images/articles/788/2026-07-14_12_33_47-Untitled_-_Notepad.jpg
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ២៥,១៣០ ដង)
មនុស្សដែលកើតមកក្នុងលោកគ្រប់រូប ត្រូវតែធ្វើការងារ ដើម្បីចិញ្ចឹមជីវិតរៀងខ្លួន, យើងអាស្រ័យនៅក្នុងលោក មិនធ្វើកិច្ចការអ្វីមិនបានជាដាច់ខាត ព្រោះកិច្ចការរបស់មនុស្ស បីដូចជាតួចក្រឬកង់យ៉ាងធំសម្បើមអស្ចារ្យ ដែលអាចធ្វើឲ្យមនុស្សលោកវិលទៅកាន់សេចក្ដីចម្រើនឥតអាក់រាប់ចាប់ តាំងពីបុរាណ ដរាបមកដល់សម័យបច្ចុប្បន្ន ។ មនុស្សសម័យបុរាណបានចាប់ផ្ដើមធ្វើការត ៗ គ្នាមកហើយ រាប់រយរាប់ពាន់ឆ្នាំ ទើបលោកយើងបានដុះដាលចម្រើនដូចសម័យសព្វថ្ងៃនេះ។
តាមដោយពិតកិច្ចការស្នាដៃរបស់មនុស្សទេតើ ដែលជាតួចក្រយ៉ាងសំខាន់ សម្រាប់ឯកជន ឬមហាជន ឬសង្គម ឬសម្រាប់ប្រទេសជាតិ រហូតដល់ពិភពលោកទាំងមូល ដែលយើងអាស្រ័យនៅសព្វថ្ងៃនេះ ។ ហេតុនេះ ទើបយើងមើលឃើញជាក់ច្បាស់ថា ក្នុងលោកនេះ គ្មានមaនុស្សនៅទំនេរទេ សុទ្ធតែមានការងារទៅតាមសភាពរៀងៗខ្លួន កាលយើងនៅតូចយើងក៏ធ្វើការផ្សេងៗ មានស៊ីផឹក, ដេក, ដើរ, ឈរ, អង្គុយ, យំ, សើច ។ល។ ដល់ចម្រើនវ័យធំបន្តិចឡើង យើងក៏ធ្វើការសិក្សារៀនសូត្រ ហាត់លោត, ហាត់រត់, ហាត់ហែលទឹក ។ ល ។ ដល់មានអាយុគ្រប់នីតិភាព យើងត្រូវធ្វើការចិញ្ចឹមជីវិតអាត្មានឹងគ្រួរសាទៅទៀត ។ ការធ្វើរបរចិញ្ចឹមជីវិតនឹងការគ្រប់គ្រងរក្សាគ្រួសារ ជាភាសវៈប្រចាំរបស់មនុស្សគ្រប់រូបដោយពិត ។
ខួរក្បាលនឹងសេចក្ដីឈ្លាសវៃ ព្រមទាំងសេចក្ដីព្យាយាមរបស់មនុស្សទេតើ ដែលធ្វើឲ្យពិភពលោកដ៏ធំទូលាយមហិមានេះ សមជាទីស្នាក់នៅនៃមនុស្សលោក ។ សេចក្ដីចំរើនដែលហៅថា អារ្យធម៌របស់លោកជាផលដែលបានមកពីខួរក្បាលនឹងសេចក្ដីប្រឹងប្រែង ធ្វើការរបស់មនុស្សទាំងអស់ ។ គ្រប់យ៉ាងក្នុងលោក តែងតែមានការប្រែប្រួលជានិច្ចគ្រប់ៗនាទី ។ មនុស្សសម័យបុរាណ មានគំនិតចង់ហោះហើរដើរធ្យានលើវេហាស៍ដូចជាបក្សី ។ មានគំនិតគិតចង់បង្កើតយានជំនិះវិសេសផ្សេងៗ មកហើយ ដូចមានសេចក្ដីដំណាលពីមនោភាពរបស់មនុស្ស ក្នុងសាស្រ្តាល្បែងនានា មានរឿងហង្សយន្ត ឬភួងម៉ាល័យជាដើម។
គំនិតគិតស្មានរបស់មនុស្សសម័យជាន់ដើម ក្លាយទៅជាការពិតឡើងក្នុងសម័យជាន់ក្រោយនេះ ដូចជាយានជំនិះយ៉ាងវិសេស ៗ ទាំងខាងជើងទឹក ទាំងខាងជើងគោក ទាំងឃាងអាកាស ដូចរថយន្ត, រថភ្លើង, កប៉ាល់, យន្តហោះ សម្រាប់ពង្រួញផ្លូវគមនាគមន៍ឲ្យខ្លីចុះ អាចទៅបានគ្របិទិសទីក្នុងលោក ។ ខាងការជូនដំណឹងគ្នាទៅវិញទៅមក ហាក់ដូចជាយើងបានសម្រេចវិជ្ជាភ្នែកទិព្វ ត្រចៀកទិព្វទាន់ចិត្ត ដូចទូរស័ព្ទទូរលេខនឹងវិទ្យុជាដើម ។ ផ្នែកខាងការរីករាយកំសាន្តចិត្តក្នុងវេលារាត្រីវិញក៏មានភាព យន្ត ( កុនស្រមោល ) នឹងវិទ្យុភាពយន្ត ហើយមកក្នុងសម័យបរមាណូនេះ វិជ្ជាការរបស់មនុស្សរឹងរឹតតែចំឡែកអស្ចារ្យណាស់ទៅទៀត ដូចជាគ្រាប់បែកបរមាណូនឹងវត្ថុសព្វសារពើ ដែលធ្វើពីរិទ្ធិ៍បរាណូ សុទ្ធសឹងតែអស្ចារ្យណាស់ ។ ហើយអំណើះតទៅខាងមុខទៀត អាចកើតអស្ចារ្យចំឡែកប្លែក ៗ ថ្មី ៗ ទៀត ។ ច្រើនលើសលន់គណនា ដែលសម្រេចដោយបញ្ញានឹងស្នាដៃរបស់មនុស្សមិនខាន ។
ក្នុងចំណោមពួកអ្នកជញ្ជឹងរំពឹងគិតចង់រៀបចំ ពិភពលោកឲ្យបានចម្រើនរុងរឿង ប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត បើពោលដោយភាគច្រើន គឺពួកអ្នកប្រាជ្ញវិទ្យាសាស្រ្ត ដែលបានខំប្រឹងកសាងសេចក្ដីចម្រើននឹងការស្រួលសប្បាយ ដល់មនុស្សជាតិផងគ្នា ។ មានជួនកាល លោកអ្នកនឹកស្មានថា គំនិតពួកអ្នកប្រាជ្ញវិទ្យសាស្រ្ត ជាគំនិតឥតហេតុផលហួសវិស័យមនុស្សលោក តមកសម័យខាងក្រោយ ក្លាយទៅជាការពិតជាក់ស្ដែងឡើង ពិភពលោកទើបប្រដាប់ប្រដាដោយរបស់ចំឡែក ៗ ច្រើនជាអនេកប្រការ គួរឲ្យអស្ចារ្យណាស់ ដែលជាផលកើតឡើងដោយសតិបញ្ញានឹងស្នាដៃរបស់អ្នកប្រាជ្ញ វិទ្យាសាស្រ្តដោយភាគច្រើនបំផុត។
កាលបើយើងសំឡឹងមើលជុំវិញខ្លួនយើង ហើយសួរខ្លួនឯងថា នរណាជាអ្នកសាងវត្ថុផ្សេង ៗ អស់ទាំងនោះឡើង អ្នកណាកសាងរថយន្ត, រថភ្លើង, ភ្លើងអគ្គិសនី, យន្តហោះជាដើម អ្នកណាជាអ្នកគិតផ្សំថ្នាំបំបាត់រោគនានា, អ្នកណាជាអ្នកគិតប្រឌិតផលិតភ័ណ្ឌ អំពីវត្ថុឥតដំឡៃនានាឲ្យទៅជារបស់មានប្រយោជន៍ ត្រាតែយើងមានគ្រឿងប្រើប្រាស់ប្លែក ៗ ច្រើនជាអនេកអនន្ត, យើងអាចតបដោយខ្លួនឯងថា ពួកអ្នកប្រាជ្ញវិទ្យាសាស្រ្តអស់នោះហើយដែលបានប្រសិទ្ធិ៍ និរមិត្តវត្ថុអស់នោះឲ្យកើតឡើង ។ អ្នកប្រាជ្ញវិទ្យាសាស្រ្តទាំងឡាយ មិនបានប្រាថ្នាផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្មានទេ ដោយយល់ឃើញហើយប្រកាន់ថា កាលបើកើតមកជាមនុស្ស ត្រូវតែបំពេញមុខក្រសួងរបស់មនុស្សគឺជួយគ្នាព្រួតដៃគ្នាគ្រប់ គ្រងពិភពលោកឲ្យបានចំរើន ប្រកបដោយបកតិសុខយ៉ាងធំទូលាយ ។ ដោយហេតុពួកអ្នកប្រាជ្ញវិទ្យសាស្រ្ត មានបំណងចំពោះផលចំរើនដោយរួបរួមគ្នានេះ ទើបយើងគួរចារិករំលឹកគុណ របស់បុគ្គលដែលធ្វើសារប្រយោជន៍ដល់លោកគ្រប់ខណៈ។
ផលសម្រេច ដែលជួយស្ទួយមនុស្ស ឲ្យមានកេរ្តិ៍ឈ្មោះនឹងកិត្តិយសល្បីល្បាញ ព្រមទាំងធ្វើឲ្យប្រទេសជាតិចំរើនរុងរឿងឡើង នេះនាំឲ្យយើងយល់ថា ផលសម្រេចជារបស់សំខាន់ក្រៃលែង ប៉ុន្តែការដែលនឹងញ៉ាំងផលសម្រេចរបស់ខ្លួន ឲ្យបានដល់គោលបំណងនោះ លុះតែអាស្រ័យសមត្ថភាពក្នុងការងារជាគោលសំខាន់ ។ រដ្ឋបុរសរាល់រូប អ្នកប្រាជ្ញវិទ្យាសាស្រ្តរាល់គ្នានឹងពួកអ្នកសិល្បៈករ បានខំព្យាយាមយ៉ាងម៉ឺងម៉ាត់ ដើម្បីញ៉ាំងការដែលខ្លួនធ្វើនោះឲ្យបានសម្រេចជារូបរាងឡើង។
តាមធម្មតា មនុស្សយើងមានអំណាចមួយ ដែលធម្មជាតិបានប្រគល់ឲ្យមក តាំងពីកំណើតគឺខួរក្បាល ។ មនុស្សដែលមានខួរក្បាល រមែងមានសតិបញ្ញាសម្រាប់ត្រិះរិះរកហេតុផល ចំពោះរបស់ដែលមាននៅជុំវិញខ្លួនយើង ព្រមទាំងគោលការណ៍សម្រាប់ការពិចារណាព្រឹត្តិការណ៍បានជាក់ច្បាស់, ដំណើរនេះធ្វើឲ្យមនុស្សជាតិ មានភាវៈខ្ពង់ខ្ពស់ជាងសព្វសត្វទាំងឡាយយ៉ាងត្រដែតត្រដឹម ។ ផលសម្រេចគ្រប់ចំណែកដែលមាននៅក្នុងលោកនេះ កើតមកអំពីស្នាដៃរបស់មនុស្សទាំងអស់ចំណែកខាងសព្វសត្វទាំងឡាយ គ្រាន់តែជាគូដៃ ឬជាគ្រឿងឧបករណ៍មួយយ៉ាង ដែលមនុស្សប្រើប្រាជ្ញាឈ្លាសវៃរបស់ខ្លួន យកមកបង្ហាត់ប្រើការជាប្រយោជន៍ដល់មនុស្សផងគ្នា ។
មនុស្សជាតិនេះជាអ្នកគ្រប់គ្រងពិភពលោកមកហើយរាប់សែនរាប់លាន ឆ្នាំ ហើយនឹងតាំងនៅក្នុងលោកដរាបដល់លោកបែកធ្លាយទំលាយទៅវិញ ។ កាលបើយើងដឹងថា មនុស្សជាតិត្រូវបានគ្រប់គ្រងលោកដូច្នេះ ទើបត្រូវតែយើងដែលជាមនុស្សគ្រប់ ៗ រូប ប្រើសមត្ថភាពក្នុងការគ្រប់គ្រងលោក ដោយការធ្វើឲ្យកើតសន្តិសុខព្រមទាំងអារ្យធម៌ថ្លៃថ្នូរដល់លោកបាន ដល់ការធ្វើខ្លួនឲ្យមានប្រយោជន៍ដល់លោករួបរួមគ្នា។
សេចក្ដីសម្រេចគ្រប់យ៉ាង កើតមកពីគំនិតមានបំណងមុតមាំ ជាមូលដ្ឋានដ៏សំខាន់ ។ កាលពីមួយរយឆ្នាំមុននេះ ឬមុននោះឡើងទៀត គ្មាននរណាគិតនឹកថា មនុស្សយើងអាចហោះហើរបាន ឬមានយន្តហោះអណ្ដែតលឿនទៅក្នុងអាកាសបាន ជាយានយ៉ាងវិសេស មានសន្ទុះលឿនស្លៅគួរឲ្យអស្ចារ្យ ជាការពង្រួញផ្លូវគមនាគមន៍យ៉ាងឆ្ងាយណាស់ ដែលពីដើមត្រូវធ្វើដំណើររាប់ខែឬឆ្នាំទើបទៅដល់ ឥឡូវនៅត្រឹមតែរាប់ម៉ោងឬរាប់ថ្ងៃប៉ុណ្ណោះ ។ ក្នុងទឹកមានកប៉ាល់កាណូតជាដើម ប្រើជាយានយ៉ាងលឿនស្លៅមិនបាច់ប្រើចែវច្រវា ថ្នោលឬក្ដោង ។ លើគោក មានរថយន្ត រថភ្លើង ប្រើបានរហ័សស្រួលសប្បាយជាអនេក ជាជំនួសរថសេះ ឬរទេះគោ ឬដំរី ។ ក្រៅអំពីនេះនៅមានគ្រឿងឧស្សាហកម្មផ្សេង ៗ ទៀត ដូចជាឧស្សាហកម្មតម្បាញការដេរប៉ាក់ ដោយយន្ត ពួកអ្នកគិតប្រឌិតវត្ថុអស់នេះដំបូងបំផុតនោះ ត្រូវនាំគ្នាសើចចំអកឡកឡឺយ ហើយយល់ថា ជាគំនិតឆ្កួតរវើរវាយឥតខ្លឹមសារ ។
ដរាបដល់ពួកអ្នកដែលធ្វើគ្រឿងភាជនដីដុត ដែលយើងប្រើប្រាស់សព្វថ្ងៃនេះ ក៏ត្រូវគេចោទបរិហារថាឆ្កួតផ្ដេសផ្ដាស ឬថាល្ងង់ល្ងឹតណាស់ ។ ប៉ុន្តែអ្នកដែលមានគំនិតដែលគិតប្រឌិត បានខំព្យាយាមរកវិធីធ្វើគ្រឿងភាជនដី ( ពែង, ចាន, កន្ថោរ, ) ត្រាដែលបានសម្រេចដូចបំណងនោះ តោងចាយវាយទ្រព្យសម្បត្តិស្ទើរតែអស់រលីងពីខ្លួន ហើយអស់ពេលវេលាស្រាវជ្រាវរកដល់ ១០ ឆ្នាំ ទើបបានសម្រេច ដូច្នេះទើបឃើញថាអ្នកដើមគំនិតដែលបានគិតប្រឌិតរបស់ប្លែក ៗ ឡើង ជាមនុស្សមានគំនិតមុតមាំមានព្យាយាមម៉ឺងម៉ាត់ណាស់។
ចិត្តិទ្ធិបាទជារបស់សំខាន់បំផុត ដែលអាចញ៉ាំងសេចក្ដីសម្រេចឲ្យបង្កើតឡើងបានដល់មនុស្សគ្រប់រូប ។ អ្នកធំ ៗ ឬរដ្ឋបុរស ត្រូវតែមានបំណងមុតមាំជាប្រធាន ទើបឋិតនៅក្នុងតំណែងសំខាន់ៗបាន ដោយបង្ហាញឲ្យឃើញសមត្ថភាពក្នុងការងារ ហើយអាស្រ័យសេចក្ដីព្យាយាមមិនរួញ ត្រាដែលបានទៅដល់ផលដែលខ្លួនប៉ុនប៉ងសំដៅទុក ទើបឃើញថា សេចក្ដីសម្រេចត្រូវអាស្រ័យហេតុ ២ ប្រការ គឺបំណងនឹងសេចក្ដីព្យាយាម បើខ្វះគុណធម៌ ២ ប្រការនេះ រមែងនឹងសម្រេចទៅបានដោយកម្រណាស់ ។ យើងគង់បានឃើញស្រាប់ហើយថា ហាងរានលក់ដូរឬក្រុមហ៊ុន ដែលលើកលែងធ្វើការជំនួញ ព្រោះខាតទុន ឬលក់ដូរមិនដាច់ ។ ការដែលហាងរាន ឬអ្នកចាត់ការមិនមានបំណងនឹងសេចក្ដីព្យាយាមមុតមាំ ក្នុងការលក់ដូរឲ្យបានចំរើនរុងរឿងត ៗ ទៅ មិនយកចិត្តទុកដាក់នឹងការទទួលបំរើប្រជាជន ដោយសុចរិតស្មោះត្រង់ទេ កិច្ចការខាងផ្លូវជំនួញក៏នឹងចំរើនលូតលាស់ទៅពុំបានដែរ។
ការមានមានះមុតមាំនឹងសេចក្ដីព្យាយាមមិនរួញរា ជាបច្ច័យយ៉ាងសំខាន់ក្នុងកិច្ចប្រកបការងារដែលខ្លួនចាប់ផ្ដើមធ្វើ ឡើងឲ្យបានសម្រេចដូចបំណង។មានមនុស្សជាចំនួនច្រើន ដែលនឹកចង់ផ្ដើមធ្វើអ្វីក៏ចាប់ធ្វើការនោះទៅ តែគ្រាន់តែធ្វើទៅបានបន្តិច ក៏នឿយណាយរសាយសេចក្ដីព្យាយាមបន្តិចម្ដង ៗ ត្រាតែលែងធ្វើការដែលចាប់ផ្ដើមធ្វើពីដំបូងនោះ ។ នេះបញ្ជាក់ឲ្យឃើញថា គេខ្វះសេចក្ដីមានះ ដែលជាដើមហេតុនៃសេចក្ដីសម្រេចនុះឯង ។ គោលសំខាន់ដែលនឹងធ្វើការឲ្យសម្រេចទៅបាននោះនៅត្រង់សេចក្ដីមានះ ព្យាយាមមិនរួញរា យកជ័យជំនះចំពោះឧបស័គ្កនានាប្រការ ចុះដៃធ្វើរៀង ៗ ទៅមិនអាក់ខាន មុខជានឹងបានទទួលផលសម្រេចជាប្រាកដ ។ មានជនតាំងចិត្តធ្វើការមុតមាំក្នុងជាន់ដំបូង ដល់ចាប់ធ្វើការនោះបានបន្តិចទៅ បែរជាមានគំនិតរារែកកន្ធែកចិត្តលះបង់ការចាស់ចាប់ធ្វើការថ្មីត ទៅទៀត បុរាណលោកពោលទុកថា « ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា » រមែងមិនបានសម្រេចការអ្វីឲ្យបានជាផលប្រយោជន៍ចំពោះខ្លួន ឬចំពោះលោកឡើយ ។
ជនបែបនេះ ក៏មានឈ្មោះថាមនសិការៈចំពោះការងារនឹងសេចក្ដីព្យាយាមមិនរួញរាហ្នឹង ឯង។ គំនិតដែលគិតផ្សងតាមជោគជតា ធ្វើឲ្យមនុស្សមានសេចក្ដីរួញរាដោយយល់ថាខ្លួនឥតមានជោគវាស្នា ឬចួនកាលរងចាំមានជោគល្អសិនសឹមធ្វើការងារ ។ ការពិតនោះ ជោគវាស្នាហ្នឹងឯងមិនសូវជាសំខាន់ប៉ុន្មានទេ បើអ្នកណាគិតតែរង់ចាំជោគវាស្នាមានមក មុខជាអត់បាយស្លាប់មិនខាន ដូចមានរឿងនិទានបុរស ៣ នាក់ៈ ម្នាក់នោះគេបញ្ឆោតថា មានបុណ្យវាស្នានឹងបានគ្រងរាជជាក្ស័ត្រ ក៏គិតតែពីពឺតអង្គុយចាំដេកចាំរាជរថមកទទួលឲ្យទៅគ្រងរាជ សម្បត្តិ មិនគិតខ្វល់ខ្វាយធ្វើការងារត្រាតែអត់បាយស្លាប់ទៅ ។
ឯសម្លាញ់ពីរនាក់ទៀត ខំខ្វល់ខ្វាយធ្វើការងារ ព្រោះគ្រូទាយថា ឥតជោគវាស្នា គ្រាន់តែមានសម្បត្តិចាយវាយគ្រប់គ្រាន់ មិនរហេមរហាម ។ អ្នកខ្លះផ្សងជោគវាស្នាទិញឆ្នោតដែលមានផលយ៉ាងស្ដួចស្ដើងណាស់ ត្រឹម ១% ប៉ុណ្ណោះ ។ រឿងជោគជតារាសីរបស់មនុស្សយើងនេះ ជារបស់មិនគួរជឿទេ អ្នកដែលជឿគ្រូទាយ ក៏គិតតែដេកចាំជោគឥតធ្វើការអ្វី ជាពួកមិនគិតចេញទុនអ្វី គិតតែឲ្យខាងបានចំណេញតែម្យ៉ាង តើគំនិតនេះសមហេតុផលទេ?មានជនានុជនដោយច្រើន មិនសូវនឹកគិតរលឹកដល់ពេលវេលាដ៏មានដំឡៃរបស់ខ្លួន ដែលកន្លងរំលងទៅរាល់ ៗ ថ្ងៃ ដោយមិនបានធ្វើប្រយោជន៍អ្វី ។ ប្រសិនបើនឹកឃើញមុខជានឹកស្ដាយក្រោយច្រើនអ្នកខ្លះបណ្ដោយខ្លួន ឲ្យធ្លាក់ទៅក្នុងអបាយមុខ គិតតែខាងស៊ីផឹកដើរលេងសប្បាយទៅតាមរោងមហាស្រពផ្សេង ៗ រាល់ថ្ងៃ ។
ប្រសិនបើគេគិតថាគេកើតមកគិតតែពីខាងសប្បាយមួយមុខ ឥតគិតដល់កេរ្តិ៍ឈ្មោះកិត្តិយសឬសេចក្ដីចំរើន ឬវិនាស ក៏លើកទុកទៅចុះ ព្រោះមនុស្សជំពូកនេះ បើមានភាគច្រើនក្នុងលោក មុខជាធ្វើលោកទាំងមូលឲ្យទៅជាសត្វលោកមិនមែនជាមនុស្សលោកដូច សព្វថ្ងៃនេះទេ ប៉ុន្តែមនុស្សយើងគ្រប់រូប រមែងមានខួរក្បាលសម្រាប់ហាត់រៀនប្រើការជាប្រយោជន៍បានគ្រប់ខណៈ ហើយអត្ថប្រយោជន៍នេះ កាលបើកាន់តែលូតលាស់ចំរើនឡើង ៗ នឹងជួយបំពេញសេចក្ដីខ្វះខាតរបស់ប្រទេសជាតិ បានជាអនេកប្រការអ្នកដែលបានកសាងសេចក្ដីចំរើនដល់ប្រទេសជាតិ បានច្រើនត្រឹមណាកិត្តិយសនឹងកេរ្តិ៍ឈ្មោះក៏ចារិកជាប់នៅក្នុង ប្រវត្តិសាស្រ្តរបស់ជាតិ អស់កាលជាយូរអង្វែងដរាបនោះ ។ ហេតុដូច្នេះ ទើបយើងត្រូវចេះប្រើពេលទំនេររបស់យើង ឲ្យបានសម្រេចជាអត្ថប្រយោជន៍ដល់ខ្លួនយើង ដរាបដល់វង្សត្រកូលប្រទេសជាតិរបស់យើង សូម្បីក្នុង ១ ថ្ងៃត្រឹម ១ ម៉ោង មួយខែ ៣០ ម៉ោង មួយឆ្នាំ ៣៦៥ ម៉ោង ចុះដល់ ១០ ឆ្នាំទៅ តើប៉ុន្មានម៉ោង? - ការសិក្សារបស់ក្មេងក្នុង ១ ឆ្នាំ ជាង ១.០០០០ ម៉ោង ប៉ុណ្ណោះ ក៏អាចញ៉ាំងផលសម្រេចជាអនេកប្រការរាល់ ៗ ឆ្នាំ ។ បើលោកចេះប្រើពេលទំនេររបស់លោក ត្រឹម ១ ថ្ងៃ ១ ម៉ោង ឬ ២ ម៉ោង សម្រាប់ការសិក្សា លោកក៏នឹងមានចំណេះ កើនចំរើនឡើងមិនមែនតិចឡើយ មានឧទាហរណ៍ដូចវិញ្ញូជន ដែលចេះប្រើពេលទំនេរត្រឹម ១ ថ្ងៃ ១ - ២ ម៉ោងប៉ុណ្ណោះ គេអាចសរសេរវចនានុក្រមបានជាច្រើភាគហើយមានវិញ្ញូជនខ្លះ អាចហាត់និយាយភាសាផ្សេង ៗ បានដល់ ១២ ភាសា ព្រោះចេះប្រើពេលទំនេរត្រឹម ១ ថ្ងៃ ១ ម៉ោង២ម៉ោងប៉ុណ្ណោះ។
តអំពីនេះទៅ លោកនឹងឃើញថា ការប្រើពេលទំនេរឲ្យមានប្រយោជន៍នោះ តើជាការសំខាន់ដូចម្ដេចខ្លះ?អស់លោកអ្នកដែលធ្លាប់ធ្វើការមកយូរ ៗ ហើយ បានទទួលផលកម្រៃនៅដដែល មិនកើនចំរើនឡើងសោះ នោះបើគេចេះប្រើពេលទំនេរស្វែងរកផលប្រយោជន៍តទៅទៀត នឹងមានកំរ៉ៃកើនចំរើនឡើង បានធូរចាយសប្បាយចិត្តច្រើនមិនខាន ។
កិលហ្វារ៉ាដេយ៍ ជាអ្នកប្រាជ្ញវិទ្យាសាស្រ្តជាតិអង់គ្លេសយ៉ាងល្បីល្បា្ កាលពីក្មេងទីទាល់ក្រណាស់ ធ្វើការហាត់ដេរក្របសៀវភៅនៅរោងពុម្ព ១ ដោយឥតបានទទួលប្រាក់រង្វាន់ឈ្នួលទេ តែកុមារនេះបានខំប្រើពេលទំនេរ ៗ ដែលនៅសល់ពីការហាត់ដេរក្របសៀវភៅនោះ ខំពិនិត្យមើលសៀវភៅទាំងឡាយ ដែលគេយកមកជួលដេរក្របនោះ ស្ទើរតែគ្រប់ ៗ សៀវភៅ ទើបបណ្ដាលឲ្យសេចក្ដីចេះដឹងរបស់ហ្វារ៉ាដេយ៍ កាន់តែរីកចំរើនឡើង ហើយជួបជួនជាមានគេយកសៀវភៅ « ឥនស៊ីក្លូប៉េឌីប្រីតាន្និក » មកឲ្យដេរក្រប កុមារក៏បើកមើល បានប្រទះត្រង់កន្លែងនិយាយពីវិជ្ជាអគ្គិសនី ក៏នឹកភ្នកចង់ចេះដឹងក៏សាកល្បងលមើល ឃើញផលជាក់ស្ដែងហុចដល់គំនិត ។
តាំងពីកាលនោះមក ហ្វារ៉ាដេយ៍ក៏ខំប្រឹងសិក្សាវិទ្យាសាស្រ្តឡើង តមកបានអានសៀវភៅវិជ្ជាគីមីដែលមានក្នុងសៀវភៅនោះ ត្រាតែស្ទាត់ជំនាញ ។ ថ្ងៃមួយមានឱកាសបានចូលទៅស្ដាប់បាឋកថាខាងវិទ្យាសាស្រ្ត នៅរាជបណ្ឌិត្យស្ថាន មានចិត្តស្ម័គ្រចូលទៅធ្វើការក្នុងតំណែងភ្នាក់ងារវិទ្យាសាស្រ្ត នៅរាជបណ្ឌិត្យស្ថាននោះ ហ្វារ៉ាដេយ៍បានសាកល្បងវិជ្ជាអគ្គិសនីនឹងគីមី ត្រាតែបានជួបប្រទះវិធីផ្សេង ៗ យ៉ាងច្រើនបំផុត ។ តមកបានទទួលនាទីជាចាងហ្វាង ហើយបានទទួលកិត្តយសជានាយកខាងវិជ្ជាហ្វីស៊ិកនឹងគីមី ។គ្មានអ្នកណានឹកនាថា ក្មេងកំសត់កូនជាងដំដែក នឹងមានកិត្តិយសកេរ្តិ៍ឈ្មោះល្បី ហើយទៅជាអ្នកប្រាជ្ញវិទ្យសាស្រ្តយ៉ាងល្បីល្បាញដល់ម្ល៉ោះឡើយ ។
យ៉ជ៌ស្ទីហ្វេនស័ន ជាតួយ៉ាងដ៏គាប់ប្រសើរមួយរបស់មនុស្ស ។ កាលចាប់ផ្ដើមធ្វើរបរចិញ្ចឹមជីវិត គេជាអ្នកជីកអណ្ដូងរ៉េយ៉ាងកំសត់ តែមានគំនិតគិតជញ្ជឹងដល់ឋានៈរបស់ខ្លួនគួរឲ្យបានគាប់ប្រសើរជាង នេះណាស់ ក៏ស្រាប់តែដុះគំនិតសំខាន់ឡើងក្នុងខួរក្បាលរបស់គេ គឺការគិតសាងតួចក្ររថភ្លើងឡើង ដ្បិតនៅក្នុងសម័យនោះ គេនៅនិយមប្រើរទេះសេះនឹងរទេះលា សម្រាប់ដឹកនាំសម្ភារៈនឹងអ្នកជិះដោយសារ ដែលនាំមិនស្រួលដល់ការគមនាគមន៍ណាស់ ។ តែខ្លួនជាអ្នកទីទាល់ក្រណាស់គំនិតនេះនឹងកើតផលឬឥតផលនៅជា ប្រស្នា គេខំធ្វើការជីកត្បូងថ្មបានកំរៃប្រចាំថ្ងៃបន្តិចបន្តួច ទាំងមិនមានផលកំរៃពីផ្លូវដទៃទៀតផង ។ ទើបគេកើតគំនិតគិតស្វែងរកផលកំរៃពីខាងក្រៅ ក្រៅពីមុខរបរសព្វថ្ងៃ គេគិតធ្វើការស៊ីឈ្នួលជួលដេរប៉ះខោអាវ ជួសជុលស្បែកជើងរបស់ពួកកម្មករផងគ្នា បានកំរ៉ៃកើនចំរើនឡើងខ្លះ ហើយខំសន្សំប្រាក់កាសសម្រាប់ជាដំឡៃសាលារៀននៅពេលយប់ គេមានសេចក្ដីកង្វល់មួយដែលត្រូវទទួលភារៈ គឺបិតាខ្វាក់ភ្នែក ដែលត្រូវចិញ្ចឹមបីបាច់ថែរក្សាបើទុកជាមានឧបសគ្គដូច្នេះក៏ដោយគេ ក៏ឥតរួញរាគោលបំណងរបស់គេគឺការសាងរថភ្លើងឲ្យបានសម្រេច។
កាលគេដំណើររឿងនេះឲ្យអ្នកដទៃស្ដាប់ ពួកអ្នកស្ដាប់ត្រឡប់ជាបន្តុះថា មានគំនិតឆ្កួតរវើរវាយ អ្នកខ្លះក៏ថា រថចក្រអ្នកឯងធ្វើឲ្យកើតភ្លើងឆេះមិនខាន អ្នកខ្លះថាធ្វើដូចម្ដេចកើត បើប្រើដុតភ្លើងដូច្នោះ មុខជាអ្នកជិះរថចក្រឈ្លក់ផ្សែងភ្លើងស្លាប់មិនខាន អ្នកខ្លះបន្តុះថា ប្រហែលជាដល់គ្រាហីនហោចនៃពួកជាងធ្វើរថរទេះទូកក្ដារហើយ ។ ប៉ុន្តែ ១៥ ឆ្នាំ តមក ពួកអ្នកតិះដៀលដល់គំនិតយ៉ាងចំឡែកនោះ ត្រឡប់ងឿងឆ្ងល់នឹកស្ងើចរាល់គ្នា កាលដែលរថភ្លើងមួយដំបូងរបស់គេ បានចាប់បើកលឿនទៅបានលើផ្លូវដែកព្រមទាំងអ្នកជិះជាចំនួនច្រើន នេះហើយជាគំនិតយល់សប្តិ ទ្រឡប់ជាមានមែនពិតឡើងយ៉ាងអស្ចារ្យ។
លិនគល្ន៍ប្រធានាធិបតីនៃទ្វីបអាមេរិកក្នុងសម័យមួយ ដំបូងឡើយជាក្មេងកំសត់ អាស្រ័យនៅក្នុងខ្ទមតូចមួយ មិនដែលចូលសាលារៀន គ្មានសៀវភៅរៀន គ្មានគ្រូបង្រៀន តែដែលអាចអ្វើជាមនុស្សមានកេរ្តិ៍ឈ្មោះល្បីល្បាញក៏ព្រោះការហាត់ រៀនខ្លួនឯង នឹងការរាប់អានខ្លួនឯង ។ វិធីដែលគេប្រតិបត្តិ គឺខំរៀនអក្សរដោយខ្លួនឯង ដោយអាស្រ័យពន្លឺភ្លើងឧសដែលដុតនៅខាងមុខខ្ទម គេជឿថា គេតោងរៀនឲ្យបានសម្រេច ។
យើងបានដឹងជាក់ច្បាស់ហើយថា សេចក្ដីសម្រេចរបស់មនុស្សនៅត្រង់ខ្លួនឯងតាំងចិត្តពិតជាប្រធាន សេចក្ដីនិយមរាប់អានខ្លួនឯងក៏ជាការសំខាន់ណាស់ដែរ ។ មានទំនងដែលគួរឲ្យស្ដាយពេក ចំពោះយុវជនក្នុងសម័យសព្វថ្ងៃនេះ ច្រើនមានគំនិតមិនរហ័សរួសរាន់ទាន់កាលសម័យរបស់លោក ដែលចំរើនឡើងយ៉ាងឆាប់រហ័ស ហើយគេគិតយល់ដល់ឋានៈ នឹងការរបររបស់ខ្លួន ថាល្មមគ្រប់គ្រាន់សម្រាប់ខ្លួនហើយ ឬដោយទំរន់ខ្ជិលប៉ុណ្ណោះ ទើបគេខំប្រឹងខ្វល់ខ្វាយស្វែងរកអត្ថប្រយោជន៍អ្វីតទៅទៀត ។ មានខ្លះយល់ខុសថា ការស្រួល ៗ ងាយ ៗ ជារបស់គាប់ប្រសើរសម្រាប់ជីវិតរបស់ខ្លួន ទោះបីបានប្រាក់រង្វាន់បៀវត្សបន្តិចបន្តួចក៏ដោយ ជនពួកនេះមិនបានភ្នកនឹកដល់ធម្មជាតិ ដែលបានប្រគល់សតិបញ្ញានឹងសមត្ថភាពមកដល់ខ្លួនគ្រប់ ៗ រូប តាំងពីមកចាប់កំណើតក្នុងនាលោកិយនេះ ហើយឥតបានប្រើសមត្ថភាពនោះសោះ ។
