សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
35
  • ទំព័រដើម សំឡេង សៀវភៅ វីដេអូ បណ្ណាល័យ ធម្មនិទាន អានបិដក ស្តាប់វិទ្យុ អត្ថបទ
      ទើបស្តាប់/អានរួច
    កំពុងទាញទិន្នន័យ
      បណ្តុំសៀវភៅ
    កំពុងទាញទិន្នន័យ
      បណ្តុំសំឡេង
    កំពុងទាញទិន្នន័យ
      បណ្តុំវីដេអូ
    កំពុងទាញទិន្នន័យ
      វិទ្យុផ្សាយផ្ទាល់
      ប្រជុំអត្ថបទ
    ថ្ងៃនេះ
    អារាម​ទាយ​កត្ថេ​រាប​ទាន ទី៧
    ខ្ញុំ​បាន​ដាំ​សួនច្បារ ថ្វាយព្រះ​មាន​ព្រះ​ភាគ​ព្រះនាម​សិទ្ធត្ថ ពួក​បក្សី​ចូល​ទៅ​អាស្រ័យ​ឰដ៏​ដើមឈើ​ទាំងឡាយ ដែល​មាន​ម្លប់ត្រជាក់។ ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ទ្រង់​មិន​មាន​ធូលី​គឺ​កិលេស ទ្រង់​គួរ​ទទួល​នូវ​គ្រឿងបូជា ទើប​នាំ​ព្រះសម្ពុទ្ធ ជា​លោកជេដ្ឋ ប្រសើរ​ជាង​ពួក​នរៈ ទៅ​ក្នុង​សួនច្បារ។ ខ្ញុំ​ជា​អ្នកមាន​ចិត្តរីករាយ បាន​ថ្វាយ​ផ្លែឈើ និង​ផ្កាឈើ ទាំង​មាន​សេចក្តី​ជ្រះថ្លា​ខ្លាំង​កើតឡើង​ក្នុង​លំដាប់នោះ ហើយ​បង្អោន​ថ្វាយ​នូវ​ទាន​នោះ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ថ្វាយ​ទាន​ណា​ដល់​ព្រះពុទ្ធ ផល​រមែង​កើត​សម្រាប់​ខ្ញុំ ក្នុង​ភព​ដែល​ខ្ញុំ​កើត​ហើយ (ព្រោះ​ការ​ថ្វាយ​ទាន​នោះ)។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​សួនច្បារ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សួនច្បារ។ ក្នុង​កប្ប​ទី ៣៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៧ ជាតិ ព្រះនាម​បុ​ទុ​សីត​លៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។ បានឮ​ថា ព្រះ​អារាម​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។ ចប់ អារាម​ទាយ​កត្ថេ​រាប​ទាន។ ដោយ​៥០០០​ឆ្នាំ​
    ថ្ងៃនេះ
    អានិសង្សការកសាងព្រះត្រៃបិដក
    បណ្ឌិតគប្បីធ្វើក្រដាសទាំងឡាយជាដើម ឲ្យដូចជាស្រែ ធ្វើឧបករណ៍សរសេរទាំងឡាយ ឲ្យដូចជានឹម និងនង្គ័ល ធ្វើអក្ខរៈទាំងឡាយ ឲ្យដូចជាគ្រាប់ពូជ ហើយគប្បីប្រព្រឹត្តត្រាច់ទៅចុះ ។ អក្ខរៈមួយតួៗ (ដែលសរសេរហើយ) រមែងស្មើនឹងព្រះពុទ្ធរូបមួយអង្គ ព្រោះហេតុនោះ បុរសជាបណ្ឌិតគប្បីចារឹកនូវព្រះត្រៃបិដកចុះ ។ បុគ្គលអ្នកកសាងនូវព្រះត្រៃបិដក នឹងមិនគប្បីស្គាល់នូវទុគ្គតិឡើយ នឹងបានជាស្ដេចចក្រពត្តិ ដែលជាធំលើទ្វីបទាំង ៤ អស់ច្រើនដង ។ (បុគ្គលអ្នកកសាងព្រះត្រៃបិដក) នឹងបានជាស្ដេចបទេសរាជដ៏ធំ ដោយចំនួនរាប់មិនបាន នឹងបានជាទេវរាជក្នុងឆកាមាវចរសួគ៌ ជាច្រើនដង ។ (បុគ្គលអ្នកកសាងព្រះត្រៃបិដក) ឈ្មោះថាជាពុទ្ធង្កូរ កាលធ្វើបុណ្យទាំងឡាយ មានទានជាដើម លះចាកភពទៅហើយ នឹងបានជាអ្នកមានអវយវៈបរិបូណ៌ និងបានទទួលការបូជាក្នុងលោកទាំង ៣ ។ បុគ្គលអ្នកបង្រៀនព្រះត្រៃបិដក រមែងកើតត្រកូលដ៏ឧត្តម ដែលមានទ្រព្យច្រើន ចម្រើនរុងរឿងផ្សាយទៅដោយពិត ហើយនឹងបាននៅរួមជាមួយនឹងជនដ៏ប្រសើរ ។ ពិតមែនហើយ ដោយផលនៃអក្ខរៈមួយតួៗ បុគ្គលអ្នកកសាងព្រះត្រៃបិដក រមែងបានទទួលនូវសេចក្ដីសុខដ៏បវរ អស់ ៨៤,០០០ ដង ។ ធីរជនជាបណ្ឌិតណាមួយ ធ្វើខ្លួនឯង ឬឲ្យគេធ្វើ នូវគម្ពីរមានអដ្ឋកថាជាដើម, ធីរជនជាបណ្ឌិតនោះ ឈ្មោះថា ជាអ្នកបានសន្សំបុណ្យជាអនន្ត (មិនមានទីបំផុត) បានអានិសង្សនៃបុណ្យជាអនន្ត ប្រាកដស្មើដោយការកសាងព្រះចេតិយ ៨៤,០០០ ( ផង ), ដោយការកសាង ពុទ្ធរូប ៨៤,០០០ (ផង), ប្រាកដស្មើដោយការដាំព្រះពោធិព្រឹក្ស ៨៤,០០០(ផង), ប្រាកដស្មើ ដោយការកសាងវិហារ (វត្ត) ៨៤,០០០ ( ផង ) ។ អ្នកណាធ្វើខ្លួនឯង ឬឲ្យគេធ្វើ នូវទូសម្រាប់តម្កល់ពុទ្ធវចនៈក្ដី អ្នកណាធ្វើខ្លួនឯង ឬឲ្យគេធ្វើនូវគ្រឿងតាក់តែងពុទ្ធវចនៈ (ឲ្យល្អ)ក្ដី អ្នកណាចារខ្លួនឯង ឬឲ្យគេចារនូវពុទ្ធវចនៈក្ដី អ្នកណាឲ្យខ្លួនឯង ឬបង្គាប់ឲ្យគេឲ្យនូវគម្ពីរពុទ្ធសាសនាក្ដី អ្នកណាឲ្យខ្លួនឯង ឬបង្គាប់ឲ្យគេឲ្យនូវតម្លៃគម្ពីរពុទ្ធសាសនា (ទិញគម្ពីរពុទ្ធសាសនា)ក្ដី អ្នកណាឲ្យខ្លួនឯង ឬបង្គាប់ឲ្យគេឲ្យនូវប្រេង លម្អិត ធញ្ញជាតិ ដើម្បីលាប (អប់) គម្ពីរក្ដី អ្នកណាឲ្យខ្លួនឯង ឬបង្គាប់ឲ្យគេឲ្យនូវនិត្ថៈ ( វត្ថុសម្រាប់ធ្វើឲ្យជាប់) ណាមួយ ដើម្បីចងភ្ញាប់ត្រង់គម្ពីរ ដែលដាច់ក្ដី នូវអំបោះឬបន្ទះក្ដារពីរផ្ទាំងណាមួយ ដើម្បីគាបគម្ពីរក្ដី នូវសំពត់ណាមួយ ដើម្បីចង រុំគម្ពីរក្ដី នូវខ្សែណាមួយ ដើម្បីចងគម្ពីរបាច់ក្ដី នូវថង់ (ឡាំង) ណាមួយ ដើម្បីដាក់ខ្ចប់គម្ពីរក្ដី, អ្នកណាធ្វើខ្លួនឯងឬឲ្យគេធ្វើនូវគ្រឿងតាក់តែងគម្ពីរ (ឲ្យល្អ) ឬនូវគ្រឿងបន្ទះក្ដារឈើ ដោយថ្មហរិតាល មនោសិលា មាសឬប្រាក់ក្ដី អ្នកនោះ (ៗ) ឈ្មោះថា ជាអ្នកបានសន្សំបុណ្យជាអនន្ត បានអានិសង្សនៃបុណ្យជាអនន្ត ប្រាកដស្មើដោយការកសាងព្រះចេតិយ ៨៤,០០០ (ផង), ដោយការកសាងពុទ្ធរូប ៨៤,០០០ (ផង), ប្រាកដស្មើដោយការដាំព្រះពោធិព្រឹក្ស ៨៤,០០០ (ផង), ប្រាកដស្មើដោយការកសាងវិហារ (វត្ត) ៨៤,០០០ (ផង) ។ ( គម្ពីរចូឡគន្ថវំស ) ដោយ​៥០០០​ឆ្នាំ​
    រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ
    រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ (បិដកលេខ ៧៣ ទំព័រ២៨ និងអដ្ឋកថា) ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរនេះ លោក​ធ្លាប់​បាន​បំពេញ​កុសល​មក​ហើយ ក្នុងកាល​នៃ​ព្រះសម្មាសម្ពុទ្ធ​អង្គ​មុនៗ ការ​សន្សំបុណ្យ​ទាំង​ឡាយ ក្នុងកាល​នៃ​ព្រះសម្មាសម្ពុទ្ធ​អង្គ​មុនៗ ការសន្សំបុណ្យ​ទាំងឡាយ ដែល​ជាឧបនិស្ស័យនៃវិវដ្ដៈ ក្នុងភព​មួយ​នោះ លោក​បាន​កើត​ក្នុង​កំណើត​យក្ស ក្នុងកាល​នៃ​ព្រះមានព្រះភាគ​ព្រះនាម​អត្ថទស្សី កាល​ខាង​ក្រោយ​មក ព្រះអង្គ​ក៏​ទ្រង់បរិនិព្វាន​ទៅ ព្រោះ​តែ​ការ​មិនបាន​ឃើញ ពេល​ដែលព្រះអង្គ​ទ្រង់​គង់​ព្រះជន្ម​នៅ ទើប​មាន​សេចក្ដី​សោកស្ដាយ​យ៉ាង​ខ្លាំង។ ក្នុងកាល​នោះ អគ្គសាវក​របស់​ព្រះសម្មាសម្ពុទ្ធ​អត្ថទស្សីមានព្រះនាមថា សាគរ កាល​ទូន្មាន (យក្សនោះ) ទើប​ពោល​ថា ការបូជា​ព្រះសារីរិកធាតុ របស់​ព្រះមានព្រះភាគ រមែង​មាន​ផល​ច្រើន​ ដូច​ការ​បូជា​ដែល​គេ​ធ្វើ​ហើយ​ក្នុង​កាល​ព្រះមានព្រះភាគ​ទ្រង់​គង់​ព្រះជន្មនៅ ព្រោះអំណាច​នៃ​ចិត្ត​ដែល​ជ្រះថ្លា (ហេតុ​ដូច្នេះ) អ្នក​ចូល​កសាង​ព្រះស្ដូប​ចុះ!។ យក្ស​បាន​ស្ដាប់​ហើយ កើត​សេចក្ដី​ជ្រះថ្លា ទើប​បបួល​គ្នាកសាង​ស្ដូប (ព្រះចេតិយ) រួច​បញ្ចុះ​ព្រះបរមសារីរិកធាតុ និង​បាន​បូជា​ព្រះស្ដូប​ដែល​តម្កល់ ព្រះសារីរិកធាតុ​នោះហើយ ចុតិ​អំពី​កំណើត​យក្ស បាន​សោយ​សម្បត្តិ​ព្រះឥន្ទ្រក្នុងទេវលោក និង​សម្បត្តិ​ស្ដេចចក្រពត្តិ​ក្នុងមនុស្សលោក។ ក្នុងពុទ្ធុប្បាទ​នេះ បានកើត​ក្នុងត្រកូល​ដែលមានទ្រព្យ​ច្រើន​ក្នុងនគរ​សាវត្ថី ដឹងក្ដីហើយ ជ្រះថ្លា​ក្នុងព្រះពុទ្ធ​សាសនា បាន​ចេញបួស មិនយូរប៉ុន្មាន​ ក៏បាន​ជាព្រះអរហន្ត។ ក្នុងកាលជាខាងក្រោយ​មក លោករលឹក​ឃើញ​នូវបុព្វកម្មរបស់ខ្លួន ក៏កើតសោមនស្ស កាល​ប្រកាស​នូវអំពើ​នោះឲ្យ​ប្រាកដ​ច្បាស់ ដែល​ខ្លួន​ប្រព្រឹត្ត​ហើយ​ក្នុងកាល​មុន ទើបពោល​គាថា​ទាំងនេះ​ថា កាលព្រះសុគតព្រះនាមអត្ថទស្សី ទ្រង់បរិនិព្វាន​ទៅ ខ្ញុំ​បានកើត​កំណើត​យក្ស ក្នុងលំដាប់​ស្មើ​គ្នា កាល​នោះ ខ្ញុំ​បាន​ដល់​នូវ​យស។ (ខ្ញុំ​គិត​ថា) ឱហ្ន៎! យស ដែល​អាត្មា​អញ​បាន​ហើយ មិនល្អ​សោះ ពន្លឺ​ភ្លឺស្វាង​ក្នុងរាត្រី​មិន​ល្អ ការរះ​ឡើង​នៃ​ព្រះអរុណ​ក៏​មិន​ល្អ ព្រោះ​ថា កាល​ដែល​ភោគអាត្មា​អញ​នៅ​មានព្រះសម្ពុទ្ធ​មានចក្ខុ​ទ្រង់​បរិនិព្វាន​ទៅ។ សាវក​ឈ្មោះ សាគរៈ បានដឹងច្បាស់ នូវតម្រិះ​របស់ខ្ញុំ​លោកមានប្រាថ្នា​នឹងស្រង់​ខ្ញុំ​ឡើង ទើប​និមន្ត​មក​កាន់​សំណាក់​ខ្ញុំ (ហើយប្រាប់ថា) នែ​បុរស​អ្នក​មាន​ប្រាជ្ញាល្អ អ្នកយំសោក​ធ្វើអ្វី អ្នក​កុំខ្លាច​ឡើយ អ្នក​ចូរប្រព្រឹត្ត​ធម៌​ចុះ ការ​បរិបូណ៌ដោយពូជ គឺ​កុសល​របស់​សត្វ​ទាំង​អស់ ព្រះពុទ្ធ​ទ្រង់​បានប្រគល់​ឲ្យ​ហើយ។ បុគ្គល​ណា បូជា​ព្រះសម្ពុទ្ធ​ជាំលោក​នាយក ដែល​ទ្រង់​គង់​ព្រះជន្ម​នៅ​ក្ដី បូជា​ព្រះសារីរិកធាតុ​របស់​ព្រះជិនស្រី សូម្បីប៉ុន​គ្រាប់ស្ពៃ ដែល​ទ្រង់​បរិនិព្វាន​ទៅហើយ​ក្ដី កាល​បើ​មាន​ចិត្ត​សេចក្ដី​ជ្រះថ្លា​ស្មើ បុណ្យ​ដែល​ដល់​នូវ​ភាព​ដ៏ធំ ក៏ស្មើគ្នា ព្រោះហេតុ​នោះ អ្នក​ចូល​កសាង​ព្រះស្ដូប ហើយបូជា​ព្រះជិនធាតុ​ទាំងឡាយចុះ!