images/articles/1424/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៦៥៩ ដង)
ខ្យល់រមែងបក់ផាត់នូវក្លិនក្រអូបនៃផ្កាឈើក្នុងព្រៃធ្វើឲ្យក្រអូបឈ្ងុយឈ្ងប់ក្នុងព្រៃធំ យ៉ាងណា ព្រះយោគាវចរ រមែងត្រេកអរក្នុងសេចក្ដីព្យាយមរបស់ខ្លួន ប្រព្រឹត្តទៅក្នុងព្រៃដែលមានផ្កាឈើក្រអូបដ៏បរិសុទ្ធ គឺវិមុត្តិធម៌ក៏យ៉ាងនោះដែរ ។
ខ្យល់ព្យុះ រមែងបោកបក់ធ្វើឲ្យដួលរលំនូវដើមឈើទាំងឡាយ បាក់មែកបាក់ដើម រលើងឫស ប៉ើងទាំងគល់សណ្ដកទាំងឫសកែវយ៉ាងណា ចំណែកអ្នកប្រារព្ធនូវសេចក្ដីព្យាយម រមែងពិចារណាទៅក្នុងដងព្រៃគឺសង្ខារធម៌ ហើយកម្ចាត់បង់នូវកិលេស រលើងទាំងឫសគល់ គឺអវិជ្ជា ដូចគ្នានឹងខ្យល់ព្យុះដូច្នោះដែរ ។ខ្យល់រមែងបក់ផាត់ទៅក្នុងអាកាស គឺដូចជាព្រះអរិយបុគ្គល ដែលបានធ្វើចិត្តឲ្យត្រាច់ទៅក្នុងលោកុត្តរធម៌ដូច្នោះឯង។
ខ្យល់បក់នាំយកក្លិនផ្កាក្រអូបអប់ពេញសួនឧទ្យានមានន័យដូចជាអ្នកប្រាថ្នាសេចក្ដីបរិសុទ្ធនៃសីល ក៏រមែងព្យាយាមប្រព្រឹត្តខ្លួនដោយសេចក្ដីសង្រួម ព្រោះសេចក្ដីព្យាយាមសង្រួមនោះឯង ក៏រមែងបក់ផ្សាយនូវក្លិនសីលដែលក្រអូបលើសក្លិននៃបុប្ផជាតិទាំងឡាយឲ្យសាយភាយរហូតដល់ឋាននៃទេវតា។
ខ្យល់បក់ផាត់ទៅមក ដោយប្រាសចាកទីនៅអាស្រ័យ មិនអាល័យ មិនស្ដាយទីណាៗមានសេចក្ដីដូចជាព្រះយោគាវចរដែលមិនអាល័យទីកន្លែង មិនហួងហែងអាវាស មិនជាប់នឹងត្រកូល ឬបុគ្គលណាៗដូច្នេះដែរ។
របស់បានទទេគឺចាស់ជរា
របស់ប្រឹងរកគ្រប់គ្នាគឺគុណតម្លៃនៃជីវិត។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1422/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤៤១ ដង)
ជាធម្មតារបស់ភ្លើង រមែងដុតនូវរបស់ទាំងពួងឲ្យឆេះខ្ទេចខ្ទី យ៉ាងណា ការសិក្សាប្រព្រឹត្តបដិបត្តិ គឺជាភ្លើងដុតនូវកិលេសក៏យ៉ាងនោះដែរ ដូច្នេះទើបពុទ្ធបរិស័ទយើងត្រូវបង្កាត់ភ្លើងកុសលឲ្យបានដល់ព្រម ឲ្យឆេះតគ្នាជានិច្ច រហូតដល់បានសម្រេច រួចផុតពីសេចក្ដីសៅហ្មង ។ភ្លើងពុំចេះករុណា អាណិតស្រណោះដល់ស្មៅដល់អុស រហូតដល់ផ្ទះសំបែងព្រៃព្រឹក្សាឡើយក៏ដូចជាអ្នកប្រព្រឹត្តធម៌ រមែងមិនអាណិតកិលេសដូច្នេះដែរ គឺថាត្រូវតែដុតកម្ទេចចោលដោយភ្លើង គឺញាណ បានដល់ វិបស្សនាញាណ និង មគ្គញ្ញាណ។
ភ្លើងចេះតែពីឆេះ កាលបើមានអ្វីត្រូវឆេះ ភ្លើងមិនញញើត មិនរួញរាឡើយ យ៉ាងណា ការតាំងចិត្តបដិបត្តិធម៌ត្រូវតែឲ្យពិតប្រាកដ បំពេញកិច្ចឲ្យហ្មត់ចត់មិនខ្ជិលមិនរួញរា ហើយក៏មិនរាយមាយពីកិច្ចការតួនាទីរបស់ខ្លួន ក៏យ៉ាងនោះដែរ ។ភ្លើងកម្ចាត់បង់នូវភាពត្រជាក់រងា ដូចគ្នានឹងការប្រព្រឹត្តធម៌រមែងបាននូវភាពកក់ក្ដៅ បាននូវទីពឹង ប្រាសចាកភ័យ មិនមានសេចក្ដីទុក្ខសោក អាឡោះអាល័យអ្វីឡើយ បីដូចនាងបដាចារាដែលបាននូវភាពកក់ក្ដៅក្នុងព្រះសាសនាដូច្នោះឯង។
ភ្លើងមានភាពភ្លឺស្វាង កម្ចាត់បង់នូវភាពងងឹត ជាការបញ្ជាក់ពិតៗដល់ពន្លឺនៃបញ្ញា ដែលមិនមានពន្លឺអ្វីប្រៀបស្មើទៀតផង ព្រោះពន្លឺនៃបញ្ញាអាចកម្ចាត់នូវភាពងងឹត គឺអវិជ្ជាបាន។
ពន្លឺអ្វីស្មើដោយបញ្ញាមិនមាន ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1420/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៥៥៥ ដង)
ការងារក្នុងរង្វង់គ្រួសារ
ការងារក្នុងរង្វង់គ្រួសារ យើងត្រូវមានសតិសម្បជញ្ញៈស្រលាញ់រាប់អានក្រុមគ្រួសាររបស់យើងព្រោះយើងរស់នៅក្នុងរង្វង់ក្រុមគ្រួសារ រស់នៅក្នុងវង្សត្រកូល ត្រូវថែទាំវង្សត្រកូលឲ្យបានល្អផង។
យើងត្រូវលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីប្រយោជន៍សុខដល់គ្នាច្រើននៅក្នុងក្រុមគ្រួសារ ដូចជាភរិយាស្វាមីដែលរស់នៅជាមួយគ្នាជាដើម
