ថ្ងៃ ច័ន្ទ ទី ០៤ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៩៣,៩៥៧
Today
ថ្ងៃម្សិលមិញ ១៧០,៨០៥
ខែនេះ ៧៤៤,៤៧២
សរុប ៣៥៧,៥៨៨,៤៤៦
Flag Counter
ប្រជុំអត្ថបទ
images/articles/3244/____________________________________.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៣ (អាន: ៣,៥៩៦ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការចូលទៅកាន់ផែនដី របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ធម្មោ ហវេ ហតោ ហន្តិ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្នថា ក្នុងថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តធ្វើមុសាវាទ ហើយចូលទៅកាន់ផែនដី កើតក្នុងអវីចិនរក។ ព្រះសាស្ដា យាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ? កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ទើបព្រះសាស្ដា ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ក៏ទេវទត្តបានចូលទៅកាន់ផែនដីដែរ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកសម្ដែងថា ៖ ក្នុងអតីតកាល គ្រាកាលបឋមកប្ប មានព្រះរាជាមួយព្រះអង្គព្រះនាមថា មហាសម្មតៈ ទ្រង់មានព្រះជន្មាយុ ១ អសង្ខេយ្យ ។ បុត្ររបស់ព្រះបាទមហាសម្មតរាជ មានព្រះនាមថា រោជៈ ។ បុត្ររបស់ព្រះបាទរោជៈ ព្រះនាមថា វររោជៈ ។ បុត្ររបស់ព្រះបាទវររោជៈ ព្រះនាមថា កល្យាណ ។ បុត្ររបស់ព្រះបាទកល្យាណ ព្រះនាមថា វរកល្យាណ ។ បុត្ររបស់ព្រះបាទវរកល្យាណ ព្រះនាមថា ឧបោសថ ។ បុត្ររបស់ព្រះបាទឧបោសថ ព្រះនាមថា វរឧបោសថ ។ បុត្ររបស់ព្រះបាទវរឧបោសថ ព្រះនាមថា មន្ធាតុ ។ បុត្ររបស់ព្រះបាទមន្ធាតុ ព្រះនាមថា វរមន្ធាតុ ។ បុត្ររបស់ព្រះបាទវរមន្ធាតុ ព្រះនាមថា វរៈ ។ បុត្ររបស់ព្រះបាទវរៈ ព្រះនាមថា ឧបវរៈ តែមនុស្សទាំងឡាយហៅព្រះអង្គថា ឧបរិវរៈ ។ ព្រះបាទឧបរិវរៈនោះសោយរាជសម្បត្តិនៅសោត្ថិយនគរ ក្នុងដែនចេតិយរដ្ឋ, ទ្រង់មានរាជឫទ្ធិ ៤ យ៉ាង គឺ ១. ឧបរិចរោ អាកាសគាមី ត្រាច់ទៅខាងលើ ដើរលើអាកាសបាន ។ ២. ចត្តារោ នំ ទេវបុត្តា ចតូសុ ទិសាសុ ខគ្គហត្ថា រក្ខន្តិ មានទេវបុត្រ ៤ អង្គកាន់ព្រះខ័ននៅចាំរក្សាក្នុងទិសទាំង ៤ ។ ៣. កាយតោ ចន្ទនគន្ធោ វាយតិ មានក្លិនខ្លឹមចន្ទន៍ផ្សាយចេញអំពីកាយ ។ ៤. មុខតោ ឧប្បលគន្ធោ មានក្លិនឧប្បលផ្សាយចេញអំពីមាត់ ។ ព្រះបាទឧបរិវរៈនោះមានព្រាហ្មណ៍បុរោហិតម្នាក់ ឈ្មោះថា កបិល ។ កបិល-ព្រាហ្មណ៍នោះមានប្អូនមួយឈ្មោះថា កោរកលម្ពៈ គេជាសម្លាញ់ដ៏ជិតស្និទ្ធរបស់ព្រះបាទឧបរិវរៈ បានសិក្សាសិល្បសាស្ត្រ ជាក្នុងត្រកូលអាចារ្យតែមួយជាមួយនឹងព្រះអង្គ ។ ព្រះបាទឧបរិវរៈកាលនៅជាកុមារបានប្ដេជ្ញានឹងកោរកលម្ពៈនោះថា “កាលយើងបានរាជសម្បត្តិ នឹងប្រទានតំណែងបុរោហិតដល់អ្នក” ។ ព្រះអង្គកាលបានសោយរាជ្យហើយ មិនអាចនឹងដកកបិលព្រាហ្មណ៍ ដែលជាបុរោហិតរបស់ព្រះបិតា ឲ្យចេញពីតំណែងបុរោហិតឡើយ ។ ព្រះរាជាតែងសម្ដែងការកោតក្រែង ដោយសេចក្ដីគោរព ក្នុងកាលដែលបុរោហិតចូលមកគាល់ព្រះអង្គ ។ ព្រាហ្មណ៍បុរោហិតសង្កេតឃើញអាការៈនោះ ហើយគិតថា “ធម្មតាការគ្រប់គ្រងរាជសម្បត្តិ គួរដល់អ្នកដែលវ័យប្រហាក់ប្រហែលគ្នា ទើបសមគួរ អញនឹង​ទូល​លាព្រះរាជាហើយនឹងបួស” គិតដូច្នេះរួច ទើបទូលព្រះរាជាថា “បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំចាស់ហើយ កុមារក្នុងផ្ទះ (របស់ទូលព្រះបង្គំ) ក៏មាន សូមព្រះអង្គតែងតាំងកុមារនោះឲ្យជាបុរោហិតចុះ ទូលព្រះបង្គំនឹងបួស” យ៉ាងនេះហើយ ក៏បានសូមរាជានុញ្ញាតតែងតាំងបុត្រ (របស់ខ្លួន) ឲ្យជាបុរោហិត ហើយចូលទៅកាន់រាជឧទ្យាន បួសជាឥសី និងធ្វើឈានអភិញ្ញាឲ្យកើតឡើង ហើយសម្រេចការរស់នៅក្នុងឧទ្យាននោះ ដោយអាស្រ័យបុត្រ (ជាអ្នកទំនុកបម្រុង) ។ កោរកលម្ពៈចងអាឃាតនឹងបងប្រុសថា “កបិលព្រាហ្មណ៍នេះសូម្បីបួសហើយ មិនប្រគល់តំណែងបុរោហិតដល់យើង” ។ថ្ងៃមួយ កាលព្រះរាជាប្រថាប់ ហើយត្រាស់កថាជាសុខថា ម្នាលកោរកលម្ពៈ អ្នកមិនបានតំណែងបុរោហិតឬ ? កោរកលម្ពៈក៏ទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំបានទេ បងប្រុសរបស់ខ្ញុំ គាត់បាន ។ព្រះរាជសួរថា ចុះក្រែង បងប្រុសរបស់អ្នកបួសហើយតើ ? កោរកលម្ពៈទូលថា ពិតមែនហើយព្រះអង្គ គាត់បួសហើយ តែគាត់ប្រគល់តំណែងបុរោហិតដល់កូនរបស់គាត់ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះ អ្នកចូរធ្វើជាបុរោហិតចុះ ។ កោរកលម្ពៈទូលថា បពិត្រព្រះអង្គ ខ្ញុំមិនអាចឲ្យបងប្រុសឃ្លាតចាកតំណែង តាមប្រពៃណីឡើយ ។ព្រះរាជាត្រាស់ថា បើយ៉ាងនោះមែន យើងនឹងធ្វើអ្នកឲ្យជាបង ហើយធ្វើបងរបស់អ្នកឲ្យជាប្អូន ។ កោរកលម្ពៈទូលសួរថា ព្រះអង្គនឹងធ្វើដូចម្ដេច ? ព្រះរាជាត្រាស់ថា យើងធ្វើមុសាវាទ ។ កោរកលម្ពៈទូលថា បពិត្រព្រះរាជា ព្រះអង្គមិនដឹងឬ បងប្រុសរបស់ខ្ញុំជាអ្នកមានធម៌ដ៏ចម្លែកច្រើន ជាអ្នកទ្រទ្រង់វិជ្ជា ក្នុងកាលណា បងប្រុសរបស់ខ្ញុំនឹងបោកបញ្ឆោតព្រះអង្គដោយធម៌ដ៏ចម្លែក គឺ នឹងធ្វើដូចជា ទេវបុត្រទាំង ៤ ឲ្យបាត់ទៅ, នឹងធ្វើដូចជា ឲ្យមានក្លិនល្អ ក្លិនអាក្រក់ផ្សាយចេញអំពីកាយ និងមាត់, នឹងធ្វើដូចជា ឲ្យព្រះអង្គធ្លាក់ចុះពីអាកាស មកលើផែនដី, នឹងធ្វើដូចជា ឲ្យព្រះអង្គត្រូវផែនដីស្រូប ក្នុងកាលនោះ ព្រះអង្គមិនអាចនឹងតាំងក្នុងពាក្យរបស់ខ្លួនឡើយ ។ ព្រះរាជាត្រាស់ថា អ្នកកុំសម្គាល់យ៉ាងនេះឡើយ យើងអាចធ្វើបាន ។កោរកលម្ពៈទូលសួរថា ព្រះអង្គនឹងធ្វើពេលណា ? ព្រះបាទឧបរិវរៈត្រាស់ថា រាប់អំពីថ្ងៃនោះទៅ ៧ ថ្ងៃទៀត ។ សេចក្ដីថ្លែងការនោះ បានឮទូទៅ ក្នុងនគរទាំងអស់ ។សេចក្ដីត្រិះរិះកើតឡើងដល់មហាជនយ៉ាងនេះថា “បានឮថា ព្រះរាជាធ្វើមុសាវាទ ធ្វើអ្នកធំឲ្យជាអ្នកតូច ធ្វើអ្នកតូចឲ្យជាអ្នកធំ ហើយប្រទានតំណែងដល់អ្នកតូច ឈ្មោះថា មុសាវាទនោះ ដូចជាអ្វី ជាពណ៌ខៀវ ឬជាពណ៌ដទៃមានពណ៌លឿងជាដើម” ។ បានឮមកថា ក្នុងកាលនោះ ជាកាលដែលសត្វលោកពោលនូវពាក្យសច្ចៈ មនុស្សទាំងឡាយមិនស្គាល់ថា ឈ្មោះថា មុសាវាទ មានសភាពសដូចម្ដេចឡើយ ។ ចំណែកបុត្ររបស់បុរោហិតស្ដាប់ពាក្យនោះហើយ ក៏ទៅកាន់សំណាក់បិតា ប្រាប់បិតាថា បពិត្រលោកឪពុក បានឮថា ព្រះរាជាធ្វើមុសាវាទ ធ្វើលោកឪពុកឲ្យជាអ្នកតូច ហើយនឹងប្រទានតំណែងដល់ពូរបស់ខ្ញុំវិញ ។ កបិលឥសីពោលថា នែកូន ព្រះរាជាសូម្បីធ្វើមុសាវាទ ក៏មិនអាចដកហូតតំណែងរបស់ឪពុកបានដែរ ។ រួចគាត់សួរថា ព្រះរាជានឹងមុសាវាទក្នុងថ្ងៃណា ? បុត្ររបស់គាត់ពោលថា បានឮថា រាប់អំពីថ្ងៃនេះទៅ ៧ ថ្ងៃទៀត ។ កបិលតាបសពោលថា បើយ៉ាងនោះ កាលនោះ អ្នកចូរប្រាប់យើង ។ក្នុងថ្ងៃទី ៧ មហាជនមកជួបជុំគ្នាត្រង់ព្រះលានហ្លួង ដោយគិតថា “យើងនឹងមើលនូវមុសាវាទ” ដូច្នេះទើបចងគ្រែលើគ្រែ ហើយឋិតនៅ ។ បុត្របុរោហិតក៏ទៅប្រាប់បិតា ។ ព្រះរាជាប្រដាប់តាក់តែងហើយ យាងចេញទៅ ឋិតនៅលើអាកាស ត្រង់ព្រះលានហ្លួង នៅកណ្ដាលមហាជន ។ ចំណែកកបិលតាបសហោះមកតាមអាកាស ក្រាលសំពត់និសីទនៈ អង្គុយពែនភ្នែន នៅខាងមុខព្រះរាជា ហើយពោលថា បពិត្រមហារាជ បានឮថា ព្រះអង្គធ្វើមុសាវាទ ធ្វើអ្នកតូចឲ្យជាអ្នកធំ ហើយប្រទានតំណែងដល់អ្នកនោះ តើពិតឬទេ ?ព្រះបាទឧបរិវរៈពោលថា ពិតមែនហើយ លោកអាចារ្យ យើងនឹងពោលយ៉ាងនោះ ។ គ្រានោះ តាបសឲ្យឱវាទព្រះរាជាថា បពិត្រមហារាជ ឈ្មោះថា មុសាវាទ ជាកម្មកម្ចាត់គុណដ៏ធ្ងន់ នឹងញ៉ាំងព្រះអង្គឲ្យកើតក្នុងអបាយភូមិ ៤, ធម្មតា ព្រះរាជា កាលធ្វើមុសាវាទ រមែងសម្លាប់នូវធម៌ ព្រះរាជានោះកាលសម្លាប់ធម៌ហើយ ក៏រមែងសម្លាប់ខ្លួនឯងដែរ ដូច្នេះហើយ លោកក៏ពោលគាថាទី ១ ថា ធម្មោ ហវេ ហតោ ហន្តិ, នាហតោ ហន្តិ កិញ្ចនំ; តស្មា ហិ ធម្មំ ន ហនេ, មា ត្វំ ធម្មោ ហតោ ហនិ។ ធម៌ដែលបុគ្គលសម្លាប់ហើយ រមែងសម្លាប់វិញដោយពិត ធម៌ដែលបុគ្គលមិនបានសម្លាប់ រមែងមិនសម្លាប់វិញ តិចតួចឡើយ ព្រោះហេតុនោះ ព្រះអង្គមិនត្រូវសម្លាប់ធម៌ ព្រះអង្គកុំឲ្យធម៌ដែលព្រះអង្គសម្លាប់ហើយ ត្រឡប់សម្លាប់ព្រះអង្គវិញបានឡើយ ។ បណ្ដាបទទាំងនោះ បទថា ធម្មោ (ធម៌) លោកអធិប្បាយថា បានដល់ ជេដ្ឋាបចាយ-នធម៌ (ធម៌គឺសេចក្ដីគោរពកោតក្រែងបុគ្គលរៀមច្បង) ។ លំដាប់នោះ កបិលតាបសកាលនឹងឲ្យឱវាទព្រះរាជាឲ្យក្រៃលែងឡើងថែមទៀត ទើបពោលថា បពិត្រមហារាជ ប្រសិនបើព្រះអង្គធ្វើមុសាវាទ ឫទ្ធិទាំង ៤ នឹងអន្តរធាន ដូច្នេះហើយ ក៏ពោលគាថាទី ២ ថា អលិកំ ភាសមានស្ស, អបក្កមន្តិ ទេវតា; បូតិកញ្ច មុខំ វាតិ, សកដ្ឋានា ច ធំសតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ កាលបើសេ្តច ពោលពាក្យកុហក ពួកទេវតារមែងគេចចេញ (លែងរក្សា) សេ្តចណាជា្របកាលគេសួរប្រស្នា ហើយព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ព្រះឱស្ឋសេ្តចនោះ រមែងមានក្លិនស្អុយ ផ្សាយចេញទៅ ទាំងសេ្តចនោះទៀត រមែងឃ្លាតចាកកនែ្លងរបស់ខ្លួន ។ ព្រះរាជាស្ដាប់ពាក្យនោះហើយ ភ័យខ្លាច រួចសម្លឹងមើលកោរកលម្ពៈ ។ ពេលនោះ កោរក​លម្ពៈពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមព្រះអង្គកុំភ័យឡើយ ខ្ញុំព្រះអង្គបានពោលពាក្យនោះនឹងព្រះអង្គជាដំបូងហើយតើ ។ ព្រះរាជាសូម្បីបានស្ដាប់ពាក្យរបស់កបិល តាបសហើយ ក៏មិនអើពើ កាលនឹងធ្វើនូវពាក្យដែលខ្លួនពោលឲ្យនៅខាងមុខ ទើបត្រាស់ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ។ គ្រានោះ ទេវបុត្រទាំង ៤ គិតថា “ពួកយើងនឹងមិនរក្សានូវស្ដេចដែលពោលមុសាវាទឡើយ” ដូច្នេះទើបបោះព្រះខ័នចោលនៅនឹងបាទមូល ហើយអន្តរធានបាត់ទៅ ព្រមនឹងពេលដែលព្រះរាជាពោលមុសានោះ​ឯង,មាត់ក៏មានក្លិនអាក្រក់ផ្សាយចេញទៅ ហាក់ដូចជាក្លិនពងមាន់ស្អុយបែក និងកាយក៏មានក្លិនអាក្រក់ផ្សាយចេញទៅ ហាក់ដូចជាក្លិនវច្ចកុដិដែលបើកចំហ, ព្រះអង្គក៏ធ្លាក់ចុះអំពីអាកាស មកឋិតនៅលើផែនដី, សូម្បីឫទ្ធីទាំង ៤ ក៏វិនាសទៅ ។ លំដាប់នោះ មហាបុរោហិតពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមព្រះអង្គកុំភ័យឡើយ បើព្រះអង្គពោលពាក្យពិត ខ្ញុំព្រះអង្គនឹងធ្វើព្រះអង្គឲ្យតាំងនៅដូចដើមវិញទាំាំងអស់ ដូច្នេះទើបពោលគាថាទី ៣ ថា សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភូមិយំ តិដ្ឋ ចេតិយ។ បពិត្រព្រះរាជា បើប្រសិនជាព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គឋិតនៅលើផែនដី ។ ព្រះរាជានោះ សូម្បីកបិលតាបសពោលថា “បពិត្រមហារាជ សូមទ្រង់មើលចុះ កាលព្រះអង្គពោលមុសាវាទតែម្ដងប៉ុណ្ណោះ ឫទ្ធិទាំង ៤ របស់ព្រះអង្គក៏អន្តរធានទៅ សូមទ្រង់ពិចារណាចុះ សូម្បីឥឡូវនេះ ទូលព្រះបង្គំអាចធ្វើព្រះអង្គឲ្យជាប្រក្រតីដូចដើមវិញបាន” ដូច្នេះហើយទ្រង់ពោលថា “លោកពោលយ៉ាងនេះ ប្រាថ្នានឹងបោកញ្ឆោតយើង” រួចព្រះអង្គពោលមុសាវាទជាលើកទី ២ (ធ្វើឲ្យ) ព្រះអង្គចូលទៅកាន់ផែនដីត្រឹមកជើង ។ លំដាប់នោះ ព្រាហ្មណ៍តាបសពោលនឹងព្រះរាជាម្ដងទៀតថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ សូម្បីឥឡូវនេះ ទូលបង្គំអាចធ្វើឲ្យព្រះអង្គតាំងនៅដូចប្រក្រតីវិញបាន រួចហើយលោកក៏ពោលគាថាទី ៤ ថា អកាលេ វស្សតី តស្ស, កាលេ តស្ស ន វស្សតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ សេ្តចណាជា្រប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ភ្លៀងរមែងធ្លាក់ចុះ ក្នុងកាលមិនគួរ (ក្នុងដែន) របស់សេ្តចនោះ ភ្លៀងរមែងមិនធ្លាក់ចុះ ក្នុងកាលគួរ (ក្នុងដែនរបស់សេ្តចនោះ) ។ លំដាប់នោះ សូម្បីកបិលតាបសពោលនឹងព្រះរាជា ដែលកំពុងចូលទៅកាន់ផែនដីដរាបដល់ត្រឹមស្មងជើង ដោយផលមុសាវាទ ថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោលគាថាទី ៥ ថា សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភូមិំ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលនូវពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមព្រះអង្គចូលទៅកាន់ផែនដី (ត្រឹមព្រះជាណុ) ។ ព្រះបាទឧបរិវរៈនៅតែពោលមុសាវាទជាលើកទី ៣ ថា បពិត្រលោកម្ចាស់ លោកជាប្អូន កោរកលម្ពៈជាបង ដូច្នេះហើយ ទ្រង់ចូលទៅកាន់ផែនដីដរាបដល់ត្រឹមព្រះជាណុ ។ ពេលនោះ កបិលតាបសពោលនឹងព្រះរាជាម្ដងទៀតថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា ជិវ្ហា តស្ស ទ្វិធា ហោតិ, ឧរគស្សេវ ទិសម្បតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ បពិត្រព្រះអង្គជាធំក្នុងទិស សេ្តចណាជា្របកាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ អណ្តាតរបស់សេ្តចនោះ រមែងបែកជាពីរដូចជាអណ្តាតនៃពស់ ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះគឺត្រឹមចង្កេះ) ។ គ្រាតាបសពោល ២ គាថានេះហើយ លោកពោលទៀតថា ឥឡូវនេះ ទូលបង្គំអាចធ្វើព្រះអង្គឲ្យជាប្រក្រតីបាន ។ ព្រះរាជាសូម្បីស្ដាប់ពាក្យរបស់តាបសហើយ ក៏ទ្រងមិនអើពើ ពោលមុសាវាទជាគម្រប់ ៤ ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ដូច្នេះហើយ ទ្រង់ចូលទៅក្នុងផែនដីដរាបត្រឹមចង្កេះ ។ លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា ជិវ្ហា តស្ស ន ភវតិ, មច្ឆស្សេវ ទិសម្បតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ បពិត្រព្រះអង្គជាធំក្នុងទិស ស្តេចណាជ្រាប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ស្តេចនោះ មិនមានអណ្តាត ដូចត្រី ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះគឺត្រឹមផ្ចិត) ។ ព្រះរាជាធ្វើមុសាវាទជាគម្រប់ ៥ ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ដូច្នេះហើយ ទ្រង់ចូលទៅក្នុងផែនដីដរាបត្រឹមព្រះនាភី (ផ្ចិត) ។ លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា ថិយោវ តស្ស ជាយន្តិ, ន បុមា ជាយរេ កុលេ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ សេ្តចណាជ្រាប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ក្នុងត្រកូលស្តេចនោះ កើតតែកូនស្រី កូនប្រុសមិនកើតទេ ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គ ចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះ គឺត្រឹមដោះ) ។ ព្រះរាជាមិនអើពើនឹងពាក្យរបស់តាបស ពោលមុសាវាទជាគម្រប់ ៦ ទ្រង់ក៏ចូលទៅក្នុងផែនដីដរាបដល់ត្រឹមដោះ ។ លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា បុត្តា តស្ស ន ភវន្តិ, បក្កមន្តិ ទិសោទិសំ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ សេ្តចណាជា្រប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ កូនប្រុសរបស់សេ្តចនោះ រមែងមិនមានឡើយ បើជាមាន រមែងគេចចេញទៅកាន់ទិសតូចទិសធំបាត់អស់ ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះទៅទៀត គឺលិចផុត) ។ ដោយទោសនៃការសេពគប់បាបមិត្រ ធ្វើឲ្យព្រះរាជាមិនអើពើនឹងពាក្យតាបស ហើយទ្រង់ពោលមុសាវាទជាគម្រប់ ៧ យ៉ាងនោះទៀត ។ គ្រានោះ ផែនដីក៏បើកចំហ សំណាញ់អណ្ដាតភ្លើងតាំងឡើងពីអវីចិនរក ចាប់យកព្រះរាជា ។ ស រាជា ឥសិនា សត្តោ, អន្តលិក្ខចរោ បុរេ; បាវេក្ខិ បថវិំ ចេច្ចោ, ហីនត្តោ បត្វ បរិយាយំ។ សេ្តចនោះ កាលពីដើមត្រាច់ទៅ ក្នុងអាកាសបាន (ដល់មកខាងក្រោយ) ត្រូវឥសីផ្តាសា ហើយ ក៏បែរជាមានសភាពសាបសូន្យ ដល់វេនរបស់ខ្លួន ចូលទៅកាន់ផែនដី ។ តស្មា ហិ ឆន្ទាគមនំ, នប្បសំសន្តិ បណ្ឌិតា; អទុដ្ឋចិត្តោ ភាសេយ្យ, គិរំ សច្ចូបសំហិតំ។ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ទើបមិនសរសើរ នូវការលុះក្នុងអំណាចនៃ សេចក្តីប្រាថ្នា បុគ្គលគួរជាអ្នកមានចិត្តមិនប្រទូស្ត ហើយពោលនូវវាចាដ៏ប្រកបដោយសច្ចៈ ។ ពីរគាថានេះ ជាអភិសម្ពុទ្ធគាថា ។ មហាជនដល់នូវសេចក្ដីភ័យខ្លាច ដោយឃើញថា ព្រះបាទចេតិយរាជជេរឥសី ធ្វើមុសាវាទ ហើយចូលទៅកាន់អវីចិនរក ។ចំណែកព្រះរាជបុត្រទាំង ៥ របស់ព្រះរាជា មកហើយ ក្រាបចុះទាបជើងរបស់ព្រាហ្មណ៍ពោលថា សូមលោកជាទីពឹងរបស់ពួកយើង ។ ព្រាហ្មណ៍ពោលថា ម្នាលរាជបុត្រ បិតារបស់អ្នកញ៉ាំងធម៌ឲ្យវិនាស ធ្វើមុសាវាទ ជេរឥសី ក៏ចូលដល់អវីចិនរក ធម្មតាធម៌រមែងសម្លាប់អ្នកសម្លាប់ធម៌ សូម្បីអ្នកទាំងឡាយក៏មិនអាចនឹងនៅក្នុងទីនេះឡើយ ។ បណ្ដារាជបុត្រទាំងនោះ ឥសីពោលនឹងរាជបុត្រដែលបងគេបង្អស់ថា អ្នកចូរមក ហើយចេញទៅតាមទ្វារទិសខាងកើត ទៅត្រង់រហូត អ្នកនឹងឃើញហត្ថិ-រតន៍ ដែលមានសម្បុរសសុទ្ធ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ហត្ថិបុរៈ ។ ហៅរាជបុត្រទី ២ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងត្បូង ទៅត្រង់រហូត អ្នកនឹងឃើញអស្សរតន៍ ដែលមានសម្បុរសសុទ្ធ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា អស្សបុរៈ ។ ហៅរាជបុត្រទី ៣ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងលិច ទៅត្រង់រហូត អ្នកនឹងឃើញកេសរសីហៈ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា សីហបុរៈ ។ ហៅរាជបុត្រទី ៤ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងជើង ទៅត្រង់រហូត អ្នកនឹងឃើញចក្កបញ្ជរ ដែលសម្រេចដោយរតនៈទាំងពួង ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ឧត្តរបញ្ចាល ។ ហៅរាជបុត្រទី ៥ មកប្រាប់ថា នែរាជបុត្រ អ្នកមិនអាចនៅក្នុងទីនេះទេ, ចូរធ្វើមហាស្តូបក្នុងនគរនេះ រួចចេញទៅតាមទ្វារទិសខាងលិចឆៀងខាងជើង ទៅត្រង់រហូត អ្នកនឹងឃើញភ្នំពីរទង្គិចគ្នា ឮសំឡេងទទ្ទរៈ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ទទ្ទរបុរៈ ។ ជនទាំង ៥ នោះ ទៅតាមសញ្ញានោះៗ ហើយកសាងនគរ និងរស់នៅក្នុងទីនោះៗ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីកាលមុន ទេវទត្តក៏ធ្វើមុសាវាទ ហើយត្រូវផែនដីស្រូបដែរ ដូច្នេះហើយ ព្រះអង្គប្រជុំជាតកថា តទា ចេតិយរាជា ទេវទត្តោ អហោសិ ព្រះបាទចេតិយៈ ក្នុងកាលនោះ បានមកជាទេវទត្ត កបិលព្រាហ្មណោ បន អហមេវ អហោសិំ ចំណែកកបិលព្រាហ្មណ៍ គឺតថាគតនេះឯង ។ ចេតិយជាតក ៕ (ជាតកដ្ឋកថា ខុទ្ទកនិកាយ ជាតក អដ្ឋកនិបាត បិដកលេខ ៥៩ ទំព័រ ១២៣) ថ្ងៃ អង្គារ ៦ រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២៦ ខែ មីនា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3245/_________________________________.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៣ (អាន: ៥,០៧៨ ដង)
[៤៤៦] ម្នាលភិក្ខុទាំងឡាយ ។ សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ទ្រង់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត ហើយត្រឡប់ពីបិណ្ឌបាតក្នុងបច្ឆាភត្ត ត្រាស់ហៅព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរកាន់យកនូវសំពត់គឺសីទនៈ តថាគតនិងចូលទៅឯបាវាលចេតិយ ដើម្បីសម្រាកក្នុងវេលាថ្ងៃ ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់នូវសំពត់សីទនៈដើរតាមក្រោយ ៗ ព្រះដ៏មានព្រះភាគទៅ ។ [៤៤៧] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ចូលទៅបាវាលចេតិយ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលបុគ្គលតាក់តែងថ្វាយ ។ ព្រះអានន្ទដ៏មានអាយុ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីរីករាយ ឧទេនៈចេតិយ គួរជាទីរីករាយ គោតមកចេតិយ គួរជាទីរីករាយ សត្តម្ពចេតិយ គួរជាទីរីករាយ ពហុបុត្តកចេតិយ គួរជាទីរីករាយ សារន្ទទចេតិយ គួរជាទីរីករាយ បាវាលចេតិយ គួរជាទីរីករាយ ។ ម្នាលអានន្ទ បុគ្គលណាមួយបានចម្រើនឥទ្ធិបាទ ៤ បានធ្វើឲ្យរឿយ ៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមល្អហើយ កាលបើបុគ្គលនោះប្រាថ្នា អាចស្ថិតនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ ម្នាលអានន្ទ ឥទ្ធិបាទ ៤ តថាគតបានចម្រើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមល្អហើយ ។ ម្នាលអានន្ទ បើតថាគតប្រាថ្នា អាចស្ថិតនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ [៤៤៨] កាលបើព្រះដ៏មានព្រះភាគទ្រង់ធ្វើនិមិត្ត ជាឱឡារិក ទ្រង់ធ្វើឱកាសជាឱឡារិកយ៉ាងនេះក៏ដោយ ព្រះអានន្ទដ៏មានអាយុ នៅតែមិនអាចនិងយល់សេចក្តីច្បាស់លាស់បានឡើយ មិនបានអារាធនាព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់គង់នៅអស់ ១ អាយុកប្ប សូមព្រះសុគតទ្រង់គង់នៅអស់ ១ អាយុកប្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយដូច្នេះឡើយ ព្រោះមារចូលមកជ្រែកចិត្ត ។ [៤៤៩] ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា (និងព្រះអានន្ទ) ជាគំរប់ពីរដង ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់និងព្រះអានន្ទដ៏មានអាយុជាគំរប់ ៣ ដងថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីរីករាយ ឧទេនចេតិយ គួរជាទីរីករាយ គោតមកចេតិយ គួរជាទីរីករាយ សត្តម្ពចេតិយ គួរជាទីរីករាយ ពហុមុត្តកចេតិយ គួរជាទីរីករាយ សារន្ទទចេតិយ គួរជាទីរីករាយ បាវាលចេតិយ គួរជាទីរីករាយ ។ ម្នាលអានន្ទ បុគ្គលណាមួយបានចម្រើន ឥទ្ធិបាទ ៤ ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីតាំងនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមទុកល្អហើយ បើបុគ្គលនោះប្រាថ្នា អាចនៅអស់ ១ អាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ ម្នាលអានន្ទ តថាគតបានចម្រើនឥទ្ធិបាទ ៤ បានធ្វើឲ្យរឿយ ៗ បានធ្វើឲ្យដូចជាយាន បានធ្វើឲ្យជាទីតាំងនៅ បានតាំងទុករឿយ ៗ បានសន្សំទុក បានផ្តើមទុកល្អហើយ ។ ម្នាលអានន្ទ បើតថាគតប្រាថ្នា អាចនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ [៤៥០] កាលព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱកាលជាឱឡារិកយ៉ាងនេះក៏ដោយ ព្រះអានន្ទដ៏មានអាយុ នៅតែមិនយល់សេចក្តីច្បាស់លាស់ឡើយ មិនបានអាពាធ ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់គង់នៅអស់មួយអាយុកប្ប សូមព្រះសុគត ទ្រង់គង់នៅអស់មួយអាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយដូច្នេះឡើយ ព្រោះមារចូលមកជ្រែកចិត្ត ។ [៤៥១] លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់និងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ ចូរសំគាល់នូវកាលគួរក្នុងកាលឥឡូវនេះចុះ ។ ព្រះអានន្ទដ៏មានអាយុទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ រួចក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ដើរប្រទក្សិណ ហើយអង្គុយជិតគល់ឈើមួយដើម ដ៏មិនឆ្ងាយប៉ុន្មាន ។ [៤៥២] (កាលដែលព្រះអានន្ទដ៏មានអាយុចេញទៅមិនយូរប៉ុន្មាន) មារមានចិត្តបាបចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរក្នុងទីសមគួរ ។ (លុះមារមានចិត្តបាបឈរក្នុងទីសមគួរហយ) ក៏ក្រាបទូលអារាធនាព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះទៅ សូមព្រះសុគតនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ព្រះដ៏មានព្រះភាគល្មមបរិនិព្វានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគបានត្រាស់វាចានេះថា នែមារមានចិត្តបាប (បើ) ពួកភិក្ខុជាសាវករបស់តថាគតដែលឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្របិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌នៅមិនទានមាន