តាមដោយពិតនោះ នៅប្រទេសយើងសព្វថ្ងៃនេះ មានជនដែលបានទទួលការសិក្សាមកហ្មត់ចត់តិចណាស់ ។ អ្នកដែលចង់ចេះចង់ដឹងជ្រៅជ្រះ ត្រូវតែខំសិក្សាដោយខ្លួនឯង តោងយកចិត្តទុកដាក់អានប្រវត្តិរបស់មនុស្សសំខាន់ ៗ ក្នុងលោក ដើម្បីជាផ្លូវគំនិតសម្រាប់ប្រកបកិច្ចការផ្ទាល់ខ្លួន នឹងជាប្រយោជន៍ដល់ប្រទេសជាតិតទៅ ។ ប៉ុន្តែគួរឲ្យស្ដាយពេក ហើយគួរឲ្យអណោចអាធ័មណាស់ ចំពោះប្រទេសខ្មែរយើងសព្វថ្ងៃនេះ មិនសូវមានសៀវភៅធម៌អាថ៌នឹងបាលីបាគូបន្តិចបន្តួច សម្រាប់សិក្សាខាងផ្លូវសាសនា ។ រួមសេចក្ដីខ្លីទៅ នៅស្រុកខ្មែរទាំងមូលមិនទាន់មានរោងពុម្ពនឹងសៀវភៅបោះពុម្ព ឲ្យសមនឹងឋានៈរបស់ប្រទេសនៅឡើយទេ ត្រង់ណេះត្រូវបងប្អូនរួមជាតិព្រួតដៃគ្នាកសាងឲ្យបានចំរើនឡើង ទើបប្រជាជាតិយើង ធ្វើដំណើរទៅមុខបានរហ័ស បើមិនដូច្នោះទេ មុខជារលំរលាយជាតិ ឬជាខ្មែរក្រឡៃក្លាយទៅជាជាតិដទៃមិនខាន ។
នៅនានាប្រទេស គេនិយមរាប់អានសៀវភៅ សំខាន់ជាងការមើលកុនមើលល្ខោនច្រើនណាស់ ។ ប្រជាជនរបស់គេគ្រប់ថ្នាក់ច្រើននិយមមើលកាសែតរាល់ថ្ងៃ យ៉ាងហោចណាស់ក្នុងមួយថ្ងៃ ២ ច្បាប់ក្រៅពីនេះនៅនិយមអានសៀវភៅ របស់អ្នកនិពន្ធដែលមានកេរ្តិ៍ឈ្មោះទៀតរាល់ថ្ងៃ ដើម្បីជាបច្ច័យដុសខាត់ខួរក្បាលរបស់គេឲ្យភ្លឺថ្លា ។ ហេតុដូច្នោះ ទើបគេអាចបោះពុម្ពសៀវភៅចំណាយចេញទៅរាប់ហ្មឺនរាប់សែនក្បាល ចួនកាលរាប់លានក៏មាន។
មានតែការអានសៀវភៅប៉ុណ្ណោះទេ ដែលធ្វើឲ្យអ្នកមានខួរក្បាលឈ្លាសវៃទាន់សម័យនិយម ។ សៀវភៅល្អ ៗ ដែលមានសារប្រយោជន៍អាចនឹងធ្វើជីវិតនឹងថានៈរបស់អ្នកឲ្យបានថ្កើង រុងរឿងជាអនេកប្រការ ដូចពួកមហាបុរសក្នុងលោកធ្លាប់បានប្រព្រឹត្តមកហើយ មានអទិដូចជា ហ្វារ៉ាដេយ៍ពិត្តនាយករដ្ឋមន្រ្តីអង់គ្លេសក្នុងសម័យមួយ នឹង លិនគល្ន៍ប្រធានាធិបតីអាមេរិក ដែលមានកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ ព្រោះការអានសៀវភៅនេះឯង ។ ណាប៉ូលេអុង ចក្រពត្តិបារាំងសែសក៏ទ្រង់យកព្រះរាជហឫទ័យទុកដាក់នឹងការអាន សៀវភៅយ៉ាងក្រៃលែង។ ហ្រ្វានស៊ិសបេខនពោលថា « ការអានសៀវភៅ ធ្វើមនុស្សឲ្យជាមនុស្សបរិបុណ្ណៈ » ។ តែការអានសៀវភៅនេះ ក៏មិនមែនជាការងាយស្រួលដែរ ព្រោះសៀវភៅនិមួយ ៗ រមែងមានទាំងរឿងល្អ - អាក្រក់ច្របល់គ្នា ទើបមុននឹងអានសៀវភៅអ្វីនោះ គួររើសរកមើលសៀវភៅណាដែលល្អ ៗ សិមអាន ព្រោះសៀវភៅល្អ ៗ ជាឧបាយដាស់តឿនក្រើនរំលឹកចិត្តគំនិតឲ្យទៅជាអ្នកនិពន្ធមាន កេរ្តិ៍ឈ្មោះល្បី ឲ្យកើតមនុស្សធម៌ ឲ្យកើតវិទ្យាសាស្រ្តឲ្យកើតមនុស្សសំខាន់ ៗ ក្នុងលោក រហូតដល់កើតចិត្តចោរឃោរឃៅសម្លាប់គេឥតញញើតដៃដូច្នេះការជ្រើសរើស មើលសៀវភៅសិនសិមអានទើបមានប្រយោជន៍យ៉ាងសំខាន់សម្រាប់ជីវិត។
សៀវភៅជាមិត្តល្អរបស់មនុស្ស យើងបានសប្បាយរីករាយចិត្តនឹងសារប្រយោជន៍អំពីសៀវភៅ សៀវភៅឥតមានពេលប្រែប្រួលទេ បើទុកជាបានទុក្ខសោកយ៉ាងណាក៏ដោយ សៀវភៅលួងលោមចិត្តក្នុងគ្រាមានទុក្ខ នាំឲ្យសប្បាយរីករាយនៅពេលទំនេរ សៀវភៅមិនបោះបង់ឲ្យយើងនៅតែម្នាក់ឯង យ៉ាងកណ្ដោចកណ្ដែង ក្រៅពីនេះ សៀវភៅជាគ្រឿងដាស់តឿនចិត្តឲ្យយើងខំខ្មីឃ្មាត ហើយនៅជាយុវជនទាន់សម័យជានិច្ច ។
ហ្លួងនិពន្ធមន្រ្តី ញ៉ុក - ថែម រៀបរៀង
ដោយ៥០០០ឆ្នាំ
images/articles/3481/2026-07-13_12_12_00-Greenshot.jpg
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ២០៤ ដង)
ប្រសិនបើអ្នកប្រើប្រាស់ចិត្តរបស់អ្នក ដើម្បីតាមស្វែងរកព្រះពុទ្ធ អ្នកនឹងគ្មានថ្ងៃបាន ជួបព្រះពុទ្ធឡើយ។ ដរាបណាអ្នកនៅតែស្វែងរកព្រះពុទ្ធនៅកន្លែងដទៃទៀត អ្នកនឹងមិនអាចមើលឃើញថា ចិត្តរបស់អ្នកហ្នឹងឯងគឺជាព្រះពុទ្ធ។ ចូរឃើញព្រះពុទ្ធដើម្បីបូជាព្រះពុទ្ធ ហើយចូរកុំប្រើចិត្តដើម្បីសូត្រធម៌រំលឹកដល់ព្រះពុទ្ធ។ ព្រះពុទ្ធទាំងឡាយមិនបានសូត្រព្រះសូត្រ ព្រះពុទ្ធទាំងឡាយមិនបានរក្សាសីល ហើយព្រះពុទ្ធទាំងឡាយក៏មិនបានល្មើសសីលដែរ។ ព្រះពុទ្ធទាំងឡាយមិនដែលរក្សា ឬល្មើសនូវអ្វីទាំងអស់ ហើយព្រះពុទ្ធទាំងឡាយក៏មិនបានធ្វើល្អ ឬធ្វើអាក្រក់ដែរ។
ក្នុងការស្វែងរកពុទ្ធៈ អ្នកចាំបាច់ត្រូវតែមើលឃើញ "សភាវៈពិតនៃខ្លួនឯង" (Self-Nature)។ បុគ្គលណាដែលឃើញសភាវៈពិតនៃខ្លួនឯង បុគ្គលនោះឯងគឺជាពុទ្ធៈ។ ប្រសិនបើអ្នកមិនឃើញសភាវៈពិតនៃខ្លួនឯងទេ ការសូត្រធម៌រំលឹកដល់ពុទ្ធៈ ការសូត្រព្រះសូត្រ ការថ្វាយគ្រឿងបូជា និងការរក្សាសីលទាំងឡាយ សុទ្ធតែឥតប្រយោជន៍ទាំងអស់។ ការសូត្ររំលឹកដល់ពុទ្ធៈផ្តល់ផលជាកម្មល្អ ការសូត្រព្រះសូត្រផ្តល់ផលជាការចងចាំល្អ ការរក្សាសីលផ្តល់ផលជាការកើតក្នុងសុគតិភព ហើយការថ្វាយគ្រឿងបូជាផ្តល់ផលជាសេចក្តីសុខក្នុងអនាគត ប៉ុន្តែវាមិនមែនជាពុទ្ធៈទាល់តែសោះ។
ព្រះពោធិធម្ម ឬ តាក់មោ (តាមគ្រាមភាសាចិន) គឺជា ព្រះភិក្ខុជនជាតិឥណ្ឌា ក្នុងរង្វង់សតវត្សទី ១១ នៃពុទ្ធសករាជ ដែលនិកាយសេន (Zen) ចាត់ទុកលោកថាជាព្រះសង្ឃបរិនាយកអង្គទី ២៨ បើរាប់តាមខ្សែស្រឡាយឥណ្ឌា និងជាអង្គទី ១ ក្នុងខ្សែស្រឡាយចិន។
កំណត់សម្គាល់បន្ថែមសូមកុំយល់ច្រឡំថា ព្រះពោធិធម្មបដិសេធវិធីសាស្ត្រនៃការសូត្រមន្ត ការធ្វើបុណ្យ ឬការរក្សាសីលនោះឡើយ ប៉ុន្តែលោកបានសង្កត់ធ្ងន់លើការប្រតិបត្តិដែល "កាត់ត្រង់" ទៅកាន់ខ្លឹមនៃព្រះពុទ្ធសាសនា នោះគឺការពិចារណាចិត្តរបស់ខ្លួនឯង។ ប្រសិនបើខ្វះចំណុចនេះ ការធ្វើបុណ្យផ្សេងៗ ដូចជាការសូត្រមន្ត ការសាងសង់ព្រះពុទ្ធរូប ឬស្ដូបចេតិយ ក៏ដូចជាការរក្សាសីល គឺជាត្រឹមតែ "បុញ្ញកិរិយាខាងលោកិយ" តែប៉ុណ្ណោះ។
ដូចការវិសជ្ជនាធម៌ដែល ព្រះពោធិធម្ម បានពន្យល់ដល់ អធិរាជ អ៊ូ នៃរាជវង្សលៀង នៅពេលដែលលោកធ្វើដំណើរមកដល់ប្រទេសចិនដំបូង៖ អធិរាជ អ៊ូ បានសួរថា ព្រះអង្គបានកសាងវត្តអារាម ចម្លងព្រះត្រៃបិដក និងទំនុកបម្រុងព្រះសង្ឃយ៉ាងច្រើន តើការធ្វើបែបនេះព្រះអង្គបានកុសលកម្រិតណា? ព្រះពោធិធម្មបានឆ្លើយថា "ទាំងអស់នេះមិនរាប់ជាកុសល (ពិតប្រាកដ) ឡើយ" វាគ្រាន់តែជាកម្មតូចតាចដែលហុចផលឱ្យកើតជាមនុស្ស ឬទេវតាប៉ុណ្ណោះ ប្រៀបដូចជាស្រមោលអង្រួនតាមរូប ទោះបីជាមើលទៅឃើញថាមាន ក៏ប៉ុន្តែតាមពិតវាមិនមែនជាខ្លឹមសារពិតប្រាកដនោះទេ។ ក្នុងន័យមួយទៀត ការប្រតិបត្តិ និងការធ្វើបុណ្យទាំងឡាយខាងលើ ប្រសិនបើនៅតែមានទិដ្ឋិយល់ថា "ខ្លួនយើង" ជាអ្នកធ្វើ វាក៏នៅតែជាការសាងកម្មបន្តទៅមុខទៀត។ ចំណែកឯពាក្យប្រដៅរបស់ព្រះពោធិធម្ម គឺតម្រង់ឆ្ពោះទៅរកការយល់ដឹងថា "ចិត្តគឺជាពុទ្ធៈ" ហើយដោយសារចិត្ត/ពុទ្ធៈនេះគឺជា "សុញ្ញតៈ" (ភាពទទេស្អាត) ទើបវាស្ថិតនៅផុតពីកម្ម និងការសាងសកម្មទាំងពួង។
ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ
images/articles/3492/2026-07-14_10_13_48-Wordbook_files_-_File_Explorer.jpg
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៤៧ ដង)
យោងតាមបដិមាសាស្ត្រ សម្រាប់បដិមាព្រះពោធិសត្វអវលោកិតេស្វរៈ ឬព្រះលោកេស្វរៈ(លោកេសូរ) ត្រូវបានឆ្លាក់ឡើងដោយមានសភាពបែនេះតាមគោលតន្ត្រយានក្នុងពុទ្ធសាសនាមហាយាន។ បដិមានេះ បានពេញនិយមខ្លាំងនៅក្នុងរជ្ជកាលព្រះបាទជយវម៌្មទេវ (ទី៧) ដោយយោងតាមរឿងរ៉ាវក្នុងគម្ពីរការណ្ឌវ្យូហសូត្រ គម្ពីរប្រាជ្ញាបារមិតាហឫទយសូត្រ គម្ពីរអមិតាយុរពុទ្ធានុស្ម្ឫតិសូត្រជាដើម (ចង់ដឹង សូមទៅរកអាន)។ បដិមានេះ មានច្រើនសណ្ឋាន ចាប់ពីព្រះហស្ត២ ដល់៣២ និង ១០០០។ ការសាងបដិមាលោកេស្វរៈរបស់អតីតព្រះមហាក្សត្រយើង ជាសញ្ញាលក្ខណ៍នៃព្រះមេត្តាទិគុណនិងក្តីករុណាដែលមិនមានទីបំផុតរបស់ព្រះពោធិសត្វ ដែលតែងតែស្ដាប់នូវការដង្ហោយហៅរបស់វេនេយ្យសត្វដែលកំពុងរងទុក្ខក្នុងភូមិនានា។
ចំណែកឯព្រះបដិមាតូចៗនោះ ពុំមែនព្រះពុទ្ធសមណគោត្តមឬព្រះសក្យមុនីពុទ្ធឡើយ តែជាតួអង្គព្រះអមិតាភពុទ្ធ ជាតួអង្គពុទ្ធក្នុងដែនសុខាវតី (មានរឿងរ៉ាវច្រើនក្នុងគម្ពីរមហាយាន ដែលបានពោលបែងចែកក្រុមនៃព្រះពោធិសត្វ)។ ដោយឡែក នេះជាអត្ថប្បដិរូបមួយ ដែលអង្គមហាក្សត្រខ្មែរ បានរំលេចឡើង ជំនួសឲ្យការសរសេរ ដើម្បីឲ្យសាសនិកបានគោរពបូជា។ ចំណុចនេះ តើយើងគិតថា សម័យនោះ គោរពព្រះពុទ្ធខ្សោយជាងយើងសម័យនេះឬ? ម្យ៉ាងទៀត នេះជាតួអង្គព្រះពោធិសត្វក្នុងពុទ្ធសាសនាមហាយាន ពុំទាក់ទងនឹងថេរវាទឡើយ ហើយរចនាបថបែបនេះ ជាអត្តសញ្ញាណនៃបដិមាកម្មរបស់កម្ពុជា របស់ខ្មែរ ដែលប្រទេសដទៃមួយចំនួន កាន់ពុទ្ធសាសនាមហាយានដែរ ពុំបានឆ្លាក់នឹកដល់អត្ថន័យទាំងនោះដូចខ្មែរយើងឡើង។ ប្រសិនបើយើងមិនគាស់កកាយ តើទុកឲ្យសាសន៍ដទៃយកទៅទុកថែជំនួសឬ? ឬចាំបាត់បង់ ទើបនឹកស្ដាយ? កុំភ្លេចថា បដិមានេះ មានអត្ថន័យគ្រប់គ្រាន់ ពុំមែនជាការប្រមាថដែលដូនតាខ្មែរធ្វើដោយមិនគោរពឡើយ។ សម័យកាលដែលឆ្លាក់បដិមានេះ ជាសម័យកាលដ៏រុងរឿង និងគោរពគុណព្រះពុទ្ធដ៏តឹងរ៉ឹងមួយផងដែរ។
បើយើងគិតថា មិនគួរ ចុះហេតុអ្វីនៅកន្លែងខ្លះ យើងឆ្លាក់ព្រះមិនទាន់ត្រាស់ ដាក់ផុតពីព្រះដែលបានត្រាស់? ឬមួយយើងមើលងាយព្រះទើបត្រាស់ មិនស្មើនឹងព្រះទ្រង់គ្រឿង? ។ល។យើងគួរតែសិក្សាឲ្យបានច្រើន ទើបបេះដូងយើងមិនចង្អៀត។ ប្រទេសជិតខាង គេបន់ឲ្យតែយើងវង្វេង លែងស្គាល់របស់ដូនតាយើងប៉ុណ្ណោះ។ បើយើងគិតថា មិនគួរ ក៏ពុំមានអ្វីទៅបង្ខំយើងឲ្យទៅគោរពដែរ ហើយបើយើងថា ឈប់ចម្លង ឈប់ឆ្លាក់ ឈប់ដឹងឮ តើអនាគតនរណានឹងដឹងបានទៀត? ឬទុកឲ្យគេយកទៅជំនួស? «សុ.ចិ.បុ.លិ.»
