបិទទៅវិញ។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ក្នុងមហានរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨៥] ម្នាលភិក្ខុទាំងឡាយ លុះកន្លងកាលវែងឆ្ងាយទៅម្តងៗ មានសម័យដែលពួកនិរយបាល បើកទ្វារខាងកើតនៃមហានរកនោះ។ បុរសនោះក៏ស្ទុះទៅ ដោយសន្ទុះដ៏រហ័ស ទៅត្រង់ទ្វារនោះ។ កាលបុរសនោះស្ទុះ ដោយសន្ទុះដ៏រហ័ស ភ្លើងក៏ឆេះស្បែកក្រៅផង ឆេះស្បែកក្នុងផង ឆេះសាច់ផង ឆេះសរសៃផង ឆេះឆ្អឹងផង ហុយផ្សែងទ្រលោមឡើង កាលលើកជើងឡើងរត់ទៅ ភ្លើងក៏នៅតែឆេះប្រាកដ ដូច្នោះឯង។ បុរសនោះ ក៏ស្ទុះចេញទៅតាមទ្វារនោះ។ ម្នាលភិក្ខុទាំងឡាយ មាន គូថនរក [ប្រែថា នរកពេញហៀរដោយលាមក] ដ៏ធំ តាំងនៅបន្ទាប់គ្នា នឹងមហានរកនោះឯង។ បុរសនោះ ធ្លាក់ទៅក្នុងគូថនរក។ ម្នាលភិក្ខុទាំងឡាយ ក្នុងគូថនរកនោះសោត មានសត្វទាំងឡាយ មាត់ស្រួចដូចម្ជុល កកេរស្បែកក្រៅ លុះកកេរស្បែកក្រៅហើយ កកេរស្បែកក្នុង លុះកកេរស្បែកក្នុងហើយ កកេរសាច់ លុះកកេរសាច់ហើយ កកេរសរសៃ លុះកកេរសរសៃហើយ កកេរឆ្អឹង លុះកកេរឆ្អឹងហើយ ទើបខាំស៊ីខួរក្នុងឆ្អឹង។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងគូថនរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨៦] ម្នាលភិក្ខុទាំងឡាយ មាន កុក្កុលនរក [ប្រែថា នរកពេញហៀរដោយផេះក្តៅ] ដ៏ធំ តាំងនៅបន្ទាប់គ្នា នឹងគូថនរកនោះឯង។ បុរសនោះធ្លាក់ទៅក្នុងកុក្កុលនរកនោះ។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងកុក្កុលនរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨៧] ម្នាលភិក្ខុទាំងឡាយ មានព្រៃរកាដ៏ធំ ខ្ពស់ត្រដួចឡើងមួយយោជន៍ មានបន្លា១៦ធ្នាប់ ភ្លើងឆេះក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ តាំងនៅបន្ទាប់គ្នា នឹងកុក្កុលនរកនោះឯង។ ពួកនិរយបាល ក៏ប្រើបុរសនោះឲ្យឡើង ឲ្យចុះអំពីព្រៃរកានោះ។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាលើដើមរកានោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨៨] ម្នាលភិក្ខុទាំងឡាយ មានព្រៃស្មៅសសិតធំ តាំងនៅបន្ទាប់គ្នា នឹងព្រៃរកានោះឯង។ បុរសនោះចូលទៅក្នុងព្រៃស្មៅសសិតនោះ។ ខ្យល់បក់ស្លឹកសសិតនោះ មកកាត់ដៃ កាត់ជើង កាត់ទាំងដៃទាំងជើង កាត់ស្លឹកត្រចៀក កាត់ច្រមុះ កាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះ (របស់បុរសនោះ)។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ក្នុងព្រៃសសិតនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨៩] ម្នាលភិក្ខុទាំងឡាយ មានស្ទឹងទឹកផ្សាដ៏ធំ តាំងនៅបន្ទាប់គ្នា នឹងព្រៃស្មៅសសិតនោះឯង។ បុរសនោះ ក៏ធ្លាក់ទៅក្នុងស្ទឹងនោះ។ បុរសនោះ ចួនកាលអណ្តែតបណ្តោយខ្សែទឹក ចួនកាលអណ្តែតច្រាសខ្សែទឹក ចួនកាលអណ្តែតទាំងបណ្តោយខ្សែទឹក ទាំងច្រាសខ្សែទឹក ក្នុងស្ទឹងនោះ។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងស្ទឹងនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៩០] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល យកសន្ទូច ស្ទូចបុរសនោះវាត់ឡើង ដាក់មកលើគោក