ថ្ងៃ អាទិត្យ ទី ៣០ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៣,៨៣៣
Today
ថ្ងៃម្សិលមិញ ១៤៨,២៦១
ខែនេះ ៥,៦៩៣,១៥៦
សរុប ៤០៦,៤៧៥,៨៨១
រឿងនិទានអប់រំចិត្ត
images/articles/3251/________________________________________________.jpg
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០២៤ (អាន: ៤,១៣៧ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការបូជាមហាពោធិព្រឹក្ស ដែលព្រះអានន្ទធ្វើហើយ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា រាជា កាលិង្គោ ចក្កវត្តិដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្នថា កាលព្រះតថាគតចៀសចេញទៅជនបទចារិក ដើម្បីសង្គ្រោះវេនេយ្យសត្វ, អ្នកក្រុងសាវត្ថីមានដៃកាន់គ្រឿងក្រអូបនិងកម្រងផ្កាជាដើម ទៅកាន់វត្តជេតពន, កាលមិនបានបូជនីយដ្ឋាន ក៏ដាក់គ្រឿងសក្ការៈទៀបទ្វារគន្ធកុដិហើយទៅ, មនុស្សទាំងនោះជាអ្នកបានបីតិបាមោជ្ជៈច្រើនឡើយ ។ អនាថបិណ្ឌិកសេដ្ឋីដឹងហេតុនោះ កាលព្រះតថាគត​យាង​មក​វត្តជេតពនវិញ លោកក៏ទៅកាន់សំណាក់ព្រះអានន្ទត្ថេរ ទូលថា បពិត្រលោកម្ចាស់ កាលព្រះតថាគតចៀសចេញទៅកាន់ចារិក, វិហារជេតពននេះក្លាយជាទីមិនមានទីពឹង មិនជាបូជនីយដ្ឋាន, បពិត្រលោម្ចាស់ សូមលោកម្ចាស់មេត្តាទូលរឿងនេះដល់ព្រះតថាគត, សូមលោកម្ចាស់ដឹងនូវស្ថានទីមួយឲ្យជាបូជនីយដ្ឋាន ។ ព្រះអានន្ទទទួលថា ល្អ ហើយទូលសួរព្រះតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន តើចេតិយមានប៉ុន្មាន ? ព្រះពុទ្ធត្រាស់ថា ម្នាលអានន្ទ ចេតិយមាន ៣ ។ ព្រះអានន្ទសួរថា បពិត្រព្រះអង្គដ៏ចម្រើន ចេតិយមាន ៣ គឺអ្វីខ្លះ ? ព្រះពុទ្ធត្រាស់ថា គឺ សារីរិកចេតិយ ១ បារិភោគិកចេតិយ ១ ឧទ្ទិស្សកចេតិយ ១ ។ ព្រះអានន្ទសួរថា បពិត្រព្រះអង្គដ៏ចម្រើន កាលព្រះអង្គធរមាននៅ តើគួរធ្វើចេតិយដែរឬទេ ?ព្រះពុទ្ធត្រាស់ថា ម្នាលអានន្ទ ចំពោះសារីរិកចេតិយ មិនអាចធ្វើបានទេ សារីរិកចេតិយនេះ មានក្នុងកាលព្រះពុទ្ធទាំងឡាយបរិនិព្វានហើយប៉ុណ្ណោះ ។ ចំពោះឧទ្ទិស្សកចេតិយ មិនមានវត្ថុដែលប្រព្រឹត្តទៅដូចតថាគត ។ មហាពោធិព្រឹក្សដែលព្រះពុទ្ធទាំងឡាយបរិភោគប្រើប្រាស់ហើយនោះឯងជាចេតិយ ក្នុងកាលដែលព្រះពុទ្ធគង់ធរមាននៅ ។ ព្រះអានន្ទទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលព្រះអង្គចៀសចេញទៅ វិហារជេតពននេះមិនមានវត្ថុជាទីរលឹក, មហាជនមិនបានបូជនីយដ្ឋាន ខ្ញុំព្រះអង្គនឹងនាំពូជអំពីមហាពោធិព្រឹក្សមកដាំនៅជិតទ្វារវត្តជេតពន ។ ព្រះពុទ្ធត្រាស់ថា ម្នាលអានន្ទ ប្រពៃហើយ អ្នកចូរដាំចុះ កាលបើបានយ៉ាងនេះ តថាគតក៏ដូចជានៅក្នុងវត្តជេតពនជាប់ជានិច្ចដែរ ។ ព្រះថេរៈឲ្យគេប្រាប់ដំណឹងនោះដល់ព្រះបាទកោសលនរិន្ទ អនាថបិណ្ឌិកសេដ្ឋី និងឧបាសិកាវិសាខា ហើយឲ្យគេជីករណ្ដៅក្នុងទីសម្រាប់ដាំដើមពោធិ៍ត្រង់ទ្វារវត្តជេតពន រួចប្រាប់ព្រះមហាមោគ្គល្លានត្ថេរថា បពិត្រលោម្ចាស់ ខ្ញុំករុណានឹងដាំដើមពោធិ៍ត្រង់ទ្វារវត្តជេតពន សូមលោកម្ចាស់នាំយកផ្លែពោធិ៍ទុំអំពីមហាពោធិព្រឹក្សឲ្យដល់ខ្ញុំ ។ ព្រះមហាមោគ្គល្លានទទួលថា ប្រពៃហើយ ថារួចលោកហោះទៅកាន់ពោធិមណ្ឌលតាមផ្លូវអាកាស, លោកយកចីវរទទួលផ្លែពោធិ៍ទុំដែលជ្រុះចាកទង មិនឲ្យធ្លាក់ដល់ដី, កាន់យកហើយនាំមកឲ្យព្រះអានន្ទត្ថេរ ។ ព្រះអានន្ទត្ថេរឲ្យគេប្រាប់ដំណឹងនោះដល់ព្រះបាទកោសលជាដើមថា អាត្មាភាពនឹងដាំគ្រាប់ពោធិ៍ក្នុងថ្ងៃនេះ ។ ពេលរសៀល ព្រះរាជាឲ្យគេកាន់យកគ្រឿងឧបករណ៍ទាំងពួង ស្ដេចយាងទៅដោយបរិវារដ៏ធំ, អនាថបិណ្ឌិកសេដ្ឋី ឧបាសិកាវិសាខា និងជនអ្នកមានសទ្ធាដទៃក៏ទៅយ៉ាងនោះដែរ ។ ព្រះថេរៈតម្កល់ផើងមាសដ៏ធំក្នុងទីដាំមហាពោធិ៍ ឲ្យចោះប្រហោងខាងក្រោម ឲ្យដាក់ ពេញដោយភក់ក្រអូប ហើយថ្វាយដល់ព្រះរាជាថា បពិត្រមហារាជ សូមព្រះអង្គដាំផ្លែពោធិ៍ទុំនេះ ។ ព្រះបាទកោសលគិតថា ធម្មតារាជសម្បត្តិរមែងមិនឋិតនៅក្នុងដៃរបស់យើងគ្រប់កាលទេ យើងគួរឲ្យអនាថបិណ្ឌិកសេដ្ឋីដាំផ្លែពោធិ៍នេះវិញ ។ ព្រះរាជាក៏ប្រទានផែ្លពោធិ៍ទុំនោះដាក់ក្នុងដៃមហាសេដ្ឋី ។ អនាថបិណ្ឌិកសេដ្ឋីកកាយភក់ក្រអូប ហើយដាក់ចុះក្នុងភក់នោះ ។ គ្រាន់​តែ​ផ្លែពោធិ៍ផុតចាកដៃលោកសេដ្ឋីភ្លាម កាលដែលមនុស្សទាំងអស់កំពុងសម្លឹងមើលនោះឯង ដើមពោធិ៍ក៏ដុះធំឡើងមានប្រមាណប៉ុនក្បាលនង្គ័ល មានកម្ពស់ ១៥ ហត្ថ បែកចេញជាមែកសាខា ៥ មែក ប្រវែង ១៥ ហត្ថ គឺ ក្នុងទិសទាំង ៤ និងត្រង់ទៅលើ ។ ដើមពោធិ៍នោះក៏បានជាដើមឈើជាប្រធានក្នុងព្រៃក្នុងខណៈនោះឯង ដោយប្រការដូច្នេះ ។ ព្រះរាជាឲ្យគេយកឆ្នាំងមាសឆ្នាំងប្រាក់ចំនួន ១៨ ដាក់ពេញដោយទឹកក្រអូប ដែលប្រដាប់ដោយឧប្បលខៀវជាដើមដែលមានប្រវែង ១ ហត្ថ មកដាក់ជុំវិញមហាពោធិ៍ ទ្រង់តម្កល់ឆ្នាំងដែលមានទឹកពេញតាមលំដាប់, ឲ្យគេកសាងវេទិកាដែលសម្រេចដោយរតនៈ ៧ ប្រការ, ឲ្យរោយរាយខ្សាច់ដែលលាយដោយមាស, ឲ្យធ្វើកំពែងព័ទ្ធជុំវិញ, ឲ្យកសាងខ្លោងទ្វារ ដែលសម្រេចដោយរតនៈ ៧ ប្រការ, សក្ការៈដ៏ធំកើតឡើងហើយយ៉ាងនេះ ។ ព្រះថេរចូលទៅគាល់ព្រះតថាគត ទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គមេត្តានិមន្តគង់ត្រង់គល់ពោធិ៍ដែលខ្ញុំព្រះអង្គបានដាំ ហើយចូលសមាបត្តិដែលព្រះអង្គបានចូលត្រង់មហាពោធិ៍ ដើម្បីប្រយោជន៍ដល់មហាជន ។ ព្រះពុទ្ធត្រាស់ថា ម្នាលអានន្ទ អ្នកនិយាយអ្វី កាលតថាគតគង់ចូលសមាបត្តិដែលតថាគតបានចូលត្រង់គល់មហាពោធិ៍ ស្ថានទីដទៃមិនអាចនឹងទ្រទ្រង់បានទេ ។ ព្រះអានន្ទទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គប្រើប្រាស់គល់ពោធិ៍នេះ ដោយសេចក្ដីសុខកើតពីសមាបត្តិ តាមនិយាមជានិច្ចមនៃភូមិប្បទេសនេះ ដើម្បីជាប្រយោជន៍ដល់មហាជនចុះ ។ព្រះសាស្ដាប្រើប្រាស់ស្ថានទីនោះ ដោយសេចក្ដីសុខក្នុងសមាបត្តិ អស់មួយរាត្រី ។ ព្រះថេរៈក៏ប្រាប់ដល់ព្រះបាទកោសលជាដើម និងឲ្យធ្វើបុណ្យឆ្លងដើមពោធិ ។ ចំណែកដើមពោធិ៍ព្រឹក្ស ក៏ប្រាកដនាមថា អានន្ទពោធិ៍ ព្រោះភាវៈដែលព្រះអានន្ទត្ថេរបានដាំ ។ គ្រានោះ ភិក្ខុទាំងឡាយនិយាយប្រជុំគ្នាក្នុងសាលាធម្មសភាថា ម្នាលអាវុសោ ព្រះអានន្ទ កាលព្រះតថាគតគង់ធរមាននៅ លោកបានដាំដើមពោធិ៍ និងធ្វើការបូជាដ៏ធំ ឱហ្ន៎! ព្រះថេរៈមានគុណធំណាស់ ។ ព្រះសាស្ដាយាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ? កាលពួកភិក្ខុទូលថា រឿងនេះ ទើបព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាលឥឡូវនេះទេ សូម្បីកាលមុន អានន្ទក៏បានឲ្យមនុស្សក្នុងមហាទ្វីបទាំង ៤និងទ្វីបតូចជាបរិវាររបស់ខ្លួន ឲ្យនាំគ្រឿងក្រអូប និងកម្រងផ្កាជាដើមដ៏ច្រើន មកធ្វើបុណ្យឆ្លងដើមពោធិ៍ ត្រង់មហាពោធិមណ្ឌលដែរ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកសម្ដែងថា៖ ក្នុងអតីតកាល ព្រះរាជាព្រះនាម កាលិង្គៈ សោយរាជសម្បត្តិក្នុងទន្តបុរនគរ ក្នុងដែនកលិង្គរដ្ឋ ។ ព្រះរាជានោះមានបុត្រ ២ ព្រះអង្គ គឺ មហាកាលិង្គៈ និង ចូឡកាលិង្គៈ ។ ពួកអ្នក​ទាយ​និម្មិតទាំងឡាយព្យាករថា ដោយកាលកន្លងទៅនៃបិតា បុត្រច្បងនឹងបានសោយរាជ្យ, ចំណែក​បុត្រប្អូននឹងបួសជាឥសី ត្រាច់បិណ្ឌបាត (ចិញ្ចឹមជីវិត) តែបុត្ររបស់ព្រះអង្គនឹងបានជាស្ដេចចក្រពត្តិ ។ ក្នុងសម័យខាងក្រោយមក កាលបិតាកន្លងផុតទៅ បុត្រច្បងបានជាព្រះរាជា ចំណែកបុត្រប្អូនបានជាឧបរាជ ។ ឧបរាជនោះមានមានះដោយអាស្រ័យបុត្រថា បានឮថា បុត្ររបស់យើងនឹងបានជាស្ដេចចក្រពត្តិ ។ ព្រះរាជាកាលមិនអាចនឹងអត់ទ្រាំបាន ទើបបញ្ជាអ្នកប្រព្រឹត្តនូវប្រយោជន៍ម្នាក់ថា អ្នកចូរចាប់ចូឡកាលិង្គៈ ។ អ្នកប្រព្រឹត្តប្រយោជន៍នោះទៅហើយពោលនឹងចូឡកាលិង្គៈថា បពិត្រព្រះរាជកុមារ ព្រះរាជាប្រាថ្នាឲ្យចាប់ព្រះអង្គ ចូរព្រះអង្គរក្សាជីវិតរបស់ខ្លួនចុះ ។ ចូឡកាលិង្គៈក៏សម្ដែងវត្ថុ ៣ គឺ ចិញ្ចៀនជាគ្រឿងសម្គាល់ ១ សំពត់កម្ពលដែលមានសាច់ល្អិត ១ និង ព្រះខ័ន ១ របស់ខ្លួនដល់អាមាត្យដែលជាអ្នកប្រព្រឹត្តប្រយោជន៍នោះ ហើយពោលថា ដោយវត្ថុជាគ្រឿងសម្គាល់ទាំងនេះ លោកចូរប្រគល់រាជ្យដល់បុត្ររបស់យើង ដូច្នេះហើយ ទ្រង់ចូលទៅកាន់ព្រៃ កសាងអាស្រមក្នុងទីដែលគួររីករាយមួយ បួសជាឥសី សម្រេចការនៅនឹងច្រាំងទន្លេមួយកន្លែង ។ ចំណែកក្នុងសាគលនគរ ដែនមទ្ទរដ្ឋ ព្រះអគ្គមហេសីរបស់ព្រះបាទមទ្ទៈ ប្រសូតបានព្រះរាជធីតាមួយព្រះអង្គ ។ អ្នកទាយនិម្មិតទាំងឡាយព្យាករថា ព្រះរាជធីតានេះនឹងត្រាច់បិណ្ឌបាតចិញ្ចឹមជីវិត តែបុត្ររបស់ព្រះនាងនឹងបានជាស្ដេចចក្រពត្តិ ។ ព្រះរាជាទាំងឡាយក្នុងសកលជម្ពូទ្វីបឮដំណឹងនោះយាងមកឡោមព័ទ្ធសាគលនគរ ដោយសេចក្ដីប្រាថ្នាតែមួយ ។ ព្រះបាទមទ្ទរាជគិតថា បើយើងប្រគល់ធីតាឲ្យដល់ព្រះរាជាមួយអង្គ ព្រះរាជាដ៏សេសនឹងក្រោធខឹង យើងនឹងរក្សាធីតារបស់យើងវិញ ដូច្នេះទើបទ្រង់នាំធីតា និងមហេសី រត់ទៅដោយភេទមិនមានគេស្គាល់ ចូលទៅក្នុងព្រៃ កសាងអាស្រមនៅផ្នែកខាងលើអាស្រមរបស់ចូឡកាលិង្គកុមារ ហើយទ្រង់បួស ចិញ្ចឹមជីវិតដោយការស្វែងរកមើមឈើផ្លៃឈើ និងរស់នៅក្នុងទីនោះ ។ មាតាបិតាគិតថា នឹងរក្សាធីតា ទើបឲ្យធីតានៅក្នុងអាស្រម ហើយខ្លួនឯងទៅស្វែងរកផលាផល ។ កាលមាតាបិតាទៅបាត់ហើយ នាងរាជធីតាកាន់យកផ្កាឈើ ផ្សេងៗ មកធ្វើជារង្វេលផ្កា (យ៉ាងច្រើន) ហាក់បីដូចជាជណ្តើរដែលគេតម្កល់ទុកនៅនឹងច្រាំងទន្លេគង្គា ។ នៅត្រង់នោះមានដើមស្វាយមួយដើមមានផ្កាល្អ ព្រះនាងក៏ឡើងលេងលើដើមស្វាយនោះ ហើយបោះរង្វេលផ្កាទៅក្នុងទឹក ។ ថ្ងៃមួយ រង្វេលផ្កានោះបានមកទើរជាប់នឹងក្បាលរបស់ចូឡកាលិង្គកុមារដែលកំពុងមុជទឹកទន្លេគង្គា ។ ចូឡកាលិង្គកុមារសម្លឹងមើលរង្វេលផ្កា រួចគិតថា រង្វេលផ្កានេះ គឺពិតជាស្ត្រីម្នាក់ជាអ្នកធ្វើ កម្មនេះគឺក្មេងស្រីធ្វើ មិនមែនស្ត្រីចាស់ទេ យើងនឹងស្វែងរកឲ្យឃើញ គិតហើយ ទ្រង់ក៏យាងតាមទន្លេគង្គាដែលនៅខាងលើ ដោយអំណាចកិលេស ហើយគង់ក្រោមដើមស្វាយ ទ្រង់ឮសំឡេងដែលនាងរាជធីតាច្រៀងដោយសំឡេងដ៏ពីរោះ ទ្រង់យាងទៅកាន់គល់ស្វាយ បានឃើញរាជធីតានោះ ហើយពោលថា នែនាង នាងឈ្មោះអ្វី ? រាជធីតាពោលថា បពិត្រលោកម្ចាស់ ខ្ញុំជាមនុស្សស្រី ។ ចូឡកាលិង្គកុមារពោលថា បើយ៉ាងនោះ នាងចូរចុះមក ។ រាជធីតាពោលថា នែលោក ខ្ញុំមិនអាចចុះទេ ខ្ញុំគឺជាក្សត្រ ។ ចូឡកាលិង្គកុមារពោលថា នែនាង សូម្បីយើងក៏ជាក្សត្រដែរ នាងចូរចុះមក ។ រាជធីតាពោលថា នែលោក ធម្មតាក្សត្រមិនមែនត្រឹមតែពាក្យនិយាយទេ ប្រសិនបើលោកជាក្សត្រ ចូរសម្ដែងខត្តិយ-មាយាមកមើល ។ គេទាំងពីរនោះ ក៏សម្ដែងខត្តិយមាយាដល់គ្នានឹងគ្នា ។ រួចទើបរាជធីតាព្រមចុះ ។ ចូឡកាលិង្គៈនិងរាជធីតាទាំងពីរនោះក៏បានប្រព្រឹត្តអជ្ឈាចារ ។ កាលមាតាបិតា ត្រឡប់មក​វិញ​ហើយ នាងរាជធីតាប្រាប់ភាពជារាជបុត្ររបស់ចូឡកាលិង្គៈ និងហេតុដែល ចូឡកាលិង្គៈ​ចូលក្នុងព្រៃ ដល់គាត់ទាំងពីរដោយពិស្ដារ ។ មាតាបិតាទទួលថា ល្អ ហើយក៏លើកធីតាឲ្យដល់ចូឡកាលិង្គៈនោះ ។ ដោយការនៅរួមរស់ដោយសេចក្ដីស្រឡាញ់របស់អ្នកទាំងពីរនោះ រាជធីតាក៏មានបុត្រ, កន្លងទៅ ១០ ខែ ព្រះនាងប្រសូតបានព្រះឱរសមួយ ដែលដល់ព្រមដោយបុញ្ញលក្ខណៈ, មាតាបិតាព្រះអយ្យកោអយ្យកាដាក់ព្រះនាមថា កាលិង្គៈ ។ កាលិង្គ​កុមារកាលចម្រើនវ័យធំហើយបានសិក្សាចេះសព្វមុខវិជ្ជា ក្នុងសំណាក់បិតា និង ព្រះអយ្យកោ ។ គ្រាមួយ បិតារបស់កាលិង្គកុមារដឹងភាពដែលបងប្រុសសោយទិវង្គត ដោយអំណាចការប្រកប​ផ្កាយនក្ខត្តឫក្ស ក៏ពោលថា “នែបុត្រ អ្នកកុំនៅក្នុងព្រៃឡើយ មហាកាលិង្គៈជា សម្ដេច​អ៊ំរបស់អ្នក សោយទិវង្គតហើយ អ្នកចូរទៅកាន់នគរទន្តបុរៈ ហើយទទួលរាជសម្បត្តិទាំងអស់ ដែលជារបស់ត្រកូលចុះ” ប្រាប់រួចក៏ឲ្យចិញ្ចៀន សំពត់កម្ពល និងព្រះខ័នដែលខ្លួននាំ​មក ហើយបញ្ជូនទៅដោយពោលថា នែបុត្រ នៅនគរទន្តបុរៈ មានអាមាត្យជាអ្នកប្រព្រឹត្តប្រយោជន៍ម្នាក់នៅផ្លូវឯណោះ អ្នកចូរចុះកណ្ដាលទីដេកក្នុងផ្ទះ រួចសម្ដែងរតនៈទាំង ៣ នេះ ប្រាប់ភាពជាបុត្ររបស់បិតាដល់អាមាត្យនោះចុះ អាមាត្យនោះនឹងញ៉ាំងអ្នកឲ្យតាំងនៅក្នុងរាជសម្បត្តិ ។ កាលិង្គកុមារថ្វាយបង្គំលាមាតាបិតា និងព្រះអយ្យកោអយ្យកា រួចទ្រង់យាងទៅតាមអាកាសដោយបុញ្ញឫទ្ធិ ទៅចុះលើខ្នងទីដេករបស់អាមាត្យ កាលអាមាត្តសួរថា “អ្នកជាអ្នកណា ?” កាលិង្គកុមារក៏ប្រាប់ថា “ខ្ញុំជាបុត្ររបស់ចូឡកាលិង្គៈ” ហើយសម្ដែងរតនៈទាំង ៣ ។ អាមាត្យនោះឲ្យគេប្រាប់ដល់រាជបរិស័ទ ។ ពួកអាមាត្យឲ្យគេតាក់តែងនគរ និងឲ្យលើកស្វេតច្ឆត្រថ្វាយដល់កាលិង្គកុមារ ។ គ្រានោះ បុរោហិតឈ្មោះ កាលិង្គភារទ្វាជៈ ប្រាប់ចក្កវត្តិវត្តទាំង ១០ (កុសលកម្មបថ ១០) ដល់ព្រះបាទកាលិង្គរាជ ។ ព្រះបាទកាលិង្គរាជធ្វើចក្កវត្តិវត្តនោះឲ្យពេញបរិបូណ៌ ។ ពេលនោះ ក្នុងថ្ងៃឧបោសថទី ១៥ ចក្ករតនៈមកអំពីស្រះចក្កៈ, ហត្ថិរតនៈមកអំពីត្រកូលដំរីឧបោសថ, អស្សរតនៈមកអំពីត្រកូលវលាហកៈ, មណិរតនៈមកអំពីភ្នំវេបុល្ល, និងឥត្ថិរតនៈ គហបតិរតនៈ បរិណាយករតនៈក៏កើតឡើងដល់ព្រះបាទកាលិង្គៈនោះ ។ ព្រះបាទកាលិង្គៈកាន់យករាជសម្បត្តិក្នុងផ្ទៃចក្កវាឡទាំងអស់ ។ ថ្ងៃមួយ ព្រះអង្គឡោមព័ទ្ធដោយបរិស័ទចំនួន ៣៦ យោជន៍ ស្ដេចឡើងកាន់យានដំរីដែលមានសម្បុរសសុទ្ធ ហាក់បីដូចជាកំពូលភ្នំកីលាស យាងទៅកាន់សំណាក់មាតាបិតា ដោយដំណើរដ៏មានសិរីយ៉ាងធំ ។ (ពេលធ្វើដំណើរទៅដល់) ស្ថានទីមហាពោធិមណ្ឌល ជាផ្ចិតផែនដី ដែលជាជយបល្ល័ង្ករបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ដំរីមិនអាចនឹងហោះទៅខាងលើទីនោះបានឡើយ ។ ព្រះរាជាដេញដំរីរឿយៗ, ដំរីនោះក៏នៅតែមិនអាចទៅដដែល ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាទី ១ ថា រាជា កាលិង្គោ ចក្កវត្តិ, ធម្មេន បថវិមនុសាសំ; អគមា ពោធិសមីបំ, នាគេន មហានុភាវេន។ ព្រះបាទកាលិង្គ ជាស្តេចចក្រពត្តិ គ្រប់គ្រងមនុស្សលើផែនដី ដោយធម៌ សេ្តចបានមកដល់ទីជិតពោធិព្រឹក្ស ដោយដំរី មានអានុភាពធំ ។ លំដាប់នោះ បុរោហិតដែលទៅជាមួយព្រះរាជា បានគិតថា ឈ្មោះថា គ្រឿងរារាំង ក្នុងអាកាស រមែងមិនមាន, ព្រោះហេតុអ្វី ព្រះរាជាមិនអាចបញ្ជាដំរីឲ្យទៅបាន, យើងនឹងពិនិត្យមើល គិតដូច្នេះហើយ ក៏ចុះចាកអាកាស ហើយបានឃើញភូមិភាគដែលជាផ្ចិតផែនដី ជាជយបល្ល័ង្ករបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ។ បានឮមកថា ក្នុងពេលនោះ ឈ្មោះថា ស្មៅសូម្បីត្រឹមតែប៉ុន​សក់​និងពុកមាត់ រមែងមិនមាន ក្នុងស្ថានទីដែលមានទំហំប្រមាណ ៨ ករីសៈ មាន​តែ​វាល​ខ្សាច់រោយរាយបាច មានពណ៌ដូចផែនប្រាក់, ស្មៅ វល្លិ និងដើមឈើនៅជុំវិញទីនោះ ដុះជាទក្ខិណាវដ្ដវិលប្រទក្សិណពោធិមណ្ឌល និងតាំងនៅដោយមានមុខបែរទៅរកពោធិមណ្ឌល ។ ព្រាហ្មណ៍សម្លឹងមើលភូមិភាគនោះហើយគិតថា “ស្ថានទីនេះជាទីកម្ចាត់កិលេសទាំងពួងរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ សូម្បីសក្កទេវរាជជាដើម ក៏មិនអាចនៅលើទីនេះបានដែរ” គិតរួចទើបទៅកាន់សំណាក់ព្រះបាទកាលិង្គៈ ហើយពោលសរសើរពោធិមណ្ឌល និងទូលព្រះរាជាថា សូមព្រះអង្គយាងចុះ ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាទាំងនេះថា កាលិង្គោ ភារទ្វាជោ ច, រាជានំ កាលិង្គំ សមណកោលញ្ញំ; ចក្កំ វត្តយតោ បរិគ្គហេត្វា, បញ្ជលី ឥទមវោច។ ភារទ្វាជព្រាហ្មណ៍បុរោហិត នៅក្នុងដែនកាលិង្គ លើកកម្បង់អញ្ជលី ចំពោះព្រះរាជាចក្រពត្តិ ដែលទ្រង់ប្រសូតចាកត្រកូលសមណៈ ព្រះនាមចុល្លកាលិង្គ ក្រាបទូលពាក្យនេះថា បច្ចោរោហ មហារាជ, ភូមិភាគោ យថា សមណុគ្គតោ; ឥធ អនធិវរា ពុទ្ធា, អភិសម្ពុទ្ធា វិរោចន្តិ។ បពិត្រមហារាជ សូមព្រះអង្គសេ្តចចុះមក ចំណែកនៃផែនដីនេះ ជាប្រទេសដែល សមណៈសរសើរហើយ ព្រះពុទ្ធទាំងឡាយ មានគុណថ្លឹងមិនបាន តែងត្រាស់ដឹងហើយ រុងរឿងក្នុងទីនេះ ។ បទក្ខិណតោ អាវដ្ដា, តិណលតា អស្មិំ ភូមិភាគស្មិំ; បថវិយា នាភិយំ មណ្ឌោ, ឥតិ នោ សុតំ មន្តេ មហារាជ។ បពិត្រមហារាជ តាមដែលខ្ញុំព្រះអង្គឮមកថា ស្មៅ និងវល្លិទាំងឡាយ ក្នុងចំណែកនៃផែនដីនេះ វិលកួចទៅខាងស្តាំ នេះជាផ្ចិតនៃផែនដី ។ សាគរបរិយន្តាយ, មេទិនិយា សព្ពភូតធរណិយា; បថវិយា អយំ មណ្ឌោ, ឱរោហិត្វា នមោ ករោហិ។ ផ្ចិតនៃផែនដីនេះ ដែលមានសមុទ្រសាគរជាទីបំផុត ជាទីទ្រទ្រង់នូវសត្វទាំងពួង សូមព្រះអង្គសេ្តចចុះមក ធ្វើនមស្ការ ។ យេ តេ ភវន្តិ នាគា ច, អភិជាតា ច កុញ្ជរា; ឯត្តាវតា បទេសំ តេ, នាគា នេវ មុបយន្តិ។ ពួកដំរីណា ដែលកើតក្នុងឧបោសថត្រកូល ជាដំរីប្រសើរ ដំរីទាំងនោះ រមែងមិនហ៊ានចូលទៅកាន់ប្រទេស មានប្រមាណប៉ុណ្ណោះទេ ។ អភិជាតោ នាគោ កាមំ, បេសេហិ កុញ្ជរំ ទន្តិំ; ឯត្តាវតា បទេសោ, សក្កា នាគេន មុបគន្តុំ។ ដំរីកើតក្នុងឧបោសថត្រកូល ក៏ពិតហើយ តែថា ប្រទេសប៉ុណ្ណេះនេះ ដំរីនុ៎ះ មិនហ៊ានចូលទៅជិតទេ សូមព្រះអង្គយកកង្វេរពេជ្រ (កាប់) បញ្ជូនដំរីដ៏ប្រសើរ ដែលគេបានបង្វឹកហើយ (ឲ្យចូលទៅលមើល) ។ តំ សុត្វា រាជា កាលិង្គោ, វេយ្យញ្ជនិកវចោ និសាមេត្វា; សម្បេសេសិ នាគំ ញស្សាម, មយំ យថិមស្សិទំ វចនំ។ ព្រះបាទកាលិង្គ ទ្រង់ព្រះសណ្តាប់ពាក្យព្រាហ្មណ៍បុរោហិតនោះហើយ ទ្រង់ពិចារណាតាមពាក្យបុរោហិត ជាអ្នកមើលលក្ខណៈ ទើបបង្ខំដំរីប្រសើរ ដែលកើតក្នុងឧបោសថត្រកូល ដោយគិតថាយើងនឹងបរ (ដំរី) ចូលទៅ តាមពាក្យបុរោហិតនេះលមើល ។ សម្បេសិតោ ច រញ្ញា, នាគោ កោញ្ចោវ អភិនទិត្វាន; បដិសក្កិត្វា និសីទិ, គរុំវ ភារំ អសហមានោ។ ឯដំរីដែលស្តេចបរចូលទៅ ក៏មិនអាចទទួលភារៈដ៏ធ្ងន់បាន ហើយស្រែកដូចជាសត្វក្រៀល ថយក្រោយ អង្គុយ (លើអាកាស) ។ ដំរីដែលព្រះរាជាកាប់ដោយកង្វេរពេជ្ររឿយៗ កាលមិនអាចនឹងអត់ទ្រាំទុក្ខវេទនា ក៏បានធ្វើកាលកិរិយា ។ ចំណែកព្រះរាជាមិនដឹងថាដំរីស្លាប់ ទ្រង់នៅតែគង់លើខ្នងដំរី ។ កាលិង្គភារទ្វាជៈទូលថា បពិត្រមហារាជ ដំរីរបស់ព្រះអង្គរលត់ (ជីវិត) ហើយ សូមទ្រង់យាងកាន់ដំរីដទៃ ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាទី ១០ ថា កាលិង្គភារទ្វាជោ, នាគំ ខីណាយុកំ វិទិត្វាន; រាជានំ កាលិង្គំ, តរមានោ អជ្ឈភាសិត្ថ; អញ្ញំ សង្កម នាគំ, នាគោ ខីណាយុកោ មហារាជ។ ភារទ្វាជព្រាហ្មណ៍ ក្នុងដែនកាលិង្គ ដឹងថា ដំរីនោះ អស់អាយុហើយ ក៏ប្រញាប់ក្រាបទូលព្រះបាទកាលិង្គថា បពិត្រមហារាជ សូមព្រះអង្គគង់ដំរីដទៃវិញ ព្រោះដំរីនេះ អស់អាយុហើយ ។ ដោយកម្លាំងបុញ្ញឫទ្ធិរបស់ព្រះរាជា ដំរីដ៏ប្រសើរអំពីត្រកូលឧបោសថក៏បានមក ។ ព្រះរាជាគង់លើខ្នងដំរីនោះ ។ ខណៈនោះ ដំរីដែលស្លាប់ក៏ធ្លាក់ចុះលើផែនដី ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាមួយទៀតថា តំ សុត្វា កាលិង្គោ, តរមានោ សង្កមី នាគំ; សង្កន្តេវ រញ្ញេ នាគោ, តត្ថេវ បតិ ភុម្យា; វេយ្យញ្ជនិកវចោ, យថា តថា អហុ នាគោ។ ព្រះបាទកាលិង្គបានឮពាក្យនោះហើយ ក៏ទ្រង់ប្រញាប់ទៅកាន់ដំរី (ដទៃ) កាលបើសេ្តចទ្រង់ឈានផុតទៅហើយ ដំរីក៏ដួលធា្លក់មកលើផែនដី ក្នុងទីនោះឯង ពាក្យព្រាហ្មណ៍បុរោហិត អ្នកទាយលក្ខណៈយ៉ាងណា ដំរីក៏យ៉ាងនោះ ។ ព្រះរាជាយាងចុះពីអាកាស សម្លឹងមើលពោធិមណ្ឌល ឃើញបាដិហារ្យ កាលនឹងសរសើរភារទ្វាជព្រាហ្មណ៍ ទើបត្រាស់ថា កាលិង្គោ រាជា កាលិង្គំ, ព្រាហ្មណំ ឯតទវោច; ត្វមេវ អសិ សម្ពុទ្ធោ, សព្ពញ្ញូ សព្ពទស្សាវិ។ ព្រះបាទកាលិង្គ មានព្រះរាជឱង្ការនេះ នឹងកាលិង្គភារទ្វាជព្រាហ្មណ៍ថា អ្នកឯង ជាមនុស្សចេះដឹងដោយប្រពៃ ជាសព្វញ្ញូឃើញការសព្វគ្រប់ ។ ព្រាហ្មណ៍មិនទទួលពាក្យសរសើរនោះ តាំងខ្លួនក្នុងឋានៈទាប ពោលសរសើលើក តម្កើងតែព្រះពុទ្ធប៉ុណ្ណោះ ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាទាំងនេះថា តំ អនធិវាសេន្តោ កាលិង្គ, ព្រាហ្មណោ ឥទមវោច; វេយ្យញ្ជនិកា ហិ មយំ, ពុទ្ធា សព្ពញ្ញុនោ មហារាជ។ កាលិង្គភារទ្វាជព្រាហ្មណ៍ មិនទទួលការសរសើរនោះ ក៏ក្រាបបង្គំទូលដូច្នេះថា បពិត្រមហារាជ ទូលព្រះបង្គំជាខ្ញុំ គ្រាន់តែជាអ្នកទាយលក្ខណៈ ព្រះពុទ្ធទាំងឡាយ ទើបព្រះអង្គជាសព្វញ្ញូ ។ សព្ពញ្ញូ សព្ពវិទូ ច, ពុទ្ធា ន លក្ខណេន ជានន្តិ; អាគមពលសា ហិ មយំ, ពុទ្ធា សព្ពំ បជានន្តិ។ ព្រះពុទ្ធទាំងឡាយ ព្រះអង្គដឹងសព្វ ជ្រាបសព្វ តែងដឹងដោយលក្ខណៈ ចំណែកយើងខ្ញុំ (ចេះដឹង) ដោយសាកម្លាំងសិល្បសាស្រ្ត ព្រះពុទ្ធទាំងឡាយ ទើបព្រះអង្គទ្រង់ជា្របសព្វ ។ ព្រះរាជាស្ដាប់ពុទ្ធគុណហើយ ទ្រង់មានព្រះទ័យរីករាយសោមនស្ស ឲ្យមនុស្សដែលនៅក្នុងចក្កវាឡទាំងអស់ នាំគ្រឿងក្រអូប និងកម្រងផ្កាយ៉ាងច្រើន ទ្រង់គង់នៅទីនោះ ធ្វើការបូជាមហាពោធិមណ្ឌល អស់ ៧ ថ្ងៃ ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាទាំងនេះថា មហយិត្វា សម្ពោធិំ, នានាតុរិយេហិ វជ្ជមានេហិ; មាលាវិលេបនំ អភិហរិត្វា, អថ រាជា មនុបាយាសិ។ ព្រះបាទកាលិង្គ ជ្រះថា្លនឹងពោធិមណ្ឌល ហើយនាំយកផ្កាកម្រង និងគ្រឿងក្រអូប គ្រឿងលាប ព្រមទាំងតូរ្យតន្ត្រីទាំងឡាយផ្សេង ៗ ទ្រង់ឲ្យធ្វើកំពែងព័ទ្ធជុំវិញ ហើយទើបទ្រង់យាងចេញទៅ ។ សដ្ឋិ វាហសហស្សានិ, បុប្ផានំ សន្និបាតយិ; បូជេសិ រាជា កាលិង្គោ, ពោធិមណ្ឌមនុត្តរំ។ ព្រះបាទកាលិង្គ បានឲ្យរាជបុរស បេះផ្កាឈើទាំងឡាយ ចំនួនប្រាំមួយហ្មឺនរទេះ មកបូជាកន្លែងដាំពោធិព្រឹក្ស ដ៏ប្រសើរបំផុត (នោះ) ។ ព្រះបាទកាលិង្គឲ្យគេដាំសសរមាសដែលមានកម្ពស់ ១៨ ហត្ថ ក្នុងស្ថានទីមហាពោធិមណ្ឌល និងឲ្យកសាងវេទិកាដែលធ្វើដោយរតនៈ ៧ ប្រការ, ឲ្យរោយរាយខ្សាច់ដែលលាយដោយរតនៈ និងឲ្យកសាងកំពែងព័ទ្ធជុំវិញ, ឲ្យកសាងខ្លោងទ្វារ ដែលធ្វើដោយរតនៈ ៧ ប្រការ, ឲ្យរួបរួមផ្កាឈើ ៦ ម៉ឺនរទេះ រាល់ៗថ្ងៃ, ទ្រង់បូជាពោធិមណ្ឌលយ៉ាងនេះ ។ ចំណែកក្នុងព្រះបាលីមានមកត្រឹមតែ ឲ្យរាជបុរសបេះផ្កាឈើទាំងឡាយ ចំនួនប្រាំមួយហ្មឺនរទេះ ។ ព្រះបាទកាលិង្គចក្កពត្រាធិរាជទ្រង់ធ្វើការបូជាមហាពោធិមណ្ឌលយ៉ាងនេះហើយ ស្ដេចនាំព្រះមាតាបិតា ព្រះអយ្យកោអយ្យកា ទៅកាន់នគរទន្តបុរៈ ហើយទ្រង់ធ្វើបុណ្យមានឲ្យទានជាដើម រួចស្ដេចបានកើតក្នុងឋានតាវត្តិង្ស ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាលឥឡូវនេះទេ សូម្បីកាលមុន អានន្ទក៏ធ្វើការបូជាពោធិមណ្ឌលដែរ រួចហើយទ្រង់ប្រជុំជាតកថា តទា មាណវកកាលិង្គោ អានន្ទោ អហោសិ ព្រះបាទកាលិង្គៈកំលោះក្នុងកាលនោះបានមកជាអានន្ទ កាលិង្គភារទ្វាជោ បន អហមេវ អហោសិំ ចំណែកកាលិង្គភារទ្វាជៈ គឺ តថាគតនេះឯង ។ កាលិង្គពោធិជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តេរសកនិបាត បិដកលេខ ៥៩ ទំព័រ ២៨១) ថ្ងៃពុធ ១២ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ច.ស. ១៣៨១ ម.ស. ១៩៤១ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា គ.ស. ២០១៩ ដោយសដវថ ដោយ៥០០០ឆ្នាំ
images/articles/3252/_________________________________.jpg
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០២៤ (អាន: ៤,៦៨៣ ដង)