កុំឲ្យអូសវែងអន្លាយតទៀត គឺសូមឲ្យខ្មែរគ្រប់រូប បើកចិត្តសិក្សា។ ខាងក្រោមនេះ ជាអត្ថន័យនៃបដិមាប្រភេទនេះ៕
ប្រភពៈ ហ្វេសប៊ុកព្រះវិមលធម្មធារ៍ វជិរមេធី
ដោយ៥០០០ឆ្នាំ
images/articles/3491/2026-07-14_10_01_54-Wordbook_files_-_File_Explorer.jpg
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៥១ ដង)
ព្រះពោធិសត្វអវលោកិតេស្វរៈនិងព្រះម៉ែគួនអ៊ីនជាតួអង្គតែមួយ?ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញថា មានការវែកញែកច្រើនទាក់ទងនឹង បដិមាលោកេសូរ នៅរង្វង់មូលខេត្តឧត្តរមានជ័យ ហើយខ្ញុំក៏បានសរសេរត្រួសៗ ទាក់ទងនឹងអត្ថន័យរបស់បដិមាអង្គនេះ (សូមទៅរកមើលក្នុងអត្ថបទមុនៗ)។ ដោយសារបដិមានេះ គឺជាព្រះពោធិសត្វមួយអង្គក្នុងពុទ្ធសាសនាមហាយាន បែបលទ្ធិតន្ត្រយាន ដែលឃើញពេញនិយមខ្លាំងក្នុងសម័យមហានគរ ហើយជាការទទួលឥទ្ធិពលពីពុទ្ធសាសនានៅស្រុកឥណ្ឌា។ បដិមាព្រះលោកេស្វរៈ សម្រាប់នៅប្រទេសឥណ្ឌា កម្ពុជា ឥណ្ឌូនេស៊ី មានរូបរាងជាបុរស។ ដោយឡែក នៅប្រទេសចិន បដិមាឬរូបភាព មានលក្ខណៈជាស្ត្រីភេទ ដែលគេនិយមស្គាល់តៗគ្នា គឺ «ព្រះនាងគួងស៊ីអ៊ីម» ឬ «ព្រះម៉ែគួនអ៊ីន»។ មូលហេតុអ្វីបានជាតួអង្គព្រះពោធិសត្វនេះ នៅប្រទេសចិន មានលក្ខណៈជាស្ត្រី? ខ្ញុំនឹងលើកប្រវត្តិសង្ខេបខ្លះៗ ទុកជាចំណេះដឹងបន្តទៀត។
សម័យដើម ព្រះពុទ្ធសាសនាបានសាយភាយពីប្រទេសឥណ្ឌាទៅកាន់ប្រទេសចិនក្នុងរាជវង្សហាន (សម័យនោះ សាយភាយតាមផ្លូវសូត្រ) ដោយសារតែមានភ័ស្តុតាងនៃផ្ទាំងគំនូរ និងចម្លាក់របស់ព្រះពោធិសត្វគួនអ៊ីន ជារូបបុរសនៅក្នុងរូងភ្នំម៉កៅ ក្បែរទីក្រុងតុនហួង មានបបូរមាត់ក្រាស់ និងមានពុកចង្ការ។ ប៉ុន្តែក្រោយមក ក៏មានរឿងព្រេងនិទានមួយលេចឮតៗគ្នាមកគឺរឿង "ព្រះនាងមៀវសាន" ល្បីក្នុងសម័យហានផងដែរ។ អ្នកខ្លះថា ព្រះនាងមៀវសាន ប្រៀបបាននឹងការចាប់បដិសន្ធិរបស់ ព្រះពោធិសត្វអវលោកិតេស្វរៈ ឬជារឿងព្រេងរបស់ គួនអ៊ីន ដែលនឹងលើកយកមកសង្ខេបដូចតទៅ៖
មានតំណាលថា ព្រះនាងមៀវសាន គឺជាតួអង្គព្រះម៉ែគួនអ៊ីនមុនពេលទ្រង់ត្រាស់ដឹងជាព្រះពោធិសត្វ។ ព្រះនាងធ្លាប់ជាព្រះនាងរបស់ស៊ីងលីង។ ព្រះនាងមៀវសាន ជាពុទ្ធសាសនិកដ៏ល្អ តាំងចិត្តនៅក្នុងធម៌។ ពេលដល់អាយុរៀបការ នាងមិនព្រមរៀបការទេ។ នៅទីបំផុត នាងបានសម្រេចចិត្តបួសជាដូនជី។ ទោះជួបឧបសគ្គប៉ុន្មានក៏នាងអាចជម្នះនិងតស៊ូបានដែរ រហូតធ្វើឲ្យស្តេច មៀវ ជួង ដែលជាព្រះបិតារបស់នាងបានឃើញហើយទ្រាំមិនបាន។ ដូច្នេះ ព្រះអង្គបានបញ្ជាឲ្យមនុស្សរបស់ទ្រង់សម្លាប់នាង។ ប៉ុន្តែអព្ភូតហេតុមួយបានកើតឡើង ព្រោះដាវមិនអាចធ្វើអ្វីនាងបានទេ ។ ទេវតាមួយអង្គបានប្រែកាយមកជួយ ហើយនាំព្រះនាង មៀវសាន ទៅជ្រលងលៀងសាន។ ទីបំផុត ព្រះនាងបានទទួលការណែនាំរហូតដល់ព្រះនាងបានចាក់ធ្លុះមគ្គផល នៅថ្ងៃទី ១៩ នៃខែទី៦ តាមច័ន្ទគតិ។
រឿងនេះល្បីខ្លាំងនៅសម័យហាន រហូតដល់រូបរាងរបស់ព្រះពោធិសត្វគួនអ៊ីនចាប់ផ្ដើមប្រែក្លាយជាស្រីកាន់តែច្រើនឡើង។ លុះនៅពេលដែលរាជវង្សថាងបានចូលមកដល់ ជាសម័យដែលទ្រទ្រង់ព្រះពុទ្ធសាសនាកាន់តែច្រើនឡើង ក៏មានរូបចម្លាក់ព្រះពោធិសត្វគួនអ៊ីនដែលមានលក្ខណៈជាស្រីដែរ។ សម័យថាង ក៏មានការចាប់អារម្មណ៍ខ្លាំង រហូតត្រូវបានបោះពុម្ពនិងចែកចាយពីព្រះម៉ែគួនអ៊ីន ហើយប្រាសាទជិតមួយម៉ឺនត្រូវបានសាងសង់ដោយម្ចាស់ក្សត្រី អ៊ូ ចឺធៀន។ ព្រោះក្នុងព្រះពុទ្ធសាសនា គេជឿថាមនុស្សស្រីជាភេទដែលសុភាពបំផុត មានចិត្តល្អ វាប្រៀបដូចជាសេចក្តីស្រឡាញ់របស់ម្តាយចំពោះកូន។ ដូច្នេះទម្រង់ស្រីត្រូវបានគេគោរពរហូតដល់សព្វថ្ងៃនេះ។
ឯកសារមួយចំនួនដូចជានៅក្នុងសុរង្គសូត្រ ព្រះសូត្រមហាយាន ក៏បានចែងថា ព្រះពោធិសត្វគួនអ៊ីន អាចផ្លាស់ប្តូរទៅជាទម្រង់ផ្សេងៗចំនួន ៣២ រួមទាំងទម្រង់ស្រី និងបុរស។ ប៉ុន្តែភាគច្រើនគឺផ្អែកលើរឿងព្រេងរបស់ព្រះនាង មៀវសាន និងការរីកលូតលាស់នៃព្រះពុទ្ធសាសនាក្នុងរាជវង្សថាង មានទម្រង់ជាស្រី។ តាមពិតរូបរាងដើមរបស់ព្រះពោធិសត្វគួនអ៊ីនគឺជាមនុស្សប្រុស។ ប៉ុន្តែព្រះនាងចាប់ផ្ដើមត្រូវបានគេគោរពជាទេពធីតាតាំងពីសម័យហាន ដែលជាពេលដែលរឿងព្រេងរបស់ព្រះនាងមៀវសាន កំពុងមានប្រជាប្រិយភាព។
បន្ថែម៖ ពាក្យ អវលោកិតេស្វរៈ មានន័យដូចគ្នានឹងពាក្យថា គួនអ៊ីន ហើយពាក្យថា គួនអ៊ីន កើតមកពីអក្សរចិន ២ តួផ្សំគ្នា គឺ 观 (ក្វាន) ដែលប្រែថា មើល ឬសង្កេតមើល, ប្រមើលមើល និងពាក្យថា 音 (អ៊ីន) ប្រែថា សំឡេង។ ដូច្នោះ បើប្រែពាក្យថា គួនអ៊ីន ដោយត្រង់ៗ ប្រែថា «ប្រមើលមើលនិងសំឡេង»។ ហេតុនេះ ព្រះពោធិសត្វ គួនអ៊ីន ក្នុងពុទ្ធសាសនាមហាយាន សម្តៅដល់ ព្រះដែលតាមដានសង្កេតនិងស្ដាប់នូវសំឡេងនៃសេចក្តីទុក្ខរបស់មនុស្សសត្វ។ ក្នុងពុទ្ធសាសនាមហាយាន ប្រៀបដូចសំពៅធំ ព្រះពោធិសត្វទាំង ៨ អង្គ នៅឃ្លាំមើលជួយឲ្យពួកមនុស្សសត្វប្រាសចាកទុក្ខដល់ព្រះនិព្វាន ហើយព្រះពោធិសត្វនឹងបានត្រាស់ដឹងជាអង្គចុងក្រោយបំផុត ក្រោយពីស្រោចស្រង់សត្វលោករួច។ ព្រះម៉ែគួនអ៊ីន ជាព្រះពោធិសត្វមួយអង្គ ក្នុងចំណោមព្រះពោធិសត្វទាំង ៨អង្គ ដែលរង់ចាំសង្កេតមើលនិងស្ដាប់នូវសំឡេងនៃសេចក្តីទុក្ខរបស់មនុស្សសត្វនិងជួយស្រោចស្រង់សត្វឲ្យផុតចាកទុក្ខ។
កូនខ្មែរ កាត់ស្រឡាយចិន ភាគច្រើនមិនស្គាល់ទម្រង់ ព្រះពោធិសត្វអវលោកិតេស្វរៈ ជាតួលក្ខណៈប្រុសដូចបដិមានៅរង្វង់មូលតំណាងខេត្តឧត្តរមានជ័យឡើយ តែពួកគេស្គាល់ ព្រះម៉ែគួនអ៊ីន ។ នេះជាអត្តសញ្ញាណរវាងរចនាបថនៃប្រទេសនីមួយៗផងដែរ។៚
ប្រភពៈ ហ្វេសប៊ុកព្រះវិមលធម្មធារ៍ វជិរមេធី
ដោយ៥០០០ឆ្នាំ
images/articles/3475/2026-07-13_08_04_58-Wordbook_files_-_File_Explorer.jpg
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៥ ដង)
នៅក្នុងព្រះត្រៃបិដកបាលី (និងក្នុងអដ្ឋកថា) ពិតជាមានការបញ្ជាក់ និងទទួលស្គាល់ថា ព្រះបរិត្តមានអានុភាពអាចជួយបញ្ចៀស ឬការពារអន្តរាយ គ្រោះភ័យ និងជំងឺដង្កាត់ផ្សេងៗបានពិតមែន ប៉ុន្តែការការពារនេះមានលក្ខខណ្ឌ និងដែនកំណត់របស់វា មិនមែនមានន័យថាជាការសង្គ្រោះបែបអភិនិហារដោយគ្មានហេតុផលនោះទេ។
ព្រះបរិត្តសំខាន់ៗ និងសាច់រឿងក្នុងព្រះត្រៃបិដក មានសូត្រជាច្រើននៅក្នុងព្រះត្រៃបិដក (ជាពិសេសនៅក្នុង ខុទ្ទកនិកាយ សុត្តនិបាត និង ចរិយាបិដក) ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឡើងក្នុងគោលបំណងការពារ និងរំដោះទុក្ខសត្វលោក៖
-រតនសូត្រ៖ ព្រះពុទ្ធទ្រង់បានបង្គាប់ឱ្យព្រះអានន្ទយកសេចក្តីពិតនៃព្រះរតនត្រ័យ ទៅប្រកាស និងប្រោះព្រំទឹកមន្តជុំវិញក្រុងវេសាលី ដើម្បីជម្រះឧបទ្រពចង្រៃ គ្រោះទុរភិក្ស ភ័យពីអមនុស្ស និងរោគរាតត្បាត (អាសន្នរោគ) ។
-មេត្តាសូត្រ៖ ទ្រង់សម្តែងឱ្យភិក្ខុខ្លាចខ្មោច/អមនុស្សនៅក្នុងព្រៃចម្រើនមេត្តា ដើម្បីធ្វើឱ្យអមនុស្សទាំងនោះមានចិត្តទន់ភ្លន់ ត្រឡប់មកជួយការពារភិក្ខុវិញ។
-ខន្ធបរិត្ត៖ សម្តែងឡើងដើម្បីការពារពស់ខាំ និងសត្វអាសិរពិសផ្សេងៗ បន្ទាប់ពីមានភិក្ខុមួយអង្គត្រូវពស់ខាំសុគត។
- អង្គុលីមាលបរិត្ត៖ ជាពាក្យសច្ចវាចារបស់ព្រះអង្គុលីមាល ដែលធ្វើឱ្យស្ត្រីម្នាក់កំពុងឆ្លងទន្លេមានការឈឺចាប់យ៉ាងខ្លាំង អាចប្រសូតបុត្រមកដោយសុវត្ថិភាព និងងាយស្រួល។
ព្រះពុទ្ធសាសនាផ្សារភ្ជាប់អានុភាពនៃព្រះបរិត្តទៅនឹង "សច្ចកិរិយា" (ការបន្លឺវាចាពិត) និង "គុណធម៌" មិនមែនជាមន្តអាគមផ្លូវងងឹតឡើយ៖
- សច្ចពលៈ (កម្លាំងនៃសេចក្តីពិត)៖ ការរំលឹកដល់គុណដ៏ពិតប្រាកដមិនកម្រើកនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ សេចក្តីពិតមានអំណាច។
- មេត្តាពលៈ (កម្លាំងនៃក្តីស្រលាញ់)៖ ការផ្សាយចិត្តមេត្តាដល់សត្វលោកទាំងអស់ ធ្វើឱ្យរំសាយចិត្តកាចសាហាវរបស់សត្រូវ ឬអមនុស្ស។
- ទេវតាជួយការពារ៖ នៅក្នុងគម្ពីរបានពោលថា ពេលដែលបុគ្គលសូត្រព្រះបរិត្តដោយចិត្តជ្រះថ្លា ទេវតាដែលគោរពព្រះធម៌នឹងមកជួយបីបាច់ថែរក្សា។
ដែនកំណត់នៃព្រះបរិត្ត (ហេតុអ្វីអ្នកខ្លះសូត្រហើយមិនស័ក្តិសិទ្ធិ?)នៅក្នុងគម្ពីរ មិលិន្ទប្បញ្ហា (ក្បួនដោះស្រាយចម្ងល់ព្រះពុទ្ធសាសនា) ព្រះភិក្ខុនាគសេន បានពន្យល់ព្រះបាទមិលិន្ទយ៉ាងច្បាស់ថា ព្រះបរិត្តមិនអាចការពារមនុស្សគ្រប់គ្នាក្នុងគ្រប់កាលៈទេសៈបានឡើយ ដោយសារមាន "ឧបសគ្គ ៣ យ៉ាង"៖
- កម្មាវរណៈ (រាំងស្ទះដោយសារកម្ម)៖ បើគ្រោះថ្នាក់នោះជា "អនន្តរិយកម្ម" ឬជា "គរុកម្ម" (កម្មធ្ងន់) ដែលត្រូវតែហុចផលឲ្យក្នុងជាតិភពនេះ គឺមិនអាចយកព្រះបរិត្តមកបាំងបានឡើយ (ដូចជាករណីព្រះមោគ្គល្លាន ត្រូវចោរវាយសម្លាប់ព្រោះកម្មចាស់)។
- កិលេសាវរណៈ (រាំងស្ទះដោយសារកិលេស)៖ បុគ្គលនោះមានចិត្តធ្លាក់ចុះក្នុង អកុសលធ្ងន់ធ្ងរ គ្មានសទ្ធា គ្មានសីល។