ទាំងមិនទាន់រៀនវាទៈនៃអាចារ្យរបស់ខ្លួន ហើយនិងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់បានសង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យដរាបណាទេ តថាគតនឹងមិនទាន់បរិនិព្វានដរាបនោះឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកជាសាវករបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហូស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៣] បពិត្រព្រះអង្គដ៏ចម្រើន ព្រោះព្រះដ៏មានព្រះភាគត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនឹងមិនទាន់បរិនិព្វានទេ ព្រោះពួកភិក្ខុនីជាសាវិការបស់តថាគត ឈ្លាស វាងវៃ ក្លៀវក្លា ជាពហុសូ្សត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយនឹងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុនីជាសាវិការបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វាន ទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះ ជាកាលគួរល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៤] បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគបានត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនិងមិនទាន់បរិនិព្វានទេ ព្រោះពួកឧបាសក (ជាសាវក) របស់តថាគត ។បេ។ ព្រោះពួកឧបាសិកាជាសាវិការបស់តថាគត ដែលឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌នៅមិនទាន់មាន ទាំងមិនទាន់រៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយនិងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិន នូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ក៏ឥឡូវនេះ មានពួកឧបាសិកាជាសាវិការបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងសង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះ ជាកាលគួរល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៥] បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគបានត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនឹងមិនទាន់បរិនិព្វានទេ ព្រោះព្រហ្មចារ្យរបស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចម្រើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងច្រើនគ្នា មិនទាន់ពេញបរិបូណ៌ ពួកទេវតានិងមនុស្ស មិនទានចេះសម្តែងបានដោយប្រពៃទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រហ្មចារ្យរបស់ព្រះដ៏មានព្រះភាគនោះបានខ្ជាប់ខ្ជួនហើយ បានចម្រើនហើយ បានផ្សាយទៅសព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតានិងមនុស្សចេះសម្តែងបានដោយល្អហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះជាកាលគួរល្មម ព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៦] កាលបើក្រុងមារក្រាបទូលបង្គំនេះហើយ ព្រះដ៏មានព្រះភាគ ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគតមិនយូរប៉ុន្មានទេ កន្លង ៣ ខែអំពីកាលនេះទៅ តថាគតនឹងបរិនិព្វាន ។ [៤៥៧] លំដាប់នោះឯង ព្រះដ៏មានព្រះភាគទ្រង់មានព្រះសតិសម្បជញ្ញៈ ទ្រង់ដាក់អាយុសង្ខារព្ធដ៏បាវាលចេតិយ ។ លុះព្រះដ៏មានព្រះភាគដាក់អាយុសង្ខារហើយ ក៏កើតកក្រើកផែនដីយ៉ាងធំ គួរឲ្យភ្លូកភ្លឹកព្រឺព្រួចរោម ទាំងផ្គរក៏លាន់ឮឡើង ។ [៤៥៨] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ជ្រាបច្បាស់នូវដំណើរនោះហើយ ក៏បន្លឺនូវឧទាននេះក្នុងវេលានោះថា ៖ ព្រះពុទ្ធជាអ្នកប្រាជ្ញ ពិចារណាឃើញនូវព្រះនិព្វានដែលមានគុណថ្លឹងមិនបានផង នូវភពផង លះបង់នូវសង្ខារដែលនាំសត្វទៅកាន់ ភពហើយ ត្រេកអរចំពោះអារម្មណ៍ខាងក្នុង (ដោយអំណាច វិបស្សនា) មានចិត្តតាំងមាំ (ដោយអំណាចសមថៈ) បានទំលាយហើយនូវបណ្តាញ គឺកិលេសដែលកើតមាននៅក្នុងខ្លួនដូចជាក្រោម ។ ចប់ បាវាលវគ្គទី ១ ។ (បិដក៣៨ ទំព័រ២៧១) ដោយ៥០០០ឆ្នាំ
images/articles/3246/________________________________________________.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៣ (អាន: ៣,១៨២ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអផ្សុកមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អយមេវ សា អហមបិ សោ អនញ្ញោ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្ននឹងមានជាក់ច្បាស់ក្នុង ឧម្មាទន្តីជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ញាសនិបាត បិដកលេខ ៦១ ទំព័រ ១៤) ។ភិក្ខុនោះត្រូវព្រះសាស្ដាសួរថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតមែនឬ ?លោកឆ្លើយថា បពិត្រព្រះមានព្រះភាគ ពិតមែនហើយ ។ ព្រះសាស្ដាសួរថា អ្នកណាធ្វើឲ្យអ្នកអផ្សុក ?លោកឆ្លើយថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គឃើញមាតុគ្រាមដែលប្រដាប់តាក់តែងដ៏ស្អាតមួយរូប ទើបជាអ្នកបណ្ដោយតាមកិលេស ទៅជាអផ្សុកបែបនេះ ។ គ្រានោះ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា មាតុគ្រាម ជាមនុស្សអកតញ្ញូ ជាមនុស្សទ្រុស្តមិត្រ មានមាយាច្រើន, សូម្បីបោរាណកបណ្ឌិតសុខចិត្តលះបង់ជីវិត ឲ្យផឹកឈាមដែលហូរចេញពីជង្គង់ខាងស្ដាំរបស់ខ្លួនហើយក៏ដោយ ក៏បានមិនចិត្ត (ស្មោះ) របស់មាតុគ្រាមដែរ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកថា ៈ បពិត្រអើយ ក្នុងកាលដ៏ខណ្ឌខាំងកំបាំងស្ងាត់កន្លង រំលងយូរណាស់ទៅហើយ ឰដ៏កាលនោះ ព្រះចៅក្រុងពារាណសី មានព្រះរាជបុត្រ ៧ អង្គ ។ បណ្ដាព្រះរាជឱរសទាំង ៧ អង្គនោះ បទុមរាជកុមារពោធិសត្វជាបងច្បងលើរាជកុមារទាំងអស់ ។ កាលនោះព្រះចៅក្រុងពារាណសីជាព្រះវររាជបិតា ទ្រង់ព្រះចិន្ដាថាៈ ព្រះរាជកុមារទាំងនេះតទៅ មុខជានឹងនាំគ្នាសម្លាប់អញ ហើយដណ្ដើមយករាជសម្បត្តិតែសព្វ ៗ ខ្លួនពុំខានឡើយ, លុះទ្រង់ព្រះចិន្ដាឈ្វេងយល់ដូច្នេះហើយ ក៏កើតសេចក្ដីរង្កៀសសង្ស័យចំពោះព្រះរាជបុត្រាទាំងនោះ ទើបមានព្រះបន្ទូលថាៈ ហៃបុត្រស្ងួនសម្លាញ់មាសឪពុកទាំងឡាយអើយ ! បាកុំនៅក្នុងទីនេះឡើយ ចូរបានាំគ្នាចេញទៅនៅក្នុងទីដទៃសិនទៅ ទម្រាំតែដល់គ្រាដែលអំណើះឥតអំពីបិតាទៅ សឹមបានាំគ្នាទទួលយករាជសម្បត្តិជាខាងក្រោយចុះ ។ ឯព្រះរាជកុមារទាំងនោះ ព្រមទាំងភរិយារបស់ខ្លួន ក៏នាំគ្នាថ្វាយបង្គំលាព្រះវរមាតាបិតាហើយចេញទៅអំពីនគរ ។ លុះដើរ ៗ ទៅបានទៅដល់ផ្លូវដាច់ស្រយាល ក៏ដាច់បាយដាច់ទឹកនៅក្នុងកណ្ដាលអធ្វ័ន រកស្បៀងអាហារបរិភោគពុំបាន ក៏បបួលគ្នាកាប់សម្លាប់ភរិយានៃព្រះរាជកុមារពៅជាមុន ចែកសាច់ជា ១៣ ចំណែកហើយបរិភោគសាច់ ដែលជាចំណែករបស់ខ្លួនតែរៀង ៗ ខ្លួន ។ នឹងថ្លែងឯព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្ន ព្រះអង្គត្រូវបានពីរចំណែក គឺព្រះអង្គ ១ ចំណែក ភរិយារបស់ព្រះអង្គ ១ ចំណែក ។ បណ្ដាចំណែកពីរដែលខ្លួននិងប្រពន្ធបានមកនោះព្រះអង្គបានតម្កល់ទុក ១ ចំណែក ៗ រៀងរាល់ថ្ងៃមិនបរិភោគឡើយ បរិភោគតែ ១ ចំណែកជាមួយនឹងភរិយា ។ ឯកុមារទាំងនោះ ក៏សម្លាប់ស្រ្ដីទាំង ៦ នាក់ ក្នុង ១ ថ្ងៃមួយ ៗ យកសាច់មកចែកគ្នាបរិភោគតាមន័យនេះរៀងរាល់ថ្ងៃ រហូតមកដល់ថ្ងៃជាគម្រប់ ៦ ។ ចំណែកព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្នហេតុតែព្រះអង្គមានប្រាជ្ញាឈ្លាសវៃ បានរំលែកទុកចំណែកដែលត្រូវបានខ្លួនមួយចំណែក ៗ តែរាល់ ៗ ថ្ងៃ ទើបដល់មកថ្ងៃទី ៧ ដែលត្រូវវេនសម្លាប់ភរិយារបស់ខ្លួននោះ ព្រះអង្គនៅសល់ចំណែកទាំង ៦ ដែលបានរំលែកលាក់ទុកពីថ្ងៃមុន ៗ មក ។ ព្រះអង្គក៏បានចំណែកទាំង ៦ ដល់ព្រះរាជកុមារទាំងឡាយ ដែលមានប្រាថ្នាដើម្បីនឹងសម្លាប់ភរិយារបស់ព្រះអង្គ ហើយទ្រង់ពោលថាៈ ម្នាលអ្នកទាំងឡាយ ក្នុងថ្ងៃនេះ អ្នកទាំងឡាយចូរបរិភោគចំណែកទាំងនេះសិនចុះ ចាំដល់ថ្ងៃស្អែកសឹមយើងនឹងគិតលៃលកតទៅទៀត ។ លុះដល់វេលារាត្រី កាលព្រះរាជកុមារទាំងលក់កំពុងដេកលក់ស៊ប់ ព្រះអង្គក៏នាំភរិយារបស់ព្រះអង្គរត់គេចទៅអំពីទីនោះ ។ លុះដើរឆ្ងាយបន្តិចទៅភរិយាអស់កម្លាំងមិនអាចដើរទៅទៀតបាន ទើបព្រះអង្គក៏លើកភរិយាបញ្ជិះលើស្មាហើយខំប្រឹងដើរទៅ, កាលព្រះអាទិត្យរះឡើងពេញពន្លឺ ក៏បានឆ្លងផ្លូវឆ្ងាយដាច់ស្រយាលនោះផុត ។ ឯភរិយាបាននិយាយថាៈ បពិត្រអ្នកជាស្វាមី ខ្ញុំស្រេកទឹកខ្លាំងណាស់ ។ ព្រះបរមពោធិសត្វ កាលណាបើរកទឹកពុំបានឲ្យភរិយាផឹក ក៏ចោះជង្គង់ខ្លួនដោយព្រះខាន់ដ៏មុត យកឈាមឲ្យភរិយាផឹក ។ ជនទាំងពីរនាក់ ស្វាមីភរិយានោះ ដើរជាលំដាប់ទៅ បានដល់មហាគង្គា ១ ក៏ធ្វើបណ្ណសាលា ១ នៅក្បែរទន្លេគង្គានោះ ហើយក៏នាំគ្នានៅក្នុងទីនោះទៅ ។ កាលនោះមានពួកមនុស្សជាច្រើន ចាប់បានចោរម្នាក់ដែលមានទោសកំហុសចំពោះព្រះរាជាហើយនាំយកទៅកាត់ដៃ-ជើង-ត្រចៀក និងច្រមុះឲ្យកំបុតអស់ ហើយដាក់នៅក្នុងពោង​ពាយ​បណ្ដែតចោលទៅក្នុងទន្លេគង្គានោះទៅ ។ ឯបុរសកំបុតក៏ស្រែកថ្ងូរដោយសម្រែកដ៏ខ្លាំង ហើយអណ្ដែតទៅដល់ទីនោះ ។ ព្រះបរមពោធិសត្វបានឮសំឡេងនោះហើយក៏ទៅស្រង់លើកបុរសកំបុតនោះ ដោយសេចក្ដីករុណាអាណិតអាសូរ នាំយកទៅកាន់បណ្ណសាលា បានធ្វើ វណបដិកម្ម គឺករិយាបិទរុំដំបៅ ដោយកិច្ចទាំងឡាយមានលាងនិងលាបរុំ ដោយសំពត់ជាដើម ។ ឯភរិយាព្រះបរមពោធិសត្វមហាបុរសរ័ត្ន ខ្ពើមរអើមបុរសកំបុតនោះពន់ពេក ចេះតែខាកស្ដោះ ៗ រាល់ ៗថ្ងៃ ។ កាលនោះ ព្រះបរមពោធិសត្វតែងទុកបុរសកំបុតនោះ ឲ្យនៅក្នុងអាស្រមជាមួយនឹងភរិយា ហើយទ្រង់ចេញទៅស្វែងរកផលាផលដោយព្រះអង្គឯង នាំយកមកចិញ្ចឹមរក្សា ទ្រង់ថែរក្សាបុរសកំបុតរៀងរាល់ថ្ងៃ ទាល់តែបានសះជារបួសនោះដោយស្រួលបួល ។ ឯនាងជាស្រីអប្រិយមានចិត្តគំនិតអាក្រក់ ក្បត់ចិត្តស្វាមីកាលបានឱកាសស្ងាត់ហើយ ក៏លបលួចចងចិត្តប្រតិព័ទ្ធនឹងអាកំបុតឥតមានចិត្តកោតក្រែងដល់ស្វាមីបន្តិចបន្តួចឡើយ ហើយក៏បានប្រព្រឹត្ត កាមេមិច្ឆាចារជាមួយនឹងអាកំបុតនោះទៅ, មិនតែប៉ុណ្ណោះសោត គិតរកកលឧបាយនឹងសម្លាប់ព្រះពោធិសត្វជាស្វាមីរបស់ខ្លួនចោល ហើយក៏ធ្វើជាក្លែងនិយាយថាៈ បពិត្រអ្នកស្វាមី កាលដែលខ្ញុំជិះលើស្មាអ្នកចេញផុតអំពីផ្លូវឆ្ងាយដាច់ស្រយាលនោះមក បានឃើញភ្នំ ១ ធំ ហើយខ្ញុំក៏បានតាំងសច្ចាប្រណិធានបួងសួងបន់ស្រន់ថាៈ បពិត្រលោកទេវតារក្សាភ្នំជាម្ចាស់ខ្ញុំអើយ ! បើសិនណាជាខ្ញុំព្រមទាំងស្វាមីរបស់ខ្ញុំជាបុគ្គលឥតមានជំងឺតម្កាត់អ្វី ហើយបានរស់រួចជីវិតកាលណា ខ្ញុំនឹងត្រឡប់មកធ្វើពលិកម្មបូជាដល់លោកក្នុងកាលនោះពុំខាន, ឥឡូវនេះដល់ពេលដែលខ្ញុំនឹងត្រូវធ្វើពលិកម្មបូជាដល់ទេវតានោះ ។ នាងថាតែប៉ុណ្ណេះហើយ ក៏នាំព្រះពោធិសត្វទៅឯភ្នំនោះ លុះដល់ហើយទើបនិយាយនឹងព្រះពោធិសត្វជាស្វាមីថាៈ បពិត្រអ្នកជាស្វាមី, ខ្លួនអ្នកជាទេវតាដ៏ឧត្ដមបំផុត ខ្ញុំនឹងដើរប្រទក្សិណអ្នក ៣ ជុំ ហើយថ្វាយបង្គំអ្នកជាមុនសិន រួចហើយសឹមធ្វើពលិកម្មបូជាដល់ទេវតាក្នុងកាលជាខាងក្រោយ ។ ស្រីអប្រិយពោលពាក្យយ៉ាងនេះហើយ ក៏ឲ្យព្រះពោធិសត្វឈរបែរមុខឈមទៅរកជ្រោះភ្នំ ហើយធ្វើអាការហាក់ដូចជាស្រីមានប្រាថ្នា ដើម្បីថ្វាយបង្គំបូជាដោយផ្កាភ្ញីទាំងឡាយ ឈរនៅពីខាងក្រោយខ្នងហើយច្រានព្រះពោធិសត្វទម្លាក់ទៅក្នុងជ្រោះភ្នំនោះទៅ ។ រួចហើយក៏ម្នីម្នាត្រឡប់វិលទៅកាន់សំណាក់បុរសកំបុតនោះវិញដោយប្រញាប់ប្រញាល់ ។ ឯព្រះពោធិសត្វមហាបុរសរ័ត្ន កាលដែលធ្លាក់ចុះទៅក្នុងជ្រោះនោះ ហេតុតែបុណ្យសម្ភារព្រះបារមីដែលព្រះអង្គបានកសាងទុកមកពីបុព្វជាតិ ក៏ធ្លាក់ទៅទើរលើគុម្ពឈើស៊ុមទ្រុំ ១ លើចុងឧទុម្ពរ ( ដើមល្វា ) ១ ដើម ដែលជាឈើឥតបន្លាតែទ្រង់មិនអាចដើរចុះទៅក្នុងទីដទៃបានឡើយ ក៏បេះផ្លែឧទុម្ពរអង្គុយបរិភោក្ដានៅលើប្រគាបមែកឈើនោះឯង ។ ជួនជាពេលនោះ មានស្ដេចទន្សង ១ មានសរីរាវយវៈដ៏ធំ ជាសត្វធ្លាប់ឡើងអំពីជើងភ្នំទៅរកស៊ីផ្លែល្វានោះ ។ សត្វទន្សោងនោះ កាលឡើងមកស៊ីផ្លែឈើនោះស្រាប់តែក្រឡេកមើលទៅឃើញព្រះបរមពោធិសត្វ ក៏មានសេចក្ដីវិស្សាសៈស្និទ្ធស្នាលនឹងព្រះអង្គ ទើបសួររកហេតុដែលព្រះពោធិសត្វមកក្នុងទីនោះ, កាលបានស្ដាប់ដឹងនូវសេចក្ដីនោះសព្វគ្រប់ហើយ ក៏ឲ្យព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្នអង្គុយនៅលើខ្នងរបស់ខ្លួន ហើយវារឡើងអំពីជ្រោះភ្នំនាំចេញទៅដាក់នៅនាមហាមគ៌ា ហើយក៏ត្រឡប់វិលចូលទៅកាន់ព្រៃបាត់ទៅវិញ ។ ឯព្រះបរមពោធិសត្វទ្រង់ទៅកាន់បច្ចន្តគ្រាមហើយនៅក្នុងស្រុកនោះ, លុះអំណើះឥតអំពីព្រះវររាជបិតាទៅក៏បានទទួលសោយរាជ្យជាស្ដេចទ្រង់ព្រះនាមថា ព្រះបាទបទុមរាជ គ្រប់គ្រងរាជសម្បត្តិជាដំណតវង្សមក ព្រះអង្គបានសាងសាលាសម្រាប់ឲ្យទាន ៦ ខ្នង ហើយចំណាយទ្រព្យក្នុង ១ ថ្ងៃ ៦ សែនកហាបណៈឲ្យទានតែរាល់ ៗ ថ្ងៃឥតមានលោះថ្ងៃណាមួយឡើយ ។ កាលនោះ ស្រីបាបអប្រិយកាឡកណ្ណីជួជាតិឥតល័ក្ខណ៍នោះ បានបញ្ជិះអាកំបុតលើស្មាដើរចេញមកអំពីព្រៃ ត្រាច់ដើរទៅស្វែមរកសូមទានបាយចំណីគេសព្វច្រកល្ហកឥតមានសោះចន្លោះ ក្នុងផ្លូវជាលំនៅនៃមនុស្សម្នាមហាជនផង យកមកចិញ្ចឹមរក្សាបុរសពិការនោះជាធម្មតាកាលបើមានគេសួរថាៈ បុរសនេះត្រូវជាអ្វីនឹងនាង វាក៏តាំងពោលថ្លែងរៀបរាប់ប្រាប់ថា យើងទាំងពីរនាក់ជាបងប្អូនជីដូនមួយនឹងគ្នា គឺខ្លួនខ្ញុំជាធីតាខាងឪពុកខាងឪពុកធំខាងម្ដាយនៃបុរសនេះ, ឯបុរសនេះ ជាកូនរបស់ម្ដាយមីងខ្ញុំ ពួកចាស់ទុំបានផ្សុំផ្គុំខ្ញុំឲ្យជាភរិយានៃបុរសពិការនេះ ។ ខ្លួនខ្ញុំក៏ស៊ូតែខំប្រឹងថែរក្សាស្វាមីរបស់ខ្លួន សូម្បីមានទោសធ្ងន់ដល់ថ្នាក់ ដែលគេត្រូវសម្លាប់ចោលយ៉ាងនេះក៏ដោយ ចេះតែខំត្រេចស្វះស្វែងរកសូមទានបាយចំណីគេយកមកចិញ្ចឹមរក្សាគ្នាទៅ ។ ពួកមនុស្សបានឮសំដីសារស័ព្ទរៀបរាប់កុហកប្រាប់ដូច្នេះហើយក៏គិតថាៈ នាងនេះជាមានសេចក្ដីគោរពប្រតិបត្តិប្ដីណាស់តើ ក៏នាំគ្នាឲ្យបាយបបរជាច្រើន បានឲ្យទាំងកញ្រ្ចែងផ្ដៅ ១ យ៉ាងជាប់មាំ ហើយប្រាប់ថាៈ នាងឯងចូរដាក់ប្ដីរបស់នាងឲ្យអង្គុយនៅក្នុងកញ្រ្ចែងនេះ ហើយទូលដើរទៅចុះ ដើម្បីកុំឲ្យលំបាកនឹងបញ្ជិះលើស្មាពេក ។ នាងនោះក៏ធ្វើតាមបង្គាប់ដែលគេប្រាប់ ដូច្នោះហើយទូលដើររៀង ៗ ទៅដល់ក្រុងពារាណសី ក៏ដាក់អាកំបុតចុះអំពីក្បាលឈប់សម្រាកបរិភោគអាហារចំណី ក្នុងសាលាសម្រាប់ឲ្យទាននោះ រួចហើយនឹងត្រាច់រង្គាត់ទៅដើរទៅមុខទៀត ។ គាប់ជួនជាពេលនោះព្រះបរមពោធិសត្វ ព្រះអង្គចេញទៅក្នុងរោងទាន ដើម្បីព្រះរាជទានម្ហូបចំណីដល់ពួកមនុស្សម្នាមហាជនផងទាំងឡាយ ដោយផ្ទាល់ព្រះហស្ដព្រះអង្គឯង រួចហើយត្រឡប់ចូលទៅកាន់ព្រះរាជនិវេសន៍វិញ ។ ស្រាប់តែឃើញស្រ្ដីនោះត្រង់ផ្លូវ ដែលទ្រង់យាងចូលទៅ ហើយក៏ត្រាស់សួរអស់សួរអស់មនុស្សម្នាមហាជនទាំងឡាយថាៈ អ្វីនេះហ្នឹង ! អស់ពួកមនុស្សទាំងនោះក៏ក្រាបបង្គំទូលថាៈ បពិត្រព្រះសម្មតិទេព នាងនេះជាស្រ្ដីមានសេចក្ដីគោរពកោតក្រែងដល់ប្ដីរបស់ខ្លួន ។ ព្រះបរមពោធិសត្វ ព្រះអង្គក៏ទ្រង់ប្រើរាជបម្រើឲ្យទៅហៅនាងនោះមកហើយទ្រង់ជ្រាបច្បាស់ថាជាភរិយារបស់ព្រះអង្គពីដើម ទើបទ្រង់ឲ្យគេលើកបុរសពិកលពិការនោះចេញមកអំពីខាងក្នុងកញ្រ្ចែង ហើយត្រាស់សួរសព្វគ្រប់អន្លើ ។នាងនោះក៏បានថ្លែងសារស័ព្ទសេចក្ដី ក្រាបទូលសព្វគ្រប់សព្វគ្រប់តាមន័យ ដែលបានថ្លែងរួចមកហើយក្នុងខាងដើម ។ព្រះរាជទ្រង់ត្រាស់សួរបញ្ជាក់ថាៈ នាងឯងក្រែងជាភរិយារបស់បទុមកុមារជាធីតារបស់ស្ដេចឯណោះមែនឬ ? ហើយជាស្រីមានឈ្មោះយ៉ាងនេះបានផឹកឈាមក្នុងជង្គង់របស់អញ ហើយនាងឯងផិតក្បត់ចិត្តអញទៅលបលួចចងចិត្តប្រដិព័ទ្ធ ស្រឡាញ់អាកំបុតនេះ បានច្រានអញទម្លាក់ទៅក្នុងជ្រោះភ្នំមែនឬ ? ឥឡូវនេះ នាងឯងងងើលពកថ្ងាសមកក្នុងទីនេះដោយស្មានថាអញស្លាប់បាត់ក្នុងជ្រោះភ្នំនោះទៅហើយ ។ រួចទ្រង់ត្រាស់គាថាទាំងនេះថា អយមេវ សា អហមបិ សោ អនញ្ញោ, អយមេវ សោ ហត្ថច្ឆិន្នោ អនញ្ញោ; យមាហ ‘កោមារបតី មម’ន្តិ, វជ្ឈិត្ថិយោ នត្ថិ ឥត្ថីសុ សច្ចំ។ ស្រ្តីទ្រុស្តសីលនោះគឺមេនេះឯង បទុមកុមារនោះ មិនមែនអ្នកដទៃឡើយ គឺអញនេះឯង (ស្រ្តីនោះ) និយាយចំពោះបុរសណាថា ជាប្ដីអំពីក្មេងរបស់អញ បុរសនោះ មានដៃកំបុតមិនមែនអ្នកដទៃឡើយ គឺអាកំបុតនោះឯង ស្ត្រីទាំងឡាយត្រូវគេសម្លាប់ចោល ព្រោះស្រ្តីទាំងឡាយមិនមានពាក្យសច្ចៈ ។ ឥមញ្ច ជម្មំ មុសលេន ហន្ត្វា, លុទ្ទំ ឆវំ បរទារូបសេវិំ; ឥមិស្សា ច នំ បាបបតិព្ពតាយ, ជីវន្តិយា ឆិន្ទថ កណ្ណនាសំ។ អ្នកទាំងឡាយ ចូរសំពងបុរសលាមកអាក្រក់ ប្រាកដស្មើដោយសាកសព ដែលសេពនូវប្រពន្ធ នៃបុគ្គលដទៃនេះ ដោយអង្រែផង ហើយកាត់ត្រចៀកនិងច្រមុះ នៃស្រ្តីដែលរស់នៅគោរពប្ដីអាក្រក់នេះផង ។ ព្រះពោធិសត្វធ្វើអាការៈគំរាមកំហែងយ៉ាងនេះ ដើម្បីបង្អន់សេចក្ដីក្រោធប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គមិនបានឲ្យគេធ្វើដូច្នោះឡើយ ។ រួចហើយព្រះអង្គប្រើរាជអាមាត្យឲ្យចងកញ្រ្ចែងលើក្បាលនាងនោះ ដូចដើមវិញយ៉ាងណែន ធ្វើមិនឲ្យនាងស្រាយចេញពីក្បាលបាន ហើយឲ្យដាក់អាកំបុតទៅក្នុងកញ្រ្ចែងនោះ ឲ្យនាងទូលដរាបអស់ជីវិត ហើយទ្រង់ត្រាស់ឲ្យអាមាត្យនាំចេញយកទៅចោល ឲ្យផុតអំពីព្រំប្រទល់ដែនរបស់ព្រះអង្គ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌ ភិក្ខុដែលអផ្សុកបានតាំងនៅក្នុងសោតាបត្តិផល រួចទ្រង់ប្រជុំជាតកថា តទា ឆ ភាតរោ អញ្ញតរា ថេរា អហេសុំ បងប្អូនទាំង ៦ ក្នុងកាលនោះបានមកជាព្រះថេរៈ ៦ អង្គភរិយា ចិញ្ចមាណវិកា ភរិយាបានមកជានាងចិញ្ចមាណវិកាកុណ្ឋោ ទេវទត្តោ បុរសកំបុតបានមកជាទេវទត្ត គោធរាជា អានន្ទោ ស្ដេចទន្សងបានមកជាអានន្ទ បទុមរាជា បន អហមេវ អហោសិំ ចំណែកព្រះបាទបទុមរាជ គឺតថាគតនេះឯង ។ ចូឡបទុមជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត រុហកវគ្គ ចូឡបទុមជាតក) ឃុនសោភ័ណភក្ដី អិម – ភន ប្រែនិងរៀបរៀង ប្រែបន្ថែម (សេចក្ដីផ្ដើម និងសេចក្ដីបញ្ចប់) និងពិនិត្យឡើងវិញ ដោយសដវថ ដោយ៥០០០ឆ្នាំ
images/articles/3276/34534534tfrdff.jpg
ផ្សាយ : ០១ កញ្ញា ឆ្នាំ២០២៣ (អាន: ៤,១៩១ ដង)
ខ្ញុំបានឃើញជាដំបូង នូវព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ព្រះ អង្គជាច្បងក្នុងលោក ជាអ្នកដឹកនាំសត្វលោក ទ្រង់ដល់នូវពុទ្ធ ភូមិ ។ ពួកយក្សទាំងអស់មកជួបជុំគ្នា ចោមរោមធ្វើអញ្ជលី ថ្វាយបង្គំព្រះសម្ពុទ្ធ ទៀបគល់នៃពោធិព្រឹក្ស ។ ពួកទេវតាទាំង អស់នោះ មានចិត្តត្រេកអរ សញ្ជរទៅព្ធដ៏អាកាស (ពោលថា) ព្រះពុទ្ធអង្គនេះ ទ្រង់បានដល់ដោយលំដាប់ ទ្រង់កម្ចាត់បង់ងងឹត ដែលជាធម៌ធ្វើឲ្យខ្វាក់ ។ ពួកទេវតាទាំងអស់នោះ មាន សេចក្តីរីករាយប្រព្រឹត្តទៅខាងមុខ សំឡេងកងរំពឹងដ៏ខ្លាំង ប្រព្រឹត្តទៅថា យើងទាំងឡាយនឹងដុតបំផ្លាញនូវពួកកិលេស ក្នុង សាសនារបស់ព្រះសម្មាសម្ពុទ្ធ ។ លុះខ្ញុំដឹងពាក្យរបស់ទេវតាទាំងឡាយ ដែលពោលដោយវាចា ហើយក៏ត្រេកអរ បាន ថ្វាយចង្ហាន់ជាដំបូង ដោយចិត្តដែលត្រេកអរ ។ ព្រះសាស្តា ព្រះអង្គប្រសើរក្នុងលោក ទ្រង់ជ្រាបបំណងរបស់ខ្ញុំ ទ្រង់គង់ ក្នុងកណ្តាលនៃពួកទេវបរិស័ទ ហើយត្រាស់គាថាទាំងនេះថា ៖ តថាគតចេញទៅទ្រង់ព្រះផ្នួសអស់ ៧ ថ្ងៃ ក៏បានដល់នូវ ពោធិញាណ ភត្តជាដម្បូងរបស់តថាគតនេះ ញុំាងព្រហ្មចារីបុគ្គលឲ្យប្រព្រឹត្តទៅបាន ។ បុគ្គលណា ចុះចាកឋានតុសិត មក កើតក្នុងមនុស្សលោកនេះ ហើយថ្វាយចង្ហាន់ដល់តថាគត តថា គតនឹងសម្តែងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគតសម្តែងចុះ ។ បុគ្គលនេះ នឹងបានសោយរាជ្យ ជាស្តេច នៃទេវតា អស់ ៣០ ពាន់កប្ប នឹងគ្របសង្កត់ទេវតាទាំងអស់ ហើយនៅគ្រប់គ្រងទេវលោក ។ លុះច្យុតចាកទេវលោក មក កាន់អត្តភាពជាមនុស្ស នឹងបានជាស្តេចចក្រពត្តិ សោយរាជ្យ ក្នុងមនុស្សលោកនោះ អស់មួយពាន់ដង ។ កន្លងទៅមួយ សែនកប្ប ព្រះសាស្តាព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងបានត្រាស់ដឹងក្នុងលោក ។ កុលបុត្រនោះ ច្យុតចាកទេវលោកមកកាន់អត្តភាពជាមនុស្ស នឹងចេញចាកផ្ទះទៅបួស នៅអស់ ៦ វស្សា ។ លំដាប់អំពីនោះមក ព្រះពុទ្ធនឹងទ្រង់ សម្តែងនូវអរិយសច្ច ក្នុងវស្សាជាគម្រប់ ៧ កុលបុត្រមាន ឈ្មោះថាកោណ្ឌញ្ញៈ នឹងបានធ្វើឲ្យជាក់ច្បាស់នូវធម៌ ជា ដម្បូង ។ ខ្ញុំបួសតាមព្រះពោធិសត្វ ដែលចេញទៅទ្រង់ព្រះផ្នួស ហើយ បានធ្វើសេចក្តីព្យាយាមដោយប្រពៃ ខ្ញុំចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដុតបំផ្លាញ នូវកិលេសទាំងឡាយ ។ ព្រះសព្វញ្ញុពុទ្ធ លុះបានត្រាស់ដឹង ក្នុងលោក ព្រមទាំងទេវលោកហើយ ទ្រង់យកសច្ចៈនេះទួងស្គរ គឺអមតនិញ្វន ក្នុងព្រៃធំដល់ខ្ញុំ ។ ឥឡូវនេះ ខ្ញុំនោះបានដល់នូវអមតនិញ្វន ជាសន្តិបទដ៏ប្រសើរ ជាអ្នកមិនមានអាសវៈ ព្រោះកំណត់ដឹងនូវអាសវៈទាំងពួង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។ ចប់ អញ្ញាកោណ្ឌញ្ញត្ថេររាបទាន ។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
images/articles/3275/___________________________.jpg
ផ្សាយ : ០១ កញ្ញា ឆ្នាំ២០២៣ (អាន: ៦,០៨៦ ដង)
​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវធីតា​ ​នាង​មាន​សម្បុរ​ល្អ​ ​ឋិតនៅ​ហើយ​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺច្បាស់​ដូច​ផ្កាយព្រឹក​ ​នាង​មាន​សម្បុរ​បែបនេះ​ ​ដោយ​ហេ​តុ​អី្វ​ ​ផល​សម្រេច​ដល់​នាង​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​នាង​ផង​ ​តើ​ដោយ​ហេ​តុ​អី្វ​ ​ ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​អាត្មា​សូម​សួរ​នាង​ ​នាង​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ហេ​តុ​អី្វ​។​ ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​​ សេ​ចកី្ត​ច្រណែន​កី្ត​ ​សេ​ចកី្ត​កំ​ណាញ់​កី្ត​ ​មានះ​កី្ត​ ​ការ​លើកខ្លួន​ផ្ទឹម​កី្ត​ ​មិន​មានដល់​ខ្ញុំ​ ​កាលដែល​នៅ​គ្រប់គ្រង​ផ្ទះ​ ​ខ្ញុំ​មិន​មាន​សេ​ចកី្ត​ក្រោធ​ ​ជា​អ្នក​ប្រព្រឹត្ត​តាម​អំណាច​ភស្តា​ ​មិន​មាន​សេ​ចកី្ត​ប្រមាទ​ជានិច្ច​ ​ក្នុង​ការ​រក្សា​ឧបោសថ​​ខ្ញុំ​បាន​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​អស់​ថ្ងៃទី​ ​១៤​ ​ទី​ ​១៥​ ​និង​ទី​ ​៨​ ​នៃ​បក្ខ​ផង​ ​អស់​បាដិហារិយ​បក្ខ​ផង​ ​ជា​អ្នក​សង្រួម​ក្នុង​សីល​គ្រប់​កាល​ ​ជា​អ្នកមាន​សេ​ចកី្ត​សង្រួម​ ​មានការ​ចែករំលែក​ទាន​ ​នៅ​គ្រប់គ្រង​វិមាន​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​សង្រួម​ចាក​មុសាវាទ​ ​ចាក​ការ​លួច​ ​ចាក​ការប្រព្រឹត្តិ​កន្លង​ ​ជា​អ្នក​ឆ្ងាយ​ចាក​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​ត្រេកអរ​ក្នុង​សិក្ខាបទ​ទាំង​ ​៥​ ​ឈ្លាសវៃ​ ​ក្នុង​អរិយសច្ច​ ​ជា​ឧបាសិកា​របស់​ព្រះ​គោតម​ ​ដែល​មាន​បញ្ញាចក្ខុ​ ​មានយស​ ​ខ្ញុំ​មានយស​ដោយ​សីល​ជា​របស់​ខ្លួន​ផង​ ​ដោយ​យស​ផង​ ​រមែង​សោយ​នូវ​បុណ្យ​ ​ជា​របស់​នៃ​ខ្លួនខ្ញុំ​ ​ដល់​នូវ​សេ​ចកី្ត​សុខ​ ​មិន​មាន​រោគ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​ ​ព្រោះ​ដំណើរ​នោះ​ ​ផល​ទើប​សម្រេច​ដល់​ខ្ញុំ​ ​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​ខ្ញុំ​ផង​។​ ​ បពិត្រ​ភិក្ខុ​ ​មាន​អានុភាព​ច្រើន​ ​ខ្ញុំ​សូម​ទូល​លោក​ថា​ ​ខ្ញុំ​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើបុណ្យ​ណា​ ​ខ្ញុំ​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ផលបុណ្យ​នោះ​។ បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ ​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមានព្រះភាគ​ ​ដោ​យសិរ្សៈ​ ​តាម​ពាក្យ​របស់ខ្ញុំ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាសិកា​ឈ្មោះ​ឧត្តរា​ ​សូម​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះមានព្រះភាគ​ដោ​យសិរ្សៈ​។​ ​បពិត្រ​លោកម្ចាស់​ ​ព្រះមានព្រះភាគ​ ​គប្បី​ព្យាករ​នូវ​ខ្ញុំ​ក្នុង​សាមញ្ញ​ផល​ណាមួយ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ជា​សេ​ចកី្ត​អស្ចារ្យ​ល្មម​ទេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ចំពោះ​នាង​ឧត្តរា​នោះ​ ​ក្នុង​សកទាគាមិផល​។​ ​ចប់​ ​ឧត្តរា​វិមាន​ ​ទី១៥​។​ បិដក ភាគ ៥៥ - ទំព័រទី ២៥ ដោយ៥០០០ឆ្នាំ