។ ខ្ញុំបានស្ដាប់​នូវ​ព្រះវាចា នៃ​ព្រះសាគរៈហើយ បាន​ធ្វើ​ពុទ្ធស្ដូប (គឺ​ព្រះចេតិយតម្កល់​នូវ​ព្រះសារីរិកធាតុ) ព្រម​ទាំងបានបម្រើ​ព្រះស្ដូប​ដ៏ប្រសើរ​របស់​ព្រះពុទ្ធ​មុនី​អស់៥ឆ្នាំ។ បពិត្រ​ព្រះអង្គ​ជាធំ​ជាងសត្វ​ទ្វេបាទ ជាចម្បង​ក្នុង​លោក​ទ្រង់ប្រសើរបំផុត​ជាងនរជន ខ្ញុំបាន​សោយនូវសម្បត្តិ ហើយបានសម្រេច​ព្រះអរហន្ត ព្រោះកុសលកម្មនោះ។ ក្នុងកប្បទី៧០០ អំពីភទ្ទកប្បនេះទៅ ខ្ញុំ​បាន​ជាស្ដេច​ចក្រពត្តិ៤ដង មានប្រាជ្ញាក្រាស់​ដូច​ផែនដី បរិបូណ៌ដោយរតនៈ៧ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា៦ ខ្ញុំ​បាន​ធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងព្រះពុទ្ធសាសនា ក៏ខ្ញុំ​បានប្រតិបត្តិ​ហើយ។ បានឮមកថា ព្រះបច្ចុបដ្ឋាន​សញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថា​ទាំងនេះ ដោយប្រការ​ដូច្នេះ។ បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន និងអដ្ឋកថា ឈ្មោះវិសុទ្ធជនវិលាសិនី ចប់ ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ រៀប​រៀង​ដោយ លោក ង៉ែត សុផាន់ ដោយ៥០០០ឆ្នាំ
    វលាហកស្សជាតក
    នឹងសម្ដែងអំពីវលាហកស្សជាតក តាមបទបាឡីថា យេន កាហន្តិ ឱវាទន្តិ ដូច្នេះជាដើម ។ សេចក្ដីក្នុងបាឡីជាតកនោះថា ក្នុងវេលាមួយនោះព្រះបរមសាស្តាជាគ្រូនៃយើងព្រះអង្គទ្រង់គង់នៅវត្តជេតវនរាម បានសម្ដែងនូវធម៌ទេសនា ១ បទនោះថា យេន កាហន្តិ ឱវាទន្តិ ដូច្នេះជាដើមចំពោះនឹងភិក្ខុម្នាក់ជាអ្នកអប្សុកចាកធម៌វិន័យក្នុងព្រះពុទ្ធសាសនា ។ គ្រានោះព្រះសម្មាសម្ពុទ្ធទ្រង់ហៅភិក្ខុនោះចូលមកគល់ លុះចូលមកដល់ហើយព្រះអង្គក៏ត្រាស់សួរថា នែភិក្ខុអ្នកឯងមានចិត្តរាយមាយរវើរវាយ មិនសប្បាយក្នុងធម៌នឹងវិន័យរបស់តថាគតមែនឬអ្វី ភិក្ខុនោះក៏ក្រាបបង្គំទូលថា ពិតមែនដូចព្រះដ៏មានព្រះភាគទ្រង់ជ្រាបនោះហើយ ទើបព្រះសម្មាសម្ពុទ្ធទ្រង់សួរតទៅទៀតថា ចុះហេតុអ្វីក៏អ្នកមិនសប្បាយក្នុងសាសនាតថាគតនេះ ភិក្ខុនោះទូលថា ឯហេតុដែលខ្ញុំព្រះករុណាមិនសប្បាយនោះព្រោះខ្ញុំព្រះករុណាបានជួបប្រទះនូវស្រីម្នាក់ មានរូបរាងល្អព្រមទាំងមានគ្រឿងអលង្កា ប្រដាប់កាយដ៏រុងរឿងផង ហើយខ្ញុំព្រះករុណា ក៏មានសេចក្ដីស្នេហាកើតឡើងដោយអំណាចនៃកិលេសធម៌នោះឯង ។ អានទាំងស្រុង ចុចទីនេះ ដោយ៥០០០ឆ្នាំ

    រឿងវិមានពណ៌លឿងរបស់ទេពធីតាផ្កាននោង