- អសទ្ធហនៈ (ការខ្វះជំនឿ/សេចក្តីជ្រះថ្លា)៖ សូត្រដោយចិត្តសង្ស័យ មិនគោរព ឬសូត្រលេងៗ។
នៅក្នុងព្រះត្រៃបិដក ព្រះបរិត្ត ពិតជាមានអានុភាពបញ្ចៀសអន្តរាយបានពិតមែន ប៉ុន្តែវាដំណើរការទៅបាន លុះត្រាតែអ្នកសូត្រ និងអ្នកស្តាប់មាន សទ្ធាជ្រះថ្លា មានសីលធម៌ និង មិនស្ថិតនៅក្រោមឥទ្ធិពលនៃយថាភូតកម្ម (កម្មដាច់ខាតដែលត្រូវតែសង) នោះឡើយ។ ព្រះបរិត្តប្រៀបដូចជាឱសថដ៏ពូកែ តែវាក៏ត្រូវការរាងកាយរបស់អ្នកជំងឺដែលមានលក្ខខណ្ឌអំណោយផលក្នុងការទទួលយកផលនៃថ្នាំនោះដែរ។
ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ
images/articles/3477/2026-07-13_08_38____17-Wordbook_files_-_File_Explorer.jpg
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៨៩ ដង)
អ្នកដែលសម្តែងធម៌ខុស នឹងកើតឡើងអ្វីខ្លះ? ទោសនៃការបង្ខូចបង្ខូចព្រះធម៌ក្នុងព្រះពុទ្ធសាសនា
បទនាំ
ព្រះធម៌វិន័យ គឺជាបេះដូងនៃព្រះពុទ្ធសាសនាអ្នកណាដែលធ្វើភារកិច្ច សម្តែងធម៌មានឥទ្ធិពលដោយផ្ទាល់ចំពោះទិដ្ឋិ ការយល់ដឹង និងទិសដៅជីវិតរបស់អ្នកដទៃ
ដូច្នេះហើយ
ការសម្តែងធម៌ខុស មិនមែនជារឿងតូចតាចទេ មិនមែនគ្រាន់តែ មានមតិខុសគ្នាទេ ប៉ុន្តែគឺជាការបង្ខូចបង្ខូចសច្ចធម៌ ដែលមានទោសធ្ងន់ធ្ងរទាំងចំពោះខ្លួនឯង ចំពោះអ្នកដទៃ និងចំពោះព្រះសាសនាទាំងមូល
១. សម្តែងធម៌ខុសគឺជាអ្វី (តាមព្រះត្រៃបិដក)
ព្រះពុទ្ធជាម្ចាស់បានបែងចែក ធម៌ចេញជា ២ ភាគច្បាស់លាស់គឺ
✔️ សម្មាធម៌ / សម្មាទិដ្ឋិ
❌ មិច្ឆាធម៌ / មិច្ឆាទិដ្ឋិ
ព្រះត្រៃបិដកបានមានសេចក្តីថា យោ ធម្មំ វិបរិណាមេតិ តថាគតប្បវេទិតំ មិច្ឆាទិដ្ឋិកោ ហោតិ សព្វទុក្ខស្ស ភាគីយា
សំយុត្តនិកាយ មហាវារៈវគ្គ
បកប្រែអត្ថន័យ៖
អ្នកណាបង្ខូចបង្ខូចធម៌ដែលព្រះតថាគតទ្រង់បានបង្ហាញ អ្នកនោះឈ្មោះថាមានមិច្ឆាទិដ្ឋិ ហើយជាអ្នកមានផ្នែកក្នុងទុក្ខទាំងអស់ ដូច្នេះ សម្តែងធម៌ខុសមានន័យថា សម្តែងផ្ទុយនឹងអរិយសច្ចៈ ៤ សម្តែងផ្ទុយនឹងត្រៃលក្ខណៈ សម្តែងឱ្យរំលងសីល សមាធិ បញ្ញា ឬយកធម៌មកអះអាងដើម្បីបំពេញកិលេសខ្លួនឯង
២. ទោសរបស់អ្នកសម្តែងធម៌ខុស (ចំពោះខ្លួនឯង)
២.១ ជាមិច្ឆាទិដ្ឋិដោយផ្ទាល់មិច្ឆាទិដ្ឋិ មិនមែនជាទស្សនៈខុសធម្មតាទេ ប៉ុន្តែជាឫសគល់នៃអកុសលទាំងអស់
ព្រះពុទ្ធជាម្ចាស់ទ្រង់មានសេចក្តីថាមិច្ឆាទិដ្ឋិ ជាហេតុឱ្យសត្វទៅអបាយ
អង្គុត្តរនិកាយ ទសកនិបាត
. ទោះបីធ្វើបុណ្យច្រើន
. ទោះបីនិយាយធម៌ពូកែ
. ទោះបីមានអ្នកជឿទុកចិត្តច្រើនក៏ដោយ
បើនៅតែយកមិច្ឆាទិដ្ឋិជាមូល → ផលចុងក្រោយគឺអបាយ
២.២ បាបធ្ងន់ជាងការធ្វើអំពើអាក្រក់តែខ្លួនឯង
ការធ្វើអាក្រក់តែខ្លួនឯង → កម្មធ្លាក់លើខ្លួន
ប៉ុន្តែការសម្តែងធម៌ខុស → អូសអ្នកដទៃឱ្យល្ងង់ខ្លៅទៅជាមួយ
ព្រះត្រៃបិដកបានប្រៀបធៀបថាដូចជាមនុស្សងងឹត ដឹកមនុស្សងងឹត ទាំងពីរនឹងធ្លាក់ចុះជ្រោះជាមួយគ្នា
មជ្ឈិមនិកាយ
៣. ទោសរបស់អ្នកសម្តែងធម៌ខុស (ចំពោះអ្នកដទៃ)
៣.១ បំផ្លាញសម្មាទិដ្ឋិរបស់អ្នកដទៃអ្នកស្តាប់ជាច្រើន អាចមានជំនឿដោយស្អាតស្អំ
អាចគ្មានកម្លាំងបញ្ញាពិនិត្យ
ពេលទទួលធម៌ខុស →
❌ ដើរខុសផ្លូវ
❌ ប្រតិបត្តិខុស
❌ បាត់ឱកាសចាកទុក្ខ
នេះហៅថា បិទផ្លូវមគ្គផលរបស់អ្នកដទៃ
៣.២ ធ្វើឱ្យសាសនាថយចុះពីខាងក្នុង ព្រះសាសនាមិនថយចុះដោយសារមនុស្សខាងក្រៅទេ ប៉ុន្តែថយចុះដោយសារ មនុស្សខាងក្នុងនិយាយខុស ប៉ុន្តែមនុស្សស្តាប់ជឿ
ព្រះពុទ្ធជាម្ចាស់ទ្រង់បានទ្រង់ព្រមានទុកជាមុនថាសទ្ធម៌ថយចុះ ដោយសារមនុស្សនិយាយធម៌ខុស
សទ្ធម្មបរិហានិយសូត្រ
៤. ទោសរបស់អ្នកសម្តែងធម៌ខុស (ចំពោះព្រះសាសនា)
៤.១ ចូលជាប្រភេទ សទ្ធម្មបរិរូបគឺធម៌ក្លែងក្លាយដែលមានរូបរាងស្រដៀងធម៌
ប៉ុន្តែខ្លឹមសារផ្ទុយនឹងព្រះពុទ្ធជាម្ចាស់ គ្រោះថ្នាក់ជាងការបង្រៀនខុសបែបចំពោះមុខ
ព្រោះមនុស្សភាគច្រើនមិនអាចសម្គាល់បាន
៤.២ ជាហេតុនៃការបែកបាក់ពេលធម៌មិនមែនជាមូលដ្ឋាន កើតការបែងចែកជាគណៈ លើកតម្កើងខ្លួន បង្ក្រាបអ្នកដទៃ ប្រើធម៌ជាអាវុធ ព្រះពុទ្ធជាម្ចាស់ទ្រង់បានស្តីបន្ទោសយ៉ាងខ្លាំង ការធ្វើឱ្យធម៌វិបលាស ជាអាបត្តិធ្ងន់
ព្រះវិន័យបិដក
៥. ករណីធ្ងន់ធ្ងរបំផុត៖ អ្នកសម្តែងធម៌ខុសដោយចេតនាបើដឹងថាខុស ប៉ុន្តែនៅតែសម្តែង ដោយសារផលប្រយោជន៍ លាភ យស សរសើរ អំណាចលើចិត្តមនុស្សកម្មកាន់តែធ្ងន់ឡើងទ្វេដង ព្រះពុទ្ធជាម្ចាស់ទ្រង់មានសេចក្តីថា អ្នកបំផ្លាញធម៌ នឹងបំផ្លាញខ្លួនឯង
ខុទ្ទកនិកាយ
៦. ផ្លូវរួចរបស់អ្នកសម្តែងធម៌
៦.១ ត្រូវតែឈរលើសម្មាទិដ្ឋិយល់អរិយសច្ចៈ ៤ គោរពព្រះត្រៃបិដក មិនយកគំនិតខ្លួនឯងមកលើសព្រះពុទ្ធជាម្ចាស់
៦.២ មិនដឹងល្អជាង សម្តែងខុសព្រះពុទ្ធជាម្ចាស់ទ្រង់សរសើរអ្នកដែលនិយាយថា ចំណុចនេះ យើងមិនដឹងទេល្អជាងអ្នកនិយាយដោយមិនដឹង ប៉ុន្តែធ្វើដូចដឹង ។
បទសង្ខេប អ្នកសម្តែងធម៌ខុស បំផ្លាញខ្លួនឯង បំផ្លាញអ្នកដទៃ បំផ្លាញព្រះសាសនា
នេះមិនមែនជារឿងតូចទេ មិនមែនជាសេរីភាពគំនិតទេ ប៉ុន្តែគឺជាមិច្ឆាទិដ្ឋិដែលមានទោសធ្ងន់ធ្ងរ ព្រះធម៌មិនត្រូវការអ្នកនិយាយពូកែទេ ប៉ុន្តែត្រូវការអ្នកនិយាយត្រូវតាមសច្ចភាព
ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ
images/articles/3482/2026-07-13_12_22_10-_New_TessNotepad.jpg
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៧០ ដង)
យើងដឹងហើយថា អ្នសបួសក្នុងព្រះពុទ្ធសានានិកាយថេរវាទ គឺប្រតិបត្តិនូវវិន័យជាគោលមានសភាពតឹងរ៉ឹង ជាពិសេសការបដិបត្តិចំពោះវិន័យទាក់ទងនឹងមាតុគ្រាម(ស្ត្រី)។ ប៉ុន្តែខ្ញុំមិនលើកយកមកបរិយាយឡើយ វាជាករណីសិក្សារបស់ព្រះសង្ឃទាំងឡាយ។ ចំណែកឯស្ត្រី ប៉ះព្រះសង្ឃ មិនថាភិក្ខុឬសាមណេរ មានទាំងខុស និងមិនខុស។ ខុសព្រោះប៉ះដោយចេតនា ដូចជាការឱប ស្ទាប អង្អែលជាដើម ហើយមិនខុស គឺប៉ះពាល់ដោយអចេតនាឬហេតុណាមួយ ដើម្បីជាកិច្ចសង្គ្រោះដល់លោក ដោយគ្មានចិត្តគិតលើលោក។ ក្នុងនោះ មានស្ត្រីខ្លះ បានឮថា ស្ត្រីប៉ះលោក មិនមានទោស គ្មានចែងក្នុងវិន័យ គេក៏នៅតែបន្តទៅប៉ះ ទៅឱប ទៅពាល់ រហូតដល់ពោលថា ខ្លួនជាម្ដាយ ជាបងស្រី ឬជាបរិស័ទឧបដ្ឋាក ហើយលោកត្រឹមតែជាកូនសាមណេរតូច គឺមិនមានទោសពៃរ៍អ្វីឡើយ។ នេះជារឿងយល់ខុស។
ញោមត្រូវដឹងថា សាមណេរ គឺកើតចេញពីការបំបួសប្រកបដោយវិនយកិច្ចដូចគ្នាទាំងអស់ មិនគិតថា សាមណេរនោះធំឬតូចឡើយ ហើយត្រូវប្រតិបត្តិនូវសីល សមាធិ បញ្ញា គោរពវិន័យនានាដូចជាអភិសមាចារជាដើម។ ហេតុនោះហើយ ទើបសាមណេរ លោកក៏ត្រូវតែទទួលបានការគោរព ថាជាសង្ឃរតនៈ ក្នុងព្រះពុទ្ធសាសនា មិនអាចប្រមាថឬឲ្យតម្លៃស្មើនឹងក្មេងអ្នកស្រុកធម្មតាៗបានឡើយ។
សាមណេរនោះ លោកឧបមាដូចជារងើកភ្លើង ព្រោះថា រងើកភ្លើង ទោះបីមានសណ្ឋាន ទ្រង់ទ្រាយតូចឆ្មារ ក៏អាចធ្វើឲ្យមនុស្សដែលប៉ះវា រលាក ឈឺផ្សាបានដែរ ហើយវាក៏អាចដុតនូវរបស់នានាឲ្យឆេះបាន។ ធម្មតា ភ្លើងទាំងឡាយ គឺវាឆេះចេញពីចំណុចតូចៗទៅ។
យ៉ាងណាមិញ សាមណេរដែលបានបួសប្រកបដោយអង្គត្រឹមត្រូវ បដិបត្តិនូវវិន័យមានសីល ទណ្ឌកម្ម នាសនង្គៈ លោកវជ្ជៈ អភិសមាចារជាដើម គឺប្រៀបដូចកូនភ្លើង ដែលយើងមិនអាចមើលស្រាលបាន។ ពេលណា យើងទៅប្រឡែងលេង ឱប ថើប ញីញក់ បីពរ គិតថា ក្មេងតូច នោះប្រៀបដូចយើងកំពុងតែឱបដុំភ្លើងដូចគ្នាផងដែរ។ បើសាមណេរតូច អាចស្ត្រីទាំងឡាយ គិតថា ដូចគេឯងធម្មតា ម្ល៉េះបួសហើយ មិនបាច់នៅវត្តដូចគេឡើយ អាចនាំយកទៅនៅផ្ទះ ដេកឱប មើលថែ ចាំធំកាលណា យកមកវត្ត ជាការស្រេចបាត់ទៅហើយ។
រីឯមេវត្តក៏ដូចគ្នា អាចជួយពន្យល់ណែនាំថែម ចៀសវាង យកការយល់មុខ យកមនោសញ្ចេតនា ធ្វើមិនដឹង មិនឮ ជាហេតុនាំឲ្យមនុស្សស្រីមួយចំនួន ធ្លាក់ក្នុងធម៌ប្រមាទ ខាតបុណ្យកុសល ព្រោះខ្វះការបដិបត្តិចំពោះកូនសាមណេរទាំងឡាយ។ ហេតុនេះ ស្ត្រីទាំងឡាយ កុំច្រឡំជាបន្តទៀត។៚
ប្រភពៈ ហ្វេសប៊ុកDara Sou
ដោយ៥០០០ឆ្នាំ
images/articles/3487/2026-07-14_07_45_35-_New_Text____-_Notepad.jpg
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៥៤ ដង)
នៅពេលស្គាល់ពីព្រះពោធិសត្វអវលោកិតេស្វរៈរួចមក ក៏ឃើញមានតួអង្គសំខាន់ៗចំនួន២ ក្នុងនោះគឺព្រះអមិតាភពុទ្ធនិងព្រះប្រាជ្ញាបារមិតា(ប្រាជ្ញាបារមី)ផងដែរ។ ក្នុងនោះ ខ្ញុំក៏បានសរសេររៀបរាប់ពីព្រះអមិតាភពុទ្ធ(អមិតាភៈ)រួចហើយ។ ឥឡូវនេះ ខ្ញុំនឹងសរសេរបរិយាយដោយត្រួសៗទុកជាចំណេះដឹងបន្ថែមដូចតទៅ។
នៅចុង ស.វ ទី១២ និងដើម ស.វ ទី១៣ មានការលេចធ្លោឡើងនូវចម្លាក់របស់ប្រាជ្ញាបារមិតា ហើយចម្លាក់នេះត្រូវបានផ្សព្វផ្សាយទូទាំងចក្រភពកម្ពុជទេស។ ព្រះអាទិទេពភេទស្រីអង្គនេះ តំណាងឲ្យគតិបណ្ឌិត ឥតត្រើយត្រាននៃព្រះពោធិសត្វ។ តើប្រាជ្ញាបារមិតាជានរណា?