images/articles/1421/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៥៦៩ ដង)
ទឹកឈប់ស្ងៀម នឹងស្មើទៅតាមប្រក្រតីរបស់ខ្លួនមិនល្អក់ គឺថ្លាស្ងាតជានិច្ច ក្នុងន័យសិក្សាអប់រំឲ្យមនុស្សយើង ស្ងប់ស្ងៀមប្រព្រឹត្តស្មើក្នុងកុសលកម្មបទ មានមារយាទស្អាតបរិសុទ្ធ តាមសភាពរបស់ខ្លួនប្រក្រតី មិននិយាយឲ្យមានការកករល្អក់ចិត្តខ្លួនឯង និងអ្នកដទៃក្នុងរឿងអ្វីៗឡើយ ។ទឹកមានប្រក្រតីធម្មតារបស់ខ្លួនត្រជាក់ស្មើជានិច្ចក៏ដូចជាមនុស្សដែលសម្បូណ៌ដោយមេត្តាខន្តី សោរច្ចៈ អវិហឹង្សា មានប្រក្រតីស្វែងរកប្រយោជន៍ទំនុកបម្រុង និងមានសេចក្ដីអនុគ្រោះដល់សព្វសត្វទាំងឡាយ។
ទឹក រមែងជម្រះនូវរបស់ដែលស្មោកគ្រោកឲ្យស្អាតទៅបាន គឺបានដល់មនុស្សដែលនៅក្នុងទីណាៗ រមែងធ្វើកិច្ចដែលជាប្រយោជន៍ដល់ពពួកជន គ្រប់ប្រភេទ គ្រប់ឋានៈ លាងជម្រះនូវអារម្មណ៍មិនល្អ ឲ្យបានទៅជាអារម្មណ៍ស្អាតមិត្តស្អាត ដល់អ្នកគ្រប់គ្នា និងមានជីវិតស្រស់បស់ ។ទឹកជាវត្ថុដែលជាទីត្រូវការយ៉ាងចាំបាច់បំផុត នៃមនុស្សសត្វគ្រប់គ្នា នេះប្រៀបបាននឹងមនុស្សដែលបដិបត្តិខ្លួនឲ្យជាទីប្រាថ្នានៃសត្វលោក ជាទីគោរព ជាទីស្រលាញ់នៃអ្នកគ្រប់គ្នាដូច្នោះឯង។
ទឹកស្អាតបរិសុទ្ធ មិននាំមកជាតិពិសពុលឲ្យដល់រូបកាយនៃអ្នកដែលអាស្រ័យនឹងខ្លួនឡើយ គឺឲ្យសម្រេចតែប្រយោជន៍ ដល់អ្នកដែលត្រូវការបរិភោគជាដើមប៉ុណ្ណោះយ៉ាងណា មនុស្សបរិសុទ្ធ រមែងមិនបង្កនូវជម្លោះវិវាទទាស់ទែង មិនច្រណែនឈ្នានីស ចាំតែចាប់កំហុសនៃអ្នកដទៃនោះឡើយ មិនប្រព្រឹត្តទុច្ចរិតដោយកាយវាចាចិត្ត មានតែប្រព្រឹត្តនូវប្រយោជន៍សុខដល់អ្នកណាៗដែលត្រូវការខ្លួន ចូលមកសេពគប់អាស្រ័យនឹងខ្លួនតែម្យ៉ាងប៉ុណ្ណោះ យ៉ាងនោះឯង។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1419/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៧៦៥ ដង)
អ្នកណាៗ ដាក់ចុះទម្លាក់ចោលនូវរបស់ស្អាត ឬមិនស្អាតយ៉ាងណា ផែនដីក៏រមែងនៅស្ងៀមមានសភាពស្មើៗជានិច្ច មិនមានការស្រលាញ់ ឬស្អប់ឡើយ ក៏ដូចជាមនុស្សដែលមានចិត្តបានអប់រំទូន្មានហើយ រមែងមិនមាននូវអាការឡើងចុះ គឺមិនស្រឡាញ់មិនស្អប់ចំពោះអារម្មណ៍ល្អ ឬមិនល្អនោះឡើយ។
ផែនដីរមែងទ្រទ្រង់នូវអ្វីៗសព្វយ៉ាង ដូចជាផ្ទះសំបែងទីកន្លែង ដើមឈើ ព្រៃភ្នំទន្លេសមុទ្រ និងមនុស្សសត្វជាដើម ដោយមិនមានការខ្ជិលច្រអូសណាមួយទេ ក៏ដូចជាការមិនខ្ជិលច្រអូសនៃមនុស្សល្អ ព្យាយាមបំពេញនូវករណីកិច្ចក៏ប្រសើរទាំងឡាយ ទៅតាមតួនាទីរបស់ខ្លួន និងជាមនុស្សដែលមានសមត្ថភាពខ្ពស់ អាចជាទីអាស្រ័យនៅ នៃមនុស្សសត្វទាំងឡាយដទៃបានយ៉ាងច្រើនទៀតផង។
ធម្មៈ គឺធម្មជាតិបានបង្រៀននូវសេចក្ដីពិត ឲ្យយើងបានសិក្សាគ្រប់ពេលវេលា ត្រូវទៅតាមព្រះធម៌ដែលព្រះពុទ្ធបរមគ្រូទ្រង់ត្រាស់សម្ដែង ។ភិក្ខុណាមានចិត្តស្មើដោយផែនដី ប្រៀបដូចជាសសរខឿន មានគោលជំហររឹងប៉ឹង មានវត្តប្រតិបត្តិល្អ មានកិលេសដូចជាភក់ទៅប្រាសហើយ ដូចជាទន្លេដែលមិនកករល្អក់យ៉ាងនោះឯង មិនមានស្រលាញ់ មិនមានស្អប់។ សង្សារវដ្ដទាំងឡាយនឹងមិនមានដល់ភិក្ខុ ដែលមានគោលជំហររឹងប៉ឹងយ៉ាងនេះឡើយ។
ធ្ងន់ណែននឹងធឹងដូចផែនដី
មិនមានជាប់អ្វីដូចអាកាស
ស្ងប់ស្ងៀមត្រជាក់សែនស្រឡះ
គឺសុខពិតណាស់ចិត្តអប់រំ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1418/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៩១១ ដង)
មហាសមុទ្រ