images/articles/2070/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ៦១,៤៩៧ ដង)
អានិសង្ស​នៃ​ការ​ចម្រើន​មរណស្សតិ ភិក្ខុ​ដែល​ប្រកប​រឿយៗ នូវ​មរណស្សតិ​នេះ រមែង​ជា​អ្នក​មិន​ប្រមាទ​ជានិច្ច បាន​អនភិរតិសញ្ញា ( ការ​សំគាល់​ថា​មិន​គួរ​ឲ្យ​រីករាយ ) ក្នុង​ភព​ទាំង​ពួង លះ​បង់​សេចក្ដី​ត្រេកអរ​ក្នុង​ជីវិត ជា​អ្នក​តិះដៀល​បាប មិន​ច្រើន​ទៅ​ដោយ​ការ​សន្សំ​ប្រាស​ចាក​មន្ទិល គឺ​សេចក្ដី​កំណាញ់ ក្នុង​បរិក្ខារ​ទាំង​ឡាយ​លោក​ក៏​ដល់​នូវ​ការ​ជំនាញ​ក្នុង​អនិច្ចសញ្ញា ម្យ៉ាង​ទៀត ទុក្ខ​សញ្ញា​និង​អនត្តសញ្ញា ក៏​ប្រាកដ​ទៅ​តាម​
images/articles/2104/Untitl76543ed-1.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ៤៤,៦៨៤ ដង)
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឧ​បោសថ​ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ ដែល​បុគ្គ​ល​ចាំ​រក្សា​ហើយ​ រមែង​មាន​ផល​ច្រើន​ មាន​អានិសង្ស​ច្រើន​ មាន​សេចក្តី​រុង​រឿង​ច្រើន​ មាន​សេច​ក្តី​ផ្សាយ​ទៅ​ច្រើន​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឧ​បោ​សថ​ប្រ​កប​ដោយ​អង្គ​ ៨​ប្រ​ការ​ ដែល​បុគ្គល​ចាំ​រក្សា​ហើយ រមែង​មានផល​ច្រើន​ មាន​អនិសង្ស​ច្រើន​ មាន​សេចក្តី​រុង​រឿង​ច្រើ​ន​ មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន​ តើ​ដោយ​ប្រ​ការ​ដូច​ម្តេច​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អរិយ​សាវ​ក ក្នុង​សាសនា​នេះ ពិចារណា​ថា ព្រះ​អរហន្ត​ទាំង​ឡាយ លះ​បង់​បាណា​តិបាត​ មាន​អាជ្ញា​ដាក់​ចុះ​ហើយ មាន​គ្រឿង​សស្រា្ត ដាក់​ចុះ​ហើយ មាន​សេច​ក្តី​ខ្មាស​បាប​ មាន​សេច​ក្តី​អាណិត​ មាន​សេចក្តី​អនុ​គ្រោះ​ ដោយ​ប្រ​យោជន៍​ដល់​សព្វ​សត្វ​ ដរាប​អស់​ជីវិត​ ក្នុង​ថ្ងៃ​នេះ ចំណែក​ខ្លួន​អញ​លះ​បង់​ បា​ណា​តិបាត​ វៀរ​ចាក​បាណា​តិ​បាត​ មាន​អា​ជ្ញា​ដាក់​ចុះ​ហើយ មាន គ្រឿង​សស្រ្តា​ដាក់​ចុះ​ហើយ មាន​សេចក្តី​ខ្មាស​បាប​ មាន​សេចក្តី​អាណិត​ មានសេច​ក្តី​អនុគ្រោះ​ ដោយ​ប្រ​យោជន៍​ដល់​សព្វ​សត្វ​ អស់​យប់​នេះ​ និង​ថ្ងៃ​នេះយក​តម្រាប់​ព្រះ​អរហន្ត​ ទាំង​ឡាយ​ផង​ ខ្លួន​អញ​នឹង​ចាំ​រក្សា​ឧបោសថ​ផង​ ដោយ​អង្គ​នេះ ឯង ។ ឧបោសថ​ប្រ​កប​ដោយ​អង្គ​ទី​ ១​ នេះ​ឯង​ ។ (​សេច​ក្តី​ពិស្តារ​ដូច​អង្គ​ទី ១) ព្រះ​អរហន្ត​ទាំង​ឡាយ​លះ​បង់​សេនា​សនៈ​ដ៏​ខ្ពស់​ហួស​ប្រ​មាណ​ និង​សេនា​សនៈ​ដ៏​ប្រ​សើរ​ សម្រេច​នូវ​ទី​ដេក​ដ៏​ទាប​ លើ​គ្រែ​ក្តី​ លើ​កម្រាល​ ដែល​គេ​ធ្វើ​ដោយ​ស្មៅ​ ក្តី ក្នុង​ថ្ងៃ​នេះ ចំណែក​ខ្លួន​អញ​ លះ​បង់​សេនា​សនៈ​ ដ៏​ខ្ពស់​ហួស​ប្រ​មាណ​ និង​សេ​នា​សនៈ​ដ៏​ប្រ​សើរ​ វៀរ​ចាក​សេ​នា​សនៈ​ ដ៏​ខ្ពស់​ហួស​ប្រ​មាណ​ នឹង​សេ​នា​សនៈ​ដ៏​ប្រ​សើរ​ សម្រេច​នូវ​ទី​ដេក​ដ៏​ទាប​ លើ​គ្រែ​ក្តី លើ​កម្រាល​ ដែល​ធ្វើ​ដោយ​ស្មៅ​​ក្តី​ អស់​យប់​នេះ​នឹង​ថ្ងៃ​នេះ​ដែរ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​ អញ​នឹង​ចាំ​រក្សា​ឧ​បោសថ​ផង​ ដោយ​អង្គ​នេះ​ឯង ។ ឧ​បោសថ​ប្រ​កប​ដោយ​អង្គ​ទី​ ៨​នេះ​ឯង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ឧ​បោស​ថ​ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ដែល​បុគ្គល​ចាំ​រក្សា​យ៉ាង​នេះ​ឯង​ រមែង​មាន​ផល​ច្រើន មាន​អានិសង្ស​ច្រើន មាន​សេចក្តី​រុង​រឿង​ច្រើន មាន​សេច​ក្តី​ផ្សាយ​ទៅ​ច្រើន ។ ឧ​បោស​ថ​ មាន​ផល​ច្រើន​ដូច​ម្តេច​ មាន​អានិសង្ស​ច្រើន ដូច​ម្តេច មាន​សេចក្តី​រុង​រឿង​ច្រើន​ ដូច​ម្តេច មាន​សេច​ក្តី​ផ្សាយ​ទៅ​ច្រើន​ដូច​ម្តេច ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រៀប​ដូច​បុគ្គល​​សោយ​រាជ្យ​ ជា​ឥស្សរាធិបតី​នៃ​មហា​ជន​បទ​ទាំង​ ១៦ នេះ ដែល​ជា​ជន​បទ​ សម្បូ​រ​ដោយ​កែវ​ ៧​ប្រ​ការ​ គឺ​មហា​ជន​ ឈ្មោះ​ អង្គៈ​ ១ មគធៈ ១ កា​សី ១ កោ​សលៈ​ ១ វជ្ជី​ ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរ​សេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិ​នៃ​មហា​ជន​បទ​ទាំង​នុ៎ះ​ មិន​ដល់​នូវ​ចំណិត​ ១ ក្នុង​ចំណិត​ទី ១៦ ៗ លើក​នៃ​ឧ​បោសថ​ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ឡើយ​ ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ រាជ​សម្បត្តិ​របស់​មនុស្ស​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ៥០​ឆ្នាំ របស់​មនុស្ស​ត្រូវ​ជា​ ១​ យប់​ ១ ថ្ងៃ​ របស់​ចាតុម្ម​ហា​រាជិកា​ទេ​វតា របស់​រាត្រី​នោះ​បាន​ ៣០ រាត្រី​ ត្រូវ​ជា​ ១ខែ រាប់​ខែ​នោះ បាន ១២ខែ ត្រូវ​ជា​ ១ឆ្នាំ រាប់​ឆ្នាំ​នោះ​បាន ៥០០​ឆ្នាំ​ទិព្យ ត្រូវ​ជា​ប្រ​មាណ​នៃ​អា​យុរបស់​ចា​តុ​ម្ម​ហា​រា​ជិក​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ​ រមែង​មាន​ ត្រង់​ដែល​ស្រ្តី​ឬ​បុរស​ពួក​ខ្លះ ក្នុង​លោក​នេះ​ចាំ​រក្សា​នូវ​ឧ​បោសថ​ដែល​ប្រ​កប​ដោយ​អង្គ​ ៨​ ប្រ​ការ​ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ចាតុម្ម​ហារា​ជិក​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ រាជ​សម្បត្តិ​របស់​មនុស្ស​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេចក្តី​សុខ​ ជា​របស់​ទិព្យ​ ដែល​តថ​គត​សម្តែង​ហើយ ព្រោះ​អា​ស្រ័យ​ហេតុ​នេះឯង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ១០០​ឆ្នាំ​ របស់​មនុស្ស​ត្រូវ​ជា​ ១​យប់​ ១ថ្ងៃ របស់​តា​វត្តឹង្ស​ទេ​វតា រាប់​រាត្រី​នោះ​បាន ៣០​ ត្រូវ​ជា​ ១​ ខែ រាប់​ខែ​នោះ បាន ១២ ខែ​ត្រូវ​ជា​ ១​ឆ្នាំ រាប់​ឆ្នាំ​នោះ​បាន ១០០០​ឆ្នាំ​ទិព្យ ត្រូវ​ជា​ប្រ​មាណ នៃ​អា​យុ​របស់​តា​វត្តឹង្ស​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ​ រមែង​មាន​ ត្រង់​ដែល​ស្ត្រី​ឬ​បុរស​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ ចាំ​រក្សា​នូវ​ឧបោសថ​ ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ លុះ​បែ​ក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​តា​វត្តឹង្ស​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ រាជ​សម្បត្តិ​របស់​មនុស្ស​នេះ​ឯង​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេចក្តី​សុខ​ ជា​របស់​ទិព្យ​ ដែល​តថា​គត​សម្តែង​ហើយ​ ព្រោះ​អា​ស្រ័យ​ហេតុ​នេះ​ឯង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ២០០​ឆ្នាំ​របស់​មនុស្ស​ត្រូវ​ជា​ ១​យប់ ១ ថ្ងៃ របស់​ពួក​យាម​ទេ​វតា រាប់​រាត្រីនោះ​ បាន ៣០ រាត្រី​ត្រូវ​ជា​ ១​ ខែ រាប់​ខែ​នោះ​បាន​ ១២ ខែ​ត្រូវ​ជា ១​ ឆ្នាំ រាប់​ឆ្នាំ​នោះ​បាន ២០០០ឆ្នាំ​ទិព្យ ត្រូវ​ជា​ប្រ​មាណ​នៃ​អា​យុ​របស់​យាម​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ រមែង​មាន​ ត្រង់​ស្ត្រី​ឬ​បុរស​​ពួក​ខ្លះ ក្នុង​លោក​នេះ ចាំ​រក្សា​នូវ​ឧ​បោស​ថ​ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ លុះ​បែ​ក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​យាម​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រាជ​សម្បត្តិ​របស់​មនុស្ស​នេះ​ឯង​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេច​ក្តី​សុខ​ ជា​របស់​ទិព្យ​ ដែល​តថា​គត​ សម្តែង​ហើយ ព្រោះ​អា​ស្រ័យ​ហេតុ​នេះ​ឯង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ៤០០​ឆ្នាំ​មនុស្ស ត្រូវ​ជា​ ១​យប់ ១​ ថ្ងៃ របស់​ពួក​តុសិត​ទេ​វតា រាប់​រាត្រី​នេះ បាន ៣០ រាត្រីត្រូវ​ជា​ ១ ខែ រាប់​ខែ​នោះ​បាន ១២ ខែ​ ត្រូវ​ជា ១​ឆ្នាំ​ រាប់​ឆ្នាំ នោះ​បាន ៤០០០​ឆ្នាំទិព្យ​ ត្រូវ​ជា​ប្រ​មាណ​នៃ​អា​យុ​របស់​ពួក​តុ​សិត​ទេ​វ​តា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ​រមែង​មាន​ត្រង់​ដែល​ស្រ្តី​ ឬ​បុរស​ ពួក​ខ្លះ​ក្នុង​លោក​នេះ ចាំ​រក្សា​ឧ​បោសថ​ ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​តុ​សិត​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ រាជសម្បត្តិ​របស់​មនុស្ស​នេះ​ឯង​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេចក្តី​សុខ​ ជារបស់​ទិព្យ​ ដែល​តថា​គត​សម្តែង​ហើយ​ ព្រោះ​អា​ស្រ័យ​ហេតុ​នេះ​ឯង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ៨០០​ឆ្នាំ របស់​មនុស្ស​ ត្រូវ​ជា​ ១​ យប់ ១​ ថ្ងៃ​ របស់​ពួក​និម្មា​ន​រតី​ទេ​វតា រាប់​រាត្រី​នោះ​បាន​ ៣០ ត្រូវ​ជា​១ខែ រាប់​ខែ​នោះ បាន ១២ខែ ត្រូវ​ជា​ ១​ឆ្នាំ រាប់​ឆ្នាំ​នោះ​ បាន​ ៨០០០ឆ្នាំទិព្យ​ ត្រូវ​ជា​ប្រ​មាណ​នៃ​អា​យុ​របស់​ពួក​និម្មាន​រតី​​ទេវតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ​រមែង​មាន​ត្រង់​របស់​ស្រ្តី ឬ​បុរស​ពួក​ខ្លះ​ ក្នុង​លោក​នេះ ចាំ​រក្សា​ នូវ​ឧបោស​ថ​ប្រ​កប​ដោយ​អង្គ ៨ ប្រ​ការ លុះ​បែ​ក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​និម្មាន​​រតីទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រាជ​សម្បត្តិ​របស់​មនុស្ស​នេះ​ឯង​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេច​ក្តី​សុខ​ ជា​របស់ទិព្យ​ ដែល​តថា​គត​សម្តែង​ហើយ ព្រោះ​អា​ស្រ័យ​ហេតុ​នេះ​ឯង​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ១៦០០ឆ្នាំ របស់​មនុស្ស​ ត្រូវ​ជា​ ១ យប់ ១ ថ្ងៃ​ របស់​ពួក​បរនិមិ្មត​វសវត្តីទេ​វតា រាប់​រាត្រីនោះ បាន ៣០ ត្រូវ​ជា ១ខែ រាប់​ខែ​នោះ​បាន ១២ ខែ ត្រូវ​ជា ១ឆ្នាំ រាប់​ឆ្នាំ​នោះ​បាន ១៦០០០ឆ្នាំ​ទិព្វ​ ត្រូវ​ជា​ប្រ​មាណ​នៃ​អា​យុ​របស់​ពួក​បរនិម្មិត​វស​វត្តី​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ​ រមែង​មាន​ត្រង់​ដែល​ស្ត្រី​ ឬ​បុរស​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ ចាំ​រក្សា​នូវ​ឧបោសថ​ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​បរនិម្មិត​វស​វត្តីទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រាជ​សម្បត្តិ​របស់​មនុស្ស​នេះ​ឯង​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេចក្តី​សុខ​ ជា​របស់​ទិព្វ​ ដែល​តថា​គត​សម្តែង​ហើយ​ ព្រោះ​អាស្រ័យ​ហេតុ​នេះ​ឯង ។ បុគ្គល​មិន​គប្បី​សម្លាប់​សត្វ​ ១ មិន​គប្បី​កាន់​យក​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ ១ មិន​គប្បី​ពោល​ពាក្យ​កុហក​ ១ មិន​គប្បី​ផឹក​ទឹក​ស្រ​វឹង​ ១ គប្បី​វៀរ​ចាក​ការ​ប្រ​ព្រឹត្ត​មិន​ប្រ​សើរ គឺ​មេថុន​ ១ មិន​គប្បី​បរិភោគ​ភោជន​ ក្នុង​វេលា​រាត្រី​ និង​ក្នុង​វេលា​វិកាល​ ១ មិន​គប្បី​ទ្រ​ទ្រង់​ផ្កា​កម្រង មិនគប្បី​ប្រស់​ព្រំ​ដោយ​គ្រឿង​ក្រ​អូប​ ១ គប្បី​ដេក​លើ​គ្រែ លើ​ផែន​ដី ឬ​លើ​កម្រាល​ ១ ព្រះ​ពុទ្ធ​ព្រះ​អង្គ ដល់​នូវ​ទី​បំផុត​នៃ​ទុក្ខ ទ្រង់​ប្រ​កាស​ហើយ នូវ​ឧ​បោសថ​ដែល​ប្រ​កប​ដោយ​អង្គ​ ៨ ប្រការ​នេះ​ឯង​ សភាវៈ​ទាំង​ឡាយ​ ពីរគឺ ព្រះ​ចន្ទ​ ១ ព្រះ​អាទិត្យ ១ ជា​សភាវៈ​ល្អ​មើល​ កាល​បំភ្លឺ​លោក រមែង​ចរ​ទៅ​អស់​ទី​ត្រឹម​ណា​ ព្រះ​ចន្ទ​និង​ព្រះ​អាទិត្យ ទាំង​នោះ ដែល​កម្ចាត់​បង់​នូវ​ងងឹត​ ចរ​ក្នុង​អា​កាស​​ ញ៉ាំង​ទិស​ឲ្យ​រុង​រឿង​ភ្លឺ​ច្បាស់​ ក្នុង​អា​កាស​អស់​ទី​ត្រឹម​នោះ ទ្រព្យ​ណា​ មាន​ក្នុង​ចន្លោះ​នេះ គឺ​កែវ​មុក្តា​ក្តី​ កែវ​មណីក្តី កែ​វ​ពិទូរ្យ​ដ៏​ល្អ​ក្តី​ មាស​ឈ្មោះ​សិង្គី​ក្តី ឈ្មោះ​សុវណ្ណ​ក្តី ឬ​មាស​ឈ្មោះ​កាញ្ចនៈ​ក្តី​ ឈ្មោះ​ជាតរូប​ក្តី ឈ្មោះ​ហដកៈ​ក្តី ទ្រព្យ​ទាំង​អម្បាល​នោះ មិន​ដល់​នូវ​ចំណិត​១ ក្នុង​ចំណែក ១៦ ៗ​ លើ​ក​នេះ​ឧ​បោសថ​ដែល​ប្រ​កប​ដោយ​អង្គ​​៨ ប្រ​ការ​ឡើយ ដូច​ជា​ពួក​ផ្កាយ​ទាំង​អស់​មិន​ដល់​នូវ​ពន្លឺ​នៃ​ព្រះ​ចន្ទ ហេតុ​ដូច្នោះ​ ស្រ្តី​ក្តី​ បុរស​ក្តី ជា​អ្នក​មាន​សីល​ គួរ​ចាំ​រក្សា​នូ​វឧបោ​សថ​ប្រ​កប​ដោយ អង្គ៨ ប្រការ​ពួក​ជន ដែល​មិនមាន​គេ​និន្ទា​ បំពេញ​នូវបុណ្យ​ទាំង​ឡាយ​ ដែល​មាន​សេចក្តី​សុខ​ជា​កម្រៃ រមែង​ចូល​ទៅ​កាន់​ឋានសួគ៌បាន ។ ដកស្រង់​ពី​ ព្រះ​ត្រៃ​បិដក​ ភាគ​៤៨ ទំព័រ ១៨៨-១៩៥ ដោយ​៥០០០​ឆ្នាំ
