images/articles/1119/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៨០៤ ដង)
រឿងពាណិជ្ជលង់ទឹកសមុទ្រ
(ចាក អ. ទេ.)
(សីលជាស្ពានរបស់សត្វ)
សេចក្តីថាៈ មានឈ្មួញជាច្រើននាក់ នាំគ្នាទៅជួយដោយសំពៅនៅក្នុងសមុទ្រ បានបើកសំពៅយ៉ាងលឿនរហ័ស ប្រៀបដូចជាគេបាញ់កូនសរបាន៧ថ្ងៃក៏កើតឧក្បាទវ៍ ដោយខ្យល់ព្យុះព្យោមកបក់បោកជាខ្លាំង រលកធំៗក៏បោកផ្ទប់លើសំពៅនោះ បណ្តាលឲ្យទឹកចូលពេញ។ កាលសំពៅហៀបនឹងលិច មហាជនបាននាំគ្នានឹករលឹកដល់ទព្តារៀងៗ
images/articles/1120/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,២៣៦ ដង)
រឿងស្តេចចចកឈ្មោះសព្វនាឋៈ
(ចាក អ. ស.)
(ចចកអើយ ចចកជើងមានះ វិនាសប្រាណឯង)
ក្នុងកាលដែលកន្លងទៅហើយ មានបុរោហិតព្រះចៅពារាណសីម្នាក់ជាអ្នកចេះបឋវី ជយមន្ត(មន្តបង្វិលផែនដីឲ្យវិល) ។ ថ្ងៃមួបុរោហិត ចូលទៅកាន់អរណ្យប្រទេស អង្គុយលើខ្នងថ្មដោយបំណងថា នឹងស្វាធ្យាយមន្តវិជ្ជាការខ្លួន លុះអង្គុយស៊ប់សួនលើខ្នងថ្មរួចស្រួលបួលហើយ ក៏តាំងរាយមន្តនោះឯង ។
images/articles/1124/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៥,២១៨ ដង)
ទានានិសង្សសូត្រ
ម្នាលភិក្ខុទាំងឡាយ អានិសង្សក្នុងទាននេះ មាន៥ យ៉ាង ។ ៥ យ៉ាងដូម្តេចខ្លះ ។ គឺជាទីស្រឡាញ់ជាគាប់ចិត្តជនច្រើន១ ពួកសប្បុរសអ្នកស្ងប់ រមែងគប់រក១ មានកិត្តិសព្ទដ៏ពិរោះខ្ចរខ្ចាយទៅ ១ មិនបានប្រាសចាកធម៌របស់គ្រហស្ថ ១ លុះបែកធ្លាយរាងកាយស្លាប់ទៅរមែងកើតក្នុងសុគតិ សួគឥ ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ នេះអានិសង្សក្នុងទានទាំង៥ យ៉ាង ។
images/articles/1125/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៥,៨៧៦ ដង)
កាលទានសូត្រ
(បិដកលេខ ៤៤ ទំព័រ ៨១ ដល់៨២)
ម្នាលភិក្ខុទាំងឡាយ កាលទាននេះមាន៥ យ៉ាង ។ ៥ យ៉ាងដូចម្តេច ខ្លះ ។ គឺឲ្យទានដល់អ្នកមកថ្មី ១ ឲ្យទានដល់អ្នកមានដំណើរ ១ ឲ្យទានអ្នកមានជំងឺ ១ ឲ្យទានក្នុងពេលអត់បាយ ១ បានតម្កល់ស្រូវថ្មី ផ្លែឈើដំបូងដល់បុគ្គលមានសីលទាំងឡាយជាដំបូង១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាកាលទាន ៥ យ៉ាង ។
images/articles/1128/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៦២៧ ដង)
រឿងស្រីមានគូកំណាន់
(ចាក ធ. ខុ.)
(អំណាចកាមរាគនាំឲ្យកើតតម្រេកក្នុងវត្ថុមិនគួរ)
សេចក្តីដំណាលថា មានភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាតមួយអង្គ រៀនកម្មដ្ឋានក្នុងសំណាក់ព្រះសាស្តា ហើយចូលទៅកាន់ឱធ្យានចាស់មួយ ដើម្បីធ្វើសមណធម៌ ។ លំដាប់នោះមានស្ត្រីម្នាក់ មានរូបរាងស្រស់ល្អឆើតលើសនារីទាំងអស់ក្នុងនគរ បានណាត់ពេលនឹងបុរសគូកំណាន់ម្នាក់
images/articles/1138/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១១៨ ដង)
រឿងឧបាសកតិស្សៈ
(ចាក អ. សំ.)
(អ្នកមានសីល ស៊ូលះបង់ជីវិតខ្លួន ដើម្បីប្តូរយកជីវិតសត្វទុក)
ព្រះមហាក្សត្រតិស្សមហារាជ ជាស្តេចមានធម៌ សោយរាជសម្បត្តិនៅក្រុងលង្កាទ្វីប ទ្រង់មានព្រះរាជហរទ័យ ចង់សោយសាច់ទទាអាំងជាពន់ពេក តែទ្រង់ឈ្វេងយល់ថា បើអញនិយាយប្រាប់គេថា ចង់ស៊ីសាច់ទទាអាំង មុខជាអាណាប្រជានុរាស្រ្តនឹងធ្វើសាច់ទទាទាំងឡាយ
images/articles/1164/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧,៤១២ ដង)
រឿងអាយុវឌ្ឍនកុមារ
(ចាក អ. ធ.)