មហាសមុទ្រមិននៅរួមជាមួយនឹងសាកសព បើមានសាកសព រលកតែងនាំមកចោលលើច្រាំង យ៉ាងណាបុគ្គលល្អ រមែងមិននៅជាមួយនឹងកិលេសគ្រឿងសៅហ្មងមានលោភៈ ទោសៈ និងមោហៈ ជាដើមឡើយ ក៏យ៉ាងនោះដែរ។
មហាសមុទ្រ ទ្រទ្រង់រក្សាទុកនូវរតនៈច្រើនប្រការមានកែវមុក្ដា កែវពិទូរ្យ កែវប្រពាល កែវផលិក មាស និងប្រាក់ ។ល។ រមែងរួបរួមទុក
images/articles/1417/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,០៦០ ដង)
ព្រះចន្ទខាងខ្នើត រមែងចម្រើនដោយរស្មី មានពន្លឺខ្លាំងឡើងៗ យ៉ាងណា ជនប្រុសស្រីគប្បីញ៉ាំងរស្មីនៃជីវិតឲ្យចម្រើនដូចព្រះចន្ទខាងខ្នើតដែរ ពោលគឺញ៉ាំងគុណធម៌ឲ្យមានការចម្រើនខ្ពស់ឡើងៗ ។ព្រះចន្ទជាអធិបតីលើពួកផ្កាយទាំងឡាយ ដោយពន្លឺរស្មីមកលើផែនដី យ៉ាងណា បុគ្គលគប្បីប្រព្រឹត្តខ្លួនឲ្យជាអធិបតី គឺជាធំដោយឆន្ទាធិបតីជាដើម ប្រាថ្នានឹងកម្ចាត់បង់នូវកិលេស ដូច្នោះដែរ។
ព្រះចន្ទរមែងប្រាកដឲ្យឃើញក្នុងវេលារាត្រី ថ្ងៃពេញបូណ៌មី រាត្រីកាន់តែស្ងាត់ យប់កាន់តែជ្រៅ មេឃស្រឡះ ពន្លឺរឹតតែច្បាស់ អាកាសធាតុត្រជាក់ សេចក្ដីនេះយ៉ាងណា សមដូចព្រះពុទ្ធឧទានថា << សេចក្ដីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ ជាអ្នកមានធម៌បានស្ដាប់ហើយ ពិចារណាឃើញនូវធម៌ នាំមកនូវសេចក្ដីសុខកិរិយាមិនបៀតបៀនគឺកិរិយាសង្រួមចំពោះសត្វទាំងឡាយនាំមកនូវសេចក្ដីសុខក្នុងលោក >> ។
មានព្រះពុទ្ធដីកាផ្សេងទៀត ព្រះអង្គទ្រង់ត្រាស់ថា << បុគ្គលណាប្រមាទពីពេលមុន លុះដល់ក្រោយមកជាបុគ្គលមិនប្រមាទ បុគ្គលនោះ រមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាង ដូចព្រះចន្ទចេញផុតពីពពក >> ឬម្យ៉ាងទៀតថាបាបនោះដោយកុសល បុគ្គលនោះរមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាងដូចព្រះចន្ទចេញផុតពីពពក >> ដូច្នេះជាដើម ។
ព្រះចន្ទមានរស្មីជាគ្រឿងលំអ អ្នកបួសទ្រង់ធម៌មានលម្មដោយសីល ។ព្រះចន្ទញ៉ាំងជនទាំងឡាយ ឲ្យរីករាយសប្បាយក្នុងពន្លឺរស្មី រីឯជនប្រុសស្រីញ៉ាំងអ្នកដទៃឲ្យត្រេកអរនឹងការងាររបស់ខ្លួន ។ព្រះចន្ទបំភ្លឺមិនរើសដំបូលផ្ទះ ទោះបីភូមិស្រុកទីក្រុងជនបទ យ៉ាងណា អ្នកចម្រើនមេត្តារមែងផ្សាយមេត្តាទៅដោយមិនរើសសព្វសត្វ ក៏យ៉ាងដូច្នោះដែរ ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1410/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៥៥០ ដង)
មនុស្សខ្លះប្រៀបដីដូចជាស្លឹកឈើជ្រុះ ស្រេចតែខ្យល់បក់ទៅខាងណា ក៏ទៅខាងនោះ មិនមានទិសដៅនៃជីវិតពិតប្រាកដឡើយ មនុស្សដែលមានសភាពបែបនេះ គឺមានច្រើននៅក្នុងលោក។
មនុស្សខ្លះ ប្រៀបបីដូចជាផ្កាយ ដែលដើរទៅតាមផ្លូវរបស់ខ្លួន មានឧត្ដមគតិនិងដំណើរជីវិតពិតប្រាកដមនុស្សដូចនេះមានតិចនៅក្នុងលោកប៉ុន្តែច្រើនតែបានជួបប្រសព្វនូវសេចក្ដីសម្រេចដ៏ធំធេង និងជាទីគោរពរាប់អាចលើកតម្កើងនៃពពួកជនក្នុងលោក។
បើយើងមិនអាចកំណត់ដំណើរនៃជីវិតរបស់យើងបានទេ សង្គមហ្នឹងឯងរមែងកំណត់ឲ្យយើងដើរតាម មានជីវិតបណ្ដោយទៅតាមខ្យល់ គឺលោកធម៌ ដែលប្រាសចាកទិសដៅ ព្រោះថាសង្គមមានការច្របូកច្របល់លាយឡំគ្រប់បែបយ៉ាង ច្រើនទៅដោយការប្រជែង ល្មោភលោភលន់ និងព្យាបាទបៀតបៀន។
មនុស្សដែលអាចបង្គាប់ខ្លួនឯង ឲ្យឋិននៅក្នុងផ្លូវដែលឆ្ពោះទៅរកទិសដៅនៃសេចក្ដីសម្រេចបាន គឺមនុស្សដែលចេះគិត មានសតិបញ្ញា មានការព្យាយាម អត់អន់ប្រព្រឹត្តទៅតាមគន្លងផ្លូវនៃសប្បុរសទាំងឡាយ។
មនុស្សផ្កាយ គឺជាមនុស្សដែលធ្វើឲ្យខ្លួនឯង និងសង្គមមានសេចក្ដីសុខស្ងប់ មានលក្ខណៈផ្ទុយទាំងស្រុងពីមនុស្សស្លឹកឈើជ្រុះ។
ឥឡូវនេះ អ្នកជាមនុស្សបែបណាដែរ?