images/articles/2273/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ២១,៥៣៨ ដង)
អានិសង្សការចម្រើនពុទ្ធគុណ ក៏​ឯភិក្ខុ​ដែល​ប្រកប​រឿយៗ នូវពុទ្ធានុស្សតិ​នេះ រមែង​ជាអ្នក​មាន​សេចក្ដី​គោរព មានសេចក្ដី​កោត​ក្រែង​ក្នុង​ព្រះសាស្ដា បានសេចក្ដី​បរិបូរណ៍​នៃ​សទ្ធា សេចក្ដី​បរិបូរណ៍​នៃ​សតិ សេចក្ដី​បរិបូរណ៍​នៃ​បញ្ញា​និង​បាន​សេចក្ដី​បរិបូរណ៍​នៃ​បុណ្យ ជា​អ្នក​ច្រើន​ដោយ​បីតិ និង​​បាមោជ្ជៈ អត់ធន់​​ចំពោះ​សេចក្ដី​ខ្លាច និង​សេចក្ដី​តក់ស្លុត​ចិត្ត អាច​ដោះ​ទុក្ខ, មាន​ការ​ដឹង
images/articles/2318/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ២៣,០២៥ ដង)
១- សុខំ សុបតិ ដេកលក់ជាសុខ ២- សុខំ បដិពុជ្ឈតិ ភ្ញាក់ឡើង​ជាសុខ ៣- ន បាបកំ សុបិនំ បស្សតិ មិនយល់សប្តិអាក្រក់ ៤- មនុស្សានំ បិយោ ហោតិ ជាទីស្រឡាញ់​របស់ពួកមនុស្ស ៥- អមនុស្សានំ បិយោ ហោតិ ជាទីស្រឡាញ់​របស់ពួក​អមនុស្ស ៦- ទេវតា រក្ខន្តិ ពួកទេវតា​តែង​រក្សា ៧- នស្ស អគ្គិ វា វិសំ វា កមតិ ភ្លើងក្ដី ថ្នាំពិសក្ដី គ្រឿងសស្ត្រាវុធក្ដី មិនអាច​មក​ជិតកាយ ធ្វើនូវ​អន្តរាយ​ឡើយ ៨- តុវសមាធិយតិ ចិត្តរមែង​តាំងមាំ​ដោយឆាប់ ៩- មុខវណ្ណោ វិប្បសីទតិ សម្បុរមុខស្រស់ថ្លា ១០- អសម្មូឡ្ហោ កាលំ ករោតិ ជាអ្នក​មិនវង្វេង​ក្នុងពេល​ធ្វើកាយ​កិរិយា ១១- ឧត្តរឹ អប្បដិវិជ្ឈន្តោ ព្រហ្មលោកូបគោ ហោតិ កាលមិនទាន់​ត្រាស់ដឹង​នូវគុណធម៌​ជាន់ខ្ពស់​គឺលោកុត្តរធម៌ទេ រមែងចូលទៅកាន់ព្រហ្មលោក។ ម្នាលភិក្ខុ​ទាំងឡាយ មេត្តាចេតោវិមុត្តិ ដែល​បុគ្គល​បានសេពគប់ បានចម្រើន បានធ្វើឲ្យ​ច្រើន បានធ្វើឲ្យដូច​ជាយាន​បាន​តម្កល់​ស៊ប់ បានប្រព្រឹត្ត​រឿយៗ បានសន្សំ​ទុក​បានប្រារព្ធ​ល្អ​ហើយ អានិសង្ស​ទាំង១១​ប្រការ​នេះ រមែង​កើត​ប្រាកដ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀប​រៀង​ដោយ កែវ វិមុត្ត ដោយ​៥០០០​ឆ្នាំ
images/articles/3103/64rthtgd.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៤,០០២ ដង)
[៣៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្បែរភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ ក្នុងសម័យនោះឯង ព្រះសារីបុត្តមានអាយុ កំពុងចង្ក្រមក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះមហាមោគ្គល្លានមានអាយុ កំពុងចង្ក្រមក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះមហាកស្សបមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះអនុរុទ្ធមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះបុណ្ណមន្តានីបុត្តមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះឧបាលិមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះអានន្ទមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ទេវទត្ត កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូបដែរ។ [៣៤] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញសារីបុត្ត កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកមានបញ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញមហាមោគ្គល្លាន កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកមានឫទ្ធិច្រើន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញមហាកស្សប កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាធុតវាទ (អ្នកពោលពាក្យកំចាត់បង់កិលេស) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញអនុរុទ្ធ កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកបានទិព្វចក្ខុ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញបុណ្ណមន្តានីបុត្ត កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាធម្មកថិក ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញឧបាលិ កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាវិនយធរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញអានន្ទ កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាពហុស្សូត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញទេវទត្ត កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកមានសេចក្តីប្រាថ្នាលាមក។ [៣៥] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា [ស្មើគ្នា ប្រហែលគ្នា។] ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ចប់សូត្រទី៥។ ចង្កមសូត្រ ទី ៥ បិដកភាគ ៣២ ទំព័រ ៣៣ ឃ្នាប ៣៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3106/6yergerw343.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៣,៤១២ ដង)
[៦៣] ម្នាលគហបតិបុត្រ មនុស្ស៤ពួកនេះ អ្នកត្រូវដឹងថា ជាមិត្ត មានសន្តានល្អ គឺមិត្តមានឧបការៈ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តរួមសុខទុក្ខ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តមានសេចក្តីឈឺឆ្អាល អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១។ [៦៤] ម្នាលគហបតិបុត្រ មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ រក្សាមិត្តដែលធ្វេសប្រហែស១ រក្សាសម្បត្តិរបស់មិត្ត ដែលធ្វេសប្រហែស១ ជាទីពឹងពំនាក់ នៃមិត្តដែលមានសេចក្តីភិតភ័យ១ កាលបើកិច្ចដែលត្រូវធ្វើ កើតឡើងហើយ តែងជួយផ្តល់ភោគៈ ជាទ្វិគុណ ជាងទ្រព្យដែលមិត្តត្រូវការនោះ១។ ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង។ [៦៥] ម្នាលគហបតិបុត្រ មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត១ ជួយបិទបាំងនូវអាថ៌កំបាំងរបស់មិត្ត១ មិនបោះបង់គ្នា ក្នុងគ្រាមានវិបត្តិ១ សូម្បីជីវិត ក៏ហ៊ានលះបង់ ដើម្បីប្រយោជន៍ដល់មិត្ត (ស៊ូប្តូរជីវិត)១។ ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង។ [៦៦] ម្នាលគហបតិបុត្រ មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ហាមមិត្តឲ្យឃ្លាតចាកអំពើអាក្រក់១ ដឹកនាំឲ្យមិត្តតំកល់នៅតែក្នុងអំពើល្អ១ ឲ្យបានឮពាក្យដែលមិនធ្លាប់បានឮ១ ប្រាប់ផ្លូវឋានសួក៌១។ ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង។ [៦៧] ម្នាលគហបតិបុត្រ មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ជួយព្រួយចិត្ត ពីព្រោះមិត្តបានសេចក្តីវិនាស១ ជួយត្រេកអរ ព្រោះមិត្តបានសេចក្តីចម្រើន១ ទទឹងទាស់នឹងមនុស្ស ដែលពោលទោសមិត្ត១ សរសើរតែមនុស្ស ដែលពណ៌នាគុណមិត្ត១។ ម្នាលគហបតិបុត្ត មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង ដោយស្ថាន៤យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែងសេចក្តីនេះ លុះព្រះសុគត ជាសាស្តា ត្រាស់សេចក្តីនេះហើយ ទើបទ្រង់សំដែងពាក្យជាគាថាព័ន្ធ តទៅទៀតថា [៦៨] មិត្តដែលមានឧបការៈ សំឡាញ់ដែលរួមសុខទុក្ខ មិត្តដែលប្រាប់ប្រយោជន៍ មិត្តដែលមានសេចក្តីឈឺឆ្អាល បណ្ឌិតស្គាល់ជាក់ នូវបុគ្គលទាំង៤ពួកនុ៎ះថា ជាមិត្តមែនទែន ហើយគប្បីចូលទៅអង្គុយជិតស្និទ្ធស្នាល ដូចជាមាតា និងបុត្ត ដែលកើតពីទ្រូង។ អ្នកប្រាជ្ញបរិបូណ៌ដោយសីល តែងរុងរឿង ដូចជាភ្លើងដែលភ្លឺដូច្នោះឯង កាលបុគ្គលសន្សំទ្រព្យ រមែងធ្វើទ្រព្យ ឲ្យជាគំនរ ដូចជាឃ្មុំដូច្នោះឯង។ ភោគៈទាំងឡាយ តែងដល់នូវការពូនជាគំនរ ដូចជាដំបូក ដែលកណ្តៀរ កពូន ដូច្នោះឯង។ គ្រហស្ថក្នុងត្រូកូល បានសន្សំភោគៈទាំងឡាយ យ៉ាងនេះហើយ ទើបអាច (តាំងខ្លួន) កុលបុត្រដែលចែកភោគៈទាំងឡាយជា៤ចំណែក គឺបិរភោគភោគៈទាំងឡាយ១ចំណែក ប្រកបការងារពីរចំណែក ទាំងតំកល់ទុកនូវចំណែកទី៤ ដោយក្រែងមានអន្តរាយទាំងឡាយ (ទៅខាងមុខ) កុលបុត្រនោះ ទើបឈ្មោះថា ចងបាច់មិត្តទាំងឡាយបាន [ចំណែកទីមួយ បរិភោគ ប្រើប្រាស់ ចាយវាយ ចំណែកទី២ ទី៣ ប្រកបការងារ គឺប្រកបកសិកម្ម និងពាណិជ្ជកម្មផ្សេងៗ ចំណែកជាគំរប់៤ ទុកសម្រាប់ការពារអន្តរាយផ្សេងៗ មានអន្តរាយអំពីស្តេចជាដើម។ ម្យ៉ាងទៀត ឲ្យរំលែកអំពីចំណែកទាំង៤ នោះ ធ្វើកុសល ឬឲ្យជាថ្លៃគ្រឿងស្លៀកពាក់ និងឈ្នួលកោរកាត់ (អដ្ឋកថា)។ ]។ មិត្តគួរសេពគប់ ៤ ពួក បិដក ១៩ ទំព័រ ៨១ ឃ្នាប ៦៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3107/20CCook.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៧,៦៦២ ដង)