(ព្រះបរិត្តអាចការពារអាយុជីវិតឲ្យរួចចាកភយន្តរាយបាន)
មានសេចក្តីដំណាលថា នៅក្នុងទិឃលម្តិកះមានព្រាហ្មណ៍ពីរនាក់បានមូលមតិគ្នាពីរឿងចេញចាកកាម ក៏ចេញទៅបួសជាតាបស ប្រព្រឹត្តតបធម៌អស់៤៨ឆ្នាំ ។ តាបសម្នាក់មានគំនិតថា បើអាត្មាអញនៅបួសតទៅទៀតនឹងសាបសូន្យចាកប្រពៃណីមិនខាន ដូច្នេះគួរអញសិកទៅបន្តពូជទៅអនាគត ទៀត
images/articles/1166/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤៦,៩៥៣ ដង)
អ្នកដែលចូលទៅកាន់សមរភូមិគឺសង្គ្រៀម ត្រូវត្រៀមអាវុធដាវ លំពែងជាដើម យ៉ាងណាមិញ បុរសស្ត្រី ដែលត្រូវធ្វើជាប្ដីគេ និងប្រពន្ធគេ ត្រូវត្រៀមខ្លួនក៏យ៉ាងនោះដែរ ។ធម្មតា បុរស ស្ត្រី កាលដល់វ័យពេញកម្លោះក្រមុំហើយ តែងតែដល់នូវភាពជាអ្នកមាននូវសេចក្ដីស្រលាញ់ស្នេហា៍ ចំពោះអ្នកណាម្នាក់មិនខាន តែសូមសេចក្ដីស្នេហានោះកុំឲ្យហួសព្រំដែនប្រពៃណីឡើយ ។រឿងសេចក្ដីស្រលាញ់កើតក្នុងចិត្ត មិនមានអ្វីអាចរារាំងបានទេ ព្រោះជាលោកិយវិស័យសម្រាប់មនុស្សសត្វដែលនៅមានរាគៈ។ តែបើចិត្តកើតមានសេចក្ដីស្រលាញ់ចំពោះអ្នកណាម្នាក់ហើយ មិនត្រូវប្រព្រឹត្តកន្លងទាំងកាយ វាចា ដែលជាហេតុខុសចាកប្រពៃណីឡើយ។
បើសេចក្ដីស្រលាញ់កើតឡើងខ្លាំង ត្រូវប្រាប់ឪពុកម្ដាយអោយចូលស្ដីដណ្ដឹងតាមមេបាយ៉ាងត្រឹមត្រូវ។តែមុនចូលស្ដីដណ្ដឹងគេត្រូវគិតមើលខ្លួនយើងសិនថាតើខ្លួនយើងមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើជាប្ដីគេឪពុកគេបានឬនៅ? បើមិនទាន់មានសមត្ថភាពទេ យើងត្រូវបង្អង់សិន មិនត្រូវចូលស្ដីដណ្ដឹងគេទាំងប្រញាប់ប្រញាល់នោះទេ។ តើសមត្ថភាពនោះយ៉ាងណា ទើបសមធ្វើជាប្ដីគេ? សមត្ថភាពនោះ គឺវិជ្ជាសម្បត្តិ ចរិយាសម្បត្តិ។ សម្បត្តិទាំងពីរប្រការនេះ ជាសម្បត្តិធ្វើឲ្យយើងគ្រប់គ្រងគ្រួសារបានសេចក្ដីសុខចម្រើននិងមានសុភមង្គលទៅអនាគត។
វិជ្ជាសម្បត្តិ ជាសម្បត្តិមួយក៏វិសេសវិសាលបំផុតសម្រាប់យើង បើយើងមិនទាន់មានទេ ត្រូវស្វែងរកសម្បត្តិនេះ មកទុកក្នុងខ្លួនយើងឲ្យបាន ដោយត្រូវសិក្សាបន្ថែមនូវជំនាញផ្សេងៗតាមកាលសម័យឲ្យបានច្បាស់លាស់ ដូចជាភាសាអង់គ្លេស ថៃ ចិន ជប៉ុន កុំព្យូទ័រជាដើម។ បើសិក្សាមុខវិជ្ជានោះឲ្យច្បាស់លាស់ជំនាញចេះចាំប្រាដកអាចប្រើការបានមិនមានសល់ចន្លោះ ហើយការយកចំណេះមកប្រើនោះ គឺជាសមត្ថភាពផ្ទាល់ខ្លួនយើង។
ប្រសិនបើចេះច្រើនផ្នេកតែមិនច្បាស់លាស់ណាមួយ ក៏ប្រើការមិនកើតឡើយ។ ព្រោះហេតុនោះ បើយើងតោងយកមុខវិជ្ជាណាមួយ ត្រូវយកមុខវិជ្ជានោះឲ្យច្បាស់លាស់ដូចព្រះសម្ពុទ្ធទ្រង់ត្រាស់ថា " សិល្បៈគឺសេចក្ដីឆ្លៀវឆ្លាសក្នុងហត្ថកម្មរបស់អ្នកបួសនិងគ្រហស្ថ ជាមង្គលដ៏ឧត្ដម " ព្រះសម្ពុទ្ធទ្រង់សំដៅដល់សិល្បសាស្ត្រវិជ្ជាដែលបុគ្គលចេះស្ទាត់ប្រាកដប្រជានេះជាមង្គលដ៏ឧត្ដមសម្រាប់បុរសស្ត្រីក្នុងលោក។
