បណ្ឌិតគប្បីធ្វើក្រដាសទាំងឡាយជាដើម ឲ្យដូចជាស្រែ ធ្វើឧបករណ៍សរសេរទាំងឡាយ ឲ្យដូចជានឹម និងនង្គ័ល ធ្វើអក្ខរៈទាំងឡាយ ឲ្យដូចជាគ្រាប់ពូជ ហើយគប្បីប្រព្រឹត្តត្រាច់ទៅចុះ ។ អក្ខរៈមួយតួៗ (ដែលសរសេរហើយ) រមែងស្មើនឹងព្រះពុទ្ធរូបមួយអង្គ ព្រោះហេតុនោះ បុរសជាបណ្ឌិតគប្បីចារឹកនូវព្រះត្រៃបិដកចុះ ។
បុគ្គលអ្នកកសាងនូវព្រះត្រៃបិដក នឹងមិនគប្បីស្គាល់នូវទុគ្គតិឡើយ នឹងបានជាស្ដេចចក្រពត្តិ ដែលជាធំលើទ្វីបទាំង ៤ អស់ច្រើនដង ។
(បុគ្គលអ្នកកសាងព្រះត្រៃបិដក) នឹងបានជាស្ដេចបទេសរាជដ៏ធំ ដោយចំនួនរាប់មិនបាន នឹងបានជាទេវរាជក្នុងឆកាមាវចរសួគ៌ ជាច្រើនដង ។
(បុគ្គលអ្នកកសាងព្រះត្រៃបិដក) ឈ្មោះថាជាពុទ្ធង្កូរ កាលធ្វើបុណ្យទាំងឡាយ មានទានជាដើម លះចាកភពទៅហើយ នឹងបានជាអ្នកមានអវយវៈបរិបូណ៌ និងបានទទួលការបូជាក្នុងលោកទាំង ៣ ។
បុគ្គលអ្នកបង្រៀនព្រះត្រៃបិដក រមែងកើតត្រកូលដ៏ឧត្តម ដែលមានទ្រព្យច្រើន ចម្រើនរុងរឿងផ្សាយទៅដោយពិត ហើយនឹងបាននៅរួមជាមួយនឹងជនដ៏ប្រសើរ ។
ពិតមែនហើយ ដោយផលនៃអក្ខរៈមួយតួៗ បុគ្គលអ្នកកសាងព្រះត្រៃបិដក រមែងបានទទួលនូវសេចក្ដីសុខដ៏បវរ អស់ ៨៤,០០០ ដង ។
ធីរជនជាបណ្ឌិតណាមួយ ធ្វើខ្លួនឯង ឬឲ្យគេធ្វើ នូវគម្ពីរមានអដ្ឋកថាជាដើម, ធីរជនជាបណ្ឌិតនោះ ឈ្មោះថា ជាអ្នកបានសន្សំបុណ្យជាអនន្ត (មិនមានទីបំផុត) បានអានិសង្សនៃបុណ្យជាអនន្ត ប្រាកដស្មើដោយការកសាងព្រះចេតិយ ៨៤,០០០ ( ផង ), ដោយការកសាង ពុទ្ធរូប ៨៤,០០០ (ផង), ប្រាកដស្មើដោយការដាំព្រះពោធិព្រឹក្ស ៨៤,០០០(ផង), ប្រាកដស្មើ ដោយការកសាងវិហារ (វត្ត) ៨៤,០០០ ( ផង ) ។
អ្នកណាធ្វើខ្លួនឯង ឬឲ្យគេធ្វើ នូវទូសម្រាប់តម្កល់ពុទ្ធវចនៈក្ដី អ្នកណាធ្វើខ្លួនឯង ឬឲ្យគេធ្វើនូវគ្រឿងតាក់តែងពុទ្ធវចនៈ (ឲ្យល្អ)ក្ដី អ្នកណាចារខ្លួនឯង ឬឲ្យគេចារនូវពុទ្ធវចនៈក្ដី អ្នកណាឲ្យខ្លួនឯង ឬបង្គាប់ឲ្យគេឲ្យនូវគម្ពីរពុទ្ធសាសនាក្ដី អ្នកណាឲ្យខ្លួនឯង ឬបង្គាប់ឲ្យគេឲ្យនូវតម្លៃគម្ពីរពុទ្ធសាសនា (ទិញគម្ពីរពុទ្ធសាសនា)ក្ដី អ្នកណាឲ្យខ្លួនឯង ឬបង្គាប់ឲ្យគេឲ្យនូវប្រេង លម្អិត ធញ្ញជាតិ ដើម្បីលាប (អប់) គម្ពីរក្ដី អ្នកណាឲ្យខ្លួនឯង ឬបង្គាប់ឲ្យគេឲ្យនូវនិត្ថៈ ( វត្ថុសម្រាប់ធ្វើឲ្យជាប់) ណាមួយ ដើម្បីចងភ្ញាប់ត្រង់គម្ពីរ ដែលដាច់ក្ដី នូវអំបោះឬបន្ទះក្ដារពីរផ្ទាំងណាមួយ ដើម្បីគាបគម្ពីរក្ដី នូវសំពត់ណាមួយ ដើម្បីចង រុំគម្ពីរក្ដី នូវខ្សែណាមួយ ដើម្បីចងគម្ពីរបាច់ក្ដី នូវថង់ (ឡាំង) ណាមួយ ដើម្បីដាក់ខ្ចប់គម្ពីរក្ដី, អ្នកណាធ្វើខ្លួនឯងឬឲ្យគេធ្វើនូវគ្រឿងតាក់តែងគម្ពីរ (ឲ្យល្អ) ឬនូវគ្រឿងបន្ទះក្ដារឈើ ដោយថ្មហរិតាល មនោសិលា មាសឬប្រាក់ក្ដី អ្នកនោះ (ៗ) ឈ្មោះថា ជាអ្នកបានសន្សំបុណ្យជាអនន្ត បានអានិសង្សនៃបុណ្យជាអនន្ត ប្រាកដស្មើដោយការកសាងព្រះចេតិយ ៨៤,០០០ (ផង), ដោយការកសាងពុទ្ធរូប ៨៤,០០០ (ផង), ប្រាកដស្មើដោយការដាំព្រះពោធិព្រឹក្ស ៨៤,០០០ (ផង), ប្រាកដស្មើដោយការកសាងវិហារ (វត្ត) ៨៤,០០០ (ផង) ។ ( គម្ពីរចូឡគន្ថវំស )
ដោយ៥០០០ឆ្នាំ