កិំឆន្ទជាតក (ពោលអំពីផលឧបោសថកន្លះថ្ងៃ) ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧបោសថកម្ម បានត្រាស់ព្រះធម្មទេសនា​នេះ មានពាក្យថា កិំឆន្ទោ កិមធិប្បាយោ ដូច្នេះជាដើម ។ ថ្ងៃមួយ ព្រះសាស្ដាត្រាស់សួរឧបាសកឧបាសិកាទាំងឡាយជាច្រើន ដែលជាអ្នករក្សាឧបោសថ មកដើម្បីស្ដាប់ធម៌ អង្គុយក្នុងធម្មសភាថា ម្នាលឧបាសកឧបាសិកាទាំងឡាយ អ្នក​ទាំងឡាយជាអ្នកប្រកបដោយឧបោសថឬ ? កាលឧបាសកឧបាសិកាទាំងឡាយនោះ​ទូល​ថា ពិតមែនហើយ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ឧបោសថដែលអ្នកទាំងឡាយបាន​ធ្វើដោយរក្សានេះ ល្អប្រពៃហើយ សូម្បីបោរាណជនទាំងឡាយបានទទួលយសដ៏ធំ ក៏​ដោយ​ផលនៃឧបោសថកម្មកន្លះថ្ងៃដែរ ។កាលឧបាសកឧបាសិកាទាំងឡាយ ទូលសូមអារាធនា​ហើយ ព្រះសាស្ដានាំអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ដោយធម៌ ក្នុងនគរពារាណសី ព្រះរាជានោះមានសទ្ធា ជាអ្នកមិនប្រមាទក្នុងទាន សីល និងឧបោសថកម្ម ។ ព្រះរាជា ញ៉ាំង​ជនដ៏សេសមានអាមាត្យទាំងឡាយជាដើម ឲ្យសមាទាននូវកុសលមានទានជាដើម ។ ចំណែក​បុរោហិតរបស់ព្រះអង្គ ជាអ្នកប្រព្រឹត្តស៊ីសាច់ខ្នងរបស់អ្នកដទៃ ជាអ្នកស៊ីសំណូក ជាអ្នកវិនិច្ឆ័យក្ដីកោង ។ ក្នុងថ្ងៃឧបោសថមួយ ព្រះរាជាត្រាស់ឲ្យហៅអាមាត្យទាំងឡាយមក ហើយទ្រង់ត្រាស់ថា អ្នកទាំងឡាយចូររក្សាឧបោសថ ។ បុរោហិតនោះមិនបានសមាទានឧបោសថឡើយ ។ គ្រានោះ កាលព្រះរាជាកំពុងសួរពួកអាមាត្យថា អ្នកទាំងឡាយរក្សាឧបោសថ​ហើយឬ ? ទើបត្រាស់សួរបុរោហិតនោះដែលទទួលសំណូក និងកាត់ក្ដីកោងក្នុងពេលថ្ងៃ ដែលមកកាន់ទីគាល់ថា លោកអាចារ្យរក្សាឧបោសថហើយឬ ។ បុរោហិតនោះធ្វើមុសាវាទថា ទូលព្រះបង្គំរក្សាហើយ រួចទើបចុះពីប្រាសាទ ។ លំដាប់នោះ អាមាត្យម្នាក់ចោទបុរោហិតនោះថា លោកមិនបានរក្សាឧបោសថមិនមែនឬ ។ បុរោហិតនិយាយកែថា ខ្ញុំបរិភោគអាហារតែក្នុងកាលប៉ុណ្ណោះ ពេលទៅដល់ផ្ទះ ខ្ពុរមាត់ហើយ អធិដ្ឋានឧបោសថ ខ្ញុំនឹងមិនបរិភោគអាហារក្នុងល្ងាចទេ នឹងរក្សាសីលអស់រាត្រី ដោយអាការយ៉ាងនេះ ឧបោសថកម្មកន្លះថ្ងៃនឹងមានដល់ខ្ញុំ ។ អាមាត្យម្នាក់នោះពោលថា ល្អគ្រាន់ លោកអាចារ្យ ។ បុរោហិតនោះទៅដល់ផ្ទះហើយ ក៏បានធ្វើយ៉ាងនោះ ។ ថ្ងៃមួយ កាលបុរោហិតនោះ អង្គុយវិនិច្ឆ័យក្ដីក្នុងសាលាវិនិច្ឆ័យ មានស្ត្រីអ្នកមានសីលម្នាក់មកស្ដាប់ការកាត់ក្ដី នាងមិនបានឱកាសដើម្បីនឹងទៅផ្ទះ ទើបគិតថា យើងនឹងមិនកន្លងនូវឧបោសថកម្មឡើយ ដូច្នេះហើយ កាលដែលវេលាចូលទៅកាន់ទីជិតផុតហើយ ក៏ប្រារព្ធដើម្បីនឹងខ្ពុរមាត់ ។ ក្នុងខណៈនោះ មានគេនាំចំណិតស្វាយទុំមកឲ្យព្រាហ្មណ៍បុរោហិត ។ បុរោហិតនោះដឹងភាពជាអ្នករក្សាឧបោសថរបស់ស្ត្រីនោះ ក៏ឲ្យដល់នាង ដោយពោលថា នាងចូរបរិភោគចំណិតស្វាយទុំនេះហើយ ចូររក្សាឧបោសថចុះ ។ ស្ត្រីនោះក៏បានធ្វើយ៉ាងនោះ ។ កុសលកម្មរបស់ព្រាហ្មណ៍បុរោហិតមានត្រឹមតែប៉ុណ្ណេះឯង ។ ចំណេរកាលតមក បុរោហិតនោះធ្វើកាលកិរិយា បានទៅកើតលើអលង្កតសិរិសយនៈ ក្នុងវិមានមាស លើភូមិភាគដែលដល់ព្រមដោយសោភ័ណភាព ក្នុងព្រៃស្វាយដែលគួររីករាយ ដែលមានប្រមាណ ៣ យោជន៍ នៅនឹងច្រាំងកោសិកិគង្គានទី ក្នុងហិមវន្តប្រទេស ហាក់ដូចជា ទើបភ្ញាក់ពីដេក មានរូបដ៏ស្រស់ស្អាត មានទេវកញ្ញា ១៦០០០ ប្រដាប់ដែលដោយគ្រឿងអលង្ការជាបរិវារ ។ ទេវបុត្រនោះបានសោយសិរីសម្បត្តិនោះតែក្នុងពេលរាត្រីប៉ុណ្ណោះ ។ ពិតមែនហើយ ទេវបុត្រនោះបានសោយវិបាកដូចគ្នានឹងកម្ម ដែលខ្លួនបានធ្វើ ដោយភាពជាវេមានិកប្រេត ព្រោះហេតុនោះ កាលអរុណរះឡើង ទេវបុត្រចូលទៅកាន់អម្ពវ័ន ក្នុងខណៈដែលចូលទៅនោះឯង អត្តភាពជាទិព្វក៏អន្តរធានបាត់ទៅ អត្តភាពដែលមានប្រមាណប៉ុនដើមត្នោត កម្ពស់ ៨០ ហត្ថ កើតឡើង សរីរៈទាំងអស់ឆេះឡើង ហាក់ដូចជាដើមចារដែលមានផ្ការីកស្គុះស្គាយ ។ ក្នុងដៃទាំងពីរ ម្រាមដៃនីមួយៗ មានក្រចកធំប្រមាណប៉ុនចបកាប់អាធំ ។ ទេវបុត្រយកក្រចកនោះខ្វារហែកសាច់ខ្នងខ្លួនឯង មកបរិភោគ កាលដល់នូវទុក្ខទេវនា ទើបស្រែកយំខ្លាំងៗ សោយសេចក្ដីទុក្ខយ៉ាងនេះ ។ កាលព្រះអាទិត្យអស្ដង្គតទៅ សរីរៈនោះក៏អន្តរធានទៅ សរីរៈជាទិព្វបានកើតឡើង មានស្ត្រីរបាំជាទិព្វដែលប្រដាប់ដោយគ្រឿងអលង្ការ កាន់គ្រឿងតន្ត្រីផ្សេងៗ មកចោមរោម ។ ទេវបុត្រនោះ កាលនឹងសោយមហាសម្បត្តិ ក៏ឡើងកាន់ប្រាសាទជាទិព្វ ក្នុងអម្ពវ័ន ដែលជាទីគួររីករាយ ។ វេមានិកប្រេតនោះ បានអម្ពវ័នដែលមានទំហំ ៣ យោជន៍នេះ ដោយផលនៃការឲ្យផ្លែស្វាយដល់ស្ត្រីអ្នករក្សាឧបោសថ, ចំណែកការខ្វេះហែកសាច់ខ្នង មកបរិភោគនេះ ដោយផលនៃការទទួលសំណូក និងកាត់ក្ដីកោង, ការបានសោយទិព្វសម្បត្តិក្នុងពេលរាត្រី និងមានស្ត្រីរបាំ ១៦០០០ ចោមរោមបម្រើនេះ ដោយផលនៃឧបោសថកន្លះថ្ងៃ ។ ក្នុងកាលនោះ ព្រះរាជាពារាណសីឃើញទោសក្នុងកាមទាំងឡាយ ហើយបួសជាឥសី សាងបណ្ណសាលា លើភូមិភាគជាទីរីករាយ នៅចំណែកខាងក្រោមទន្លេគង្គា ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយឧញ្ឆាចរិយា (ការត្រាច់បិណ្ឌបាតចិញ្ចឹមជីវិត) ។ ថ្ងៃមួយ ផ្លែស្វាយទុំប៉ុនក្អមអាធំ ដែលនៅក្នុងព្រៃស្វាយនោះ ធ្លាក់ចុះទន្លេគង្គា ហើយហូរអណ្ដែតតាមខ្សែទឹក មកដល់ទីខាងមុខកំពង់ជាទីបរិភោគរបស់តាបសនោះ ។ តាបសកាលជម្រះមុខ បានឃើញស្វាយកំពុងអណ្ដែតមកនៅកណ្ដាលទន្លេហើយ ចុះទៅក្នុងទឹក កាន់យកស្វាយនោះ នាំមកអាស្រម រក្សាទុកក្នុងផ្ទះភ្លើង យកកាំបិតមកពុះ ហើយបរិភោគមួយចម្អែត ចំណែកដែលនៅសល់ យកស្លឹកចេកមកគ្របទុក បន្តបន្ទាប់មក តាបសឆាន់ផ្លែស្វាយនោះរាល់ៗ ថ្ងៃ រឿយៗ រហូតទាល់តែអស់ ។ កាលផ្លែស្វាយនោះអស់ហើយ តាបសមិនអាចនឹងបរិភោគផលាផលដទៃ ព្រោះជាប់ជំពាក់រសតណ្ហា ទើបគិតថា យើងនឹងបរិភោគផ្លៃស្វាយទុំនោះ ដូច្នេះ ទើបទៅកាន់ច្រាំងទន្លេ កាលសម្លឹងមើលទន្លេ ធ្វើសេចក្ដីសន្និដ្ឋានថា បើមិនបានផ្លែស្វាយ យើងនឹងមិនក្រោក យ៉ាងនេះហើយអង្គុយនៅទីនោះឯង ។ តាបសនោះ ជាអ្នកមិនមានអាហារក្នុងទីនោះ សូម្បីអស់ ១ ថ្ងៃ ២ ថ្ងៃ ៣ ថ្ងៃ ៤ ថ្ងៃ ៥ ថ្ងៃ ៦ ថ្ងៃ រហូតរាងកាយរីងស្ងួត ហួតហែង ក្រៀមក្រោះ ដោយខ្យល់និងកម្ដៅ អង្គុយសម្លឹងរកមើលផ្លែស្វាយប៉ុណ្ណោះ ។ លំដាប់នោះ ក្នុងថ្ងៃទី ៧ នទីទេវតាកាលពិចារណា បានដឹងហេតុនោះ ហើយគិតថា តាបសនេះ ជាអ្នកលុះក្នុងអំណាចតណ្ហា មិនបរិភោគអាហារអស់ ៧ ថ្ងៃ មកអង្គុយសម្លឹងមើលទន្លេគង្គា កាលដែលយើងមិនឲ្យផ្លែស្វាយទុំដល់តាបសនេះ រមែងមិនគួរ កាលតាបសនេះមិនបានផ្លែស្វាយ គេនឹងស្លាប់ ចឹងយើងនឹងឲ្យដល់គេ ដូច្នេះទើបមក ហើយឋិតនៅលើអាកាសខាងលើទន្លេគង្គា កាលចរចាមួយអន្លើដោយតាបសនោះ ទើបពោលគាថាទី ១ ថា កិំឆន្ទោ កិមធិប្បាយោ, ឯកោ សម្មសិ ឃម្មនិ; កិំបត្ថយានោ កិំ ឯសំ, កេន អត្ថេន ព្រាហ្មណ។ បពិត្រព្រាហ្មណ៍ លោកពេញចិត្តនឹងអ្វី ប៉ុនប៉ងអ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទើបអង្គុយម្នាក់ឯងក្នុងរដូវក្តៅ ដោយប្រយោជន៍អ្វី ។ នាងទេពធីតាហៅតាបសនេះថា ព្រាហ្មណ៍ ព្រោះលោកបួសហើយ អធិប្បាយថា ម្នាលព្រាហ្មណ៍ លោកប្រាថ្នាអ្វី គិតដល់អ្វី ចង់បានអ្វី ស្វែងរកអ្វី ត្រូវការអ្វី លោកទើបមកអង្គុយសម្លឹងមើលទន្លេគង្គាត្រង់ច្រាំងទន្លេនេះ ។ តាបសស្ដាប់ពាក្យនោះហើយ ក៏ពោល ៩ គាថា ថា យថា មហា វារិធរោ, កុម្ភោ សុបរិណាហវា; តថូបមំ អម្ពបក្កំ, វណ្ណគន្ធរសុត្តមំ។ ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់ទ្រាយស្អាតបាត មានឧបមាយ៉ាងណា ផ្លែស្វាយទុំដ៏ឧត្តមដោយពណ៌ និងក្លិន និងរស ក៏មានឧបមេយ្យយ៉ាងនោះ ។ តំ វុយ្ហមានំ សោតេន, ទិស្វានាមលមជ្ឈិមេ; បាណីភិ នំ គហេត្វាន, អគ្យាយតនមាហរិំ។ ម្នាលនាងមានអវយៈត្រង់កណ្តាល (ចង្កេះ) មិនមានមន្ទិល អាត្មាបានឃើញផ្លែស្វាយនោះ អណ្តែតតាមខ្សែទឹក ក៏ចាប់ផ្លែស្វាយនោះដោយដៃទាំងពីរ ហើយនាំយកទៅកាន់រោងបូជាភ្លើង ។ តតោ កទលិបត្តេសុ, និក្ខិបិត្វា សយំ អហំ; សត្ថេន នំ វិកប្បេត្វា, ខុប្បិបាសំ អហាសិ មេ។ លំដាប់នោះ អាត្មាបានដាក់ផ្លែស្វាយលើស្លឹកចេកទាំងឡាយដោយខ្លួនឯង ចិតនូវផ្លែស្វាយនោះដោយកាំបិតហើយ (ឆាន់) ផ្លែស្វាយនោះ នាំចេញនូវសេចក្តីស្រេកឃ្លានរបស់អាត្មាបាន ។ សោហំ អបេតទរថោ, ព្យន្តីភូតោ ទុខក្ខមោ; អស្សាទំ នាធិគច្ឆាមិ, ផលេស្វញ្ញេសុ កេសុចិ។ អាត្មានោះប្រាសចាកសេចក្តីក្រវល់ក្រវាយ លុះផ្លែស្វាយអស់ហើយ ក៏អត់ទ្រាំបានដោយលំបាក មិនបានសេចក្តីត្រេកអរ ក្នុងផ្លែឈើទាំងឡាយឯទៀតណាមួយ ។ សោសេត្វា នូន មរណំ, តំ មមំ អាវហិស្សតិ; អម្ពំ យស្ស ផលំ សាទុ, មធុរគ្គំ មនោរមំ; យមុទ្ធរិំ វុយ្ហមានំ, ឧទធិស្មា មហណ្ណវេ។ ផ្លែស្វាយនោះ នឹងនាំមកនូវសេចក្តីស្លាប់ ដល់អាត្មាដោយពិត ព្រោះរីងស្គម ព្រោះផ្លែស្វាយមានរសឆ្ងាញ់មានរសផ្អែមលើសលប់ ជាទីពេញចិត្ត ។ អក្ខាតំ តេ មយា សព្ពំ, យស្មា ឧបវសាមហំ; រម្មំ បតិ និសិន្នោស្មិ, បុថុលោមាយុតា បុថុ។ អាត្មាបានស្រង់ផ្លែស្វាយ ដែលកំពុងអណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹង អាត្មានៅ (ដោយសេចក្តីស្រេកឃ្លាន) ព្រោះហេតុណា ហេតុនោះទាំងអស់ អាត្មាបានប្រាប់ដល់នាង ។ ត្វញ្ច ខោ មេវ អក្ខាហិ, អត្តានមបលាយិនិ; កា វា ត្វមសិ កល្យាណិ, កិស្ស វា ត្វំ សុមជ្ឈិមេ។ អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយ ស្ទឹងនេះ ធំទូលាយប្រកបដោយត្រី នាងកុំអាលរត់ទៅ ចូរប្រាប់ខ្លួននោះ ដល់អាត្មាសិន ។ រុប្បបដ្ដបលិមដ្ឋីវ, ព្យគ្ឃីវ គិរិសានុជា; យា សន្តិ នារិយោ ទេវេសុ, ទេវានំ បរិចារិកា។ ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) ដ៏ល្អ នាងមានរូបដូចកតម្បារមាសដ៏រលីង (មានដំណើរ) ដូចជាកូនខ្លាដែលកើតក្នុងញកភ្នំ (មកក្នុងទីនេះ) ដើម្បីអ្វី ។ យា ច មនុស្សលោកស្មិំ, រូបេនាន្វាគតិត្ថិយោ; រូបេន តេ សទិសី នត្ថិ, ទេវេសុ គន្ធព្ពមនុស្សលោកេ; បុដ្ឋាសិ មេ ចារុបុព្ពង្គិ, ព្រូហិ នាមញ្ច ពន្ធវេ។ នាងនារីទាំងឡាយណា ជាអ្នកបម្រើពួកទេវតា ក្នុងទេវតាទាំងឡាយផង ស្រីទាំងឡាយណាប្រកបដោយរូប ក្នុងមនុស្សលោកផង ស្រីទាំងឡាយនោះ ប្រាកដស្មើដោយរូបនៃនាងមិនមាន ក្នុងទេវគន្ធព្វ និងមនុស្សលោកឡើយ ម្នាលនាងមានអវយវៈខាងដើម (ភ្លៅ) ដ៏ល្អ អាត្មាសួរហើយ ចូរប្រាប់នាម និងគោត្រផង ផៅពង្សទាំងឡាយផង ។ លំដាប់នោះ ទេវធីតា ក៏ពោល ៨ គាថាថា យំ ត្វំ បតិ និសិន្នោសិ, រម្មំ ព្រាហ្មណ កោសិកិំ; សាហំ ភុសាលយាវុត្ថា, វរវារិវហោឃសា។ បពិត្រព្រាហ្មណ៍ លោកគង់នៅអាស្រ័យស្ទឹងឈ្មោះកោសិកីជាទីរីករាយណា ខ្ញុំមានលំនៅត្រង់ខ្សែទឹកដ៏កាច មានអន្លង់ជាទីហូរនៅនៃទឹកដ៏ប្រសើរ អាស្រ័យនៅហើយ (ក្នុងស្ទឹងនោះ) ។ នានាទុមគណាកិណ្ណា, ពហុកា គិរិកន្ទរា; មមេវ បមុខា ហោន្តិ, អភិសន្ទន្តិ បាវុសេ។ ព្រោះភ្នំដ៏ច្រើន កុះករដោយឈើផ្សេងៗ រមែងមានក្នុងទីចំពោះមុខខ្ញុំ រមែងហូរទៅ ក្នុងរដូវភ្លៀង ។ អថោ ពហូ វនតោទា, នីលវារិវហិន្ធរា; ពហុកា នាគវិត្តោទា, អភិសន្ទន្តិ វារិនា។ ម្យ៉ាងទៀត ស្ទឹងដ៏ច្រើន មានទឹកហូរចេញអំពីព្រៃ ទ្រទ្រង់នូវគំនរទឹកដ៏ខៀវ ស្ទឹងដ៏ច្រើន មានរូបភាពដូចជានាគ រមែងញ៉ាំងខ្ញុំឲ្យពេញដោយទឹក ។ តា អម្ពជម្ពុលពុជា, នីបា តាលា ចុទុម្ពរា; ពហូនិ ផលជាតានិ, អាវហន្តិ អភិណ្ហសោ។ ដើមស្វាយ ដើមព្រីង ដើមខ្នុរសម្ល ដើមក្ទុម្ព ដើមត្នោតនិងដើមល្វា ផលជាតទាំងឡាយដ៏ច្រើន រមែងចូលទៅកាន់ស្ទឹងទាំងនោះរឿយៗ។ យំ កិញ្ចិ ឧភតោ តីរេ, ផលំ បតតិ អម្ពុនិ; អសំសយំ តំ សោតស្ស, ផលំ ហោតិ វសានុគំ។ ផ្លែឈើណាមួយ នៅក្បែរមាត់ច្រាំងទាំងពីរ រមែងជ្រុះទៅក្នុងទឹក ផ្លែឈើនោះ រសាត់ទៅតាមអំណាចខ្សែទឹកដោយឥតសង្ស័យ ។ ឯតទញ្ញាយ មេធាវិ, បុថុបញ្ញ សុណោហិ មេ; មា រោចយ មភិសង្គំ, បដិសេធ ជនាធិប។ បពិត្រលោកជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រើន លោកជ្រាបហេតុនុ៎ះហើយ សូមស្តាប់ ពាក្យខ្ញុំចុះ បពិត្រព្រះជនាធិបតី សូមលោកកុំពេញចិត្តឡើយ ចូរបដិសេធ នូវការជាប់ជំពាក់ដោយតណ្ហា ។ ន វាហំ វឌ្ឍវំ មញ្ញេ, យំ ត្វំ រដ្ឋាភិវឌ្ឍន; អាចេយ្យមានោ រាជិសិ, មរណំ អភិកង្ខសិ។ បពិត្រព្រះរាជិសី អ្នកញ៉ាំងដែនឲ្យចម្រើន លោកកំពុងចម្រើន (ដោយសាច់និងឈាម) ប្រាថ្នាសេចក្តីស្លាប់ ដោយហេតុណា ខ្ញុំពុំសំគាល់នូវលោកថា ជាអ្នកចម្រើនដោយប្រាជ្ញា ដោយហេតុនោះទេ ។ តស្ស ជានន្តិ បិតរោ, គន្ធព្ពា ច សទេវកា; យេ ចាបិ ឥសយោ លោកេ, សញ្ញតត្តា តបស្សិនោ; អសំសយំ តេបិ ជានន្តិ, បដ្ឋភូតា យសស្សិនោ។ បិតាទាំងឡាយ (ព្រហ្ម) និងគន្ធព្វព្រមទាំងទេវតា រមែងដឹងនូវភាពនៃបុគ្គលនោះថា ជាអ្នកលុះក្នុងអំណាចនៃតណ្ហា ម្យ៉ាងទៀត ឥសីទាំងឡាយណាក្នុងលោក ជាអ្នកមានចិត្តសង្រួមហើយ មានតបៈ ឥសីទាំងឡាយនោះ រមែងដឹងឥតសង្ស័យ (សូម្បី) ពួកអ្នកមានយសជាអ្នកបម្រើ (ឥសីទាំងនោះក៏ដឹងការនោះតៗ គ្នាទៀត) ។ កាលនទីទេវធីតានឹងឲ្យតាបសនោះ កើតសេចក្ដីសង្វេគទើបពោលយ៉ាងនេះថា ព្រហ្ម ដែលដល់ការរាប់ថាជាបិតា គន្ធព្វព្រមទាំងកាមាវចរទេវតា មួយអន្លើដោយព្រហ្មនោះ និងពួកឥសីដែលមានចក្ខុទិព្វ រមែងដឹងបុគ្គលដែលធ្លាក់ចុះក្នុងអំណាចនៃតណ្ហា ដោយឥតសង្ស័យ ។ តែការដែលអ្នកមានឫទ្ធិទាំងនោះដឹងថា តាបសឯណោះជាបុគ្គលធ្លាក់ចុះ ក្នុងអំណាចនៃតណ្ហា មិនជាអស្ចារ្យទេ ។ ចំណែកអ្នកបម្រើ របស់ឥសីដែលតាំងសេចក្ដីព្យាយាម ជាអ្នកមានយស បានដឹងព្រោះស្ដាប់ពាក្យរបស់ជនទាំងនោះនិយាយគ្នាម្ដងទៀត ។ ឈ្មោះថា អាថ៌កំបាំងរបស់អ្នកធ្វើបាបកម្ម រមែងមិនមាន ។ បន្ទាប់ពីនោះមក តាបសក៏ពោល ៤ គាថាថា ឯវំ វិទិត្វា វិទូ សព្ពធម្មំ, វិទ្ធំសនំ ចវនំ ជីវិតស្ស; ន ចីយតី តស្ស នរស្ស បាបំ, សចេ ន ចេតេតិ វធាយ តស្ស។ បើ (នរជនណា) មិនគិតសម្លាប់បុគ្គលនោះទេ បាបក៏មិនចម្រើនដល់នរជននោះ ដែលដឹងច្បាស់នូវធម៌ទាំងពួង របស់អ្នកប្រាជ្ញ យ៉ាងនេះផង ដឹងនូវការបែកធ្លាយនិងច្យុតិនៃជីវិតផង ។ ឥសិបូគសមញ្ញាតេ, ឯវំ លោក្យា វិទិតា សតិ; អនរិយបរិសម្ភាសេ, បាបកម្មំ ជិគីសសិ។ ម្នាលនាងជាធំ ដែលពួកឥសីដឹងច្បាស់ហើយ ប្រយោជន៍នៃសត្វលោក នាងដឹងច្បាស់ហើយយ៉ាងនេះ នាងឈ្មោះថាស្វែងរកនូវបាបកម្ម (ចំពោះខ្លួន) ព្រោះប្រទេចពាក្យមិនប្រសើរ ។ សចេ អហំ មរិស្សាមិ, តីរេ តេ បុថុសុស្សោណិ; អសំសយំ តំ អសិលោកោ, មយិ បេតេ អាគមិស្សតិ។ ម្នាលនាងទេវធីតាមានត្រគាកសាយល្អ បើយើងស្លាប់លើត្រើយរបស់នាង កាលបើយើងស្លាប់ហើយ តំណិះដំណៀលនឹងបានមកនាងឯង ឥតសង្ស័យឡើយ ។ តស្មា ហិ បាបកំ កម្មំ, រក្ខស្សេវ សុមជ្ឈិមេ; មា តំ សព្ពោ ជនោ បច្ឆា, បកុដ្ឋាយិ មយិ មតេ។ ម្នាលនាងមានអវយវៈ ត្រង់កណ្តាលដ៏ល្អ ព្រោះហេតុនោះ នាងឯងចូររក្សានូវកម្មអាក្រក់ កាលបើយើងស្លាប់ហើយ កុំឲ្យជនទាំងអស់ជេរប្រទេចនាង ក្នុងកាលជាខាងក្រោយឡើយ ។ ទេពធីតាស្ដាប់ពាក្យនោះហើយ ទើបពោល ៥ គាថាថា អញ្ញាតមេតំ អវិសយ្ហសាហិ, អត្តានមម្ពញ្ច ទទាមិ តេ តំ; យោ ទុព្ពជេ កាមគុណេ បហាយ, សន្តិញ្ច ធម្មញ្ច អធិដ្ឋិតោសិ។ ហេតុនេះ ខ្ញុំម្ចាស់ដឹងច្បាស់ហើយ ធម្មតាស្តេចនេះ មិនងាយអត់ទ្រាំបានទេ ណ្ហើយចុះ ខ្ញុំម្ចាស់នឹងប្រគេននូវខ្លួនខ្ញុំម្ចាស់ផង ប្រគេននូវស្វាយនោះផង ដល់លោកម្ចាស់ ត្បិតលោកម្ចាស់បានលះបង់នូវកាមគុណទាំងឡាយ ដែលគេលះបង់បានដោយក្រ ហើយបានអធិដ្ឋាននូវសីល ជាគ្រឿងស្ងប់រម្ងាប់ផង នូវសុចរិតធម៌ផង ។ យោ ហិត្វា បុព្ពសញ្ញោគំ, បច្ឆាសំយោជនេ ឋិតោ; អធម្មញ្ចេវ ចរតិ, បាបញ្ចស្ស បវឌ្ឍតិ។ បុគ្គលណា លះបង់នូវចំណងខាងដើម ហើយឋិតនៅក្នុងចំណងខាងចុងផង ប្រព្រឹត្តនូវអធម៌ផង បាបតែងចម្រើនឡើងដល់បុគ្គលនោះ ។ ឯហិ តំ បាបយិស្សាមិ, កាមំ អប្បោស្សុកោ ភវ; ឧបនយាមិ សីតស្មិំ, វិហរាហិ អនុស្សុកោ។ សូមលោកម្ចាស់មកចុះ ខ្ញុំម្ចាស់នឹងនាំលោកម្ចាស់ទៅឲ្យដល់ព្រៃស្វាយនោះ សូម លោកម្ចាស់មានសេចក្តីខ្វល់ខ្វាយតិចដោយពិតចុះ ខ្ញុំម្ចាស់នឹងនាំទៅដាក់ក្នុងព្រៃស្វាយដ៏ត្រជាក់នោះ សូមលោកម្ចាស់គង់នៅកុំមានសេចក្តីខ្វល់ខ្វាយ ។ តំ បុប្ផរសមត្តេភិ, វក្កង្គេហិ អរិន្ទម; កោញ្ចា មយូរា ទិវិយា, កោលដ្ឋិមធុសាឡិកា; កូជិតា ហំសបូគេហិ, កោកិលេត្ថ បពោធរេ។ បពិត្រអរិន្ទមៈ ព្រៃស្វាយនោះ ពួកសត្វបក្សីមានកក្ងក់ ស្រវឹងដោយរសនៃផ្កាឈើ ស្រែកបន្លឺឡើងហើយ ពួកក្រៀល ពួកក្ងោក ជាទិព្វ ពួកសត្វស្លាបឈ្មោះកោលដ្ឋិ និងឈ្មោះមធុសាឡិកៈ យំជាមួយនឹងពួកហង្ស ពួកតាវៅ ដែលនៅក្នុងព្រៃស្វាយនោះ ក៏ញ៉ាំងពួកសត្វទាំងនោះឲ្យភ្ងាក់ឡើងហើយ ។ អម្ពេត្ថ វិប្បសាខគ្គា, បលាលខលសន្និភា; កោសម្ពសលឡា នីបា, បក្កតាលវិលម្ពិនោ។ ដើមស្វាយទាំងឡាយក្នុងព្រៃនោះ មានចុងមែកដាបចុះ (ព្រោះទម្ងន់ផ្លែ) ប្រាកដស្មើដោយទីលានដែលពេញដោយកណ្តាប់ស្រូវ ដើមដកគាំ ស្រល់ និងកទម្ពទាំងឡាយ មានចង្កោមផ្លែសំយុងចុះ ដូចធ្លាយផ្លែត្នោតទុំ ។ លោកពោលអធិប្បាយថា នែតាបសដ៏ចម្រើន បុគ្គលណាលះបង់រាជសម្បត្តិដ៏ធំ ហើយមកជាប់ជំពាក់នឹងរសតណ្ហា ត្រឹមតែផ្លែស្វាយទុំ មិននឹកនាដល់ខ្យល់និងកម្ដៅ អង្គុយរីងរៃនៅនឹងច្រាំងទន្លេ បុគ្គលនោះកាលឆ្លងមហាសមុទ្រ ប្រៀបដូចបុគ្គលដែលអង្គុយនៅទីបំផុតនៃច្រាំង ។ បុគ្គលណាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ប្រព្រឹត្តអធម៌ កាលធ្វើដោយអំណាចនៃតណ្ហា បាបរមែងចម្រើនដល់បុគ្គលនោះ ។ ទេពធីតាកាលតិះដៀលតាបស ទើបពោលដូច្នេះ ។ កាលទេវធីតាពណ៌នាហើយ នាងក៏នាំតាបសទៅដាក់ក្នុងព្រៃស្វាយនោះ ហើយពោលថា លោកកាលបរិភោគផ្លែស្វាយក្នុងអម្ពវ័ននេះហើយ ចូរញ៉ាំងតណ្ហារបស់ខ្លួនឲ្យពេញចុះ ថាដូច្នេះហើយ ទើបចៀសចេញទៅ ។ តាបសបរិភោគផ្លែស្វាយ និងញ៉ាំងតណ្ហាឲ្យពេញហើយ ក៏សម្រាក កាលប្រព្រឹត្តនៅក្នុងអម្ពវ័នក៏បានឃើញវេមានិកប្រេតដែលកំពុងសោយទុក្ខ តែលោកមិនអាចនឹងពោលយ៉ាងណាឡើយ ។ ក្នុងកាលព្រះសូរិយាអស្ដង្គតទៅ តាបសឃើញប្រេតនោះសោយទិព្វសម្បត្តិ ដែលមានស្ត្រីរបាំជាបរិវារ ហើយទើបពោល ៣ គាថាថា មាលី កិរិដី កាយូរី, អង្គទី ចន្ទនុស្សទោ; រត្តិំ ត្វំ បរិចារេសិ, ទិវា វេទេសិ វេទនំ។ អ្នកទ្រទ្រង់នូវផ្កាកម្រង ទ្រទ្រង់នូវឈ្នួត ប្រដាប់ដោយគ្រឿងអាភរណៈ ពាក់នូវពាហុរត្ន (កងកន់) ប្រស់ព្រំដោយខ្លឹមចន្ទន៍ ឲ្យគេបម្រើក្នុងវេលាយប់ សោយនូវទុក្ខវេទនាក្នុងវេលាថ្ងែ ។ សោឡសិត្ថិសហស្សានិ, យា តេមា បរិចារិកា; ឯវំ មហានុភាវោសិ, អព្ភុតោ លោមហំសនោ។ ស្រីទាំងឡាយ ១៦០០០ នេះ ជាស្រីបម្រើរបស់អ្នក អ្នកជាបុគ្គលមានអានុភាពច្រើនយ៉ាងនេះ អស្ចារ្យ គួរឲ្យព្រឺរោម ។ កិំ កម្មមករី បុព្ពេ, បាបំ អត្តទុខាវហំ; យំ ករិត្វា មនុស្សេសុ, បិដ្ឋិមំសានិ ខាទសិ។ ក្នុងកាលមុន អ្នកបានធ្វើអំពើបាប នាំមកនូវទុក្ខដល់ខ្លួនដូចម្តេច ដែលអ្នកធ្វើក្នុងមនុស្សលោក បានជាស៊ីនូវសាច់ខ្នង (របស់ខ្លួន) ។ ប្រេតចាំតាបសនោះបាន ហើយពោលថា ព្រះអង្គមិនស្គាល់ខ្ញុំទេឬ ខ្ញុំជាបុរោហិតរបស់ព្រះអង្គ ខ្ញុំបានសោយសេចក្ដីសុខក្នុងវេលាយប់ ព្រោះផលនៃឧបោសថកន្លះថ្ងៃដែលខ្ញុំបានធ្វើដោយអាស្រ័យព្រះអង្គ បានសោយសេចក្ដីទុក្ខក្នុងពេលថ្ងៃ ដោយផលនៃបាបជាប្រក្រតីរបស់ខ្ញុំ ។ ខ្ញុំដែលព្រះអង្គតាំងទុកក្នុងតំណែងជាអ្នកវិនិច្ឆ័យ បានធ្វើការកាត់ក្ដីកោង ទទួលសំណូក ជាអ្នកស៊ីសាច់ខ្នងអ្នកដទៃ ព្រោះផលនៃកម្មដែលបានធ្វើទុកនោះ ខ្ញុំទើបសោយសេចក្ដីទុក្ខនេះក្នុងពេលថ្ងៃ ដូច្នេះហើយ ទើបពោលគាថា ២ ថា អជ្ឈេនានិ បដិគ្គយ្ហ, កាមេសុ គធិតោ អហំ; អចរិំ ទីឃមទ្ធានំ, បរេសំ អហិតាយហំ។ ខ្ញុំបានរៀននូវវេទទាំងឡាយ ហើយជាប់ជំពាក់ក្នុងកាមទាំងឡាយ បានប្រព្រឹត្តមិនជាប្រយោជន៍ដល់ជនដទៃ អស់កាលដ៏យូអង្វែង ។ យោ បិដ្ឋិមំសិកោ ហោតិ, ឯវំ ឧក្កច្ច ខាទតិ; យថាហំ អជ្ជ ខាទាមិ, បិដ្ឋិមំសានិ អត្តនោ។ បុគ្គលណា ជាអ្នកស៊ីនូវសាច់ខ្នង (ញុះញង់គេ) បុគ្គលនោះ ក៏ខ្វារស៊ីនូវសាច់ខ្នងរបស់ខ្លួន ដូចខ្ញុំស៊ីក្នុងថ្ងៃនេះដែរ ។ វេមានិកប្រេតបានពោលពាក្យនេះហើយ ក៏សួរតាបសថា លោកម្ចាស់មកទីនេះបាន ដោយប្រការដូចម្ដេច ។ តាបសពោលរឿងរ៉ាវទាំងអស់ ដោយពិស្ដារ ។ ប្រេតសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចម្រើន ឥឡូវនេះ លោកនឹងនៅក្នុងទីនេះ ឬនឹងទៅវិញ ? តាបសពោលថា យើងមិននៅទេ យើងនឹងទៅកាន់អាស្រមប៉ុណ្ណោះ ។ ប្រេតពោលថា បពិត្រលោកម្ចាស់ ប្រពៃណាស់ ខ្ញុំនឹងទំនុកបម្រុងលោកម្ចាស់ដោយផ្លែស្វាយទុំជាប្រចាំ ថាហើយ ក៏នាំយកតាបសទៅដាក់ចុះក្នុងអាស្រម ដោយអានុភាពរបស់ខ្លួន រួចឲ្យតាបសកាន់យកបដិញ្ញាថា សូមលោកម្ចាស់កុំអផ្សុកអី ចូរនៅក្នុងទីនេះចុះ ដូច្នេះហើយ ទើបទៅ ។ ចាប់ពីពេលនោះមក ប្រេតនោះក៏បានទំនុកបម្រុងតាបសដោយផ្លែស្វាយទុំជាប់ជានិច្ច ។ តាបសកាលបានបរិភោគផ្លែស្វាយនោះ ហើយធ្វើកសិណបរិកម្ម ញ៉ាំងឈាននិងអភិញ្ញាឲ្យកើតឡើង ជាអ្នកមានព្រហ្មលោកជាទីទៅខាងមុខ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះ ដល់ឧបាសកឧបាសិកាទាំងឡាយហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចធម៌ បុគ្គលខ្លះបានសម្រេចជាព្រះសោតាបន្ន បុគ្គលខ្លះបានជាព្រះសកទាគាមី បុគ្គលខ្លះបានជាព្រះអនាគាមី ។ តទា ទេវធីតា ឧប្បលវណ្ណា អហោសិ ទេពធីតាក្នុងកាលនោះ បានមកជាឧប្បលវណ្ណា តាបសោ បន អហមេវ អហោសិំ ចំណែកតាបស គឺ តថាគតនេះឯង ។កិំឆន្ទជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិំសនិបាត បិដកលេខ ៦០ ទំព័រ ១៤៩) ថ្ងៃសៅរ៍ ១២ កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២៦ ខែ ឧសភា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3253/________________________________________________.jpg
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០២៤ (អាន: ៣,៩១៥ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុកំលោះមួយរូប ដែលដុត បណ្ណសាលា របស់ព្រះមហាកស្សបត្ថេរ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា មនុស្សស្សេវ តេ សីសំ ដូច្នេះជាដើម ។ រឿងរ៉ាវនេះ បានកើតឡើងក្នុងក្រុងរាជគ្រឹះ ។ បានឮមកថា គ្រានោះ ព្រះថេរៈ នៅក្នុងកុដិដែល​នៅក្នុងព្រៃ អាស្រ័យក្នុងនគររាជគ្រឹះ ។ មានភិក្ខុកំលោះពីររូប នៅធ្វើ កិច្ចការបម្រើព្រះថេរៈ ។ បណ្ដាភិក្ខុពីររូបនោះ មួយរូបជាអ្នកធ្វើឧបការៈដល់ព្រះថេរៈ, មួយរូបជាមនុស្សប្រដៅ​ក្រ តែងធ្វើអ្វីៗ ដែលភិក្ខុមួយរូបទៀតធ្វើហើយ ធ្វើដូចជា ខ្លួនឯងបានធ្វើ ។ កាលបើភិក្ខុ (ឧស្សាហ៍) តម្កល់ទឹកលុបមុខជាដើមរួចហើយ ភិក្ខុនោះទៅ កាន់សម្នាក់ព្រះថេរៈ ថ្វាយបង្គំ ហើយពោលថា បពិត្រលោកម្ចាស់ ទឹកតម្កល់រួចហើយ សូមលោកម្ចាស់លុបលាងព្រះភក្ត្រ ដូច្នេះជាដើម ។ កាលភិក្ខុ (ឧស្សាហ៍) ក្រោកតាមកាលបោសបរិវេណព្រះថេរៈរួចហើយ ក្នុងពេលព្រះថេរៈចេញមក, ទុព្វចភិក្ខុនោះគោះកន្លែង នោះ ធ្វើដូចជាខ្លួនឯងបាន​បោស​បរិវេណទាំងអស់ ។ ភិក្ខុអ្នកដល់ព្រមដោយវត្ត គិតថា ទុព្វចភិក្ខុនេះធ្វើការងារ ដែលយើងធ្វើ ដូចជាខ្លួនឯងធ្វើ យើងនឹងធ្វើអំនួត របស់ភិក្ខុនេះ ឲ្យប្រាកដ ។ កាលទុព្វចភិក្ខុឆាន់ខាងក្នុងស្រុក ហើយត្រឡប់មក ហើយសឹងលក់, ភិក្ខុអ្នកមានវត្តដាំទឹកសម្រាប់ស្រង់ យកទៅទុកនៅខាងក្រោយបន្ទប់ និងទុកទឹកដទៃត្រឹមតែកន្លះ នាឡិប៉ុណ្ណោះ ក្នុងភាជនៈដែលនៅលើជើងក្រាន ។ ទុព្វចភិក្ខុភ្ញាក់ឡើង ដើរទៅ ឃើញ ផ្សែងភ្លើងតាំងឡើង គិតថា ភិក្ខុអ្នកមានវត្តដាំទឹកហើយ នឹងតម្កល់ក្នុងបន្ទប់ ដូច្នេះទើបទៅកាន់សម្នាក់ព្រះថេរៈ រួចពោលថា បពិត្រលោកម្ចាស់ ទឹកតម្កល់ទុកក្នុងបន្ទប់ហើយ សូមលោកម្ចាស់ងូតទឹក ។ ព្រះថេរៈពោលថា ខ្ញុំនឹងងូត ដូច្នេះទើបមកជាមួយនឹងភិក្ខុនោះ (តែពេលមកដល់) មិនឃើញទឹក ក៏សួរថា ទឹកនៅឯណា ។ ទុព្វចភិក្ខុនោះ ទៅកាន់រោងភ្លើងដោយរហ័ស ដាក់បោយក្នុងភាជនៈទទេ បោយប៉ះផ្ទប់នឹងផ្ទៃភាជនៈទទេ ឮសូរថា តៈតៈ ។ ចាប់ពីពេលនោះមក កើតឈ្មោះដល់ទុព្វចភិក្ខុនោះថា ឧឡុង្កសទ្ទកៈ ។ ក្នុងខណៈនោះ ភិក្ខុម្នាក់ទៀតនាំទឹកអំពីខាងក្រោយបន្ទប់មក ពោលថា បពិត្រលោកម្ចាស់ សូមលោកងូតទឹក ។ ព្រះថេរៈងូតទឹកហើយ ពិចារណា បានដឹងភាពជាអ្នកប្រដៅក្ររបស់ឧឡុង្កសទ្ទកភិក្ខុ ពេលដែលភិក្ខុនោះមកកាន់ទីបម្រើប ព្រះថេរៈក៏ឲ្យឱវាទថាម្នាលអាវុសោ ឈ្មោះថា សមណៈ គួរពោលនូវកម្មដែលខ្លួនបានធ្វើថា កម្មនេះគឺខ្ញុំធ្វើ អ្នកពោលសម្បជានមុសាវាទដោយប្រការដទៃ ចាប់ពីពេលនេះទៅ អ្នកកុំធ្វើបែបនេះទៀត ។ ឧឡុង្កសទ្ទកភិក្ខុនោះក្រោធខឹងព្រះថេរៈ ។ ក្នុងថ្ងៃស្អែក លោកមិនចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតជាមួយនឹងព្រះថេរៈទេ ។ ព្រះថេរៈចូលទៅជាមួយភិក្ខុដទៃ ។ ចំណែក ឧឡុង្ក​សទ្ទកភិក្ខុទៅកាន់ត្រកូលឧបដ្ឋាករបស់ព្រះថេរៈ កាលគេពោលថា បពិត្រលោកម្ចាស់ ព្រះថេរៈនៅទីណា លោកប្រាប់គេថា ព្រះថេរៈអង្គុយមិនជាសុខក្នុងវិហារ ។ កាលគេពោលថា បពិត្រលោកម្ចាស់ ព្រះថេរៈគួរបានអ្វី ? លោកពោលថា អ្នកចូរប្រគេនរបស់នេះផង របស់នេះផង ដូច្នេះហើយ ក៏កាន់យករបស់ទាំងនោះទៅកាន់ទីដែលខ្លួនពេញចិត្ត ឆាន់រួច ទើបទៅកាន់អារាម ។ ក្នុងថ្ងៃស្អែក ព្រះថេរៈទៅកាន់ត្រកូលនោះ ហើយគង់ ។ កាលមនុស្សទាំងឡាយពោលថា បពិត្រលោកម្ចាស់ ការមិនជាសុខមានដល់លោកម្ចាស់ឬ បានឮមកថា ម្សិលមិញ លោកម្ចាស់អង្គុយក្នុងវិហារ ពួកខ្ញុំបញ្ជូនអាហារក្នុងដៃភិក្ខុកំលោះមួយរូប លោកម្ចាស់បានឆាន់ឬទេ ? ព្រះថេរៈនៅស្ងៀម ធ្វើភត្តកិច្ចហើយ ទៅកាន់វិហារ ។ ក្នុងវេលាល្ងាច ព្រះថេរៈក៏ហៅ​ឧឡុង្កសទ្ទក​ភិក្ខុ ដែលមកកាន់ទីឧបដ្ឋាកថា ម្នាលអាវុសោ ត្រកូលឯណោះក្នុងស្រុកមួយនោះពោលថា បានឮថា ព្រះថេរៈឲ្យសូមថា វត្ថុនេះផង វត្ថុនេះផង គួរបានដល់ព្រះថេរៈ រួចលោកក៏ឆាន់, ឈ្មោះថា វិញ្ញត្តិ (ការសូម) រមែងមិនគួរ, លោកកុំប្រព្រឹត្តអនាចារបែបនេះទៀត ។ ឧឡុង្កសទ្ទកភិក្ខុនោះចងអាឃាតនឹងព្រះថេរៈ ដោយពាក្យមានប្រមាណប៉ុណ្ណេះ រួចគិតថា