ដូច្នេះ វិជ្ជាសម្បត្តិ ជាគុណធម៍សំខាន់ណាស់សម្រាប់មនុស្សប្រុសស្រីដែលរស់នៅក្នុងលោកសន្និវាសនេះ ព្រោះថាបើយើងខ្វះវិជ្ជាសម្បត្តិហើយ យើងមិនអាចសាងសុភមង្គលឲ្យដល់ក្រុមគ្រួសាររបស់យើងបានឡើយ។ យើងត្រូវដឹងថា " បុគ្គុលល្ងង់ខ្លៅជាសត្រូវខ្លួនឯងនឹងអ្នកដទៃ " ។ចំណែកសម្បត្តិមួយទៀត គឺចរិយាសម្បត្តិក៏ជាសម្បត្តិសំខាន់មួយទៀតសម្រាប់បុរស ស្ត្រីក្នុងលោកយើងនេះផងដែរ។ ចរិយាមានន័យថាប្រព្រឹត្តត្រឹមត្រូវ ធ្វើខ្លួនឲ្យជាមនុស្សល្អ សុភាពរាបសា។
ដកស្រង់ចេញពី សៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/1167/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៨៣,៨២៨ ដង)
មនុស្សដែលឈ្មោះថា មានចរិយាសម្បត្តិគឺ ជាអ្នកវៀរចាកអបាយមុខ ពោលគឺប្រធាននៃសេចក្ដីវិនាស៤ប្រការគឺ៖
១- លេងស្រី
២- លេងស្រា
៣- លេងល្បែង
៤- សេពគប់បាបមិត្ត។
យើងត្រូវដឹងថា ការលេងស្រី វាជាគ្រោះថ្នាក់មួយសម្រាប់យើងគ្រប់គ្នា ដែលជាទោសអាចបណ្ដាលឲ្យ មានជម្ងឺកាមរោគ មានជម្ងឺអេដស៍ ស្វាយ ជាដើម រហូតដល់ខ្លួនក្សិណក្ស័យចាកប្រពន្ធកូនជាទីស្រលាញ់។បើមិនមានជម្ងឺធ្ងន់ធ្ងរទេ ក៏ជាហេតុនាំឲ្យញៀនញាំមត្រេកត្រអាលដោយរាគៈ ត្រូវកាមដឹកមុខហ៊ានរហូតចាប់រំលោភកុមារីមិនទាន់គ្រប់អាយុ ឬចាប់រំលោភសេពសន្ថវៈ ទៅលើប្រពន្ធកូនអ្នកដទៃក៏អាចទៅបាន រហូតដល់ថ្នាក់ត្រូវជាប់គុក ជាប់ខ្នោះ ច្រវាក់យូខែ យូឆ្នាំទៅតាមទង្វើដែលខ្លួនបានធ្វើ។ នេះដោយសារការលេងស្រី វាជាហេតុនាំឲ្យរឿងញៀនញ៉ាមក្នុងកាមារម្មណ៍។ បើយើងមិនលេងស្រីនោះ តើរឿងហេតុទាំងអស់នោះកើតឡើងបានដែរឬទេ? យើងអាចយល់បាន ហើយឆ្លើយយ៉ាងងាយថា រឿងនោះមិនអាចកើតឡើងបានទាល់តែសោះ ព្រោះយើងបានប្រព្រឹត្តចរិយាដ៏ល្អគឺការមិនលេងស្រីនោះឯង។
ការលេងស្រាក៏ជាទោសមួយផងដែរ សម្រាប់បុរសស្ត្រីក្នុងលោកយើងនេះ ដោយថាមនុស្សពេញចិត្តស្រា យកស្រាជាទីពឹង ឃើញថា មានតែស្រាទេ ដែលជាមិត្តភក្តិជានិច្ចកាលគ្រប់ពេលមនុស្សនោះឈ្មោះថាខ្វះសតិ បាត់បង់ស្មារតី និងបញ្ញាយកទោសជាគុណ យកគុណជាទោស។ កាលណាសុរាជ្រាបចូលដល់ពោះភ្លាមឃើញថា អញអស្ចារ្យជាងគេ ខ្លាំងជាងគេក្លាយទៅជាអ្នកក្លាហានខាងផ្នែកកាប់ចាក់ ទាត់ធាក់កាចឃោរឃៅយង់ឃ្នង ហ៊ានប្លន់ ហ៊ានលួច ហ៊ានសម្លាប់ ហ៊ានចាប់រំលោភ សូម្បីឪពុកម្ដាយរបស់ខ្លួនក៏ហ៊ានគម្រាមកំហែង ប្រមាថ ឬហ៊ានសម្លាប់គាត់ទៀតផង។ មនុស្សដែលមានសតិបញ្ញាស្មារតីគ្រប់គ្រងខ្លួន ឈ្មោះថា ជាមនុស្សវិកលចរិកឬហៅថាវិបល្លាសខ្វះសតិក្នុងខ្លួន។ ព្រោះហេតុនោះ មនុស្សយើងត្រូវវៀរចាកការលេងសុរាឲ្យបានជាដាច់ខាត ទើបឈ្មោះថាជាមនុស្សមានចរិយាសម្បត្តិល្អ។
ការលេងភ្នាល់ក៏ជាទោសត្រូវវៀរចាកជាដាច់ខាតផងដែរ ព្រោះថា មនុស្សខ្លះដែរងប់វង្វេងក្នុងវង់ល្បែងភ្លេចអស់ពីការសិក្សាររៀនសូត្រ ការកសាងអំពើល្អ ជាពិសេសខ្លួនបានបង្ហាញខ្លួនថា ជាមនុស្សមិនត្រឹមត្រូវ។ ម្យ៉ាងទៀតអ្នកលេងល្បេងរមែងមិនជាទីសណ្ដាប់ ជឿទុកចិត្តអ្នកដទៃឡើយ ពេលនិយាយសំដីសាបដូចជាទឹក រហូតដល់ចូលទៅកាន់ទីជំនុំចំណោមខ្លួនមិនជាអ្នកក្លាហាន។ ល្បែងបៀរ ល្បែងស៊ីសង មានការចាក់បាល់ ជាដើមនេះសុទ្ធតែជាមេនៃសេចក្ដីវិនាសសម្រាប់យើង។ ព្រោះហេតុនោះ មនុស្សដែលត្រូវជាប្ដីប្រពន្ធគេត្រូវវៀវចាកឲ្យបាននូវល្បែងភ្នាល់គ្រប់ប្រការ កុំលូតលាស់ឲ្យសោះ។