ហើយសួរយ៉ាងនេះថា នែបុរស អ្នកឯងប្រាថ្នាអ្វី។ បុរសនោះឆ្លើយយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំឃ្លានបាយ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ក៏យកកង្វេរដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ មកបើកមាត់បុរសនោះ ហើយញាត់នូវដុំទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ទៅក្នុងមាត់។ ដុំទង់ដែងនោះ ក៏ឆេះបបូរមាត់ ឆេះមាត់ ឆេះបំពង់ក ឆេះពោះ នាំយកទាំងពោះវៀនធំ ទាំងពោះវៀនតូច របស់បុរសនោះ ចេញមកខាងក្រោម។ បុរសនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងនរកនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៩១] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល សួរបុរសនោះយ៉ាងនេះទៀតថា នែបុរស អ្នកឯងប្រាថ្នាអ្វី។ បុរសនោះ ឆ្លើយយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំស្រេកទឹក។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល យកកង្វេរដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ មកបើកមាត់បុរសនោះ ហើយបង្អកទឹកទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ទៅក្នុងមាត់។ ទឹកទង់ដែងនោះ ក៏ឆេះបបូរមាត់ ឆេះមាត់ ឆេះបំពង់ក ឆេះពោះ នាំយកទាំងពោះវៀនធំ ទាំងពោះវៀនតូច របស់បុរសនោះ ចេញមកខាងក្រោម។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងនរកនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល បោះទម្លាក់បុរសនោះ ទៅក្នុងមហានរកវិញ។ [១៩២] ម្នាលភិក្ខុទាំងឡាយ រឿងរាវធ្លាប់មានមកហើយថា ព្រះយមរាជ មានសេចក្តីត្រិះរិះដូច្នេះថា បានឮថា សត្វទាំងឡាយណា ធ្វើបាបកម្មក្នុងលោក សត្វនោះឯង រមែងត្រូវគេធ្វើកម្មករណ៍ផ្សេងៗ មានសភាពយ៉ាងនេះ ឱហ្ន៎ អាត្មាអញ សូមឲ្យបានអត្តភាពជាមនុស្ស ឲ្យទាន់ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ត្រាស់ឡើងក្នុងលោក សូមឲ្យអាត្មាអញ ចូលទៅអង្គុយជិតព្រះមានព្រះភាគអង្គនោះ បើព្រះមានព្រះភាគ អង្គនោះ ទ្រង់សំដែងធម៌ប្រោសអាត្មាអញ សូមឲ្យអាត្មាអញ យល់ច្បាស់ នូវធម៌របស់ព្រះមានព្រះភាគ អង្គនោះ។ ម្នាលភិក្ខុទាំងឡាយ ឯតថាគត មិនមែនបានស្តាប់រឿងនោះឯង អំពីសមណៈ ឬព្រាហ្មណ៍ដទៃណាមួយ ហើយ (នាំមក) សំដែងទេ តាមដែលពិតនោះ តថាគត សំដែងរឿងដែលតថាគតដឹងខ្លួនឯង ឃើញខ្លួនឯង យល់ខ្លួនឯង តែមួយយ៉ាង។ [១៩៣] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ លុះព្រះសុគត ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ទើបព្រះសាស្តា ទ្រង់ត្រាស់និពន្ធគាថានេះតទៅថា មាណពទាំងឡាយណា ដែលយមរាជ ដាស់តឿនដោយទេវទូតទាំងឡាយហើយ ក៏នៅតែប្រមាទ មាណពទាំងនោះឯង ជាអ្នកបាននូវកាយ ដ៏ថោកទាប រមែងសោកសៅ អស់កាលយូរអង្វែង ចំណែកមាណពណា ក្នុងលោកនេះ ជាសប្បុរស មានសន្តានស្ងប់រម្ងាប់ ដែលយមរាជ ដាស់តឿនដោយទេវទូតទាំងឡាយហើយ តែងមិនប្រមាទ ក្នុងអរិយធម៌ ក្នុងកាលណាឡើយ រមែងឃើញនូវភ័យ ក្នុងឧបាទាន ជាហេតុកើតឡើងនៃជាតិ និងមរណៈ តែងចុះចិត្តស៊ប់ ក្នុងព្រះនិព្វាន ជាធម្មជាតអស់ទៅនៃជាតិ និងមរណៈ ព្រោះមិនប្រកាន់មាំ មាណពនោះឯង ជាអ្នកដល់នូវទីដ៏ក្សេម មានសេចក្តីសុខ រលត់កិលេសក្នុងបច្ចុប្បន្ន ជាអ្នកកន្លងផុតនូវពៀរ និងភ័យទាំងពួង បានឆ្លងផុតនូវទុក្ខទាំងពួង។ ចប់ទេវទូតសូត្រ ទី១០។ ចប់សុញ្ញតវគ្គ ទី៣។ ទេវទូតសូត្រ ទី ១០ - បិដកភាគ ២៧ ទំព័រ ២០៧ ឃ្នាប ១៧២ ដោយ​៥០០០​ឆ្នាំ​