ធ្វើអ្វីទៅតាមតែតណ្ហា នឹងជួបសោកាមហាខ្វាយខ្វល់
ធ្វើអ្វីទៅតាមបញ្ញាយល់ នឹងបានអស់ខ្វល់សល់តែសុខ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1409/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១១៦ ដង)
ដំណើរជីវិតរបស់មនុស្សយើង ដូចគ្នាដឹងការដើរព្រៃ ដើម្បីឲ្យបានដល់គោលដៅ យើងត្រូវតែយល់ដឹងនិងឆ្លាតផង ។ការដើរក្នុងព្រៃ កន្លែងខ្លះត្រូវជួបនឹងបន្លា កន្លែងខ្លះមានរណ្ដៅ ឬត្រូវជួបនឹងព្រៃស្ដុក ព្រមទាំងអាចមានឧបសគ្គពីសត្វសាហាវផ្សេងៗ ។ បើយើងរវល់តែកាប់បន្លា ឆ្ការព្រៃ លុបរណ្ដៅឲ្យស្មើ និងសម្លាប់សត្វសាហាវឲ្យអស់នោះ យើងប្រាកដជាទៅមិនដល់ទិសដៅឡើយ ។
តាមការពិត ក្នុងសង្គមមនុស្សយើងនេះ មានរណ្ដៅចម្រូង និងបន្លាជាដើមសន្ធឹកសន្ធាប់ ដែលរារាំងដំណើរផ្លូវជីវិតរបស់យើង ជារឿងរំខានចិត្តឲ្យគិតកង្វល់គ្រប់ពេលវេលា។ បើយើងបានយល់ដឹងដោយប្រពៃ ពិចារណាតាមហេតុផលនៃសភាពការណ៍ យើងនឹងកំណត់ដឹងនូវឧបសគ្គទាំងនោះ ពេលខ្លះយើងអាចលុបបាន ក៏គួរលុបទៅ បើសសៀរបាន គឺត្រូវតែសសៀរទៅឲ្យផុត...។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1406/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៤៥ ដង)
សេចក្ដីល្អមានអំណាចសំខាន់ដ៏ក្រៃលែងក្នុងខ្លួនមនុស្ស ធ្វើឲ្យជាទីគោរពលើកតម្កើងរបស់មនុស្សទាំងឡាយ។ រឹតតែមានច្រើន ឬរឹតតែប្រើច្រើន គឺ រឹតតែល្អ និងជាពិសេស គឺមិនមានអ្នកណាមកទម្លាយបាន។ ឯចំណែកខ្លួនឯងវិញក៏រមែងសប្បាយចិត្ត មានសេចក្ដីសុខក្នុងជីវិត ដែលជាផលត្រូវឃើញច្បាស់ក្នុងបច្ចុប្បន្នទាន់ភ្នែក។ រីឯអ្នកដទៃដែលមានទំនាក់ទំនងសេពគប់ក៏បានសុខត្រជាក់ស្រួលក្រោមម្លប់នៃគុណធម៌ផងដែរ។
សូម្បីមិនមានការអួតអាង និងមិនចាំបាច់មានការនិយាយឃោសនា បបួលឲ្យអ្នកណាៗមករាប់អាន ក៏សេចក្ដីពិតនៃគុណធម៌នោះៗ មានប្រាកដនៃខ្លួនឯងដែរ។ គុណធម៌ជាអំណាចដ៏រឹងមាំ និងឋិតថេរយូរអង្វែង មិនចាំបាច់ប្រជែងដណ្ដើមពីអ្នកដទៃ មិនមានការចុះទុនដោយការប្រព្រឹត្តអាក្រក់បៀតបៀនគ្នា និងមិនមានភ័យពីអ្នកដទៃដណ្ដើមយកឡើយ។
អំណាចនៃគុណធម៌ រមែងធ្វើឲ្យថ្ងៃ ខែ ឆ្នាំ ទាំងអស់ក្នុងជីវិត ទៅជា ថ្ងៃ ខែ ឆ្នាំ ល្អទាំងអស់សម្រាប់អ្នកដែលមាននូវគុណធម៌នោះ។
ជាពិសេសបំផុត គឺអំណាចនៃគុណធម៌អាចកម្ចាត់បង់សត្រូវក្នុងខ្លួនគឺកិលេសដែលជាមេនៃសេចក្ដីទុក្ខបាន។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1402/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៩០៩ ដង)
ដើមឈើពឹងខ្លួនឯងជាមុន ប្រឹងប្រែងតាំងតែអំពីគ្រាប់ពូជតូចមួយរហូតដល់ធំ រួចហើយទើបបានជាទីពឹងឲ្យដល់អ្នកដទៃ។ ធម្មជាតិមនុស្សយើងក៏ដូចគ្នា គឺអាចប្រឹងប្រែងជួយខ្លួនឯង ហ្វឹកហាត់អប់រំទូន្មានខ្លួនរហូតទាល់តែបានដល់នូវសេចក្ដីសម្រេច ធ្វើជាទីពឹងនៃខ្លួនឯងបាន រួចហើយក៏បានធ្វើជាទីពឹងឲ្យដល់អ្នកដទៃដូច្នោះដែរ។
មនុស្ស និង សត្វទាំងឡាយ សុទ្ធតែបានទទួលនូវប្រយោជន៍សន្ធឹកសន្ធាប់អំពីដើមឈើ រាប់តាំងពីគ្រឿងស្លៀកដណ្ដប់ ទីជ្រកនៅអាស្រ័យ ថ្នាំកែរោគ អាហារ បរិភោគ រហូតដល់គ្រឿងប្រើប្រាស់ផ្សេងៗរាប់មុខមិនអស់។