ការសេពគប់នូវមិត្តក៏មានសារសំខាន់ផងដែរ នៅក្នុងជីវិតងរស់នៅប្រចាំថ្ងៃ បើមិត្តប្រកបដោយធម៌ (មិត្តសុចរិត) នោះនឹងនាំយើងទៅកាន់សេចក្ដីសុខ ប៉ុន្តែបើមិត្តនោះប្រកបដោយអធម៌ (មិត្តទុច្ចរិត) នោះ នឹងនាំយើងទៅកាន់សេចក្ដីវិនាសជាមិនខាន។
ដកស្រង់ចេញពី សៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/1177/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,០០៨ ដង)
ទានវគ្គ បឋមទានសូត្រ
(បិដកលេខ ៤៨ ទំព័រ ១៦០)
អដ្ឋិមានិ ភិក្ខវេ ទាននិ ម្នាលភិក្ខុទាំងឡាយទាននេះមាន៨ យ៉ាង ។ កតមានិ អដ្ឋ ទាន ៨ យ៉ាងតើដូម្តេចខ្លះគឺ
១ អាសជ្ជ ទានំ ទេតិ បុគ្គលឲ្យទាន ព្រោះបានចាត់ចែងទុកស្រេច ។
អដ្ឋកថាៈ ដោយសេចក្តីថា បុគ្គលខ្លះឲ្យទានព្រោះបានជួបប្រទះគឺស្រាប់តែបានឃើញបដិគ្គាហកមកដល់ និមន្តឲ្យលោកគង់មួយភ្លែត ធ្វើសកា្ករៈហើយ
images/articles/1186/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៣០១ ដង)
រឿងព្រហ្មទត្តរាជកុមារ
(ចាក តិ. តិ.)
(គួរត្រេកអរចំពោះទណ្ឌកម្ម ដែលអ្នកមានគុណដាក់ឲ្យ)
កាលព្រះសម្តុទ្ធបរមគ្រូ គង់នៅព្រះជេតពនសុគន្ធកុដីស្រីមហាវិហារ. កាលថ្ងៃមួយ ព្រះអង្គទ្រង់សំដែងធម៌ប្រារព្ធនឹងភិក្ខុមួយអង្គ ជាអ្នកខឹងច្រើនឈ្នោះទុព្វចភិក្ខុ ដែលភិក្ខុជាថេរៈស្តីប្រដៅមិនបាន ទ្រង់លើកយកតិលមុដ្ឋិជាតកមកសំដែងប្រាប់ភិក្ខុនោះថាៈ អតីត កាលកន្លងទៅហើយមាន
images/articles/1191/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,២២២ ដង)
បាបមិត្តមានន័យថា មិត្តអាក្រក់មិត្តនាំឲ្យយើងវិនាសចាកគុណធម៌។ យើងត្រូវដឹងថា មិត្តប្លមមានចំណុចធំៗ៤គឺ៖
១- មនុស្សដែលគិតយកតែប្រយោជន៍ខ្លួន
២- មនុស្សល្អតែសំដី
៣- មនុស្សដែលនិយាយចាក់បណ្ដោយឲ្យគាប់ចិត្ត
៤- មនុស្សជាសំឡាញ់ក្នុងផ្លូវវិនាស។
នេះជាគោលធំៗ របស់បាបមិត្ត ដែលយើងអាចស្ដាប់បានតែយើងក៏ត្រូវដឹងថា យើងអាចស្ដាប់បានដោយស្ថាន៤ យ៉ាងទៀតរបស់មិត្តដែលគិតយកតែប្រយោជន៍ខ្លួនគឺ៖
១- មិត្តគិតតែប្រយោជន៍ខ្លួន
២- មិត្តប្រាថ្នាយករបស់ច្រើនដោយឲ្យរបស់តិចតួច
៣- ទាល់តែមានភ័យទើបជួយកិច្ចការរបស់មិត្ត
៤- សេពគប់មិត្តព្រោះហេតុតែប្រយោជន៍។
មិត្តល្អតែសម្ដីត្រូវស្គាល់ដោយស្ថាន ៤ យ៉ាងគឺ៖
១- មិត្តទទួលរាក់ទាក់ដោយរបស់ដែលកន្លងហើយ
២- ទទួលរាក់ទាក់ដោយរបស់មិនទាន់មានមក
៣- សង្គ្រោះដោយអំពើឥតប្រយោជន៍
៤- កាលកិច្ចទាំងឡាយកើតឡើយភ្លាមៗ ក៏សំដែងអាងរបស់ខូចខាត។
មិត្តនិយាយចាក់បណ្ដោយឲ្យគាប់ចិត្តត្រូវស្គាល់ដោយស្ថាន៤ យ៉ាងគឺ៖
១- បើមិត្តធ្វើអំពើអាក្រក់ក៏យល់ព្រមតាម
២- មិត្តធ្វើអំពើល្អក៏យល់ព្រមតាម
៣- ពណ៍នាគុណមិត្តតែចំពោះមុខ
៤- ពោលទោសមិត្តតែទីកំបាំងមុខ
មនុស្សសំឡាញ់ក្នុងផ្លូវវិនាសយើងត្រូវស្គាល់ដោយស្ថាន ៤ យ៉ាងគឺ៖
១- សំឡាញ់នាំយើងទៅផឹកស៊ីស្រីញីអូនបង
២- នាំយើងដើរលេងយប់ព្រលប់ខុសកាលវេលា
៣- នាំយើងទៅមើលកុន វីឌីអូ មហោស្រព ខារ៉ាអូខេ