សូម្បីម្សិលមិញ ព្រះថេរៈនេះ អាស្រ័យត្រឹមតែទឹក លោកធ្វើជម្លោះនឹងយើង ឥឡូវនេះ កាលមិនអាចអត់ធន់ថា យើងបានឆាន់ភត្តមួយក្ដាប់ក្នុងផ្ទះឧបដ្ឋាក របស់លោក ក៏ធ្វើជម្លោះម្ដងទៀត យើងនឹងដឹងអំពើដែលសមគួរធ្វើដល់ព្រះថេរៈ ដូច្នេះហើយ ក្នុងថ្ងៃស្អែក ពេលព្រះថេរៈចូលទៅបិណ្ឌបាត លោកកាន់យកអន្លូង វាយបំបែកភាជនៈសម្រាប់បរិភោគ ដុតបណ្ណសាលា រួចរត់ទៅបាត់ ។ លោករស់នៅដូចជាមនុស្សប្រេត ស្គមរីងរៃ ហើយធ្វើកាល​កិរិយា​ កើតក្នុងអវីចិមហានរក ។ អនាចារដែលភិក្ខុនោះធ្វើហើយ បានប្រាកដក្នុងកណ្ដាលមហាជន ។ លំដាប់នោះ ភិក្ខុទាំងឡាយចេញពីក្រុងរាជគ្រឹះទៅកាន់ក្រុងសាវត្ថី ទុកដាក់បាត្រនិងចីវរក្នុងទីសមគួរ រួចទៅកាន់សម្នាក់ព្រះសាស្ដា ថ្វាយបង្គំព្រះអង្គ ហើយអង្គុយ ។ ព្រះសាស្ដាធ្វើបដិសណ្ឋារៈភិក្ខុទាំងនោះ ហើយត្រាស់ថា អ្នកទាំងឡាយមកអំពីណា ? ពួកភិក្ខុទូលថា មកពីក្រុងរាជគ្រឹះ ព្រះអង្គ ។ ព្រះពុទ្ធត្រាស់សួថា ក្នុងទីនោះ អ្នកណាជាអាចារ្យអ្នកឲ្យឱវាទ ? ភិក្ខុទាំងឡាយទូលថា បពិត្រព្រះអង្គ គឺព្រះមហាកស្សបត្ថេរ ។ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តើកស្សបៈសុខសប្បាយទេ ? ពួកភិក្ខុទូលថា បពិត្រព្រះអង្គ ព្រះថេរៈសុខសប្បាយ តែសទ្ធិវិហារិករបស់លោក ក្រោធខឹងពេលដែលលោកឲ្យឱវាទ ហើយដុតបណ្ណ​សាលា​របស់ព្រះថេរៈ រួចរត់ទៅ ។ ព្រះសាស្ដាស្ដាប់ពាក្យនោះហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការប្រព្រឹត្តទៅតែឯង រមែងប្រសើរជាងការប្រព្រឹត្តជាមួយនឹងបុគ្គលពាល ដែលមានសភាពបែបនោះ របស់កស្សបៈ រួចហើយទ្រង់ត្រាស់គាថានេះក្នុងធម្មបទថា ៖ ចរញ្ចេ នាធិគច្ឆេយ្យ, សេយ្យំ សទិសមត្តនោ; ឯកចរិយំ ទឡ្ហំ កយិរា, នត្ថិ ពាលេ សហាយតា។ បុគ្គលកាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួន ឬមិត្តដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ឲ្យខ្ជាប់ខ្ជួនវិញ ព្រោះថាសហាយតាគុណ មិនមានក្នុងបុគ្គលពាលឡើយ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ ពាលវគ្គ បិដកលេខ ៥២ ទំព័រ ៣៤) ព្រះមានព្រះភាគត្រាស់យ៉ាងនេះហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងនោះទៀត ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលឧឡុង្កសទ្ទកភិក្ខុនោះប្រទូស្តនឹងកុដិ សូម្បីក្នុងកាលមុន ភិក្ខុនោះក៏ប្រទូស្តនឹងកុដិដែរ, ហើយមិនមែនតែក្នុងកាលឥឡូវនេះទេ ដែលឧឡុង្កសទ្ទកភិក្ខុក្រោធនឹងអ្នកឲ្យឱវាទនោះ សូម្បីកាលមុន ក៏ក្រោធនឹងអ្នកឲ្យឱវាទដែរ ។ កាលភិក្ខុទាំងឡាយអារាធនាហើយ ព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វគ្រលេងគ្រលោង កាលចម្រើនវ័យធំហើយ ធ្វើសំបុកត្រង់កន្លែងដែលមិនមានភ្លៀងធ្លាក់ត្រូវ ជាទីពេញចិត្តខ្លួន រស់នៅក្នុងដែលដីព្រៃហិមពាន្ត ។ លំដាប់នោះ កាលភ្លៀងបង្អុរធ្លាក់ចុះមិនដាក់គ្រាប់ក្នុងរដូវភ្លៀង មានស្វាមួយត្រូវត្រជាក់បៀតបៀន មកអង្គុយខាំធ្មេញនៅជិតព្រះពោធិសត្វ ។ ព្រះពោធិសត្វឃើញស្វាដែលមានសេចក្ដីលំបាកយ៉ាងនោះ កាលចរចាជាមួយស្វានោះ ទើបពោលគាថាទី ១ ថា មនុស្សស្សេវ តេ សីសំ, ហត្ថបាទា ច វានរ; អថ កេន នុ វណ្ណេន, អគារំ តេ ន វិជ្ជតិ។ នែពានរ ក្បាល ដៃ និងជើង របស់អ្នក ដូចជាមនុស្សដែរ តែព្រោះហេតុអ្វី បានជាផ្ទះរបស់អ្នកគ្មាន ។ បណ្ដាបទទាំងនោះ បទថា វណ្ណេន បានដល់ ការណេន ប្រែថា ព្រោះហេតុ ។ បទថា អគារំ សេចក្ដីថា ព្រះពោធិសត្វសួរស្វាថា ផ្ទះជាទីនៅរបស់អ្នកមិនមាន ដោយហេតុអ្វី ។ ស្វាស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា មនុស្សស្សេវ មេ សីសំ, ហត្ថបាទា ច សិង្គិល; យាហុ សេដ្ឋា មនុស្សេសុ, សា មេ បញ្ញា ន វិជ្ជតិ។ នែគ្រលេងគ្រលោង ក្បាល ដៃ និងជើងរបស់ខ្ញុំ ដូចមនុស្សមែនហើយ តែប្រាជ្ញាណាដែលបោរាណាចារ្យ ពោលថា ប្រសើរក្នុងពួកមនុស្ស ប្រាជ្ញានោះរបស់ខ្ញុំមិនមានទេ ។ បណ្ដាបទទាំងនោះ បទថា សិង្គិល សេចក្ដីថា ស្វាហៅបក្សីនោះដោយឈ្មោះ ។ បទថា យាហុ សេដ្ឋា មនុស្សេសុ សេចក្ដីថា វិចារណបញ្ញាណាដែលបោរាណាចារ្យ ទាំងឡាយពោលថា ប្រសើរក្នុងពួកមនុស្ស វិចារណបញ្ញានោះ មិនមានដល់យើង ។ ពិតមែនហើយ ក្បាល ដៃ ជើង និងកម្លាំងកាយ មិនជាប្រមាណក្នុងលោក វិចារណបញ្ញាប៉ុណ្ណោះទើបប្រសើរ វិចារណបញ្ញានោះមិនមានដល់យើង ព្រោះហេតុនោះ អគាររបស់យើង ទើបមិនមាន ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោល ២ គាថាដទៃទៀត ថា អនវដ្ឋិតចិត្តស្ស, លហុចិត្តស្ស ទុព្ភិនោ; និច្ចំ អទ្ធុវសីលស្ស, សុខភាវោ ន វិជ្ជតិ។ ធម្មតាអ្នកមានចិត្តមិននឹងនួន មានចិត្តរប៉ិលរប៉ូច ជាអ្នកប្រទូស្តចំពោះមិត្រ មានមារយាទមិនទៀងជានិច្ច តែងមិនមានសេចក្ដីសុខ ។ សោ ករស្សុ អានុភាវំ, វីតិវត្តស្សុ សីលិយំ; សីតវាតបរិត្តាណំ, ករស្សុ កុដវំ កបិ។ នែពានរ អ្នកនោះចូរធ្វើនូវអានុភាព (ឲ្យកើតបញ្ញា) ចូរផ្លាស់មារយាទចេញ ចូរធ្វើខ្ទមជាគ្រឿងការពារនូវត្រជាក់និងខ្យល់ ។ បណ្ដាបទទាំងនោះ បទថា អនវដ្ឋិតចិត្តស្ស សេចក្ដីថា អ្នកមានចិត្តមិនតាំងនៅ ។ បទថា ទុព្ភិនោ សេចក្ដីថា អ្នកទ្រុស្តមិត្រ ។ បទថា អទ្ធុវសីលស្ស សេចក្ដីថា មិនរក្សាសីលអស់កាលទាំងពួង ។ បទថា សោ ករស្សុ អានុភាវំ សេចក្ដីថា នែស្វាសម្លាញ់ អ្នកឯងចូរធ្វើឧបាយ ដែលជាកម្លាំងអានុភាព ដើម្បីឲ្យកើតបញ្ញាចុះ ។ បទថា វីតិវត្តស្សុ សីលិយំ សេចក្ដីថា ចូរកន្លងមារយាទ ពោលគឺភាពទ្រុស្តសីលរបស់ខ្លួន ហើយជាអ្នកមានសីល ។ បទថា កុដវំ កបិ សេចក្ដីថា ព្រះពោធិសត្វពោលថា អ្នកចូរធ្វើខ្ទម សម្បុក គឺអាគារ ជាទីនៅមួយរបស់ខ្លួន ដែលអាចការពារត្រជាក់និងខ្យល់បាន ។ ស្វាគិតថា ដំបូង គ្រលេងគ្រលោងនេះជេរប្រទេចផ្ដាសាយើង ដោយភាពដែលយើងអង្គុយក្នុងទីមិនមានភ្លៀងធ្លាក់របស់ខ្លួន យើងនឹងមិនឲ្យវាទំនៅក្នុងសំបុកនេះឡើយ។ លំដាប់នោះ ស្វាប្រាថ្នានឹងចាប់ព្រះពោធិសត្វ ទើបស្ទុះទៅ, ព្រះពោធិសត្វក៏ហើរឡើងទៅកាន់ទីដទៃ ។ ស្វាកម្ទេចសំបុកធ្វើឲ្យបែកខ្ទេចខ្ទីហើយ ក៏ចៀសចេញទៅ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា មក្កដោ កុដិឈាបកោ អហោសិ ស្វាក្នុងកាលនោះ បានមកជាភិក្ខុដុតកុដិសិង្គិលសកុណោ បន អហមេវ អហោសិំ គ្រលេងគ្រលោង គឺ តថាគតនេះឯង ។ កុដិទូសកជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កុដិទូសកវគ្គ បិដកលេខ ៥៨ ទំព័រ ២០៨) ថ្ងៃអង្គារ ៦ រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ៣០ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3278/_____________________________________________.jpg
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០២៤ (អាន: ៣,៣៨១ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកលះបង់សេចក្ដីព្យាយាមមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ទិស្វា ខុរប្បេ ដូច្នេះជាដើម ។ ព្រះបរមសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកលះបង់សេចក្ដីព្យាយាមមែនឬ ? កាលភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកបួសក្នុងសាសនាដែលជានិយ្យានិកយ៉ាងនេះហើយ ហេតុអ្វី បានជាអ្នកលះបង់សេចក្ដីព្យាយាមទៅវិញបោរាណកបណ្ឌិតទាំងឡាយ ធ្វើការព្យាយាមក្នុងឋានដែលមិនសមគួរ គេក៏នៅតែមិនលះបង់សេចក្ដីព្យាយាមចោលដែរ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលអ្នករក្សាព្រៃ លុះចម្រើនវ័យធំឡើងហើយ មានបុរស ៥០០ ជាបរិវារ ជាធំជាងអ្នករក្សាព្រៃទាំងឡាយ សម្រេចការនៅក្នុងស្រុកមួយក្បែរមាត់ព្រៃ ។ លោកទទួលប្រាក់ស៊ីឈ្នួល ជូនមនុស្សឆ្លងកាត់ព្រៃ ។ វេលាខាងក្រោយមក ក្នុងថ្ងៃមួយ សត្ថវាហបុត្រ ( កូនឈ្មួញរទេះ ) នៅនគរពារាណសីម្នាក់ ដឹកនាំរទេះ ៥០០ ទៅដល់ស្រុកនោះ ហើយហៅព្រះពោធិសត្វមកនិយាយថា ម្នាលសម្លាញ់ អ្នកចូរទទួលយកប្រាក់មួយពាន់ ហើយសូមចម្លងខ្ញុំឲ្យឆ្លងផុតអំពីដងព្រៃនេះ ។ ព្រះពោធិសត្វក៏ព្រមទទួលថា ល្អ ហើយកាន់យកប្រាក់មួយពាន់ពីដៃសត្ថវាហបុត្រ កាលដែលលោកទទួលថ្លៃឈ្នួលនោះហើយ (លោកក៏តាំងចិត្ត) លះបង់ជីវិតដល់កូនឈ្មួញរទេះនោះ រួចលោកនាំកូនឈ្មួញរទេះ ចូលទៅកាន់ព្រៃ ។ មានចោរ ៥០០ តាំងឡើងក្នុងកណ្ដាលដងព្រៃ បុរសដ៏សេសឃើញពួកចោរហើយ នាំគ្នាដេកក្រាបលើប្រឹថពីដោយទ្រូង នៅសល់តែប្រធានអ្នករក្សាម្នាក់ប៉ុណ្ណោះ លោកស្រែកសន្ធាប់បន្លឺសំឡេង វាយប្រហារ ធ្វើឲ្យពួកចោររត់បាត់អស់ ហើយជូនសត្ថវាហបុត្រឲ្យឆ្លងផុតពីផ្លូវកន្តារៈ ដោយសួស្ដី ។ សត្ថវាហបុត្រលុះបានរួចផុតពីចោរភ័យហើយ ក៏ដាក់រទេះឈប់នៅតំបន់មួយ អញ្ជើញព្រះពោធិសត្វបរិភោគភោជនាហារមានឱជារសឆ្ងាញ់ផ្សេង ៗ សូម្បីខ្លួនឯងបរិភោគអាហារព្រឹកហើយ អង្គុយជាសុខ ចរចាមួយអន្លើដោយព្រះពោធិសត្វថា ម្នាលសម្លាញ់ ក្នុងកាលដែលពួកចោរ សុទ្ធតែជាអ្នកកាចឃោឃៅ កាន់អាវុធ ស្ទុះចូលមកប្លន់រទេះនោះ ហេតុដូចម្ដេចបានជាអ្នកគ្មានសេចក្ដីភិតភ័យតក់ស្លុតសោះ ដូច្នេះហើយកាលនឹងសួរ ទើបពោលគាថាទី ១ ថា៖ ទិស្វា ខុរប្បេ ធនុវេគនុន្នេ, ខគ្គេ គហីតេ តិខិណេ តេលធោតេ; តស្មិំ ភយស្មិំ មរណេ វិយូឡ្ហេ, កស្មា នុ តេ នាហុ ឆម្ភិតត្តំ។ អ្នកឃើញនូវព្រួញដែលពួកចោរបាញ់ហើយដោយកម្លាំងនៃធ្នូផង នូវព្រះខាន់សំលៀងដោយប្រេងដ៏មុត ដែលពួកចោរកាន់ហើយផង កាលសេចក្ដីស្លាប់ដែលគួរខ្លាចនោះ ចូលមកតាំងនៅចំពោះមុខហើយ ហេតុអ្វី អ្នកមិនមានសេចក្ដីតក់ស្លុតសោះ ។ ប្រធានអ្នករក្សាស្ដាប់ពាក្យនោះហើយ ទើបពោល ២ គាថា ថា៖ ទិស្វា ខុរប្បេ ធនុវេគនុន្នេ, ខគ្គេ គហីតេ តិខិណេ តេលធោតេ; តស្មិំ ភយស្មិំ មរណេ វិយូឡ្ហេ, វេទំ អលត្ថំ វិបុលំ ឧឡារំ។ ខ្ញុំឃើញនូវព្រួញដែលបាញ់ហើយ ដោយកម្លាំងនៃធ្នូ នូវព្រះខាន់សំលៀងដោយប្រេងដ៏មុត ដែលពួកចោរកាន់ហើយ កាលសេចក្ដីស្លាប់ដែលគួរខ្លាចនោះ ចូលមកតាំងនូវចំពោះមុខ ខ្ញុំក៏ត្រឡប់បានសេចក្ដីត្រេកអរច្រើន ដ៏លើសលុប ។ សោ វេទជាតោ អជ្ឈភវិំ អមិត្តេ, បុព្ពេវ មេ ជីវិតមាសិ ចត្តំ; ន ហិ ជីវិតេ អាលយំ កុព្ពមានោ, សូរោ កយិរា សូរកិច្ចំ កទាចិ។ ខ្ញុំនោះមានសេចក្ដីត្រេកអរ បានគ្របសង្កត់នូវពួកសត្រូវ (ព្រោះថា) ខ្ញុំបានលះបង់ជីវិតមុនហើយ ព្រោះថា បុគ្គលអ្នកក្លៀវក្លា កាលធ្វើសេចក្ដីអាល័យក្នុងជីវិត គប្បីធ្វើនូវកិច្ចរបស់អ្នកក្លៀវក្លា ក្នុងកាលណា ៗ មិនបានទេ ។ ព្រះពោធិសត្វនោះសំដែងភាពដែលខ្លួន ជាអ្នកមានសេចក្ដីក្លាហាន មិនអាឡោះអាល័យជីវិត ប្រាប់សត្ថវាហបុត្រដូច្នោះហើយ ក៏បញ្ជូនសត្ថវាហបុត្រឲ្យទៅ ហើយលោកវិលមកកាន់ស្រុកខ្លួនវិញ បានធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម ហើយក៏ទៅតាមយថាកម្ម ។ ព្រះសាស្ដានាំព្រះធម្មទេសនាមកហើយ ទ្រង់ប្រកាសអរិយសច្ច និងប្រជុំជាតក លុះចប់អរិយសច្ច ភិក្ខុអ្នកលះបង់សេចក្ដីព្យាយាមនោះ ក៏បានតាំងនៅក្នុងព្រះអរហត្ត ។ តទា អារក្ខកជេដ្ឋកោ អហមេវ អហោសិំ អ្នករក្សាជាប្រធានក្នុងកាលនោះ គឺតថាគតនេះឯង ។ ខុរប្បជាតកជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥១) ថ្ងៃសុក្រ ១០ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៩ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3282/54teydrfeertyur678678ytrtrew.jpg
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០២៤ (អាន: ៥,៥៥៩ ដង)
ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី, ព្រះរាជាព្រះនាម កេសវៈ លះបង់រាជសម្បត្តិបួសជាឥសី ។ បុរស ៥០០ នាក់បួសតាមព្រះរាជានោះ។ ព្រះរាជានោះក៏មានព្រះនាមថា កេសវតាបស ។ ខ្មាន់ព្រះកេសដែលជាអ្នកប្រដាប់តាក់តែងព្រះអង្គ ក៏បួសតាម ហើយបានជាសិស្ស មានឈ្មោះថា កប្បកៈ ។ កេសវតាបសនិងបរិស័ទរស់នៅក្នុងព្រៃហិមពាន្តអស់ ៨ ខែ, ក្នុងវស្សានរដូវ (លោកនាំសិស្ស) ទៅកាន់នគរពារាណសី ដើម្បីសេពរសជាតិប្រៃនិងជូរ ទៅដល់ហើយក៏ចូលទៅបិណ្ឌបាតក្នុងព្រះនគរ ។ លំដាប់នោះ ព្រះរាជាទតឃើញពួកឥសី ទ្រង់ជ្រះថ្លា និមន្តកេសវតាបសឲ្យទទួលប្ដេជ្ញាដើម្បីនឹងនៅក្នុងសំណាក់ខ្លួនអស់ ៤ ខែ ហើយឲ្យពួកតាបសស្នាក់នៅក្នុងឧទ្យាន, ក្នុងពេលព្រឹកនិងល្ងាច ព្រះរាជាតែងយាងទៅបម្រើពួកតាបស ។ តាបសទាំងអស់រស់នៅបានពីរបីថ្ងៃ ត្រូវសំឡេងដំរីជាដើមបៀតបៀនហើយកើតសេចក្ដីអផ្សុក ទើបពោលនឹងអាចារ្យថា បពិត្រអាចារ្យ ពួកខ្ញុំអផ្សុកណាស់ (ប្រាថ្នានឹងចេញ) ទៅ ។ អាចារ្យពោលថា អ្នកទាំងឡាយនឹងទៅណា ? ពួកតាបសពោលថា បពិត្រអាចារ្យ ពួកខ្ញុំនឹងទៅព្រៃហិមពាន្តវិញ ។ អាចារ្យពោលថា ក្នុងថ្ងៃដែលពួកយើងមក ព្រះរាជាបានឲ្យទទួលប្ដេជ្ញាដើម្បីនឹងនៅក្នុងទីនេះអស់ ៤ ខែ, អ្នកទាំងឡាយនឹងទៅ ដូចម្ដេច ? ពួកតាបសពោលថា “លោកអាចារ្យមិនប្រាប់ពួកខ្ញុំទេ ក៏ទទួលប្ដេជ្ញា ពួកខ្ញុំមិនអាចនៅក្នុងទីនេះទេ ពួកខ្ញុំនឹងនៅក្នុងទីដែលអាចដឹងសុខទុក្ខរបស់លោកអាចារ្យ ដែលនៅមិនឆ្ងាយអំពីទីនេះ” ថារួចក៏នាំគ្នាថ្វាយបង្គំអាចារ្យហើយចៀសចេញទៅ ។ ចំណែកអាចារ្យក៏នៅជាមួយសិស្សឈ្មោះកប្បកៈ ។ ព្រះរាជាកាលយាងមកឧបដ្ឋាក សួរថា បពិត្រលោកម្ចាស់ ពួកតាបសទៅណា ? កេសវតាបសទូលថា បពិត្រមហារាជ ពួកតាបសទាំងអស់ប្រាប់អាត្មាថា “ពួកខ្ញុំអផ្សុក” ពួកតាបសទាំងនោះទៅព្រៃហិមពាន្តវិញហើយ ។ ក្រោយមកមិនយូរប៉ុន្មាន សូម្បីកប្បកតាបសក៏អផ្សុក ត្រូវអាចារ្យហាមហើយហាមទៀត ក៏នៅតែពោលថា ខ្ញុំមិនអាចនៅទីនេះទេ ដូច្នេះហើយ ក៏ចៀសចេញទៅ ។ តែកប្បកតាបសមិនទៅកាន់សំណាក់ពួកតាបសដទៃទេ លោក ស្នាក់ក្នុងទីដែលអាចឮដំណឹងរបស់អាចារ្យ ដែលនៅក្នុងទីមិនឆ្ងាយអំពីទីនោះ ។ ក្នុងកាលជាខាងក្រោយមក រោគក្នុងផ្ទៃកើតឡើងដល់អាចារ្យដែលចេះតែរលឹកដល់សិស្ស ។ ព្រះរាជាឲ្យពេទ្យទាំងឡាយថែរក្សាព្យាបាល, រោគនៅតែមិនស្ងប់ ។ តាបសទូលថា បពិត្រមហារាជ ព្រះអង្គប្រាថ្នាឲ្យអាត្មាស្ងប់ចាករោគដែរឬទេ ? ព្រះរាជាត្រាស់ថា បពិត្រលោកម្ចាស់ ប្រសិនបើអាច ខ្ញុំគប្បីធ្វើសេចក្ដីសុខដល់លោកម្ចាស់ ក្នុងកាលឥឡូវនេះឯង ។ កេសវតាបសពោលថា បពិត្រមហារាជ បើព្រះអង្គប្រាថ្នាសេចក្ដីសុខដល់អាត្មា សូមព្រះអង្គបញ្ជូនអាត្មាទៅកាន់សំណាក់អន្តេវាសិកចុះ ។ ព្រះរាជាត្រាស់ថា “ប្រពៃហើយ” រួចទ្រង់ឲ្យ គេដាក់កេសវតាបសដេកលើគ្រែ និងបញ្ជូនអាមាត្យ ៤ នាក់ ដែលមាននារទអាមាត្យជាប្រធានទថា អ្នកទាំងឡាយចូរដឹងការប្រព្រឹត្តទៅរបស់លោកម្ចាស់របស់យើង ហើយនាំដំណឹងមកប្រាប់យើង ។ កប្បកអន្តេវាសិកឮដំណើរមករបស់អាចារ្យ ធ្វើការទទួល កាល អាចារ្យសួរថា ពួកតាបសនៅឯណា ក៏ពោលថា បានឮថា ពួកតាបសនៅក្នុងទីឯណោះ ។ សូម្បីពួកតាបសកាលបានឮដំណើរមករបស់អាចារ្យ ក៏មកប្រជុំគ្នាត្រង់ទីនោះ ហើយប្រគេនទឹកក្ដៅ និងផលាផលដល់អាចារ្យ ។ រោគក៏រម្ងាប់ក្នុងខណៈនោះឯង ។ កេសវតាបសនោះមានសម្បុរដូចមាស ក្នុងកំឡុងពីរបីថ្ងៃប៉ុណ្ណោះ ។ ពេលនោះ នារទអាមាត្យសួរថា មនុស្សិន្ទំ ជហិត្វាន, សព្ពកាមសមិទ្ធិនំ; កថំ នុ ភគវា កេសី, កប្បស្ស រមតិ អស្សមេ។ កេសវតាបសមានព្រះភាគ (របស់យើងខ្ញុំ) នេះ លះបង់ព្រះបាទពារាណសី ជាធំជាងមនុស្ស អ្នកឲ្យសម្រេចសេចក្ដីប្រាថ្នាទាំងពួង ហើយត្រេកអរសប្បាយ ក្នុងអាស្រម របស់កូនសិស្សឈ្មោះកប្បៈ តើដោយឧបាយ ដូចម្ដេច ។ កេសវតាបសឆ្លើយថា សាទូនិ រមណីយានិ, សន្តិ វក្ខា មនោរមា; សុភាសិតានិ កប្បស្ស, នារទ រមយន្តិ មំ។ ម្នាលអាមាត្យ រសទាំងឡាយដ៏ឆ្ងាញ់ គួររីករាយក៏មាន ដើមឈើទាំងឡាយ ជាទីរីករាយចិត្តក៏មាន ពាក្យជាសុភាសិតទាំងឡាយរបស់កប្បៈ តែងធ្វើឲ្យអាត្មាត្រេកអរបាន ។ នារទអាមាត្យសួរទៀតថា សាលីនំ ឱទនំ ភុញ្ជេ, សុចិំ មំសូបសេចនំ; កថំ សាមាកនីវារំ, អលោណំ ឆាទយន្តិ តំ។ លោកម្ចាស់ឆាន់ចង្ហាន់ស្រូវសាលី ដែលលាយនឹងសាច់ដ៏ស្អាត ហេតុដូចម្ដេច បានជាស្រងែនិងស្មៅគៃលលកដែលមិនមានរសប្រៃសោះ ធ្វើឲ្យលោកម្ចាស់ត្រេកអរបាន ។ កេសវតាបសឆ្លើយថា សាទុំ វា យទិ វាសាទុំ, អប្បំ វា យទិ វា ពហុំ; វិស្សត្ថោ យត្ថ ភុញ្ជេយ្យ, វិស្សាសបរមា រសា។ បុគ្គលមានសេចក្ដីស្និទ្ធស្នាលបរិភោគភោជន ទោះបីឆ្ងាញ់ក្ដី មិនឆ្ងាញ់ក្ដី តិចក្ដី ច្រើនក្ដី ក្នុងកន្លែងណា ភោជន (ណាដែលបុគ្គលបរិភោគហើយក្នុងទីកន្លែងនោះ ជាភោជនប្រសើរ) ព្រោះរស មានសេចក្ដីស្និទ្ធស្នាលជាយ៉ាងក្រៃលែង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត ចូឡកុណាលវគ្គ កេសវជាតក បិដកលេខ ៥៨ ទំព័រ ២៣៥) ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ កាលទ្រង់ប្រជុំជាតក ទើបត្រាស់ថា តទា រាជា មោគ្គល្លានោ អហោសិ ព្រះរាជាក្នុងកាលនោះបានមកជាមោគ្គល្លាន នារទោ សារិបុត្តោ នារទៈបានមកជាសារិបុត្រ កប្បន្តេវាសិកោ អានន្ទោ អន្តេវាសិក ឈ្មោះកប្បកៈ បានមកជាអានន្ទ កេសវតាបសោ អហមេវ ចំណែកកេសវតាបសគឺតថាគតនេះឯង ។ (ធម្មបទដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ បុប្ផវគ្គ វិដដូភវត្ថុ) ដោយសដវថ ដោយ៥០០០ឆ្នាំ
images/articles/3284/4564yrtgfdsertytuyiuoiuytre.jpg
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០២៤ (អាន: ៣,១៥៤ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធលោលភិក្ខុមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យោ អត្ថកាមស្ស ដូច្នេះជាដើម ។ សេចក្ដីល្មោភរបស់ភិក្ខុនោះ នឹងមានជាក់ច្បាស់ក្នុងកាកជាតក (ចក្កវាកជាតក) ក្នុង នវកនិបាត ។ ក្នុងគ្រានោះ ភិក្ខុទាំងឡាយក្រាបទូលព្រះសាស្ដាថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះជាមនុស្សល្មោភ ។ លំដាប់នោះ ព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សល្មោភឬ ។ ភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះសាស្ដាត្រាស់ថា សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សល្មោភ ព្រោះហេតុនៃសេចក្ដីល្មោភ អ្នកដល់ការអស់ជីវិត សូម្បីបណ្ឌិតទាំងឡាយដោយអាស្រ័យអ្នក ក៏វិនាសចាកទីនៅរបស់ខ្លួន ដូច្នេះហើយ ទើបទ្រង់នាំអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វព្រាប ។ ក្នុងគ្រានោះ សេដ្ឋីក្រុងពារាណសីឲ្យគេព្យួរកញ្រ្ចែងដើម្បីការនៅជាសុខរបស់បក្សី ក្នុងទីនោះៗ ព្រោះសេចក្ដីត្រូវការបុណ្យ ។ សូម្បីនាយគ្រួរបស់សេដ្ឋីក្រុងពារាណសី ក៏ព្យួរកញ្ច្រែងមួយ នៅនឹងផ្ទះបាយរបស់ខ្លួន ព្រះពោធិសត្វសម្រេចការនៅក្នុងទីនោះ ។ ព្រាបពោធិសត្វនោះ ចេញទៅអំពីព្រឹក ត្រាច់ស្វែងរកអាហារ ហើយ ត្រឡប់មកក្នុងពេលល្ងាច កាលនៅក្នុងទីនោះ ញ៉ាំងពេលវេលាឲ្យអស់ទៅយ៉ាងនេះ ។ ថ្ងៃមួយ មានក្អែកមួយ កាលមកដល់ដំបូលផ្ទះបាយ បានធុំក្លិនត្រីនិងសាច់ហើយកើតសេចក្ដីល្មោភ គិតថា យើងអាស្រ័យនឹងអ្នកណាហ្ន៎ ទើបបានត្រីនិងសាច់នេះ ដូច្នេះហើយ ក៏ទំលើទីមិនឆ្ងាយ កាលរកមើល ឃើញព្រះពោធិសត្វដែលត្រឡប់មកក្នុងពេលល្ងាចចូលទៅកាន់ផ្ទះបាយ ទើបគិតថា យើងអាស្រ័យព្រាបនេះ នឹងបានត្រីនិងសាច់ គិតយ៉ាងនេះហើយ ក្នុងថ្ងៃស្អែក ក្អែកនោះមកអំពីព្រឹក ក្នុងកាលព្រះពោធិសត្វចេញទៅដើម្បីរកអាហារ ក៏ហើរទៅតាមក្រោយ ។ ព្រះពោធិសត្វពោលនឹងក្អែកថា នែសម្លាញ់ ព្រោះហេតុអ្វី អ្នកហើរតាមខ្ញុំ ។ ក្អែកពោលថា បពិត្រលោកម្ចាស់ ខ្ញុំពេញចិត្តនឹងកិរិយារបស់លោក ចាប់ពីពេលនេះទៅ ខ្ញុំនឹងបម្រើលោក ។ ព្រាបពោលថា នែសម្លាញ់ លោកមានអាហារដទៃ យើងមានអាហារដទៃ លោកមកបម្រើខ្ញុំ នឹងលំបាក ។ ក្អែកពោលថា បពិត្រលោកម្ចាស់ កាលលោកស្វែងរកអាហារ សូម្បីខ្ញុំក៏ស្វែងរកអាហារ ខ្ញុំនឹងទៅជាមួយលោក ។ ព្រាបទទួលថា ល្អហើយចឹង លោកគប្បីមិនប្រមាទអស់កាលទាំងពួងចុះ ។ ព្រះពោធិសត្វឲ្យឱវាទក្អែកយ៉ាងនេះហើយ កាលត្រាច់ទៅកាន់ទីគោចរ បានបរិភោគគ្រាប់ស្មៅជាដើម ។ កាលព្រះពោធិសត្វកំពុងស្វែងរកអាហារ ក្អែកហើរទៅ កកាយដុំអាចម៍គោ ចឹកស៊ីសត្វល្អិត ឆ្អែតពេញផ្ទៃហើយ ទើបមកកាន់សម្នាក់ព្រះពោធិសត្វ រួចពោលថា បពិត្រលោកម្ចាស់ លោកត្រាច់ទៅហួសកាលហើយ មិនគួរជាអ្នកមានឈ្មោះថា ល្មោភក្នុងអាហារឡើយ ដូច្នេះ កាលព្រះពោធិសត្វស្វែងរកអាហារ ហើយមកក្នុងពេលល្ងាច ក្អែក (ក៏ហើរមកតាម) ហើយចូលក្នុងរោងបាយជាមួយនឹងព្រះពោធិសត្វ ។ នាយចុងភៅពោលថា ព្រាបរបស់យើងនាំសត្វដទៃមក ដូច្នេះទើបដាក់កំប្រោង ដើម្បីក្អែកនោះ ។ ចាប់ពីពេលនោះ មកសត្វទាំង ២ ក៏បាននៅក្នុងទីនោះ ។ ថ្ងៃមួយ មានមនុស្សនាំត្រីនិងសាច់ជាច្រើន មកជូនសេដ្ឋី ។ នាយចុងភៅកាន់យកត្រីនិងសាច់នោះ ទៅព្យួរទុកក្នុងផ្ទះបាយ ។ ក្អែកឃើញត្រីនិងសាច់នោះហើយ កើតសេចក្ដីល្មោភចង់ស៊ី ហើយគិតថា ស្អែកនេះ យើងនឹងមិនទៅកាន់ទីគោចរទេ យើងនឹងស៊ីត្រីនិងសាច់នេះ ដូច្នេះទើបដេកថ្ងូរអស់មួយរាត្រី ។ ស្អែកឡើង ព្រះពោធិសត្វកាលទៅស្វែងរកអាហារ បានពោលនឹងក្អែកថា នែក្អែកសម្លាញ់ អ្នកចូរមក ។ ក្អែកពោលថា បពិត្រលោកម្ចាស់ លោកចូរទៅចុះ ខ្ញុំមានរោគឈឺពោះ ។ ព្រាបពោលថា នែសម្លាញ់ ឈ្មោះថា រោគឈឺពោះ មិនធ្លាប់មានដល់ពួកក្អែកក្នុងកាលណាឡើយ បណ្ដាយាមទាំង ៣ នៃរាត្រី សេចក្ដីឃ្លានតែងកើតក្នុងយាមនីមួយៗ សូម្បីកាលលេបប្រឆេះប្រទីប ការឆ្អែតរបស់ក្អែកទាំងនោះ រមែងមានតែមួយភ្លេត អ្នកប្រហែលជាចង់ស៊ីត្រីនិងសាច់នេះទេដឹង អ្នកចូរមក ឈ្មោះថាគ្រឿងបរិភោគរបស់មនុស្ស ជារបស់ដែលអ្នកស៊ីបានដោយក្រ អ្នកកុំធ្វើយ៉ាងនេះឡើយ អ្នកចូរទៅរកចំណីជាមួយនឹងយើង ។ ក្អែកពោលថា បពិត្រលោកម្ចាស់ ខ្ញុំមិនអាចចឹងទេ ។ ព្រាបពោលថា បើយ៉ាងនោះ អ្នកនឹងប្រាកដដោយកម្មរបស់ខ្លួន អ្នកកុំលុះក្នុងអំណាចលោភៈ ចូរជាអ្នកមិនប្រមាទចុះ ព្រះពោធិសត្វឲ្យឱវាទក្អែកដូច្នេះហើយ ក៏ទៅស្វែងរកចំណី ។ នាយចុងភៅតាក់តែងចម្អិនត្រីនិងសាច់ដ៏ប្លែក ដែលមានប្រការផ្សេងៗហើយ បើកភាជនៈបន្តិច ដើម្បីឲ្យចំហាយក្ដៅចេញ និងដាក់វែកសម្លលើគម្របភាជនៈ ហើយគាត់ចេញខាងក្រៅ ឈរជូតញើស ។ ក្នុងខណៈនោះ ក្អែកអើតក្បាលចេញពីកំប្រោង សម្លឹងមើលផ្ទះបាយ ដឹងថា ចុងភៅនោះចេញទៅហើយ ទើបគិតថា ឥឡូវនេះ សេចក្ដីប្រាថ្នារបស់យើងនឹងបានសម្រេច នេះជាកាលដើម្បីនឹងស៊ីសាច់ យើងត្រូវស៊ីសាច់ធំ ឬស៊ីសាច់តូចហ្ន៎ ដូច្នេះហើយក៏គិតឃើញថា ធម្មតាសាច់តូច មិនអាចនឹងឲ្យផ្ទៃពេញដោយឆាប់ឡើយ យើងនាំយកដុំសាច់ធំ មកដាក់ក្នុងកំប្រោងហើយដេកស៊ី គិតយ៉ាងនេះហើយ ក៏ហើរចេញពីកំប្រោង ទៅពួនក្នុងរោងបាយ ។ ក្អែកនោះធ្វើសំឡេងឲ្យលាន់ឮ ក្រិក្រិ ។ នាយចុងភៅស្ដាប់សំឡេងនោះហើយ គិតថា នេះជាសំឡេងអ្វី ទើបចូលទៅ បានឃើញក្អែក ហើយគិតថា ក្អែកអាក្រក់នេះ ចង់ស៊ីសាច់ឆ្អិនរបស់មហាសេដ្ឋី យើងរស់នៅដោយអាស្រ័យនឹងលោកសេដ្ឋី មិនមែនក្អែកពាលនេះទេ ប្រយោជន៍អ្វីដោយក្អែកនេះ ដូច្នេះទើបបិទទ្វារ ចាប់ក្អែកបាន ដករោមទាំងអស់ យកខ្ញីស្រស់បុកជាមួយនឹងអំបិលជាដើម ប្រឡាក់ដោយអម្ពិលនិងទឹកដោះជូរ យកមកលាបសរីរៈទាំងអស់របស់ក្អែក រួចបោះក្អែកនោះទៅក្នុងកំប្រោង ។ ក្អែកនោះត្រូវទុក្ខវេទនាមានប្រមាណដ៏ក្រៃលែងគ្របសង្កត់ ដេកថ្ងួចថ្ងូរ ។ ព្រះពោធិសត្វមកក្នុងវេលាល្ងាច ឃើញក្អែកនោះដល់នូវសេចក្ដីវិនាស ហើយពោលថា នែក្អែកល្មោភ អ្នកមិនធ្វើតាមពាក្យរបស់យើង ព្រោះអាស្រ័យលោភៈរបស់អ្នក ទើបអ្នកដល់នូវសេចក្ដីទុក្ខដ៏ធំ ដូច្នេះហើយ ទើបពោលគាថានេះថា យោ អត្ថកាមស្ស ហិតានុកម្បិនោ, ឱវជ្ជមានោ ន ករោតិ សាសនំ; កបោតកស្ស វចនំ អកត្វា, អមិត្តហត្ថត្ថគតោវ សេតិ។ បុគ្គលណា កាលលោកអ្នកប្រាថ្នាសេចក្តីចម្រើន អនុគ្រោះដោយប្រយោជន៍ ទូន្មាន មិនធ្វើតាមពាក្យប្រៀនប្រដៅ បុគ្គលនោះរមែងដេកសោកសៅ ដូចក្អែកតាំងនៅក្នុងកណ្តាប់ដៃនៃបុគ្គលជាសត្រូវ ព្រោះមិនធ្វើតាមពាក្យនៃសត្វព្រាប ។ បណ្ដាពាក្យទាំងនោះ ពាក្យថា ព្រោះមិនធ្វើ តាមពាក្យនៃសត្វព្រាប សេចក្ដីថា មិនធ្វើតាមពាក្យប្រៀនប្រដៅ ដែលប្រកបដោយប្រយោជន៍របស់ព្រាប ។ ពាក្យថា រមែងដេកសោកសៅ ដូចក្អែកតាំងនៅក្នុងកណ្តាប់ដៃនៃបុគ្គលជាសត្រូវ សេចក្ដីថា បុគ្គលនោះរមែងដល់សេចក្ដីវិនាសធំ ដេកសោយសោក ដូចជាក្អែកនេះដែលតាំងនៅក្នុងដៃសត្រូវ ដែលជាអ្នកធ្វើមិនជាប្រយោជន៍ ជាអ្នកធ្វើសេចក្ដីទុក្ខឲ្យកើតឡើង ។ ព្រះពោធិសត្វពោលគាថានេះហើយ ក៏ពោលទៀតថា ឥឡូវនេះ យើងមិនអាចនឹងនៅក្នុងទីនេះបានទៀតទេ ដូច្នេះទើបហើរទៅកាន់ទីដទៃ ។ ចំណែកក្អែកក៏បានស្លាប់ក្នុងទីនោះឯង ។ លំដាប់នោះ នាយចុងភៅយកកំប្រោងជាមួយនឹងក្អែកនោះ ទៅបោះចោលលើគំនរសំរាម ។ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីកាលមុន អ្នកក៏ជាមនុស្សល្មោភដែរ ហើយដោយអាស្រ័យសេចក្ដីល្មោភរបស់អ្នក បណ្ឌិតទាំងឡាយក៏បានសាបសូន្យចាកទីលំនៅដែរ ព្រះពុទ្ធអង្គបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសអរិយសច្ច ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ភិក្ខុនោះបានសម្រេចអនាគាមិផល ។ ព្រះសាស្ដាបន្តអនុសន្ធិ និងប្រជុំជាតកថា តទា កាកោ លោលភិក្ខុ អហោសិ ក្អែកក្នុងកាលនោះ បានមកជាលោលភិក្ខុបារាវតោ បន អហមេវ អហោសិំ ចំណែកព្រាប គឺ តថាគតនេះឯង ។ ចប់ កបោតជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អត្ថកាមវគ្គ បិដកលេខ ៥៨ ទំព័រ ១៩) ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3288/_________________________________.jpg