ព្រះពោធិសត្វប្រាជ្ញាបារមិតា គឺតាំងនៅក្នុងឋានៈជាពុទ្ធមាតាក្នុងស្រមោលនៃពុទ្ធធម៌ ជាភាពទទេដែលគង់ក្នុងម្លប់នៃព្រះពុទ្ធសាសនា។ ការចាប់កំណើតនៃព្រះនាងប្រាជ្ញាបារមិតា ពុំមែនជាការកើតថ្មីនោះទេ តែជា «ការប្រច័ក្សរូបធម៌» នៃទស្សនៈភាព ទទេស្អាត (សូន្យតា) ក្នុងគម្ពីរមហាយានថ្នាក់ខ្ពស់ ដូចជាគម្ពីរប្រជ្ញាបារមិតាហ្ឫទយសូត្រ និងគម្ពីរអស្ដហស្រិកា (ច្បាប់ ៨០០០បទ) ដែលមានប្រភពប្រហែលក្នុងរវាងពុទ្ធសតវត្សទី ៧ និងទី៨ (គ្រិស្តសតវត្សទី ២-៣)។ គម្ពីរប្រាជ្ញាបារមិតា គឺជាបញ្ញាដ៏ល្អឥតខ្ចោះ (Perfection of Wisdom) ដែលអនុញ្ញាតឲ្យសត្វមានជីវិតឆ្លងផុតពីវដ្ដនៃសង្សារវដ្ដ។
១. ការវិវត្តទៅជារូបតំណាងភស្តុតាងចេញពីគម្ពីរសាធនមាលា ផ្សាយនៅពុទ្ធសតវត្សទី១៦ កត់ត្រាពីការផ្លាស់ប្តូរលើកដំបូងពីទស្សនវិជ្ជានៃភាពទទេ (សូន្យតា) មកជារូបសម្រាប់គោរព (រូបតំណាង) ដោយបញ្ជាក់ពីលក្ខណៈពិសេស ៣ យ៉ាង៖
១)- និមិត្តរូប(លក្ខណៈ)នៃបញ្ញា
- ព្រះវរកាយមានពណ៌លឿង (បិតវណ្ណ): ពណ៌នៃបញ្ញាញាណដែលភ្លឺចែងចាំងដូចមាស
- ប្រថាប់លើបល្ល័ង្កខ្លឹមចន្ទន៍ទ្រដោយផ្កាឈូក: តំណាងឲ្យប្រាជ្ញាដ៏បរិសុទ្ធលើលោកិយ
- កាន់បុស្តកៈ(គម្ពីរប្រាជ្ញាបារមិតា): តំណាងឲ្យធម្មកាយរបស់ព្រះពុទ្ធ។
២)- ការរួបរួមពុទ្ធតេជះ
- មកុដប្រដាប់ដោយបញ្ចតថាគត (ព្រះពុទ្ធ ៥ ព្រះអង្គ): តំណាងឲ្យប្រាជ្ញាដែលជាក់ច្បាស់ក្នុងធាតុទាំងប្រាំ
- លើកព្រះហស្តសម្ដែងវ្យាខ្យានមុទ្រា: កាយវិការប្រកាសធម៌។
៣)- ឋានៈជាពុទ្ធមាតា
មូលហេតុដែលព្រះនាងត្រូវបានគេហៅថាជា «ពុទ្ធមាតា (មាតារបស់ព្រះពុទ្ធ)» គឺដោយសារព្រះពុទ្ធទាំងអស់ឧប្បត្តិ (កកើតឡើង) ដោយសារប្រាជ្ញានៃសូន្យតា [សាធនមាលា, ប្រែដោយភត្តចារ្យ, ឆ្នាំ១៩២៥]។
២. ចំណាត់ថ្នាក់នៃវណ៌ (វណ្ណ) ៣ យោងតាមឯកសារសម័យទំនើបថ្មី បានបែងចែកវណ៌(វណ្ណ=ពណ៌សម្បុរ) ជា ៣ ទម្រង់គឺ៖
ក). សិតវណ៌(ពណ៌ស) លក្ខណៈរូបរាងកាយដ៏បរិសុទ្ធ តំណាងឲ្យភាពទទេ
ខ). បិតវណ៌(ពណ៌លឿង) និមិត្តសញ្ញានៃភាពភ្លឺស្វាង តំណាងឲ្យផ្លូវកណ្ដាលរវាងរូបនិងអរូប
គ). កនកវណ៌(ពណ៌មាស) និមិត្តសញ្ញានៃភាពល្អឥតខ្ចោះនៃធម៌ តំណាងឲ្យការបញ្ចូលគ្នានៃលោកិយនិងលោកុត្តរៈ។
៣. ការបញ្ចូលទៅក្នុងផ្នែកបដិបត្តិនៅទីបេនៅទីបេ ព្រះប្រាជ្ញាបារមិតា មិនមែនគ្រាន់តែជារូបព្រះប៉ុណ្ណោះទេ ប៉ុន្តែជាថាមពលដែលបានត្រាស់ដឹង ដែលបង្ហាញឲ្យឃើញ(បែងភាគ)នៅក្នុងទម្រង់មនុស្ស។ តួយ៉ាងមាន៖
ក). ព្រះនាង យេសេ សូក្យល (Yeshe Tsogyal: សតវត្សទី៨)
- ជាភរិយារបស់គុរុបទ្មសម្ភវៈ
- បានទទួលគម្ពីរប្រាជ្ញាបារមិតាសូត្រពីគុរុបទ្មសម្ភវៈ
- ភស្តុតាងត្រូវបានគេរកឃើញនៅក្នុងជីវប្រវត្តិព្រះនាងយេសេ សូក្យល ដោយតៈសាំ សាំតេន លិង្បា (សតវត្សទី ១៧)
ខ). លោក ម៉ាស៊ិក ឡាប់ដ្រូន (Machik Labdron: សតវត្សទី១១)
- អ្នកប្រាជ្ញនិកាយយិងម៉ា ដែលបានបង្កើតការបដិបត្តិ«ឆូត (gCod)»
- បានប្រើគោលការណ៍សូន្យតាតាមគោលក្នុងគម្ពីរប្រាជ្ញាបារមិតា
- ឯកសារយោង «មុទ្រានៃសូន្យតា» ដោយជើរ៉ូម អេឌូ (Jerome Edou, ១៩៩៦)។
៣. ហេតុអ្វីបានជាព្រះនាងស្ថិតនៅក្នុងស្រមោលនៃពុទ្ធសាសនាជារៀងរាបមក?
ក). ភាពជានាមធម៌
- សូន្យតា(ភាពទទេ) ជាទស្សនវិជ្ជាដ៏ជ្រាលជ្រៅ ពិបាកនឹងចូលដល់ បើប្រៀបនឹងអាទិទេពដែលឲ្យផលរហ័ស
- ការស្រាវជ្រាវរបស់ដាវីឌ ស្នេលហ្គ្រោ (David Snellgrove, ១៩៨៧) បង្ហាញថា គោលលទ្ធិរបស់ព្រះនាងមានច្រើនក្នុងចំណោមអ្នកប្រាជ្ញជាងចំណោមមនុស្សធម្មតា។
ខ). ការបិទបាំងដោយតន្ត្រៈ
សម័យក្រោយ គោលលទ្ធិរបស់ព្រះនាងត្រូវបានស្រូបចូលទៅក្នុងប្រព័ន្ធយិដាំ (ទេពដែលទាក់ទងនឹងការបដិបត្តិ)។ ភស្តុតាង នៅក្នុងវត្តទីបេជាច្រើន ដែលគេដាក់តម្កល់ក្នុងជ្រុងងងឹត។
គ). ការបកស្រាយខុស
ពួកលោកខាងលិច ដំបូងៗបានហៅព្រះនាងថា «ទេពីនៃបញ្ញា» ដោយរំលងនូវឋានៈ «ពុទ្ធមាតា» [រកមើលបានក្នុងសៀវភៅពុទ្ធតន្ត្រៈក្នុងដែនហិមាល័យ ដោយរ៉ូបឺត ធួរមែន (Robert Thurman) ឆ្នាំ១៩៨៨។
៤. ចុងបញ្ចប់នៃអាថ៌កំបាំងក្នុងឋានៈជាពុទ្ធមាតាទោះបីជា ព្រះនាងប្រាជ្ញាបារមិតា មិនមែនជាព្រះដែលត្រូវបានគោរពបូជាយ៉ាងទូលំទូលាយដូច អវលោកិតេស្វរៈក៏ដោយ តែវត្តមានរបស់ព្រះនាងស្ថិតនៅក្នុង "ស្រមោល" នោះ ឆ្លុះបញ្ចាំងពីខ្លឹមសារនៃការបង្រៀនរបស់ព្រះនាងដោយអង្គឯង (ប្រាជ្ញាដ៏ល្អឥតខ្ចោះមិនបង្ហាញឱ្យឃើញទេ) ប៉ុន្តែព្រះនាងជ្រាបចូលទៅក្នុងធាតុទាំងអស់នៃធម្មជាតិ ដូចជាម្តាយដែលផ្តល់កំណើតដល់ព្រះពុទ្ធទាំងអស់ ប៉ុន្តែមិនទាមទារការគោរពបូជាឡើយ។ ដូច្នេះ ការរស់ឡើងវិញរបស់នាងនៅក្នុងសម័យកាលនេះមិនមែននិយាយអំពីការកើនឡើងនៃរូបព្រះនោះទេ ប៉ុន្តែអំពីការភ្ញាក់ដឹងខ្លួនចំពោះការដឹងថា "សូន្យតា" (ភាពទទេស្អាត) គឺជាមាតាពិតនៃព្រះពុទ្ធភាពនៅក្នុងជីវិតទាំងអស់។
ហេតុនេះហើយ ទើបនៅប្រទេសកម្ពុជាយើង សម័យមហានគរ ក៏បានឆ្លាក់រូបព្រះនាងអមខាងឆ្វេងព្រះពុទ្ធភៃសជ្យគុរុ (ខាងស្ដាំអមដោយព្រះពោធិសត្វអវលោកិតេស្វរៈ) ដែលតំណាងឲ្យប្រាជ្ញា។ ជារួមមក ព្រះនាងប្រាជ្ញាបារមិតា ពុំមែនជាអាទិទេពពិតប្រាកដឡើយ តែជាអត្ថប្បដិរូប(រូបធៀប)នៃប្រាជ្ញាដ៏ភ្លឺស្វាងចេញពីគម្ពីរប្រាជ្ញាបារមិតាសូត្រ ហើយក្រោយមកក៏អ្នកប្រាជ្ញខាងមហាយាន សាងឡើងឲ្យមានរូបទុកជាការគោរពបូជា៕
ប្រភពៈ ហ្វេសប៊ុកព្រះវិមលធម្មធារ៍ វជិរមេធី
ដោយ៥០០០ឆ្នាំ
images/articles/3488/2026-07-14_07_53_37-_New_Text_D_______Notepad.jpg
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៥៦ ដង)
ព្រះអមិតាភពុទ្ធ គឺជាព្រះពុទ្ធមួយព្រះអង្គក្នុងចំណោមព្រះពុទ្ធដែលគោរពខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះពុទ្ធសាសនាមហាយាន ជាពិសេសនៅក្នុងនិកាយសុខាវតី (ព្រះពុទ្ធសាសនាលើដែនដីបរិសុទ្ធ) ដែលផ្សព្វផ្សាយរីករាលដាលនៅក្នុងប្រទេសចិន ជប៉ុន កូរ៉េ និងវៀតណាម។ ព្រះអង្គតំណាងឱ្យសេចក្តីមេត្តាករុណាគ្មានព្រំដែន និងប្រាជ្ញាដ៏អស់កល្បជានិច្ច។
ខាងក្រោមនេះជាសេចក្តីសង្ខេបនៃរឿងរ៉ាវ និងតួនាទីសំខាន់ៗរបស់ព្រះអង្គ៖
១. អត្ថន័យព្រះនាម
ពាក្យ «អមិតាភៈ» មកពីភាសាសំស្ក្រឹត ហើយមានអត្ថន័យពីរគឺ៖
- អមិតាភៈ ប្រែថា "ពន្លឺគ្មានទីបញ្ចប់" ដែលមានន័យសម្តៅដល់ប្រាជ្ញាដែលបំភ្លឺសកលលោក។
- អមិតាភៈ ប្រែថា "ជីវិតគ្មានទីបញ្ចប់" ដែលមានន័យសម្តៅដល់ អមតៈនៃព្រះធម៌ និងព្រះពុទ្ធភាវៈ។
នៅក្នុងភាសាចិន ព្រះអង្គត្រូវបានគេស្គាល់ជាទូទៅថាជា "អាមីថហ្វ” (阿彌陀佛) ដែលខ្មែរកាត់ស្រឡាយចិននិយាយរត់មាត់ថា “អាមីតាភូ”។
២. ប្រភពដើមនិងមហាបណិធាន
យោងតាមសុខាវតីព្យូហសូត្រ បានពោលថា កាលពីច្រើនកប្បកន្លងទៅ ព្រះអង្គជាព្រះមហាក្សត្រមួយអង្គដែលបានលះបង់រាជបល្ល័ង្ករបស់ទ្រង់ មានព្រះនាមថា «ធម្មាករភិក្ខុ»។ ព្រះអង្គបានតាំងសច្ចាប្រណិធានចំនួន ៤៨ ប្រការ ដើម្បីបង្កើតដែនដីដ៏ល្អឥតខ្ចោះសម្រាប់សត្វលោកទាំងអស់។
មហាបណិធានដ៏សំខាន់បំផុត គឺមហាបណិធានប្រកាទី ១៨ ថា «ប្រសិនបើនរណាម្នាក់រំលឹកដល់ព្រះអង្គ ហើយសូត្រព្រះនាមព្រះអង្គដោយស្មោះ សូម្បីតែ ១០ ដងមុនពេលស្លាប់ ព្រះអង្គនឹងយាងមកទទួលព្រលឹងនោះ ហើយណែនាំវាឱ្យកើតជាថ្មីនៅក្នុងទឹកដីរបស់ព្រះអង្គ»។
៣. ដែនដីពុទ្ធក្សេត្រ «សុខាវតី»
ព្រះអមិតាភៈគង់ប្រថាប់ក្នុង "ស្ថានសុខាវតី" ឬ "ពុទ្ធក្សេត្រទិសខាងលិច"
- លក្ខណៈ៖ វាជាទីស្ថានដែលគ្មានទុក្ខវេទនា ពោរពេញដោយសន្តិភាព និងភាពស្ងប់ស្ងាត់ ពោរពេញដោយរតនជាតិនិងសំឡេងព្រះធម៌។
- គោលដៅ៖ សុខាវតីមិនមែនជាឋានសួគ៌បណ្ដោះអាសន្នសម្រាប់រីករាយនឹងសុភមង្គលនោះទេ ប៉ុន្តែជា "ទីសម្រាប់ហ្វឹកហាត់ចិត្ត" ជាកន្លែងដែលអ្នកដែលកើតជាថ្មីនៅទីនោះអាចស្តាប់ធម៌ដោយផ្ទាល់ពីព្រះអមិតាភៈរហូតដល់ពួកគេសម្រេចបានការត្រាស់ដឹងជាព្រះពោធិសត្វ ឬព្រះពុទ្ធ ដើម្បីត្រឡប់មកវិញ និងជួយសត្វលោក។
៤. រូបរាងនិងលក្ខណៈក្នុងសិល្បៈ
នៅក្នុងសិល្បៈមហាយាន ព្រះអមិតាភៈច្រើនតែលេចឡើងក្នុងទម្រង់ដូចខាងក្រោម៖
- ឥរិយាបថ៖ សមាធិមុទ្រា ព្រះហស្តដាក់លើគ្នានៅលើភ្លៅ (ជារឿយៗកាន់ថូផ្កាឈូក ឬបាត្រនៅក្នុងព្រះហស្ត)
- ពណ៌ដែលពាក់ព័ន្ធនឹងព្រះអង្គ៖ នៅក្នុងនិកាយវជ្រយាន ព្រះកាយមានពណ៌ក្រហម ត្រូវបានគេប្រើជាញឹកញាប់ ដែលតំណាងឱ្យធាតុភ្លើង និងប្រាជ្ញាដែលដុតបំផ្លាញកិលេស
- វេយ្យាវច្ចក៍រួម៖ ច្រើនតែដាក់នៅក្បែរព្រះពោធិសត្វអវលោកិតេស្វរៈ (ខាងឆ្វេងដៃ
- តំណាងឲ្យមេត្តាករុណា) និងព្រះមហាស្ថាមប្រាប្តពោធិសត្វ (ខាងស្តាំដៃ - តំណាងឲ្យអំណាច)។
- នៅប្រទេសកម្ពុជា គឺរូបរបស់ទ្រង់តែងតែស្ថិតនៅលើព្រះសីសៈរបស់ព្រះពោធិសត្វអវលោកិតេស្វរៈ។
៥.សារៈសំខាន់ក្នុងបច្ចុប្បន្នកាល
ព្រះពុទ្ធអមីតាភៈត្រូវបានចាត់ទុកថាជាទីពឹងផ្នែកដួងវិញ្ញាណសម្រាប់មនុស្សជាច្រើន ពីព្រោះការបង្រៀនរបស់និកាយសុខាវតីសង្កត់ធ្ងន់លើ "សទ្ធា" និងការពឹងផ្អែកលើអំណាចខាងក្រៅ ធ្វើឲ្យមនុស្សសាមញ្ញដែលមិនមានពេលវេលាសម្រាប់ការអនុវត្តបួសយ៉ាងម៉ត់ចត់នៅក្នុងព្រៃ ឬវត្តអារាម ក៏អាចសម្រេចបានការចាក់ធ្លុះធម៌តាមរយៈការគ្រប់គ្រងសតិ និងការសូត្រព្រះនាមរបស់ព្រះអង្គ។៚
ប្រភពៈ ហ្វេសប៊ុកព្រះវិមលធម្មធារ៍ វជិរមេធី
ដោយ៥០០០ឆ្នាំ
images/articles/3469/2026-07-12_12_19_49-Untitled_-_Notepad.jpg
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ២០៥ ដង)