    កាលព្រះមានព្រះភាគទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វានហើយ ព្រះបាទអជាតសត្តុបាននាំព្រះបរមសារីរិកធាតុដែលព្រះអង្គបានទទួលអំពីចំណែកបែងចែក មកសាងព្រះស្តូបហើយធ្វើបុណ្យឆ្លង ។ឧបាសិកាអ្នកក្រុងរាជគ្រឹះម្នាក់ បដិបត្តិសរីរកិច្ចអំពីព្រឹកហើយ គិតថា នឹងបូជាព្រះសាស្ដា បានកាន់យកផ្កាននោង ៤ ទងដែលខ្លួនបានមក មានសទ្ធាកើតឆន្ទៈឧស្សាហៈឡើងក្នុងចិត្តយ៉ាងមុតមាំ មិនបានគិតដល់អន្តរាយក្នុងដំណើរផ្លូវ ជាអ្នកមានមុខឆ្ពោះទៅកាន់ព្រះស្តូប ។ ខណៈនោះ មានមេគោកូចខ្ចីមួយបោលស្ទុះទៅដោយរហ័ស បានជល់ឧបាសិកានោះឲ្យអស់ជីវិត ។ នាងធ្វើកាលកិរិយាក្នុងខណៈនោះឯង បានកើតក្នុងតាវត្តិង្សសួគ៌ាស្ថាន ។ កាលសក្កទេវរាជស្ដេចយាងក្រសាលឧទ្យាន នាងបានប្រាកដខ្លួនព្រមទាំងរថ គ្រប់សង្កត់ទេពធីតាទាំងអស់ដោយរស្មីរបស់ខ្លួន នៅកណ្ដាលស្រីទេពនាដកៈទាំងពីរកោដិកន្លះ ដែលជាបរិវាររបស់សក្កទេវរាជនោះ ។ សក្កទេវរាជបានទតឃើញនាងយ៉ាងនោះហើយ ទ្រង់មានព្រះទ័យភ្ញាក់ផ្អើលកើតសេចក្ដីអស្ចារ្យដូច្នេះថា កីទិសេន នុ ខោ ឱឡារិកេន កម្មុនា អយំ ឯទិសិំ សុមហតិំ ទេវិទ្ធិមុបាគតា ដោយកម្មជាឱឡារិកយ៉ាងណាហ៎្ន ទើបទេពធីតានេះមានឫទ្ធិដ៏ធំក្រៃលែងយ៉ាងនេះ ? យ៉ាងនេះហើយ ទើងទ្រង់សួរទេពធីតានោះដោយគាថាទាំងឡាយនេះថា ម្នាលនាងដ៏ចម្រើន មានសំពត់លឿង មានទង់លឿង ស្អិតស្អាង ដោយគ្រឿងប្រដាប់មានពណ៌លឿង មានអវយវៈលាបដោយខ្លឹម ចន្ទន៍លឿង ទ្រទ្រង់ផ្កាឧប្បលលឿង ។មានប្រាសាទ និងទីដេកលឿង មានទី អង្គុយលឿង មានភោជនលឿង មានឆ័ត្រលឿង មានរថលឿង មានស៊ែលឿង មានផ្លិតលឿង ។ នាងបានធ្វើអំពើដូចម្តេច ក្នុងភពជារបស់មនុស្ស ក្នុងកាលមុន ម្នាលទេវតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ ? សូម្បីទេពធីតានោះក៏បានព្យាករដល់សក្កទេវរាជដោយគាថាទាំងឡាយនេះថា បពិត្រព្រះអង្គដ៏ចម្រើន វល្លិឈ្មោះកោសាតកី (វល្លិននោងព្រៃ) ជាជាតិវល្លិល្វីង ដែលគេមិនត្រូវការ ខ្ញុំម្ចាស់មានចិត្តជ្រះថ្លា បាននាំ យកផ្កាននោងព្រៃនោះ ៤ ទង ទៅបូជាព្រះស្តូប ។ ឧទ្ទិសចំពោះព្រះសរីរធាតុ នៃព្រះសាស្តា ខ្ញុំម្ចាស់កំពុងមានចិត្តប្រព្រឹត្តទៅ ក្នុងព្រះធាតុនៃព្រះមានព្រះភាគនោះ មិនបានក្រឡេកមើលផ្លូវគោនោះ ។ គ្រានោះ មេគោមកជល់ខ្ញុំម្ចាស់ ដែលមានអធ្យាស្រ័យមិនទាន់ដល់ព្រះស្តូប (ស្លាប់ទៅ) បើខ្ញុំម្ចាស់សន្សំបុណ្យនោះ សម្រេចម្ល៉េះសមជាមានសម្បតិ្តដ៏លើលុបជាងនេះ ។ បពិត្រព្រះអង្គជាធំជាងទេវតា នាមមឃវៈ ជាទេវកុញ្ជរ ខ្ញុំម្ចាស់បានលះបង់រាងកាយជាមនុស្ស មកកើតជាមួយនឹងព្រះអង្គ ព្រោះកម្មនោះ ។ នាកាលធ្វើសង្គាយនា ព្រះធម្មសង្គាហកាចារ្យទាំងឡាយពោលថា ព្រះឥន្ទ្រ នាមមឃវៈ ជាទេវកុញ្ជរ ជាធំជាងទេវតាក្នុងជាន់ត្រៃត្រឹង្ស បានស្តាប់ពាក្យនេះហើយ ក៏ញុំាងទេវធីតាឲ្យជ្រះថ្លា ក្នុងភពតាវត្តឹង្សហើយ បានពោលពាក្យនេះ នឹងមាតលិទេវបុត្រ ។ បន្ទាប់មក សក្កទេវរាជ ក៏បានសម្ដែងធម៌ដោយគាថាទាំងឡាយនេះដល់ទេវបរិស័ទ ដែលមានព្រះមាតលីជាប្រធានថាម្នាលមាតលិ អ្នកចូរមើលសេចកី្តអស្ចារ្យ នេះជាផលនៃកម្មដ៏វិចិត្រ ទេយ្យវត្ថុសូម្បី