មនុស្សយើង កើតមកដើម្បីសាងខ្លួនឯងឲ្យជាប្រយោជន៍ដល់មនុស្សផងគ្នា និងសត្វលោកទាំងឡាយ។ មនុស្សត្រូវចេះទូន្មានខ្លួន ប្រឹងប្រែងសិក្សាស្រាវជ្រាវ ឲ្យដូចជាឫសឈើចាក់ចុះទៅក្នុងផែនដី ញ៉ាំងដើមឲ្យធំ នឹងមាំមួនរឹងប៉ឹងល្អ ទ្រាំទ្រចំពោះខ្យល់ ចំពោះកម្ដៅថ្ងៃបាន។
មនុស្សយើងបើមិនរឹងប៉ឹងទេ លុះដល់ធំឡើង ក៏ជាមនុស្សទន់ខ្សោយនឹងដួលរលំបានដោយងាយ នៅពេលដែលបានជួបជាមួយនឹងឧបសគ្គផ្សេងៗ គឺជាអ្នកបរាជ័យចាញ់ជីវិតខ្លួនឯង។
ស្លឹកឈើ នៅពេលដែលធំពេញទី ក៏រមែងផ្លាស់ប្ដូរពីពណ៍ខៀវបៃតងមកជាពណ៍លឿង ហើយក៏ជ្រុះចុះមកលើផែនដី ត្រឡប់ក្លាយទៅជាជី។ មនុសុសយើងក៏នឹងដល់ភាពមិនទៀតនៃជីវិត កើត ចាស់ ឈឺ ហើយក៏ស្លាប់ព្រាត់ប្រាសគ្នាទៅ។ ស្លឹកឈើទុំជ្រុះ ដើម្បីឲ្យស្លឹកថ្មីដុះបន្តយ៉ាងណា មនុស្សយើងកាលដល់ពេលហើយ ក៏ត្រូវចាកលោកទៅ ដើម្បីអោយមនុស្សកើតមកក្រោយៗបំពេញកិច្ចការជាបន្តក៏យ៉ាងនោះដែរ។ គ្រប់យ៉ាងមានការប្រែប្រួលជាចិត្ត ឲ្យតែជាសង្ខារធម៌។
ដើមឈើទ្រាំនៅហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដើម្បីជាម្លប់ដល់ពួកមនុស្សសត្វទាំងឡាយ។ មនុស្សយើងពេលខ្លះក៏ត្រូវព្រមលំបាកដែរ ដើម្បីធ្វើជាជម្រកឲ្យដល់អ្នកដទៃ។
ដើមឈើជាធម្មជាតិមាននៅឲ្យមនុស្សយើងសិក្សា រៀបចំដំណើរជីវិតឲ្យមានប្រយោជន៍ពិតៗ។
គួរមើលដើមឈើជាតួយ៉ាង
បានភ័ស្ដុតាងដាស់តឿនចិត្ត
ដើមឈើទ្រាំក្ដៅទ្រាំខ្យល់ពិត
ទុកដូចជាមិត្តឲ្យទីជ្រក។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1403/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៩៣៧ ដង)
ការសិក្សាដែលល្អពិត គឺការប្រព្រឹត្តល្អតាមដែលបានសិក្សាចេះដឹងមកនោះឯង ព្រមទាំងការនាំយកនូវចំណេះដឹងនោះ មកប្រើឲ្យកើតជាប្រយោជន៍ដល់សង្គម ។ម្យ៉ាងទៀត បុគ្គលដែលមានការសិក្សាដោយល្អនោះ គឺត្រូវសម្បូណ៌ទៅដោយគុណសម្បត្តិទាំងផ្លូវលោកទាំងផ្លូវធម៌ ពោលគឺមានចំណេះដឹងក្នុងការងារអាជីពដើម្បីរស់នៅឲ្យបានល្អក្នុងលោកនិងជាអ្នកមានសីលធម៌ដើម្បីរស់នៅជាសុខដោយការមិនក្ដៅក្រហាយចិត្ត ព្រមទាំងជាគំរូដ៏ល្អនៃបរិវារជន និងអនុជនទៀតផង។
ការងារសុចរិតជាការងារមានកិត្តិយស ប្រាសចាកភ័យនិងពៀរវេរា។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1399/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,១២០ ដង)
យើងតែងតែកើតទុក្ខមិនសុខចិត្តក្នុងរឿងផ្សេងៗនេះមកពីយើងទម្លាប់ស្វែងរកសេចក្ដីសុខពីររបស់ខាងក្រៅ ចំពោះរបស់ដែលយើងពេញចិត្ត ព្រោះហេតុដូច្នេះ ទើបយើងគេមិនរួចពីការទាស់ចិត្ត ជាទុក្ខទោមនស្សហ្នឹងឯង ។តាមពិត បើយើងរៀនអប់រំមិនឲ្យចិត្តកើតទុក្ខហើយ គឺជាសេចក្ដីសុខស្រេចទៅហើយ ដែលជាសេចក្ដីសុខដោយមិនចាំបាច់ស្វែងរកពីរបស់ដែលពេញចិត្តជាខាងក្រៅបាននោះឡើយ។
ការមិនកើតទុក្ខ ជាសុខក្រៃលែង
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1397/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤០,១៣៨ ដង)