អនត្តលក្ខណសូត្រ៖ ព្រះសូត្រដែលបញ្ជាក់ច្បាស់អំពីការអស់ទៅនៃភព ។ អនត្តលក្ខណសូត្រ គឺជាព្រះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងប្រទានដល់ព្រះបញ្ចវគ្គិយភិក្ខុ នៅព្រៃឥសិបតនមិគទាយវ័ន ។ នេះជាធម្មកថាដែលផ្លាស់ប្តូរស្ថានភាពពីព្រះសោតាបន្ន ឈានទៅដល់ការសម្រេចជោគជ័យជាព្រះអរហន្ត និងជាការប្រកាសជ័យជម្នះលើ "ភព" ទាំងស្រុង ។
១. ការពិចារណាខន្ធ ៥ ដោយភាពជាអនត្តាព្រះពុទ្ធអង្គទ្រង់សម្តែងឱ្យឃើញថា រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ មិនមែនជាតួខ្លួន (អនត្តា) ដោយប្រើតក្កវិជ្ជានៃការបង្គាប់បញ្ជា៖
"ប្រសិនបើខន្ធ ៥ នេះជាតួខ្លួនពិត ខន្ធ ៥ នេះមិនគួរប្រព្រឹត្តទៅដើម្បីអាពាធ (សេចក្តីឈឺចាប់/សេចក្តីសាបសូន្យ) ឡើយ ហើយយើងគួរតែបង្គាប់បញ្ជាបានថា សូមឱ្យខន្ធនេះជាយ៉ាងនេះចុះ កុំឱ្យជាយ៉ាងនោះឡើយ។" តែក្នុងភាពជាក់ស្តែង ខន្ធ ៥ តែងប្រែប្រួល និងមិនអាចបង្គាប់បញ្ជាបាន។ អ្វីដែលបង្គាប់បញ្ជាមិនបាន អ្វីនោះក៏មិនមែនជារបស់យើង មិនមែនជាយើង និងមិនមែនជាតួខ្លួនរបស់យើងឡើយ។
២. ដំណើរផ្លូវចិត្តឈានទៅរក "ការអស់ទៅនៃភព"កាលបើចិត្តឃើញតាមភាពពិតជាក់ស្តែងដោយ យថាភូតញាណទស្សនៈ (ការឃើញដោយបញ្ញាដ៏ត្រឹមត្រូវ) ចិត្តនឹងដំណើរការទៅតាមលំដាប់នៃសភាវៈដូចខាងក្រោម៖
* និព្វិទា៖ កើតសេចក្តីនឿយណាយក្នុងខន្ធ ៥ ដែលឃើញថាជាភារៈ និងជាទុក្ខ។
* វិរាគៈ៖ កាលបើមានសេចក្តីនឿយណាយ រមែងប្រាសចាកតម្រេក (អស់តណ្ហា)។
* វិមុត្តិ៖ កាលបើប្រាសចាកតម្រេក ចិត្តរមែងរួចចាកផុតពី ឧបាទាន (សេចក្តីប្រកាន់មាំ)។
ចំណុចសំខាន់៖ កាលបើឧបាទានរលត់ "ភព" (ដំណើរការនៃការកកើតភពភូមិក្នុងចិត្ត) ក៏រលត់ទៅ។ កាលបើភពរលត់ ការកើត (ជាតិ) ក៏អស់ទៅដែរ។
៣. បដិញ្ញានៃព្រះអរហន្ត (ការប្រកាសនៃការអស់ភព)កាលបើចិត្តរួចផុតហើយ រមែងមានញាណដឹងច្បាស់ថា រួចផុតហើយ និងចូលដល់សភាវៈដែលហៅថា អាសវក្ខយញាណ៖
* ខីណា ជាតិ៖ ជាតិអស់ហើយ (ការកើតអស់ហើយ)។
* វុសិតំ ព្រហ្មចរិយំ៖ មគ្គព្រហ្មចរិយាបានប្រព្រឹត្តចប់ហើយ។
* កតំ ករណីយំ៖ កិច្ចដែលគួរធ្វើ បានធ្វើសម្រេចហើយ។
* នាបរំ ឥត្ថត្តាយាតិ៖ កិច្ចដទៃទៀតដើម្បីសេចក្តីយ៉ាងនេះ មិនមានទៀតឡើយ។
ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ
images/articles/3470/2026-07-12_12_26_51-Untitled_-_Notepad.jpg
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៨៤ ដង)
និព្វានបរិនិព្វាន និង មហាបរិនិព្វានពាក្យទាំង ៣ នេះសុទ្ធតែជាប់ទាក់ទងនឹងគោលដៅចុងក្រោយបង្អស់ ប៉ុន្តែមានសភាវៈ និងទស្សនៈខុសៗគ្នា៖
១. និព្វាន ការរួចផុតពីវដ្តទុក្ខក្នុងខណៈដែលមានជីវិត និព្វាន គឺជាសភាវៈដែលរំលត់អស់នូវ ៖
* រាគៈ (សេចក្តីត្រេកត្រអាល/តណ្ហា)
* ទោសៈ (សេចក្តីខឹងសម្បារ)
* មោហៈ (សេចក្តីវង្វេង)
ចំណុចសំខាន់៖
* សម្រេចបានក្នុងខណៈដែល នៅមានជីវិត។
* បុគ្គលដែលសម្រេចបាន ហៅថា "ព្រះអរហន្ត"។
* រូបរាងកាយ និងខន្ធទាំង ៥ នៅសេសសល់ (នៅមានជីវិត)។
* នៅទទួលដឹងនូវសុខ និងទុក្ខ ប៉ុន្តែចិត្តមិនជាប់ជំពាក់ ឬបង្កើតជាចំណងកម្មឡើយ។
* ក្នុងភាសាបាលីហៅថា៖ សឧបាទិសេសនិព្វាន (និព្វានដែលនៅមានឧបាទិសេសៈ/ខន្ធសេសសល់)។
២. បរិនិព្វានការលះបង់រាងកាយរបស់ព្រះអរហន្ត ។អត្ថន័យ៖ នៅពេលដែលព្រះអរហន្តដែលបានសម្រេចនិព្វានហើយ ដល់កាលកំណត់លះបង់រាងកាយ (អាយុសង្ខារ) យើងហៅសភាវៈនៃការលាចាកលោកបរិនិព្វាន។
៣. មហាបរិនិព្វាន ប្រើចំពោះតែព្រះសម្មាសម្ពុទ្ធ ។ ពាក្យ "មហាបរិនិព្វាន" ត្រូវបានប្រើប្រាស់សម្រាប់តែការរំលត់ខន្ធរបស់ ព្រះសម្មាសម្ពុទ្ធ តែប៉ុណ្ណោះ។
ចំណុចសំខាន់៖
* ជាការបញ្ចប់ការកើតសារជាថ្មី (ភពថ្មី) យ៉ាងដាច់អហង្ការ។
* មិនមានលោក មិនមានភពបន្តទៀត។
* មិនមែនជាអត្ថិភាព (ការមានខ្លួន) ហើយក៏មិនមែនជាអនត្ថិភាព (ការសូន្យទទេ)គឺហួសពីការស្មាន ឬការសន្មតទាំងពួង។
* ក្នុងភាសាបាលីហៅថា៖ អនុបាទិសេសនិព្វាន (និព្វានដែលមិនមានឧបាទិសេសៈ/មិនមានខន្ធសេសសល់)។
សេចក្តីសង្ខេប៖
* និព្វាន = ការរំលត់អស់នូវកិលេសទាំងពួង (ខណៈមានជីវិត)។
* បរិនិព្វាន = ការបញ្ចប់នៃដំណើរជីវិត/អត្ថិភាព (របស់ព្រះអរហន្ត)។
* មហាបរិនិព្វាន = ការរំលត់ខន្ធចុងក្រោយរបស់ព្រះសម្មាសម្ពុទ្ធ។
ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ
images/articles/3479/Screenshot_20260713-154106.jpg
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៤ ដង)
ធម្មចក្រ ក្នុងភាសាសំស្ក្រឹតមានន័យថា កងចក្រនៃធម៌។ មុទ្រានេះគឺជាតំណាងនៃព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងព្រះជន្មរបស់ព្រះពុទ្ធ គឺហេតុការណ៍ដែលព្រះអង្គទ្រង់សម្តែងព្រះធម៌ទេសនាជាលើកដំបូងបន្ទាប់ពីការត្រាស់ដឹង នៅឯព្រៃឥសិបតនមិគទាយវ័ន សារនាថ។ ហេតុដូច្នេះហើយ មុទ្រានេះមានន័យថា «ការបង្វិលកងចក្រនៃព្រះធម៌»។
នៅក្នុងកាយវិការមុទ្រានេះ ម្រាមមេដៃ និងម្រាមចង្អុលនៃដៃទាំងសងខាង ប៉ះគ្នានៅត្រង់ចុងដើម្បីបង្កើតជារង្វង់។ រង្វង់នេះគឺជាតំណាងនៃកងចក្រនៃព្រះធម៌ ឬក្នុងន័យអភិភូតវិជ្ជា គឺជាការរួមបញ្ចូលគ្នារវាង មធ្យោបាយ និង បញ្ញា ។ ម្រាមដៃបីទៀតដែលនៅសល់នៃដៃទាំងសងខាងត្រូវបានលាតសន្ធឹងចេញ ដែលម្រាមទាំងនេះសុទ្ធតែមានអត្ថន័យជានិមិត្តរូបជាច្រើន៖
* ម្រាមកណ្តាល៖ តំណាងឱ្យ «អ្នកស្តាប់» ព្រះធម៌ (សាវ័ក)។
* ម្រាមនាង៖ តំណាងឱ្យ «អ្នកសម្រេចធម៌ដោយខ្លួនឯង» (ព្រះបច្ចេកពុទ្ធ)។
* ម្រាមកូន៖ តំណាងឱ្យ «មហាយាន» ឬ «យានធំ»។
ម្រាមទាំងបីដែលលាតសន្ធឹងនៃដៃឆ្វេង គឺជានិមិត្តរូបនៃ ព្រះរតនត្រ័យ ក្នុងព្រះពុទ្ធសាសនា ដែលរួមមាន៖ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។
ចំណុចសំខាន់ នៅក្នុងមុទ្រានេះ ដៃទាំងសងខាងត្រូវបានដាក់នៅចំពីមុខទ្រូង ដែលជានិមិត្តរូបថា សេចក្តីបង្រៀនទាំងនេះគឺចេញមកពីព្រះហឫទ័យ (បេះដូង) របស់ព្រះពុទ្ធដោយផ្ទាល់។ មុទ្រានេះគឺជាកាយវិការដែលបង្ហាញដោយព្រះឈានពុទ្ធ (Dhyani Buddha) អង្គទីមួយ គឺ ព្រះវៃរោចនៈ (Vairochana) តាមលក្ខណ:មហាយាន។ ព្រះឈានពុទ្ធទាំងប្រាំអង្គ សុទ្ធតែមានការពាក់ព័ន្ធនឹងមោហៈ (សេចក្តីវង្វេង) ជាក់លាក់របស់មនុស្សលោក ហើយគេជឿថាព្រះអង្គទាំងនោះជួយមនុស្សឱ្យជម្នះនូវសេចក្តីវង្វេងទាំងនោះបាន។ ដូច្នេះហើយ គេជឿថាព្រះវៃរោចនៈ ទ្រង់ផ្លាស់ប្តូរមោហៈនៃសេចក្តីអវិជ្ជា ឱ្យទៅជាបញ្ញានៃសច្ចធម៌វិញ។ តាមរយៈការបង្ហាញនូវធម្មចក្រមុទ្រានេះ ព្រះអង្គបានជួយដល់អ្នកបដិបត្តិធម៌ក្នុងការនាំទៅរកការផ្លាស់ប្តូរ (ការផ្លាស់ប្តូរខាងផ្លូវចិត្ត) នេះឯង។
ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ
images/articles/3461/100001670.jpeg
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៩២ ដង)
មនុស្សជាច្រើនដែលធ្លាប់ទៅវត្តចិន ឬវត្តពុទ្ធសាសនាមហាយាននៅប្រទេសកម្ពុជាជាដើម តែងតែចាប់អារម្មណ៍នឹងសញ្ញាដែលស្រដៀងនឹង "ស្វស្តិកា" (卍)។ នៅលើព្រះពុទ្ធបដិមា ទ្វារវត្ត ឬសូម្បីតែលើជួងមាស ហើយអ្នកខ្លះអាចនឹងយល់ច្រឡំថាជា "សញ្ញាណាស៊ី" របស់អាល្លឺម៉ង់ ជាសញ្ញាអាក្រក់ពីសម័យសង្គ្រាមលោក។
ការពិតទៅ មិនមែនដូច្នោះទេ! សញ្ញានេះមានអត្ថន័យមង្គល ហើយមានអាយុកាលចំណាស់ជាងពួកណាស៊ីរាប់ពាន់ឆ្នាំ ត្រូវបានបន្តវង្សពីប្រទេសឥណ្ឌា ហើយបានសាយភាយចូលទៅក្នុងវប្បធម៌ចិនតាំងពីសម័យបុរាណ ក្នុងនាមជាសញ្ញានៃពុទ្ធធម៌។
សញ្ញា 卍 អានថា «វ៉ាន់» (Wàn) មានដើមកំណើតមកពីពាក្យសំស្ក្រឹតថា स्वस्तिक (ស្វស្តិក) ដែលមានន័យថា "សិរីមង្គល សេចក្ដីចម្រើន សេចក្ដីសុខ"។ ក្នុងប្រទេសឥណ្ឌាបុរាណ សញ្ញានេះបានបង្ហាញឡើងក្នុងសាសនាហិណ្ឌូ សាសនាជេន និងពុទ្ធសាសនា ប្រើប្រាស់តំណាងឱ្យកង់នៃជីវិត វដ្តនៃចក្រវាឡ និងថាមពលនៃសេចក្ដីល្អ។
វាមានជារូបរាងស្លាបបួនដែលបង្វិលទៅខាងស្ដាំ បង្ហាញពីថាមពលជីវិតដែលវិលវឹងគ្មានទីបញ្ចប់។ សញ្ញានេះបានសាយភាយពីឥណ្ឌាចូលមកកាន់ប្រទេសចិនក្នុងរាជវង្សហាន ប្រហែលពីរពាន់ឆ្នាំមុន ទើបត្រូវបានគេយកមកតុបតែងលើសិល្បៈ វត្ថុស័ក្តិសិទ្ធ និងព្រះពុទ្ធបដិមា។ ជាពិសេស ដាក់ត្រង់ព្រះឧរា(ទ្រូង) របស់ព្រះពុទ្ធ ដើម្បីបង្ហាញពីព្រះបញ្ញាដ៏គ្មានទីបញ្ចប់ និងព្រះធម៌ដែលសាយភាយទៅគ្រប់ទិសទី។
អ្វីដែលមនុស្សសាមញ្ញតែងយល់ច្រឡំគឺ "ស្វស្តិកា" ដែលពួកណាស៊ីអាល្លឺម៉ង់ប្រើ ដែលត្រូវបានកែប្រែពីគំរូដើមឥណ្ឌាដែរ តែរបស់ណាស៊ី បង្វិលបញ្ច្រាសទិស គឺច្រាសទ្រនិចនាឡិកា ហើយទ្រេត ៤៥ ដឺក្រេ ប្រើប្រាស់ក្នុងអត្ថន័យនៃពូជសាសន៍សុទ្ធ និងអំណាច ដែលជាគំនិតថយក្រោយ ប៉ុន្តែបានទទួលការពេញនិយមក្នុងសម័យនោះ។
សញ្ញា 卍 ដែលឃើញនៅក្នុងវត្តចិន មិនមែនជាសញ្ញានយោបាយ ឬសង្គ្រាមទេ ប៉ុន្តែគឺជាថាមពលនៃបុណ្យមួយម៉ឺនគុណមួយម៉ឺន និងព្រះធម៌ដែលគ្មានទីបញ្ចប់។៚
វត្តវិហារទន្ទឹម, ថ្ងៃ៥᧥៧ គិម្ហរដូវ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ប្រភពៈ ហ្វេសប៊ុកព្រះវិមលធម្មធារ៍
ដោយ៥០០០ឆ្នាំ
images/articles/3464/2026-07-12_07_46_06-Untitled_-_Notepad.jpg
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៣ ដង)