បន្តិចបន្ទួចដែលគេធ្វើហើយ ជាបុណ្យ មានផលច្រើន ។កាលបើចិត្តជ្រះថ្លា ចំពោះព្រះតថាគតជាសម្ពុទ្ធ ឬសាវ័ករបស់ព្រះតថាគតហើយ ទក្ខិណាទាន ឈ្មោះថាមានផលតិចមិនមែនឡើយ ។ម្នាលមាតលិ អ្នកចូរមក យើងទាំងឡាយនឹងបូជាព្រះធាតុព្រះតថាគតឲ្យលើសលុប ជាងនេះទៅទៀត ការសន្សំនូវបុណ្យទាំងឡាយ រមែងនាំមកនូវសេចកី្តសុខ ។ កាលព្រះតថាគតឋិតនៅកី្ត បរិនិព្វានទៅកី្ត បើតាំងចិត្តស្មើ ផលក៏ស្មើ ដ្បិតថាសត្វ ទាំងឡាយ មានការតម្កល់ចិត្តទុកជាហេតុ ទើបទៅកាន់សុគតិបាន ។ទាយកទាំងឡាយ រមែងទៅកាន់ស្ថានសួគ៌បាន ព្រោះធ្វើការបូជា ចំពោះព្រះតថាគត ទាំងឡាយណា ព្រះតថាគតទាំងនោះ បានកើតឡើងក្នុងលោក ដើម្បីប្រយោជន៍ ដល់ជនច្រើន ។ នាកាលសក្កទេវរាជត្រាស់យ៉ាងនេះរួចហើយ ស្ដេចសក្កៈជាទេវានមិន្ទៈទ្រង់រម្ងាប់នូវសេចក្ដីឧស្សាហៈក្នុងការក្រសាលព្រះឧទ្យាន ហើយទ្រង់ត្រឡប់អំពីឧទ្យាននោះ ទ្រង់ធ្វើការបូជាព្រះចូឡាមណីចេតិយអស់ ៧ ថ្ងៃ ដែលជាបូជនីយដ្ឋានដែលទ្រង់បូជាជារឿយៗ ។ សម័យខាងក្រោយមកទៀត ស្ដេចសក្កទេវរាជ បានពោលរឿងនោះថ្វាយ ដល់ ព្រះនារទត្ថេរដែលទៅកាន់ទេវលោក ព្រះថេរៈក៏ប្រាប់រឿងនោះដល់ព្រះធម្មសង្គាហកាចារ្យ ទាំងឡាយ ព្រះសង្គាហកាចារ្យទាំងឡាយនោះ ក៏បានលើករឿងនោះឡើងកាន់ការធ្វើសង្គាយនា ដោយប្រការដូច្នេះឯង ។ ចប់ បីតវិមានវត្ថុ ។ (សុត្តន្តបិដក ខុទ្ទកនកាយ ឥត្ថិវិមាន មញ្ជិដ្ឋកវគ្គ បីតវិមានវត្ថុ បិដកលេខ ៥៥ ទំព័រ ៩៩ និង អដ្ឋកថា ឈ្មោះ បរមត្ថទីបនី)ថ្ងៃអាទិត្យ ០៦ កើត ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ម.ស. ១៩៣៩ ច.ស. ១៣៧៩ ត្រូវនឹងថ្ងៃទី ២៧ ខែ សីហា គ.ស. ២០១៧ ។ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ

    សច្ចតបាបីវត្ថុ
    អតីតេ កិរ បានឮមកថា ក្នុងអតីតកាល មានសេតសមណី (ដូនជីស្លៀកស) ឈ្មោះ សច្ចតបាបី (ច្បាប់ខ្លះថា បញ្ចតបាវី) អាស្រ័យនឹងនគរពារាណសី នាងបានឲ្យគេកសាងបណ្ណសាលាក្នុងព្រៃស្មសាន កាលនៅក្នុងទីនោះ នាងញ៉ាំងនូវភត្តទាំងឡាយ ៤ ឲ្យកន្លងផុតទៅទើបបរិភោគ (រំលង ៤ ថ្ងៃបរិភោគ ១ ដង) (កិត្តិគុណ) ក៏បានប្រាកដឡើងទូទាំងព្រះនគរ ដូចជាព្រះចន្ទ្រ និងព្រះអាទិត្យ ។ អ្នកនគរពារាណសីសូម្បីកណ្ដាស់ សូម្បីភ្លាត់តែងតែពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ លំដាប់នោះ ក្នុងថ្ងៃមួយ ជាវេលាលេងមហោស្រព ក្នុងថ្ងៃដំបូង ពួកជាងមា ទាំងឡាយនាំគ្នាជាក្រុមធ្វើនូវមណ្ឌបក្នុងស្ថានទីមួយ ហើយនាំមកនូវត្រី សាច់ សុរា គ្រឿងក្រអូប និងកម្រងផ្កាជាដើម ទើបប្រារព្ធនឹងផឹកនូវសុរា ។ លំដាប់នោះ ជាងមាសម្នាក់ កាលចោលនូវពែងសុរាក៏ពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ ក្នុងទីនោះមានបុរសឆ្លាតម្នាក់និយាយថា