៤- នាំយើងទៅលេងភ្នាល់។
នេះជាកំពូលបាបមិត្ត ដែលនាំឲ្យយើងវិនាសហីនហោចចាកគុណធម៌ចាកអំពើល្អ។ ព្រោះអាស្រ័យបាបមិត្តមនុស្សយើងសព្វថ្ងៃ ក្លាយទៅជាមនុស្សជើងកាង អ្នកលេងប្រចាំស្រុកភូមិនិមួយៗ មិនហ៊ានឆ្លងពីភូមិមួយទៅភូមិមួយឡើយ មានទាំងបក្សពួកបងធំបងតូចស្ទើរពេញប្រទេស គួរឲ្យភ័យខ្លាចណាស់ គឺថាបាបមិត្តនាំយើងជក់គ្រឿងញៀនមាន យ៉ាម៉ា (ថ្នាំសេះ) យ៉ាបា (ថ្នាំឆ្កួត) ថ្នាំក្រវីក្បាល និងហិតកាវជាដើម បាបមិត្តនាំយើងទៅផឹកគឺយើងជាអ្នកផឹក បាបមិត្តនាំយើងទៅលេងល្បែងគឺយើងអ្នកលេងល្បែង បាបមិត្តនាំយើងលេងស្រីគឺយើងក្លាយជាអ្នកញៀនញ៉ាមក្នុងកាមគុណ នេះឯងសុទ្ធតែទោសនៃការសេពគប់បាបមិត្ត។
ដោយ៥០០០ឆ្នាំ
images/articles/1193/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣៤០ ដង)
កូនជាទីស្រឡាញ់! ធម៌ដែលនឹងធ្វើឲ្យគូគ្រងនៅជាមួយគ្នា រហូតតទៅនោះ ក៏គឺការស្មោះត្រង់ដល់គ្នា មិនក្បត់ចិត្តគ្នា រក្សាពាក្យសន្យាថាស្មោះត្រង់ដល់គ្នា តាំងតែពីដំបូងមកនោះឯង ។ សច្ចៈតាំងចិត្តស្មោះត្រង់ មានតួនាទីធ្វើជាសោរមាស ចាក់បេះដូងស្វាមីនិងបេះដូងភរិយាឲ្យជាប់គ្នា ។ កាលបើមានសច្ចៈចិត្តមួយថ្លើមមួយហើយ អ្វីដទៃផ្សេងទៀត ដូចជា ការយល់ចិត្តគ្នា ការឲ្យអភ័យ សេចក្តីអត់ធន់ការបរិច្ចាគលះបង់ ការទូន្មានចិត្តនិងការដឹងគុណគ្នាទៅវិញទៅមកជាដើមក៏រមែងតាមមកដង្ហែសច្ចៈ ។
ការស្មោះត្រង់នឹងគ្នារវាងភរិយាស្វាមី ជាហេតុធ្វើឲ្យគ្រួសាររស់នៅសុខ មិនឈ្លោះប្រកែកទាស់ទែងលែងលះគ្នា មិនរង្កៀសសង្ស័យគ្នា មិនប្រច័ណ្ឌគ្នាជាដើមដូច្នេះ ការស្មោះត្រង់ជាសភាវៈល្អខ្លាំងណាស់សម្រាប់ភរិយាស្វាមី គួរថែរក្សាថ្នាក់ថ្នមទុកឲ្យល្អជាទីបំផុត ។ ដល់ពេលកូនមានគ្រួសារ កូនត្រូវចាប់យកនូវការស្មោះត្រង់នេះមករក្សាទុកកុំខាន ដើម្បីឲ្យគ្រួសាររបស់កូនបានសុខសប្បាយនិងភ្លឺស្វាង ។
បើចំណែកខាងណាមួយមិនស្មោះត្រង់ទៅវិញនោះ និងរស់នៅមិនបានសុខឡើយ កូនគិតមើលចុះ ការដែលត្រូវឃើញមុខគ្នានឹងរស់នៅជាមួយមនុស្សដែលមិនស្មោះត្រង់នោះ តើមានការចង្អៀតចង្អល់តូចចិត្ត លំបាកចិត្តយ៉ាងណា កូនគង់តែគិតឃើញមិនខានដូច្នេះ ទើបប្តីប្រពន្ធមិនត្រូវប្រព្រឹត្តឲ្យជាមនុស្សនៅក្រៅបេះដូងរបស់គូគ្រងឡើយ ពោលគឺមិនត្រូវក្បត់ចិត្តគ្នា ។
មនុស្សយើង បើសូម្បីតែសច្ចៈចំពោះគូគ្រងដែលខ្លួនស្រឡាញ់ រក្សាមិនបានទៅហើយ តើត្រូវការអ្វីឲ្យគូគ្រងរបស់ខ្លួនបានទៅ ហើយនឹងត្រូវការសេចក្តីល្អអ្វីដទៃទៀតបានដែរទៅ ។ ការដែលគួរជឿទុកចិត្តនិងយសសិរី របស់មនុស្សយើងនោះ គឺចាប់ផ្តើមពីសច្ចៈនេះឯង ។ មានតែមនុស្សដែលរក្សានូវសច្ចៈ មានការស្មោះត្រង់ប៉ុណ្ណោះដែលគួរឲ្យជឿទុកចិត្តបាន ចំណែកមនុស្សដែលខ្វះសច្ចៈ សូម្បីតែជាមួយនឹងអ្នកដទៃនោះ ជាការលំបាកនឹងឲ្យជឿណាស់ ។ គ្រប់ទីកន្លែង ដែលគេតែងប្រកាន់រហូតមក គឺថាជាការអាប់ឳនកិត្តិយស ខ្លាំងណាស់ ក្នុងរឿងដែលមិនមានចិត្តមួយថ្លើមមួយ ហើយទៅរំលែកចែកចិត្តឲ្យដល់អ្នកដទៃជាពិសេសស្រ្តីខ្មែរ ....។