ព្រះសង្កិច្ចសាមណេរគឺជាសាមណេរមួយរូបក្នុងចំណោមសាមណេរដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតក្នុងសម័យពុទ្ធកាល។ លោកត្រូវបានគេលើកតម្កើងក្នុងផ្នែកសេចក្តីក្លាហាន ការលះបង់ និងសមត្ថភាពក្នុងការសម្រេចធម៌ជាន់ខ្ពស់បំផុត (អរហត្តផល) តាំងពីមានព្រះជន្មត្រឹមតែ ៧ វស្សា ។ នេះគឺជាព័ត៌មានលម្អិតអំពីប្រវត្តិ និងព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិតរបស់លោក៖
១. ការប្រសូត និងការសម្រេចធម៌
ព្រះសង្កិច្ចៈ ប្រសូតក្នុងត្រកូលដ៏មានស្តុកស្តម្ភមួយក្នុងក្រុងសាវត្ថី។ ឈ្មោះរបស់លោកមានប្រភពមកពីដំណើររឿងដ៏គួរឱ្យចាប់អារម្មណ៍៖ កាលដែលលោកស្ថិតក្នុងផ្ទៃមាតានៅឡើយ មាតារបស់លោកបានទទួលមរណភាព។ ក្នុងខណៈដែលរាងកាយរបស់នាងកំពុងត្រូវបានបូជានៅលើជើងថ្ករ សាច់ឈាមរបស់នាងត្រូវបានភ្លើងឆេះអស់ ប៉ុន្តែទារកក្នុងផ្ទៃបែរជាមិនរងគ្រោះថ្នាក់ពីភ្លើងទាល់តែសោះ។ កាលបើអ្នករៀបចំពិធីបុណ្យសព (សព្វេ រើ) ឃើញដូច្នោះ ក៏ស្រង់យកទារកនោះចេញមក ហើយប្រគល់ឱ្យសាច់ញាតិចិញ្ចឹមបីបាច់ ទើបលោកមាននាមថា សង្កិច្ចៈ(ប្រែថា៖ អ្នកដែលរួចរស់ជីវិតមកយ៉ាងអស្ចារ្យ ឬពាក់ព័ន្ធនឹងការសង្គ្រោះ)។ កាលព្រះជន្មបាន ៧ វស្សា លោកបានសុំសាងផ្នួសជាសាមណេរក្នុងសំណាក់ ព្រះសារីបុត្តត្ថេរ ។
ចំណុចសម្រេចធម៌៖ក្នុងខណៈដែលព្រះសារីបុត្តកំពុងកោរសក់ឱ្យលោកនោះ លោកបានពិចារណាកម្មដ្ឋានតាមពុទ្ធដីកា ហើយក៏បានសម្រេចជា ព្រះអរហន្តព្រមដោយ បដិសម្ភិទាញាណ ៤ភ្លាមៗនៅពេលដែលមុខចិត្ដកោរដកចេញពីព្រះសិរសា។
២. វីរកម្ម អ្នកសុខចិត្តលះបង់ជីវិតដើម្បីបុគ្គលដទៃ
ហេតុការណ៍ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះសង្កិច្ចៈលេចធ្លោបំផុត គឺព្រឹត្តិការណ៍ដែលលោកធ្វើដំណើរទៅជាមួយភិក្ខុធម្មកថិក ៣០ អង្គ ដើម្បីទៅចាំវស្សាក្នុងព្រៃមួយកន្លែង ។
ការប្រឈមមុខនឹងក្រុមចោរ៖ក្នុងអំឡុងពេលដែលក្រុមភិក្ខុគង់នៅទីនោះ មានក្រុមចោរ ៥០០ នាក់បានមកឡោមព័ទ្ធ និងត្រូវការភិក្ខុ ១ អង្គ ដើម្បីយកទៅធ្វើពិធីបូជាយញ្ញសម្លាប់ថ្វាយដល់ទេវតា។
សេចក្តីលះបង់៖ព្រះថេរទាំង ៣០ អង្គ សុទ្ធតែដណ្តើមគ្នាខ្លួនលះបង់ជីវិត ប៉ុន្តែព្រះសង្កិច្ចសាមណេរ (ដែលមានព្រះជន្មត្រឹម ៧ វស្សា) បានស្ម័គ្រចិត្តទៅដោយខ្លួនឯង ដោយពោលថា ព្រះធម្មកថិកមានប្រយោជន៍ចំពោះព្រះពុទ្ធសាសនាច្រើនជាង ហើយលោកក៏ទទួលបានការផ្ដាំផ្ញើពីព្រះសារីបុត្តឱ្យមកថែរក្សាភិក្ខុក្រុមនេះរួចជាស្រេចហើយ។
បាដិហារិយ៍លើគំនរភ្លើង៖នៅពេលដែលមេចោរលើកដាវកាប់ទៅលើករបស់សាមណេរ ក្នុងខណៈដែលលោកកំពុងចូលសមាបត្តិ ដាវនោះបែរជាកោងបត់មករកដង ដូចជាស្លឹកចេក។ ហើយនៅពេលព្យាយាមកាប់ម្តងទៀត ដាវក៏បែកខ្ទាតអស់។ មេចោរឃើញដូច្នោះ ក៏កើតសេចក្តីជ្រះថ្លា និងភ្ញាក់រលឹកដឹងកំហុស។
៣. លទ្ធផល និងការផ្សព្វផ្សាយសទ្ធា
ដោយសារសេចក្តីស្ងប់ និងមេត្តាធម៌របស់ព្រះសង្កិច្ចៈ បានធ្វើឱ្យក្រុមចោរទាំង ៥០០ នាក់សម្រេចចិត្តទម្លាក់អាវុធ ហើយសុំសាងផ្នួសជាសាមណេរតាមលោកទាំងអស់។ លោកបាននាំអតីតក្រុមចោរទាំងនោះ ធ្វើដំណើរទៅគាល់ព្រះពុទ្ធជាម្ចាស់ ដែលព្រះអង្គទ្រង់បានប្រទានឱវាទអំពី៖ ការមានជីវិតរស់នៅត្រឹមតែមួយថ្ងៃ ដែលមានសីល និងសមាធិ គឺប្រសើរជាងការមានជីវិតរស់នៅមួយរយឆ្នាំ តែទ្រុស្តសីល និងមានចិត្តរាយមាយ។ ឱវាទនេះបានធ្វើឱ្យសាមណេរដែលជាអតីតចោរទាំងនោះ សម្រេចធម៌តាមលោកដែរ។
គុណធម៌លេចធ្លោដែលគួរកត់សម្គាល់
សេចក្តីកតញ្ញូ៖លោកអនុវត្តតាមពាក្យផ្ដាំផ្ញើរបស់ព្រះឧបជ្ឈាយ៍ (ព្រះសារីបុត្ត) យ៉ាងខ្ជាប់ខ្ជួន។
សេចក្តីក្លាហាន (អភ័យទាន)៖ការមិនតក់ស្លុតចំពោះសេចក្តីស្លាប់ ព្រោះយល់ច្បាស់នូវសច្ចធម៌នៃរូបនាម។
មេត្តាបារមី៖អាចផ្លាស់ប្តូរចិត្តចោរដែលសាហាវឃោរឃៅ ឱ្យក្លាយជាអ្នកបុណ្យបានដោយសេចក្តីស្ងប់។
ឯកសារយោង៖
* ព្រះសុត្តន្តបិដក ខុទ្ទកនិកាយ គាថាធម្មបទ (ខុ.ធ. ២៥)
* គម្ពីរអដ្ឋកថា អដ្ឋកថាខុទ្ទកនិកាយ គាថាធម្មបទ សហស្សវគ្គ
ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ
images/articles/3472/2026-07-13_07_43_30-_______________________________________________________________________________-_Word.jpg
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៧២ ដង)
I. សព្វញ្ញុពោធិសត្វ មានអដ្ឋធម្មសមោធាន ៨ គឺ ៖
១. មនុស្សត្តំ ភាពជាមនុស្ស
២. លិង្គសម្បត្តិ ភាពជាបុរស
៣. ហេតុ ដល់ព្រមដោយហេតុនៃការបានសម្រេចព្រះអរហត្ត
៤. សត្ថារទស្សនំ បានជួបព្រះសាស្ដា
៥. បព្ពជ្ជា ភាពជាអ្នកបួស
៦. គុណសម្បត្តិ មានគុណសម្បត្តិ គឺបានសម្រេចអភិញ្ញា
៧. អធិការោ ដល់ព្រមដោយអធិការ គឺការលះបង់ដ៏ក្រៃលែង
៨. ឆន្ទតា មានសេចក្ដីប្រាថ្នាសម្មាសម្ពោធិញ្ញាណ
II. បច្ចេកពោធិសត្វ មានបញ្ចធម្មសមោធាន ៥ គឺ ៖
១. មនុស្សត្តំ ភាពជាមនុស្ស
២. លិង្គសម្បត្តិ ភាពជាបុរស
៣. វិគតាសវទស្សនំ បានជួបអ្នកអស់អាសវៈ
៤. អធិការោ ដល់ព្រមដោយអធិការ គឺមានការលះបង់ដ៏ក្រៃលែង
៥. ឆន្ទតា មានសេចក្ដីប្រាថ្នាបច្ចេកពោធិញ្ញាណ
III. សាវកពោធិសត្វ មានទ្វេធម្មសមោធាន ២ គឺ ៖
១. អធិការោ ដល់ព្រមដោយអធិការ គឺមានការលះបង់ដ៏ក្រៃលែង
២. ឆន្ទតា មានសេចក្ដីប្រាថ្នាសាវកពោធិញ្ញាណ
(បរមត្ថទីបនី អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា និទានកថា)
ដោយ សដវថ
ដោយ៥០០០ឆ្នាំ
images/articles/3457/2026-07-11_16_21_50-Untitled_-_Notepad.jpg
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៧៥ ដង)
គ្រានោះ ក្រោយការមហាបរិនិព្វាន ពួកមល្លក្សត្រ បានលើកព្រះសរីរៈនៃព្រះដ៏មានព្រះភាគ ព្រមដោយគ្រឿងមហាលតាប្រសាធន៍ ដែលធ្វើដោយរតនៈ ៧ ប្រការ ដែលនាងមល្លិកាបានថ្វាយ រួចនាំចេញតាមទ្វារទិសបូព៌ា ហើយដាក់តម្កល់ព្រះសរីរៈនៃព្រះដ៏មានព្រះភាគចុះ នាមកុដពន្ធនចេតីយ៍ របស់ពួកក្សត្រមល្លៈ នៅខាងទិសបូព៌ានៃព្រះនគរ។
ឯគំនរអុសបូជា ដែលថ្វាយព្រះភ្លើងព្រះដ៏មានព្រះភាគនោះ ធ្វើដោយឈើខ្លឹមចន្ទន៍ ប្រដាប់ដោយរតនៈពីរពាន់។ ពួកក្សត្រមល្លៈទាំងឡាយខ្លះ ៨ នាក់ ខ្លះ ១៦ នាក់ កាន់គប់ភ្លើងជាគូៗ ដើម្បីនឹងបូជាព្រះភ្លើង ទាំងបក់ដោយស្លឹកត្នោត ទាំងផ្លុំដោយបំពង់ផ្សែង (ស្នប់) ទោះបីខំប្រឹងធ្វើដល់ត្រឹមណាក៏ដោយ ក៏មិនអាចធ្វើឱ្យភ្លើងឆេះឡើងបានឡើយ។
ឮថា ពួកទេវតាដែលមានចិត្តជ្រះថ្លាក្នុងព្រះកស្សបថេរៈ កាលមិនឃើញព្រះថេរៈនៅក្នុងមហាសន្និបាតនោះ ក៏គិតថា «ព្រះថេរៈប្រចាំត្រកូលរបស់ពួកយើង និមន្តទៅឯណាណោ?» កាលពិនិត្យមើលទៅ ក៏ឃើញលោកកំពុងដើរនៅចន្លោះផ្លូវ ទើបនាំគ្នាអធិដ្ឋានថា «កាលបើព្រះថេរៈប្រចាំត្រកូលរបស់ពួកយើង មិនទាន់បានថ្វាយបង្គំព្រះសរីរៈនៃព្រះដ៏មានព្រះភាគត្រឹមណា សូមព្រះភ្លើងកុំទាន់ឆេះភ្លើងត្រឹមណោះ»។
ពួកមនុស្សកាលបានស្តាប់រឿងនោះហើយ ក៏គិតថា «ឮថា ព្រះមហាកស្សបៈពោលថា "ម្នាលអ្នកទាំងឡាយ យើងនឹងថ្វាយបង្គំព្រះបាទារបស់ព្រះទសពល ព្រមដោយភិក្ខុ ៥០០ រូប" ដូច្នេះហើយទើបមក កាលបើលោកមិនទាន់មកដល់ ព្រះបរមសពក៏នឹងមិនឆេះភ្លើងឡើយ»។ ឮថា ព្រះថេរៈ លុះមកដល់ហើយ ក៏ធ្វើប្រទក្សិណព្រះបរមសព ទាំងរំលឹកកំណត់ថា «ត្រង់នេះជាព្រះសិរសា (ព្រះក្បាល) ត្រង់នេះជាព្រះបាទា (ជើង)» ពីនោះមក ព្រះថេរៈក៏ឈរក្បែរព្រះបាទាទាំងពីរ ចូលចតុត្ថជ្ឈានដែលជាបាទនៃអភិញ្ញា លុះចេញពីជ្ឈានហើយ ក៏អធិដ្ឋានថា៖
«សូមព្រះយុគលបាទ (គូព្រះបាទ) នៃព្រះទសពល ដែលមានលក្ខណៈកង់ (ចក្រលក្ខណៈ) ប្រកបដោយកាំ ១,០០០ កាំ កាលតម្កល់នៅហើយ ចូរទម្លាយគូសំពត់ ៥០០ គូ ព្រមដោយស្រទាប់សំឡី ស្នូកមាស និងឈើចន្ទន៍ ចេញជា ២ ចន្លោះ ហើយមកតម្កល់នៅលើសិរសាក្រឡា ខ្ញុំព្រះករុណាផងចុះ»។
ព្រមជាមួយនឹងការតាំងចិត្តអធិដ្ឋាន ព្រះយុគលបាទក៏ទម្លាយគូសំពត់ ៥០០ គូ ជាដើមទាំងនោះ លេចធ្លោចេញមក ប្រៀបដូចជាព្រះចន្ទពេញវង់ ចេញមកអំពីចន្លោះនៃផ្ទាំងពពកដូច្នោះ។ ព្រះថេរៈលាតដៃទាំង ២ ដូចជាផ្កាឈូកក្រហមដែលរីកពេញទី ចាប់ព្រះយុគលបាទនៃព្រះសាស្តា ដែលមានព្រះឆវីវណ្ណ (សម្បុរកាយ) ដូចមាស រហូតដល់កែវព្រះបាទ (កជើង) ជាប់មាំហើយ ក៏តម្កល់ទុកលើសិរសាដ៏ប្រសើររបស់ខ្លួន ដោយហេតុនោះ លោកទើបពោលថា «ការបើកព្រះបាទថ្វាយបង្គំព្រះបាទារបស់ព្រះដ៏មានព្រះភាគដោយសិរសា»។
មហាជនកាលបានឃើញសេចក្តីអស្ចារ្យដូច្នោះហើយ ក៏បន្លឺសីហនាទគគ្រហឹមឡើងព្រមគ្នា ធ្វើការបូជាដោយគ្រឿងក្រអូប និងផ្កាឈូកជាដើម ហើយថ្វាយបង្គំតាមចំណង់ចិត្ត។ លុះព្រះថេរៈព្រមដោយមហាជន និងភិក្ខុ ៥០០ រូបទាំងនោះថ្វាយបង្គំរួចហើយ ក៏មិនមានកិច្ចដែលត្រូវអធិដ្ឋានតទៅទៀតឡើយ ផ្ទៃព្រះយុគលបាទនៃព្រះដ៏មានព្រះភាគ ដែលមានវណ្ណៈដូចទឹកល័ក្ត ក៏រួចផុតពីហត្ថារបស់ព្រះថេរៈ ហើយមិនបានធ្វើឱ្យឈើចន្ទន៍កម្រើកញាប់ញ័រឡើយ រួចក៏ត្រឡប់ទៅតម្កល់នៅក្នុងទីកន្លែងដើមវិញ។
ជាការពិតណាស់ កាលដែលព្រះយុគលបាទនៃព្រះដ៏មានព្រះភាគចេញមកក្តី ឬចូលទៅវិញក្តី សរសៃសំឡីក្តី សរសៃសំពត់ក្តី តំណក់ប្រេងក្តី ចំណិតឈើក្តី មិនបានឃ្លាតចាកពីទីកន្លែងឡើយ ទាំងអស់សាកលោតតាំងនៅតាមដដែលទាំងស្រុង។
កាលបើព្រះយុគលបាទនៃព្រះតថាគតនោះ តាំងឡើងហើយក៏បាត់ទៅ ដូចជាព្រះចន្ទ និងព្រះអាទិត្យអស្តង្គត (លិចបាត់) មហាជននាំគ្នាយំសោកខ្សឹកខ្សួលយ៉ាងខ្លាំងក្លា មហាបរិទេវនាការ (ការទួញយំយ៉ាងធំធេង) របស់មហាជនទាំងឡាយនោះ ប្រាកដជាគួរឱ្យអាណិតអាសូរ ក្រៃលែងជាងកាលដែលព្រះដ៏មានព្រះភាគបរិនិព្វានទៅទៀត។
ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