អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣២,៣៩៧ ដង)
រឿងស្តេចដំរី

|
រឿងស្តេចដំរី
( ចាគ ម. អ. ) ( អានិសង្ស នៃការចិញ្ចឹមមាតាដោយគោរព ) កាលពីព្រេងនាយ ព្រះបរមពោធិសត្វរបស់យើង ទ្រង់សោយព្រះជាតិ ជាស្តេចដំរី មានព្រះសរីរកាយ សសុទ្ធ មានដំរី ៨០០០ ជាបរិវារ បានចិញ្ចឹមមាតា ដែលចាស់ជរាមានចក្ខុងងឹតទាំងគូ សម្រេចសម្រាន្តឥរិយាបថក្នុងហេមពាន្តប្រទេស ។
ក្នុងកាលខាងក្រោយមក ទ្រង់ចេញចោលបរិវារទាំងអស់ ហើយនាំមាតា ទៅអាស្រ័យទៀបស្រះ មានផ្កាឈូក នាជើងភ្នំឈ្មោះ ចណ្ឌោរ័ណ ឪ្យមាតាឋិតនៅក្នុងញកភ្នំនោះ ខ្លួនបំរើដោយគោរព ។ សម័យមួយ ព្រានព្រៃម្នាក់នៅក្នុងក្រុងពារាណសី បានដើរចូលទៅក្នុងព្រៃ ដើម្បីបរបាញ់សព្វសត្វបក្សា ស្រាប់តែវង្វេងផ្លូវអស់មួយសប្តាហ៏ ក៏យំរៀបរាប់ បូរបាច់ហើយដល់ទៅទីនោះ ។ ស្តេចដំរីអាណិតព្រានព្រៃ ក៏ឪ្យឡើងជិះលើខ្នង ទើបនាំត្រលប់ ទៅកាន់ផ្លូវមនុស្សវិញ ។ ឯព្រានព្រៃនោះ ជាមនុស្សអប្រិយជូរជាតិ អបលក្ខណ៏ ទ្រឹស្តីស្មូរទុរយស បានត្រលប់ទៅដល់ ក្រុងពារាណសីវិញ ក៏នាំរឿងនោះ ទៅថ្វាយព្រះចៅម្ចាស់ផែនដី ឪ្យទ្រង់ជ្រាប ព្រោះដំរីមង្គលរបស់ព្រះអង្គ ទើបនឹងស្លាប់ថ្មី ៗ ។ ទ្រង់ក៏កើតព្រះហឫទ័យរីករាយ ត្រេតអរយ៉ាងពន្លឹក ទើបចាប់ហ្មដំរីម្នាក់ ឪ្យទៅចាប់ដំរីពោធិសត្វ ហើយនាំយកមកឪ្យ នៅក្នុងរោងមង្គលនៅព្រះបរមរាជវាំង មិនតែប៉ុណ្ណោះ ទ្រង់បានប្រទានអាហារភោជន មានរសឆ្ងាញ់ពិសារ ច្រើនមុខដល់់ដំរី ។ ឯដំរីមិនព្រមទទួល ព្រះរាជអំណោយនោះសោះ ព្រោះខ្លួនមិនបាន ស្វែងរកចំណីមកចិញ្ចឹមមាតា ដែលមានចក្ខុអន្ធការ មាតាទូលព្រះបង្គំ បើវៀរចាកខ្ញុំព្រះអង្គហើយ មុខជាស្លាប់ដោយពិតប្រាកដ ខ្ញុំព្រះអង្គ មិនត្រូវការឥស្សរយស ដែលកើតក្នុងទីកំបាំងមុខមាតាដូច្នេះទេ មាតាទូលព្រះបង្គំ អត់អាហារគំរប់ ៧ ថ្ងៃនឹងថ្ងៃនេះហើយ ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ហើយ ក៏ថ្លែងគាថា ថា ៖ មុញ្ចោថេតំ មហានាគំ យោយំ ភរតិ មាតរំ សមេតុ មាតរា នាគោ សហ សព្វេហិ ញាតិភិ ។ រីអ្នកចូលលែងដំរីធំនេះ ព្រោះជាសត្វចេះចិញ្ចឹមមាតា មហានាគអើយនៅឪ្យសុខា រូបរួមមាតា និងញាតិសន្តាន ។ កាលព្រះពោធិសត្វ រួចចាកចំណងនោះហើយ បានសំដែងគាថា ទសរាជធម៏ ថ្វាយព្រះរាជាបន្តិច ហើយចេញពីទីនោះ ទៅកាន់សំណាក់មាតាក្នុងថ្ងៃនោះឯង ។ ព្រះរាជាទ្រង់ជ្រះថ្លាក្នុងគុណ នៃព្រះពោធិសត្វយ៉ាងក្រៃលែង ទើបចាត់ឪ្យគេធ្វើស្រុកមួយ ក្បែរបទុមស្រះនោះ ហើយតាំងវត្ត បដិបត្តិជាប់ជានិច្ច ពេលខាងក្រោយមក មាតាព្រះពោធិសត្វ ធ្វើមរណកាល ទ្រង់ក៏ចាត់ធ្វើឈាបនកិច្ចសរីរះនោះ ហើយកសាងអាស្រមបទមួយ ឈ្មោះថាករណ្ឌកះ ទើបស្តេចត្រលប់ទៅនគរវិញ ។ កាលនោះឥសី ៥០០ បរចុះពីភ្នំហេមពាន្ត មកនៅក្នុងទីនោះ ។ ព្រះរាជាក៏សុំដំរីឪ្យ នូវវត្តបដិបត្តិ ដល់ពួកឥសី កាលដំរីពោធិសត្វស្លាប់ទៅហើយ ទ្រង់ធ្វើរូបប្រៀបដោយថ្ម ប៉ុនរូបពោធិសត្វ ហើយធ្វើសក្ការបូជា ជានិរន្ត ។ អ្នកជម្ពូទ្វីបទាំងឡាយ កំណត់កាលមួយឆ្នាំ តែងតែធ្វើបុណ្យ រំលឹកដល់វិញ្ញាណក្ខន្តដំរីពោធិសត្វម្តង បុណ្យនោះឈ្មោះថា “បុណ្យឆ្លងដំរី ” ( មហាសំ_សុខ និស្សិតសាលាបាលីជាន់ខ្ពស់ ) ។ ដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ អត្តបទនេះវាយបញ្ចូលដោយ កញ្ញា ហេង សំដាណែត ។ ដោយ៥០០០ឆ្នាំ |