ការស្វែងរកសេចក្ដីសុខ ដែលគួរតិះដៀលក៏មាន ដែលគួរសសើរក៏មាន ។ការស្វែងរកសេចក្ដីសុខដើម្បីខ្លួនឯង ដោយការបង្កទុក្ខភ័យឲ្យដល់អ្នកដទៃ ជាការដែលគួរឲ្យតិះដៀល ។ ការស្វែងរកសេចក្ដីសុខដើម្បីខ្លួនឯង ដោយមិនបង្កទុក្ខភ័យឲ្យអ្នកដទៃ ជាកិច្ចដែលគួរឲ្យសរសើរ ។ ចំណែកការស្វែងរកសេចក្ដីសុខដើម្បីខ្លួនឯងដោយការឲ្យសុខដល់អ្នកដទៃ គឺគួរឲ្យសរសើរផងត្រេកអរផង និងគួរឲ្យគោរពផង ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1398/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៩៥៥ ដង)
ការឲ្យអភ័យ ជាសេចក្ដីល្អមួយដ៏ចាំបាច់ណាស់ ក្នុងការសមាគមជាមួយនឹងមនុស្ស ព្រោះមនុស្សចំនួនច្រើនដែលតែងតែមានការខ្វះខាតនូវចំណុចនេះ ចំណុចនោះ ពោលគឺនៅមានកំហុស ដោយចំពោះមនុស្សដែលរស់នៅក្នុងកាមតណ្ហា គឺពិតជាមិនខ្វះនូវឱកាសនៃការភ្លាំងភ្លាត់ឡើយ។
បើយើងតាំងចិត្តសេពគប់សមាគមជាមួយនឹងអ្នកណាៗហើយនោះ យើងត្រូវត្រៀមខ្លួនជានិច្ចដើម្បីនឹងឲ្យអភ័យ បើមិនដូច្នោះទេ យើងមិនអាចសេពគប់ជាមួយអ្នកណាបានឡើយ។ មនុស្សខ្លះមានកំហុសត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ បើយើងកាន់យកជារឿងធំ យើងនឹងបែកមិត្ត សឹងជាមិត្តល្អទៀតផង។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1396/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,៤៩៥ ដង)
បុគ្គលដែលជាមិត្ត និយាយចាក់បណ្ដោយឲ្យតែគាប់ចិត្ត មានលក្ខណៈ៤យ៉ាងដូចនោះគឺៈ
១- បាបកម្មំបិស្ស អនុជានាតិ យល់ព្រមឲ្យមិត្តធ្វើបាបមនុស្សណាដែលអនុញ្ញាតឲ្យយើងធ្វើនូវបាប មានការសម្លាប់សត្វជាដើម ដើម្បីផ្គាប់ចិត្តយើង ក៏ដូចជាអនុញ្ញាតឲ្យយើងទៅកើតក្នុងឋានរក ប្រេតអ៊ីចឹងដែរ។ពាក្យសរសើរនៅក្នុងលោកមានច្រើនណាស់ ហើយវាជាគ្រឿងនាំឲ្យស្រវឹង នាំឲ្យវង្វេងដ៏ក្រៃលែងទៀតផង មានមនុស្សច្រើនណាស់ដែលស៊ីជោរ ទីបំផុតត្រូវបរាជ័យក្នុងការងាររបស់ខ្លួនព្រោះខ្លួនឯងមានចំណុចខ្សោយ។
តាមពិតមនុស្សយើងមិនមែនល្អបរិសុទ្ធដោយសារពាក្យសរសើរ ឬពាក្យបញ្ជោរទេ ពិតមែនតែមានពេលខ្លះ បានធ្វើឲ្យយើងមានកម្លាំងចិត្តខ្លាំងក្លាក្នុងការងារដោយសារពាក្យសរសើរក៏ដោយ ប៉ុន្តែដែលយើងជាមនុស្សល្អបរិសុទ្ធពិតនោះ គឺព្រោះយើងមានការងារប្រាសចាកទោសឯណេះទេតើ មិនមែនដោយសារគេថាយើងល្អ យើងក៏ល្អតាមគេថានោះទេ បើមនុស្សអាក្រក់ឬល្អតាមតែពាក្យរបស់អ្នកដទៃ សូម្បីព្រះសម្មាសម្ពុទ្ធក៏មិនផុតពីការសៅហ្មងដែរ តែនេះពុំមែនដូច្នោះឡើយ មានតែការងារប៉ុណ្ណោះដែលរៀបចំមនុស្សឲ្យជាបុគ្គលសៅហ្មង ឬបុគ្គុលបរិសុទ្ធ។
២- កល្យាណកម្មំបិស្ស អនុជានាតិ យល់ព្រមឲ្យមិត្តធ្វើនូវអំពើល្អ ការយល់ព្រមនេះមិនមែនជាចិត្តសប្បុរស ក្នុងនាមជាមិត្តចិត្តល្អនោះទេ បើជាមិត្តពិតជាអនុគ្រោះយើងមែនមិនមែនពេលខ្លះព្រមឲ្យយើងធ្វើបាប ដោយមិនបានហាមឃាតនោះឡើយ។