បើកូនប្រុសស្រី មានបំណងចង់ជួបភរិយាស្វាមី ឲ្យមានសេចក្តីសុខសាន្តតភពជាតិកំណើត រហូតដល់បរមសុខគឺព្រះនិព្វាន កូនត្រូវតែជាគូគ្រងដែលមានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានការបរិច្ចាគស្មើគ្នា និងមានបញ្ញាស្មើគ្នា ព្រមទាំងចេះនិយាយស្តាប់គ្នាមានហេតុមានផលជាគោលកាន់យក មិនចចេសអាងអញយ៉ាងនេះអាងអញយ៉ាងនោះឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឳ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1194/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៧២៥ ដង)
ព្រមល្ងង់ខ្លះល្អណាស់កូន
កូនជាទីស្រឡាញ់!
ការដែលយើងធើ្វខ្លួនជាមនុស្សមានទឹកចិត្ត មានការស្មោះត្រង់ និងមានការស្រឡាញ់យុត្តិធម៌នោះ អ្នកដទៃគេអាចមើលមកថា យើងល្ងង់ មិនចេះរកស៊ី មិនចេះចង់មានចង់បាន មិនចេះឆក់ឱកាស ។ កូនអើយព្រមឲ្យគេថាចុះ ព្រមឲ្យគេថាល្ងង់ ល្អជាងកូនជាមនុស្សមិនមានទឹកចិត្ត មិនមានសុចរិតស្មោះ និងមិនមានយុត្តិធម៌ ។
កូនធ្វើការដោយស្មោះត្រង់ មានទឹកចិត្តចំពោះអ្នកដទៃស្លូតបូតត្រឹមត្រូវ សូម្បីមិនសូវមានទ្រព្យលើសពីការប្រើប្រាស់ដូចគេក៏ដោយ តែកូនសប្បាយចិត្ត ។ គ្រួសារយើងអាចខ្វះខាតខ្លះ ប៉ុន្តែមានការកក់ក្តៅ រស់នៅឃើញមុខគ្នា មិនគិតខ្វល់ ឬរង្កៀសចិត្តក្នុងរឿងអ្វីច្រើនឡើយ ។
រវាងការមានបានទ្រព្យសម្បត្តិ តែមិនមានការកក់ក្តៅ និងមានការកក់ក្តៅ គ្រាន់តែមិនសូវមានទ្រព្យពីរយ៉ាងនេះតើកូនជ្រើសរើសយកមួយណា ?មានមនុស្សមួយចំនួនមានមុខមានមាត់ក្នុងសង្គមមានពេលវេលាដើរទាក់យកចិត្តថ្លើមអ្នកដទៃ ជាងមានពេលនៅជាមួយគ្រួសារខ្លួនឯង ឬក៏ត្រូវស្ទុះទៅលិច ស្ទុះទៅកើត ដើម្បីរក្សាផលប្រយោជន៍របស់ខ្លួនរហូតមិនមានល្ហែ ឲ្យពេលទៅផលប្រយោជន៍ខាងក្រៅផ្សេងៗ ច្រើនជាងឲ្យដល់គ្រួសារ ឬពុំនោះសោត ត្រូវប្រឹងប្រែងព្យាយាម ប្រចុបប្រចែងអ្នកតូចអ្នកធំដើម្បីផលប្រយោជន៍នោះៗ ។
ដូច្នេះឯង ដែលគាត់គិតថា ខ្លួនគាត់ឆ្លាត បានជាភ្លេចថា ព្រោះការឆ្លាតរបស់ខ្លួននោះឯងបានធ្វើឲ្យខ្លួនមិនមានពេលបរិភោគ ឬបរិភោគខុសពេល មិនមានពេលដេក មិនមានពេលសម្រាក និងមិនមានពេលឲ្យដល់គ្រួសារគ្រប់គ្រាន់ ធ្វើឲ្យគ្រួសារខ្វះការកក់ក្តៅ ។
កូនអើយពិតមែនហើយថា ក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ ប៉ុន្តែមិនមែនឲ្យតែមានប្រាក់ គឺមានសុភមង្គលមានភាពកក់ក្តៅក្នុងចិត្ត ក្នុងជីវិតទៅសព្វគ្រប់នោះទេ ។មានស្រ្តីជាភរិយាច្រើនណាស់ ដែលមិនខ្វះទ្រព្យសម្បត្តិមានសុទ្ធតែរបស់ល្អរបស់ថ្លៃ ប៉ុន្តែជាប្រក្រតីមានមុខអាប់ស្រពោន ព្រោះខ្វះភាពកក់ក្តៅពីស្វាមីនោះឯង ។
មនុស្សដែលគិតថាខ្លួនឯងឆ្លាត តែមិនមានពេលដេកនៅផ្ទះ ត្រូវចោលប្រពន្ធចោលកូនជារឿយៗ ខ្វះការស្មោះត្រង់មួយនឹងមួយ ខ្វះធម៌សន្តោស ល្មោភលោភលន់រកស៊ីទុច្ចរិត ខ្វះយុត្តិធម៌ ។ល។ កូនអើយក្នុងរឿងទាំងអស់នេះ បើគេថាកូនល្ងង់មែនទែនព្រោះមិនចេះដូចគេ គឺជាការល្អណាស់ ។ កូនចេះត្រឹមតែការងាររបស់កូនដោយទឹកចិត្ត សុចរិតស្មោះត្រង់ គ្រួសារមានការកក់ក្តៅដូច្នេះ កូនត្រូវរស់នៅដោយសេចក្តីសុខសប្បាយ ក្បាលដល់ខ្នើយកូនគេងលក់ មិនចាំបាច់យកដៃគងថ្ងាសឡើយណាកូន ។
អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1195/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០៨១ ដង)
កូនជាទីស្រឡាញ់!ក្នុងលោកនេះ មិនមានអ្នកណាដែលធ្វើអ្វីត្រឹមត្រូវឬល្អទៅទាំងនោះឡើយ ព្រោះថា គឺជាអ្នកនៅមានកិលេសដែលជាគ្រឿងសៅហ្មងចិត្ត ហើយក៏មិនមានអ្នកណាធ្វើអ្វីៗ ឲ្យត្រូវចិត្តយើងគ្រប់បែបយ៉ាងនោះដែរ ។ចំណែកយើងក៏ដូចគ្នា ទោះជាយើងខំធ្វើល្អ ធ្វើត្រូវទៅគ្រប់យ៉ាងក៏ដោយ ក៏គង់មានគេទាស់ចិត្តនឹងយើងដែរ ។អ្នកដទៃគេធ្វើខុស មានការខ្វះខាត ឬធ្វើអ្វីមិនត្រូវចិត្ត មិនត្រូវអធ្យាស្រ័យរបស់កូន កូនត្រូវចេះឲ្យអភ័យដល់គេ កុំប្រកាន់កុំខឹងក្រោធ និងកុំទៅឈ្លោះប្រកែកទាស់ទែងអ្វីនឹងគេឡើយកូនត្រូវនៅស្ងៀមឲ្យបានល្អ បើមានអ្វីត្រូវបកស្រាយ កូនត្រូវមើលឱកាស មើលអ្នកដទៃហើយចិត្តរបស់កូន ត្រូវតែត្រជាក់ មិនក្តៅក្រហាយពិចារណាឃើញហេតុឃើញផលច្បាស់សិន សឹមនិយាយ ។
កូនត្រូវចាំពាក្យនេះទុកថាៈឬស្សីអាងបន្លាការពារខ្លួន ប្រាជ្ញអាងច្បាប់ក្បួនការពារខ្លួនជនពាលគ្មានអាងអ្វីទាំងអស់ អាងតែឈ្លោះតទល់កម្លាំងបាយ ។កាលកូនឲ្យអភ័យដល់គេហើយ អ្នកដែលសប្បាយចិត្តគឺកូនហ្នឹងឯង ។ ការចងនូវសេចក្តីក្រោធទុក គឺជាការចងដុំភ្លើងនឹងចិត្ត ត្រូវគិតអាឃាតព្យាបាទ គិតរកឧបាយបៀតបៀនគេរឿយៗ ជាដើម មានតែអាក្រក់ប៉ុណ្ណោះ មិនមានអ្វីល្អឡើយ ។
ការឲ្យអភ័យម្យ៉ាងទៀត គឺឲ្យការមិនមានភ័យដល់អ្នកដទៃ បានសេចក្តីថា ធ្វើខ្លួនរបស់យើងមិនឲ្យមានពិសមិនឲ្យមានភ័យដល់អ្នកដទៃ មិនបង្កការភ័យខ្លាច សេចក្តីក្តៅក្រហាយផ្សេងៗ ឲ្យដល់អ្នកណាៗឡើយ ។កូនត្រូវធ្វើខ្លួនឲ្យគេស្គាល់ចិត្តជាគ្នាឯង មិនមានស្នៀត មិនក្រឡេចក្រឡុច និងជាទីទុកចិត្តរបស់អ្នកដទៃធ្វើយ៉ាងនេះឈ្មោះថាឲ្យអភ័យ ។
កូនត្រូវយល់ថា ការឲ្យអភ័យ គឺការឲ្យសេចក្តីល្អដល់ខ្លួនកូនហ្នឹងឯង អ្នកផងទាំងពួងគេទុកចិត្ត ប្រគល់ការងារសំខាន់ៗឲ្យកូនធ្វើ ខុសអំពីមនុស្សដែលមានពិស ។មនុស្សដែលមានពិស ទុកចិត្តមិនបាន ទៅទីណាៗ គេមិនចង់ឲ្យចូលជិត នៅក្នុងណាៗ គេខ្លាច គេបារម្ភ ធ្វើការអ្វីៗ គេមិនទុកចិត្ត វាជាការមិនល្អគ្រប់យ៉ាងចូរកូនកុំជាមនុស្សមានពិសមានភ័យដល់អ្នកដទៃឡើយ ។
បើកូនឲ្យអភ័យដល់អ្នកដទៃបាន កូននឹងបានសុខសប្បាយ បើកូនធ្វើខ្លួនមិនឲ្យមានពិសមានភ័យដល់អ្នកដទៃបាន កូននឹងនៅក្នុងទីណាក៏នៅបាន មិនមានអ្នកណារង្កៀសភ័យព្រួយបារម្ភអ្វីឡើយ ដូច្នេះកូនត្រូវហ្វឹកហាត់ឲ្យអភ័យកុំទៅគិតថា ជាការអន់ខ្សោយ ខូចយស ខូចសក្តិ ព្រោះការឲ្យអភ័យនោះ ។ ដោយហេតុតែមនុស្សយើងស្រឡាញ់យស ស្រឡាញ់សក្តិ ប្រកាន់អំណាចខ្លាំងក្លាពេកទៅហ្នឹងឯង ទើបត្រូវមកបង្កកម្មពៀរនឹងគ្នាមិនមានទីបំផុត ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1196/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,១៨៥ ដង)
កូនជាទីស្រឡាញ់!