images/articles/902/zfsdrgextd-1.jpg
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២ (អាន: ២០,១០៧ ដង)
សម្ដេច​​ព្រះ​​មហា​​សង្ឃ​រាជ និល ទៀង នៃ​គណៈ​​មហា​​និកាយ (ប្រសូត ថ្ងៃ​សៅរ៍ ៧​កើត ឆ្នាំ​វក ឆ​ស័ក ព.ស.​២៣៦៨/គ.ស.​១៨២៤ សុគត ថ្ងៃ​​ព្រហ​ស្បតិ៍ ​២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស.​២៤៥៧/២ តុលា គ.ស.​១៩១៣) ជា​​សម្ដេច​​ព្រះ​សង្ឃ​រាជ​​អង្គ​ទី​១ នៃ​គណៈ​​មហា​និកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។
images/articles/2630/te______xtpic.jpg
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២ (អាន: ៣៥,៨៩៦ ដង)
ក្រោកព្រឹកឡើង យើងមិនដែលកើតទុក្ខព្រោះមិនបានសោយរាជ្យនោះឡើយ នេះមកអំពីយើងមិនដែលនឹកចង់សោយរាជ្យម្តងណាហ្នឹងឯង នេះគឺជាឧទាហរណ៍សម្រាប់ឲ្យយើងយល់អំពីការមិនមានទុក្ខកង្វល់ គឺនៅត្រង់ដែលមិនត្រូវការ មិនប្រាថ្នា មិនហួងហែង ។ គួរសិក្សាអំពីនគរកាយ អប់រំបរិញ្ញា កាត់បន្ថយចំណង់ក្នុងការគ្រប់គ្រងហួងហែង រហូតដល់អស់ចំណង់ ដូចដែលយើងមិនចង់ធ្វើស្តេចសោយរាជ្យដូច្នោះឯង ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ការអស់តណ្ហាឈ្នះអស់ទុក្ខទាំងពួង ។ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/3188/rwe323344de.jpg
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២ (អាន: ៣,៤៩៤ ដង)
[១៩៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលមានទោសធំយ៉ាងនេះ ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ទោសទាំងឡាយ មានតែមិច្ឆាទិដ្ឋិ ជាទោសក្រៃលែង។ [១៩៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញបុគ្គលដទៃ សូម្បីតែបុគ្គលម្នាក់ ជាអ្នកប្រតិបត្តិ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ យ៉ាងនេះ ដូចមក្ខលិមោឃ [នេះជាឈ្មោះ មក្ខលិគោសាល។ អដ្ឋកថា។] បុរសនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ដូចបុគ្គលដាក់លប នៅមាត់ស្ទឹង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីវិនាស ដល់ពួកត្រីជាច្រើន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ មក្ខលិមោឃបុរស កើតឡើងហើយក្នុងលោក ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីវិនាស ដល់ពួកសត្វជាច្រើន ប្រហែលគ្នានឹងលបដាក់មនុស្ស គឺឃាត់ដំណើរ របស់មហាជន មិនឲ្យទៅស្ថានសួគ៌និព្វានរួច ក៏យ៉ាងនោះឯង។ តតិយវគ្គ_ ឬ ទោសមិច្ឆាទិដ្និជាទោសធំក្រៃលែង - បិដកភាគ ៤០ ទំព័រ ៧៦__ ឃ្នាប ១៩៣ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.63
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