យើងត្រូវតែប្រយ័ត្នឲ្យណាស់ ចំពោះមនុស្សដែលនិយាយចាក់បណ្ដោយ គេមិនមានគំនិតឲ្យយើងចំរើននោះទេ គេមានតែត្រេកអរនៅពេលណាដែលយើងធ្លាក់ដុនដាប ចំពោះមិត្តប្លមគេមានចិត្តគិតប្រឡងប្រណាំងជាមួយយើងជានិច្ច នៅពេលដែលយើងមានលំនឹង ឬកំពុងរីកចម្រើនគេមិនចោលយើងទេ គេពឹងយើងលិទ្ធដៃលិទ្ធជើង នៅពេលណាដែលយើងចុះខ្សោយឬមានសេចក្ដីប្រមាទភ្លាំងភ្លាត់បន្តិចបន្តួចនៅក្នុងការងារ គេជួយច្រានយើងដោយពាក្យសរសើរ ក្នុងគោលបំណងកុំឲ្យយើងមើលឃើញនូវការប្រហែសធ្វេសរបស់យើង លុះដល់កំហុសយើងកាន់តែច្រើន ដើម្បីជ័យជំនះរបស់គេមកលើយើង គឺគេដើរខ្សឹបប្រាប់អ្នកដទៃ នូវអ្វីៗដែលជាសេចក្ដីប្រមាទធ្វេសប្រហែសរបស់យើងថែមទៀតប្រឌិតរឿងអាស្រូវមិនពិតផ្សំបញ្ចូលទៀតផង គឺដល់ពេលដែលគេធាក់យើងឲ្យខ្ទាត ដើម្បីគេបានកន្លែងនោះ ព្រោះគេឃ្លានយូហើយ។
មានបុគ្គុលខ្លះមិនហ៊ានហាមឃាត់យើងដែលធ្វើនូវអំពើឆ្គាំឆ្គង ប៉ុន្តែមិនប្រាកដជាយល់ព្រមឲ្យយើងប្រព្រឹត្តនោះឡើយ មកអំពីគេខ្លាចយើងខឹង ខ្លាចយើងស្អប់ បានជាគេមិនហ៊ានឃាត់ គេអាចធ្វើជាមិត្តល្អបាន បើគេព្យាយាមដឹកនាំឲ្យយើងស្ដាប់ធម៌រៀនធម៌ គេសរសើរយើងក្នុងផ្លូវល្អ ក្នុងគោលបំណងឲ្យយើងមាននូវស្មារតីវៀរចាកអំពើសៅហ្មងដោយខ្លួនឯង។
មនុស្សមានច្រើនប្រភេទណាស់ ប៉ុន្តែការជ្រើសរើសមិត្តមិនមែនជាការផ្សងព្រេងដូចចាក់ឆ្នោតទេ គឺត្រូវតែសិក្សាអំពីលក្ខណៈមនុស្សឲ្យបានច្បាស់ តាមដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែង តាមពិតព្រះសម្មាសម្ពុទ្ធជាកល្យាណមិត្តមួយព្រះអង្គដ៏កំពូលក្រៃលែង ជាមួយនឹងពុទ្ធបរិស័ទយើង ការប្រព្រឹត្តព្រហ្មចរិយធម៌បានសម្រេចទាំងមូល ដោយអាស្រ័យព្រះអង្គជាកល្យាណមិត្ត ប៉ុន្តែសេចក្ដីនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្ដែងឲ្យយើងមាននូវកល្យាណមិត្ត តាមដានពិនិត្យការប្រព្រឹត្តរបស់យើងរាល់ថ្ងៃ ខុសឬត្រូវយ៉ាងណាៗឲ្យហ៊ានជួយប្រាប់ ព្រមទាំងនៅរួមសុខទុក្ខទៀតផង។
មនុស្សល្អកម្ររកបានណាស់ មនុស្សល្អធ្វើអាក្រក់បានដោយលំបាកក៏ពិតមែន ប៉ុន្តែមនុស្សអាក្រក់ធ្វើអាក្រក់បានដោយងាយ ថែមទាំងមិនចេះឆ្អែតក្នុងការធ្វើនូវអំពើអាក្រក់នោះទៀតផង ដូចជាមិត្តប្លមផ្នែកខាងនិយាយចាក់បណ្ដោយក្នុងលក្ខណៈប្រការទី៣ បានដល់ៈ
៣- សម្មុខស្ស វណ្ណំ ភាសតិ និយាយសរសើរមិត្តតែក្នុងទីចំពោះមុខ មនុស្សយើងបានដឹងអំពីចំណុចទន់ខ្សោយរបស់មនុស្សផងគ្នា ទើបនិយមយកពាក្យសរសើរមកធ្វើជាឧបករណ៍ប្រើប្រាស់ សម្រាប់ទាក់យកផលកម្រៃ ឬសម្រាប់ផ្ដួលរំលំគ្នាទៀតផង ដូចជាពាក្យសរសើរនៃមនុស្សដែលជាមិត្តប្លម ពាក្យសរសើរនោះវាជាគ្រឿងស្រវឹង ឬវាជាគ្រឿងបំពុលរបស់គេ មនុស្សយើងដែលមិនបានយកចិត្តទុកដាក់ពិចារណាឲ្យបានដិតដល់ ក៏រមែងបរិភោគនូវគ្រឿងស្រវឹង ឬគ្រឿងបំពុលនោះ ដោយពុំដឹងខ្លួន ពោលគឺវង្វេងភ្លេចសតិ។
មនុស្សយើងខំប្រឹងធ្វើល្អ ដោយការចំណាយធនធានឲ្យទៅជាទាន ឬក៏ការខ្នះខ្នែងផ្សេងៗជាដើម លុះដល់មានអ្នកដទៃរំលឹកឈ្មោះសរសើរ ក៏ភ្លេចនឹកជ្រះថ្លាចំពោះបុណ្យកុសលធម៌ ដែលជាកល្យាណមិត្រ ជាគុណដ៏ប្រសើរពិតៗ ដោយមកអំពីរវល់តែត្រេកអរពេញចិត្តនឹងខ្លួនឯងដែលគេសរសើរ ចំពោះមុខមហាជន មានពេលខ្លះទៀត គេសរសើរប៉ុណ្ណឹងមិនគ្រប់ល្មមទេ ចង់ឲ្យគេនឹកសរសើរបន្ថែមទៀត ក៏បានពោលថា <<កុំចាំបាច់សរសើរខ្ញុំអី>> គឺចង់ឲ្យគេស្ងើចថា ខ្លួនឯងមិនចេះស៊ីជោរឡើយ។