អម្ភោ អន្ធពាល, ចលចិត្តាយ ឥត្ថិយា នមោ ករោសិ, អហោ ពាលោ នៃលោក អន្ធពាល លោកធ្វើនូវការនមស្ការនូវស្ត្រីដែលជាអ្នកមានចិត្តកម្រើក ឱហ្ន៎បុគ្គលពាល ។ ជាងមាសនោះឆ្លើយថា ម្នាលសម្លាញ់ លោកកុំនិយាយយ៉ាងនេះឡើយ កុំធ្វើកម្មដែលនាំទៅកាន់នរក ។ បុរសដែលឆ្លាតនោះពោលថា អ្នកមិនមានបញ្ញាទេ លោកចូរនៅស្ងៀមចុះ អ្នកចូរធ្វើការភ្នាល់គ្នាដោយទ្រព្យមួយពាន់ តអំពីនេះទៅ ៧ ថ្ងៃ យើងនឹងទៅនាំនាងសច្ចតបាបីមក ឲ្យតែងខ្លួនយ៉ាងស្អាតហើយ ឲ្យមកអង្គុយក្នុងទីនេះ ឲ្យកាន់យកនូវពែងសុរា ហើយយើងនឹងផឹកសុរា ឈ្មោះថា មាតុគ្រាមជាអ្នកមានសីលជានិច្ចនោះ មិនមានឡើយ ។ ជាងមាសនោះតបថា លោកមិនអាចនឹងធ្វើបានឡើយ ដូច្នេះហើយ ទើបធ្វើការភ្នាល់នឹងបុរសនោះ ។ បុរសអ្នកឆ្លាតនោះប្រាប់នូវការភ្នាល់គ្នានោះដល់ជាងមាសដទៃ ក្នុងថ្ងៃបន្ទាប់ បុរសនោះក៏ចូលទៅក្នុងព្រៃស្មសាន កាលនមស្ការនូវព្រះអាទិត្យក្នុងទីមិនឆ្ងាយអំពីលំនៅរបស់នាងសច្ចតបាបីនោះ ហើយក៏នៅទីនោះ ។ កាលសច្ចតបាបីត្រាច់ទៅដើម្បីភិក្ខាក្នុងព្រះនគរ ពេលត្រឡប់មកបានឃើញបុរសនោះ ក៏គិតថា មហិទ្ធិកោ តាបសោ ភវិស្សតិ, អហំ តាវ សុសានបស្សេ វសាមិ, អយំ មជ្ឈេ សុសានស្ស វសតិ, ភវិតព្ពមស្សព្ភន្តរេ សន្តធម្មេន, វន្ទិស្សាមិ នំ តាបសនេះជាអ្នកមានឫទ្ធិច្រើន យើងរស់នៅក្នុងចំណែកខាងនៃព្រៃស្មសានអស់កាលត្រឹមប៉ុណ្ណេះ តាបសនេះ (ហ៊ាន) នៅក្នុងទីកណ្ដាលនៃព្រៃស្មសាន ប្រាកដ​ជាមាន​ធម៌ជាគ្រឿងស្ងប់រម្ងាប់នៅខាងក្នុង យើងនឹងចូលទៅធ្វើសេចក្ដីគោរពតាបសនោះ ដូច្នេះហើយ នាងក៏ចូលទៅថ្វាយបង្គំ ។ តាបសប្លម មិនបានក្រឡេងមើល មិនបានហៅរក (មិនបាននិយាយជាមួយ) ។ ក្នុងថ្ងៃទីពីរ ក៏ធ្វើយ៉ាងនោះទៀត ។ តែដល់ថ្ងៃទីបី កាលនាងសច្ចតបាបីថ្វាយបង្គំ តាបសប្លមធ្វើជាអ្នកមានមុខបែរចុះក្រោមពោលថា អើ នាងចូរទៅចុះ ។ ក្នុងថ្ងៃទីបួន តាបសធ្វើនូវបដិសណ្ឋារៈថា កច្ចិ ភិក្ខាយ ន កិលមសិ នាងមិនលំបាកដោយភិក្ខាហារទេឬ ?នាងសច្ចតបាបីនោះមានចិត្តត្រេកអរដោយគិតថា ការបដិសណ្ឋារៈគឺយើងបានហើយ ទើបចៀសចេញទៅ ។ ក្នុងថ្ងៃទីប្រាំ នាងបានទទួលពាក្យបដិសណ្ឋារៈច្រើនជាងនោះ ហើយបានអង្គុយក្នុងទីទាបមួយ ទើបចេញទៅ ។ ក្នុងថ្ងៃទីប្រាំមួយ នាងបានចូលមកថ្វាយបង្គំតាបសនោះ តាបសប្លមក៏ពោលនឹងនាងដែលបានអង្គុយរួចហើយថា ម្នាលប្អូនស្រី ថ្ងៃនេះ សំឡេងនៃការច្រៀងនិងការប្រគំដ៏ធំ មានក្នុងក្រុងពារាណសីឬ ? នាងសច្ចតបាបីឆ្លើយថា បពិត្រអ្នកដ៏ចម្រើន លោកមិនដឹងទេឬ គេលេងមហោស្រពក្នុងនគរ នោះជាសំឡេងដែលគេលេងនៅក្នុងទីនោះ ។ តាបសប្លមក្លែងធ្វើជាមិនដឹងដោយពោលថា សំឡេងនោះនៅក្នុងទីនោះហ្ន៎ ហើយសួរនាងថា ម្នាលប្អូនស្រី នាងញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃ (នាងប្រព្រឹត្តដោយការវៀរអាហារប៉ុន្មានថ្ងៃ) ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន បួនថ្ងៃ ហើយសួរទៅតាបសវិញថា ចុះលោកម្ចាស់ ញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃដែរ ? តាបសប្លមពោលថា ប្រាំពីរ ប្អូនស្រី ។ ឥទំ សោ មុសា អភាសិ តាបសប្លមនោះបានពោលនូវពាក្យកុហកនេះ ។ តាមពិត តាបសនោះបរិភោគក្នុងពេលយប់រាល់ៗថ្ងៃ ។ តាបសសួរតទៅថា ម្នាលប្អូនស្រី នាងបួសប៉ុន្មានឆ្នាំហើយ ? នាងសច្ចតបាបីឆ្លើយថា អស់ ១២ ឆ្នាំ ហើយនាងសួរវិញថា ចុះលោកម្ចាស់បួសបានប៉ុន្មានឆ្នាំដែរ ? តាបសពោលថា ឆ្នាំនេះជាឆ្នាំទីប្រាំមួយរបស់យើង (យើងបួសបាន ៦ ឆ្នាំ) ។ លំដាប់នោះ តាបសក៏សួរតទៅថា ម្នាលប្អូនស្រី តើនាងបានសម្រេចនូវសន្តធម៌ដែរឬនៅ ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន នៅទេ ហើយលោកម្ចាស់វិញ សន្តធម៌មានដល់លោកនៅ ? តាបសពោលថា សត្តធម៌មិនមានដល់យើងទេ ។ តាបសនោះទើបពោលទៀតថា ម្នាលប្អូនស្រី ពួកយើងមិនបាននូវកាមសុខ និងមិនបាននូវនេក្ខម្មសុខ នរកក្ដៅ (មើលទៅមិនមែន) សម្រាប់តែយើងពីរទេ ពួកយើងនឹងធ្វើនូវកិរិយារបស់មហាជនវិញ ខ្ញុំនឹងសឹកជាគ្រហស្ថ ហើយទ្រព្យក្នុងសម្នាក់នៃមាតារបស់ខ្ញុំមាន ខ្ញុំមិនអាចនឹងនៅទទួលរងទុក្ខវេទនាតទៅទៀតឡើយ ។ នាងសច្ចតបាបីបានស្ដាប់ដូចនោះហើយ ក៏កើតចិត្តប្រតិព័ទ្ធក្នុងតាបសនោះ ព្រោះភាពជាអ្នកមានចិត្តកម្រើករបស់ខ្លួន ក៏បានពោលថា បពិត្រលោកម្ចាស់ ខ្ញុំក៏ជាអ្នកអផ្សុកចង់សឹកដែរ ប្រសិនបើលោកម្ចាស់មិនចោលខ្ញុំទេ ខ្ញុំនឹងសឹកជាគ្រហស្ថ ។ លំដាប់នោះ តាបសនោះបានពោលនឹងនាងថា មកចុះអូន បងមិនបោះបង់អូនទេ អូននឹងជាភរិយារបស់បង ដូច្នេះហើយ បុរសនោះក៏បាននាំនាងសច្ចតបាបីចូលទៅកាន់នគរ ហើយក៏រួមសមគ្គសង្វាស រស់នៅជាមួយគ្នា ហើយនាំនាងទៅកាន់កន្លែងផឹកសុរា បានឲ្យនាងសច្ចតបាបីនោះកាន់នូវពែងសុរា (ឲ្យចាក់ស្រា) ហើយក៏ផឹកនូវសុរា ។ ចំណែកជាងមាសក៏ចាញ់អស់ទ្រព្យមួយពាន់ ។ នាងសច្ចតបាបីនោះបានអាស្រ័យនូវបុរសនោះ ក៏ជាអ្នកចម្រើនដោយបុត្រនិងធីតាទាំងឡាយ ។តទា កុណាលោ សុរាធុត្តកោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាអ្នកលេងសុរានោះ ។ កាលប្រកាសនូវរឿងដែលខ្លួនឃើញមក ទើបពោលថា (នែបុណ្ណមុខៈសម្លាញ់ នាងសមណីឈ្មោះសច្ចតបាបី កាលនៅកណ្តាលព្រៃស្មសាន រំលងចោលនូវបាយ ៤ ដង បានធ្វើនូវអំពើដ៏លាមកជាមួយនឹងអ្នកលេងសុរា ខ្ញុំបានឃើញហើយ) ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣-១៦៤)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
      សូមថ្លែងអំណរគុណ
    បិទ
    ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
       ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