ឧជ្ជយសូត្រ ទី៥ [៥៥] លំដាប់នោះ ឧជ្ជយព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧជ្ជយព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំមានប្រាថ្នា ដើម្បីទៅឃ្លាតចេញអំពីស្រុក ធម៌ទាំងឡាយណា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខ ក្នុងបច្ចុប្បន្ន ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្តីសុខ ក្នុងបរលោក គប្បីមានដល់ពួកយើងខ្ញុំ សូមព្រះគោតមដ៏ចំរើន ទ្រង់សំដែងនូវធម៌នោះដល់យើងខ្ញុំ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខ ក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ធម៌៤ ប្រការ តើដូចម្ដេច។ គឺ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១។ ម្នាលព្រាហ្មណ៍ ចុះឧដ្ឋានសម្បទា តើដូចម្តេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ចិញ្ចឹមជីវិតដោយការប្រឹងប្រែង ក្នុងការងារណា ទោះភ្ជួរក្ដី ជួញប្រែក្ដី រក្សាគោក្តី ការងាររបស់ខ្មាន់ធ្នូក្ដី ការងាររបស់រាជបុរសក្ដី សិល្បៈណាមួយក្ដី ជាអ្នកប៉ិនប្រសប់ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស ប្រកបដោយឧបាយ ជាគ្រឿងពិចារណា ក្នុងការងារទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលព្រាហ្មណ៍ នេះហៅថា ឧដ្ឋានសម្បទា។ ម្នាលព្រាហ្មណ៍ ចុះអារក្ខសម្បទា តើដូចម្ដេច។ ម្នាលព្រហ្មណ៍ ភោគៈទាំងឡាយ ដែលកុលបុត្រក្នុងលោកនេះ បានមកដោយកំឡាំងព្យាយាម ប្រឹងប្រែង សន្សំ ដោយកំឡាំងដៃ បែកញើស ហូរញើស ជាភោគៈ ប្រកបដោយធម៌ កុលបុត្រនោះ រមែងញុំាងភោគៈទាំងនោះ ឲ្យសម្រេច ដោយការរក្សាគ្រប់គ្រង ដោយគិតថា ធ្វើដូចម្ដេច កុំឲ្យសេ្ដចទាំងឡាយ នាំយកភោគៈទាំងនេះ របស់អាត្មាអញទៅបាន កុំឲ្យពួកចោរលួចយកទៅបាន កុំឲ្យភ្លើងឆេះបាន កុំឲ្យទឹកបន្សាត់ទៅបាន កុំឲ្យពួកទាយាទ មិនជាទីស្រឡាញ់ ដណ្ដើមយកទៅបាន ម្នាលព្រាហ្មណ៍ នេះហៅថាអារក្ខសម្បទា។ ម្នាលព្រាហ្មណ៍ ចុះកល្យាណមិត្តតា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ នៅអាស្រ័យក្នុងស្រុក ឬនិគមណា ពួកជនណា ទោះគហបតីក្ដី គហបតិបុត្រក្ដី ក្មេង តែចំរើនដោយសីល ចាស់ហើយតែចំរើនដោយសីល បរិបូណ៌ដោយសទ្ធា បរិបូណ៌ដោយសីល បរិបូណ៌ដោយចាគៈ បរិបូណ៌ដោយបញ្ញា មាននៅក្នុងស្រុក ឬនិគមនោះ (កុលបុត្រនោះ) រមែងឈរចរចា សាកច្ឆាជាមួយនឹងពួកជនទាំងនោះ តែងសិក្សានូវសទ្ធាសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយសទ្ធា តាមសមគួរ សិក្សានូវសីលសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយសីល តាមសមគួរ សិក្សានូវចាគសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយចាគៈ តាមសមគួរ សិក្សានូវបញ្ញាសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយបញ្ញា តាមសមគួរ ម្នាលព្រាហ្មណ៍ នេះហៅថា កល្យាណមិត្តតា។ ម្នាលព្រាហ្មណ៍ ចុះសមជីវិតា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ដឹងច្បាស់នូវការចំរើននៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាស របស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជនអ្នកថ្លឹងជញ្ជីងក្ដី កូនសិស្សនៃជនអ្នកថ្លឹងជញ្ជីងក្ដី លើកនូវជញ្ជីងថ្លឹង ហើយក៏ដឹងថា ទន់ទៅខាងម្ខាង បះឡើងខាងម្ខាងផង យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ កុលបុត្រអ្នកដឹងច្បាស់នូវការចំរើន នៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាសរបស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចំរើនតិច តែចិញ្ចឹមជីវិត ច្រើនលើសលុប អ្នកផងទាំងឡាយ តែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ បរិភោគនូវភោគៈទាំងឡាយ ដូចជាគេស៊ីផ្លែល្វា។ ម្នាលព្រាហ្មណ៍ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចំរើនធំ តែចិញ្ចឹមជីវិត ដោយក្បិតក្បៀត អ្នកផងទាំងឡាយ រមែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ មុខជានឹងស្លាប់ ៗ ដោយឥតទីពឹង។ ម្នាលព្រាហ្មណ៍ កាលណាកុលបុត្រនេះ ដឹងច្បាស់នូវការចំរើន នៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាស យ៉ាងនេះ ឯសេចក្ដីវិនាស របស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ ម្នាលព្រាហ្មណ៍ នេះហៅថា សមជីវិតា។ ម្នាលព្រាហ្មណ៍ កាលដែលភោគៈទាំងឡាយ ចំរើនឡើងយ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីវិនាស ៤ ប្រការ គឺជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រលាមក មានសំឡាញ់លាមក សមគប់នឹងបុគ្គលលាមក ១។ ម្នាលព្រាហ្មណ៍ ដូចស្រះធំ មានផ្លូវនៃសេចក្ដីចំរើន ៤ ផង មានផ្លូវនៃសេចក្ដីវិនាស ៤ ផង បុរសគប្បីបិទខ្ទប់នូវផ្លូវនៃសេចក្ដីចំរើនទាំងនោះ របស់ស្រះនោះផង គប្បីបើកបង្ហូរ នូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះផង ទាំងភ្លៀងសោត ក៏មិនបង្អោរនូវធារទឹក ដោយប្រពៃផង ម្នាលព្រាហ្មណ៍ កាលបើយ៉ាងនេះ ស្រះដ៏ធំនោះ នឹងមានសេចក្ដីសាបសូន្យជាប្រាកដ មិនមានសេចក្ដីចំរើនឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ កាលដែលភោគៈទាំងឡាយ ចំរើនឡើង យ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រលាមក មានសំឡាញ់លាមក សមគប់នឹងបុគ្គលលាមក ១ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ កាលដែលភោគៈទាំងឡាយចំរើនឡើង យ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីចំរើន ៤ ប្រការគឺ ជាអ្នកមិនលេងស្រី ១ មិនលេងសុរា ១ មិនលេងល្បែងភ្នាល់ ១ មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងបុគ្គលល្អ ១។ ម្នាលព្រាហ្មណ៍ ស្រះធំមានផ្លូវនៃសេចក្ដីចំរើន ៤ផង មានផ្លូវនៃសេចក្ដីវិនាស ៤ផង បុរសគប្បីបើកបង្ហូរនូវផ្លូវនៃសេចក្ដីចំរើនទាំងនោះ របស់ស្រះនោះផង គប្បីបិទនូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះផង ទាំងភ្លៀងសោត ក៏បង្អោរចុះនូវធារទឹកដោយប្រពៃផង ម្នាលព្រាហ្មណ៍ កាលបើយ៉ាងនេះហើយ សេចក្ដីចំរើនរបស់ស្រះនោះ នឹងមានប្រាកដ មិនមានសេចក្ដីសាបសូន្យឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ កាលបើភោគៈទាំងឡាយ ចំរើនឡើង យ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីចំរើន ៤ ប្រការ គឺជាអ្នកមិនលេងស្ត្រី ១។បេ។ សមគប់នឹងបុគ្គលល្អ ១ យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន ដើម្បីសេចក្តីសុខក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខ ក្នុងបរលោក ដល់កុលបុត្រ។ ធម៌ ៤ ប្រការ តើដូចម្ដេច។ គឺសទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលព្រាហ្មណ៍ ចុះសទ្ធាសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿនូវការត្រាស់ដឹងនៃព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ ម្នាលព្រាហ្មណ៍ នេះហៅថា សទ្ធាសម្បាទា។ ម្នាលព្រាហ្មណ៍ ចុះសីលសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាលព្រាហ្មណ៍ នេះហៅថា សីលសម្បទា។ ម្នាលព្រាហ្មណ៍ ចុះចាគសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគរួចស្រឡះហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះបង់ ជាអ្នកគួរដល់ស្មូម ត្រេកអរក្នុងការចែករលែកនូវទាន ម្នាលព្រាហ្មណ៍ នេះហៅថា ចាគសម្បទា។ ម្នាលព្រាហ្មណ៍ ចុះបញ្ញាសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ជាអ្នកមានប្រាជ្ញា។បេ។ ជាដំណើរយល់ការ ដែលអស់ទៅនៃទុក្ខដោយប្រពៃ ម្នាលព្រាហ្មណ៍ នេះហៅថា បញ្ញាសម្បទា។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខ ក្នុងបរលោក ដល់កុលបុត្រ។ កុលបុត្រអ្នកមានព្យាយាម ប្រឹងប្រែង ក្នុងទីនៃការងារទាំងឡាយ ១ មិនប្រហែសធ្វេស មានការចាត់ចែង ១ ចិញ្ចឹមជីវិតស្មើ ១ ចេះថែរក្សាទ្រព្យ ដែលរកបានមក ១ មានសទ្ធា ១ បរិបូណ៌ដោយសីល ១ ដឹងនូវពាក្យពេចន៍ ១ ប្រាសចាកសេចក្ដីកំណាញ់ ជំរះនូវផ្លូវ មានសួស្ដី ជាផ្លូវទៅកាន់បរលោកជានិច្ច ១ ធម៌ទាំង ៨ ប្រការនេះ តែងនាំមកនូវសេចក្ដីសុខក្នុងលោកទាំងពីរ ដែលព្រះដ៏មានព្រះភាគ ព្រះអង្គជាសច្ចនាម ទ្រង់សំដែងដល់កុលបុត្រអ្នកមានសទ្ធា ស្វែងរកផ្ទះ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្ដីសុខក្នុងបរលោកផង ដោយប្រការដូច្នេះ ការបរិច្ចាគ និងបុណ្យនេះ តែងចំរើនដល់គ្រហស្ថទាំងឡាយ យ៉ាងនេះឯង។ ឧជ្ជយសូត្រ ទី៥ ឬ ប្រយោជន៍ក្នុងបច្ចុប្បន្ន ៤ និងបរលោក ៤ បិដក ៤៨ ទំព័រ ២៥១ ឃ្នាប ៥៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3108/20Cook.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៥,៩៧០ ដង)
[៤៩] អរិយសាវ័ក មិនសេពនូវធម៌ ជាប្រធាននៃសេចក្តីវិនាសភោគ៦យ៉ាង ដូចម្តេចខ្លះ។ ម្នាលគហបតិបុត្ត កិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ បានប្រកបរឿយៗ នូវការត្រាច់ទៅតាមច្រកល្ហកខុសកាល ជាប្រធាននៃសេចក្តីវិនាសភោគ ១ ការដើរមើលមហោស្រពជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ការប្រកបរឿយៗ នូវហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺលេងល្បែងភ្នាល់ ជាប្រធាន នៃសេចក្តីវិនាសភោគៈ ១ ការសេពនូវបាបមិត្ត ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ការប្រកបរឿយៗ នូវសេចក្តីខ្ជិល ជាប្រធាននៃសេចក្តីវិនាសភោគៈ ១។ [៥០] ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទនេះមាន៦យ៉ាង គឺវិនាសទ្រព្យដែលឃើញជាក់ស្តែងខ្លួនឯង ១ ការកឲ្យកើតជម្លោះ ១ ហេតុនាំឲ្យកើតរោគទាំងឡាយ ១ ការនាំឲ្យខូចឈ្មោះ ១ ការបង្ហាញកេរ្តិ៍ខ្មាស ១ ហេតុជាគំរប់ ៦ គឺធ្វើបញ្ញាឲ្យមានកំឡាំងថយ ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំង នៃសេចក្តីប្រមាទមាន៦យ៉ាងនេះឯង។ [៥១] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការដើរទៅតាមច្រកល្ហកខុសកាលនេះមាន៦យ៉ាង គឺអ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនរក្សាខ្លួន១ អ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនរក្សាកូនប្រពន្ធ១ អ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនរក្សាទ្រព្យសម្បត្តិ១ សេចក្តីរង្កៀស តែងកើតមានក្នុងកន្លែង (ដែលខ្លួនទៅដល់) នោះៗ១ ពាក្យមិនពិត តែងធ្លាក់មកត្រូវលើបុគ្គលនោះ[រមែងត្រូវគេចោទបង្កាច់ ក្នុងអំពើដែលខ្លួនមិនបានធ្វើសោះ ព្រោះជាន់ដានចោរ។]១។ បុគ្គលនោះឈ្មោះថា បំពេញនូវធម៌ទុក្ខច្រើន១។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវកិរិយាត្រាច់ទៅ តាមច្រកល្ហកខុសកាល មាន៦យ៉ាងនេះឯង។ [៥២] ម្នាលគហបតិបុត្ត ទោសក្នុងការដើរមើលល្បែង មហោស្រពនេះ៦យ៉ាង គឺរបាំក្នុងទីណា ក៏ទៅក្នុងទីនោះ១ ចម្រៀងក្នុងទីណា ក៏ទៅក្នុងទីនោះ១ ការប្រគំក្នុងទីណា ក៏ទៅក្នុងទីនោះ១ គេប្រជុំនិយាយរឿងព្រេង ឥតប្រយោជន៍ (មានរឿងចម្បាំងនៃមហាភារតៈ និងរឿងនាងសិតាជាដើម) ក្នុងទីណា ក៏ទៅក្នុងទីនោះ១ ល្បែងវាយគង [បើតាមព្យញ្ជនៈ គួរប្រែថា ល្បែងលេងទះទៃ គឺច្រៀងប្របកៃ។] ក្នុងទីណា ក៏ទៅក្នុងទីនោះ១ ល្បែងវាយរនាតក្នុងទីណា ក៏ទៅក្នុងទីនោះ១។ ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាដើរមើលល្បែង មហោស្រព មាន៦យ៉ាងនេះឯង។ [៥៣] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការលេងល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំង នៃសេចក្តីប្រមាទនេះ មាន៦យ៉ាង គឺបុគ្គលនោះ បើឈ្នះគេ តែងបានពៀរ១ បើចាញ់គេ តែងសោកស្តាយទ្រព្យសម្បត្តិ១ វិនាសទ្រព្យសម្បត្តិ ដែលឃើញជាក់ស្តែង ទាន់ភ្នែក១ កាលបើទៅសាលាវិនិច្ឆ័យ គេមិនជឿស្តាប់ពាក្យ១ ពួកមិត្តអាមាត្យ តែងបោះបង់ចោល១ ជាបុគ្គលដែលគេមិនត្រូវការដណ្តឹង ឬឲ្យកូនស្រី ព្រោះគេគិតថា បុរសបុគ្គលអ្នកលេងល្បែងភ្នាល់ មិនអាចចិញ្ចឹមប្រពន្ធបានទេ១។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការលេងល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ មាន៦យ៉ាងនេះឯង។ [៥៤] ម្នាលគហបតិបុត្ត ទោសក្នុងការសេពគប់ នូវបាបមិត្តនេះ មាន៦យ៉ាង គឺពួកជនដែលជាអ្នកលេងល្បែងភ្នាល់១ ជនដែលជាអ្នកលេង[អ្នកលេង មាន៤យ៉ាង គឺអ្នកលេងស្រី១ អ្នកលេងភត្ត១ អ្នកលេងផឹកស្រា១ អ្នកលេងមើមឈើ មានស៊ីមើមដំឡូងជាដើម១។] ស្រី១ ជនដែលជាអ្នកលេងផឹកសុរា១ ជនដែលជាអ្នកបោកប្រាស បញ្ឆោតអ្នកដទៃ ដោយរបស់ក្លែង១ ជនដែលជាអ្នកបំបាត់ប្រវញ្ចន៍អ្នកដទៃ ក្នុងទីចំពោះមុខ១ ជនដែលជាអ្នកឆក់ដណ្តើមទ្រព្យអ្នកដទៃ១ ជនទាំងនោះ ជាមិត្ត ជាសំឡាញ់ របស់ជននោះ។ ម្នាលគហបតិបុត្ត ទោសក្នុងការសេពគប់នូវបាបមិត្ត មាន៦យ៉ាងនេះឯង។ [៥៥] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវសេចក្តីខ្ជិលនេះ មាន៦យ៉ាង គឺមិនធ្វើការងារដោយអាងថា ត្រជាក់ណាស់១ មិនធ្វើការងារ ដោយអាងថាក្តៅណាស់១ មិនធ្វើការងារ ដោយអាងថាល្ងាចណាស់១ មិនធ្វើការងារ ដោយអាងថាព្រឹកណាស់១ មិនធ្វើការងារ ដោយអាងថាឃ្លានណាស់១ មិនធ្វើការងារ ដោយអាងថាស្រេកណាស់១ កាលបើជនអ្នកខ្ជិលច្រអូសនោះ ច្រើនដោយការពោលអាងកិច្ចយ៉ាងនេះ ភោគទាំងឡាយ ដែលមិនទាន់កើត ក៏ខានកើតឡើងផង ភោគៈទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវសេចក្តីរេចរឹលទៅវិញផង។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវសេចក្តីខ្ជិល មាន៦យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែងធម៌នេះហើយ ព្រះសុគត ជាសាស្តា លុះសំដែងធម៌នេះហើយ ទ្រង់សំដែងគាថាព័ន្ធនេះ តទៅទៀតថា [៥៦] បុគ្គលខ្លះ ជាមិត្តសំឡាញ់ បានតែក្នុងរោងសុរាក៏មាន បុគ្គលខ្លះថា សំឡាញ់ៗ តែនៅចំពោះមុខក៏មាន បុគ្គលណា កាលបើប្រយោជន៍ (ខ្លួន) កើតឡើង ទើបធ្វើជាសំឡាញ់បុគ្គលនោះ មកជាសំឡាញ់នឹងខ្លួនក៏មាន។ កិរិយាដេកដល់ថ្ងៃ១ ធ្វើសេវនកិច្ច នឹងប្រពន្ធអ្នកដទៃ១ ភាវៈជាអ្នកមានពៀរច្រើន១ ភាវៈជាអ្នកធ្វើអំពើឥតប្រយោជន៍១ បាបមិត្ត១ ភាវៈជាអ្នកកំណាញ់ស្វិតស្វាញ១ ហេតុទាំង៦នុ៎ះ រមែងបំផ្លាញបុរស (ឲ្យវិនាស)។ នរជន ដែលមានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ មានមារយាទ និងគោចរអាក្រក់ តែងវិនាសចាកលោកទាំងពីរ គឺលោកនេះ និងលោកខាងមុខ។ ល្បែងភ្នាល់ ល្បែងស្រី និងល្បែងសុរា១ របាំ និងចម្រៀង១ ការដេកថ្ងៃ១ ការឲ្យគេបំរើខ្លួន ក្នុងកាលមិនគួរ១ ពួកមិត្តអាក្រក់១ ភាវៈជាអ្នកមានសេចក្តីកំណាញ់ស្វិតស្វាញ១ ហេតុទាំង៦នេះ តែងបំផ្លាញបុរសឲ្យវិនាស។ ពួកជនលេងល្បែងភ្នាល់ ផឹកសុរា ធ្វើសេវនកិច្ចនឹងស្រី ដែលស្មើដោយជីវិតរបស់បុរសដទៃ សេពគប់នឹងបុគ្គលថោកទាប (ខាតលក្ខណ៍) មិនសេពគប់នឹងបុគ្គល ដែលមានសេចក្តីចំរើន (គ្រប់លក្ខណ៍) យសរបស់ពួកជននោះឯង តែងសាបសូន្យ ដូចព្រះចន្ទខាងរនោច។ ជនដែលជាអ្នកផឹកសុរា ជាអ្នកខ្សត់ទ្រព្យ ជាអ្នកឥតមានកង្វល់ ដោយការងារចិញ្ចឹមជីវិត មានតែស្រវឹងជានិច្ច ប្រាសចាកសេចក្តីចំរើន លិចចុះក្នុងបំណុល ដូចដុំថ្មលិចចុះទៅក្នុងទឹក បុគ្គលនោះ តែងធ្វើការងារឲ្យវឹកវរ ដល់ខ្លួនដោយឆាប់។ បុគ្គលដេកក្នុងវេលាថ្ងៃ ជាប្រក្រតី មិនក្រោកឡើងពីយប់ ជាប្រក្រតី ជាអ្នកស្រវឹងជានិច្ច ជាអ្នកលេងល្បែង មិនអាចនឹងគ្រប់គ្រងផ្ទះសម្បែងបាន។ ប្រយោជន៍ទាំងឡាយ តែងកន្លងហួសមនុស្សដែលលះបង់ចោលនូវការងារ ដោយពោលអាងថា វេលានេះ ត្រជាក់ណាស់ ក្តៅណាស់ ល្ងាចណាស់។ ជនណាមួយ ធ្វើនូវកិច្ចការរបស់បុរស មិនអើពើនូវត្រជាក់ និងក្តៅ ក្រៃលែងជាងស្មៅ (ទៅទៀត) ជននោះ រមែងមិនសាបសូន្យចាកសេចក្តីសុខឡើយ។ ប្រធាននៃសេចក្តីវិនាសភោគៈ ៦ យ៉ាង បិដកភាគ ១៩ ទំព័រ_ ៧១ ឃ្នាប ៤៩ ដោយ​៥០០០​ឆ្នាំ​
images/articles/3119/20ecple_W.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៤,១៨៦ ដង)
[៧២] ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ស្វាមីត្រូវទំនុកបម្រុង ដោយស្ថាន៥យ៉ាងគឺ ដោយការរាប់អាន ជាភរិយាពេញទី១ ដោយមិនមើលងាយ១ ដោយមិនប្រព្រឹត្តក្បត់ចិត្ត១ ដោយប្រគល់ឲ្យជាធំ (ក្នុងការផ្ទះ)១ ដោយការឲ្យគ្រឿងតែងខ្លួន១។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុង ដោយស្ថានទាំងឡាយ៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមី ដោយស្ថានទាំងឡាយ ៥យ៉ាងវិញ គឺ ចាត់ចែងការងារដោយល្អ១ សង្គ្រោះជនជាញាតិទាំងពីរខាងដោយល្អ១ មិនប្រព្រឹត្តក្បត់១ ថែទាំទ្រព្យដែលស្វាមីរកបានមក១ ឈ្លាស មិនខ្ជិលច្រអូស ក្នុងកិច្ចការសព្វគ្រប់១។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុងដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមីដោយស្ថាន៥យ៉ាងនេះ ទិសខាងលិចនោះ ដែលស្វាមីបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីស្វាមីនិងតួនាទីភរិយា បិដក ១៩ ទំព័រ ៨៦ ឃ្នាប ៧២ ដោយ​៥០០០​ឆ្នាំ​
images/articles/3120/20eube.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៣,៩៨១ ដង)
ទុតិយអបាសាទិកសូត្រ ទី ៨ [១១៨] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គល អ្នកមានអំពើមិនជាទីជ្រះថ្លានេះ មាន ៥ យ៉ាង ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពួកជន ដែលមិនទាន់ជ្រះថ្លា រមែងមិនជ្រះថ្លា ១ ពួកជនខ្លះដែលជ្រះថ្លាហើយ ក៏ត្រឡប់ជាងាកចិត្តចេញ ១ ឈ្មោះថា មិនធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ១ ប្រជុំជនខាងក្រោយនឹងយកតម្រាប់តាម ១ ចិត្តរបស់បុគ្គលនោះ មិនជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លានេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពួកជនដែលមិនទាន់ជ្រះថ្លា រមែងជ្រះថ្លា ១ ពួកជនដែលជ្រះថ្លារួចហើយ រឹតតែជ្រះថ្លាឡើង ១ ឈ្មោះថា ធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ១ ប្រជុំជនខាងក្រោយ នឹងយកតម្រាប់តាម ១ ចិត្តរបស់បុគ្គលនោះ រមែងជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង។ អគ្គិសូត្រ ទី ៩ [១១៩] ម្នាលភិក្ខុទាំងឡាយ ទោសក្នុងភ្លើងនេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺឲ្យងងឹតភ្នែក ១ ធ្វើសម្បុរឲ្យអាក្រក់ ១ ធ្វើកម្លាំងឲ្យខ្សោយ ១ កុះករដោយពួកគណៈ ១ ប្រព្រឹត្តទៅ ដើម្បីតិរច្ឆានកថា ១។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងភ្លើង មាន ៥ យ៉ាងនេះឯង ។ មធុរាសូត្រ ទី ១០ [១២០] ម្នាលភិក្ខុទាំងឡាយ ទោសក្នុងដែនមធុរានេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺទីមិនស្មើ ១ មានធុលីច្រើន ១ មានឆ្កែសាហាវ ១ មានយក្សកាច ១ រកបាយបានក្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងដែនមធុរា មាន ៥ យ៉ាងនេះឯង។ ចប់ អក្កោសកវគ្គ ទី ២ ។ ទុតិយអបាសាទិកសូត្រ ទី ៨_ ឬ ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា ៥ យ៉ាង បិដកភាគ ៤៥ ទំព័រ ២៥៣ ឃ្នាប ១១៨ ដោយ​៥០០០​ឆ្នាំ​
images/articles/3121/20rrmple_W.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៣,៦៩១ ដង)
ភោគសូត្រ ទី៧ [១២៧] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺភោគៈសាធារណៈដល់ភ្លើង ១ ភោគៈសាធារណៈដល់ទឹក ១ ភោគៈសាធារណៈដល់ព្រះរាជា ១ ភោគៈសាធារណៈដល់ចោរ ១ ភោគៈសាធារណៈដល់អ្នកទទួលមត៌ក ដែលមិនជាទីស្រឡាញ់ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺអាស្រ័យភោគៈ ហើយញុំាងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាខ្លួនឲ្យសុខសប្បាយ ១ ញុំាងមាតា និងបិតាឲ្យសុខ ឲ្យឆ្អែត រក្សាមាតាបិតាឲ្យសុខសប្បាយ ១ ញុំាងកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខ ឲ្យឆ្អែត រក្សាកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខសប្បាយ ១ ញុំាងមិត្រ និងអាមាត្យឲ្យសុខ ឲ្យឆ្អែត រក្សាមិត្រអាមាត្យឲ្យបានសុខសប្បាយ ១ ដំកល់ទុកនូវទាន មានផលដ៏ខ្ពស់ ក្នុងពួកសមណព្រាហ្មណ៍ ជាទានឲ្យនូវអារម្មណ៍ដ៏ប្រសើរល្អ មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ ភោគសូត្រ ទី ៧ ទោសនិងអានិសង្សរបស់ភោគៈ ៥ យ៉ាង បិដកភាគ ៤៥ ទំព័រ ២៥៩ ឃ្នាប ១២៧ ដោយ​៥០០០​ឆ្នាំ​
images/articles/3133/20ccver.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៣,៨១១ ដង)
[៧៣] ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង កុលបុត្ត ត្រូវប្រតិបត្តិដោយស្ថាន៥យ៉ាងគឺ ដោយការឲ្យរបស់១ ដោយការនិយាយតែពាក្យគាប់ចិត្ត១ ដោយការប្រព្រឹត្តិ ឲ្យជាប្រយោជន៍១ ដោយការប្រព្រឹត្តិខ្លួនស្មើ១ ដោយការមិនកុហកបញ្ឆោត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាង គឺ រក្សាមិត្តដែលធ្វេសប្រហែស១ ជួយថែទាំទ្រព្យសម្បត្តិ របស់មិត្តដែលធ្វេសប្រហែស១ ជាទីពឹងរបស់មិត្តដែលមានភ័យ១ មិនបោះបង់គ្នាក្នុងគ្រាវិបត្តិ១ រាប់អានរហូតដល់ផៅពង្សរបស់មិត្ត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យ ជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាងនេះ ទិសខាងជើងនោះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីរបស់មិត្ត ៥ យ៉ាង - បិដកភាគ ១៩ ទំព័រ ៨៧ ឃ្នាប ៧៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3134/20fffmons.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៤,០៨៨ ដង)
[៧៥] ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ កុលបុត្តត្រូវផ្គត់ផ្គង់ ដោយស្ថាន៥យ៉ាងគឺ ដោយកាយកម្ម ប្រកបដោយមេត្តា១ ដោយវចីកម្ម ប្រកបដោយមេត្តា១ ដោយមនោកម្ម ប្រកបដោយមេត្តា១ ជាអ្នកមិនបិទទ្វារ [អដ្ឋកថា ថា ទ្វារផ្ទះបើកទាំងអស់ក្តី បិទទាំងអស់ក្តី បើមិនឲ្យអ្វី ឬធ្វើល្អអ្វី ដល់អ្នកមានសីលសោះ ក៏ឈ្មោះថា បិទទ្វារដែរ បើឲ្យ ឬធ្វើល្អអ្វី ដល់អ្នកមានសីល ក៏ឈ្មោះថា បើកហើយ។] ផ្ទះ១ ដោយកិរិយាឲ្យអាមិសទាន១។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្ត ទំនុកបម្រុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៦យ៉ាង គឺ ហាមឃាត់កុលបុត្ត ចាកអំពើអាក្រក់១ ឲ្យតាំងនៅតែក្នុងអំពើល្អ១ អនុគ្រោះដោយចិត្តដ៏ល្អ១ ឲ្យបានស្តាប់ពាក្យ ដែលមិនធ្លាប់ស្តាប់១ បំភ្លឺសេចក្តី ដែលធ្លាប់ស្តាប់ហើយ១ ប្រាប់ផ្លូវសួគ៌១។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្តផ្គត់ផ្គង់ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៦យ៉ាងនេះ ទិសខាងលើនុ៎ះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ ព្រះមានព្រះភាគ បានសំដែងសេចក្តីនេះ ព្រះសុគត ជាសាស្តា លុះសំដែងសេចក្តីនេះហើយ ទ្រង់ត្រាស់ពាក្យជាគាថាព័ន្ធ តទៅទៀតថា [៧៦] មាតាបិតា ជាទិសខាងកើត អាចារ្យ ជាទិសខាងត្បូង កូនប្រពន្ធ ជាទិសខាងលិច មិត្តអាមាត្យ ជាទិសខាងជើង ទាសៈ និងកម្មករ ជាទិសខាងក្រោម សមណព្រាហ្មណ៍ ជាទិសខាងលើ គ្រហស្ថក្នុងត្រកូល ដែលអាចគ្រប់គ្រងផ្ទះ គប្បីនមស្ការទិសទាំងឡាយនុ៎ះ។ បណ្ឌិត [អដ្ឋកថា ថា បណ្ឌិតមានប្រាជ្ញាវៃ ក្នុងស្ថានជាទីសំពះទិស។] បរិបូណ៌ដោយសីល មានវាចាដ៏ពីរោះ មានប្រាជ្ញាវៃ [អដ្ឋកថា ថា បណ្ឌិតមានប្រាជ្ញាវៃ ក្នុងស្ថានជាទីសំពះទិស។] មានកិរិយាប្រព្រឹត្តឱនលំទោន ជាប្រក្រតី មិនរឹងត្អឹង បុគ្គលមានសភាពដូច្នោះ រមែងបានយស បុគ្គលមានព្យាយាម រវៀសរវៃ មិនខ្ជិលច្រអូស រមែងមិនញាប់ញ័រក្នុងអន្តរាយទាំងឡាយ បុគ្គលមានកិរិយាប្រព្រឹត្តឥតចន្លោះ មានប្រាជ្ញាវាងវៃ បុគ្គលមានសភាពដូច្នោះ រមែងបានយស។ បុគ្គលមានសេចក្តីសង្គ្រោះ ជាអ្នកចងមិត្ត ជាអ្នកដឹងដំណើរពាក្យ [សំដៅយកមនុស្សនាំពាក្យខ្លួន ដែលបានថាឲ្យរបស់អ្វី ដល់សំឡាញ់ហើយ ក៏ឲ្យទាល់តែបាន ដឹងចិត្តសំឡាញ់ថា ចង់បានអ្វី ក៏ឲ្យរបស់នោះ ឬដឹងថា សំឡាញ់ខ្វះខាតអ្វី ក៏ឲ្យរបស់នោះ។] ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកដឹកនាំ ពន្យល់ការណ៍ផ្សេងៗ ជាអ្នកណែនាំរឿយៗ បុគ្គលមានសភាពដូច្នោះ រមែងបានយស។ ទាន១ ពាក្យពីរោះ១ សេចក្តីប្រព្រឹត្ត ជាប្រយោជន៍ក្នុងលោកនេះ១ ភាវៈជាអ្នកមានចិត្តស្មើ ក្នុងធម៌ទាំងឡាយ និងក្នុងបុគ្គលនោះៗ តាមសមគួរ១។ សង្គហធម៌ ទាំងនេះ (មានក្នុងលោក ទើបលោកប្រព្រឹត្តទៅបាន) ដូចជារថមានប្រែកទប់ ទើបប្រព្រឹត្តទៅបាន ដូច្នោះឯង បើ សង្គហធម៌ ទាំងនេះមិនមានហើយ មាតាក្តី បិតាក្តី ក៏មិនបាននូវសេចក្តីរាប់អាន និងការបូជា អំពីកិច្ចដែលកូនត្រូវធ្វើ។ ព្រោះហេតុតែអ្នកប្រាជ្ញាទាំងឡាយ សំឡឹងឃើញ សង្គហធម៌ ទាំងនោះដោយប្រពៃ ហេតុនោះ បានជាលោកដល់នូវភាវៈជាធំផង គួរគេសរសើរផង។ តួនាទីព្រះសង្ឃនិងតួនាទីពុទ្ធបរិស័ទ្ធ - បិដកភាគ ១៩ ទំព័រ ៨៩ ឃ្នាប ៧៥ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