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០២៤ (អាន: ៨,៨៤៨ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធកោធនភិក្ខុ (ភិក្ខុក្រោធ) មួយរូប បានត្រាស់ព្រះជាតកនេះ មានពាក្យថា យោ តេ ហត្ថេ ច បាទេ ច ជាដើម ។រឿងរ៉ាវបច្ចុប្បន្នបានពោលមកក្នុងជាតកខាងក្រោយ ។ ព្រះសាស្ដាត្រាស់នឹងភិក្ខុ ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី អ្នកបួសក្នុងសាសនារបស់ព្រះពុទ្ធអ្នកមិនក្រោធ ហើយធ្វើនូវ សេចក្ដីក្រោធទៅវិញ បោរាណកបណ្ឌិតទាំងឡាយ សូម្បីមានខ្លួនត្រូវគេវាយ ១០០០ រំពាត់ និងមានដៃជើងត្រចៀកច្រមុះត្រូវគេកាត់ ក៏មិនធ្វើសេចក្ដីក្រោធ ចំពោះអ្នក ដទៃដែរ ហើយព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល ព្រះរាជាព្រះនាមកលាពុ សោយរាជសម្បត្តិក្នុងនគរពារាណសី ។ គ្រានោះ ព្រះពោធិសត្វកើតក្នុងព្រាហ្មណត្រកូល ដែលមានទ្រព្យ ៨០ កោដិ លោកជា មាណពឈ្មោះថា កុណ្ឌលកុមារ កាលចម្រើនវ័យឡើង ក៏ទៅនគរតក្កសិលា រៀនសិល្បសាស្ត្រទាំងពួង ហើយទុកដាក់ទ្រព្យ អំណើះឥតពីមាតាបិតាទៅ លោកសម្លឹងមើលគំនរ ទ្រព្យ ហើយគិតថា ពពួកញាតិរបស់យើង ញ៉ាំងទ្រព្យនេះឲ្យកើតឡើងហើយ ស្លាប់ទៅ ឥតយកតាមសោះ ចំណែកអញវិញ គួរណាស់តែយកទ្រព្យនោះទៅតាមឲ្យខាងតែបាន លុះគិតដូច្នេះហើយ លោកចាត់ចែងទ្រព្យទាំងអស់ឲ្យជាទាន បុគ្គលណាយកវត្ថុណា លោកឲ្យវត្ថុនោះ ហើយលោកចូលទៅព្រៃហិមពាន្តសាងផ្នួស ញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅ ដោយផលាផល នៅអស់កាលដ៏យូរ ទើបមកកាន់ផ្លូវមនុស្សដើម្បីសេពរសប្រៃនិងជូរ លោកទៅដល់នគរពារាណសីដោយលំដាប់ និងស្នាក់នៅក្នុងរាជឧទ្យាន ដល់ថ្ងៃស្អែក លោកត្រាច់បិណ្ឌបាតក្នុងទីក្រុង ក៏ទៅដល់ទ្វារនិវេសន៍របស់សេនាបតី ។ សេនាបតី ជ្រះថ្លានឹងឥរិយាបថរបស់ព្រះពោធិសត្វ ក៏និមន្តចូលក្នុងផ្ទះ ប្រគេនឲ្យឆាន់នូវភោជន ដែលគេបម្រុងដើម្បីខ្លួន ហើយឲ្យតាបសទទួលសេចក្ដីប្ដេជ្ញាហើយ និមន្តលោកឲ្យគង់ នៅក្នុងរាជឧទ្យាននោះឯង ។ តមកក្នុងថ្ងៃមួយ ស្ដេចកលាពុទ្រង់ស្រវឹងស្រា ហើយយាងទៅឧទ្យានដោយយស ដ៏ធំ ទាំងមានស្រ្ដីរបាំដែលឈ្លាសហែហមទៅផង ព្រះអង្គឲ្យគេក្រាលសយនាលើផ្ទាំង មង្គលសិលា ហើយទ្រង់ផ្ទំកើយភ្លៅស្រ្តីម្នាក់ ដែលជាទីស្រឡាញ់សព្វព្រះហឫទ័យ ។ ស្ត្រីរបាំទាំងឡាយដែលឈ្លាសក្នុងការច្រៀង ការប្រគំ និងការរាំជាដើម នាំគ្នាប្រគំ ចម្រៀងជាដើម មហាសម្បត្តិរបស់ស្ដេចកលាពុ ហាក់ដូចជាសក្កទេវរាជ (បានបន្តិច) ព្រះរាជាផ្ទំលក់ទៅ ។ លំដាប់នោះ ស្ត្រីរបាំទាំងឡាយគិតថា ពួកយើងប្រគំនិងចម្រៀងជាដើម ដើម្បី ព្រះរាជាណា ឥឡូវព្រះរាជានោះផ្ទំលក់ហើយ យើងនៅប្រគំចម្រៀងជាដើមធ្វើអ្វី គិតដូច្នេះហើយ ក៏ចោលគ្រឿងតន្ត្រីមានពិណជាដើមក្នុងទីនោះ ហើយនាំគ្នាដើរលេងក្នុងឧទ្យាន ពួកនាងត្រូវផ្កាឈើ ផ្លែឈើ និងត្រួយឈើជាដើមទាក់ទាញចិត្ត សប្បាយរីករាយក្នុងឧទ្យានយ៉ាងក្រៃលែង ។ គ្រានោះ ព្រះពោធិសត្វគង់នៅជាសុខក្នុងផ្នួស ទៀប គល់សាលព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយក្នុងឧទ្យាន មើលទៅដូចជាដំរីមត្តវរៈ ។ ពេលនោះ ស្ត្រីរបាំដែលត្រាច់ក្នុងឧទ្យាន ឃើញតាបសពោធិសត្វ ហើយបបួលគ្នាថា នាងទាំងឡាយចូរមកណេះ នៅជិតគល់ឈើនោះ មានបព្វជិតមួយអង្គគង់នៅ ទាន់ពេល ព្រះរាជាមិនទាន់តើន ពួកយើងនឹងទៅអង្គុយស្ដាប់ធម្មកថាខ្លះ ក្នុងសម្នាក់បព្វជិតនោះ បបួលគ្នាដូច្នេះហើយ ក៏នាំគ្នាទៅថ្វាយបង្គំ អង្គុយចោមរោមតាបស រួចពោលថា សូម លោកម្ចាស់សម្ដែងអ្វីដែលគួរ ដល់ខ្ញុំម្ចាស់ទាំងឡាយ ។ ព្រះពោធិសត្វក៏សម្ដែងធម៌ដល់ពួកនាងទាំងនោះ ។ លំដាប់នោះ ស្ត្រីដែលព្រះរាជាផ្ទំកើយនោះ កម្រើកភ្លៅ បណ្ដាលឲ្យព្រះរាជាភ្ញាក់ ឡើង ។ បន្ទាប់ពីភ្ញាក់ហើយ ព្រះរាជាមិនឃើញស្ត្រីទាំងឡាយ ទ្រង់សួរថា តើពួកមេចង្រៃទៅណា អស់ហើយ ។ស្រ្តីនោះក្រាបទូលថា បពិត្រមហារាជ ស្ត្រីទាំងនោះទៅអង្គុយ ចោមរោមតាបស មួយអង្គ ។ព្រះរាជាក្រោធ ហើយចាប់ព្រះខាន់ យាងទៅយ៉ាងលឿន ដោយត្រាស់ថា អញ នឹងប្រដៅជដិលកោងនោះឲ្យដឹងដៃម្ដង ។ពេលនោះ ស្ត្រីទាំងឡាយឃើញព្រះរាជាយាងមកទាំងកំហឹង បណ្ដាស្រ្តីទាំងនោះ ស្ត្រីដែលស្និទ្ធស្នាលជាងគេ ទៅចាប់ដាវពីព្រះហស្តរបស់ព្រះរាជា លួងលោមព្រះរាជាឲ្យ ស្ងប់កំហឹង ។ព្រះរាជាយាងមកហើយ ឈរក្នុងសម្នាក់ព្រះពោធិសត្វ ត្រាស់សួរថា នែសមណៈ លោកជាវាទីអ្វី (មានវាទៈដូចម្ដេច) ? ព្រះពោធិសត្វទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី (អ្នកពោលពីខន្តី) ។ព្រះរាជាសួរថា ឈ្មោះថា ខន្តីនោះ ជាអ្វី ?ព្រះមហាសត្វទូលថា សេចក្ដីមិនក្រោធ ក្នុងបុគ្គលដែលជេរ ក្នុងបុគ្គលផ្ដាសា និងក្នុងបុគ្គលដែលវាយប្រហារ (មកលើខ្លួន) ។ស្ដេចកលាពុត្រាស់ថា ឥឡូវនេះ យើងនឹងមើលនូវភាពនៃការមានខន្តីរបស់អ្នក ។ ព្រះរាជាត្រាស់ដូច្នេះហើយបង្គាប់ឲ្យគេហៅចោរឃាតក ។ ពេជ្ឈឃាដនោះ ដោយ ចារិត្តរបស់ខ្លួន គេកាន់ពូថៅ និងរំពាត់ខ្សែតីដែលមានបន្លា ស្លៀកសំពត់កាសាយៈ ទ្រទ្រង់ កម្រងផ្កាក្រហម មកថ្វាយបង្គំព្រះរាជា សួរថា បពិត្រព្រះសម្មតិទេព តើឲ្យទូលបង្គំធ្វើអ្វី? ព្រះរាជាត្រាស់ថា ឯងចូរចាប់តាបសចោរដ៏គម្រក់នេះ ទាញទៅផ្ដួលលើដី យក រំពាត់ខ្សែតី វាយ ២០០០ ខ្វាប់ ក្នុងចំណែកទាំង ៤ គឺពីខាងមុខ ពីក្រោយ និងសងខាង ។អ្នកសម្លាប់ចោរក៏ធ្វើយ៉ាងនោះ ។ ព្រះពោធិសត្វរលាត់ស្បែកសម្បុរថ្ងៃ និងស្បែក ដាច់សាច់ ហូរឈាម ។ព្រះរាជាត្រាស់សួរព្រះពោធិសត្វម្ដងទៀតថា នែភិក្ខុ លោកជាវាទីអ្វី ? ខន្តិវាទីតាបសទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី ។ ព្រះមហាសត្វពោលទៀតថា ព្រះអង្គសម្គាល់ថា ខន្តីនៅក្នុងចន្លោះស្បែករបស់អាត្មាឬ ខន្តីមិនមានក្នុងចន្លោះ ស្បែករបស់អាត្មាទេ ព្រះអង្គមិនអាចទតឃើញឡើយ ខន្តីនោះឋិតនៅក្នុងចន្លោះបេះដូង អាត្មា ។ ពេជ្ឈឃាដទូលសួរព្រះរាជាទៀតថា តើទូលបង្គំធ្វើដូចម្ដេច ?ព្រះរាជាត្រាស់ថា ឯងចូរ​កាត់​ដៃទាំងពីររបស់ជដិលកោងនេះ ។ ចោរឃាតករនោះកាន់ពូថៅ ចាប់ដៃតាបសដាក់លើកំណាត់ឈើ ហើយកាត់ដៃព្រះពោធិសត្វ ។ បន្ទាប់មក ព្រះរាជាត្រាស់បង្គាប់ទៀតថា ចូរឲ្យកាត់ជើងទាំងពីរ, ចោរឃាតកក៏កាត់ជើង ។ ឈាមហូរចេញពីចុងដៃនិងចុងជើង បីដូចទឹកល័ក្ត (ពណ៌ក្រហម) ហូរ ចេញអំពីប្រហោងឆ្នាំង ។ ស្ដេចកលាពុត្រាស់សួរតាបសម្ដងទៀតថា តើអ្នកជាវាទីអ្វី ? ខន្តិវាទីតាបសពោធិសត្វទូលថា បពិត្រមហារាជ អាត្មាភាពជាខន្តិវាទី ព្រះអង្គ សម្គាល់ថា ខន្តីមាននៅនឹងចុងដៃនិងចុងជើងរបស់អាត្មាឬ ខន្តីមិនមាននៅទីនោះទេខន្តីរបស់អាត្មា ឋិតនៅក្នុងទីជ្រៅណាស់ ។ ព្រះរាជាត្រាស់បញ្ជាពេជ្ឈឃាដថា ឯងចូរកាត់ត្រចៀកនិងច្រមុះតាបសនេះ ។ ចោរឃាតកនោះបានកាត់ត្រចៀកនិងច្រមុះរបស់ព្រះតាបស ។ ខ្លួនប្រាណទាំងអស់ របស់ព្រះពោធិសត្វ ប្រឡាក់ទៅដោយឈាម ។ ព្រះរាជាត្រាស់សួរព្រះមហាសត្វម្ដងទៀតថា តើលោកជាវាទីអ្វី ?ព្រះមហាសត្វទូលថា បពិត្រមហារាជ អាត្មាភាពជាខន្តិវាទី ។ ព្រះអង្គកុំសម្គាល់ ថា ខន្តីនៅចុងត្រចៀកនិងច្រមុះឲ្យសោះ ខន្តីរបស់អាត្មាតាំងនៅក្នុងចន្លោះ បេះដូង ដ៏ជ្រោះ ។ ព្រះរាជាត្រាស់ថា នែជដិលកោង ចូរអង្គុយលើកខន្តីរបស់អ្នកចុះ ត្រាស់ហើយ ព្រះរាជាធាក់ដើមទ្រូងតាបសមួយជើង រួចទ្រង់យាងចេញទៅ ។ ពេលព្រះរាជាយាងទៅហើយ សេនាបតីបានទៅជូតឈាមពីសរីរៈ របស់ ព្រះពោធិសត្វ ដោះសំពត់មករុំរបួសចុងដៃ ចុងជើង ត្រចៀក និងច្រមុះ រួចលើក ព្រះពោធិសត្វឲ្យអង្គុយសន្សឹមៗ ថ្វាយបង្គំតាបសរួច អង្គុយទីដ៏សមគួរមួយ ហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន បើលោកម្ចាស់ប្រាថ្នាក្រោធ សូមលោកម្ចាស់ក្រោធចំពោះតែព្រះរាជាមួយអង្គ ដែលទ្រង់បានធ្វើកំហុសចំពោះលោកម្ចាស់ លោកម្ចាស់កុំ ក្រោធអ្នកដទៃឡើយ ដូច្នេះហើយ កាលនឹងអង្វរតាបស ទើបពោលគាថាទី ១ ថា ៖ យោ តេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ; តស្ស កុជ្ឈ មហាវីរ, មា រដ្ឋំ វិនសា ឥទំ។ បពិត្រលោកមានព្យាយាមធំ ព្រះរាជាណាកាត់ព្រះហស្តទាំងពីរក្ដី កាត់ព្រះបាទទាំងពីរក្ដី កាត់ត្រចៀកនិងច្រមុះក្ដី របស់លោក ខ្ញាល់ចំពោះបុគ្គលនោះចុះ សូមលោកកុំញ៉ាំងដែននេះឲ្យវិនាសឡើយ ។ បទថា មហាវីរ បានដល់ មហាវីរិយៈ ។ បទថា មា រដ្ឋំ វិនសា ឥទំ សេចក្ដីថា សូមលោកកុំញ៉ាំងកាសិរដ្ឋដែលមិនមានកំហុសនេះ ឲ្យវិនាសឡើយ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា យោ មេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ; ចិរំ ជីវតុ សោ រាជា, ន ហិ កុជ្ឈន្តិ មាទិស។ ព្រះរាជាណា កាត់ដៃទំាងពីរក្ដី កាត់ជើងទាំងពីរក្ដី កាត់ត្រចៀកនិងច្រមុះក្ដី របស់អាត្មា សូមឲ្យព្រះរាជានោះ ទ្រង់មានព្រះជន្មយឺនយូរ ពួកអ្នកប្រាជ្ញដូចយ៉ាងអាត្មា មិនខឹងឡើយ ។ បទថា មាទិស (ដូចយ៉ាងអាត្មា) សេចក្ដីថា បណ្ឌិតដែលដល់ព្រមដោយខន្តិពលៈ ដូចយ៉ាងអាត្មា រមែងមិនក្រោធ (ដោយអាង) ថា អ្នកនេះបានជេរអញ ផ្ដាសាអញ វាយអញ កាប់អញ ទម្លាយអញ ដូច្នេះឡើយ ។ កាលព្រះរាជាយាងចេញពីឧទ្យាន គ្រាន់តែផុតពីក្រសែភ្នែក របស់ព្រះពោធិសត្វប៉ុណ្ណោះ មហាប្រឹថពីនេះដែលមានកម្រាស់ ២ សែន ៤ ម៉ឺន យោជន៍ បានបែករហែក បីដូចសំពត់ដែលគេដេរភ្លាត់, អណ្ដាតភ្លើងចេញពីអវិចីនរក ឆាបត្របាក់ចាប់យក ព្រះរាជា ហាក់ដូចត្រូវគេរុំដណ្ដប់ដោយសំពត់កម្ពលពណ៌ក្រហម ដែលជាអំណោយរបស់ ត្រកូល ។ ព្រះរាជានោះ ត្រូវផែនដីស្រូបនៅទៀបទ្វារឧទ្យាននោះឯង ហើយឋិតនៅក្នុង អវីចិមហានរក ។ សូម្បីព្រះពោធិសត្វក៏ធ្វើកាលកិរិយាក្នុងថ្ងៃនោះដែរ ។ រាជបរិស័ទ ទាំងឡាយ និងអ្នកនគរទាំងឡាយមានដៃកាន់គ្រឿងក្រអូប ផ្កាកម្រង និងធូប នាំគ្នាមក ហើយធ្វើសរីរកិច្ចរបស់ព្រះពោធិសត្វ ។ ចំណែកអាចារ្យពួកខ្លះពោលថា ព្រះពោធិសត្វ ទៅព្រៃហិមពាន្តវិញ ។ តែពាក្យនោះ មិនពិតទេ ។ ព្រះសាស្ដាត្រាស់អភិសម្ពុទ្ធគាថាពីរនេះថា អហូ អតីតមទ្ធានំ, សមណោ ខន្តិទីបនោ; តំ ខន្តិយាយេវ ឋិតំ, កាសិរាជា អឆេទយិ។ សមណៈ ជាអ្នកសំដែងនូវខន្តី មានហើយក្នុងអតីតកាល ព្រះបាទកាសី ទ្រង់ត្រាស់ឲ្យចោរឃាតកបុរសសម្លាប់សមណៈនោះ អ្នកតាំងនៅក្នុងខន្តី ។ តស្ស កម្មផរុសស្ស, វិបាកោ កដុកោ អហុ; យំ កាសិរាជា វេទេសិ, និរយម្ហិ សមប្បិតោ។ ព្រះបាទកាសី តាំងនៅក្នុងនរក សោយនូវផលនៃកម្មណា ផលនៃកម្មអាក្រក់នោះ ជាផលក្ដៅក្រហាយ ។ បទថា អតីតមទ្ធានំ សេចក្ដីថា ក្នុងអតីតកាលដ៏យូរលង់ណាស់ហើយ ។ បទថា ខន្តិទីបនោ សេចក្ដីថា អ្នកពណ៌នាអំពីអធិវាសនខន្តី (ការប៉ិនអត់ទ្រាំយ៉ាងក្រៃលែង, ខន្តីមានកម្លាំង, ខន្តីយ៉ាងឧក្រិដ្ឋ ) ។ បទថា អឆេទយិ សេចក្ដីថា ឲ្យចោរឃាតកសម្លាប់ ។ ចំណែកអាចារ្យពួកខ្លះពោលថា ដៃ ជើង ត្រចៀក និងច្រមុះរបស់ព្រះពោធិសត្វ ត្រូវបានតភ្ជាប់វិញ ។ សូម្បីពាក្យនោះក៏មិនពិតដែរ ។ បទថា សមប្បិតោ បានដល់ តាំងនៅ ។ ព្រះសាស្ដានាំធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ទីបញ្ចប់នៃសច្ចធម៌ ភិក្ខុអ្នកក្រោធនោះ បានតាំងនៅក្នុងអនាគាមិផល ចំណែកជនដទៃ ច្រើនទៀតបានសម្រេចសោតាបត្តិផលជាដើម ។ តទា កលាពុរាជា ទេវទត្តោ អហោសិ ស្ដេចកលាពុក្នុងកាលនោះបានមក ជាទេវទត្ត សេនាបតិ សារិបុត្តោ សេនាបតីបានមកជាសារីបុត្រ ខន្តិវាទី តាបសោ បន អហមេវ អហោសិំ ចំណែកខន្តិវាទីតាបស គឺតថាគតនេះឯង ។ ខន្តិវាទីជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៩) ថ្ងៃ ពុធ ១០ កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៩ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/1139/56terethhhrrr.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ១២,៨៣៣ ដង)
រឿង​សញ្ចីវ​មាណព (ចាក ស. ឯ.) (​សង្គ្រោះ​អសប្បុរស នឹង​វិនាស​ខ្លួន​ដោយ​ពិត) កាល​កន្លង​ទៅ​ហើយ មាន​មាណព​ម្នាក់​ឈ្មោះ​សញ្ជីវះ បាន​សិក្សា​មន្ត​វិជ្ជា​ការ​ជា​មួយ​នឹង​សិស្ស​៥០០​រូប​ក្នុង​សំណាក់​អាចារ្យ​ទិ​សាបាមោក្ខ នា​ក្រុង​ពារាណសី។ សញ្ជីវ​មាណព​បាន​សុំ​លោក​អាចារ្យ​រៀន​មន្ត​ប្រស់​សត្វ​ស្លាប់​ ឲ្យ​រស់​មក​វិញ។ លុះ​មន្ត​វិជ្ជា​សាស្ត្រ​បាន​សម្រេច​ហើយ ថ្ងៃ​មួយ​មាណព​នោះ បាន​ចូល​ទៅ​រក​អុស​ ក្នុង​មហា​វ័ន​ជា​មួយ​នឹង​សិស្ស​នានា បាន​ប្រទះ​ខ្លា​ស្លាប់​១ ក៏​ពោល​ប្រាប់​គេ​ថា ភឿន​ទាំង​ឡាយ ចាំ​មើល​ខ្ញុំ​ប្រស់​សាក​មើល​ចុះ រួច​គេ​រត់​ឡើង​ដើម​ឈើ​ទាំង​អស់​គ្នា​ទៅ ។ សញ្ជីវ​មាណព​ក៏​តាំង​រាយ​មន្ត​ប្រស់​ខ្លា​នោះ ហើយ​យក​ម្រាម​ដៃ​ផ្ទាត់​ផង ។ ខ្លា​ក៏​រស់​ឡើង​ភ្លាម ហើយ​ស្ទុះ​ទៅ​ខាំ​មាណព​នោះ​ស្លាប់​ទើប​ដួល​គ្រុប​ទៅ​វិញ ។ ខ្លា​នឹង​មាណព​ក៏​ស្លាប់​ក្នុង​ទី​ជា​មួយ​គ្នា ក្នុង​ពេល​នោះ​ឯង ។ សិស្ស​ទាំង​ឡាយ​ ក៏​នាំ​រឿង​នោះ មក​ជម្រាប​អាចារ្យ​ៗ ក៏​ពោល ថា​នែ​អ្នក​ទាំង​ឡាយ​ ជន​ណា​ដែល​បាន​លើក​ដំកើង​ សង្គ្រោះ​អសប្បុរស ហើយ​ធ្វើ​សក្ការះ​រាប់​អាន​ក្នុង​ទី​មិន​សម​គួរ ជន​នោះ​តែង​តែ​បាន​សេចក្តី​ទុក្ខ​លំបាក​វិនាស​ខ្លួន​ប្រាណ​ សាប​សូន្យ ចាក​ជីវិត​ដូច​ជា សញ្ជីវ​មាណព​នេះ​ជា​កំណត់​ព្រោះ​អសប្បុរស មើល​មិន​ឃើញ​អ្នក​សង្គ្រោះ​ទេ ទើប​ពោល​គាថា ត​ទៅ​ទៀត​ថាៈ អសន្តំ យោ បគ្គណ្ហាតិ អសន្តមូប​សេវតិ តមេវ​ ឃាសំ កុរុតេ ព្យគ្ឃោ សញ្ជីវកំ យថា ។ អ្នក​ណា​លើក​ដំកើង​នឹង​គប់​រក​អសប្បុរស អសប្បុរស​នោះ តែង​តែ​ធ្វើ​អ្នក​ដំកើង ឲ្យ​ទៅ​ជា​ចំណី​របស់​ខ្លួន​ដូច​ខ្លា​នឹង​មាណព​ឈ្មោះ​សញ្ជីវះ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1140/Untitled-1-Recovered.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ១៣,៦៧១ ដង)
រឿង​ព្រះ​អសោក​នឹង​អគ្គមហេសី (ចាក គ. ម.) (​អានិសង្ស​នៃ​ការ​ប្រគេន​ទឹក​ឃ្មុំ​នឹង​ចង្អុល​បង្ហាញ​ផ្លូវ) កាល​កន្លង​ទៅ​ហើយ ក្នុង​ក្រុង​ពារាណសី មាន​ឈ្មួញ​ទឹក​ឃ្មុំ​ម្នាក់​អង្គុយ​លក់​រាន​ផ្សារ ។ គ្រា​នោះ​មាន​ព្រះ​បច្ចេក​ពុទ្ធ​មួយ​កើត​រោគ​ដំបៅ មាន​ព្រះ​បច្ចេក​ពុទ្ធ​នោះ ទើប​ចុះ​ពី​ភ្នំ​គន្ធ​មាទន៍​មក​កាន់​ក្រុង​ពារាណសី ។ ពេល​នោះ​មាន​កុម្ត​ទាសី​ម្នាក់​ ដើរ​កាន់​ក្អម​សំដៅ​ទៅ​ស្ទឹង​ បាន​ជួប​នឹង​ព្រះ​បច្ចេក​ពុទ្ធ​អង្គ​នោះ ក៏​ទូល​សួរ​តាម​ដំណើរ
images/articles/1145/Untitled-1-Recovered.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ២២,៤២៧ ដង)
រឿង​បិបួលិ​មាណព (ចាក អ. ក.) (ឧបនិស្ស័យ​ដាស់​តឿន​ហើយ ចំណង​ឃរ​ពន្ធន៍​គង់​របូត​ឯង) ក្នុង​ក្រុង​រាជ​គ្រឹះ មាន​មាណព​ម្នាក់​ឈ្មោះ​បិបួលិ អាយុ​២០​ឆ្នាំ មាន​បុណ្យ​វាសនា​ជា​អស្ចារ្យ ជា​បុត្រ​កបិល​ព្រាហ្មណ៍ ។ ថ្ងៃ​មួយ​មាតាបិតា គិត​រក​ភរិយា​ឲ្យ​ ទើប​បញ្ជូន​ព្រាហ្មណ៍​៨​នាក់ បាន​យក​គ្រឿង​បណ្ណាការ ដើរ​សំដៅ​ទៅ​នគរ​សាគល ។ ក្នុង​នគរ​នោះ មាន​ធីតា​ម្នាក់​ឈ្មោះ​នាង​ភទា្ទ​កាបិលានី មាន​អាយុ​១៦​ឆ្នាំ
images/articles/1150/______________________________.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ១២,៨៩១ ដង)
រាហុលសូត្រ បិដក​លេខ ៥៥ ទំព័រ ១០៧ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ព្រះ​រាហុល​ថាៈ កច្ចិ អភិណ្ហសំវាសា នាវជានសិ បណ្ឌិតំ ឱក្កាធារោ មនុស្សានំ កច្ចិ អបចិតោ តយា ។ អ្នក​មិន​មើល​ងាយ​អ្នក​ប្រាជ្ញា ព្រោះ​តែ​នៅ​រួម​គ្នារឿយ​ៗ ទេ ឬ​បុគ្គល​អ្នក​ទ្រោល​គប់​ភ្លើង បំភ្លឺ​ដល់​ពួក​មនុស្ស អ្នក​កោត​ក្រែង​ដែរ ឬ ។ ព្រះ​រាហុល​ដ៏​មាន​អាយុ​ក្រាប​ទូល​ថាៈ ទាហំ អភិណ្ហសំវាសា អវជានាមិ បណ្ឌិតំ ឱក្កាធារោ មនុស្សានំ និច្ចំ អបចិតោ មយា ។ ខ្ញុំ​ព្រះ​អង្គ​មិន​មើល​ងាយ​អ្នក​ប្រាជ្ញ​ព្រោះ​តែ​នៅ​រួម​គ្នារឿយ​ៗ ទេ បុគ្គល​អ្នក​ទ្រោល​គប់​ភ្លើង​ដល់​ពួក​មនុស្ស ខ្ញុំ​ព្រះ​អង្គ​កោត​ក្រែង​ជា​និច្ច ។ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ប្រទាន​ឱវាទ​ដល់​ព្រះ​រាហុល​ថាៈ បញ្ច កាមគុណេ ហិត្វា បិយរូបេ មនោរមេ សទ្ធាយ ឃរា និក្ខម្ម ទុក្ខស្សន្តករោ ភវ ។ អ្នក​ចូរ​លះ​នូវ​កាម​គុណ ៥ មាន​សភាព​ដជាទី​ស្រឡាញ់ ជា​ទី​ត្រេកអរ នៃ​ចិត្ត ចេញ​ចាក​ផ្ទះ​មក​បួស​ដោយ​សទ្ធា​ហើយ អ្នក​ចូរ​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​ចុះ ។ មិត្តេ ភជស្សុ កល្យាណេ បន្តញ្ច សយនាសនំ វិវិត្តំ អប្បនិគ្យោសំ មត្តញ្ញូ ហោហិ ភោជនេ ។ អ្នក​ចូរ​គប់​រក នូវ​កល្យាណ​មិត្ត និង​ទី​ដេក ទី​អង្គុយដែល​ស្ងប់​ស្ងាត់ មិន​មាន​សំឡេង​គឹក​កង ចូរ​ជា​អ្នក​ស្គាល់​ប្រមាណ​ក្នុង​ភោជន ។ ចីវរេ បិណ្ឌបាតេ ច បច្ចយេ សយនាសនេ ឯតេសុ តណ្ហមាកាសិ មា លោកម បុនរាគមិ ។ អ្នក​កុំ​ធ្វើ​បំណង ក្នុង​បច្ច័យ​ទាំង​នេះ គឺ​ចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ​សេនាសនប្បច្ច័យ និង​គិលាន​ប្បច្ច័យ​ឡើយ កុំ​ត្រឡប់​មក​កាន់​លោក​ទៀត​ឡើយ ។ សំវុតោ បាតិមោក្ខស្មី ឥន្ទ្រិយេសុ ច បញ្ជសុ សតី កាយគតា ត្យត្ថុ និព្វិទាពហុលោ ភវ ។ អ្នក​ចូរ​សង្រួម​ក្នុង​បាតិមោក្ខផង ក្នុង​ឥន្ទ្រិយ​ទាំង​៥ ផង ចូរ​មាន​ស្មារតី ប្រព្រឹត្តទៅ​ក្នុង​កាយ ចូរ​ជា​បុគ្គល​ច្រើន​ដោយ​សេក្តី​នឿយ​ណាយ ។ និមិត្តំ បរិវជ្ជេហិ សុភំ រាគូបសញ្ហិតំ អសុភាយ ចិត្តំ ភាវេហិ ឯកគ្គំ សុសមាហិតំ អនិមិត្តញ្ច ភាវេហិ មានានុសយមុជ្ជហ តតោ មានាភិសមយា ឧបសន្តោ ចរិស្សសីតិ ។ អ្នក​ចូរ​លះ​នូវ​សុភនិមិត្ត ដែល​ប្រកប​ដោយ​រាគៈ ចូរ​ចម្រើន​ចិត្ត​ដោយ​អសុភ ឲ្យ​ជា​ចិត្ត​មូល​តែ​មួយ តាំង​មាំ​ដោយ​ប្រពៃ មួយទៀត ចូរ​ចម្រើន​នូវ​អិមិត្តមូល​តែ​មួយ តាំង​មាំ​ដោយ​ប្រពៃ មួយ​ទៀត​ ចូរ​ចម្រើន​នូវ​អនិមិត្តវិបស្សនា ចូរ​លះ​នូវ​អនុស័យគឺ​មានះ​លំដាប់​ត​អំពី​នោះ អ្នក​នឹង​ប្រព្រឹត្តស្ងប់​រម្ងាប់ ព្រោះ​លះ​បង់​មានះ ។ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ទូន្មាន ព្រះ​រាហុល​ដ៏​មាន​អាយុ​ជា​រឿយ​ៗ ដោយ​គាថា​ទាំង​នេះ ដោយ​ប្រការ​យ៉ាង​នេះ ឯង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅៈ ទានកថា រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថតបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/655/Untitled-1.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ៣៣,៣៥០ ដង)
រឿងសត្វមៀម ( ចាក អ. ចូ. ) ( ជ្រះថ្លាចំពោះ​ព្រះពុទ្ធ តែងរួចចាកទុក្ខសព្វយ៉ាង ) សេច​ក្តី​ដំ​ណាល​ថា​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​គង់​អា​ស្រ័យ​ក្នុង​ ឥន្ទ​សាល​គុ​ហា​នា​វេ​ទី​យក​បព៍​ត​ ។ គ្រា​នោះ​មាន​សត្វ​មៀម​មួយ​
images/articles/657/Untitled-1.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ២៧,៤៤៦ ដង)
តាមព្រះពុទ្ធ​តម្រាស់ដែល​ត្រាស់​ដល់​ព្រះមាលុក្យបុត្រថា៖ តំ កឹ មញ្ញសិ មាលុក្យបុត្ត យេ តេ ចក្ខុវិញ្ញេយ្យា រូបា អទិដ្ឋា អទិដ្ឋាបុព្វា ។ ន ច បស្សសិ ។ ន ច តេ ហោតិ បស្សេយ្យន្តិ ។ អត្ថិ តេ តត្ថ ឆន្ទោ វា រាគោ វា បេមំ វា ៕
images/articles/669/Untitled-1.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ៣១,៥៣២ ដង)
រឿង​ខេម​កសេដ្ឋីបុត្រ ( ចាក​ ធ. ខុ. ) (​ ផល​នៃសេចក្តី​​ប្រាថ្នា​ខុស​​គន្លង​ធម៏​ ជា​ទោស​​ក្នុង​លោក ) កាល​ព្រះ​​សាស្តាគង់​​នៅ​វត្ត​ជេត​ពន ព្រះ​អង្គ​ទ្រង់​ប្រារព្ធ​នឹង​សេដ្ធី​ម្នាក់​ឈ្មោះ​ ខេមក ជា​ក្មួយ​អនា​ថ​បិណ្ឌិក ។ មាន​សេចក្តី​ដំ​ណាល​ថា​
images/articles/670/Untitled-1.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ២៣,៩១៨ ដង)
រឿង​អម្ព​តាបស (​ ចាក អ. ជា ) ( សេចក្តី​សង្គ្រោះ​ ជា​មហា​ស្នេហ៍ពូ​កែ​បំផុតក្នុង​លោក ) ក្នុង​​អ​វ​សរ​​ដែល​​កន្លង​​ទៅ​ហើយ មាន​ព្រះ​រាជា​មួយ​អង្គ​ព្រះ​នាម​ព្រ​ហ្ម​ទត្ត​ សោយ​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណ​សី​ ។ កាល​នោះ​​ព្រះ​សម្ពុទ្ធ​បរម​គ្រូ
images/articles/671/Untitled-1.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ២៣,៨១៣ ដង)
រឿង​អាយ​ល​ម្ពាយ​ចាប់​ពស់ ( ចាក ម. វា. ) ( គុណ​នៃព្រះ​រតន​ត្រ័យ​ ជា​ឪ​សថ​វិ​សេស​បំផុត​ក្នុង​លោក​ ) កាល​សាស​នា​ព្រះ​សម្ពុទ្ធ​ព្រះនាម​កស្សប ព្រះ​អង្គ​បរិ​និ​ព្វាន​ហើយ​ ។ កាល​នោះ​មាន​ពួក​ពុទ្ធ​បរិ​ស័ទ​នាំ​គ្នា​សាង​ព្រះ​ចេ​តិយ​មាស​វិ​ចិត្រ​ដោយ​កែវ​ ៧ប្រ​ការ​កំពស់​ ១ យោជន៏ ។ មនុស្ស​ទាំង​ឡាយ​ក្នុង​សម័យ​នោះ​ច្រើន​ជា​សម្មា​ទិដ្ធិ តែង​សូត្រ​ធម៌​រំ​ឮក​គុណ​ព្រះ​រតន​ត្រ័យ​ថា​ ៖ នមោ​ ពុទ្ធាយ នមោ ធម្មាយ នមោ សង្ឃាយ ដូច្នេះ​គ្រប់​ៗគ្នា ។ កាល​នោះ​មាន​ព្រាន​ម្នាក់​ធ្វើ​អាយ​លម្ពាយ​ចាប់ពស់ ជា​មនុស្ស​មិ​ច្ឆា​ទិដ្ធិ មិន​ជ្រះ​​ថ្លា​ក្នុង​គុណ​ព្រះ​រតន​ត្រ័យ​ ត្រេក​អរ​តែ​ក្នុង​ការ​ចាប់​ពស់​ លុះចាប់​បាន​ហើយ​យក​មក​បង្រៀន​ឲ្យ​លេ​ង​ល្បែង​ផ្សេង​ៗ ជួល​ឲ្យ​អ្នក​នគរ​មើល​យក​ថ្លៃ​ឈ្នួល​ចិ​ញ្ចឹម​ជី​វិត ។​ថ្ងៃមួយ​​​អាយលម្ពាយ​ ឮ​ពួក​ពុទ្ធ​បរិ​ស័ទ នាំ​គ្នា​​សូត្រ​ថា​ ៖ ​នមោ​ ពុទ្ធាយ​ ដូច្នេះ ក៏​សើច​ចំ​អក​ធ្វើត្រាប់​តាម​ ហើយ​ដើរ​ទៅ​រក​ចាប់​ពស់​ក្បែរ​ដំ​បូក​មួយ​ ។ គ្រា​នោះ​មាន​នាគ​រាជ​មួយ​ មាន​ឫ​ទ្ធិ​ច្រើ​ន​ជ្រះ​ថ្លា​ក្នុង​គុណ​ព្រះ​រតន​ត្រ័យ បាន​ទៅ​​បូជា​គោរព​ព្រះ​ចេតិយ​ដែល​បញ្ចុះ​ព្រះ​សារី​រិក​ធាតុ​ ព្រះ​សម្ពុទ្ធ​ព្រះ​នាម​កស្សប ។ គោរព​បូជា​ព្រះ​ចេតិយ​ហើយ​លូន​ត្រឡប់​ទៅ​វិញ​ ក៏​ជួប​នឹង​អាយល​ម្ពាយ​ ៗ ឃើញ​នាគរាជ​នោះ​ស្ទុះ​ចូល​ទៅ​ជិត​ហើយ​រាយ​មន្ត​ដើម្បី​នឹង​ចាប់​ ។ នាគរាជ​ឮ​មន្ត​នោះ​ហើយ​ក៏​កើត​ទោ​សៈ​ក្រេវ​ក្រោធ ស្ទុះ​ដេញ​អា​យល​ម្ពាយ​នោះ​វិញ បំ​ណង​នឹង​ចឹក​សម្លាប់​ ។ អាយលម្ពាយ​ដឹង​ថា​ជា​នាគរាជ​មិន​ស្តាប់​មន្ត​ខ្លួន​ហើយ​ ក៏​ភិត​ភ័យ​ជា​ខ្លាំង​ប្រឹង​ស្ទុះ​រត់​គេច​ដោយ​រហ័ស​ មិនបាន​ស្ងោក​មើល​ក្រោម​​​ ក៏​ទង្គិច​នឹង​ថ្ម​ដួល​ភ្លាត់​មាត់​ថា​ ៖ នមោ​ ពុទ្ធាយ ៗ ព្រោះ​ធ្លាប់​មាត់​កាល​ធ្វើ​ត្រាប់​តាម​គេ ។ ឯ​នាគរាជ​គ្រាន់​តែ​ឮ​ថា​ នមោ​ ពុទ្ធាយ​ ដូច្នេះ ក៏​រលត់​បាត់នូវ​ក្តី​ក្រោធ​មួយ​រំ​ពេច​ ហាក់​ដូច​ជា​ដុំ​ភ្លើង​ធ្លាក់​ចុះ​ក្នុង​ទឹក​ ទើប​និយា​យ​ទៅ​រក​អាយលម្ពាយ​ថា​ ម្នាល​សំ​ឡាញ់​អ្នក​កុំ​ភ័យ​ឡើយ យើង​មាន​សេចក្តី​ជ្រះ​ថ្លា​ចំពោះ​អ្នក​ក្រៃ​ពេក​ សូម​អ្នក​ទទួល​យក​គ្រឿង​បណ្ណាការ​នេះ​ចុះ ។ នាគរាជ​ក៏​ខ្ជាក់​ផ្កា​មាស​ ៣ ដុំ​តម្លៃ​ ១ ពាន់​កហាបណៈ អ្នក​យក​ ១ដុំ​ទៅ​បូជា​ព្រះ​ចេតិយ​ យក​បុណ្យ​របស់​អ្នក​ចុះ ១ដុំ​ ទៀត​យក​ទៅ​បូជា​ចេតិយ​ឲ្យ​ខ្ញុំ​ ១ដុំ​ទៀត​អ្នក​យក​ទៅ​លក់​យក​លុយ​ចិ​ញ្ចឹម​ជីវិត​ចុះ ។អាយលម្ពាយ​ក៏​មាន​សេចក្តី​ជ្រះថ្លា​ ចំ​ពោះ​​គុណ​ព្រះ​រតន​ត្រ័យ​យ៉ាង​មុត​មាំ​ បាន​ថ្វាយ​ខ្លួន​ជា​ឧបាសក​តាំង​ពី​ពេល​នោះមក​ លុះ​ស្លាប់​ទៅ​បាន​ទៅ​កើតក្នុង​ស្ថាន​សួគ៌​ បរិ​បូណ៏ដោយ​ទិព្វ​សម្បត្តិ​ជា​សុខ​ក្សេម​ក្សាន្ត អស់​កាល​ដ៏​យូរ​អង្វែង ។ វាយបញ្ចូល​អត្តបទដោយ កញ្ញា ហេង​ សំដា​ណែត ។ អត្តបទ​នេះដក​ស្រង់​ចេញ​ពីសៀវ​ភៅ​ ប្រ​ជុំ​និ​ទាន​ជាតក ។ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.9