ពេលដែលកូននៅក្នុងសង្គម ហើយត្រូវទាក់ទងជាមួយអ្នកដទៃ កូនត្រូវរៀបចំឬកពាឲ្យល្អ និយាយពាក្យពិរោះ ព្រមទាំងត្រូវរៀបចំខ្លួនប្រាណ សម្លៀកបំពាក់ឲ្យបានល្អផង នេះជាការចាំបាច់ណាស់ព្រោះដើម្បីជាការសម្តែងបញ្ជាក់ថា កូនជាមនុស្សល្អ ។
ការដែលបានអប់រំបន្ទុំឧបនិស្ស័យមកល្អ ទើបសម្តែងអាកប្បកិរិយាចេញមកល្អ ។អ្នកមានសម្បត្តិមនុស្សល្អរមែងមានប្រៀបលើមនុស្ស ដែលខ្វះនូវគុណសម្បត្តិទាំងនេះ ក្នុងគ្រប់រឿង ទាំងអស់ ទាំងការនិយមរាប់អាន ការឲ្យនូវភាពស្និទ្ធស្នាល ការឲ្យនូវភាពទុកចិត្ត រហូតដល់ប្រគល់ការងារមុខនាទីសំខាន់ឲ្យធ្វើទៀតផង ជាដើម ។
សម្បត្តិមនុស្សល្អ គឺការសម្តែងអាកប្បកិរិយាចេញមកមានសភាពរៀបរយត្រឹមត្រូវ គួរគយគន់ មិនទាស់ភ្នែកមិនទាស់ត្រចៀក ពេញទៅដោយភាពទន់ភ្លន់ និងការគោរពកោតក្រែង ។ កូនគួរហ្វឹកហាត់នូវសម្បតិ្តមនុស្សល្អទុកជាសម្បត្តិប្រចាំខ្លួន មានជាអាទិគឹ តែងខ្លួនដោយសម្លៀកបំពាក់សមរម្យនឹងវ័យ មិនដោះសម្លៀកបំពាក់ក្នុងទីសាធារណៈ ពាក់អាវត្រឹមត្រូវនៅចំពោះមុខភ្ញៀវ ។ មានភាពទន់ភ្លន់បន្ទន់ខ្លួន ចេះក្រាបសំពះ ធ្វើការគោរពចំពោះអ្នកធំ និយាយស្តីសង្រួមមាត់ មិននិយាយឲ្យសំឡេងខ្លាំងកោកកាកឡូឡាក្នុងទីសាធារណៈ ឬក្នុងទីប្រជុំមនុស្ស មិននិយាយជ្រែកកាត់ក្នុងពេលដែលអ្នកធំកំពុងសន្ទនាគ្នា ចេះក្រែងចិត្តអ្នកដទៃ ។ ពេលទទួលទានអាហារ ក៏សង្រួមមិនវឹបវ៉ាប់ប្រញាប់ដូចខ្លាចអស់ម្ហូប មិននិយាយក្នុងពេលមានអាហារក្នុងមាត់ នឹងក្រោកនឹងអង្គុយក៏សង្រួមប្រយ័ត្នត្រួតត្រាមើលសព្វមើលគ្រប់ ។
សម្បត្តិមនុស្សល្អ ជាហេតុឲ្យមនុស្សយើងមានស្នេហ៍គួរស្រឡាញ់ នឹងជាហេតុឲ្យអ្នកធំស្រឡាញ់អាណិតប្រាថ្នា នឹងជួយទំនុកបម្រុងក្នុងរឿងផ្សេងៗ ។ សម្បត្តិមនុស្សល្អគឺជាអាភរណៈគ្រឿងប្រដាប់តែងខ្លួន គួរជាទីរីករាយនិងរាប់អានដល់មនុស្សទាំងឡាយគ្រប់ទីកន្លែង ។
គួរស្កកងើយឆ្កឹតបង្កើតខកចិត្ត មនុស្សស្កកមានពិតគំនិតដាបដុន
កើតមកជាមនុស្សស៊ីជុះអស់ទុន ជីវិតទារុណគ្មានគុនតម្លៃ។
មនុស្សយើងផលិតជីវិតខ្លួនឯង រៀបចំតាក់តែងចាត់ចែងរាល់ថ្ងៃ
ប្រាជ្ញសាងជីវិតពិតដូចជាផ្កាយ គោចរមិនណាយតម្រង់ទិសដៅ
ឆ្លងកាត់លាភយសចិត្តឥតហ្មងសៅ តម្រង់ស្មូរទ្រឹស្តីរើសកំហាកលិទ្ធ
ស្លឹកឈើចាកមែកជ្រែកខ្យល់វិបវិត គ្មានគោលដៅពិតជីវិតអន្ធពាល។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