ការលិចលង់ផុងខ្លួនក្នុងពាក្យសរសើរ ត្រូវបានបាត់បង់នូវគំនរបុណ្យកុសលអស់ច្រើនណាស់ គឺកុសលគ្រប់កាលទៀតបី (មុនធ្វើ កំពុងធ្វើ ធ្វើរួចហើយ) ទាំងការតាំងចិត្តក៏មិនបានស្លុះចុះស៊ប់ឲ្យណែននៅក្នុងបុណ្យកុសលពិតប្រាកដទៀតផង វាមិនត្រឹមតែជាមេរោគបំផ្លាញសុខភាពផ្លូវចិត្ត បញ្ចុះកម្លាំងរបស់បុណ្យកុសលប៉ុណ្ណឹងទេ ការវង្វេងនឹងពាក្យសរសើរ នាំឲ្យមនុស្សលោកជួយខ្លួនឯងមិនរួចអំពីរណ្ដៅលាមកគឺអំពើទុច្ចរិតទៀតផង។
ភិក្ខុត្រូវទោសបារាជិកហើយ នៅហ៊ានបន្លំខ្លួនជាសង្ឃ ព្រោះខ្លាចបាត់បង់នូវពាក្យសរសើរនិងកិត្តិយសជាដើម មិត្តក្បត់មិត្ត សិស្សក្បត់គ្រូ ប្តីប្រពន្ធក្បត់គ្នា ។ល។ ព្រមដោយបាបកម្មផ្សេងៗទៀតមានបាណាតិបាត (សម្លាប់សត្វមានជីវិត) ជាដើម គឺមួយចំណែកធំព្រោះចង់បានមុខមាត់ មានកិត្តិយស កេរ្តិ៍ឈ្មោះ និងពាក្យសរសើរ មានខ្លះរហូតដល់ទៅបោកប្រាស់គេ ដើម្បីយកមកកសាងវត្តនៅស្រុករបស់ខ្លួនឯងក៏មានដែរ។
ពាក្យសរសើរគឺជាមាត់ជ្រោះក៏រអិលមួយកន្លែង វាងាយនឹងឲ្យធ្លាក់បាក់កស្លាប់ណាស់ ចំពោះបុគ្គលដែលគ្រាន់តែប្រយ័ត្នចំពោះមនុស្សដែលជាមិត្តប្លម គេសរសើរយើងរឿយៗនៅចំពោះមុខតែប៉ុណ្ណោះ។
៤- បរម្មុខស្ស អវណ្ណំ ភាសតិ ពោលទោសមិត្តក្នុងទីកំបាំងមុខ គេមិនមានចិត្តអាណិតមេត្តាយើងឡើយ គេបានផ្សែផ្សំរឿងនេះបន្តិចរឿងនោះបន្តិច ស្មានខ្លះប្រហែលខ្លះ ពិតខ្លះ មិនពិតខ្លះ ក្នុងការនិយាយអំពីយើងជាមួយនឹងអ្នកដទៃ។
គួរនឹករលឹកដល់ទឹកចិត្តឪពុកម្ដាយ គាត់ពោលស្ដីថាឲ្យកូនចៅ ទូន្មានប្រៀនប្រដៅរឿយៗជានិច្ច ប៉ុន្តែទោះគាត់ដឹងនូវកំហុសខុសឆ្គាំឆ្គងរបស់យើងជាកូនយ៉ាងណាៗ ការនេះគាត់មិនដើរនិយាយប្រាប់គេប្រាប់ឯង អំពីអ្វីដែលជារឿងមិនល្អរបស់កូនគាត់ទេ គាត់ពិតជាបិទបាំងណាស់ បើសិនជារឿងហ្នឹងវាធ្ងន់ធ្ងរពេកអ្នកដទៃក៏បានដឹងខ្លះដែរនោះ គាត់ក៏និយាយដែរ ប៉ុន្តែបន្តិចបន្តួចប៉ណ្ណោះ នៅពេលដែលមានគេសាកសួរបញ្ជាក់រឿងនោះៗថែមទាំងសម្ដែងទឹកចិត្តកង្វល់ ភ័យព្រួយចំពោះកូនរបស់គាត់ទៀតផង មិនមែននិយាយដោយសប្បាយរីករាយនូវទោសកំហុសរបស់យើងដែលជាងកូនរបៀបដូចមិត្តប្លមនោះទេ ដូច្នេះមាតាបិតាគែជាមិត្តជិតដិត ស្និតស្នាល ប្រកបដោយការតស៊ូនិងការលះបង់ដ៏ធំធេង ចំពោះបុត្តធីតា។
ការនិយាយអំពីទោសកំហុសរបស់អ្នកដទៃ មិនមែនសុទ្ធតែមិនល្អទាំងអស់នោះទេ បើយើងនិយាយដោយស្មារតី មិនបៀតបៀនអ្នកដទៃ មិនដើម្បីលើកដម្កើងខ្លួនឯង គឺនិយាយដោយកុសលចិត្តពិតៗ ក្នុងន័យដើម្បីឲ្យអ្នកស្ដាប់កុំធ្វើតម្រាប់តាម ការនិយាយដោយចិត្តគំនិតបែបនេះជាការប្រពៃ សេចក្ដីនេះ សូម្បីយើងនិយាយអំពីគុណអ្នកដទៃពិតៗក៏មិនប្រាកដសុទ្ធតែល្អនោះទេ ព្រោះវាអាចជាពិសពុល ដោយអំណាចចិត្តអកុសលនាំឲ្យនិយាយ ដូច្នេះរឿងនេះយើងគ្រាន់តែចាំទុកថា << បុគ្គលពាលមានការសំឡឹងទោសអ្នកដទៃជាកម្លាំង បណ្ឌិតមានការមិនសំឡឹងទោសអ្នកដទៃជាកម្លាំង អ្នករៀនច្រើនមានការពិចារណាជាកម្លាំង អ្នកស្ងប់រម្ងាប់មានសេចក្ដីអត់ធន់ជាកម្លាំង >>។
ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ៥០០០ឆ្នាំ